សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងAstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដាខាងមុខ

ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១–បើមិនមានការប្រែប្រួលអ្វីនោះទេ វ៉ាកសាំង AstraZeneca ប្រមាណ១លានដូស ដែលជា​ជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ ក្នុងខណៈនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅព្រលានយន្ដហោះ​អន្ដរ​ជាតិភ្នំពេញ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុន​បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែក លើ​​​ស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់ អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន ដែលត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គឺក្រោយពេលដែលការរៀបចំភស្តុភារដោយ COVAX Facility បាន​បញ្ចប់។ ជំនួយនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភ​មួយចំនួនរបស់ប្រជាជន​កម្ពុជា។

បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបាន​ផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាម៉េរិក ដល់កម្ពុជា ដែលរួមមានការផ្ដល់​បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹក ជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹម​ត្រូវផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុនក៏បាន​ផ្ដល់​ជា​កម្ចីប្រមាណ ២២៧ លានដុល្លារ​អាម៉េរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី​ឧបត្ថម្ភ សាច់​ប្រាក់ដល់ប្រជាជន​ដែលរងផល​ប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

សូមរម្លឹកផងដែរថា គិតត្រឹតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦ ២០២ ៤១៤ នាក់។ សម្រាប់ លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦២,០២ភាគរយ៕

ដោយ រិទ្ធី ប្រភព៖ ទទក

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