បទអន្តរាគមន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើកទី៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ

CNV:

  • ឯកឧត្ដម លី​ កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន
  • ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាសហប្រធាននៃអង្គប្រជុំ
  • ឯកឧត្ដមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសតំបន់មេគង្គ
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំមានក្ដីសោមនស្សជាអនេក ដែលយើងអាចរៀបចំ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣ (MLC) នេះឡើងបាន តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលសកម្មភាពនានា ក្នុងសកលលោកត្រូវបានបង្អាក់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ ខ្ញុំយល់ឃើញថាប្រធានបទ៖ «ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាពរួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចាំបាច់ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សាជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចប្រកបដោយក្ដីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។

ក្នុងបរិការណ៍ ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការពិត កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួន បានធានា និងទ្រទ្រង់នូវចលនការជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ទាំងក្នុងគ្រាមានសុខសន្តិភាព​ ក៏ដូចជាក្នុងគ្រាលំបាក។ លើមូលដ្ឋាននេះ ខ្ញុំសូមគូសរំលេចខ្លីៗ នូវចំណុចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើងដូចខាងក្រោម៖

ទី១. វឌ្ឍនភាពជារួម នៅក្នុងការអនុវត្តសេចក្ដីសម្រេច នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ២ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី ៤ និងទី ៥ បាននាំមកនូវលទ្ធផលជាវិជ្ជមាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជំនឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងសាធារណរដ្ឋប្រជាមានិតចិន។

ទី២. ការអនុវត្តជាប់លាប់នូវ ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ប្រកបដោយភាពជាក់ស្ដែងនិយម បានពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការពង្រឹងសសរស្ដម្ភសន្តិភាព និងសន្តិសុខ ព្រមទាំងការលើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នា នៅក្នុងអនុតំបន់នេះ។

ទី៣. ការស្រុះស្រួលមតិរួមគ្នាក្នុងការដោះស្រាយពាក់ព័ន្ធនឹងប្រធានបទរសើបបំផុត នៃការគ្រប់គ្រងទឹកឆ្លងដែន (transboundary water management) គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀត នៃកិច្ចសហប្រតិបត្តិការរបស់យើង។ ជាការពិត កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី ១ ស្ដីពីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ នៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំមុន បានផ្ដល់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យ និងព័ត៌មានជលសាស្រ្ត (hydrological data and information)។​ លទ្ធផលជាក់ស្ដែងនៃកិច្ចប្រជុំនេះ បានបន្តចូលរួមចំណែកដល់ការលើកកម្ពស់ការយោគយល់ទៅវិញទៅមក ក្នុងការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់។ ទន្ទឹមនេះ ការបញ្ចូលលេខាធិការដ្ឋាន នៃគណៈកម្មាធិការទន្លេមេគង្គ (MRC) នាពេលថ្មីៗនេះ ជាអ្នកសង្កេតការណ៍នៃក្រុមការងាររួមរបស់សហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC Joint Working Groups) ស្ដីពីកិច្ចសហប្រតិបត្តិការធនធានទឹក និងភាពជាដៃគូរបស់ MRC ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ គឺជាវឌ្ឍនភាពវិជ្ជមានមួយទៀត ដែលគួរឱ្យអបអរសាទរ សម្រាប់ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងចីរភាពធនធានទឹក។

ពាក់ព័ន្ធនឹងអនាគតនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យការងាររបស់​ឯកឧត្ដម នាយករដ្ឋមន្រ្តី លី កឺឈាង (Li Keqiang) និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន៖ (១). ការភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មតាមដីសមុទ្រអន្តរជាតិថ្មី (២). កិច្ចសហប្រតិបត្តិការធនធានទឹក (៣)​. ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម និងបរិស្ថាន និង (៤). ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

ជាមួយគ្នានេះ ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងចក្ខុវិស័យនៃការអភិវឌ្ឍនាពេលអនាគត របស់សហប្រតិបត្តិការមេគង្គ-ឡានឆាង ដូចខាងក្រោម៖

ទី១. ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពន្លឿនការរៀបចំ និងការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់របស់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម នឹងជំរុញបន្ថែមនូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែង នៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហប្រធាន។

ទី២. អស់រយៈពេល ៥ ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុង សានយ៉ា ខ្ញុំជឿជាក់ថា នេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្ដួចផ្ដើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្ដែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ ២០១៦ មក កម្ពុជាបានទទួលគម្រោងចំនួន ៥៥ ដែលគ្របដណ្ដប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្ដែង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងទាំងអស់គ្នា។

ទី៣. ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្ដៅបំផុតក្នុងឆ្នាំ ២០២០ យើងត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយម ប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២ បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្ដេជ្ញាចិត្តផ្ដល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

​ឯកឧត្តមសហប្រធាន និងឯកឧត្ដមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសតំបន់មេគង្គ!

នៅចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ឯកឧត្ដមសហប្រធានទាំងពីរ សម្រាប់ការរៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយភាពជោគជ័យ។ ទន្ទឹមនេះ ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រទេសមីយ៉ាន់ម៉ា ដែលនឹងបំពេញតួនាទីជាសហប្រធាន នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅពេលខាងមុខជាមួយនឹងប្រទេសចិន។ កម្ពុជាបន្តការប្ដេជ្ញាចិត្តដ៏មុតមាំចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយយើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា និងប្រទេសសមាជិកដទៃទៀត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការកសាង «សហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព និងវិបុលភាព»

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort