សម្រង់​សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពីបច្ចុប្បន្នភាព និងវិធានការនានា របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ – ១៩ នៅព្រះរាជាណាចក្រកម្ពុជា

807

CNV:

សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ

ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19​ ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំប​ញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។

សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។ ថ្ងៃនេះ លោកជំទាវតំណាងអង្គការសុខភាពពិភពលោកបានមកទីនេះ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយ ដែលបានរកឃើញវ៉ាក់សាំងដើម្បីព្យាបាលនោះទេ ឃើញតែប្រកាសនៅទីនេះ ឃើញតែប្រកាសនៅទីនោះ ក៏ប៉ុន្តែមិនទាន់មានការទទួលស្គាល់ណាមួយពីអង្គការសុខភាពពិភពលោកផងដែរ។ ដូច្នេះហើយ បានជាយើងត្រូវដាក់បញ្ហាការប្រយុទ្ធប្រឆាំងនឹង Covid-19 នេះ ទៅក្នុងយុទ្ធសាស្រ្តនៃការតស៊ូរយៈពេលវែង មិនមែនត្រឹមពីរអាទិត្យ បីអាទិត្យ ឬមួយខែ ពីរខែទេ។ បញ្ហាស្ថិតនៅត្រង់ថា យើងមិនដឹងថា ជំងឺនេះវានឹងរីករាលដាលដល់កម្រិតណា ហើយវានឹងអូសបន្លាយដល់ពេលណា។

មហាអំណាចសេដ្ឋកិច្ច ៣ អាចនឹងមានអ្នកស្លាប់ដល់ម៉ឺននាក់ ដោយជំងឺ Covid-19

ពិតហើយ ពិភពលោកបន់ស្រន់ឱ្យជំងឺនេះបានឆាប់បញ្ចប់ ​ក៏ប៉ុន្តែយើងមើលអ្វីដែលវាបាន និងកំពុងកើត វាមិនមែនជាការឆាប់ចប់នោះទេ។ ប្រទេសអ្នកមានៗ ក្នុងចំណោមមហាអំណាចសេដ្ឋកិច្ច គឺមានប្រទេស ៣ រួចស្រេចទៅហើយ ដែលមានប្រជាជនស្លាប់ជាង ១ ម៉ឺននាក់។ សហរដ្ឋអាមេរិក(មានអ្នកស្លាប់)ជាង ១ ម៉ឺននាក់ហើយ។ អ៊ីតាលីបានឡើងជាង ១ ម៉ឺននាក់ហើយ(អ្នកស្លាប់)។ អេស្ប៉ាញបានឡើងជាង ១ ម៉ឺននាក់ហើយ(អ្នកស្លាប់)។ បារាំងជាង ៨ ពាន់នាក់(អ្នកស្លាប់)។ បើយោងទៅលើទិន្នន័យនៃការស្លាប់មួយថ្ងៃ មាន ៧០០ ទៅ ៨០០ នាក់​ ដូច្នេះប្រហែលជា ៣ ថ្ងៃទៅ ៤ ថ្ងៃទៀត បារាំងអាចនឹងឈានចូលទៅជាង ១ ម៉ឺននាក់(អ្នកស្លាប់)ផងដែរ។ នេះជាការប៉ាន់ស្មានផ្ទាល់របស់ខ្ញុំទេ ដោយឃើញទិន្នន័យនៃតួលេខ ដែលមកដល់ពេលនេះ បារាំងមានមនុស្សស្លាប់ជាង ៨ ពាន់នាក់រួចស្រេចទៅហើយ បូកបន្ថែមដោយស្លាប់យប់មិញនេះ ជាង ៨០០ នាក់ថែមទៀត … ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់​ក្នុងចំណោមប្រទេស ៧ មានប្រទេស ៣ រួចស្រេចទៅហើយ ដែលបានឆ្លង (Covid-19) និងបានសម្លាប់ប្រជាជនជាង ១ ម៉ឺននាក់ និងមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលបានឆ្លង។ មានប្រទេសមួយទៀត ប្រទេសបារាំង ដែលវេជ្ជសាស្រ្តខ្លាំងណាស់ដែរ ក៏រីករាលដាលអាចឈានដល់ ១០ ម៉ឺននាក់ ក្នុងរង្វង់ ៤ ថ្ងៃខាងមុខ បើសិនជាតួលេខនេះបន្តស្លាប់បែបនេះតទៅទៀត។

ប្រជាពលរដ្ឋកម្ពុជា ឆាប់ខ្លាច ឆាប់ភ័យ ហើយក៏ឆាប់ភ្លេច ការឆ្លងជំងឺ Covid-19

ម្យ៉ាងទៀត យើងក៏ត្រូវពិនិត្យឃើញនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងផងដែរថា ប្រជាពលរដ្ឋរបស់យើងក៏ឆាប់ភ័យខ្លាច តែក៏ឆាប់ភ្លេចខ្លាំងណាស់ដែរ។ ប្រហែលជាប្រជាពលរដ្ឋរបស់យើងគិតស្មានថា ចំ​នួនអ្នកឆ្លងចំនួនតិច បូកបន្ថែម​ដោយអ្នកឆ្លងហើយចេះតែជា(ជាបន្តបន្ទាប់)។ ៣ ថ្ងៃមុននេះ ពុំមានការឆ្លងមួយករណីណាទេ មានតែអ្នកជាសះស្បើយ។ ថ្ងៃនេះ មានករណីឆ្លងត្រឹមតែម្នាក់តែប៉ុណ្ណោះ ឯអ្នកជាសះស្បើយមានដល់ទៅចំនួន ៥ នាក់។ អញ្ចឹងប្រហែលជាប្រជាពលរដ្ឋរបស់យើង ដែលមុននេះ គឺមានការភ័យខ្លាចស្លន់ស្លោ​ រហូតដល់ខ្ញុំមកកាន់ទីនេះ និយាយទៅកាន់ប្រជាពលរដ្ឋថា ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ មិនមែន Corona នោះទេ តែជាជំងឺភ័យខ្លាច។ អញ្ចឹង ឥរិយាបទរបស់ប្រជាពលរដ្ឋរបស់យើង ឆាប់ភ័យ ក៏ឆាប់ខ្លាច ក៏ប៉ុន្តែក៏ឆាប់ភ្លេចអារឿងភ័យនេះ។ អញ្ចឹងបានជាឃើញក្នុងប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវចាប់ផ្ដើមគិតឡើងវិញអំពីសេណារីយោមួយចំនួន ក្នុងហ្នឹងមានគំនិតផ្ដួចផ្ដើមបង្កើតគណៈកម្មការទាក់ទិនជាមួយនឹងការរៀបចំនូវផែនការខាងមុខ​បន្តទៀត តើយើងគួរធ្វើអ្វីខ្លះផងដែរ។ យើងមិនត្រូវភ្លេចខ្លួនថា យើងជាប្រទេសដែលមានអ្នកជំងឺឆ្លងតិច ថ្ងៃខ្លះ គឺគ្មានអ្នកឆ្លងទាល់តែសោះ មានតែអ្នកជា ហើយបែរជាសប្បាយរីករាយនោះទេ។ ហានិភ័យនៅខ្ពស់ណាស់សម្រាប់ប្រទេសរបស់យើង ក្នុងពេលដែលនៅក្នុងតំបន់មានតែឡាវ និងមីយ៉ាន់ម៉ាទេ ដែលមានអ្នកជំងឺតិចជាងយើង។ ក្រៅពីនោះ អ្នកជិតខាងយើង វៀតណាម(អ្នកឆ្លង Covid-19)ក៏ខ្ពស់ ថៃកាន់តែខ្ពស់ជាងយើងឆ្ងាយទៅទៀត។ ដូច្នេះហើយ យើងអត់ត្រូវសប្បាយភ្លេចខ្លួន ដែលនាំមកនូវហានិភ័យសម្រាប់ប្រទេសរបស់យើងនេះទេ យើងត្រូវមានវិធានការបន្ត។

អរគុណស្ថានប័ន្ធពាក់ព័ន្ធ គ្រូពេទ្យជួរមុន កងកម្លាំងប្រដាប់អាវុធ ពលករវិលពីថៃ សប្បុរសជន

ក្នុងឋានៈជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺនេះ ហើយក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំមានការចាំបាច់​ ដើម្បីនឹងប្រកាសចេញនូវវិធានការបន្ថែមមួយចំនួន។ ប៉ុន្តែ មុននឹងដល់បញ្ហានោះ ខ្ញុំសូមយកឱកាសនេះ កោតសរសើរចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរយៈពេលកន្លងទៅ ដើម្បីត្រួតត្រានូវសភាពការណ៍។ អរគុណចំពោះក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំធ្វើប្រតិបត្តិការក្រោមបញ្ជារបស់ក្រសួងសុខាភិបាល ក្នុងការរុករក (និង)ការធ្វើតេស្ដ។ ថ្ងៃនេះ តំណាងវិទ្យាស្ថានប៉ាស្ទ័រក៏បានអញ្ជើញមកចូលរួម ដែលនេះបង្ហាញពីសុក្រឹតភាពនៃការធ្វើតេស្ដរបស់កម្ពុជា។ យើងមិនមែនគ្រាន់តែធ្វើដោយក្រុមគ្រូពេទ្យរបស់ខ្មែរតែឯងនោះទេ ក៏ប៉ុន្តែវិទ្យាស្ថានប៉ាស្ទ័រ គឺជាវិទ្យាស្ថានមួយ ដែលមានចំណែកការទទួលខុសត្រូវទាំងយើង ទាំងដៃគូផងដែរ។

ខ្ញុំអរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលនៅជួរមុខ ហើយនេះដែលជាការលះបង់ខ្ពស់ណាស់ ហើយខ្ញុំនៅតែទទូចបញ្ជាក់បន្ថែមហើយបន្ថែមទៀត គ្រូពេទ្យរបស់កម្ពុជា ទោះបីយើងក្រ ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យគ្រូពេទ្យណាមួយទទួលរងគ្រោះថ្នាក់ ដូចជានៅប្រទេសមួយចំនួន ដែលសូម្បីតែម៉ាសគ្រូពេទ្យ សំលៀកបំពាក់គ្រូពេទ្យមិនគ្រប់គ្រាន់ ហើយឱ្យគ្រូពេទ្យទៅព្យាបាល(អ្នកជំងឺ Covid-19)នោះទេ។ ខ្ញុំដាក់បទបញ្ជាដាច់ណាត់លើបញ្ហានេះ។ អញ្ចឹងហើយ យើងក៏ត្រូវតែមាន​ការត្រៀមបម្រុងទុកជានិច្ចនូវសម្ភារៈបរិក្ខារសម្រាប់ក្រុមគ្រូពេទ្យ និងសម្ភារៈបរិក្ខារសម្រាប់ដោះស្រាយបញ្ហា ទោះតូច ទោះធំ កើនឡើង។

ខ្ញុំសូមអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងកិច្ចការងារនេះ ទាក់ទិននឹងការរៀបចំទីកន្លែង ការរៀបចំគ្រប់គ្រងប្រជាពលរដ្ឋ។ ជាពិសេស អរគុណចំពោះប្រជាពលរដ្ឋខ្លួនឯង ដែលចូលរួមការពារខ្លួនតាមរយៈការធ្វើអនាម័យ។ ពេល​នេះ គឺជាពេលផ្លាស់ប្ដូរឥរិយាបទ ប្រែក្លាយការភ័យខ្លាច ឱ្យទៅជាទម្លាប់មានអនាម័យ។ ការមានអនាម័យនេះមិនមែនគ្រាន់តែដោះស្រាយបញ្ហា Covid-19 ទេ តែអនាម័យនាំមកនូវការទប់ស្កាត់រោគទាំងឡាយដែលមិនមែនជា Covid-19។ ឱ្យតែខ្វះអនាម័យហើយ ទោះបីជាជំងឺតិចតួចក៏ឆ្លងចូលមកយើងបានដែរ។

ខ្ញុំសុំអរគុណចំពោះបងប្អូនពលករជាង ៦ ម៉ឺននាក់ ដែលមកពីព្រះរាជាណាចក្រថៃ ចូលមកដល់ក្នុងប្រទេស ហើយបានស្ម័គ្រចិត្តបានដាក់ខ្លួននៅដាច់ដោយឡែក ដែលមកដល់ពេលនេះយើងមិនទាន់ឃើញមានករណីបងប្អូនពលករមកពីថៃ ចម្លងមេរោគណាមួយនោះទេ។ នេះក៏មានផ្នែកតួអង្គរបស់បុគ្គល ដែលធ្វើដំណើរត្រឡប់មកវិញ តួអង្គរបស់ក្រុមគ្រួសារ និងតួអង្គរបស់ក្រុមមូលដ្ឋាន ​ដែលយើងបានធ្វើដំណើរអប់រំទៅតាមខ្នងផ្ទះរបស់ប្រជាជនតែម្ដង។ អ្នកខ្លះបានសរសេរនៅមុខផ្ទះរបស់ខ្លួន ដាក់ផ្លាកនៅមុខផ្ទះរបស់ខ្លួនថា កូនរបស់ខ្ញុំទើបនឹងមកពីប្រទេសថៃ ដូច្នេះសុំអធ្យាស្រ័យមិនអាចចូលលេងបានទេ។ ទាំងអស់នេះសុទ្ធតែជាឥរិយាបទដែលគួរឱ្យគោរព ដែលខ្ញុំសង្ឃឹមថា យើងនឹងខិតខំធ្វើកិច្ចការងារនេះបន្តទៅទៀតជាមួយគ្នា ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង។

ជាមួយនឹងការថ្លែងកោតសរសើរចំពោះកម្លាំងគ្រប់ប្រភេទ ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ សម្ដេចម៉ែ ក៏ដូចជាសប្បុរសជននានាដែលបានជួយថវិកាក្នុងរយៈពេលកន្លងទៅ ដែលមកដល់ពេលនេះ ប្រមាណជាង ១១ លានដុល្លារសហរដ្ឋអាមេរិក ហើយដែលថវិកានេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ឯកឧត្តម ម៉ម ប៊ុនហេង រួចស្រេចទៅហើយ។ ហើយនៅមានការចូលជាបន្តបន្ទាប់ទៀត។

ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ទាំងមន្ត្រីនយោបាយ និងមន្ត្រីផ្នែកមុខងារសាធារណៈដែលបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនដើម្បីចូលរួមយុទ្ធនាការប្រឆាំង Covid-19 នេះដែលរហូតមកដល់ល្ងាចម្សិលមិញនេះ ចំនួនអ្នកដែលបានចូលរួម​កាត់ប្រាក់ខែរបស់ខ្លួនមាន ១.៥៨៦ នាក់ រួចស្រេចទៅហើយ។ នេះជាចំនួនប្រាក់ខែដែលគិតថាចំនួនធំៗ។ ដំបូងខ្ញុំគិតថា ខ្លួនខ្ញុំតែម្នាក់ហើយអាចមានអ្នកស្ម័គ្រចិត្តផ្សេងៗទៀត ជាមន្ត្រីនយោបាយតែប៉ុណ្ណោះ ដោយប្រាក់បៀវត្សរបស់ខ្ញុំត្រូវកាត់ ៧ ខែ។ សុំបញ្ជាក់ជូនថា បៀវត្សរ៍របស់ខ្ញុំមានចំនួន ១០ លានរៀល បង់ពន្ធអស់ ៩១ ម៉ឺន។ អញ្ចឹងខ្ញុំត្រូវចូលមួយខែ ៩ លាន ១ សែន។ ប៉ុន្តែសូមបញ្ជាក់ថា អត់មានយកទាំងប្រាក់បៀវត្ស និងប្រាក់បង់ពន្ធចូលទេ សុំកាត់ប្រាក់បង់ពន្ធទុករួចហើយ សល់ពីប្រាក់បង់ពន្ធបញ្ជូនមកឱ្យខាង Covid-19។

សូមយកឱកាសនេះបញ្ជាក់ផងដែរថា សម្រាប់ខ្លួនខ្ញុំធ្វើទាន់ពេល ដោយសារតែប្រាក់បៀវត្សរបស់ខ្ញុំមិនទាន់បានបើក ចូលដល់ខែ ៤ ហើយ ប៉ុន្តែអត់ទាន់បានបើកពីធនាគារ។ អញ្ចឹងខ្ញុំបានបញ្ចេញបៀវត្សរ៍របស់ខ្ញុំចាប់ពីខែ ៣។ ប៉ុន្តែសម្រាប់មន្ត្រី ទាំងរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា ​មន្ត្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ឬថ្នាក់ដទៃទៀត មិនអាចអនុវត្តបាននៅក្នុងខែ ៣ ឬខែ ៤ ទេ ដោយសារប្រាក់យើងបានបញ្ចេញរួចស្រេចទៅហើយ សម្រាប់បើកទាំងប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ និងប្រាក់បៀវត្ស។ ដូច្នេះបានជាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើសេចក្ដីប្រកាស … សូមបរិច្ចាគចាប់ពីខែ ៥ ទៅ។ ឧទាហរណ៍ថា បរិច្ចាគចាប់ពីខែ ៥ ទៅដល់ខែប៉ុន្មាន? ព្រោះបងប្អូនខ្លះបញ្ជាក់ថាចាប់ពីខែ ៤ ប៉ុន្តែ ឥឡូវខែ ៤ លុយចេញទៅបាត់ហើយ។ អញ្ចឹងយើងចាប់ខែ ៥ ទៅ។ ករណីតែមួយគត់គឺខ្លួនខ្ញុំ ចាប់ពីខែ ៣ រហូតដល់ខែ ៩។

តាមការស្ដាប់បានរបស់ខ្ញុំ មន្រ្តីរបស់យើងនៅមូលដ្ឋាន កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីផ្សេង​ៗទៀត គឺសុទ្ធតែបង្ហាញបំណងចង់ចូលរួមចំណែក។ ខ្ញុំសុំថ្លែងអំណរគុណចំពោះបំណងល្អនេះ។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះ មិនមែនជាចលនាទាមទារនោះទេ ក៏ប៉ុន្តែនេះជាទឹកចិត្តរួម នៃការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។ ការធ្វើលើកនេះ គឺមិនដូចការបរិច្ចាគដូចពេលមុនៗទេ ត្រូវធ្វើលិខិតផ្ទាល់ខ្លួនម្នាក់មួយសន្លឹក ឧទាហរណ៍ថា មន្ត្រីម្នាក់ដែលមានប្រាក់ខែ ១ លាន(រៀល)ជាង ចង់ចូលរួមមួយខែ ១ ម៉ឺនរៀល ក្នុងរយៈពេល ៦ ខែ ឬ ៥ ពាន់រៀលក្នុងមួយខែ សុំធ្វើលិខិតខ្លួនឯងតែម្ដង បើមិនអញ្ចឹងទេវានឹងក្លាយទៅជារបៀបមួយដែលហៅថា ទាញយកចូលទៅតាមច្រកមេដឹកនាំ។

ថវិកាមិនមែនជារឿងធំពេកនោះទេ ប៉ុន្តែទឹកចិត្តទើបជារឿងសំខាន់សម្រាប់សាមគ្គីភាព

នេះជាកេរ្តិ៍មរតក។ ខ្ញុំនៅចាំបាននៅពេលដែលមានសង្គ្រាមទល់ដែន សូម្បីតែអ្នកសុំទាន និងអ្នកធាក់ស៊ីក្លូបានយកប្រាក់ទៅចូលជាមួយមូលនិធិបាយ័ន ដែលធ្វើឱ្យទំហំទឹកប្រាក់នេះមានដល់រាប់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាសមរភូមិនៅពេលនោះ។ នៅក្នុងកាលៈទេសៈដែលសង្គ្រាមទល់ដែនកើតឡើង កាលពីឆ្នាំ ២០០៨-២០១១។ រឿងនេះគឺជាបទពិសោធន៍មួយ។ ខ្ញុំក៏នៅចងចាំថា ជំនន់សហសវត្សរ៍នៅឆ្នាំ ២០០០ ពេលនោះប្រជាពលរដ្ឋបានចូលរួមច្រើន ទោះតិចក្តី ច្រើនក្តី ក៏ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋ​របស់យើងធំធេងណាស់។ ឥឡូវនេះ យើងមានចលនាបន្តក្នុងការចូលរួមដោយការស្ម័គ្រចិត្តទៅតាមមូលនិធិ ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ហើយដែលមានការចូលរួមបន្តទៅទៀត។ យើងអត់មានពេលបញ្ចប់ទេ។ អ្នកណាស្ម័គ្រចិត្តចូលក៏ចូល គឺគ្មានការចាប់បង្ខំទេ។ ក៏ប៉ុន្តែមួយផ្នែកទៀតគឺចំពោះមន្ត្រីដែលទទួលបៀវត្សរ៍ពីរដ្ឋ ស្ម័គ្រចិត្តបរិច្ចាគថវិកាជាបៀវត្សរ៍របស់ខ្លួន ខ្លះ ៥០% នៃបៀវត្សរ៍ ឬខ្លះបញ្ជាក់ថា គេមានបៀវត្សរ៍ តែគេចូល ២ លានរៀលក្នុងមួយខែ ក្នុងរយៈពេល ៦ ខែ ឬ ៣ លានរៀលក្នុងរយៈពេល ៦ ខែ … យើងត្រូវគិតគូរតាមទៅចំនួនហ្នឹង។ ថវិកាវាមិនមែនជារឿងធំពេកសម្រាប់យើងនោះទេ ប៉ុន្តែទឹកចិត្តទើបជារឿងសំខាន់សម្រាប់សាមគ្គីភាពក្នុងចំណោមប្រជាជនរបស់យើង​។

ខ្ញុំអរគុណណាស់ ហើយអរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់។ ក្នុងហ្នឹង អរគុណមិត្តចិន ជប៉ុន អាល្លឺម៉ង់ និងដៃគូរអភិវឌ្ឍផ្សេងទៀត មានអង្គការសុខភាពពិភពលោក ក៏មានធនាគារពិភពលោកផងដែរ ដែលបានចូលរួមជួយនៅក្នុងកាលៈទេសៈដែលកម្ពុជាលំបាក។ ខ្ញុំសូមលោកជំទាវតំណាងឱ្យអង្គការសុខភាពពិភពលោក យកចិត្តទុកដាក់ទៅលើព័ត៌មានខ្លះ ដែលកម្ពុជាជាប្រទេសដែលក្រីក្រទៅហើយ ក៏ប៉ុន្តែទទួលការប្រមាថធ្ងន់ធ្ងរពេកទេដឹង? ឥឡូវ សូមសង្កេតមើល យើងបានធ្វើកិច្ចការមនុស្សធម៌មួយដ៏ធំលើនាវា Westerdam ប៉ុន្តែខ្ញុំត្រូវបានគេជេរស្ដី ប្រមាថមកដល់សព្វថ្ងៃ ថាជាអ្នកនាំជំងឺចូលស្រុក​។ ឥឡូវនេះយើងដាក់ជាបញ្ហា តើវិបត្តិមនុស្សធម៌លើបញ្ហា Diamond Princess ហើយនិង ​MS Zaandam តើវាទៅជាយ៉ាងម៉េច មនុស្សមានស្លាប់នៅលើនោះហើយ … ខ្ញុំត្រូវបានគេស្តីបន្ទោសថា ជាមនុស្សខ្វះការយកចិត្តទុកដាក់ ដោយសារខ្ញុំបានទៅប្រទេសចិន ទី (១)។ ទី (២) ខ្ញុំឱ្យនាវា Westerdam  ចូល(ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ) រួចហើយខ្ញុំទៅស្វាគមន៍ផ្ទាល់។ (ខ្ញុំ)ត្រូវបានទទួលការស្តីបន្ទោសពីជនអគតិមួយចំនួន រាប់ទាំងជនបរទេសដែលសរសេរតាមសារព័ត៌មាន។ (ខណៈ)នៅក្នុងប្រទេសរបស់ខ្លួន(មានមនុស្ស)ស្លាប់គរជើង (ជនបរទេសទាំងនោះ)បែរជាមកបន្តុះបង្អាប់ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា/ឡាវ/មីយ៉ាន់មា/នេប៉ាល់/ស្រីលង្ការ។ ក៏ប៉ុន្តែ ឯងជាប្រទេសមាន ម៉េចក៏បណ្តោយឱ្យប្រជាជនស្លាប់។

ត្រូវវាយតម្លៃប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈតាមស្ថានភាពជាក់ស្តែង អ្នកណាស្លាប់ច្រើន/តិច

អ្វីដែលជាការតបតរបស់ខ្ញុំ អភិបាលកិច្ចល្អ ឬមិនល្អ វាស្ថិតនៅពេលនេះហើយ។ ស្ថិតនៅត្រង់ថា តើប្រទេសណាខ្លះបណ្តោយឱ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងជំងឺច្រើន និងស្លាប់ច្រើន? ប្រទេសណាក្រ/មាន លែងជាបញ្ហាហើយឥឡូវនេះ ព្រោះ(ប្រទេស)អ្នកក្រស្លាប់តិច (ប្រទេស)អ្នកមានស្លាប់ច្រើន។ ជំងឺនេះវាអត់គោរពអ្នកមានទេ … ឥឡូវ ការវិនិច្ឆ័យពិតប្រាកដ ដែលខ្ញុំ(សូម)ធ្វើអនុសាសន៍ជូនទៅអង្គការសុខភាពពិភពលោក វាយតម្លៃប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈតាមស្ថានភាពជាក់ស្តែង​។ តើប្រទេសណាខ្លះបណ្ដែត​បណ្តោយឱ្យប្រជាជនឆ្លង(ជំងឺ) ហើយស្លាប់ច្រើន។ ប្រទេសណាខ្លះដែលខិតខំ ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនពីការឆ្លង និងការស្លាប់។ ត្រូវវាយតម្លៃលើការជាក់ស្តែងអញ្ចេះវិញ កុំវាយតម្លៃផ្អែកលើអ្នកមាន/ក្រ។ ស្ថានភាពនេះអាចវាយតម្លៃតាមរបៀបជាក់ស្តែង និងអ្នកណាស្លាប់ច្រើន/តិចទៅវិញទេ។

បងប្អូនខ្មែររស់នៅក្រៅប្រទេស មានការភ័យខ្លាច និងត្អូញត្អែរពីប្រព័ន្ធការពារសុខភាពនៅទីនោះ

យើងពិតជាមានការធុញទ្រាន់ ចំពោះការមើលងាយពីសំណាក់អ្នកធ្វើអត្ថាធិប្បាយ អ្នកសរសេរសារព័ត៌ មានមួយចំនួន ដែលខ្វះការយល់ដឹង និងការគោរពចំពោះប្រទេសក្រីក្រ ក្នុងពេលដែលប្រទេសខ្លួនឯងស្នាក់នៅកំពុងមានហានិភ័យងាប់គរជើង។ ឥឡូវ (មានជនជាតិ)ខ្មែរយើង ស្លាប់នៅប្រទេសក្រៅ។ ខ្ញុំសូមសំដែងមរណទុក្ខ។ បងប្អូនកម្ពុជាដែលរស់នៅប្រទេសក្រៅ កំពុងមានការភ័យខ្លាច និងត្អូញត្អែរអំពីប្រព័ន្ធ ការ​ពារសុខភាពនៅទីនោះ ហើយផ្ញើសារជាបន្តបន្ទាប់ចូលមកក្នុងប្រទេស(អំពីការ)ព្រួយបារម្ភ ហើយមានអ្នកខ្លះចង់មករស់នៅស្រុកខ្មែរ ដោយឃើញថាស្រុកខ្មែរមានអ្នកជំងឺតិច។ ខ្ញុំសូមអង្វរករ នៅទីណា (គឺ)នៅទីនោះ។

ផ្នែកដទៃ សូមកុំមានការច្រណែន អំពីការដំឡើងប្រាក់ឧបត្ថម្ភ ចំពោះក្រុមគ្រូពេទ្យជួរមុខ

… ជាធម្មតា ខ្ញុំសម្រាកនៅពេលយប់ជ្រៅខ្លាំងណាស់ ប៉ុន្តែ ដោយសារឯកសារ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជូនទៅឱ្យខ្ញុំក្នុងពេលយប់ទៅហើយ ខ្ញុំក៏សម្រេចទៅលើការតម្លើងការឧបត្ថម្ភចំពោះគ្រូពេទ្យ។ សង្ឃឹមថា ការតម្លើងប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រូពេទ្យនៅជួរមុខនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដទៃទៀតនៅផ្នែកដទៃទៀតទេ ព្រោះនេះជាការលះបង់ខ្ពស់ណាស់ នៃគ្រូពេទ្យនៅជួរមុខ។ ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្ភទៅលើគ្រួសារ ដែលគាត់មិនបានជួបមុខរាប់ខែរួចទៅហើយនោះ។

សូមពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ១៥០ នាក់ ស្នាក់នៅទីនោះសិន

