សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ សម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៩៣,៦៤ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅឃុំរមាត ខេត្តក្រចេះ

CNV: 7 ខែ​កុម្ភៈ, 2022

មិនរង់ចាំការបង្កើតរដ្ឋាភិបាល ឆ្នាំ ២០០៣/៤ ចិនជួយការតភ្ជាប់ទៅកាន់តំបន់ឦសាន

ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧ ប្រវែង(ជាង) ៩៣ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅដល់ឃុំរមាត ខេត្តក្រចេះ។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់ឆ្នាំ ខាល, ឆ្នាំ ខ្លា ហើយយើងមកចំកន្លែងខ្លាស្ទុះហ្នឹងទៀត។ តាមពិតទៅ ឆ្នាំចិន ឬវៀតណាម បានចូលដល់ឆ្នាំខាល រួចស្រេចទៅហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ការចែកឆ្នាំគឺនៅខែមេសា។ អ្នកដែលមានទំលាប់កាន់ប្រពៃ​ណី​ខ្សែស្រឡាយចិន ទើបនឹងចូលឆ្នាំរួចមកហើយនេះ គឺតែងចែកឆ្នាំនៅក្នុងរង្វង់នៃខែកុម្ភៈ ដែលទើបនឹងចូលឆ្នាំនេះ។ កម្ពុជាចែកឆ្នាំនៅក្នុងខែមេសា ភាគច្រើននៅថ្ងៃទី ១៣ ឬ ១៤ នោះតែម្ដង គឺទេវតាឆ្នាំថ្មី នឹងចុះមកជំនួសទេវតាឆ្នាំចាស់។ ខ្ញុំមិនដឹងថា តើឆ្នាំនេះ ត្រូវឆុងជាមួយនឹងឆ្នាំណាទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ឆ្នាំនាគរាជ គឺមិនសូវមានអីឆុងកើតទេ …។

ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយថ្ងៃនេះបានវិលមកកាន់ខេត្តក្រចេះ ជាមួយនឹងការសម្ពោធសមិទ្ធផលថ្មីមួយ ដែលត្រូវបានរាយការណ៍ដោយឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អម្បាញ់មិញ ហើយក៏បានរំលឹកអំពីបញ្ហាទាក់ទិនជាមួយនឹងជំនួយ(របស់សាធារណរដ្ឋប្រជាមានិតចិន)នេះ … ខ្ញុំនៅចាំច្បាស់ណាស់។ ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់អំពីគោលបំណងឬក៏ភាពលំអៀងរបស់ខ្ញុំ កាលពីពេលនោះ។ នៅឆ្នាំ ២០០៤ ពេលដែលកម្ពុជាកំពុងជាប់គាំងខាងនយោបាយ ចិនមិនបានរង់ចាំនូវការបង្កើតរដ្ឋាភិបាលថ្មីណាមួយនោះទេ។ នេះគឺជារឿងសំខាន់នៅក្នុងទំនាក់ទំនងរបស់យើង។ ទាំងអស់គ្នាអាចនៅចាំបានថា ឆ្នាំ ២០០៣ បោះឆ្នោតរួចហើយ ភាពជាប់គាំងខាងនយោបាយ(បានកើតមាន) ដោយសារតែការពហិកាដោយបណ្ដាគណបក្សនយោ​បាយខ្លះ បានបង្កើតឱ្យមានការអូសបន្លាយប្រមាណជិតមួយឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន។ ពេលនោះ គណបក្សប្រជាជនមានត្រឹមតែ ៧៣ កៅអីទេ ឯប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់យើង (ដើម្បី)បង្កើតរដ្ឋាភិបាលបាន តម្រូវឱ្យ​មាន(អាសនៈក្នុងសភា) ២ ភាគ ៣ ឬត្រូវការដល់ ៨២ សំឡេង ទើបអាចបង្កើតរដ្ឋាភិបាលបាន។

ប្រទេសមួយចំនួន ប្រកាន់ឥរិយាបទរង់ចាំមើល ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិន មិនចង់រង់ចាំមើលនោះទេ។ ជំហានដំបូង លោកជំទាវ ឧបនាយករដ្ឋមន្រ្តីចិន វូ យី បានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ទៅ ក្នុងមួយខែក្រោយមក ខ្ញុំក៏ត្រូវបានទទួលការអញ្ជើញ ពីឯកឧត្តម Wen Jiabao ជានាយករដ្ឋមន្រ្តី និងឯកឧត្តម Hu Jintao ជាប្រធានាធិបតី​ ទៅធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដោយមិនរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីនោះទេ។ ចំណុចនេះ គឺជាចំណុចដែលខ្ញុំចងចាំខ្លាំងណាស់ នោះគឺការអំពាវនាវឱ្យមិត្តចិនជួយការតភ្ជាប់មកកាន់ភូមិភាគឦសានរបស់យើង។

ប្រែក្លាយតំបន់ឦសាន ជាប៉ូលសេដ្ឋកិច្ចទី ៤

បើនិយាយអំពីការតភ្ជាប់មកកាន់ភូមិភាគឦសាននេះ … បានផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ហើយមួយផ្នែកទៀត គឺឆ្ពោះទៅកាន់ខេត្តព្រះវិហារឯណោះ។ ដូច្នេះហើយ គេអាចមើលឃើញអំពីស្ថានភាពផ្លូវដែលតភ្ជាប់នៅតំបន់ភូមិភាគឦសាននេះ ភាគច្រើនគឺមានជំនួយឥតសំ​ណង និងឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលតភ្ជាប់រវាងខេត្តក្រចេះ ទៅស្ទឹងត្រែង ទៅរតនគិរី ហើយតពីរតនគិរី ទៅមណ្ឌលគិរី ចេញមកស្រុកស្នូល ខេត្តក្រចេះវិញ ចេញទៅព្រំដែ​នរបស់ឡាវ រួចហើយតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅព្រះវិហារ តាមរយៈផ្លូវជាតិលេខ ៩ ផង និងតាមរយៈផ្លូវជាតិលេខ ៦២ ផងដែរ។

ហេតុអ្វីបានជាខ្ញុំធ្វើយ៉ាងដូច្នេះ? អតីតកាលរបស់យើង វាជូរចត់សម្រាប់ប្រជាជននៅភូមិភាគឦសានរបស់យើងនេះ។ ពិតមែនហើយ ចម្រៀងមួយបទ “រំដួលក្រចេះ” ដែលនិយាយថា ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ។ ម្សិលមិញ បទនេះ ក៏ត្រូវបានលោក ហ៊ឹម សុភា និពន្ធសាជាថ្មី ដាក់ចំណងជើងថា “ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ” ដែលចាក់ផ្សាយយប់មិញតាមទូរទស្សន៍នានាផងដែរ … ខ្ញុំធ្លាប់ធ្វើដំណើរ មកកាន់ខេត្តទាំងនេះ ហើយដែលរហូតដល់មានពាក្យស្លោកថា “រតនគិរីដីស្អិត ចិត្តមិនចង់ទៅ បើទៅហើយ មិនចង់មកវិញទេ”។ មិនមែនថា អ្នកហ្នឹងយកប្រពន្ធនៅហ្នឹងទេ ហើយមិនចង់ត្រឡប់មកវិញទេ ក៏ប៉ុន្តែអ្នកទាំងនោះ ពិបាកធ្វើដំណើរខ្លាំងណាស់។ ក្នុងការតភ្ជាប់ ត្រឹមតែខេត្តស្ទឹងត្រែង ទៅកាន់ទីក្រុងភ្នំពេញ គឺត្រូវធ្វើដំណើរយ៉ាងឆ្ងាយ អស់រយៈពេលដ៏យូរ។

ម្ខាងទៀត ខ្ញុំមានគោលដៅបង្កើតឱ្យប្រទេសកម្ពុជាមានប៉ូល(សេដ្ឋកិច្ច)រហូតដល់ ៤ បន្ទាប់ពីប៉ូល ៣ បានចេញជារូបរាង។ ប៉ូលសេដ្ឋកិច្ចទី ១ គឺទីក្រុងភ្នំពេញ។ ប៉ូលសេដ្ឋកិច្ចទី ២ គឺខេត្តព្រះសីហនុ។ ឯប៉ូលសេដ្ឋកិច្ចទី ៣ គឺខេត្តសៀមរាប។ ឯខ្ញុំចង់ប្រែក្លាយឦសាននេះ គឺជាប៉ូលសេដ្ឋកិច្ចទី ៤ ទាក់ទិនជាមួយនឹងកសិឧស្សា​ហ​កម្ម និងធនធានរ៉ែរបស់យើង។ ដូច្នេះហើយ នៅពេលនោះ ខ្ញុំមានសំណើ ស្នើសុំដើម្បីឱ្យតភ្ជាប់រវាងខេត្តក្រចេះ និងស្ទឹងត្រែង ជាជំហានបឋម។

ជំនួយឥតសំណងរបស់ចិនមកកម្ពុជា មានទ្រង់ទ្រាយធំសម្រាប់ពិភពលោក

ជំនួយឥតសំណងកាលពីពេលនោះ (មាន)នៅក្នុងទំហំដែលឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ថា មិនមែនគ្រាន់តែទ្រង់ទ្រាយធំសម្រាប់ប្រទេសកម្ពុជាទេ ក៏ប៉ុន្តែ គឺជាជំនួយឥតសំណងទ្រុងទ្រាយធំសម្រាប់ពិភពលោកផងដែរ តម្រង់មកកម្ពុជានេះ។ ខ្ញុំនៅចាំបានថែមទៀតថា ដោយកង្វល់អំពីបញ្ហាទាក់ទិនជាមួយនឹងការដោះស្រាយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ពេលនោះយើងនៅក្រណាស់ ក្ររហូតដល់រកលុយបើកប្រាក់ខែបុគ្គលិករដ្ឋរបស់យើងមិនបានផង … ឯកឧត្តម Wen Jiabao នៅក្នុងពេលដែលដឹកនាំធ្វើជាប្រធានអង្គប្រជុំនៅឯ យូណាន បានសម្រេចផ្ដល់ ៦០ ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ការបោសសំអាតមីនទៅតាមផ្លូវហ្នឹង ទៅដល់ស្ទឹងត្រែង។

ខ្ញុំនៅចងចាំ ពេលនោះ កម្ពុជាវាយតម្លៃខ្លួនឯងខុស។ ស្ថាប័នអន្តរជាតិធំៗ ក៏ដូចជាប្រទេសមួយចំនួន ក៏បានវាយតម្លៃខុសអំពីការរីកចម្រើនដ៏ឆាប់របស់កម្ពុជា។ ទាំងធនាគារអភិវឌ្ឍន៍អាស៊ី ទាំងធនាគារពិភពលោក ទាំងជប៉ុន ទាំងចិន វាយតម្លៃនិងកសាងផ្លូវកម្ពុជាតូចៗដូចមុនដែរ។ សូម្បីតែផ្លូវជាតិលេខ ៦អា ដែលជប៉ុនសាងសង់ គឺត្រៀមពង្រីកតែ ៧ ម៉ែត្រ។ នៅទីនេះ យើងពង្រីក, ធ្វើដំបូងដូចជា ៧ ទៅ ៨ ម៉ែត្រ តែឥឡូវយើងពង្រីកបន្ថែម ដោយសារការកើនឡើងនៃចរាចរណ៍។ ទឹកជំនន់បានបំផ្លាញយើង។ ជាមួយនឹងការដឹកលើសចំណុះ បំផ្លាញផ្លូវថ្នល់នេះយ៉ាងខ្លាំង។ យើងក៏បានស្នើសុំសាជាថ្មីម្ដងទៀត ហើយមិត្តចិនជួយយើង។

