សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា

សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការចេញផ្សាយបំភ្លៃការពិតទាំងស្រុង «សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីព្រ»។

សារព័ត៌មាន The Guardian បានកែខ្លឹមសាររបស់ខ្លួនឡើងវិញដែលពីមុនបានសរសេរថា៖ «មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

ក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា៖ «មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់នៅខាងក្រោមថា៖ «អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ»។

ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប ។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន លិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនផ្ញើជូនលោក លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយកសារព័ត៌មាន The Guardian ដើម្បីសុំបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន ទទួលលិខិតឆ្លងដែនពីប្រទេសស៉ីព្រ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវការថា «ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយ តាមប្រព័ន្ធអនឡាញ ក្រោមចំណងជើង «ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ីព្រ ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ «…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ»។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