ខ្ញុំសូមយកឱកាសនេះ ក៏និយាយទៅកាន់ប្រជាពលរដ្ឋនោះនៅក្រៅប្រទេស គឺយកចិត្តទុកដាក់គោរពបែប បទនៅក្នុងប្រទេសរបស់គេនោះ។ ការសម្រេចចិត្តព្រឹកមិញនេះ គឺជាការសម្រេចចិត្តដោយឈឺចិត្ត។ ប៉ុន្តែ ខ្ញុំគ្មានជម្រើសក្រៅពីនេះទេ។ សុំបងប្អូននៅម៉ាឡេស៊ី ១៥០ នាក់ ដែលត្រៀមហោះហើរចូលមកកាន់កម្ពុជានៅថ្ងៃនេះ មេត្តាយោគយល់។ ព្រឹកនេះ មានជើងហោះហើរដោយដឹកមនុស្សមួយចំនួន ក្នុងនោះមានពល​រដ្ឋកម្ពុជាពីម៉ាឡេស៊ីមកកាន់កម្ពុជា ១៥០ នាក់ ហើយយន្តហោះដដែលនេះ ត្រូវដឹកជនជាតិម៉ាឡេស៊ី និងជនជាតិមួយចំនួនផ្សេងទៀតត្រឡប់ទៅវិញ។ ខ្ញុំដេកមិនលក់សោះយប់មិញនេះ។ ក្រោយពីម៉ោង ១២ យប់ហើយ ម៉ោង ៤:៣០ នាទី ខ្ញុំភ្ញាក់។ ចេះបង ម៉ម ប៊ុនហេង គាត់ភ្ញាក់មុន។ គាត់វាយមកសួរយោបល់។ ធម្មតាម៉ោង ៣ (ទៀបភ្លឺ) គាត់ភ្ញាក់ហើយ ខ្ញុំតែងតែឆ្លើយតបទៅគាត់វិញនៅក្នុងចន្លោះម៉ោង ៥ (ទៀបភ្លឺ) អីប៉ុណ្ណឹង។ ប៉ុន្តែ លើកនេះ មើលទៅក្នុងម៉ោង ខ្ញុំឆ្លើយតបតាំងពីម៉ោង ៤(ទៀបភ្លឺ) ប្លាយឯណោះ។ អញ្ចឹង ខ្ញុំនិយាយទៅឱ្យ ប្រាក់ សុខុន។ បង ម៉ម ប៊ុនហេង ប្រាប់ថាព័ត៌មាននេះបានទទួលពីកូនប្រសារខ្ញុំទៅទៀត។ ខ្ញុំក៏ទូរស័ព្ទទៅកូនប្រសាររបស់ខ្ញុំ។ ឯកូនប្រសាររបស់ខ្ញុំវាស្មានតែខ្ញុំជាប្តីរបស់វាទៅទៀត ព្រោះប្តីរបស់វាទៅដេកនៅបន្ទាយឯណោះ។ មេទាហានមិនមែនដេកនៅផ្ទះទេ ដេកនៅបន្ទាយ។ អញ្ចឹងទេ ដំបូងវាហៅបង។ វាស្មានតែខ្ញុំប្តី(របស់)វា រួចហើយបានវាសុំទោស។ ថាកូនឯងបានទទួលដំណឹងហ្នឹងពីណា? ថាបានទទួលពីរដ្ឋមន្ត្រី ដែលទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ខ្ញុំទាក់ទងផ្ទាល់ថា ឥឡូវឱ្យបញ្ឈប់​។ ដំបូងបញ្ឈប់ ក្រោយមកគាត់សុំហោះមកដោយយន្តហោះទទេ។ យើងទទួល។ ប៉ុន្តែមានលិខិតលាយលក្ខណ៍អក្សរធានា ហើយប្រសិនបើមកមានមនុស្សជិះ យើងមិនអនុញ្ញាតឱ្យបើកទ្វារយន្តហោះទេ ចាក់សាំងហើយឱ្យហោះត្រឡប់ទៅវិញ។

សុំឱ្យពលរដ្ឋខ្មែរយើងនៅម៉ាឡេស៊ី ១៥០ នាក់ ស្នាក់នៅទីនោះសិន។ អ្នកណានៅទីណា នៅទីនោះសិន កុំអាលចល័ត … និស្សិតខ្មែរម្នាក់មកពីអាមេរិក/ជប៉ុន។ មកដល់ចូលទៅចាក់អង្រែភ្លាម ទៅទទួលការព្យាបាល​។ យើងទើសទាល់។ បងប្អូនអាចចោទសួរថា ម៉េចបានទទួល(នាវា) Westerdam ឱ្យចូល ឥឡូវ ពល​រដ្ឋ​ខ្មែរម៉េចមិនឱ្យចូល? ដំណាក់កាល Westerdam មិនមែនជាដំណាក់កាលឆ្លងទេ។ ពិតមែនហើយ មនុស្ស​មួយចំនួនចោទខ្ញុំថា ខ្ញុំនាំជំងឺចូល រហូតទៅដល់ មានការរើសអើងថា ខ្ញុំអាចឆ្លងជំងឺហ្នុង ដោយ​សារ​តែខ្ញុំទៅកៀកកិតជាមួយនឹងអ្នក(ទេសចរនៅលើនាវា) Westerdam និងទៅប្រទេសចិនផង។ ប៉ុន្តែ ស្ថានភាពឥឡូវនេះ ការចម្លងពីខាងក្រៅចូលក្នុងស្រុក គឺស្ថិតនៅក្នុងស្ថានភាពសំខាន់ណាស់ ដែលបន្តិចទៀតខ្ញុំនឹងនិយាយអំពីសមរភូមិមួយ បើកមុខព្រួញ ៣ ក្នុងការវាយ ដោយឈរលើគោលការណ៍ក្របខណ្ឌជាយុទ្ធនាការជាយុទ្ធសាស្ត្រ និងជាក្របខណ្ឌគោលនយោបាយ។

កងកម្លាំងនៅក្រៅប្រទេស ត្រូវប្រុងប្រយ័ត្ន សូមធ្វើរបាយការណ៍ជាប្រចាំពីការថែទាំសុខភាព

ខ្ញុំសូមយកឱកាសនេះអំពាវនាវទៅកាន់កងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសដែលកំពុងមានការឆ្លង (ក្នុងនោះមាន) អាហ្វ្រិកកណ្តាល ម៉ាលី លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ជាពិសេស នៅលីបង់ ចំនួនកើនឡើង។ ដូច្នេះ កងទ័ពកម្ពុជានៅទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្ន។ អ្នកទទួលខុសត្រូវកងរក្សាសន្តិភាព ត្រូវតែតាមពិនិត្យ ហើយឱ្យមានរបាយការណ៍ជាក់លាក់ជាប្រចាំអំពីកម្រិតនៃការថែទាំរបស់អង្គការសហ ប្រជាជាតិនៅទីនោះ ដើម្បីការពារកងទ័ពរបស់យើងនៅខាងក្រៅ។ ពិតហើយ ជាភារកិច្ចទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែ កុំភ្លេចថា យើងក៏ជាសមាជិកអង្គការសហប្រជាជាតិ យើងក៏មានមន្ត្រី ក្នុងសេនាធិការនៃកងកម្លាំងរក្សាសន្តិភាព ហើយយើងក៏ជាប្រទេសម្ចាស់កងទ័ព ដែលបានបញ្ជូនទៅឱ្យ រក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ យើងក៏ត្រូវមានការទទួលខុសត្រូវលើបញ្ហានេះផងដែរ​។ នៅពេលកងទ័ពយើងមិនអាចនិយាយទៅកាន់អង្គការសហប្រជាជាតិបាន រាជរដ្ឋាភិបាលយើងធ្វើ ទំនាក់ទំនងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅលើបញ្ហានេះក៏បានដែរ។

ប្រយុទ្ធលើមុខព្រួញ ៣ ក្នុងពេលតែមួយ

ឥឡូវ និយាយទៅដល់ការប្រយុទ្ធបន្តរបស់យើង តើយើងកំពុងប្រយុទ្ធរបៀបម៉េចនៅពេលនេះ? ខ្ញុំអាច និយាយតាមមួយបែបជារបៀបយោធា ប៉ុន្តែ វាជាវិស័យវេជ្ជសាស្ត្រ។ សព្វថ្ងៃនេះ យើងកំពុងបន្តប្រយុទ្ធ លើមុខព្រួញបីក្នុងពេលតែមួយ។ តើអ្វីទៅជាមុខព្រួញបីក្នុងពេលតែមួយ? ទី (១) ប្រយុទ្ធជាមួយនឹងការឆ្លងចូលមកពីខាងក្រៅ នេះជាបញ្ហាសំខាន់ជាងគេ។ យើងបានឃើញហើយ អ្នកឆ្លងមកដល់ពេលនេះមាន ១១៥ នាក់ ក្នុង ១១៥ នាក់នេះ គឺជាប្រភេទនាំចូលស្ទើរតែទាំងអស់ ដែល(នាំឱ្យ)មានការឆ្លងនៅក្នុងស្រុក​​ ហើយអ្នកឆ្លងពីខាងក្នុងក៏នាំចូល​ពីខាងក្រៅដែរ​។ ដូច្នេះហើយបានជាការប្រយុទ្ធចំពោះមុខព្រួញការឆ្លងពីខាងក្រៅចូលមកខាងក្នុងប្រទេស ត្រូវតែបន្តធ្វើ ដែលយើងបានដោះស្រាយមួយកម្រិតហើយ រាប់ទាំងព្រឹកមិញ ប៉ុន្មានម៉ោងមុននេះ ដែលខ្ញុំចេញបញ្ជាមិនឱ្យដឹកខ្មែរនៅម៉ាឡេស៊ីចំនួន ១៥០ នាក់។ បើយកមកគ្រាន់តែយកទៅដាក់នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រួចហើយបង្កើតគ្រូពេទ្យដើម្បីទៅយកសំណាក ទៅយកស្អីៗហ្នឹង។ យើងកំពុងតែរវល់ស្រាប់។ អញ្ចឹង បើនៅម៉ាឡេស៊ីបានហើយ នៅសិនទៅ។ យើងមិនដាច់ចិត្តពីប្រជាពលរដ្ឋរបស់យើងទេ ក៏ប៉ុន្តែពេលនេះត្រូវយល់អំពីការលំបាករបស់ប្រជាជននៅក្នុងប្រទេស​។

សូមយោបល់ខ្ញុំពីល្ងាច ឯកឧត្តម ម៉ម ប៊ុនហេង ឱ្យ ឃួង ស្រេង សុំយោបល់។ ខ្ញុំបានឆ្លើយតបទៅ ឃួង ស្រេង នៅក្រោយម៉ោង ១១ យប់ឯណោះទៅវិញទេ ដោយសារតែខ្ញុំជាប់នូវកិច្ចការទាក់ទងទៅនឹងពិនិត្យឯកសារ និងការត្រៀមបម្រុង។ ជាធម្មតា ខ្ញុំតែងវាយ Note ខ្លួនឯងនូវចំណុចគោលៗ ហើយខ្ញុំពិនិត្យផ្ទៀងផ្ទាត់ចុះឡើងជាមួយនឹងឯកសារជំនួយស្មារតីមួយចំនួនដែលបញ្ជូនពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទៅឱ្យខ្ញុំ។ អញ្ចឹងទេ ឥឡូវយើងមានវិធានការរឹតត្បិតលើបញ្ហាដូចជាទិដ្ឋាការជាដើម។ ទិដ្ឋាការពីមុនឱ្យ E-Visa ឬទិដ្ឋាការពេលមកដល់ យើងក៏បានផ្អាកអាហ្នឹង។ យើងរឹតត្បិតមួយចំនួនផ្សេងទៀត ទាក់ទងនឹងការដាក់ឱ្យនៅដោយឡែក និងវិធានការចាំបាច់ផ្សេងទៀត ដើម្បីធានាថា កុំឱ្យមានការចូលមកដល់នៃជំងឺ។ យើងឃើញហើយថា មកពីខាងក្រៅ ខ្មែរយើងដែលឆ្លង ៤ នាក់ ប្ដីប្រពន្ធ ទៅប្រទេសបារាំង ត្រឡប់មកវិញនាំជំងឺមកជាមួយ មកឆ្លងបានកូន ២ នាក់ទៀត បាន ៤នាក់។ ជនជាតិបារាំងមកពីបារាំងឆ្លងកាត់សិង្ហបុរី មកដល់ឆ្លងទាំងអស់ ពីមុនឆ្លងតែឪពុក និងកូន ឱ្យម្ដាយមើល ឥឡូវឆ្លងទាំងម្ដាយទៀត។ ឃើញទេ? ស្ថានភាពវាបែបហ្នឹង។ អញ្ចឹងបានជាយើងត្រូវបន្តការប្រយុទ្ធជាមួយនឹងការឆ្លងមកពីខាងក្រៅ។

រាជរដ្ឋាភិបាលមានកង្វល់ចំពោះបងប្អូនពលករមកពីប្រទេសថៃ

រាជរដ្ឋាភិបាលពិតជាមានកង្វល់ជាមួយនឹងបងប្អូនពលករដែលមកពីប្រទេសថៃ។ យើងដឹងហើយថា បងប្អូនមកជាង ៦ ម៉ឺននាក់នេះ មានការគ្រប់គ្រងបានល្អ ទាំងផ្ទាល់ខ្លួនគិតគូរ ទាំងក្រុមគ្រួសារគិតគូរ ទាំងសហគមន៍មានការគិតគូរ។ អ្វីដែលយើងបានត្រៀមបម្រុងជាង ៣ ពាន់បន្ទប់ ឥឡូវនេះមានចំនួនច្រើនជាងហ្នឹង។ គ្រាន់តែស្រុកពារាំងមួយរបស់ខេត្តព្រៃវែង មានពលករចំណាកស្រុកជាង ៩ ពាន់នាក់ ប៉ុន្តែគាត់ត្រលប់មកវិញតែប៉ុន្មានរយនាក់ទេ។ ក្នុងប៉ុន្មានរយនាក់នេះ គេបង្កើតនូវកន្លែងដាក់នៅដាច់ដោយឡែកតាមសាលារៀនផ្សេងទៀត ដោយមិនគិតក្នុងចំណោមជាង ៣ ពាន់បន្ទប់ ដែលយើងបានត្រៀមបម្រុងសម្រាប់ជាកន្លែងព្យាបាល និងជាកន្លែងសម្រាប់ការដាក់ឱ្យនៅដោយឡែកនោះទេ។ អញ្ចឹងយើងមានច្រើនជាងនេះ។ ប៉ុន្តែ ទោះបីមានការព្រួយបារម្ភយ៉ាងណាក៏ដោយ យើងមិនអាចបិទទល់ដែនមិនឱ្យប្រជាជនយើងចូលប្រទេសវិញនោះទេ តែត្រូវមានវិធានការកុំឱ្យជំងឺនេះឆ្លងមកដល់ក្នុងប្រទេស និងក្រុមគ្រួសាររបស់ខ្លួន។

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមានការងារធ្វើត្រឹមត្រូវ នឹងមិនវិលត្រឡប់ចូលមកក្នុងប្រទេសក្នុងរយៈពេលចូលឆ្នាំនេះទេ។ មានបងប្អូនមួយចំនួនដែលទៅធ្វើការដោយខុសច្បាប់ ចេះតែមកតាមរបៀងនេះ/នោះ។ នៅក្នុងជម្រើសដែលគណៈកម្មការប្រឆាំងនឹង ​Covid-19 បានធ្វើការប្រជុំ ខ្ញុំសម្រេចជ្រើសរើសយកជម្រើសទីបួន គឺអនុញ្ញាតឱ្យមានការវិលត្រលប់ដោយមានការត្រួតពិនិត្យ ដោយមានការដឹកជញ្ជូនទៅដល់មូលដ្ឋាន ដោយមានការគ្រប់គ្រងនៅឯមូលដ្ឋាន។ ប៉ុន្តែសម្រាប់បងប្អូនដទៃទៀត ដែលមានការងារធ្វើ ឬក៏មានលទ្ធភាពដើម្បីរស់នៅទីនោះ សុំរស់នៅទីនោះ កុំមកក្នុងប្រទេស។ មកក្នុងប្រទេសត្រូវដាក់ឱ្យនៅ ១៤ ថ្ងៃដាច់ដោយឡែកពីគេ។ ចង់ត្រឡប់ទៅប្រទេសថៃវិញ ក៏ទៅមិនបានក្នុងពេលដែលថៃប្រកាសគ្រាមានអាសន្ន ហើយប្រសិនបើទៅបាន ក៏គេដាក់ឱ្យនៅ ១៤ ថ្ងៃថែមទៀត។ ដូច្នេះមិនចាំបាច់មកល្អជាងមក។ នៅក្នុងប្រទេសថៃនោះសុវត្ថិភាពជាង ពិតមែនហើយ គឺថាប្រទេសថៃនោះឆ្លងរាលដាលដោយមានការលំបាកក្នុងការគ្រប់គ្រង។

សូមបញ្ជាក់ជូនថា ការប្រយុទ្ធប្រឆាំងនឹងការឆ្លងពីខាងក្រៅ គឺជាមុខព្រួញអាទិភាព ដែលផ្នែកកងទ័ពគេចាត់ទុកថាមុខព្រួញសំខាន់សម្រាប់ការវាយលុកតែម្ដង។ ប៉ុន្តែ យើងនៅទីនេះគ្មានទេពាក្យថាវាយលុក គឺត្រឹមតែទប់ទល់កុំឱ្យវារីករាលដាលតាមរយៈការចម្លងពីខាងក្រៅ។ មុខព្រួញទី ២ ដែលយើងកំពុងតែប្រយុទ្ធ (គឺ)ទប់ស្កាត់កុំឱ្យឆ្លងពីអ្នកកើតទៅអ្នកមិនទាន់កើត។ នេះគឺជាវិធានការដែលយើងបាន និងកំពុងធ្វើរួចហើយ ត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត។ ចំណុចនេះយើងមានវិធានការច្រើនហើយ ដូចជាការបិទសាលារៀនឱ្យវ៉ាកងមុនការកំណត់ ប៉ុន្តែប្រហែលជាមិនអាចនឹងបើកសាលារៀនក្រោយចូលឆ្នាំខ្មែរបានទេ។ បើយោងទៅលើការវិវត្តនៃសភាពការណ៍បែបនេះ ឆ្នាំនេះអាចនឹងការរៀនជួបការលំបាក។

យើងអំពាវនាវឈប់ឱ្យមានការប្រមូលផ្ដុំនៅតាមទីអារាម ពិធីសាសនាផ្សេងៗ។ ប៉ុន្តែក៏សុំបញ្ជាក់ដែរ ខ្ញុំបានស្ដាប់លឺនូវសំលេងអ្នកនិយាយឆ្លងឆ្លើយគ្នាថា យើងឈានទៅបិទវត្តអារាម គ្មានរឿងហ្នឹងកើតឡើងទេ។ គ្មានវត្តអារាមណាមួយត្រូវបិទ គ្មានវិហារសាសនាឥស្លាមណាមួយត្រូវបិទ ហើយក៏គ្មាននូវវិហារគ្រីស្ទសាសនាណាមួយត្រូវបិទនោះដែរ។​ ប៉ុន្តែ រាជរដ្ឋាភិបាលអំពាវនាវឱ្យព្រះសង្ឃ ក៏ដូចជាសាសនិកឥស្លាមចូលថ្វាយ​បង្គំស្អីៗតាមផ្ទះ ហើយបើសិនជាសូត្រមន្តនានា សូត្រនៅតាមកុដិរៀងខ្លួនទៅ។ ត្រូវប្រើគម្លាត​សង្គម​នេះ។ បើថា អង្គុយឆាន់ៗ ឱ្យឃ្លាតពីគ្នាឆ្ងាយបន្តិចទៅ … អ្នកឃោសនាឯងប្រយ័ត្នប្រយែងពាក្យសម្ដីបន្ដិច ដំណាក់កាលនេះគឺអត់បានទេ … មិនអាចឱ្យអ្នកឯងបំភ្លៃព័ត៌មានបានទេ។

យើងបិទក្លឹបរាត្រី ខារ៉ាអូខេ ឬការប្រគុំតន្រ្ដីតាមទីលានសាធារណៈ ប៉ុន្តែ យើងក៏អនុញ្ញាតឱ្យមានការផ្សាយបន្តផ្ទាល់ការប្រគុំតន្រ្ដី ឬក៏ជាកីឡាប្រដាល់ តែគេហៅថាបិទទ្វារ។ បិទទ្វារវាយគ្នាទៅ រួចហើយកុំឱ្យប្រជាពលរដ្ឋយើងអផ្សុក គាត់ត្រូវការមើលគេសម្ដែង គេប្រគុំតន្រ្ដីតាមទូរទស្សន៍នានា។ គេត្រូវការវាយបុក ការពិត យើងអត់បានហាមឃាត់កីឡាវាយប្រដាល់ទេ ក៏ប៉ុន្តែលោក តែម ម៉ឺន សហព័ន្ធកីឡាប្រដាល់ គាត់សម្រេចធ្វើអាហ្នឹង។ អត់មនុស្សច្រើនទេ មនុស្សតែប៉ុន្មាននាក់ គឺថា វាយ ៥ គូ មនុស្ស ១០ នាក់ ហើយមុននឹងវាយអ្នកណាមាន Covid-19 គេមិនឱ្យទៅវាយទេ កុំឆ្ងល់ពេក។ អ្នកឱ្យទឹក ពេទ្យ អ្នកចៅក្រម តែប៉ុន្មាននាក់ យើងថាអស់ហើយ ៣០ នាក់ ឱ្យគាត់អង្គុយឃ្លាតពីគ្នាទៅ រួចហើយផ្សាយបន្តផ្ទាល់ឱ្យប្រជាពលរដ្ឋរបស់យើង គាត់មើលពីផ្ទះត្រលប់មកវិញ។ កុំឱ្យប្រទេសយើងវាស្ងាត់ពេក … យើងមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ តែយើងក៏មិនបណ្ដែតបណ្ដោយឱ្យមានការប្រមូលផ្ដុំទៅមើលការប្រគុំតន្រ្ដី ទៅមើលការវាយបុកនោះទេ។ នៅប្រទេសថៃគេរកឃើញថា កន្លែងមេរោគឆ្លងច្រើនជាងគេចេញពីអាកន្លែងវាយបុកហ្នឹងតែម្ដង។ នេះយើងក៏ត្រូវរកពិសោធន៍ហ្នឹងផងដែរ។

វិធានការដែលសំខាន់បំផុត គឺការអប់រំប្រជាពលរដ្ឋតែម្តង។ ប្រជាពលរដ្ឋរបស់យើងភ្ញាក់រលឹកចេះការពារខ្លួន ខ្ញុំគិតថា នេះជាដំណាក់កាលដែលប្រជាពលរដ្ឋកម្ពុជាមានការផ្លាស់ប្តូរឥរិយាបថ ពីភាពដែលខ្វះអនាម័យ ទៅភាពដែលមានអនាម័យ។ ការអប់រំបានជ្រួតជ្រាប ហើយការដែលក្បាលម៉ាស៊ីនបានផ្សព្វផ្សាយជាវិទ្យុ ជាទូរទស្សន៍ ជាអនឡាញ​ ជាសារព័ត៌មានទាំងអស់បានចូលរួមគគ្រឹកគគ្រេង ដែលខ្ញុំសូមអរគុណចំពោះអ្នកសារព័ត៌មាន និងស្ថានីយទូរទស្សន៍/វិទ្យុ ក៏ដូចជាក្រុមអនឡាញ ហ្វេសប៊ុកស្អីៗហ្នឹង។ តែខ្ញុំមិនអរគុណទេ ជាមួយអាអ្នកបំផុសព័ត៌មានបំពុលនោះ … និយាយឱ្យត្រង់កំពុងតាមរកចាប់ខ្លួន ព្រោះបំពុលអានេះងាប់អានោះងាប់។ ហើយឥឡូវងាប់អស់ប៉ុន្មានហើយពិតប្រាកដនោះ ឥឡូវគិតតែខ្លួនឯងទៅ ក្រែងលោអា Covid-19 វាទៅរកអាហ្នឹងនោះ។

ចំណុចល្អនៅត្រង់នេះ យើងគ្រប់គ្រងបានចំណុចដែលយើងត្រូវឃើញ យើងវាយតម្លៃបានត្រឹមត្រូវក្នុងរយៈពេលកន្លងទៅ។ យើងមានប្រតិបត្តិការយន្តការរហ័ស នៅត្រង់ថា យើងបានវាយតម្លៃត្រូវ ហើយករណីដែលកើតក្នុងប្រទេសរបស់យើងជាករណីបុគ្គល និងជាករណីគេហៅថា ចង្កោមទ្រង់ទ្រាយតូច។ ម៉េចបានយើងត្រូវនិយាយអញ្ចឹង? ប្រតិបត្តិការយន្តការរបស់យើងវារហ័ស? ដូចជាយើងឃើញក្មួយប្រុសម្នាក់នៅសៀមរាបកើត Covid-19 ដែលឆ្លងពីជនជាតិជប៉ុន ភ្លាមនោះក្រុមប្រតិបត្តិការបានចុះទៅដល់ទីកន្លែង ដែលក្នុងនោះក៏មានលោកជំទាវ ឱ វណ្ណឌីន ទៅកាន់ទីនោះផងដែរ។ អញ្ចឹងយើងរុករកភ្លាមនូវអ្នកជាប់ពាក់ព័ន្ធទាំងឡាយ។ អ្នកណាធ្លាប់ដើរជាមួយជនជាតិជប៉ុននេះខ្លះ រកឃើញភ្លាមជាមួយអ្នកនេះ អ្នកណាធ្លាប់ពាក់ព័ន្ធជាមួយជនជាតិជប៉ុន ទាំងអ្នកបើកបរ ទាំងអាកង់បី ទាំងស្អីៗប្រមូលយកមក អាហ្នឹងគេហៅឆ្លងជាបុគ្គល និងបង្កើតជាចង្កោមទ្រង់ទ្រាយតូច។

ប្រសិនបើយើងអត់មានយន្តការប្រតិបត្តិការរហ័សទេ ចង្កោមទ្រង់ទ្រាយតូចនេះ វានឹងរីកជាចង្កោមទ្រង់​ទ្រាយធំ ហើយវានឹងរីករាលដាលដល់សហគមន៍តែម្តង។ ប៉ុន្តែក្រសួងសុខាភិបាលរបស់យើង ពេទ្យរបស់យើងក្រ ដែលអ្នកសរសេរមួយចំនួនមើលងាយ ក៏ប៉ុន្តែយើងធ្វើការងារនេះល្អ។ យើងឃើញករណីចង្កោមទ្រង់ទ្រាយតូច​ទី ១ ករណីសៀមរាប ទី ២ ករណីបងប្អូនទៅធ្វើពិធីសាសនានៅឯម៉ាឡេស៊ី ត្រឡប់មកវិញឆ្លង យើងដើរប្រមូលមកវិញទាំងអស់ដោយការស្ម័គ្រចិត្តរបស់បងប្អូនទាំងនោះ។ ឥឡូវនេះដូចជានៅសល់តែ ១០ នាក់ទេ ក្នុងចំណោមអ្នកដែលឆ្លង … បណ្តាញចាក់ទៅព្រះវិហារ បណ្តាញចាក់ទៅសៀមរាប បណ្ដាញចាក់ទៅកំពត បណ្ដាញចាក់ទៅកោះកុង យើងតាមរកទាំងអស់។ ដូច្នេះធ្វើឱ្យការរីករាលដាលជាចង្កោមនេះវាស្ថិតនៅក្នុងទ្រង់ទ្រាយតូច វាមិនអាចរីកទៅទ្រង់ទ្រាយធំ បើយើងទុកតែ ១០ ថ្ងៃ ២០ ថ្ងៃតទៅទៀត វានឹងរីកជាចង្កោមទ្រង់ទ្រាយធំ ហើយរាលដាលចូលសហគមន៍តែម្តង។

អញ្ចឹងនៅពេលខាងមុខ ខ្ញុំសូមស្នើជាអនុសាសន៍ទេ ខ្ញុំមិនមែនគ្រូពេទ្យទេ ក៏ប៉ុន្តែដោយយោងទៅលើបទពិសោធន៍នៃការគ្រប់គ្រងប្រទេស តិចឬច្រើនយើងក៏អាចយល់បាន ខ្ញុំក៏អាចធ្វើរដ្ឋមន្ត្រីសុខាភិបាលបានដែរ ទោះបីជាខ្ញុំអត់ចេះពេទ្យ ព្រោះវាមិនចាំបាច់ទាល់តែចេះពេទ្យបានធ្វើរដ្ឋមន្ត្រីសុខាភិបាលបានឯណា។ ម្តងនោះ ខ្ញុំស្នើឱ្យ ឯកឧត្ដម ឌិត មន្ទី ដែលឥឡូវជាប្រធានតុលាការកំពូលធ្វើរដ្ឋមន្ត្រីសុខាភិបាល តែគាត់មិនព្រម។ នៅក្នុងឆ្នាំ ១៩៩៣ ដែលខ្ញុំស្នើឱ្យ ឯកឧត្តម ឌិត មន្ទី ធ្វើរដ្ឋមន្ត្រីសុខាភិបាលនៅពេលនោះ ព្រោះអ្នកនយោបាយក៏អាចធ្វើរដ្ឋមន្ត្រីសុខាភិបាលបានដែរ … រដ្ឋមន្ត្រីណែនាំជាគោលការណ៍តែប៉ុណ្ណោះ។ ខ្ញុំមិនមែនជារដ្ឋមន្ត្រីសុខាភិបាល … ក៏ប៉ុន្តែខ្ញុំអាចនឹងមានការយល់ដឹង។ បើដឹកនាំទាំងងងឹតងងល់ តើយើងដឹកនាំរបៀបម៉េច? យើងមានរួចទៅហើយករណីឆ្លងជាបុគ្គល និងកម្រិតនៃគេហៅចង្កោមទ្រង់ទ្រាយតូច។ អញ្ចឹងត្រូវកម្រិតក្របខណ្ឌនៃយុទ្ធនាការរបស់យើងឱ្យនៅកម្រិតប៉ុណ្ណា កុំឱ្យរីករាលដាលទៅជាចង្កោមទ្រង់​ទ្រាយធំ និងទៅជាការរីករាលដាលក្នុងសហគមន៍។ គ្រោះថ្នាក់បំផុតក្នុងការបណ្តាលឱ្យរីករាលដាលទៅដល់សហគមន៍ នេះជាចំណុចដែលត្រូវខិតខំចៀសវាងឱ្យខាងតែបាន។

ឧទាហរណ៍៖ ឥឡូវម្នាក់ដែលកើតនៅកោះពេជ្រ ខ្ញុំបានឃើញវិធានការនោះ ហើយឯកភាពហើយ។ អ្នកនៅក្នុងខុនដូហ្នឹងទាំងប៉ុន្មាន គឺត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅក្នុងខុនដូនោះតែម្តង រួចហើយយកសំណាកទៅពិនិត្យ។ ក្នុងករណីពិនិត្យឃើញថា សំណាកហ្នឹងវិជ្ជមានហើយ ត្រូវយកទៅកាន់មន្ទីរពេទ្យ។ អញ្ចឹងមិនអនុញ្ញាតឱ្យអ្នកហ្នឹងទៅណាទេ ហ៊ុមព័ទ្ធកន្លែងហ្នឹងភ្លាម។ ធ្វើយ៉ាងនេះ ដើម្បីចៀសវាង(ថា) មនុស្សនេះ និងបើសិនជាក្នុងចំណោមហ្នឹង មានអ្នកណាដែលទៅនៅក្រៅហើយ ត្រូវតាមរកអ្នកហ្នឹងត្រឡប់មកវិញ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកសិន។ ហើយនៅដោយឡែកនេះ គឺនៅខុនដូហ្នឹងតែម្តង។ ទប់ស្កាត់ប៉ុណ្ណឹងសិន កុំឱ្យមនុស្សដែលមានការពាក់ព័ន្ធ ធ្វើចលនាទៅកាន់មនុស្សដទៃទៀត ដែលនាំទៅដល់ការសាយភាយកាន់តែធំ។

