សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន ០២ ដោយប្រសិទ្ធនាមថា (១) ស្ពានអាកាសព្រះមុន្នីវង្ស និង (២) ស្ពានអាកាសសម្តេចចៅហ្វាវាំង គង់ សំអុល

CNV:

(១) ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល, ផ្លូវថ្នល់មិនទាន់សមស្របនឹងមធ្យោបាយធ្វើដំណើរ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!

ឥឡូវនេះ ធាតុអាកាសកំពុងតែប្រែប្រួល … ភ្លៀងឬអត់? ប្រហែលជាចាញ់សម្រស់អ្នកនៅទីនេះ។ ក្នុងហ្នឹងក៏មាន idol ៤ នាក់ ដែលទើបនឹងជាប់ (Cambodian Idol) កាលពីថ្ងៃអាទិត្យ។ មកច្រើននៅទីនេះដែរ។ សូមស្វាគមន៍ផងដែរ idol ទាំង ៤ នាក់។ ថ្ងៃនេះ យើងបើកការដ្ឋាន ដើម្បីសាងសង់នូវស្ពានអាកាស (ចំនួន) ២ បន្ថែមទៀត ដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ដោយសារតែស្ពាននេះមានឈ្មោះវែងពេក ខ្ញុំចង់ស្នើថា ស្ពានទី(១) ដែលយើងសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា “ស្ពានអាកាសព្រះមុនី្នវង្ស” ដើម្បីកុំឱ្យពិ​បាកហៅពេក​ ព្រោះជាប់គ្នាច្រើនណាស់ មានផ្លូវសម្ដេចហ៊ុនសែនផង ផ្លូវកងយុទ្ធពលខេមរភូមិន្ទផង។ អញ្ចឹងទេយើងហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” អាហ្នឹងស្ពានទី(១)។ ស្ពានទី(២) ដោយសារតែវាជាប់ផ្លូវសហព័ន្ធរុស្ស៊ីផង ផ្លូវសម្ដេចចៅហ្វាយវាំង គង់ សំអុល និងផ្លូវ ២០១១ អញ្ចឹង យើងហៅថា “ស្ពានអាកាស គង់ សំអុល” តែម្ដង … នរណាចង់ហៅសម្ដេចក៏ហៅសម្ដេចទៅ បើខ្ញុំៗហៅកាត់ហើយ …។

ថ្ងៃនេះ … មិនមែនចាប់ផ្ដើមទេ គឺជាការបន្ត។ យើងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ តើវាផ្ដើមចេញពីអ្វី បានជាយើងត្រូវកសាងនូវស្ពានេះឡើង? វាច្បាស់ណាស់ថា វាផ្ដើមចេញពីការត្រូវរកវិធីផ្គត់ផ្គង់ឱ្យតម្រូវការនោះ។ សម័យនេះ គឺជាសម័យដែលតម្រូវការវាខុសពីពេលមុន។ កាលពី ៣០ ឆ្នាំមុន តម្រូវការរបស់យើង គឺពាក់ព័ន្ធសំខាន់រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ទាក់ទងនឹងបញ្ហាស្បៀង/ម្ហូបអាហារ ការរៀនសូត្រ សុខាភិបាល និងវិស័យមួយចំនួនទៀត រាប់ទាំងបញ្ហាលំនៅឋាន។ ប៉ុន្តែ រយៈពេលនេះ យើងបាននឹងកំពុងបើកការដ្ឋានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ ដោយសារតម្រូវការ នៃការធ្វើដំណើរ និងការខ្វះផ្លូវថ្នល់ ឬផ្លូវថ្នល់វាតិច (និងយើង)ខ្វះស្ពាន ដើម្បីឆ្លង។

តម្រូវការតាមដំណាក់កាលនីមួយៗមិនដូចគ្នាទេ តើមូលហេតុអ្វីទៅ ដែលនាំនូវការខុសគ្នាយ៉ាងដូច្នេះ? កាលពីទសវត្សរ៍ ៨០ និង ៩០ តម្រូវការនិងការផ្គត់ផ្គង់ខុសពីនេះ ដូចដែលខ្ញុំបាននិយាយ តម្រូវការរវាងសេចក្ដីត្រូវការនៃការផ្គត់ផ្គង់ស្បៀង ប្រជាពលរដ្ឋកើនឡើងហើយខ្វះស្បៀង។ ប៉ុន្តែថ្ងៃនេះ ស្បៀងមិនមែនជាចំណោទ សម្រាប់យើង(ទៀត)នោះទេ ដោយមិនទាន់គិតដល់ពោត និងផ្នែកដទៃទៀត។ ដែលហៅថា ស្បៀង យើងគិតតែពីស្រូវអង្ករតែប៉ុណ្ណោះ។ យើងមានស្រូវស្រាលជាង ៦ លាន ៦ សែនតោន បើគិតជាអង្ករ គឺប្រមាណជា ៤ លាន ២ សែនតោន ដែលនៅសល់។

ថ្ងៃនេះ បែរជាយើងជួបប្រទះជាមួយនឹងតម្រូវការការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មិនមែន(ប្រជាពលរដ្ឋ)ខ្វះមធ្យោបាយនោះទេ ក៏ប៉ុន្តែ បែរជាតម្រូវការ(ផ្លូវថ្នល់ដើម្បី)ប្រើប្រាស់មធ្យោបាយនោះ វាមិនទាន់សមស្របជាមួយនឹងមធ្យោបាយដែល(ប្រជាពលរដ្ឋ)មាន។ ផ្លូវតូចចង្អៀត ត្រូវការកសាងបន្ថែម ដើម្បីពង្រីកផ្លូវ ឬកសាងរហូតទៅដល់ស្ពានអាកាស។ ស្ពានអាកាសថ្ងៃនេះខុសប្លែកពីស្ពានអាកាសកាលពីពេលមុន … យើងបានកសាង មិនមែនគ្រាន់តែស្ពានអាកាសដូចកាលពីពេលមុន ដែលយើងចាប់ផ្ដើមពីស្ពានអាកាសក្បាលថ្នល់នេះទេ។ ការពិតស្ពាន(អាកាសក្បែរ)នេះយើងហៅថា ស្ពានអាកាសក្បាលថ្នល់តើ។ អញ្ចឹងឥឡូវយើងប្រសិទ្ធនាមស្ពានអាកាស ៣ ជាន់នេះ ឱ្យទៅជាស្ពានអាកាស “ព្រះមុន្នីវង្ស” ព្រោះ(ព្រះមុន្នីវង្ស)ព្រះអង្គបានកសាងតំបន់នេះឱ្យទៅជាតំបន់ ដែលមានស្ពានជាលើកដំបូងនៅក្នុងប្រវត្តិ នៃប្រទេសរបស់យើងផងដែរ។

ត្រង់នេះដែលខ្ញុំចង់បញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសជាតិ នាំទៅឱ្យមានការផ្លាស់ប្ដូររវាងតម្រូវការ និងការផ្គត់ផ្គង់។ ដែលមុននេះ តម្រូវការនិងការផ្គត់ផ្គង់ទៅលើបញ្ហាស្បៀងអាហារ ការអប់រំ សុខាភិបាល សម្លៀកបំពាក់ ឬក៏ផ្ទះសម្បែង ឥឡូវនេះ បែរជាមាន(បញ្ហា)ពាក់ព័ន្ធនឹងតម្រូវការ នៃការធ្វើដំណើរដោយមធ្យោបាយគ្រឿងយន្តទៅនឹងផ្លូវតូចចង្អៀត ដែលយើងចាំបាច់ត្រូវពង្រីក។ ការរីកចម្រើននេះនាំទៅដល់ការប្រែប្រួលយ៉ាងដូច្នេះ។

(២) ផលពីការសហប្រតិបត្តិការវិនិយោគ ប្រើសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពង្រីកកំណើនសេដ្ឋកិច្ច

ថ្ងៃនេះ យើងបើកការដ្ឋានសាងសង់ស្ពានអាកាស (ចំនួន) ២ កន្លែង ដែលខ្ញុំហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស”និង “ស្ពានអាកាស គង់ សំអុល” (ដែល)ត្រូវចំណាយដើមទុន សម្រាប់ការសាងសង់នៅទីនេះ … សម្រាប់ស្ពានអាកាសទី(១)នេះ ត្រូវកសាងរយៈពេល ៣៦ ខែ ហើយត្រូវចំណាយថវិកា (ចំនួន) ៣៦ ៧៧៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ ឯស្ពានអា​កាសទី(២) ត្រូវសាងសង់រយៈពេល ១៦ ខែ ដែលត្រូវចំណាយថវិកា ចំនួន ១០ លានដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង គម្រោងសាងសង់ទាំងពីរនេះ យើងត្រូវចំណាយថវិកា (ចំនួន) ៤៦ ៧៧៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ នេះមិនមែនជាស្ពានអាកាសទី(១)ទេ ជាស្ពានអាកាស​ទី(៧) និងស្ពានអាកាសទី(៨) បន្ទាប់ពីស្ពានអាកាស ៦ កន្លែង ដែលយើងបានដាក់ឱ្យប្រើប្រាស់ ៥ កន្លែង។ កំពុងសាងសង់ ១ កន្លែង និងចាប់ផ្ដើមសាងសង់ ២ កន្លែងទៀត។

ខ្ញុំគួរតែរំលឹកបន្ដិចថា នៅពេលដែលចាប់ផ្ដើមស្ពានអាកាសទី(១) ស្ពានអាកាសក្បាលថ្នល់ ពេលនោះ អភិបាលរាជធានីភ្នំពេញ គឺឯកឧត្តម កែប ជុតិមា។ បន្ទាប់ទៅស្ពានអាកាសទី(២)។ ទី(៣) ដូចជាឯកឧត្តម ប៉ា សុជាតិវង្ស ហើយបន្តបន្ទាប់ទៀត។ ៣ ចៅហ្វាយក្រុង ចុងក្រោយនេះ គឺជា ៣ ចៅហ្វាយក្រុង ដែលទាក់ទងនឹងកសាងស្ពាន​អាកាស។ ខ្ញុំឧស្សាហ៍និយាយលេង ពេលដែលបានស្ពានអាកាសទី(១) មានអ្នកឌឺឱ្យខ្ញុំ គេថា “បានតែមួយហ្នឹងអួតនោះអួត ត្រង់(ប្រទេស)គេមានដល់រាប់សិប រាប់រយ គេមិនអួតផង”។ ខ្ញុំក៏ឆ្លើយតបត្រឡប់ទៅវិញថា ដោយសារបានតែមួយហ្នឹងឯងបានគ្នាប្រឹងអួតនោះ ព្រោះប្រទេសមិនដែលមាន(ស្ពានអាកាស) ដល់ទៅមានវាត្រូវតែអួតអញ្ចឹងហើយ … ឥឡូវ មិនចាំបាច់អួតទេ។ គ្រាន់តែបង្ហាញថា ស្ពានអាកាសរបស់យើងមិនមែន​មានត្រឹមតែមួយទេ។ យើងចាប់ផ្ដើមប្រើប្រាស់(ស្ពានអាកាស) ៥ កន្លែង រួចមកហើយ, ទី(៦) កំពុងកសាង និងទី(៧) ទី(៨) កំពុង(បើកការដ្ឋាន)ចាប់ផ្ដើមកសាងនៅថ្ងៃនេះ ហើយនឹងអាចមានជាបន្តបន្ទាប់ទៀត នៅពេលយើងមើលឃើញនូវតម្រូវការចាំបាច់នៅកន្លែងណា កន្លែងនោះត្រូវបានសាងសង់។

តើថវិកាយើងត្រូវបានមកពីណា? ប្រវត្តិនៃកាកសាងស្ពានអាកាស និងហេដ្ឋារច​នាសម្ព័ន្ធមួយចំនួននៅទីក្រុងភ្នំពេញ ត្រូវប្រើប្រាស់វិធីសាស្រ្ត “យកស្លឹកត្នោតខ្ចប់ស្ករត្នោត” មានន័យថា “យកក្រុងចិញ្ចឹមក្រុង”។ តាមរយៈសហប្រតិបត្តិការជាមួយក្រុមហ៊ុន OCIC គឺយើងបានប្រើប្រាស់ថវិកា ដែលបានមកពីចំណូលកោះពេជ្រ (និង)ពីចំ​ណូល នៃកោះនរា ពីចំណូលនៅជ្រោយចង្វារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នេះ។ បទបញ្ជារបស់ខ្ញុំដាច់ណាត់ មិនឱ្យប្រើប្រាស់អ្វីដែលបានទទួលផល អំពីការសហប្រតិបត្តិការវិនិយោគនេះ យកទៅប្រើប្រាស់ចំ​ណាយចរន្ដដាច់ខាត គឺត្រូវប្រើប្រាស់តែក្នុងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រើនកំណើនសេដ្ឋកិច្ចតែប៉ុណ្ណឹង។ ដូច្នេះ គិតមកដល់ពេលនេះ យើងបានចំណាយទាំងស្ពានឆ្លងកាត់ទន្លេ ទាំងស្ពានអាកាស … ស្ពានឆ្លងកាត់ទន្លេមាន​ ៥ ទីតាំង, ស្ពានអាកាស ៨ ទីតាំង ស្នើនឹងថវិកាជាង ២២៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុន OCIC ដែលទទួលបាននូវសិទ្ធិវិនិយោគ យកមកកសាងនូវស្ពាននេះ។

ខ្ញុំសូមបញ្ជាក់ កាលដែលមិនប្រើប្រាស់ថវិកាទាំងនេះទៅលើការចំណាយចរន្ត ត្រឹមតែអ្វីដែលយើងបានផ្ដល់សិទ្ធិឱ្យគេវិនិយោគ ហើយនិងទទួលបាននូវតម្លៃដីយកមកវិនិយោគ គឺមិនអនុញ្ញាតឱ្យចំណាយចរន្ត។ ក៏ប៉ុន្តែ ដូចជាកោះពេជ្រសព្វថ្ងៃនេះ ពាណិជ្ជកម្មនៅក្នុងកោះពេជ្រមានច្រើនណាស់ ដោះស្រាយការងារធ្វើមានរាប់ពាន់/ម៉ឺនកន្លែង។ ចំណូលដែលជាប្រាក់ចំណេញ ដែលបានមកពីការបង់ពន្ធ នៃអ្នកធ្វើសេវាកម្មនៅកោះពេជ្រ ប្រើប្រាស់ចុះទៅលើចំណាយចរន្ត។ នោះហើយគេហៅថា ការវិនិយោគ។ បើទុកឱ្យកោះពេជ្រនៅដើមត្រែងយោលមកដល់ឥឡូវនេះ តើមានកូនក្រុងកោះពេជ្រ(ទេ)? ទុកឱ្យជ្រោយចង្វារមានដើមត្រែងយោល ទឹកលិចរដូវវស្សា តើមានទីក្រុងដូចសព្វថ្ងៃនេះទេ? វាមិនអាចមានទេ។ ក៏ប៉ុន្តែ ឥឡូវវាមិនត្រឹមតែក្លាយទៅជាទីក្រុងដែលមានមនុស្សរស់នៅ និង(មាន)ការប្រជុំខ្នាតអន្តរជាតិទេ ក៏ប៉ុន្តែ ដោះស្រាយការងារធ្វើឱ្យមនុស្សមិនតិចទេ។ ជ្រោយចង្វារចាប់តាំងពីមុខព្រះបរមរាជ្យវាំងរហូតឡើងទៅលើ។ អាស៊ានគ្រោងប្រជុំនៅសណ្ឋាគារសុខា ហើយក៏ទៅរៀបចំការជប់លៀងធំនៅកន្លែង OCIC ផង។ គ្រាន់តែពន្ធដារដែលចេញពីអាហ្នឹង វាក៏ជាផ្នែកមួយ នៃការចំណូលរបស់រដ្ឋ។ ខ្ញុំមិននិយាយអំពីចំណូល នៃប្រាក់ចំណេញ នៃអាជីវកម្មទេ ខ្ញុំគ្រាន់និយាយអំពីចំ​ណូល នៃពន្ធលើអចលនទ្រព្យក៏បានច្រើនដែរ។ នោះហើយជាការយកលុយទៅបង្កើតលុយ ដែលជាអត្ថន័យ នៃការអភិវឌ្ឍប្រទេស។ ប្រសិនបើយើងមិនធ្វើ តើសភាពការណ៍ទីក្រុងភ្នំពេញទៅជាយ៉ាងម៉េច?

