សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន,​ ថ្លែងក្នុងឱកាសបើកដំណើរការសាកល្បងសួនទឹកកំសាន្ត Garden City Water Park

CNV:

អតីតតំបន់ជ្រកកោននៃពួកឧទ្ទាមខ្មែរក្រហម ក្លាយជាតារាងហ្គោល សណ្ឋាគារ និងពហុកីឡដ្ឋាន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយគ្នាក្នុងការបើកឱ្យដំណើរការសាកល្បង នៃតំបន់សួនទឹក Garden City វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់ និងដែលបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែ(នេះជា)ការបោះទុន(មួយ)នៅតំបន់ ដែលពីអតីតកាលគឺជាកន្លែងជ្រកកោននៃពួកឧទ្ទាម (លួចលាក់)ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ។ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចអំពីប្រវត្តិនៃទីតាំងនេះ។ ខ្ញុំធ្លាប់បានលើករួចខ្លះមកហើយ។ នៅក្នុងឆ្នាំ ១៩៨៩ គ្រាដែលអតីតរដ្ឋកម្ពុជាបានធ្វើពិធីបុណ្យខួបលើកទី ១០ នៃថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានប្រើប្រាស់តំបន់ទាំងនេះ ជាទីតាំងបាញ់ចូលទៅទីក្រុងភ្នំពេញ។ ប៉ុន្តែគេមិនបានបាញ់ទៅដល់ទីក្រុងភ្នំពេញទេ បាញ់ចូលក្បែរត្រឹមឃ្លាំង ស៊ូគីមិច (ឃ្លាំងប្រេង) នៅឫស្សីកែវ។

តាមរយៈសកម្មភាពទាំងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ យើងបានបញ្ជូនយុវជននៅទីក្រុងភ្នំពេញ និងបញ្ជូនមន្ត្រីរដ្ឋការនៅពេលនោះតាមស្ថាប័ន ឱ្យមកកាប់ឆ្ការព្រៃដើម្បីកាត់បន្ថយការជ្រកកោនរបស់ពួកខ្មែរក្រហម។ រយៈពេលក្រោយមក តំបន់នេះក្លាយទៅជាតំបន់នៃការអភិវឌ្ឍមួយ ដែលដំបូងគឺចាប់ផ្តើមពីលោក ឧកញ៉ា លី យ៉ុងផាត់ បានដាក់ទុនការវិនិយោគ(សាងសង់)ជាតារាងកូនហ្គោល ក៏ដូចជាសណ្ឋា​គារខ្នាតផ្កាយ ៥ នៅទីនេះ។ យើងក៏បានយកតំបន់នេះ ធ្វើជាវិមានឈ្នះឈ្នះ ដែលចាត់ទុកថាជានិមត្តិរូបដ៏សំខាន់នៃការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ យើងក៏បានជ្រើសរើសតំបន់នេះដើម្បីត្រៀមរៀបចំ ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលនៅខាងមុនយើងនេះ មានពហុដ្ឋានកីឡដ្ឋានមួយ ជាពិសេសស្តាតបាល់ទាត់ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន កំពុងបានកសាងនៅខាងមុខនេះ។ មិនយូរប៉ុន្មានទៀតទេ កីឡដ្ឋាននេះនឹងត្រូវបានបញ្ចប់​ការសាងសង់ ជាមួយ​នឹងការវិនិយោគបន្ថែមទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើទៅឱ្យការប្រកួត ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលមានទាំងផ្លូវ មានទាំងផ្ទះសម្រាប់ការស្នាក់នៅរបស់កីឡាករ/ការិនី។

រដ្ឋប្រមូលទិញផ្លូវ BOT មកជាសម្បត្តិរដ្ឋ ហើយប្រជាពលរដ្ឋប្រើប្រាស់ដោយមិនបង់ថ្លៃ

ដោយឡែក សម្រាប់ការវិនិយោគរបស់លោកឧកញ៉ា លី យ៉ុងផាត់ ខ្ញុំក៏សូមយកឱកាសនេះស្ងើចសរសើរ ដែលលោកឧកញ៉ា មានគំនិតវែងឆ្ងាយចាប់យកតំបន់នេះធ្វើជាតំបន់នៃការអភិវឌ្ឍ។ មុននេះមានមនុស្សមិនច្រើនទេដែលបានគិតដល់ទៅលើបញ្ហានេះ រាប់ទាំងការកសាងផ្លូវ ស្ពានព្រែកព្នៅ ដែលក្រោយមកដើម្បី​កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់យើង រាជរដ្ឋាភិបាលក៏បានទិញយកនូវស្ពាននេះ ហើយឱ្យប្រជាជនធ្វើចរាចរណ៍ដោយមិនគិតប្រាក់។ ជាធម្មតាទេ នៅលើពិភពលោកយើងនេះ មិនមែន​មាន​តែកម្ពុជាទេ អ្នកធ្វើដំណើរលើផ្លូវ និងលើស្ពាន បានទទួលផលរាល់ថ្ងៃពីការវិនិយោគ តាមរបៀបដែលគេហៅថា BOT គឺកសាង អាជីវកម្ម និងផ្ទេរ។ ប៉ុន្តែ សម្រាប់កម្ពុជា យើងបានប្រមូលយកមកទាំងអស់នូវការវិនិយោគ។ នៅពេលដែលយើងខ្វះទុន យើងត្រូវការពឹងពាក់វិស័យឯកជនវិនិយោគដូចជា លោកឧក​ញ៉ា លី យ៉ុងផាត់ គឺមានស្ពាននៅកោះកុង ស្ពានព្រែកព្នៅ ហើយយើងក៏មានផ្លូវជាតិលេខ ៤ ផ្លូវវ៉េងស្រេង ផ្លូវសឡា ហើយផ្លូវកោះកេរ្ត៍ នៅខាងខេត្តសៀមរាប។ យើងទិញមកវិញទាំងអស់ដើម្បីកាត់បន្ថយការចំ​ណាយរបស់ប្រជាពលរដ្ឋរបស់យើងក្នុងការធ្វើដំណើរ ហើយរដ្ឋក៏ត្រូវបន្តការថែទាំផ្លូវនេះ។

សូមបញ្ជាក់ថា អ្នកដែលធ្លាប់ទៅបរទេស (ការធ្វើដំណើរ)តែប៉ុន្មានគីឡូទេ ត្រូវតែឈប់ដើម្បីបង់លុយម្តង។ ប៉ុន្តែ (ប្រជាពលរដ្ឋនៅ)ប្រទេសទាំងនោះ មិនបានស្រែក(រិះគន់ឬទាមទារតវ៉ាចំពោះ)ប្រទេសរបស់គេទេ។ (តែពួកគេបែរជា)ស្រែកអំពីប្រទេសរបស់យើង រាប់ទាំងពលរដ្ឋខ្មែរយើងមួយចំនួនដែលមានសញ្ជាតិបរ​ទេស ទៅនៅបរទេស ដែលបង់លុយឱ្យគេពីកន្លែងមួយទៅកាន់កន្លែងមួយ ប៉ុន្តែមិនជេររដ្ឋាភិបាលនៅឯណោះទេ មកជេររដ្ឋាភិបាលយើង ដែលគ្រាន់តែពេលដែលយើងខ្វះលុយ យើងក៏សាងដោយទុនឯកជន ហើយអនុញ្ញាតឱ្យឯកជននោះយកលុយទៅវិញ។ នៅពេលដែលយើងមានលទ្ធភាព យើងបានចាប់ផ្តើមទិញយកពីឯកជនមកធ្វើជាសម្បត្តិរបស់រដ្ឋ ហើយអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយមិនបង់ថ្លៃ។ នេះ​ចាត់ទុក(បានថា)ជាផ្នែកនៃការសន្សំរបស់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ផ្លូវ ជាច្រើនត្រូវបានសាងសង់ ជាពិសេសស្ពានតែម្តង សូម្បីតែនៅតំបន់យើងនេះស្ពាន់ព្រែកតាមាក់ ហើយបន្តទៅស្ពានព្រែកព្នៅនេះ និងស្ពានព្រែកក្តាម ដែលមុននេះប្រជាពលរដ្ឋរបស់យើងត្រូវចំណាយលុយ ដើម្បីធ្វើការឆ្លងសាឡាងដែលត្រូវចំណាយទាំងប្រាក់ និងត្រូវចំណាយពេលវេលាយូរ។ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល យើងបានវិនិយោគលើស្ពានឆ្លងកាត់ទន្លេ ដែលមានច្រើនរួចមកហើយ ហើយយើងក៏កំពុងបន្តការខិតខំដើម្បីកសាងទៀត។ មិនគ្រាន់តែកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានជំរុញល្បឿន នៃផលចំណេញខាងសេដ្ឋកិច្ចសង្គម ក៏ដូចជាពេលវេលារបស់ប្រជាពលរដ្ឋរបស់យើង។ ឧទាហរណ៍៖ ការដឹកជញ្ជូនដែលមុននេះធ្លាប់ដឹកជញ្ជូនតាមផ្លូវទឹកដោយឆ្លងសាឡាង ឬទូក ប៉ុន្តែឥឡូវនេះត្រូវឆ្លងទៅតាមស្ពានដ៏រឹងមាំ។

សួនទឹកកំសាន្តមានសមត្ថភាពទទួលបាន ៧០០០ នាក់/ថ្ងៃ

នេះ ខ្ញុំគ្រាន់តែលើកឧទាហរណ៍ទាក់ទិនទៅនឹងហេដ្ឋារចនាសម័្ពន្ធដែលតភ្ជាប់មកកាន់តំបន់នេះ តាមរយៈស្ពានព្រែកព្នៅដែលវិនិយោគដោយ លោកឧកញ៉ា លី យ៉ុងផាត់ ហើយឥឡូវនេះគឺត្រូវបានគ្រប់គ្រងដោយរដ្ឋ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នេះ និងអ្នកដែលត្រូវឆ្លងកាត់តំបន់នេះមិនទទួលនូវការបង់ប្រាក់ទៀតនោះទេ។ និយាយពីការវិនិយោគនៅទីនេះ កាលពីឆ្នាំ ២០១៨ ខ្ញុំក៏មកទីនេះដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សួនសត្វ ភ្នំពេញ សាហ្វារី។ លោកឧកញ៉ា លី យ៉ុងផាត់ បានបន្តការខិតខំដើម្បីរៀបចំនូវសួនទឹកដែលនៅទីនេះអាចនិយាយបានថា អ្នកដែលចង់មកលេងសមុទ្រក៏មកលេងបាន អ្នកដែលចង់មកលេងទន្លេមេគង្គក៏មកលេងបាន ហើយអ្នកមកលេងនូវរបៀបផ្សេងៗ ទៀតក៏មកលេងបាន ដោយក្នុងមួយថ្ងៃគឺអាចទទួលមនុស្សបានដល់ទៅ ៧០០០ នាក់។ ប៉ុន្តែ ក្នុងដំណាក់កាល កូវីដ ១៩ ក្រសួងសុខាភិបាលបានណែនាំឱ្យទទួលត្រឹមតែ ៥០% ដែលអាចលេងបានក្នុង ៣៥០០នាក់/មួយថ្ងៃ។ អម្បាញ់​មិញយើងបានទស្សនាជាមួយគ្នាហើយ មិនមែនគ្រាន់ជាតំបន់លេងទឹកទេ ក៏ប៉ុន្តែមានភោជនីយដ្ឋាន មានកន្លែងអង្គុយកម្សាន្តយកខ្យល់អាកាសអីជាដើម … ឥឡូវ អ្វីដែលធ្លាប់ឃើញនៅប្រទេសគេ យើងបានឃើញនៅក្នុងប្រទេសយើងនៅតំបន់នេះ (ដែលមាន)ជាលើកដំបូង ដូចជាករណីសួនសត្វ។ មុននេះ … ខ្ញុំធ្លាប់ទៅមើលខាងប៉ាតាយ៉ារបស់ប្រទេសថៃ ហើយក្រោយមកមើលនៅកោះកុងរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែរ ប៉ុន្តែឥឡូវយើងបានមកមើលនៅទីនេះ។ យើងធ្លាប់មើលសត្វនៅឯសាំងហ្គាពួរ ឥឡូវយើងក៏មានដូចគ្នានេះនៅកម្ពុជាដែរ។ យើងឃើញអំពីការបញ្ចាំងរូបភាពតាមទូរទស្សន៍ ឬតាមយូធូប តាមហ្វេសប៊ុក នូវកន្លែងលេងទឹកនានា ក៏ប៉ុន្តែឥឡូវយើងក៏មានកន្លែងនេះដូចគ្នា។

