សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យស្ថានការណ៍ និង សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តំបន់ព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

CNV:

ចូលរួមការលំបាកជាមួយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀង

… បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ អម្បាញ់មិញនេះ ខ្ញុំព្រះករុណាខ្ញុំបានទៅសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៅឯបុរី ពិភពថ្មី កួរស្រូវ ២។ ឥឡូវនេះ យើងមកកាន់តំបន់ស្ពានថ្ម​ ដែលជាទីតាំងមួយទៀតក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ពិតមែនហើយ នៅទីនេះមានពន្លឺអគ្គិសនីខ្លះ ដោយប្រើប្រាស់នូវម៉ាស៊ីនភ្លើង។ សុំអភ័យទោសពីសំ​ណាក់ប្រជាពលរដ្ឋ ដែលយើងត្រូវផ្ដាច់ចរន្តអគ្គិសនី ហើយស្ថានភាពរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន គឺងងឹតតែម្ដង។ បើសិនជាយើងនៅបន្តបើកអគ្គិសនីតទៅទៀត វានឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ ការទ្រាំទ្រការលំបាកនៅក្នុងរយៈពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមនូវការលំបាកនេះ ជាមួយនឹងប្រជាពលរដ្ឋនៅទីនេះក្ដី នៅក្របខណ្ឌទូទាំងប្រទេសក្ដី ដែលរាប់ម៉ឺនគ្រួសារ ទទួលនូវផលប៉ះពាល់ ដែលចេញមកអំពីគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតនៅក្នុងប្រទេស។

ការជម្លៀសប្រជាជន ជាបទបញ្ជាអាទិភាព

ពេលដែលខ្ញុំធ្វើដំណើរចេញមក ភ្លៀងចាប់ផ្ដើមរលឹម ហើយមកដល់កន្លែងទី ១ ភ្លៀងក៏ធ្លាក់ខ្លាំង​ ហើយ បន្ទាប់ទៅក៏នៅរលឹម។ តែឥឡូវ យើងកំពុងនៅក្រោមផ្ទៃមេឃរលឹមនៅឡើយ។ នេះហើយដែលហៅថា ម្ខាងគឺរដូវវស្សា តែម្ខាងទៀតគេហៅថា គ្រោះមហន្តរាយធម្មជាតិ គឺទឹកជំនន់នេះឯង។ ដោយសារតែទឹកជំនន់នេះហើយ បានជាមានតម្រូវការជម្លៀសប្រជាជនចេញ។ នេះជាអាទិភាពខ្ពស់បំផុតនៃបទបញ្ជារបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល។ ឥឡូវនេះ ក្រុមយុវជនស្រឡាញ់សន្តិភាព បានរាយការណ៍ឱ្យខ្ញុំព្រះករុណាខ្ញុំ​ថា ពួកគេកំពុងស្ថិតនៅទីកន្លែងមួយដើម្បីជម្លៀសប្រជាជនបន្ត (នៅបុរី VIP) …។​ អញ្ចឹងបានសេចក្ដីថា ដំណើរការជម្លៀសនេះ ​មិនទាន់ចប់ទេសម្រាប់រាជធានីភ្នំពេញ និងសម្រាប់ខេត្តកណ្ដាល ដោយសារតែស្ថានភាពទឹកធ្លាក់ពីខាងលើនៅមិនទាន់ធូរស្រាលនៅឡើយ។ ពិតមែនរបាយការណ៍របស់ខេត្តកំពង់ស្ពឺបានប្រាប់មកថា ទឹកបានចាប់ស្រក ក្នុងករណីដែលពុំមានភ្លៀងធ្លាក់បន្ត អាចនឹងទឹកត្រឡប់មកធម្មតា ក៏ប៉ុន្តែសភាពធម្មតាសម្រាប់អ្នកកំពង់ស្ពឺ តែវាមិនធម្មតាសម្រាប់អ្នករាជធានីភ្នំពេញ និងអ្នកខេត្តកណ្ដាល ដែលនៅភាគខាងក្រោមនេះទេ។ វាអាចនឹងយឺតជាងកំពង់ស្ពឺ ២ ឬ ៣ ថ្ងៃតទៅទៀត។