(៣) ភ្នំពេញរីកទាំងទំហំ និងជម្រៅ, ពិចារណាបង្កើតក្រុងថ្មីនៅខេត្តកណ្ដាល

ពីជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវ ភ្នំពេញបានបើកទូលាយរហូតជាតិ ៧០០ គីឡូម៉ែត្រការ៉េ។ នេះជាការរីកចម្រើនទាំងទំហំ/ជម្រៅ, ទាំងការបើកទូលាយនិងស៊ីជម្រៅ។ បើកទូលាយ ខ្លួនខ្ញុំផ្ទាល់បានចេញអនុក្រឹត្យ ស្ដីអំពីបញ្ហាការកាត់ដីពីខេត្តកណ្ដាលឱ្យទីក្រុងភ្នំពេញប្រមាណជា ៥ ដង រួចស្រេចទៅហើយ។ ដំបូងព្រលានយន្តហោះពោធិ៍ចិនតុងរបស់យើង គឺស្ថិតនៅក្នុងដែនដីរបស់ខេត្តកណ្ដាលតើ។ បើនិយាយអំពីជនបទរបស់យើង គឺធំណាស់។ ទីក្រុងរបស់យើងតូចណាស់ រវាងផ្លូវភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីចេញទៅដល់ផ្សារពោធិ៍ចិនតុង និងទៅដល់ព្រលានយន្តហោះ នៅសងខាងផ្លូវត្រឹមតែ ១០០ ម៉ែត្រ ខាងក្រោយសុទ្ធតែវាលស្រែទេ។ ខ្ញុំហ្នឹងហើយ ដឹកនាំបុគ្គលិកក្រសួងការបរទេស ទៅជួយដកស្ទូងប្រជាជននៅតំបន់ត្រឡោកបែកពេលនោះ។ ប៉ុន្តែឥឡូវកន្លែងហ្នឹងក្លាយទៅជាកន្លែង(មាន)សំណង់អស់ទៅហើយ។

ខ្ញុំគួរតែត្រូវបញ្ជាក់រឿងមួយ។ កន្លងទៅ(យើងបាន)សិក្សាបង្កើតតំបន់ល្វាឯមឱ្យទៅជាក្រុងល្វាឯម។ កំពុងតែសិក្សា។ ក៏ប៉ុន្តែ ខ្ញុំបានបញ្ជាក់ជាមួយនឹងសម្ដេចក្រឡាហោម ស ខេង ឱ្យបានច្បាស់ … លើកនេះមិនមែនសិក្សាហើយភ្ជាប់ឱ្យភ្នំពេញទេ។ លើកនេះសិក្សារួចហើយ បង្កើតក្រុង តែក្រុងចំណុះឱ្យខេត្តកណ្ដាល អត់មាន(កាត់)ឱ្យភ្នំពេញថែមទៀតទេ។ ទុកឱ្យខេត្តកណ្ដាលមានពន្ធអាកររបស់គេផង។ អញ្ចឹង ឱ្យតែដីណារីកចម្រើន គឺប្រគល់ឱ្យភ្នំពេញអស់ ខេត្តកណ្ដាលចេះតែថយៗ។ អញ្ចឹងទេ សុំកុំភាន់ច្រឡំ​ ព្រោះមានអញ្ចេះ មានអ្នកខ្លះបែរជាលើកសំណូមពរ។ ខ្ញុំដឹង! សំណូមពរថា បើបង្កើតទីក្រុងថ្មីនៅឯល្វាឯម​ គេសុំទៅធ្វើជាអភិបាលក្រុងនៅហ្នឹង។ អត់ទេ។ ដោយសារតែរឿងហ្នឹងហើយ ប្រាប់គ្នាឱ្យហើយ … ចៅហ្វាយស្រុកល្វាឯម ក្លាយទៅជាចៅ​ហ្វាយក្រុងតែម្ដងទៅ។ ឧបមាអញ្ចឹង។ បើសិនជាយើងកាត់ត្រឹមប៉ុន្មានឃុំ មានចៅហ្វាយក្រុងល្វាឯម និងចៅហ្វាយស្រុកល្វាឯម។ ចៅហ្វាយក្រុងអាចមកពីស្វាយជ្រុំអញ្ចឹងទៅ។

និយាយរឿងហ្នឹងបន្ដិចទៅចុះ។ ឱ្យសិក្សាអំពីខេត្តកណ្ដាលថា តើគួរត្រូវបានបែងចែកជាពីរទេ? ឯងកំពុងតែសិក្សាមិនទាន់បានអីផង វាប្រជុំគ្នាបែងចែកថា អានេះសុំធ្វើចៅហ្វាយខេត្តចាស់/ថ្មី។ ស្រាប់តែដាក់សំណើមកដល់ខ្ញុំ …​ អញ្ចឹង កាលហ្នឹងបានជាលុបចោលទាំងអស់។ សិក្សាខេត្តកណ្ដាលនេះផង និងសិក្សាខេត្តមណ្ឌលគិរី រតនគិរី អាចនឹងបង្កើតខេត្តមួយ។ ដល់ឃើញស្ថានភាពអញ្ចឹង(លុបចោលទាំងអស់)។ ម្យ៉ាងចាយលុយ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យខេត្ត(ថ្មី) ដូចជាខេត្តត្បូងឃ្មុំ ចាយលុយរាប់រយលានដុល្លារ ដើម្បីធ្វើទីរួមខេត្តនោះ។ អញ្ចឹងទេ គ្រាន់តែសុំរំលឹក អត់មានបានឱ្យកាត់មកភ្នំពេញទៀតទេ។ ភ្នំពេញគ្រប់គ្រងប៉ុណ្ណឹងបានហើយ។ ទុកឱ្យខេត្តកណ្ដាលគេគ្រប់គ្រង។ បើបង្កើតទៅជាក្រុងស្វាយជ្រុំ ឧទាហរណ៍អញ្ចឹង(ទៅ)ចុះ ក៏ទុកឱ្យទៅជាចំណុះខេត្តកណ្ដាល។ អញ្ចឹង ខេត្តកណ្ដាលអាចមានទីក្រុងតាខ្មៅមួយ និងទីក្រុងស្វាយជ្រុំអញ្ចឹងទៅចុះ។ នៅខេត្តត្បូងឃ្មុំមានទីក្រុងសួង។ នៅខេត្តបន្ទាយមានជ័យមានទីក្រុងប៉ោយប៉ែត។ ខេត្តស្វាយរៀងមានទីក្រុងប៉ាវិត …។

(៤) រថភ្លើងក្រោមដីអាចជាជំរើសជម្រើសសម្រាប់កម្ពុជាទៅអនាគត

ខ្ញុំសូមអរគុណ និងកោតសរសើរជាមួយនឹងការខិតខំរបស់អាជ្ញាធររាជធានីភ្នំពេញ ជាមួយនឹងការកោតសរសើរចំពោះក្រុមហ៊ុន OCIC ដែលមានភាពហ្មត់ចត់ក្នុងការសាងសង់។ អម្បាញ់មិញ អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញជូននូវវិស្វកររបស់យើងម្នាក់ ដែលរៀនចប់នៅទីនេះ បន្ទាប់ទៅក៏បានទៅរៀននៅជប៉ុនថែមទៀតផ្នែកគូសប្លង់។ បង្កើតធនធានមនុស្សរបស់យើង។ ឥឡូវនេះ កាលពីមុនមិនទាន់ត្រូវទេ។ ការធ្វើផ្លូវក្រោមដីវាក៏មិនទាន់ត្រូវ។ តែឥឡូវនេះ តម្រូវការ នៃការធ្វើផ្លូវក្រោមដីវាត្រូវការហើយ។ ទីក្រុងភ្នំពេញ លទ្ធភាពដែលមានពិតប្រាកដ … ដូចដែលមុននេះ JICA បានសិក្សា ហើយយើងបានចរចាជាមួយនឹងជប៉ុន។ ជប៉ុនគ្រោងតែនឹងជួយទេ ក៏ប៉ុន្តែ បើយើងយកលុយ ១ ៨០០ លានដុល្លារ យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះ វានៅតែទើស។ វេទនាណាស់។

អញ្ចឹងទេ ប្រហែលជាជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញទេ។ រថភ្លើងក្រោមដីវាអាចភ្ជាប់គ្នាតាំងពីក្រុងភ្នំពេញ ចេញទៅខេត្តកណ្ដាល ចេញទៅ(ខេត្តផ្សេងៗ) រត់ជាប់គ្នានៅទីក្រុងភ្នំពេញ ប្រហែលជា(ធ្វើផ្លូវរថភ្លើង)នៅខាងក្រោម។ ជំនាន់ណាមិនដឹងទេ តែជំនាន់វិស្វករវ័យក្មេងបច្ចុប្បន្ន គេអាចនៅរស់(បានយូរ)ជាងពួកយើង ឯពួកយើងហួសឌឺឡេហើយ … ប៉ុន្តែពួក U50, U40 អាចនៅដល់ដំណាក់កាល នៃការធ្វើរថភ្លើងក្រោមដី។ អាចនឹងឈានដល់ដំណាក់កាលហ្នឹង … ខ្ញុំបានទៅជប៉ុនៗនាំខ្ញុំជិះរថភ្លើងលើអាកាស ដើម្បីយកមកធ្វើការប្រៀបធៀប សម្រាប់ការសាងសង់រថភ្លើងលើអាកាស។ ប៉ុន្តែ ដល់យើងគិតថា បើសិនជាតម្លៃជិត ២ ០០០ លានដុល្លារ ហោចបំផុត ១ ៨០០ លានដុល្លារ យកមកប្រើត្រឹមតែទីក្រុងភ្នំពេញមួយ គេហៅថា អសមភាព ប្រើប្រាស់ធនធានច្រើនជ្រុលទៅលើទីក្រុងភ្នំពេញ ក្នុងពេលដែលជនបទមានតម្រូវការស្ពានឆ្លងតាមដងទន្លេយ៉ាងច្រើន។ ចំណុចនេះហើយ ជាចំណុចដែលយើងត្រូវគិតគូ។ អញ្ចឹង វិធីដោះស្រាយបច្ចុប្បន្ននេះ មានតែបន្ថែមស្ពានអាកាសនៅចំណុចនេះៗ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង(កាត់បន្ថយ)ការគ្រោះថ្នាក់ចរាចរណ៍។ ការគ្រោះថ្នាក់ចរាចរណ៍ វាមិនមែនផ្ដើមចេញមកពីបញ្ហាកង្វះផ្លូវទាំងស្រុងនោះទេ ប៉ុន្ដែ ផ្ដើមចេញពីការមិនគោរពច្បាប់ចរាចរណ៍ និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។

ខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង គិតគូអំពីអាយុជីវិតខ្លួនឯងជាសំខាន់។ ខ្ញុំសូមកោតសរសើរជាថ្មីម្ដងទៀត ជាមួយនឹងគណៈអភិបាលរាជធានីភ្នំពេញបីជំនាន់កន្លងទៅនេះ ដែលចាប់ផ្ដើមកសាងស្ពានអា​កាស ហើយបន្តកសាងរហូតមកដល់ពេលនេះ ជាមួយនឹងការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនអនិកជនកម្ពុជា ក្នុងដំណើរការសាងសង់។ តាមរយៈការសាងសង់នេះ ក៏បានដោះស្រាយការងារធ្វើ និងបណ្ដុះបណ្ដាលជំនាញឱ្យជនជាតិខ្មែររបស់យើង ភាគច្រើនយើងប្រើប្រាស់នូវវិស្វករ អ្នកបច្ចេកទេសក្នុងស្រុករបស់យើង …។

(៥) កម្ពុជាមានតម្រូវការស្ពាន ០៣ បន្ថែម, អឺរ៉ុបងាកទៅប្រើធ្យូងថ្មនិងឧស ជាប្រភពថាមពលកំដៅ

ខ្ញុំគួរតែយកឱកាសនេះ និយាយបន្ថែមថា នៅទីក្រុងភ្នំពេញមានតម្រូវការចាំបាច់នូវស្ពានរហូតទៅដល់ ០៣ ទៀតឯណោះ។ ស្ពានទី(១) គឺកំពុងតែចរចា និងសុំការយល់ព្រម។ គឺបានធ្វើហើយ ក៏ប៉ុន្តែ ការសិក្សាពីសា​ធារណរដ្ឋកូរ៉េ ដោយផ្សារភ្ជាប់រវាងទីក្រុងភ្នំពេញទៅស្វាយជ្រុំ។ នៅពេលដែលខ្ញុំជួបអតីតប្រធានាធិបតី Moon Jae-in ខ្ញុំបានស្នើសុំឱ្យគាត់យកជម្រើសផ្សារភ្ជាប់ស្ពាននេះពីផ្សាររាត្រីនៅផ្សារចាស់ ឆ្លងទៅចុះ(នៅ)ជ្រោយចង្វារ ហើយឡើងពីជ្រោយចង្វារចុះទៅស្វាយជ្រុំ។ បើយើងចេញពីជ្រោយចង្វារទៅស្វាយជ្រុំ គឺមិនមែនល្អទេ នឹងកកស្ទះចរាចរណ៍នៅទីនោះ។ អញ្ចឹង យើងចេញពីផ្សារចាស់ទៅជ្រោយចង្វារចុះមួយតង់។ ជួយសម្រាលចរាចរណ៍ស្ពានជ្រោយចង្វារទី(១) និងទី(២)។ មួយ(គឺ)ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងមួយទៀតស្ពានមិត្តភាពកម្ពុជា-ចិន។ ទាំងជប៉ុន/ចិនធ្វើនៅកន្លែងហ្នឹង។ ស្ពានចាស់ គឺស្ពានជប៉ុនជួយធ្វើ និងជួយជួសជុល។ ពីដើម ព្រះករុណាទេ ព្រះអង្គជាអ្នកដឹកនាំសាងសង់(ស្ពានជ្រោយចង្វារ) ប៉ុន្តែ ត្រូវបានកាត់ផ្ដាច់ ហើយជប៉ុនបានជួយតភ្ជាប់ឡើងវិញ ហើយជួយជួសជុលឡើងវិញនៅពេលក្រោយទៀត។ ចិនក៏ជួយធ្វើស្ពានមួយទៀត។ មានស្ពានមួយទៅមួយម​ក។ អញ្ចឹង យើងនៅសល់ស្ពានត្រង់ហ្នឹងមួយ ដែលកំពុងចរចារកជម្រើស។ សង្ឃឹមថា មិត្តកូរ៉េរបស់យើងនឹងបន្តការយកចិត្តទុកដាក់ជួយមកដល់យើងកសាងស្ពាននោះ ដែលនឹងប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-កូរ៉េ”។