ឋានសួគ៌រលកមានទំហំ ៤៥០០ ម៉ែត្រការ៉េ កម្ពស់ ៣ ម៉ែត្រ ធំក្នុងក្របខ័ណ្ឌអាស៊ាន

បើយោងទៅតាមអ្វីដែលជាការសិក្សា ដោយយើងមិនធ្វើការអួតអាងនោះទេ គឺនៅក្នុងក្រប​ខ័ណ្ឌ​អាស៊ានឋានសួគ៌រលកគឺធំជាងគេ ដែលមានរហូតទៅដល់ ៤៥០០ ម៉ែត្រការ៉េ ហើយមានកម្ពស់រហូតទៅដល់ ៣ ម៉ែត្រ នៅក្នុងក្របខ័ណ្ឌអាស៊ាន។ ឯអាណាចក្រទឹកធំជាងគេនៅក្នុងអាស៊ានដែលអាចលេងបាន ៣០០នាក់ ក្នុងពេលតែមួយ។ យើងមិនយកបញ្ហានេះ(ជាការ)អួតថា ​យើងពូកែជាងគេជាងឯងទេ ក៏ប៉ុន្តែយើងបានទៅសិក្សាពីគេ ហើយយើង(មាន)លទ្ធភាពផ្ទៃដី ដែលយើងធ្វើទៅរួច ដោយប្រើប្រាស់ផ្ទៃដល់ ៨ហិកតា ៦ ក្នុងនោះគឺសម្រាប់តំបន់កម្សាន្តដែលហៅថា ផ្នែកទឹក មាន ទាំងផ្នែកសមុទ្រ​​ ទាំងផ្នែកទន្លេ និងតំបន់ដទៃទៀតគឺជាង ៦ ហិកតា ចំណតរថយន្តជិត ២ ហិកតាកន្លះ។ ដូច្នេះអាចចាត់ទុកតំបន់នេះជាតំបន់ដែលឆ្លើយតបជាមួយនឹងការកម្សាន្តរបស់ប្រជាពលរដ្ឋរបស់យើងដែលកំពុងត្រូវការនៅពេលនេះ។ ប្រជាពលរដ្ឋគាត់រកលុយមកដើម្បីអី? គ្មានអ្វីក្រៅពីការហូបចុក ការស្លៀកពាក់ ការស្នាក់នៅ ការព្យាបាលជំងឺ ការធ្វើដំណើរកម្សាន្តតែប៉ុណ្ណឹងទេ …។ អញ្ចឹងទេ គាត់ត្រូវការដើរលេង មិនមែនគ្រាន់តែមនុស្សនៅកម្ពុជាទេ … មនុស្សត្រូវការការកម្សាន្តសប្បាយ អញ្ចឹងទេបានជាមានតម្រូវការផ្នែកទេស​ចរណ៍នៅលើពិភពលោកនេះ ហើយប្រទេសនីមួយៗមានការប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍នេះ។ មិនថាតែប្រទេសយើង ឬក៏ប្រទេសណាទេសុទ្ធ​តែប្រឹងប្រែងទាក់ទាញទេសចរណ៍។ កម្ពុជាយើងឆ្នាំទៅទាក់ទាញបាន ៦ លាន ៦ សែននាក់។ ប្រទេសនានាផ្នែកទេសចរណ៍នេះគឺមានការជឿនលឿនដោយ​សារតែមនុស្សកាន់តែមានប្រាក់ កាន់តែចង់ធ្វើដំណើរកម្សាន្ត។

ដំណើរទៅមុខតាមរបៀប ឬគន្លងថ្មី ដោយសារ កូវីដ ១៩

ដំណាក់កាល កូវីដ ១៩ មកដល់ អ្វីៗបានផ្លាស់ប្តូរហើយ។ ថ្ងៃនេះ យើងកំពុងតែមកធ្វើការតាមរបៀបមួយ ដោយមានការអញ្ចើញមកនៃប្រធានព្រឹទ្ធសភា នៃនាយករដ្ឋមន្ត្រី នៃឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីនានា ក៏ដូចជាកម្មករ បុគ្គលិក ហាក់បានសេចក្តីថា យើងកំពុងដំណើរការទៅមុខជាធម្មតាហើយ។ ក៏ប៉ុន្តែដំណើរទៅមុខរបស់យើង គឺវាត្រូវទៅតាមររបៀបថ្មី ឬហៅថា គន្លងថ្មី។ អ្វីទៅដែលហៅថាគន្លងថ្មី និងរបៀបថ្មី? ការជាក់ស្តែងបាននឹងកំពុងបង្ហាញនៅទីនេះរួចស្រេចទៅហើយ។ នោះនៅត្រង់ថា មនុស្សទាំងអស់ត្រូវពាក់ម៉ាស លើកលែងតែខ្ញុំទេ ព្រោះអ្នកទាំងអស់គ្នាពាក់ម៉ាសហើយ អញ្ចឹងខ្ញុំមិនបាច់ទេ។ ប៉ុន្តែ ខ្ញុំមានម៉ាសរបស់ខ្ញុំ ហើយបើមិនស្រួលខ្ញុំទាញម៉ាសមកពាក់ដែរ។ ខ្ញុំត្រូវនិយាយ ដល់ខ្ញុំនិយាយឱ្យខ្ញុំពាក់ម៉ាសវាមិនថប់ដង្ហើមខ្ញុំងាប់ហើយ។ ខៀវ កាញារីទ្ធ អត់ពាក់ដែរតើ … អញ្ចឹងទេ ទំនៀមទម្លាប់ដែលបានកើតឡើងរាប់រយរាប់ពាន់ឆ្នាំរបស់មនុស្សលោក ត្រូវបានផ្លាស់ប្តូរដោយ កូវីដ ១៩ … ឥឡូវរបៀបចាប់ដៃគ្នា សម្រាប់យើងគឺវាល្អហើយ ដោយសារប្រពៃណីរបស់យើងគឺលើកដៃសំពះ ដូច្នេះវាជាការល្អក្នុងការកែប្រែទម្លាប់ពីការចាប់ដៃទៅជាការលើកដៃសំពះគ្នា … ប្រទេសលោកខាងលិចខ្លះ រាប់ទាំងព្រះអង្គម្ចាស់ ឆាល ដែលជាព្រះរាជទាយាទនៃប្រទេសអង់គ្លេស ក៏លើកដៃសំពះដែរ។ អញ្ចឹងទេបានសេចក្តីថា វប្បធម៌របស់ព្រះពុទ្ធសាសនា វប្បធម៌ពួកអាស៊ី ដែលនិយមលើកដៃគោរពគ្នាទៅវិញទៅមកតាមរយៈការលើកដៃសំពះគ្នា ត្រូវបានក្លាយទៅជាទំនៀមទម្លាប់មួយសម្រាប់ពិភពលោកដែរ។

មិនមែនជារបស់កម្ពុជាដាច់ដោយឡែកទេ អ្នកកាន់ព្រះពុទ្ធសាសនាដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា រាប់ទាំងនៅឥណ្ឌា ដែលកាន់សាស​នា​ហិណ្ឌូ ក៏លើកដៃសំពះដែរ។ អ្នកខ្លះគេយកកែងដៃហ្នឹងទៅទង្គិចគ្នា ព្រោះគេហាមទៅទៀតការយកដៃទៅប៉ះគ្នាហ្នឹង ព្រោះឆ្លងនឹងការប៉ះដៃគ្នានេះ។ សូម្បីតែនៅទីនេះ យើងកំពុងតែអង្គុយជាមួយគ្នា តែយើងអត់បានចាប់ដៃគ្នាទេ ហើយយើងត្រូវមានគម្លាតសុវត្ថិភាពទៀតពីកន្លែងអង្គុយមួយទៅកន្លែងអង្គុយមួយ ឆ្ងាយៗពីគ្នាបន្តិច ហើយត្រូវពាក់ម៉ាស។ នោះហើយជាបញ្ហា មិនមែនគ្រាន់តែជាបញ្ហាដោយឡែករបស់កម្ពុជាទេ តែនេះជាករណីពិភពលោកដែលយើងអាចនិយាយបានថាធ្ងន់ធ្ងរជាងសង្រ្គាមលោកលើកទី ១ និងសង្គ្រាមលោកលើកទី ២ ទៅទៀត។ សង្គ្រាម​លោកលើកទី ១ ឬសង្គ្រាមលោកលើកទី ២ វាប៉ះពាល់តែប្រទេសខ្លះដែលគេវាយគ្នាតែប៉ុណ្ណោះ តែប្រទេសខ្លះទៀតគេអត់មានវាយ គេអត់មានស្លាប់មនុស្ស គេអត់មានបញ្ហា ប៉ុន្តែឥឡូវ មានរាប់រយប្រទេស គ្មានប្រទេសណាមួយដែលថាអត់ មានតែប្រទេសកូរ៉េខាងជើងទេ ដែលប្រកាសថាអត់ កូវីដ ១៩ ដែលយើងទទួលព័ត៌មានមិនច្បាស់ទេ តែជាបណ្ដោះអាសន្នយើងជឿទៅចុះ។

កក់សំបុត្រតាមអនឡាញ បង្កភាពងាយស្រួលដល់អ្នកមកកម្សាន្ដ

បកមកការ​វិនិយោគនៅទីនេះ។ នៅទីនេះប្រើប្រាស់ថវិកា ៤៤ លានដុល្លារសហរដ្ឋអាមេរិក។ មិនតូច​នោះ​ទេ​នៅក្នុង​ការវិនិយោគបែបនេះ។ វាជាការវិនិយោគខ្នាតធំ … តាមខ្ញុំដឹង លោកឧកញ្ញ៉ា លី យ៉ុងផាត់ បានទៅជួបជាមួយខ្ញុំថា គម្រោង​កក់​សំបុត្រ​​ហ្នឹង ដល់ទៅ ៦០០០-៧០០០ ឯណោះ ប៉ុន្តែយើងមិនអាចទទួលបាន​​អស់។ អញ្ចឹង យើងត្រូវប្រដាក់គ្នា។ ត្រូវមានកម្មវិធី ហើយប្រសិនបើជាកន្លែងនេះកក់សំបុត្រដោយអន​ឡាញទៀត គឺអាហ្នឹងកាន់តែល្អហើយ ដើម្បីឆ្លើយតបថាអ្នកណាត្រូវមក ព្រោះកុំឱ្យថាមកដល់កន្លែងនេះហើយ ទិញសំបុត្រហើយមិនបានចូល។ ប្រសិនជាបង្កើតបានអនឡាញពីទីនេះ វាជាការល្អ។ មិនដឹងថារឿងនេះ លោកឧកញ្ញ៉ា លី យ៉ុងផាត់ បានធ្វើរួចហើយ? (បានគិតគូរហើយ) បើអញ្ចឹងវាជាការល្អ … វាធ្វើឱ្យមិនឱ្យមានការខកជើងនៃអ្នកដែលមកដល់ ហើយមិនបានចូល នឹងត្រូវត្រលប់ទៅផ្ទះវិញ។ ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងតំបន់នេះ។ តំបន់នេះគឺងាយទេ បើសិនជាគ្រួសារខ្លះនៅឆ្ងាយ ហើយចង់មកលេងដូចជានៅតាមបណ្ដាខេត្ត កុំភ្លេចណា! ប្រជាជនកម្ពុជាឥឡូវនេះគឺមានលុយដើរលេង។ នៅទីនេះមានសណ្ឋាគារស្រាប់។ អញ្ចឹង បើសិនជាថាមកពីចម្ងាយ ហើយចង់នៅលេងមួយថ្ងៃពីរថ្ងៃ ដើម្បីនាំកូនឱ្យស្គាល់ទន្លេមេគង្គ ស្គាល់កន្លែងសមុទ្រ ស្គាល់សួនសត្វ មានសណ្ឋាគារផ្កាយប្រាំនៅទីនេះស្រេច។