អញ្ចឹងទេ ក្រុមគ្រូពេទ្យយើងវាយតម្លៃបានត្រឹមត្រូវ ហើយមានយន្តការឆ្លើយតបបានក្នុងល្បឿនមួយលឿន ដែលខ្ញុំសូមបន្តឱ្យយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះតទៅទៀត។ យន្តការនេះ ជាយន្តការផ្តល់ព័ត៌មាន ហើយខ្ញុំដឹងថាខាងផ្នែកចារកម្មរបស់កងទ័ពក៏បានជួយលើកិច្ចការងារនេះច្រើនដែរ ស្រាវជ្រាវបណ្តាញថា អ្នកនេះទៅកន្លែងណា អ្នកនោះទៅកន្លែងណា។ ខាងនគរបាលក៏គេជួយលើបញ្ហាហ្នឹង ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធ។ សូម្បីតែកាមេរ៉ាសុវត្ថិភាព ក៏គេជួយបង្ហាញដែរ ដូចជាករណីនៅសៀមរាប កាមេរ៉ាសុវត្ថិភាពបានបង្ហាញអំពីជនជាតិជប៉ុនជិះស្អីខ្លះៗ​ បង្ហាញទៅយើងក៏បានយកអ្នកនោះមក។ ដូច្នេះ ប្រើគ្រប់មធ្យោបាយទាំងអស់។ ខិតខំកម្រិតឱ្យវានៅក្នុងក្របខណ្ឌបុគ្គល ហើយប្រសិនបើវាមានការឆ្លង ក៏ឆ្លងគេហៅនៅក្នុងចង្កោមទ្រង់ទ្រាយតូច។ ដូចជាគ្រួសារមួយ ឪពុកម្តាយ ២ នាក់ មកពីស្រុកបារាំង មកចម្លងបានតែកូន ២ ប៉ុណ្ណឹងទេ ក្រៅពីនោះអត់មានអី។ អញ្ចឹងកម្រិតឱ្យនៅតែប៉ុណ្ណឹង ដល់អ្នកហ្នឹងជាហើយ តែប៉ុន្មានថ្ងៃក្រោយទៅគាត់ត្រូវជាហើយ។

អញ្ចឹងទេ ចំណុចនេះគឺជាចំណុចដែលយើងធ្វើបានល្អ។ យើងមិនទាន់មានចង្កោមករណីទ្រង់ទ្រាយធំ និងសហគមន៍ទេ ហើយតាមរយៈវិធានការទាំងអស់នេះ រាជរដ្ឋាភិបាលក៏គ្មានផែនការបិទរោងចក្រ គ្មានគម្រោងបិទផ្សារលក់ដូរ ហាងបាយ ហាងលក់ទំនិញ ហាងគុយទាវ ហាងកាហ្វេ។ ប៉ុន្តែរាជរដ្ឋាភិបាលសម្រេចប្រកាសថ្ងៃនេះ គឺផ្អាកចូលឆ្នាំខ្មែរ ដែលកាលមុននេះ PNN បានសួរខ្ញុំ ខ្ញុំបានឆ្លើយថា មិនចង់ឆ្លើយទេ ទុកឱ្យឆ្ងល់។ អ្នកទាំងអស់នៅចាំបានហើយ។ ពេលនោះជាពេលវេលាមិនទាន់ដល់ពេលដែលខ្ញុំត្រូវយកការសម្រេចទេ។ ពេលនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍ឱ្យខ្ញុំរួចស្រេចទៅហើយ អំពីវិធានការដែលគណៈកម្មការបានធ្វើការប្រជុំអំពីជម្រើសនៅក្នុងការផ្អាកចូលឆ្នាំ។ ប៉ុន្តែខ្ញុំបានផ្ដល់ចំណារត្រឡប់មកវិញ គឺមិនយល់ព្រម។ ជម្រើសលុបចោលការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងអនុញ្ញាតឱ្យបន្តការងារជាប្រក្រតីទាំងស្ថាប័នរដ្ឋ និងឯកជន។ មិនមែនបានសេចក្តីថា ការសម្រេចចិត្តថ្ងៃនេះគ្មានការផ្តល់មតិពីគណៈកម្មការក្នុងការប្រយុទ្ធទេ។ គណៈកម្មការបានធ្វើការស្នើសុំយោបល់មកខ្ញុំនៅថ្ងៃទី ៣០ ខែ មីនា គឺថ្ងៃដែលខ្ញុំប្រជុំសភានោះឯង ដែលខ្ញុំឆ្លើយនឹងសភាថា មិនចង់ឆ្លើយទេ ទុកឱ្យឆ្ងល់។ ល្ងាចថ្ងៃនោះ ខ្ញុំក៏បានចារ គឺយកជម្រើសទី ២ ជម្រើសទី ១ ផ្អាកចូលឆ្នាំខ្មែរ ជម្រើសទី ២ ឱ្យសម្រាកចូលឆ្នាំ ប៉ុន្តែត្រូវមានវិធានការ។ ខ្ញុំសម្រេចយកជម្រើសទី ២។ ឥឡូវខ្ញុំសម្រេចយកជម្រើសទី ១ វិញ គឺជម្រើសផ្អាកចូលឆ្នាំខ្មែរ ហើយតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញ នៅពេលសមស្រប ចំនួន ៥ ថ្ងៃនៃថ្ងៃធ្វើការ។

អញ្ចឹងកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័ន គឺជាជម្រើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឱ្យដើរលេង សភាពការណ៍នេះក្រោយចូលឆ្នាំខ្មែរអាចនឹងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេ សុំបងប្អូន មន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ/ការិនីរបស់យើង មេត្តាយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិ … អ្វីដែលជាគ្រោះថ្នាក់គឺប្រជាពលរដ្ឋ ដែលសូម្បីតែឥឡូវមិនទាន់ដល់ពេលចូលឆ្នាំចាប់ផ្តើមជល់កែវគ្នា ហើយនៅទីធ្លា គម្លាតសុវត្ថិភាពលែងគិតហើយ​។ ខ្ញុំមានតែមកជ្រើសរើសជំរើសហ្នឹងត្រឡប់មកវិញ។ អញ្ចឹងទេ សុំឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ចេញពីនេះទៅប្រជុំបន្ទាន់ ចាត់វិធានការឱ្យបណ្តារោងចក្រ ក្រុមហ៊ុននានា បន្តធ្វើការ ហើយខាងរដ្ឋ តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីចេញ(ការណែនាំ)ទៅ ស្ថាប័នរដ្ឋត្រូវបន្តការងារធម្មតា។ ផ្នែកវិស័យឯកជន ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ផ្នែកផ្សេងទៀត ចេញបទបញ្ជាឱ្យធ្វើការធម្មតា រួចហើយយើងឯកភាពគ្នាទៅសងនៅពេលដែល Covid-19 ផុតរលត់។ យើងសងឱ្យឈប់សម្រាក ៥ ថ្ងៃ ឥឡូវការសម្រាក ៣ ថ្ងៃ សម្រាកធ្វើអី? បើសម្រាកហើយហាមឃាត់មិនឱ្យទៅស្រុក។ បើទៅស្រុក ទៅដល់ ប្រជាជនភ័យក្រែងនាំជំងឺទៅជនបទ។ ដល់អ្នកទីក្រុងខ្លាចនាំជំងឺពីជនបទមកចូលទីក្រុង។ បើខ្លាចទៅខ្លាចមក។ យកល្អ គឺនៅនឹងកន្លែងតែម្តងទៅ។

អញ្ចឹងថ្ងៃនេះខ្ញុំបញ្ជាក់ជាផ្លូវការ យើងនៅសល់ពេល អញ្ចឹងបានជាខ្ញុំត្រូវយកថ្ងៃនេះដើម្បីប្រជុំផ្សព្វផ្សាយនូវបញ្ហានេះ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋាភិបាលសំណូមពរកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត ឬតំបន់កំសាន្តនានា ដើម្បីជៀសវាងការនាំមេរោគពីកន្លែងមួយ ទៅកាន់កន្លែងមួយ ឬនាំមេរោគចូលក្នុងផ្ទះ ឬនាំពីទីក្រុងទៅជនបទ ឬនាំពីជនបទចូលទីក្រុងវិញ។ ក៏ប៉ុន្តែ សុំបញ្ជាក់ថវិកាដែលយើងបានឧបត្ថម្ភសម្រាប់ការចូលឆ្នាំហើយ អត់ដកមកវិញទេ ព្រោះបានចេញទៅហើយ អញ្ចឹងសុំយកទៅ ហើយអ្នកដែលទទួលទេវតាតាមផ្ទះ ទទួលទៅ រៀងៗខ្លួនទៅ។ យើងអត់បានហាមឃាត់មិនឱ្យទទួលទេវតាឯណា ហាមឃាត់ប្រារព្ធពិធីចូលឆ្នាំនៃការជួបជុំលេងល្បែង ដើរកំសាន្តស្អីៗ ឈប់សម្រាកតើ ប៉ុន្តែ ទទួលទេវតាតែមួយភ្លែត។ តែទេវតាឆ្នាំហ្នឹង មិនប្រាកដថាចុះទេ ខ្លាច Covid-19 ហើយទេវតាទៅចុះទៅឡើង មើលមុខហ្នឹងមកពីវិចិត្រសិល្បៈទាំងអស់ ទេវតាគ្នាយើងដដែល ទេវតាពិតមានឬអត់? ប៉ុន្តែប្រហែលមានទេវតាពិតហើយ បានមានចម្រៀង ព្រះឥន្ទ្រទាត់សីនោះ។ ចំណុចនេះ ខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើង … ខ្ញុំចង់និយាយភ្ជាប់ជាមួយនឹងការប្រយុទ្ធទប់ស្កាត់កុំឱ្យឆ្លងពីអ្នកកើតទៅអ្នកមិនទាន់កើត។ វិធានការមួយនៅក្នុងចំណោមវិធានការផ្សេងៗនោះ គឺការផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញនៅពេលសមស្រប។ រដ្ឋសំណូមពរកាត់បន្ថយការធ្វើដំណើរទៅកាន់ភូមិកំណើត ឬតំបន់កំសាន្តនានា ដើម្បីចៀសវាងឆ្លងរោគទៅវិញទៅមក។ អំពាវនាវចំពោះកម្មករ/ការិនីបន្តការងារយកប្រាក់សិន ហើយនឹងសម្រាកនៅពេល​ក្រោយ។

រឿងនេះសុំជូនដំណឹងទុកជាមុន។ បញ្ហាមិនស្ថិតនៅលើប្រទេសផលិតទេ បញ្ហានៅលើប្រទេសបញ្ជាទិញទៅហើយ។ ប្រទេសបញ្ជាទិញកំពុងតែរញ៉េរញ៉ៃ។ ឥឡូវនេះ របស់ដែលលក់ដាច់បំផុត គឺឧបករណ៍វេជ្ជសាស្រ្ត ជាម៉ាស រហូតដល់គេចោទអាមេរិកថា ជាចោរប្លន់បែបសម័យទំនើប បង្វែរម៉ាសពីអាល្លឺម៉ង់ទៅអាមេរិក បង្វែរម៉ាសពីបារាំងទៅអាមេរិក​។ ចោទគ្នា។ បាត់បង់សាមគ្គីភាពដោយសារការដណ្តើម។ ប៉ុន្តែ ការបញ្ជាទិញសម្លៀកបំពាក់ ដោយសារប្រទេសគេត្រូវបិទ ហាងក៏គេបិទ ដូច្នេះ អ្នកបញ្ជាទិញអត់បានគោរពនូវសន្យាទេ ដែលខាងសមាជិករោងចក្រកាត់ដេរ ឱ្យក្រុមហ៊ុនដែលបានបញ្ជាទិញគោរពនូវការសន្យា។ រោងចក្រខ្លះផលិតរួចហើយ​ នាំចេញទៅអត់បាន ដោយសារតែអ្នកបញ្ជាទិញមិនអាចយកទៅចូលចតនៅក្នុងកំពង់ផែបាន ឬយកចូលទៅកន្លែងសម្រាប់ការលក់ដូរបាន ព្រោះប្រទេសគេត្រូវប្រកាសអាសន្ន។

រូបភាពនៅតាមប្រទេសខ្លះ ស្ថានភាពគួរឱ្យសង្វេគណាស់។ យើងនៅគួរសមបន្តិច តែការគួរសមរបស់យើងហាក់ដូចជាកាន់តែកើនឡើង រហូតដល់ថ្នាក់គ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំចារមិនយកជម្រើសផ្អាកចូលឆ្នាំនេះ ដោយសារពេលនោះបើកឡានលើផ្លូវ អត់ទាំងមានឡានបើកផង។ ឥឡូវទៅជាស្ទះចរាចរណ៍ទៀតហើយ … ប្រហែលជាទីមួយ ឃើញឆ្លងតិច។ ទីពីរ ឆ្លងហើយជាវិញដដែល។ ដូច្នេះ​មានអីខ្លាច។ វាខុសពីត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ដួល ឬគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងគាត់លែងខ្លាចតែម្តង។ ប្រហែលជាមកពីខ្ញុំអំពាវនាវកុំឱ្យគាត់ខ្លាចជ្រុល ឥឡូវគាត់ឈប់ខ្លាចតាមយើង។ ឥឡូវខ្ញុំសុំឱ្យប្រជាពលរដ្ឋភ័យខ្លាចតែម្តង ហើយប្រែក្លាយការភ័យខ្លាចនោះ ទៅជាការការពារខ្លួន តាមរយៈការលាងដៃដោយអាល់កុល ដោយ gel ដោយសាប៊ូ ដោយវិធីផ្សេងៗ រាប់ទាំងម៉ាស ទាំងក្រមា។

ពួកមនុស្សមួយចំនួនគេបាននិយាយថា ខ្ញុំប្រជុំកាសែតនៅនេះ ខ្ញុំបានប្រើពាក្យ ប្រើម៉ាសនៅពេលដែល ចាំបាច់ ខ្ញុំមិនហាមឃាត់ប្រើម៉ាសឯណា ក៏ប៉ុន្តែអត់ចាំបាច់ប្រើខ្មោចអី ឥឡូវអ្នកទាំងអស់គ្នាពាក់ម៉ាស អស់ហើយ ចាំបាច់ខ្ញុំពាក់ម៉ាសធ្វើអី … មានក្មួយស្រីម្នាក់ គាត់ជិះឡានជាមួយក្រុមគ្រួសាររបស់គាត់។ គេពាក់ម៉ាសគ្រប់គ្នា គាត់ថាល្អដែរ នៅពេលដែលគេពាក់ម៉ាសគ្រប់គ្នា ខ្ញុំមិនចាំបាច់ពាក់ម៉ាស ខ្ញុំលាបក្រែម។ ខ្ញុំនិយាយនេះ សំដៅថា បើប្រទេសដទៃគេបិទហើយ យើងចាំបាច់ប្រកាសបិទរកងាប់អី។ ឥឡូវ ថៃក៏បិទ វៀតណាមក៏បិទ អ្នកណាក៏បិទ យើងចាំបាច់ទៅប្រកាសបិទធ្វើអី គ្រាន់តែយើងយកវិធានការ។ ប៉ុន្តែបងប្អូនខ្លះគិតស្មានតែខ្ញុំនិយាយកំប្លែង។ នេះជាន័យបង្កប់ដោយន័យនយោបាយ។ យើងអត់បានបិទប្រទេសទេ ប៉ុន្តែយើងមានវិធានការតឹងរ៉ឹងមួយចំនួន។ ចំណុចខ្លះយើងអាចតឹងបាន ដូចជាយើងរងនូវការសំពាធខាងផ្លូវចិត្តខ្លាំងណាស់ ដែលទុកឱ្យពលរដ្ឋរបស់យើង ១៥០ នាក់នៅម៉ាឡេស៊ី ដែលត្រូវចេញដំណើរមកថ្ងៃនេះ ត្រូវផ្អាកឱ្យនៅហ្នឹងសិន។

ប៉ុន្តែសម្រាប់ពលករមួយចំនួននៅតាមទល់ដែន បើមិនឱ្យគាត់មក គាត់ដើរកាត់កន្លែងដែលមានមីន​គ្រោះថ្នាក់​ជាងអីទៀត។ អញ្ចឹង សុខចិត្តឱ្យគាត់មក ដោយយើងធ្វើការត្រួតពិនិត្យ​ ​រួចហើយយើង​ជួយ​ដឹកជញ្ជូនទៅដល់មូលដ្ឋាន​។ ទៅដល់មូលដ្ឋានមានកន្លែងដាក់គាត់នៅកន្លែងមាន​សុវត្ថិភាព​​ ១៤ ថ្ងៃ។ ភាគច្រើនអ្នកទាំងនេះធ្វើការ​ក្នុងប្រទេសគេអត់ស្របច្បាប់ទេ បើយើងបដិសេធ​មិន​យកប្រជាពលរដ្ឋរបស់យើង វាគឺជារឿងមួយដ៏លំបាក​ ព្រោះគ្នាបានមកដល់ទល់ដែនហើយ។ បើ​មិនឱ្យឆ្លង (ក៏)គាត់នឹងឆ្លង​នៅកន្លែងផ្សេង ដែលគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់​មិន​ទាន់​ផ្ទុះថែមទៀតផង​។​ ធ្វើមេដឹកនាំមិនមែនជារឿង​ងាយស្រួលទេ អញ្ចឹងសូមកុំប្រាថ្នា ហេតុអីមនុស្សប្រាថ្នា​ចង់បាន​កៅអី​នាយករដ្ឋមន្ដ្រីសម្បើមម៉េ្លះ? តែបើវាសនាមិនដល់និយាយតាមមួយបែបទៅចុះ មិនអាចធ្វើនាយករដ្ឋ​មន្ដ្រីបានទេ … អ្នកខ្លះគ្រាន់តែដេកយល់សប្ដិ ក៏ធ្វើនាយក​រដ្ឋមន្ដ្រីដែរ​។ នាយករដ្ឋមន្ដ្រីឧទាហរណ៍។ នាយករដ្ឋមន្ដ្រីតាមហ្វេសប៊ុក …។

និយាយមិនរាលដាលទៅណាទេ។ ឥឡូវនេះងាកមកអំពាវនាវចំពោះមន្ដ្រីរាជការ កម្មករ/ការិនី បន្ដធ្វើការ​។ ហើយរដ្ឋនឹងសងវិញ ៥ ថ្ងៃ នៅពេលសមស្រប ហើយពេលសមស្របនោះ​ ប្រសិនបើ Covid-19 ត្រូវបានបញ្ចប់នៅក្នុងខែ ៧ ឧទាហរណ៍អញ្ចឹង​ បូកជាមួយភ្ជុំបិណ្ឌឈប់បាន ៨ ថ្ងៃតែម្ដង​។ អញ្ចឹងទៅស្រុកបាន ៨ ថ្ងៃតែម្ដងភ្ជុំបិណ្ឌ​។ នេះសង្ឃឹមថា​ Covid-19 នឹង​បញ្ចប់នៅខែ ៧ ដោយយើងភ្ជុំបិណ្ឌនៅខែ ៩ ឬខែ ១០ យើងបូក​បញ្ចូល​គ្នាតែម្ដង។ ប៉ុន្ដែបើ Covid-19 នេះ វា​មិនទាន់ចប់ យើងជំពាក់អាហ្នឹងសិន​ មិនទាន់ឱ្យមានចរាចរណ៍​(មនុស្ស)​ពីកន្លែងមួយទៅកន្លែងមួយច្រើនពេកទេ។​ នេះជាមុខព្រួញទី ២ អំពីការទប់ស្កាត់ការ​ឆ្លង​ពីអ្នក​មានជំងឺទៅកាន់មនុស្សដទៃ។

ឯមុខព្រួញទី ៣ ដែលយើងកំពុងវាយ (គឺ)បន្ដព្យាបាលអ្នកឆ្លងឱ្យជាសះស្បើយ។ ការងារនេះយើង​ធ្វើ​បាន​ល្អ​។ តាមខ្ញុំដឹងមានក្រុមមួយចង់សរសេរសំបុត្រ​ទៅ​អង្គការសុខភាពពិភពលោក​(សួរ)ថា តើកម្ពុជា​ប្រើថ្នាំអី​បានព្យាបាលជា?​ របៀបគេចង់ផ្ចាញ់។ គេចង់ឱ្យកម្ពុជាធ្វើ(ជា)គំរូគេ​ ប្រគល់ថ្នាំហ្នឹង​ទៅ​ឱ្យប្រ​ទេសដទៃ ព្យា​បាលផង​។ ខ្ញុំក៏បានឆ្លើយតបបន្ដិច ថាទុកឱ្យអង្គការ​សុខភាពពិភពលោក​​ជាអ្នកឆ្លើយ ព្រោះមានតែអង្គការសុខភាពពិភពលោកទេ អាចឆ្លើយបាន។​ វិធីព្យាបាលមានផ្សេងៗគ្នា ខ្លះ​គេឱ្យលេបថ្នាំនេះទៅ​ ខ្លះគេឱ្យលេបថ្នាំនោះទៅ ខ្លះលេបថ្នាំប៉ូវសុទ្ធ​តែម្ដង។ តាមមើលទៅ ហូបឱ្យ​ឆ្ងាញ់ ដេកឱ្យឆ្អែត ដល់ធ្វើតេស្ដទៅវាអស់អាវីរុសហ្នឹងទៅ។ តេស្ដទៅអវិជ្ជមាន​ ត្រឡប់ទៅផ្ទះបាន …។

ស្ដុកបម្រុងយុទ្ធសាស្រ្ត ២ មួយរបស់ក្រសួងសុខាភិបាល មួយរបស់រាជរដ្ឋាភិបាល

ខ្ញុំចង់បញ្ជាក់បន្ថែមទៀត ​អំពីការត្រៀមបម្រុងរបស់យើង។ កន្លងទៅយើងបានធ្វើហើយ ប៉ុន្ដែត្រូវ​ធ្វើបន្ថែមមួយកម្រិតទៀត​។ ការត្រៀមបម្រុងរបស់យើងមានជា​ង ៣ ពាន់បន្ទប់​ ហើយមានច្រើន​ជាងហ្នឹង​​ទៅ​ទៀត ដោយសារតាមសហគមន៍ធ្វើ​ ដោយយកសាលារៀនធ្វើជាទីកន្លែងនៃការដាក់ឱ្យ​នៅដោយឡែក​។ យើងក៏បានត្រៀមក្រុមគ្រូពេទ្យរបស់យើង រាប់ទាំងក្រុមគ្រូពេទ្យស័្មគ្រចិត្ត​ ដើម្បីចូលរួម​ប្រតិបត្ដិការនៅពេលដែលមានការមកដល់​ ហើយដែលបានហ្វឹកហ្វឺនរួចហើយដែរ។ ខ្ញុំជាអ្នកទទួលចិញ្ចឹមនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ​ ដែលខ្ញុំនឹងចំណាយសម្រាប់ពួកគេត្រឹមតែ ១០០ ថ្ងៃទេ ដែលគិតទៅអស់ជាងកន្លះលានដុល្លារ​។ បន្ទាប់ពី ១០០ ថ្ងៃទៅ ក្រុមទាំងនេះត្រូវសុំថវិកាជាតិ​ហើយ​ ព្រោះខ្ញុំរត់មិនរួចទេ។ ឥឡូវស្ដុកបម្រុងយុទ្ធសាស្ដ បង្កើតឱ្យមានស្ដុកពីរ។ ស្ដុកទី ១ ស្ដុករបស់ក្រសួងសុខាភិបាល​ ដែលត្រូវដកយកចំណាយជាប្រចាំទៅឱ្យតាមមន្ទីរពេទ្យ។ អញ្ចឹងត្រូវបង្កើតស្ដុកមួយដោយឡែកទៀត។​ (ស្តុកទី ២)នោះជាស្ដុករបស់រាជរដ្ឋាភិបាល ដែលខ្ញុំបានបញ្ជា ហើយដែលលើកមុនយកមកបានខ្លះ​ហើយ ​តែលើកក្រោយគឺនឹងមកដល់បណ្ដើរៗ ដែលសុំឱ្យក្រសួងសុខាភិបាលធ្វើការស្ដុក។ ប៉ុន្ដែ គ្រាន់តែ​ជា​ផ្នែករបស់សុខាភិបាល ហើយប្រើទៅ ប៉ុន្ដែគ្រាន់តែពេលទាញយកស្ដុកប្រើ ត្រូវសុំបញ្ជាពីខ្ញុំ ដើម្បី​ខ្ញុំបញ្ជាទិញបន្ថែម។

ម៉ាស ខោអាវពេទ្យ ម៉ាស N95 ដកប្រើហើយត្រូវតែបំពេញស្តុកវិញ

បើយោងលើអ្វីដែលចុះហត្ថលេខាជាមួយគេ​ ព្រមព្រៀង(ផលិតនិងទិញ)ម៉ាសឡើង​ដល់ ១១ លាន ដោយខ្ញុំប្រើពាក្យស្ដុកយ៉ាងតិច ១០ លានម៉ាស​។ អញ្ចឹងវាអាចឡើងដល់ ១២ លាន ១៥ លាន ឬ ២០ លាន ម៉ាស​ មិនឱ្យទាបជាង ១០ លានទេ។ ហ្នឹងស្ដុកបម្រុង​របស់រាជរដ្ឋាភិបាល​។ ខោអាវគ្រូពេទ្យឱ្យទិញមក ៥ ពាន់សម្រាប់ហើយ។ ប៉ុន្ដែ​ខ្ញុំឱ្យទិញ ៥ ពាន់ សម្រាប់ទៀត សម្រាប់ស្ដុកបម្រុងរបស់រាជរដ្ឋាភិបាល​នៅពេល(​ស្ដុក)ក្រសួង​សុខាភិបាល​ប្រើអស់ (ស្ដុក)រាជរដ្ឋាភិបាលត្រូវបញ្ចេញប្រើ​។ ពេលស្ដុករាជរដ្ឋាភិបាលប្រើអស់ ១ ពាន់ ត្រូវទិញថែម ១ពាន់ទៀត ​ឱ្យនៅ ៥ ពាន់សម្រាប់ដដែល។ ម៉ាស់គ្រូពេទ្យ N95 អាហ្នឹង ៥០ ម៉ឺន ថែមទៀត ព្រោះទិញយកវា​មកទុក ធ្វើម៉េចកុំឱ្យគ្រូពេទ្យយំ (ដូច)ឃើញគិលានុបដ្ឋាយិការបស់អាមេរិកមួយនោះយំ​ ព្រោះអត់មានម៉ាសពាក់។ ខ្ញុំបានដាក់បទបញ្ជាហើយ ដរាបណាគ្មានប្រដាប់ការពារខ្លួន  មិនឱ្យគ្រូពេទ្យចូលទៅ​ប្រយុទ្ធទេ។ ខុសគ្នាជាមួយកងទ័ព។ បើទៅគ្រាន់តែស្លាប់ទាំងអ្នកជំងឺ ស្លាប់ទាំងពេទ្យ តើទៅធ្វើអី? អញ្ចឹងត្រូវ​ដោះស្រាយបញ្ហាហ្នឹង​។

រោងចក្រ ២ ក្នុងស្រុក ផលិតអាល់កុលគ្រប់គ្រាន់

អាល់កុល យើងមានពីរ ហើយខ្ញុំបានអនុញ្ញាតជាលាយលក្ខណ៍អក្សរហើយ។ ក្រសួង​សុខាភិបាលត្រូវចុះហត្ថលេខាភ្លាមជាមួយក្រុមហ៊ុន អេស្កាដេ ព្រោះក្រុមហ៊ុននេះផលិតអាល់កុល ​៩៥% ក្នុងមួយថ្ងៃបាន ១ ម៉ឺន ៥ ពាន់លីត្រ​​ ហើយដែលអាចបំលែងទៅជាអាល់កុល ៧៥% បាន ១ ម៉ឺន​ ៩ ពាន់លីត្រ​ក្នុងមួយថ្ងៃ។ ត្រូវចុះហត្ថលេខាដើម្បីទទួលយក ៥ ពាន់ ទៅ ៨ ពាន់លីត្រ ក្នុងមួយថ្ងៃ ដោយក្រសួងសុខាភិបាល​។ ឯក្រុមហ៊ុន MX Bio-Energy ពេលនេះមាននៅសល់អាល់កុល ៩៥% ចំនួន ៩០ ម៉ឺនលីត្រ ដែលអាចបំលែងទៅជាអាល់កុល ៧៥% បាន ១ លាន ១ សែន ៧ ម៉ឺន លីត្រ ​​ត្រូវចុះហត្ថលេខាទិញយកមកស្ដុក។ ប៉ុន្តែស្ដុកទុកនៅគេនឹងហើយ ព្រោះអាហ្នឹងមានហានិភ័យខ្ពស់​​ណាស់ ផ្ទុះឆេះពេញទឹកពេញដី​។ អញ្ចឹងក្រសួងសុខាភិបាលត្រូវចុះហត្ថលេខាជាមួយក្រុមហ៊ុន ​អេស្កាដេ ដើម្បីចំណាយចរន្ដ ឯ(បរិមាណ)ជាង ១ លានលីត្រនេះ ជាស្ដុកបម្រុង​របស់រាជរដ្ឋា​ភិបាល។ ដោយសារតែក្រុមហ៊ុននេះ​បានផ្អាកការផលិត ប៉ុន្ដែគេមានវត្ថុធាតុដើមមួយផ្នែក​ តែខ្វះវត្ថុ​ធាតុ​ដើមមួយផ្នែក យើងបានឱ្យក្រុមហ៊ុន Green Trade ទិញនូវដំឡូងស្ងួតមួយម៉ឺនតោនភ្លាម ដើម្បីឱ្យក្រុមហ៊ុននេះផលិត​។ គេត្រូវការរយៈពេលតែ ២០ ថ្ងៃទេ សង្វាក់ផលិតកម្មនឹងដើរឡើងវិញ។​​ ដូច្នេះ យើងមានរោងចក្រផលិតក្នុងស្រុក​សម្រាប់អាល់កុល។ តែពីររោងចក្រនេះគ្រប់គ្រាន់ហើយ … ខាង អេស្កាដេ ផលិតក្នុងមួយថ្ងៃបាន ១៩.០០០ លីត្រ។ យើងត្រូវការត្រឹមតែ ៥ ទៅ ៨ ពាន់លីត្រទេ។  អញ្ចឹងទេ សុំឱ្យ អេស្កាដេ ឱ្យក្រសួងពាណិជ្ជកម្មជួយចាត់ចែងនៅក្នុងដំណាក់កាលនេះ ព្រោះតាមនិយាយដឹងថា មានការឡើងថ្លៃអាល់កុលនៅតាមទីកន្លែងឱសថស្ថានមួយចំនួន ហើយវាមិនសុទ្ធផង។ ដូច្នេះ ត្រូវរៀបចំសហការដោះស្រាយយ៉ាងម៉េច ដើម្បីឱ្យមានការចរាចរចែកចាយអាល់កុលទៅតាមទីកន្លែងនានា។ មន្រ្តីរបស់យើងដែលចុះទៅធ្វើការងារនៅមូលដ្ឋាន ក៏អាចទិញអាល់កុលដើម្បីយកទៅមូលដ្ឋានជួយដល់ប្រជាពលរដ្ឋផងដែរ អញ្ចឹងត្រូវមើលកិច្ចការងារទាំងអស់នេះ។

ត្រូវបង្កើននូវសមត្ថភាពផលិតអុកស៊ីសែន

ក្រៅពីនោះត្រូវបង្កើននូវសមត្ថភាពផលិតអុកស៊ីសែន ដែលសមត្ថភាពផលិតអុកស៊ីសែន យើងបានទទួលរួចមកហើយ ក្រុមហ៊ុន អៀក ងួន ផ្គត់ផ្គង់អុកស៊ីសែន បាន ៥០០ ដប ក្នុងមួយថ្ងៃ។ បច្ចុប្បន្នគាត់ផ្គត់ផ្គង់មន្ទីរពេទ្យនៅភ្នំពេញចំនួន ៥ មានព្រះកុសុមៈ ព្រះអង្គដួង គន្ធបុប្ផា ពេទ្យរបេង និងពេទ្យគាំពារមាតា និងទារក ហើយផ្គត់ផ្គង់ពេទ្យនៅមង្គលបុរី បាត់ដំបង តាកែវ កំពង់ឆ្នាំង កំពង់ចាម និងព្រៃវែង។ ខ្ញុំបានឱ្យចុះពិនិត្យហើយ។ ឯកឧត្តម ចម ប្រសិទ្ធិ រាយការណ៍ថា មានការលំបាកលើបញ្ហាទឹក។ ម្សិលមិញពិនិត្យគ្រប់ទីតាំងទាំងអស់។ ឯក្រុមហ៊ុន TCTL នៅចំការដូង គឺផ្គត់ផ្គង់សម្រាប់មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យឯកជន។ ក្រុមហ៊ុន PPG នៅខណ្ឌសែនសុខ ភាគច្រើនផលិតបាន ៥០០ ដប ហើយផ្តល់ឱ្យពេទ្យឯកជន ហើយក៏អាចផ្គត់ផ្គង់ឱ្យរដ្ឋបានផងដែរ។ ឯមន្ទីរពេទ្យដែលផលិតនូវអុកស៊ីខ្លួនឯងបាន មានមន្ទីរពេទ្យកាល់ម៉ែត មានគន្ធបុប្ផាសៀមរាប និងមានមន្ទីរពេទ្យយោធាព្រះកេតុមាលា ដូច្នេះត្រូវដោះស្រាយទាំងអស់។

នេះជាការខិតខំដើម្បីយើងធ្វើការងារនេះឱ្យបានជាក់លាក់។ ខ្ញុំនៅតែនិយាយដដែលៗ អំពីការបម្រុងទុករបស់យើង។ យើងជាប្រទេសក្រីក្រ។ យើងត្រូវតែប្រយ័ត្នប្រយែងក្នុងការដោះស្រាយ កុំឱ្យពលរដ្ឋស្លាប់។ ត្រង់អ្នកណានិយាយពីអីនិយាយទៅ លទ្ធផលចុងក្រោយគឺវិនិច្ឆ័យនៅត្រឹមថា អ្នកណាធ្វេសប្រហែសទុកឱ្យប្រជាជនស្លាប់ ហើយទុកឱ្យប្រជាជនឆ្លងច្រើនតែប៉ុណ្ណឹងទេ។ អាហ្នឹងជាលទ្ធផលជាក់ស្តែង។ កុំវាយតម្លៃពីប្រព័ន្ធអានេះខ្សោយ អានេះខ្លាំង អានេះពូកែ។ អត់ទេ។ ដំណាក់កាលនេះត្រូវវាយតម្លៃអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗវាយ៉ាងម៉េច?