ស្ពានទី(២) យើងមានតម្រូវការ ប្រហែលជាពីក្ដីតាកុយឆ្លងកាត់ទៅម្ខាងទៀត ដើម្បីធានាក្នុងការជម្លៀសចរាចរណ៍ អាហ្នឹងផ្នែកខាងទន្លេមេគង្គ។ ខាងទន្លេបាសាក់ ស្ពានព្រះមុន្នីវង្សទាំងពីរ និងស្ពានតាខ្មៅ ដោះស្រាយបញ្ហាបាន ក៏ប៉ុន្តែ វានៅកកស្ទះ។ ដូច្នេះហើយបានជា ឯកឧត្តម ស៊ុន ចាន់ថុល ទទួលបានបទបញ្ជាចរចាជាមួយនឹងភាគីចិន យើងនឹងកសាងស្ពានមួយទៀតនៅម្ដុំព្រែកប្រា ហើយដែលស្ពាននេះ មានប្រវែង ៨៤៥ ម៉ែត្រ ត្រូវធ្វើជា ៤ គន្លង, ២ ទៅ ២ មក (ធ្វើ)ឱ្យវាធំ កុំឱ្យវាស្ទះចរាចរណ៍លើស្ពាន។ តម្លៃរបស់វាប្រហាក់ប្រហែលប្រមាណ ៦០ លានដុល្លារ។​ កំពុងតែចរចាគ្នាលើតម្លៃ។​ យើងចាត់ទុកថា(អា)ហ្នឹងជាអាទិភាពរបស់យើងដែរ ប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងត្រូវបើកឆ្នាំក្រោយ។

អញ្ចឹង វាចាប់ផ្ដើមពីអី? មុននេះ គឺយើងឆ្លងទូកដរ វាចេះតែបានហើយ។ យើងដាក់ស្ពានមួយហើយ ប៉ុន្តែ ស្ពានកន្លែងនេះមួយ បន្ថែមមួយទៀតក៏នៅតែស្ទះ។ ថែមស្ពានតាខ្មៅមួយទៀតក៏នៅតែស្ទះ។ ឥឡូវ ដាក់ព្រែកប្រាមួយទៀត ដាក់អាធំតែម្ដង ពីរ(គន្លង)ទៅ ពីរ(គន្លង)មក ដើម្បីធានាថា ការឆ្លងកាត់ភ្នំពេញរហូតទៅដល់ខេត្តកណ្ដាលវាមិនមានការរាំងស្ទះ។ ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញរបស់យើង ឥឡូវ ស្ពាន (និង)ផ្លូវខ្សែក្រវ៉ាត់ទី ៣ បាននិងកំពុងសាងសង់ហើយ នឹងរួចរាល់នៅពេលខាងមុខ ដែលនឹងកាត់បន្ថយការស្ទះចរាចរណ៍នៅប្រព័ន្ធទី១ និងទី ២ ខាងក្នុង។ នេះគឺជាចំណុចដែលយើងត្រូវតែធ្វើ។ ទោះបីអ្នកណាគេថាអីថា(ទៅ) ប៉ុន្តែ អ្វីដែលសំខាន់ ពីអត់ស្ពានទៅជាមានស្ពាន។ និយាយរួម តាំងពីអត់ស្បែកជើងពាក់មកមានស្បែកជើងពាក់។ តាំងពីអត់អីជិះ ចាប់ផ្ដើមពីកង់រហូតដល់ម៉ូតូ ឥឡូវ រហូតដល់ឡាន។ ដល់ឡានច្រើនពេកវាស្ទះ។

ទាក់ទងជាមួយបញ្ហាឡាន រអ៊ូរឿងសាំងឡើងថ្លៃ ក៏ប៉ុន្តែ ឡាននៅតែស្ទះពេញតែផ្លូវ។ វាមិនដឹងយ៉ាងម៉េច។ ប្រេងប៉ុន្មានថ្ងៃនេះគេថាថ្លៃធ្លាក់ចុះ ដល់ការតាមដានតម្លៃប្រេងរបស់ខ្ញុំនេះ ម្សិលមិញ គឺវាឡើងដល់ជាង ១០០(ដុល្លារ) ថ្ងៃនេះនៅសល់ ៩៩,៧១ (ដុល្លារ)/បារ៉ែល។ ប៉ុន្តែ ដល់តែឃើញព័ត៌មានគេចុះផ្សាយថា តម្លៃប្រេងធ្លាក់ចុះអាចនឹងមានទៅជាអតិផរណា។ ប៉ុន្តែ បើប្រៀបធៀបកាលពីប៉ុន្មានថ្ងៃមុន ៩២-៩៣ (ដុល្លារ/បារ៉ែល) អញ្ចឹង វាឡើងចុះ គឺថាទីផ្សារវាអញ្ចឹង។ យើងទប់តម្លៃប្រេងរបស់យើង។

ដូចជាការផ្សាយនៅអឺរ៉ុប/អាមេរិក កំពុងតែមានចំណោទធំណាស់។ បើនៅអឺរ៉ុបវិញ គេកំពុង​តែភ័យខ្លាចនៅរដូវរងាមកដល់។ ប្រទេសខ្លះចាប់ផ្ដើមកាប់ឧសដុតហើយ ដូចជានៅអង់គ្លេស … តម្លៃឧសកើនឡើងហើយ ដើម្បីជំនួសឱ្យការប្រើប្រាស់ឧស្ម័ន ដែលមិនអាចផ្គត់ផ្គង់បានតទៅទៀត។ ប្រទេសមួយចំនួន ដូចជាប៉ូឡូញ ប្រ​កាសនាំគ្នាថាឈប់ប្រើធ្យូងថ្ម។ ឥឡូវ នាំគ្នាយកឡានទៅដឹកធ្យូងថ្មយកមកទុក។ បន្តិចទៀតកាប់ឈើយក(មក)ធ្វើឧសដុត ព្រោះរងាទ្រាំមិនបាន។ ដល់ពេលនោះ ខ្ញុំកំពុងតែគិតថា ទៅយ៉ាងម៉េចទៅ។ មុខតែទៅហើយ ​គេរស់បាន យើងក៏ត្រូវរស់បានដែរ។ ចុងឆ្នាំនេះ នៅក្នុងខែធ្នូ នឹងមានការប្រជុំអាស៊ាន-សហភាពអឺរ៉ុប នៅប្រ៊ុចសែល។ អញ្ចឹង មិនដឹងថា តើពេលដែលខ្ញុំទៅនោះ ចំពេលដែលសណ្ឋាគារនោះអត់មានកំដៅដោយឧស្ម័នតទៅទៀត? ទេ! បើបានទៅទីនោះ ខ្ញុំនឹងបង្ហោះហ្វេសប៊ុកថា ខ្ញុំកំពុងតែអាំងភ្លើង …។

(៦) ការបែងចែកការប្រើប្រាស់ដីនៅកម្ពុជា, ផ្លូវនិងប្រឡាយទឹក, ព្រៃ ៥ ប្រភេទ, ដីដំណាំ ១៣ មុខ

ខ្ញុំគួរតែនិយាយបន្តិច សម្រាប់ឱ្យបងប្អូនជនរួមជាតិរបស់យើងបានដឹង។ ខ្ញុំកំពុងតែឱ្យ(ពិភាក្សា)បន្ថែម ព្រោះម្សិលមិញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើរបាយការណ៍មួយឱ្យខ្ញុំជាសម្លេង ប៉ុន្តែ ខ្ញុំថាឱ្យសរសេរខ្លីៗឱ្យខ្ញុំ អំពីការបែងចែកការប្រើប្រាស់ដីនៅកម្ពុជាឆ្នាំ ២០២២ តើវាដល់ណា? ចំ​ណុចនេះ វាសំខាន់ណាស់ សម្រាប់យើង ក្នុងការធ្វើគណនា អំពីចំនួនកើនឡើង នៃលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ និងការប្រើប្រាស់ដី។ និយាយរួមការប្រើប្រាស់ដី។ អ្វីដែលរកមិនទាន់ឃើញ តើផ្លូវនៅកម្ពុជាស៊ីដីអស់ប៉ុន្មាន? ប្រឡាយទឹកនៅកម្ពុជាស៊ីដីអស់ប៉ុន្មាន? … ខ្ញុំឱ្យបញ្ជាពីម្សិលថា ត្រូវសិក្សាឱ្យបានច្បាស់ថា សម្រាប់ការកសាងផ្លូវស៊ីដីអស់ប៉ុន្មាន? កសាងប្រព័ន្ធប្រឡាយទឹកស៊ីផ្លូវអស់ប៉ុន្មាន? ដែលហៅថា ផ្លូវមានផ្លូវកៅស៊ូ ផ្លូវលំ ក៏ចាត់(ចូល) ដើម្បីយើងកាត់ចេញពីចំណែកដី ដែលបង្កបង្កើនផល។

ការរកឃើញនៅទីនេះ គិតពីក្នុងខែមករា ដល់ថ្ងៃទី ៣១ មេសា ២០២២ ខែប្រាំងទឹករីង យើងនៅសល់ផ្ទៃទឹកចំនួន ៤៩១ ២៥៣ ហិកតា។ វាលស្មៅមានចំនួន ៦៦១ ៦៥១ ហិកតា។ ផ្ទៃដីលំនៅឋានមានចំនួន ៣៧៧ ៣៥៧ ហិកតា។ នេះជាការកើនឡើង នៃចំនួនផ្ទៃដីដែលប្រជាជនតាំងទីលំនៅ ហើយចំនួននេះ នឹងបន្តកើនដោយសារការកសាងលំនៅឋានរបស់ប្រជាពលរដ្ឋរបស់យើងក៏មានចំនួនកាន់តែច្រើន ដែលខ្ញុំធ្លាប់តែនិយាយហើយ អម្បាញ់មិញនិយាយពីថាភ្នំពេញផ្ដើមចេញពីជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជាង ៧០០ ម៉ែត្រការ៉េ ប៉ុន្តែជម្រៅរបស់វា ឧទាហរណ៍៖ ​ពីដើមដី ១ ហិកតា ត្រូវកសាងលំនៅឋាននៅលើដីនោះត្រឹមតែ ៤ ពាន់ ឬ ៥ ពាន់ម៉ែត្រការ៉េ តែប៉ុណ្ណោះ ឥឡូវនេះ ដី ១ ហិកតាដដែល តែសំណង់ឡើងដល់ ៥ ម៉ឺន ឬ ៦ ម៉ឺនម៉ែត្រការ៉េ ទៅជាសំណង់ដែលកម្ពស់ជាង ១០ ជាន់ ឡើងលើ។ អគារនេះមិនដឹងប៉ុន្មានជាន់ឡើងទេ ទាំងជង់ៗឡើងលើ។ នេះគឺជាចំណុច ដែលផ្ដល់ឱ្យយើងនូវការយល់ដឹងមួយ អំពីការរីកចម្រើនរបស់ប្រទេសជាតិ ក៏ប៉ុន្តែ យើងអត់ទាន់ដឹងថា ផ្លូវទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាស៊ីដីអស់ប៉ុន្មានទេ។ ធារាសាស្ត្រ (និង/ឬ)ប្រព័ន្ធស្រោចស្រពរបស់យើងស៊ីដីអស់ប៉ុន្មានទេ។ សម្រាប់ប្រភេទដីព្រៃវិញ គឺចែកចេញជា ៥ ប្រភេទ។ ប្រភេទទី(១)៖ ព្រៃស្រោង គឺមាន (ចំនួន) ៣ ៥៧២ ៥១៣ ហិកតា។ (ប្រភេទទី២) ព្រៃបៃតងមាន(ចំនួន) ៣៧ ៤៩៥ ហិកតា។ ប្រភេទទី(៣)៖ ព្រៃរបោះមាន(ចំនួន) ១ ៤៤៤ ៥៣៩ ហិកតា។ (ប្រភេទទី៤) ព្រៃលិចទឹកមាន(ចំនួន) ៧១៩ ៦៦៨ ហិកតា។ (ប្រភេទទី៥) ព្រៃកោងកាងមាន(ចំនួន) ៧៨ ៩១៣ ហិកតា។ អាហ្នឹង គឺគិតជាផ្ទៃដី ដែលបានប្រើប្រាស់។

… យើងនិយាយពីផ្នែកដំណាំវិញ ដំណាំចែកចេញ ១៣ ប្រភេទ។ មានដំណាំដទៃទៀត ប៉ុន្តែ យើងចែកចេញ ១៣ ប្រភេទនៅទីនេះ។ ឥឡូវនេះ កម្ពុជាមានកៅស៊ូ​ (ចំនួន) ៦០៦ ៤៥៥ ហិកតា។ នៅមានបន្តទៀត … មិនអាចវិភាគបាននូវកូនកៅស៊ូទើបតែដាំ។ អញ្ចឹង កៅស៊ូនៅប្រទេសរបស់យើងបច្ចុប្បន្ននេះ មានប្រហាក់ប្រហែលនឹងកៅស៊ូក្នុងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងយើងរួចស្រេចទៅហើយ។ ចំនួនកៅស៊ូដែលយើងមាន នឹងអាចមានការកើនឡើងជាបន្តទៀតនៅពេលខាងមុខ នៃការដាំកៅស៊ូ ព្រោះប្រជាជនធ្វើស្រូវធ្វើអីអត់កាក់កប គាត់ដាំកៅស៊ូ។ ផ្ទៃដីសម្រាប់ការធ្វើស្រូវមាន(ចំនួន) ៤ ០៦១ ៨១៦ ហិកតា។ ការដាំស្វាយមាន(ចំនួន) ២៩៩ ៧១០ ហិកតា។ ស្វាយចន្ទីមាន(ចំនួន) ២៣០ ២០២ ហិកតា។ អញ្ចឹង បានជាយើងនាំស្វាយចន្ទីទៅក្រៅប្រទេស ជាពិសេស ប្រទេសវៀតណាមច្រើនណាស់។ ពោត(ចំនួន) ១៦៤ ៦២៨ ហិកតា។ អំពៅមាន(ចំនួន) ១៣៣ ៩០៩ ហិកតា។ ឫសី្សមាន(ចំនួន) ១១៣ ៥០៦ ហិកតា។ ម្រេច(ចំនួន) ៤៧ ៨៧១ ហិកតា។ ចេកមាន(ចំនួន) ៣១ ៧៧២ ហិកតា។ ដូងប្រេងមាន(ចំនួន) ២០ ២៧៨ ហិកតា។ តាង៉ែនកំពុងខ្វះទីផ្សារ ឥឡូវបានទីផ្សារចិនជួយយោង មាន(ចំនួន) ៣ ៦២៧ ហិកតា។ ដំណាំហូបផ្លែដទៃទៀតមាន(ចំនួន) ៥ ៣០០ ​ហិកតា។ ផ្នែកផ្សេងៗមាន(ចំនួន) ១ ៦៥១ ១១១ ហិកតា។ អញ្ចឹង ដីខ្មែរវាអត់ទៅណាទេ។