បញ្ចៀសកុំឱ្យប្រជាជនស្លាប់ដោយការលិច/លង់

នៅក្នុងផ្ទៃប្រទេស ក្នុងរង្វង់ ១០ ខេត្ត/រាជធានី គឺនៅសល់ ៣ ខេត្ត និងរាជធានី ដែលកំពុងតែរងផលប៉ះពាល់បន្តទៀត នោះគឺ​រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ។ ​សម្រាប់ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន បានធូរស្រាលហើយ។ កំពង់ធំ ស្ទឹងត្រែង ហើយនិងខេត្តព្រះសីហនុ ក៏មានការធូរស្រាលហើយ។ ប៉ុន្តែ តាមការព្យាករអាកាសធាតុ វានឹងមានព្យុះ និងមានសម្ពាធទាបបន្តទៅទៀត ដែលអាចនឹងមិនត្រឹមតែគំរាមកំហែងនៅតំបន់ដែលរងគ្រោះស្រាប់ទេ តែវាអាចនឹងគំរាមកំហែងទៅតំបន់ផ្សេងទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននិយាយនៅកន្លែងខាងមុខ(បុរីពិភពថ្មី កួរស្រូវ ២)បន្ដិចហើយ គ្រប់ខេត្តទាំងអស់ យកចិត្តទុកដាក់ទៅលើការការពារទឹកជំនន់ ដោយរៀបចំគោលដៅឱ្យហើយស្រេច ជាពិសេសទីទួលសុវត្ថិភាពដើម្បីសង្រ្គោះ(ប្រជាពលរដ្ឋ)សិន។ អាទិភាពធំជាងគេ នៃប្រតិបត្តិការរបស់យើង គឺត្រូវបញ្ចៀសយ៉ាងណា កុំឱ្យប្រជាជនស្លាប់ដោយការលង់ទឹក ដោយលិចទឹក ដែលយើងមិនបានទៅជួយពួកគាត់។ យើងមានមនុស្សស្លាប់ចំនួន ១៣ នាក់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែដោយឡែក រាជធានីភ្នំ​ពេញ និងខេត្តកណ្ដាល មិនមានការស្លាប់នោះទេ។

រួមសាមគ្គីគ្នា មិនប្រកាន់និន្នាការបក្សនយោបាយ ជាចំណុចខ្លាំងរបស់រដ្ឋាភិបាល ហ៊ុន សែន

នៅយប់នេះ យប់ថ្ងៃស្អែក គ្រប់ទីកន្លែងទាំងអស់ មិនថាតែនៅទីនេះទេ ត្រូវតែមានការប្រុងប្រយ័ត្ន ជាពិសេសកុំបណ្ដោយកូនក្មេង កូនតូចៗ ឱ្យទៅណាឆ្ងាយពីយើងឱ្យសោះ ហើយសុំកុំទៅកាន់តំបន់ដែលមានការហាមឃាត់ ជាពិសេសទាក់ទិនជាមួយនឹងកន្លែងដែលមានការលិចទឹក។ យើងខិតខំយកបងប្អូនចេញពីទឹក កុំទៅក្បែរទឹកទៀត ដរាបណាមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បានបង្ហោះតាមហ្វេសប៊ុកពីម្សិល “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក” ពេលនេះគឺជាពេលជាងពេលណាៗទាំងអស់ ដែលខ្ញុំព្រះករុណាខ្ញុំ បានសង្កេតឃើញថា ប្រជាជនយើងបានចូលរួមសាមគ្គីគ្នាល្អណាស់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ រឿងអ្នកដទៃនិយាយពីខាងក្រៅមក វាជារឿងមួយ ប៉ុន្តែសម្រាប់ព្រះសង្ឃ ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពព្រម​ៗគ្នា។ នោះហើយ ជាចំណុចពិសេស ជាចំណុចខ្លាំងនៃរដ្ឋាភិបាល ហ៊ុន សែន។ អ្នកឯងចង់និយាយពីអាមេរិក ពីប្រទេសបារាំង ពីប្រទេសកាណាដា(មកយ៉ាងណា) ជារឿងរបស់អ្នកឯង ក៏ប៉ុន្តែនៅទីនេះ យើងបានជួប ហើយយើងធ្វើការជាមួយគ្នា ដោយមិនគិតថា អ្នកណានៅនិន្នាការបក្ស(នយោបាយ)ណាទេ។ យើងគិត(តែពី)ធ្វើយ៉ាងម៉េចឱ្យប្រជាជនរបស់យើងបានរស់រានមានជីវិត។