ថ្ងៃនេះ យើងដាក់សម្ពោធឱ្យប្រើប្រាស់នូវផ្លូវនេះ ជាចំណែកមួយនៅក្នុងការជួយរបស់មិត្តចិន សម្រាប់ការតភ្ជាប់នៅក្នុងតំបន់ឦសាន ដែលពោរពេញទៅដោយថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។ អ្វីដែលជាការគិតរបស់ខ្ញុំ គឺមិនខុសទេ។ កម្ពុជាជាបណ្ដើរៗបានរៀបចំប៉ូលសេដ្ឋកិច្ចនៅក្នុងប្រទេសខ្លួន។ នៅទីនេះ ខេត្តមួយចំនួនត្រូវបានចងភ្ជាប់ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ យើងមើលហួសពីនេះ ទៅដល់ខេត្តព្រះវិហារផងដែរ ដែលយើងបានតភ្ជាប់ស្ពានឆ្លងទន្លេមេគង្គ​មួយ និងផ្លូវជាតិលេខ ៩ គឺជាផ្លូវជាតិថ្មី សម្រាប់ការតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅខេត្តព្រះវិហារ។

ដំណើរ ៦០០០ គីឡូម៉ែត្រ វាយតម្លៃស្ថានភាពប្រទេសសង្រ្គាម បន្ទាប់ពីសង្រ្គាម និងមានសន្ដិភាព/អភិវឌ្ឍន៍

ខ្ញុំបានធ្វើដំណើរ​ ៦០០០ គីឡូម៉ែត្រ … តាមផ្លូវគោកទាំងអស់។ ខ្ញុំចង់ដឹងមើលអំពីទីកន្លែងដែលធ្លាប់ប្រយុទ្ធគ្នាកាលពីដើម។ តែឥឡូវ វាយ៉ាងម៉េច? ឆ្នាំ ២០១៦ ខ្ញុំធ្វើដំណើរច្រើនខេត្ត​ ទៅកាន់តំបន់ កន្លែងដែលវ៉ៃគ្នាតែម្ដង ដើម្បីខ្ញុំធ្វើការវាយតម្លៃអំពីស្ថានភាពប្រទេសដែលមានសង្រ្គាម ស្ថានភាពប្រទេសដែលបន្ទាប់ពីសង្រ្គាម និងស្ថានភាពប្រទេសដែលមានសន្ដិភាព និងមានការអភិវឌ្ឍរួចហើយ។ ខ្ញុំបានធ្វើដំណើរ ៦០០០ គីឡូម៉ែត្រកាលពីពេលនោះ ពេលនោះហើយ ដែលខ្ញុំពង្រាយសាលារៀនយ៉ាងច្រើននៅក្នុងក្របខណ្ឌខេត្ត សូម្បីតែខេត្តក្រចេះ មាន(អគារសិក្សា)ប៉ុន្មានជាន់ៗ នៅទីរួមខេត្ត។ ខ្ញុំគួរតែត្រូវបញ្ជាក់បន្ដិច លើបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ខ្ញុំបានសង្កេតពីលើឧទ្ធម្ភាគចក្រ ក្នុងពេលដែលខ្ញុំធ្វើដំណើរមក នៅក្នុងដែនដីខេត្តក្រចេះរបស់យើងនេះ សម្បូរដោយកៅស៊ូ ជាមួយនឹងដំណាំឧស្សាហកម្មផ្សេងទៀត ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ គ្រប់ខេត្តទាំងអស់ សុទ្ធតែមានការអភិវឌ្ឍ។

ដំណាំភូមិភាគឦសាន ត្រូវបាននាំចេញជាវត្ថុធាតុដើម ទាំងកែច្នៃ

ខ្ញុំគួរតែនិយាយថា មាសផលិតនៅក្នុងខេត្តមណ្ឌលគិរី រយៈពេលប្រមាណជាង ០៧ ខែ ​បាន ១៧៥១ គីឡូ។ ថ្ងៃនេះ នឹងមានរបាយការណ៍។ ជាទូទៅ ក្នុងមួយសប្ដាហ៍ យើងផលិតបានជិត ១០០ គីឡូ អាចថា ពី ៨០ ទៅ ១០០ គីឡូ។ កាន់តែច្រើនទៅៗ។ អញ្ចឹងបានជាខ្ញុំដាក់គោលដៅ ប៉ូលសេដ្ឋកិច្ចនៅទិសឦសាន គឺកសិឧស្សាហកម្ម និងធនធានរ៉ែ។ យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែ បុកស៊ីដ យើងនៅមានធ្យូងថ្ម យើងនៅមានកន្លែងដែលផលិតមាសដទៃទៀត។ យើងមិនទាន់បានប្រើប្រាស់នៅឡើយទេ ទើបនឹងចាប់ផ្ដើមផលិតមាសក្នុងរយៈកាល ០៧ ខែកន្លងទៅនេះ។ មកដល់ពេលនេះ មាសមិនទាន់ទៅជាទឹកដប់ទេ … ខ្ញុំបើកមើលនៅក្នុង WhatsApp ដែលរដ្ឋមន្រ្តី រ៉ែ និងថាមពល ស៊ុ​យ​ ស៊ែម បានផ្ដល់មកឱ្យខ្ញុំ។

ជាធម្មតា គឺថ្ងៃច័ន្ទ និងថ្ងៃសុក្រ គឺមានការរាយការណ៍អំពីចំនួនមាស ដែលផលិតបាន។ ពេលដែលយើងផលិតទៅជាមាសដុំៗ ដុំខ្លះមាន ២០ គីឡូ, ដុំខ្លះ ៣០ គីឡូ,​ ដុំខ្លះជាង ១០ គីឡូ រួចហើយបានយើងដឹកពីហ្នឹង ទៅចម្រាញ់ទៅជាមាស គេហៅថា មាសទឹកដប់ នៅឯប្រទេសអូស្រ្ដាលីឯណោះ។ ឥឡូវដំណាំដាំដុះ នៅក្នុងខេត្តទាំងប៉ុន្មាននេះ យើងបាននាំចេញ បើទោះបីយើងមិនទាន់មានការកែច្នៃគ្រប់គ្រាន់ក៏ដោយ ក៏ប៉ុន្តែកៅស៊ូ ស្វាយ​ចន្ទី ម្រេច និងដំណាំដទៃទៀត គឺត្រូវបាននាំចេញទៅបរទេស តាមរយៈការនាំចេញវត្ថុធាតុដើមផង និងតាមរយៈនៃការកែច្នៃ សម្រាប់ការនាំចេញទៅជាផលិតផលសម្រេច។

“សមាហរណកម្មតែនយោបាយ និងរដ្ឋបាល … មិនគ្រប់គ្រាន់ទេ ត្រូវធ្វើសមាហរណកម្មរូបវន្ដ …”

ខ្ញុំសប្បាយរីករាយ អំពីអ្វីដែលជាការគិតគូរ គូសវាស បន្ទាប់ពីសន្ដិភាព … ខ្ញុំបាននិយាយយ៉ាងច្បាស់ជាមួយនឹងសហការីរបស់ខ្ញុំក្នុងរាជរដ្ឋាភិបាលថា “សមាហរណកម្មតែខាងនយោបាយ និងរដ្ឋបាល វាមិនគ្រប់គ្រាន់ទេ។ ត្រូវធ្វើសមាហរណកម្មរូបវន្ដ” មានន័យថា ការតភ្ជាប់។ បានសេចក្ដីថា ប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការអភិវឌ្ឍដូចៗគ្នា។ ដូច្នេះហើយ បានជាឥឡូវនេះ គេឃើញផ្លូវខ្វាត់ខ្វែង សល់តែចន្លោះតូចមួយ រវាងខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ ទៅភ្ជាប់ជាមួយនឹងសំឡូត របស់ខេត្តបាត់ដំបង នៅតែប៉ុណ្ណឹងទេ ក្រៅពីនោះ ចង់ភ្ជាប់តភ្ជាប់គ្នាអស់ហើយ។ បញ្ហាការដឹកជញ្ជូន។

បើយើងគ្រាន់តែថា ឯកភាពប្រទេសហើយ ប៉ុន្តែទុកឱ្យនៅចន្លោះប្រហោង មិនអាចធ្វើដំណើរបាន តើប្រជាជនពឹងពាក់លើអ្វី? … ខ្ញុំធ្លាប់ធ្វើដំណើរខ្លួនឯងតែម្ដង ពីខេត្តរតនគិរី ចុះមកខេត្តស្ទឹងត្រែង។ ពេលនោះ ឆ្នាំ ១៩៩០ ដំណើរការចរចា ចេះតែចរចាទៅ ឯខ្ញុំនៅក្នុងប្រទេសមានការងារដែលខ្ញុំត្រូវធ្វើ។ ខ្ញុំទៅមណ្ឌលគិរី ប៉ុន្តែទៅតាមឧទ្ធម្ភាគចក្រ។ ខ្ញុំ(ឡើង)មករតនគិរី។ ពេលនោះ បងប្អូនស្នើកុំឱ្យខ្ញុំធ្វើដំណើរតាមផ្លូវគោកឱ្យសោះ ព្រោះ ប៉ុល ពត ស្កាត់វាយតាមផ្លូវ។ ខ្ញុំថា “(បើ)អ្នកណាខ្លាច អាចទៅភ្នំពេញវិញ។ ទុកឱ្យខ្ញុំទៅ”។ មានអី​មកទាំងអស់គ្នា។ ពីរតនគិរី មកស៊ីបាយម៉ោងប្រហែលជា ៣ ល្ងាច នៅស្ពានស្រែពក ហើយបានធ្វើដំណើរមកស្ទឹងត្រែង។ ខ្ញុំចង់ធ្វើដំណើរពីស្ទឹងត្រែងចុះមកដោយផ្លូវគោកទៀត តែគេថា ផ្លូវដាច់អស់រលីងហើយ។ អញ្ចឹងក៏អញ្ចឹងទៅ ព្រោះដោយសារការងារនៅភ្នំពេញ ហើយឪពុកវះកាត់នៅមន្ទី​រពេទ្យកាល់ម៉ែត្រផង ក៏ប្រញាប់ត្រឡប់មកភ្នំពេញវិញ។

ជួបសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ថ្ងៃ ២៨ កុម្ភៈ

ប៉ុន្តែឥឡូវស្ថានភាព វាមិនដូចកាលពីពេលមុនទេ ពង្រាយផ្លូវ/មន្ទីរពេទ្យហើយសាលារៀនទៀត។ អម្បាញ់មិញសួរ វ៉ា ថន ថា សិស្សដែលជាប់និទ្ទេស A (ក្នុងការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌូប្លិ) ​ចំនួនប៉ុន្មាននាក់នៅ​ខេត្តក្រចេះ? ចំនួនកូនសិស្សមិនច្រើនទេ ប៉ុន្តែសិស្សនិទ្ទេស A មានរហូតដល់ ៤៥ នាក់។ ខ្ញុំកំពុងតែគិតជាមួយឯកឧត្តម ហង់ ជួនណារ៉ុន។ ដំបូងឡើង ខ្ញុំគិតថា ខ្ញុំជួបជាមួយនឹងសិស្សនិទ្ទេស A នេះ យកតែអ្នកខេត្តកណ្ដាល និងភ្នំពេញទេ ដើម្បីទៅជួបនៅទីក្រុងភ្នំពេញ ឯសិស្សនៅតាមបណ្ដាខេត្ត គឺត្រូវធ្វើតាមអនឡាញ។ ក៏ប៉ុន្តែខ្ញុំគិតថា ទាំងពួកចៅហ្វាយខេត្តដែលបានឧបត្ថម្ភសិស្សនិទ្ទេស A ទាំងក្រុមការងារចុះជួយតាមខេត្ត ទាំងកូនសិស្ស ទាំងឪពុកម្ដាយចង់ទៅទីក្រុងភ្នំពេញ។ អញ្ចឹងខ្ញុំគិតថា ត្រឹមតែ ១៨០០ នាក់​ ថែមក្រុមគ្រួសារទៀត គឺយើងអាចរៀបចំទទួលនៅទីក្រុងភ្នំពេញ។ ទោះបីថា ឥឡូវនៅទីក្រុងភ្នំពេញ អូមីក្រុង វាកើនឡើងបន្តិច ក៏ប៉ុន្តែខ្ញុំគិតថា ធ្វើបាន។ ខ្ញុំកំណត់យកថ្ងៃទី ២៨ (កុម្ភៈ)។

