សម្រង់សារជាសម្លេង សម្តេចតេជោ ហ៊ុន សែន ស្តីពីការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ និងការប្រុងប្រៀបវិធានការបង្ការការឆ្លងចូលសហគមន៍នៅកម្ពុជា

40

ព្រះករុណាខ្ញុំសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ,
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់,

ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់សម្រាប់ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះ គឺមានចំនួន ៥៧៦ នាក់ តែក្នុងរយៈពេល ១ ថ្ងៃ ហើយនៅក្នុងតំបន់មួយ។ សភាពការណ៍ នៅប្រទេសថៃនេះមិនជាធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រជាជនដែលមានរហូតទៅដល់ជាង ៦០ លាននាក់ ប៉ុន្តែហេតុការណ៍នេះបានមកកើតជាបញ្ហាចិត្តសាស្ត្រ បង្កការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ/ការិនីយើង ដែលកំពុងធ្វើការនៅប្រទេសថៃ។

សូមបងប្អូនកម្មករ/ការិនី ការពារខ្លួននៅនឹងកន្លែង ទុកចិត្តលើការដោះស្រាយនៃរាជរដ្ឋាភិបាលថៃ

ក្នុងសភាពការណ៍បែបនេះខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ/ការិនី ដែលកំពុងធ្វើការក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ។ រឿងនេះគឺព្រះរាជាណាចក្រថៃ ក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងសភាពការណ៍កាលពីពេលមុន ដែលមកដល់ពេលនេះគឺប្រទេសថៃទើបតែមានមនុស្សឆ្លង ៤៩០៧ នាក់ ហើយអ្នកស្លាប់មានត្រឹមតែ ៦០ នាក់តែប៉ុណ្ណោះ ដែលអាចចាត់ថាជាប្រទេសដែលគ្រប់គ្រងបានល្អ។ សង្ឃឹមថា បងប្អូនកម្មករ/ការិនីរបស់យើង ដែលធ្វើការក្នុងប្រទេសថៃ ជឿទុកចិត្តលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ។ (បងប្អូន)មិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ដូច្នេះ យើងគួរតែស្ថិតនៅទីនោះ ម្ខាងគឺដើម្បីការពារខ្លួននៅនឹងកន្លែង ដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃ ផ្តល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់ ដែលអាចនាំមកដល់នូវការនាំចូល ប្រសិនបើវាមានអាចនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង។ នេះជាការអំពាវនាវទៅកាន់បងប្អូនពលករដែលកំពុងរស់នៅក្នុងប្រទេសថៃ។