ព្រៃខ្លះវាបាត់បង់ តែវាជំនួសវិញដោយកៅស៊ូ។ ព្រៃរិចរិលខ្លះវាបាត់បង់ តែជំនួសវិញដោយស្វាយចន្ទី។ ព្រៃខ្លះវាបាត់បង់ តែជំនួសមកវិញដោយដូងប្រេង។ ការអភិវឌ្ឍ គឺវាបែបហ្នឹងហើយ។ សូមអញ្ចើញទៅមើលបណ្ដាប្រទេសនៅអឺរ៉ុប អត់មានដើមឈើធំទេ វាលធេង ព្រោះសម័យដើមគាត់កាប់ឈើគាត់ខ្ទេច។ គាត់ដាំដុះ ប៉ុន្តែប្រហែលជាការដាំដុះឈើខាងក្រោយនេះ។ បើសិនជារុស្សីកាត់ផ្ដាច់ឧស្ម័នបន្ថែម(ទៀត) ឈើនេះមិនគង់ទេ កាប់ឧសដុតហើយ ព្រោះបើមិនដុតធ្វើម៉េច រងាងាប់អស់? ហ្នឹងគឺបញ្ហានយោបាយទណ្ឌកម្មរបស់គាត់ទេ។ អញ្ចឹង យើងវិភាគទិន្នន័យនៅទីនេះ ឯកឧត្តម ផៃ ប៊ុនឈឿ ទៅពិភាក្សាបន្ថែមជាមួយ ឯកឧត្តម សាយ សំអាល់ រកឱ្យខ្ញុំឃើញថា តើផ្ទៃដីធ្វើផ្លូវវាបានចូលទៅក្នុងផ្ទៃដីលំនៅឋានទេ? ហើយផ្ទៃដីសម្រាប់ប្រព័ន្ធធារាសាស្ត្រវាចូលទៅក្នុងផ្ទៃដីនៃដំណាំស្រូវទេ? ព្រោះឥឡូវយើងអត់ទាន់ឃើញអាហ្នឹង។

ត្រូវគិតទៅក្នុងផ្នែកមួយដែរ។ អាចចែកវាជាផ្នែកប្រព័ន្ធធារាសាស្ត្រផ្សេង ដីបង្កបង្កើនផលប៉ុន្មាន ព្រោះអានេះវានៅលាយឡំគ្នា។ ដីលំនៅឋាននេះ ក្រែងលោពាក់ព័ន្ធជាមួយផ្លូវថ្នល់។ ប៉ុន្តែ គួរតែកាត់វាចេញ វាមានផ្លូវរទេះភ្លើង ផ្លូវថ្នល់នៅក្នុងចំណែកណា ត្រូវឱ្យឃើញកន្លែងហ្នឹង ដើម្បីយើងសិក្សា អំពីស្ថានភាពប្រទេសយើង។ គ្រាន់តែចំណុចនេះ យើងអាចយល់ដឹងបាន អំពីការរីកចម្រើនឡើង នៃផលដំណាំ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដំណាំស្រូវ(ចំនួន) ៤ លានហិកតា មិនតូចតាចទេ។ បើក្រោយរំដោះ (៧ មករា ១៩៧៩) យើងធ្វើត្រឹមតែមិនដល់ ១ លានហិកតាទេ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឥឡូវ យើងធ្វើដល់ទៅជាង ៤ លានហិកតា បូកដោយកៅស៊ូកើនពី ៦ ម៉ឺនហិកតា ដែលសល់ពីសម័យមុន ដូចជាមិនដល់ ៦ ម៉ឺនហិកតាផងទេ ឥឡូវឡើងដល់ ៦០ ម៉ឺនហិកតា ដែលធ្វើឱ្យយើងមានជ័រកៅស៊ូនាំចេញ។ ស្វាយចន្ទី និងផ្នែកដទៃទៀត ដែលផ្ដល់ជាប្រាក់ចំណូលឱ្យប្រជាពលរដ្ឋ និងការងារធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានការកើនឡើង។ នេះជាទិន្នន័យច្បាស់លាស់មួយ ដែលយើងប្រើប្រាស់ផ្កាយរណបសិក្សាកំណត់ព្រំប្រទល់ នៃដីអភិវឌ្ឍន៍ជាមួយនឹងដីអភិរក្ស ដីលំនៅឋានរបស់ប្រជាពលរដ្ឋ ត្រពាំង បឹងបួ ទន្លេ សល់ប៉ុន្មាននៅក្នុងនោះ …។

(៧) សូមប្រទេសដែលពលករកម្ពុជាបោះបង់ការងារ កុំដាក់ពាក្យបណ្ដឹងទារសំណងពីរាជរដ្ឋាភិបាលកម្ពុជាឬពីបុគ្គលិកដែលរត់ចោលការងារ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀត ជាមួយនឹងពលករដែលធ្វើកំហុស

ជាមួយនឹងការដែលយើងសម្ពោធបើកការដ្ឋាននៅទីនេះ អ្វីដែលបាននិងកំពុងកើតក្នុងរយៈកាលសប្ដាហ៍កន្លងទៅ ហើយនឹងមកដល់ពេលនេះ នោះគឺ “ព្រះព្រហ្ម បានចុះមក ដើម្បីនឹងជួយរំដោះមនុស្សលោកនៅក្នុងតំបន់ភ្នំគូលេន”។ ចំណុចនេះ ខ្ញុំគួរតែត្រូវនិយាយនៅទីនេះឱ្យបានច្បាស់ទៅកាន់ ឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្ររបស់គាត់។ ហើយក៏និយាយដំបូង សូមរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ/ជប៉ុន/ថៃ ជាពិសេស សាធារណរដ្ឋកូរ៉ អនុញ្ញាតឱ្យខ្ញុំសូមធ្វើការអភ័យទោស អំពីកង្វះខាត នៃពលករកម្មកម្ពុជា ដែលត្រូវចាញ់បោកគេ ហើយបោះបង់ការងារធ្វើនៅទីនោះ វិលចូលមកស្រុក។ សូមកុំឱ្យរដ្ឋាភិបាល នៃប្រទេសទាំងអស់ ដែលមានពលករ(កម្ពុជា)ធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្ដឹងទាមទារសំណងពី(រាជ)រដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀត ជាមួយនឹងពលករដែលធ្វើកំហុស ដោយសារការចាញ់បោកព្រះព្រហ្មនៅប្រទេសកម្ពុជា។ ខ្ញុំកំពុងតែបារម្ភថា ថៅកែមួយចំនួនដែលសង្វាក់ផលិតកម្មកំពុងតែដើរ … ស្រាប់តែកម្មករចេញផុតមក គ្នាត្រូវអាក់ខានចង្វាក់ផលិតកម្ម។ ខ្ញុំកំពុងតែកង្វល់កន្លែងហ្នឹង។ រឿងពលករបាត់បង់ការងារធ្វើ គឺជារឿងមួយហើយ ដែលយើងសោកស្ដាយជាមួយពួកគាត់។ ប៉ុន្តែ ខ្ញុំនៅមានកង្វល់មួយទៀត គឺកង្វល់នៃពាក្យបណ្ដឹង នៃបណ្ដាក្រុមហ៊ុន ដែលពលករបានធ្វើឱ្យខូចខាត (ដោយ)រត់ចោលការងារក្នុងពេលដែលគេកំពុងតែដំណើរការ។ ខ្ញុំសុំយកឱកាសនេះអង្វរករ ចំពោះរដ្ឋាភិបាល ដែលទទួលពលករកម្ពុជា ហើយបោះបង់ចោលដោយខ្វះការទទួលខុសត្រូវ និងខុសកិច្ចសន្យាការងារ សូមមេត្តាកុំប្ដឹង ទាំងប្ដឹងចំពោះរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្ដឹងចំពោះពលករ ដែលបានចាកចេញ ដែលនាំទៅដល់ជម្លោះផ្លូវច្បាប់។ កម្ពុជាទទួលកំហុសនេះ។

(៨) អន្ទាក់របស់ ខឹម វាសនា គឺផ្ទេរពីអបិយជំនឿទៅជានយោបាយ, បទបញ្ជាពីរ

ឥឡូវ ខ្ញុំគួរតែនិយាយទៅកាន់ ឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជា បងប្អូនអ្នកដែលគាំទ្រខ្ញុំ។ យប់មិញនេះបានបង្ហាញពីកំហឹងពុះកញ្ជ្រោល អំពីសារដ៏ធ្ងន់ធ្ងរ ដែលឯកឧត្តម ខឹម វាសនា បានធ្វើការប្រមាថ ចំពោះខ្ញុំ ជេរគ្រប់សព្វ រហូតអាខ្វាក់។ ជាបន្ទាន់ ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺការចាប់បង្ខំ(រាជ)រដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿទៅកាន់នយោបាយ។ សុំកុំចូលអន្ទាក់របស់ ខឹម វាសនា ឱ្យសោះ … ព្រឹកមិញនេះ ហើយនៅតែមានសារវាយចូលខ្ញុំថា អាមួយនេះជេរអញ្ចេះៗ ​មិនគួរអត់ឱនអញ្ចេះៗ។ ខ្ញុំបញ្ជាទៅសៀមរាប អត់ឱ្យមានធ្វើសកម្មភាពអីទេ។ ដល់ម៉ោង ១២ យប់ អាហ្នឹងត្រូវផុតឱសានវាទ។ អញ្ចឹង សុំកុំមើលមួយជ្រុង។ បងប្អូនយើងមើលមួយជ្រុង។ វាយមកខ្ញុំតាម WhatsApp ផង តាម Telegram ផង ថាទ្រាំមិនបានទេ។ ទ្រាំមិនបានក៏ត្រូវតែទ្រាំ។ អ្វីដែលលោក ខឹម វាសនា ចង់បាន គឺចង់ឱ្យ(រាជ)រដ្ឋាភិបាលប្រើប្រាស់កម្លាំងបំបែកភ្លាម ហើយចាប់ខ្លួនគាត់ភ្លាម បើសិនជាយើងហ៊ានធ្វើអញ្ចឹង គឺជាប់ចូលអន្ទាក់របស់ ខឹម វាសនា ពិតប្រាកដ។ ធ្វើនយោបាយត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗឱ្យសោះ នោះហើយជាការគិតគូរបស់ ហ៊ុន សែន។ ទោះខ្ញុំត្រូវទទួលការជេរប្រមាទពី ខឹម វាសនា ក៏ដោយ ក៏ប៉ុន្តែ យើងក៏ត្រូវយល់ ខឹម វាសនា គាត់ទើបហ្នឹងជេរខ្ញុំល្ងាចម្សិលមិញទេ។ តាំងពីមុនមក ខ្ញុំជាមួយនឹង ខឹម វាសនា ​មិនដែលតមាត់ជាមួយគ្នា រហូតដល់ក្រុមជ្រុលនិយមជេរថា ខ្ញុំជាអ្នកបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីបំបាត់នូវពាក្យចចាមរ៉ាមទាក់ទងនឹងទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត ទៅវៀតណាម និងព្រឹត្តិការណ៍ភ្នំតាម៉ៅ។ នេះពាក្យពួកជ្រុលនិយមវាបានចោទ។ ខ្ញុំម្ខាងត្រូវ ខឹម វាសនា ជេរ ម្ខាងទៀតត្រូវអាម្ខាងនោះជេរថា ខឹម វាសនា ធ្វើតាមបទបញ្ជាខ្ញុំ។ ម្នាក់នៅកំពង់ធំ ត្រូវប្រយ័ត្ន … ទៅដល់ផ្ទះវើយ។ ហ្អែងនិយាយថាម៉េចខ្លះ? ឡានកាត់តាមភូ​មិហ្អែងយ៉ាងម៉េច? អីយ៉ាងម៉េច? វាឱ្យធ្វើបង្វែរសភាពការណ៍អីយ៉ាងម៉េច? … អ្នកឯងនៅកំពង់ធំ។ ខ្ញុំស្គាល់ឈ្មោះ ហើយស្គាល់លេខទូរស័ព្ទអ្នកឯងច្បាស់។ គ្រាន់តែដាស់តឿនទេ។ ចុះហេតុអី្វមិនធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ?

… ខ្ញុំមិនហ៊ានសន្និដ្ឋានថា (ខឹម វាសនា) គាត់សតិសម្បជញ្ញៈ ឬក៏ភាពឡប់អីទេ ខ្ញុំអត់ហ៊ានវិនិច្ឆយទេ ព្រោះខ្ញុំមិនមែនពេទ្យឆ្កួត ប៉ុន្តែ ខឹម​ វាសនា ហោចណាស់ គាត់អត់បានអំពាវនាវឱ្យមនុស្សផ្តួលរំលំ(រាជ)រដ្ឋាភិបាល គាត់អត់អំពាវនាវឱ្យប្រជាពលរដ្ឋងើបប៉ះបោរឡើងផ្តួលរំលំ(រាជ)រដ្ឋាភិបាលដូចអ្នកដទៃទេ។ គាត់អត់បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធផ្ទេរចុងកាណុងមកបំផ្លាញ(រាជ)រដ្ឋាភិបាល។ គាត់អត់បានអំពាវនាវឱ្យបរទេសកាត់ជំនួយពីស្រុកខ្មែរទេ។ ខុសពីអ្នកដទៃ។ គាត់ត្រឹមតែអបិយជំនឿរបស់គាត់ថា ពិភពលោកនឹងលិចលង់ស្លាប់អស់នៅសល់តែកន្លែងគាត់ហ្នឹង ហើយបើសិនជាទៅមិនបានទេ ពេលដែលមានហេតុការណ៍កើត(ឱ្យ)នឹកដល់ ខឹម វាសនា បាន។ អញ្ចឹង ខ្ញុំអត់យកការសន្និដ្ឋានថា គាត់ជាមនុស្សឡប់ សរសៃប្រសាទ ឬមិនគ្រប់អីអញ្ចេះអញ្ចុះទេ។ នេះជាការប្រមាថមួយ។ ប៉ុន្តែ អ្វីដែល ខឹម វាសនា គាត់លេង បានសេចក្តីថា មួយចាននេះ គឺគាត់លេងដោយយករឿងរ៉ាវអបិយជំនឿយកមកដាក់។ គាត់ហ្នឹងចាញ់។ នោះប្រសិនបើអត់មានអ្វីកើតឡើងដូចគាត់គិត គាត់និយាយថា ពិភពលោកនឹងស្លាប់ម​នុស្សដោយសារ Tsunami ដោយសាររញ្ជួយដី ដោយសារស្អីៗទាំងអស់។ (បើ)វាអត់កើតដូចអញ្ចឹងមែន បានសេចក្តីថា មនុស្សដែលមិនធ្លាប់ជឿ ឬក៏នៅមានសន្តានចិត្តខ្លះជាមួយ ខឹម វាសនា ឬរហូតដល់អ្នកដែលជឿ ខឹម​ វាសនា អាចនឹងត្រូវចប់ ព្រោះគាត់និយាយអត់ពិត។ អញ្ចឹង គឺគាត់ដាក់មួយចាននេះគាត់ដាក់ធំ។ ប៉ុន្តែ សួរថា ហេតុអីបានម្សិលមិញគាត់ជេរ? គាត់ជេរដោយសារឱសានវាទវាត្រូវដល់នៅម៉ោង ១២ យប់។ អញ្ចឹង គាត់ជេរប៉ុន្មានម៉ោងមុន ដើម្បីចាប់បង្ខំឱ្យយើងប្រតិកម្មជាកម្លាំងទៅបំបែក។ នេះជាការចូលអន្ទាក់មួយដ៏គ្រោះថ្នាក់។ សូមវិភាគលើរឿងនេះ។ អរគុណហើយបងប្អូនដែលបង្ហាញនូវការគាំទ្រទាំងឡាយមកចំពោះខ្ញុំ … ប៉ុន្តែ ការជេរប្រមាថនេះ ខ្ញុំគិតថា ក្រៅពី ខឹម វាសនា អាចនឹងមាន Admin អ្នកសរសេរ។ សរសេរចេញមកម្តងរួចហើយកែទៀត កែអាចុងក្រោយដាក់យកតែម្តង ហើយបង្ហោះ។ អាច Admin ធ្វើ ដើម្បីញោះឱ្យចេញ ផ្ទេរពីអបិយជំនឿទៅនយោបាយតែម្តង។ អញ្ចឹងទេ បានយប់មិញនេះខ្ញុំនៅបន្តរហូតដល់ក្រោយម៉ោង ១២ (យប់) ខ្ញុំសួរចុងក្រោយទៅអភិបាលខេត្តថា មានការអ្វីកើតឡើងទេ? បន្ទាប់ពីឱសានវាទត្រូវបានបញ្ចប់។