… ផ្ដាំផ្ញើទៅក្មួយៗ ចៅៗ ដែលជាសិស្សនិទ្ទេស A កុំអីជួបយូរហើយ ក៏ប៉ុន្តែយើងអត់នឹកស្មានដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កាលCOVID-19 ប៉ុន្តែបែរជាក្មេងៗ ចៅៗ របស់យើងប្រឡងជាប់និទ្ទេសA រហូតទៅដល់ ១៧០០ នាក់ជាង ជិត ១៨០០ នាក់ ដែលកាលពីមុនត្រឹមតែ ៤០០ នាក់ទៅ ៥០០ នាក់ប៉ុណ្ណឹងទេ។ ចាប់តាំងពី ១៦ នាក់ឆ្នាំដំបូង ហើយឡើងបណ្ដើរៗ។ លើកនេះនិទ្ទេស A ឡើងដល់ជាង ១០០០ នាក់។ អញ្ចឹងក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនមួយដែលតែងតែជួយឧបត្ថម iPad សម្រាប់កូនសិស្ស ត្រូវបញ្ជាទិញឱ្យគេផលិត។ ផលិតរួចហើយ ដូចជានាំមកដល់ស្រុកខ្មែរថ្ងៃទី ២២(កុម្ភៈ)។ អញ្ចឹងខ្ញុំកំណត់ជួបសិស្សនិទ្ទេស A ដូចជាថ្ងៃទី ២៨ (កុម្ភៈ)។ ខ្ញុំប្រកាសថា នឹងទទួលសិស្សនិទ្ទេស A នៅឯទៅក្រុងភ្នំពេញ ហើយសុំប្រគល់ឱ្យអាជ្ញាធរខេត្តទាំងអស់ ចៅហ្វាយខេត្តទីនេះច្រើនណាស់ ខេត្តត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស បូកជាមួយឪពុកម្ដាយទៅទីក្រុងភ្នំពេញ … សំខាន់ចៅៗចង់ជួបនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីក៏ចង់ជួបសិស្សពូកែរបស់យើង ដើម្បីជាការលើកទឹកចិត្តសម្រាប់ការរៀនសូត្រ។

ជនបទគ្មានអគ្គិសនី, គ្មានទឹកស្អាត, គ្មានសាលារៀន/មន្ទីរពេទ្យ មិនអាចបន្ថយគំលាតរវាងទីក្រុងនិងជនបទ

ឥឡូវនេះ មើលទៅតាមស្ថិតិ ក្រចេះដែលមាន ៥ ស្រុក មានសាកលវិទ្យាល័យចំនួន ១ កន្លែង មានវិទ្យាល័យ ១២។ អញ្ចឹងបានសេចក្ដីថា បើគិតជាមធ្យមភាគ គឺក្នុងមួយស្រុកមានវិទ្យាល័យ ២ មានអនុវិទ្យាល័យ ៤៣ ក្នុងពេលដែលខេត្តនេះ មាន ៤៣ ឃុំ/សង្កាត់។ បានសេចក្ដីថាអនុវិទ្យាល័យមួយយ៉ាងតិច។ អញ្ចឹងថ្ងៃក្រោយអាចឈានទៅធ្វើ ២ ឬ ៣ (អនុវិទ្យាល័យ) តាមឃុំតូច/ធំ។ ឯសាលារៀន គឺបឋមសិក្សាមាន ២៨៦ សាលា ក្នុងពេលដែលយើងមានភូមិ ២៩៥។ នៅខ្វះភូមិមួយចំនួន ប៉ុន្តែភូមិខ្លះប្រហែលតូចៗ និងមានមតេយ្យចំនួន ១០២ កន្លែង។ នេះហើយការកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ វាបានដំណើរការបែបនេះ។ បើយើងទុកឱ្យជនបទនៅតែបន្តដើរក្នុងភក់ជ្រាំ បើយើងទុកឱ្យជនបទពុំមានអគ្គិសនីប្រើប្រាស់ បើយើងទុកឱ្យជនបទមិនមានទឹកស្អាត មិនមានសាលារៀន មន្ទីរពេទ្យគ្រប់គ្រាន់ទេ ការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ វានៅតែធ្វើមិនបាន។

យើងជួបជុំគ្នានៅទីនេះ សម្លៀកបំពាក់អ្នកទាំងអស់គ្នានៅទីនេះ ក៏មិនមែនជាសម្លៀកបំពាក់អន់ជាងអ្នកដែលមកពីភ្នំពេញឯណា។ ជួនកាលគ្រាន់បើជាងអ្នកមកពីភ្នំពេញទៀត។ ឥឡូវអញ្ចេះ ដោយសារសម័យ COVID-19 អ្នកលក់ក្រែមលាបមាត់មិនសូវដាច់ទេ … ខ្ញុំនៅចាំតា ញ៉ែម ហេង កាលគាត់នៅធ្វើជាលេខាបក្ស។ ខ្ញុំមកក្រចេះច្រើនដង។ សាលាខេត្តកាលពីជំនាន់នោះ ស្ដាប់ទីទុយយំ។ ពេលនោះនាំគ្នាបើកកាណូត ដូចជាទៅឆ្លូង ហើយត្រឡប់មកវិញ។ អញ្ចឹងយើងបើកក្បែរច្រាំង។ ធម្មតា ស្រ្តីរបស់យើងនៅតាមមាត់ទន្លេ ងូតទឹកទន្លេ, តា ញ៉ែម ហេង គាត់ថា អ្នកស្រុកក្រចេះ មិនចាំបាច់ក្រូម៉េ ក៏ស្អាតជាងអ្នកភ្នំពេញដែរ។ ពាក្យថា ក្រូម៉េ បានសេចក្តីថា តែងខ្លួនស្អីៗហ្នឹង ហើយឥឡូវសម័យនេះ គឺសម័យគេតែងខ្លួន យើងទៅហាមឃាត់គេមិនបានទេ មិនថាគេថាយើងទេ យើងក៏ចង់ឲ្យប្រពន្ធយើងស្អាត យើងក៏ចង់ឲ្យកូនយើងស្អាត ចៅយើងស្អាតដែរ។

ធ្វើឲ្យជនបទ/គ្រប់ភូមិ មានអគ្គិសនីប្រើប្រាស់និងទឹកស្អាត

ឥឡូវ ខ្ញុំសុំសួរបន្តិច ក្រចេះនេះ តើអគ្គិសនីប្រើប្រាស់បានគ្រប់ភូមិហើយ ឬនៅ? បាន ៨៧ ភាគរយហើយ (នៅខ្វះអគ្គិសនីខាងឆ្ងាយៗ)។ ខ្ញុំជឿអញ្ចេះ សម្រាប់ខេត្តមួយចំនួនដែលជាខេត្តអភិវឌ្ឍន៍ថ្មីថ្មោង ដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ខេត្តទាំងនេះ អាចយឺតបន្តិច ប្រៀបធៀបជាមួយនឹងខេត្តខាងក្រោម ដែលមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិរួចទៅហើយ។ ដោយសារអ្វី? គាត់ទើបទៅចាក់ដីថ្មី ឬក៏ទទួលដីសម្បទានសង្គមកិច្ចថ្មីនៅទីនោះ។ អញ្ចឹងការភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ទីនោះមានការលំបាក។ ក៏ប៉ុន្តែសម័យនេះហើយ មិនមែនជាសម័យដុតចន្លុះ ហើយក៏ជាសម័យដុតចង្កៀងប្រទីបទេ។ គឺជាសម័យប្រើធុងអាគុយ។

យើងនឹងប្តូរផ្តាច់ធ្វើឲ្យជនបទគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។ ឥឡូវ ៩៨ ភាគរយនៃភូមិ មានអគ្គិសនីប្រើប្រាស់រួចទៅហើយ។ អញ្ចឹងនៅសល់ ២ ភាគរយទៀត តើសំដៅទៅលើខេត្តណា? ខ្ញុំសំដៅទៅលើក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ដែលជាខេត្តមានការអភិវឌ្ឍថ្មី។ ចំនួនភូមិដែលនៅសេសសល់នេះ យើងត្រូវតែបន្តខិតខំដើម្បីឲ្យប្រជាជន មានអគ្គិសនីប្រើប្រាស់ ទឹកស្អាតក៏ដូចគ្នា។ ទាញទុយោទឹកស្អាតមិនទាន់ទៅដល់ លេងអណ្តូងទឹកស្អាតឲ្យខ្លាំងបន្តិច ដើម្បីដោះស្រាយបញ្ហាទឹកស្អាត។ នេះជាផ្នែកមួយនៃផែនការអភិវឌ្ឍរបស់យើង។

សមិទ្ធផលថ្មីៗ នាចុងឆ្នាំ ២០២១/ដើមឆ្នាំ ២០២២

ទាក់ទិនទៅនឹងបញ្ហាសមិទ្ធផលថ្មីៗ ដូចដែលឯកឧត្តម Wang Wentian បានលើកឡើង គឺចុងឆ្នាំ និងដើមឆ្នាំនេះ សមិទ្ធផល ៣ ហើយដែលត្រូវបានសម្ពោធ៖ ទី១ គឺស្ពាន និងផ្លូវ ការបើកការដ្ឋានសាងសង់ផ្លូវ ៧១ ផង និងស្ពានភ្ជាប់និស្ស័យ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ក្រូចឆ្មារ។ ទី ២ សម្ពោធដាក់ឲ្យប្រើប្រាស់នូវពហុកីឡដ្ឋានមរតកតេជោ ដែលជាជំនួយឥតសំណងមួយដ៏ធំ ដែលប្រើប្រាស់ដល់ជាងរយលានដុល្លារ សម្រាប់ការប្រកួតស៊ីហ្គេម ប៉ុន្តែមិនមែនគ្រាន់តែស៊ីហ្គេមទេ បម្រើឲ្យសេចក្តីត្រូវការ នៃការអភិវឌ្ឍយុវជន និងកីឡារបស់យើង ទៅថ្ងៃអនាគត។ ថ្ងៃនេះ កម្មវិធីទី ៣ គឺ សម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។