ពលករ/ការិនី និងអ្នកត្រៀមខ្លួនចូលទៅថៃ ទាំងខុសនិងទាំងត្រូវច្បាប់ សូមផ្អាក

ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះឪពុកម្តាយ ក្រុមគ្រួសារ ប្តី ប្រពន្ធ ឬកូន ដែលមានសាច់ញាតិដែលធ្វើការនូវក្នុងប្រទេសថៃ គឺលើកទឹកចិត្តឱ្យកូន ចៅ ប្តី បងប្អូនដែលកំពុងធ្វើការនៅទីនោះ រស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាឱ្យបាននូវការងារធ្វើរបស់យើងនៅទីនោះ​។ សង្ឃឹមថាបងប្អូននឹងបន្តនៅធ្វើការនៅទីនោះជាមួយនឹងប្រជាជនថៃ។ រាជរដ្ឋាភិបាលថៃមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដ៏លំបាក ហើយរឿងនេះវាបានកើត ហើយប្រសិនបើយើងចល័តចេញពីកន្លែងមួយមកកាន់កន្លែងមួយគឺពិតជាមិនល្អទេ។ ដូច្នេះ សូមកុំអាលចូលមកក្នុងប្រទេស។​ ក្នុងរយៈពេលនេះបងប្អូនមួយចំនួនដែលត្រូវការចូលក្នុងប្រទេសថៃដោយស្របច្បាប់ក្តី ដោយមិនស្របច្បាប់ក្តីគឺសូមពន្យារការចូល​។​ បើសិនជាចូលទៅ … ដោយខុសច្បាប់គឺកាន់តែលំបាក គឺថៃចាប់បញ្ជូនត្រឡប់មកវិញ។ ហើយបើសិនទៅដោយត្រូវច្បាប់ ក៏ត្រូវតែធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ សម្ដេចក្រឡាហោម ស ខេង ក៏កំពុងបានដាក់សំណើឱ្យខេត្តនានា និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជាមួយភាគីថៃ ដើម្បីឱ្យភាគីថៃទទួល​ខុសត្រូវទៅលើការចូលទៅក្នុងដីថៃ ដោយត្រូវធ្វើចត្តាឡីស័ក ហើយដែលត្រូវចំណាយដោយខាងភាគីថៃ រាប់ទាំងផលប្រយោជន៍ដែលកម្មករ/ការិនីទទួលបានក្នុងពេលដែលមានជំងឺផងដែរ។ នេះគឺជាការអំពាវនាវរបស់ខ្ញុំព្រះករុណាខ្ញុំ ទៅកាន់បងប្អូនកម្មករ/ការិនី ដែលកំពុងនៅក្នុងប្រទេសថៃផង ចំពោះឪពុកម្ដាយ ក៏ដូចជាក្រុមគ្រួសារនៃពលករ/ការិនីផង និងអ្នកដែលកំពុងត្រៀមខ្លួនចូលទៅក្នុងប្រទេសថៃ សូមផ្អាកទាំងខុស និងទាំងត្រូវច្បាប់ ក៏សុំផ្អាកនៅក្នុងកាលៈទេសៈបែបនេះ។

៥០ លានរៀល/ខេត្ត សម្រាប់ខេត្តជាប់ព្រំដែនថៃ បម្រើឱ្យការធ្វើចត្តាឡីស័កនិងយកសំណាក

ក្រៅពីនោះ​ ខ្ញុំព្រះករុណាខ្ញុំបានធ្វើការពិភាក្សាតាំងពីព្រឹកជាមួយក្រសួងសុខាភិបាល ជាមួយសម្ដេចក្រឡា​ហោម ស ខេង ជាមួយនឹងផ្នែកពាក់ព័ន្ធ ដូចជាផ្នែកការពារជាតិ គឺអគ្គបញ្ជាការមេបញ្ជាការជើងគោក និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីធ្វើកិច្ចការ(ប្រុងប្រៀប)រៀបចំ​ឱ្យមានការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបញ្ចេញថវិកាសម្រាប់ខេត្តទាំងប៉ុន្មានដែលនៅជាប់ព្រំដែន (ជាមួយថៃ)នោះ ចំនួន ៥០ លានរៀលក្នុងមួយខេត្ត បន្ថែមទៅលើថវិកាដែលមានពីមុនរួចហើយ។ យើងនឹងបំ​ពេញបន្ថែមដើម្បីឱ្យខេត្តនៅតាមព្រំដែន មានលទ្ធភាពធ្វើចត្តាឡីស័ក។ ក្នុងស្ថានភាពធម្មតា មិនអាចចូលមកក្នុងផ្ទៃប្រទេសដោយមិនបានធ្វើការត្រួតពិនិត្យសំណាក និងការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅតាមព្រំដែននោះទេ។ ដូច្នេះ ចំណុចនេះ បងប្អូនដែលកំពុងនៅក្នុងប្រទេសថៃ ពេលដែលត្រឡប់មកវិញក៏មិនអាច​មកបានភ្លាមៗនោះដែរ ចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន។