សុំឱ្យមានការទិញបន្ថែមឧបករណ៍ជំនួយដកដង្ហើម

អញ្ចឹងបានជាខ្ញុំសុំឱ្យមានការទិញបន្ថែម សូម្បីតែអាប្រដាប់សម្រាប់ជំនួយក្នុងការដកដង្ហើម គេហៅថា  Ventilator អាហ្នឹងយើងមានមួយចំនួនហើយ គ្រាន់តែឥឡូវនេះ យើងមានមួយចំនួន ដែលកំពុងប្រើប្រាស់ ប៉ុន្តែយើងកំពុងបញ្ជាទិញបន្ថែមទៀត។ ឧបករណ៍កំពុងប្រើប្រាស់ដូចជាមាន ១០០ ជាងគ្រឿង យើងកំពុងទិញបន្ថែមទៀត។ ហ្នឹងវាជាតម្រូវការ។ រួចប្រើពីអាហ្នឹង យើងចែកទៅតាមមន្ទីរពេទ្យ តែយើងត្រូវតែមានស្តុកបម្រុង ព្រោះពេលខ្លះឧបករណ៍ជំនួយអុកស៊ីសែនហ្នឹងវាមិនគ្រប់ វាត្រូវការប្រដាប់ជួយដង្ហើមនោះ។ សូម្បីតែម្តាយក្មេកខ្ញុំ ក៏ត្រូវមានមួយគ្រឿងប្រចាំការឱ្យគាត់នៅកន្លែងហ្នឹង។ អញ្ចឹងយើងត្រូវការទិញបន្ថែមអារបស់អស់ទាំងហ្នឹង។

សូមប្រជាកសិករនៅខេត្តកំពតធ្វើអំបិលបន្ថែម

អំពីបញ្ហាស្រូវអង្ករ អំបិល ត្រី យើងចេញបញ្ជាស្តុកដោយក្រុមហ៊ុនរដ្ឋ Green Trade  និងដោយក្រុមហ៊ុនឯកជនត្រូវស្តុកបម្រុងឱ្យរដ្ឋ ដែលរដ្ឋអាចប្រើប្រាស់ភ្លាមៗ។ អំបិលក៏ដូចគ្នាដែរ ហើយអំពាវនាវចំពោះប្រជាកសិករនៅខេត្តកំពត ពេលវេលានេះមិនទាន់ភ្លៀងធ្លាក់ទេ នៅមានឱកាសដើម្បីធ្វើអំបិលបន្ថែម។ ពេលនេះតាមដឹងស្តុកមានប្រមាណជា ៦ ម៉ឺនតោន នៅក្នុងឃ្លាំង ៣៥.០០០ តោន ប៉ុន្តែ នៅតាមចរាចរណ៍ដទៃទៀត យើងគិតទាំងទីផ្សារ ៦ ម៉ឺនតោន។ បើដូច្នេះ គប្បីត្រូវជំរុញការផលិតបន្ថែមទៀត ដើម្បីធ្វើម៉េចកុំឱ្យខ្វះអំបិល និយាយរួម ពាក្យមួយម៉ាត់ដែលខ្ញុំចង់និយាយ កុំឱ្យខ្វះអង្ករច្រកឆ្នាំង កុំឱ្យខ្វះអំបិលស៊ី។ បើអត់អាវពាក់អាហ្នឹងបាន ប៉ុន្តែ បើអត់អង្ករ អត់អំបិលអាហ្នឹងគឺឆាប់ងាប់។

សូមប្រជាជនជំរុញការដាំដុះ បន្លែបង្កា ផ្គត់ផ្គង់ទីផ្សារក្នុងកាលៈទេសៈដ៏លំបាកនេះ

សូម្បីតែទឹកសុទ្ធក៏ត្រូវតែស្តុកដែរ ផ្អាកការនាំចេញទាំងអស់ ទាំងពីត្រីស្អីៗផ្អាក មិនអនុញ្ញាតឱ្យមានការនាំចេញតទៅទៀតទេ។ ទុកអាហ្នឹងដើម្បីទទួលទានក្នុងស្រុក ផ្គត់ផ្គង់ក្នុងស្រុក។ អំពាវនាវប្រជាជនជំរុញការដាំដុះបន្លែបង្កា ផ្គត់ផ្គង់ទីផ្សារក្នុងកាលៈទេសៈដ៏លំបាកនេះ។ ពេលហ្នឹងគឺវាត្រូវប៉ាន់ ព្រោះអាមកពីខាងក្រៅវាអត់ចូលបាន អញ្ចឹងប្រជាពលរដ្ឋដាំឱកាសនេះគឺល្អ។ ឥឡូវវាជិតដល់ដំណាក់កាលដែលត្រូវដាំហើយបន្លែបង្កា។ អញ្ចឹងបន្លែបង្កា ការចិញ្ចឹមសត្វ ពងមាន់ ពងទា ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងត្រីងៀត ត្រីឆ្អើរ  ប្រហុក ផ្អក លេងឱ្យវាដល់កម្រិត ហើយប្រជាពលរដ្ឋរបស់យើងនៅផលិតបាន។

ប៉ះពាល់ទៅលើវិស័យទេសចរណ៍ ប៉ះពាល់ទៅលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្តែមិនប៉ះពាល់ដល់វិស័យកសិកម្មទេ។ ផ្ទុយទៅវិញកាលានុវត្តភាពមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឱ្យប្រជាជនយើងធ្វើការដាំដុះនូវមុខទំនិញ ដែលចាំបាច់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជំរុញប្រើប្រាស់ពូជ ដែលយើងមាន ដើម្បីរុញឱ្យប្រជាពលរដ្ឋដាំនូវបន្លែបង្កា ផ្គត់ផ្គង់ក្នុងស្រុក​។ យើងប្រើប្រាស់ឱកាសដ៏លំបាកនេះសម្រាប់កាលានុវត្តភាពក្នុងវិស័យកសិកម្មរបស់កម្ពុជាដែលមានកំណើនយឺតក្នុងរយៈពេលកន្លងទៅ។ កន្លងទៅកំណើនក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកើនខ្ពស់ វិស័យកសិកម្មកើនទាប។ នៅពេលខាងមុខ កំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាធ្លាក់ចុះ កំណើនក្នុងវិស័យកសិកម្មនឹងហក់ឡើង។ នេះជាឱកាសដែលយើងអាចមើលឃើញតាំងពីឥឡូវ …។

រាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ ២ ដង

ចំណុចមួយទៀត ខ្ញុំសុំធ្វើការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ ២ ដង។ លើកទី ១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣ លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនី្នរ័ត្ន កាត់បន្ថយចំនាយ ៤៧៥ លានទៀត។ បូកសរុប កាត់បន្ថយចំណាយទាំង ២ លើកនេះ ៩១៨ លានដុល្លារអាមេរិក ដែលថវិការដ្ឋនឹងត្រូវបើកផ្តល់ជូន ក៏ប៉ុន្តែត្រូវតែខ្ទប់មកវិញ។ ទាញមកបម្រុងប្រើ រាប់ទាំងថវិកាមូលនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹង។ ប៉ុន្តែ ការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹកស្អីៗ មិនប៉ះពាល់ទេ ព្រោះអាហ្នឹងធារាសាស្រ្តវាត្រូវការ។ ការចំណាយមួយចំនួន ដូចជាមុននេះនៅពេលសន្និបាតសុខាភិបាល ខ្ញុំបាននិយាយថាកាត់បន្ថយ ២៥% ទៅលើប៊ិច ទៅលើស្អីៗនេះ សម្ភារៈការិយា​ល័យ ឥឡូវកាត់បន្ថយដល់ ៥០% ឯណោះ។ អញ្ចឹងការកាត់បន្ថយទាំងអស់នេះ  ដែលយើងនាំមកនូវការដែលយើងត្រូវសន្សំទុកនូវថវិកាចំនួន ៩១៨ លានដុល្លារ។ គ្រប់ស្ថាប័នទាំងអស់ត្រូវចូលរួមចំណែកការធ្វើដំណើរទៅមូលដ្ឋាន … ឥឡូវទៅដែរប៉ុន្តែវាមានកម្រិត។ ធ្លាប់ចុះបេសកកម្ម ១០ ថ្ងៃ ឥឡូវទៅតែមួយថ្ងៃ ឬ ២ ថ្ងៃ អីបានហើយ។ អត់មានអីទៅច្រើនទេ។ អញ្ចឹងវាកាត់បន្ថយនូវការចំណាយនេះ។

សូមវិស័យឯកជនយោគយល់គ្នា

ចំណុចចុងក្រោយខ្ញុំបន្តសុំការអំពាវនាវយោគយល់ពីវិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់គាត់នៅតែយកលុយពេញថ្លៃយករបៀបម៉េចទៅ? មិនបានទេ ត្រូវបញ្ចុះថ្លៃក្នុងពេលហ្នឹង។ បញ្ហាបើអ្នករកស៊ីមិនបាន ទៅទារលុយពីគ្នាធ្វើអី?  ត្រូវយោគយល់អាហ្នឹង ឯកជន និងឯកជន។ ការបង់រំលស់ផ្ទះ (ពីមុន)ធ្លាប់តែមានប្រាក់ចំណូល ដល់ឥឡូវអស់ប្រាក់ចំណូល ធ្វើម៉េចបានបង់? ស្រាប់តែម្ចាស់បុរី ម្ចាស់ផ្ទះ ចេញរឹបអូសក្នុងពេលហ្នឹង ផ្ដាច់កុងត្រា ឱ្យគ្នាទៅនៅឯណា? មិនគួរឱ្យមានការរឹបអូសផ្ទះសម្បែង ឬដីធ្លី នៅក្នុងកាលៈទេសៈ Covid-19 ទេ។

វិធានការខាងផ្នែកធនាគារបានធ្វើច្រើនហើយ ប៉ុន្តែសូមមេត្តាបន្តធ្វើថែមទៀត បង្ហាញពីការយោគយល់​។ ឧទាហរណ៍ ពន្យារការសង ឬពន្យារការសងអត្រាការប្រាក់​ មិនផាកពិន័យ។ ធនាគារមានបែបបទរបស់គេ បើអ្នកឯងមិនបានសង គេនឹងផាកពិន័យពីលើហ្នឹង។ ឥឡូវ សុំឱ្យមានការយោគយល់គ្នានៅក្នុងកាលៈទេសៈនេះ។ តែនេះមិនមែនជាបទបញ្ជាទេ។ ជាការអំពាវនាវរបស់រាជរដ្ឋាភិបាល​ចំពោះវិស័យឯកជន ដែលសុំឱ្យមានការយោគយល់ (ពន្យារការយក)ការប្រាក់ ពន្យារការសង ហើយចៀសវាងមានការរឹបអូសទ្រព្យសម្បត្តិនៅក្នុងពេលដែលមានវិបត្តិនេះទេ។ ប៉ុន្តែ ក៏ត្រូវមើលផងដែរ អ្នកខ្លះអត់ត្រូវរងផលប៉ះពាល់ពី Covid-19 ផង ក៏យកអាហ្នឹងទៅធ្វើជាបញ្ហាដែរ។ អត់បានទេ។ អ្នកនេះ គាត់ជំពាក់គេ គាត់ចង់ដោះរួច។

ពេជ្រ ស្រស់ កុំនិយាយបកស្រាយច្រើនពេក

អញ្ចឹងបានជាសុំឯកឧត្តម ពេជ្រ ស្រស់ កុំនិយាយច្រើនពេក។ និយាយដោយត្រង់ចុះ គាត់និយាយច្រើនហួស។ ថ្ងៃហ្នឹងគាត់ Live Show ទៀតហើយ។ អញ្ចឹងសុំផ្ដាំទៅ ពេជ្រ ស្រស់ កុំនិយាយច្រើនពេក ព្រោះនិយាយវាខុសពីសម្ដីរបស់ខ្ញុំ។ បើបានជាជ្រុលនិយាយ ចាក់សម្ដីខ្ញុំតែម្ដងទៅ។ ឯកឧត្តម ពេជ្រ ស្រស់ កុំឆ្លៀតយកអាហ្នឹងទៅនិយាយបន្ថែម ព្រោះសម្ដីរបស់ខ្ញុំវាមានទម្ងន់លើសពីឯកឧត្តមច្រើនដងហើយ។ កុំចាត់ទុកថា អាហ្នឹងចេញពីសំណូមពររបស់ ពេជ្រ ស្រស់។ វាចេញពីការគិតគូររបស់ខ្ញុំនេះដែរតើ។ មិនមែនចេញអំពីគំនិតផ្ដួចផ្ដើមរបស់អស់លោក ដែលជាមន្រ្តី(ក្រុមប្រឹក្សា ពិគ្រោះ និង)ផ្ដល់យោបល់ទេ។ តែជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាការទទួលខុសត្រូវខ្ពស់បំផុតក្នុងអំណាចនីតិប្រតិបត្តិ។ ខ្ញុំគ្រាន់តែពន្យល់ទេ។ មានពេលខ្លះយកទៅពន្យល់ថែម សម្ដេចនាយកបានធ្វើតាមអញ្ចេះ/អញ្ចុះ។ អញមានធ្វើតាមឯងពីអង្កាល់វ៉ី? … ស្ដាប់ៗហើយ ប៉ុន្តែ អញមិនធ្វើតាមទេ។ ហើយយកទៅបកស្រាយ ដើម្បីយកចំណេញជានយោបាយ។ មិនត្រឹមត្រូវទេ។ បកស្រាយវាខុសទៅទៀត។

ពេលណាត្រួតត្រាលែងកើត ត្រូវការច្បាប់គ្រាអាសន្ន ក្នុងក្របខណ្ឌទូទៅ ឬផ្នែកមួយនៃដែនដី

ស្អប់ណាស់កុម្មុយនីស្ត តែចង់ឱ្យខ្ញុំធ្វើកុម្មុយនីស្ត។ នៅត្រង់ណា? (ត្រង់)សេដ្ឋកិច្ចផែនការ កំណត់ថ្លៃទំនិញនេះ/នោះ កំណត់អត្រាការប្រាក់ កំណត់អានេះ/នោះ ចាប់បង្ខំឱ្យធ្វើទាំងអស់។ ស្អប់កុម្មុយនីស្ត តែ​បង្ខំឱ្យនាយករដ្ឋមន្រ្តីធ្វើកុម្មុយនីស្ត។ ទីបំផុត អ្នកដែលនិយាយពីកុម្មុយនីស្ត ឬនិយាយពីលោកសេរី អត់ស្គាត់អ្វីឱ្យពិតប្រាកដទេ។ អ្នកខ្លះក៏មិនស្គាល់ថារបបសភាវាយ៉ាងម៉េច របបប្រធានាធិបតីវាយ៉ាងម៉េច? … ហើយមកបង្ខំនិយាយត្រដរខ្យល់ធ្វើអី? ឥឡូវនេះ អ្វីៗបន្ទោសមកខ្ញុំ។ បន្ទោសចុះ ព្រោះ régimes parlementaires គឺអំណាចនៅនឹងនាយករដ្ឋមន្រ្តី។ ខ្លះថា យើងដាក់ច្បាប់ប្រកាសអាសន្ននេះ មិនទាន់ដល់ពេលទេ។ ខ្ញុំដឹងតើថាមិនទាន់ដល់ពេល ក៏ប៉ុន្តែ បើសិនជាដល់ពេលវាអត់មានច្បាប់ក្នុងដៃ អ្ហែងធ្វើអី? អ្នកនិយាយយប់មិញ ថាពេលនេះ មិនមែនជាពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញដឹងតើ។ និ​យាយអញ្ចឹងតែម្ដងទៅ។ អសុរសបន្តិចហើយ។ អញដឹង តែអញត្រូវមានឧបករណ៍ក្នុងដៃ។ ដល់ពេលណាត្រួតត្រាលែងកើត គឺដាក់ច្បាប់ក្នុងគ្រាមានអាសន្នក្របខណ្ឌទូទៅ ឬផ្នែកមួយនៃដែនដី។ ដូចជាថ្ងៃនេះនាយករដ្ឋមន្រ្តីជប៉ុននឹងប្រកាស(ដាក់ប្រទេសជប៉ុនក្នុងគ្រាអាសន្ន) មិនទាន់ប្រកាសទេ តែគ្រោងនឹងប្រកាសដាក់ទីក្រុង Tokyo និងខេត្ត ៦ (សរុប ៧ ខេត្ត)។ អញ្ចឹងឱ្យវាមានឧបករណ៍ច្បាប់ក្នុងដៃ។ បើគ្រាន់តែថាសុំអង្វរករកុំទៅស៊ីចុកនៅកន្លែងនេះ/នោះ ដល់យើងទៅចាប់គេមិនបានទេ។ អញ្ចឹង ពួកឯងម៉េចក៏បារម្ភខ្វល់អីរឿងហ្នឹងខ្លាំងម៉េះ? ទុកអំណាចឱ្យយើងបានទេ ក្នុងក្របខណ្ឌរបបសភា ដែលអំណាចខ្ពស់បំផុតនៅនឹងនាយករដ្ឋមន្រ្តី។ ផ្នែកពិធីការរឿងផ្សេង។ ផ្នែកនីតិប្រតិបត្តិគឺនៅនឹងនាយករដ្ឋមន្រ្តី។ របបប្រធានាធិបតី ដូចនៅអាមេរិក អំណាចនៅនឹង Donald Trump ប្រធានាធិបតីឯណោះ។ ស្គាល់ប្រព័ន្ធឱ្យវាច្បាស់បន្តិចបានទេ មុននឹងថ្លែងយោបល់?

មួយគិតឡើង មកខ្លាចច្បាប់ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើគ្មានការចាំបាច់ គឺគ្មានការប្រកាសទេ ព្រោះអញខ្លាចងាប់សេដ្ឋកិច្ចអញដែរ។ សូម្បីតែឥឡូវនេះ គេទុករោងចក្រឱ្យដើរ ទុកផ្សារឱ្យដើរ ទុកចលនាប្រជាពលរដ្ឋ គ្រាន់តែកាត់បន្ថយ ហើយរៀបចំវិធានការដាក់ Social Distancing គម្លាតសង្គមឱ្យវានៅឆ្ងាយពីគ្នា អត់មានឆ្លងទេ … មានវិទ្យុបរទេសមួយហ្នឹងផ្សាយ រួចហើយមានខ្លះធ្វើមើលតែឯងហ្នឹងសហរដ្ឋអាមេរិក(ថា) គួរណាស់ពេលហ្នឹងចេញច្បាប់ថវិកាដើម្បីសង្គ្រោះ​។ នែ! អញមានអានេះរួចហើយ ប្រព័ន្ធរបស់អញមានរួចហើយ រដ្ឋសភាអនុម័តហើយ តែផ្ដល់អំណាចឱ្យរាជរដ្ឋាភិបាលកាត់កងចំណាយ ទៅលើបញ្ហាហ្នឹង គេមានរួចហើយ។ ខំបញ្ជូនទៅរៀនដល់អាល្លឺម៉ង់នោះ ត្រឡប់មកវិញធ្វើភ្លើៗ ហើយនិ​យាយសុទ្ធតែគួរណាស់បញ្ចេញកញ្ចប់ថវិកាសង្គ្រោះ។ នេះថវិកាគេ​មាននៅនេះ គេកាត់ប៉ុណ្ណឹងយកមក ប៉ះប៉ូវ ហើយគេត្រៀមបម្រុងដោះស្រាយស្អីៗទៀត។ គេធ្វើរួចហើយ មិនចាំបាច់ទៅឆ្លងសភាទេអាហ្នឹងនោះ។ សភាគេត្រូវការឆ្លងច្បាប់សម្រាប់ប្រកាសភាពអាសន្ននោះទេ ហើយអាហ្នឹងគេមិនមែនយកមកដើម្បីនឹងប្រកាសភ្លាមឯណា? ប្រកាសរកងាប់អី បើប្រកាសៗតែលោកឯងហ្នឹងទៅ គេមិនទៅប្រកាស គេគិតគូរដល់សេដ្ឋកិច្ចរបស់គេដែរ។

ពិនិត្យមើលជាក់ស្ដែង ប្រទេសខ្លះបិទរោងចក្រ បិទស្អីៗ សួរថា ប្រទេសហ្នឹងកាត់បន្ថយការស្លាប់ទេ? ឧទាហរណ៍ អេស្ប៉ាញ ប្រកាសបិទរោងចក្រឱ្យកម្មករនៅផ្ទះ ប៉ុន្តែ សួរអេស្ប៉ាញកាត់បន្ថយមនុស្សស្លាប់បានទេ? លើការជាក់ស្ដែង អត់ទាន់មានទម្រង់ណាមួយដែលបង្ហាញអំពីជោគជ័យទេ ក្រៅពីប្រទេសចិន​។ ប្រើពាក្យថាជោគជ័យ វាជារឿងមួយ ប៉ុន្តែសម្រាប់ខ្ញុំនៅទីនេះ គឺថា គ្រាន់តែកាត់បន្ថយការខាតបង់តែប៉ុណ្ណឹងទេ។ ឥឡូវនេះ យើងកំពុងប្រយុទ្ធជាមួយសង្គ្រាមមួយ ដែលមិនអាចប្រើពាក្យឈ្នះ ត្រឹមតែប្រើពាក្យថាខាតតិច ឬច្រើនតែប៉ុណ្ណោះ តែមិនអាចប្រើពាក្យថាចំណេញនោះទេ។

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយល់ស្របជាមួយនឹងអ្វី ដែលរាជរដ្ឋាភិបាលសំណូមពរ ជាពិសេស គឺផ្អាកការប្រារព្ធពិធីចូលឆ្នាំ។ ប៉ុន្តែ សូមបញ្ជាក់ឡើងវិញ មិនមែនផ្អាកការទទួលទេវតាទេ នៅតាមផ្ទះទទួលរៀងៗខ្លូនទៅ ដុតធូប/ទៀនទៅ ប៉ុន្តែពន្លត់ផងក្រែងវាឆេះផ្ទះ ប្រយ័ត្នឆេះផ្ទះដោយសារតែសែនទេវតាៗមិនជួយ។ ទូរទស្សន៍នៅតែចាក់ហ្នឹង ម៉ោង ៨ យប់ ទេវតាចុះតាមទូរទស្សន៍ហ្នឹង។ យើងមើលតាមទូរទស្សន៍ទៅ។ រួចហើយ មានសារជូនពរ មានស្អីៗអញ្ចឹងទៅ រួចហើយសម្រាកនៅផ្ទះទៅ រួចហើយព្រលឹមឡើងទៅធ្វើការទៅ។ រោងចក្រនៅបន្ត ក្រុមហ៊ុនក៏នៅបន្ត ធនាគារក៏នៅបន្ត ក្រសួងមន្ទីរក៏នៅបន្ត នៅធ្វើការធម្មតា អត់ទាន់ឱ្យសម្រាកទេ។ ប៉ុន្តែ ប្រជាកសិកររឿងរបស់គាត់មួយផ្សេង គាត់ទៅ ឬមិនទៅ រឿងរបស់គាត់ ព្រោះខែហ្នឹងមិនមែនជាខែធ្វើស្រែផង អាហ្នឹងជារឿងរបស់គាត់មួយទៀត៕

សេចក្តីដកស្រង់ប្រសាសន៍ សំណួរ/ចម្លើយសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃជំងឺ Covid-19

ទូរទស្សន៍ក្រសួងមហាផ្ទៃ NiceTV៖ ខ្ញុំមានពីរសំណួរជូនសម្ដេចនៅពេលនេះ។ សំណួរទី ១ តាមការព្យាករណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិស័យសេដ្ឋកិច្ចជាតិរបស់យើង មានឱនភាពខ្លាំងដោយសារតែជំងឺ COVID-19 នៅឆ្នាំ ២០២០ នេះ។ តើសម្ដេចមានយុទ្ធសាស្រ្តបែបណា ដើម្បីទប់ស្ដាត់ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់យើង?

សំណួរទី ២ រវាងផលប៉ះពាល់ EBA និងជំងឺ COVID-19 តើមួយណាមានផលប៉ះពាល់ធ្ងន់ធ្ងរជាង?

អរគុណសម្រាប់ការសួរនូវសំណួរនេះ។ ពិភពលោកបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់ទេ។ គ្រាន់តែផលប៉ះពាល់ហ្នឹង វាមានទំហំប៉ុនណា មិនទាន់វាយតម្លៃបាន ដោយសារជំងឺ COVID-19 វាមិនកម្រិតបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ ផលប៉ះពាល់ វាកើតមានហើយ។ កំណើនសេដ្ឋកិច្ចពិភពលោក និងគ្រប់ប្រទេសទាំងអស់សុទ្ធតែធ្លាក់ចុះ។ ម្សិលម្ង៉ៃ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជូនមកខ្ញុំ នូវផ្នែកនានាដែលទទួលផលប៉ះពាល់ និងផ្នែកដែលមានកាលានុវត្តភាព។ នៅក្នុងផ្នែកដែលមានកាលានុវត្តភាព គេមានដាក់ផ្នែកកសិកម្មនៅខាងលើប្រេង បន្ទាប់ទៅមានអីទៀត(អញ្ចឹងទៅ)។ ខ្ញុំបាននិយាយលេងជាមួយកូនៗ របស់ខ្ញុំ។ ខ្ញុំប្រាប់ថា ចង់ឆ្លើយទៅឯកឧត្តម ប្រាក់ សុខុន (ដឹងថា)មិនមែនជារបស់ឯកឧត្តម ប្រាក់ សុខុន ទេ។ ឯកឧត្តម ប្រាក់ សុខុន ទទួលបានពីគេ។ អ្នកគិតនោះ នៅអត់បានគិតដល់ចំណុចមួយ អំពីអ្នកដែលទទួលផល។ គាត់ដាក់អ្នកដែលទទួលផលត្រឹមតែអ្នកដែលផលិតសម្ភារៈផ្នែកពេទ្យតែប៉ុណ្ណឹង​។ ប៉ុន្តែខ្ញុំឃើញថាអ្នកដែលទទួលផលមួយទៀត គឺអ្នកកប់សព និងអ្នកធ្វើក្ដារមឈូស។ ការពិតវាអញ្ចឹង។ មនុស្សងាប់មួយថ្ងៃៗ មិនតិចទេ។ អ្នកធ្វើក្ដារមឈូស ជាផ្នែកសេវាទាក់ទងនឹងការយកមនុស្សទៅកប់ យកមនុស្សទៅដុត ដែលផលិតប្រដាប់ហ្នឹង។ ឥឡូវគ្រួសារអ្នកស្លាប់ដែលជាខ្មែរនៅញូវយ៉ក គេទារប្រាក់ ៣.០០០ ដុល្លារ ដើម្បីនឹងដុតខ្មោចមួយ។ ពិត ឬមិនពិត ខ្ញុំមិនដឹងទេ តែខ្ញុំឃើញ Fresh News ផ្សាយអំពីក្រុមគ្រួសារខ្មែរនៅញូវយ៉ក។ អញ្ចឹងបញ្ហាសេដ្ឋកិច្ចប៉ះពាល់ធំណាស់ តែកម្រិតប៉ុនណា វាចំណុះទៅលើការ​វិវត្តនៃ COVID-19 នេះ។ វាទៅបញ្ចប់នៅទីកន្លែងណា? គ្រប់គ្រងវាបានកម្រិតណា?