អាទិភាពដំបូង គឺសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន

អញ្ចឹងបានជាខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តនិយាយហើយនិយាយទៀត ទៅកាន់អាជ្ញាធរ ទៅកងកម្លាំងប្រ​ដាប់អាវុធគ្រប់ប្រភេទ សូមយកចិត្តទុកដាក់ផ្ដល់អាទិភាពខ្ពស់បំផុត ជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព ហើយត្រូវថែទាំប្រជាជនឱ្យបានល្អបំផុតអំពីបញ្ហាបាយទឹក អនាម័យ ថ្នាំពេទ្យ។ អម្បាញ់មិញ បានទទួលសារ យើងបានត្រៀមនូវសំភារៈការពារកូវីដ-១៩ នៅក្រសួងសុខាភិបាលចំនួន ៥០០០ ឃីត (ដែល)នៅក្នុងឃីតនោះ មានទាំងមុង មានទាំងភួយ មានទាំងក្រមា មានទាំងកន្ទេល ខ្នើយថែមទៀត។ យើងយកឃីតនោះ(មកជា)បណ្ដោះអាសន្នសិន។ (ប្រជាជនរងគ្រោះ)ចេញមកអត់បានយកមុងភួយមកតាមខ្លួនទេ យកបានតែខ្លួន ប៉ុន្តែសំខាន់បំផុត នៅពេលនេះ ធ្វើម៉េចឱ្យរស់សិន។ បើគ្មានជីវិតទេ គឺមិនអាចនិយាយពីអ្វីទាំងអស់ រាប់ទាំងមិនអាចទៅសរសេរកាសែត មិនអាចទៅរកលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សអីទេ។ បើស្លាប់បាត់ទៅហើយហ្នឹង។ អញ្ចឹងតាំងពីដើមដល់ចប់ ន័យនយោបាយរបស់ ហ៊ុន សែន គឺធ្វើយ៉ាងម៉េចឱ្យប្រជាជនរស់សិន … អ្នកណានិយាយពីសិទ្ធិមនុស្ស និយាយពីប្រជាធិបតេយ្យសូមអញ្ជើញ ក៏ប៉ុន្តែសម្រាប់ខ្ញុំ អាទិភាពដំបូង គឺឱ្យប្រជាជនរស់សិន … អញ្ចឹងទេ ទាំងអស់គ្នាត្រូវរួមគ្នា ប្រឹងឱ្យរស់សិន។ ឥឡូវយើងទាំងអស់គ្នាបានមកដល់ទីទួលសុវត្ថិភាព ជាមួយនឹងប្រជាជននៅខេត្តដទៃទៀត ក៏បានជម្លៀសមកទីទួលសុវត្ថិភាព ប៉ុន្តែកន្លែងខ្លះក៏បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ បន្ទាប់ពីទឹកស្រកចុះ ដូចជានៅខាងបាត់ដំបង និងពោធិ៍សាត់។

