សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹក នាំការចាក់វ៉ាក់សាំងទូទាំងប្រទេស

CNV:

ឯកឧត្ដម ម៉ម ប៊ុនហេង!​

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត!

កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ ប៉ុន្តែ ដើម្បីឱ្យការងារនេះបានឈានទៅមុខបាន(កាន់តែ)ល្អប្រសើរ ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។ ខ្ញុំសូមចង្អុលការ។ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ។ នៅពេលខាងមុខ វ៉ាក់សាំងនឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួន ដែលយើងត្រូវផ្ដល់​។

ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្រ្តី ឬស្នើសុំមកដល់ខ្ញុំ សុំតែងតាំងអ្នកណាផ្សេងទៀត ទាំងក្នុងក្រសួងសុខាភិបាល ទាំង​នៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ជាដើម ដើម្បីចូល​រួមនៅក្នុងគណៈកម្មការនេះ។ បើយើងមិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស។ យើងមានអង្គភាព ២ ឥឡូវនេះ ត្រូវរៀបចំ។ អង្គភាព ១ គឺជាអង្គភាពដែលត្រូវដឹកនាំធ្វើលទ្ធកម្មសម្រាប់ការទិញ និងការរកជំនួយផ្សេងៗ ដោយសុំយោបល់ខ្ញុំជាបន្តបន្ទាប់ រាប់ទាំងការសុំយោបល់ខ្ញុំនៅថ្ងៃនេះ ដែលត្រូវទទួលការទិញបន្ថែមចំនួន ៤ លានដូស។

ឥឡូវនេះ គឺបញ្ហា(ការ)រៀបចំផែនការមេឱ្យបានច្បាស់ ហើយ​ក៏ស្របនឹងស្ថានភាពជាក់ស្ដែង ដែលវាបាននិងកំពុងកើត។ ខ្ញុំសូមស្នើ​ឯកឧត្ដម ម៉ម ប៊ុនហេង ពិភាក្សាជាបន្ទាន់ជាមួយលោកជំទាវ ឱ វណ្ណឌីន តើត្រូវការអ្នកណាផ្សេងទៀត ដើម្បីចូលរួមនៅក្នុងគណៈកម្មការចំពោះកិច្ចនេះ។ គណៈកម្មការចំពោះកិច្ចនេះ ក៏ត្រូវមានទំនាក់ទំនងជាមួយនឹងស្ថាប័ន​ដទៃទៀត ដែលមានការពាក់ព័ន្ធ … សូមឱ្យឯកឧត្តម ម៉ម ប៊ុនហេង រៀបចំបែងចែករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមួយចំនួន ចូលរួមនៅក្នុងកិច្ចការងារណា ដែលមានលក្ខណៈជាកិច្ចការដែលទាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ពិតហើយ ក្រសួងសុខាភិបាលមិនមែនទទួលខុសត្រូវតែលើបញ្ហាកូវីដ-១៩នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត។ ក៏ប៉ុន្តែ គប្បីពិនិត្យថា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប៉ុន្មាននាក់បែរមុខឆ្ពោះតម្រង់តែបញ្ហាកូវីដ-១៩ ​តែម្ដង។ ធ្វើយ៉ាងនេះ ខ្ញុំគិតថា ដំណើរការចាក់វ៉ាក់សាំងនឹងរៀប​បានល្អជាមួយផែនការ​មេជាក់លាក់ដើម្បីយើងអាចនឹងដំណើរការទៅបាន។ ខ្ញុំសូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង​ ពិភាក្សាជាមួយលោកជំទាវ ឱ វណ្ណឌីន រៀបចំនូវសេចក្ដីសម្រេចបង្កើតគណៈកម្មការនេះ ដោយ​មានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន។ លោកជំទាវ ឱ វណ្ណឌីន ត្រូវតែជ្រើ​​សរើសមនុស្ស​នៅតាម​ស្ថាប័នណាខ្លះ ​ហើយនៅក្នុងក្រសួងសុខាភិបាលត្រូវមាននរណាខ្លះធ្វើការងារនេះ។ នេះជាកិច្ចការបឋមដែលខ្ញុំជូនសារទៅ បើមិនអញ្ចឹងទេគឺដំណើរការចាក់វ៉ាក់សាំងរបស់យើងនឹងមានភាពយឺតយ៉ាវ។ ករណីដែលមានការពាក់ព័ន្ធជាមួយខេត្ត រាជធានី យើងអាចមានអនុគណៈកម្មការចំពោះកិច្ច នៅតាមខេត្ត រាជធានី តាមការចង្អុលបង្ហាញរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងករណីចាំបាច់។