លោកសួរថា តើអ្វីដែលជាផលប៉ះពាល់ធំជាងគេ? ធម្មតា សេដ្ឋកិច្ច គឺមានផ្នែក ៣៖ កសិកម្ម ឧស្សាហកម្ម និងសេវា។ ដូច្នេះ វាប៉ះពាល់ហើយ ឧស្សាហកម្ម និងសេវា គឺប៉ះពាល់ធ្ងន់ណាស់ ប៉ុន្តែកសិកម្ម បែរជាមានកាលានុវត្តភាពទៅវិញ។ នេះជាការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ច រាប់ទាំងដែលគេបានដាក់ជាសញ្ញាមក អំ​ពី​ផលប៉ះពាល់ ដែលខ្ញុំមើលឃើញនៅក្នុងផលប៉ះពាល់របស់គេនេះ និងអ្នកដែលទទួលផលវិញ។ ក្នុងនេះ ផ្នែកកសិកម្ម ជាផ្នែកដែលទទួលផល​ … នៅប្រទេសអង់គ្លេស អត់មានយកលុយទេ។ ចាយ និងទូទាត់តាម Credit Card។ មានស្អីៗទៀត ប៉ុន្តែនៅក្នុងនេះ ខ្ញុំថាសេវាខាងផ្នែកកប់សព និងធ្វើក្ដារមឈូស ក៏ជាអ្នកទទួលផលដែរ។ និយាយតាមមួយបែបទៅ មិនមែនជាការលេងសើចទេ អ្នកធ្វើក្ដារមឈូសបន់ឱ្យមនុស្សងាប់ ដើម្បីលក់ក្ដារមឈូសដាច់។ ប៉ុន្តែ វាមិនដល់ថ្នាក់ហ្នឹងពេកទេ។ យើងបានឃើញជាទម្លាប់អញ្ចឹង បើអត់មានមនុស្សងាប់ទេ លក់ក្ដារមឈូសអត់ដាច់។ ប៉ុន្តែ ឥឡូវមើលៗ ផលិតក្ដារមឈូសមិនទាន់ផង ដោយសារងាប់ច្រើនពេក។ ប្រទេសខ្លះងាប់ជាង ១.០០០ នាក់ក្នុងមួយថ្ងៃ, ខ្លះងាប់ ៥០០ នាក់, ៧០០ នាក់, ៨០០ នាក់ ងាប់ច្រើនពេកស្ទើរតែផលិតក្ដារមឈូសសឹងមិនទាន់។ អញ្ចឹង ខ្ញុំអាចបញ្ជាក់ថា ផលប៉ះពាល់នៅទីនេះ មានឧស្សាហកម្ម សេវា ហើយផ្នែកកសិកម្មទទួលផលវិញ​។ ប៉ុន្តែ ឧស្សាហកម្មដែលពាក់ព័ន្ធនៅក្នុងផ្នែកវេជ្ជសាស្រ្ត និងផ្នែកម្ហូបអាហារ អាចនឹងមានកាលានុវត្តភាពវិញ។ ប៉ុន្តែ ឧស្សាហកម្មរថយន្ត ឧស្សាហកម្មផលិតយន្តហោះ ឧស្សាហកម្មមួយចំនួនផ្សេងទៀត គឺអាចនឹងរងផលប៉ះពាល់ធ្ងន់​។

Cambonomist៖ សុំអនុញ្ញាតសួរសំណួរថា តើកម្ពុជាមានវិធានការអ្វីខ្លះនៅពេលនេះ ដើម្បីធានាបានថា COVID-19 នឹងបន្តការរីករាលដាលក្នុងកម្រិតមួយដែលមិនធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កម្លាំងផលិតកម្មនៅក្នុងប្រទេស។ តើរដ្ឋាភិបាលនឹងមានវិធានការអ្វីខ្លះ ដើម្បីជួយសម្រួលដល់រោងចក្រ/សហគ្រាសឱ្យចាប់ផ្ដើមដំណើរការវិញបានឆាប់រហ័ស នៅពេលដែលស្ថានភាពពិភពលោក ក៏ដូចជានៅតំបន់អឺរ៉ុប ចិនជាដើម បានធូរស្រាលពីជំងឺ COVID-19 នេះវិញ?

ការប្រកាន់យកនូវវិធានការណាមួយសម្រាប់កម្ពុជា វាក៏ចំណុះកត្តាខាងក្រៅ។ ទីផ្សារអាមេរិក ទីផ្សារអឺរ៉ុប​ រងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលនោះវាអាចនឹងបង្កើតនូវបញ្ហា មិនមែនគ្រាន់តែកម្ពុជាទេ គ្រប់ប្រទេសទាំងអស់ដែលនាំចេញទៅទីផ្សារទាំងនេះ នឹងជួបការលំបាកចាប់ពីឥឡូវនេះទៅហើយ។ ផលិតរួចហើយ អ្នកដែលបញ្ជាទិញផ្អាក មិនឱ្យនាំទៅ។ នេះជាផលប៉ះពាល់។ ខ្ញុំគិតថា ប្រសិនបើសភាពការណ៍វិលត្រឡប់មកប្រក្រតីវិញ សម្រាប់យើង យើងបានត្រៀមរួចជាស្រេច ទៅលើវិធានការដើម្បីដាក់ឱ្យដំណើរការឡើងវិញ នូវបណ្ដារោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយ ដែលទទួលរងផលប៉ះពាល់នោះ ប៉ុន្តែ ដូចដែលខ្ញុំនិយាយអញ្ចឹង វាមិនចំណុះតែយើងទេ ព្រោះយើងផលិតសម្រាប់ការនាំចេញ។ តែក៏មានផ្នែកមួយចំនួន ក៏យើងចង់បង្វែរ​ទិសរបស់វា ឱ្យមករកការផលិតសម្រាប់ការផ្គត់ផ្គង់ជំនួសឱ្យការនាំចូលផងដែរ ក្នុងនេះគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នឹងបន្តធ្វើកិច្ចការនេះជាបន្តទៀត។

សេដ្ឋកិច្ចរងផលប៉ះពាល់ គ្មានទេដែលថានៅសល់អ្នកទទួលបានប្រាក់ចំណេញ … ប្រាក់ចំណូលធ្លាក់ចុះ មិនមែនគ្រាន់តែកម្ពុជាទេ … អត្រាបាត់បង់ការងារធ្វើនៅក្នុងប្រទេសឧស្សាហកម្មធំៗ គឺធ្ងន់ជាងយើងច្រើនណាស់។ ពីម្សិល ទើបនឹងមានជាង ១០០ រោងចក្រ ដែលបានបិទទ្វារ ដោយខ្វះវត្ថុធាតុដើម និងខ្វះអ្នកបញ្ជាទិញ ឬអ្នកបញ្ជាទិញបានបញ្ជារួចហើយ តែមិនបានយកទំនិញតាមការសន្យា។ នេះជាចំណុចដែលយើងកំពុងរកមើលតទៅទៀត។ ប៉ុន្តែ រាជរដ្ឋាភិបាលមានជាវិធានការហ្មត់ចត់ កុំឱ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង។ នេះជាកម្រិតនៃការខិតខំ។ យើងមានសមត្ថភាពនឹងផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់យើង ដោយអង្ករស្តុកផលិតនៅក្នុងប្រទេសរបស់យើង អំបិលក្នុងប្រទេសរបស់យើង មីកញ្ចប់ស្អីៗ រោងចក្រធំៗ ៤ និងរោងចក្រដទៃទៀតយ៉ាងច្រើន។ យើងអាចផ្អាកការនាំចេញនូវទំនិញទាំងនេះ ហើយបង្វិលមកតម្រូវការទីផ្សារក្នុងស្រុកនូវផលិតផលកសិឧស្សាហកម្ម និងការផលិតស្បៀងរបស់យើងមួយចំនួន។

ខ្ញុំគិតថា ប្រជាជនកម្ពុជាមិនអត់បាយស្លាប់ទេ គ្រាន់តែពេលនេះវាមានការលំបាកបន្តិច។ លំបាកត្រង់តែយើងហាមគាត់មិនឱ្យគាត់ចូលហាងទៅទៀត។ ឥឡូវនេះបានសេចក្ដីថា តាមហាងនានាសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ ក៏ប៉ុន្តែ យើងមិនចង់ឱ្យគាត់ទៅប្រមូលផ្ដុំច្រើនពេកទេ។ កន្លែងខ្លះនៅតែបន្តលក់ ក៏បន្តមានអ្នកចូលទទួលទាន។ រឿងហ្នឹងហើយ បានយើងភ័យពេលចូលឆ្នាំ គាត់ទៅប្រមូលផ្តុំគ្នាជល់កែវចុះ/ឡើង រួចពីហ្នឹងទៅ Covid-19 រាលដាលចូលទៅក្នុងសហគមន៍តែម្ដង។ នេះគឺជារឿងគ្រោះថ្នាក់ សូមអរគុណ សូមបន្តនូវសំណួរ។

ដើមអំពិល៖ តើអាចបង្វែររោងចក្រកម្ពុជា ទៅជារោងចក្រផលិតម៉ាស ឬទេ?

សូមអរគុណចំពោះសំណួរនេះ មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ រាជរដ្ឋាភិបាលបានគិតឃើញមុនហ្នឹងទៅទៀត ពេលដែលខ្ញុំប្រជុំកាសែតនៅនេះ ខ្ញុំក៏បានចេញបញ្ជា​ឱ្យរោងចក្រនានាដេរម៉ាស។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ ម៉ាស៊ីនដេរម៉ាស និងវត្ថុធាតុដើមផលិតម៉ាស វាមិនដូចម៉ាស៊ីន ដែលយើងមាននៅតាមរោងចក្រនានាទេ។ សូមជម្រាបជូនឱ្យបានជ្រាបអំពីរឿងនេះ។ យើងមានកន្លែងផលិតម៉ាសនៅខេត្តព្រះសីហនុ មានរោងចក្រមួយ ដែលផលិតឱ្យយើងជាបន្តបន្ទាប់។ ទន្ទឹមនឹងយើងទិញពីក្រៅប្រទេស។ យើងមានរោងចក្រមួយ ដែលមុននេះផលិតផ្គត់ផ្គង់ទៅប្រទេសចិន តែឥឡូវនេះ យើងឱ្យរោងចក្រនេះផលិតសម្រាប់ការផ្គត់ផ្គង់នៅប្រទេសកម្ពុជា។ មានមនុស្សមិនតិចទេដែលនិយាយអំពីការបង្វែររោងចក្រផលិតម៉ាសផ្គត់ផ្គង់ក្នុងស្រុក និងលក់ទៅក្រៅប្រទេស។ បើយើងជាតំបន់ដែលផលិតម៉ាសតាំងពីដើម ប្រហែលជាក្លាយជាអ្នកមានផងក៏មិនដឹង។ ប៉ុន្តែ ដោយសារតែកន្លងទៅ យើងផលិតខោអាវ ស្បែកជើង យើងមិនអាចប្រែក្លាយម៉ាស៊ីនដេរខោ អាវទៅជាម៉ាស៊ីនផលិតម៉ាសនោះទេ។ មានគេដាក់ពាក្យស្នើសុំផលិតដែរ ប៉ុន្តែវាមិនច្រើនទេ។ បើគេផលិតអាហ្នឹងយើងស្វាគមន៍ណាស់ក្នុងការពង្រីក។ ប៉ុន្តែ ប្រហែលការផលិតនេះត្រូវការពេលវេលា ដែលគេត្រូវបញ្ជូនម៉ាស៊ីនមករៀបចំ ហើយបណ្ដុះបណ្ដាលបុគ្គលិក ដើម្បីឱ្យចេះដេរម៉ាស និងនាំមកនូវវត្ថុធាតុដើម ដើម្បីផលិតម៉ាស។ អ្នកដែលបានផលិតម៉ាសពិតប្រាកដ ច្រើនជាងគេនៅពេលនេះគឺប្រទេសចិន ក្រៅពីនោះអាចមានប្រទេសខ្លះគឺផលិតម៉ាសខ្លួនឯង។

​ឥឡូវនេះ យើងបានពិនិត្យឃើញជាក់ស្ដែងហើយ។ នៅអាមេរិក និងអឺរ៉ុប សុទ្ធតែជាប្រទេសខ្វះម៉ាស។ ប្រ​ហែលជាជឿនលឿនពេក។ នោះហើយជាសម្ដីរបស់ខ្មែរ ដែលពោលថា ‌”សេដ្ឋីគង់ខ្វះអំបែង”។ ខ្ញុំអាចគ្រាន់តែបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ។ តាំងពីខ្ញុំចេញធ្វើសន្និសីទកាសែតដំបូង ខ្ញុំស្នើឱ្យរោងចក្រនៅក្នុងប្រទេសរបស់យើងផលិតម៉ាស ប៉ុន្តែធ្វើទៅមិនរួចដោយផ្ទេរសង្វាក់ផលិតកម្មទៅវាមិនបាន​។ ឥឡូវ ទើបទទួលព័ត៌មានថា (មាន)ដាក់ពាក្យសុំ។ ប៉ុន្តែរោងចក្រពិតប្រាកដយើងមានតែមួយទេ។ បើសិនជាយើងធ្វើបានពេលហ្នឹង គឺជាពេលវេលាមួយល្អដែរ តែមិនមែនជាការងាយស្រួលក្នុងការផ្ទេរសង្វាក់ផលិត​កម្មភ្លាមៗ ឡើយ។ នេះជារឿងដែលបាន និងកំពុងកើតក្នុងប្រទេសរបស់យើង។

ហង្សមាស៖ ១. ពលករខ្មែរ ១៥០ នាក់មិនអាចចូលបាន តើពួកគេទាំងអស់ស្ថិតក្រោមការគ្រប់ដាច់ដោយឡែករបស់អាជ្ញាធរម៉ាឡេស៊ី ឬនៅតាមផ្ទះ? ពីព្រោះពួកគាត់កំពុងប្រឈមនឹងកង្វះអាហារ ដោយគាត់ជាអ្នកនេសាទ និងជាកម្មករសំណង់។ ២. តើការល្មើសបម្រាមអំពីការមិនឱ្យឈប់សម្រាកពេលចូលឆ្នាំខ្មែរមានទណ្ឌកម្មឬទេ?

ទាក់ទិនជាមួយបងប្អូននៅក្រៅប្រទេស យើងមានតែសុំការអង្វរករគាត់ឱ្យស្ថិតនៅទីនោះសិន ដើម្បីផលប្រយោជន៍ធំរបស់ប្រទេសជាតិ។ គ្មានជម្រើសណាផ្សេងទេ។ មិនមែនខ្ញុំអគុណធម៌ទេ។ សុំសម្លឹងមើលចុះ Westerdam ប្រទេសប៉ុន្មានដែលមិនឱ្យចូល? រាប់ទាំងកោះ Guam ដែលជាទឹកដីកោះរបស់អាមេរិក ក៏ មិនឱ្យចូល ក្នុងពេលដែលប្រជាពលរដ្ឋអាមេរិកមាន ៦៥០ នាក់ នៅលើនោះ។ ដោយសារតែអាមេរិកគិតដល់ផលប្រយោជន៍ប្រជាជនអាមេរិករាប់រយលាននាក់នៅក្នុងប្រទេស។ ខ្ញុំក៏បានលឺដែរខ្លះនៅរដ្ឋ​ Pahang នៅជិតយើងទេ។ បើយើងគិតពីកំពង់សោមទៅរដ្ឋ Pahang គឺជាចំណុចដែលជិតជាងគេទៅកាន់ម៉ាឡេស៊ី ។ អញ្ចឹងតើគាត់ធ្វើដំណើររបៀបម៉េចដើម្បីទៅគួឡាឡាំពួរ ក្នុងពេលដែលមានបម្រាមនោះ? អញ្ចឹងទេ នេះគឺជាពេលវេលាដ៏លំបាក។ យើងមានតែសុំការយោគយល់ពីគាត់ សុំការសណ្ដោសពីគាត់ ដើម្បីឱ្យគាត់សណ្ដោសទៅដល់ប្រជាជន ១៦ លាននាក់ នៅក្នុងប្រទេសកុំឱ្យឆ្លង។

ខ្ញុំពិបាកណាស់យប់មិញ។ គឺជាពេលវេលាដ៏តឹងតែងមួយសម្រាប់ខ្ញុំ ក្នុងការធ្វើសេចក្ដីសម្រេចមួយភ្លាមៗ​។ ទាក់ទងទូរស័ព្ទមួយមិនព្រមលើក។ សុំមេត្តា ចាប់ពីនេះតទៅ រដ្ឋមន្ត្រីទាំងអស់ ឧបនាយករដ្ឋមន្ត្រីទាំងអស់ បើកសម្លេងទូរស័ព្ទកុំដាក់ Silent ហៅមិនលឺទេ។ ធ្វើការជាមួយគ្នាមិនកើតទេ។ បើកសម្លេងទាំងអស់ ព្រោះពេលវេលានេះជាពេលវេលាប្រយុទ្ធ។ ហៅទៅ ប្រាក់ សុខុន មិនលើក មានតែ voice សម្លេង។ ហៅទៅបង ម៉ម ប៊ុនហេង ហៅទៅកូនប្រសារ ហៅទៅ ឃួង ស្រេង បានចេះហៅទៅ ហាវណ្ណាល់ បាន។ វាលំបាកណាស់ក្នុងការសម្រេច … ឥឡូវយកមកដល់ ស្រាប់តែផែនការរបស់បង ម៉ម ប៊ុនហេង យកមកដាក់សណ្ឋាគារ Intercontinental ១៥០ នាក់។ យើងអត់ដឹងថា ១៥០ នាក់ មានអ្នកណាខ្លះឆ្លងទេ។ បន្ទាប់ពីហ្នឹងទៅ ត្រូវធ្វើអី? អញ្ចឹង ភ្នំពេញក្លាយទៅជាសំបុកជំងឺ គួរឱ្យខ្លាច។ សង្ឃឹមថា បងប្អូន និងសាច់ញាតិ មេត្តាយោគយល់ដល់ការលំបាករបស់ជាតិ។ ខ្ញុំគិតថា ពេលវេលានេះ វាមិនទាន់ស្លាប់ដូចជំនាន់ ប៉ុល ពត ទេ …។ នៅប្រទេសម៉ាឡេស៊ី ក៏មិនទាន់ដល់ថ្នាក់គេឱ្យប្រជាជនអត់បាយនោះទេ។ ខ្ញុំជឿអញ្ចឹង។ ខ្ញុំមានចៅរៀននៅអឺរ៉ុប ខ្ញុំគិតថាឆ្នាំនេះ ខ្ញុំមិនអាចជួបមុខចៅខ្ញុំបានទេ។ វិធីតែមួយគឺឆ្លៀតពេលយប់ៗហៅជា video call ​និយាយជាមួយចៅ ឱ្យចៅនៅក្នុងផ្ទះបានតែប៉ុណ្ណឹង ហើយឆ្នាំហ្នឹងប្រហែលជាមិនអាចមានលទ្ធភាពជួបចៅ។

ចំពោះសំណួរទី ២ យើងអត់បានបិទប្រទេសទេ។ យើងអត់បានដាក់បម្រាមគោចរទេ ព្រោះគ្មានច្បាប់ដើម្បីដាក់នោះទេ។ តែយើងសុំអង្វរករប្រជាពលរដ្ឋរបស់យើងតែប៉ុណ្ណោះ បើគ្មានការចាំបាច់ទេ កុំធ្វើដំណើរអី នៅសប្បាយជុំកូន/ចៅ នៅផ្ទះកុំឱ្យពិបាក។ យើងអត់មានសិទ្ធិ ដើម្បីនឹងផាកពិន័យគាត់ទេ។ អញ្ចឹងបានជាសុំឱ្យអ្នកច្បាប់ទាំងឡាយ ដែលចេះតែមកនិយាយថា ធ្វើអញ្ចេះវាត្រូវ កុំធ្វើច្បាប់ប្រកាសគ្រាមានអាសន្ន បើអត់មានច្បាប់ប្រកាសគ្រាមានអាសន្នទេ អត់ផាកពិន័យគេបានទេ។ អញ្ចឹងត្រូវយល់។ រដ្ឋាភិបាលត្រូវមានឧបករណ៍ក្នុងដៃ។ បើនិយាយស្ដាប់គ្នាមិនបានទេ ប្រកាសភ្លាម កំណត់បម្រាមគោចរត្រឹមម៉ោង ៨យប់ ដល់ម៉ោង ៥ ភ្លឺ។ អ្នកឯងត្រូវតែគោរព អ្នកឯងមិនគោរពផាកពិន័យ។ នៅហ្វីលីពីន ដល់កម្រិតប្រធា​នាធិបតីចេញបញ្ជាឱ្យបាញ់ចោល បើបំពានលើបម្រាម។ ពីមុនត្រឹមតែយកក្ដារមឈូសទៅដាក់នៅកន្លែងត្រួតពិនិត្យ ចង់ចូលក្ដារមឈូស ឬចង់ជិះឡាន? ចុងក្រោយ គាត់បានចេញបញ្ជាឱ្យបាញ់សម្លាប់តែម្ដង។ ហើយលទ្ធផលគឺបានស្លាប់ម្នាក់មែន។ កម្ពុជាគឺអត់ឈានទៅដល់ប៉ុណ្ណឹងទេ។ នោះគឺជាបម្រាមហាមមិនស្ដាប់ហើយ បានជាគាត់ត្រូវបង្ខំចិត្តធ្វើបែបនោះ។ ឯយើងនៅទីនេះ គ្រាន់តែចង់បានច្បាប់មួយដើម្បីឱ្យប្រ​ជាជនគោរព អ្នកណាមិនគោរពគឺត្រូវទទួលពិន័យ។ ហើយវិសាលភាពរបស់វាយ៉ាងម៉េច? វិធានការអីខ្លះដែលត្រូវប្រកាន់យក? បិទប្រទេសទាំងមូល ឬប្រកាសអាសន្នទូទាំងប្រទេស ឬប្រកាសអាសន្នតែផ្នែកណាមួយ ទាល់តែមានច្បាប់ទើបអាចធ្វើបាន។ ការផាកពិន័យវាអត់មានទេ។ តែខ្ញុំសុំលើកដៃអង្វរករប្រជាពលរដ្ឋរបស់យើង សូមយោគយល់។

ការយោគយល់នេះ មិនមែនដើម្បីខ្ញុំទេ គឺដើម្បីផ្ទាល់ខ្លួន។ ឥឡូវ មនុស្សមិនទុក្ខចិត្តគ្នាទេ។ ខ្ញុំមិនអាចទុកចិត្ត បង ម៉ម ប៊ុនហេង ទេ ព្រោះខ្លាចគាត់មាន Covid-19។ គាត់ក៏មិនទុកចិត្តខ្ញុំដែរ ព្រោះខ្លាចខ្ញុំមាន Covid-19។ អញ្ចឹងយកការមិនទុកចិត្តគ្នានេះ នៅឱ្យឆ្ងាយពីគ្នាទៅ។ អាណោចអាធមកូនរបស់ខ្ញុំ ប្ដីវាត្រូវដេកនៅបន្ទាយ អត់ជួបប្រពន្ធបានទេ។ ប្រពន្ធវានៅផ្ទះអត់ជួបកូនបានទេ។ សួរថា “ម៉ាក់ទៅណា” អាកូនពៅវាឆ្លើយជាមួយជីតាវាថា “Covid-19” តែប៉ុណ្ណឹង … ដោយសារកូនប្រសារខ្ញុំជាបណ្ឌិតផ្នែកសុខភាពសាធារណៈ សិក្សាចប់ពីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។​ ប៉ុន្តែ គេមិនត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើមុខងារនេះ/នោះទេ។ ជួយឪពុកលើការងារមនុស្សធម៌ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអីប៉ុណ្ណឹង។ តែបានទទួលការអនុញ្ញាតពីរដ្ឋមន្រ្ដីឱ្យចូលប្រឡូកនៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដនេះ … ជាបណ្ឌិតផ្នែកសុខភាព​សាធារណៈ គឺចំរឿងរបស់គេតែម្ដង។ ប៉ុន្តែ បើខ្ញុំចាត់តាំងកូនរបស់ខ្ញុំឱ្យធ្វើរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ គេជេរងាប់ហើយ។ គ្រាន់តែឱ្យកូនធ្វើទាហាន និងតំណាងរាស្រ្ដ គេជេរ សុទ្ធតែខ្ញុំនឹងប្រុងប្រៀបផ្ទេរតំណែងឱ្យកូនប្រុសច្បង ក្នុងគ្រាដែលគ្នាធ្វើទាហានសោះ។ ប៉ុន្តែ ឃើញក្នុងគណៈកម្មការអន្ដរក្រសួង គេឱ្យធ្វើអនុប្រធានគណៈកម្មការឆ្លើយតប។ អញ្ចឹងប្រពន្ធធ្វើការពីខាងក្រៅ ប្ដីធ្វើក្នុងយន្ដការនេះ។ អញ្ចឹងបានជាគេចេះតែបាញ់ចូលក្នុង group ម៉ោងប្រមាណ ១ យប់ប្លាយ គេថាសភាពការណ៍កាន់តែតានតឹង។ ដល់មែនទែនទាំងប្ដីទាំងប្រពន្ធគេប្រកែកគ្នា ក្នុងផែនការជម្រើសទីមួយយ៉ាងម៉េច ជម្រើសទីពីរយ៉ាងម៉េច ជម្រើសទីបីយ៉ាងម៉េច។

អញ្ចឹង ការយោគយល់គ្នាវានៅកន្លែងហ្នឹង ដែលសុំឱ្យមានការយោគយល់ពីប្រជាពលរដ្ឋ។ ប្រសិនបើមិនយោគយល់ទេ អ្នកដែលស្លាប់គឺខ្លួនឯងតែម្ដង ហើយបំផ្លាញក្រុមគ្រួសារទាំងមូល។ អញ្ចឹងបានជាឃើញថា ក្នុងគ្រួសារខ្ញុំតែមួយ កូនរបស់ខ្ញុំបង្កើត ប្ដីត្រូវដេកនៅមួយកន្លែង ព្រោះប្ដីមិនដឹងទៅជួបអ្នកណាខ្លះ មកវិញឆ្លងឱ្យប្រពន្ធ។ ប្រពន្ធមិនដឹងទៅជួបអ្នកណា ឆ្លងឱ្យប្ដី។ ប្ដីប្រពន្ធត្រូវនៅផ្សេងពីគ្នា។ នៅផ្ទះជាមួយគ្នា តែកូនៗនៅបន្ទប់ផ្សេង។ ម្ដាយត្រូវចុះជណ្ដើរផ្សេង កូនត្រូវចុះជណ្ដើរផ្សេង។ បញ្ហារបស់យើងដល់កម្រិតប៉ុណ្ណឹង។ ជំងឺនេះវាចម្លែក ដែលគេឱ្យយកវិធានការគម្លាតសង្គម ជាវិធីការពារដែលមានប្រសិទ្ធភាពជាងគេ។ អញ្ចឹងយើងអង្គុយឆ្ងាយៗ ពីគ្នាតិចទៅ។ បញ្ជាក់ឡើងវិញ អត់មានផាកពិន័យទេ តែខ្ញុំលើកដៃអង្វរករចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះព្រះសង្ឃ សូមយោគយល់ចំពោះសភាពការណ៍លំបាកនេះ។ ការយោគយល់ទាំងអស់នោះ គឺដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗតែប៉ុណ្ណោះ មិនមែនជាសេចក្ដីសុខផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។ សូមផ្ដល់សំណួរបន្ថែម។ ដូចនាងថ្មីៗ? មកទៀតហើយ?

Thmey Thmey ១. មួយរយៈពេលដែលកម្ពុជាទប់ស្កាត់ Covid-19 ផង បញ្ហាសេដ្ឋកិច្ច និងប្រជាពលរដ្ឋផង តើនេះជាបទពិសោធន៍ថ្មីមួយ ដែលជួយឱ្យកម្ពុជាពង្រឹងខ្លួនកាន់តែរឹងមាំថែមទៀតទេ?

២. សហជីពនៅកម្ពុជា បានអះអាងថា​ ថៅកែរោងចក្រមួយចំនួនដែលបានបិទទ្វារនោះ គឺមិនមានលទ្ធភាពបើកប្រាក់ខែ ៤០% ឱ្យកម្មករ ក្រៅពីប្រាក់ឧបត្ថម្ភ ២០% របស់រាជរដ្ឋាភិបាល។ ដូច្នេះតើរាជរដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច ប្រសិនបើថៅកែពិតជាមិនមានលទ្ធភាពបើកប្រាក់ខែ ៤០% ឱ្យកម្មករមែននោះ?