នៅសល់មន្ទីរពេទ្យធំៗ ២ ទៀត ដែលនឹងត្រូវរៀបចំ(សម្ពោធ)នៅពេលខាងមុខ គឺមន្ទីរពេទ្យមួយនៅត្បូងឃ្មុំ សម្ពោធថ្ងៃទី ០៧ ខែមីនា … យើងទាំងអស់គ្នាទៅសម្ពោធនៅទីនោះ។ បន្ទាប់ទៅ ឃើញឯកឧត្តម ម៉ម ប៊ុន​ហេង បញ្ជូនមួយទៅទៀត ត្រូវសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ថ្ងៃទី ២៨ (មីនា)។ ដូច្នេះក្នុងខែមីនា ត្រូវសម្ពោធមន្ទីរពេទ្យដល់ទៅ ២ ដែលមានតម្លៃប្រមាណជាជិត ៨០ លានដុល្លារសហរដ្ឋអាមេរិក ដែលផ្តល់ជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដើមឆ្នាំនេះទៀតសោត ក្រៅពីចិន យើងនៅមានការបើកការដ្ឋានរបស់កូរ៉េខាងត្បូង សម្រាប់ផ្លូវជាតិលេខ ៤៨ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥ ជាហិរញ្ញប្បទានរបស់ជប៉ុន ពីបាត់ដំបងទៅសិរីសោភ័ណ។ ប៉ុន្មានថ្ងៃខាងមុខនេះ ស្ពានប៉ុន្មានទៀតរបស់ជប៉ុន នៅព្រៃវែង។ អញ្ចឹងទេ ការដ្ឋាននានាបើកអត់ឈប់។ បានសេចក្តីថា កូវីដ-១៩ អាចនឹងធ្វើឲ្យយើងយឺតយ៉ាវ ប៉ុន្តែ កូវីដ-១៩ ក៏មិនអាចរារាំងនូវដំណើរអភិវឌ្ឍរបស់យើងបានដែរ។ ពិតមែនតែយើងជួបការលំបាក ប៉ុន្តែយើងជំនះរួមគ្នា ដើម្បីទទួលបាននូវសមិទ្ធផលសម្រាប់ការអភិវឌ្ឍរបស់យើង។ យើងប្រឹងប្រែងរកទៅទៀត។

តភ្ជាប់ផ្លូវលេខ ៧ ទៅព្រំដែនឡាវ និងសាងសង់ស្ពានក្បែរទីរួមខេត្តក្រចេះនិងផ្លូវទៅកំពង់ធំ

ដោយឡែកសម្រាប់ខេត្ត(ក្រចេះ)នេះ ឯកឧត្តម Wang Wentian និយាយថា “ចិនជំពាក់” ដូចវាអាក្រក់ស្តាប់ ប៉ុន្តែមិត្តចិនត្រូវមានកាតព្វកិច្ច ២ បន្ថែមទៀត៖ កាតព្វកិច្ចទី ១ តភ្ជាប់ផ្លូវលេខ ៧ តភ្ជាប់ទៅព្រំដែនឡាវ ដើម្បីពង្រីកវា និងពង្រឹងគុណភាពរបស់វា … យើងធ្វើម្តងរួចជាមួយគ្នា ប៉ុន្តែឥឡូវវាខូចខាត … កាតព្វកិច្ចទី ២ ឆ្នាំ ២០២៣ នេះ គឺនឹងសម្ពោធបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លងនៅម្តុំក្បែរទីរួមខេត្តក្រចេះ ដើម្បីយើងតភ្ចាប់ទៅកំពង់ធំ។ កុំនឹកស្មានថា ហ៊ុន សែន ភ្លេចខេត្តក្រចេះឲ្យសោះ។ មិនភ្លេចទេ។ ការតភ្ជាប់ស្ពាននៅក្នុងខេត្តក្រចេះនេះ គឺមិនមែនគ្រាន់តែសម្រាប់ចម្លងពីត្រើយម្ខាងទៅត្រើយម្ខាងទេ ក៏ប៉ុន្តែយើងសង់ផ្លូវមួយខ្សែទៅដល់កំពង់ថ្ម ឯខេត្តកំពង់ធំឯណោះ … មិត្តចិនកាលណាគាត់និយាយហើយ គាត់ធ្វើលឿនជាងផែនការកំណត់​។ នេះគឺជាទម្លាប់របស់ចិន។ គាត់និយាយតិច ប៉ុន្តែគាត់ធ្វើច្រើន។ អញ្ចឹងទេ សម្រាប់ខេត្តក្រចេះ ដែលតភ្ជាប់ទៅស្ទឹងត្រែង ខេត្តក្រចេះ ដែលតភ្ជាប់ទៅខេត្តកំពង់ធំ មិត្តចិនជួយកិច្ចការងារហ្នឹងបន្ត។

ទីផ្សារចិនកាន់តែបើកចំហសម្រាប់ផលិតផលខ្មែរ

ពិតមែនហើយ ដំណាក់កាលនេះ ចិនកំពុងអនុវត្ត “សូន្យកូវីដ-១៩”។ ការអនុវត្តសូន្យកូវីដ-១៩ នេះ ធ្វើឲ្យអ្នកជំនាញមានការលំបាក(ធ្វើដំណើរ)។ ក៏ប៉ុន្តែ បើមានការលំបាក មិត្តចិនក៏បានជួយសម្រួល។ ពេលដែលឡើងលើឧទ្ធម្ភាគចក្រមកជាមួយគ្នា ឯកឧត្តម Wang Wentian ក៏បានបញ្ជាក់ថាបានដោះស្រាយហើយ នូវបញ្ហា​ការត្រួតពិនិត្យចត្តាឡីស័កទៅលើផលិតផលមៀនប៉ៃលិន និងត្រីប្រាតាមអនឡាញ។ អញ្ចឹងទេ ត្រីប្រារបស់យើងនិងមៀនប៉ៃលិន នឹងត្រូវនាំចូលទៅក្នុងប្រទេសចិន។ ទីផ្សាររបស់ចិនកាន់តែបើកចំហសម្រាប់ទទួលយកផលិតផលរបស់ខ្មែរ។ ចេក ស្វាយនាំទៅហើយ អញ្ចឹងទេ តំបន់ដីក្រចេះនេះ ចេក និងស្វាយ ក៏អាចដាំបានឲ្យត្រូវស្តង់ដាសម្រាប់ការនាំចេញ មិនមែនគ្រាន់តែតម្រូវការក្នុងស្រុកទេ ប៉ុន្តែសម្រាប់តម្រូវការសម្រាប់នាំចេញ ដែលទទួលមកវិញនូវរូបិយប័ណ្ណ។ អញ្ចឹងយើងត្រូវរកស៊ី ធ្វើស្រូវតែមួយមុខ មិនអាចធ្វើអ្នកមានកើតទេ យើងត្រូវមានទំនិញផ្សេងៗសម្រាប់បម្រើឲ្យការនាំចេញទៅប្រទេសក្រៅ … ទោះបីថា ឥឡូវអ្នកបច្ចេកទេសរបស់ចិន ពិបាកធ្វើដំណើរមកកម្ពុជា ដើម្បីត្រួតពិនិត្យ ដើម្បីទាក់ទិនជាមួយនឹងបញ្ហាបច្ចេកទេស ក៏ប៉ុន្តែ មិត្តចិនបានបង្កលក្ខណៈងាយស្រួលសម្រាប់ការត្រួតពិនិត្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលហៅថា តាមអនឡាញនោះ ពិនិត្យបែបនេះ។

យើងសប្បាយជាមួយគ្នា រីករាយជាមួយគ្នាដើម្បីទទួលយកនូវសមិទ្ធផលទាំងឡាយ សម្រាប់ដំណើរឆ្ពោះទៅមុខរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលថ្ងៃនេះ ការចំណាយរបស់យើងពិតប្រាកដ មិនមែនត្រឹមតែ ៣៣ លានដុល្លារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនទេ។ បូកសរុបនៃការចំណាយទាំងអស់ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល គឺមានរហូតទៅដល់ ៩ លានដុល្លារ។ អញ្ចឹង ផ្លូវនេះមានតម្លៃរហូតទៅដល់ ៤៦ លានដុល្លារ ពីខាងមិត្តចិន ៣៧ លានដុល្លារ និងថែម ៩ លានដុល្លារទៀត(ជាថវិកាបដិភាគ)។ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គេគិតតាំងពីបដិភាគផ្នែកពន្ធដារ ការគ្រប់គ្រង ការត្រួតពិនិត្យ ការដោះស្រាយផលប៉ះពាល់។ ខ្ញុំក៏យកឱកាសនេះថ្លែង នូវការកោតសរសើរចំពោះអាជ្ញាធរខេត្តក្រចេះ ក៏ដូចជាកម្លាំងគ្រប់ផ្នែកទាំងអស់ដែលឈរជើងនៅទីនេះ និងប្រជាពលរដ្ឋដែលបានចូលរួមចំណែក ដើម្បីធ្វើឲ្យសមិទ្ធផលផ្លូវរបស់យើងនេះកាន់តែធានាគុណភាព។

អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង គោរពនូវច្បាប់ចរាចរណ៍

ខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍។ វាគាប់ជួនអី យប់មិញ​នេះ ខ្ញុំមើលម៉ោង ម៉ោង ៥ និង ៤២ នាទី ប៉ុន្តែចម្រៀងនេះ វា ៣ នាទីចប់។ ខ្ញុំកំពុងតែបើកទូរទស្សន៍អង្គុយហូបបបរព្រឹក … ចាប់ចាក់ចម្រៀងមួយបទ។ ចម្រៀងនេះ បានធ្វើឡើងដោយក្រសួងសាធារណការជាមួយនឹងផ្នែកផ្សេង នោះគឺជិះម៉ូតូនិយាយទូរស័ព្ទ ហើយទៅបុកឡាន។ អញ្ចឹងវាគាប់ជួនដែរ ខ្ញុំមកទីនេះ ទូរទស្សន៍បាយ័នចាក់ផ្សាយចម្រៀងនេះយប់មិញ។ យោងតាមរបាយការណ៍របស់សម្តេចក្រឡាហោម ស ខេង ផ្ញើអោយខ្ញុំរៀងរាល់ថ្ងៃ … ជាង ០១ ខែហើយ អត់មានអ្នកស្លាប់ដោយសារ COVID-19 ទេ។ ពីមុន(អ្នកស្លាប់ដោយសារ) COVID-19 (មាន)ស្លាប់ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ ឥឡូវគ្រោះថ្នាក់ចរាចរណ៍ពីម្សិលមិញនេះ ១០ ករណី៖ ស្លាប់ ៨ នាក់ របួស ១៤ នាក់។ នេះជារបាយការណ៍របស់សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ។ COVID-19 បែរជាអត់មានមនុស្សស្លាប់ ក្នុងពេលដែលគ្រោះថ្នាក់ចរាចរណ៍ គឺស្លាប់មនុស្សរាល់ថ្ងៃ។ អញ្ចឹងទេ អំពាវនាវអោយប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍ ព្រោះអត់មានអ្នកណាគ្រោះថ្នាក់ជំនួសយើងទេ។ ពេលដែលវាបុកទៅហើយ បាក់ជើងស្អីទៅហើយ ស្លាប់ទៅហើយ វាហួសពេលហើយ ទោះបីយំយ៉ាងម៉េច ក៏វាមិនរស់ឡើងវិញដែរ។

អញ្ចឹងសូមប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព កុំ(និយាយទូរស័ព្ទ) យកដៃម្ខាងមកនិយាយ ហើយដៃម្ខាងទៀតទប់ចង្កូត … បើដាក់កាស អាចប្រើបានក្នុងពេលដែលមានទំនាក់ទំនង។ ប៉ុន្តែគួរណាអញ្ចេះ បើដឹងថា កូនហ្នឹងកំពុងតែធ្វើដំណើរ ប្តីហ្នឹងកំពុងតែធ្វើដំណើរ ប្រពន្ធផ្អាកចុចទូរស័ព្ទសិនបានទេ។ ប្រពន្ធខ្លះអញ្ចេះទៀត បានជាប្តីត្រូវតែបង្ខំហើយ គ្នាមកពីធ្វើការវារាងយឺត រួចប្រពន្ធនោះវាចេះតែប្រច័ណ្ឌ … ឥឡូវគេនិយមថា “ទៅប៉េ”។ ខ្ញុំក៏ទើបនឹងដឹងដែរទេ។ នេះគឺពេលខ្ញុំដើរសួរសុខទុក្ខកម្មករ កម្មការិនី តាមរោងចក្រ។ ថ្ងៃមួយខ្ញុំទៅសួរសុខទុក្ខ កម្មករ កម្មការិនី រោងចក្រនៅឯខេត្តកំពង់ស្ពឺ។ ដល់ខ្ញុំហៅមកសួរ អ្នកដែលមួយជួរអង្គុយហ្នឹង សួរក្មួយប្រាក់ខែប៉ុន្មាន? ហើយធ្វើការអី? នៅឯណា? ប្តីធ្វើការអី? គាត់ឆ្លើយថា ប្តីធ្វើទាហាន។ គាត់ជាកូនរបស់ទាហាន … ប៉ុន្តែសួរថា ប្តីទៅណា? ថាទៅប៉េ។ ឯងវាមិនយល់ថាស្អី ប៉េ។ ប៉េ ហ្នឹង បេសកម្ម អញ្ចឹងទេ។ សូម្បីតែក្រុមពួកទូរទស្សន៍ ពួកវិទ្យុមកយកព័ត៌មាននេះ ដែលមកដេក ១ យប់, ២ យប់នេះ ពួកហ្នឹងក៏សុទ្ធតែពួកមានបញ្ហា។ មិនស្រួលប្រពន្ធធ្វើយ៉ាងម៉េចកុំជេរខ្ញុំណា។ អញ្ចឹងបណ្តោយខ្លះទៅ។ អោយមក ព្រោះកិច្ចការ។ ចៅហ្វាយខេត្តមួយចំនួន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រដ្ឋមន្រ្តី មកដេកតាមខេត្ត ដូចចាបរួចចេញពីទ្រុងអញ្ចឹង …។

៣ កុំ ៣ ការពារ បន្តយុទ្ធនាការចាក់វ៉ាក់សាំងមូលដ្ឋាននិងដូសជំរុញ ចិនអោយ ស៊ីណូវ៉ាក់ ៥ លានដូស

… ទោះបីថា COVID-19 មានការធ្លាក់ចុះ ដែលជាង ៣០ ថ្ងៃហើយ យើងអត់មានមនុស្សស្លាប់ សេដ្ឋកិច្ចបើកពេញលេញ រាប់ទាំងការបើកអោយមានខារ៉ាអូខេ ក្លឹបកម្សាន្តស្អីៗហ្នឹង ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនជាមួយនឹងការរក្សាការការពារ ហើយបន្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងដូសជំរុញ ជាមួយនឹងការចាក់ជូនចំពោះពលរដ្ឋដែលមិនទាន់បានចាក់នៅដូសទី ១ ដែលគេហៅដូសមូលដ្ឋាន ដូសទី ១ ដូសទី ២ ដោយសារតែគាត់មានបញ្ហាជំងឺ ខ្លះស្រ្តីមានផ្ទៃពោះ ពេលដែលយើងចាប់យុទ្ធនាការចាក់។ ឥឡូវគាត់ឆ្លងទន្លេហើយបានប៉ុន្មានខែ គាត់ត្រូវចាក់ ត្រូវបន្តចាក់អាហ្នឹង ប៉ុន្តែដូសជំរុញគឺដូសទី ៣ ត្រូវបន្តការចាក់ ដើម្បីអោយមានភាពស៊ាំ។

ថ្ងៃមុន ខ្ញុំបានប្រាប់ ឯកឧត្តម វ៉ាង វិនធាន នៅផ្ទះរបស់ខ្ញុំថា ខ្ញុំកំពុងបញ្ជាទិញ Sinovac ចំនួន ៥ លានដូស។ ស្រាប់តែ ឯកឧត្តម វ៉ាង វិនធាន គាត់ថា មិនចាំបាច់ទិញទេ​ ទុកលុយទៅ ចិនអោយ ៥ លានដូស។ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារខ្ញុំបានអនុម័តហើយ គឺខាងគណៈកម្មការ គេបានផ្ញើមកសុំ។ ខ្ញុំបានចារត្រឡប់ទៅវិញថា ទិញតែ ៣ លានដូសបានហើយ ឯ ៥ លានដូស ចិនបានអោយ។ គម្រោងរបស់ខ្ញុំត្រូវ ១០ លានដូស ក៏ប៉ុន្តែ ដោយសារមិត្តចិនជូន ៥ លានដូសហើយ ខ្ញុំត្រូវទិញ ៣​ លានដូសថែមទៀត។ យុទ្ធនាការប៉ុន្មានថ្ងៃនេះ ចាក់ដូសទី ៣ ចំនួនវ៉ាក់សាំងរបស់យើងចុះមកនៅ ៨ លាន ៨ សែនដូស។ អញ្ចឹងត្រូវបំពេញនៅក្នុងឆមាសទី១ នេះ ទាំង ៨ លានដូស។

សូមជួយអោយមកដល់កម្ពុជាមក ព្រោះខ្ញុំត្រូវការមធ្យោបាយក្នុងដៃមួយជាក់លាក់ ដើម្បីខ្ញុំធានាជាមួយពលរដ្ឋរបស់ខ្ញុំថា វ៉ាក់សាំងជាយុទ្ធសាស្ត្រ ត្រូវបានចាក់ជូនប្រជាពលរដ្ឋឱ្យមានភាពស៊ាំ ធានាកុំអោយមានមនុស្សស្លាប់តទៅទៀត ដោយសារ COVID-19។ នេះជារបៀបធ្វើការរបស់ខ្ញុំ។ ខ្ញុំក៏សូមអភ័យទោសដែរ ដែលវ៉ាក់សាំងមកដល់ក្រចេះយឺតបន្តិច ប្រៀបធៀបជាមួយភ្នំពេញ ប៉ុន្តែនេះជាវិធីដោះស្រាយនៅពេលដែលយើងមានវ៉ាក់សាំងអត់គ្រប់។ បើសិនជាពេលនោះ ខ្ញុំគិតសមាមាត្រថា វ៉ាក់សាំងបានមកចំនួនស្មើនឹង ១០% នៃចំនួនទូទាំងប្រទេស ហើយយើងចែក ១០%​ ទៅតាមគ្រប់ខេត្តទាំងអស់ ភាពស៊ាំសហគមន៍ គឺអត់មានទេ … ខ្ញុំចាប់ទូរស័ព្ទ Voice សម្លេងចេញតែម្តងថា អោយចាក់(វ៉ាក់សាំង)អោយណែននៅទីក្រុងភ្នំពេញសិន និងខេត្តកណ្ដាល រួចហើយបានចូលមកតាមបណ្តាខេត្ត។ អញ្ចឹងតាមខេត្តខ្លះមានការយឺត។ ប៉ុន្តែជម្រើសនេះ គឺជម្រើសល្អជាងគេ។ ឥឡូវក្នុងហ្នឹងអត់មាននរណាមួយមិនទាន់ចាក់វ៉ាក់សាំងទេ បើតាមមើលទៅ ព្រោះឥឡូវតែមិនមានចាក់វ៉ាក់សាំង គឺគេមិនអោយនៅជិត គេខ្លាចគេដែរ។

ចាក់វ៉ាក់សាំងដោយមិនគិតប្រាក់ដល់ជនបរទេសនៅស្រុកខ្មែរ

ឥឡូវ ប្រទេសខ្លះគេឈានដល់កម្រិតអនុវត្តនូវវិធានការរដ្ឋបាល និងច្បាប់ ដោយមានផាកពិន័យទៅលើអ្នកដែលមិនព្រមចាក់វ៉ាក់សាំង ឬបណ្តេញចេញពីការងារសម្រាប់អ្នកមិនចាក់វ៉ាក់សាំង។ អញ្ចឹងទេ សម្រាប់យើងនៅទីនេះ យើងចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយមិនយកប្រាក់។ មានបងប្អូនខ្លះបានលើកយោបល់ថា ចាក់ដូសទី ១ ដូសទី ២ រួចហើយដូសទី ៣ ដូសជំរុញ គួរយកប្រាក់។ ខ្ញុំថា សម្រាប់ប្រជាពលរដ្ឋរបស់យើងចាក់អោយទៅ កុំចាំបាច់យកលុយ ហើយបើសិនជាយកមក ក៏យើងមិនក្លាយទៅជាអ្នកមានដែរ។ អញ្ចឹងចាក់ជូនទៅ។ ថ្ងៃមុន អគ្គរដ្ឋទូតបារាំងបានស្នើសុំ Pfizer សម្រាប់ចាក់ ៦ ពាន់នាក់ ក្នុងហ្នឹងរាប់ទាំងការចាក់ឲ្យក្មេងផង ពីដូសទី ១ ដែលគេថា នៅប្រទេសបារាំងគេចាក់ប្រភេទស្អី ព្រោះវ៉ាក់សាំងចិន និងវ៉ាក់សាំងរបស់ពួកខាងលិចវាខុសគ្នា។ វ៉ាក់សាំងចិនធ្វើតាមរបៀបប្រពៃណី ដែលស្របជាមួយនឹងយើង ប៉ុន្តែវ៉ាក់សាំងខាងលិចគេធ្វើតាមរបៀបមួយផ្សេង។ ក្នុងករណីដែលយើងមិនអាចផ្តល់ឲ្យបានទេ គឺបារាំងនឹងស្នើសុំនាំចូល Pfizer និង Moderna។ ខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ថាចាក់ឲ្យទៅ ទាំងដូសជម្រុញ ទាំងដូសមូលដ្ឋាន ចាក់ឲ្យ​ទៅ ៦ ពាន់នាក់។ ខ្មែរទឹកចិត្តទូលំទូលាយ ជនបរទេសនៅស្រុកខ្មែរ ខ្មែរអត់យកលុយមួយសេន។

អរគុណចំពោះវ៉ាក់សាំងទាំងពីប្រភពយុទ្ធសាស្ត្រនិងប្រភពគាំទ្រ, ជំរុញបង្កើតមូលដ្ឋានផលិតវ៉ាក់សាំង

ប៉ុន្តែ ខ្ញុំបានសន្យាហើយ សម្រាប់ការទិញលើកក្រោយនេះ វង្សី វិសុទ្ធ បានបញ្ជាក់ខាង Sinovac ថា ពេលដែលមាន លក់ឲ្យមក គឺកុំយកទៅឲ្យប្រទេសដទៃ។ ខ្ញុំបានសន្យាហើយ ព្រោះខ្ញុំបានផ្តល់ទៅឲ្យឡាវចំនួន ៧០ ម៉ឺនដូស Sinovac មុន ២០ ម៉ឺនដូស ក្រោយ ៥០ ម៉ឺនដូសទៀត ហើយផ្តល់ទៅឲ្យវៀតណាម ២០ ម៉ឺនដូស Sinopharm។ អញ្ចឹងខ្ញុំអត់មានផ្តល់ឲ្យទៅណាទៀតទេ ព្រោះប្រទេសទាំងនោះគេមានរបស់គេហើយ។ អញ្ចឹងគឺសម្រាប់ប្រើតែនៅក​ម្ពុជាប៉ុណ្ណោះ។ ដោយសារ AstraZeneca ប៉ូឡូញយកមក អស់ដឺឡេរបស់វាត្រឹមខែ ៣ នេះ អញ្ចឹងត្រូវរុញទៅតាមបណ្តាខេត្ត ចាក់ឲ្យបានស្រូត ដូសជម្រុញតែម្តង។ ដោយឡែករយៈពេលស្តុករបស់ Sinovac និង Sinopharm រយៈពេល ២ ឆ្នាំ អញ្ចឹងយើងអាចទិញយកមករក្សាទុកនៅក្នុងឃ្លាំង។ ខ្ញុំមិនធ្វើជានាយទាហានដោយឲ្យកងទ័ពចូលប្រយុទ្ធដោយគ្មានអាវុធ គ្មានគ្រាប់នោះទេ ខ្ញុំត្រូវឲ្យពេទ្យរបស់យើងទាំងអស់ មានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ដើម្បីការចាក់វ៉ាក់សាំងក្តី ឬថ្នាំការពារគ្រូពេទ្យ គឺទិញយកមក ដាក់រក្សាទុក។ នេះជាការធានាមួយ ដែលឥឡូវគេទាំងឡាយ គេទទួលស្គាល់ពីការខិតខំរបស់យើង។

