សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម លោកជំទាវ ដែលបានចូលរួម(ការថ្លែងសារពិសេសនិងប្រជុំ) តាមរយៈ ZOOM នៅព្រឹកនេះ

ថ្ងៃនេះ យើងប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹង កូវីដ-១៩ តាមរយៈប្រព័ន្ធ ZOOM ដែលអនុញ្ញាតឲ្យយើងធ្វើការប្រជុំពីចម្ងាយ។ ម្យ៉ាងទៀត ខ្ញុំក៏សុំយកការបញ្ជាក់ថា ដោយសារខ្ញុំកំពុងតែជាប់ចត្តាឡីស័ក ថ្ងៃស្អែកទើបធ្វើតេស្តចុងក្រោយ និងថ្ងៃ ០៣ (កក្កដា) ក៏មានណាត់ទទួលភ្ញៀវបរទេសរួចស្រេចទៅហើយ ។ ខ្ញុំគួរតែរង់ចាំ បន្ទាប់ពីការបញ្ចប់នៃចត្តាឡីស័ក ក៏ប៉ុន្តែយើងមិនអាចនឹងបញ្ចប់ត្រឹមនេះបាននោះទេ បើសិនជាយើងនៅរង់ចាំ យើងអាចយឺតពេល។ ថ្ងៃនេះ ក្នុងគណៈកម្មការរបស់យើង (មាន)អវត្តមាន សម្ដេចក្រ​ឡាហោម ស ខេង (ដែល)ត្រូវទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្ទេរអភិបាលខេត្តកំពង់ឆ្នាំង។ ដូច្នេះ អវត្តមាននៅក្នុងគណៈកម្មការរបស់យើងគឺមានចំនួនពីររូប។

“អ្នកគិតពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងប្រសើរជាង”

ការប្រជុំថ្ងៃនេះ ម្ខាងគឺវាយតម្លៃសភាពការណ៍ដែលយើងបានធ្វើកន្លងទៅ តែម្ខាងទៀតគឺដាក់ចេញនូវយុទ្ធសាស្ត្រ ឬក៏គោលការណ៍ (ដែល)យើងនឹងត្រូវអនុវត្តទៅខាងមុខទៀត។ ខ្ញុំគួរតែនិយាយបន្ថែមថា ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមអារាមដ៏អាក្រក់នៅខាងក្រៅ ថាខ្ញុំបានស្លាប់តាំងពីថ្ងៃទី​ ២៣ (មិថុនា) ម៉ោង ៤ ល្ងាចឯណោះ ក្នុងពេលដែលខ្ញុំជាប់ចត្តាឡីស័ក។ ហើយបើទោះបីនៅថ្ងៃ ២៩ កន្លងទៅនេះ ខ្ញុំបានចេញជួបជាមួយនឹងបណ្តាគណបក្សនៅអាស៊ាន ជាមួយនឹងគណបក្សរួបរួមរុស្ស៊ីក៏ដោយ ក៏នៅមានពាក្យចចាមអារាមថា នោះជាវីដេអូក្លែងក្លាយ។ ខ្ញុំមិនចង់ឆ្លើយតបអ្វីទេ ប៉ុន្តែខ្ញុំគ្រាន់តែថាកូនក្មួយទាំងឡាយ អ្នកទាំងឡាយ បើសិនជាគិតអំពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯង វាប្រសើរជាង។ ប្រសិនបើ(មាន)ការស្លាប់(មែន តើ)វាមានការចាំបាច់ ដើម្បីនឹងលាក់សាកសពរបស់ ហ៊ុន សែន ធ្វើអ្វី។ ប្រសិនបើមានការស្លាប់មែននោះ មកដល់ពេលនេះវា ៧ ថ្ងៃបាត់ទៅហើយៗ ប្រហែលជារដ្ឋសភា ក៏ដូចជាព្រះមហាក្សត្រ ព្រះអង្គទ្រង់តែងតាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីនឹងដំណើរការរៀបចំរដ្ឋាភិបាលថ្មីផងដែរ។ ម្យ៉ាងទៀត ខ្ញុំក៏សូមបញ្ជាក់ជូនអ្នកទាំងនោះថា របៀបស្លាប់របស់មេដឹកនាំប្រទេស ហោចណាស់​ត្រូវជូនដំណឹងដល់ប្រជាជាតិឲ្យបានដឹង (ហើយ)ពិធីបុណ្យសពរបស់មេដឹកនាំកម្រិតដូចខ្ញុំនេះ ប្រហែលជាមានកងកិត្តិយសដ៏ច្រើនមកអមសាកសពរបស់ខ្ញុំ ហើយប្រហែលជានាយករដ្ឋមន្ត្រីថ្មី ឬក៏គណៈកម្មការបុណ្យ រៀបចំឲ្យមានការទម្លាក់ទង់ជាតិពាក់កណ្តាលដង ក៏អាចថាបាន។ នេះទៅតាមអ្វីដែលជាទម្លាប់នៃមេដឹកនាំនៃគ្រប់ប្រទេស។

សមរភូមិ ៣ ក្នុងសង្គ្រាម កូវីដ-១៩៖ ទប់ការនាំចូល ទប់ស្កាត់ការឆ្លង និងព្យាបាលឲ្យសះស្បើយ

ខ្ញុំមិនបន្តនូវរឿងខ្ញុំស្លាប់ទៀតទេ ដោយសារខ្ញុំកំពុងតែរស់។ អ្វីដែលខ្ញុំចង់និយាយ ទាក់ទិនជាមួយនឹង កូវីដ-១៩ (គឺ)ខ្ញុំគួរតែបកក្រោយបន្តិច ដើម្បីនឹងឲ្យឯកឧត្តម សម្តេច ឯកឧត្តម លោកជំទាវ វិលមើលទៅខាងក្រោយ ពីពេលដែលយើងចាប់ផ្តើម។ ខ្ញុំបានប្រកាសថា យើងត្រូវប្រយុទ្ធលើសមរភូមិបី ដែលសមរភូមិទីមួយ គឺទប់ស្កាត់ការនាំចូល សមរភូមិទីពីរ គឺទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ឯសមរភូមិទីបី គឺព្យាបាលឲ្យជាសះស្បើយចំពោះអ្នកដែលបានឆ្លង។ យើងត្រូវពិនិត្យមើលទៅលើសមរភូមិទាំងបី ដែលយើងបានរួមគ្នាប្រយុទ្ធ។ យើងបានខិតខំធ្វើការល្អ ក្នុងរយៈពេលជាងមួយឆ្នាំ។ បើគិតពីថ្ងៃ ០១ មករា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ មានរយៈពេល ១៨ ខែគត់ ដែលយើងបានខិតខំ។ ក្នុង(នោះ)រយៈពេល ១៤ ខែ យើងបានគ្រប់គ្រងសភាពការណ៍ដ៏ល្អ ក្នុងនោះការទប់ស្កាត់ការនាំចូលមួយករណី ដែលបានកើតឡើង ដែលហៅថាព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលពេលនោះខ្ញុំក៏ត្រូវបង្ខំធ្វើចត្តាឡីស័ក។

បន្ថែមលើនោះ ព្រឹត្តិការណ៍នាវា Westerdam ក៏មិនមែនជាព្រឹត្តិការណ៍តូចតាចទេ ដែលអាចចាត់ទុកថាពេលនោះមានហានិភ័យខ្ពស់ណាស់ សម្រាប់ប្រទេសរបស់យើង។ ចាត់ទុកថាជាការនាំចូលដ៏ធំ ប៉ុន្តែដើម្បីជីវិតមនុស្សរាប់ពាន់នាក់នៅលើនាវា យើងសុខចិត្តទទួលយកនូវការលំបាកនេះ ហើយទឹកចិត្តសប្បុរសរបស់កម្ពុជាបានធ្វើឲ្យអ្នកទាំងនោះរួចផុតពីការនៅតែលតោលនៅក្នុងសមុទ្រដោយគ្មានទិសដៅពិតប្រាកដ។ កម្ពុជាក៏បានជៀសផុតអំពីការឆ្លងដោយនាវានោះ។ ពិតមែនហើយ ការនាំចូលក៏នៅមាន ដែលភាគច្រើនគឺជាជនជាតិបរទេស ហើយជាព្រឹត្តិការណ៍ដ៏ធំ ដែលលើកដំបូងគឺជាព្រឹត្តិការណ៍ជនជាតិអង់គ្លេស ជនជាតិបារាំង ជនជាតិអាមេរិក ដែលមកតាមនាវាទេសចរវៀតណាមចូលមកកាន់កម្ពុជា។ នេះជាព្រឹត្តិការណ៍ធំមួយ ដែលនាវានោះបានធ្វើដំណើរទៅដល់កំពង់ចាម ហើយអ្នកកើត កូវីដ-១៩ នៅទីនោះក៏បានព្យាបាលនៅខេត្តកំពង់ចាម។​

បន្ទាប់ទៅ (ក៏មាន)ព្រឹត្តិការណ៍នៃការឆ្លងនាំចូលដោយក្រុមទេសចរជនជាតិបារាំងជាង ៣០ នាក់ ប៉ុន្តែ យើងនៅតែទប់ស្កាត់បាន និងព្យាបាលឲ្យពួកគាត់បានជាសះស្បើយ ហើយវិលត្រឡប់ទៅប្រទេសវិញ។ សម្រាប់ព្រឹត្តិការណ៍សហគមន៍វិញ យើងបានកើតព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ប៉ុន្តែយើងក៏បានបិទ បញ្ចប់នៅព្រឹត្តិការណ៍នោះនៅក្នុងថ្ងៃទី ២៩ ខែធ្នូ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ដែលពេលនោះគឺមាន អ្នកឆ្លង កូវីដ-១៩ ត្រឹមតែ ៤១ នាក់ ហើយពុំមានអ្នកស្លាប់នោះទេ។ នេះចាត់ទុកថាការឆ្លងរាលដាលរលកទី ១ នៅកម្ពុជា។ ជាអកុសល ចុងក្រោយនេះ មេរោគបំប្លែងខ្លួនថ្មីបង្កាត់ពូជនៅអង់គ្លេស «អាល់ហ្វា» ដែលមានកម្រិតឆ្លងរាលដាលយ៉ាងលឿន បានធ្លាយរាលដាលចូលមកក្នុងសហគមន៍ ដែលយើងដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នេះជារលកទី ២ ដែលធ្វើឲ្យប្រទេស យើងមានការឆ្លងយ៉ាងលឿន និងមានចំនួនស្លាប់យ៉ាងច្រើន។ គិតត្រឹមពីម្សិលមិញនេះ យើងមានអ្នកឆ្លងរហូតទៅដល់ ៥៣,០៨៥ នាក់ ជាមួយនឹងអ្នកស្លាប់ចំនួន ៦០២ នាក់។ យោងតាមតួលេខដែលត្រូវប្រកាសចេញនៅថ្ងៃនេះ យើងមានចំនួនអ្នកឆ្លងជិត ១០០០ នាក់ទៀត គឺ ៩៩៩ នាក់ សល់តែ ១ នាក់ ទៀតគ្រប់ ១០០០ នាក់ ។ ថ្ងៃនេះ យើងនឹងមានចំនួនអ្នកឆ្លងជិត ១០០០ នាក់បន្ថែម។ មិនទាន់បានដឹងអំពីចំនួនអ្នកស្លាប់នៅឡើយទេ។ ជាទម្លាប់របស់យើងគឺ រកឃើញថ្ងៃម្សិលគឺត្រូវប្រកាសនៅថ្ងៃនេះ រកឃើញថ្ងៃនេះនឹងប្រកាសនៅថ្ងៃស្អែក ហើយចំនួនឆ្លងច្រើនបំផុតគឺចំនួនឆ្លងពីម្សិលម្ង៉ៃ ដែលប្រកាសនូវតួលេខកាលពីម្សិលម៉ិញនេះ ដែលមាន ១១៣០ នាក់ និងចំនួនអ្នកស្លាប់ ២៧ នាក់ … ព្រឹត្តិការណ៍ទាក់ទិនជាមួយនឹងរលកទី ២ ដែលមេរោគបំប្លែងពីអង់គ្លេសចូលមកកាន់កម្ពុជា បញ្ហាវាបានកើតបែបនេះរួចស្រេចទៅហើយ។ ជាមួយនេះ យើងកំពុងតែឃើញថា វត្តមាននៃមេរោគថ្មីដែលមានប្រភពពីឥណ្ឌា ក៏បានចូលមកបណ្តាប្រទេសជិតខាងយើង ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ ដែលហៅថា «ដែលតា»។ ឯ «ដែលតា» នេះទៀតសោត ឥឡូវនេះគឺមាន «ដែលតា» ធម្មតា និង «ដែលតាបូក»។ អញ្ចឹងទេ វាអាចនឹងចាប់ផ្តើមនូវរលកទី ៣ ប្រសិនបើយើងមិនយកវិធានការទាន់ពេលវេលាទេនោះ។

ស្ថានភាពជំងឺ កូវីដ-១៩ នៅប្រទេសជិតខាង, ការពារជីវិតប្រជាជន និងសុខភាពសាធារណៈ

នេះជាការបារម្ភយ៉ាងធំ។ មិនគ្រាន់តែកម្ពុជានោះទេ នៅលើពិភពលោកទាំងមូល វាក៏នឹងមានបញ្ហានេះដូចគ្នា។ ឥឡូវ បណ្តាប្រទេសអាស៊ាន គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដូចៗគ្នា គ្រាន់តែមានលក្ខណៈប្លែកគ្នា(អំពី)ទំហំប្រជាជនតែប៉ុណ្ណោះ។ ឧទាហរណ៍ ឥណ្ឌូនេស៊ីសព្វថ្ងៃនេះ ក្នុងមួយថ្ងៃរកឃើញជាង ២ ម៉ឺននាក់ និងចំនួនអ្នកស្លាប់រាប់រយនាក់។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើងបានបិទប្រទេស ក៏ប៉ុន្តែការបិទប្រទេសនោះ គឺពុំបាននាំមកការថយចុះនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ទេ។ សូម្បីតែនៅជុំវិញយើង ឡាវ(ដែល)ចាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ ក៏ប៉ុន្តែឡាវក៏បានឆ្លងចូលក្នុងសហគមន៍រួចស្រេចទៅហើយៗ ដែលបិទទីក្រុងវៀងចន្ទន៍ និងតំបន់ផ្សេងៗទៀត។ ម្សិលមិញនេះ ឡាវក៏នៅមានឆ្លងរហូតទៅដល់ ២០ នាក់។ សម្រាប់វៀតណាម ម្សិលមិញនេះ ឆ្លងរហូតទៅដល់ ៤៥០ នាក់។ វៀតណាម ក៏ធ្លាប់មានថ្ងៃឆ្លងរហូតទៅដល់ជាង ៨០០ នាក់ក្នុងមួយថ្ងៃ។ ម្សិលមិញនេះគឺមាន ៤៥០ នាក់ ដែលជាងពាក់កណ្តាលគឺកើតនៅទីក្រុងហូជីមិញ។ ព្រឹកមិញ ខ្ញុំឃើញអក្សររត់នៅក្នុង BTV ចំនួនឆ្លងថ្មី ក្នុងមួយយប់មិញនេះ នៅវៀតណាមឆ្លង ១៨៩ នាក់។ សម្រាប់ថៃវិញ … ពីម្សិលមិញ ឆ្លងចំនួន ៤,៨៨៦ នាក់ និងស្លាប់ ៥៣ នាក់។ ឯសម្រាប់យើង បានជម្រាបខាងលើហើយ ឆ្លង ១១៣០ នាក់ ស្លាប់ ២៧ នាក់។ ដូច្នេះ នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាដែលមិនទាន់ឆ្លងក្នុងសហគមន៍ទេ។ ប្រហែលជាកូរ៉េខាងជើងដែលចាត់ទុកថាគ្មាន ឥឡូវនេះប្រហែលជាមានរួចស្រេចទៅហើយ បានជាឃើញមានព័ត៌មានចេញមកថា មានការដកចោលនូវមន្ត្រីមួយចំនួន បណ្តាលមកពីការធ្វេសប្រហែសក្នុងការប្រយុទ្ធនឹង កូវីដ-១៩។ ស្ថានភាពនេះ បានដាក់ឲ្យយើងនូវកម្រិត(ប្រឈម) ដែលក្នុងរយៈពេលកន្លងទៅ តាមរយៈរលកទី ២ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ យើងបានដាក់ចេញនូវការរៀបចំច្បាប់សម្រាប់ប្រយុទ្ធនឹងការរីករាលដាលនៃ កូវីដ-១៩ ព្រមទាំងអនុក្រឹត្យពាក់ព័ន្ធផ្សេងទៀត ដែលមានគោលដៅធំបំផុតគឺខិតខំដើម្បីការពារជីវិត​ប្រជាជន និងសុខភាពសាធារណៈ។

