សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហារស្រាយបួស រ៉ាម៉ាឌន

CNV:15 ខែ​មិថុនា, 2017

លោកឧកញ៉ា សុខ គីមលី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។

លោក អ៊ិត ម៉ាន់តួន ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី។

ពិធីស្រាយបួស ជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយរួចស្រេចទៅហើយ

ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ ដែលបានទទួលការអញ្ជើញ ដើម្បីចូលរួមនៅក្នុងពិធីស្រាយបួសនាថ្ងៃនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ កាលពីដំ​បូង(២០១៤) យើងរៀបចំត្រឹមតែមនុស្ស ១,៣០០ នាក់ ហើយឆ្នាំបន្ទាប់ យើងរៀបចំចំនួន ៤,០០០ នាក់។ ឆ្នាំបន្ទាប់មកទៀត ៤,៥០០ នាក់ ហើយឆ្នាំនេះ យើងរៀបចំចំនួន ៤,៧០០ នាក់។ ប្រសិនបើមានទីកន្លែងបន្ថែមទៀតនោះ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗទៀត យើងនឹងរៀបចំកម្មវិធីនេះអោយធំជាងនេះ ដើម្បីទទួលស្វាគមន៍បងប្អូនមកពីគ្រប់ទិសទី មករួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើពិធីស្រាយបួស…។

សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា មិនអាចមើលរំលង

ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានថ្លែងសុន្ទរកថាឆ្លុះបញ្ជាំងពីការគាំទ្រទាំងឡាយរបស់សហគមន៍អ៊ីស្លាម​ចំពោះរាជរដ្ឋាភិបាល។ ខ្ញុំក៏អរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូតប៉ាគីស្ដង់ ក្នុងឋានៈជាព្រឹទ្ធបុរស និងក្នុងឋានៈជាប្រទេសមួយកាន់សាសនាអ៊ីស្លាមផងដែរ ដែលបានថ្លែងសុន្ទរកថា និងលើកឡើងពាក់ជាមួយនឹងការរីកចម្រើននៅកម្ពុជា ក៏ដូចជាភ័ព្វសំណាងរបស់បងប្អូនអ៊ីស្លាមកម្ពុជា ដែលបានកើតនៅលើទឹកដីនេះ។

ដូចដែលខ្ញុំលើកឡើងកាលពីពេលមុនៗ បញ្ហាសំខាន់របស់យើងនៅទីនេះ គឺសុខដុមភាវូបនីយកម្មជនជាតិ និងសាសនា ជាបញ្ហាមួយដែលមិនអាចមើលរំលងបានទេ។ នៅក្នុងប្រទេសមួយចំនួន ដែលមានការបែកបាក់ និងជម្លោះ ក៏មានចំណុចចាប់ផ្ដើមពីការព្រងើយកន្តើយ ការរើសអើង និងការមិនយកចិត្តទុកដាក់ទៅលើបញ្ហាការធ្វើសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍ និងសាសនា។ ចំណុចនេះ ក៏យើងត្រូវធ្វើការសិក្សាផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហាការកើតឡើងនូវទម្រង់ហិង្សាផ្សេងៗ​ ដែលវាបានផ្ទុះចេញជាតិសាសន៍ និងសាសនា។

