សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨

CNV:

សុខសប្បាយទេបងប្អូន? ហើយដូចមុនដែរ ចង់សួរបន្តិច អ្នកជិតចូលរោងការប៉ុន្មានទៅ លើកដៃមើល? មិនសូវមើលមនុស្សចាស់ទេ មើលតែក្មេងៗ អ្នកចាស់ៗចូលរោងការអីទៀត? ហើយឆ្នាំនេះត្រជាក់ផង ការមិនសូវជាអីទេ។ ឆ្នាំទៅ ការទៅរាងក្ដៅបន្តិច តែឆ្នាំនេះការហើយរាងត្រជាក់។

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ទាំងពីរគណៈ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា!
ឯកឧត្ដម តំណាងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរូមនៅក្នុងឱកាសនេះ​!
សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!

ផ្លូវលេខ ៥៨ ប្រវែង ១៧៤ គីឡូម៉ែត្រ ពីប៉ោយប៉ែតដល់សំរោង ក្រោមហិរញ្ញប្បទានចិន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តបន្ទាយមានជ័យសាជាថ្មីម្ដងទៀត បន្ទាប់ពីឆ្នាំកន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំក៏បានខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមជាមួយឯកឧត្ដម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ដើម្បីដាក់ឱ្យដំណើរការនូវការតភ្ជាប់ផ្លូវរថភ្លើង និងការតភ្ជាប់នូវចំណុចច្រកទ្វារស្ទឹងបត់ ដែលនោះក៏ជាសមិទ្ធផលមួយនៅក្នុងចំណោមសមិទ្ធផលនៃការតភ្ជាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរួមជាមួយឯក​ឧត្ដម Wang Wentian ព្រមទាំងប្រជាជនដែលរស់នៅទីនេះ នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវផ្លូវចំនួន ១៧៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

អរគុណប្រជាជនខេត្តបន្ទាយមានជ័យ បោះឆ្នោតជូន CPP

មុននឹងនិយាយទៅដល់ផ្លូវនេះ អនុញ្ញាតឱ្យខ្ញុំបានយកឱកាសនេះ ដើម្បីផ្ញើនូវការសួរសុខទុក្ខ ក៏ដូចជាថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យរបស់យើង ដែលជានិច្ចជាកាលបានគាំទ្រគណបក្សប្រជាជន គាំទ្រចំពោះតួនាទីដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ ហើយជាពិសេស បានបោះឆ្នោតជាបន្តបន្ទាប់ឱ្យគណបក្សប្រជាជនកម្ពុជា ហើយជាពិសេស បោះឆ្នោតនៅឆ្នាំ ២០១៨ កន្លងទៅនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំមកដល់ពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរំភើបរីករាយ ដោយសារបានរួមចំណែកជាមួយនឹងប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក គឺនៅខេត្តបន្ទាយមានជ័យរបស់យើង ដើម្បីអនុវត្តនូវភារកិច្ចសំខាន់ៗ ជាពិសេស គឺភារកិច្ចដែលទាក់ទងជាមួយនឹងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសរបស់យើង។ ការគាំទ្រពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋនោះហើយ ដែលធ្វើឱ្យគណបក្សប្រជាជនមានលទ្ធភាពគ្រប់គ្រងដឹកនាំប្រទេស ហើយខ្ញុំព្រះករុណាខ្ញុំនៅតែបន្តតួនាទីជានាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំក៏ចង់យក​ឱកាសនេះដើម្បីបញ្ជាក់ជូនថា មិនមែនខ្ញុំព្រះករុណាខ្ញុំត្រូវបញ្ចប់តួនាទីត្រឹមមួយថ្ងៃពីរថ្ងៃ ឬត្រឹមឆ្នាំ ២០២៣ ទេ ខ្ញុំព្រះករុណាខ្ញុំមានមហិច្ឆតា នឹងឈានទៅគ្រប់គ្រងបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតទៅដល់ក្រោយឆ្នាំ ២០២៨ ឬក្រោយឆ្នាំ ២០២៨ តទៅទៀត។ ដោយសារបានជួបមុខហើយ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជននៅឆ្នាំ ២០២២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងឆ្នាំ ២០២៣ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលនោះ អរគុណទុកជាមុនសម្រាប់ការបោះឆ្នោតមួយនេះ។

