សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភលើកទី៨ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២១)  ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”

សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភលើកទី៨ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២១)
ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”
ទីស្តីការគណៈរដ្ឋមន្ត្រី, ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១
==========

– ឯកឧត្តម មាស ពិសិទ្ឋ តំណាង វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
– លោកជំទាវ តាន់ វួចឆេង តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
– ឯកឧត្តម ចាន់ សុខទី តំណាង ប៉ាន់ សូស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ
– ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ឋ
– លោកស្រី ក្លែ កូណាន់ (Claire Conan) តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា និងជាតំណាងបណ្តាញអង្គការសហប្រជាជាតិដើម្បីអាហារូបត្ថម្ភនៅកម្ពុជា
– លោកស្រី Forroogh Foyouzat, នាយិកាអង្គការ UNICEF នៅកម្ពុជា
– លោក អានតូនីញ៉ូ ស៊ីវ៉ុន Antonio Schiavone តំណាង និងជានាយកស្តីទីអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា
– លោកស្រី ហ្កីណេត កូដ (Gwyneth Cotes) នាយិកាអង្គការ ហេលែន
ខែល័រ អន្តរជាតិ និងជាតំណាងបណ្តាញសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បី
អាហារូបត្ថម្ភនៅកម្ពុជា
– ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តនានា លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិក្មួយៗយុវជន និងសមាជិក សមាជិកានៃអង្គពិធីទាំងមូលជាទីមេត្រី !

១. ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយបានចូលរួមជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងក្មួយៗយុវជនទាំងអស់ នៅក្នុងពិធី អបអរសាទរ ទិវាជាតិអាហារូបត្ថម្ភលើកទី៨ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២១) ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានសហការយ៉ាងរលូនជាមួយនឹងក្រសួង ស្ថាប័ន និងអង្គការ ដៃគូអភិវឌ្ឍន៍នានា រៀបចំប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភលើកទី៨ នេះឡើង។

២. ដូចអង្គពិធីបានជ្រាបពីខ្លឹមសារដ៏មានអត្ថន័យ នៅក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសអបអរសាទទិវាជាតិអាហារូបត្ថម្ភលើកទី៨ ដែលបានអានដោយលោកជំទាវ តាន់ វួចឆេង តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលនិងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
បានបញ្ជាក់ច្បាស់ពីគោលបំណងដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំប្រារព្ធទិវាជាតិអាហារូបត្ថម្ភជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ដែលពិធីនេះបានប្រព្រឹត្តទៅតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

អង្គពិធីទាំងមូល ជាទីមេត្រី !

៣. មុនពេលមានការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយបានកាត់បន្ថយអត្រាភាពក្រីក្របានជាងមួយភាគរយក្នុងមួយឆ្នាំក៏ដោយ ក៏ប៉ុន្តែវិសមភាពក្នុងសង្គមនៅតែបន្តមាន ដោយប្រជាពលរដ្ឋមួយចំនួននៅពុំអាចមានលទ្ធភាពទទួលបានរបបអាហារសុខភាពគ្រប់គ្រាន់ អត្រាកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម៥ឆ្នាំ នៅមានកម្រិតខ្ពស់នៅឡើយ។ ម្យ៉ាងវិញទៀត កម្ពុជាក៏ជាប្រទេស មួយដែលងាយរងគ្រោះដោយសារឥទិ្ធពលនៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ដូចជា បញ្ហាវិបត្តិកូវីដ-១៩ នេះ បានធ្វើឱ្យប៉ះពាល់ដល់គ្រប់ វិស័យ និងបានបង្កឱ្យមានការរាំងស្ទះដល់ការផលិតស្បៀង ការកែច្នៃ ការដឹកជញ្ជូនស្បៀង ការលក់ដូរស្បៀងអាហារ និងការទទួលបានអាហារដែលមានអាហារូបត្ថម្ភ និងអាហារសុវត្ថិភាព។ ទន្ទឹមនោះ យើងក៏ឃើញថាប្រព័ន្ធស្បៀងក៏បានទទួលរងផលប៉ះពាល់ផងដែរ ដែលធ្វើឱ្យការទទួលបានស្បៀង និងលទ្ធភាពទទួលបានអាហារសុខភាពនិងប្រកបដោយអាហារូបត្ថម្ភ និងប្រាក់ចំណូលរបស់ប្រជាជនមានការធ្លាក់ចុះ ហើយតម្រូវការរបបអាហារដែលមានអាហារូបត្ថម្ភល្អមានការកើនទ្បើង ដើម្បីធ្វើឱ្យប្រព័ន្ធរាងកាយយើងមានភាពធន់និងរឹងមាំ អាចទប់ទល់នឹងជំងឺកូវីដ ១៩ និងជំងឺនានាផងដែរ។ កត្តាទាំងនេះទាមទារឱ្យយើងត្រូវតែពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានសមធម៌ មានចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងបរិស្ថាន ហើយជាចុងក្រោយជំរុញឱ្យមានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