សហគមឥស្លាមចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម

ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងជូននូវការអរគុណដល់បងប្អូនមកពីសហគមន៍ឥស្លាមនៅទូទាំងប្រទេស ដែលមានវត្តមានជាតំណាងនៅថ្ងៃនេះ។​ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ បន្ទាប់ពីការជួបជុំគ្នានៅទីនេះកាលពីឆ្នាំមុន បានរួមចំណែកយ៉ាងធំធេងជាមួយកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការការពារសន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា។ ខ្ញុំនៅចាំបានថា ឆ្នាំទៅ ពេលដែលយើងប្រារព្ធពិធីនេះនៅទីនេះ ពេលនោះយើងកំពុងស្ថិតនៅក្នុងយុទ្ធនាការនៃការដោះស្រាយផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋរបស់យើង ដែល​​ខ្វះខាតទឹក ហើយពេលនោះ ក៏យើងបានឃើញនូវចលនារួមមួយរបស់បងប្អូនជនរួមជាតិរបស់យើង ហើយផ្នែកដែលមិនអាចមើលរំលងបាន គឺបងប្អូនសាសនិកឥស្លាមរបស់យើង ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ។ មួយឆ្នាំបានកន្លងផុតទៅនេះ ប្រទេសរបស់យើងបានឆ្លងកាត់កំណាត់ផ្លូវមួយ គឺការផ្ទេរពីប្រទេសដែលមានការអភិវឌ្ឍតិចតួច មកកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ចំណុចអស់ទាំងនេះ យើងអាចនិយាយបានដោយមោទនភាពថា ប្រទេសរបស់យើង គឺជាប្រទេសដែលមានសាមគ្គីភាព មានសុខដុមភាវូបនីយ​កម្មរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា។

រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា អរគុណសាសនិកឥស្លាម ដែលបានបោះឆ្នោតគាំទ្រ

មុននេះប៉ុន្មានថ្ងៃ បងប្អូនសាសនិកឥស្លាមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការការពារសន្ដិភាព នៃការការពារស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្លាប់សង្គម តាមរយៈការចូលរួមនូវយុទ្ធនាការដ៏ផុលផុសសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់។ ចំណុចទាំងនេះ ខ្ញុំសូមតាំងនាមអោយរាជរដ្ឋាភិបាល ថ្លែងនូវអំណរគុណចំពោះការចូលរួមទាំងឡាយរបស់បងប្អូន ដែលបានចូលរួមរក្សានូវសន្ដិសុខសណ្ដាប់ធ្លាប់សង្គមនេះ ម្ខាង។ ម្ខាងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំក៏សូមសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសាសនិកឥស្លាម ដែលបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា។ សង្ឃឹមថា ការបន្តបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា​ វាមិនខុសពីការបោះឆ្នោតថ្វាយព្រះអាឡោះ និងសម្រាប់បងប្អូនឥស្លាមខ្លួនឯងនោះទេ។ នេះគឺជារឿងពិតមួយ។

ពិធីស្រាយបួសនៅតែមាន ដរាបណាគណបក្សប្រជាជននៅតែកាន់អំណាច

ដូចខ្ញុំបាននិយាយកាលពីឆ្នាំទៅ ពិធីស្រាយបួសដែលរៀបចំដោយរាជរដ្ឋាភិបាល គឺមានឈ្មោះនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតាំងនាមអោយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំធានាបានតែក្នុងដំណាក់កាលនៃគណបក្សប្រ​ជា​ជនកម្ពុជាកាន់អំណាចប៉ុណ្ណោះ ដែលមានពិធីបែបនេះកើតឡើង។ សម្រាប់អ្នកដទៃ ខ្ញុំមិនធានាទេ។ នោះវាជារឿងអ្នកដទៃ។ តែខ្ញុំជឿទុកចិត្តយ៉ាងមុតមាំទៅលើភាពឥតងាករេ និងការស្មោះត្រង់របស់បងប្អូនសាសនិកឥស្លាម ម្ដងហើយម្ដងទៀតតាំងពីដំណាក់កាល​រំដោះប្រជាជាតិចេញពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលបោះឆ្នោតជាបន្ដបន្ទាប់ នៅតែមានសំឡេងគាំទ្រលើសលប់សម្រាប់គណបក្សប្រជាជនកម្ពុជា។

និយាយយ៉ាងដូច្នេះ មិនមែនជាការឃោសនាសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែជាគោលនយោបា​យបានបង្ហាញជាក់ស្ដែង សម្រាប់ប្រជាជាតិកម្ពុជា សម្រាប់សហគមន៍ឥស្លាម ហើយក៏បានបង្ហាញជូនចំពោះប្រិយមិត្តនៃបណ្ដាប្រទេសកាន់សាសនាឥស្លាមទាំងឡាយបានឃើញ ជាង ៣៨ ឆ្នាំរួចស្រេចទៅហើយ។ ឯកឧត្តម អូស្មាន ហាស្សាន់ បានលើកឡើងទាក់ទិនទៅនឹងប្រវត្តិសាស្រ្ត អតីតកាលរបស់បងប្អូនឥស្លាមនៅកម្ពុជា។ ឥឡូវនេះ គេអាចសង្កេតបានថា ចំនួនបញ្ញវ័ន្តបងប្អូនឥស្លាមមានកាន់តែច្រើន ដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅក្នុងប្រទេស ក៏ដូចជាការបញ្ចប់ការសិក្សានៅក្រៅប្រទេសផងដែរ។

