សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងពិសេសក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ សម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ

CNV:

ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្ត លោកជំទាវអភិបាលរាជធានីខេត្ត,

កន្លងមកនេះដោយសារមិនទាន់មានសភាពការណ៍ដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំនូវវិធានការមួយ​ដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណភាព ឬហៅថាការស្លាប់របស់អ្នកដែល​មានជំងឺកូវីដ១៩។ បញ្ហាចោទឡើងថា តើយើងត្រូវបូជាឬយើងត្រូវកប់។ អម្បាញ់មិញនេះ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ១៩ ត្រូវតែធ្វើការបូជា។ ចំណុចនេះគឺគេអាចយល់បាន បើទោះបីថាទំនៀមទំលាប់ជនជាតិខ្លះមិនអាច​ធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់ជំងឺកូវីដ-១៩ នេះ យើងត្រូវតែធ្វើការបូជាជាចាំបាច់ព្រោះយើងមិនមានដីដើម្បីដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ។

ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតដល់ ២, ៣ ជាន់នៃមនុស្ស ហើយដែលគ្មានក្រុមគ្រួសារចូល​រួម​បានទេ។ សម្រាប់យើង យើងប្រើប្រាស់វិធានការដុត វិធានការបូជា ជាវិធានការដែលងាយស្រួលក្នុងការគ្រប់គ្រង។ សុំបញ្ជាក់ថាប្រទេសសិង្ហបុរី ទោះបីថាទំនៀមទម្លាប់របស់ចិននៅសិង្ហបុរីត្រូវកប់ ប៉ុន្តែដោយសារនៅប្រទេសសិង្ហបុរីមានដីតូចគឺមិនអនុញ្ញាតឲ្យមានការកប់នោះទេ។ សូម្បីតែអតីតនាយករដ្ឋមន្រ្តី លី ក្វាន់យូ របស់សិង្ហបុរីដែលជាបិតាបង្កើតប្រទេសសិង្ហបុរី ក៏នៅតែត្រូវបានបូជាដែរព្រោះមិនមានដីកប់នោះទេ។

យើងមិនមែនខ្វះដីកប់ទេ ក៏ប៉ុន្តែដើម្បីធានានូវវិធានការមួយសម្រាប់ការគ្រប់គ្រងដីធ្លី ដូចជាកុំឲ្យកើតពាសពេញជាមួយនឹងការដាក់សពកន្លែងនេះបន្តិចកន្លែងនោះបន្តិច យើងត្រូវប្រើប្រាស់វិធីបូជាជាចាំបាច់។ ប៉ុន្មានថ្ងៃមុននេះ យើងបានប្រើចំពោះជនជាតិចិនដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍មួយ ក៏បានធ្វើការបូជាដែរ។ សាលារាជធានីធ្វើការបូជា។ ឥឡូវនេះ សាលារាជធានីកំពុងតែសាងសង់នូវបច្ឆាសម្រាប់ការបូជានេះ។ ខ្ញុំស្នើឲ្យចាត់វិធានការតាមបណ្តាខេត្តនានា ដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលកើតជំងឺកូវីដ-១៩ ត្រូវប្រើប្រាស់បច្ឆាដែលមានស្រាប់ដើម្បីធ្វើការបូជា ហើយក្នុងពេលជាមួយគ្នានេះ ក៏ត្រូវរៀបចំទីបច្ឆាមួយឲ្យបានសមរម្យ ដើម្បីធ្វើការបូជានៅកន្លែងដែលមានការរៀបចំ ហើយ​បច្ឆានោះអាចថ្ងៃក្រោយក៏ត្រូវរៀបចំសម្រាប់ការបូជាប្រជាជនធម្មតាឡើងវិញក៏បាន។ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសុំស្នើឲ្យគ្រប់រាជធានីខេត្តធ្វើការឲ្យបានម៉ត់ចត់ ហើយអាចនឹងឲ្យទៅឆ្ងាយពីប្រជាពលរដ្ឋបន្តិចនៅក្នុងការធ្វើបច្ឆាសម្រាប់ដុតក្នុងករណីដែលមានការស្លាប់ដោយកូវីដ១៩

សុំចាត់ចែង អនុវត្តទៅតាមវិធានការនេះនៅគ្រប់ទីកន្លែង។ កន្លងទៅយើងបានគិតអំពីបញ្ហានេះនៅឡើយទេ ដោយសារតែយើងឃើញថាស្ថានភាពវាមិនទាន់ធ្ងន់ធ្ងរដល់កម្រិតមួយដែលត្រូវមានវិធានការដែលត្រូវដោះស្រាយបញ្ហានេះ។ ឥឡូវនេះ យើងជឿថាមានប្រសើរជាងអត់មាន ដើម្បីកុំឲ្យយើងបាត់ម្ចាស់ការ។ មួយផ្នែកទៀត ដោយសារច្បាប់សម្រាប់ការរីករាលដាលជំងឺកូវីដ-១៩ ឯកឧត្តម ម៉ម ប៊ុន​ហេង និងសហការី, ឯកឧត្តម កើត រឹទ្ធិ និងសហការី ដែលទទួលបន្ទុកតាក់តែងអនុក្រឹត្យពាក់ព័ន្ធជាមួយនឹងការចាត់វិធានការតាមផ្លូវអនុក្រឹត្យដែលច្បាប់ប្រគល់ឲ្យទៅលើភាពលំអិតនៃវិធានការសុខាភិបាលក៏សុំចែងទាក់ទងរៀបចំអនុក្រឹត្យមួយស្តីអំពីការបូជាសពនៃអ្នកដែលមានជំងឺកូវីដ១៩ ផងដែរដោយបញ្ជាក់អំពីការកំណត់ចំនួនមនុស្សចូលរួម

ប្រទេសនានា គឺយើងឃើញហើយគឺការបញ្ចាំងតាមទូរទស្សន៍ ពេលស្លាប់ក្រុមគ្រួសារមិនបានឃើញមុខទេគឺគេយកទៅកប់តែម្តង។ យើងក៏ត្រូវកំណត់នូវវិធានការប៉ុន្មានម៉ោងក្រោយពីការស្លាប់ត្រូវយកទៅបូជា ព្រោះនេះជាវិធានការសុខាភិបាលដើម្បីចៀសវាងការឆ្លងរាលដាលដទៃទៀតដែលសុំឯកឧត្តម លោកជំទាវ ធ្វើការឲ្យបានម៉ត់ចត់ទៅលើបញ្ហានេះ។ បច្ឆានោះទៀតសោត ថ្ងៃក្រោយក៏អាចប្រើប្រាស់ជាបច្ឆាសម្រាប់បូជាសពក្នុងចំណោមប្រជាជនយើងផងដែរ។ ដូច្នេះ ត្រូវជ្រើសរើសដីធ្លីប៉ុន្តែកុំឲ្យកៀកជាមួយនឹងទីកន្លែងប្រជាជនពេក។ យើងនៅសល់ដីច្រើន មិនមែនតិចទេ ក៏ប៉ុន្តែយើងមិនអាចកប់ទេ។ យើងនឹងធ្វើការបូជា ហើយយើងនឹងបានឆ្អឹងនោះដើម្បីបញ្ជូនទៅក្រុមគ្រួសារគេសិន បើគេនៅក្រៅប្រទេស។ យើងបានយកធាតុនោះត្រឡប់មកវិញ ប្រសើរជាងការដែលគេមិនបានធាតុ។ នេះជាចំណុចដែលខ្ញុំសុំជម្រាបជូន និងសុំនាំគ្នាអនុវត្ត។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