ខ្ញុំនិយាយយ៉ាងដូច្នេះដើម្បីឲ្យតាមខេត្តនីមួយៗមានការទទួលខុសត្រូវ ស្ថាប័ននីមួយៗ មានការទទួលខុសត្រូវ។ បានសេចក្ដីថា​គណៈកម្មការចំពោះកិច្ចសម្រាប់ដំណើរ​ការ​ចាក់​វ៉ាក់សាំង … ដំណើរការវ៉ាក់សាំងមានពីរប្រភេទ គឺមួយប្រភេទទាក់ទងនឹងលទ្ធកម្ម​ មួយប្រភេទទៀតដំណើរការចាក់វ៉ាក់សាំង។ដំណើរការចាក់វ៉ាក់សាំងរបស់ជាតិ គឺគណៈកម្មការចំពោះកិច្ចដែលមានលោកជំទាវ ឱ វណ្ណឌីន ជាប្រ​ធាន ហើយតាមរាជធានីខេត្ត បើសិនមានការចាំបាច់ អាចបង្កើតអនុគណៈកម្មការចំពោះកិច្ច​(តាម)​រាជធានី ខេត្ត ដើម្បីឲ្យមានការទទួលខុសត្រូវជាក់លាក់ទៅលើការរៀបចំចាត់ចែងស្រង់បញ្ជីប្រជាពលរដ្ឋកម្មករ។ តាមស្ថាប័នក៏អាច មានការបង្កើតគណៈ​កម្មការចំពោះកិច្ចដើម្បីចាក់​ឲ្យបុគ្គលិក​របស់​ខ្លួន ​ជាពិសេសទាក់ទងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ ដែលចាំបាច់ត្រូវចាក់​ឲ្យកម្មករ​​ពេល​ខាងមុខ ដែលមានភារកិច្ចចាំបាច់ត្រូវរៀបចំបញ្ជីរោងចក្រនៅតំបន់ណាចាក់មុខ ហើយ​រោងចក្រនៅតំបន់ណាចាក់ក្រោយ។

ចំពោះក្រសួងអប់រំ យុវជន និងកីឡា​ យើងក៏ទើនឹងសម្រេចដើម្បីឲ្យចាក់ជូនគ្រូបង្រៀននៅទីក្រុង ភ្នំពេញ កណ្ដាល ព្រៃវែង កោះកុង និងព្រះសីហនុ​ ទៅលើភាពបន្ទាន់ចំពោះក្រុមគ្រូបង្រៀន។ យើងត្រូវបញ្ជាក់ឲ្យច្បាស់ពីការដែលស្ថាប័ននីមួយៗ ក៏ត្រូវទទួលគ្រប់គ្រង ដូចជាក្រសួងអប់រំត្រូវទទួលគ្រប់គ្រងជួរគ្រូបង្រៀន និងចាក់អោយសិស្ស និស្សិត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទទួលខុសត្រូវមុខសញ្ញាពាក់ព័ន្ធកម្មករ/ការិនី នៅតាមរោងចក្រសហគ្រាស និងកម្មករ/ការិនី ក្រៅប្រព័ន្ធផងដែរដែលគប្បីបានទទួលនៅការយកចិត្តទុកដាក់។ ដូចជាកន្លងទៅយើងបានចាក់ឲ្យអ្នកប្រមូលសំរាមនៅទីក្រុងភ្នំពេញជាដើម។ យើងនៅមានចំនួនកម្មករផ្សេងទៀតដែលត្រូវទទួលអាទិភាព​ក្នុងការ​ចាក់។