កងទ័ពយករថយន្តទៅត្រៀមដឹកពលករមកពីប្រទេសថៃ ក្នុងករណីមនុស្សច្រើនហួសការគ្រប់គ្រង

ក្នុងសភាពការណ៍ដែលចំនួនមនុស្សហួសពីការគ្រប់គ្រង គឺកងទ័ពត្រូវចេញរថយន្តទៅដឹកជញ្ជូនមកខាងក្រោយ។ តាមទទួលបានព័ត៌មានពីអគ្គបញ្ជាការកងទ័ព ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក រថយន្តនឹងចេញយប់នេះ ទៅកាន់ ៣ ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ អូរស្មាច់ ដូង និងប៉ោយប៉ែត។ រថយន្តប្រមាណជា ៧០ គ្រឿងត្រូវទៅកាន់ទីនោះ ដើម្បីត្រៀមដឹកជញ្ជូនក្នុងករណីហួសពីលទ្ធភាព នៃការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដោយមិនអនុញ្ញាតឱ្យបងប្អូនដែលធ្វើដំណើរពីប្រទេសថៃ ចូលមកក្នុងប្រទេសដោយធ្វើដំណើរតាមរថយន្តតាក់ស៊ី ឬក៏ធ្វើដំណើរបែកខ្ញែកដោយខ្វះការគ្រប់គ្រង ដែលនាំទៅដល់ហានិភ័យនៃការឆ្លងចូលសហគមន៍ ដែលយើងមិនបានដឹង(ទេ)។ ដូច្នេះ កងទ័ពនឹងត្រូវទទួលបន្ទុកដឹកជញ្ជូនបងប្អូនទាំងនេះ រាប់ទាំងការផ្គត់ផ្គង់ផងដែរ ដែលរួមសហការជាមួយនឹងខេត្តនៅតាមព្រំដែន ជា​មួយ​នឹងកម្លាំងនគរបាល ក៏ដូចជាអាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែនច្រកទាំង ៣ នេះផងដែរ។

បំព្រួញច្រកតាមព្រំដែន ឱ្យមកនៅត្រឹមតែ ៣

… យើងធ្លាប់មានបទពិសោធន៍ហើយ។ ច្រកព្រំដែនរបស់យើងគឺមានច្រើន ដូច្នេះយើងគប្បីធ្វើតាមបទពិសោធន៍ ដែលយើងមាននៅក្នុងខែមេសា (ក្នុងឱកាស)ចូលឆ្នាំខ្មែរកន្លងទៅ។ បំព្រួញ(ចំនួន)ច្រកនៅតាមព្រំដែនទាំងអស់ ឱ្យមកនៅត្រឹមតែ ៣ ច្រក ដោយមានការឯកភាពពីខេត្តសាមីជាមួយកងទ័ពនិងនគរបាលព្រំដែន ជាពិសេសនគរបាលអន្តោប្រវេសន៍តែម្ដង។ បំព្រួញ​ច្រកទាំងនោះ​ឱ្យមកនៅត្រឹម៣ច្រកដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការដឹកជញ្ជូនបងប្អូនទាំងនោះ ដូចជាអូរស្មាច់ ដូង និងប៉ោយប៉ែត។ រថយន្តចេញដំណើរយប់នេះ និងថ្ងៃស្អែកទៅដល់គោលដៅដើម្បីរង់ចាំដឹកជញ្ជូនបងប្អូនទាំងនោះផងដែរ។ ការងារនេះក៏ត្រូវធ្វើការឱ្យមានការឯកភាពជាមួយភាគីថៃ ជាពិសេសគឺបណ្ដាខេត្តដែលនៅតាមជាប់ព្រំដែនជាមួយថៃ ធ្វើការ(ជាមួយ)ភាគីថៃដើម្បីកំណត់ច្រក ហើយធ្វើការសហការគ្នាយ៉ាងម៉េច ពន្យល់បងប្អូនខាងថៃ ធើ្វដំណើរទៅកាន់ច្រកទាំង ៣ នេះ ងាយស្រួលក្នុងការគ្រប់គ្រងត្រួតពិនិត្យ ហើយនិងងាយស្រួលក្នុងការដឹកជញ្ជូនត្រឡប់មកកាន់លំនៅស្ថាន ក្នុងករណីចាំបាច់ ត្រូវដឹកជញ្ជូនមកផ្នែកខាងក្រោយ។