ការបិទក្រុង ត្រូវប្ដូរពីការឧបត្ថម្ភសាច់ប្រាក់ ទៅការផ្គត់ផ្គង់ស្បៀងអាហារដល់ ៤០ ម៉ឺនគ្រួសារ

យើងក៏បានចាត់វិធានការ​ផ្សេង​ទៀតក្នុងការប្រយុទ្ធជាមួយនឹងជំងឺនេះ​ ដែលរាប់ទាំងការបិទ​ទីក្រុង​ភ្នំពេញ និងតាខ្មៅ ក៏​ដូច​ជាការ​បិទការឆ្លងពីខេត្តមួយទៅខេត្តមួយ​។ ការបិទនោះបានជួយយើង​ជំនះបានការរីករាលដាល​ក្នុង​ទ្រង់ទ្រាយធំដ៏គំហុក​ ដោយសារតែលំហូរមនុស្សក្នុងរយៈ​ពេលនៃ​ការចូលឆ្នាំ។​ យើងពិតជាយល់​ដឹងអំពីការលំបាកនៃការបិទទីក្រុង។ វាមិនមែនជាការងាយស្រួល​ទេ។ ពេលនោះ យើងគ្រោង​បើក​ប្រាក់​ឧបត្ថម្ភជូនពលរដ្ឋរបស់យើង​ ក៏ប៉ុន្ដែបើទោះជាយើងយកប្រាក់​ទៅឲ្យគាត់ ក៏គាត់មិនដឹង​ទៅ​ទិញអីវ៉ាន់ពីណាដែរ​ ព្រោះយើងបិទមិនឲ្យគាត់ចេញពីផ្ទះទៅហើយ​។ ទីចុងបំផុត យើង​សម្រេច​ផ្គត់​ផ្គង់ស្បៀងសម្រាប់ជាង ៤០ ម៉ឺនគ្រួសារ​ ដើម្បីឲ្យពួក​គាត់ចិញ្ចឹមខ្លួន​ក្នុងពេលវេលាដែល​ពួកគាត់​មិនអាចចេញពីផ្ទះ នៅក្នុងតំបន់បិទខ្ទប់។ ​បន្ទាប់ទៅ ពេលនេះម៉ោងនេះ យើងកំពុងផ្ដល់​បន្ថែមនូវសាច់ប្រាក់ជូនពួកគាត់ បន្ថែមទៅដោយ​ក្រុមគ្រួ​សារមួយចំនួន យើងជួយចេញ​ថ្លៃទឹក​ថ្លៃ​ភ្លើងតាមការដែលបានកំណត់រួចហើយ។ យើងបានប្រើកម្លាំង​អន្ដរាគមន៍​រាប់​ពាន់​​​នាក់ ដើម្បីយក​ស្បៀងអាហារ​ទៅចែកជូន​ប្រមាណជា ៤០ ម៉ឺន គ្រួសារ​។ ការចែក​អង្ករ ស្បៀងអាហារ វាមិនស្រួលដូច​ការបើកប្រាក់​ឧបត្ថម្ភតាមរយៈភ្នាក់ងារវីង ឬកន្លែងបើកយកលុយ​ផ្សេងៗទេ។

ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ក៏ដូចជាកម្មករ រយៈពេល ៣ ខែបន្ដ

ឥឡូវនេះ យើងបន្ដឧបត្ថម្ភ​ប្រជា​ពលរដ្ឋក្រីក្រ​របស់យើង ក៏ដូចជាកម្មករ​ដែលបាត់បង់ការធ្វើរហូត ៣ ខែ ទៅមុខទៀត។ យើងបានចំណាយក្នុង ១ ខែ ប្រមាណជាង ៤០ លានដុល្លារអាមេរិក ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ​ប្រមាណ ៧០ ម៉ឺនគ្រួសារ បូកទាំងកម្មករដែលបាត់បង់ការងារធ្វើ ដែលរដ្ឋជួយចិញ្ចឹម ៤០ ដុល្លារ ក្នុងមួយខែ បូកទាំងថៅកែផ្ដល់សម្រាប់ ៣០ ដុល្លារ ក្នុងមួយខែ សរុបពួកគាត់ទទួលបាន​ ៧០ ដុល្លារក្នុងមួយខែ។ ដោយឡែក សម្រាប់កម្មករក្នុងសេវាកម្មទាក់ទងនឹងវិស័យសណ្ឋាគារ បានតែ ៤០ ដុល្លារ ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ នេះជាការប្រឹងប្រែងមួយ ហើយចាត់ទុកថា ភ័ព្វ​សំណាងមួយដែរ​ ដែលយើងបានសន្សំសាច់ប្រាក់បានជាង ៣ ពាន់លានដុល្លារ​ សម្រាប់ប្រើ​ប្រាស់​ប្រើក្នុងអន្ដរាគមន៍លើវិស័យសង្គមនេះ។ មកដល់ពេលនេះ យើងចាយអស់ច្រើនមក​ហើយ ក៏ប៉ុន្ដែ​យើងមិនទាន់ក្លាយជារដ្ឋក្ស័យធន រហូតទៅដល់មិនមានប្រាក់បើកបៀវត្ស(មន្ដ្រី​រាជការ) ដូចការ​ឃោសនា​អកុសលរបស់ជនមួយចំនួននោះទេ។ មន្ដ្រីរាជការ កងកម្លាំងប្រដាប់​អាវុធ ក៏នៅបើក​បៀវត្សបានក្នុង ២ អាទិត្យម្ដង ដែលមានសាច់ប្រាក់គ្រប់គ្រាន់។

ថវិកាសប្បុរសជនសំរាប់ទិញវ៉ាក់សាំងមានជាង ១៣០ លានដុល្លារ

បន្ថែមលើនោះ យើងក៏បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលខ្ញុំនឹង​និយាយលំអិត​ទាក់​ទង​នឹងយុទ្ធសាស្ដ្រ(អំពីវ៉ាក់សាំង)នៅភាគខាងក្រោម។ ក៏ប៉ុន្ដែ ខ្ញុំគ្រាន់តែសូម​ជម្រាប​ជូនឲ្យបានជ្រាបថា តាមរយៈព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាហ្លួងម៉ែ ​និងសប្បុរសជន បងប្អូនជនរួមជាតិ ក្នុងរយៈពេល​កន្លងទៅមាន (ថវិកាឧបត្ថម្ភដោយសប្បុរសជនសំរាប់វ៉ាក់សាំងមាន)រហូតទៅដល់ ១២២ ២៣៦ ៥៧៥ ដុល្លារ ក្នុងនោះ ជំនួយលើកទី ១ មាន ១ ៨៥៣ ៤៨៨ ដុល្លារ, លើកទី ២ មាន ៣៣ ៧៣៤ ៨៣០ ដុល្លារ, ​លើកទី ៣ ការទិញវ៉ាក់សាំង ៥៧ ២៤៨ ០៥៧ ដុល្លា លើកទី ៤ ទិញមន្ទីរពេទ្យ ដែលសព្វថ្ងៃ ហៅ​ថាមន្ទីរពេទ្យហ្លួងម៉ែ ១៥ ៤០០ ៣០០ និងលើកចុងក្រោយនេះ លោកឧកញ៉ា គិត ម៉េង លោកឧកញ៉ា ​លាង ​ឃុន ក្រុមហ៊ុន ជីប ម៉ុង និងលោកឧកញ៉ា ថោង សារ៉ាត់ (បានរួមចំណែក) ៥ ០៥០ ០០០ សម្រាប់ការទិញឧបករណ៍ធ្វើតេស្ដរហ័ស។ នេះជាការរួមចំណែកដ៏ធំរបស់ប្រជាជនយើង ក្នុង​ការ​ប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ដែលចាប់ផ្ដើមតាំងពីតាំងពីព្រះមហាក្សត្រ … ក្រៅ​ពីនោះ នៅមានការបរិច្ចាគជាបៀវត្សរបស់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទទួលបាន​ជា​ប្រាក់រៀលចំនួនជាង ៥០ ពាន់លានរៀល ប្រមាណជាង ១២ លានដុល្លារ។ ដូច្នេះ បើយើងគិត​ទៅយើងទទួលនូវការឧបត្ថម្ភ ចូលរួមពីសំណាក់ព្រះមហាក្សត្រ មហាក្សត្សយានី ព្រះសង្ឃ មន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនជនរួមជាតិ ប្រមាណជាង ១៣០ លានដុល្លារសហរដ្ឋអាមេរិក។ នេះជាទឹកចិត្តដែលធ្វើឲ្យបង្កើតបាន​នូវចលនា​ជាតិប្រឆាំងជាមួយ​ កូវីដ-១៩។ អាចចាត់ទុកថានេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់យើង ដែលបាន​ដោះស្រាយបញ្ហាប្រឈម បាននិងកំពុងកើតឡើងក្នុងប្រទេសរបស់យើង។

ឥឡូវ យើងពិនិត្យវាយតម្លៃ តើព្រឹត្តិការណ៍ ២០ កុម្ភៈ អាចបិទបញ្ចប់បានឬទេមុននឹងបន្ដ ខ្ញុំសូមនិយាយបន្ដិចថា នៅពេលខ្ញុំថ្លែងយោបល់នេះ ខ្ញុំអនុញ្ញាតឲ្យផ្សាយផ្ទាល់នៅគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍។ បន្ទាប់ពីការថ្លែងរបស់ខ្ញុំ … យើងនឹងបិទការផ្សាយផ្ទាល់ ហើយពិភាក្សាបន្ថែមទៀត។

យុទ្ធសាស្ដ្រឬជាគោលការណ៍ បន្ថែមជាវិធានការមួយចំនួន សម្រាប់ការអនុវត្តនៅពេលខាងមុខ

បញ្ហាដែលគេត្រូវចោទសួរគឺថា តើកូវីដ-១៩ វាផុតរលត់នៅពេលណា? (មិនមាន)ការសង្ឃឹមថាកូវីដ-១៩ វាផុតរលត់ក្នុងរយៈពេលដ៏ខ្លីនោះទេ។ ប្រហែលជាវានៅជាមួយយើងក្នុងរយៈពេលយូរ ប្រៀប​ដូច​ជា​គ្រុនផ្ដាសាយធំ ដែលវាតែងតែកើតសម្រាប់មនុស្ស។ ដូច្នេះ យើងត្រូវបន្ដការខិតខំ ជាមួយវិធានការ​ថ្មីៗទៀត។ ថ្ងៃនេះ ខ្ញុំសូមលើកជូននូវយុទ្ធសាស្ដ្រ ឬគោលការណ៍ (ហៅថាយុទ្ធសាស្ដ្រ​ក៏បាន គោលការណ៍ក៏បាន) សម្រាប់ដាក់ការអនុវត្ដនៅពេលខាងមុខ។ សម្ដេច ឯកឧត្ដម លោកជំទាវ(អាច)នឹងបន្ថែមតទៅទៀត ទាក់ទិនជាមួយនឹងបញ្ហាទាំងឡាយ ដែលខ្ញុំលើកឡើង តើ​យើងគួរបន្ថែមអ្វីទៀត? ពិតមែនហើយ ជាមួយនឹងរចនាសម្ព័ន្ធកែសម្រួលថ្មី យើងមាន​អនុគណៈ​កម្មការ គណៈកម្មការប្រតិបត្ដិ (ដែល)សុទ្ធតែបានធ្វើការប្រជុំដាក់​ផែន​ការ​។ ថ្ងៃនេះ ខ្ញុំចង់ទាក់ទាញការយកចិត្តទុកដាក់ជាមួយនឹងការដាក់ចេញនូវក្របខណ្ឌយុទ្ធ​សាស្ដ្រ​ឬជាគោលការណ៍​ផង និងបន្ថែមជាវិធានការមួយចំនួនផង ហើយសង្ឃឹមថា​សម្ដេច ​ឯកឧត្តម លោកជំទាវ នឹងបំពេញបន្ថែមជាមួយនឹងអ្វីដែលខ្ញុំដាក់ចេញ។

យុទ្ធសាស្ដ្រទី ១ បន្ដការទប់ស្កាត់ការនាំចូលកូវីដ១៩ បំលែងថ្មី។ កន្លងទៅការនាំចូលដោយកូវីដ-១៩ ធម្មតា បន្ទាប់ទៅកូវីដ១៩ ដែលហៅថា​ជាកូវីដអង់​គ្លេស ប៉ុន្ដែឥឡូវនេះ ដែលគេចាត់ទុកថាគ្រោះថ្នាក់បំផុតនៅលើពិភពលោកគឺ Delta មានប្រភព​ពី​ឥណ្ឌា។​ (មេរោគបម្លែង)មកពីអង់គ្លេស ចំលងរហ័ស ប៉ុន្ដែ(មេរោគ)មកពីឥណ្ឌានេះ គេចាត់ទុកថាមាន​ល្បឿនកាន់តែលឿន(ថែមទៀត)។ ដូច្នេះ បានជាយើងត្រូវដាក់ចេញនូវយុទ្ធសាស្ដ្របន្ដការទប់ស្កាត់​ការ​នាំចូលនូវកូវីដបំលែងថ្មី តាមវិធានការ ៥ យ៉ាង។ ខ្ញុំដាក់ចេញ ទាំងយុទ្ធសាស្ដ្រហើយ ចង្អុលវិធានការ​ដើម្បី សម្ដេច ឯកឧត្តម លោកជំទាវ យកទៅធ្វើ។