វាយកូនហ្គោល/ហាត់ប្រាណនៅផ្ទះ ដើម្បីសុខភាព

នៅទីនេះក៏មានតំបន់កូលហ្គោលដែរ ដែលមានអ្នកវាយកូនហ្គោល មកប្រកួតកូនហ្គោលនៅទីនេះ ហើយខ្ញុំក៏ធ្លាប់មកទីនេះដែរ … ក៏ប៉ុន្តែ ក្នុងមួយរយៈនៃការកាន់ទុក្ខម្ដាយក្មេករបស់ខ្ញុំនេះ ខ្ញុំហាត់ប្រាណនៅឯតារាងកូនហ្គោលរបស់ខ្ញុំប៉ុន្មានឡូនៅខាងក្រោយផ្ទះនោះ។ អញ្ចឹង ពេលដែលយើងកាន់ទុក្ខ យើងលេងនៅទីនោះបាន ដល់ទៅក្រោយការកាន់ទុក្ខ គឺបែរជាយើងលេងនៅទីនោះអត់បាន … ហ្នឹងវាអត់សមស្រប​។ ថ្ងៃមុនភរិយារបស់ខ្ញុំ និយាយនៅមុខកូនៗទាំងអស់ កំពុងតែហូបបាយជាមួយគ្នា ព្រោះកូនប្រុសខ្ញុំទាំងបីនាក់ចេះវាយកូនហ្គោលទាំងអស់។ និយាយពីរឿងកូនហ្គោល ស្រាប់តែភរិយារបស់ខ្ញុំគាត់និយាយថា ពុកកូនឯងបានតែនិយាយអញ្ចឹង ចាំមើលតែរួច ១០០ ថ្ងៃ គាត់ទៅតារាងក្រៅហើយ។ បានខ្ញុំប្រាប់គាត់ថា ខ្ញុំសូមចេញក្រៅនៅពេលណាដែលមានការប្រកួតពានរង្វាន់ ដែលខ្ញុំត្រូវទៅបើកតែប៉ុណ្ណឹង … ឯក្រៅពីនោះ ខ្ញុំលាហើយតារាងកូនហ្គោលនានា។ អញ្ចឹងភរិយាខ្ញុំ ប្រហែលជាសប្បាយចិត្ត កូនៗខ្ញុំសប្បាយចិត្ត អង្គរក្សក៏សប្បាយចិត្ត ព្រោះពេលខ្ញុំទៅវាយកូនហ្គោលម្ដងៗ មិនមែនស្រួលឯណា ហើយជាពិសេសគឺដំណាក់កាលកូវីដនេះទៀត គឺមិនដឹងថាទៅឆ្លងពីទីណាអីទីណា។ រួចហើយ នៅពេលដែលខ្ញុំទៅវាយកូនហ្គោល អង្គរក្សត្រូវបញ្ជូនមកមុន ហើយម៉ោងបីម៉ោងបួនភ្លឺគ្នាចាប់ផ្ដើមរាវមីនហើយ តាមតារាងកូនហ្គោលហ្នឹងទៀត ក្រែងលោវាមានបញ្ហាភេរវកម្មកើតឡើង។ អញ្ចឹងទេ ខ្ញុំប្រហែលជាត្រូវហាត់ប្រាណនៅឯផ្ទះនោះ ព្រោះថាខ្ញុំហាត់ប្រាណសម្រាប់បញ្ហាសុខភាពតែប៉ុណ្ណោះ។

ដោយសារ កូវីដ ១៩ លុបកម្មវិធីការងារ និងដូរមកជួបប្រជុំតាមសន្និសីទតាមវីដេអូ

ខ្ញុំសូមជម្រាបជូនដល់ប្រជាពលរដ្ឋរបស់យើងថា យើងមានតំបន់សម្រាប់កម្សាន្ដ ដែលអាចអ្នកធ្វើដំណើរពីចម្ងាយមកចង់រកផ្ទះសម្រាកនៅខាងក្រៅក៏បាន ហើយចង់រកសណ្ឋាគារសម្រាកនៅខាងក្នុងនេះក៏បាន នាំតែក្រុមគ្រួសារមកលេង។ ឥឡូវនេះ ហេតុអ្វីបានជាយកថ្ងៃនេះធ្វើជាថ្ងៃបើកសាកល្បង ការពិតយើងចង់បើកសាកល្បងតាំងពីខែមេសាឯណោះ ប៉ុន្តែខែមេសាគឺជាពេលវេលានៃការដែលយើងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះវាកំពុងរីករាលដាលនៃជំងឺឆ្លង កូវីដ ១៩ ដែលពេលនោះខ្ញុំលុបចោលកម្មវិធីទាំងអស់។ កម្មវិធីជួបអ្នកកីឡា កីឡាករ/ការីនី ថ្ងៃទី ០៤ ខែមេសា ក៏ត្រូវលុបចោល កម្មវិធីជួបជាមួយនឹងសហគ្រាសធុនតូច និងមធ្យមក៏ត្រូវលុបចោល ជាមួយនឹងសមាគមចិនក៏ត្រូវលុបចោល ការជួបជុំដទៃទៀតលុបចោលទាំងអស់ រហូតដល់ឥឡូវនេះ យើងបានលុបចោលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលត្រៀមធ្វើនៅខែវិច្ឆិកានេះ។ នៅក្នុងតំបន់របស់យើង និងនៅលើពិភពលោកលុបចោលស្ទើរទាំងអស់។ ឥឡូវហ្នឹង ប្រជុំអង្គការសហប្រជាជាតិក៏ត្រូវលុបចោលដែរ ត្រូវថ្លែងការណ៍តាមរយៈវីដេអូតែប៉ុណ្ណឹង ហើយនៅថ្ងៃទី ២៤ ខាងមុខនេះការប្រជុំសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទន៍ ក្នុងខែមីនានោះ ហើយដែលផ្អាក នឹងត្រូវធ្វើឡើងវិញនូវការប្រជុំ ប៉ុន្តែប្រជុំតាមវីដេអូ។ ការប្រជុំអាស៊ានដែលគ្រោងធ្វើនៅខែមេសា ក៏ត្រូវបានផ្អាក និងធ្វើជំនួសវិញដោយការប្រជុំតាមវីដេអូ។

ពលករ ៩ ម៉ឺននាក់ចូលប្រទេស កម្មករ/មន្ត្រីរាជការចេញទៅជនបទ ជាមូលហេតុផ្អាកសំរាកចូលឆ្នាំ

អញ្ចឹងទេ ថ្ងៃនេះគឺជាថ្ងៃមុនមួយថ្ងៃនៃការឈប់សម្រាករបស់មន្រ្ដីរាជការ របស់កម្មករ បុគ្គលិកដែលយើងត្រូវសងជំនួសវិញសម្រាប់ពេលចូលឆ្នាំ។ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មី ការដែលយើងផ្អាកសងថ្ងៃចូល​ឆ្នាំចំនួនបីថ្ងៃ ហើយមកសងរយៈពេលប្រាំថ្ងៃ ជាការគិតគូរខិតខំទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ ១៩ នាដំណាក់កាលដែលសំខាន់នោះ។ ខ្ញុំសូមលើកពីមូលហេតុបន្ដិច។ ការពិត សំណើសុំឱ្យមានការផ្អាកចូលឆ្នាំ គឺបានស្នើសុំតាំងពីខែមីនាឯណោះ ក៏ប៉ុន្តែខ្ញុំមិនយល់ព្រម។ ថៃក៏មានការផ្អាកពន្យារនូវក្នុងការចូលឆ្នាំដែរ។ គណៈកម្មាធិការអន្តរក្រសួងបានស្នើសុំឱ្យមានការផ្អាកចូលឆ្នាំ ប៉ុន្តែខ្ញុំមិនយល់ព្រម។ ប៉ុន្តែនៅពេលដែល សម្តេចក្រឡាហោម ស ខេង បានបញ្ជូនមកខ្ញុំ អំពីទិន្នន័យនៃពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃជាងប្រាំបួនម៉ឺននាក់ចូលមកដល់ក្នុងប្រទេស ហើយកំពុងធ្វើចតា្តឡីស័កនៅតាមមូលដ្ឋាននា​នា​ទូទាំងប្រទេស ដែលហ្នឹងជាហានិភ័យមួយហើយ ប៉ុន្តែហានិភ័យមួយទៀត កម្មករមន្ត្រីរាជការដែលចេញពីទីក្រុងទីប្រជុំជនទៅកាន់ជនបទ តើនឹងមានរឿងអ្វីកើតឡើងនៅក្នុងសហគមន៍នៅក្នុងពេលនោះ? នេះជាបញ្ហាថ្លឹងថ្លែងហ្មត់ចត់ ចឹងទេបានជាយើងប្រញាប់ប្រញាល់ប្រកាសឱ្យមានការផ្អាកសំរាកចូលឆ្នាំ មិនមែនផ្អាកចូលឆ្នាំទេ … ចូលឆ្នាំគឺនៅតែចូល ទេវតាចុះគឺនៅតែចុះ។ ចឹងសម្រាកថ្ងៃស្អែកនេះ អត់មានទទួលទេវតាទេ ព្រោះទេវតាយើងបានទទួលតាំងពីខែបួនឯណោះ។ ឥលូវនេះ យើងត្រូវសងទៅវិញ ដើម្បីឱ្យមន្រ្តីរាជការ កម្មករ និយោជិតរបស់យើងបានទទួលការឈប់សម្រាក។ ពិតហើយនៅទីនេះម៉េចក៏មិននិយាយដល់កងកម្លាំងប្រដាប់អាវុធផង។ នោះហើយដែលជាប្រជាពលរដ្ឋរបស់យើងត្រូវយល់ ពេលវេលាដែលយើងកំពុងឈប់សម្រាក ជាពេលវេលាដែលកម្លាំងប្រដាប់អាវុធកំពុងតែការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់យើង នោះហើយជាការលះបង់របស់កម្លាំងប្រដាប់អាវុធ។

រោងចក្រខ្លះនៅបន្តធ្វើការ អាស្រ័យមានការព្រមព្រៀងគ្នាជាមួយកម្មករ

ពិតហើយមានមន្ត្រីកងកម្លាំងប្រ​ដាប់អាវុធមួយចំនួន គេបានផ្លាស់ប្តូរគ្នាសម្រាក មិនអត់ទេ មានអ្នកដែលទៅសម្រាក មានអ្នកដែលចេញមកយាម ក៏ប៉ុន្តែភាគច្រើនមន្រ្តីរាជការ កម្មករ និយោជិត គេក៏ទទួលបាននូវការឈប់សម្រាក ហើយមានប្រាក់បៀវត្ស។ ខ្ញុំក៏ដឹងថារោងចក្រខ្លះ គាត់នៅបន្តធ្វើការដោយមានការព្រមព្រៀងរវាងកម្មករ និងម្ចាស់រោងចក្រ។ យើងអនុញ្ញាត អត់មានបញ្ហាទេ ព្រោះនេះជាការឈប់សម្រាកដោយមានប្រាក់បៀវត្ស ដែលកាលពីខែមេសា បើឈប់នៅពេលនោះក៏បានអញ្ចឹង ឥឡូវឈប់ពេលនេះក៏បានអញ្ចឹង។ ​ប៉ុន្តែបើអ្នកនោះនៅធ្វើការ អ្នកនោះនឹងទទួលបានប្រាក់បៀវត្សហើយ ថែមជាមួយនឹងការឱ្យឈប់សម្រាកនៅពេលណាមួយ ដែលកម្មករ និងម្ចាស់រោងចក្រត្រូវរ៉ូវគ្នា … ចុះចោទចេញជាសំណួរថា ឥឡូវនេះលោកឯងម៉េចក៏អនុញ្ញាតឱ្យសម្រាកកាលពីខែបួន ម៉េចក៏មិនឱ្យសម្រាក ឥឡូវដល់ខែប្រាំបី បែរជាឱ្យឈប់? (ការធ្វើដូចនះក៏)មានន័យថា យើងបានគ្រប់គ្រងបានសភាពការណ៍ហើយ។

បន្តប្រយុទ្ធសមរភូមិ ៣៖ ទប់ស្កាត់ការនាំចូល, ទប់ស្កាត់ការចម្លងក្នុងសហគមន៍, ព្យាបាលឱ្យជា

