សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ចិនផ្ដល់វ៉ាក់សាំង ១ លានដូស សម្រាប់ ៥០ ម៉ឺននាក់
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានភាពចាំបាច់ដើម្បីទូលប្រគេននិងជម្រាបទៅដល់ជនរួមជាតិឱ្យបានជ្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១ លានដូស សម្រាប់ចាក់(ការពារ) មនុស្ស ៥០ ម៉ឺននាក់។
មិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយ WHO តទៅទៀតបាន
ដើមឡើយខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនបានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់សាំង(ជាច្រើនប្រភេទ) ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ឈ្មោះថា Sinopharm និង Sinovac។
(តបទៅ)អ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរង់ចាំតទៅទៀតបានទេ។ (ដោយសារ)តម្រូវការការពារជាតិ និងការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនទី ៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា សហរដ្ឋអាមេរិក ប៉ុន្តែ ឥណ្ឌូនេស៊ីប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ យើងក៏បានទទួលព័ត៌មានថា ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ក៏នឹងប្រើប្រាស់នូវវ៉ាក់សាំងនេះផងដែរ។ នៅតំបន់អាហ្វ្រិក នៅមជ្ឈឹមបូព៌ា ក៏បានប្រើប្រាស់ និងនៅអាមេរិកឡាទីនក៏បានប្រើប្រាស់។ ដូច្នេះ មនុស្សរាប់សិបលាននាក់ទៅហើយ ដែលបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការប្រើប្រាស់វ៉ាក់សាំងចិន ក៏អាស្រ័យដោយលក្ខខណ្ឌនៃការរក្សាទុក និងដឹកជញ្ជូនសមស្រប
នៅក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា យើងមិនអាចរង់ចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់នៃការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ម្សិលមិញនេះ មានការឆ្លងរហូតដល់ ១៥ នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់ ១០ នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះ យើងមានការចាំបាច់ប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ។ (ការសំរេចនេះ)ដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាប្រទេសមួយចំនួយផ្សេងទៀត មិនតិចជាង ១០ ប្រទេស ដែលមានប្រជាជនចំនួនច្រើន និងលក្ខខណ្ឌនៃការរក្សាទុក ក៏សមស្របជាមួយនឹងសភាពការណ៍របស់កម្ពុជា (ដោយវ៉ាក់សាំង)នោះគឺ(អាច)ស្ថិតនៅក្នុងសីតុណ្ហភាពពី ២ ដល់ ៨ អង្សារ លើសូន្យ ប្រៀបធៀបទៅនឹងវ៉ាក់សាំងនៃប្រទេសមួយចំនួន គឺស្ថិតនៅក្នុងសីតុណ្ហភាព ៧០ អង្សារក្រោមសូន្យ ដែលហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់យើង។ ក្រៅពីបញ្ហានេះ ក៏នៅមានចំណុចងាយស្រួលត្រង់ថា ការដឹកជញ្ជូនក៏នឹងងាយស្រួលក្នុងការធ្វើ ពីសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា។ មិត្តចិនក៏បានសួរមកយើងថា ក្នុង ១ លានដូសនេះ តើយើងយកមកទាំងអស់ ឬយកតាមដំណាក់កាលៗ? បញ្ហានេះត្រូវគិតជាបន្តទៀត។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំក៏សូមទូលប្រគេនថា អ្នកដែលទទួលវ៉ាក់សាំងមុនគេ ប្រហែលជាបណ្តាអ្នកដែលនៅជុំវិញខ្លួនខ្ញុំព្រះករុណាខ្ញុំតែម្តង ដែលនេះជាភាពចាំបាច់នៃការកាពារសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ហើយក៏អាចអ្នកនៅជុំវិញព្រះមហាក្សត្រ អ្នកនៅជុំវិញប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ក៏ត្រូវបានទទួលនូវវ៉ាក់សាំងនោះផងដែរ។
ទទួលវ៉ាក់សាំងពីចិន តែក៏មិនទាត់ចោលជំនួយវ៉ាក់សាំងពីប្រទេសដទៃដែលចង់ជួយ
ខ្ញុំព្រះករុណាខ្ញុំ ក៏កំពុងតែគិតថាក្រៅពី ១ លានដូស ដែលនឹងចាក់បាន ៥០ ម៉ឺននាក់ សម្រាប់រយៈកាលដំបូងនៅខ្សែត្រៀមជួរមុខ ដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយរួចមកហើយ យើងក៏ត្រូវគិតទៅដល់ការទិញបន្ថែមទៀត ឬស្នើសុំបន្ថែមទៀតពីសាធារណរដ្ឋប្រជាមានិតចិន ឬក៏ប្រទេសដទៃ នៅក្នុងលក្ខខណ្ឌក្នុងតម្លៃសមស្រប ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងវ៉ាក់សាំងរបស់យើងនៅក្នុងកម្រិតមួយនៃសីតុណ្ហភាពដែលអាចទ្រទ្រង់បាន។ ៧០ អង្សារ ឬ ៨០ អង្សារក្រោមសូន្យ គឺវាជាការលំបាកនៅក្នុងការគ្រប់គ្រងរបស់យើង។
ដូច្នេះ មូលហេតុដែលខ្ញុំព្រះករុណាខ្ញុំចេញមកប្រកាសនៅពេលនេះ មានការខុសគ្នាជាមួយនឹងលើកមុននៅត្រង់ថា លើកមុនខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងទទួលយកតែវ៉ាក់សាំងណាដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ប៉ុន្តែបើក្រឡេកទៅមើលប្រទេសដែលមានប្រជាជនដល់ទៅជាង ១៤០០ លាននាក់ គឺសាធារណរដ្ឋប្រជាមានិតចិន ទៅដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនដ៏ច្រើន ទៅដល់ប្រទេសអេស៊ីប ទៅដល់ប្រទេសប្រេស៊ីល និងប្រទេសដទៃទៀត ឃើញថាប្រទេសទាំងនោះហ៊ានប្រើប្រាស់នូវវ៉ាក់សាំងរបស់ចិន ដោយគ្មានការក្រែងរអែង រាប់ទាំងភាពក្លាហានរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលគាត់ទទួលវ៉ាក់សាំងរបស់ចិនមុនគេ។
ខ្ញុំព្រះករុណាខ្ញុំសូមជម្រាបថា បេក្ខភាពនៃវ៉ាក់សាំងរបស់ចិន ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន និងនៅក្រៅប្រទេសចិន គឺមាន Sinopharm និង Sinovac។ ឥឡូវនេះយើងនឹងទទួល(បាន) Sinopharm ដែលបានប្រើប្រាស់នៅប្រទេសអេស៊ីប ហើយជាបន្តយើងក៏អាចឈានទៅរកការប្រើប្រាស់ Sinovac។ ប៉ុន្តែ យើងក៏មិនទាត់ចោលនូវការទទួលយកនូវជំនួយផ្សេងៗពីប្រទេសដទៃ ដែលមានបំណងចង់ជួយយើង ពីប្រទេសនានាដែលមានការផលិតវ៉ាក់សាំងផងដែរ ក្រោមលក្ខខណ្ឌដែលយើងអាចប្រើប្រាស់មានប្រសិទ្ធភាព ការដឹកជញ្ជូន ក៏ដូចជាការស្តុកទុក ហើយដែលស្ថិតនៅក្នុងសមត្ថភាពគ្រប់គ្រងរបស់យើង។
ជម្រុញការចាក់វ៉ាក់សាំងឱ្យបានដល់ ៨០% នៃប្រជាជន
ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏ដូចជា ឯកឧត្តម នាយករដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវការឧបត្ថម្ភទៅដល់កងទ័ព កងយោធពលខេមរភូមិន្ទ ហើយតាមរយៈកងយោធពលខេមរភូមិន្ទនេះ គឺយើងនឹងប្រើប្រាស់ទៅលើអង្គភាពជួរមុខទាំងអស់ ដែលមុននេះយើងគ្រោងទិញ ១ លានដូស។ ឥឡូវយើងមាន ១ លានដូសនៅក្នុងដៃសម្រាប់ការប្រើប្រាស់ហើយ។ យើងនឹងបន្តការខិតខំដើម្បីចាក់ជូនប្រជាជនយើងប្រហែលជា ១០ លាននាក់ ក្នុងកម្រិត ១០ លាននាក់ ឬរហូតដល់ ១៣ លាននាក់ប្រសិនបើមានការតម្រូវឱ្យមានការចាក់វ៉ាក់សាំងរហូតទៅដល់ ៨០ ភាគរយ។ ប៉ុន្តែ គេអាចនឹងមានការទម្លាក់អត្រាចុះត្រឹម ៦០ ឬ ៧០ ភាគរយ នៃចំនួនមនុស្ស។ យើងនឹងបញ្ចេញថវិការបស់យើង ជាមួយនឹងជំនួយដទៃទៀតដែលយើងទទួលបាន។ ប៉ុន្តែ ដំបូងនេះ យ៉ាងហោចណាស់មិត្តចិនបានជួយយើងក្នុង ១ លានដូស ក្នុងទឹកចិត្តដ៏សប្បុរស និងចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។
កងអង្គរក្ស និងអ្នកធ្វើការជុំវិញនាយករដ្ឋមន្រ្តីទទួលមុនគេ បន្ទាប់ទៅគឺខ្សែជួរមុខ
សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិស្ងប់អារម្មណ៍ យើងនឹងទទួលបានវ៉ាក់សាំងប្រើប្រាស់ក្នុងពេលឆាប់ៗ។ ខ្ញុំព្រះករុណាខ្ញុំក៏បានពិភាក្សាជាមួយនឹងមេបញ្ជាការអង្គរក្សរបស់ខ្ញុំព្រះករុណាខ្ញុំ គឺបញ្ជាការអង្គរក្ស និងកម្លាំងអង្គរក្សដែលនៅជុំវិញ និងអ្នកដែលធ្វើការនៅជុំវិញខ្ញុំព្រះករុណាខ្ញុំ នឹងត្រូវទទួលបានមុនគេ។ យើងនឹងរៀបចំឱ្យមានខ្សែត្រៀមជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការផ្តល់សេវា រាប់ទាំងអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ីក៏ត្រូវបានទទួលដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត។ នេះជាគោលការណ៍ដែលយើងត្រូវតែបន្តនៅក្នុងផែនការវ៉ាក់សាំង។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះនឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែក បើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែ វ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។
រដ្ឋមន្រ្តីការបរទេសចិន បានចាក់វ៉ាក់សាំង និងបង្ហាញឱ្យឃើញពីប្រសិទ្ធភាព
យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំបានដឹងថា មេដឹកនាំចិនបានចាក់តាំងពីខែតុលាឯណោះ ពេលដែលរដ្ឋមន្រ្តីការបរទេសរបស់ចិនបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលាឆ្នាំ ២០២០។ រដ្ឋមន្រ្តីការបរទេសចិនបានបញ្ជាក់ថា គាត់បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ។ ពេលនោះប្រសិនបើខ្ញុំព្រះករុណាខ្ញុំសុខចិត្តទទួលយក គឺមិត្តចិននឹងផ្តល់វ៉ាក់សាំងដើម្បីចាក់ឱ្យភ្លាមៗ ប៉ុន្តែ យើងនៅរង់ចាំមើលប្រសិទ្ធភាពនៃដំណើរនៃការចាក់វ៉ាក់សាំងនេះ។ រហូតមកដល់ពេលនេះ រដ្ឋមន្រ្តីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិនមានសុខភាពល្អណាស់ ហើយដើរស្ទើរតែគ្រប់ទីកន្លែង។ ឥឡូវកំពុងតែធ្វើទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចរបស់គាត់នៅប្រទេសមួយចំនួននៅតំបន់អាហ្រ្វិក។ ដូច្នេះ (យោងតាម)បទពិសោធន៍(ទទួលវ៉ាក់សាំង)នៃរដ្ឋមន្រ្តីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់សាធារណរដ្ឋប្រជាមានិតចិន យើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន។ ប្រទេសមួយចំនួនទៀតក៏បានប្រើប្រាស់ទាំងវ៉ាក់សាំងរបស់អាមេរិក ទាំងវ៉ាក់សាំងរបស់អង់គ្លេស ក៏បានប្រើប្រាស់រួចមកហើយ ក៏មិនទាន់មានអ្វីកើតឡើងនោះដែរ។
ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត
ដូច្នេះ វាល្មមដែលកម្ពជាត្រូវធ្វើការសម្រេចចិត្តខាងនយោបាយមួយ ដើម្បីជួយស្រោចស្រង់ជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំនៅតែបញ្ជាក់ថា យើងនឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ម៉្យាងទៀត បើទទួលបានវ៉ាក់សាំងហើយក៏ដោយ ក៏សុំនៅបន្តរក្សានូវ ៣ ការពារ គឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ នេះជាចំណុច បើទោះបីបានចាក់ ឬមិនបានចាក់ ត្រូវតែប្រើប្រាស់នូវវិធានការការពារទាំង ៣ នេះ ហើយចៀសវាងឱ្យខាងតែបាននូវការចម្លងតាមបែបវិធានខ្វះភាពអនាម័យ។
បញ្ឈប់ការទទួលវិភាគទានដើម្បីទិញវ៉ាក់សាំង
សូមអរគុណ ជាថ្មីម្តងទៀតចំពោះសារធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់នូវវិភាគទានសម្រាប់ ១ លានដូសនេះ។ ខ្ញុំព្រះករុណាខ្ញុំក៏សុំយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ព្រះសង្ឃ ជាពិសេស ចំពោះព្រះមហាក្សត្រ សម្តេចម៉ែ ដែលព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យដើម្បីទិញវ៉ាក់សាំង ដែលនោះមកដល់ពេលនេះគឺមានថវិកាល្មមគ្រប់គ្រាន់ដើម្បីប្រកាសនឹងបញ្ឈប់ការទទួលយកចាប់ពីម៉ោងនេះតទៅ នូវការចូលរួមវិភាគទាននានា។ យើងទទួលបាននូវវ៉ាក់សាំងនេះ យើងក៏បានចំណេញប្រាក់មួយចំនួន សម្រាប់ដោះស្រាយបញ្ហាផ្សេងទៀតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា (ថ្វីបើ)នេះជាលើកទី ១ តែក៏មិនមែនជាលើកចុងក្រោយដែរ ក្នុងសមត្ថភាពរបស់ចិនក្នុងការជួយដល់ព្រះរាណាចក្រកម្ពុជា។ សូមអរព្រះគុណ សូមអរគុណ៕