អ្វីក៏ដោយ ដួលកន្លែងណាត្រូវក្រោកកន្លែងហ្នឹង ហើយត្រូវប្រឹងងើបក្រោកដោយខ្លួនឯង។ មានវិបត្តិម្ដង វាផ្ដល់ឱ្យនូវមេរៀនពិសោធន៍ម្ដង។ មិនមែនគ្រាន់តែ(យើង)ខ្លួន(ឯង)ទេ ពិភពលោកក៏ត្រូវដកហូតពិសោធន៍​។ អ្វីដែលសំខាន់ កម្ពុជាខ្លួនឯងត្រូវមានបទពិសោធន៍ ដើម្បីពង្រឹងខ្លួនឯងយ៉ាងម៉េច? ម្ចាស់ការខ្លួនឯយ៉ាងម៉េច? ដូចជាបញ្ហាទាក់ទិនជាមួយនឹងការស្តុកបម្រុងនេះ យើងមិនអាចនឹងធ្វេសប្រហែសបានទេ។ យើងមិននិយាយបន្តុះបង្អាប់ចំពោះប្រទេសណានោះទេ។ ប្រទេសគេមានណាស់ ក៏ប៉ុន្តែទីចុងបំផុតសូម្បីតែម៉ាសពាក់សម្រាប់អ្នកជំងឺ ឬសម្រាប់ក្រុមគ្រូពេទ្យក៏មិនមានគ្រប់ផង។ នោះគិតថាប្រទេសទាំងនោះក៏អាចដកហូតពិសោធន៍នៅពេលក្រោយ។ ឯយើងក៏ដកហូតពិសោធន៍សម្រាប់ខ្លួនយើង ដើម្បីពង្រឹងភាពជាម្ចាស់របស់យើង និងយន្ដការឆ្លើយតបនៅពេលដែលមានគ្រាអាសន្នកើតឡើង តាមរយៈការរិះរកនូវិធានការទាំងឡាយដើម្បីត្រៀមបង្ការ។

ឯចំពោះចំណុចទីពីរ រឿងនេះពិតជាបានកើតឡើងអញ្ចឹងមែន។ ម្សិលមិញខ្ញុំទើបតែបានសម្រេច តែថ្ងៃនេះឯកសារនេះមិនបានយកមកជាមួយទេ។ ម្សិលមិញបានសម្រេចនូវរបៀបថ្មីហើយ មុននេះយើងបានស្នើសុំឱ្យម្ចាស់រោងចក្រចេញ ៤០% រដ្ឋចេញ ២០% តែឥឡូវនេះម្ចាស់រោងចក្រអត់មានលទ្ធភាពទេ។ អញ្ចឹង តម្រូវឱ្យរដ្ឋចេញ ៤០ ដុល្លារ ម្ចាស់រោងចក្រ ៣០ ដុល្លារ។ ឥឡូវនេះ អ្នកដែលព្យួរ(ការងារ) រដ្ឋចេញ ៤០ ដុល្លារ ដែលមុននេះរដ្ឋចេញតែ ២០ ដុល្លារ ម្ចាស់រោងចក្រចេញ ៣០ ដុល្លារ។ អញ្ចឹង កម្មករម្នាក់នឹងទទួលបាននូវអត្ថប្រយោជន៍ ៧០ ដុល្លារ ដែលមុននេះគិតថាដល់ ៩០ ដុល្លារ ដោយសារតែខាងរោងចក្រគ្នារត់អត់រួច បង្ខំតទៅទៀតក៏អត់បានដែរ។ សមាគមរោងចក្របានលើកសំណើនេះមក។ អញ្ចឹងយើងកាត់បន្ថយនូវការផ្ដល់ … ប៉ុន្ដែដោយសារតែបញ្ហាវាកើតឡើងរបៀបនេះ គឺកម្មករម្នាក់ទទួលបាននៅត្រឹម ៧០ ដុល្លារទេ តែមិនតម្រូវឱ្យកម្មករនេះទៅធ្វើការហ្វឹកហាត់ដូចមុនទេ។ ពេលមុន ថាអ្នកឯងទទួលបាននូវការឧបត្ថម្ភរយៈពេល ៦ ខែ តម្រូវឱ្យហ្វឹកហាត់ ៤ ខែ និងត្រៀម ២ ខែទៀត ប៉ុន្តែឥឡូវអត់ហ្វឹកហាត់បានទេ ដោយសារតែយើងបានបិទអស់ហើយកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ។ ប៉ុន្តែ កម្មករក៏នៅទទួលបាន ៧០ ដុល្លារដែរ ពីរដ្ឋ ៤០ ដុល្លារ និងពីរោងចក្រ ៣០ ដុល្លារ។ នេះក៏សុំប្រាប់ទៅខាងផ្នែកពួកអ្នកចូលចិត្តបង្គាប់បញ្ជា ហើយមើលស្រាលនូវការគិតគូររបស់រាជរដ្ឋាភិបាល​ឱ្យដឹងផងដែរថា យើងបាន និងបញ្ចេញនូវថវិការបស់យើង ដើម្បីជូនទៅកម្មករជាជំនួយសង្គម នៅក្នុងរយៈពេលដែលមានការព្យួរបែបនេះ។ លទ្ធភាពរបស់យើងមានប៉ុណ្ណឹង។ អញ្ជើញសួរ។

វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន៖ ១. រសៀលថ្ងៃនេះក្រុមគ្រូពេទ្យឯកទេសចិនបានត្រឡប់ទៅវិញហើយ។ សូមជម្រាបសួរសម្ដេចថា តើសម្រាប់ការងាររបស់ក្រុមគ្រូពេទ្យចិននៅកម្ពុជារយៈពេលជាង ១០ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាមានពេញចិត្តចំពោះក្រុមការងារពេទ្យចិននៅកម្ពុជាទេ? បន្ទាប់មកខាងរាជរដ្ឋាភិបាលកម្ពុជានៅមានសំណូមពរអ្វី ដើម្បីធ្វើឱ្យខាងភាគីចិន បន្តផ្ដល់ជំនាញការដល់កម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយ Covid-19?

២. ដោយសារប្រទេសចិនបច្ចុប្បន្ន ទទួលលទ្ធផលមួយចំនួនធំក្នុងការទប់ស្កាត់ Covid-19 ហើយ ប្រទេសចិនក៏បានចាប់ផ្ដើមដំណើរការផលិតជាបណ្ដើរៗហើយ ប្រទេសចិនក៏បានផ្ដល់កិច្ចសហប្រតិបត្តិការអន្ដរជាតិជាច្រើនជាមួយបរទេស។ សូមសម្ដេចមេត្តាវាយតម្លៃចំពោះប្រទេសចិននៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងផលិតកម្មអន្ដរជាតិនៅក្នុងកាលៈទេសៈបច្ចុប្បន្ន។

៣. ទាក់ទងទៅនឹងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារថ្ងៃទី ៣០ កន្លងមកសម្ដេចតេជោមានប្រសាសន៍ថា ផ្អាកការនាំចេញអង្ករ និងស្រូវ។ ជាបន្តបន្ទាប់មកប្រទេសវៀតណាម ប្រទេសរុស្ស៊ីក៏បានប្រកាសជាផ្លូវការថាផ្អាកការនាំអង្ករ និងស្រូវសាលីចេញពីប្រទេសរៀងៗខ្លួន។ ព្រឹត្តិការណ៍ទាំងអស់នេះបានធ្វើឱ្យប្រជាជនចិនដណ្ដើមទិញអង្ករ ទិញមី ទិញគុយទាវនៅប្រទេសចិន ហើយរហូតដល់ថ្ងៃទី ៤ អាជ្ញាធរចិនបានចេញមកពន្យល់ឱ្យប្រជាជនចិនមិនបាច់ដណ្ដើមទិញអង្ករនៅក្នុងស្រុកទេ ដោយសារប្រទេសចិនអាចគ្រប់គ្រងបាន។ ហេតុដូចនេះ … តើកម្ពុជាមានប្រកាសវិធានការណាមួយដែលផ្អាកការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសទេ? ដូចជា ផ្លែចេក ដំឡូងឈើ … ហើយពាក់ព័ន្ធនឹងការផ្ដល់ទិដ្ឋាការ តើកម្ពុជាមានវិធានការណាខ្លះ ដើម្បីកុំឱ្យវិនិយោគិនចិនចូលកម្ពុជាមានការព្រួយបារម្ភ?

សូមអរគុណ! ឃើញមុខកញ្ញា គឺការពិតបកប្រែឱ្យស្ថានទូតច្រើនឆ្នាំ(មក)ហើយ។ យើងស្គាល់គ្នា(យូរហើយដែរ)។ ថ្ងៃមុនក៏បានសួរថា “បុរសសង្ហារលើលោកដើរបញ្ច្រាស”។ ខ្ញុំសុំឆ្លើយសុំណួរចុងក្រោយមុន ទាក់ទិននឹងការនាំចេញអង្ករ។ នៅថ្ងៃដែលខ្ញុំប្រកាសនោះ ខ្ញុំបានប្រើពាក្យថា “នាំចេញអង្ករស និងស្រូវ លើកលែងតែអង្ករក្រអូប បន្តឱ្យនាំចេញ”។ កន្លងទៅ ការនាំចេញទៅចិន គឺនាំអង្ករក្រអូប។ ដូច្នេះ ការនាំទៅប្រទេសចិនចំនួន ៤០ ម៉ឺនតោន នៅក្នុងកិច្ចសន្យា ដែលចិនផ្តល់កូតាឱ្យការនាំចេញនោះ គឺនៅតែនាំទៅដដែល មិនមានការបាត់បង់ទេ។ វាស្ថិតនៅក្នុងក្របខណ្ឌនៃអង្ករក្រអូប ដូចដែលកម្ពុជានាំទៅសហភាពអឺរ៉ុបដូចគ្នា។ កំណត់ឱ្យច្បាស់សាជាថ្មីម្តងទៀត យើងផ្អាកការនាំចេញតែស្រូវ/អង្ករស។ ប៉ុន្តែ អនុញ្ញាតឱ្យនាំចេញនូវអង្ករក្រអូប ដែលទីផ្សារចិនប្រើប្រាស់។ យើងឃើញហើយថា អង្ករដែលផលិតដោយរោងចក្រកិនស្រូវរបស់ចិនមកពីតំបន់ស្វយ័តគ័ងស៊ី សុទ្ធតែច្រកជាថង់ៗ ១០ គីឡូ, ៥ គីឡូ ឬប៉ុន្មានគីឡូ សុទ្ធតែប្រភេទអង្ករលេខ ១ ដែលប្រភេទនោះ យើងអនុញ្ញាតឱ្យមានការនាំចេញ។

បន្ទាប់ទៅទាក់ទងនឹងសំណួរទី ២ អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចិនបានកាត់បន្ថយយ៉ាងច្រើន នូវការឆ្លងរាលដាល និងការស្លាប់មនុស្ស។ នេះជាការ(ដែល)គេនឹកស្មានមិនដល់ អំពីមហន្តរាយមួយ ដែលបានកើតឡើង ហើយត្រូវបានដោះស្រាយដោយប្រទេសចិន (រហូត)ត្រូវបានក្លាយទៅជាប្រទេសដែល សព្វថ្ងៃនេះ បានដើរជួយជាង ១០០ ប្រទេសប្លាយទៅហើយ … ប្រទេសជាច្រើន បានផ្តល់នូវការបញ្ជាទិញពីប្រទេសចិន។ នៅពេលដែលខ្ញុំមើលនៅក្នុងវ៉ែបសាយត៍នេះ ថ្ងៃនេះ ចិនឆ្លងតែ ៣២ ករណីទេ ហើយករណីស្លាប់អត់មានទេ។ ចំនួននេះ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ ក្នុងម៉ោងនេះដដែលនៅអាមេរិក​ឆ្លង ៦០៥ ករណី ស្លាប់ថ្មី ៧០ ករណី។ អញ្ចឹង ប្រៀបធៀបជាមួយចិន ដែលមានប្រជាជន ១.៤០០ លាននាក់ ជាមួយនឹងការឆ្លង ៣២ ករណី នៅម៉ោងនេះ គឺជាចំនួនតូចតាចណាស់ ដែលកម្ពុជាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជំនះការលំបាកផ្ទាល់ខ្លួន ហើយយកឈ្នះទៅអ្វីដែលវាបានកើតឡើងនៅក្នុងប្រទេសចិន។ បន្ថែមលើនោះ ចិនបានជួយទៅដល់ពិភពលោកក្នុងការដោះស្រាយបញ្ហា (ដោយបាន)ផ្តល់(នូវ)ម៉ាស ថ្នាំពេទ្យទៅកាន់ប្រទេសជាច្រើន។ សូម្បីតែម៉ាស៊ីនជំនួយដង្ហើម ត្រូវបានផ្តល់ទៅញូវយ៉ករហូតទៅដល់ ១.០០០ គ្រឿងឯណោះ។ (ការនេះបាន)បង្ហាញនូវគំរូនៃកិច្ចសហប្រតិបត្តិការមួយ។ ពេលនេះ មិនមែនជាពេលវេលាវាយប្រហារគ្នាទេ តែជាពេលវេលានៃការខិតខំសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលជាសត្រូវរួមរបស់មនុស្សជាតិ។ អគ្គនាយក នៃអង្គការសុខភាពពិភពលោក ក៏ដូចជា អគ្គលេខាអង្គការសហប្រជាជាតិ គាត់អំពាវនាវត្រឹមត្រូវហើយ។ ពេលវេលានេះ មិនមែនជាពេលវេលាទាស់គ្នា ឬទម្លាក់កំហុសឱ្យគ្នានោះទេ តែជាពេលវេលានៃសាមគ្គីភាព ដើម្បីធ្វើសហប្រតិបត្តិការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីសង្គ្រោះភពផែនដីនេះ។

កម្ពុជាបានធ្វើការជាមួយប្រទេសទាំងឡាយ ដែលជាប់ពាក់ព័ន្ធ ហើយតាមគម្រោង គឺនឹងមានការប្រជុំអា ស៊ានបូកបី នៅថ្ងៃទី ១៤ (មេសា)ខាងមុខនេះតាមវីដេអូ Conference។ មុននេះ (មានការ)គ្រោងប្រជុំនៅថ្ងៃទី ៩ (មេសា)នេះ។ ឥឡូវ ពន្យារពេលទៅដល់ថ្ងៃទី ១៤ (មេសា)។ យើងនឹងអាចមានការសន្យា រវាងអាស៊ានបូកបី អំពីវិធានការឆ្លើយតប Covid-19 ដោយមិនទាន់និយាយដល់រឿងទាំងឡាយ។ រឿងនយោ​បាយទុក​វាមួយឡែក។ និយាយអំពីការប្រយុទ្ធប្រឆាំង Covid-19 ជាប្រធានបទស្នូលនៃការប្រជុំ។

ទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងចិន។ រឿងនេះ គេអាចដឹងបានហើយនូវអ្វីដែលកម្ពុជា និងចិនបានធ្វើកិច្ចការរួមគ្នា។ ខ្ញុំគ្មានការស្តាយក្រោយណាមួយក្នុងការសម្រេចចិត្ត ដែលខ្ញុំបានធ្វើនៅក្នុងក្របខណ្ឌគោលនយោ​បាយមួយចំពោះចិននោះទេ។ អ្នកខ្លះវាយប្រហារខ្ញុំថា ខ្ញុំទៅប្រទេសចិននាំជំងឺមកឆ្លង(ក្នុង)ប្រទេស មិនព្រមជម្លៀសនិស្សិតខ្មែរចេញពីចិន។ ឥឡូវ ខ្ញុំអាចនិយាយដោយមោទនភាពថា ការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវខ្លាំងណាស់ និស្សិតខ្មែរនៅ Wuhan អត់មានអ្នកណាមួយរងគ្រោះ។ និស្សិតខ្មែរនៅប្រទេសចិនទាំងអស់អត់មាននិស្សិតណាមួយរងគ្រោះ ដោយសារខ្ញុំមានការជឿជាក់ថា មិត្តចិនការពារជនជាតិបរទេស ក៏ដូចជា ការពារនូវប្រជាជនរបស់ខ្លួនផងដែរ។

ខ្ញុំទៅកាន់ប្រទេសចិនដោយមានការជឿជាក់ ទន្ទឹមនឹងការបង្ហាញនូវសាមគ្គីភាពជាមួយនឹងប្រជាជន/មេដឹកនាំចិនក្នុងគ្រាដ៏លំបាក នៅក្នុងពេលដែលគេរើសអើងជាមួយចិន ខ្ញុំធ្វើដំណើរទៅទីនោះ។ មិនមែនជាចរិតរបស់ ហ៊ុន សែន ទេ ដែលរាប់អានតែក្នុងវេលាមានសេចក្តីសុខ។ យើងក៏ត្រូវរួមសុខ/ទុក្ខ។ (អ្នក)ខ្លះគេដាក់ផ្លែ(ផ្កា)ឱ្យខ្ញុំថា អញ្ចឹង បើគេកើត Covid-19 យើងក៏កើត Covid-19 ដែរ។ មិនមែនដូច្នោះទេ។ ក្រៅពីបង្ហាញសាមគ្គីភាព ខ្ញុំចង់ជូនសារទៅនិស្សិតកម្ពុជា ឱ្យពួកគេស្ងប់ស្ងាត់ ស្នាក់នៅក្នុងប្រទេសចិនតទៅទៀត កុំជម្លៀសខ្លួនមកកាន់ប្រទេស(កម្ពុជា)។ អ្នកកាសែតមួយចំនួននៅសរសេរនៅឡើយ ទាក់​ទិនដែលខ្ញុំមិនព្រមជម្លៀសខ្មែរចេញមកនេះ ថាខ្ញុំបើកឱកាសដើម្បីយកចិត្តចិនតែប៉ុណ្ណោះ។ ប៉ុន្តែ ទីចុងបំផុតអ្នកណាខុស/ត្រូវ? ប្រទេសខ្លះបែរជានាំជំងឺពី Wuhan តាមរយៈជម្លៀសពលរដ្ឋខ្លួនពី Wuhan។ អញ្ចឹង អាជំងឺហ្នឹងវាមកក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាអត់ទេ។ លោកជំទាវតំណាងអង្គការសុខភាពពិភពលោក វាយតម្លៃយ៉ាងម៉េចខ្ញុំមិនដឹងទេ ក៏ប៉ុន្តែ ប្រទេសខ្លះទៅដឹកពលរដ្ឋខ្លួនពី Wuhan មកៗ បង្កើតជំងឺក្នុងប្រទេស​។ ឯខ្ញុំអត់បានធ្វើអញ្ចឹងទេ។ ទីចុងបំផុត និស្សិតកម្ពុជាមានសុវត្ថិភាពនៅក្នុងប្រទេសចិន។ អ្នកនៅក្នុង Wuhan ២៣ នាក់ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនបៀវត្សរ៍ទៅពីនេះបន្ថែមឱ្យ(ម្នាក់) ៥០០ ដុល្លារ/ខែទៀត ដើម្បីឱ្យបងប្អូននៅទីនោះមានលទ្ធភាពទិញឥវ៉ាន់បន្ថែមលើអាហារូបករណ៍។

ឥឡូវនេះ ចិនបានបញ្ជូនជំនួយ ទាំងស៊ីវិល/យោធា ខាងផ្នែកវេជ្ជសាស្ត្របានមកដល់ហើយ។ ផ្នែកខាងរដ្ឋក៏បញ្ជូនផ្នែកខាងកងទ័ពក៏បញ្ជូន វិស័យឯកជនក៏បញ្ជូន។ អញ្ចឹង អ្នកខ្លះថាខ្ញុំយកចិត្តចិន ក៏ប៉ុន្តែ តើទាល់តែឱ្យខ្ញុំបិទជើងហោះហើរ ជម្លៀសប្រជាជនចេញពីចិន ទើបហៅថាមនុស្សត្រឹមត្រូវដែរឬយ៉ាងម៉េច? នៅក្នុងពេលដែលបារាំង អេស្ប៉ាញ អ៊ីតាលី ត្រូវការជំនួយរបស់ចិន ម៉េចបានខ្ញុំមិនអាចត្រូវការជំនួយឧបត្ថម្ភពីចិនបាន? វាទាស់ខុសអីទៅ? ខ្ញុំជឿថា មិត្តចិនមិនទុកឱ្យកម្ពុជាត្រូវរងគ្រោះដោយមិនបានផ្តល់ជំនួយណាមួយទេ។ ការពិតជំនួយនេះ បានមកដល់មុនពេលដែលកម្ពុជាកើតបញ្ហា(នេះ)ទៅទៀត។ ឥឡូវ សម្ភារៈបរិក្ខារ ដែលទទួលពីចិនមិនទាន់បានប្រើប្រាស់ទេ។ ប៉ុន្តែ យើងនៅតែត្រូវការ។ ដូចជាខ្ញុំបញ្ជាត្រង់ទៅ ឯកឧត្តម ម៉ម ប៊ុនហេង (អំពី) Ventilator។ ចំនួនហ្នឹងវានៅតិច។ សូមទាក់ទងជាមួយទូតចិនភ្លាម ដើម្បីសុំបន្ថែម។ ទឹកប្រាក់ជំនួយ Ventilator ប៉ុន្មាននេះវាមិនធំទេសម្រាប់ចិននោះ បើចិនបញ្ជូនទៅញូវយ៉កដល់ទៅ ១០០០ គ្រឿងឯណោះ។ យើងគ្រាន់តែសុំចិន ៥០ គ្រឿងបន្ថែម វាមិនធំទេ។ ប៉ុន្តែ អ្វីដែលធំគឺទឹកចិត្ត។ កម្ពុជាយកមកច្រើនពេកក៏មិនដឹងយកមកធ្វើអីដែរ។ ឧបមាថា យើងត្រូវការ Ventilator រហូតទៅដល់ ១០០០ គ្រឿង តើយកមកធ្វើអី? វាហួសពីសមត្ថភាពប្រើប្រាស់របស់កម្ពុជា។

អ្នកដទៃ ដែលជាអ្នកតាក់តែងគោលនយោបាយ ជាងនេះទៅទៀតជាអ្នកតាក់តែងគោលនយោបាយក្នុងក្របខណ្ឌភូមិសាស្ត្រនយោបាយគិតគូរមើលទៅ តើការធ្វើទំនាក់ទំនងអន្តរជាតិជាមួយនឹងចិន វាជាកំ​ហុសទេ? ឬក៏តម្រូវទាល់តែខ្ញុំប្រឆាំងជាមួយចិន ទើបអ្នកចាត់ទុកខ្ញុំធ្វើជាមិត្តរបស់អ្នកឯង។ ខ្ញុំអត់មានការជ្រើសរវាងចិន ឬអាមេរិក ឬបារាំង ឬអឺរ៉ុប ទេ។ យើងធ្វើទំនាក់ទំនងទាំងអស់ លើកលែងតែពួកភេរវកម្មទេ។ មានករណីលើកលែងខ្លះដែរ ដូចជា Kosovo កម្ពុជាមិនទទួលស្គាល់ Kosovo ទេ ព្រោះអីនៅសុខៗទៅបំបែក Kosovo ជារដ្ឋមួយ ហើយស្នើសុំឱ្យកម្ពុជាទទួលស្គាល់។ កម្ពុជាមិនទទួលស្គាល់ទេ ព្រោះនេះវានឹងមានការលើកទឹកចិត្តឱ្យបំបែករដ្ឋ។ ហ្នឹងនិយាយដោយត្រង់ទៅចំពោះអង្គការសហប្រជាជាតិ ទៅចំពោះសហភាពអឺរ៉ុប។ អ្នកឯងទៅបំបែក Kosovo ចេញពី Yugoslavia ចេញពី Serbia ហើយមកទាម ទារឱ្យកម្ពុជាទទួលស្គាល់ កម្ពុជាមិនទទួលស្គាល់ទេ។ ក្នុងទំនាក់ទំនងការទូត ដោយយើងមិនលើកទឹកចិត្ត សូម្បីតែកូនរដ្ឋតូចៗ ២ ដែលរុស្សីទៅបង្កើតនៅក្នុង Georgia ក៏កម្ពុជាអត់ទទួលស្គាល់ដែរ ព្រោះកម្ពុជាអត់លើកទឹកចិត្តឱ្យមានការបំបែករដ្ឋណាមួយទេ។

ងាកត្រឡប់មកវិញ កម្ពុជាគោរពអធិបតេយ្យរបស់ចិន ដោយចាត់ទុកការគោរពអធិបតេយ្យរបស់ចិនស្មើនឹងការគោរពអធិបតេយ្យរបស់កម្ពុជាខ្លួនឯង តាមរយៈគោលនយោបាយចិនមួយទៅលើបញ្ហាតៃវ៉ាន់ ព្រោះនោះគ្រាន់ជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ ប៉ុន្តែ អ្នកដទៃតាំងពីឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ាន ធ្វើបាបកម្ពុជាមិនតិចទេ។ ជម្លោះរបស់គេសោះ មកទម្លាក់ឱ្យកម្ពុជា។ វាមិនខុសពីការបោះដុំថ្មក្តៅមកឱ្យ ហ៊ុន សែន កាន់ទេ។ ខ្ញុំមិនចង់និយាយវែងឆ្ងាយទៅផុតពី Covid-19 ទេ ប៉ុន្តែចាំថ្ងៃក្រោយ ចាំខ្ញុំពន្យល់អារឿងហ្នឹងតទៅទៀត។ បើបោះដំឡូងក្តៅឱ្យខ្ញុំ ខ្ញុំសុខចិត្តកាន់ ព្រោះបន្តិចទៅវាត្រជាក់វាស៊ីបាន តែអាដុំថ្មក្តៅវាស៊ីអត់បានទេ។ បោះ(រឿង)សមុទ្រចិនខាងត្បូងមកឱ្យកម្ពុជាកាន់។ ខ្ញុំមិនព្រមកាន់ទេ។ ឥឡូវ លើការជាក់ស្តែង ផុតពីកម្ពុជាទៅអ្នកណាធ្វើអីចេញបានហើយ? ជាអកុសល កម្ពុជាត្រូវទទួលការប្រមាថ ត្រឹមតែខ្លួនធ្វើទំនាក់ទំនងជាមួយចិន។ ប្រទេសគេតាក់តែងគោលនយោបាយ ធ្វើទំនាក់ទំនងជាមួយចិន រកស៊ីជាមួយចិនបាន ប៉ុន្តែកម្ពុជាមិនអាចទាក់ទងបាន។ ពេលនេះ ក្នុងនយោបាយជាមួយចិន ខ្ញុំអាចនិយាយបានថាកម្ពុជាមានកុងសង់ស៊ីសធំណាស់។ ព្រះមហាក្សត្រ សម្តេចម៉ែ និងព្រះរាជវង្សានុវង្ស កំពុងតែពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនឯណោះ។ នេះជាការបង្ហាញនូវជំនឿទុកចិត្តរបស់ព្រះមហាក្សត្រកម្ពុជា ព្រះមាតាជាតិកម្ពុជា ចំពោះសមត្ថភាពរបស់ចិនក្នុងការព្យាបាលព្រះរោគ ហើយចិនវិញក៏ផ្តល់ការយកចិត្តទុកដាក់លើការថែទាំព្រះរាជសុខភាពចំពោះព្រះមហាក្សត្ររបស់យើង។

ខ្ញុំគិតថា ពេលវេលាបានសាកល្បង។ ចិនមានភាសាមួយថា «ធ្វើដំណើរឆ្ងាយទើបដឹងកម្លាំងសេះ»។ នេះជាភាសាដែលមិត្តចិនធ្លាប់និយាយ។ ឯភាសារបស់ខ្ញុំគឺនៅដដែល ដូចពាក្យស្លោកដែល(បានសរសេរនិងលើកនៅពេល) យន្តហោះចិនដឹកក្រុមគ្រូពេទ្យចុះមកដល់។ ពាក្យស្លោកនោះ ជាពាក្យស្លោករបស់ខ្ញុំ ដែលខ្ញុំនិយាយនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៩៥ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ អញ្ចឹង តើកម្ពុជាខុសត្រង់ណាទៅ នៅពេលដែលអនុវត្តគោលនយោបាយធ្វើមិត្តទាំងអស់នៅលើលោក ដោយមិនរើសអើងរបបនយោបាយ សេដ្ឋកិច្ច សង្គម ឬជាតិសាសន៍។ ពិតមែនហើយខ្ញុំបាននិយាយអម្បាញ់មិញ រដ្ឋខ្លះដែលកើតដោយការបំបែករដ្ឋ ដោយកម្លាំងបាយ យើងអត់ដាក់ទំនាក់ទំនងការទូតជាមួយទេ។ ខ្វះអីមកស្នើសុំឱ្យគាំទ្រ Kosovo គាំទ្រនូវកូនរដ្ឋតូចៗ ២ នៅ Georgia។ អត់ទេ។ អត់ទទួលទេ អាហ្នឹងជាក្របខណ្ឌនៃការរៀបចំគោលនយោបាយ។

គេបានវាយប្រហារកម្ពុជា។ ពិភពលោកកំពុងមានការជ្រួលច្របល់ សមយុទ្ធយោធានាគមាសនៅតែបន្ត ក៏គេជេរកម្ពុជាដែរ។ ប៉ុន្តែកម្ពុជា និងចិនមិនទាន់ដល់កម្រិតនៃដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ បានជាកម្ពុជានៅតែជម្នះធ្វើសមយុទ្ធ។ ឥឡូវ មានប្រទេសណាទៀតចង់ធ្វើសមយុទ្ធ មកខ្ញុំទទួល។ អាមេរិកក៏ដោយ បារាំងក៏ដោយ អូស្ត្រាលីក៏ដោយ មកពីណាក៏ដោយខ្ញុំទទួល។ នៅធ្វើសមយុទ្ធបាន សូមអញ្ជើញមក។ ប៉ុន្តែមក ត្រូវធ្វើតេស្តដូចចិនអញ្ចឹង។ មួយថ្ងៃ ត្រូវវាស់កម្តៅម្តង។ ប៉ុន្មានថ្ងៃគឺត្រូវវាស់កម្តៅរហូត។ ទីចុងបំ​ផុតអត់មានទាហានចិនណាម្នាក់មាន Covid-19 ទេ។ អត់មានទាហានខ្មែរណាម្នាក់ Covid-19 ទេ។ តើនៅលើនាវារបស់អាមេរិកដែលចូលនៅវៀតណាមឆ្លងប៉ុន្មានហើយ? ដេញសក្តិ ៥ ម្នាក់ ចោលបាត់។ ហេតុអីបាននាវាអាមេរិកមកនៅកំពង់ផែវៀតណាមបាន ហើយហេតុអីបានជាសមយុទ្ធ ដែលបានគ្រោងទុកតាំងពីណាពីណីមក មិនអាចបន្តធ្វើរវាងកម្ពុជា និងចិនបាន ហើយមករអ៊ូរទាំដាក់ផ្លែផ្កា។

បរិបទ Covid-19 ទាញកម្ពុជាទម្លាក់ក្នុងភូមិសាស្ត្រនយោបាយ ដែលគួរឱ្យស្អប់ខ្ពើម។ សុំទោសចុះ ខ្ញុំអធិប្បាយ។ រឿងនេះ សូមកុំភ្លេច ម្នាក់ដែលកំពុងនិយាយនេះ ជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុមិនទាន់គ្រប់ ២៧ ឆ្នាំឯណោះ។ បានសេចក្តីថា ៤១ ឆ្នាំ​រួចមកហើយ ដែលម្នាក់នេះធ្វើកិច្ចការងារបរទេស។ ដូច្នេះត្រូវស្គាល់អាកិច្ចការបរទេសនេះវាយ៉ាងម៉េច? ក្តៅត្រជាក់ រាក់ជ្រៅវាយ៉ាងម៉េច?