ផ្តល់ក្របខណ្ឌគ្រូបង្រៀន ជួយកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនឥស្លាម និងបន្តការផ្តល់បន្ថែមបើចាំបាច់

បន្ថែមលើនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង នឹងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈ​សហគមន៍ឥស្លាម ដោយបានបញ្ចូលគ្រូបង្រៀននៅក្នុងក្របខណ្ឌរដ្ឋ ដែលជាការកាត់បន្ថយបន្ទុកនៃការចំ​ណាយ​​របស់បងប្អូនមូស្លីមកម្ពុជា ដែលមុននេះត្រូវរៃអង្គាសប្រាក់យកទៅផ្គត់ផ្គង់គ្រូបង្រៀន។ ខ្ញុំសូមជម្រាប​ជូនបងប្អូននៅទីនេះឲ្យបានជ្រាបថា មិនមែនត្រឹមតែ ១,៥០០ នាក់នោះទេ ប្រសិនបើមានតម្រូវការរហូតដល់ ៥,០០០ នាក់ក៏ខ្ញុំអាចជូនបានដែរ ព្រោះនេះជាតម្រូវការនៃការអភិវឌ្ឍន៍សង្គមជាដោយគ្មានការរើសអើង។

ចំណុចនេះប្រទេសមួយចំនួនដែលមានសាសនាឥស្លាមផងដែរ ខ្ញុំមិនហ៊ាននឹងផ្តល់មតិនោះទេ ក៏ប៉ុន្តែអ្វីដែល ជាបទពិសោធន៍ជាង ៤០ ឆ្នាំ នៃការចូលរួមដឹកនាំ និងដឹកនាំដោយផ្ទាល់នៃរាជរដ្ឋាភិបាលនេះ ខ្ញុំស្គាល់អ្វីទៅ ជារសជាតិនៃការធ្វើសុខដុមភាវូបនីយកម្ម ជាតិសាសន៍ និងសាសនា។ ឥឡូវនេះ ព្រះវិហារ សាលារៀនជា ច្រើនត្រូវបានកើត។ ខ្ញុំសូមស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា បន្តការពិភាក្សាជាមួយនឹងគណៈចាងហ្វាង ក៏ដូចជាក្រសួងធម្មការ និងសាសនា អំពីតម្រូវការបំពេញបន្ថែមលើបញ្ហាក្របខណ្ឌគ្រូបង្រៀន ដែលគ្រូបង្រៀននោះ​ក៏​ត្រូវទទួលបាននូវប្រាក់បៀវត្សរ៍ ដូចជាគ្រូបង្រៀននៅផ្នែកដទៃទៀតដែរ។