វិធានការទី ១ ពង្រឹងការគ្រប់គ្រងច្រកចេញចូល ទាំងព្រំដែនទឹក គោក និង អាកាស។ ត្រូវ​យកចិត្ត​ទុកដាក់ធ្វើការងារនេះឲ្យបានម៉ត់ចត់។ (តាម)ព្រំដែនគោក យើងបានធ្វើនៅពេលដែលប្រទេសថៃផ្ទុះ(លើក)មុន យើងបានពង្រាយតំបន់ការធ្វើចត្ដាឡីស័ក។ នៅពេលវៀតណាមផ្ទុះកាលពីខែមករា យើងបានពង្រឹង​ការ​ធ្វើចត្តាឡីស័កជាមួយវៀតណាម។ ដោយឡែកជាមួយឡាវ គ្មានបញ្ហាធំដុំទេ។ តាមរបាយការណ៍ សព្វ​ថ្ងៃនេះ គឺពុំមានអ្នកឆ្លងកាត់ចុះឡើងទេ(ព្រំដែនកម្ពុជា-ឡាវ)។ ប៉ុន្ដែ មេរោគនេះ វានៅប្រទេសថៃ និង​ប្រទេសវៀតណាម ហើយប្រទេស​វៀតណាមក្នុងប៉ុន្មានថ្ងៃនេះ វាបានរាលដាល មកដល់​ព្រំដែនជា​មួយកម្ពុជាហើយ។ ផ្ទុះនៅទីក្រុងហូជីមិញ។ ស្ថានភាពនៅហូជីមិញ មិនខុសពីស្ថានភាពនៅ​កម្ពុជាទេ។ ចាប់ផ្ដើម​ពីការផ្ទុះ ៤ ទៅ ៥ នាក់ ៤ ទៅ ១០ នាក់ វៀតណាមបានឆ្លងក្នុងទីក្រុង​ហូជីមិញ មានក្នុងមួយថ្ងៃនោះប្រមាណជិត ៥០០ នាក់។ ដូចនេះ ការពន្លត់ការឆ្លងក្នុងទីក្រុងមាន​ការ​លំបាកណាស់។ ប៉ុន្ដែ យើងរង់ចាំរៀនសូត្របទពិសោធន៍ពីវៀតណាមនៅក្នុងការគ្រប់គ្រងការផ្ទុះនៅទី​ក្រុងហូជីមិញលើកនេះ ដែលគាត់មានផែនការយកសំណាកក្នុងមួយថ្ងៃ ៥ ម៉ឺននាក់។ បើវៀតណាមអាចគ្រប់គ្រងបាន យើងក៏អាចរៀនសូត្រពិសោធន៍។

ប៉ុន្តែ អ្វីដែលជាកង្វល់ធំសំខាន់សម្រាប់យើង គឺព្រំដែនកម្ពុជា-ថៃ ដែលបញ្ហាសំខាន់មិនមែនជនជាតិថៃចូលមកកម្ពុជាទេ គឺកម្មករកម្ពុជាយើងដែលទៅការនៅក្នុងប្រទេសថៃនោះ។ ការភ័យខ្លាចគឺការត្រឡប់ចូលមកកម្ពុជាវិញ។ អស់ការងារធ្វើ ត្រឡប់ចូលមកកម្ពុជាវិញ។ មុននេះយើងឱ្យធ្វើចត្តាឡីស័កនៅទល់ដែន ប៉ុន្តែក្រោយមក យើងបានឱ្យធ្វើការវាស់កម្ដៅ ធ្វើការពិនិត្យ រួចហើយយើងដឹកជញ្ជូនមកឱ្យធ្វើចត្តាឡីស័កនៅខាងក្នុង។ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ យើងមិនអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅខាងក្នុងទេ ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់។ នេះគឺជាចំណុចត្រូវយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងព្រំដែនថៃ ដែលត្រូវពង្រឹងឡើងវិញនូវកន្លែងធ្វើចត្តាឡីស័ក។ ខ្ញុំនឹងនិយាយនៅខាងក្រោមបន្ថែមទៀត។

ព្រំដែនជាមួយវៀតណាម ពលរដ្ឋកម្ពុជាយើងមិនសូវឆ្លងទៅវៀតណាមទេ។ អ្វីដែលជាបញ្ហាគឺអាណិកជនវៀតណាមឆ្លងពីកម្ពុជាចូលទៅវៀតណាម ហើយបន្ទាប់ទៅអាណិកជនវៀតណាមរូបនេះ ក៏ឆ្លងចូលមកកម្ពុជាវិញ ដែលវាអាចជាការនាំជំងឺទៅ និងនាំជំងឺមក។ ដូច្នេះបានជានៅក្នុងពេលពិភាក្សារវាងនាយករដ្ឋមន្រ្តីវៀតណាមជាមួយខ្ញុំ នៅឯទីក្រុងហ្សាកាតា (យើង)បានឯកភាពគ្នាពង្រឹងការគ្រប់គ្រងតាមព្រំដែន។ ថ្ងៃមុន បានជួបគ្នាតាមទូរស័ព្ទក៏បាននិយាយគ្នារឿងនេះ ធ្វើម៉េចគ្រប់គ្រងនៅក្នុងពេលនេះ។ អញ្ចឹង នៅក្នុងតំបន់ដែលមានអាណិកជនវៀតណាមរស់នៅ សូមប្រាប់ពួកគេថា ផ្អាកការឆ្លងដែនទៅវៀតណាម។ និយាយត្រង់ៗ ចំពោះអាណិកជនវៀតណាមនៅកម្ពុជា ឱ្យផ្អាកការធ្វើដំណើរសិន ព្រោះធ្វើដំណើរទៅ ត្រូវធ្វើចត្តាឡីស័កក្នុងទឹកដីវៀតណាម ១៤ ថ្ងៃ ទៅសួរសុខទុក្ខគ្រួសារទៅ រួចហើយត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅកម្ពុជាក្នុងរយៈពេល ១៤ ថ្ងៃទៀត។

ជនជាតិកម្ពុជាគ្មានការចាំបាច់ កុំឱ្យឆ្លងដែន ទាំងទៅព្រំដែនជាមួយនឹងថៃ ឆ្លងចូលប្រទេសថៃ ឬឆ្លងចូលប្រទេសវៀតណាម ឆ្លងចូលប្រទេសឡាវ។ សូមឱ្យពង្រឹងការគ្រប់គ្រង។ បើគ្មានការចាំបាច់កុំឱ្យឆ្លង។ គ្មានប្រទេសណាមួយមានសុវត្ថិភាពទេ ប្រសិនបើប្រទេសទាំងអស់អត់មានសុវត្ថិភាព។ យើងមិនអាចមានសុ​វត្ថិ​ភាពតែម្នាក់ឯងទេ ប្រសិនបើថៃ ឡាវ និងវៀតណាម មិនមានសុវត្ថិភាព។ វៀតណាមក៏មិនអាចមានសុវត្ថិ​ភាពដែរ ប្រសិនបើកម្ពុជាមិនមានសុវត្ថិភាព។ មិនអាចនិយាយថា កម្ពុជាចម្លងជំងឺទៅវៀតណាម ឬវៀតណាមចម្លងជំងឺមកកម្ពុជា ឬថៃចម្លងជំងឺមកកម្ពុជា ឬកម្ពុជាចម្លងជំងឺទៅថៃ ឬឡាវចម្លងជំងឺមកកម្ពុជា ហើយកម្ពុជាចម្លងជំងឺទៅឡាវ មិនអាចនិយាយភាសាហ្នឹងបានទេ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសឱ្យគ្នាទេ គឺជាពេលសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។

ការងាយស្រួលរបស់យើងគឺការគ្រប់គ្រងតាមព្រំដែនអាកាសវិញទេ ព្រោះអ្នកដែលធ្វើដំណើរតាមយន្តហោះចុះនៅពោធិចិនតុង ឬនៅខេត្តព្រះសីហនុ ឬចុះនៅសៀមរាប សុទ្ធតែមានកន្លែងធ្វើចត្តាឡីស័ក និងយកសំណាកបានត្រឹមត្រូវ។ ប៉ុន្តែ អ្វីដែលយើងព្រួយបារម្ភ គឺព្រំដែនគោក ហើយក៏មានផ្នែកខ្លះនៃការយកចិត្តទុកដាក់នៅព្រំដែនទឹក ដែលនៅពេលផ្ទុះនៅខាងវៀតណាម ខ្ញុំបានឱ្យបទបញ្ជាទៅកំពត ទៅកែប ទៅខេត្តព្រះសីហនុ ឱ្យយកចិត្តទុកដាក់ល្បាត ក្រែងលោមានការលួចឆ្លងដែនតាមព្រំដែនទឹក។ ឥឡូវវៀតណាមក៏បានបង្កើតកម្លាំងល្បាតសម្រាប់ការលួចឆ្លងដែនដូចគ្នា។ អញ្ចឹងគឺជួយគ្នាទៅវិញទៅមកទប់ស្កាត់​។ ហ្នឹងគឺជាវិធានការទី ១ គឺពង្រឹងការគ្រប់គ្រងការចេញចូលតាមព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងព្រំដែនអាកាស។

វិធានការទី ២ ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន។ ថ្ងៃនេះយើងនិយាយពីការធ្វើតេស្តរហ័សឱ្យច្រើនបន្តិច។ ខ្ញុំយកការសម្រេចដោយការទទួលខុសត្រូវចំពោះមុខប្រជាជាតិកម្ពុជា ដោយមិនទុកឱ្យផ្នែកសុខាភិបាល ពាំជាប់ជាមួយនឹងសតិអារម្មណ៍អភិរក្សនិយម គ្មានការប្រែប្រួលនោះទេ។ ខ្ញុំត្រូវយកការទទួលខុសត្រូវ ជាអ្នកទទួលខុសត្រូវលើនយោបាយទូទៅទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ត្រូវតែផ្ដល់មធ្យោបាយនៃការធ្វើតេស្តរហ័ស។ គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានប្រដាប់ធ្វើតេស្តរហ័ស។ ក្រៅពីការធ្វើតេស្តរហ័ស នៅករណីសង្ស័យត្រូវធ្វើតេស្តដោយម៉ាស៊ីនធំ គេហៅ PCR ដែលនៅបាត់ដំបងក៏មាន នៅសៀមរាបក៏មាន នៅទីនោះដែលយើងបានពង្រាយឱ្យដំណើរការ។

អញ្ចឹង ក្រសួងសុខាភិបាលត្រូវមានការទទួលខុសត្រូវឱ្យច្បាស់ អត់មានគេឡើងមកសុំម្ដង ២ ០០០ ឱ្យគេ ១ ០០០ អីទេ។ ថ្ងៃមុន ខ្ញុំទូរស័ព្ទទៅលើកជំទាវ យក់ សម្បត្តិ ប្រាប់ថា “ខ្ញុំឱ្យទិញយកមក មិនមែនឱ្យដេកឱបទេ”។ ខ្ញុំទូរស័ព្ទទៅតាមខេត្តៗ ទាំងប៉ុន្មានថ្ងូរឱ្យរហ៊ឹះ សុំ ៣ ០០០ ឱ្យ ១ ០០០, សុំ ២ ០០០ ឱ្យ ១ ០០០។ ពីរតនគិរីឡើងមក យកបានត្រឹម ១ ០០០។ ក្រសួងឱ្យ តែម្ចាស់ឃ្លាំងនោះវាយ៉ាប់ទៅទៀត។ បានខ្ញុំបញ្ជា មួយខេត្តហោចណាស់ឱ្យ ១ ម៉ឺន។ ឥឡូវ ស្ថិតិនៅក្នុងឃ្លាំង ឧបករណ៍តេស្តរហ័សហ្នឹងនៅសល់ក្នុងឃ្លាំងចំនួន ១ ១៤៤ ៤៥០ ហើយនៅសល់ ១ លានទៀត នឹងដឹកមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ និង ៣ សែនទៀត ស្តុកយុទ្ធសាស្រ្តរបស់ខ្ញុំ។ ដូច្នេះ គ្មានរឿងអីដែលត្រូវនិយាយរឿងបញ្ហា។ ខ្ញុំបានប្រាប់លោកជំទាវ យក់ សម្បត្តិ ថា ធ្វើរបៀបនេះវាមិនខុសពីការឱ្យកងទ័ពទៅច្បាំង ហើយខ្វះគ្រាប់ ឬខ្វះអាវុធនោះទេ។ អញ្ចឹងបានខ្ញុំត្រូវទារ។ ខ្ញុំត្រូវតាមមើល។

ខេត្តបានវាយ(សារ)មកអរគុណ ដែលបានផ្ដល់នូវឧបករណ៍ធ្វើតេស្តរហ័ស។ អញ្ចឹងសុំឱ្យយកចិត្តទុក​ដាក់ឱ្យ​ច្បាស់ … ពេលវេលានេះមិនមែនជាពេលវេលាស្ដីបន្ទោសទេ ប៉ុន្តែជាពេលវេលានៃការកែតម្រូវ។ សម្ភារៈមានទុកក្នុងឃ្លាំងទុកធ្វើអី? តាំងពី ventilators តាំងពីប្រដាប់នេះ/នោះ ខ្ញុំស្រែកម្ដងចេញបានម្ដង ខ្ញុំស្រែក ២ ដង ចេញបាន ២ ដង ខ្ញុំស្រែក ៣ ដង ចេញបាន ៣ ដង។ ស្រែកចុងក្រោយថា មើលត្រូវការអីទៀត ដើម្បីបំពេញតម្រូវការ។ លុយវាមិនខ្វះទេ។ រដ្ឋាភិបាល ហ៊ុន សែន មិនទាន់ដល់កម្រិតដួលរលំដោយ​សារកូវីដ-១៩ ក្នុងរយៈពេលជិត ២ ឆ្នាំនេះទេ។ នៅអាចរស់បាន។ ប៉ុន្តែ អ្វីដែលវាបានកើតហើយ ខ្ញុំត្រូវតែកែតម្រូវ។ និយាយឱ្យចំៗមុខគ្នា។ ថ្ងៃដែលបញ្ចេញ(ឧបករណ៍)តេស្តរហ័សទៅឱ្យខេត្តនោះ ថ្ងៃនោះនៅសល់ជិត ៨០ ម៉ឺន ក្នុងពេលដែលខ្ញុំបានបញ្ជាឱ្យទិញជិត ១ លាន ជិតមកដល់ហើយ ដែលប្រើប្រាស់ថវិកាអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន លោកឧកញ៉ា ថោង សារ៉ាត់។ អញ្ចឹងបានខ្ញុំបញ្ជាក់ នៅច្រកព្រំដែនទាំងអស់ព័ទ្ធជុំវិញប្រទេស ដែលមានកន្លែងត្រូវផ្ដល់ការធ្វើតេស្តរហ័ស។ ត្រូវចាំឱ្យច្បាស់ រកឃើញរហ័ស គ្រប់គ្រងបានរហ័ស នេះជាយុទ្ធសាស្រ្ត។

