សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ស្ដីពី ការចាក់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ នៅតំបន់ក្រហម នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល

cnv:

សម្តេចពិជ័យសេនា ទៀ បាញ់,​ ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន

ឯកឧត្តម​ អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង

ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំ​នួន​ប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ​ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។

ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។ ដូច្នេះ វាអាចនឹងមានការខ្វះវ៉ាក់សាំង​។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ ម៉ឺននាក់នៅក្នុងតំបន់ក្រហមគឺមិនខ្វះទេ។ (នៅ)ថ្ងៃទី ១១ នឹង(មានវ៉ាក់សាំង)មកដល់ ៥០ ម៉ឺនដូស ថ្ងៃទី ១៥ នឹងមកដល់ ៥០ ម៉ឺនដូសទៀត។ គឺមាន ១ លានដូសនៅក្នុងដៃបន្ថែម។ ដូច្នេះ ខ្ញុំសុំស្នើ សម្ដេចពិជ័យសេនា បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម គឺមិនត្រូវបញ្ចប់នូវដូសទីមួយត្រឹមថ្ងៃទី ១៥ នោះទេ គឺដូសទីមួយត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មិនថាត្រឹមតែ ៥២ ម៉ឺននាក់ទេ ទោះបីជា ៥៣​ ៥៤ ៥៥ ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាពចាក់ជូនប្រជាជន។ ប៉ុន្តែយើងក៏សុំអង្វរករប្រជាជនកុំឲ្យចេញពីតំបន់ផ្សេងចូលមកក្នុងតំបន់ក្រហម ដើម្បីទទួលបានវ៉ាក់សាំង។

អញ្ជឹងទេ សុំដំណើរការចាក់តាមធម្មតា ហើយចាក់រួចដូសទីមួយហើយ បន្តការចាក់ដូសទីពីរ។ មុននេះហាក់ដូចជាបានគ្រោងថា ចាក់ដូសទីមួយត្រឹមតែអស់វ៉ាក់សាំង (គឺ)ត្រឹម ៤៥ ម៉ឺននាក់តែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជាថ្មីថា ដូសទីមួយនឹងត្រូវបញ្ចប់ទាល់តែអស់មនុស្ស ទើបអាចដូសទីពីរចាប់ផ្តើម ឬក៏អាចនិយាយថា ដូសទីមួយនៅសល់ចំនួនតិច គឺដើរទន្ទឹមគ្នារវាងនឹងបន្តបញ្ចប់ដូសទីមួយ ហើយចាប់ផ្តើមដូស​ទីពីរតែម្តង។​​ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងវិញ សូមលោកជំទាវ​ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ច ក៏ដូចវា ឯកឧត្តម វង្ស៊ី វិសុទ្ធ ដែលជាអ្នកទទួលធ្វើលទ្ធកម្ម ក្នុងការទិញវ៉ាក់សាំង ខិតខំធ្វើយ៉ាងណាឲ្យវ៉ាក់សាំង ៥០ ម៉ឺនដូស នេះបានមកដល់។ ត្រូវពិភាក្សាជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ឬ ឯកឧត្តម​ អ៊ិត​ សារ៉ាត់ ដើម្បីទទួលបង្គ្រប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនេះតែម្តង។

ខ្ញុំសូមបញ្ជាក់ថា តំបន់ក្រហមគឺជាតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ ពួកគាត់លំបាកណាស់ទៅហើយ ដូច្នេះយើងត្រូវឲ្យពួកគាត់ទទួលបានផលប្រយោជន៍មុនគេ ដើម្បីពួកគាត់អាចស្ថិតនៅតំបន់ក្រហម​ ដែលអាចចាត់ទុកថាជាតំបន់បិទខ្ទប់ដោយអាជ្ញាធររាជធានីភ្នំពេញ បន្តទៀត។ ខ្ញុំហាក់ដូចជាបានដឹងថាតំបន់ក្រហមមាននៅសល់មួយសង្កាត់ទៀត មិនទាន់បានបើកដំណើរការចាក់នៅឡើយដោយសារតែខ្វះវ៉ាក់សាំង និងក្រុមគ្រូពេទ្យ ដូចជានៅគីឡូម៉ែត្រលេខ ៦ ឬ​ ក៏តំបន់មួយណានោះ។ ប្រសិនបើយ៉ាងដូច្នេះមែនក៏សុំចាប់ផ្តើមរៀបចំក្រុមគ្រូពេទ្យដើម្បីរង់ចាំ ពេលដែលវ៉ាក់សាំងមកដល់នៅថ្ងៃទី ១១ នេះ គឺអាចបើកមុខព្រួញទៅរកសង្កាត់នៃតំបន់ក្រហមមួយទៀតដែលមិនទាន់បានចាក់។