នយោបាយចំពោះជនជាតិ ចំពោះសាសនា តាមវិស័យ ជានយោបាយអមតៈរបស់គណបក្សប្រជាជន

ខ្ញុំស្នើឲ្យយកចិត្តទុកដាក់ បើអត់ពីខ្ញុំទៅ ទោះអ្នកណាក៏ដោយដែលជាសមាជិកគណបក្សប្រជាជនឡើងមកបន្តនូវតួនាទីនេះ សូមកុំភ្លេចនូវនយោបាយដែលយើងបានប្រកាន់ខ្ជាប់ជាង ៣៨ ឆ្នាំរួចមកហើយ។ មិនមែនជានយោបាយកញ្ឆក់កណ្តៀតនោះទេ តែជានយោបាយអមតៈរបស់គណបក្សប្រជាជន យើងមានគោលនយោ​បាយ​ចំពោះជនជាតិ យើងមានគោលនយោបាយចំពោះសាសនា គោលនយោបាយទៅតាមវិស័យមួយៗ និងតាមអនុវិស័យផងដែរ។ ប៉ុន្តែ យ៉ាងហោចណាស់សំដីរបស់ខ្ញុំមួយម៉ាត់នេះ ដែលផ្តាំផ្ញើអ្នកជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍ និងសាសនា ក៏អាចផ្តល់ឲ្យនូវបទពិសោធន៍ និងចងចាំទុកថា ប្រទេសមួយនេះមិនត្រូវកើតកលយុគ្គ​ ឬក៏ជម្លោះសាសនា និងជាតិសាសន៍កើតឡើងនោះទេ។ ការប្រកាន់ពូជសាសន៍ និងការរើសអើង មិនមែនជាគោលនយោបាយរបស់គណបក្សប្រជាជននោះទេ ហើយ​វាកាន់តែជាមិនមែនរបស់ ហ៊ុន សែន ដឹកនាំទៅទៀតផង។

ដូច្នេះការជួបជុំគ្នានៅថ្ងៃនេះ ក៏បង្ហាញឲ្យឃើញនូវការសាមគ្គីភាព។​ ថ្ងៃនេះមានអ្នកកាន់សាសនាគ្រិស្ត ហើយ​អាចមានទាំងអ្នកកាន់សាសនាហិណ្ឌូនៅទីនេះ និងមានអ្នកកាន់សាសនាឥស្លាម និងមានអ្នកកាន់សាសនាព្រះ​ពុទ្ធ។ ការខុសគ្នាខាងសាសនា មិនមែនជាឧបសគ្គរារាំងនៃដំណើរអភិវឌ្ឍប្រទេសជាតិនោះទេ ហើយគ្មានសាសនាណាប្រដៅមនុស្សឲ្យធ្វើអំពើអាក្រក់នោះដែរ។ ម្យ៉ាងទៀត យើងក៏បានទទួលផលប្រយោជន៍ពីក្នុងការគ្រប់គ្រងរដ្ឋពីវិស័យសាសនា ព្រោះតែសាសនាទាំងអស់ប្រដៅឲ្យមនុស្សអនុវត្តប្រព្រឹត្តអំពើល្អ ដោយសារអំពើល្អទាំងនោះ ដែលសាសនាទាំងឡាយបានជួយប្រៀនប្រដៅទើបធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់យើង​មានភាពល្អប្រសើរ។ ភាពពាលាអាវាសែ អបាយមុខទាំងឡាយ នឹងត្រូវកាត់បន្ថយតាមរយៈការជួយជ្រោម​ជ្រែង​របស់វិស័យសាសនា ក្នុងហ្នឹងមានទាំងឥស្លាមសាសនា គ្រិស្តសាសនា ព្រះពុទ្ធសាសនា ដែលយើងជួបជុំគ្នានៅទីនេះ។

ការអនុញ្ញាតឲ្យសិស្សស្រីស្លៀកសំលៀកបំពាក់ឥស្លាម និងការអនុញ្ញាតឲ្យថតរូបមិនបាច់ចេញស្លឹកត្រចៀក