ហេតុអីបានធ្វើគ្រូពេទ្យ បានធ្វើក្រសួងសុខាភិបាល មិនយល់កិច្ចការងារនេះ? នៅចាំទេ ពេលមួយរហូតទៅដល់ខ្ញុំជានាយករដ្ឋមន្រ្តីបញ្ជា។ កន្លែងមន្ទីរពិសោធន៍របស់យើងធ្វើ(ពិនិត្យសំណាកអ្នក)កន្លែងមិនសំខាន់មុន កន្លែងដែលសំខាន់ត្រូវរកឱ្យឃើញលឿន បែរជាទុកម៉ោង ២ ភ្លឺ បានឃើញលទ្ធផល។ តើរដ្ឋមន្រ្តីសុខាភិបាលយល់យ៉ាងម៉េច? ឯកឧត្ដម លោកជំទាវ ខាងសុខាភិបាលយល់យ៉ាងម៉េច? … ពេលវេលានេះ ជាពេលវេលានៃញ័រដៃញ័រជើង។ ខុសគ្នាពីការប្រយុទ្ធខាងយោធាណា។ សំណាកដែលត្រូវដឹងមុនបែរជាទុកក្រោយ សំណាកដែលមកដាច់ដោចពីត្រង់នេះ/នោះ បែរជានាំគ្នាធ្វើតេស្តមុន។ ម៉ោង ១២ ថ្ងៃត្រង់ ឬក្រោយបន្តិចមានលទ្ធផលហើយ។ ដល់រួចហើយ បានរៀបចំកន្លែងអាទិភាពក្រោយ ម៉ោង ១ ឬ ២ ភ្លឺ បានដឹងលទ្ធផល។ យើងញ័រដៃឱ្យទទ្រើក …

បើអស់លោកកាន់ការបច្ចេកទេសរបៀបនេះ ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ ត្រូវកែតម្រូវ កុំឱ្យនៅបែបអភិរក្សនិយមរបៀបនេះតទៅទៀត។ មានរបស់ មិនចេះចែកចាយ មិនបំពាក់។ ស្រែកម្ដង ទៅធ្វើបានម្ដង ស្រែក ២ ដង ទៅធ្វើ ២ ដង។ ខ្ញុំបាននិយាយតាំងពីដើមទី ពេលវេលានេះមិនមែនជាពេលវេលាស្ដីបន្ទោសទេ ក៏ប៉ុន្តែ ខ្ញុំក៏ត្រូវតែដឹងថា ពេលវេលានេះគឺជាពេលវេលាដែលខ្ញុំត្រូវធ្វើការកែតម្រូវមន្រ្តីដឹកនាំ។ បើធ្វើនាយករដ្ឋមន្រ្តីមិនដឹងខ្យល់អីសោះ សុក្រក៏អើសៅរ៍ក៏អើ ក៏វាមិនកើតដែរ។ ខ្ញុំត្រូវស្វែងយកពីការលំបាករបស់ខេត្តដែរ​។ ខ្ញុំសួរថា ខេត្តនេះផ្ទុះនៅកន្លែងណា? ហើយវាយ៉ាងម៉េច សភាពការណ៍វាយ៉ាងម៉េច? ថ្ងូរឱ្យរហ៊ឹះ អត់ប្រ​ដាប់​ធ្វើតេស្ត​។ ហើយអា(ឧបករណ៍)នៅក្នុងឃ្លាំង នៅពេញតែឃ្លាំងទៅ កន្លែងប្រយុទ្ធពិតប្រាកដវាអត់មាន។ ពីថ្ងៃនេះទៅ តាមដានឱ្យជាប់។ អាហ្នឹងជាវិធានការទី ២ ក្រសួងត្រូវផ្ដល់ឱ្យគេ។

វិធានការទី ៣ ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ពិសេសខេត្តនៅជាប់ព្រំដែនថៃ។ ខេត្តជាប់ព្រំដែនថៃ គឺជាខេត្តដែលមានពលករច្រើន។ ត្រូវពិនិត្យ​ អនុគណៈកម្មការសាងសង់និងជួលជុល ដែលមាននាយឧត្តមសេនីយ៍ ខេង សាម៉េត ជាប្រធានដើរពិនិត្យ​មើល។ ពេលខ្វះខាតត្រូវបំពាក់​។ ខែនេះចាប់ផ្ដើមភ្លៀងធ្លាក់ហើយ។ ការពារបងប្អូនយើងឱ្យបាន។ បើទោះ​បីកម្ពុជាក្រ តែកម្ពុជាមិនត្រូវទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួន ដែលវិលត្រឡប់ពីប្រទេសថៃ ខ្វះការយកចិត្តទុកដាក់ទេ។​ ឧបករណ៍ប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យជាមុង ជាភួយ ជាកន្ទេល និងសម្ភារៈចាំបាច់ និងការហូបចុក ៣ ពេលក្នុងមួយថ្ងៃ។ ធ្វើចត្តាឡីស័ក បន្ទាប់ពីការធ្វើតេស្ដរហ័ស។ បើមានការសង្ស័យ ត្រូវតែធ្វើតេស្ដដោយម៉ាស៊ីនធំ។ បន្ទាប់ពីហ្នឹង ចាំឡានកងទ័ពដឹកជញ្ជូនឱ្យមកខេត្តខាងក្រោម។​ សូមឯកឧត្តម ខេង សាម៉េត ខាងអនុគណៈកម្មការសាងសង់និងជួសជុល ទៅចូលរួមជាមួយខេត្តតាមព្រំដែន ពិនិត្យមើល តើខ្វះខាតអីទៀត ត្រូវធ្វើអីទៀត។ បញ្ចេញថវិកាជាតិទៅធ្វើ។ ត្រូវបន្ថែមគ្រែ ឬបន្ថែមអី្វ។ ឧបករណ៍ធ្វើចត្តាឡីស័ក ត្រូវតែទិញវាយកមករក្សាទុក ហើយផ្គត់ផ្គង់ ដូចដែលលោកជំទាវ យក់ សម្បត្តិ បានធ្វើកន្លងទៅ។ ទំនិញយុទ្ធសាស្រ្តមាននៅសល់ ១៤ ៥០០។ ទោះបីថា គាត់មានរបស់ខ្លួនឯងក៏ដោយ ក៏ប្រគល់ឱ្យគាត់ទៅ។ ដល់គាត់ចេញទៅ គាត់យកអាហ្នឹងទៅផ្ទះទៅ។ យើងដាក់ថ្មី សម្រាប់អ្នកមកដល់ថ្មី។ អញ្ចឹង ឯកឧត្តម ខេង សាម៉េត ត្រូវតែមើល កន្លែងណាត្រូវធ្វើអី កន្លែងណាត្រូវថែមអី តាំងពីទឹកភ្លើង តាំងពីបង្គន់ តាំងពីស្អីៗ ជួយខេត្តនៅតាមព្រំដែន។ ខេត្តនៅតាមព្រំដែនក៏ត្រូវធ្វើកិច្ចការងារនេះ ដែលរួមមានខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់​ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ប៉ុន្តែភាគច្រើន គឺតម្រង់មកបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ តាមរយៈ ច្រកអូរស្មាច់នេះតែម្ដង​។

វិធានការទី ៤ នៅក្នុងយុទ្ធសាស្រ្តទី ១ នេះ គឺដាក់ឱ្យព្យាបាលដោយឡែក សម្រាប់អ្នកវិជ្ជមាននៃ កូវីដ-១៩ ក្លែងភេទ ដែលហៅថា Delta or Delta plus នោះ។ ត្រូវរៀបចំការព្យាបាលដាច់ដោយឡែក ហើយចត្តាឡីស័កក៏ត្រូវធ្វើរហូតដល់ទៅ ២១ ថ្ងៃ មិនមែន ១៤ ថ្ងៃទេ។ ត្រូវប្រុងប្រៀបចំពោះយថាហេតុដ៏អាក្រក់ ប្រហែលក្លាយទៅជាសោកនាដកម្មនៅក្នុងប្រទេស ព្រោះប្រភេទ(កូវីដ-១៩ បំលែងថ្មី)នេះ មានការវាយលុកខ្លាំង។ អញ្ចឹង នៅតាមមន្ទីរពេទ្យក៏ត្រូវមានការប្រុងប្រៀបទុករហូត។

វិធានការទី ៥៖ បងប្អូនពលករនៅក្នុងប្រទេសថៃ មិនត្រូវបារម្ភនោះទេ។ យើងបានសហការជាមួយភាគីថៃរួចហើយ។ ខាងភាគីថៃ អគ្គរដ្ឋទូតថៃ បានធ្វើការជាមួយនឹងក្រសួងការបរទេសរបស់យើង … អ្នកដែលមានការងារធ្វើស្របច្បាប់ អត់មានការភ័យខ្លាចទេ។ អ្នកដែលទៅធ្វើការមិនស្របច្បាប់ ទាំងថៅកែទាំងកម្មករសុទ្ធតែភ័យ។ ប៉ុន្តែ ខាងភាគីថៃ គេបានបញ្ជាក់ហើយថា នៅពេលដែលគេរកឃើញ គេមិនដាក់ទោសទណ្ឌទេ។ ផ្ទុយទៅវិញ គេចុះឈ្មោះឱ្យធ្វើការស្របច្បាប់។ នេះគឺជាទឹកចិត្តដល់យើង។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃក៏បានជួយដោះស្រាយបញ្ហា ព្រោះជាការ​រួមចំណែកមួយ។ យើងក៏មានការងារធ្វើ ថៃក៏មានការជឿនលឿនខាងសេដ្ឋកិច្ចរបស់ខ្លួន ដោយមានពលករទៅធ្វើការពីកម្ពុជា។

នេះខ្ញុំបញ្ជាក់ឡើងវិញ យុទ្ធសាស្ត្រទី ១ នេះ គឺមានវិធានការ ៥ ទៅជាមួយ ហើយតើវានៅសល់វិធានការអីទៀត? ក្នុងផ្នែកទី ១ នេះ ក្រសួងការងារ ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅប្រទេសថៃ ត្រូវជួយនិយាយទៅកាន់បងប្អូនពលករ ដើម្បីនឹងនរចិត្តស្នាក់នៅទីនោះ ចៀសវាងនាំជំងឺចូលស្រុក។ មិនត្រឹមតែនាំជំងឺចូលស្រុកទេ (តែក្នុងការធ្វើដំណើរ)ចេញ, ឧទាហរណ៍ចេញពីទីក្រុងបាងកក, ទម្រាំនឹងមកដល់ទល់ដែន ឆ្លងកាត់កន្លែងណាខ្លះ? ឆ្លងនៅក្នុងប្រទេសថៃតែម្ដង ដែលធ្វើ​ឱ្យលំបាកទាំងកម្ពុជាលំបាកទាំងថៃតែម្ដង។

យុទ្ធសាស្ត្រទី ២ គឺកាត់បន្ថយទំហំតំបន់ដែលឆ្លង និងកាត់បន្ថយចំនួនឆ្លង ឱ្យមកនៅទាប តាមវិធានការអប់រំផង សុខាភិបាលផង វិធានការរដ្ឋបាលផង និងច្បាប់ផង។ នៅកន្លែងនេះ ខ្ញុំចង់និយាយពីយុទ្ធសាស្រ្ត តាមរបៀបបំព្រួញតំបន់ ដែលមានជំងឺឆ្លងឱ្យវានៅតូច។ ដូចជានៅក្រុងភ្នំពេញមុននេះ យើងមានតំបន់ក្រ​ហមធំ យើងបំព្រួញវាឱ្យវានៅកាន់តែតូចទៅៗ រហូតដល់អស់ ដែលហៅថាតំបន់ក្រហម ឬតំបន់លឿងទុំ។ អញ្ចឹង យើងត្រូវកាត់បន្ថយទំហំនៃតំបន់(មានការឆ្លង)។ រកគ្រប់វិធីទាំងអស់ដើម្បីកាត់បន្ថយនូវទំហំដែនដី ដែលមាន(អ្នកឆ្លង កូវីដ-១៩ ក្នុង)តំបន់ឆ្លងនេះ។ ឧទាហរណ៍ថា ធ្លាប់ ១០០ ភូមិ កាត់បន្ថយឱ្យនៅសល់ ៥០ ភូមិ ឬក្រោមហ្នឹង។ ចំនួនមនុស្សឆ្លង ដែលសព្វថ្ងៃនេះ ឡើងដល់ជាង ១ ០០០ នាក់ និងជិត ១ ០០០ នាក់ រកវិធីដើម្បីកាត់បន្ថយការឆ្លងនេះ។

វិធានការ ៣ នៅក្នុងនេះ តាមរបៀបអប់រំ ដែលលោកជំទាវ ឱ វណ្ណឌីន បញ្ជូនមកឱ្យខ្ញុំ គេហៅថា អនុសាសន៍គន្លឹះ។ ​គន្លឹះសម្រាប់គ្រូពេទ្យ ប៉ុន្តែដល់ថ្នាក់នាយករដ្ឋមន្ត្រី យកវិធានការរបស់លោកជំទាវរៀបចំហ្នឹង មកឲ្យខ្ញុំអាន ខ្ញុំអត់ចេះអានអាហ្នឹងនោះទេ ព្រោះអនុសាសន៍ហ្នឹងជាក្បួនគ្រូពេទ្យ។ ពិតហើយ មានយុទ្ធសាស្ត្រ ៧ ចំណុច សម្រេចចិត្តត្រឹមត្រូវ គ្រួសារ និងសហគមន៍មានសុវត្ថិភាពពីជំងឺ  កូវីដ-១៩ អនុវត្តវិធានការ បីកុំបីការពារ យ៉ាងហ្មត់ចត់ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ អាហ្នឹងដដែលទេ គ្រាន់តែជាវិធានការអប់រំ តែខ្ញុំនិយាយនៅក្នុងកម្រិតយុទ្ធសាស្ត្រ និងវិធានការ។ អ្វីដែលលោកជំទាវព្រៀងមកឱ្យខ្ញុំនេះ គឺវាជាផ្នែកមួយនៃវិធានការ។

យុទ្ធសាស្ត្រកាត់បន្ថយតំបន់ដែលឆ្លង បំព្រួញតំបន់ដែលឆ្លង និងបន្ថយនៃការឆ្លងរីករាលដាល សូមយកទៅរៀបចំទៅ អនុគណៈកម្មការមួយៗ។ ប្រើប្រាស់វិធានការបីទៅបួនទៅជាមួយគ្នា។ វិធានការអប់រំ វិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការអប់រំ ប្រឹងស្រែករាល់ថ្ងៃ។ សូម្បីតែអ្នកតែងចម្រៀង អ្នកច្រៀង គឺធ្វើចម្រៀង ថតបទចម្រៀង បទអីច្រើនណាស់ទាក់ទងនឹងការប្រយុទ្ធនឹង កូវីដ-១៩ ដើម្បីជួយអប់រំ។ សិល្បករ សិល្បការិនីរបស់យើងដែលធ្លាប់ឆ្លង កូវីដ-១៩ ក៏បាននិយាយ ព្រះសង្ឃក៏មានសង្ឃដីកា។ វិធានការសុខាភិបាល ចូរពិនិត្យមើល អាល់កុល ជែល នៅតាមទីកន្លែងនានា ការពាក់ម៉ាស់ បីកុំបីការពារ។ រដ្ឋបាលគឺមានទាក់ទិនជាមួយនឹងបញ្ហាពិន័យអន្តរកាល។ ច្បាប់មានស្រាប់អាហ្នឹង គឺព្រៃសមានកន្លែងដាក់ ​បើទោះបីមាន កូវីដ-១៩ ក៏ដោយ ក៏នៅតែដាក់បានដែរបើបំពាន។ គេធ្វើគុក គេមិនដែលដាក់មនុស្សដែលចូលត្រូវទេ។ បំពានលើទាក់ទិនជាមួយនឹងបទបញ្ញត្តិច្បាប់ដែលយើងធ្វើនេះ គឺត្រូវមានទោស។