ខ្ញុំនឹងសម្តេចក្រឡាហោម ស ខេង ផ្តល់បទបញ្ជាដូចគ្នា។ ខ្ញុំក៏បានផ្តល់បទបញ្ជាឱ្យទៅអភិបាលខេត្ត ឱ្យត្រៀមបម្រុងទុក ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋ ទាំងប្រជាពលរដ្ឋនៅកន្លែងហ្នឹង និងប្រជាពលរដ្ឋនៅកន្លែងដទៃទៀត ក៏ដូចជា អំពាវនាវទៅកាន់អាជ្ញាធរ/កម្លាំងប្រដាប់អាវុធ ត្រូវធ្វើកិច្ចការ ព្រោះនៅទីនោះនៅពេលនេះ ចេញបាន តែចូលអត់បាន។ នេះគឺជាបទបញ្ជា នៃការអនុវត្តរបស់អាជ្ញាធរនៅទីនោះ … អញ្ចឹង តើរស់នៅបានប៉ុន្មានថ្ងៃទៀត? ព្រឹកនេះបានដឹងហើយថា មានអ្នកចង់ចេញ ប៉ុន្តែ មនុស្សជំនិតរបស់ ខឹម វាសនា បានហាមឃាត់គេមិនឱ្យចេញ។ ខ្ញុំចង់តាំងជាសំណួរថា មានស្បៀងប៉ុន្មាន សម្រាប់ការទទួលទាននៅទីកន្លែងនោះ? មានទឹកគ្រប់គ្រាន់ទេ? មានបង្គន់គ្រប់គ្រាន់ទេ? បើសិនជាឈឺ មានពេទ្យគ្រប់គ្រាន់ទេ? ជាពិសេស សម័យនេះ គឺកូវីដ-១៩ ថែមទៀត។

ប្រសិនបើ(ទឹកជន់លិច)ស្លាប់ អ្នកដែលស្លាប់ គឺ ហ៊ុន សែន ស្លាប់មុនគេ ព្រោះខ្ញុំនៅម្តុំដីទំនាប។ អញ្ចឹង បើនា​យករដ្ឋមន្ត្រីស្លាប់ហើយ និងមនុស្ស ១៦ លាននាក់ ជិត ១៧ លាននាក់ស្លាប់អស់ហើយ សល់តែប៉ុន្មាននាក់ហ្នឹង មានន័យអីទៀតទៅ? ខ្ញុំចេះតែបើកលេងទៅ ឃើញ(ក្នុង)ហ្វេសប៊ុក តាមួយនៅព្រៃឈរ ទៅតាមប្រពន្ធ។ ទៅគេមិនឱ្យជួបប្រពន្ធទៀត។ គាត់ថាប្រពន្ធគាត់យកលុយទៅ ៧ ០០០ ឬ ៨ ០០០ ដុល្លារ។ គាត់ថាគាត់មិនច្បាស់ទេរឿងលុយ ព្រោះប្រពន្ធគាត់អ្នកកាន់លុយ។ មានវីដេអូមួយថា ប្រពន្ធខុសហើយ មិនដឹងថារឿងពិត ឬក៏រឿងប្រឌិតទេ ដែលមានប្តីម្នាក់ ហើយមានប្រពន្ធទៅ(ភ្នំគូលេន) ហើយមក(វិញ) និយាយថាចំណាយអស់ អស់ ១ លាន(រៀល) ហើយប្តីសួរថា ម៉េចអស់ច្រើនម្ល៉េះ? ថាមកពីទិញអីស៊ីនៅក្នុងហ្នឹង។ ខ្លះលក់គោ/ផ្ទះ លក់អីទៅ។

… នៅពេលព្រឹត្តិការណ៍កើត ខ្ញុំឱ្យបទបញ្ជាតែពីរទេ។ បញ្ជាទី(១)៖ ប្រយ័ត្នប្រយែងត្រូវការពារសន្តិសុខឱ្យខាងតែបាន កុំឱ្យមានបាតដៃទី ២ ឆ្លៀតប្រើពេលហ្នឹង ដើម្បីបំផ្លាញដល់បងប្អូនប្រជាពលរដ្ឋយើង ដែលនៅទីនោះត្រូវការពារឱ្យបាន ព្រោះវាអាចឃើញការប្រមូលម្តុំដោយគ្មានច្បាប់ទម្លាប់បែបនេះ គឺបោកគ្រាប់បែក ១ គ្រាប់ ២គ្រាប់ បង្កើតរឿងទម្លាក់កំហុសឱ្យអាជ្ញាធរនេះ។ ជាបទបញ្ជាទី(១)។ បទបញ្ជាទី(២)៖ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅភូមិតាឯក ដែលយើងកំពុងចែកដីឱ្យប្រជាពលរដ្ឋ ដែលរើចេញពីតំបន់សៀមរាបអង្គរ និងកុំឱ្យមានការកាន់កាប់ទៅលើដីណាក៏ដោយ។ ប្រសិនបើអ្នកណាក៏ដោយទៅកាន់កាប់ដីធ្លីរបស់គេ ទៅទន្ទ្រានយកដីត្រូវចាប់។ វិធានការភ្លាមខាងផ្លូវច្បាប់។ នេះជាបទបញ្ជាចេញទៅ។ ឯក្រៅពីនោះ ត្រូវខិតខំការពារសុវត្ថិភាព រាប់ទាំងការពិនិត្យមើលក្រែងលោមានអ្នកជំងឺ ព្រោះសុទ្ធតែប្រជាពលរដ្ឋរបស់យើង ដែលគាត់ចាញ់បោកគេ ហើយគាត់ធ្វើដំណើរទៅ។ អាត្រង់ហ្នឹងហើយ ដែលពួកជ្រុលនិយម ខ្ញុំហៅថា ពួកក្រុមជ្រុលនិយម (ឯ)ក្រុម ខឹម វាសនា មិនមែនជាពួកជ្រុលនិយមទេ។ បើជ្រុលនិយម គាត់ជ្រុលនិយមត្រឹមតែបញ្ហាសាសនាតែប៉ុណ្ណឹងទេ។ គាត់ចង់បង្កើតសាសនាព្រះព្រហ្ម ខឹម វាសនា ខ្លួនឯងតែប៉ុណ្ណឹងទេ។ គាត់ថា អ្នកណាមិនទៅតាមប្រយ័ត្នស្តាយក្រោយ (អ្ហែងងាប់) ក្នុងនោះ គឺមានទាំងសម្តេចសង្ឃ សម្តេចអីទៅជាមួយ។

(៩) ចាកចេញពីតំបន់អង្គរ ដើម្បីរក្សាលក្ខណសម្បត្តិជាបេតិកភណ្ឌពិភពលោក

ក៏សូមបញ្ជាក់ដែរ ប្រជាពលរដ្ឋនៅតំបន់អង្គរ សូមអរគុណ ចំពោះការចាកចេញ។ ប្រសិនបើមិនចាកចេញហើយនៅតែនៅខុសច្បាប់ក្នុងតំបន់អង្គរ អង្គរវត្តនឹងត្រូវគេដកចេញពីបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តន៍តាមកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក បែរជាមានសំណង់នៅទីនោះ។ ដូច្នេះហើយបានជាឱ្យឧបនាយករដ្ឋមន្ត្រីមួយទៅឈរជើងដោះស្រាយ ហើយក៏បានបញ្ជា គ្រាន់តែធ្វើផ្លូវ សម្រាប់ការទៅតាំងទីលំនៅថ្មី (ចំនួន) ១៤៤ គីឡូម៉ែត្រផ្លូវលំ បន្ទាប់ទៅក្រៅពីហ្នឹង គឺអាចចាក់បេតុង។ សាលារៀន មន្ទីរពេទ្យ ធ្វើនៅកន្លែងហ្នឹង សម្រាប់អ្នកដែលចាកចេញពីតំបន់អង្គរ។

អញ្ចឹង មនុស្សមួយចំនួនត្រូវបានគេឃោសនាថា មកពីចែកដីឱ្យ។ សុំទោស ដីអត់បានចែកជូនទេ ហើយបើសិនជា លោក ខឹម វាសនា ចិត្តល្អ ដី ១២ ហិកតា របស់លោក ចែកឱ្យប្រជាពលរដ្ឋហ្នឹង ដែលខ្លះលក់ដីបាត់ទៅហើយ ដើម្បីយកលុយមកនោះ ត្រឡប់ទៅវិញរកដី​នៅមិនបាន។ អញ្ចឹង លោក ខឹម វាសនា គួរតែឱ្យ ហើយធ្វើអាកន្លែងហ្នឹងទៅជាផ្ទះតែម្តងទៅ។ អាចមានមនុស្សមួយចំនួនរកកន្លែងនៅអត់បានទេ។ អញ្ចឹងទេ លោក ខឹម វាសនា គួរតែបើកចិត្តឱ្យទូលាយយក ២ ហិកតា ៣ ហិកតា ធ្វើផ្ទះ​ឱ្យនៅទៅ ក្រែងលោវាងាយស្រួលឱ្យលោកឃោសនាទៀត។ ប៉ុន្តែ មិនដឹងថាបានអីស៊ីទៅថ្ងៃក្រោយអ្នកទាំងអស់ហ្នឹង ហើយជួនកាលលក់អស់ទៅទៀត ឥឡូវ បញ្ហាបែកបាក់ក្នុងគ្រួសារទៅទៀត ប្តីទៅប្រពន្ធអត់ទៅ ប្រពន្ធទៅប្តីអត់ទៅ កូនទៅចោលឪពុកម្តាយ។

(១០) រៀបចំមធ្យោបាយដឹកជញ្ជូនអ្នកគ្មានមធ្យោបាយទៅផ្ទះ, សូមបងប្អូនវិលត្រឡប់ ហើយទៅរកការបង្កបង្កើនផល រកការងារធ្វើវិញ, សូមឯកឧត្តម ខឹម វាសនា សុំផ្តល់លទ្ធភាពឱ្យប្រជាជនចាកចេញ

ខ្ញុំសូមអំពាវនាវ សុំឱ្យក្រុមគ្រួសារទាំងឡាយ ដែលមានការខ្វែងគំនិតគ្នា ខ្លះទៅ ខ្លះមិនទៅ បែកបាក់គ្រួសារ សុំឱ្យរួបរួមគ្រួសារវិញ ធ្វើម៉េចបានជាជ្រុលជ្រួស ត្រឡប់មកវិញយើងជាប្តីប្រពន្ធ យើងជាសាច់ញាតិ យើងនៅជាមួយគ្នាវិញ។ អ្នកនៅតាមមូលដ្ឋាននានាកុំរើសអើងជាមួយអ្នកដែលចាញ់បោកគេនេះ រាប់អានធ្វើដូច​គ្មានរឿងអីកើតឡើង គាត់ជឿជំនឿរបស់គាត់ខុស ប៉ុន្តែ យើងត្រូវតែមានការសណ្តោស ក្រៅពីនោះ ខ្ញុំបានប្រាប់ទៅអភិបាលខេត្ត សុំឱ្យរៀបចំមធ្យោបាយដឹកជញ្ជូន សម្រាប់អ្នកដែលគ្មានមធ្យោបាយទៅផ្ទះ ដោយប្រើប្រាស់រថយន្តយោធភូមិភាគទី ៤ និងកងពលធំលេខ ២ … ដូចដែលយើងធ្លាប់ដឹក(ពលករ)មកពីប្រទេសថៃ ទៅតាមមូលដ្ឋានដូចគ្នា។ ឥឡូវ បើគាត់មកគាត់ជិះឡានមក ត្រឡប់វិញក្នុងករណីដែលគាត់អត់មានលុយជិះឡាន ឱ្យគាត់ទៅណា? គាត់ដើរយ៉ាងម៉េចកើត? ឧទាហរណ៍៖ កំពង់ចាមមានប៉ុន្មាន? ដាក់មួយឡាន (ឬ)ពីរឡានទៅកំពង់ចាម។ នៅភ្នំពេញមានប៉ុន្មាន? នៅបាត់ដំបងមានប៉ុន្មាន?​ នៅបន្ទាយមានជ័យមានប៉ុន្មាន? … មើលក្នុងស្ថិតិ អ្នកចំណាកស្រុកហ្នឹងភាគច្រើនដូចបន្ទាយមានជ័យ ហើយនឹងបាត់ដំបង។ ភាគច្រើនតែម្តុំសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ។ អញ្ចឹង បានជួយដឹកជញ្ជូនទាំងអស់ ១៩ ខេត្ត ដែលមានច្រើន/តិច។

