សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាជីវភាពរបស់កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម និងដំណើរការចាក់វ៉ាក់សាំង (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១)

CNV: 

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់

ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយ គឺនៅក្នុងតំបន់ក្រហម។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សុំមេត្តាយោគយល់ដល់កម្មករ/ការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែមានការជួបការលំបាក។ ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ/ការិនីក្នុងចំនួនមួយរយៈ ឬក៏បញ្ចុះថ្លៃ។ មានមួយចំនួនទៀត គឺមានរហូតដល់ឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ​។

ក៏ប៉ុន្តែ នៅសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់ បង្កើតឱ្យមានបញ្ហាឡើង។ ម្សិលមិញនេះ មានការប្រញាប់ប្រញាល់ទៅធ្វើការដោះស្រាយនៅទីន្លែងនោះ។ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំង​ឡាយ សូមផ្អាកជាបណ្ដោះអាសន្ន ការយកប្រាក់ឈ្នួលពីកម្មករ/ការិនី ក្នុងពេលដែលកម្មករ/ការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ/ការនីរបស់យើង ឧទាហរណ៍ ​ការបញ្ចុះថ្លៃឈ្នួលនៃផ្ទះដែលបាន និងកំពុងស្នាក់នៅ ក្នុងចំនួនប្រមាណភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុងមួយខែ ពីរខែ ឬបីខែ ក៏សុំធ្វើការលើកលែង។

ពិតហើយ ខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារយកមកសាងសង់ផ្ទះឈ្នួលទាំងនោះ។ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល។ ប៉ុន្តែ សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយោគយល់បាននូវការលំបាករួម។ ស្ថានភាពនេះ មិនមែនគ្រាន់តែនៅទីក្រុងភ្នំ​ពេញទេ បើអាចធ្វើបាន សុំធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសរបស់យើង ក្នុងតំបន់ដែលមានការបិទខ្ទប់។ ខ្ញុំនិយាយនេះក្នុងតំបន់បិទខ្ទប់ ហើយកម្មករ/ការិនីមិនទាន់បានបើកប្រាក់ខែរបស់ខ្លួននៅឡើយ ដែលសុំឱ្យមានការយោគយល់។

សម្រាប់ ថ្លៃទឹក/ភ្លើងទៀតសោត ក៏សុំឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនីជាមុន ដែលអាចរកដំណោះស្រាយណាមួយ ដើម្បីឱ្យកម្មករ/ការិនីរបស់យើងដែលរស់នៅតាមផ្ទះឈ្នួលនេះ បានទទួលនូវការអនុគ្រោះនៅក្នុងការយកថ្លៃទឹក/ភ្លើង ដែលជាការរួមចំណែកជាមួយម្ចាស់ផ្ទះ ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ/ការិនីរបស់យើង។ សកម្មភាពនេះ មិនរីករាលដាលទៅដល់អ្នកដែលមានផ្ទះហើយប្រើម៉ាស៊ីនត្រជាក់យ៉ាងច្រើននោះទេ។ ទាក់ទងនឹងការទាមទារអំពីការអនុគ្រោះថ្លៃទឹក/ភ្លើង (ដែល)យើងបានសិក្សាហើយ អ្នកដែលបានបង្ហោះហ្វេសប៊ុក(ស្នើសុំ)ដើម្បីកាត់បន្ថយនេះ មិនមែនកម្មករ/ការិនីនោះទេ ក៏ប៉ុន្តែបែរជាអ្នកប្រើម៉ាស៊ីនត្រ​ជាក់យ៉ាងច្រើន មានហូបមានចុក បរិបូណ៌ហូរហៀរទៅវិញទេ។ អ្វីដែលខ្ញុំចង់និយាយនេះ គឺកុំឱ្យបែកវាលបែកកាល គឺសំដៅឆ្ពោះទៅរកតែផ្ទះឈ្នួលកម្មករ/ការិនីតែប៉ុណ្ណោះ ទាំងម្ចាស់ផ្ទះ ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ។

នេះជាសំណូមទី ១ ដែលខ្ញុំសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់នឹងធ្វើការពិនិត្យ ហើយសុំមេត្តាចូលរួមចំ​ណែកនូវការលំបាកនេះជាមួយកម្មករ/ការិនីរបស់យើង ដែលកំពុងជួបការលំបាកនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រ​ហម ហើយនៅក្នុងតំបន់ផ្សេងទៀត ដែលគាត់មិនទាន់បានទទួលបៀវត្សរ៍ណាមួយ ចេញពីការងាររបស់គាត់នៅឡើយទេ ហើយយើងទៅទាមទារប្រាក់(ឈ្នួលផ្ទះ)ថែមទៀតនោះ។ រាជរដ្ឋាភិបាលក៏កំពុងតែធ្វើការប្រមូលផ្ដុំដើម្បីផ្គត់ផ្គង់ជួយដឹកស្បៀងអាហារទៅដល់កម្មករ/ការិនី ដែលរស់នៅតាមផ្ទះឈ្នួលទាំងនោះថែមទៀត។ នេះជាចំណុចទី ១ ដែលខ្ញុំសុំសំណូមពរអំពាវនាវទៅកាន់បងប្អូន។