ផ្លូវលេខ ៥៦, ៥៨ និង ៥៩ បានសម្រេចគោលដៅសំខាន់ ២

ថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវមួយខ្សែ​ ដែលជាប្រវត្តិសាស្រ្តនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ តាមរយៈនៃការតភ្ជាប់ផ្លូវជាតិលេខ ៥៨ ដែលត្រូវភ្ជាប់ពីទីក្រុងប៉ោយប៉ែត រវាងផ្លូវជាតិលេខ ៥ ទៅទល់នឹងទីក្រុងសំរោង នៃខេត្តឧត្ដរមានជ័យ ដែលមានចម្ងាយផ្លូវរហូតទៅដល់ ១៧៤ គីឡូម៉ែត្រ ហើយផ្លូវនេះបានដើរតួនាទីសំខាន់មួយ និងក៏បានឱ្យខ្ញុំព្រះករុណាខ្ញុំសម្រេចនូវគោលបំណងសំខាន់ គោលដៅទាំង ២ ក្នុងពេលតែមួយ។ តើគោលដៅពីរនោះជាអ្វី? បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះឈ្នះរួចហើយ ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញនូវគោលដៅ ២ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ គោលដៅទី ១ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ។ ឯគោលដៅទី ២ គឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ក្នុងន័យនេះ ផ្លូវជាតិលេខ ៥៨​ ដែលយើងកំពុងតែសម្ពោធដាក់ឱ្យប្រើប្រាស់ គឺជាផ្លូវដែលបម្រើឱ្យគោលដៅទាំង ២ នេះតែម្ដង។ បន្ថែមលើនោះ បើយើងពិនិត្យឡើងវិញ ផ្លូវជាតិលេខ ៥៩ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ ឆ្លងកាត់តាម ម៉ាឡៃ ឆ្លងកាត់តាម កំរៀងភ្នំព្រឹក្ស រហូតទៅដល់ ប៉ៃលិន ក៏ជាផ្លូវដែលមានតួនាទីដូចគ្នា បម្រើឱ្យគោលដៅទាំង ២ ដូចគ្នា ហើយត្រូវបានទទួលហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិត ដែលនេះចាត់ទុកថា ជាការអនុវត្តដោយជោគជ័យនូវគោលដៅទាំង ២ ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញបន្ទាប់ពីជោគជ័យ នៃការអនុវត្តនូវនយោបាយឈ្នះឈ្នះនៅឆ្នាំ ១៩៩៨។

ពិនិត្យមើលទីកន្លែងនេះ យើងពិតជាមានមោទនភាព ដោយសារតែតំបន់អតីតសមរភូមិមួយនេះ ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាពដោយបានរួមចំណែកជាមួយប្រជាជនកម្ពុជា រួមចំណែកជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ភាគីពាក់ព័ន្ធ​ ក៏ដូចជាជាមួយតួអង្គទាំងឡាយ ដែលបានធ្វើកិច្ចការសម្រាប់ឱ្យប្រទេសជាតិរបស់យើង មានការជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកបាក់ ចែកជាចម្រៀកៗ ក្នុងការត្រួតត្រាទឹកដី។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបាននិយាយចំណុចនេះបន្តិច ដើម្បីរំលេចឱ្យឃើញនូវតួនាទីរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏រំលេចឱ្យឃើញអំពីតួនាទីនៃអ្នកចូលរួមទាំងអស់ នៅក្នុងបញ្ហាការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីជាលើក​ដំបូងនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា។

នយោបាយឈ្នះឈ្នះ បញ្ចប់ស្ថានភាពជាតំបន់ត្រួតត្រាដោយកម្លាំង ៤ ផ្សេងៗគ្នា

បើយើងពិនិត្យនៅក្នុងតំបន់ខាងជើងផ្លូវជាតិលេខ ៥ នេះ តំបន់នេះត្រូវត្រួតត្រាទៅដោយកម្លាំង ៣ មានកម្លាំងខ្មែរក្រហមផង របស់កងពលលេខ ១៩ របស់ តាស៊ូ … អាហ្នឹងមួយផ្នែកទៅ មួយផ្នែកទៀតត្រូវគ្រប់គ្រងដោយក្រុមរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលថ្ងៃនេះ ឯកឧត្ដម អៀង ម៉ូលី តំណាងនៅក្នុងហ្នឹង ប៉ុន្តែ ឯកឧត្ដម អៀង​ ម៉ូលី (ឥឡូវ)លែងនៅជាក្រុមហ្នឹងហើយ គាត់ចូលជាគណបក្សប្រជាជនយូរហើយ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកខាងជំងឺអេដស៍។ អ្នកណាកើតអេដស៍អី ទៅរកគាត់ ប៉ុន្តែ កុំឱ្យកើតអីល្អជាងកើត។ មួយទៀត គឺគ្រប់គ្រងដោយកម្លាំងហ្វ៊ុនស៊ិនប៉ិច ឬថាកងទ័ព ANS នៅពេលនោះ។ ឯខាងត្បូងផ្លូវ គ្រប់គ្រងដោយខ្មែរក្រហមទាំងស្រុង ចាប់តាំងពីតំបន់ កូនខ្លា អីយើងហ្នឹង បន្តរហូតទៅដល់ ម៉ាឡៃ រហូតទៅដល់ ប៉ៃលិន ខាងខ្មែរក្រហមអត់អនុញ្ញាតឱ្យ KPNLF និងហ្វ៊ុនស៊ិនប៉ិច ទៅត្រួតត្រាខាងនោះទេ។

អញ្ចឹងតំបន់ខាងនេះ ទាំងសងខាង គឺជាតំបន់ គេហៅថា បោះក្នុងស្ថានភាពស្បែកខ្លា។ កងទ័ពរដ្ឋកម្ពុជាពេលនោះ គឺបោះដោយកងពល ១៧៩ ដែលមកបោះ​នៅទីតាំងក្នុងខេត្តបន្ទាយមានជ័យនេះ​។ ហើយខេត្តបន្ទាយមានជ័យនេះ ក៏យើងបានចងចាំថា ខេត្តនេះបានបង្កើតនៅឆ្នាំ ១៩៨៨ ដោយកាត់ចេញពីខេត្តបាត់ដំបង។ ខេត្តបាត់ដំបងចាត់ទុកថាជាខេត្តដែលធំខ្លាំងណាស់ បើទោះបីជាកាត់ និងបង្កើតចេញជាខេត្តបន្ទាយមានជ័យហើយក៏ដោយ ក៏ប៉ុន្តែ ឥឡូវបាត់ដំបងក៏នៅតែជាខេត្តធំ ហើយបន្ទាយមានជ័យក៏នៅតែជាខេត្តធំដែរ​។ ប៉ុន្តែ អតីតកាលនៅតំបន់នេះ មានកម្លាំងដល់ទៅ ៤ បោះនៅក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យរបស់យើងនេះតែម្ដង។ ប៉ុន្តែ ដោយអំណាចបារមី នៃនយោបាយឈ្នះឈ្នះ ទឹកដីនៃខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយជារួម ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមុននេះ ត្រូវត្រួតត្រាដោយកម្លាំង ៤ ផ្សេងគ្នា ត្រូវជំនួសដោយការត្រួតត្រាដោយកម្លាំងប្រដាប់អាវុធតែមួយ រាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ និងអង្គនីតិបញ្ញត្តិតែមួយ។