សុំបង្កលក្ខណៈជួយដឹកជញ្ជូនឱ្យប្រជាពលរដ្ឋនេះទៅមូលដ្ឋាន ហើយក្នុងពេលដែលដឹកទៅ កុំចេះតែដឹក ត្រូវមានបាយ/ទឹកឱ្យគាត់ទទួលទានផង … ជួនកាលខ្លះទាំងកូនតូចទៀត ឱ្យមានបាយ/ទឹក(ឱ្យ)គាត់ទទួលទាន។ ដឹកគាត់ទៅផ្ទះ ហើយទៅដល់មូលដ្ឋាន សុំឱ្យភូមិ/ឃុំនៅទីនោះកុំមានរើសអើង ប្រជាពលរដ្ឋនៅទីនោះកុំឱ្យមានរើសអើង។ នេះជាដំណោះស្រាយសមស្របបំផុតហើយ។ ប៉ុន្តែ មកទាមទារឱ្យរដ្ឋាភិបាលដោះស្រាយដី គឺអត់ទេ សូមឱ្យលោក ខឹម វាសនា ដោះស្រាយខ្លួនឯង។ ដី ១២ ហិកតា ហ្នឹងល្មម អ្នកដែលមិនបានត្រឡប់ទៅផ្ទះវិញ ថាសល់ ១០០ គ្រួសារ អីអញ្ចឹងទៅ ទាមទារដីពី លោក ខឹម វាសនា ថាលោកឯងហៅខ្ញុំមកបានជាខ្ញុំមក ខ្ញុំលក់ទាំងផ្ទះ លក់ទាំងអីរបស់ខ្ញុំ។ ឥឡូវ ខ្ញុំទៅវិញមិនបានទេ ខ្ញុំនៅជាមួយលោកឯងនៅហ្នឹង។ មិនមែនញុះញង់ឱ្យដណ្តើមដី លោក ខឹម វាសនា ទេ ប៉ុន្តែ សូមបញ្ជាក់ថា ចង់មក(ដណ្ដើម)ដីគេនៅខាងក្រៅ គឺត្រូវហើយ វិធានការផ្លូវច្បាប់ ​និងរដ្ឋបាល ត្រូវបានប្រកាន់យក ដោយចៀសវាងមិនបានទេ។

អញ្ចឹងខ្ញុំសូមថា ឯកឧត្តម ខឹម វាសនា ឬប្អូន ខឹម វាសនា សូមបញ្ចប់ទៅ ហើយសុំកុំបង្ខាំងប្រជាពលរដ្ឋនៅក្នុងហ្នឹង តើបង្ខាំងបានប៉ុន្មានថ្ងៃ? បើនៅខាងក្រៅវាអត់មានកើតអី អញ្ចឹងទេ សុំឱ្យប្រលែងប្រជាជន ជូនប្រជាជនហ្នឹងត្រឡប់មកផ្ទះវិញ។ យកល្អ លោក ខឹម វាសនា ចេញនូវបទបញ្ជាថា គ្មានរឿងអីកើតឡើងទេ ប៉ុន្តែ លោកបន្ត លោកអាចថា រក្សាជំនឿរបស់លោកដដែល ប៉ុន្តែ លោកបើកសិទ្ធិថា អ្នកណាចង់នៅស្តាប់ក៏នៅ​ អ្នកណាមិនចង់ស្តាប់ទៅផ្ទះចុះ … ឥឡូវហ្នឹងចាប់ផ្តើមអ្នកដែលចង់ចេញ ប៉ុន្តែ ត្រូវក្រុមអ្នកការពាររបស់គេហ្នឹងរុញត្រឡប់ទៅវិញមិនឱ្យចេញ។ ខ្ញុំក៏អំពាវនាវប្រជាពលរដ្ឋរបស់យើងនៅកន្លែងហ្នឹង នាំគ្នាដើរចេញមក ហើយនៅខាងក្រៅមានរថយន្តចាំដឹក មានបាយទទួលទាននៅខាងក្រៅ។

ខ្ញុំសុំឱ្យអ្នកវិភាគ គេហៅ មិនមែនអ្នកពិភាក្សានៅខាងក្រៅទេ អ្នកវិភាគវាយតម្លៃសភាពការណ៍ សុំកុំចូលអន្ទាក់ ខឹម វាសនា ឱ្យសោះ។ ខឹម វាសនា អាចនឹងបង្កើនការជេរខ្ញុំតទៅទៀត ដើម្បីបំផុសកំហឹងអ្នកគាំទ្រខ្ញុំ។ សូម្បីតែរាជធានីភ្នំពេញ ៧៧% នៃចំនួនអ្នកបោះឆ្នោតៗគាំទ្រគណបក្សប្រជាជន ដែលខ្ញុំសូមអបអរសាទរជាមួយអ្នករស់នៅរាជធានីភ្នំពេញ ហើយជាទូទៅ ៧៤,២៣% នៃចំនួនប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដោយឡែកទៅក្រុងភ្នំពេញរហូតទៅដល់ជាង ៧៧% គឺជាចំនួនមួយច្រើន។ អញ្ចឹងទេ បើសិនជាលោក ខឹម វាសនា ជេរខ្ញុំ សុំកុំប្រកែប្រកាន់ជាមួយគាត់។ ខ្ញុំមិនហ៊ាននិយាយមើលងាយគាត់ថា គាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពសរសៃប្រសាទនោះទេ ដូចដែលមនុស្សមួយចំនួនបាននិយាយរួចទៅហើយ … (អ្នកនិយាយ)ហ្នឹង(ជា)អ្នកដទៃទេណា ឯកឧត្តម ខឹម វាសនា ឬប្អូន ខឹម វាសនា កុំយល់ច្រឡំចំពោះបង ថាបងជាអ្នកថាប្អូនឯងជាអ្នកសសៃប្រសាទ។ បើប្អូនឯងតាំងខ្លួនជាព្រះព្រហ្មហើយ មិនអាចសសៃប្រសាទបានទេ ហើយអាចប្រោសមនុស្សលោក រាប់ទាំងជួយប្រោសព្រំខ្ញុំផង។ បើសិនជា លោក ខឹម វាសនា គាត់ជាព្រះព្រហ្មពិតមែន គាត់ចាំបាច់អីទៅជេរខ្ញុំ? គាត់ដាក់ទំនាយឱ្យខ្ញុំប៉ើងធ្លាក់ដល់ជើងមេឃ។ ប្រសិនបើមហិទិ្ធឬទ្ធិព្រះព្រហ្មពិតប្រាកដ។

អញ្ចឹង អ្វីដែលខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋ ហេតុអ្វីបាន លោក ហ៊ុន សែន អត់និយាយអី? និយាយធ្វើអី ចាំដល់ថ្ងៃហ្នឹងនិយាយក៏មិនទាន់ហួសពេលដែរ។ អញ្ចឹងទេ សុំឱ្យបងប្អូននៅទីនោះ យប់មិញទាំងខ្ញុំ ទាំងសម្តេចក្រឡាហោម ថាដាក់មេក្រូនិយាយទៅ ដាក់មេក្រូឱ្យច្រើន។ ដំបូងសួរទៅ ថាមានដាក់មេក្រូនិយាយទៅកាន់ប្រជាពលរដ្ឋទេ ថាមេក្រូចល័ត។ ខ្ញុំថា (ទៀ) សីហា ការចល័តហ្នឹងក្រែងយើងនៅចាំអ្ហី! ជំនាន់យើងអប់រំកូវីដ-១៩។ អប់រំកូវីដ-១៩ មានអ្នកបង្ហោះតាម TikTok មិនជិះម៉ូតូតាមស្តាប់ ព្រោះអញ្ចេះ បើកអញ្ចឹងទៅ “សូមបងប្អូន …” រួចហើយទៅផុត។ អ្នកស្តាប់ហ្នឹងមិនដឹងថាម៉េច ព្រោះឡានទៅបាត់ហើយ។ ដល់ទីចុងបំផុត មានម្នាក់នោះគាត់ធ្វើលេង តែមានន័យ។ ម្នាក់ហ្នឹងអ្នកបង្ហោះ TikTok ថាទាល់តែជិះម៉ូតូតាមស្តាប់ បានដឹងថាគេឃោសនាពីអី។ អប់រំពីរឿងបញ្ហាកូវីដ-១៩ នេះ ត្រូវពាក់ម៉ាស ត្រូវស្អីៗនេះ ដល់គាត់ទៅ/មក អ្នកណាស្តាប់បាន?

យប់មិញខ្ញុំថា ដាក់ទៅ ១០ ឬ ២០ ដាក់ទៅ ហើយនិយាយទៅឱ្យគាត់ស្តាប់ ហើយបើចាក់សម្លេងខ្ញុំបាន ចាក់ទៅ។ បងប្អូនអើយ! ចេញមក អត់មានរឿងអីកើតឡើងទេ ហើយអាជ្ញាធរក៏មិនយកទោសអីដែរ។ ខ្ញុំអំពាវនាវកុំឱ្យមានការរើសអើង។ ខ្ញុំសុំអង្វរកចំពោះក្រុមគ្រួសារ ដែលបែកបាក់គ្នា ដោយសារការប្រពន្ធទៅប្តីអត់ទៅ ប្តីទៅ ប្រពន្ធអត់ទៅ មានទំនាស់គ្នា សុំឱ្យរួមរស់គ្នាឡើងវិញ។ ការធ្វើដំណើរត្រូវឱ្យអាជ្ញាធរទទួលខុសត្រូវ ហើយពិនិត្យមើលដាក់ទឹកសុទ្ធនៅហ្នឹង។ ចេញមកមានទឹកសុទ្ធឱ្យគាត់ មានមី មានស្អីឱ្យគាត់ទៅ។ ការចំណាយ ដើម្បីនាំពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ។ យើងអាចមានបាយកញ្ចប់ មាននំបុ័ងត្រៀមនៅខាងក្រៅ ឱ្យអ្នកណាគេផលិតនំបុ័ងត្រៀមទៅ ចេញមកត្រូវការនំបុ័ងប៉ុន្មាន បាយកញ្ចប់អី ដើម្បីយកគាត់ទៅដល់ផ្ទះ ព្រោះប្រជាពលរដ្ឋរបស់យើងទេតើ។

គាត់អត់បានមកគាំទ្រ ខឹម វាសនា ដើម្បីផ្តួលរំលំ(រាជ)រដ្ឋាភិបាលឯណា? គាត់អត់មានបំផុសឱ្យមានហិង្សាដូចអ្នកដទៃ ដែលថាឱ្យកងទ័ពបង្វែរអាវុធបាញ់ ហ៊ុន សែន សម្លាប់ ហ៊ុន សែន ចាប់ ហ៊ុន សែន ដែលជាអំពើក្បត់ជាតិនោះទេ ដែលទោសគេកំពុងកាត់នៅតុលាការរាល់ថ្ងៃ។ សូម្បីតែ ខឹម វាសនា ខ្លួនឯង គាត់អត់បាននិយាយអញ្ចឹងទេ គាត់និយាយតែរឿងលិចលង់ងាប់អស់ ហើយរស់ៗនៅតែកន្លែងគាត់ ហើយអ្នកណាទៅមិនទាន់ទេ នឹក ខឹម វាសនា ទៅបានហើយ។ គាត់និយាយតែប៉ុណ្ណឹង អាចលើសពីហ្នឹងខ្លះ ប៉ុន្តែ គាត់មិនឈានទៅដល់ការផ្តួលរំលំទេ។ សូម្បីតែមេធាវីរបស់ខ្ញុំ ដែលកំពុងទៅត្រៀមតតាំងក្តីនៅថ្ងៃស្អែកនៅទីក្រុងប៉ារីស ក៏បានវាយមកថា ខឹម វាសនា បាននិយាយយ៉ាងដូចនេះជាការប្រមាថ។ មេធាវីរាជរដ្ឋាភិបាលត្រៀមប្តឹង ខ្ញុំថាកុំធ្វើអីទាំងអស់។ ពេលវេលានេះ ជាពេលវេលា ដែលយើងត្រូវឱ្យប្រជាពលរដ្ឋត្រឡប់មកផ្ទះ។

អញ្ចឹង សុំអំពាវនាវចំពោះប្រជាពលរដ្ឋ សុំអំពាវនាវចំពោះអ្នកដែលនៅការពារ ខឹម វាសនា និងអំពាវនាវត្រង់ទៅ ឯកឧត្តម ខឹម វាសនា សុំផ្តល់លទ្ធភាពឱ្យប្រជាជនចាកចេញ។ ខ្ញុំមិនបង្ខំឱ្យឯកឧត្តមបោះបង់ចោលនូវអ្វីដែលឯកឧត្តមអះអាងថា ខ្លួនឯងជាព្រះព្រហ្មនោះទេ ប៉ុន្តែ ឯកឧត្តមអាចនឹងបើកចំហថា អ្នកណាចង់បន្តស្តាប់ក៏នៅទៅចុះ អ្នកណាចង់ទៅក៏ទៅចុះ។ កុំឃាត់ឃាំង។ ហើយអ្នកដែលនៅជុំវិញ ខឹម វាសនា មិនត្រូវរារាំងប្រជាពលរដ្ឋណា ក្នុងការចាកចេញ ព្រោះជាសិទ្ធិ។ ការដែលទៅ គឺជាសិទ្ធិគាត់ទៅ ត្រឡប់មកវិញក៏ជាសិទ្ធិរបស់គាត់។

… ឥឡូវ តែមិនស្រួល គេថា ខឹម វាសនា មនុស្សរបស់ខ្ញុំទៀតហើយ ខ្ញុំអ្នកឱ្យធ្វើទៀតហើយ ព្រោះខ្ញុំហៅឯកឧត្តម ហើយហៅប្អូនទៀត។ ប៉ុន្តែ ខ្ញុំជាមួយ ខឹម វាសនា អត់ដែលមានរឿងអីជាមួយគ្នា ព្រោះគាត់ទៅធ្វើតាមរបៀបរបស់គាត់ទៅ។ គាត់​មានប៉ះពាល់ ចំពោះព្រះសង្ឃ ប៉ះពាល់ជាមួយអី ប៉ុន្តែ រឿងនោះ ជារឿងមួយផ្សេង។ គាត់ធ្លាប់ប៉ះពាល់លើខ្ញុំតិចតួច ប៉ុន្តែ ខ្ញុំក៏មិនធ្លាប់និយាយឈ្មោះគាត់ដែរ។ ឥឡូវ សភាពការណ៍វាអញ្ចឹង។ បើសិនជាគេប្រើកម្លាំង កុំថាឡើយដី ១២ ហិកតា ដី ១២០ ហិកតា ក៏ទ្រមិនរួចដែរ ព្រោះនៅកន្លែងនោះអត់មានអីពិបាកទេ មិនចាំបាច់បញ្ជូនកម្លាំងពីកន្លែងដទៃទេ យោធភូមិភាគទី ៤ កងពលធំទី ២ ឈរជើងនៅទីនោះស្រាប់។ ឥឡូវ កម្លាំងនៅទីនោះមិនទាន់បានប្រើប្រាស់ ក្រៅតែពីកម្លាំងអាវុធហត្ថ និងនគរបាលជាតិទេ ហើយក៏គ្មានការចាំបាច់ប្រើដល់ទៅកាំភ្លើង ប្រើដល់ទៅអីដែរ។ ដំណោះស្រាយដែលល្អបំផុត គឺបងប្អូនវិលត្រឡប់ ហើយទៅរកការបង្កបង្កើនផល រកការងារធ្វើវិញ គេកំពុងតែមានប្រាក់ចំណូល …។