ពិតមែនតែរយៈពេលចុងក្រោយយើងមានឆ្លងលើសពីមួយរយនាក់ ធ្វើឱ្យចំនួនអ្នកដែលបានឆ្លងនៅក្នុងប្រទេសយើង កើនឡើងដល់ទៅចំនួន ២៧៣ នាក់ ដែលកាលពីពេលយើងកំពុងប្រតិបត្តិការខែមេសានោះ ការឆ្លងនៅមិនទាន់ដល់មួយរយនាក់ផង។ ឥលូវ ហេតុអ្វីបានជាឆ្លងដល់ ២៧៣ នាក់ បែរជាយើងហ៊ានឱ្យមន្ត្រីរាជការឈប់សម្រាកទៅវិញ? នោះវាឋិតនៅត្រង់ថា ជម្ងឺ កូវីដ ១៩ នៅក្នុងប្រទេសយើង មិនបានឆ្លងទៅតាមសហគមន៍ទេ។ ពីម្សិលគឺ មិនមានអ្នកឆ្លងទេ តែមានអ្នកជាបួននាក់ ឯថ្ងៃនេះមិនមានអ្នកឆ្លងទេ ប៉ុន្តែមានអ្នកជាប្រាំបួននាក់បន្ថែមទៀត។ អញ្ចឹង ទាំង ២៧៣ នាក់ដែលឆ្លង គឺសុទ្ធតែនាំចូលទាំងអស់ កម្ពុជាខ្លួនឯងអត់មានផ្ទុះមួយករណីណានៅក្នុងសហគមន៍នេះឯងឯងទេ។ នាំពីក្រៅមកទាំងអស់ ក្នុងហ្នឹងមួយភាគបី គឺជាជនជាតិបរទេស។ បើកាលពីក្នុងខែមេសាវិញ ជនជាតិបរទេសជាងពីរភាគបីនៃអ្នកទេសចរ ពួកទេសចរបារាំង ពួកទេសចរអាមេរិក ពួកទេសចរអង់គ្លេស ជនជាតិកាណាដា ប៊ែលហ្សិច នាំចូលពីក្រៅចូលមកក្នុងស្រុកខ្មែរ … យើងបន្តរៀបចំសមរភូមិបី សមរភូមិទី ១ ទប់ស្កាត់ការនាំចូល សមរ​ភូមិទី ២ ទប់ស្កាត់ការចម្លងក្នុងសហគមន៍ ឯសមរភូមិទី ៣ គឺការព្យាបាលអ្នកឆ្លងជម្ងឺហើយឱ្យជា។

ស្នើពន្យារពេលដោះដូរកម្លាំងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ

ឥឡូវកិច្ចការទាក់ទងជាមួយនឹងការងារទាំងបីនេះ នៅតែបន្តធ្វើ។ កាលពីថ្ងៃសុក្រម្សិលម្ង៉ៃ ក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តី ខ្ញុំបានស្នើឱ្យ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រី្តការបរទេស ទាក់ទងភ្លាមទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយយោងទៅលើរបាយការណ៍របស់ ឯកឧត្តម ប្រាក់ សុខុន ពីម្សិល តំណាងអចិន្ត្រៃយ៍របស់យើងនៅឯអង្គការសហប្រជាជាតិ បានជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកងរក្សាសន្តិភាព(រួចហើយ)។ យើងមានសំណើឱ្យពន្យារពេលនៃការដោះដូរនៃកម្លាំងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ព្រោះនៅពេលខាងមុខ យើងត្រូវដោះដូរកម្លាំងរហូតទៅដល់ជាងបួនរយនាក់ឯណោះ … បើដូចនេះហានិភ័យនៃការនាំចូលពីប្រទេសក្រៅ (ដោយ​សារយើង)មានកងទ័ពនៅម៉ាលី អាហ្វិ្រកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង ហើយនៅស៊ូដង់គឺមានហានិភ័យខ្ពស់ ដូច្នេះហើយបានជាកម្ពុជាលើកសំណើទៅអង្គការសហប្រជាជាតិ ឱ្យពន្យារការផ្លាស់ប្តូរកងរក្សាសន្តិភាពដែលត្រូវដឹកពីប្រទេសក្រៅចូលមកកម្ពុជា ហើយដឹកពីកម្ពុជាទៅប្រទេសក្រៅ … កងទ័ពកម្ពុជាដែលត្រូវចេញទៅជំនួសកងទ័ពចាស់នៅខាងក្រៅ ត្រូវទៅធ្វើចត្តាឡីស័កនៅក្នុងប្រទេសនោះចំនួន ១៤ ថ្ងៃ ឯអ្នកដែលមកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័កនៅក្នុងប្រទេសរយៈពេល ១៤ ថ្ងៃ។ លើការជាក់ស្តែង ៦២ នាក់ដែលមកពីម៉ាលី … យើងរកឃើញអ្នកឆ្លងនៅក្នុងចំនួនហ្នឹងហើយ ដូចជាឆ្លង ៩ នាក់​លើកទី ១។​ ក្រោយ​មក​អ្នកនៅសល់ធ្វើតេស្ដទៅក៏អត់មាន។ អញ្ចឹងក៏អនុញ្ញាតឱ្យអ្នកអត់មានទៅផ្ទះ។ ស្រាប់តែអ្នកទៅ​ផ្ទះបានចេញ ១ ករណី នៅខេត្តកណ្ដាល។ អញ្ចឹងក៏ចេញបទ​បញ្ជាកងទ័ព​ភ្លាមៗ ត្រូវ​ប្រមូល​ផ្ដុំអ្នក​​ដែល​ធ្វើដំណើររួមគ្នា ពីគ្រប់ខេត្តទាំងអស់​ វិល​មកធ្វើចត្ដាឡីស័ក​ឡើងវិញ​នៅឯបន្ទាយកងទ័ព​។ ទន្ទឹមនឹងនោះ យើង​ត្រូវស្វែងរកអ្នកដែលមាន​ការពាក់ព័ន្ធ​ជាមួយអ្នកឆ្លងផង និងស្វែងរក​ទីកន្លែង​ដៅ​នៃអ្នកដែលមានការពាក់ព័ន្ធផងដែរ។

ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ឯកឧត្តម​ អង់តូនីញ៉ូ ហ្គូតតឺរេស António Guterres  អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ពិចារណាទៅលើការពន្យារពេលសម្រាប់​កងរក្សា​សន្ដិ​ភាព បើមិនបាន​គ្រប់​ប្រទេស​ទាំងអស់ ក៏សុំករណីកម្ពុជា។​ យើងមិនស្នើសុំទុកកង​ទ័ពយើង​បន្ដដល់រាប់ឆ្នាំនៅទីនោះទេ ក៏ប៉ុន្តែយើងសុំរក្សាទុកកងទ័ពរបស់យើងទុកនៅ​ទីនោះ​មួយរយៈកាល​ ដើម្បី​កាត់បន្ថយនូវការឆ្លង​នាំចូល​ពីប្រ​ទេស​​ក្រៅ​ ហើយមកចម្លងនៅ​ប្រទេសរបស់យើង​។​ ប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្រៅប្រទេស​យល់​។ កន្លងទៅក៏សុំមានការ​អធ្យា​ស្រ័យ​ពីបងប្អូននៅម៉ាឡេស៊ី ដែលយើងសុខចិត្តបញ្ជូនលុយ​ទៅឱ្យទូតរបស់យើងនៅម៉ាឡេស៊ី ជួយចិញ្ចឹម​បងប្អូនមួយរយៈសិន។ យើងយល់ ពេលរៀនចប់ត្រូវវិលត្រឡប់ពី​អេស៊ីប អារ៉ាប៊ីសាអូ​ឌីត​ ប៉ាគីស្ថាន ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី បារាំង  វិលត្រឡប់គឺត្រូវមានការវិលត្រឡប់ហើយ​ ហើយធ្វើ​ចត្ដា​ឡីស័កនៅក្នុងស្រុក​។ យើងបានសម្រួលឱ្យបងប្អូនដែលកាន់លិខិតឆ្លងដែនបរទេ​ស ហើយ​មានទិដ្ឋាការអចិន្ដ្រៃយ៍ ដែលគេហៅថាទិដ្ឋាការ K នោះ​ អាចធ្វើការចេញចូលបានដោយមិនមានប្រាក់​កក់ទេ។ អញ្ចឹង (ដែល)យើងធ្វើនេះ ក្នុងគោលដៅការពារពីការមានការរាតត្បាតនៃជំងឺ​នៅក្នុងប្រទេស​របស់​យើង ដែលក្នុងនោះ​មាន​ចំណែកមួយចេញពីកងរក្សាសន្ដិភាពរបស់យើង ​​ក្រោមឆ័ត្រអង្គការ​សហ​ប្រជាជាតិ​ ដែលហៅ​ថាក្រុមមួកខៀវកម្ពុជា​។

សូម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន យោគយល់ ត្បិតអត្រាឆ្លងតាមជើងហោះហើរប្រទេសទាំងនេះខ្ពស់

ខ្ញុំគិតថាពេលនេះកងមួកខៀវរបស់យើងទាំងនៅ​ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី​ នៅអាហ្វ្រិក​កណ្ដាលក៏កំពុងមើលការផ្សាយផ្ទាល់ពីទីនេះ​តាមរយៈការហ្វេសប៊ុកក្ដី ទូរទស្សន៍ក្ដី ​សូមបងប្អូន​នាយទាហានទាំងអស់យោគយល់ចំពោះសភាពការណ៍នេះ​ ប្រសិនបើមានការត្រូវពន្យារពេល​ត​ទៅទៀត​។ សុំការយោគយល់ពីគ្រួសារដែលនៅក្នុងប្រទេស ហើយក៏សុំការយោគយល់​ពីអ្នកដែលត្រូវត្រៀម​ចេញទៅ។ ប្រសិនបើទទួលបានការយល់ព្រមពីអង្គការសហប្រជាជាតិ​ ខ្ញុំសុំការ​យោគយល់ពីនាយទាហាន ពលទាហានយើងដែលនៅក្រៅប្រទេស​។ បើនិយាយពី​បញ្ហា​ពលរដ្ឋខ្មែរដែលមានសញ្ជាតិតែមួយ​ ហើយមិនមែនសញ្ជាតិបារាំងឬអាមេរិក ដែលមានការ​ស្លាប់កន្លងទៅ ដោយមានខ្មែរយើងសញ្ជាតិអាមេរិក និងបារាំងនៅក្រៅប្រ​ទេស​បានស្លាប់មួយ​ចំនួន​ដោយជំងឺ ​កូវីដ ១៩​ យើងមានតែ ១ ករណីគត់ ដែលបានស្លាប់ នោះជានាយទាហានថ្នាក់ជាតិ​​របស់​​យើង​ម្នាក់ ឧត្តម​សេនីយ៍ទោ ស្លាប់នៅម៉ាលី។ បានតែប្រាំថ្ងៃទេ(ស្លាប់)​ ហើយតាមដឹង អ្នក​ដែលរក​ឃើញ​នៅខេត្តកណ្ដាល​នោះគឺធ្លាប់រកឃើញនៅម៉ាលី​ ព្យាបាលជាត្រឡប់​មកវិញ​គឺរើ​ឡើង​វិញ។ អញ្ចឹងបានជា​សូម​អំពាវ​នាវ​​​ដល់​​អគ្គលេខាធិការអង្គការ​សហប្រជា​ជាតិ​ពិនិត្យ​មើល បាន​អាច​ធ្វើបានទូទាំង​កងរក្សា​សន្ដិ​ភាពវាជាការល្អ ដើម្បីកាត់បន្ថយការចល័ត​មនុស្ស ហើយការឆ្លងវាគ្មានអីក្រៅពីការធ្វើដំណើរ​តាម​យន្ដហោះរួមគ្នានោះទេ​។ យើងក៏សុំការយោគយល់ពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចុងក្រោយនេះហ្វីលីពីន ដោយយើង​បាន​បិទជើងហោះហើរចេញពីប្រទេសទាំង ៣ នេះ​ ដោយយើងសង្កេតឃើញថាជើងហោះហើរចេញពី​ប្រទេសទាំង ៣ នេះ មានអត្រាឆ្លងគឺខ្ពស់ពេក។ ដូច្នេះ យើងក៏សុំការយោគយល់ពីមិត្តភក្តិរបស់យើង​។ ​មកតាមច្រកហ្នឹងគឺឆ្លងច្រើនមែនទែន កើនជាង ១០០ នាក់ គឺតាមជើងហោះហើរដែលតភ្ជាប់ពី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ ហ្វីលីពីនមួយព្រឹប ១៤ នាក់ មួយជើងយន្ដហោះ ដូចនេះអត្រា​ឆ្លងនេះវាខ្ពស់ពេក។