ខេត្ដខាងក្រោយ រៀបចំកន្លែងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ

ខ្ញុំស្នើឱ្យក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងស្ថាប័នកម្លាំងប្រដាប់អាវុធទាំងនេះ ឱ្យមានការឯកភាពគ្នា ជាពិសេសកងទ័ព នគរបាល អាវុធហត្ថនៅតាមព្រំដែន ដែលត្រូវបំព្រួញជាបណ្ដោះអា​សន្ននូវចំនួនច្រកចេញចូលនេះឱ្យមកនៅ ៣ ច្រកធំៗ ដែលយើងអាចដឹកជញ្ជូនបងប្អូនបាន ក្នុងករណី(មាន)មនុស្សចូលមកច្រើនហួសពីសមត្ថភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែន។ ជាមួយគ្នានេះដែរ ក្នុងករណីដែលមានមកតាមតំបន់របៀងនានាដទៃទៀត ក៏ចាំបាច់ត្រូវតែបញ្ជូនអ្នកទាំងនោះធ្វើចត្តាឡីស័កនៅគ្រប់ខេត្ត ​ក្រៅពីតំបន់ទាំង ៣ នេះ … សម្រាប់ខេត្ដខាងក្រោយគឺដូចដែលកាលពីពេលមុន គឺរៀបចំកន្លែងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហើយមានថវិកាផ្គត់ផ្គង់រួចហើយដែរ។ ដូច្នេះ ត្រូវរៀបចំជាបន្ទាន់ជាមួយខេត្តខាងក្រោយ ដើម្បីត្រៀមទទួលបងប្អូនដែលដឹកមកពីមុខ ហើយត្រូវបញ្ជូនបងប្អូនទាំងនោះទៅដល់គោលដៅតាមភូមិ ហើយភូមិត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងគ្រួសារនីមួយៗ ដូច​ដែលបានធ្លាប់ធ្វើកន្លងទៅ។

បទពិសោធន៍ក្នុងខែមេសាបានផ្ដល់ឱ្យយើងនូវភាពល្អប្រសើរ

​​​បទពិសោធន៍ក្នុងខែមេសា បានផ្ដល់ឱ្យយើងនូវភាពល្អប្រសើរ ដែលគួរយកមកអនុវត្តនៅពេលនេះ។ ជាង ១២ ម៉ឺន នាក់កាលពីពេលនោះ ពុំមានជំងឺឆ្លងណាមួយកើតឡើងដែលនាំចូលពីប្រទេសថៃ មកកាន់កម្ពុជានោះទេ ដោយសារតែមានការសហការដ៏ល្អពីក្រុមគ្រួសារ។ (គ្រានោះ មាន)រហូតដល់ការសរសេរដាក់នៅ(មុខ)ផ្ទះថា “កូនរបស់ខ្ញុំទើបមកពីប្រទេសថៃ ដូច្នេះមិនអាចចូលលេងបាន” និងមានវិធីដទៃផ្សេងទៀត​។​ (ត្រូវប្រុងប្រៀប)ការធ្វើចត្តាឡីស័កទៅតាមទីតាំង ដែលយើងបានរៀបចំនៅតាមភូមិ/ឃុំ ហើយដែលមានការផ្គត់ផ្គង់អារហារឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសបញ្ហាដែលអាចរាលដាលក្នុងប្រទេសរបស់យើង ដែលយើងគ្រប់គ្រងមិនបាន។ ដូច្នេះ អ្វីដែលសំខាន់គឺអំពាវនាវចំពោះកម្មករ/ការិនីដែលកំពុងធ្វើការក្នុងប្រទេសថៃ គឺទុកចិត្តទៅលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ ក៏ដូចជាផ្នែកពាក់ព័ន្ធនៅទីនោះ។ ប្រជាជនថៃជាង ៦០ លាននាក់ អាចនៅក្នុងប្រទេសថៃបាន ដូច្នេះយើងក៏អាចនៅជាមួយប្រជាជនថៃនៅក្នុងកាលៈទេសៈនេះបានដែរ។ ក្នុងករណីដែលបងប្អូនចូលមកក្នុងប្រទេស ក៏ត្រូវធ្វើចត្តាឡីស័ក បើមិនធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តនៅឯព្រំដែនទេ ក៏ត្រូវមកធ្វើចត្តាឡីស័កនៅឯផ្ទៃក្នុងប្រទេស ថែមទាំងត្រូវយកសំណាកសម្រាប់ធ្វើការត្រួតពិនិត្យ ថាមាន ឬមិនមានជំងឺឆ្លងនោះផងដែរ។