ដោយតម្លៃណាក៏ដោយ ត្រូវការពារសន្ដិភាព គ្មានសន្ដិភាព គ្មានសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យ

ហ្នឹងហើយជាចំណុច ដែលកម្ពុជាមានមោទនភាព ហើយនៅគ្រប់ទីកន្លែងនៃវេទិកាអន្តរជាតិ ដែលកម្ពុជាបានទៅចូលរួម បទពិសោធន៍នៃមិត្តភក្តិ ដែលបានលើកទឹកចិត្ត ហើយក៏បានស្វែងយល់អំពីរូបមន្ត នៃនយោបាយឈ្នះឈ្នះរបស់កម្ពុជា តើធ្វើយ៉ាងម៉េចទៅ ដែលអាចធ្វើឱ្យប្រទេសមួយបែកខ្ញែកបែកបាក់រាប់ទសវត្សរ៍ ឬរហូតទៅដល់សតវត្សរ៍ ទៅជាប្រទេសដែលមានការឯកភាពទឹកដីបែបនេះ។ នេះជាចំណុចមិនធម្មតា យើងមិនអាចផ្ដល់មេរៀនឱ្យអ្នកណាទេ ប៉ុន្តែយើងអាចមានមោទនភាពសម្រាប់ជនជាតិរបស់យើង ដែលឆ្លើយតបជាមួយនឹងការចង់បាន​ការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព ការឯកភាពទឹកដី ហើយគ្មានជម្លោះប្រដាប់អាវុធតទៅទៀត។ ត្រង់នេះហើយដែលខ្ញុំព្រះករុណាខ្ញុំ តែងតែនិយាយ​ថា បើទោះបីត្រូវចំណាយដោយតម្លៃណាក៏ដោយ សន្តិភាពត្រូវតែការពារឱ្យបានដាច់ខាត។ បើគ្មានសន្តិភាពទេ សុំកុំនិយាយដល់សិទ្ធិមនុស្ស សុំកុំនិយាយដល់ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង រួមគ្នាដើម្បីការពារសន្ដិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយសារតែសន្តិភាពនេះហើយ ទើបមានវត្តមានផ្លូវជាតិលេខ ៥៨ ដែលយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។

គោលដៅទី ១ សម្រេចបានតែ ៩០% ដោយសារគ្រាប់មីន

ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែចង់បញ្ជាក់បន្តិច ថាយើងគ្រាន់តែឃើញសំណាកនៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានដោះ​លើទឹកដីនៃកំណាត់ផ្លូវនេះចំនួន ១.៥១៦.៥៨៣ ម៉ែត្រការ៉េ គឺយើងមានមីនប្រឆាំងថ្មើរជើង ១៩៨ គ្រាប់។ កាកសំណល់គ្រឿងផ្ទុះសល់ពីសង្គ្រាមចំនួន ១.០៤៣ ដុំ និងអំបែងចំនួន ៥៩.៦៥៥ ដុំ។ បើយើងគិត(គ្រាប់មីន)ចំនួន ១៩៨ គ្រាប់នេះ ប្រសិនបើយើងមិនបញ្ជូនកងវិស្វកម្មឱ្យមកធ្វើការដោះ តើការដ្ឋានមួយនេះអាចបើកបាន? ពិតជាបាន ក៏ប៉ុន្តែ អ្នកបច្ចេកទេសនៃការសាងសង់ផ្លូវនោះ រាប់ទាំងប្រជាជនធ្វើដំណើរអាចមានផលប៉ះពាល់អាយុជីវិត និងដល់រូបកាយ ស្លាប់ ឬរបួស។ ចាត់ទុកថា (គ្រាប់មីន) ១៩៨ គ្រាប់នេះ វាអាចសម្លាប់ជីវិតមនុស្សបានលើសពីចំនួនគ្រាប់បែកនេះទៅទៀត ជាមធ្យមអាចចាត់ទុកថា ស្លាប់ ២ នាក់ និងរបួស ៣ នាក់ ក្នុងមួយគ្រាប់។

