ផ្សាយបន្តផ្ទាល់ពិសេស៖ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និង ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ


ផ្សាយបន្តផ្ទាល់ពិសេស៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និង ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន

រសៀល ថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីប្រគល់-ទទួលពហុកីឡដ្ឋានមរតកតេជោ (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរថាប្រមាណជិត១ម៉ោង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងនូវក្តីសោមនស្សរីករាយ ដែលចូលរួមជាមួយ លោក វ៉ាង យី ក្នុងពិធីប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិន មកប្រទេសកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនេះ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ទំនាក់ទំនងកម្ពុជាចិន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិននឹកស្មានថា ដោយសារទំនាក់ទំនងដែកថែបកម្ពុជាចិន នឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមខ្ញុំជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នោះទេ ប៉ុន្តែជាមោទនភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនវិស្វករ និងអ្នកជំនាញទាំងឡាយ ដែលបានចូលរួមកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើង

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក វ៉ាង យី ថាសម្តេចតែងជួបហូបបាយជាមួយកីឡាករកីឡាការិនីជារៀងរាល់ឆ្នាំ ប៉ុន្តែអកុសលដោយសារកូវីដ ទើបឆ្នាំ២០២០ និង២០២១ មិនទាន់បានជួបគ្នានៅឡើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ និង លោក ថោង ខុន ដែលតែងផ្តល់គំនិត និងចុះពិនិត្យមើលការសាងសង់ពហុកីឡដ្ឋាននេះ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃខាងមុខ នឹងមានថ្នាក់ដឹកនាំចិនចូលរួម

* សម្តេចតេជោ ចាត់ទុកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែប ដែលផ្តល់ដោយ ប្រធានាធិបតីចិន ស៊ី ជិនពីង

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ទំនាក់ទំនងកម្ពុជាចិន កើតឡើងដោយការត្រួសត្រាយផ្លូវរបស់ ព្រះមហាវីរក្សត្រ និងមេដឹកនាំចិនជំនាន់មុន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាបន្តអនុវត្តនយោបាយចិនតែមួយ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តទុកចិត្តគ្នា បន្ថែមលើដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីមូលហេតុដែលជ្រើសរើសគំរូពហុកីឡដ្ឋានជាតិមរតកតេជោ ជារូបសំពៅ

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីនូវប្រសាសន៍របស់ សម្តេចដែលចោទសួរថា បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?

* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើខ្ញុំមានកំហុសទេ ដែលខ្ញុំទៅទំនាក់ទំនងជាមួយចិន ហើយបានសមិទ្ធផលទាំងនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែផ្លូវមានរហូតដល់២៦០០គីឡូម៉ែត្រ ដែលចិនបានជួយ

* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ឥឡូវនេះ បើចិនមិនជួយទេ តើអ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងហើយឬនៅ? ដោយក្នុងនោះមានទាំងកីឡាករ និងអ្នកសារព័ត៌មានដែលបានចាក់ដូសទី៣ហើយ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនដែលទាត់ចោលជំនួយអ្នកណាទាំងអស់ ហើយក៏មិនដែលយកនរណាធ្វើជាសត្រូវដែរ ប៉ុន្តែបញ្ហាគឺនៅត្រង់ថាអត់មានអ្នកជួយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅយប់នេះការចាក់វ៉ាក់សាំងនៅកម្ពុជាអាចឡើងដល់១១.៥លាននាក់