ភ្លៀងធ្លាក់ច្រើនលើសការទទួលយកនៅខាងក្រោមធ្វើឱ្យកើតជំនន់

ប៉ុន្តែសម្រាប់យើងនេះ គឺកំពុងតែជម្លៀសបន្ទាន់ ព្រោះទឹកវានៅច្រាល។ សំណាងឆ្នាំនេះប្រៀបធៀបទៅនឹងឆ្នាំ ២០០០ ឬក្រោយឆ្នាំ ២០០០ ដែល(ទឹក)បុកទៅខណ្ឌដង្កោ ខាងជើងព្រែកត្នោត បើបុកទៅខាងហ្នុងទៅខាងព្រៃស ខាងវេងស្រេង មិនដឹងជាលិចរោងចក្រអស់ប៉ុន្មានទេ ក៏ប៉ុន្តែ ដោយសារតែលើកនេះយើងបានធ្វើព្រែកមួយ ដែលខ្ញុំព្រះករុណាខ្ញុំរំលឹកអម្បាញ់មិញ។ ឆ្នាំ ២០០០ ខ្ញុំព្រះករុណាខ្ញុំឱ្យកាត់ផ្លូវជាតិលេខ២ នៅម្ដុំព្រែករទាំង រួចហើយជីកព្រែកយ៉ាងធំ ដែលហៅថាព្រែកតាហោដើម្បីរំដោះទឹក។ ឥឡូវទឹកកំពុងហូរចេញម្ខាងចូលទៅទន្លេបាសាក់តាមព្រែកត្នោតទៅតាខ្មៅ ឯម្ខាងទៀតទៅធ្លាក់នៅឯបឹងជើងលោកនៅខាងក្រាំងយ៉ូវ ខាងស្អាង និងខាងទន្លេបាទីរបស់ខេត្តតាកែវ។ អ្វីដែលជាចំណោទ គឺទន្ទឹមនឹងការរំដោះឯណេះ (ទឹកភ្លៀងពី)ខាងលើចេះតែធ្លាក់ ហើយធ្លាក់ក្នុងមួយកន្លែងត្រឹមតែពីរម៉ោង ប្រមាណពី ១៩៦ មីលីម៉ែត្រ ដល់ ២០០ មីលីម៉ែត្រ។ ត្រង់ហ្នឹងហើយដែលហៅថាទប់អត់ឈ្នះ។ ដែលហៅថាទឹកជំនន់ ដែលខ្ញុំព្រះករុណាខ្ញុំបានរំលឹកអម្បាញ់មិញ គេថាមកពីយើងលុបបឹង។ ឥឡូវសូមពិនិត្យមើល។ មូលហេតុជំនន់(នេះគឺ)មកពីស្ថានភាព(ផ្លូវទឹក)រំដោះមិនរួច។ ឆ្នាំ ២០០០ ជំនន់សហស្សវត្សរ៍ សូម្បីតែទន្លេមេគង្គក៏រំដោះវាមិនទាន់(ផង) បានទៅជាជំនន់។ កុំថាឡើយលូនៅក្នុងទីក្រុង ទីប្រជុំជន កូនព្រែកតូចៗ សូម្បីទន្លេវាធំក៏គង់កើតជំនន់បានដែរ ដោយសារតែព្រះភិរុណទម្លាក់មកវាច្រើនលើសការទទួលយកនៅខាងក្រោម បានវាកើតបញ្ហាជំនន់។