ចំណុចទី២ ខ្ញុំសុំអំពាវនាវចំពោះម្ចាស់រោងចក្រទាំងអស់ សុំមេត្តាយោគយល់ ហើយបញ្ហានេះពិត ឬមិនពិតយ៉ាងណានោះ តែវាបានកើតឡើងរួចទៅហើយ។ នៅត្រង់ថា យើងបានបញ្ជូនកងទ័ពចូលទៅចាក់នៅក្នុងតំបន់ក្រហម ហើយលទ្ធផលពិតជាបានល្អណាស់ ក្នុងមួយថ្ងៃយើងចាក់បានជាង ៥ ម៉ឺននាក់។ មកដល់ពេលម្សិលមិញនេះ យើងចាក់បាន ១ ៦៦០ ០០០ នាក់។ សង្ឃឹមថាថ្ងៃយើងនឹងចាក់បានទៅដល់ ១ ៧០០ ០០០ នាក់ ដែលជាចំនួនមួយដ៏ច្រើន ​បើប្រៀបធៀបជាមួយប្រទេសនានា ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងតិចតួច។

ប៉ុន្តែមានបាតុភាពកើតឡើងពីបញ្ហាម្សិលមិញ គឺមានកម្មករ/ការិនី បាន(ទៅ)ផ្ទះប្រធានភូមិ ដើម្បីសុំលិខិតបញ្ជាក់ដែលមានប័ណ្ណ មានត្រា ហើយដែលមេភូមិបានចែកជូនរួចទៅហើយ សម្រាប់ពលរដ្ឋនៅក្នុងភូមិរបស់ខ្លួន។ ប៉ុន្តែ (លឺថា)មានរោងចក្រខ្លះបាននិយាយថា កម្មករមិនទាន់បានចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឱ្យចូលធ្វើការងារ។ ប្រសិនបើរឿងនេះវាជារឿងពិត វាគឺជាកំហុសមួយរបស់ថៅកែរោងចក្រ ដែលសុំឱ្យក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការត្រួតពិនិត្យបញ្ហានេះឡើងវិញ។ អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការងារនេះឡើងវិញ។

យើងមិនទាន់អាចអនុវត្តបាននូវចំណុចដែលយកការចាក់វ៉ាក់សាំងធ្វើជាមូលដ្ឋាន ដើម្បីការធ្វើដំណើរ ដើម្បីកាត់បន្ថយការធ្វើចត្តាឡីស័ក ដើម្បីការធ្វើការងារនោះទេ ព្រោះទីមួយ វ៉ាក់សាំង យើងទើបតែនឹងចាក់ ដូច្នេះចាក់នៅកន្លែងខ្លះទើបនឹងបានដូសទីមួយ ដូសទី ២ មិនទាន់បានចាក់ កន្លែងខ្លះមិនទាន់បានចាក់នូវដូសទីមួយនៅឡើយ។ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់យើង មិនទាន់ទប់ទល់បានជាមួយជំងឺនោះឡើយ។ ដូច្នេះ ទោះបីបានទទួលវ៉ាក់សាំងហើយក៏ដោយ ការការពារខ្លួនតាមរយៈវិធានការ ៣ ការពារ និង ៣ កុំ ត្រូវតែបានធ្វើ ចំពោះគ្រប់មនុស្សទាំងអស់គ្មានការលើកលែង។ យើងមិនទាន់ឈានទៅដល់ដំណាក់កាលនៃការបញ្ចប់ការធ្វើវិធានការសុខាភិបាល តាមរយៈការជំនួសដោយការចាក់វ៉ាក់សាំងនោះទេ។

តាមព័ត៌មានដែលខ្ញុំបានទទួល វេជ្ជបណ្ឌិតនៅប្រទេសខ្លះដោយសារតែសំអាងទៅលើការ(ដែលថាខ្លួនបានទទួលការ)ចាក់វ៉ាក់សាំង(រួចហើយ ក៏)មានការធ្វេសប្រហែស ធ្វើឱ្យវេជ្ជបណ្ឌិតនោះស្លាប់ខ្លួនតែម្ដង។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត ការប្រើប្រាស់វ៉ាក់សាំងដើម្បីកំណត់ការធ្វើការងារ គឺវាអយុត្តិធម៌ចំពោះអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង។ នេះខ្ញុំសូមបញ្ជាក់ ប្រទេសរបស់យើងគឺទើបនឹងចាក់បាន បើគិតជាភាគរយ គិតថា ១០ លាននាក់នៃចំនួនប្រជាជនដែលត្រូវចាក់ យើងទើបនឹងចាក់បានក្នុងរង្វង់ ១៦% តែប៉ុណ្ណោះ។ ប៉ុន្តែ យើងមានគម្រោងចាក់ដល់ទៅដល់ ១៣ លាននាក់ យើងក៏នៅត្រឹមជាង ១០% នៅឡើយ។ យើងមិនទាន់អាចយកបញ្ហាចាក់វ៉ាក់សាំងធ្វើជាមូលដ្ឋាន ដើម្បីនឹងរក្សាបានការងារធ្វើ(នៅឡើយទេ)។ ខ្ញុំបានបញ្ជាក់ពីមុនហើយៗ ក៏បានចេញអនុក្រឹត្យឱ្យមានវ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋរបស់យើងមិនតម្រូវបែបនោះទេ។ តែថ្ងៃក្រោយប្រហែលជាមានការតម្រូវបែបនោះហើយ។ ប៉ុន្តែការតម្រូវនេះ ត្រូវមានរយៈពេល ហើយត្រូវមានវ៉ាក់សាំងឱ្យគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។

ឥឡូវនេះ យើងអាចកំណត់ថា ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅពេលណាដែលយើងបានចាក់សព្វគ្រប់សម្រាប់ប្រជាពលរដ្ឋហើយ យើងអាចកំណត់បានហើយ។ អ្នកដែលមិនបានចាក់វ៉ាក់សាំង អ្នកនោះនឹងនៅឯកោ ហើយពុំមានការងារធ្វើ ដោយសារតែខ្លួនបានបដិសេធមិនចាក់វ៉ាក់សាំង ដែលចាត់ទុកថា នេះជាវ៉ាក់សាំងរបស់ចិន នេះជាវ៉ាក់សាំងអ្នកនេះ/នោះ ដែលខ្ញុំបាននិយាយហើយថា សូមកុំបារម្ភរឿងវ៉ាក់សាំងមកពីប្រទេសណា បញ្ហាសំខាន់គឺបារម្ភគ្មានវ៉ាក់សាំងចាក់។ ខ្ញុំសូមស្នើ​ឱ្យគ្រប់ទីកន្លែងទាំងអស់ នៃកន្លែងការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមមេត្តាកុំអាលដាក់បញ្ហាចាក់វ៉ាក់សាំងហើយ ទើបអនុញ្ញាតឱ្យចូលធ្វើការងារ ដែលជាការរំខានទៅដល់ការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋាន ដូចដែលបានកើតឡើងកាលពីម្សិលមិញនៅផ្ទះប្រធានភូមិមួយ ដែលគាត់បានទទួលបន្ទុកចែកចាយទៅកាន់ក្រុមគ្រួ​សារ​ដែលត្រូវចាក់ ប៉ុន្តែបែរជាមានកម្មករ/ការិនី មកផ្ទះរបស់គាត់ ដើម្បីទាមទារលិខិតបញ្ជាក់សម្រាប់ការចាក់វ៉ាក់សាំង។ នេះបណ្ដាលមកពីម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ បានបញ្ជាក់ប្រាប់ពួកគាត់ថា ទាល់​តែបានចាក់វ៉ាក់សាំងទើបបានធ្វើការងារ។