បើយោងទៅលើស្ថានភាពបែបនេះ នៅពេលដែលយើងចាក់ចប់នៅក្នុងតំបន់ក្រហមហើយ (ចំនួន)ប្រជាជនកម្ពុជាដែលបានទទួលចាក់វ៉ាក់សាំង នឹងឡើងទៅដល់ជាង ២ លាននាក់ ដែលស្មើនឹងចំនួន ២០% នៃចំនួន ១០ លាននាក់ ដែលយើងគ្រោងនឹងចាក់។ អញ្ចឹងទេ សុំឲ្យសម្តេចពិជ័យសេនា ឯកឧត្តម អ៊ិត សារ៉ាត់ ដែលដឹកនាំយុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ បន្តកិច្ចការងារនៅក្នុងតំបន់នោះឲ្យចប់ចុងចប់ដើម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រប់មនុស្សទាំងអស់ដែលនៅទីនោះ ពិសេសត្រូវសម្លឹងមើលជនពិការ ជនចាស់ជរា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ហើយគប្បីត្រូវបានអនុគ្រោះ ឲ្យបានចូលចាក់មុន។ ក្នុងករណីដែលមានការចាំបាច់ អ្នកដែលមានវ័យចំណាស់ ឬជនពិការដែលមិនអាច ដើរបាន យើងអាចឆ្លៀតដើម្បីទៅចាក់ជូនគាត់នៅទីកន្លែងរបស់គាត់។ កុំភ្លេចចំពោះព្រះសង្ឃនៅតាមវត្តអារាម ក៏សុំឲ្យនិមន្តព្រះសង្ឃមកចាក់ផងដែរ ព្រោះថាព្រះសង្ឃក៏ជាប្រជាពលរដ្ឋ គ្រាន់តែមានការកាន់សីល​កាន់ទាន ខុសពីប្រជាជនធម្មតា ដែលជាបុព្វជិតសាសនា។

និយាយសរុបមក យើងមិនឲ្យអ្នកណាម្នាក់នៅក្នុងតំបន់ក្រហមខ្វះវ៉ាក់សាំង ហើយយើងដើរចេញនោះទេ ដូចជាយើងគ្រោងចាក់ ៤៥ ម៉ឺននាក់ ក្នុងពេលដែលប្រជាជនមាន ៥២ ម៉ឺននាក់។ ឥឡូវនេះ ខ្ញុំអាចជម្រាបបានថា បើទោះបីជា ៥២ ម៉ឺននាក់ ៥៣ ម៉ឺននាក់ ៥៤ ម៉ឺននាក់ ឬរហូតទៅដល់ ៦០ ម៉ឺននាក់ ឬច្រើនជាងនេះក៏យើងនៅតែមានសមត្ថភាពចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងតំបន់នេះទាំងអស់ផងដែរ។