សូមរក្សាអាយុជីវិត រក្សាអនាម័យបង្ការការឆ្លងជំងឺ និងគោរពច្បាប់​ចរាចរណ៍​

ឥឡូវដល់ពេលសំរាក មន្ដ្រីរាជការ កម្មករ/ការិនី របស់យើងមួយចំនួនបានធ្វើ​ដំណើរ​ទៅស្រុកហើយ​។ ឥឡូវនេះក៏បានធ្វើដំណើរទៅតំបន់ទេសចរណ៍នានា។ ខ្ញុំក៏សូមអំពាវនាវ​ឱ្យយកចិត្តទុកដាក់ទៅលើការរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន​។ ទី១ គឺសុវត្ថិភាពកុំឱ្យមានការឆ្លង​ជំងឺ កាលពីថ្ងៃសុក្រនេះ ខ្ញុំបាន​រំលឹកទៅដល់អាជ្ញាធរខេត្ត និងទីកន្លែងដែលភ្ជាប់វីដេអូ​ជាមួយ​គណៈរដ្ឋមន្ដ្រី​។ តំបន់ទេសចរណ៍ សណ្ឋាគារ ផ្ទះស្នាក់នៅនានា​ ភោជនីយដ្ឋាន​ ត្រូវធានាស្ដង់ដារ​សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ រាប់ទាំងនៅទីកន្លែងហ្នឹង បើសិនជាមានហេតុ​ការណ៍មិនស្រួលគឺត្រូវប្រញាប់ប្រញាល់ដាក់ការហ៊ុមព័ទ្ធ ហើយស្វែងរកអ្នកដែលមានការពាក់ព័ន្ធ​ ហើយទំនាក់ទំនងជាមួយនឹងផ្នែកគ្រូពេទ្យ​។ ត្រូវតែធានាគឺចាប់ផ្ដើមពីមនុស្សម្នាក់ៗតែម្ដង​ មិនត្រូវ​ធ្វេស​ប្រហែសណាមួយឡើយ … ការឈប់សំរាក(មានរយៈពេល)ដល់ទៅ ៩ថ្ងៃ ព្រោះសំរាកពីម្សិលមិញ ថ្ងៃនេះ ដល់ចាប់ពីថ្ងៃចន្ទដល់​ថ្ងៃសុក្រ​ មិនត្រូវសំរាក ៥ ថ្ងៃហើយ? ថ្ងៃសៅរ៍ អាទិត្យសម្រាកទៀត។ តាម​ខេត្តនានា តាមតំបន់ទេសចរណ៍នានា សុទ្ធតែបានរៀបចំត្រៀមខ្លួនហើយស្រេចដើម្បីទទួលទេស​ចរ​ទៅកម្សាន្ដសប្បាយនៅទីនោះ។ សូមឱ្យស្មារតីរក្សាសុវត្ថិភាពឱ្យភ្ញៀវទេសចរនេះត្រូវធ្វើឱ្យបានហ្មត់ចត់​ ប៉ុន្ដែអ្នកទេសចរទាំងឡាយក៏ត្រូវតែធានាខ្លួនឯង​ ដោយចាប់ផ្ដើមពីមនុស្សម្នាក់ៗ មិនមែននិយាយ​ពីគ្រួសារនីមួយៗទេ​ ប៉ុន្ដែដំបូងបំផុតត្រូវចាប់ផ្ដើមពីមនុស្សម្នាក់ៗ និងបន្ដចាប់ផ្ដើមពីគ្រួ​សារនីមួយៗ​។ ព្រោះជំងឺឆ្លងនេះ វាឆ្លងតាមបុគ្គលម្នាក់ៗ។ អញ្ចឹងបុគ្គលម្នាក់ៗត្រូវតែចេះធ្វើអនាម័យ ការពារខ្លួនឯង បើមិនអញ្ចឹងទេ ដំបូងបំផុតបុគ្គលនោះនឹងនាំជំងឺទៅដល់គ្រួសារខ្លួនឯងតែម្ដង។ អញ្ចឹងពីទីនេះ ខ្ញុំសូម​អំពាវនាវ ជនរួមជាតិរបស់យើង មេត្តាយកចិត្តទុកដាក់ការពារឱ្យខាងតែបាន​ កុំឱ្យ​មាន​​​ការឆ្លងជំងឺ កូវីដ១៩ មកលើខ្លួន ហើយតាមរយៈខ្លួនឆ្លងទៅក្រុមគ្រួសារ ហើយនឹង​សហគមន៍​ មនុស្សដែលយើងមានទំនាក់ទង នេះជាការអំពាវនាវទី១ របស់ខ្ញុំ ដើម្បីធានាថាក្រោយការឈប់​សម្រាក​មិនមានការឆ្លងក្នុងសហគមន៍ទេ។ បើទោះបីមានការឆ្លងមកពីខាងក្រៅ យើងអាចគ្រប់​គ្រង​​តាមរយៈ​ការធ្វើចត្ដាឡីស័កដោយក្រសួងសុខាភិបាល ហើយយកសំណាកទៅពិនិត្យ។

ការអំពាវនាវទី ២ របស់ខ្ញុំ សូមថែទាំជីវិតឱ្យខាងតែបាន​ក្នុងរយៈពេលនៃការឈប់សម្រាក​តាម​រយៈការគោរពច្បាប់ចរាចរណ៍ ព្រោះជាធម្មតាការធ្វើដំណើរ​លេងកម្សាន្ដនេះគ្រោះថ្នាក់ចរាចរណ៍​រមែងកើតមាន។​ ដូច្នេះ សូមបងប្អូនយកចិត្តទុកដាក់ការពារ​អាយុជីវិតខ្លួនឯង និងអ្នកដទៃ​។ តាមរយៈការមិនសេពគ្រឿងស្រវឹង​ណាមួយកើតឡើង​ ព្រោះគ្រោះថ្នាក់(ចរាចរណ៍)កើត​ឡើងដោយ​សារ​​ភាគ​រយខ្ពស់ដោយសារគ្រឿងស្រវឹងនេះ។ យើងមិនហាមឃាត់ការផឹកស៊ីទេ ហើយកាលពី​ប៉ុន្មាន​ខែមុននោះ ក្រុមហ៊ុនស្រាបៀរមួយគេឱ្យខ្ញុំដឹងថាលក់ដាច់​ជាងពេល​មុន។ ហេតុអី​បាន​លក់​ដាច់? ដោយពេលមុននោះផ្អើលនាំគ្នាទិញអង្ករ ត្រីងៀត មី រាប់ទាំងទិញស្រាបៀរព្រោះហាង​ត្រូវបិទ ចឹងអត់បានផឹកនៅហាង គាត់ទិញទុកផឹកនៅផ្ទះ​ ធ្វើឱ្យស្រាបៀរលក់ដាច់។ យើងមិនហាម​ឃាត់ទេក្នុងការទទួលទានស្រា ឬ ស្រាបៀរ ប៉ុន្ដែយើងស្នើសុំកុំឱ្យពេលស្រវឹងបើកបរ ហើយបើបើក​បរកុំទទួលទានគ្រឿងស្រវឹង។ ហ្នឹងជាការអង្វរករ ​​ប៉ុន្ដែខ្ញុំគិតថាការឈប់សម្រាក ទោះបីជាឈប់​ជំនួស​ការសម្រាកចូលឆ្នាំក៏មិនមានមនុស្សច្រើននោះដែរ។ កសិកររបស់យើងគាត់មិនខ្វល់នឹងការសម្រាក​ទេ គាត់ខ្វល់នឹងស្រែរបស់គាត់ ដោយកន្លែងខ្លះកំពុងច្រូត កំពុងដកស្ទូង។ ពិតមែនហើយ​កសិករ​មួយចំនួនក៏ឆ្លៀតដើរលេង​ ព្រោះឃើញគេលេងជុំៗក៏ឆ្លៀតទៅលេង ហ្នឹងជាសិទ្ធិទេ …។

សូមខមហ្វ្រេល វិទ្យុបរទេស និងសារព័ត៌មានបរទេស ផ្សាយលទ្ធផលស្ទង់មតិលើផេកខមហ្វេ្រល

ខ្ញុំមិនមានសារនយោបាយអីទេ ប៉ុន្ដែមានរឿងមួយដែលគួររំលឹក។ សុំឱ្យបើកមើលហ្វេសប៊ុក​របស់ ​ខមហ្វ្រេល COMFREL ដែលគេបានធ្វើការស្ទង់មតិ​ (លើប្រធានបទថា) តើការចាប់ខ្លួនមនុស្សនៅពេលកន្លង​ទៅជាការគោរព​ច្បាប់ និងសិទ្ធិ ឬមិនមែនជាការគោរពច្បាប់ និងសិទ្ធិ។ អត្រាស្ទង់មតិដែលគេ​ធ្វើ ៧ ថ្ងៃ ប៉ុន្ដែឥលូវនៅតែ​ ៣ ម៉ោងទៀត នឹងចប់ហើយនោះ (បង្ហាញថាអ្នក)ដែលឆ្លើយថា “រំលោភច្បាប់ និងសិទ្ធិ” មាន ២២% អ្នកដែលឆ្លើយថា “មិនគោរពច្បាប់ និងសិទ្ធ” មានដល់ទៅ ៧៨%។ អញ្ចឹង (ខ្ញុំ)សង្ឃឹមថា​ខម​ហ្វ្រេល និងវិទ្យុបរទេសផ្សាយសម្លេងជាភាសាខ្មែរ​ និងសារព័ត៌មានបរទេសនានា យក(លទ្ធផល)​ការស្ទង់​មតិនេះទៅផ្សាយផង។ នេះមិនមែនជាផេករបស់​រដ្ឋាភិបាល ឬអ្នកគាំទ្ររដ្ឋាភិបាលទេ គឺជា​ផេក​របស់អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលជានិច្ចកាល​ប្រឆាំងជាមួយ​រដ្ឋាភិ​បាល។ អញ្ចឹង ​នៅ​សល់ ​៣ ម៉ោងទៀត …។

ផែនទីព្រំដែនមិនកែប្រែ គូសដោយបារាំង មិនមែនដោយខ្មែរទេ

អញ្ចឹងទេ អ្នកឯងនិយាយពីស្អីទៀត។ រឿងនេះ​គេធ្វើច្បាស់លាស់នៅក្នុងផ្លូវច្បាប់ កិច្ចព្រមព្រៀងរវាង​រដ្ឋាភិបាល និងរដ្ឋាភិបាល សច្ចាប័នពីសភា និងព្រះមហាក្សត្រឡាយព្រះហត្ថលេខា ទៅលើការ​ងារ​ព្រំដែនដ៏ជាក់លាក់នេះ។ (ដែលអ្នកឯងនិយាយថា) “ការដោះដូរដីធ្លីជាអំពើក្បត់ជាតិ” រឿងនេះខ្ញុំបានចូលទៅ​និ​យាយនៅ​សភា​អស់ពេលជាង ៥ ម៉ោង។ យើងចុះហត្ថលេខាត្រឹមត្រូវ។ តើឱ្យខ្ញុំដោះស្រាយយ៉ាងម៉េច? (សូម)ឱ្យខ្ញុំ​និយាយ​កន្លែងហ្នឹងបន្ដិច។ ផែនទីព្រំដែនមានបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលហៅថាព្រំដែនមិនកែប្រែនោះ មានចែងក្នុងរដ្ឋធម្មនុញ្ញតែម្តង។ ប៉ុន្តែ តើយើងមានបង្គោលព្រំដែនហើយ​ឬនៅ? អត់មាន។​ បង្គោលព្រំដែននៅនឹងមាត់មនុស្សតើ។ យើងមានបង្គោលព្រំដែនមួយចំនួនដែលបន្សល់ទុកនៅអាណានិគមនិយមបារាំង ទាំងជាមួយវៀតណាម ទាំងជាមួយថៃ ទាំងជាមួយឡាវ ដូច្នេះយើងចង់ឱ្យមានបង្គោលព្រំដែនជាក់លាក់មួយ។ ប៉ុន្តែ នៅពេលដែលយើងទៅបោះបង្គោលព្រំដែន យើងបានឃើញភូមិវៀតណាមមួយចំនួននៅក្នុងទឹកដីរបស់កម្ពុជា ភូមិរបស់កម្ពុជាមួយចំនួននៅក្នុងទឹកដីរបស់វៀតណាម ដូចជាភូមិរបស់សម្តេច ហេង សំរិន ជាដើម។ យើងមិនមែនជាអ្នកគូរ(ផែនទី)ឯណា បា​រាំងជាអ្នកគូរ។ យើងធ្វើម៉េចដឹង។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគ្មានទោសពៃរ៍អីទេ ព្រោះព្រះមហាក្សត្រខ្មែរនៅពេលនោះ មិនបានទៅគូសព្រំដែនទេ។ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុនមកអត់បានដឹងទេ បារាំងតើទៅគូស រាប់ទាំងកោះត្រល់ កោះអីហ្នឹង ហើយកូសាំងស៊ីនអីហ្នឹង សភាបារាំងអ្នកអនុម័ត មិនមែនសភាខ្មែរឯណា។