ចំណុចនេះ ខ្ញុំសូមបញ្ជាក់ យើងនឹងចាក់ឱ្យមនុស្សគ្រប់ៗគ្នា។ ប៉ុន្តែ យើងដឹងហើយ ទោះបីជាយើងមានវ៉ាក់សាំងក្នុងមួយថ្ងៃ ក្នុងតំបន់ក្រហម យើងចាក់បានត្រឹមតែជាង ៥ ម៉ឺននាក់តែប៉ុណ្ណោះ មិនអាចតាមចិត្តចង់យើងទេ ព្រោះវាទាក់ទងជាមួយនឹងបញ្ហាសុវត្ថិភាព រហូតទៅដល់ការសម្ភាសន៍ទាំងឡាយ។ ពិតណាស់ មនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានទេ ដោយមូលហេតុសុខភាព ដូចជាក្នុងរបាយការណ៍នៃគណៈកម្មការចំពោះកិច្ច អ្នកដែលមកទទួលចង់ចាក់វ៉ាក់សាំង គឹមានច្រើនជាង ១ លាន ៦ សែន ៦ ម៉ឺន តែក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងមានប្រមាណជាង ៦ ម៉ឺននាក់ឯណោះ។ ប៉ុន្តែ ថ្ងៃក្រោយ យើងក៏ត្រូវមានភាពអនុគ្រោះ ធ្វើការបញ្ជាក់ទៅឱ្យរោងចក្រ ឱ្យទៅកន្លែងការងារ ទៅឱ្យកន្លែងដទៃទៀត ថាបុគ្គលរូបនេះមិនអាចចាក់វ៉ាក់សាំងបាន ដូចដែលខ្ញុំបានបញ្ជាក់កាលពីពេលមុន។ នេះជាការអំពាវនាវរបស់ខ្ញុំ ដែលសុំឱ្យការទទួលវ៉ាក់សាំង គឺជាការទទួលវ៉ាក់សាំងដែលមានសណ្ដាប់ធ្នាប់។ យើងទៅទទួលវ៉ាក់សាំងដើម្បីការពារខ្លួន មិនមែនទៅទទួលនូវកូវីដ-១៩តាមរយៈការប្រមូលផ្ដុំទៅទាមទារនូវលិខិតស្នាមបញ្ជាក់ ហើយដោយគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។

សូមបងប្អូនយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ខ្ញុំសូមកោតសរសើរចំពោះមេភូមិ ចៅសង្កាត់/ខណ្ឌ ក៏ដូចជាមន្រ្តីទាំងអស់ ដែលចូលពាក់ព័ន្ធនៅក្នុងការរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់យើង បន្ថែមទៅដោយការជួយផ្គត់ផ្គង់ស្បៀងពីគ្រប់មជ្ឈដ្ឋាន ពីរាជរដ្ឋាភិបាល ពីសប្បុរសជន ពីអង្គការក្រៅរដ្ឋាភិបាលផងដែរ ហើយក៏សុំបងប្អូនមេត្តាយោគយល់ អ្នកមានលទ្ធភាពសូមកុំទៅដណ្ដើមនូវជំនួយពីសំណាក់បងប្អូនដែលកំពុងមានការខ្វះខាត។ ដូចខ្ញុំបានឃើញនៅកន្លែងមួយចំនួនប្រើពាក្យថា ប្រសិនជាបាន ត្រូវបានទាំងអស់គ្នា។​​ ប្រសិនបើបងប្អូនគិតយ៉ាងដូច្នេះ មិនត្រឹមតែបងប្អូនមិនបាន​រួម​ចំណែក​ជួយទៅដល់ប្រជាពលរដ្ឋ​ ដែលកំពុងមានការខ្វះខាតនោះទេ​ ប៉ុន្ដែបែរជាបងប្អូនបង្កើតនូវបញ្ហាចំពោះអ្នកដែលមានការខ្វះខាត ដោយ​​មានការច្រណែននិន្ទាជាមួយអ្នកដែលបានទទួលជំនួយ។

យើងមានប្រជាជនដែលត្រូវ​ជួយ​ច្រើនណាស់ ប៉ុន្ដែត្រូវជួយឱ្យចំគោលដៅចំពោះអ្នកដែលខ្វះខាត។ តំបន់ខ្លះបិទខ្ទប់យូរថ្ងៃ មិនទាន់បានទទួលជំនួយនៅឡើយ ហើយខ្លះបានទទួលជំនួយ​ ប៉ុន្ដែដោយសារនៅក្នុងតំបន់​ក្រ​ហមរយៈពេលយូរពេក ធ្វើឱ្យស្បៀងមានការលំបាក។ ដូច្នេះបានជាអាជ្ញាធរនៅគ្រប់ទីកន្លែងផ្តោតការយក​ចិត្តទុកដាក់ជាសំខាន់លើអ្នកខ្វះស្បៀងជាមុន។ សម្រាប់អ្នកមានស្បៀងរួចហើយ គឺសូមមេត្តាយោគ​យល់ កុំអាលទាមទារសមភាព សមធម៌ ឬភាពស្មើៗគ្នានៅក្នុងដំណាក់កាលអាសន្នរបស់យើង។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ចំពោះបញ្ហានេះ។