គ្រាន់តែចំណុចនេះបានបង្ហាញថា ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង កំសត់ណាស់ សង្គ្រាមបំផ្លិចបំផ្លាញបន្សល់ទុកដោយគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ។ ក្នុងន័យនេះហើយ ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រកាសថា គោលដៅទី ១ បានសម្រេចជាង ៩០% គឺគោលដៅប្រែក្លាយពីតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងការអភិវឌ្ឍ។ មូលហេតុដែលមិន​ទាន់សម្រេចបាន ១០០% គឺនៅត្រង់ថា យើងមិនទាន់បានបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឱ្យបានអស់ ដូច្នេះបានជាយើងខិតខំ។ ឥឡូវមានជំនួយពីមិត្តភក្តិជាច្រើន រាប់ទាំងជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ក៏បានបញ្ចេញថវិកាមកជួយដើម្បីដោះមីនជាបន្តបន្ទាប់ ដើម្បីឈានដល់ដំណាក់កាលមួយ ដែលកម្ពុជាគ្មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលវាជាឃាតករលាក់មុខបំផ្លាញជីវិតរបស់ប្រជាជនយើងតទៅទៀត គ្រប់ទីកន្លែងទាំងអស់ដែលយើងបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ផ្លូវជាតិលេខ ៥៨ ប្រើប្រាស់ថវិកា ១៧១ លានដុល្លារ

ដោយហេតុនេះហើយ បានជាផ្លូវថ្នល់នេះ យោងទៅដល់តម្លៃដែលគិតទៅដោយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចំនួនថវិកាយើងត្រូវចំណាយថវិកា ១៧១ លានដុល្លារសហរដ្ឋអាមេរិក ​ក្នុងនោះហិរញ្ញប្បទានពីសាធារ​ណ​រដ្ឋប្រជាមានិតចិន មានចំនួន ១១៩.៧៥១.៧៧៥ ដុល្លារអាមេរិក ឯថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួន ៥១.៥៣៧.២៩៥ ដុល្លារអាមេរិក។ ប៉ុន្តែយើងបានបញ្ចេញសាច់ប្រាក់មិនដល់ហ្នឹងទេ បញ្ចេញ ចំនួន ៦.៣០២.៧៥៥ ដុល្លារអាមេរិក ស្មើនឹង ៥% នៃតម្លៃកិច្ចសន្យាសាងសង់ ៥% នៃកិច្ចសន្យាកុង​ស៊ុល​តង់ ការដោះស្រាយផលប៉ះពាល់ផ្លូវនេះ អស់ទំហំទឹកប្រាក់ ២៥.៨៨៥.៨៣៥ ដុល្លារអាមេរិក។ ការ​ងារបោសសំអាតមីន គឺអស់ ៤.៥៩១.១៣៥ ដុល្លារអាមេរិក។ នេះជាការបញ្ចេញសាច់ប្រាក់ ប៉ុន្តែ សម្រាប់ពន្ធអាករវិញ ស្មើ ១២% ចំនួនទឹកប្រាក់ ១៤.៧៥៧.៦០០ ដុល្លារអាមេរិក។ យើងបញ្ចេញសាច់ប្រាក់ប្រមាណ ៤០ លានដុល្លារអាមេរិក ដោះស្រាយផលប៉ះពាល់ការដោះមីន និងកិច្ចការមួយចំនួនទៀត។ នេះគ្រាន់តែបង្ហាញអំពីតួលេខ ដើម្បីបញ្ជាក់ឡើងវិញ ព្រោះអម្បាញ់មិញឯកឧត្តម ស៊ុន ចាន់ថុល គ្រាន់តែបានបញ្ជាក់អំពីតួលេខហិរញ្ញប្បទាន ដោយសាធារណរដ្ឋប្រជាមានិតចិន ដោយមិនទាន់បានគិតអំពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ទៅលើផលប៉ះពាល់ និងការដោះមីន និងថវិកាសម្រាប់កុងស៊ុលតង់​។