រាជធានី ខេត្ត ត្រូវច្បាមជាប់ជាមួយមូលដ្ឋាន ជាពិសេសផ្សារ អ្នកលក់ដូរ ក៏ដូចជាផ្នែកតាក់ស៊ី កង់បី និងអ្នកដែលមានអាទិភាព។ គំនិតរបស់ខ្ញុំ ក្រៅពីគណៈកម្មការចំពោះកិច្ចដែលនៅថ្នាក់ជាតិដែលមានលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាន ក៏គប្បីបង្កើតគណៈកម្មការចំពោះកិច្ចនៅតាមស្ថាប័ននៅថ្នាក់ជាតិ និងអនុគណៈកម្មការចំពោះកិច្ចតាមស្ថាប័នថ្នាក់ជាតិ និងនៅតាមរាជធានីខេត្តផងដែរ ដើម្បីឲ្យទទួលខុសត្រូវលើដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង។ យើងមានគម្រោងចាក់វ៉ាក់សាំងយ៉ាងតិច ១០ លាននាក់។ ជាចំនួនមួយដ៏ច្រើន ចាំបាច់ត្រូវតែមានការទទួលខុសត្រូវជាក់លាក់ពីស្ថាប័នថ្នាក់ជាតិ ដែលខ្ញុំចង្អុលបង្ហាញ(បេក្ខភាព)ប្រធានគណៈកម្មការគឺលោកជំទាវ ឱ វណ្ណឌីន ហើយចាប់ពីម៉ោងនេះទៅ លោកជំទាវ ឱ វណ្ណឌីន ត្រូវតែច្បាមយកនូវកិច្ចការដែលកំពុងដំណើរការចាក់វ៉ាក់សាំង ដូចជាយើងចាប់ផ្តើមរួមដំណើរការចាក់វ៉ាក់សាំងសម្រាប់គ្រូពេទ្យទាំងអស់។ គ្រូពេទ្យក៏ត្រូវបានទទួល បើមានប្តីមានប្រពន្ធ ប្រពន្ធត្រូវបានទទួល មានប្តីក៏ប្តីត្រូវបានទទួល។ យើងមានគោលការណ៍រួចហើយ។ គ្រូបង្រៀនត្រូវចាក់នៅតាមតំបន់ហានិភ័យមុន។

ផ្នែកពន្ធដារ គយ ផ្នែកអគ្គិសនី រដ្ឋាករទឹក កម្មករប្រមូលសំរាមខាងផ្នែកសហជីព បេឡាជាតិសន្តិសុខសង្គម ខាងផ្នែកដោះមីន យើងបានដាក់បញ្ចូលទៅក្នុងផែនការរួចហើយ។ ដូច្នេះ វ៉ាក់សាំងដែលនៅសល់ត្រូវបន្តឆ្ពោះទៅកន្លែងឯទៀត។ វ៉ាក់សាំង ដែលនឹងមកដល់នៅពេលខាងមុខ ដែលក្នុងគំរោង ​អាចនឹងមកដល់ ១ លាន ៥ សែនដូស ហើយនឹងអាចលើសពីនេះថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឲ្យបានច្បាស់តម្រង់ទៅទិសណា សម្រាប់ពេលដែលត្រូវចាក់ត្រូវបណ្តុះបណ្តាលយ៉ាងណា ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេជាក់លាក់ដើម្បីដំណើរការឲ្យបានល្អ។