ក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់ដើម្បីបញ្ជូនទៅតាមខេត្តជាប់ព្រំដែន

ក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាទៅក្រសួងសុខាភិបាលក្រៅពីការផ្តល់នូវថវិកាជូនទៅព្រឹកមិញរួចហើយ សុំបញ្ចេញបន្ថែមនូវម៉ាសក្រណាត់ បញ្ជូនទៅតាមខេត្តនៅតាមព្រំដែន ហើយក្នុងនោះច្រកទាំង ៣ នេះក៏ត្រូវបញ្ជូនម៉ាសក្រណាត់។ ចំនួនប៉ុន្មាននោះ ខ្ញុំមិនទាន់កំណត់ទេ ទុកឱ្យពិភាក្សាគ្នាអំពីតម្រូវការខុសៗគ្នា។ ប៉ុន្តែ ច្រកទាំង ៣ ដែលជាច្រកធំ គឺច្រកអូរស្មាច់ ដូង និងប៉ោយប៉ែត ត្រូវតែផ្តល់ឱ្យមានទំហំធំ នឹងត្រូវផ្តល់ម៉ាសធម្មតាមួយផ្នែកទៀត ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យពេលដែលបងប្អូន(មក)គឺបងប្អូនមានម៉ាសពាក់។ ពិតហើយបងប្អូនមានម៉ាស(មកតាមខ្លួន តែ)ជួនកាល ម៉ាសទាំងនោះមិនគ្រប់គ្រាន់ឱ្យបងប្អូនប្រើប្រាស់ ដោយសារតែត្រូវប្រើក្នុងរយៈពេលខ្លី។ ដូច្នេះបានជាយើងត្រូវប្រើម៉ាសក្រណាត់ដែលអាចនឹងប្រើប្រាស់បាន ២ ឬ ៣ ខែ។ ក្នុងម្នាក់ទទួលបានម៉ាស ២។ បោកមួយពាក់មួយ ដែលមានការផ្លាស់ប្តូរបាន។ អញ្ចឹង សុំយកទៅអនុវត្ត។ ខ្ញុំសង្ឃឹមថា យើងនឹងជម្នះបាននូវការលំបាក រួមសហការជាមួយនឹងមិត្តថៃដើម្បីនឹងធ្វើកិច្ចការងារនេះឱ្យបានល្អ ដើម្បីចៀសវាងការរីករាលដាលចូលមកក្នុងប្រទេសរបស់យើង។