ខ្ញុំសំណូមពរតែម៉្យាងទេ ខ្ញុំអត់យកអ្នកណាធ្វើសត្រូវទេ។ បើទោះបីប្រទេសដែលកម្ពុជាមិនទទួលស្គាល់ដាក់ទំនាក់ទំនងការទូត ក៏កម្ពុជាមិនចាត់ទុកគេជាសត្រូវទេ គ្រាន់តែសូមថា មិនដាក់ទំនាក់ទំនងការទូត ព្រោះកម្ពុជាមិនចង់លើកទឹកចិត្តឱ្យមានការបំបែករដ្ឋ ដូចជា Kosovo ទេ គឺការប្រើកម្លាំងបាយក្នុងការបង្កើតរដ្ឋ។ ថ្ងៃនេះ ជាសារមួយប្រាប់ទៅ Kosovo ផង ហើយប្រាប់ទៅ Serbia ផង ដែល Serbia គាត់កំពុងតែប្រកាសរឿងហ្នឹង។ កន្លងទៅមានការភាន់ច្រឡំដោយសារមានមន្ត្រី Kosovo មួយចំនួនមកដល់កម្ពុជា តែយើងអត់បានដឹងទេ។ គេមកតាម Tourism ធ្វើម៉េចយើងដឹង រឿងហ្នឹងវាតែប៉ុណ្ណឹងទេ។

អញ្ចឹងបញ្ជាក់ឡើងវិញមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹងថែមមួយជំហានទៀត។ នេះជាដំណាក់កាលថ្មីបន្ទាប់ពីរឿងឈឺចាប់បានកើតឡើង។ ចំណុចថ្មីក៏បានមកដល់គឺរឿងល្អនៅក្នុងទំនាក់ទំនង ហើយសង្ឃឹមថាមិត្តនឹងជួយកម្ពុជាតទៅទៀត។ សូមអរគុណ។ អ្នកណាទៀត?

VOA៖ សំណួរ ២ និងសំណូមពរ ១។ ពាក់ព័ន្ធជាមួយសេចក្តីព្រាងច្បាប់ពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន តើក្នុងសេចក្តីព្រាងច្បាប់ហ្នឹងមានការចែងថា នៅក្នុងស្ថានភាពណាទើបបានជាកម្ពុជាសម្រេចដាក់ប្រទេសក្នុងភាពមានអាសន្ន? តើស្ថានភាពទាំងអស់ហ្នឹងត្រូវធ្លាក់ក្នុងកម្រិតណាទើបបានជាខាងរដ្ឋាភិបាលរបស់យើងសម្រេចថាដាក់ប្រទេសក្នុងភាពមានអាសន្ន? ហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងគេហៅថា ប្រទេសកម្ពុជាយើង តើក្នុងពេលខាងមុខហ្នឹង អាចនឹងធ្លាក់ចូលស្ថានភាពដែលត្រូវប្រកាសទេ ក្រៅតែពីមេរោគកូរ៉ូណា ដែលកម្ពុជាកំពុងតែប្រឈម?

សំណួរទី២ ដោយសាររដ្ឋធម្មនុញ្ញបានចែងហើយថា ព្រះមហាក្សត្រជាអ្នកប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ក្នុងករណីដែលព្រះមហាក្សត្រអវត្តមាន តើប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួសទេ ​ហើយពេលដែលប្រមុខរដ្ឋស្តីទីប្រកាសជំនួសបែបនេះ តើបង្ហាញពីអ្វីនៃការចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា?

មួយសំណួរទៀតដោយសារសម្តេចមុននឹង បានមានប្រសាសន៍ទាក់ទងទៅនឹងការបើកឱ្យមានសមយុទ្ធ។កម្ពុជាធ្លាប់ធ្វើសមយុទ្ធជាមួយអាមេរិកកាលពីប្រហែលជាជាង ១០ ឆ្នាំមុន ហើយផ្អាកប្រហែលជា ៣ ឆ្នាំកន្លងទៅ​។ តើអាមេរិកគួរធ្វើបែបណាទើបអាចស្នើឱ្យមានការបើកសមយុទ្ធនេះឡើងវិញ?

ក្មួយនៅមានសំណូមពរឱ្យខាងក្រសួងសុខាភិបាលធ្វើសន្និសីទរៀងរាល់សប្តាហ៍

នៅកាសែតណា? VOA តែយកទៅផ្សាយកុំកាត់ណា។ មិនចង់និយាយសោះជាមួយ VOA ហ្នឹង ព្រោះអញ្ចេះ VOA ហ្នឹងខូច។ តាំងពីឆ្នាំ ១៩៩៨ មក ពូអត់ដែលបានឆ្លើយតបទេ ព្រោះកាលហ្នឹងយើងប្រឹងសំភាសន៍មួយម៉ោង ឬកន្លះម៉ោងជាមួយ ដល់ចាក់ៗតែ ៣ នាទី (រើសតែ)កន្លែងឯងនិយាយអាក្រក់។ ដល់អញ្ចឹង ពេលមួយនោះ ណាត់គ្នាសំភាសន៍ LIVE ផ្ទាល់តែម្តង។ ដល់ LIVE ផ្ទាល់បិទអត់ទាន់ដែរ។ កាត់អត់ទាន់​។ អញ្ចឹង យ៉ាងណាក៏មិនអាចរួចដែរ ព្រោះទូរទស្សន៍កំពុងផ្សាយ រាប់សិបទូរទស្សន៍ និងហ្វេសប៊ុក បោកគេលែងបានហើយ។ ឥឡូវ ពូឆ្លើយសំណួរ។ ពូមិនស្អប់ខ្ពើម VOA ទេ ព្រោះក្មួយៗគ្រាន់តែធ្វើការឱ្យគេតែប៉ុណ្ណឹងទេ។ ពូយល់ ហើយ VOA ប្រៀបធៀបជាមួយនឹងអាមួយទៀត វាមិនអាក្រក់អីប៉ុន្មានទេ គ្រាន់តែថាដោយមនុស្ស។

ទាក់ទិននឹងការប្រកាសអាសន្ន តើស្ថានភាពបែបណាដែលប្រកាស? ពូគិតថាស្ថានភាព COVID-19 នេះ ប្រហែលជាមិនអាច។ លទ្ធភាពមានត្រឹមតែ ០,១% ប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្នដោយ COVID-19 ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញ្ចឹងលទ្ធភាពវាតិចណាស់ តែបើទោះជាតិចយ៉ាងណាក៏ ដោយ ក៏តោងមានឧបករណ៍ច្បាប់ក្នុងដៃ។​ ក្រែងលោ ០,១% វាលេចឡើង។ បើលេចឡើង យើងត្រូវតែដាក់វា នៅក្នុងស្ថានភាពមានអាសន្ន ព្រោះការអំពាវនាវដែលមិនអាចធ្វើទៅរួច ជម្រើសដែលនៅសេសសល់គឺប្រកាសច្បាប់គ្រាមានអាសន្ន ដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុងរយៈពេលណាមួយ។ ក្នុងសេចក្តីព្រាងច្បាប់បានចងការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន មិនឱ្យលើសពី ៣ ខែ ក្នុងករណីចាំបាច់ នឹងត្រូវបន្តដោយនីតិវិធីដដែល។ ប៉ុន្តែសម្រាប់ការគ្រប់គ្រងដែលពូបានធ្វើក្នុងរយៈពេល ៤១ ឆ្នាំ និងក្នុង មុខតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣៥ ឆ្នាំ ពូគិតថាលទ្ធភាពនៃការប្រកាសដាក់ប្រទេសក្នុងគ្រា មានអា​សន្ន គឺមានតិចណាស់។ ​

យ៉ាងណាក៏ដោយកុំឱ្យចន្លោះប្រហោងអំពីផ្លូវច្បាប់ឱ្យសោះ ព្រោះការប្រកាសដាក់ប្រទេសក្នុងគ្រាមានអា​សន្ន វាកាត់សិទ្ធិពលរដ្ឋ វាប៉ះទង្គិចដល់បញ្ហាសេដ្ឋកិច្ច វាប៉ះទង្គិចដល់ បញ្ហានេះ​/នោះ ដែលយើងមិនចង់ឃើញទេ។ បើទោះបីជាស្ទះចរាចរណ៍ជួបការលំបាក តែខ្ញុំនៅតែសប្បាយ​ចិត្ត ត្រង់ឃើញថាកាលពីឆ្នាំ ១៩៧៩​ ដេកលើផ្លូវមួយអាទិត្យ ក៏ដេកបានដែរ គ្មានឡានបុកទេ ព្រោះអត់មានឡានបើក។​ ប៉ុន្តែឥឡូវនេះឡានស្ទះចរាចរណ៍។ អញ្ចឹងទាល់តែវាដល់កម្រិតដែលនិយាយលែងស្តាប់គ្នាបាន អាហ្នឹងដល់កម្រិតនៃការប្រើប្រាស់ច្បាប់គ្រាមានអាសន្ន ដើម្បីធ្វើតាមសភាពការណ៍ក្នុងរយៈពេលខ្លីណាមួយ។ ដល់សភាពការណ៍វិលទៅភាពប្រក្រតីហើយ ទើបស្តារឡើងវិញទៀត។ សូម្បីតែសម័យដែលកម្ពុជាមានសង្គ្រាម បំរាមគោចរត្រូវបានដាក់ ក្នុងកាលៈទេសៈដែលមានការផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងភ្នំពេញតែមួយរយៈប៉ុណ្ណោះ។

មួយទៀត សំណួរសួរទាក់ទិនជាមួយនឹងបញ្ហាព្រះមហាក្សត្រទ្រង់ដាក់ចេញព្រះរាជក្រឹត្យដាក់ប្រទេសក្នុង គ្រាមានអាសន្ន។ អញ្ចឹងបើព្រះមហាក្សត្រមិននៅ តើអ្នកណា? សម្រាប់កិច្ចការទូទៅ គឺប្រមុខរដ្ឋស្តីទី ប៉ុន្តែសម្រាប់ខ្ញុំៗ គិតថា ប្រមុខរដ្ឋស្តីទីមិនមានគ្រប់សិទ្ធិទេ ដោយសារកថាខណ្ឌនេះ ចែងច្បាស់ណាស់ មិនអាចប្រមុខរដ្ឋស្តីទីប្រកាសបានទេ។ គេចែងថា នៅពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ជូនដំណឹងជាសាធារណៈ អំពីការដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនា​យករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងពីប្រធានព្រឹទ្ធសភា។ បើដូច្នេះ ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទីនេះមិនមានសិទ្ធិដើម្បីប្រកាស។ នេះតាមការយល់។ ប៉ុន្តែ ការបកស្រាយនេះត្រូវទុក ឱ្យក្រុមប្រឹក្សាធម្មនុញ្ញទៅវិញទេ។ ថ្ងៃក្រោយ តើបើព្រះមហាក្សត្រព្រះអង្គគង់នៅក្រៅប្រទេស ទ្រង់ប្រឈួន តើអាចដាក់បានដោយប្រមុខរដ្ឋស្តីទី​ (ឬយ៉ាងណាត្រូវ)ទុកឱ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយ … (អាស្រ័យទៅ)ការបកស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះខ្ញុំមិនមែនអ្នកបកស្រាយច្បាប់ទេ។ ជាអ្នកស្នើធ្វើ មានគំនិតផ្តួចផ្តើម គេហៅថាការ​ ផ្តួចផ្តើមធ្វើសេចក្តីព្រាងច្បាប់។

វាមានអាចង្រៃមួយណានោះវានិយាយអញ្ចេះ វាថាលោក ហ៊ុន សែន​ ពិនិត្យខ្លួនឯង អីក៏ខ្លួនឯង។ ទេ! អញសុំនិយាយទៅពួកឯង។ ឯងជាសត្វ​ ឬជាមនុស្ស? បើរដ្ឋធម្មនុញ្ញគេចែងថា ព្រះមហាក្សត្រនេះ នាយករដ្ឋមន្ត្រីនេះ ប្រធានសភានេះ ប្រធានព្រឹទ្ធសភានេះ​ សមាជិករដ្ឋសភាមួយភាគដប់ មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ អញ្ចឹងបើមិនឱ្យនាយករដ្ឋមន្ត្រីពិនិត្យ ឱ្យអ្នកណាពិនិត្យ? វាចេះទៅនិយាយរួច ហើយវាតាំងខ្លួនជាអ្នកវិភាគ​ វាតាំងខ្លួនជាអ្នកច្បាប់។ នាយករដ្ឋមន្ត្រីមានគំនិតផ្តួចផ្តើម ហើយប្រគល់ទៅឱ្យអ្នកច្បាប់គេធ្វើ។ អ្នកច្បាប់គេធ្វើហើយ គេបញ្ជូនមកនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីយកអាហ្នឹងជាមូលដ្ឋានសម្រាប់យកទៅដាក់នៅក្នុងប្រជុំរបស់គណៈរដ្ឋមន្ត្រី ដែលកន្លងទៅធ្វើដោយឧបនាយករដ្ឋមន្ត្រីនានា។ តែវាអត់យល់។ វានិយាយឱ្យខាងតែលឺ។​ ប៉ុន្តែ នេះអាងតែនៅក្រៅប្រទេស បើនៅក្នុងប្រទេសជាប់ខ្នោះ ព្រោះហ្អែងនិយាយខុសរឿង។ ឱ្យត្រូវមានការទទួលខុសត្រូវ មិនមែនបំបិទសិទ្ធិបញ្ចេញមតិទេ។ ឥឡូវគិតថាយើងទុកលទ្ធភាពនេះ សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយទៅចុះ ប៉ុន្តែតាមការយល់ដឹងរបស់ខ្ញុំគឺមាត្រា​ ២២ នេះ ព្រះមហាក្សត្រព្រះអង្គជាអ្នកចេញព្រះរាជក្រឹត្យ។

ចំណុចទី ៣ ពីរឿងសមយុទ្ធ។ រឿងសមយុទ្ធនេះ បញ្ហាវាចាប់ផ្តើមពីពេលវេលា។ ពេលនោះគឺជាពេលវេ លានៃការបោះឆ្នោត ដែលគេសុំផ្អាកជាបណ្តោះអាសន្ន។ តែក្រោយមក គេយកធ្វើជាហេតុផល។ ឥឡូវសុំ អញ្ជើញមក។ ចង់ធ្វើសមយុទ្ធអីឥឡូវ ឱ្យអាមេរិកលើកសំណើមក។ ពេលមុននោះ គ្រាន់តែជាពេលវេលា កៀកបោះឆ្នោត។ សមយុទ្ធមួយណាក៏មិនឱ្យធ្វើដែរ។ ក្រោយមកវាទៅជារឿងមួយផ្សេងទៅ។ ឥឡូវមក ខ្ញុំស្វាគមន៍ ត្រៀមធ្វើសមយុទ្ធជាមួយគ្រប់ប្រទេសទាំងអស់ដែលចង់ធ្វើ។ មកធ្វើមក។​ ប៉ុន្តែចេញលុយខ្លួនឯង​។ សមយុទ្ធនេះ ត្រូវកំណត់ប្រធានបទអី? អ្វីដែលខ្ញុំចង់ធ្វើ​ សមយុទ្ធប្រឆាំងភេរវកម្ម សមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយ ជាសមយុទ្ធដែលកម្ពុជាចង់ធ្វើ មិនមែនជាសមយុទ្ធសម្រាប់ការវាយលុក វាយទម្លាយអា នេះ វាយទម្លាយអានោះទេ។ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងគ្រប់គ្រងគ្រោះមហន្តរាយ ដូចជាសមយុទ្ធក្នុង ការរុករកទៅលើការបាត់យន្តហោះ ឬក៏លិចនាវា ឬក៏សមយុទ្ធដែលគ្រប់គ្រងលើគ្រោះមហន្តរាយ។ ឥឡូវ បើមកធ្វើសមយុទ្ធទាក់ទងជាមួយនឹងសង្គ្រោះ COVID-19 ដោះស្រាយ COVID-19 តែមិនតម្រូវទេ ខ្ញុំខ្លាចកង​ទ័ពអាមេរិកនាំ COVID-19 ចូលស្រុកខ្មែរវិញទេ។​ ធ្វើតេស្តឱ្យច្បាស់មក រួចហើយដាក់នៅដាច់ដោយឡែក។ អត់អីទេ អញ្ជើញមក។ យកទៅផ្សាយផង តែទោះបីមិនផ្សាយ ក៏គេកំពុងស្តាប់លឺបាត់ទៅហើយ រាប់ទាំងទូតអាមេរិក។ កុំយកលេសតទៅទៀតថា កម្ពុជាទាត់ចោលជំនួយអាមេរិកលើបញ្ហាវិស័យ​យោធា​ ឬក៏ឈប់សហប្រតិបត្តិការសមយុទ្ធ។ កុំនិយាយតទៅទៀត។ កម្ពុជាត្រៀម។ មិនមកធ្វើ កុំបន្ទោសកម្ពុជា តែប៉ុណ្ណឹងទេ។ ខ្ញុំអនុញ្ញាត ហើយសិទ្ធិអំណាចខ្ញុំមានក្នុងការសម្រេចចិត្តធ្វើបែបនេះ ដោយមិនចាំ​បាច់ទៅសុំពីសភា​ សុំពីព្រឹទ្ធសភា ឬសុំពីព្រះមហាក្សត្រទេ។ នាយករដ្ឋមន្ត្រីមានសិទ្ធិធំជាងគេ លើការសម្រេចធ្វើ ឬមិនធ្វើរឿងហ្នឹង។

VOA៖ ជាមួយចំណុចដែលប្រទេសយើងដាក់ក្នុងគ្រាមានអាសន្នបាន ពាក់ព័ន្ធនឹងជំងឺ​ កូរ៉ូណា​ តើពាក់ព័ន្ធជាមួយករណីអសន្ដិសុខសង្គម​ ឬការបះបោរវិញ សម្ដេចមើលឃើញនៅពេលខាងមុខ តើកម្ពុជាយើងអាចនឹងប្រឈមជាមួយចំណុចហ្នឹងទេ?

គេនិយាយអំពីសភាពការណ៍គ្រប់គ្រងមិនបាន​។ ខ្ញុំគិតថា កម្ពុជាមិនមែនមិនអាចគ្រប់គ្រង​បាន​សភាព​​ការណ៍ទេ។ ជំនឿនេះមានរហូតទៅដល់ ៩៩.៩៩% ចំណុចសេសសល់គឺសល់តែ ០.០១ % ទេ​។ ខ្ញុំដឹងសំណួររបស់ក្មួយមានគេតេស្ដឱ្យសួរ​។ ជឿទេ។ ច្បា​ស់ណាស់អ្នកបោះប្រ៊ីយ៉ុងមកពីវ៉ា​ស៊ីងតោន​ក៏មានដែរ។ក្រៅពី Covid-19 ហើយ​ តើសភាពការណ៍ដទៃទៀត កម្ពុជាត្រូវដាក់​ក្នុងភាពអាសន្ន​ ឬអត់? ច្បាស់ជាសំណួរចេញមក​ពីជ្រុងហ្នឹង​។ មើលក្មួយហ៊ានស្បថឱ្យស្លាប់ទេ ថាក្មួយឯង​មាន​គេបោះប្រ៊ីយ៉ុងពីខាងក្រោយឱ្យ​សួរ​សំណួរបែបហ្នឹង​ ព្រោះប៉ុន្មានថ្ងៃនេះ ក្រុមហ្នឹង​វាវាយរឿងហ្នឹង។ ថា​យក Covid-19 ធ្វើជាហេតុផលធ្វើច្បាប់​ ដើម្បីត្រៀមដាក់ចេញ(ការទប់ទល់)នូវចលាចលនយោបាយ​។ វាវាយប៉ុន្មានថ្ងៃ​ហើយតើ។ ពូ(នេះ) គេហៅថា វាដុះស្លែហើយអាហ្នឹង។ ទិសដៅសួរហ្នឹងដើម្បីអី? ចង់ទៅរកគោលដៅអី។​ ក្មួយសួរហ្នឹងវា​តំណាងឱ្យស្ថានភាពអាស្ថាប័នក្មួយធ្វើការ។ ​(សួរម្ដងទៀត)

កាលណាសភាពការណ៍​ត្រួតត្រា​លែងបានដោយបញ្ជា ដោយការអំពាវនាវហើយ គេដាក់ហើយ … និយាយឱ្យ​រួមអញ្ចឹង​តែម្ដងទៅ។​ ឱ្យស្រួលស្ដាប់។ តែនិយាយគ្នាលែងស្ដាប់ រដ្ឋាភិបាលអំពាវនាវថា កុំឱ្យមានការ​ប្រមូលផ្ដុំគ្នា​ក្រែងឆ្លងជំងឺ កុំឱ្យមានបញ្ហានេះអញ្ចេះ/អញ្ចុះ តែបើនិយាយគ្នា​លែងស្ដាប់បានហើយ គេប្រកាសដាក់ហើយ​។ និយាយអញ្ចឹង​តែម្ដងទៅ។ ប្រទេសណា​ក៏វាត្រូវធ្វើ​អញ្ចឹង​។ វាគាប់ជួនអី ថ្ងៃដែលកម្ពុជាកំពុងប្រជុំគណៈអចិន្ដ្រៃ​យ៍របស់ខ្លួន ល្ងាចហ្នឹងដែរនាយករដ្ឋមន្ដ្រី Viktor Orbán របស់ហុងគ្រី​ ឆ្លង សេចក្ដីព្រាងច្បាប់​ដាក់​ប្រទេស​មានអាសន្ននៅក្នុងសភាពអឺរ៉ុប។ អញ្ចឹង នៅកម្ពុជា​មានអីខុស? ប្រទេសទាំងអស់សុទ្ធតែមាន​​ច្បាប់អស់ទៅហើយ​ គ្រាន់តែយើងអត់ទាន់មាន។ ឥឡូវយើងធ្វើឱ្យមានទៅ​ ហើយមានហ្នឹង​មិនមែនតែដំ​ណាក់កាល ហ៊ុន សែន អី ក្រោយមកទៀតអ្នកណាប្រើក៏ប្រើទៅ មិនប្រើនាំគ្នា​លុបចោលទៅ​។ ប៉ុន្ដែដូចនិយាយអម្បាញ់មិញ ឫទ្ធី បានសួរ បើមិនគោរព ផាក ឬអត់? ផាកវា​មិនកើត។ វាអត់មានច្បាប់ដើម្បីផាក។ បានគេឱ្យមានច្បាប់ហ្នឹង​។

សំណួររបស់ក្មួយស្រីចាក់​ដោតទៅលើរឿងហ្នឹង ​ហើយនិយមន័យដែលគេឱ្យក្នុងហ្នឹងក្រៅពីអាសន្នសុខភាពសាធារណៈ​ វាមានអាសន្នខាងផ្នែកស្អីទៅទៀត សង្គ្រាមឬស្អីៗណាថែមទៀត។ វាមានបញ្ហាអស់ទាំងហ្នឹង​ ទាម​ទារត្រូវមានការដាក់​។ លើការជាក់ស្ដែង កាលពីអាមេរិកមកជួយ លន់ នល់ គ្រាន់តែត្រួតត្រា​ភ្នំ​ពេញ​មួយ ដាក់បម្រាមគោចរប៉ុន្មាន? ប្រើច្បាប់អាជ្ញាសឹកប៉ុន្មានដង? នេះនិយាយ​ឱ្យពិត។ ​ហេតុអីបានកម្ពុជាមិនអាចធ្វើបាន​ ហើយមកបន្ទោសថាឆ្លៀតយក Covid-19 ដើម្បីធ្វើច្បាប់​ដាក់​ប្រទេស​ក្នុងគ្រាមានអាសន្ន ដើម្បីបំបិទសិទ្ធិអ្នកបញ្ចេញមតិនៅពេលក្រោយ? ពូគ្រាន់តែបញ្ជាក់​ឡើងវិញលទ្ធភាពដាក់ប្រទេសក្នុងគ្រាមានអាសន្នត្រឹមតែ ០,០១ %ទេ។ លើការជាក់ស្ដែងពូ​បណ្ដោយ​ឱ្យធ្វើបាតុកម្មជិត ១ ឆ្នាំនៅទីក្រុងភ្នំពេញ កុំតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដល់តែពង្រីក​ទ្រង់ទ្រាយឈានទៅរកការផ្ដួលរំលំ អត់ចាំបាច់(មាន)ច្បាប់(ដាក់ប្រទេសក្នុង)គ្រាអាសន្ន​ទេ ប៉ោង​ខោរត់ខ្ទេច។ មេៗ​រត់ទៅដេកនៅអាកន្លែង Human Rights នៅជិតវត្ដលង្ការ​។ ម៉ោង ៣ ទូរស័ព្ទឱ្យគេទិញភីហ្សា​ យកមកស៊ី។ តែដល់ម៉ោងនិយាយគ្នាមិនស្ដាប់ហើយ គេដាក់ហើយ មិនចាំបាច់​ប្រកាសច្បាប់ទេ … ចូលដល់ដំណាក់​កាលនៃ​ការផ្ដួលរំលំហើយ​ ព្រោះអាមួយរត់ទៅប្រកាសនៅអូស្ដ្រាលី ថាជិតជោគជ័យហើយ​ … ដល់មក​ដល់ភ្នំពេញ អ្នកនៅភ្នំពេញប្រកាសថា ថ្ងៃ ២៩ ខែធ្នូ ជា​ថ្ងៃផ្ដាច់ព្រ័ត្រ។ រឿងអីគេទុកឱ្យឯងនៅធ្វើ។ មានចាំបាច់ច្បាប់ឯណាអាហ្នឹង។ គេធ្វើតើ គេត្រួតត្រាសភាពការណ៍បាន។

តែនេះអាសន្ន​អន់ក្រពេលនេះ​ Covid-19 ជួនកាលលឺថា ជា​ហើយឆ្លងឡើងវិញទៀត។ យើងមិនដឹងវាទៅដល់ណា។ អញ្ចឹងត្រូវធ្វើច្បាប់​ទុកក្នុងដៃឱ្យហើយទៅ ជួនកាលយើងត្រូវបិទ​តែម្ដង។ ទោះបីយើងមិនបិទ​ ២៤/២៤ ម៉ោង តែជួនកាលយើងត្រូវមានបម្រាមគោចរ​ក្នុងពេលយប់។ បើ​បម្រាមគោចរក្នុងពេល​យប់ ក៏​ត្រូវមានច្បាប់ ទើបអាចដាក់បម្រាមបាន។ មានអ្នកច្បាប់ណា​នោះថា​ កុំធ្វើច្បាប់ដាក់ប្រទេស​ក្នុងគ្រា​មានអាសន្ន​​ ត្រឹមតែដាក់បម្រាមគោចរ។ ឆ្កួត​តែ​ម្ដង។ បម្រាមគោចរទាល់តែមាន​ច្បាប់ ទើបអាចដាក់បម្រាមគោចរបាន។ ប៉ុណ្ណឹងបានហើយ​ណាក្មួយ មិនមែនស្ដីបន្ទោសរករឿងអីទេ ពូនេះហើយអ្នកអោយ VOA ត្រឡប់មកវិញនោះ​។

ខ្ញុំគិតថា វាគួរតែត្រូវធ្វើ លោកជំទាវ ឱ វណ្ណឌីន សន្និសីទ(សារព័ត៌មាន)។ យើងយកគម្រូតាម Donald Trump។ ចេញ​ប្រកាសខ្លួនឯងរាល់ថ្ងៃ​ នៅក្នុងយុទ្ធនាការ។ (នៅ)យើង ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស​រាល់​ថ្ងៃ … ខ្ញុំស្នើក្រសួងសុខាភិបាលធ្វើមួយអាទិត្យម្ដង​ ដោយ​ជ្រើសរើសថ្ងៃណាមួយជាការកំណត់… ឧទាហរណ៍ថាយកថ្ងៃព្រហស្បត្ដិ៍ ឬថ្ងៃច័ន្ទ យើងកំណត់ទៅ​ត្រូវធ្វើសន្និសីទ ដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ហា Covid-19។ ក្នុងករណីបន្ទាន់​គឺ​អាចធ្វើសន្និសីទកាសែតខុសពី(ថ្ងៃកំណត់) គេហៅថាវិសាមញ្ញ ហើយដែលរដ្ឋមន្ដ្រី ឬនាយករដ្ឋ​មន្ដ្រីអាចចេញ​ព្រោះអគ្គបញ្ជាការធំជាងគេក្នុងការវាយ Covid-19 គឺនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន អញ្ចឹងបានជាខ្ញុំបានត្រូវ(ធ្វើសន្និសីទ)។ ឥឡូវដូច ១ អាទិត្យម្ដងហើយនេះ​ អាទិត្យមុនចំថ្ងៃច័ន្ទ លើកនេះ​ចំថ្ងៃអង្គារប៉ុណ្ណឹងតើ។ ពូនៅចេញទៀតតែពូនៅចេញ។ មានរឿងច្រើន មិនមែនមួយម៉ោង​ពីរម៉ោង​ទេ។ ឥឡូវច្រើនម៉ោងហើយ។ អបអរសាទរ VOA។

CEN៖ តើ Covid-19 មានឥទ្ធិពលទៅដល់ការកែសម្រួលគោលនយោបាយ​សំខាន់ៗ ដែល​ដាក់​ចេញដោយរាជរដ្ឋាភិបាល​សម្រាប់ការអនុវត្ដឆ្នាំ ២០២០ នេះ?

ទី ២ តើជំងឺ Covid-19 នេះ អាចមានឥទ្ធិពលទៅលើកិច្ចប្រជុំកំពូល ASEM ដែលកម្ពុជាជាម្ចាស់ផ្ទះ​នៅក្នុងឆ្នាំនេះ​?