យកជម្រើសដោះដូរទឹកដីគ្នា និងប្រជាដីសម្បទានសង្គមកិច្ចសំរាប់កងទ័ព និងនគរបាល

ឥឡូវតើយើងត្រូវយកជម្រើសបែបណា ដើម្បីដោះស្រាយបញ្ហានេះ បើភូមិយើងនៅក្នុងផែនទីផ្លូវការ ដែលយើងយកទៅតម្កល់នៅក្នុងអង្គការសហប្រជាជាតិនេះ ព្រះករុណាព្រះបិតាយកទៅតម្កល់នូវអង្គការសហប្រជាជាតិ គឺផែនទីហ្នឹង។ ឥឡូវយើងប្រើផែនទីហ្នឹងដដែល បែរជាភូមិសម្តេច ហេង សំរិន នៅក្នុងទឹកដីវៀត​ណាម … អញ្ចឹងតើយើងគួរយកជម្រើសបែបណា? វាមានជម្រើសទី ១ កាត់ភូមិហ្នឹង ភូមិបង ហេង សំរិន ទៅឱ្យក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយរក្សាទុកនូវខ្សែព្រំដែនដដែល … ជម្រើសទី ២ រក្សាខ្សែព្រំដែនដដែល ប៉ុន្តែរើភូមិបង ហេង សំរិន រើចេញ រកដីឱ្យគាត់ធ្វើភូមិថ្មី នៅដីខ្មែរ អាហ្នឹងជម្រើសទី ២ ឯជម្រើសទី ៣ ដោះដូរដីគ្នា ដោយរៀបចំខ្សែព្រំដែនជាថ្មី គូសភូមិបង ហេង សំរិន នេះ កន្លែងហ្នឹងត្រូវដូរខ្សែព្រំដែន ដោយព័ទ្ធយកភូមិបង ហេង សំរិន ហ្នឹងឱ្យមកនៅក្នុងដីខ្មែរ។ អញ្ចឹងថាកន្លែងហ្នឹង ៥០០ ហិកតា យើងត្រូវរកកន្លែងផ្សេងដើម្បីសងទៅវៀតណាម ៥០០ ហិកតា …។

ឥឡូវនេះ នៅតំបន់ព្រំដែនកម្ពុជាវៀតណាម វៀតណាមត្រូវប្រគល់ដីឱ្យកម្ពុជាដូចជាជាង ២០០០ ហិកតា ដែលយើងកំពុងត្រៀម ហើយខ្ញុំឱ្យបញ្ជាហើយ ដីនេះនៅពេលដែលវៀតណាមប្រគល់មកឱ្យកម្ពុជា ត្រូវប្រ​គល់ឱ្យខេត្ត ហើយត្រូវធ្វើជាដីសង្គមកិច្ច ប្រគល់ឱ្យកងទ័ព និងនគរបាលការពារព្រំដែន។ មានចំណាររបស់ខ្ញុំលើ(ឯកសារ)របស់ឯកឧត្តម វ៉ា គឹមហុង ហើយ។ អញ្ចឹងឯកឧត្តម ជា សុផារ៉ា នៅពេលក្រោយ ត្រូវត្រៀមយកដីនេះ ដែលជាង ២០០០ ហិកតា ដែលវៀតណាមប្រគល់មកឱ្យកម្ពុជា ឱ្យខេត្តគ្រប់គ្រង ក៏ប៉ុន្តែដីនេះ អាទិភាពប្រគល់ឱ្យកងទ័ព នគរបាល ដែលគ្នាគ្មានដី ឱ្យមានដីធ្លីដូចដែលយើងធ្វើនៅស្វាយរៀង។ យើងធ្វើផ្ទះឱ្យនគរបាល និងកងទ័ព ដែលគ្មានផ្ទះ ឬអតីតយុទ្ធជនដែលអត់មានដីធ្លី។

កុំញុះញង់ឱ្យមានចម្បាំងជាមួយប្រទេសជិតខាងពីរឿងព្រំដែន

ម៉េចបានអ្នកឯងហ៊ាននិយាយថា នេះជាទោសក្បត់ជាតិ? ឥឡូវខ្ញុំចាប់អ្នកឯងបញ្ចូលទ្រុង។ អត់ទុកយូរ។ ការពិតថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបានប្រាប់ថា រង់ចាំមើលប្រធានគណបក្សនយោបាយមួយ ដែលនឹងចេញសេចក្តីថ្លែងការណ៍។ បើចេញសេចក្តីថ្លែងការណ៍បែបអ្នកមុន ក៏ត្រូវចាប់ដូចអ្នកមុន។ ប៉ុន្តែ ពេលចេញពីគណៈរដ្ឋមន្ត្រី ខ្ញុំបានទទួលនូវ(ការផ្សាយរបស់) Cambodia Daily (បន្តផ្ទាល់) live ជាមួយម្នាក់ហ្នឹង វាចាត់ទុកថាការដោះដូរដី គឺជាទោសក្បត់ជាតិ។ អញ្ចឹង បើទោសក្បត់ជាតិ វាក្បត់ជាតិទាំងព្រះមហាក្សត្រ វាក្បត់ជាតិទាំងសភា​ វាក្បត់ជាតិទាំងព្រឹទ្ធសភា វាក្បត់ជាតិទាំងរាជរដ្ឋាភិបាល។ អញ្ចឹង អ្នកឯងស្នេហាជាតិអីតែឯង។ សុំបញ្ជាក់ រឿងព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំងជាមួយប្រទេសជិតខាង តាមរយៈនៃ(បញ្ជូន)សាររបស់អ្នកឯង ចង្អុលកន្លែងនេះកន្លែងនោះ។ ពួកអ្នកឯងបាននិយាយច្រើនហើយ មួយថ្ងៃបាត់ ១ ម៉ែត្រ មួយថ្ងៃបាត់ ៥០០ ម៉ែត្រ។ បើនិយាយពីការបាត់ យើងនិយាយមួយថ្ងៃបាត់ ១០០ ម៉ែត្រចុះ ៤១ ឆ្នាំប្រហែលជាព្រំដែនទៅស្វាយរៀង ឥឡូវនេះប្រហែលទៅនៅកំពង់ឆ្នាំងនោះ។ គិតពីស្វាយរៀង ហើយបើខេត្តកណ្តាលវិញ គឺខេត្តកណ្តាលជិតជាងគេនៅជ្រៃធំ។ បើមួយថ្ងៃបាត់ដូចអ្នកឯងនិយាយ ព្រំដែនខ្មែរពេលនេះអត់មានទេ នៅកៀកនៅព្រំដែនថៃ បើខ្លះថាមួយថ្ងៃបាត់ ៥ គីឡូ អាហ្នឹងកាន់តែទៅទៀតហើយ នោះទៅដល់ព្រំដែនភូមា។ ខ្ញុំសុំបញ្ជាក់ ពួកបរទេសអាចយល់អំពីបញ្ហានេះ។ បញ្ហាព្រំដែនមិនមែនជាបញ្ហាលេងសើច ហើយវាអាចមានសង្គ្រាមព្រំដែន រវាងកម្ពុជាជាមួយប្រទេសជិតខាងតាមរយៈមាត់អ្នកឯងថា ហើយទៅញុះញង់បង្កើតចលាចលនៅទល់ដែន។ អញ្ចឹង តែកាលណាមានបញ្ហា រាជរដ្ឋាភិបាលត្រូវតែកាន់ជើងប្រជាពលរដ្ឋរបស់ខ្លួន។

ថ្ងៃទី ២៧ សីហា ប្រគល់ផែនទីផ្លូវការ និងប្រើដោយកងទ័ព ទៅបណ្តាខេត្តតាមព្រំដែនជាមួយវៀតណាម

… រឿងផែនទីនេះទៀតសោត ខ្ញុំសុំបញ្ជាក់។ ផែនទីនេះ មានការមួលបង្កាច់ ប៉ុន្តែនេះក៏ប្រហែលមកពីគណៈកម្មការព្រំដែន មិនបានធ្វើការពន្យល់ឱ្យបានច្បាស់លាស់។ ផែនទីដែលយើងប្រើ មូលដ្ឋានដើមរបស់យើង ផែនទីខ្នាត ១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន គួបផ្សំជាមួយនឹងផែនទី UTM របស់អាមេរិក ខ្នាត ១/៥០០០០ ប៉ុន្តែដើម្បីធានាជាមួយនឹងការបោះបង្គោលជាក់លាក់ យើងត្រូវមានផែនទីខ្នាត ១/២៥០០០ ហើយដែលបោះពុម្ពដោយប្រទេស ដាណឺម៉ាក នោះ មិនមែនបោះពុម្ពដោយវៀតណាមទេ។ យើងបានផ្ទៀងផ្ទាត់ជាមួយគ្នា … អញ្ចឹងខាងវៀតណាមត្រូវទទួលប៉ុន្មានច្បាប់ ខាងយើងទទួលប៉ុន្មានច្បាប់។ (យើងទទួលបាន)ស្មើគ្នា។ នៅថ្ងៃទី ២៧ សីហា យើងនឹងប្រគល់ផែនទីនេះទៅឱ្យបណ្តាខេត្តតាមព្រំដែនកម្ពុជាវៀតណាម ដោយសម្តេចពិជ័យ(សេនា ទៀ បាញ់) ជាអ្នកតំណាងឱ្យខ្ញុំ ព្រោះខាងកងទ័ព ធ្វើការប្រគល់ផែនទីនេះ សម្រាប់ការប្រើប្រាស់ជាព្រំដែនផ្លូវការ រាប់ទាំងកងទ័ពក៏ត្រូវប្រើប្រាស់នូវផែនទីហ្នឹងដែរ។

រឿងអីអ្នកឯងមកនិយាយអំពីបញ្ហាហ្នឹង លើកឡើងពីរឿងបាត់ទឹកដីប៉ុណ្ណេះ ទឹកដីប៉ុណ្ណោះ ហើយមានអ្នកចេញមកនិយាយថា រឿងដោះដូរដីគឺជារឿងក្បត់ជាតិ ក្នុងពេលដែលកិច្ចព្រមព្រៀងនេះ ទាក់ទងនឹងការបោះបង្គោល បែងចែកខណ្ឌសីមានេះចុះហត្ថលេខាដោយរាជរដ្ឋាភិបាលប្រ​ទេសទាំង ២ សច្ចាប័នពីសភា និងព្រឹទ្ធសភា និងមានព្រះហស្តលេខាដោយព្រះមហាក្សត្រ។ អ្នកឯងចោទថាក្បត់ជាតិ ចាំមើលឥឡូវមានប៉ុន្មានចេញមកទៀត សុំផ្ញើសារ ចេញមកប៉ុន្មាន ចាប់ប៉ុណ្ណឹង រឿងទល់ដែនអត់មានឱ្យរញ៉េរញ៉ៃទេ។ កុំថារដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ។ នេះមិនមែនជាការតស៊ូមតិទេ។ អ្នកខ្លះចេញមកថានេះជាការតស៊ូមតិ​ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាធ … ហើយសច្ចាប័នពីសភា មិនមែនទើបតែសច្ចាប័នមួយទេ សច្ចាប័ន ២០០៥ ម្តង និងសច្ចាប័ន ២០១៩ ម្តងទៀត។ អញ្ចឹង សច្ចាប័នដល់ទៅ ២ ដង ដែលឆ្លងកាត់និតីបញ្ញត្តិ និងមានព្រះហស្តលេខាត្រឹមត្រូវដោយព្រះមហាក្សត្រ។