ខ្ញុំក៏សុំអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា និងថ្លែងអំណរគុណប្រភពគាំទ្រទាំងឡាយ ដែលបានផ្តល់វ៉ាក់សាំងមកដល់កម្ពុជា៖ មានជប៉ុន មានសហរដ្ឋអាមេរិក មានអង់គ្លេស មានហូឡង់ មានប៉ូឡូញ អូស្រ្តាលី ដែលបានផ្តល់វ៉ាក់សាំងមកឲ្យ​យើង និងជាប្រភពគាំទ្រ។ ប៉ុន្តែប្រភពដែលយើងនៅតែត្រូវការបន្ត គឺប្រភពដែលយកពីចិន។ សុំឲ្យខិតខំរួមគ្នាជម្រុញបង្កើតមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជា … ធ្វើអាហ្នឹងបាននៅកម្ពុជា បានសេចក្តីថា ពេលហ្នឹងគឺយើងមានរបស់ក្នុងដៃហើយ។ ពិតមែនតែយើងបញ្ជាទិញពីរោងចក្រ ក៏ប៉ុន្តែយើងមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដោយមិនពិបាកដឹកជញ្ជូនពីចំងាយ។ ក្នុងការរក្សាទុក ទី ១ គឺយើងត្រូវនាំចូលបន្ត ទាំងជំនួយឥតសំណងទាំងការទិញ។ ទី ២ ត្រូវបង្កើតនូវរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង។

សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េចកុំឲ្យដើរថយក្រោយ។ ខានចូលឆ្នាំ ២ ឆ្នាំហើយ។ ឥឡូវឆ្នាំនេះគឺប្តូរផ្តាច់ចូលឆ្នាំ។ នាំគ្នារាំលេងសប្បាយ តែរាំឲ្យឃ្លាតពីគ្នាបន្តិច កុំពពាក់ពពូន។ ថ្ងៃមុនមើល concert នៅខេត្តសៀមរាប ឃើញគេពាក់ម៉ាសរបស់គេដែរ។ ដល់ម្សិលមិញ ឃើញអត្រាឆ្លងនៅខេត្តសៀមរាបមានតែ ១ ករណីទេ អញ្ចឹងបន្ទាប់ពី concert នោះរួចហើយ។ យើងតាមដានតំបន់គ្រប់ទីកន្លែងដែលមានទេសចរណ៍ចូលឆ្នាំចិន មនុស្សជិត ១ លាននាក់ ដែលដើរលេងចូលឆ្នាំចិន វៀតណាម ប៉ុន្តែយើងឃើញអត្រាឆ្លងនៅតាមខេត្តទាបណាស់។ ក្រចេះដូចអត់មានទេ ដូចជារលត់អស់ជាងមួយខែ ដែលវាអត់មានការឆ្លង។ យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រយុទ្ធជាមួយនឹងជំងឺនេះ។ ឥឡូវអាល់ហ្វា និងដែលតា ដែលជាជំងឺដ៏សាហាវនាំដល់មនុស្សស្លាប់ ដូចជាចេញផុតពីកម្ពុជាហើយ អ្វីដែលកំពុងតែកើត ហើយថ្ងៃនេះមាន ១០៨ នាក់ អូមីក្រុងទាំងអស់។ ពិតមែនតែវាស្រាល ប៉ុន្តែមិនគួរឲ្យវាកើតទេ ចៀសវាងបាន គឺខិតខំ ៣ ការពារ និង ៣ កុំ តទៅទៀត។

“អ្នកជេរ ហ៊ុន សែន មិនប្រាកដថា មិនមានទំនាក់ទំនងជាមួយ ហ៊ុន សែន”

ខ្ញុំគិតថា ខ្ញុំមិននិយាយអីតទៅទៀតទេ។ ខ្ញុំមិនចង់ចូលរឿងនយោបាយ។ វាធុញទ្រាន់ … ខ្លះចេញមកធ្វើអត្ថាធិប្បាយថា អាមេរិកលុបចោលការប្រជុំរវាងអាមេរិកនិងអាស៊ាន ដោយសារការមិនពេញចិត្តរបស់អាមេរិកចំពោះប្រធានអាស៊ាន។ យើងទទួលសំបុត្រតាំងពីថ្ងៃ ១៤ (មករា)នោះ ប៉ុន្តែ … លាក់ឲ្យជិត។ ដល់ម្សិលមិញ ហើយសំបុត្រស៊ីញ៉េហើយ ស៊ីញ៉េតាំងពីថ្ងៃ ១ កុម្ភៈ។ ម្សិលមិញផ្សាយ ពួកនោះអកហ្សឺ ប៉ុន្តែឥឡូវវាចាប់ផ្តើមធ្វើអត្ថាធិប្បាយមួយទៀតហើយ វាថាឲ្យតែលោក ហ៊ុន សែន ហ៊ានទៅអាមេរិក ច្បាស់ជានឹងចូលក្នុងកណ្តាប់ដៃរបស់អាមេរិកអីណាទៀតហើយ។ វាទៅជាអញ្ចេះ …។

ផ្តាំទៅ ជេម សុខ ផង។ ប្អូន ជេម សុខ អើយ ប្អូនឯងនិយាយ voice សម្លេងនៅបងនេះ។ ប្អូនឯងនិយាយក្នុងគោលដៅឲ្យបងជេរប្អូនឯង ដើម្បីប្អូនឯងអូសទាញពួកប្រឆាំង។ ប៉ុន្តែបងមិនជេរប្អូ​នឯងទេ។ ប្អូនឯងនិយាយខុសហើយ។ ឧទាហរណ៍ថា “បើមានសង្គ្រាម សុខចិត្តកាន់អាវុធមកវ៉ៃខ្មែរ”។ បងផ្តាំទៅប្អូនណា ប្អូនអន់ជាងតិរច្ឆាន។ តិរច្ឆានគង់ស្គាល់សំបុករបស់វា។ បើទោះបីបានចូលសញ្ជាតិបរទេស ប្អូនមិនគួរប្រើភាសាហ្នឹងទេ។ បើទោះបីប្អូនមិននិយាយ ក៏គ្មានអ្នកណាគេថាប្អូនគដែរ។ បងឃើញប្អូនតាំងពីកាត់ពោះវៀនមក ប្អូនខំលាក់ក៏ខំលាក់ទៅ … ឯប្អូនថា គង់តែងាប់ដដែល ហើយថារង់ចាំបងទៅដល់អាមេរិក ហៅទៅធាក់ពីរបីជើង។ បងមិនធាក់ប្អូនឯងទេ។ បងគ្រាន់តែផ្តាំប្អូនឯងថា ប្អូននិយាយខុសហើយ ទៅលើការប្រមាថជាតិសាសន៍ឯង។ ទោះបីចូលសញ្ជាតិបរទេសក៏ដោយ ក៏ប៉ុន្តែប្អូនមិនគួរប្រមាថខ្មែរដល់កម្រិតហ្នឹងទេ។ ហ្នឹងបងគ្រាន់តែផ្តាំ។ ប្អូនចង់ធ្វើម៉េចឲ្យបងជេរប្អូនឯង ដើម្បីប្អូនឯងយកជាច្រកចូលមួយនៃពួកប្រឆាំង។ ប្អូនឯងចង់ឲ្យបងបង្ហោះ បងមិនបង្ហោះទេ តែបងគ្រាន់តែដាស់តឿននូវអ្វីដែលជាសម្លេងរបស់ប្អូនឯង។ ប្អូនឯងកុំចូលទៅ delete​ នៅក្នុងហ្នឹង។ បង transfer ចេញទៅកន្លែងផ្សេងអស់ហើយ។ គ្រាន់តែផ្តាំទៅប្អូនឯងប៉ុណ្ណឹង។

… ជេម សុខ នេះ គោលដៅរបស់គាត់ គាត់និយាយអញ្ចឹង ដើម្បីឲ្យខ្ញុំជេរទៅគាត់។ និយាយគ្នាតាមទូរស័ព្ទផង។ និយាយគ្នាចុះឡើងផង ថាកុំធ្វើចឹងអី។ ខ្ញុំទៅជេរធ្វើអី។ ចាំបាច់ជេរធ្វើអី។ ថានិយាយអញ្ចឹង ឃើញជំទាវនេះលោក​នោះ ទាក់ទងមកខ្ញុំ បានធ្វើជាច្រកចូលដើម្បីទាញពួកប្រឆាំង។ មិនបាច់ទេ។ ពួកប្រឆាំងមកឯងទៅហើយ។ ហែកកេរ្តិ៍ប្អូន ជេម សុខ បន្តិចទៅចុះ។ តែការប្រមាថរបស់ប្អូន ខ្មែរនៅអាមេរិកក៏វ៉ៃ ខ្មែរនៅក្នុងស្រុកក៏វ៉ៃ។ ប៉ុន្តែប្អូនមានទំនាក់ទំនងជាមួយបង ប៉ុន្តែបងគ្រាន់តែផ្តាំ ដោយសារមានប្រតិកម្មច្រើនពេក។ ការពិត ជេម សុខ ពាក់ព័ន្ធច្រើនណាស់ … អ្នកដែលជេរ ហ៊ុន សែន មិនប្រាកដថា មិនទំនាក់ទំនងជាមួយ ហ៊ុន សែន ទេ។ ​(សម្តេច​បើកសម្លេងឆាតស្តាប់) … កុំភ្លេចថា បង transfer ទៅទុកនៅមួយកន្លែងទៀត។ មិនមែនឲ្យនៅក្នុងហ្នឹងទាំងអស់ទេ។ ប្អូនហៅបងជាផ្កាយព្រឹក។ គ្មានអ្នកណាអាចមកធ្វើអីបងកើតទេ។ ចុះបើប្អូនចាត់ទុកបងជាផ្កាយព្រឹក ម៉េចក៏ប្អូនធ្វើ​អញ្ចឹងជាមួយនឹងផ្កាយព្រឹក … គ្រាន់តែផ្តាំទៅទេ … បងអត់ថាអីទេ។ ពីដើមប្អូនក៏ជេរបង ឥឡូវជេរថែមទៀត អត់លើស អត់ខ្វះ។ អ្នកជេរ អ្នកវិ​ភាគទាំងឡាយ អត់លើស អត់ខ្វះ។

វិធីសាស្ត្រសំរាប់មីយ៉ាន់ម៉ា៖ “ពន្លត់ភ្លើងសង្គ្រាមសិន បានដំណើរការប្រជាធិបតេយ្យ”