ទីអារាម ក្លាយជាទីទួលសុវត្ថិភាព

ឥឡូវ, អាទិភាពខ្ពស់បំផុតគឺនៅតែ(ការ)រក្សាជីវិតឱ្យបាន។ មកដល់គោកហើយ ត្រូវថែទាំងយ៉ាងម៉េចទាក់​ទងបញ្ហាសុខភាព។ អញ្ចឹងទេនៅទីនេះ រៀបចំដាំបាយដាំទឹក ចង្ក្រានមានហើយ ប្រមូលចុងភៅពីទីក្រុងមករៀបចំឱ្យស្រួល រួចហើយដាក់ជូនតែម្ដង កុំឱ្យគាត់ពិបាក។ ទឹកផឹកត្រូវតែចែក(ឱ្យ)មានគ្រប់ក្រុមគ្រួសារ​។ សុំកុំទទួលទានទឹកណាដែលមិនស្អាត … នៅតាមវត្ត ព្រះសង្ឃក៏ជួយជម្លៀសប្រជាពលរដ្ឋ ហើយក៏​ក្លាយទៅជាទីទួលសុវត្ថិភាព។ ព្រះវិហារ សាលាឆាន់ដែលមិនទាន់លិច ក៏(ត្រូវបានប្រើ)ជាទីទួលសុវត្ថិភាពសម្រាប់ព្រះសង្ឃខ្លួនឯងផង សម្រាប់ពុទ្ធបរិស័ទដែលអាចមានលទ្ធភាពទៅទីនោះផង។ បើនៅតាមដងទន្លេមេគង្គវិញនៅពេលមានជំនន់ម្ដងៗ យើងតែងតែមានវត្តអារាមជាទីទួលសុវត្ថិភាព ដោយប្រជាពល​រដ្ឋទៅនៅទីនោះ យកគោ ក្របីឡើងទៅនៅខឿនព្រះវិហារសិន … ព្រះនៅលើបល្ល័ង្គ នៅខាងក្រោមគឺជួន​កាល(មានករណីស្រ្តី)ឆ្លងទន្លេនៅមុខព្រះ(ពុទ្ធបដិមា)។ តែហ្នឹងជាស្ថានភាពនៃគ្រោះទឹកជំនន់ នៃគ្រោះមហន្តរាយវាយ៉ាងដូច្នេះ។ ទាមទារឱ្យយើងរួមគ្នា។

ពេលមានឧបសគ្គ ស្មារតីរួបរួមបានកើតឡើង ជាមោទនភាពរបស់កម្ពុជា

ហើយខ្ញុំព្រះករុណាខ្ញុំសប្បាយរីករាយ នៅពេលដែលប្រជាពលរដ្ឋ បង្ហាញនៅសាមគ្គីភាពជាមួយគ្នា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានធ្វើសកម្មភាពព្រមៗ ដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋ។ កម្លាំងយុវជនក៏បានធ្វើសកម្មភាពយ៉ាងច្រើនជាមួយនឹងចលនារួម នៅតាមតំបន់ដែលរងគ្រោះ ក្រៅពីនោះ សិល្បៈនៃការចែករំលែក ឬហៅថាវប្បធម៌នៃការចែករំលែក (ក៏ត្រូវ)បានធ្វើក្នុងចំណោមប្រជាពល​រដ្ឋ។ អម្បាញ់មិញខ្ញុំព្រះករុណាខ្ញុំបានថ្លែងអំណរគុណជាមួយអ្នកដែលបានចូលរួមថវិកា ដែលមកដល់ពេលនេះបានចំនួន ៦ លានដុល្លារ ហើយចំណាយទៅវិញអស់ត្រឹមតែ ៨០ ម៉ឺន នៅសល់ជាង ៥ លានដុល្លារដែរ។ ក្រៅពីនោះ នៅតាមមូលដ្ឋាន មន្ត្រីក្រុមការងារក៏ដូចជាសប្បុរសជននានា បានធ្វើដំណើរចុះចែកជំនួយសង្គ្រោះសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ចំណុចមោទនភាពរបស់កម្ពុជាគឺនៅកន្លែងហ្នឹង។ ពេលមានឧបសគ្គ ស្មារតីរួបរួមបានកើតឡើង។ លើកលែងតែក្រុមមនុស្សខ្លះ ដែលស្រែកពីក្រៅប្រទេសដែលមិនស្គាល់ហេតុការណ៍។ នៅទីនេះ មិនមែនសុទ្ធតែអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនទេ តែយើងអត់គិតអំពីរឿងបក្សមិនបក្សទេ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវទទួលបាននូវសេចក្តីសុខ ជៀសផុតពីការ ស្លាប់ ជៀសផុតពីការអត់បាយ។ យើងអត់គិតពីបក្សថា បោះឆ្នោតឱ្យគណបក្សប្រជាជន បោះឆ្នោតឱ្យ ហ៊ុន សែន បានយើងជួយទេ។ យើងអត់ដឹងថាអ្នកណាបោះឆ្នោតឱ្យអ្នកណាទេ យើងគិតអំពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ និយាយជារួមតែម្តង ដោយគ្មានការរើសអើងនិន្នាការនយោបាយអីទាំងអស់។