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅលើពិភពលោក គឺកម្ពុជាតែមួយគត់ដែលមានវ៉ាក់សាំងស្រោចក្នុងរាជធានី (តាមសារព័ត៌មានអូស្រ្តាលី) ដែលពេលនេះសូម្បីតែក្រុងប៉េកាំង ក៏មិនទាន់មានការចាក់ស្រោចដូចភ្នំពេញដែរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាខ្ញុំទាក់ទងចិន ទទួលបានជំនួយហើយមានកំហុស សូមអស់លោកបង្ហាញទឡ្ហីករណ៍ឱ្យបានត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិនបានជួយសាងសង់ស្ពានចំនួន៧ហើយ ដោយកំពុងត្រៀមសម្រាប់ស្ពានទី៨ ថែមទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលបន្តិចទៀតនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើជំនួយ២៧០លានដុល្លារអាមេរិកថេមទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានមនុស្សមួយចំនួនមើលមកកម្ពុជា ក្នុងក្រសែភ្នែកមិនត្រឹមត្រូវ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាប្រកាន់គោលនយោបាយសន្តិសហវិជ្ចមាន យើងធ្វើមិត្តជាមួយប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវ លើកលែងតែភេរវករប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ត្រូវបានកសាងដោយ សម្តេចឪ និងមេដឹកនាំចិនជំនាន់មុន ហើយបន្តដោយអ្នកបន្តវេនជំនាន់នេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិន ដែលតាំងគាំទ្រដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មុនចូលកម្មវិធីប្រគល់ និងទទួលនេះ មានមន្រ្តីក្រសួងព័ត៌មានម្នាក់ រកឃើញមានផ្ទុកកូវីដ១៩ ប៉ុន្តែគេមានសភាពស្រាល សឹងតែមិនដឹងខ្លួនផង នេះដោយសារតែការទទួលបានវ៉ាក់សាំង

* សម្តេចតេជោ ថ្លែងថា មិត្តល្អគឺជួយគ្នាក្នុងគ្រាអាសន្ននេះឯង បើមានអាសន្នរត់ចោលគ្នា តើធ្វើជាមិត្តល្អនឹងគ្នាយ៉ាងម៉េច?

* សម្តេចតេជោ បានរំលឹកអំពីទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៩ អំឡុងពេលចិនចាប់ផ្តើមផ្ទុះ រីករាលដាលជំងឺកូវីដ១៩ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងពេលចិនកំពុងមានអាសន្ន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តើយើងខាតបង់អ្វី ដែលយើងកសាងមិត្តចិន ១៤០០លាននាក់ ខណៈប្រទេសយើងមានតែ១៦លាននាក់

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចធ្វើការជាមួយមេដឹកនាំចិនតាំងពីអាយុក្មេងជាងចិន ឥឡូវអាយុច្រើនជាងចិនវិញហើយ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចិនថា ជាប្រទេសធំ តែមិនប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច ដែលសម្តេចសូមសម្តែងនូវការគោរព

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីដើមមក កម្ពុជាបានស្នើចិន ជាអ្នកជួយថែទាំព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រកួតជម្រើសតាមតំបន់រួច

* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងប្រទេស បន្ទាប់ពីមានការប្រកួតជម្រើសតាមតំបន់រួច

* សម្តេចតេជោ ថ្លែងថា ពេលនេះយើងបានប្រែក្លាយជាអតីតតំបន់សមរភូមិ ទៅជាតំបន់អភិវឌ្ឍហើយ ដូច្នេះសន្តិភាពរបស់យើង ត្រូវតែថែទាំ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចទើបទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace អមជាមួយទឹកប្រាក់១លានដុល្លារ ហើយថវិកានេះនឹងត្រូវយកទៅកសាងផ្ទះអតីតយុទ្ធជន

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាបន្តស្វាគមន៍ប្រទេសទាំងអស់ ដែលបរិច្ចាគវ៉ាក់សាំង៌ឱ្យកម្ពុជា ទាំងតាមយន្តការខូវ៉ាក់ ទ្វេភាគី ឬពហុភាគី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវរៀន និងរស់នៅជាមួយកូវីដ១៩ ច្រើនឆ្នាំបន្តទៀត ដោយតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី

* សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱ្យកម្មករ កម្មការិនី ពហុកីឡដ្ឋានជាតិមរតកតេជោ នូវថវិកាម្នាក់១០ម៉ឹនរៀល

* សម្តេចតេជោ ជូនពរទំនាក់ទំនងកម្ពុជា-ចិន ឋិតឋេរជាអមតៈ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ៕

ដោយ៖ Fresh News

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