សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេង ស្តីពី ការទប់ស្កាត់ការចល័តរបស់ប្រជាជន ចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត

ពិនិត្យមើលទាក់ទិនជាមួយករណីកើនឡើងនៃអ្នកមានវិជ្ជមាន(កូវីដ១៩) នៅខេត្តព្រះសីហនុ គប្បីយកវិធានការបន្ទាន់ ។ វិធានការទី ១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង​ គឺធ្វើម៉េចកាត់បន្ថយ ខិតខំដើម្បីចលនាមនុស្សកុំឲ្យចេញ។ តាមវិធី(ស្តីពី)ការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា ហ្នឹងគឺយើងបិទរួចទៅហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឲ្យការធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុងទេ ដោយសារតែវាពាក់ព័ន្ធជាមួយការនាំចេញនាំចូលទំនិញ ប៉ុន្តែអាចតម្រូវឲ្យមានការខិតខំទប់ស្កាត់(ចរាចរណ៍មនុស្ស ដើម្បីទប់ស្កាត់)ការរីករាលដាលទៅកាន់ខេត្តផ្សេង ចម្លងទៅខេត្តផ្សេង។ អញ្ចឹង ក៏សុំឲ្យគេស្នាក់នៅខេត្តព្រះសីហនុ កុំឲ្យចេញមកក្រៅដូចជាកែប កំពត ឬក៏មកតាមផ្លូវជាតិលេខ ៤ អាហ្នឹងវិធានការទី ១។

វិធានការទី ២ គឺជម្រុញការចាក់វ៉ាក់សាំង ហើយនឹងបន្តវ៉ាក់សាំងសម្រាប់អ្នកមានអាយុពី ៥៩ ឆ្នាំចុះ និងថែមទៅ(ដោយវ៉ាក់សាំង) AstraZeneca សម្រាប់ប្រជាពលរដ្ឋផង និងសម្រាប់មន្រ្តីរាជការផង ដែលមានអាយុលើសពី ៦០ ឆ្នាំ រាប់ទាំងជនចូលនិវត្តន៍។ ជម្រុញការបង្កើនការចាក់វ៉ាក់សាំងហើយត្រូវគ្រប់គ្រងឲ្យបាននូវសភាពការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ (រាំងស្កាត់)កុំឲ្យរីកចេញពីខេត្តព្រះសីហនុទៅខេត្តផ្សេង។ អញ្ចឹង រកវិធីដោះស្រាយបញ្ហាហ្នឹងតាមរយៈការរៀបចំរបៀបណាកុំឲ្យរថយន្ត(ទាំងឡាយ) ក្រៅពីរថយន្តដឹកទំនិញ វាមានរថយន្តអ្នកធ្វើដំណើរ(ចេញពីខេត្ត)។ ឥឡូវរកវិធីទៅ។ សំខាន់រកវិធីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត។ សំខាន់ពល​រដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ។

យើងត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក។ យើងគ្រប់គ្រងបានហើយ (តែ)ក្រែងលោមានអ្នកដែលយើងមិនទាន់បានពិនិត្យ។ អញ្ចឹងសុំធ្វើកិច្ចការងារហ្នឹងឲ្យបានហ្មត់ចត់ ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង ក៏ប៉ុន្តែកុំឲ្យប៉ះពាល់ការដឹកទំនិញនាំចេញនាំចូល។ ហ្នឹងជារឿងចាំបាច់ ប៉ុន្តែអ្នកទាំងនេះគឺមិនទាក់ទងទៅនឹងការចម្លងទេភាគច្រើន។ ការចម្លងភាគច្រើនទាក់ទងជាមួយនឹងក្រុមពួកកាស៊ីណូ ពួកស្អីៗហ្នឹង។ ពួកហ្នឹងច្រើនធ្វើដំណើរ។ ទាល់រកវិធីហ្នឹងដើម្បីទប់ស្កាត់ឲ្យហើយ។ បន្ថែមលើនោះ ជំរុញការចាក់វ៉ាក់សាំងដែលបញ្ជូនទៅស្អែកនេះទាំង Sinopharm ទាំង AstraZaneca

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