ពូអាចនិយាយបានថា​ច្បាស់​ណាស់​ សូម្បីអម្បាញ់មិញពូបាននិយាយលើការកែសម្រួលឡើងវិញ​អំពីការចំណាយ នោះហើយ​ជាការផ្លាស់ប្ដូរ​។ លើការជាក់ស្ដែងតែម្ដង ដោយកាត់បន្ថយការចំណាយផ្សេងៗ មក​ប្រមូលផ្ដុំលើការចំណាយប្រយុទ្ធប្រឆាំងនឹងជំងឺនេះ​ ទៅលើការសង្គ្រោះកម្មករដែលបាត់បង់ការ​ងារ​ធ្វើ និងទៅលើផ្នែកដទៃទៀតដែលរងហានិភ័យ។ វាបានធ្វើឱ្យមានការផ្លាស់ប្ដូរ​នូវក្របខណ្ឌ គេថា​យ៉ាងហោចច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២០ រួចស្រេចទៅហើយ​ វានាំទៅដល់ការ​កែសម្រួលមុខព្រួញសេដ្ឋកិច្ច។ ឧទាហរណ៍ ឥឡូវនេះដែលមុននេះយើងជំរុញលើវិស័យឧស្សាកម្ម/សេវាយ៉ាងខ្លាំង ឥឡូវច្បាស់ណាស់បកមកសម្រួចមុខព្រួញវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបម្រើឱ្យសេចក្តីប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចូល។ ផ្លាស់ប្តូរទិសដៅពីការជំរុញនាំចេញអង្ករ ទៅជាស្តុកអង្ករទុក។ ចំណុចអស់ទាំងនេះ វាមានផលប៉ះពាល់ហើយ។

បន្ទាប់ពីហ្នឹងវាក៏មានផលប៉ះពាល់ទៅហើយទៅលើការប្រជុំ លុបចោលការប្រជុំឡានឆាង-មេគង្គ ACMECS, CLMV, CLV ការលុបចោលប្រជុំអាស៊ាននៅឯវៀតណាម ជំនួសមកវិញនូវការប្រជុំអាស៊ានបូកបីតាម Video Conference។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ប្រាក់ សុខុន ឱ្យត្រៀមទុកដើម្បីការពិភាក្សាជាមួយដៃគូពាក់ព័ន្ធ អំពីលទ្ធភាពដែលមិនអាចប្រជុំបាននៅអាស៊ី-អឺរ៉ុបនៅឆ្នាំ ២០២០ ដែលអាចលើកទៅឆ្នាំ ២០២១។ សូម្បីតែអូឡាំពិកនៅប្រទេសជប៉ុនគេបានលើករួចស្រេចទៅហើយ។ ឯយើងលទ្ធភាពនៃការលើកគឺមានច្រើន មកដល់ពេលនេះមានច្រើន។ ទោះបីយើងបើកការប្រជុំ ប្រជុំតែយើង ប្រទេសដទៃគេអត់មក អាស៊ីក៏មិនមក អឺរ៉ុបក៏មិនមក អញ្ចឹងយើងប្រជុំធ្វើអ្វី? យើងលើកពេលសិនទៅ យកពេលវេលានេះសង្រ្គោះសភាពការណ៍នេះ។ បើសិនជាសភាពការណ៍ជំងឺនេះវាត្រូវបានទ្រឹង ត្រូវចាប់ផ្តើមស្តារឡើងវិញនូវសេដ្ឋកិច្ច … គ្រាន់តែតម្រូវការរថយន្ត ៥៥០ គ្រឿង ត្រូវនាំឡានមក ដើម្បីប្រជុំអាស៊ី-អឺរ៉ុបខាងមុខ។ អញ្ចឹងទេច្បាស់ណាស់វាមានផលប៉ះពាល់ទៅដល់កន្លែងហ្នឹង។ ប៉ះពាល់ទៅដល់ច្បាប់ កែតម្រូវថវិកា កែតម្រូវមុខព្រួញសេដ្ឋកិច្ច ប៉ុន្តែមិនកែតម្រូវនយោ​បាយនៅក្នុងប្រទេស និងក្រៅប្រទេស។ ទាក់ទងនឹងនយោបាយក្រៅប្រទេសគឺអត់មានការកែតម្រូវទេ ដូចបានប្រកាសអម្បាញ់ហ្នឹងថាទាក់ទង ជាមួយនឹងប្រទេសទាំងអស់។ អរគុណ។ ឥឡូវមានសំណួរអ្វីទៀត?

BTV៖ ដោយសារតែរោងចក្ររបស់យើងបានមានការបិទទ្វារខ្លះ ហើយយើងបានចេញ ៤០ ដុល្លារ ពីខាងរាជរដ្ឋាភិបាល និង ៣០ ដុល្លារទៀត ពីខាងវិស័យឯកជន តើមានការឯកភាពឬនៅពីខាងវិស័យឯកជន ពីព្រោះកន្លងទៅសម្តេចបានប្រកាស ៤០ ភាគរយពីខាងរោងចក្រ ប៉ុន្តែក្រោយមកពួកគាត់មិនមានលទ្ធភាពបង់ទេ ហើយពួកយើងបន្ថយមកដល់ពេលនេះ។ តើមានការឯកភាពអាចក្នុងរយៈពេលប៉ុន្មានដែលយើងជួយកម្មករនេះ ពីព្រោះតាមទិន្នន័យគឺកម្មករជាង ៦ ម៉ឺននាក់ កម្មករកំពុងតែមានផលលំបាករឿងនេះ ហើយនឹងរោងចក្រជាង ៩១ ដែលក្រសួងការងារបានប្រាប់មកខាង Reuters​ News

សម្តេច! មួយសំណួរ។ ខ្ញុំចង់បញ្ជាក់របស់សម្តេចទាក់ទងរឿងរ៉ាវច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ពីព្រោះមុននេះបន្តិចនិយាយពីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែខ្ញុំចង់បញ្ជាក់អំពីសេចក្តីព្រៀងច្បាប់។ ឥឡូវនេះរដ្ឋសភាកំពុងតែប្រជុំគណកម្មាធិការអចិន្រ្តៃយ៍។ តើសម្តេចអាចបញ្ជាក់បានទេ អាចច្បាប់នេះ ចេញមុនចូលឆ្នាំ ឬក្រោយចូលឆ្នាំ? ខ្ញុំមិនសួរថ្ងៃប្រាកដទេ ប៉ុន្តែអាចក្រោយ ឬយ៉ាងណា?

បញ្ហាទី ១ គឺវាឆាប់ពេកដើម្បីនឹងឲ្យយើងធ្វើការវាយតម្លៃ ប៉ុន្តែ ប្រសិនបើសភាពការណ៍អូសបន្លាយពេលវែង កម្មកររបស់យើងបាត់បង់ការងារធ្វើ … ប្រទេសរបស់យើងខុសប្លែកពីប្រទេសដែលនៅអឺរ៉ុប ដែលតាំងពីជីដូនជីតារបស់ពួកគេសុទ្ធតែជាកម្មករ។ ឯកម្មករនៅក្នុងប្រទេសរបស់យើងគឺមិនទាន់ផ្តាច់ខ្លួនចេញពីកសិករនៅឡើយទេ។ ពិសោធន៍វិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ រោងចក្រត្រូវបិទ កម្មករបាត់បង់ការងាររាប់ម៉ឺននាក់។ ប៉ុន្តែ យើងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរថ្មីមួយផ្នែក។ មួយផ្នែកទៀតគឺដោយសារកម្មករយើងផ្សារភ្ជាប់ខ្លួនជាមួយនឹងកសិករនៅឡើយ ឪពុកម្តាយទៅធ្វើស្រែ គេក៏វិលត្រឡប់ទៅភូមិស្ថានរបស់គេវិញ។ ដូច្នេះច្បាស់ណាស់ថា យើងនឹងតម្រង់ទិសឱ្យអ្នកដែលបាត់បង់ការងារខាងវិស័យឧស្សាហកម្មត្រឡប់ទៅចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្មវិញ ដែលមុននេះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម និងសេវា បានទាញយកកម្លាំងក្នុងវិស័យកសិកម្មមកយ៉ាងច្រើន។ ឥឡូវនេះ គេមិនអាចរស់ដោយសារជំនួយ ហើយយើងគ្មានប្រាក់ដើម្បីនឹងផ្តល់ជំនួយជារៀងរហូតនោះទេ។ យើងនឹងជំរុញលើកទឹកចិត្តឱ្យពួកគេ ឬឧបត្ថម្ភពួកគេដើម្បីទៅផ្សារភ្ជាប់ខ្លួនជាមួយនឹងក្រុមគ្រួសាររបស់គេវិញក្នុងក្របខណ្ឌជាកសិករ។

ប៉ុន្តែ ក៏នៅមានរោងចក្រមួយចំនួនទៀតដែលខ្វះកម្មករទៅវិញដែរ ដួចជារោងចក្រខ្លះដែលគេមានការផ្គត់ផ្គង់ដូចជា សូម្បីតែរោងចក្រជប៉ុនមួយដែលមានកម្មករ ៨ ពាន់នាក់រួចហើយ ជំហានគេវិវឌ្ឍទៅរក ៤ ម៉ឺននាក់កម្មករឯណោះ។ ប៉ុន្តែ ដោយសារតែវាបច្ចេកវិទ្យាខ្ពស់វាត្រូវការធ្វើការបណ្តុះបណ្តាល។ យើងគ្រាន់តែជាកម្មករកាត់ដេរភ្លាមៗមិនទាន់ទៅដល់កន្លែងនោះទេ។ នេះជាចំណុចទាក់ទិនជាមួយនឹងរឿងលទ្ធភាពប៉ុណ្ណា ហើយផ្ទេរយ៉ាងម៉េចអីយ៉ាងម៉េច? ខ្ញុំនិយាយជាក្របខណ្ឌទេ។ ភាពលំអិតរបស់វា នឹងវិវឌ្ឍទៅតាមដំណើររឿងនៃវិបត្តិក្នុងតំបន់ និងវិបត្តិទីផ្សារជាសកល។ គ្មានប្រទេសណាមួយចៀសផុតទេ។ កម្ពុជាយើងបើប្រៀបធៀបជាមួយនឹងការបិទរោងចក្រ នៅចំនួនតិចជាងវៀតណាមឆ្ងាយណាស់។ យើងទើបនឹងរាប់សិបរោងចក្រទេ នៅវៀតណាមចូលដល់ពាន់រោងចក្រ …។

ឥឡូវនិយាយពីរឿងបញ្ហាច្បាប់ តើពេលណាអាចចេញ? ព្រឹកនេះតាមដឹងគណៈអចិន្រ្តៃយ៍សភា និងប្រជុំ ហើយក៏មានការជូនដំណឹងមួយថាប្រជុំពេញអង្គសភានឹងធ្វើនៅថ្ងៃសុក្រ។ ដូច្នេះថ្ងៃសុក្រនេះអាចនឹងឆ្លងនៅសភា។ បន្ទាប់ទៅយើងត្រូវការប្រហែលជាមួយអាទិត្យទៀត ពេលនោះជាពេលវេលាចូលឆ្នាំហើយ នឹងឆ្លងកាត់ព្រឹទ្ធសភា … ពិតមែនហើយ យើងបានស្នើសុំឲ្យកោះប្រជុំវិសាមញ្ញហើយ ប៉ុន្តែដោយសារបញ្ហាសុវត្ថិភាពមិនដឹងថាព្រឹទ្ធសភាអាចប្រជុំបានមុនចូលឆ្នាំឬអត់? ប៉ុន្តែ បើទោះបីប្រជុំមុនចូលឆ្នាំបានក៏ដោយ ក៏វាត្រូវការពេលវេលាដើម្បីឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការពិនិត្យអំពីធម្មនុញ្ញភាពរបស់វា។ ដូច្នេះ ការប៉ាន់ស្មានថ្ងៃនេះគឺថ្ងៃទី ៧ ដល់ថ្ងៃសុក្រទី ១០ សភាសម្រេច ដល់ថ្ងៃ ១៣ និង ១៤ ហ្នឹងវាចូលឆ្នាំបាត់ហើយ។ អញ្ចឹងទេ ច្បាប់នេះអាចនឹងក្រោយចូលឆ្នាំខ្មែរ។ ចូលឆ្នាំនៅតែចូល ប៉ុន្តែគ្រាន់តែទទួលទេវតាទេ តែមិនឱ្យឈប់សម្រាកដើម្បីកាត់បន្ថយនូវហានិភ័យដែលកើតក្រោយចូលឆ្នាំ។ វាមិនមែនជារឿងល្អទេដែលចូលឆ្នាំសប្បាយរីករាយ ហើយនាំគ្នាធ្វើបុណ្យខ្មោចនោះ បានជារដ្ឋាភិបាលស្នើសុំផ្អាកប្រារព្ធពិធីចូលឆ្នាំសិន។ អញ្ចឹង ខ្ញុំសូមបញ្ជាក់ឡើងវិញ ច្បាប់នេះអាចចេញក្រោយចូលឆ្នាំតែថ្ងៃណាពិតប្រាកដ គឺជាសមត្ថកិច្ចរបស់សភា សមត្ថកិច្ចព្រឺទ្ធសភា សមត្ថកិច្ច ក្រុមប្រឹក្សាធម្មនុញ្ញ ហើយយើងនឹងតាម។ សភាពការណ៍របស់យើង ក៏មិនទាន់ដល់អាសន្នដែលត្រូវរុញប្រញាប់ប្រញាល់នោះទេ។ គ្រាន់តែយើងមានតម្រូវការឱ្យមានច្បាប់នេះក្នុងដៃតែប៉ុណ្ណឹងទេ … មានអីទៀតទេ?

PNN៖ សន្និសីទនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការ និងជំហរច្បាស់លាស់ ជាច្រើនក្នុងការជួយដល់កម្មកររោងចក្រ ជួយដល់អ្នកបម្រើការងារក្នុងអ្នកបម្រើសេវាទេសចរណ៍ជាដើម ប៉ុន្តែ ដោយឡែកសម្រាប់អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប រត់កង់បីអីជាដើម កំពុងតែប្រឈមនូវបញ្ហា ដោយសារពេលបច្ចុប្បន្ននេះ ទោះបីជាគ្មានច្បាប់គោចរ ប៉ុន្តែគាត់អត់មានម៉ូយ គាត់រអ៊ូរទាំច្រើន។ តើរដ្ឋាភិបាលមានជាកញ្ចប់ ឬវិធានកាសម្រាប់ជួយពួកគាត់ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង Covid-19 នេះ? អរគុណសម្តេច។

រដ្ឋាភិបាលទៅមិនរួចទេ។ និយាយដោយត្រង់ គ្រាន់តែអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលស្ទើរតែរកលុយមិនបានទៅហើយ … បញ្ហាគឺជាគោលនយោបាយអន្តរាគមន៍សង្គម។ យើងតែងតែមានគេហៅថា ប័ណ្ណក្រីក្រ ដែលវាជាមូលដ្ឋានដែលយើងត្រូវធ្វើអន្តរាគមន៍។ វាមិនសំដៅជាក់លាក់ទៅលើតែផ្នែកណាមួយទេក្នុងឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធទេ ប៉ុន្តែ អ្នកដែលមានប័ណ្ណនេះជាមុខសញ្ញានៃការធ្វើអន្តរាគមន៍ ដែលមានទាំងកសិករ ទាំងកម្មករ អ្នកស៊ីក្លូអីគាត់មានប័ណ្ណហ្នឹង។ ជួនកាលអ្នករត់ម៉ូតូឌុបក៏មានប័ណ្ណហ្នឹងដែរ។ អញ្ចឹងយើងធ្វើអន្តរាគមន៍​​​ចំពោះ(អ្នកទាំង)ហ្នឹង។ បើមិនអញ្ចឹងទេ លេងធ្វើអន្តរាគមន៍(ទូទៅ) យើងបានលុយពីណា។ សូម្បីតែអាមេរិកក៏មិនអាចរកលុយបានមកដែរ សម្រាប់ឱ្យមនុស្សទូទៅ។ ពិតហើយ ដូចជាឥឡូវអាមេរិក ដូចជាបើកឱ្យម្នាក់ ១.២០០ ដុល្លារ … អញ្ចឹងទេ បាត់បង់ការងារមួយ យើងត្រូវផ្ដើមការងារមួយទៀត ប៉ុន្តែ អន្តរាគមន៍របស់រាជរដ្ឋាភិបាលមិនអាចធ្វើឡើងទៅលើអ្នកណាក៏ដោយឱ្យតែបាត់បង់ប្រាក់ចំណូល រដ្ឋាភិបាលត្រូវតែប៉ូវនោះទេ។

យើងរៀបចំច្រក(ដោយ)ដាក់ទុនបង្កើតការងារ ១៥០ លានដុល្លារ(សំរាប់)ខាងសហគ្រាសធុនតូច និងមធ្យម និងខាងកសិកម្ម។  និយាយគ្នាអញ្ចឹងតែម្ដង។ អញ្ចឹង បានថ្ងៃមុន ឯងកំពុងតែវិលក្បុង ស្រាប់តែមានអ្នកវាយចូលមក លោកឪពុកជួយកូនផង ឥឡូវរកលុយបង់ថ្លៃផ្ទះឱ្យគេមិនបាន បង់រំលស់ គេរឹបអូសយកផ្ទះហើយ។ សូមជួយកូនផង។ ប៊ិះតែនឹងចុចត្រឡប់ទៅវិញ។ រួចទិញផ្ទះម្ដងមួយដំបរ ដល់រកលុយបង់ឱ្យគេមិនបាន មករកលោកឪពុក។ ជិះឡានសុទ្ធតែ ៥៧០។ ប៊ិះតែនឹងវាយទៅវិញថា ម៉េចក៏មិនលក់ឡានយកលុយទៅបង់ឱ្យគេ …។

ជាក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល សូម្បីតែស្រ្តីឆ្លងទន្លេរាល់ថ្ងៃ គោលនយោបាយសង្គម កំពុងតែអនុវត្តរាល់ថ្ងៃនេះ កម្មការិនីឆ្លងទន្លេមួយថ្ងៃជាង ២២០ ទៅ ២៣០ នាក់ ជាប់រហូត។ កើតបានកូនមួយ ១០០ ដុល្លារ កូនពីរភ្លោះ ២០០ ដុល្លាររាល់ថ្ងៃ។ ក្រៅពីនោះ គឺស្រ្តីចាប់ពីមានផ្ទៃពោះ ត្រូវពិនិត្យ ៤ ដង មុនពេលឆ្លងទន្លេ ទៅពិនិត្យម្ដង ឧបត្ថម្ភម្ដង ត្រូវឧបត្ថម្ភ ៤ ដង ទៅដល់សំរាលឧបត្ថម្ភទៀត។ បន្ទាប់ទៅដល់កូនអាយុ ២ ឆ្នាំ ត្រូវឧបត្ថម្ភ ១០ ដងទៀត នៅបន្តអនុវត្ត។ អ្នកដែលមានប័ណ្ណក្រីក្រ រដ្ឋនឹងធ្វើអន្តរាគមន៍​។ ប៉ុន្តែ ដូចដែលក្មួយសួរមកពូថា អ្នករត់ម៉ូតូឌុប គាត់ត្អូញត្អែរ តើរដ្ឋប៉ះប៉ូវឬទេ? លក់ម៉ូតូសិនទៅ​។ ចាយទិញអង្ករស៊ីសិន ព្រោះបើមកឱ្យរដ្ឋប៉ះប៉ូវទាំងអស់ រដ្ឋឯណាមានលុយ? រដ្ឋពឹងពាក់លើពន្ធ រួចបើយើងទៅខ្ចីលុយពីបរទេស មកបើកឱ្យអ្នកដែលអត់ការងារធ្វើហ្នឹង វាងាប់បាត់ហើយ។ ប្រទេសណាក៏គេមិនឱ្យលុយយើងខ្ចីយកមកបើកប្រាក់ខែដែរ។

Thmey Thmey៖ ពីបញ្ហាជិះឡានប្រជ្រៀតគ្នារបស់កម្មករ/ការិនីទៅកាន់រោងចក្រ មានវិធានការអីទេ?

តាមពិតសំណួរនេះគួរតែត្រូវឯកឧត្ដម ម៉ម ប៊ុនហេង ឬលោកជំទាវ ឱ វណ្ណឌីន ឬលោកជំទាវ យក់ សម្បត្តិ ទេ ដែលត្រូវឆ្លើយនោះ។ វិធានការដែលទាក់ទងជាមួយនឹងការធ្វើដំណើរ ក្រសួងសុខាភិបាលបានណែនាំហើយ។ ឥឡូវក្មួយដាក់សំណួរអំពីកម្មកររោងចក្រ អញ្ចឹងទេ ខ្ញុំគិតថា ក្រសួងសុខាភិបាលគួរណែនាំបន្ថែមទៅ (ពីមុន)មួយឡានធ្លាប់ជិះ ២០ នាក់ (ឥឡូវ)ឱ្យជិះតែ ១០ នាក់ គេហៅថា គម្លាតសង្គមអញ្ចឹងទៅ ឬក៏ត្រួតពិនិត្យយ៉ាងម៉េច។ ប៉ុន្តែ ពូគិតថា ប្រហែលជាមិនបញ្ហាពេកទេ ព្រោះដោយសារពួកគាត់នៅជាមួយគ្នាសាំនៅហ្នឹង។ បញ្ហាសំខាន់គឺកុំឱ្យពួកគាត់បែកគ្នា។ បើគាត់នៅជាចង្កោមរបស់ពួកគាត់ ដោយគ្មានអ្នកដទៃជ្រៀតចូល គឺប្រាកដណាស់ថា ពួកគាត់មានសុវត្ថិភាព។ រឿងដែលយើងនៅឆ្ងាយពីគ្នានេះ ដោយសារយើងនៅផ្ទះរៀងខ្លូន។ ប៉ុន្តែ ដល់យើងនៅផ្ទះជាមួយគ្នា ដូចជាខ្ញុំ ចៅខ្ញុំមកនៅលើគ្រែខ្ញុំគ្រប់សព្វ អាខ្លះមកជិះក ខ្លះមកតោងចង្កេះ អញ្ចឹងវាអត់មានបញ្ហាទេ។ លើកលែង​តែបញ្ហាដូចជាយប់ហ្នឹង ប្ដីទៅខារ៉ាអូខេ ត្រឡប់មកវិញប៉ះប្រពន្ធ នាំជំងឺមកប្រពន្ធ ប្រពន្ធនាំជំងឺមកចម្លងអ្នកនេះទៀត ទើបជាបញ្ហាដែលត្រូវគិត។ ដូច្នេះ ខ្ញុំយល់ថា គម្លាតសង្គមនេះ នៅតែជាចំណុចសំខាន់។ ខ្ញុំមិននិយាយជំនួយគ្រូពេទ្យ ឬអង្គការសុខភាពពិភពលោកទេ។ អញ្ចឹងទេ នេះគ្រាន់តែជាការណែនាំបន្ថែម ហើយខ្ញុំគិតថា រោងចក្រ ឬម្ចាស់រថយន្ត ក៏មានការទទួលខុសត្រូវលើបញ្ហាហ្នឹងដែរ។ កម្មករ/ការិនីក៏ត្រូវទទួលខុសត្រូវខ្លួនឯងលើបញ្ហាហ្នឹង កុំរង់ចាំតែថាត្រូវធ្វើម៉េច។ ម៉ាសហ្នឹងវាត្រូវតែពាក់ហើយ។ ស្ទង់មើលកំដៅ។ នៅពេលធ្វើការក្នុងរោងចក្រនៅឃ្លាតពីគ្នា តែពេលឡើងឡានវានៅកៀកគ្នា អាហ្នឹងវាជាចំណុចមួយ។ សូមអរគុណចំពោះ​សំណួរនេះ ដែលជាការដាស់តឿនរំលឹកទៅដល់ក្រសួងសុខាភិបាលធ្វើការណែនាំបែបណាថែមទៀត ប៉ុន្តែ សុវត្ថិភាពជាងគេ គឺថា រោងចក្រយើង ក្រុមហ៊ុនយើង ស្ថាប័នយើង គឺសុវត្ថិភាពជាងគេ។

ខ្ញុំកោតសរសើរណាស់ នៅរតនគិរី អ្នកដែលមិនមែនអ្នកក្នុងភូមិហ្នឹង គឺមិនឱ្យចូលភូមិទេ សុំទោស។ ខ្ញុំត្រូវធានាសុវត្ថិភាពតាមភូមិហ្មង បងប្អូនជនជាតិ​ភាគតិច គួរឱ្យសរសើរ។ យើងស្មានតែតាមជនបទខ្វះព័ត៌​មាន មិនមែនអញ្ចឹងទេ ជនបទមានព័ត៌មាន ហើយគេបកប្រែពីភាសាខ្មែរទៅជាភាសាជនជាតិឱ្យស្ដាប់ទៀតថា ត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចទៀត។ ភូមិខ្លះគេរារាំងមនុស្សមិនឱ្យចូលទៅក្នុងភូមិគេតែម្ដង ដើម្បីធានាសុវត្ថិភាពក្នុងភូមិគេកុំឱ្យឆ្លង។ អញ្ចឹងទេមានតែវិធីហ្នឹងទេ ដើម្បីដោះស្រាយបញ្ហា។ នៅមានរឿងរ៉ាវច្រើនណាស់។ មិនមែនតែប៉ុណ្ណឹងទេ។ បើជជែកគ្នា សួរក៏នៅតែប៉ុណ្ណឹងដែរ វានៅតែបញ្ហាយកចិត្តទុកដាក់ចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ និងភូមិនីមួយៗ ធ្វើកិច្ចការ ហើយជាងនេះទៅទៀត គឺមនុស្សម្នាក់ហ្នឹងតែម្ដង ត្រូវដឹងថា ខ្លួននេះ​ជាប្ដី ឧទាហរណ៍ថា ពូជាប្ដី ត្រូវគិតដល់សុខភាពខ្លួនឯង ហើយសុខភាពប្រពន្ធ កូន និងចៅខ្លួនឯង ដែលវាមកជិតយើង។ ការសង្ស័យណាមួយកើតឡើង ត្រូវដាក់ខ្លួនឯងដោយឡែក ហើយកុំឱ្យកូន ឬចៅចូលមកជិត រង់ចាំពិនិត្យមើលស្ថានភាពនោះសិន នេះគឺជាការល្អ។

ស្ថានភាព ដែលជាមេរៀន គឺកុំទុកឱ្យសភាពការណ៍ដូចដែល​ឯកឧត្ដម Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ដែលគាត់ធ្វើការងារច្រើនពេក ដោយមិនគិតអំពីសុខភាព។ ឥឡូវក្លាយទៅជាអ្នកដែលត្រូវចូល ICU មុនគេ គឺគាត់តែម្ដង។ សង្ឃឹមថា គាត់នឹងមិនក្លាយខ្លូនទៅជាអ្នករងគ្រោះនៅក្នុងជំងឺនេះទេ។ បើមិនអញ្ចឹងទេ នាយករដ្ឋមន្រ្តី ឬប្រធានាធិបតី លែងចង់ធ្វើហើយក្នុងពេលហ្នឹង ព្រោះខ្លាច Covid-19 សម្លាប់​។ ឥឡូវ នៅអឺរ៉ុបឆ្លងស្ទើរតែទាំងអស់។ នៅអង់គ្លេស ទាំងនាយករដ្ឋមន្រ្តី ទាំងព្រះរាជទាយាទ។ នៅអេស្ប៉ាញ ប្រពន្ធ(ប្រធានាធិបតី) តែប្ដីមិនអីទេ។ នៅកាណាដាប្រពន្ធនាយករដ្ឋមន្រ្តី តែមិនរាលដល់ Trudeau នាយករដ្ឋមន្រ្តីនោះទេ។ ហើយមិនដឹងនៅឯណាទៀត។ ប៉ុន្តែ យ៉ាងណាខ្ញុំអត់មានទេ សុំកុំឱ្យទើសទាល់ជាមួយខ្ញុំ។ ប៉ុន្តែ ហាមចាប់ដៃ ព្រោះឥឡូវសង្ស័យគ្នាទៅវិញទៅមក។ យកការសង្ស័យគ្នាទៅវិញទៅមកនេះ ធ្វើជារបាំងតែម្ដង ដើម្បីអនុវត្តនូវគម្លាតសង្គម។

សូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នានៅក្នុងសន្និសីទថ្ងៃនេះ ដែលជាសន្និសីទពិសេសមួយទៀត រាប់ម៉ោងរប​ស់នាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីចេញនិយាយ ១៥ នាទី និយាយធ្វើអី? ព្រោះវាមិនអស់រឿងដែលត្រូវនិយាយ។ តែកាលណានាយករដ្ឋមន្រ្តីនិយាយហើយ វាតែងមានរឿងនយោបាយហើយ វាមិនអត់ទេ កុំទៅឆ្ងល់ពេក។ ដោយសារមានអ្នកចាក់ដោតពីខាងក្រៅ យើងត្រូវពន្យល់វាត្រឡប់ទៅវិញ ព្រោះអ្នកឯងពន្យល់តាមវិទ្យុ ឬហ្វេសប៊ុក យើងពន្យល់ទៅកាន់ប្រជាពលរដ្ឋរបស់យើង។ វាអញ្ចេះៗ។ ខ្ញុំសង្ឃឹមថា នេះមិនមែនជាការបំពានលើអំណាចរបស់រដ្ឋមន្រ្តីសុខាភិបាល ឬអំណាចរបស់រដ្ឋមន្រ្តីណាមួយក៏អត់ដែរ ហើយក៏មិនបំពានទៅលើវិជ្ជាជីវៈរបស់ពេទ្យដែរ ដោយសារនេះគឺជាគោលការណ៍ណែនាំ នៃក្របខណ្ឌគោលនយោបាយតែប៉ុណ្ណោះ ឯចំពោះបញ្ហាបច្ចេកទេសយ៉ាងណា គឺជារឿងមួយផ្សេងទៀត។ បញ្ហារបស់យើង កំពុងតែប្រយុទ្ធជាមួយនឹងមុខព្រួញ ៣ គឺ៖ ទី ១ (ទប់ស្កាត់)ឆ្លងមកពីក្រៅ, ទី ២ កុំឱ្យអ្នកឆ្លងហើយរាលដាលទៅចំពោះអ្នកផ្សេង និងទី ៣ ព្យាបាលអ្នកដែលកើតហើយ​ឱ្យជា។ ប៉ុន្តែ មុខព្រួញទី ១ គឺទប់ស្កាត់ការនាំជំងឺពីខាងក្រៅចូល ជាកិច្ចការសំខាន់ ជាអាទិភាព បន្ទាប់ទៅកិច្ចការទី ២ ឃើញភ្លាម រុករកឱ្យឃើញ ចង្កោមករណី វាជាចង្កោមតូច ឬធំប៉ុនណា ត្រូវរកមនុស្សហ្នឹងឱ្យអស់ ហើយឱ្យឆាប់រហ័សទៀតផង ដើម្បីកុំឱ្យរាលដាលទៅជាចង្កោមធំ ឬទៅដល់សហគមន៍៕