សូមបញ្ជាក់ជូនផងដែរថា ប្រទេសបងប្អូនមួយចំនួន ជាពិសេសប្រទេសខ្លះ មិនទាន់បានអនុវត្តទេនូវគោលនយោ​បាយទាក់ទិននឹងសម្លៀកបំពាក់របស់ក្មួយៗ សិស្សានុសិស្ស និស្សិត​ ក្នុងការចូលរៀន នៅគ្រប់កម្រិតសិក្សា ទាំងបឋម ​មធ្យម និងឧត្តមសិក្សា។ ប្រទេសមួយចំនួនមិនទាន់អនុញ្ញាតឲ្យស្ត្រីជាសាសនិកឥស្លាមមានស្លៀកនូវសំលៀកបំពាក់ប្រពៃណីរបស់ខ្លួនសម្រាប់ការចូលរៀននោះទេ ប៉ុន្តែសម្រាប់កម្ពុជា យើងខ្ញុំអនុញ្ញាតឲ្យបងប្អូនរើសសម្លៀកបំពាក់ណាក៏បាន ស្លៀកតាមឯកសណ្ឋានសាលាក៏បាន ស្លៀកតាមឯកសណ្ឋាន​​បងប្អូនស្រ្តីឥស្លាមក៏បាន។ ការថតរូបធ្វើអត្តសញ្ញាណបណ្ណ ការថតរូបធ្វើលិខិតឆ្លងដែនទៀតសោត បន្ទាប់ពីបានពិភាក្សាជាមួយនឹងក្រសួងមហាផ្ទៃ ដែលថាការថតរូបដោយមិនចាំបាច់ចេញស្លឹកត្រចៀកនោះ អាចធ្វើទៅរួច យើងក៏បានផ្តល់ឱកាសបែបនេះស្ត្រីឥស្លាម ដែលតម្រូវឲ្យមានការថតរូបបើកស្លឹកត្រចៀកនោះទេ។ ចំណុចអស់ទាំងនេះ យើងបានធ្វើហើយ មិនមែនគ្រាន់តែសន្យា តែយើងបានអនុវត្តលើការជាក់ស្តែង។

គ្មានការបៀតបៀន គ្មានការរើសអើង គ្មានការប្រកាន់ មានតែការរួបរួម ធ្វើឲ្យប្រទេសបាននូវសេចក្តីសុខ

ខ្ញុំសូមអរគុណជាមួយនឹងការចូលរួមចំណែករបស់បងប្អូនយើង ហើយខ្ញុំមមានមោទនភាពខ្លាំងណាស់ នៅពេលដែលខ្ញុំទៅសម្ពោធព្រះវិហារឥស្លាម ក៏បានជួបជុំមានការចូលរួមពីសំណាក់បងប្អូនពុទ្ធសាសនិក ឬគ្រិស្តសាសនា។ ដល់ពេលខ្ញុំចូលទៅកាត់ឫសសីមា ឬធ្វើបុណ្យនៅក្នុងវត្តព្រះពុទ្ធសាសនា ក៏មានការចូលរួមផងដែរពីសំណាក់បងប្អូនឥស្លាមសាសនា និងគ្រិស្តសាសនា។ ចំណុចនេះ កាន់តែបង្ហាញឲ្យឃើញច្បាស់ថា គ្មានការបៀតបៀន គ្មានការរើសអើង ហើយគ្មានការប្រកាន់ណាមួយនោះទេ មានតែការរួបរួមបែបនេះ ទើបធ្វើឲ្យប្រទេសយើងទទួលបាននូវសេចក្តីសុខ។ ខ្ញុំសូមយកឱកាសនេះ​ ថ្លែងអំណរគុណនូវអង្គការនានា ជាពិសេសបណ្តាប្រទេសដែលកាន់សាសនាឥស្លាម ដែលបានជួយទំនុកបម្រុង ជួយដល់សហគមន៍ឥស្លាមនៅកម្ពុជា តាមរយៈនូវការជំនួយតាមបែបការកសាងជាសាលារៀន ការកសាងព្រះវិហាររហូតទៅដល់មានការកសាង ជាផ្ទះសំបែងជូនអ្នកក្រីក្រនៅកម្ពុជា មានតែជួយផ្តល់អាហារូបករណ៍ដល់និស្សិត ដែលជាសាសនិកឥស្លាម ទៅរៀននៅប្រទេសនានា។ ខ្ញុំអរគុណណាស់ដែល ឯកឧត្តមអគ្គរដ្ឋទូតប៉ាគីស្តង់ បានលើកឡើង អម្បាញ់មិញថាបងប្អូនឥស្លាមកម្ពុជា មានភ័ព្វសំណាងណាស់ដែលបានកើតនៅលើទឹកដីកម្ពុជា។