ទឹកទន្លេមេគង្គទាប ជួយស្រូបទឹកជំនន់ទឹកភ្លៀង

ខ្ញុំព្រះករុណាខ្ញុំ បានដាក់ទិសដៅរួចហើយ។ មិនចង់និយាយច្រំដែលទេ។ យើងត្រូវខំជំនះការលំ​បាកដែលវាកើតឡើង។ ម្ខាងយើងកំពុងប្រយុទ្ធជាមួយ Covid-19 ប៉ុន្តែវាគាប់ជួនកើតឡើងនូវបញ្ហាជំនន់ទឹកភ្លៀង។ ឆ្នាំនេះ ទឹកទន្លេមេគង្គទាបណាស់។ ឥឡូវ ទឹកទន្លេ(មេគង្គ)នៅស្ទឹងត្រែងឡើងត្រឹមតែជាង ៧ ម៉ែត្រតែប៉ុណ្ណោះ ហើយមាននិន្នាការថយចុះ បើប្រៀបធៀបទៅនឹងអ្វីដែលយើងចង់បាន។ នៅទន្លេចតុមុខយើងចង់បានរហូតទៅដល់ ៩ ម៉ែត្រ ៩,៥ ម៉ែត្រ ក៏ប៉ុន្តែទឹកវាមានត្រឹមតែ ៦ ម៉ែត្រតែប៉ុណ្ណោះ។ ដូច្នេះ កម្ពស់ទឹក ទាបខ្លាំងណាស់។ ក៏ប៉ុន្តែ រឿងទឹកទន្លេមេគង្គទាប ទន្លេបាសាក់ទាប ទន្លេសាបទាប ក៏វាបង្កើតនូវការងាយស្រួលឱ្យយើងបន្តិចដែរ ដោយទឹកជំនន់នៅឯបន្ទាយមានជ័យ នៅឯពោធិសាត់ នៅឯបាត់ដំបង អាចហូរធ្លាក់ចូលទន្លេសាបបានលឿន។ ឥឡូវនេះ នៅតាមព្រែកត្នោតរបស់យើង ទឹកនឹងបុកចូលទន្លេបាសាក់ បានលឿនជាង។ ខាងព្រះវិហារ ខាងកំពង់ធំ ទឹកក៏ធ្លាក់តាមស្ទឹងត្រែងមកទន្លេសាបបានលឿនជាងដែរ។ ថ្ងៃនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹកនៅពេលនោះ (បាន)កាត់ព្រៃទាំងម៉ោង ២ យប់ ដើម្បីបន្ធូរទឹកបុកចូលទីក្រុងភ្នំពេញ ហើយរុញទឹកទៅទម្លាក់នៅបឹងជើងលោក ដោយសារកំពស់ទឹកទន្លេបាសាក់វាខ្ពស់ វាសឹងតែហូរពីទន្លេចូលមកក្នុងព្រែកវិញ មិនអាចទម្លាក់ទៅបាន។ អញ្ចឹងបានតែទម្លាក់វាចូលទៅក្នុងបឹងជើងលោក នៅឯក្រាំងយ៉ូវ នៅឯពុតស និងឃុំមួយចំនួនរបស់ស្អាង និងរបស់ខេត្តតាកែវនោះ។

