សុន្ទរកថាបើក របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១

សុន្ទរកថាបើក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ ក្រោមមូលបទ : “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ៖
ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី ៤”
ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ
*********

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!

ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ នាថ្ងៃនេះ ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពក្រៃលែង ក្នុងការទទួលរៀបចំវេទិកានេះឡើង ជាលើកដំបូង ដោយប្រព្រឹត្តទៅ អមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ។
ជាការពិត វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យ សាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី ។

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!

យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម ។ ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ ភាគរយនៃពាណិជ្ជកម្មសកល ។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថា នឹងស្រាកស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ឡើងវិញ ។
ទោះជាយ៉ាងនេះក្ដី ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែលរួមមាន : (១). ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល (២). ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ (៣). ការធ្លាក់ចុះផលិតភាពសកល (៤). ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ (៥). ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង (៦). ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម ។ ក្នុងបរិការណ៍នេះ ខ្ញុំសូមយកឱកាសនេះ លើកឡើងនូវទស្សនៈមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ សំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចខាងក្រោម ៖
ទី១. ក្នុងក្របខណ្ឌពហុភាគី យើងសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់ និង សកល ។ ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហា ក្នុងគ្រប់ វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើង ប្រកបដោយចីរភាព និងបរិយាបន្ន ។
ទី២. ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់យើងទាំងពីរ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប ។
ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច ។ អាស្រ័យហេតុនេះ យើងត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ច ឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មី ដែលរឹងមាំ ។
ទី៤. ជាមួយគ្នា ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាព ដ៏សំខាន់មួយផងដែរ ។ ប្រការនេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធាន-មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាដើម តាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ។
ទី៥. ការជំរុញការអភិវឌ្ឍបៃតង ក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ ទៅនឹងអាកាសធាតុ ។ ក្នុងន័យនេះ យើងត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជនឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ។

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!

ឆ្លៀតឱកាសដ៏កម្រនេះ ខ្ញុំសូមជម្រាបជូនអង្គប្រជុំដោយសង្ខេប អំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជន ក្នុងប្រទេស សរុប ១៦ លាននាក់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធ- បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក្នុងនោះ រួមមាន (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ ។ ជារួម ការវិវត្តជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពល នៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញ កាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីតំបន់អ៊ឺរ៉ុប ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យអង្គវេទិការបស់យើង ប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និង ទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីជាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិយើងទាំងអស់គ្នា ៕
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ នាពេលនេះ!

សូមអរគុណ!

Download (PDF, 109KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