ខ្ញុំគួរ​តែបញ្ជាក់ថាភ័ព្វសំណាងនេះ មានតែក្នុងដំណាក់កាលដែលគណបក្សប្រជាជនដឹកនាំតែប៉ុណ្ណោះ។ ព្រោះ​កាលពីសម័យ លន់ នល់ ដឹកនាំ និងសម័យប៉ុល ពត ដឹកនាំ គឺបងប្អូនឥស្លាមគ្មានភ័ព្វវាសនាបែបនេះទេ។ ដូចដែល ឯកឧត្តម អូស្មាន ហាស្សាន់ បានលើកឡើង សិទ្ធិ(បែបនេះ បងប្អូនធ្លាប់)បានទទួលពីព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ។ ប៉ុន្តែ ពេលនោះដោយសារប្រទេសយើង ទើបនឹងចេញផុតពីអាណានិគមនិយមបារាំង ហើយដំណើររីកលូតលាស់របស់យើងក្នុងដំណាក់កាលនោះមានកម្រិត បន្ទាប់ទៅមាន​សង្គ្រាម។ (រី​ឯ)​ការអនុវត្តគោលនយោបាយមួយចំនួនទាក់ទងនឹងការជ្រើសរើសមន្រ្តីរាជការ ដែលជាសាសនិកឥស្លាម ដែលជាជនជាតិឥស្លាម និងការចូលរួមរបស់បងប្អូនឥស្លាមនៅក្នុងកងកម្លាំងប្រដាប់អាវុធ គឺខ្ញុំក៏មិនច្បាស់ដែរទេ។ ប៉ុន្តែនៅក្នុងដំណាក់កាលដែលគណបក្សប្រជាជនដឹកនាំប្រទេសក្នុងរយៈពេល ៣៨ ឆ្នាំ ជាងនេះ មេដឹកនាំទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងរដ្ឋបាលស៊ីវិល ទាំងនៅក្នុងអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ សុទ្ធ​តែមានបងប្អូនឥស្លាមនៅទីនោះ។ អញ្ចឹងទេ ភ័ព្វសំណាងដែលបងប្អូនឥស្លាមទទួលបាន នៅលើទឹកដីកម្ពុជា គឺខ្ញុំហ៊ានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលបាន និងកំពុងអនុវត្តនូវនយោបាយបែបនេះ ហើយនឹងបន្តអនុវត្តទៅទៀត។

ខ្ញុំដឹងថាយើងនៅមាននៅម៉ោង ៦ និង ២៧ នាទី យើងចាប់ផ្តើមហើយ។ ដូច្នេះ ខ្ញុំមិនគួរនឹងថ្លែងបន្ថែមទៀតជាមួយនឹងសង្កថានោះទេ។ ពិតមែនហើយ បើទោះថាខ្ញុំមានលទ្ធភាពដើម្បីនឹងទទួលទានបានមុន ក៏ខ្ញុំមិនត្រូវធ្វើដែរ។ យើងនៅមានពិធីថតរូប។ បងប្អូនអាចនឹងមានកម្មវិធីរួចហើយ ក្រៅពីការស្រាយបួសដែលរៀបចំដោយ​រាជរដ្ឋាភិបាល ដោយនាយករដ្ឋមន្រ្តីនៅទីនេះ នៅមានការស្រាយបួសនៅតាមព្រះវិហារនានាទៀត។ ដូច្នេះ សមា​ជិក និងសមាជិកា ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ដែលជាថ្នាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី អភិបាលខេត្ត សមាជិកសភា ព្រឹទ្ធសភា ចូលរួមនៅក្នុងការស្រាយបួស តាមព្រះវិហារនានា តាមដែលអាចធ្វើទៅបាន។

កុំភ្លេចអញ្ជើញខ្ញុំ និងថ្នាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឲ្យទៅចូលរួមស្រាយបួស