(១១) កូនៗ ហ៊ុន សែន គោរពឋានានុក្រម គោរពបងដឹងប្អូន

អញ្ចឹង អ្វីដែលខ្ញុំនិយាយនេះ អាចនឹងពួកខាងនោះ (នឹងយកទៅបកស្រាយថា) វាហៅគ្នាសុទ្ធតែឯកឧត្តម/ប្អូន។ អញ្ចឹង ច្បាស់ជាវាឱ្យធ្វើហើយ។​ ម្សិលមិញកើតរឿងមួយទៅកើត។ គ្រាន់តែកូនខ្ញុំ ២ នាក់ វាជាការគាប់ជួនគ្នា លោក ឆាយ សុផល សរសេរពីកូនច្បងនាយករដ្ឋម​ន្ត្រី។ លោក លាង ដឺលុច សរសេរពី ហ៊ុន ម៉ានី។ គេយកទៅវិភាគនៅ Cambodian Daily គេថា កូនខ្ញុំទាំងពីរកំពុងប្រជែងគ្នាធ្វើនាយករដ្ឋមន្ត្រី។ អញ្ចឹង (មាន)ទំនាស់ផ្ទៃក្នុងគ្រួសារ ត្រូវតែលោក ហ៊ុន សែន ចេញមកសម្រួលហើយ។ ឱ! ព្រះអើយព្រះ! សុំផ្តាំទៅវិញ បើគ្រួសាររ​បស់លោកអញ្ចឹង លោកកុំគិតថាគ្រួសាររបស់ខ្ញុំដូចគ្រួសារលោក ព្រោះលោកគ្រាន់តែប្រពន្ធរបស់លោក ក៏លែងលះគ្នាដែរ បានជាលោកទៅ … ប្រពន្ធនៅក្នុងប្រទេស។ សូម្បីតែប្រពន្ធរបស់លោកៗមិនទាំងត្រូវផង តើលោករឿងអីត្រូវជាមួយខ្ញុំ? បើគ្រួសាររបស់លោកស្មោគគ្រោក ចេះច្រណែនគ្នាបងប្អូន ប្រពន្ធនឹងប្តី អាហ្នឹងរឿងគ្រួសារលោក។ តែគ្រួសាររបស់ខ្ញុំផ្សេង។ ខ្ញុំកម្រិតត្រឹមតែកូន/ចៅរបស់ខ្ញុំទៅចុះ។ បងប្អូនគេៗមានឋានានុក្រមរបស់គេ។ គេស្តាប់បងរបស់គេណាស់។ គេគ្មានមហិច្ឆាតា ដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេទេ។ ដំបូងវិភាគត្រឹមតែគណបក្សប្រជាជនទេ។ គណបក្សប្រជាជនអត់ឯកភាពគ្នាទេ ក្នុងការលើក ហ៊ុន ម៉ាណែត។ ឥឡូវ ដល់ទៅ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រី។ ជម្លោះធ្ងន់ធ្ងរក្នុងគ្រួសារ ត្រូវតម្រូវឱ្យ លោក ហ៊ុន សែន ចេញមកសម្របសម្រួល។

អត់ចាំបាច់សម្របសម្រួលទេ។ កូនរបស់ខ្ញុំគេស្គាល់គ្នាណាស់ ហើយគេគោរពបងរបស់គេណាស់។ សុំផ្តាំត្រឡប់ទៅវិញ បើលោកមិនចេះគ្រប់គ្រងគ្រួសារទេ រហូតត្រឹមតែប្រពន្ធមួយលោកលែងលះគ្នា ចែកកូន/ចៅគ្នា ហ្នឹងរឿងរបស់លោក។ តែរឿងរបស់ខ្ញុំ គឺខ្ញុំអប់រំកូន/ចៅរបស់ខ្ញុំបានល្អណាស់។ នៅសល់តែចៅពីរទេ ដែលមិនទាន់ចេះស្តាប់ខ្ញុំ។ ចៅទី ២១ ចាប់ផ្តើមចេះស្តាប់ហើយ។ ស្តាប់ហើយនិយាយអង់គ្លេសដាក់យើងទៀត។ ឯចៅទី ២២ ឱ្យតែឃើញមុខយំបណ្តោយ។ ក្រៅពីនោះ ចៅទាំងអស់ វាស្គាល់ជីតារបស់វា។ ពួកគេ(ខ្លះ)ចូលមហាវិទ្យាល័យ (និង)ពួកគេ(ខ្លះ)បញ្ចប់មហាវិទ្យាល័យ។ អញ្ចឹងទេ គ្រាន់តែផ្តាំទៅលោក រឿងគាប់ជួនគ្នា លោក លាង ដឺលុច សរសេរចេញទៅមុនចំណងជើង “ក្តីសង្ឃឹម ហ៊ុន ម៉ានី”។ អាហ្នឹងអ្នកគេសរសេរសៀវភៅដាក់អញ្ចឹងទេតើ។ រួចហើយយកទៅវិភាគឱ្យបាននោះទៀត។

សៀវភៅហ្នឹង គឺគេត្រូវការមើលច្រើន។ ហ៊ុន ម៉ាណែត ប្រកាសថា ផ្តល់សៀវភៅដោយឥតគិតថ្លៃ។ អញ្ចឹងទេ ទៅជាថា ហ៊ុន ម៉ាណែត ប្រកួតប្រជែង។ លោក ឆាយ សុផល អ្នកសរសេរ រួចប្រគល់ទៅឱ្យ ហ៊ុន ម៉ាណែត។ ហ៊ុន ម៉ាណែត ប្រគល់ទៅឱ្យប្រជាពលរដ្ឋ វាទៅជា ២ នាក់បងប្អូន ដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រី។ គ្រួសារត្រកូល “ហ៊ុន” មានទំនាស់ធ្ងន់ធ្ង តម្រូវឱ្យ លោក ហ៊ុន សែន កាត់សេចក្តី។ ទៅជាអញ្ចឹង។ ផ្តាំទៅវិញទៅ បើខ្លួនឯងមិនកើត កុំនឹកស្មានតែគេមិនកើតដូចខ្លួន។ តែប៉ុណ្ណឹងទេ។ សង្ឃឹមថា អស់លោកនឹងយល់។

(១២) ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅវៀតណាម

យប់មិញខ្ញុំបន្ថែម គេវិភាគរឿង ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅវៀតណាម។ ខ្ញុំបានពន្យល់ម្តងហើយ ម្សិលមិញទស្សនកិច្ចនៅឡាវ ហើយខ្ញុំផុសទៀតយប់មិញ។ លើកមុនខ្ញុំមិនបាននិយាយទេ គេនិយាយតែពីរឿងទស្សនកិច្ចនៅវៀតណាមទេ តែគេអត់បាននិយាយទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅជប៉ុន/សាំងហ្គាពួរ/ថៃ/ប្រ៊ុយណេ ឥឡូវ នៅឡាវ តិចទៀតគេត្រូវទៅឥណ្ឌា។ នៅឡាវ នាយករដ្ឋមន្ត្រីក៏ទទួល ប្រធានាធិបតីក៏ទទួល។ មានន័យថាម៉េច? រឿងនៅជប៉ុន ខ្ញុំបានប្រាប់ថា ជប៉ុនបញ្ជូនយន្តហោះមួយមកទទួល ហ៊ុន ម៉ាណែត ទៅដល់ជប៉ុន ព្រោះពេលហ្នឹងអត់មានជើងហោះហើរទេ។ ទស្សនកិច្ចចប់ យន្តហោះនេះត្រូវដឹក ហ៊ុន ម៉ាណែត មកដល់ភ្នំពេញវិញ។ អត់មានចេញលុយមួយសេនទេ។ ជប៉ុនទទួលបន្ទុក។ អត់មាន(រាជ)រដ្ឋាភិបាលកម្ពុជាជួលយន្តហោះឱ្យមេទ័ពជើងគោកជិះទេ។ ម៉េចក៏មិនយកទៅវិភាគផង? ហេតុអ្វីបានជប៉ុនធ្វើឥរិយាបទអញ្ចឹងចំពោះ ហ៊ុន ម៉ាណែត? នៅសាំងហ្គាពួរ នាយករដ្ឋមន្ត្រីក៏ទទួល រដ្ឋមន្ត្រីការពារជាតិក៏ទទួល រដ្ឋមន្ត្រីការបរទេសក៏ទទួល។ នៅឯជប៉ុនក៏ដូចគ្នា នាយករដ្ឋមន្ត្រីក៏ទទួល រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិក៏ទទួល ក្រៅពីសមាភាគីរបស់គេ។ នៅថៃ ឧបនាយករដ្ឋមន្ត្រីទទួល។ គ្រាន់តែទៅវៀតណាម ជួបរដ្ឋមន្ត្រីការពារជាតិ ហើយប្រធា​នាធិបតីទទួល គេថាទៅទទួលបទបញ្ជាពីវៀតណាម … បើជ្រុលធ្វើអ្នកវិភាគ កុំមើលឈើមួយដើមៗ មើលព្រៃទាំងមូល …។

នេះស្គាល់ ហ៊ុន សែន ឱ្យច្បាស់ ខឹម វាសនា ញោះ ហ៊ុន សែន ពីម្សិលនេះ មនុស្សមិនតិចទេ ដែលត្រៀមបម្រុងលោតចូល។ ប៉ុន្តែ ខ្ញុំថា ត្រជាក់ចិត្ត។ ចូលទៅមិនចូលទៅអន្ទាក់? ព្រោះ ខឹម វាសនា មិនដែលជេរ ហ៊ុន សែន ទេ ទើបពេលនេះ ជិតដល់ម៉ោងឱសានវាទ។ ខឹម វាសនា ចង់ប្រែក្លាយពីអបិយជំនឿទៅជារឿងនយោ​បាយ តាមរយៈការជម្រុញកម្លាំងឱ្យចូលបង្ក្រាប។ ទោះបីមានប៉ុន្មានក៏មិននៅដែរ។ ស្ថានភាពនៅឯភ្នំគូលេន នៅឯចំការរបស់ព្រះព្រហ្ម វាខុសគ្នានឹងបាតុកម្មនៅផ្លូវវេងស្រេង ដែលបង្ខំចិត្តឱ្យអាជ្ញាធរប្រើប្រាស់កម្លាំង ដើម្បីការពារខ្លួន ការពារទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ឥឡូវនេះ ការកាត់ទោសមួយគេកំពុងតែធ្វើ អ្នកណាទទួលខុសត្រូវលើការស្លាប់របស់ប្រជាជន។ មិនមែនរឿងសាមញ្ញពេកទេ វាមានតភាគរបស់វា។ ការកំណត់យកថ្ងៃ ២៩ ខែធ្នូ ជាថ្ងៃបញ្ចប់ តើនោះជាអ្វី? ជាការផ្តួលរំលំទេ? នរណាធ្វើបាតុកម្មម៉ោង ៣ ភ្លឺ? ហើយ ហ៊ូ វ៉ាន់ ចង់មកស្រុក ក៏ប៉ុន្តែ មកមិនបាន ដោយសាររឿងច្រើនពេក។ ចែកនំបុ័ងម៉ោង ៣ ភ្លឺ ដើម្បីត្រៀមបម្រុងធ្វើសកម្មភាពអី? ហ៊ុន សែន អើយ! ចុះចេញទៅ។ គេបោះឆ្នោតរួចហើយ អ្ហែងទារឱ្យអញចុះ អ្ហែងមានន័យថាម៉េច? និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង។ ខ្ញុំមិនជះឥទ្ធិពលលើតុលាការទេ អ្នកណាអ្នកស្រែក ហ៊ុន សែន អើយ! ចុះចេញទៅ? ហើយអ្នកណាថា ដូចជា “ហ៊ុន សែន ត្រូវតែអង្រួនឱ្យធ្លាក់” យក clip video មកបញ្ចាំងទាំងអស់ យកមើល “ហ៊ុន សែន អើយ! ចុះចេញទៅ”។ ឥឡូវ ដល់ពេលហើយ ត្រូវតែចាប់អង្រួនឱ្យចុះ មានន័យថាម៉េចអាហ្នឹង។ បញ្ជាក់ច្រើនដងថា គ្មានពេលណាល្អជាងពេលនេះទេ នៅឆ្នាំ ២០១៣ ធ្វើការផ្លាស់ប្តូរ ហើយ(នោះជាពេល)ក្រោយការបោះឆ្នោត ដែលគេបង្កើត(រាជ)រដ្ឋាភិបាលរួចហើយ អ្នកឯងមានន័យថាម៉េច? ត្រូវនិយាយគ្នាឱ្យច្បាស់។ ខ្ញុំមិនជះឥទ្ធិពលលើតុលាការទេ តុលាការនៅដំណើរការក្តីរបស់តុលាការ។ ត្រូវនិយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង។

ខឹម វាសនា គាត់អត់បានធ្វើរឿងអស់ហ្នឹងទេ។ មកដល់ម៉ោងនេះ អ្វីដែលគាត់ខំ គឺគាត់ខំចិញ្ចឹមប្រជាជនទៅនៅជាមួយគាត់។ ពិតមែនបើផ្លូវច្បាប់គាត់ខុស គាត់ប្រមូលផ្តុំប្រជាពលរដ្ឋ បំភ័យប្រជាពលរដ្ឋ ឥឡូវ អ្នកបាត់បង់ការងារធ្វើ អ្នកមកពីក្រៅប្រទេស គឺដឹងតែទៅវិញអត់បានហើយ។ អញ្ចឹង អ្នកហ្នឹងបាត់បង់ការងារធ្វើមួយ ហើយក៏មិនដឹងថារដ្ឋាភិបាលប្រទេសទាំងនោះគេប្តឹងយើង(ឬ)អត់? ក្រុមហ៊ុនទាំងនោះប្តឹងយើងអត់? មួយទៀត ប្រជាពលរដ្ឋក្នុងស្រុកខាតពេលវេលា/លុយ/កាក់ ក្នុងពេលដែលទៅ អ្នកខ្លះលក់ទាំងផ្ទះ/ដីធ្លីទៅទៀត ប្រហែលជា លោក ខឹម វាសនា អត់បានដឹងរឿងហ្នឹងនៅខាងក្រៅទេ។ ប្តីប្រពន្ធលែងលះគ្នា លោក ខឹម វាសនា ប្រហែលជាមិនដឹងទេ ប៉ុន្តែ ព្រះព្រហ្មទ្រង់ញាណគួរតែដឹង …។

(១៣) សូមក្រសួងវប្បធម៌ពិនិត្យកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand Cambodia, “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”” ថតបាន ៣០០ ឆាក លើជាង ១ ២៧០ ឆាក