រួមគ្នាយកឈ្នះលើ កូវីដ-១៩, លើគ្រោះទឹកជំនន់ និងធ្វើការងារស្តារឡើងវិញ

ពិតជាលំបាកហើយ ដែលហៅថាគ្រោះធម្មជាតិ … (តែប្រជាពលរដ្ឋយើង)មិនឯកោតែម្នាក់ឯងទេ។ យើងរួបរួមគ្នាក្លាយទៅជាកម្លាំងមួយ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងអាជ្ញាធរស៊ីវិល ទាំងប្រដាប់អាវុធ ធ្វើសកម្មភាពព្រមៗគ្នាជាមួយនឹងប្រជាពលរដ្ឋរងគ្រោះ។ នោះហើយគឺជាចំណុចល្អ នៃសភាពការណ៍ស្រុកទេសរបស់យើង។  អម្បាញ់មិញ មុននឹងបញ្ចប់នៅឯក្នុងពិធីជួបជុំ នៅឯកន្លែងទី ១ បុរីពិភពថ្មី កួរស្រូវ ២ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយពាក្យ ៣ ឃ្លា យើងត្រូវខិតខំរួមគ្នា ទី ១ យកឈ្នះ Covid-19 ឱ្យខាងតែបានបន្តទៀត, ទី ២ យកឈ្នះលើគ្រោះទឹកជំនន់ គ្រោះមហន្តរាយដែលកំពុងមាននេះ និង ទី ៣. រួមគ្នា(ធ្វើការងារ)ស្តារឡើងវិញក្រោយជំនន់ និងក្រោយ Covid-19 … Covid-19 បានបំផ្លាញយើង ប៉ុន្តែ Covid-19 មិនអាចសម្លាប់យើងបានទេ នៅពេលយើងមានការប្រុងប្រយ័ត្ន។ ទឹកជំនន់បានបំផ្លាញយើង តែក៏មិនអាចសម្លាប់យើងបានដែរ នៅពេលយើងមានការប្រុងប្រយ័ត្ន ហើយយើងរួមគ្នាដើម្បីដោះស្រាយបញ្ហា។ បន្ទាប់ទៅយើងខិតខំរួមគ្នា ដើម្បីស្តារជីវភាពឡើងវិញ។

ខ្ញុំព្រះករុណាខ្ញុំ បានចេញបញ្ជារួចហើយឱ្យកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់(ជាន់)ថ្នាក់ បន្ទាប់ពីទឹកស្រកទៅ ត្រូវចូលរួមជួយមើលលំនៅដ្ឋានរបស់(ប្រជាពលរដ្ឋ) ដើម្បីជួយជួសជុលផ្ទះ ជួយដឹកជញ្ជូន(សម្ភារៈ/ប្រ​ជាពលរដ្ឋ)ត្រឡប់ទៅផ្ទះវិញ។ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឆ្នឹងខ្នងអន្តរាគមន៍របស់រាជរដ្ឋាភិបាល​។ យើងពិតជាមានការខូចខាត ស្រូវកំពុងតែទុំវាខូចហើយ។ ស្រូវកំពុងតែផើម វាខូចហើយ។ តែស្រូវដែលវាទើបនឹងបែកគុម្ព វាល្អលើសដើម។ ដំឡូង និងដំណាំមួយចំនួនផ្សេងទៀត វាខូចខាតហើយ។ ទាមទារឱ្យ យើងមានការស្តារឡើងវិញ មិនថា(តែ)ទីនេះ (គឺនៅ)គ្រប់កន្លែងទាំងអស់ ត្រូវធ្វើនូវកិច្ចការងារនេះ។

ក្រុមការងាររាជរដ្ឋាភិបាល បក្សប្រជាជនជន និងសប្បុរសជន ធ្វើសកម្មភាពស្រាយបញ្ហាព្រមៗគ្នា  