ថ្ងៃនេះ បងប្អូនឥស្លាមអញ្ជើញមកពីគ្រប់ទីកន្លែងក្នុងនេះ ក៏មានក្មួយៗ ចៅៗ ជានិស្សិត សិស្ស ផងដែរ គឺជា ភ្ញៀវរបស់នាយករដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ប៉ុន្តែសុំកុំភ្លេចអញ្ជើញខ្ញុំធ្វើជាភ្ញៀវរបស់ព្រះវិហារមួយៗផង ខ្ញុំនឹងទៅចូលរួម ប្រសិនបើមានការអញ្ជើញ។ សុំកុំភ្លេចអញ្ជើញថ្នាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អ្នកណាដែលទៅនៅកន្លែងណា អញ្ជើញឲ្យទៅចូលរួមស្រាយបួស។ បួសនេះ មួយឆ្នាំមានតែម្តង ហើយបួសនេះ គ្មានអីចម្លែកទេ។ បន្តិចទៀត សម្រាប់ព្រះសង្ឃកម្ពុជា ក៏ត្រូវចូលព្រះវស្សាដែរ គឺដូចតែគ្នាទេ។ បួសតិចបួសច្រើន កាន់នេះកាន់នោះ សាសនាណាក៏មានធ្វើដូចគ្នា។

(ការបួសរបស់)ឥស្លាមគឺមានរ៉ាម៉ាឌនសម្រាប់ទូទាំងពិភពលោកតែម្តង ហើយដែលកន្លងទៅខ្ញុំក៏បានផ្ញើជូននូវការជូនពរ។ ខ្ញុំបានសរសេរសាររួចហើយ ដាក់បញ្ចូលក្នុងម៉ោងសម្រាប់​ផុសចេញ។ ដល់ទៅពេលរ៉ាម៉ាឌនបានមកដល់ បែរជាអត់ឃើញអាហ្នឹងហោះចេញ វាមិនត្រឹមតែមិនហោះចេញ វាបាត់តែម្តង។ អញ្ចឹងត្រូវទៅដាស់ឯកឧត្តម អូស្មាន ហាស្សាន់ ទាំងយប់ដើម្បីផ្ញើសារចេញ ក្នុងការជូនពរ នៅ ថ្ងៃរ៉ាម៉ាឌន របស់ឥស្លាមកម្ពុជាផង និងរបស់ឥស្លាមពិភពលោកផង …។

បងប្អូនឥស្លាមមើលឃើញនូវតម្លៃអំពើល្អទៅអំពើល្អមក

ខ្ញុំមិនដឹងថា តើទួននៅកំពង់ត្របែកអញ្ជើញមកឬអត់? អ្នកដែលបានសុំសាលាខ្ញុំ ៣ បន្ទប់ តែខ្ញុំឲ្យរហូតទៅដល់ ៦ បន្ទប់នោះ … សម្លេងឆ្នោតនៅទីនោះ ប្រហែលជា ៩៩ ភាគរយលើសបន្តិច ដែលបោះឲ្យគណបក្សប្រជាជន។ មិនមែនជាការទិញដូរសន្លឹកឆ្នោតទេ ក៏ប៉ុន្តែ បងប្អូនពិតជាបានមើលឃើញនូវតម្លៃនៃការតបស្នងទៅវិញទៅមក អំពើល្អទៅ និងអំពើល្អមក។ ចំណុចនេះ កាន់តែធ្វើឲ្យខ្ញុំមានទឹកចិត្ត ដើម្បីនឹងបន្តការងារជាមួយនឹងបងប្អូន សម្រាប់ការលូតរីកលូតលាស់ទៅមុខទៀត ។ ជាទីបញ្ចប់ សូមព្រះអាឡោះ ជួយថែទាំបីបាច់រក្សា បងប្អូនជាសាសនិកឥស្លាម នៅកម្ពុជា ក៏ដូចជា សាសនិកឥស្លាមនៅទូទាំងពិភពលោក សូមឲ្យអាឡោះជួយ ហើយអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាព្រះអាឡោះជួយខ្ញុំ និងភរិយា ក៏ដូចជាអ្នកដឹកនាំនៅទីនេះផងដែរ ឲ្យទទួល​​បាននូវពរជ័យ សិរីសួស្តី និងការរីកចម្រើនសម្រាប់ទាំងអស់គ្នា។ ខ្ញុំសូមថ្លែងនូវការអរគុណ និងការជូនពរ ហើយ​សន្យាជួបគ្នាសារជាថ្មី ម្តងទៀត នៅឆ្នាំក្រោយនៅថ្ងៃស្រាយបួសទៀត។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...