មិននាំជំងឺចេញទៅប្រទេសជិតខាង មិននាំជំងឺចូលមកក្នុងប្រទេស

នៅជុំវិញប្រទេសរបស់យើងមានការគ្រប់គ្រងបានល្អទាំងព្រះរាជាណាចក្រថៃ ទាំងសារធារណរដ្ឋសង្គមនិយមវៀតណាម ទាំងសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ យើងមិននាំជំងឺចេញទៅប្រទេសទាំងនេះ ហើយប្រទេសទាំងនេះក៏មិននាំជំងឺចូលមកក្នុងប្រទេសកម្ពុជាដែរ។ ដូច្នេះ យើងបានធ្វើកិច្ចការល្អជាមួយនឹងប្រទេសជិតខាងទាំង ៣ នេះ។ សង្ឃឹមថាយើងនឹងបន្តធ្វើកិច្ចការនេះបន្តទៀត ជាមួយមិត្តភក្តិទាំង ៣ ដែលជាប់ព្រំដែនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ជាមួយនឹងការត្រួតត្រាបាន និងផុតបន្តិចម្តងៗ ក្នុងរយៈពេល ៣ ថ្ងៃ មិនមានការឆ្លងនៅក្នុងសហគមន៍ក្នុងប្រទេសរបស់យើង រាប់ទាំងនាំចូលផងនោះ គឺយើងនឹងឈានទៅដំណាក់កាលថ្មីមួយ។ ប៉ុន្តែ ឥឡូវនេះសភាពការណ៍ថ្មីបានមកដល់ គឺការឆ្លងនៅក្នុងប្រទេសថៃ ដែលអាចរីករាលដាលមមកក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ក្នុងដំណាក់កាលដំបូងនេះគឺការរីករាលដាលការភ័យខ្លាចទាក់ទងនឹងចិត្តសាស្រ្ត។ ដូច្នេះជំងឺពិតប្រាកដរបស់យើងនៅពេលនេះគឺជំងឺភ័យខ្លាច។ ពិតហើយខ្ញុំព្រះករុណាខ្ញុំបានធ្លាប់និយាយថា ឱ្យតាំងខ្លួនជាអ្នកខ្លាច មិនមែនជាអ្នកហ៊ានទេ ក៏ប៉ុន្តែការខ្លាចជ្រុលហួសពីការពិត វានឹងក្លាយទៅជាចំណោទទៅវិញទេ។ វាក្លាយទៅជាភាពតក់ស្លុត និងភ័យស្លន់ស្លោ។ យើងត្រូវខ្លាចជំងឺកូវីដ-១៩ នេះ ក៏ប៉ុន្តែ យើងមិនត្រូវតក់ស្លុត និងភ័យស្លន់ស្លោនោះទេ។

នៅព្រំដែននិងនៅខាងក្រោយ ត្រូវយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ

សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងចូលរួមអនុវត្តនូវវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងវិធានការថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលកូវីដ-១៩ ដែលឆ្លងចូលទៅក្នុងសហគមន៍នៅក្នុងប្រទេសថៃក្នុងរយៈពេល ១ ថ្ងៃនេះ ហើយដែលវានាំមានទៅដល់កត្តាចិត្តសាស្រ្តដែលកំពុងតែលេចឡើងនៅក្នុងប្រទេសរបស់យើង។ (ជា)ការត្រៀមបម្រុងទុក យើងចាត់ទុកថាវាមានប្រសើរជាងមិនមាន​។ ដូច្នេះ កងទ័ពត្រូវត្រៀមបម្រុងចំនួនប្រមាណ ៧០ គ្រឿងនៃរថយន្តដែលបញ្ជូនទៅនេះ។ ប្រសិនបើមានការចាំបាច់ … ត្រូវធ្វើការចល័តភ្លាម ហើយក្រសួងសុខាភិបាលត្រូវពិនិត្យមើលតាមដាននូវរាល់ដាក់ក្រុមគ្រូពេទ្យដើម្បីយកសំណាកនៅទីកន្លែងដែលបានកំណត់ទុក និងអ្នកធ្វើចត្តាឡីស័កនៅតាមច្រករបៀង​។ ការធ្វើចត្តាឡីស័កតែមួយមុខវាមិនគ្រប់ទេ ទាមទារឱ្យការយកសំណាកមកពិនិត្យ ក្នុងរយៈពេល ១៤ ថ្ងៃ បើគ្មានបញ្ហាទេទើបអនុញ្ញាតឱ្យចាកចេញ។ នៅព្រំដែន និងនៅខាងក្រោយក៏ដូចគ្នា ត្រូវយកសំណាកពិនិត្យ ហើយធ្វើចត្តាឡីស័ក ១៤ ថ្ងៃឱ្យបានគ្រប់។ ប្រសិនបើមិនបានដូច្នេះទេគឺវានឹងមានហានិភ័យខ្ពស់ចូលក្នុងសហគមន៍របស់យើងថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំសូមអរព្រះគុណ និងសូមអរគុណចំពោះបងប្អូនជនរួមជាតិ៕