សរុបមក ខ្ញុំអំពាវនាវចំពោះម្ចាស់ផ្ទះជួល​ទាំង​ឡាយ សូមមេត្តាបញ្ចេញនូវកាយវិការមនុស្សធម៌ចំពោះកម្មករ/ការិនីរបស់យើង។ ក្រុមហ៊ុនអគ្គិសនី​កម្ពុជា និងរដ្ឋាករទឹកក៏សូមបញ្ចេញនូវកាយវិការសម្រាប់កម្មករ/ការិនី ដែលបានប្រើប្រាស់ភ្លើង និង​ទឹកនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ សូមម្ចាស់រោងចក្រកុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិន​មែនជាពេលវេលាដែលត្រូវយកបញ្ហាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌដើម្បីដោះស្រាយការ​ងារ​ធ្វើទេ។ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះគឺច្បាស់ណាស់ថា (នឹង)អស់ការងារធ្វើ ឬរកការងារធ្វើមិន​បាន ដោយសារតែជឿតាមការឃោសនាអកុសល ​នៃ​មនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំង​ចាក់ទៅស្លាប់ ឬកើតជំងឺនេះ/នោះ។

អំពាវនាវចំពោះបងប្អូនទាំងអស់សូមមេត្តាយោគយល់ចំពោះសភាពការណ៍​ទាំង​ឡាយ​ ហើយសុំអ្នកមាន​លទ្ធភាពកុំមកដណ្ដើមយកជំនួយ ដែលអ្នកត្រូវការ(ឱ្យ)គេជួយកំពុងទាមទារឱ្យជួយ ក្នុងពេលដែល​មានជំនួយគ្រប់គ្រាន់ ហើយបែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀនចំពោះអ្នកមាន​លទ្ធ​ភាព។ ខ្ញុំបានទទួលរូបភាពជាបន្ដបន្ទាប់ នូវអ្នកដែលមានលទ្ធភាព ប៉ុន្តែបែរជាមកទាមទារជាមួយនឹង​ជំនួយដែលត្រូវដឹក។ ខ្ញុំសូមបញ្ជាក់ថា គ្រាន់តែកម្លាំងដឹកជញ្ជូន លីសែង​ វេចខ្ចប់ ដើម្បីឱ្យបានមួយថ្ងៃចែក ​២ ឬ ៣ ម៉ឺនគ្រួសារ ត្រូវប្រើកងទ័ពរាប់ពាន់នាក់ … កងទ័ព​នៅខាងក្រៅហត់នឿយណាស់ ក្នុងនោះអង្គរក្សរបស់ខ្ញុំបានបញ្ចេញកម្លាំងប្រមាណជាជាង ២ ពាន់នាក់ ដើម្បី​ចូល​រួមក្នុងការដឹកជញ្ជូនទៅកាន់ទីកន្លែងដែលបងប្អូនត្រូវការ។ មិនមែនជាការងាយស្រួលទេ មិនមែនគ្រាន់តែ​មានអង្ករដឹកយកចាក់ឱ្យបងប្អូនទៅលើផ្លូវនោះទេ​ ត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីដឹកជញ្ជូនទៅ​ដល់​ទីកន្លែងបងប្អូនរស់នៅ។

ដូចបងប្អូនដឹងស្រាប់ហើយ សូម្បីកន្លែងដែលកម្មករ/ការិនីរបស់​​យើង​រស់នៅ ក៏សូមការយោគយល់ដែរ ផ្លូវរបស់យើងតូចៗណាស់​ មិនអាចឡានរបស់យើងចូលចុះទេ។ កងទ័ព​របស់យើងត្រូវលីសែង ដើម្បីបានទៅដល់ផ្ទះរបស់បងប្អូនរស់នៅ។ ដូច្នេះ សូមមេត្តាយោគយល់នូវ​ការលំបាក​ទាំងអស់គ្នា។ សង្ឃឹមថាបងប្អូននឹងអាចធ្វើបាន។ ជាពិសេស សូមអង្វរករម្ចាស់ផ្ទះសុំ​កុំ​ផ្ដោតទៅលើរឿងលុយជាងជាបញ្ហាដែលកំពុងតែលំបាក ជាពិសេសកម្មករ/ការិនីកំពុង​បាត់​បង់ប្រាក់ចំណូល កម្មការ/ការិនីមិនទាន់បានទទួលនូវប្រាក់ដែលថៅកែបើកឱ្យផងនោះ។ សង្ឃឹមថា បង​ប្អូន​ទាំងអស់គ្នារួមគ្នាឆ្លងកាត់នូវការលំបាក ដែលពេលនេះស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់​គ្រងបាន ​ដោយអត្រាឆ្លងមានការធ្លាក់ចុះជាបន្ដបន្ទាប់។ ទោះបីថាយើងមិនអាចបិទបញ្ចប់នូវ​ព្រឹ​ត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន តែយើងនឹងអាចកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជា​ជន។ សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...