ខ្ញុំស្នើសុំឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ ឱ វណ្ណឌីន ធ្វើការភ្លាមទៅលើរឿងនេះហើយខ្ញុំសង្ឃឹមថាកិច្ចការនេះនឹងដំណើរការបានល្អ ជាមួយនឹងការទទួលខុសត្រូវរបស់គ្រប់ស្ថាប័នដែលមានបុគ្គលិករបស់ខ្លួនផង និងមានផ្នែកក្រោមការទទួលខុសត្រូវរបស់ខ្លួនផង ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នដទៃទៀតដែលមានផ្នែកនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយក៏មានបុគ្គលិកនៅតាមក្រសួងរបស់ខ្លួនដែលត្រូវឲ្យពួកគេបានទទួលនូវវ៉ាក់សាំងផងដែរ។ នៅតាមខេត្តវាអាចមានផ្សារ មានកន្លែងលក់ដូរ មានកន្លែងផ្សេងៗ ដែលប្រជាជនទាំងអស់ត្រូវទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ហើយបន្ថែមលើនោះក៏មានជនបរទេសដែលរស់នៅកម្ពុជាដែលយើងត្រូវដាក់លំដាប់អាទិភាពជាបន្តបន្ទាប់ដើម្បីទទួលបាននូវវ៉ាក់សាំង។ នេះជាបទបញ្ជា … ដើម្បីឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយនិងបណ្តាអ្នកទទួលខុសត្រូវនៅក្នុងស្ថាប័ន (ធ្វើសកម្ម​ភាព)ដើម្បីតម្រង់ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ត្រូវមានការចាត់ចែងបែងចែកទៅលើការទទួលខុសត្រូវឲ្យបានច្បាស់។

អ្វីដែលខ្ញុំចង់និយាយច្បាស់នៅពេលនេះគឺ គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ហើយប្រសិនបើមានការចាំបាច់អាចបង្កើតអនុគណៈកម្មការចំពោះកិច្ចនៅតាមស្ថាប័ន នៅតាមរាជធានីខេត្ត បន្តទៅទៀត អាស្រ័យទៅលើការពិភាក្សារវាងឯកឧត្តម ម៉ម ប៊ុនហេង ជាមួយលោកជំទាវ ឱ វណ្ណឌីន ដែលខ្ញុំទុកសិទ្ធិនេះឲ្យមានការសម្រេចទៅតាមបំណងរបស់លោកជំទាវ ឱ វណ្ណឌីន។ ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ ដែលយកចិត្តទុកដាក់មកលើបញ្ហាទាក់ទិនជាមួយនឹងសារសម្លេងរបស់ខ្ញុំនេះ។ នេះមិនមែនជាសារសម្លេងសម្រាប់ឲ្យផ្សាយទេ ក៏ប៉ុន្តែបើសិនជាធម្មតាវាបែកទៅហើយ បែកក៏វាបែកទៅចុះព្រោះយើងត្រូវធ្វើកិច្ចការងារ។ យើងអត់មានអាថ៌កំបាំងអីជាមួយប្រជាពលរដ្ឋរបស់យើងទេ។ យើងត្រូវចាក់ឲ្យប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់។ យើងស្រវាស្រទេញ (ហើយ)យើងបានចុះកុងត្រា បើតាមការដែលយើងអាចទទួលបានព័ត៌មាននឹងមកដល់ចំនួន ១ លាន ៥ សែនដូស នៅពេលខាងមុខនេះ ហើយនឹងបន្តបន្ទាប់នឹងមកដល់ដូចជា Sinopharm ក៏នៅសល់ Sinovac នឹងមកដល់ ១​ លាន ៥ សែនដូស បន្ថែមទៀត AstraZaneca ក៏មកជាបន្តបន្ទាប់។ យើងកំពុងស្វះស្វែងដើម្បីរកទិញ Johnson & Johnson របស់អាមេរិកផងដែរ។ សូមឲ្យមានការទទួលខុសត្រូវជាក់លាក់ដាច់លើបញ្ហានេះតែម្តង។

នេះជាបទបញ្ជាដែលខ្ញុំមិនចាំបាច់ធ្វើការពិភាក្សាទេ ព្រោះខ្ញុំស្វែងយល់អំពីយន្តការនៃការគ្រប់គ្រងនេះរួចស្រេចទៅហើយៗ ក៏បានពិគ្រោះពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង ជាច្រើនដងរួចហើយដែរអំពីបញ្ហាទាក់ទិនជាមួយដំណើរការនៃការចាក់វ៉ាក់សាំង។ ខ្ញុំត្រូវរៀបចំយន្តការ ហើយប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាពដើម្បីជម្រុញការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿនដើម្បីកុំឲ្យវ៉ាក់សាំងហួសដឺឡេ និងឲ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឲ្យបានឆាប់ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ សូមអរគុណចំពោះឯកឧត្តម លោកជំទាវ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