ព្រំដែនមិននៅលើមាត់ទេ នៅលើការចរចារវាងប្រទេស និងប្រទេស ត្រូវបានធានាដោយច្បាប់អន្តរជាតិ

អ្នកឯងបាននិយាយច្រើនហើយ … ខ្ញុំទៅឆ្លើយ ៥ ម៉ោង តើវាជាការតស៊ូមតិទេ? អ្នកឯងតាំងខ្លួនជាបណ្ឌិត អ្នកឯងមានបានមើលអាហ្នឹងទេ។ ឥឡូវខ្ញុំសុំឱ្យទូរទស្សន៍ជាតិកម្ពុជាចាក់អាហ្នឹងឡើងវិញ តាមគ្រប់ទូរទស្សន៍អំពីចម្លើយរបស់ខ្ញុំនៅក្នុងសភា។ ម៉េច? លោកឯងទើបមកធ្វើបក្សថ្មីៗ មកនិយាយថានេះជាការតស៊ូមតិ។ ចាត់ទុករឿងព្រំដែនជាការតស៊ូមតិ។ ការតស៊ូមតិនេះបានឆ្លងកាត់ការតស៊ូមតិនៅក្នុងសភា មិនមែនត្រឹមតែរឿងលោកឯងទៅជិះម៉ូតូ(ទៅមើលត្រង់នេះត្រង់នោះទេ) … ពីដើមថាកម្ពុជាអត់មានផ្លូវទេ ឥឡូវធ្វើផ្លូវយ៉ាងស្អាតនៅតាមទល់ដែន។ កាលពីដើមមានផ្លូវណា។ ឥឡូវ យើងធ្វើផ្លូវតាមខ្សែក្រវាត់ទល់ដែន ដើម្បីងាយស្រួល។ ខាងនោះក៏ធ្វើ ខាងយើងក៏ធ្វើ។ យើងបោះបង្គោល វាទៅឈរនៅបង្គោលទល់ដែន ហើយវាជិះម៉ូតូលើផ្លូវទល់ដែន ហើយវាទៅមួយភ្លែត វាអាចទៅវាស់ដឹងថា​ប៉ុណ្ណេះរយម៉ែត្រ ប៉ុណ្ណេះម៉ែត្រ ក្នុងពេលដែលយើងទៅដេកព្រៃ វាស់ចេញពី GPS ហើយវាស់ចេញពីផ្កាយរណបទៅទៀត។ ហើយបង្គោលមួយៗសុទ្ធតែមាន chip ទំនាក់ទំនងជាមួយផ្កាយរណប។ ​មិនមែនរឿងលេង រឿងសើចទេណា ខ្ញុំសុំបញ្ជាក់ កាលចាប់ ហុង សុងហួរ និងចាប់ អ៊ុំ សំអាត ក្នុងឋានៈសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ក៏ចាប់ក្នុងបទល្មើសជាក់ស្តែង។ ឥឡូវអ្នកណានិយាយក្នុងករណីហ្នឹងគឺចាប់ក្នុងបទល្មើសជាក់ស្តែងទាំងអស់ … កន្លែងអ្នកឯងចង់ចង្អុលថាព្រំដែនកម្ពុជានៅឯកម្ពុជាក្រោម ហ្នឹងនៅលើមាត់របស់អ្នកឯង អ្នកឯងចង្អុលថានៅអយុធ្យា នៅបាងកក ក៏នៅលើមាត់អ្នកឯង អ្នកឯងថានៅហ្លួងព្រះបាទប្រទេសឡាវ ក៏នៅលើមាត់អ្នកឯង។ ព្រំដែនអត់នៅលើមាត់ទេ ព្រំដែននៅលើការចរចារវាងប្រទេស និងប្រទេស ហើយត្រូវបានធានាដោយច្បាប់អន្តរជាតិ មិនមែនធានាដោយមាត់ពួកអ្នកឯងទេ។ ពិតមែនតែថ្ងៃនេះជាថ្ងៃជិតឈប់សម្រាក តែខ្ញុំសុំព្យាយាមប្រាប់អ្នកឯងឱ្យបានដឹង លើបញ្ហាទល់ដែន។ ឥឡូវ សុំចេញមកប៉ុន្មានចេញមកឱ្យអស់មក។ ទាន់គេនិយាយថារដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ។ គុក បើទោះបីវាចង្អៀត ក៏គង់នៅមានកន្លែងដាក់បាន អត់បញ្ហា (បើ)និយាយគ្នាស្តាប់មិនបាន (អស់ពេល)ប៉ុន្មានឆ្នាំហើយ​។

អង្គការក្រៅរដ្ឋាភិបាល សារព័ត៌មានប្រឆាំង ហ៊ានផ្សាយទេថា ៧៨% គាំទ្រចំណាត់ការរាជរដ្ឋាភិបាល?

ខ្ញុំចង់មើល … ខុមហ្វែ្រលវាផ្សាយអត់នៅ ៣ ម៉ោងទៀត មិនដឹងថាដល់ម៉ោងបិទ វាត្រូវអស់ប៉ុន្មាន។ ឥឡូវ ៧៨% ដែលថាចាប់(ខ្លួនមនុស្ស)នេះ អត់រំលោភច្បាប់ និងសិទ្ធិ ទេ ២២% ថារំលោភច្បាប់និងសិទ្ធិ។ នេះជាហ្វេសប៊ុករបស់អង្គការក្រៅរដ្ឋាភិបាលមួយហៅថា ខុមហ្វ្រែល។​ ចាំមើល ខុមហ្វ្រែល ផ្សាយឬអត់? វិទ្យុបរទេសនិយាយភាសាខ្មែរវាផ្សាយឬអត់? ពួកសិទ្ធិមនុស្សផ្សាយឬអត់?​ ពួកអ្នកប្រឆាំងផ្សាយឬអត់? ប្រ​ជា​ជនខ្មែរមានការយល់ដឹង។ អ្នកឯងធ្វើតែពីសតែពាស គេវាយខ្នោះវាត្រឹមត្រូវរបស់គេ ព្រោះបើអ្នកឯងកុំទៅធ្វើរឿងហ្នឹង អ្នកណាគេធ្វើអីអ្នកឯង។ ឥឡូវចូលតួលេខថ្មីមួយទៀតហើយ ឡើងដល់ ៧៩% ឯអ្នកថាខុសច្បាប់ និងរំលោភសិទ្ធិមនុស្សនៅតែ ២១% ទេ។ អញ្ចឹង លោកឯងផ្សាយឬមិនផ្សាយ ហើយក្រុមអ្នកប្រឆាំងខាងក្នុង ហ៊ានផ្សាយ ហ៊ាននិយាយ ឬមិននិយាយ។ នេះហ្វេសប៊ុករបស់អាមេរិកកាំង ហើយ Page របស់អ្នកឯង មិនមែន page របស់អ្នកគាំទ្ររដ្ឋាភិបាលទេ … បើលោកឯងចិត្តមិនសឿង គឺអត់ផ្សាយ បើចិត្តសឿងគឺផ្សាយ។ កុំរបស់អាក្រក់ៗ ពីរដ្ឋាភិបាល លោកឯងផ្សាយ របស់ល្អៗពីរដ្ឋាភិបាល លោកឯងមិនផ្សាយ។ រាប់ទាំងកីឡាករយើង ដែលទៅប្រកួតបានពានមាសមិនដែលវាផ្សាយទេ។ ប៉ុន្តែឥឡូវយើងចង់ដឹង អង្គការក្រៅរដ្ឋាភិបាលនានាហ៊ានផ្សាយតួលេខហ្នឹងអត់? សារព័ត៌មានដែលប្រឆាំងរាជរដ្ឋាភិបាល ហ៊ានផ្សាយព័ត៌មានហ្នឹងឬអត់? បើមិនហ៊ានទេ ខ្ញុំចាត់ទុកថាអ្នកឯងហ្នឹងតិរច្ឆាន …។

ទេសចរណ៍ផ្ទៃក្នុងចាប់ដំណើរការ ដោយមានវិធានសុខាភិបាល

អរគុណសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនទាំងអស់ ហើយថ្លែងនូវការកោតសរសើរដល់កម្មករ និងកម្មការិនី (និងជាការល្អដែលយើង)មានការងារធ្វើ ទោះបី កូវីដ ១៩ (នៅជាការប្រឈម) តែឥឡូវនេះ ១៨៥ នាក់មានការងារធ្វើនៅនេះ ដោយមិនទាន់គិតអំពីអ្នកដែលនៅតារាងហ្គោល និងនៅអូតែលទេ។ ពិតមែនតែវាមានផលប៉ះពាល់ដល់សេវាទេសចរណ៍ (ដោយសារ)អត់មានបរទេសទេ​ ប៉ុន្តែទេសចរណ៍ផ្ទៃក្នុងចាប់ដំណើរការ ដោយមានវិធានសុខាភិបាល។ ភោជនីយដ្ឋានស្អីៗនេះ ដំណើរការ ការលក់ដូរ ព្រោះខ្ញុំមិនដែលប្រកាសបិទផ្សារទេ ខ្ញុំមិនដែលប្រកាសបិទរោងចក្រទេ ខ្ញុំមិនដែលប្រកាសបិទសេដ្ឋកិច្ចទេ តែបិទតាមផ្នែក ដូចជាការ៉េអូខេ DISCO ប៉ុន្តែការ៉េអូខេគឺយើងអនុញ្ញាតឱ្យប្រែក្លាយទៅជាភោជនីយដ្ឋាន។ ឯកឧត្តម ថោង ខុន គាត់ចង់ស្នើបើក DISCO ខ្ញុំថាផ្អាកសិន ព្រោះអាហ្នឹងតែត្រូវប៉ុន្មានកំប៉ុង ប៉ុន្មានកែវ ទៅអោបគ្នា អត់មានគម្លាតសុវត្ថិភាពទេ។ ខ្លាចអាហ្នឹង។ អញ្ចឹងពន្យារសិនទៅ។ ប៉ុន្តែ ខារ៉េអូខេអត់ឱ្យបើកទេ។ គេឱ្យប្រែក្លាយទៅជាភោជនីយដ្ឋាន ​ហើយមានភ្លេងកំដរ ដើម្បីឱ្យអ្នកភ្លេង អ្នកចម្រៀងគ្នាមានអាជីពឡើងវិញ ព្រោះដាច់បាយដែរ ប៉ុន្តែអ្នកចម្រៀងខ្លះគ្នាត្រូវប៉ាន់ឡើងតាមទូរទស្សន៍ ឡើងតាមអី គ្នាក៏ធ្វើបាន ដើម្បីកុំឱ្យបន្ទុកហ្នឹងវាធ្លាក់មករាជរដ្ឋាភិបាលខ្លាំងពេក …។

កំពុងផ្ដល់ជំនួយជាលុយសុទ្ធដល់កម្មករ និងជនក្រីក្រ

ឥឡូវនេះ (រាជរដ្ឋាភិបាល)កំពុងជួយដល់កម្មករដែលបាត់ការងារធ្វើពីការបិទរោងចក្រ ដោយខ្វះអ្នកបញ្ជាទិញ និងខ្វះវត្ថុធាតុដើម ប្រមាណជិត ២០ ម៉ឺននាក់ ហើយកំពុងជួយគ្រួសារជាង ៦០ ម៉ឺនគ្រួសារ ដែលមានមនុស្សជាង ៣ លាននាក់ទទួលផល ដែលខែមុនចំណាយ ២៤ លាន ខែនេះអាចចំណាយដល់ ២៨ លានដុល្លារ។ យើងកំពុងបន្តជួយ។ អ្នកទាំងនោះក៏មានប្រាក់ដើម្បីទិញម្ហូបអាហារក្នុងដំណាក់កាលនៃការលំបាកនេះ។ ឯអ្នកដែលចង់ជាប់គុក យើងក៏បំពេញតាមបំណងប្រាថ្នា។ មានមួយណានោះ ប្រកាសធ្វើបាតុកម្មមិនឈប់។ សុំអញ្ជើញមកធ្វើ ហើយមានអារត់ចេញពីស្រុកខ្មែរទៅ។ អញឱ្យរត់ទេវ៉ើយ។ បើអញចង់ចាប់ហ្អែងរត់មិនរួចទេ ព្រោះហ្អែងជាប់គុកម្តងហើយ។ គេតាមហ្អែងដល់ទល់ដែននោះ។ គេសុំបញ្ជាឱ្យចាប់ឬមិនចាប់? មិនបាច់ចាប់ទេ ឱ្យរត់ទៅ។ អានោះអំពាវនាវចេញមក តាំងពីកម្មករ តាំងពីកសិករ តាំងពីស្អីៗនេះឱ្យចេញមកធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូរក្នុងពេលហ្នឹង។ អ្ហែងអញ្ជើញមក អ្ហែងមកខ្លួនឯងមក … អញបញ្ជូន private jet ឱ្យទៅយកមកដឹកនាំបាតុកម្មនៅស្រុកខ្មែរ …។