ខ្ញុំព្រះករុណាខ្ញុំ អរគុណចំពោះព្រះតេជព្រះគុណ អរគុណចំពោះបងប្អូនជនរួមជាតិ ហើយ(អាចនឹងឆ្ងល់) ថា លោក ហ៊ុន សែន ម៉េចក៏មកពេលយប់? ពេលថ្ងៃម៉េចក៏មិនមក? វាជាទម្លាប់ទៅថ្ងៃហើយការមកនៅពេលថ្ងៃ។ (ខ្ញុំ)ចង់ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលយប់វាយ៉ាងម៉េច? មុនចេញមក គឺអត់មានអ្នកណាដឹងទេ។ ម៉ោង ជិត ៦ (ល្ងាច)ហើយ បានប្រាប់អង្គរក្ស ហើយប្រាប់ ឃួង ស្រេង ថាខ្ញុំចេញទៅហើយ។ អត់ទាន់បាយទេ ប៉ុន្តែ អម្បាញ់មិញបានបាយមួយកញ្ចប់ជាមួយនឹងគោលដៅទី ១។ ពេលមកទីនេះ ត្រូវដាច់ខ្សែរយៈបញ្ជាទៅលើកន្លែងដទៃ ប៉ុន្តែ ការដាច់នោះមិនបង្កើតនូវហានិភ័យទេ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តាំងពីថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី (ខ្ញុំ)តាមដានជាប់ជាមួយបណ្តាខេត្តដែលជួបឧបសគ្គ។ ធម្មតាមេបញ្ជាការ គេមិនឱ្យទៅតាមមុខព្រួញទេ មេបញ្ជាការគេឱ្យនៅទីតាំងមួយ ដើម្បីបញ្ជាគ្រប់មុខព្រួញ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ចុះមកមុខព្រួញ។ ប្រព័ន្ធបញ្ជាវានៅក្នុងហោប៉ៅ … ព្រោះប្រព័ន្ធបញ្ជាឥឡូវហ្នឹង គឺគេបញ្ជាតាមកូនទូរស័ព្ទតូចមួយទេ … ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើងមានការយោគយល់អធ្យាស្រ័យ។

ពេលណាមានការលំបាក យើងតែងរួមគ្នាជម្នះការលំបាកបាន, ខ្មែរអាចធ្វើបាន

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជាថ្មីម្តងទៀត អរគុណចំពោះក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងាររបស់គណបក្សប្រជាជន ដែលបានចុះជួយមូលដ្ឋានទាំងអស់ និងបានធ្វើសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយបញ្ហា។ អរគុណ ចំពោះការរួមចំណែករបស់សប្បុរសជននៅគ្រប់ទីកន្លែង ដើម្បីជួយឱ្យប្រជាពលរដ្ឋរបស់យើងមាន ស្បៀងអាហារ មានទឹកផឹក។ ផ្លូវយើងប៉ះពាល់ ខូចអស់ប៉ុន្មាន? ឯកឧត្តម ស៊ុន ចាន់ថុល (ឆ្លើយថា) ផ្លូវជាតិ ផ្លូវខេត្តទំហំខូចខាត ២៤៥ គីឡូម៉ែត្រ)។ នេះរដ្ឋមន្រ្តីក្រសួងសាធារណការ យើងត្រូវបិទផ្លូវសិនហើយ។ សុំទោសបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ត្រូវបិទផ្លូវសិន ព្រោះបើមិនអញ្ចឹង ជួនកាលជិះៗទៅមិនត្រឹមតែខូចផ្លូវទេ (គឺ)គ្រោះថ្នាក់ខ្លួនឯ … អញ្ចឹង បានជាយើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាទាំងអស់នេះ។ ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពណាស់ មោទនភាពនៅត្រង់ថា នៅពេលណាយើងមានការលំបាក ពេលនោះយើងតែងរួមគ្នា ដើម្បីជម្នះនូវការលំបាកទាំងអស់។ ខ្ញុំព្រះករុណាខ្ញុំ នៅតែជឿថា ខ្មែរអាចធ្វើបាននៅលើគ្រប់បញ្ហា។

ប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជូនពរ ចំពោះបងប្អូនជនរួមជាតិ សូមជម្នះបាន នូវការលំបាក ហើយកុំឱ្យមានជំងឺថ្កាត់ និងសូមជួបប្រទះតែពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...