សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងពិសេស យកសណ្ឋាគារពីរបន្ថែមទៀតសំរាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឲ្យក្រុមគ្រូពេទ្យទាហានចេញជួយក្រុមគ្រូពេទ្យស៊ីវិល

CNV:

ផ្ញើជូនសម្ដេចពិជ័យសេនា ទៀ​ បាញ់, ឯកឧត្ដម ម៉ម ប៊ុនហេង,
ឯកឧត្ដមអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការខាងកងទ័ពជើងគោក!

ដោយសារតែរយៈកន្លងទៅនេះ យើងបានធ្វើការហូរហែមក កម្លាំងរបស់យើងក៏មានការនឿយហត់ បូកបន្ថែមទៅដោយការកើនឡើងនូវជំងឺថ្មីៗ បន្ថែមលើនោះគឺគ្រូពេទ្យរបស់យើងខាងស៊ីវិល មិនមែនគ្រាន់តែ​ជាគ្រូពេទ្យសម្រាប់តែព្យាបាលកូវីដ-១៩នោះទេ តែត្រូវរ៉ាប់រងជាមួយនឹងជំងឺរបស់ប្រជាជនដទៃទៀតនៅផ្នែកផ្សេងៗទៀត។ ដោយសារការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកដែលឆ្លងកូវីដ-១៩នេះ យើង​បានរៀបចំ(អតីត)សណ្ឋាគារអាំងទែកុងទីណង់តាល់មួយកន្លែង ដែលកំពុងគ្រប់គ្រងដោយផ្នែកស៊ីវិល និងការចូលរួមរៀបចំដោយកម្លាំងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធ ខ្ញុំបានចេញបទបញ្ជាឱ្យសា​លា​រាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំនូវមន្ទីរពេទ្យ ២ បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមានប្រហែលជា ២០០ បន្ទប់ ឬអាចលើសនេះ។

ដោយសារស្ថានភាពបែបនេះ ខ្ញុំបានពិភាក្សាជាមួយសម្ដេច ទៀ បាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។ ខាងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងថាបានរៀបចំ ៣០ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដើម្បីមកជួយដល់ខាងផ្នែកស៊ីវិល។ ដូច្នេះ ខ្ញុំសូមឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្ដម ម៉ម ប៊ុនហេង ធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះ។ យោបល់របស់ខ្ញុំ សម្រាប់ពេទ្យ ២ កន្លែងដែលរៀបចំនៅរាជធានីភ្នំពេញនេះ ប្រសិនបើវាបានបង្កើត​ឡើង ត្រូវប្រគល់ឱ្យកងទ័ពរៀបចំ និងគ្រប់គ្រងតែម្ដង ប្រើប្រាស់វេជ្ជបណ្ឌិត និងគ្រូពេទ្យពីកងទ័ពដើម្បីគ្រប់គ្រងទីកន្លែងនោះតែម្ដង។ កម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំដើម្បីត្រៀមអន្តរាគមន៍ទៅកាន់បណ្ដា​គោលដៅ ដែលមានហានិភ័យខ្ពស់។ តាមសម្ដេចពិជ័យសេនា ក៏ដូចជាខ្ញុំបានបញ្ជាក់ ដោយ​សារ​មេបញ្ជាការកងទពជើងគោកបានស្ថិតនៅក្នុងគណៈកម្មការអន្តរក្រសួង និងជាអនុគណៈកម្មការចត្តាឡីស័កស្រាប់ ដូច្នេះកម្លាំងគ្រូពេទ្យកងទ័ពនេះ ក៏ត្រូវប្រគល់ទៅឱ្យមេបញ្ជាការកងទ័ពជើងគោកដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ជាមួយនឹងកម្លាំងដទៃទៀតដែលកំពុងតែអនុវត្តនូវវិធានការគ្រប់គ្រងការធ្វើចត្តាឡីស័ក និងអន្តរាគមន៍លើផ្នែកសណ្ដាប់ធ្នាប់

ឥឡូវនេះ ដោយសារតែសភាពការណ៍បែបនេះ ក្រុមគ្រូពេទ្យត្រូវតែទទួលបានការបំពាក់សម្ភារចេញពីក្រ​សួងសុខាភិបាល។ ដូច្នេះ សូមឯកឧត្ដម ម៉ម ប៊ុនហេង រៀបចំនូវសម្ភារបរិក្ខារ ដែលត្រូវបំពាក់ឱ្យកម្លាំងប្រមាណជា ៣០០ នាក់ ដែលរៀបចំជា ៣០ ក្រុម នៃក្រុមប្រតិបត្តិការទាំងនេះ ដែលត្រូវធ្វើសកម្ម​ភាព ទាំងខោអាវការពារ ទាំងម៉ាស ទាំងផ្នែកអ្វីៗ ដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់ក្រុមគ្រូពេទ្យ និងមានអ្វីផ្សេងទៀត ដែលជាសម្ភារសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យថ្មី ដែលត្រូវរៀបចំ ដូចជាប្រដាប់ជំនួយដកដង្ហើម ឬការព្យាបាលផ្សេងទៀត របស់របរនៅក្នុងការបំពាក់ត្រូវចេញពីក្រសួងសុខាភិបាល​ជូនទៅពេទ្យរបស់ក្រសួងការពារជាតិ ដើម្បីយកទៅចាត់ចែងជួយព្យាបាលអ្នកដែលមានជំងឺកូវីដ-១៩ ដែល​នឹងត្រូវរៀបចំនៅមន្ទីរពេទ្យ ២ សម្រាប់ទីក្រុងភ្នំពេញ។

ដោយឡែក សម្រាប់របបឧបត្ថម្ភចំពោះកម្លាំងទាំងនេះ ត្រូវផ្គត់ផ្គង់ដោយផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសូមឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចាត់ចែងធ្វើការងារនេះ ជាមួយនឹងក្រុមប្រតិបត្តិការពីសំណាក់ផ្នែកកងទ័ព ដែលពេទ្យចេញមកពីខាងកងទ័ពសម្រាប់ចូលរួមការព្យាបាលជំងឺកូវីដ-១៩នេះ ទទួលបាននូវរបបដូចជាពេទ្យស៊ីវិលដូចគ្នាផងដែរ។ ខ្ញុំសង្ឃឹមថា ការងារនេះនឹងចាត់ចែងបានល្អដោយ​មានរដ្ឋមន្រ្តី ៣ នៅក្នុងនេះពាក់ព័ន្ធជាមួយគ្នា គឺរដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខាងផ្នែកក្រសួងការពារជាតិ គឺផ្គត់ផ្គង់វេជ្ជបណ្ឌិតនិងគ្រូពេទ្យ។ ខាងផ្នែកក្រសួងសុខាភិបាលបំពាក់នូវសម្ភារផ្នែកសុខាភិបាលសម្រាប់បុគ្គលជាគ្រូពេទ្យ និងសម្រាប់ជាមន្ទីរពេទ្យដែលត្រូវរៀបចំឡើង ឯចំពោះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុផ្គត់ផ្គង់នូវរបបបន្ថែមលើប្រាក់បៀវត្សរបស់កងទ័ព និងរបបកងទ័ពទៅតាមចំនួនដែលគ្រូពេទ្យស៊ីវិលទទួលបាន ព្រោះពេលនេះគឺកងទ័ពត្រូវចេញដើម្បីជួយបង្កើនកម្លាំងឲ្យគ្រូពេទ្យរបស់ស៊ីវិល។

ពិតមែនហើយ យើងត្រូវការក្រុមគ្រូពេទ្យរបស់កងទ័ពនៅបន្តចាក់វ៉ាក់សាំងបន្តទៅទៀត ក៏ប៉ុន្តែកងទ័ពអាចមានលទ្ធភាពរំលែកក្រុមគ្រូពេទ្យមកជួយក្នុងការព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលវាអាចនឹងមានចំនួនកើនឡើង។ ប្រសិនបើមានការថយចុះ យើងក៏ស្ថិតនៅក្នុងស្ថានភាពជាការបម្រុងទុកដោយសារកូវីដ១៩ នៅក្នុងប្រទេសរបស់យើងមិនទាន់ចប់ទេ ក្នុងពេលដែលកូវីដ-១៩ នៅតាមបណ្ដាប្រទេសនានាកំពុងតែកើតដូចគ្នាផងដែរ។ ដូច្នេះ កម្លាំងដែលត្រូវបញ្ជូនមកពីក្រសួងការពារជាតិហើយដែលត្រូវដាក់ឲ្យនៅក្រោមបញ្ជារបស់មេបញ្ជាការជើងគោក ក៏ត្រូវតែបានហ្វឹកហាត់ឲ្យស្ទាត់ជំនាញក្នុងការការពារ ក្នុងវិធីការពារព្យាបាលសម្រាប់អ្នកដែលមានកូវីដ-១៩។