អ្នកណាចង់និយាយពីអីនិយាយទៅ។ ឯងធ្វើច្បាប់ការពារជីវិតប្រជាជន វាថាច្បាប់ហ្នឹងរំលោភលើសិទ្ធិប្រ​ជាពលរដ្ឋ សិទ្ធិបញ្ចេញមតិ។ ចេញប៉ុន្មាន ចាប់ប៉ុណ្ណឹង។ និយាយខ្លីៗ និយាយស្ដាប់ឲ្យបាន ដំណាក់កាលនេះ អត់មានខ្វល់អីទេ។ អ្នកចង់និយាយពីអីនិយាយទៅ។ ខ្ញុំត្រូវការឲ្យប្រជាជនរស់ ប្រជាជនមានសេចក្ដីសុខ។ រឿងប្រទេសរបស់អ្នកឯង អ្នកឯងគិតផ្សេង។ រឿងប្រទេសខ្ញុំ ខ្ញុំផ្សឹង។ ខ្ញុំចាប់ផ្ដើមពីសិទ្ធិនៃការរស់រានមានជីវិត សិទ្ធិរួចចាកផុតពីជំងឺតម្កាត់ តាមរយៈវិធានការនានា។ អ្នកឯងចង់និយាយពីអីនិយាយទៅ។

យុទ្ធសាស្ត្រទី ៣៖ ខិតខំរកវិធីព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ បន្ថយចំនួនអ្នកស្លាប់មកនៅទាប និងឈានទៅគ្មានអ្នកស្លាប់។ ​​កន្លែងនេះ សឹង្ហបុរី គេអាចធ្វើបាន។ សឹង្ហបុរី មានមនុស្សឆ្លងរាល់ថ្ងៃ តែសឹង្ហបុរីគ្មានមនុស្សស្លាប់ទេ។ សឹង្ហបុរី គាត់មានមនុស្សឆ្លងចំនួនច្រើនជាងយើងទៅទៀត ក៏ប៉ុន្តែសឹង្ហបុរីមានមនុស្សស្លាប់តិចណាស់។ ម្សិលមិញ សឹង្ហបុរីឆ្លងដប់ប្រាំមួយនាក់។ សឹង្ហបុរីឆ្លង ៦២ ៥៧៩ នាក់ ប៉ុន្តែទីចុងបំផុត សឹង្ហបុរីមានមនុស្សស្លាប់តែ ៣៦ នាក់ទេ។ អញ្ចឹងទេ យើងរកវិធីដើម្បីព្យាបាល តាមរយៈវិធានការចំនួន ៥ ដែលខ្ញុំចង់(លើកជា)វិធានការជូន ព្រោះកន្លងទៅនេះ និយាយឱ្យពិត ជាងមួយឆ្នាំនេះ ក្រសួងធ្វើសេនាធិការឱ្យខ្ញុំប្រមាណជា ៥ ភាគរយ ហើយខ្ញុំធ្វើសេនាធិការឱ្យក្រសួង ៩៥ ភាគរយ។ អញ្ចឹងបានជា បន្តិចៗខ្ញុំចេញសារផ្ទាល់មាត់។ ចាប់ពីពេលនេះទៅ ដោយសារយើងមានគណៈកម្មការ ហើយដោយមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកអចិន្ត្រៃយ៍ផងនោះ សង្ឃឹមថា ខ្ញុំមិនធ្វើសេនាធិការ​ឱ្យអស់លោកទេ។ ពិតមែនតែការចង្អុលបន្ថែម គឺជារឿងចាំបាច់ តែការចេញប្រជុំថ្ងៃនេះ ចាត់ទុកថា ខ្ញុំជាសេនាធិការខាងយុទ្ធសាស្រ្ត និងប្រតិបត្តិឱ្យអស់លោក។

វិធានការទាំង ៥ នោះគឺ ទី ១ ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព។ កន្លងទៅនេះ ខិតខំរក ហើយកន្លងទៅក៏បានរកឃើញហើយថ្នាំ ដែលសូម្បីតែនៅ Arab Emirates និងនៅមជ្ឈិមបូព៌ា គេប្រើថ្នាំរបស់ចិនហ្នឹងតែម្ដង។ យើងលេបរាល់ថ្ងៃ ខ្ញុំក៏លេបដែរ។ ខ្ញុំមានថ្នាំចិនហ្នឹង មុននឹងចេញទៅណា ត្រូវលេបថ្នាំហ្នឹង ទោះបីមិនឈឺក៏ដោយ ក៏លេបការពារបន្ថែម។ អញ្ចឹងទិញឱ្យវាច្រើនបន្ដិចមក។ ព្រោះអី? ព្រោះអ្នកជំងឺរបស់យើងរាប់ពាន់នាក់នៅកន្លែងព្យាបាលនៅឡើយទេ ហើយក៏ត្រូវតាមពិនិត្យមើល ការផ្ដល់ថ្នាំ ព្រោះខ្ញុំបានព័ត៌មាន (ដាច់ការផ្សាយបន្តផ្ទាល់)។ សូម្បីតែ WIFI នៅក្នុងបន្ទប់ធ្វើការរបស់នាយករដ្ឋមន្ត្រីក៏មានបញ្ហាដែរ។ នេះវាដាច់ WIFI មួយវានៅសល់ WIFI មួយខ្សែទៀត។ អម្បាញ់មិញ វាឈប់ដើរដោយសារតែបញ្ហា WIFI តែខ្ញុំមាន iPad នេះមួយគូ ទូរស័ព្ទមួយគូសម្រាប់ប្រជុំ ZOOM។ អញ្ចឹងខ្ញុំដាក់មកទាំងពីរអាមួយអត់ទាន់បើក មួយបើកហើយ។

អម្បាញ់មិញខ្ញុំនិយាយដល់ណាហើយជួយប្រាប់ផង។ ទាក់ទងនឹងប្រភពថ្នាំហ្នឹងគឺយើងបានរកឃើញនូវថ្នាំហ្នឹង ហើយមិត្តភក្តិនៅឯក្រៅប្រទេសគេបានផ្តល់ ហើយនៅខាងក្នុងប្រទេសរបស់យើងក៏បានរកឃើញថ្នាំហ្នឹង។ ប៉ុន្តែមានចំណុចមួយ អនុគណៈកម្មការព្យាបាលត្រូវតែពិនិត្យមើលឱ្យមានស្តង់ដារតែមួយ។ ខ្ញុំបានដឹង រឿងពិតឬមិនពិត ត្រូវចុះពិនិត្យមើលថា រវាងកន្លែងមួយទៅកាន់កន្លែងមួយ ការព្យាបាលដោយប្រើថ្នាំមានបរិមាណខុសគ្នា។ អញ្ចឹងសូមពិនិត្យមើលអាហ្នឹង។ ហេតុអីបានឱ្យកន្លែងមួយលេបថ្នាំ ឧទាហរណ៍ថា​ វីតាមីនសេ ឱ្យ ២ គ្រាប់ ឯទៅកន្លែងមួយទៀតឱ្យតែ ១ គ្រាប់។ ត្រូវមើលអាហ្នឹងឱ្យមានស្តង់ដារដូចគ្នា។ នេះគឺជាចំណុចដែលសូមឱ្យយកចិត្តទុកដាក់ ព្រោះនេះជាកិច្ចការដែលយើងត្រូវធ្វើទាំងអស់គ្នា និងដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើង។

វិធានការទី ២៖ រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក បំពាក់ទៅតាមខេត្ត និងស្រុក បំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់ជាពិសេសគឺ ICU កន្លែងសង្គ្រោះបន្ទាន់។ អញ្ចឹងទេ បានជាខ្ញុំចេះតែរំលឹកម្តងធ្វើបានបន្តិចៗ ដល់អាចុងក្រោយនេះ ឃើញសម្ភារៈខ្សោយទៅតែម្តង។ អញ្ចឹង ខិតខំពិនិត្យមើល។ ខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ជឿថាមាន ប្រសើរជាងជឿថាមិនមាន។ បើយើងពង្រីកមន្ទីរពេទ្យនោះទៅ ក៏វាអត់ទាស់ខុសអីដែរ។ ដាក់ម៉ាស៊ីនរក្សាតាមដានដង្ហើមសញ្ញាជីវិតនោះទៅ។ ព្រោះបើមិនប្រើពួកកូវីដ-១៩ ទេ ក៏ប្រើពួកអ្នកជំងឺដទៃទៀតដែរ កុំគិតថាវាសល់។ ហ្នឹងជាវិធានការទី ២។

វិធានការទី ៣៖ ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារនេះ។ យើងបានឱ្យហើយចំនួនពេទ្យ ប៉ុន្តែលក្ខខណ្ឌដែលខ្ញុំឱ្យគឺទាល់តែអ្នកនោះស្ម័គ្រចិត្តធ្វើការនៅក្នុងក្របខណ្ឌ នៃការប្រយុទ្ធកូវីដ-១៩ ទើបឱ្យ។ប្រសិនបើមានអ្នកណាមួយមិនព្រម លុបចេញពីក្របខណ្ឌ បណ្តេញចេញពីពេទ្យវិញ។ កាលដែលសុំជាង ៣ ០០០ នាក់ យើងដាក់លក្ខខណ្ឌជាមួយគ្នាថា ឱ្យធ្វើកិច្ចការងារហ្នឹង។ ប្រយ័ត្នតែបានក្របខណ្ឌហើយបែរជាមិនចូលរួម (ត្រូវ)លុបចេញពីក្របខណ្ឌ។ ក្រសួង(ត្រូវ)ធ្វើសំណើទៅក្រសួងមុខងារសាធារណៈ ហើយបញ្ជូនមកខ្ញុំលុបចេញពីក្របខណ្ឌ។ អត់មានមកថា ខ្ញុំស័្មគ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ទីបំផុតបានក្របខណ្ឌហើយ ទៅឯណាឆ្កុយ។ (នឹងត្រូវ)លុបចេញពីក្របខណ្ឌ ហើយយើងរកអ្នកដែលស្ម័គ្រចិត្តចូលរួម។

វិធានការទី ៤៖ ត្រូវបញ្ជាទិញសម្ភារៈដែលចាំបាច់ឱ្យឆាប់។ អញ្ចឹងបញ្ជីមានហើយ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវផ្តល់ថវិកាសម្រាប់ការបញ្ជាទិញសម្ភារៈនេះឱ្យបានឆាប់ ដើម្បីយកមកបំពាក់ឱ្យគ្រប់ៗកន្លែងពេទ្យ។ ពេទ្យទាហាននៅតាមយោធភូមិភាគក៏ត្រូវតែប្រើប្រាស់បំពាក់ឱ្យដែរ ដើម្បីជាផ្នែកមួយនៃការជួយប្រតិបត្តិការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ។ ខេត្ត(នីមួយៗមានទំហំ)ធំណាស់។ យើងអាចរំលែកទៅកន្លែងណាទីតាំងណា។ ត្រូវពិនិត្យអាហ្នឹងឱ្យបានដិតដល់។ ឥឡូវវាមិនមែនមានតែភ្នំពេញទេ វាធ្លាយទៅតាមខេត្តទៅហើយ។

វិធានការទី ៥៖ ការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។ ខ្ញុំរំលឹកហើយរំលឹកទៀត ក៏អរគុណដែរ កោតសរសើរដែលបានចេញនូវក្រមសម្រាប់ការព្យាបាលនៅតាមផ្ទះ ដែលខ្ញុំបានអនុម័តឱ្យដាក់ទៅហើយនោះ។ អញ្ចឹងបើយើងព្យាបាលនៅតាមផ្ទះបានកាន់តែច្រើនគឺកាន់តែល្អ។ ប្រទេសយើងទេ ដែលយើងយកគេពីផ្ទះយកមកដាក់តាមមន្ទីរពេទ្យ។ ខ្ញុំនិយាយពីអ្នកការទូតរបស់យើងនៅអឺរ៉ុប ៣ ប្រទេស ប៉ុន្មាននាក់នោះ ឆ្លងកូវីដ-១៩ គេអត់ទទួលឱ្យដេកពេទ្យទេ។ គេឱ្យថ្នាំមកដេកព្យាបាលនៅផ្ទះ។ អញ្ចឹង បើយើងធ្វើអាហ្នឹងបានច្រើនវាកាត់បន្ថយនូវការលំបាករបស់មន្ទីរពេទ្យ ហើយកាត់បន្ថយនូវការលំបាករបស់អ្នកជំងឺផងដែរ។ អ្នកធ្ងន់ៗយើងយកមកកន្លែងពេទ្យ តែអ្នកល្មមៗគឺយើងដាក់អ្នកដែលអាចមានផ្ទះនៅបាន យើងព្យាបាលនៅផ្ទះ។ អញ្ចឹង ត្រូវជំរុញអាហ្នឹង។ ហ្វឹកហ្វឺនអាហ្នឹង ហើយត្រូវធ្វើឱ្យចេញជាការជាក់ស្តែង។ មើលភ្នំពេញធ្វើបានប៉ុន្មាន? កណ្តាលធ្វើបានប៉ុន្មាន? ខេត្តផ្សេងទៀតធ្វើបានប៉ុន្មាន? ដែលព្យាបាលនៅតាមផ្ទះឱ្យវាចេញជាការជាក់ស្តែង ហើយរាយការណ៍ឱ្យខ្ញុំរាល់ល្ងាចម្តងមើល ដើម្បីឱ្យខេត្តមួយៗរាយការណ៍ ហើយរាយការណ៍ឱ្យខ្ញុំបន្ត កុំឱ្យដាក់ចេញទៅ វាដាក់ចេញតែលើក្រដាសវាអត់បានការអីទេ …។

យុទ្ធសាស្ត្រទី ៤៖ គឺយុទ្ធសាស្ត្ររុករក និងគ្រប់គ្រង។ យុទ្ធសាស្ត្ររុករក និងគ្រប់គ្រងរួមមានវិធានការ ៥ ទៅជាមួយ។

វិធានការទី ១៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ។ ចំណុចនេះយើងបានធ្វើរួចមកហើយ យើងបន្តធ្វើកិច្ចការងារនេះដោយល្អិតល្អន់តទៅទៀត។

វិធានការទី ២៖ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកប្រភេទវីរុសបំលែងថ្មី។ មន្ទីរពិសោធន៍របស់យើងបានបង្កើតនូវនៅទីក្រុងភ្នំពេញនេះបន្ថែម ដោយពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់មន្ទីរពេទ្យយោធា និងបន្ថែមមន្ទីរពិសោធន៍នៅកន្លែងលាងឈាម។ អញ្ចឹងយើងមាន ៤ កន្លែង ក្រៅពីប៉ាស្ទ័រ ​មានវិទ្យាស្ថានសុខភាពសាធារណៈ យើងមាន ៤ កន្លែងនៅទីក្រុងភ្នំពេញ និងយើងដាក់ឱ្យដំណើរការមានសៀមរាប មានបាត់ដំបង មានក្រុងព្រះសីហនុ តាកែវដូចជាមានមន្ទីរពិសោធន៍ដែរ។ បន្តពង្រឹងមន្ទីរពិសោធន៍ ហើយខិតខំបន្ត លោកជំទាវ យក់ សម្បត្តិ បន្តឱ្យប៉ាស្ទ័រជួយរកដូចដែលធ្វើកន្លងទៅ ទៅលើវីរុសក្លែងភេទថ្មីៗ ដែលយើងបានធ្វើដូចជាក្នុងមួយអាទិត្យចេញម្តង ដោយយកសំណាកពីចំណុចនេះចំណុចនោះ ទើបយើងបានឃើញថា វីរុស(ដែលតា) វាមាននៅក្នុងកម្ពុជារួចទៅហើយ។ នៅបាត់ដំបងមាន ១ នៅឧត្តរមានជ័យមាន ១ ទៅដល់ត្បូងឃ្មុំមាន ១ ហើយនៅមានប៉ុន្មានកន្លែងផ្សេងទៀតនោះ។ អញ្ចឹងមន្ទីរពិសោធន៍ទាំងអស់ត្រូវពង្រឹងសមត្ថភាព ហើយបើចាំបាច់ត្រូវធ្វើថ្មីថែមដើម្បីកាត់បន្ថយការធ្វើដំណើរដ៏វែងឆ្ងាយ យកមកដល់ទីក្រុងភ្នំពេញ។ ឧទាហរណ៍ យើងអាចដាក់មួយនៅកំពង់ចាម សម្រាប់តំបន់ដែលមកពីក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី កំពង់ធំ អាចចូលដាក់នៅកំពង់ចាម ឬកំពង់ធំគេអាចធ្វើដំណើរទៅសៀមរាប។ កំពង់ចាមអាចមានមូលដ្ឋានច្រើនជាង បម្រើឱ្យកំពង់ចាមខ្លួនឯង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បើមិនអញ្ចឹងទេត្រូវបញ្ជូនមកដល់ភ្នំពេញវាយឺតណាស់។

វិធានការទី ៣ ពង្រីកការធ្វើតេស្ដរហ័ស។ នេះជាចំណុចដែលខ្ញុំធ្វើការសម្រេចចិត្ត ជួសឱ្យរដ្ឋមន្ត្រីសុខាភិបាល ដែលកន្លងទៅនៅស្ទាក់ស្ទើររង់ចាំទាល់តែពេទ្យបានធ្វើបាន។ ​ពេទ្យស្រុកខ្លះមាន ១៥ នាក់ ប្រជាជនមានដល់ទៅ ១០ ម៉ឺននាក់ តើធ្វើរួចទេ? យើងត្រូវពិចារណាឱ្យក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិករបស់គេ។ ថ្ងៃនេះ ខ្ញុំយកការសម្រេច។ រដ្ឋត្រូវធ្វើហើយដូចដែលយើងកំពុងធ្វើ ប៉ុន្តែយើងត្រូវបើកឱកាសឱ្យក្រុមហ៊ុនឯកជន ដើម្បីក្រុមហ៊ុនឯកជនគេអាចគ្រប់គ្រងលើបុគ្គលិកគេបានយ៉ាងឆាប់។ ស្អែកខ្ញុំត្រូវធ្វើតេស្ដអាធំ ហើយខានស្អែកទទួលភ្ញៀវ។ តែអ្វីដែលសំខាន់អត់មានជាងកាត់សក់ ព្រោះជាងកាត់សក់របស់ខ្ញុំ(កើត)កូវីដ-១៩ បាត់ទៅហើយ។ ទៅរកជាងកាត់ឯណាទៀតត្រូវធ្វើតេស្ដទៀត។ ពីទីនេះ ខ្ញុំសុំអំពាវនាវចំពោះក្រុមហ៊ុនឯកជនទាំងអស់ គ្រប់គ្រងបុគ្គលិកកម្មកររបស់ខ្លួន។

ពេលមានការធ្វើតេស្តលើបុគ្គលិកខ្លួនឯងតែម្ដង ការបញ្ជាទិញគឺសុំទាក់ទងតាមឯកឧត្តម ជា វ៉ាន់ដេត ដែលទាក់ទងពីកូរ៉េខាងត្បូង ក្នុងមួយដើមពីមុនវាថ្លៃ ដែលខ្ញុំឲ្យទិញយកមកស្តុកក្នុងស្តុកយុទ្ធសាស្ត្ររបស់ខ្ញុំ (មួយសំរាប់)ជិត ១០ ដុល្លារ។ ប៉ុន្តែ ឧបករណ៍របស់កូរ៉េខាងត្បូង (ថ្លៃ)តែ ៣.៧ ដុល្លារទេ រាប់ទាំងថ្លៃដឹកជញ្ជូន។ អញ្ចឹង ក្រុមហ៊ុននីមួយៗ មានកម្មករចំនួន ២ ពាន់នាក់យើងគួរទិញ ២ ពាន់ឬ ៣  ពាន់នាក់ដើម្បីត្រៀមទុក។ មានការអី មិនចាំបាច់ហៅគ្រូពេទ្យទៅទេ ឬក៏អញ្ជើញគ្រូពេទ្យ។ (បើជា)គ្រូពេទ្យ ត្រូវតែទាក់​ទង​រដ្ឋមន្ត្រី ត្រូវទាក់ទងឃ្លាំង ទាក់ទងនោះ ទីចុងបំផុតរីករាលដាលនៅក្នុងរោងចក្រ ក្នុងសហគ្រាសបាត់ទៅហើយ។ ដើម្បីគ្រប់គ្រងរហ័សត្រូវផ្ដល់លទ្ធភាពឲ្យការធ្វើតេស្ត ដែលក្រុមហ៊ុននីមួយៗធ្វើតេស្តខ្លួនគេ ហើយការបង្រៀនធ្វើតេស្តនេះបង្រៀនអត់យូរទេតាមដឹងថា ២ ម៉ោង។ កាលមុនអង្គរក្សខ្ញុំខាងក្រ​សួង​សុខាភិបាលបង្រៀន ២ ម៉ោង ឥឡូវគេធ្វើតេស្ដរហូត។ ឥឡូវតាមខ្ញុំដឹងនៅទូរទស្សន៍បាយ័នបុគ្គលិកគេធ្វើតេស្តខ្លួនគេ។

ខ្ញុំសួរជាសំណួរ តើវាខាតអីសម្រាប់យើង ប្រសិនបើគាត់ធ្វើតេស្ដខ្លួនឯង? វាអត់មានខាតអីទាំងអស់ មានតែចំណេញ។ ទីមួយគាត់ស្ម័គ្រចិត្តធ្វើតេស្តខ្លួនគាត់ទៅទៀត។ គាត់រកឃើញជំងឺរត់មករកពេទ្យ។ បើគាត់រកមិនឃើញទេ វាអត់មានខាតអីយើងសោះ។ ហេតុអីបានយើងមិនព្រមឲ្យគេធ្វើ? ឥឡូវយើងត្រូវឲ្យធ្វើ ហើយគ្រូពេទ្យចាប់ផ្ដើមបង្រៀនការធ្វើតេស្ដដោយតេស្ដរហ័ស។ ​អញ្ចឹង សូមបណ្ដាក្រុមហ៊ុនរោងចក្រសហគ្រាស នានាដែលមានកម្មករចាប់ពី ១០០ នាក់ឡើងទៅ ឬអ្នកខ្លះ​តែ ៣០ ទៅ ៤០ នាក់ក៏គេអាចធ្វើតេស្ដបានដែរ។ វាមានរហូតដល់គេយកប្រដាប់ធ្វើតេស្ដរកអង់ទីគ័រទៅទៀត យកមកលក់ក្លែងក្លាយពេញតែស្រុកខ្មែរ។ យើងអត់មានអីខាតទេមានតែចំណេញ ហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងចេះការពារខ្លួន។ សង្ស័យ បើគេខ្ជិលទៅពេទ្យ ញាត់ច្រមុះខ្លួនឯង ខាងនេះ ៦ ជុំ ខាងនោះ ៦ ជុំទៅ រួចហើយដាក់ទៅ ១៥ នាទីចេញលទ្ធផល។ ហេតុអីបានយើងមិនបណ្ដោយឲ្យគេធ្វើ ចាំតែគ្រូពេទ្យ? ហើយគ្រូពេទ្យបើងងុយដេកដែរ ចាក់ច្រមុះគេឈឺ ធ្វើវាមិនគ្រប់ ធ្វើវាមិនទាន់។

ខ្ញុំសុំបញ្ជាអង្គភាពកងទ័ព អាវុធហត្ថនគរបាលត្រូវតែមានការធ្វើតេស្ដរហ័ស។ ដាក់ចេញបទបញ្ជាដើម្បីរកឃើញភ្លាមៗ នៅក្នុងពេលដែលមកដល់ត្រូវចែកមួយផ្នែកទៅឱ្យកងយោធពលខេមរភូមិន្ទ ដើម្បីកងទ័ពចែកទៅតាមយោធភូមិភាគ បណ្ដាកងពល កងវរសេនាតូចត្រូវមាន កងអនុសេនាធំដែលនៅឆ្ងាយពីគេក៏ត្រូវតែមាន អាវុធហត្ថ ប៉ុស្តិ៍នគរបាល ស្នងការត្រូវមាន យុទ្ធសាស្ត្ររបស់យើងការពារកូវីដ-១៩។ រកឃើញបានលឿន គ្រប់គ្រងបានលឿន កុំឲ្យដើរចម្លងគេពាសវាលពាសកាល។ ប៉ុន្តែ យើងគ្រាន់តែបាននិយាយ ប៉ុន្តែយើងអត់បានអនុវត្តជាក់ស្ដែង។ ​ឥឡូវ ខ្ញុំចង្អុលឲ្យអនុវត្តជាក់ស្ដែងតែម្ដង។ និយាយឱ្យប្រជាជនស្ដាប់ថាក្នុងរដ្ឋាភិបាលមិនមែនរឿងធម្មតាពេកទេ។ វាមានស្រួលវាមានលំបាក មិនមែនសុក្រក៏អឺ សៅរ៍ក៏អឺទេ។ អញ្ចឹងខ្ញុំសុំបញ្ជាក់ ឥឡូវគ្រូពេទ្យចាប់ផ្ដើមបង្រៀនវិធីធ្វើតេស្ដរហ័ស បើតាមក្រុមហ៊ុនគេមានពេទ្យយើងបង្រៀនពេទ្យ បើក្រុមហ៊ុនអត់មានពេទ្យទេឲ្យគេជ្រើសរើសបុគ្គលិក ២ ឬ ៣ នាក់ មកបង្រៀនទៅ ប្រដាប់ធ្វើតេស្តទៅ រួចហើយផ្ដល់ខោអាវពេទ្យទៅឲ្យគេទៅ សម្រាប់គេធ្វើតេស្ដ។ រោងចក្រសហគ្រាសក៏ដូចគ្នា ហើយសុំឲ្យដើម្បីរួមចំណែកជួយគ្នា ម្ចាស់ក្រុមហ៊ុន ម្ចាស់រោងចក្រ សហគ្រាសគម្បីទិញដោយថវិកាក្រុមហ៊ុនផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។

រដ្ឋឥឡូវមានស្តុក ១ លាន ៤ សែន សរុបទាំងស្តុកយុទ្ធសាស្ត្រនឹងមកដល់ ១ លានទៀត យើងអាចចែកជូនទៅកងទ័ព ចែកជូនទៅបណ្ដាខេត្ត ចែកជូនទៅស្អីៗហ្នឹង។ យើងថាអស់ ១ លានចុះ។ បញ្ជាទិញមកថែមទៀត។ ប៉ុន្តែ បើសិនជាក្រុមហ៊ុនសុខចិត្តទិញ កម្មករ ៥ ពាន់នាក់ ទិញ ៥ ពាន់ដើមឬក៏ ១ ម៉ឺនដើមវាមិនអស់លុយប៉ុន្មានទេ ក៏ប៉ុន្តែវាលឿននៅត្រង់ថា បើសង្ស័យហើយធ្វើតេស្ដភ្លាម គ្រប់គ្រងបានភ្លាម ជាជាងទុកឲ្យមនុស្សហ្នឹងដើរពាសវាលពាសកាលឆ្លងគេឆ្លងឯង។ ទម្រាំយើងទៅដល់ ឆ្លងបាន ១០០ នាក់ ៥០ នាក់បាត់ទៅហើយ ព្រោះឥឡូវ Delta វាលឿន។ ខ្ញុំចេញជាបញ្ជាដោយមិនចាំបាច់ថាមានការឯកភាពពីរដ្ឋមន្ត្រីសុខាភិបាលទេ ព្រោះអត់អីខាតផង អត់អីពិបាកផង។ យើងនិយាយគ្នាវាច្រើនដែរហើយ តែយើងនៅតែឱបក្រសោប​។ ការងារក៏ឱបក្រសោប សម្ភារៈដេកឱបនៅហ្នឹង … ឥឡូវបង្កើតក្រុម។ បើសិនជាខេត្តខ្វះ ខេត្តវាយចូលក្រុមធំតែម្ដង។ ក្រុមគណៈកម្មការតែម្ដង ប្រាប់ថាអស់តេស្ដរហ័សហើយ អស់ថ្នាំពេទ្យហើយ ខ្វះនេះ/នោះ វាយចូលក្នុងហ្នឹងតែម្ដងទៅ ឲ្យគេឃើញគ្រប់គ្នាតែម្ដងទៅ អញ្ចឹងចំណុចទី ៣ នេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រង។

វិធានការទី ៤ រៀបចំការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ រកឃើញហើយតើត្រូវទុកគាត់នៅកន្លែងណា យកទៅព្យាបាលនៅកន្លែងណា ឬក៏ឲ្យនៅតាមផ្ទះ។ ធ្វើចត្តាឡីស័កត្រូវតែធ្វើឲ្យបានត្រឹមត្រូវម៉ត់​ចត់ កុំឲ្យលួចចេញដើរលេង ដើរផឹក ដើរស៊ី ករណីបើវាផ្ទុះក៏មានផ្នែកមួយនៃការចាប់ផ្ដើមលួចចេញ​គប់គិតរវាងអ្នកយាមសណ្ឋាគារជាមួយភ្ញៀវ ការចាប់ផ្ដើមរបស់យើងគឺបែបហ្នឹង។​