សភាពការណ៍នៅមីយ៉ាន់ម៉ា មានអ្នកយល់ព្រម មានអ្នកមិនយល់ព្រម។ ហ្នឹងជាដំណើរការប្រជាធិបតេយ្យ។ ប៉ុន្តែខ្ញុំក៏រង់ចាំមើលដែរ រវាងវិធីសាស្ត្រទន់ និងវិធីសាស្ត្ររឹង។ អាណត្តិរបស់ខ្ញុំត្រឹមតែជាង ១១ ខែតើ … អញ្ចឹងអ្នកក្រោយដោះស្រាយទៅ។ ធ្វើប្រធានអាស៊ានមួយឆ្នាំ ឲ្យខ្ញុំទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ាចេញ? ឥឡូវបន្តដោះ។ ប្រជាជនមីយ៉ាន់ម៉ាប៉ុន្មាន(រយៈ)មុននោះ ចូលមក(ខម្មិន)ជេរខ្ញុំ។ អ្នក(ធ្វើនេះ)ខុសហើយ។ ខ្ញុំគ្មាន(បាន)ផលប្រយោជន៍អីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យចេញផុតពីសង្គ្រាមទេ។ ឥឡូវហ្នឹងមួយចំនួនជេរទៅ ដល់ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ គាត់ក៏មានការបកស្រាយ អំពីដំណើរការ ដែលគេហៅថា ការរៀបចំបែងចែកអំណាចជាមួយពួកយោធា។ អ្នកដែលចូលទៅ(ខម្មិន)ជេរលោក ជំទាវប្រេសិតពិសេសហ្នឹង ថាប៉ុនប៉ងឱ្យពួកយោធាហ្នឹងបន្តអំណាចតទៅទៀត។ អញ្ចឹង បើអ្នកឯងចង់ទាត់ចោលពួកយោធា អ្នកឯងធ្វើសង្គ្រាម ៥០ ឆ្នាំ ថែមទៀត។ សូមអញ្ជើញចុះ។ ខ្ញុំរកសន្តិភាព និងការពារសន្តិភាព សម្រាប់ប្រទេសខ្ញុំវាពិបាកណាស់ទៅហើយ បើអ្នកចង់វាយគ្នា សូមអញ្ជើញអ្នកវាយចុះ។

វិធីសាស្ត្ររបស់ខ្ញុំ គឺពន្លត់ភ្លើងសង្គ្រាមសិន បានដំណើរការប្រជាធិបតេយ្យ ឬស្អីៗវាទៅតាមក្រោយ។ អ្នកពេញចិត្តក៏ពេញចិត្ត អ្នកមិនពេញចិត្ត អាហ្នឹងអាស្រ័យលើគេ។ បើមិននិយាយគ្នា តើទៅនិយាយជាមួយអ្នកណា? ឥឡូវ គិតសំណួរនេះ។ គេចង់ឱ្យទាត់ចោលរដ្ឋាភិបាលនៃអ្នកគ្រប់គ្រងអំណាចនៅណៃពិដោតែម្តង។ អញ្ចឹង អ្នកធ្វើទៅ។ បទពិសោធន៍កម្ពុជា ១១ ឆ្នាំ ពីឆ្នាំ ១៩៧៩-១៩៩១ ខ្មែរក្រហមទៅអង្គុយនៅអង្គការសហប្រជាជាតិ​។ រដ្ឋាភិបាល ហ៊ុន សែន អត់មានអ្នកណាទទួលស្គាល់ទេ។ តែទីចុងបំផុតត្រូវធ្វើការជាមួយ ហ៊ុន សែន ដដែល។ (នេះ)ជាបទពិសោធន៍ ដែលពួកអ្នកឯងគួរយល់។ មិនថាប្រជាជនប្រឆាំងនៅមីយ៉ាន់ម៉ា ឬអ្នកដទៃទៀត អ្នករង់ចាំមើលទៅ វាយគ្នាអត់ឈប់។ បើសិនជាយកជំហរបន្ត តាមរបៀបបិទទ្វារ។ ចង់ឱ្យខ្ញុំទៅមួយថ្ងៃដោះស្រាយបានរឿងដែលសាំញ៉ាំ … អស់លោកណាពូកែ ចាំទៅ(សម្របសម្រួលខ្លួនឯងទៅ)។

ឥឡូវ ខ្ញុំសុខចិត្តទៅកូរ៉េខាងត្បូង ដើម្បីធ្វើជាសហប្រធានអង្គប្រជុំ​ ស្តីអំពីបញ្ហាឧបទ្វីបកូរ៉េ ដោយមានសហប្រ​ធានដូចជា ៣ (នាក់) ឬ ៤​ នាក់ ឯណោះ (មាន)ខ្ញុំ, ប្រធានាធិបតីអាល់បានី, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ហើយប្រហែលជា(មាន)ប្រធាន UPF ផង។ ខ្ញុំអានសុន្ទរកថាបើក។ បើគេស្វាគមន៍ខ្ញុំឱ្យទៅ​ ខ្ញុំទៅ។ ប៉ុន្តែ បើអ្នកណាមិនស្វាគមន៍ទេ ខ្ញុំមានការងារខ្ញុំរវល់ណាស់។ ខ្ញុំបំពេញ​តួនាទីអាស៊ាន។ ខ្ញុំនិយាយពីបទពិសោធន៍ខ្មែរចរចា ៤ ឆ្នាំ ទម្រាំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ (មាន)កិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយហើយអត់ចប់សង្គ្រាមទៀត ត្រូវធ្វើនយោបាយឈ្នះឈ្នះមួយទៀត នាំមកនូវការបង្រួបបង្រួមជាតិ ដែលមានសន្តិភាពរាល់ថ្ងៃ។ ពីដើមនៅក្រចេះរបស់យើងនេះ ភ្នំប្រាំពាន់ ចុងក្រោយក៏មានមនុស្សនៅភ្នំប្រាំពាន់ហ្នឹងដែរ។ ឥឡូវ កម្ពុជាអត់មានស អត់មានខ្មៅ អត់មានក្រហម អត់មានខៀវអីទេ មានខ្មែរតែមួយ …

ជាធម្មតា ទម្លាប់អាក្រក់មួយនៅលើលោកិយ៍នេះ គុណវិបត្តិតែងទម្លាក់ទៅឱ្យអ្នកដទៃ គុណសម្បត្តិដណ្តើមយកអស់។ ដូចជានៅកម្ពុជានេះ គុណសម្បត្តិបានទៅលើ អ៊ុនតាក់ ប៉ុន្តែ គុណសម្បត្តិពិតប្រាកដ ព្រះករុណាបិតា សម្តេចព្រះ នរោត្តម សីហនុ នៃយើង កុំអី អ៊ុនតាក់ ជាប់ផុងនៅទីនេះ។ យើងចុះកិច្ចព្រមព្រៀងតាំងពីជំនាន់ អង់ហ្គោឡា ឥឡូវ អង្គការសហប្រជាជាតិមិនទាន់ប្រតិបត្តិការចប់ផង។ យើងត្រូវទទួលស្គាល់ព្រះរាជតួនាទីសំខាន់របស់ព្រះករុណាបិតា ដែលព្រះអង្គទម្លាយភាពទ័លច្រក ធ្វើឱ្យកូនចៅរួបរួមគ្នា។ គណបក្សប្រជាជន និងហ្វ៊ុនស៊ិនប៉ិច ពេលនោះរួបរួមគ្នាជាមួយនឹងគណបក្សពីរទៀត (គឺ)គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងគណបក្សម៉ូលីណាកា រួបរួមគ្នាធ្វើរដ្ឋធម្មនុញ្ញ។ ចេញរដ្ឋធម្មនុញ្ញ បង្កើតរដ្ឋាភិបាល អ៊ុនតាក់ ដកចេញ។ ដល់គុណសម្បត្តិបានទៅ​ អ៊ុនតាក់ ទាំងអស់ តែគុណសម្បត្តិពិតប្រាកដ គឺព្រះករុណាបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ឆ្នាំនេះ ជាខួបទី​ ១០ នៃថ្ងៃសោយទិវង្គតរបស់ព្រះបិតាជាតិរបស់យើង ហើយជាខួបកំណើត ១០០ ឆ្នាំ នៃថ្ងៃប្រសូត្ររបស់ព្រះអង្គផងដែរ។ យើងត្រូវទទួលស្គាល់ទាំងអស់គ្នា បើកុំ(តែ)មានតួអង្គព្រះករុណា(បិតា) អ្នកណាត្រួតពីណាបាន? ប៉ុន្តែ ព្រះករុណា(បិតា) នរណាក៏គោរព លើកលែងតែខ្មែរក្រហម។ បើអត់គោរពវានៅព្រៃទៅ។ ប៉ុន្តែ ក្រៅពីនោះ ទាំងគណបក្សប្រជាជន/ហ្វ៊ុនស៊ិនប៉ិច/ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា/ម៉ូលីណាកា គោរពទាំងអស់គ្នា … ទាំងអស់គ្នាតាមដង្ហែព្រះអង្គ។ រួចបាត់។ អ៊ុនតាក់ ចេញទាំងយប់។

ចង់រកសន្តិភាពឱ្យ វាចង់វាយគ្នា បើចង់វាយគ្នាវាយទៅ

ប្រតិបត្តិការនៅភូមា អ្នកឯងរង់ចាំមើលទៅ។ ប្រធានអាស៊ាននិយាយទៅ គេដាក់ម៉ាំង។ ឥឡូវដល់ប្រេសិតអង្គការសហប្រជាជាតិចេញទៅ គេទិតៀនគាត់ទៀត អញ្ចឹងរង់ចាំមើលទៅ។ បើគ្នាមិនទាន់បានធ្វើអីផង គោលដៅទៅត្រង់ណាអីត្រង់ណា គឺមិនទាន់និយាយគ្នាបានផង បែរជាចាប់ផ្តើមបង្កើតរឿងទៅហើយ? ប៉ុន្តែដូចជាឃើញស្ងប់ដែរ។ រឿងហ្នឹងវាគ្មានស្អីទេ តើជនជាតិមីយ៉ាន់ម៉ាចេះភាសាខ្មែរប៉ុន្មាននាក់? វាមានក្រុមខ្មែរប្រឆាំងមួយក្រុមនៅជាមួយនឹងពួកភូមា វាវាយចេញជាភាសាខ្មែរផង និងជាភាសាភូមាផង ខ្លះថែមទាំងអង់គ្លេសមកទៀត។ ទៅជាមួយគ្នា។ អញ្ចឹងទេ យើងដឹងច្បាស់អាហ្នឹងវានៅជាមួយគ្នា។ តែថ្ងៃនេះប្រហែលជាកំពុងឡាយផ្ទាល់ផេចរបស់ខ្ញុំ មិនដឹងថាវាជេរខ្ញុំទៀតឬអត់? ជេរក៏ជេរទៅ តែអ្នកងាប់មិនមែនខ្មែរទេ។ និយាយឱ្យច្បាស់ជាមួយគ្នាអញ្ចឹងតែម្តងទៅ។ ដូចអត់ឃើញអក្សរភូមាចេញមក បើចេញមកខ្ញុំប្រាប់ឱ្យអ្នកឯងវាយគ្នាតទៅទៀត ចង់រកសន្តិភាពឱ្យ វាចង់វាយគ្នា បើចង់វាយគ្នាវាយទៅ។ អ្នកខ្លះញុះឱ្យវាយ តាមរយៈទណ្ឌកម្មនេះ/នោះ ហើយប្រុងប្រៀបទទួលស្គាល់រដ្ឋាភិបាលនិរទេស។

“ទំពែកភ្នែកទន្សាយ … បើសិនជាខូចលួចទាំងថ្ងៃ”