ចលនាពីក្រៅប្រទេសឱ្យអ្នកក្នុងប្រទេស ដកលុយចេញពីធនាគារ និងកុំសងធនាគារនិងមីក្រូហិរញ្ញវត្ថុ

ខ្ញុំក៏ចង់យកឱកាសនេះ និយាយបន្តិចថែមទៀតដែរ។ មានអ្នកជនបរទេសមួយចំនួននិយាយអំពីក្របខណ្ឌគេហៅឥណទាន​ មីក្រូហិរញ្ញវត្ថុ ថាលោក ហ៊ុន សែន លើកទឹកចិត្តឱ្យមានការរឹបអូស។ គ្មានអ្នកណាដែលមានចិត្តជ្រះថ្លាលើស ហ៊ុន សែន ទេ។ អំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ ឱ្យធនាគារ មានការយោគយល់ចំពោះអ្នកដែលបានជំពាក់ប្រាក់ ហើយសុំឱ្យរៀបចំឥណទានឡើងវិញរហូតដល់រាប់សិបម៉ឺនគ្រួសារនោះ។ ប៉ុន្តែ ក្នុងពេលដែលយើងកំពុងតែទន់ភ្លន់ កំពុងតែអំពាវនាវកុំឱ្យមានការរឹបអូសនៅក្នុងដំណាក់កាល កូវីដ ១៩ ឱ្យមានការអធ្យាស្រ័យយោគយល់ពីសំណាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ បែរជាមានចលនាពីក្រៅប្រទេស រុញឱ្យអ្នកក្នុងប្រទេសធ្វើកិច្ចការ ២ កិច្ចការទី ១ ចលនាឱ្យអ្នកក្នុងប្រទេសទៅដកលុយចេញពីធនាគារ ដើម្បីឱ្យធនាគារកម្ពុជាដួលរលំ ឯចលនាទី ២ ចលនាឱ្យប្រជាពលរដ្ឋខ្មែរ ដែលជំពាក់លុយធនាគារ និងមីក្រូហិរញ្ញវត្ថុ កុំសងលុយធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ដើម្បីជាការឆ្លើយតប និងជាការព្រមាន ខ្ញុំបានប្រកាសថា បើអ្នកណាមួយធ្វើតាមមេឧទ្ទាម មិនព្រមសងលុយធនាគារ មិនព្រមសងលុយមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យមានការរឹបអូស។ ឥឡូវស្ងាត់ឈឹង។ ខ្ញុំនៅតែនិយាយដដែល ខ្ញុំអង្វរ​ករធនាគារ អង្វរករមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះការលំបាកនៅក្នុងការសងប្រាក់ទៅកាន់ធនាគារ ហើយអំពាវនាវឱ្យមានការរៀបចំឥណទានឡើងវិញ ដូចជាថ្ងៃមុនខ្ញុំអំពាវនាវចំពោះសម្រាប់គ្រឹះស្ថានសិក្សា​ឯកជន ទ្រព្យដែលធ្លាប់បញ្ចាំយកទៅបញ្ចាំនៅធនាគារបានតែត្រឹម ៥ លានទេ ក្នុងតម្លៃអចលនទ្រព្យ​គាត់ ២០ លាន។ អញ្ចឹងគាត់មិនអាចមានអ្វីទៅបញ្ចាំបន្ថែមទេ ដើម្បីយកប្រាក់ យកមករៀបចំប្រព័ន្ធរៀនតាមអនឡាញ​។ បើដូច្នោះ ធនាគារអាចរៀបចំឥណទានឡើងវិញ ដោយអចលនទ្រព្យរបស់គាត់មានទំហំ ២០ លាន ដោយមុននេះអាចខ្ចីបានត្រឹម ៥ លាន អាចពង្រីកឱ្យគាត់ខ្ចីបាន ៨ លាន​ ឬ ១០ លាន ដើម្បីឱ្យគាត់យកប្រាក់នេះ មករៀបចំប្រព័ន្ធដំណើរការរៀនតាមអនឡាញ ព្រោះយើងអត់ទាន់ច្បាស់ទេ ពិតមែនតែផ្តល់គោលការណ៍ឱ្យបើកសាលារៀនឡើងវិញនៅចុងខែ ៨ ឬដើម ខែ ៩ ប្រឡងបាក់ឌុបនៅខែ ១២ ប៉ុន្តែបើមានសភាពការណ៍មិនស្រួល យើងក៏ត្រូវផ្អាកបន្តទៀត។

អ្នកធ្វើតាមមេដឹកនាំប្រឆាំង មិនសងធនាគារ ត្រូវប្រឈមនឹងការរឹបអូសទៅតាមកិច្ចសន្យា

អញ្ចឹង សុំអ្នកក្រៅដែលសរសេរ បើអ្នកឯងមានមនសិការ ត្រូវស្តាប់ឱ្យច្បាស់។ ខ្ញុំហើយជាអ្នកចេញមុខអំ​ពាវនាវឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះការលំបាកក្នុងការបង់ត្រឡប់នូវសំណង សម្រាប់អ្នកដែលបាត់បង់ការងារធ្វើ បាត់ប្រាក់ចំណូល ប៉ុន្តែដោយសារតែមេឧទ្ទាមរបស់អ្នកឯងចលនាកុំឱ្យសង​ប្រាក់ រហូតទៅដល់មានទៅធ្វើបាតុកម្មដល់អ្នកតាដំបូងក្រញូង បាត់ដំបង កុំឱ្យសងប្រាក់ ដូច្នេះហើយបានជាខ្ញុំចេញសារព្រមាន។ បើអ្នកណាមិនព្រមសងប្រាក់ រឹបអូសអ្នកហ្នឹង ដាក់ ២០០ ៣០០ នាក់ទៅ ព្រោះអាហ្នឹងវាតាមមេវា។ អញ្ចឹង ត្រូវអ្នកឯងរំដោះខ្លួនចេញពីមេរបស់អ្នកឯង ហើយទៅធ្វើការឱ្យស្រួល​បួល សុំការអធ្យាស្រ័យពីធនាគារ ព្រោះនេះជារឿងទីផ្សារ ទំនាក់ទំនងរវាងអ្នកខ្ចី និងអ្នកឱ្យគេខ្ចី។ រដ្ឋាភិបាលមានសិទ្ធិត្រឹមតែអំពាវនាវតែប៉ុណ្ណោះ តែគ្មានសិទ្ធិដាក់កម្រិតកំណត់ទេ។ មេវានោះ មិនដែលឱ្យកូនចៅក្នុងស្រុកបានសុខទេ។ វាធ្វើឱ្យតែកូនចៅជាប់គុក។ អញ្ចឹង បើអ្នកឯងតាមមេ មានតែជាប់គុកតែប៉ុណ្ណឹង ព្រោះគុកដាក់សម្រាប់អ្នកខុស ឯធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងរឹបអូសទៅតាមកិច្ចសន្យា។ ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ចំពោះជនណាក៏ដោយ ដែលតាមមេឧទ្ទាម មិនព្រមសង។ ខ្ញុំនៅតែនិយាយចឹង។ តែខ្ញុំអំពាវនាវឱ្យយោគយល់ចំពោះអ្នកទាំងឡាយដែលស្លូតត្រង់ ហើយបាត់បង់ប្រាក់ចំណូល ខ្វះលុយ ដូច្នេះកុំផាកពិន័យ កុំរឹបអូសនៅពេលហ្នឹង ប៉ុន្តែមើលអាហ្នឹងវាតាមហើយ ដាក់អាហ្នឹងយកទៅ រឹបអូសទៅ ឱ្យអ្ហែងទៅដេកកណ្តាលភ្លៀង។ គេមានអធ្យាស្រ័យល្អ មើលមិនឃើញ បែរជាមកថាគេលើកទឹកចិត្តឱ្យរឹបអូស​។ លើកទឹកចិត្តឱ្យរឹបអូស ដោយសារតែអ្នកឯងខូច។ អញ្ចឹង ផលដែលអ្នកឯងខូច​ ទទួលបានមកវិញនូវការរឹបអូសដីធ្លី និងផ្ទះសំបែង ប៉ុន្តែអ្នកស្លូតត្រង់ដែលត្រូវទទួលបាននូវការយោគយល់ អធ្យាស្រ័យពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ប្រាប់អ្នកឯងឱ្យដឹងភ្លឺភ្នែកសាជាថ្មីម្តងទៀត កុំរួចហើយមកចូលរួមបាតុកម្ម។ មើលមុខ(អ្នកមកធ្វើ)បាតុ​កម្មហ្នឹងមានជំពាក់ធនាគារអត់? បើមានជំពាក់ធនាគារ ធនាគារហ្នឹងគាត់រឹបទៅ មីក្រូហ្នឹងគាត់រឹបទៅ … យុទ្ធ​សាស្ត្រ ហ៊ុន សែន គឺបែបនេះឯង តាំងពីដើមរហូតដល់ចប់ សុខចិត្តធ្វើអ្នកបម្រើគេ សែងគេ ព្រោះអ្នកនៅលើស្នែងពឹងពាក់អ្នកដែលសែង សែងចុះទឹក ទម្លាក់ទឹក​ ទម្លាក់គ្រវាត់ចោល​។ កុំថា ហ៊ុន សែន មានល្បិច ប៉ុន្តែរឿងវាអញ្ចឹង។

កាន់តែបែកញើសថែម។ ថ្ងៃនេះ កម្មករ/ការិនី និងបុគ្គលិករបស់យើងមាន ១៨៥ នាក់ ក្នុងម្នាក់ៗផ្តល់ថវិកា ៥ ម៉ឺនរៀល សម្រាប់កំដដៃក្នុងការមកទីនេះ។ ជូនក្រុមគ្រូពេទ្យប្រចាំក្នុងអង្គពិធីចំនួន ២ លានរៀល ជូនសាលាខណ្ឌជ្រោយចង្វារ ២ លានរៀលផងដែរ ហើយថវិកានេះ ឧកញ៉ា លី យ៉ុងផាត់ ជាអ្នករៀបចំតែម្តង។ ខ្ញុំគ្រាន់តែប្រកាសថាខ្ញុំអ្នកឱ្យតើ តែលុយរបស់អ្នកឯងតើ ចាំយកលុយរដ្ឋាភិបាល។ ចុងបញ្ចប់ហើយ ជូនពរឱ្យការអភិវឌ្ឍទីកន្លែងនេះ ដែលជាទីកន្លែងពីតំបន់ដែលមានសង្គ្រាម ទៅជាតំបន់ដែលអភិវឌ្ឍន៍ នឹងក្លាយខ្លួនទៅជាវេទិកាអន្តរជាតិ SEA Games ឆ្នាំ ២០២៣ និងបន្តការកសាង កែលំអវិមានឈ្នះឈ្នះ ឱ្យទៅជាទីកន្លែងប្រវត្តិសាស្ត្រដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែធ្នូ ឱ្យទីកន្លែងនេះមានភ្ញៀវមកលេងកូនហ្គោល មកមើលសត្វ មកលេងទឹកសមុទ្រ និងលេងទឹកទន្លេមេគង្គសិប្បនិមិត្ត។ ជូន​​ពរសម្តេចឯកឧត្តម អស់លោកជំទាវ​ អស់លោក លោកស្រី និងកម្មករ កម្មការិនីទាំងអស់ សុំប្រកប​ដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