វិធានការទី ៥ តាមដានដោយបច្ចេកវិទ្យាព័ត៌មាន ដែល ជា វ៉ាន់ដេត រៀបចំមាន QR-code ធ្វើតទៅទៀតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលគេអាចដឹងថាអ្នកមានជំងឺកូវីដ-១៩បានដើរទៅដល់ចំណុចនេះហើយ ត្រង់អ្នកណាព្រួយបារម្ភមិនព្រួយបារម្ភជារឿងរបស់គេ ឯរឿងរបស់យើងត្រូវការការពារកុំឲ្យអ្នកដែលកើតជំងឺកូវីដ-១៩ ធ្វើដំណើរចេញទៅទីកន្លែងនានាចម្លងដល់អ្នកដទៃ ដែលនៅក្នុងច្បាប់របស់ត្រូវផ្ដន្ទាទោសថែមទៀត បើសិនជាចម្លងទៅដល់អ្នកដទៃ។ ​អញ្ចឹងយុទ្ធសាស្ត្រទី ៤ នេះ មាន ៥ ចំណុចដែលខ្ញុំបានរៀបរាប់ហើយតែក្នុងនោះគឺបញ្ជាក់ការធ្វើតេស្ត ក្លាយទៅជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ នៃការរុករក និងគ្រប់គ្រង ហើយបញ្ជាឲ្យមានការហ្វឹកហាត់ការធ្វើតេស្ដរហ័ស បានទាន់សភាពការណ៍​។

យុទ្ធសាស្ត្រទី ៥ ជាយុទ្ធសាស្ត្រអី ចំណុចនេះយើងមានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពជំងឺកូវីដ-១៩។ ជាភ័ព្វសំណាង​ដែលខ្ញុំហាក់ដូចជាមានវិញ្ញាណម្យ៉ាង ថាសភាពការណ៍ដល់ពេលហើយ បានខ្ញុំឲ្យរៀបប៉ាឆា និងដីសម្រាប់បូជាសព នៅពេលនោះគេថាខ្ញុំប្រមាថជីវិតរបស់ប្រជាជន ប៉ុន្តែបើប្រសិនបើខ្ញុំមិនធ្វើបែបនោះទេ សួរថា នៅពេលដែលមានការស្លាប់នេះ សពយកទៅណា? យើងដើរបានមុនមួយជំហាន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។ យុទ្ធសាស្ត្រទី ៥ របស់ខ្ញុំដែលខ្ញុំចង់និយាយនេះ ការរៀបចំបូជា ឬបញ្ចុះសពឲ្យបានល្អតាមវិធានការ ៤ យ៉ាង

វិធានការទី ១៖ រៀបចំប៉ាឆានៅកន្លែងដែលមិនទាន់មានប៉ាឆា។ ត្រូវធ្វើអាហ្នឹង ខេត្តយើងធ្វើបានមួយចំនួនហើយ ក៏ប៉ុន្តែយើងមិនមែនកើតនៅតែត្រឹមទីរួមខេត្តទេ វាទៅដល់ស្រុក។ អញ្ចឹងគ្រប់ខេត្តទាំងអស់ត្រូវមើលភូមិសាស្ត្រ បើស្លាប់នៅមន្ទីរពេទ្យនេះ ស្លាប់នៅកន្លែងនេះ តើយើងទៅប៉ាឆាណា ឬយកទៅកប់នៅកន្លែងណា?

វិធានការទី ២ ៖ ប្រើប្រាស់ប៉ាឆាតាមវត្តតែត្រូវធានាសុវត្ថិភាព។ ទៅធ្វើការជាមួយចៅអធិការវត្ត ដើម្បីសុំប្រើប្រាស់ប៉ាឆា ព្រោះសពមិនមែនគាត់ទទួលមរណភាពតែនៅទីកន្លែងក្បែរមន្ទីរពេទ្យទេ នៅកន្លែងនោះ នៅកន្លែងនេះ។ បើយើងដឹកឆ្ងាយហួសហេតុក៏វាលំបាក។ អញ្ចឹងត្រូវធ្វើការតាមធម្មតា គឺមានទីកន្លែងប៉ាឆានៅតាមវត្ត ហើយបើសិនជាគ្មានវត្តទេ ត្រូវរកកន្លែងធ្វើប៉ាឆា ដែលខ្ញុំនិយាយថា នៅកន្លែងដែលមិនទាន់មានដែលគ្មានប៉ាឆា។ ឯទីពីរគឺត្រូវប្រើប្រាស់ប៉ាឆានៅតាមវត្ត ដែលត្រូវពិភាក្សាជាមួយព្រះសង្ឃ ព្រះចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត តែត្រូវធានាសុវត្ថិភាព។

វិធានការទី ៤ ៖ រៀបចំផលិតក្តារមឈូសសម្រាប់សពដោយប្រើប្រាស់ឈើដែលចាប់បាន។ ខ្ញុំសួរទៅ ឃួង ស្រេង ពីម្សិល (ដឹងថា) ពេលខ្លះ ក្តារមឈូសត្រូវបានឧបត្ថម្ភដោយសប្បុរសជន ពេលខ្លះយើងទិញ។ ដូច្នេះយើងអត់បានគិតដល់ទេថា ស្លាប់ជំនាន់ ប៉ុល ពត គឺជារឿងមួយហើយ ស្លាប់សម័យ កូវីដ-១៩ គឺកំសត់ និ​យាយតាមមួយបែបដូចខ្មោចអនាថា សាកសពអនាថា។ ហោចណាស់យើងត្រូវតែមានក្តារមឈូសឲ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬយកទៅកប់។ អញ្ចឹងទេ អនុគណៈកម្មការសាងសង់ និងជួសជុលពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រងហ្នឹង ចាត់ចែងសាកសព ដើម្បីនឹងពិនិត្យមើលហើយពិភាក្សាជាមួយនឹងឯកឧត្តម សៅ សុខា ឈើដែលយើងចាប់បានកន្លងទៅ យកមកធ្វើក្តារមឈូស។ យើងមិនដល់ថ្នាក់ថា ឲ្យ​សាកសពរបស់យើងអត់ក្តារមឈូសទេ ត្រូវមានក្តារមឈូស។ ត្រូវធ្វើរឿងហ្នឹងឲ្យច្បាស់។ ត្រូវគោរពទៅដល់សាកសព ដល់វិញ្ញាណក្ខន្ធពលរដ្ឋរបស់យើង ដែលបានចាកលោកដោយសារតែជំងឺចង្រៃនេះ។ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ឯកឧត្តម សៅ សុខា ដែលជាគណៈកម្មការក្នុងការបង្រ្កាបឧក្រិដ្ឋកម្មព្រៃឈើ មើលឈើនៅឯណាខ្លះ ហើយបើនីតិវិធីផ្លូវច្បាប់ជម្រុញការរឹបអូសឲ្យរហ័ស។ វាមិនមែនសុទ្ធតែត្រូវការក្តារមឈូសឆ្លាក់ស្អីៗគ្រប់សព្វនោះទេ តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីតែមឈូសក៏គ្មាន យកទៅដុតសូម្បីតែមឈូសក៏គ្មាន មិនគប្បីធ្វើបែបនេះចំពោះពលរដ្ឋរបស់យើងទេ។ ចំពោះមុខ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ថវិកាទិញក្តារមឈូសដែលមានលក់ យកស្តុកទុកតាមមន្ទីរពេទ្យនៅភ្នំពេញ និងនៅតាមខេត្ត។ អញ្ចឹងខេត្តនីមួយៗ ស្តាប់លឺហើយ ប្រមូលទិញក្តារមឈូស។ ឥឡូវទិញយកប្រមាណជា ៨០ ភាគរយនៃក្តារមឈូសដែលមាន ព្រោះទុកខ្លះសម្រាប់គេទិញគេលក់ យកមកក្តាប់ក្នុងដៃសិន។ ម្សិលមិញស្លាប់ ២៧ នាក់ ហើយបើបូកពីរថ្ងៃ ស្លាប់ជិត ៥០ នាក់។ អញ្ចឹងយើងត្រូវការក្តារមឈូស។ អញ្ចឹងឥឡូវចំពោះមុខ មុននឹងការផលិតចេញជាក្តារមឈូស យើងត្រូវទិញយកក្តារមឈូសដែលមានរួចស្រេចយកមក ហើយបញ្ជូនទៅមន្ទីរពេទ្យដែលព្យាបាល កូវីដ-១៩។ ពេលដែលមានមនុស្សធ្វើមរណកាល យើងត្រូវចាត់ចែងភ្លាមៗ តាមវិធានការសុខាភិបាល ហើយរៀបចំក្តារមឈូសឲ្យបានម៉ត់ចត់ ព្រោះកូនចៅរបស់គាត់អត់មានលទ្ធភាពមកមើលទេ មានតែយើងទេ ដែលទទួលខុសត្រូវ តាំងពីការព្យាបាលគាត់ តាំងពីគាត់ដាច់ដង្ហើមរហូតដល់រៀបចំឲ្យគាត់ យកគាត់ទៅមឈូស ចេញពីមឈូសយកគាត់ទៅដាក់ទៅ។ បើអាចធ្វើទៅរួច ទិញប្រដាប់ដាក់ធាតុសម្រាប់ការរើសធាតុទុកឲ្យក្រុមគ្រួសាររើស។ យើងគិតឲ្យល្អិតបន្តិចៗ។ និយាយអញ្ចឹងទាល់តែនាយករដ្ឋមន្ត្រីមកគិតល្អិតតាំងពីក្តារមឈូស។ ដោយសារតែ ហ៊ុន សែន គិតអញ្ចឹងបាន ហ៊ុន សែន អាចអង្គុយបាន ៤២ ឆ្នាំក្នុងអំ​ណាច ក្នុងហ្នឹងតំណែងនាយករដ្ឋមន្ត្រីជាង ៣៦ ឆ្នាំដោយភាពល្អិតល្អន់។ បើមិនគិតប៉ុណ្ណឹងទេ ប្រទេសខ្លះរក​តែ​អុសដុតខ្មោចដុតអត់ចេញ កន្លែងកប់ខ្មោចកប់គរលើគ្នា។ (ទីបីខ្ញុំសុំកែសម្រួល ទីបី ខ្ញុំយកអាទី ៤ ក្តារមឈូសនេះទៅជាទី ៤ ទី ៣)

វិធានការទី ៣ ៖ រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិ។ អញ្ចឹង គ្រប់ទីកន្លែងដែលមានជនជាតិសម្រាប់ការ ដែលមិនតម្រូវឲ្យមានការបូជា ត្រូវតែយកដីរដ្ឋនៅកន្លែងណាមួយធ្វើជាកន្លែងកប់សព។ តំបន់បងប្អូនជនជាតិភាគតិច រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ តំបន់មួយចំនួនរបស់កំពង់ធំ តំបន់មួយចំនួនរបស់ខេត្តនេះខេត្តនោះ ត្រូវមានដី ដីរបស់យើងមួយគគោក ដាក់ទៅ បើកំពង់ស្ពឺប្រគល់ឲ្យភ្នំពេញ ៧០ ហិចតា។ ក្នុង ៧០ ហិចតានេះ យើងផ្តល់មួយផ្នែកទៅឲ្យបងប្អូនឥស្លាម ព្រោះឥស្លាមតម្រូវឲ្យកប់។ អញ្ចឹងដីមិនមែនរើសតែមួយកន្លែងទេក្នុងមួយខេត្ត ត្រូវរើសច្រើនកន្លែង កន្លែងនេះប្រាំហិចតា ដប់ហិចតា។ ប៉ុន្តែកុំឆ្លៀតប្រើប្រាស់យកដីរដ្ឋធ្វើកន្លែងកប់ខ្មោច យកឈើធ្វើក្តារមឈូស ឆ្លៀតកាប់យកដី ឆ្លៀតកាប់ឈើ កុំធ្វើអាទង្វើហ្នឹង។

ទី ៦ ជាយុទ្ធសាស្ត្រចុងក្រោយ តែជាយុទ្ធសាស្ត្រសំខាន់ នោះគឺត្រូវរកវ៉ាក់សាំងចាក់ឲ្យប្រជាជន ១០ លាននាក់ជាជំហានដំបូង និងបន្តគិតដល់ការចាក់សម្រាប់ក្មេងក្រោមអាយុ ១៨ ឆ្នាំ។ កិច្ចការដែលយើងត្រូវធ្វើគឺយ៉ាងដូច្នេះ។ ខ្ញុំសូមបញ្ជាក់ថាមកដល់ពេលនេះ យើងបានទទួលរួចមកហើយជាង ១១ លានដូស។ មកដល់យប់មិញនេះ លោកជំទាវ ឱ វណ្ណឌីន បានរាយការណ៍មកថាយើងចាក់បាន ៤ លាន ២ សែននាក់ស្មើនឹង ៤២ ភាគរយនៃចំនួនប្រជាពលរដ្ឋ ១០ លាននាក់ ដែលយើងត្រូវចាក់។ គម្រោងវ៉ាក់សាំងដែលយើងត្រូវទទួល បើគិតទាំងជំនួយគឺ ២៩ លាន ៧ សែនដូស។ ប៉ុន្តែ ខ្ញុំសុំស្នើឲ្យដកចេញពីការគិតគូររបស់ខ្ញុំនូវចំណែកពី COVAX ៧ លានដូស និងពីអូស្រ្តាលី ៣ លានដូស ត្រូវជា ១០ លានដូស ហើយបង្វិលដោយយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។ ការសម្រេចចិត្តរបស់ខ្ញុំនេះ គឺត្រឹមត្រូវ។ អ្នកណាចង់ថាអីថា។ លើការជាក់ស្តែង យើងនឹងទទួលវ៉ាក់សាំងពីចិនចំនួន ២០ លានដូស។ តាម ឯកឧត្តម វង្សី វិសុទ្ធ ឲ្យដឹង Sinopharm នឹងមកដល់ថ្ងៃ ៦ កក្កដា ១ លានដូស ថ្ងៃ ១០ កក្កដា ១ លានដូសទៀត Sinovac នឹងមកដល់ ៣ លានដូសនៅថ្ងៃ ១០ ខែ ៧។ អញ្ចឹង ក្នុងរង្វង់ខែ ៧ យើងនឹងទទួលបាន ៥ លានដូស ខែ ៨ យើងទទួល ៤ លានដូស គ្រប់ចំនួន ២០ លានដូស។