ឯណា លឹម តិចម៉េង? Idol (ថ្ងៃមុន)ចង់ផ្ទុះហ្វេសប៊ុក។ Idol ទាំងបួនចូល Final Round ស្វាគមន៍មួយផង។ ហ្វេសប៊ុករបស់តាចង់បែក ១ នាទីដំបូង គឺ ៦ ៦០០ ប៉ុន្តែ ដល់វារត់ជិតដល់ ២ នាទី (វា)ឡើងទៅដល់(ជាង)ដប់ K ឯណោះ … ហ្វេសប៊ុកវាអញ្ចឹង។ អាចនិយាយបានថា លើកនេះជាលើកទី ១ គ្មានការចម្រូងចម្រាសក្នុងការឱ្យពិន្ទុ សម្រាប់អ្នកវគ្គចុងក្រោយនេះ។ ប៉ុណ្ណឹងល្មមហើយ គឺល្អហើយ។ តាមានលទ្ធភាពឱ្យបាន ៦ លានរៀល/ម្នាក់ … ក៏មានរអាក់រអួលដែរ ប៉ុន្តែ វាទៅជា ទុំ សុវត្ថិ ល្បីជាងអ្នកជាប់ទៅទៀត។ ឥឡូវនេះ ចំណូលរបស់ ទុំ សុវត្ថិ ច្រើនជាងអ្នកជាប់ទៅទៀត … យើងអបអរសាទរទៅ ជាតិសាសន៍យើងទេ។ ខ្ញុំក៏មិនទាន់ឃើញបក្សនយោបាយណាមួយមកអបអរសាទរដែរ … ទោះបីជា(យើង)បានមេដាយមាសពិភពលោក ក៏វាមិនអបអរសាទរដែរ។ អញ្ចឹង ក៏ល្អម្យ៉ាងដែរ កុំតែម្តងទៅ។

យើងដាក់ប្រាសាទព្រះវិហារចូលក្នុងបេតិកភណ្ឌពិភពលោក ក្រោយមក(ដាក់ប្រាសាទ)សំបូរព្រៃគុកចូលក្នុងបេតិកភណ្ឌពិភពលោក គ្មានអ្នកណាមួយអបអរសាទរ។ មិនបាច់ទេ នាំជំពាក់គុណ។ ខ្ញុំមិនចាំបាច់បង្រៀនត្រីឱ្យចេះហែលទឹកទេ ប៉ុន្តែ គួរណាស់ជាតិសាសន៍ខ្លួនឯង។ ឥឡូវ ខ្ញុំបង្រៀនតម្រិះត្រង់នេះមួយទៅចុះ ប្រើសិនបើ លឹម តិចម៉េង ត្រូវបានបក្សនយោបាយនានាលើកទឹកចិត្ត ហោចណាស់ លឹម តិចម៉េង គាត់អត់ហ៊ានគាំទ្រត្រង់ៗមកគណបក្សប្រជាជន ព្រោះបក្សដទៃគាំទ្រគាត់ដែរ។ បើធ្វើនយោបាយឆោត ក៏គួរតែឆោតបន្តទៅទៀតចុះ។ (កីឡា)ប៊ូល(របស់)យើងទៅវាយនៅអាមេរិកដោយកីឡាការិនី អ៊ុក ស្រីមុំ ក្រោយនេះ ស្ពាយមេដាយមាសពិភពលោកពីរមកទៀត។ មានតែអ្នកគាំទ្រខាង(រាជ)រដ្ឋាភិបាលទេ ដែលស្វាគមន៍ ក្រៅពីនោះអត់ …។

ខ្ញុំក៏សូមឱ្យ លោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញ អំពី(កម្មវិធីប្រឡង)បវរកញ្ញាស្អីនេះ … ឃើញគេបង្ហោះចុះ/ឡើង។ សុំហៅគ្នាមកធ្វើការទៅមើល? រឿងហ្នឹងយ៉ាងម៉េចបានជាវាទៅអញ្ចឹង? តំណាងបាវិត/ប៉ោយប៉ែត សុទ្ធតែល្បែង អាហ្នឹងគ្នាលុបចោលហើយ ប៉ុន្តែ តំណាងស្ទឹងត្រែងគេទាត់ចោល។ អ្វីដែលសំខាន់ គឺស្រែកអាឡេអាឡូពេញទឹក/ដី។ ហ្នឹងត្រូវភារកិច្ចរបស់ក្រសួងវប្បធម៌ធ្វើការភ្លាមៗ ថ្ងៃក្រោយសុំឱ្យមើលអាហ្នឹងបន្តិច។ ខ្ញុំមិនថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែ មតិមហាជន គឺសម្តែងនូវការសោកស្តាយ។ យើងត្រូវស្តាប់សម្លេងនេះផងហើយធ្វើការកែតម្រូវ។ ក្មួយៗដែលជាអ្នកទៅសម្តែងអត់មានកំហុសទេ ព្រោះគេឱ្យសម្តែងយ៉ាងម៉េចត្រូវសម្តែងអញ្ចឹង។ គេឱ្យស្លៀកអីត្រូវតែស្លៀកតាមគេអញ្ចឹង បើមិនស្លៀកតាមគេវាមិន(ត្រូវតាម)ស្តង់ដាប្រកួត។ អញ្ចឹង វាអត់ខុសក្មេងៗ ដែលទៅប្រកួតនោះទេ វាខុស(លើ)អ្នកដឹកនាំ។

ភាពយន្ត(កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី) ដែលកំពុងថត ក្នុងចំណោម ១ ២៧០ ឆាក ឥឡូវ សរសេរបន្ថែមច្រើនឆាកទៀត … ទើបនឹងថតបានប៉ុន្មាន ៣០០ ឆាក។ អញ្ចឹង ត្រូវប្រើពេលប្រហែលជា ១ ឆ្នាំទៀត ទើបរឿងនេះអាចមើលបាន។ ពិបាកជាងគេ គឺពិបាករកតួ មូលហេតុអី? តួឥឡូវវាធាត់ពេក វាស្អាតពេក។ អញ្ចឹង បានជានៅពេលខ្ញុំជួបពួកតួ(សម្តែង) ខ្ញុំថា ទាល់តែយកតួសម្តែងទៅលត់ដំ ៦ ខែសិន បានយកមកថតត្រូវ។ តួខ្លះស្អាតពេក ទោះបីជាលាបយ៉ាងម៉េចក៏ដោយក៏វានៅតែស្អាត បន្តិចទៀតដល់វគ្គកាត់សក់ ឥឡូវនេះ កំពុងសម្រុកថតវគ្គនៅសក់វែង។ លឺអ្នកចាត់ចែងដឹកនាំរឿងថា វគ្គស្រីៗសក់វែងត្រូវថតឱ្យចប់នៅខែកញ្ញា ដល់វគ្គក្រោយខែកញ្ញានេះ នារីដែលដើរតួក្នុងរឿងនេះត្រូវកាត់សក់ខ្លីទាំងអស់។ ពិបាករកសម្ភារជាន់ដើម អាឆ្នាំង/ចាន ទោះបីធ្វើយ៉ាងម៉េចក៏វាមិនសូវដូចដើមដែរ តែអ្នកដឹកនាំ និងអ្នកសម្តែងក៏បានខិតខំ ជួនកាលថតដល់ម៉ោង ២ ភ្លឺឯណោះ ព្រោះរឿងនេះវាទាក់ទងនឹងពេលយប់។

(១៤) អភិបាលខណ្ឌ/ស្រុក/ក្រុង ប្រធានមន្ទីរសាធារណការ ត្រូវមើលថែទាំជួសជុសផ្លូវ

ខ្ញុំគួរតែនិយាយថែមបន្តិច សុំអភិបាលខណ្ឌ ក៏ដូចជា អភិបាលរាជធានី និងអភិបាលរងនានា ដែលទទួលខុសត្រូវ ពិសេសផ្នែកសាធារណការ (សូម)មើលផ្លូវ។ ខ្ញុំរំលឹកដាស់តឿនឱ្យមើលផ្លូវ។ ថ្ងៃមុនដកចៅហ្វាយក្រុងតាខ្មៅមួយ (តើ)ដកដោយសារអី? ដកដោយសារមិនមើលផ្លូវ។ ខ្ញុំនឹងរង់ចាំមើល តើចៅហ្វាយខេត្តមួយណានឹងធ្វើឱ្យព្រែកហូរត្រូវបានចាក់បេតុងឱ្យបានច្រើនជាងនេះ? ស៊ីចៅហ្វាយខេត្តច្រើននោះច្រើន តែអត់មានចៅហ្វាយខេត្តណាធ្វើអាហ្នឹងឱ្យបានល្អបន្តិច។ ថ្ងៃមុននោះខ្ញុំបញ្ជាឱ្យ ស៊ុន ចាន់ថុល ទៅធ្វើពីគល់ស្ពានមកដល់ផ្លូវជាតិ លេខ ២។ មកដល់អាស្តាំដៃគ្រលុកនៅត្រង់ហ្នឹង។ ប៉ុន្មានដងហើយខ្ញុំទាញទូរស័ព្ទ(មករកតេសួរនាំ) វាចេះតែសេវា(រអាក់រអួល) … សួរទៅ (គង់ សោ)ភ័ណ្ឌ មួយណាធ្វើចៅហ្វាយក្រុងតាខ្មៅ? បានប៉ុណ្ណឹងវាមើលមិនឃើញ? តែ ១ ថ្ងៃទេ បញ្ជាឱ្យដក។ ឯណាអភិបាលក្រុងតាខ្មៅថ្មី? អត់មកទេ។ ខ្ញុំចាំមើល អភិបាលក្រុងតាខ្មៅថ្មីវាបញ្ចេញស្នាដៃប៉ុណ្ណា។ វាចេះមើលផ្លូវឬអត់?

នៅភ្នំពេញនេះ លើកមុនខ្ញុំជេរ សាំ ពិសិដ្ឋ ម្តងរួចហើយ។ កុំមើលទៅលើ មើលក្រោម(ផង)។ ដោយសារថ្ងៃនេះគេត្រៀមរៀបចំឱ្យខ្ញុំធ្វើដំណើរតាមផ្លូវចាក់អង្រែ ផ្លូវលេខ ២។ សំណាងល្អបានអានេះគេបិទ កុំអីខ្ញុំអត់ដឹងថាផ្លូវលេខ ២ ខូចដល់ប៉ុណ្ណឹងទេ។ បានទូរស័ព្ទទៅ (ឃួង) ស្រេង ផ្លូវ(លេខ ២)នេះខូចដូចខ្លាំងពេកទេអ្ហី? ឥឡូវ បន្តិចទៀតផ្លូវលេខ ២ ត្រូវបានផ្អាក ហើយឱ្យប្រើផ្លូវនេះ ដើម្បីជួសជុលធំអានោះ។ គ្រលុកនិយាយពីរង្គើឡាន អា(ផ្លូវ)នេះបើកទៅវាពីស្រួល។ ឡានរបស់យើងប៉ុណ្ណឹងគង់វារលាក់ ព្រោះឡានរបស់ខ្ញុំវាធ្ងន់។ អញ្ចឹង ធ្វើប្រធានសាធារណការដើរមើលបន្តិចទៅ។

ឥឡូវ ដោយសារតែការងារច្រើននៅឯមូលដ្ឋាន រាជរដ្ឋាភិបាលបានរៀបចំធ្វើវិសោធនកម្មច្បាប់ បង្កើនអាសនៈឱ្យរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ព្រោះការងារកាន់តែច្រើនទៅៗ ការផ្ទេរអំណាចពីខាងលើទៅឱ្យខាងក្រោម គឺមានច្រើន។ ការផ្ទេរ(អំណាច)នេះមិនមែនឱ្យអស់លោកទៅអង្គុយជំនុំគ្នាលេងអុកនោះទេ អត់ទេ គឺមានការងារធ្វើច្រើនណាស់នៅឯមូលដ្ឋានបច្ចុប្បន្ននេះ បានជាបង្កើនអាសនៈ។ ការងាររយជំពូកផ្ទេរទៅឱ្យមូលដ្ឋាន ហើយ។ អញ្ចឹង មូលដ្ឋានត្រូវចេះមើល។ សូមអភិបាលក្រុង(តាខ្មៅ)ចាស់ ដែលត្រូវបានដកចេញពីតំណែងកុំទៅខឹងអ្នកណា។ ខឹង ហ៊ុន សែន ព្រោះ ហ៊ុន សែនអ្នកបញ្ជាឱ្យដក។ ខ្ញុំបានប្រាប់ទៅសម្តេចក្រឡាហោម នៅមុនខ្ញុំជួបភ្ញៀវប្រហែលជាម៉ោង ៨:៣០ នាទី ម៉ោង ៤ (រសៀល) បានបញ្ជូនមកដល់ខ្ញុំ។ សូម្បីតែអភិបាលខេត្ត (គង់) សោភ័ណ្ឌ បញ្ជាក់មកថា បានឯកភាពគ្នាហើយតែងតាំងយកអភិបាលរងស្រុកខ្សាច់កណ្តាលយកមកធ្វើជាអភិបាលក្រុង(តាខ្មៅ)។ ខ្ញុំ(តប)ត្រឡប់ទៅវិញថា ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យមុននេះ ២ ម៉ោង។ អត់ឱ្យរំលង ១ ថ្ងៃ ទាន់ទេ។

ថ្ងៃនោះគេជួសជុលផ្លូវ អភិបាលក្រុងអត់នៅកន្លែងទៀត វាទៅណាវា? មិនមែនបង្កើនអាសនៈ ហើយឱ្យអស់​លោកធ្វើអភិបាលក្រុង/ខណ្ឌនាំគ្នាអង្គុយ(លេង)ទេ។ នាំគ្នាមើលទៅមើលផ្លូវណាត្រូវជួសជុល ផ្លូវណាត្រូវធ្វើស្អី កុំបញ្ចាំគ្នា ឬក៏ប៉ុណ្ណឹងចាំក្រសួងសាធារណការចុះមកធ្វើដែរ? មិនមែននិយាយសំដៅតែទីក្រុងភ្នំពេញទេ ឬខេត្តកណ្តាលនោះទេ (គឺ)គ្រប់ខេត្តទាំងអស់ ដែលទទួលខុសត្រូវមើលទីក្រុង/ប្រជុំជន ត្រូវមើលផ្លូវ។ ជួលកាលផ្លូវខ្លះខូចត្រឹមតែពែងអាកោ ស្អែកឡើង(ខូច)ប៉ុនចានចង្កឹះ ខានស្អែក(ខូច)ប៉ុនចានគោម ខានស្អែក(មួយខូច)ប៉ុនចង្អេរ បន្ទាប់ទៅទៀតប៉ុនថ្លុកក្របីបណ្តោយ បើយើងជួសជុលវាអត់ទាន់។

សូមរំលឹក ផ្លូវកាន់តែច្រើន/វែង តម្រូវការជួសជុលក៏កាន់តែច្រើន។ អញ្ចឹង ត្រូវតែមានការទទួលខុសត្រូវទៅលើការថែទាំវា ដើម្បីឱ្យផ្លូវប្រើបានយូរ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត ហាមឃាត់ និងដាក់ពិន័យ ចំពោះ អ្នកដែលដឹកលើសទម្ងន់។ អាដឹកលើសទម្ងន់ក៏ត្រូវតែផាក អាបើកលើសល្បឿនក៏ត្រូវពិន័យ បើមិនអញ្ចឹងទេ គឺថាមួយថ្ងៃៗមិនដឹងស្លាប់ប៉ុន្មាន។ ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់សាលាខណ្ឌមានជ័យ(ថវិកា) ចំនួន ២ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី(ថវិកា) ចំនួន ៣ លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា (ចំនួន) ៥ លានរៀល … ជាមួយនឹងការប្រកាសសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល ខ្ញុំសូមប្រសិទ្ធពរ ចំពោះឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...