៤. ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅក្នុងពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី៨ ដែលខ្ញុំគិតថា ប្រធានបទនេះត្រឹមត្រូវសមស្របនឹងស្ថានភាពបច្ចុប្បន្ន ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក បាននិងកំពុងប្រឈមនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលប៉ះពាល់ខ្លាំងដល់ប្រាក់ចំណូលគ្រួសារ និងអាហារូបត្ថម្ភរបស់កុមារ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកនូវការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៧ ដោយបានស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប បន្តយកចិត្តទុកដាក់និងត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និង
អាហារូបត្ថម្ភ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមរមនាក្នុងក្រុមគ្រួសារ។

៥. នៅក្នុងចក្ខុវិស័យផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមាន ការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហា អាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន កសិករ ផលិតករ អ្នកកែច្នៃ អ្នកបរិភោគ ពាណិជ្ជករ សិប្បករ អ្នកលក់ដូរ អ្នកសិក្សា-ស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ ក្រុមស្ត្រី ក្រុមយុវជន ក្រុមជនជាតិដើម
ភាគតិច ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជាមួយគ្នាដើម្បីរិះរកមធ្យោបាយល្អៗ និងដាក់ចេញនូវសកម្មភាពចាំបាច់នានាដើម្បីអនុវត្ត ដោយក្នុងនោះយើងត្រូវផ្តោតលើភស្តុតាង និងលទ្ធផលថ្មីៗនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

៦. ឈរលើស្មារតីខាងលើនេះ ខ្ញុំសូមឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បន្តបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ (២០១៩ -២០២៣ ) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩ -២០២៣) ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការ អនុវត្តផែនការសកម្មភាពអាទិភាពនានា នៅក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកនានា។

អង្គពិធីទាំងមូល ជាទីមេត្រី !

៧. ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ បានសហការជាមួយនឹងកម្មវិធីស្បៀងអាហារពិភពលោក បង្កើតបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា ដែលជាវេទិកាសម្រាប់វិស័យឯកជនក្នុងការចូលរួមលើកកម្ពស់អាហារូបត្ថម្ភ តាមរយៈការប្តេជ្ញាចិត្ត ការវិនិយោគ ការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើមថ្មីៗ។ បណ្តាញធុរកិច្ចនេះ បានរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេល ៥ឆ្នាំ ដោយផ្តោតលើអាទិភាពចំនួន ៥ មាន ១).កសាងកេរ្តិ៍ឈ្មោះឱ្យបានរឹងមាំ និងកៀរគរសមាជិកបន្ថែម, ២).បង្កើនការ យល់ដឹងពីសារៈសំខាន់នៃអាហារូបត្ថម្ភ និងតម្រូវការអាហារសម្បូរជីវជាតិ, ៣). បង្កើនការផ្គត់ផ្គង់ផលិតផលអាហារដែលសម្បូរជីវជាតិ និងផលិតផលអាហារដែលបញ្ចូលមីក្រូសារជាតិ, ៤).ពង្រឹងបរិយាកាសអំណោយផលដើម្បីលើកកម្ពស់ អាហារូបត្ថម្ភ និង ៥).លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភនៅតាមសហគមន៍ និងកន្លែងធ្វើការ។ ទន្ទឹមនេះ បណ្តាញធុរកិច្ចនេះ ក៏បានបោះពុម្ពសៀវភៅណែនាំស្តីពីអាហារូបត្ថម្ភនៅកន្លែងការងារ ៖ ការផ្តល់អាហារ និងអាហារសម្រន់សុខភាពដើម្បីលើកកម្ពស់ផលិតភាពការងារផងដែរ ដែលសៀវភៅណែនាំនេះ មានសារៈសំខាន់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

៨. ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ខ្ញុំសូមឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នា ក្រោមឆត្រនៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហា-រូបត្ថម្ភ ដើម្បីរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ទាំងអស់ ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយមិនទុកឲ្យនរណាម្នាក់នៅពីក្រោយការអភិវឌ្ឍ ជាពិសេសគោលដៅទី២ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា គឺ៖ បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយ ចីរភាព។

ខ្ញុំសូមប្រសិទ្ធពរជ័យជូនឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងក្មួយៗយុវជនទាំងអស់ សូមចៀសផុតពីជំងឺកូវីដ-១៩ និងសូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...