បើខ្ញុំកុំចាប់យកយុទ្ធសាស្ត្រនេះ ហើយនៅវិលទៅនេះបន្តិចវិលទៅនោះបន្តិច ម៉ោងពេលនេះបានខ្ញុំបង្ហោះតាមហ្វេសបុក សូម្បីតែ ២០ ម៉ឺននាក់ក៏មិនចាក់បានដែរ កុំថាដល់ ៤ លាន។ ពេលដែលរកឃើញលោក សូ សយ កោះកុង ចាក់ដូសទី ៤ លាន ភ្លាម ខ្ញុំបាននិយាយច្បាស់ថា បើសិនមិនមានមិត្តចិនទេ កុំថាឡើយចាក់ដល់ ៤ លានដូស ចាក់តែ ២០ ម៉ឺនដូស ក៏មិនបានផង ព្រោះអី COVAX ដែលសន្យាឲ្យយើងចំនួន ៧ លានដូស បានមកតែ ៣២ ម៉ឺន ៤ ពាន់ដូសតែប៉ុណ្ណោះ។ បើអញ្ចឹង គិតទៅយើងចាក់បានតែ ១៦ ម៉ឺននាក់ទេ។ អ្នកណាចង់ថាអ្វីថា។ ខ្វះអីអ្នកសន្យាលឺសូរខ្លាំងៗ ១ ពាន់លានដូស ២ ពាន់លានដូស ប៉ុន្តែវាអត់មានវ៉ាក់សាំង។ វាធ្វើម៉េច។ ឥឡូវមានអ្នកធ្វើអត្ថាធិប្បាយថា កេរ្តិ៍អាករដ៏ល្អរបស់លោក ហ៊ុន សែន ប្រហែលជាវ៉ាក់សាំង។ អ្នកឯងនិយាយត្រូវ។ នៅពេលដែលប្រជុំអំពីអនាគតអាស៊ីគេសួរខ្ញុំ ថាម៉េចបានទៅកៀកចិន។ ខ្ញុំថាបើមិនឲ្យខ្ញុំពឹងចិន ឲ្យខ្ញុំពឹងអ្នកណា? និយាយឲ្យពិត។ រឿងនេះ វាជារឿងពិត។ មិនដឹងនិយាយម៉េច អ្នកនេះសន្យា អ្នកនោះសន្យា ក៏ប៉ុន្តែទីចុងបំផុតវាមិនមកឲ្យធ្វើម៉េច។ មានតែរបស់ចិនដែលមក។ វាមានធុននេះទៀត តែខ្ញុំមិនបញ្ចេញឈ្មោះ មានធុនថាឲ្យយើងកក់លុយទៅមុន តែមិនបញ្ជាក់ថាវ៉ាក់សាំងមកដល់ពេលណា? អ្នកណាព្រម លុយរាប់លានដុល្លារ ឲ្យឯងកក់លុយប៉ុណ្ណេះ ហើយអត់មានបញ្ជាក់អំពីថ្ងៃមកដល់របស់វ៉ាក់សាំង។

ឥឡូវ នៅសិង្ហបុរីបើកឲ្យចាក់ បែរជាប្រជាជនសិង្ហបុរីជ្រើសរើសយកវ៉ាក់សាំងចិនទៅវិញ។ នៅអាស៊ាន ពីមុនថា សិង្ហបុរីមិនប្រើវ៉ាក់សាំងចិន។ ឥឡូវលឺថាសិង្ហបុរីបើកឲ្យប្រជាជនជ្រើសរើស។ ប្រជាជនជ្រើសរើសវ៉ាក់សាំងចិន។ អញ្ចឹងនៅអាស៊ីអាគ្នេយ៍ប្រើវ៉ាក់សាំងចិនសឹងទាំងអស់។ មានបងប្អូនខ្លះទៅចាក់វ៉ាក់សាំងថាចលនាឲ្យមកចាក់វ៉ាក់សាំង។ ខ្ញុំថាមិនបាច់ចលនាទេ អ្នកដែលវាមិនមកចាក់ ឲ្យមិនមកចាក់ ក៏ហីទៅ កុំឲ្យគេថាយើងទៅរំលោភ(សិទ្ធិ)គេ។ ប៉ុន្តែលទ្ធផលចុងក្រោយ អ្នកឯងនឹងបានឃើញនៅត្រង់ថា នៅក្នុងបន្ទប់ ១០ នាក់ ៩ នាក់គេចាក់ អ្នកឯងអត់ គេទើសទាល់គេ គេអត់នៅជាមួយ។ ប្រធានាធិបតីហ្វីលីពីនគាត់ថាអ្នកមិនចាក់វ៉ាក់សាំងចាប់ដាក់គុក។ ខ្ញុំអត់ចាប់ដាក់គុកទេ អ្នកមិនមកចាក់ក៏ហីទៅ។ ថ្ងៃក្រោយខ្ញុំនឹងឲ្យបញ្ជានៅទីក្រុងភ្នំពេញ។ គ្មានអ្នកណាអង្គុយនៅតែចាក់នៅហ្នឹងទេ។ ដល់ទីបញ្ចប់ ត្រូវប្រមូលកម្លាំងទា​ហាន​ចេញទៅ។ ឥឡូវកំពុងចាក់នៅកំពង់ស្ពឺ នៅកំពង់សោម នៅកោះកុង។ ឥឡូវ ចុះចាក់នៅកំពង់ចាម បន្តិចទៀតត្រូវបិទបញ្ចប់ការចាក់នៅភ្នំពេញ។ ដល់អ្នកមកត្រូវការចាក់ក្រោយ ត្រូវដាក់ពាក្យសុំចាក់។ អត់ដូចថ្ងៃនេះទេ។​ ពេលហ្នឹងនឹងឃើញមូលហេតុដែលមិនបានចាក់គឺមកពីខ្ញុំជាប់ធ្វើចត្តាឡីស័ក​ គឺជាប់ជំងឺកូវីដ-១៩។ ប៉ុន្តែ បើអ្នកឯងនៅហ្នឹងបែរជាអត់ចាក់តាមការញុះញង់របស់អ្នកដទៃ អញ្ចឹងសុំចាំដល់ឆ្នាំ ២០២៣ ចាំចាក់។ ប្រាប់ត្រង់ៗតែម្តង។ ខ្ញុំនឹងឲ្យគោលការណ៍ហ្នឹងមួយ។ (អ្នកឯង)ជឿទៅ វ៉ាក់សាំងចិន ចាក់ទៅងាប់។ យើងចង់ដឹងថាអ្វីដែលអ្នកឯងជឿគេនោះវាបានប្រយោជន៍(អ្វី)។ កុំចាំបាច់ទៅចលនាអីច្រើនពេក។ ប្រជាជនមួយប្រទេសគេដឹងហើយ។ គេមកចាក់លើសទាំងផែនការទៀត។ កំពង់ស្ពឺ តាមខ្ញុំដឹង កងទ័ពយើងចុះទៅដល់ ហើយថ្ងៃ អ៊ិត សារ៉ាត ទៅកំពង់សោម ប្រជាជនមកលើសចំនួន ទាល់តែអង្វរកគាត់ឲ្យផ្អាកសិន ចាំស្អែកចាំមកតាមការកំណត់។ រឿងអីមួយនាក់ពីរនាក់ វាមិនមកចាក់កុំ។ បើចិត្តសឿងកុំមកតែម្តងទៅ ព្រោះពីមុនក្រែងថាងាប់ ឥឡូវក្រែងលោវាងាប់កុំមក។ បើចង់ចាក់ ចាំឆ្នាំ ២០២៣ ចាំចាក់។

ប្រឹងរកវ៉ាក់សាំងចង់ងាប់ ទីចុងបំផុតយកវ៉ាក់សាំងមកចាក់សម្លាប់ប្រជាជន ហើយមានអ្នកដែលថាខ្ញុំសា្ល​ប់នេះស្លាប់ដោយសារចាក់វ៉ាក់សាំងវៀតណាមទៅទៀត។ ប៉ុន្មានថ្ងៃហ្នឹង លឺគេនិយាយ។ ខ្ញុំមិនបានដឹងទេ។​ មុនដំបូងខ្ញុំស្តាប់ ហេតុអីបានគេចេះតែនិយាយ។ ខ្ញុំមើលវេជ្ជបណ្ឌិត កែវ ចិត្រា នោះគាត់និយាយថាពួកនេះនិយាយអញ្ចេះអញ្ចុះ។ បើកមើលតា ម៉ក់ ហឿន​ គាត់វិភាគមួយចំណុចៗ រួចបើកឃើញ ផែង វណ្ណៈ ក៏ជេរ ឃើញ ខាន់ សុវណ្ណ នោះក៏ជេរ ឃើញ ចន្នី នោះក៏ជេរ ឃើញ ឌី ជេ កណ្តុរ នោះក៏ជេរ។ ជេរពីណា? ហើយជេររឿងអី? ស្រាប់តែយប់មិញបើកមើលទៅគេជេររឿងអញ្ចឹងតើ។ គេថាឯងងាប់ ហើយងាប់ដឹងម៉ោងទៀត។ សុំផ្តាំណា ផ្តាំសាជាថ្មីម្តងទៀត អ្នកដែលចង់ឲ្យ ហ៊ុន សែន ស្លាប់ត្រូវគិតសុខភាពខ្លួនឯងជាចំបង។ អាខ្មៅមួយនោះដែលបង្កើតគណៈកម្មាធិការដាក់បណ្តាសារ រាប់ទាំងដាក់បណ្តាសារលោក ​កែវ ចិត្រា ប្រយ័ត្នងាប់ខ្លួនឯង។ អ្នកប្រមាថជីវិត ហ៊ុន សែន ងាប់អស់ច្រើនហើយ។ រាសីមិនដល់ ងាប់ខ្លួនឯងណា។ ផ្តាំឲ្យហើយ។ ច្បាស់ណាស់ មានអ្នកសរសេរអត្ថបទមួយថា ទោះបីជាលោក ហ៊ុន សែន ជក់បារីមួយជីវិត តែសម្រាប់ការធ្វើនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀត មិនបញ្ហាសម្រាប់គាត់។ ពិតប្រាកដ ហ៊ុន សែន នៅវាយកូនគោលបានយ៉ាងរំភើយ។ គ្រាន់តែពេលកូវីដ-១៩ អញ្ចឹងយើងទៅវាយកូនគោលវាមិនកើតម្ខាងខ្លាចកូវីដ-១៩ ម្ខាងការងារតាមដានគ្រប់គ្រងសភាពការណ៍ សុខចិត្តអង្គុយធាក់កង់ …

ខ្ញុំសុំបញ្ជាក់ឡើងវិញ យុទ្ធសាស្រ្តវ៉ាក់សាំងទី ១ គឺត្រូវរកវ៉ាក់សាំងចាក់ឲ្យប្រជាជនឲ្យបានគ្រប់ ១០ លាននាក់ និងបន្តទៅគិតដល់ការចុះចាក់ឲ្យក្មេងអាយុក្រោម ១៨ ឆ្នាំ។ ទី ២ ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងៗគឺជាប្រភពគាំទ្រ។ មិត្តភក្តិបរទេសអាចយល់អំពីចិត្តរបស់កម្ពុជាហើយ។ តិចថាផ្អែកលើអញ្ចឹង ស្អីក៏ចិនៗ។ បើអស់លោកមិនផ្តល់ឲ្យខ្ញុំ តើខ្ញុំទៅពឹងអ្នកណា? បើមិនពឹងចិន? ខ្ញុំត្រូវការការពារប្រជាជនខ្ញុំដែរ។ មើលប្រទេសមួយចំនួនដែលពឹងពាក់ទៅលើប្រទេសដទៃក្រៅពីចិនបានវ៉ាក់សាំងហើយឬនៅ? ទី ៣ វ៉ាក់សាំងមកដល់ត្រូវចែកតាមតំបន់អាទិភាពឲ្យត្រឹមត្រូវប្រមូលផ្តុំកម្លាំងចាក់ឲ្យបានឆាប់។ បើមកដល់ត្រឹមខែ ៨ ខ្ញុំគិតថាខែ ១១ ចប់។ លោកជំទាវ  ឱ វណ្ណឌីន ប្រឹងខែ ១១ សម្រុកចាក់ឲ្យចប់ ព្រោះ ៥ លានដូសមក យើងចាត់ចែងទៅឲ្យខេត្តចាក់មុនទៅ។ ពេទ្យខេត្តចាក់។ កន្លែងណាត្រូវធ្វើយុទ្ធនាការប្រមូលផ្តុំពេទ្យទាហាន និងពេទ្យស្ម័គ្រចិត្តចុះទៅជួយខែ ១១ យើងអាចចាក់ចប់ បន្ទាប់ទៅយើងនឹងបន្តការគិតគូរទៅក្មេងដែលយើងចាប់គិតថាចាប់ផ្តើមពីអាយុ ១៥ ឆ្នាំ ទៅ ១៨ ឆ្នាំសិន តើត្រូវការវ៉ាក់សាំងប៉ុន្មាន? ហើយបើគិតពីអាយុពី ១៣ ឆ្នាំ ទៅ ១៧ ឆ្នាំ ព្រោះ ១៨ ឆ្នាំចាក់ហើយ។ តើត្រូវការវ៉ាក់សាំងប៉ុន្មាន? … អញ្ចឹងទេ បានជាវ៉ាក់សាំង Sinopharm និង Sinovac សុពលភាពរបស់វា ២ ឆ្នាំ។ Astrazeneca បានតែ ៦ ខែទេ។ មានដឹកទៅឲ្យប្រទេសមួយនោះ ដឹកវ៉ាក់សាំងហួសដេឡេ។ ខាងអង្គការសុខភាពពិភពលោកប្រាប់ឲ្យចាក់ទៅ។ រដ្ឋមន្រ្តីសុខាភិបាលប្រទេសនោះថាលើកដំបូងហើយ ដែលគេឲ្យខ្ញុំចាក់វ៉ាក់សាំងហួសដេឡេ។

ក្នុងនោះ ពេទ្យទាហានបានដើរតួនាទី។ គ្រាន់តែពេទ្យកងទ័ពចាក់ជិត ២ លាននាក់។ អញ្ចឹង ពេទ្យស៊ីវិលរបស់យើងដែលយើងបញ្ជូនវ៉ាក់សាំងទៅឲ្យចាក់ សេចក្តីត្រូវការបឋមរបស់យើងធ្វើម៉េចចាក់ឲ្យបាន ៥ ទៅ ៦​ លាននាក់ នៅតំបន់ទីក្រុងទីប្រជុំជន។ ឥឡូវ ពេលវ៉ាក់សាំងមកដល់ភ្លាមគឺ យើងរុញភ្លាម ឲ្យរៀបចំផែន​ការ។ បើសិនជាដូចអ្វីដែលបានកំណត់ថ្ងៃ ៦ កក្កដា មក ១ លានដូស ថ្ងៃ ១០ កក្កដា មកដល់ ៤ លានដូស បានសេចក្តីថារុញវ៉ាក់សាំងហ្នឹងទៅឲ្យក្រុមព្រូពេទ្យចាក់។

ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការណ៍នៅក្នុងកិច្ចការទាំងអស់ អរគុណចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ លើកនេះជោគជ័យសំខាន់របស់យើងគឺអាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកប្រឹងប្រែងដោយផ្ទាល់នៅនឹងកន្លែងដែលសុំលើកទឹកចិត្ត ពិតហើយមានការចូលរួមរបស់ថ្នាក់ជាតិផ្គត់ផ្គង់ ប៉ុន្តែថ្នាក់ក្រោមជាតិធ្វើការច្រើន។ ឥឡូវ អ្វីដែលជាចំណុចដែលខ្ញុំបោះជាគោលដៅសម្រាប់ដំណើរជីវិតរបស់យើងគឺមានប៉ុណ្ណឹង។ ខ្ញុំសុំបញ្ចប់បទឧទ្ទេសនាមរបស់ខ្ញុំ ហើយសុំបញ្ឈប់ការផ្សាយផ្ទាល់ បន្ទាប់ទៅយើងចាប់ផ្តើមការពិភាក្សា។ សូមផ្អាកការផ្សាយបន្តផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