សារនេះទៅដល់ ជេម សុខ ហើយ ប៉ុន្តែ ឱ្យតែឈ្មោះ សុខ មិនដឹងយ៉ាងម៉េច? សុខ ខ្លះគេល្អ ប៉ុន្តែ សុខ ខ្លះវាត្រូវសម្លោក។ ខ្ញុំនៅចាំបានភាសាមួយ សូមបងប្អូនក្បាលឆកទាំងប៉ុន្មានកុំរើសដាក់ខ្លួន គេមានពាក្យអញ្ចេះ “ទំពែកភ្នែកទន្សាយ ប៉ិនលេបខាយខាងខិលខូច រឹងរបឹងតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ”។ ស្តាប់បានទេអម្បាញ់មិញ? អ្នកក្បាលឆកទាំងប៉ុន្មានកុំរើសដាក់ខ្លួន … ក្រុមអ្នកវិភាគខ្លះ យើងមិនថាទាំងអស់ទេ។ អ្នកខ្លះរៀបចំតែគ្រួសារខ្លួនឯងមិនត្រូវផង កូនដោយកូន ប្រពន្ធដោយប្រពន្ធ រួចហើយចង់មកប្រដៅគេ ឲ្យដឹកនាំការបង្រួបបង្រួមជាតិ។ យើងពិនិត្យមើល​ មនុស្សខ្លះក្នុងចំណោមអ្នកវិភាគនោះ រៀបចំតែ(គ្រួសារ)ខ្លួនឯង ប្រពន្ធ កូនមិនត្រូវផង រួចមកប្រដៅយើងឲ្យមក​បង្រួបបង្រួម … មើលតែប៉ុណ្ណឹង​គេយល់ហើយ។ ចុះបើប្រពន្ធកូនគេៗ មិនយល់ផង រឿងអីគេមកយល់យើង។ ជាតិសាសន៍គេៗ មិនយល់ផង រឿងអីគេមកយល់យើង …។

យូរៗគេថា បៃដិន ហៅទៅហ្នឹង ទៅប្រដៅ។ ខ្ញុំប្រធានអាស៊ាន ទោះបីមិនមែនប្រធានអាស៊ានក្ដី មានអ្នកណាមានសិទ្ធិប្រដៅខ្ញុំទេ។ ការសន្ទនាជារឿងធម្មតា ប៉ុន្ដែកុំភ្លេចប្រសិនបើការប្រជុំកើតឡើង យើងត្រូវមាន​សហ​ប្រ​ធាន (ដែល)សហប្រធានមួយជាប្រធានាធិបតីអាមេរិក សហប្រធានមួយជានាយករដ្ឋមន្ដ្រីកម្ពុជា ដែលជា​ប្រធានអាស៊ាន​ តម្លៃរបស់វានៅកន្លែងហ្នឹង។ រឿងពេលវេលា ដំបូងភាគីអាមេរិកកស្នើសុំនៅខែមករា។ ប៉ុន្ដែខាងអាស៊ានមានការរវល់នៅខែមករា មិនទាន់អាចធ្វើទៅរួចក៏ពន្យារមក។ ក្នុងពេលពន្យារដែលមិនអាចធ្វើបាននេះ លិខិតរបស់ប្រធានាធិបតីអាមេរិក​ផ្ញើ​មកខ្ញុំ គឺថ្ងៃទី ១៤ មករា។ យកមកដល់ យើងទុក។ ទុកឲ្យពួកហ្នឹងវិភាគ។ វាថាអាមេរិកលុបចោលបាត់ហើយ។ អញ្ចឹងទុកមើល អត់ដង្ហើមបានយូរដើម្បីដឹងថាពួកអ្ហែងធ្វើម៉េ​ច។ ចេញសំបុត្រហ្នឹងទៅ ឥឡូវវាទៅវិភាគផ្សេងទៀតហើយ​ …។

កុំមកចេះប្រដៅអី មើលតែកូនខ្លួនឯងទៅ … ខ្ញុំសូមអធ្យាស្រ័យ ហើយសុំអធ្យាស្រ័យពីអ្នកក្បាលទំពែកផងដែរ ព្រោះខ្ញុំនិយាយពីសម្លោករបស់មនុស្ស។ ញុះនេះញុះឲ្យខ្ញុំជេរ ព្រោះក្នុងនេះច្បាស់ណាស់ លោកបងជាផ្កាយព្រឹក ព្រោះបើលោកបងមិនពេញចិត្ត ​លោកបង​ហៅខ្ញុំទៅធាក់ពីរបីជើងទៅ។ ហើយ(ខ្ញុំ)ទៅធាក់បានការអី? គាត់បញ្ជូនស្អីមកឲ្យខ្ញុំ ហើយខ្ញុំក៏បញ្ជូនឲ្យគាត់ … អញ្ចឹងបានពិបាកពេកនិយាយបំបែកថ្ងៃហ្នឹងតែម្ដងទៅថា ខ្ញុំ និងជេមសុខ ទាក់ទងគ្នា តែគាត់ទៅ​ជ្រុលហួសថា “ប្រសិនបើមានសង្គ្រាមរវាងអាមេរិកនិងកម្ពុជា គាត់កាន់កាំភ្លើងឲ្យអាមេរិក ដើម្បីវ៉ៃកម្ពុជា”។ សម្ដីនេះ ប្រតិកម្មខ្មែរទាំងក្នុងនិងក្រៅស្រុកតែម្ដង។ សូមជូនពរឲ្យជំងឺរបស់ប្អូនបានឆាប់ជា … កន្លែងវះកាត់របស់ប្អូន។

មិនបោះបង់ កុងសង់ស៊ីស ៥ ចំណុច ដែលផ្ដួចផ្ដើមគំនិតបង្កើតជាមួយដៃគូក្នុងក្របខណ្ឌអាស៊ាន

ខ្ញុំនឹងរង់ចាំមើល ជាមួយនឹងដៃគូអាស៊ានដទៃទៀត លើការដោះស្រាយរឿងមីយ៉ាន់ម៉ា ព្រោះអ្នកណាក៏ដោះ។ ប្រធានអាស៊ានធ្វើសកម្មភាពបន្ដិច ខាងក្នុងនោះផង ខាងគ្នាឯងផង។ ប៉ុន្ដែអ្នកគាំទ្រក៏ច្រើនដែរ ទាំងក្នុងតំបន់ និងក្រៅតំបន់។ វិធីសាស្រ្ដនេះ ជាវិធីសាស្ដ្របញ្ចៀស​កុំឲ្យមនុស្សស្លាប់។ ខ្ញុំមិនបានចង់ឲ្យពួកអ្នកឯងងាប់នឹងគ្រាប់កាំភ្លើង គ្រាប់បែកឯណា។ ខ្ញុំចង់ឲ្យអ្នកទោសត្រូវបាន​ដោះលែង។ ខ្ញុំចង់ឲ្យមានបទឈប់បាញ់ ការផ្ដល់ជំនួយមនុស្សធម៌ និងចង់ឲ្យមានការសន្ទនា​។ អ្វីៗទាំងអស់ហ្នឹង សុទ្ធតែនៅក្នុងកុងសង់ស៊ីស ៥ ចំណុច។ សូមនិយាយមក ការប្រជុំនៅហ្សាកាតា សុំឲ្យខ្សែអាត់ថតសំឡេងមកវិញ។ (តើ)អ្នកណាជាអ្នកលើកកុងសង់ស៊ីស ៥ ចំណុច? ខ្ញុំលើក ៣ ចំណុច ប៉ុន្ដែ(ឯកឧត្តម) លី ស៊ានឡុង គាត់រៀបចំចេញជា ៥ ចំណុច។

អ្នកសារព័ត៌មានដទៃទៀត គេយកបានតើ។ ពេលហ្នឹងគេមិនសរសេរសរសើរខ្ញុំ? សូម្បីរដ្ឋមន្ដ្រីការបរទេសហ្វីលីពីន គាត់បានបង្ហោះតាមហ្វេសប៊ុកសរសើរ​ខ្ញុំដែរ អំពីការលើកពីបញ្ហា។ រឿងអី ខ្ញុំទៅបោះបង់កុងសង់ស៊ីស ៥ ចំណុច ដែលខ្លួនជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតជាមួយដៃគូផ្សេងទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ ខ្ញុំគួរតែនិយាយត្រឡប់ទៅវិញ នូវភាសាការទូតខ្លះនិងពាក្យប្រៀនប្រដៅខ្លះ។ ទោះបីកម្ពុជាជាប្រទេសតូច តែយើងស្មើភាពស្មើសិទ្ធិ។ ទុកឲ្យប្រធានអាស៊ានបំពេញកិច្ចការខ្លះបានទេ? បើចង់វ៉ៃគ្នា វ៉ៃទៀត​ទៅ។ ដឹងធ្វើម៉េចទេ។ ឯយើង ប្រទេស(ធ្លាប់)កើតសង្គ្រាម យើងមានសន្ដិភាព ២៤ ឆ្នាំហើយ តែយើងរកបានដោយពិបាក (អញ្ចឹងយើងត្រូវប្រឹង)ការពារទៅ។

ថ្លែងអំណរគុណ និងអំណោយ

ខ្ញុំសូមថ្លែងការកោតសរសើរជាមួយក្រុមហ៊ុនសាងសង់ ដែលបានសាងសង់ផ្លូវដ៏ល្អនេះ ហើយសង្ឃឹមថា គ្មានអ្នកដែរបើកលើសទម្ងន់ទៀតទេ ព្រោះការពារផ្លូវ។ ថ្ងៃនេះ ខ្ញុំបាននាំយកថវិកាមកឲ្យសាលា ស្រុកចិត្របុរី ចំនួន ២ លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ចំនួន ៣ លានរៀល។ ក្រុមតន្ដ្រីសម័យ ៥ លានរៀល( នៅឯណាក្រុមតន្ដ្រីសម័យ ចំរៀងថ្មីបំផុតរបស់គេចេះច្រៀងឬនៅ? នឹម នភាបានបញ្ចូនមកនៅ ឃើញចាក់យប់មិញ គេយកលំនាំបទរំដួលក្រចេះ)។ ហើយខ្ញុំត្រឡប់ទៅវិញស្អែកខ្ញុំមានការងារធ្វើទៀត និយាយរួមការងាររាល់ថ្ងៃ។ បើ កប្រទេសមក ហត់នោះហត់ ប៉ុន្ដែហត់វាជាទម្លាប់ធម្មតារបស់នាយករដ្ឋមន្ដ្រីទៅហើយ។ គេដល់ម៉ោងសម្រាក គេសំរាកគ្រប់គ្នា យើងនៅ​សល់​ឯកសារលើតុ។ គេដាក់ឯកសារមកយើង គេចប់ការងាររបស់គេហើយ។ អញ្ចឹងគេទៅសម្រាកអស់។ យើងនៅ​ស៊ីញ៉េលើតុម៉ង់ៗ ហ្នឹងទៅ តែវាជាភារកិច្ច។

អរគុណមិត្តចិនដែលផ្ដល់កិត្តិយសអញ្ជើញព្រះករុណាចូលរួមបើកអូឡាំពិករដូវរងា

តាមរយៈឯកឧត្តម វ៉ាង វិនធាន អនុញ្ញាតឲ្យខ្ញុំផ្ញើនូវការអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ហើយសូមអរគុណនូវការផ្ដល់កិត្តិយសតាមរយៈការយាងព្រះករុណា ព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមនូវការបើកអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមិនច្រើនទេ ដែលត្រូវ​បានយាងនិងអញ្ជើញទៅទីនោះ ប៉ុន្ដែកម្ពុជាស្ថិតនៅក្នុងប្រទេសមួយ ដែលចិនបានផ្ដល់កិត្ដិយសថ្វាយព្រះមហា​ក្សត្រសម្រាប់ការចូលរួម ហើយនេះបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ហើយជាមិត្តដែកថែក​ជាមួយគ្នាផង។ ជាមួយនឹងការប្រកាសជាផ្លូវការនូវការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៩៣ គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