ការហ្វឹកហាត់ទាំងនេះ ត្រូវតែធ្វើឲ្យបានម៉ត់ចត់ ការបំពាក់សម្ភារត្រូវតែច្បាស់លាស់ គឺចាំបាច់ត្រូវមានសម្ភារដូចក្រុមគ្រូពេទ្យ ដែលមាននៅខាងស៊ីវិលដូចគ្នាផងដែរ។ ចំណែកខាងការផ្តល់ក្នុងការផ្គត់ផ្គង់ថវិកាសម្រាប់របបជីវភាព និងប្រាក់បំប៉នគឺត្រូវចេញត្រង់ពីក្រសួងការពារជាតិ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅកាន់ក្រុមប្រតិបត្តិការនោះផ្ទាល់តែម្តង … កុំឲ្យមានការពិបាកឆ្លងកាត់ទៅតាមដំណាក់នេះ ដំណាក់នោះ រួចហើយយើងសរុបនៅពេលក្រោយ ដោយមិនចាំបាច់ឲ្យមានការរាំងស្ទះនូវខ្សែសង្វាក់ការផ្គត់ផ្គង់ណាមួយទេ។ ខ្ញុំសុំបញ្ជាក់បន្ថែមថា សម្រាប់ផ្នែកមធ្យោបាយដឹកជញ្ជូនផ្សេងៗ មិនមានការចាំបាច់ដើម្បីបំពាក់ពីក្រសួងសុខាភិបាលទៅកាន់ក្រសួងការពារជាតិទេ។ អាចមានលទ្ធភាពគ្រាន់តែរថយន្តសង្គ្រោះ រថយន្តដឹកអ្នកជំងឺប៉ុណ្ណោះ ដែលអាចមានការចាំបាច់បំពាក់ពីខាងក្រសួងសុខាភិបាល ទៅកាន់ខាងពេទ្យកងទ័ព។ ឯសម្រាប់មធ្យាបាយចល័តផ្សេងៗ ការដឹកជញ្ជូនគឺក្រសួងការពារជាតិ ត្រូវរ៉ាប់រងខ្លួនឯងទាំងរថយន្ត មធ្យាបាយ និងប្រេងឥន្ធនៈ

សុំពិភាក្សាជាមួយគ្នា ដើម្បីបែងចែកផែនទទួលខុសត្រូវអ្នកណាទទួលខុសត្រូវលើផ្នែកណា អ្នកណាទទួលខុសត្រូវលើផ្នែកណាឲ្យបានច្បាស់លាស់។ កម្លាំង ៣០ ក្រុមនៅមានវេជ្ជបណ្ឌិត និងគ្រូពេទ្យ ៣០០ នាក់នេះគឺជាកម្លាំងបម្រុងទុក បើទោះគ្មានករណីកើតឡើងក៏នៅតែត្រូវជាកម្លាំងត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យកងទ័ពចូលអន្តរាគមន៍ជួយទៅដល់កងទ័ព ទៅដល់ពេទ្យស៊ីវិល ដែលមកដល់ពេលនេះមានការហត់នឿយខ្លាំង ហើយក៏បន្ថែមដោយភារកិច្ចត្រូវមើលជំងឺផ្សេងៗគ្រប់បែបយ៉ាងថែមទៀត។

ខ្ញុំស្នើឲ្យមានការពិភាក្សាគ្នាជាបន្ទាន់ ហើយពិនិត្យរៀបចំនៅមន្ទីរពេទ្យ ២ កន្លែងនៅទីក្រុងភ្នំពេញបន្ថែមទៀត។ បន្ថែមលើសណ្ឋាគារ Intercontinental  ព្រោះចំនួននៃការកើនឡើងនៃការរីករាលដាលគឺមានចំនួនកាន់តែធំ ហើយសុំឲ្យអ្នកគ្រប់គ្រងកម្លាំងពិនិត្យមើលអំពីទីកន្លែងចាំបាច់ដើម្បីធ្វើអន្តរាគមន៍សម្រាប់គោលដៅដែលខ្លួនត្រូវទៅ។ នេះជាអ្វីដែលខ្ញុំសុំធ្វើការណែនាំជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ក៏ដូចជាអគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកដើម្បីបានជ្រាបទាក់ទិនជាមួយនឹងប្រតិបត្តិការនៅក្នុងសភាពការណ៍ថ្មីរបស់យើង។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