ខ្ញុំសុំកោតសរសើរចំពោះសម្តេចឯកឧត្តម លោកជំទាវ ជាពិសេសក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំនៃបណ្តាអង្គ ភាព កងពល និងក្រុមគ្រូពេទ្យនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានចូលទៅជួយប្រជាជននៅក្នុងតំបន់ក្រហមដោយមិនមានការភ័យខ្លាចគ្រោះថ្នាក់។ ខ្ញុំក៏សុំអរគុណផងដែរ ដែលបានជួយយកជំនួយរបស់ខ្ញុំទៅចែកជូនប្រជាពលរដ្ឋដែលក្រីក្រនៅក្នុងតំបន់នោះ។ ខ្ញុំក៏សុំអរគុណចំពោះប្រជាពលរដ្ឋដែលបានសរសេរជាក្នុងទម្រង់លិខិត ហើយក៏មានបញ្ជូនតាមសារហ្វេសប៊ុកចូលមកក្នុងហ្វេសប៊ុករបស់ខ្ញុំ ដើម្បីថ្លែងអំណរគុណចំពោះកងទ័ព ចំពោះពេទ្យ នៅក្នុងតំបន់ក្រហម ក៏ដូចជាអរគុណចំពោះរាជរដ្ឋាភិបាល។ នេះជាការលើកទឹកចិត្ត ហើយជាការសហការដ៏ល្អរវាងអ្នកចាក់ និងអ្នកដែលត្រូវចាក់ឲ្យគេ បានសេចក្តីថា រវាងគ្រូពេទ្យ និងអ្នកចាក់វ៉ាក់សាំង។

សូមបងប្អូនកុំមកប្រជ្រៀតគ្នាជាការល្អ ព្រោះថាវ៉ាក់សាំងរបស់យើងគ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ ដោយសារលទ្ធភាពនៃការចាក់។ បើទោះបីថា វ៉ាក់សាំងមកទាន់ពេល ក៏មិនអាចចាក់បានលើសនេះនោះទេ។ ឥឡូវនេះ មួយថ្ងៃយើងចាក់បានក្នុងកម្រិត ៣ ទៅ ៤ ម៉ឺននាក់ តែប៉ុណ្ណោះ។​ បើដូច្នោះ គឺយើងមិនអាចសម្រុកមកទាំងរាប់សិបម៉ឺននាក់បាននោះទេ​។ ត្រូវតែធ្វើទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្រុមចាក់(វ៉ាក់សាំង) ក៏ដូចអាជ្ញាធរនៅក្នុងមូលដ្ឋាន ដើម្បីធានាថាយើងចាក់វ៉ាក់សាំង ហើយយើងមិនមានការឆ្លងរីករាលដាលតាមការប្រជ្រៀតគ្នានោះឡើយ។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដោយយល់ដឹងច្បាស់លាស់អំពីវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូន បងប្អូន ដើម្បីការពារជីវិត ហើយការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យើងមិនចាញ់បោកអ្នកណាដែល(មានបំណង)បំផ្លាញការចាក់វ៉ាក់សាំងនោះទេ។ យើងមានប្រជាពលរដ្ឋចូលរួមសហការ ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរួចហើយ។ យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យជន់លិចទៅដោយវ៉ាក់សាំង ប៉ុន្តែដំបូងនេះ យើងធ្វើនៅក្នុងក្របខណ្ឌតំបន់ក្រហម ហើយគ្រាន់តែតំបន់ក្រហមនេះ ប្រជាជនមានដល់ទៅជាង ៥០ ម៉ឺននាក់ រួចស្រេចទៅហើយ។

ដូច្នេះ មិនយូរប៉ុន្មានទីក្រុងភ្នំពេញ និងខេត្តកណ្តាលនឹងជោគជាំដោយវ៉ាក់សាំង ដែលយើងខំប្រឹងរក ហើយដោយមានការជួយផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រភពមិនចេះរីងស្ងួតសម្រាប់យើង រាប់ទាំងជំនួយ ក៏ដូចជាការផ្គត់ផ្គង់តាមរយៈការទិញរបស់យើងផងដែរ។ នេះគឺជាសារដែលខ្ញុំផ្ញើជូនចំពោះសម្តេចឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋរបស់យើង ដែលខ្ញុំពិតជាមានការរីករាយ ដោយសារតែយើងរៀបចំនូវគម្រោងដំណើរការចាក់វ៉ាក់សាំងបានយ៉ាងល្អប្រសើរ និងត្រូវទិសដៅ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...