គ្មានជំនួយចិន ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មួយចំនួន ក៏គ្មាននៅថ្ងៃនេះ

ការសម្ពោធសមិទ្ធផលថ្ងៃនេះ ក៏បង្ហាញឱ្យឃើញថែមទៀត​នូវចំណងទាក់ទងដ៏ស្អិតរមួតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំចង់និយាយពីវេទិកានេះទៅកាន់មនុស្សមួយចំនួនដែលតែងតែគិតខុសទៅលើអ្វីដែលជាទំនាក់ទំនងរវាងកម្ពុជា-ចិន។ ខ្ញុំគ្រាន់តែបញ្ជាក់ថា បើចិនមិនជួយកម្ពុជាទេ​ តើមានវត្តមានផ្លូវជាតិលេខ៥៨ (១៧៤ គីឡូម៉ែត្រ) នៅថ្ងៃនេះទេ? បើគ្មានជំនួយពីចិន តើយើងមានវត្តមានផ្លូវជាតិលេខ ៥៩ តភ្ជាប់ពីបន្ទាយមានជ័យ ទៅកាន់បាត់ដំបង និងទៅកាន់ខេត្តប៉ៃលិន? បើគ្មានជំនួយពីចិន តើយើងមានផ្លូវជាតិលេខ ៥៧B ដែលតភ្ជាប់រវាងផ្លូវថ្មគោលជាមួយព្រំដែនកម្ពុជាថៃ នៅក្នុងខេត្តបាត់ដំបង? នេះគ្រាន់តែបញ្ជាក់មនុស្សមួយចំនួនដែលអគតិចំពោះចិនតែប៉ុណ្ណោះ ដើម្បីធ្វើការដាស់តឿនរំលឹកគេថា អ្នកបានគិតខុសហើយ។

អ្នកគិតពីបញ្ហាអ្វីរឿងរបស់អ្នក តែអ្នកបានបំផ្លិចបំផ្លាញនូវផលប្រយោជន៍ប្រជាជនកម្ពុជាលើការជាក់ស្ដែង​។ ខ្ញុំសូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ១០ នៃទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិន ដែលខ្ញុំព្រះករុណាខ្ញុំ រួមជាមួយថ្នាក់ដឹកនាំចិន បង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងឆ្នាំ ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំព្រះករុណាខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បើកឆាកនៅក្នុងការប្រារព្ធខួបលើកទី ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងគ្រាលំបាក កម្ពុជាមិនរើសអើងចិន ដូចប្រទេសដទៃ

ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលវេលាមួយដ៏លំបាក ប្រទេសដទៃមិនហ៊ានទៅប្រទេសចិន ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទៅកាន់ប្រទេសចិន។ ឥឡូវនេះអ្នកសារព័ត៌មានចិន អ្នកលេងអ៊ីនធឺណិតចិន គេបាននិយាយថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស។ តើខ្ញុំព្រះករុណាខ្ញុំសង្ហាណាស់ទៅអី បានជាឥឡូវនេះ ប្រជាជនចិនបានដាក់ឈ្មោះឱ្យខ្ញុំព្រះករុណាខ្ញុំថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស? អ្វីទៅធ្វើដំណើរបញ្ចា្រស? ប្រទេសមួយចំនួនបានរើសអើងចំពោះជនជាតិចិន ប្រទេសមួយចំនួនដឹកជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន ហើយបិទផ្លូវហោះហើរជាមួយប្រទេសចិន ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ បែរជាមិនធ្វើដូច្នេះទេ មិនជម្លៀសប្រជាជន និស្សិតកម្ពុជាចេញពីសាធារណរដ្ឋប្រជាមានិតចិនទេ ហើយមិនត្រឹមតែមិនជម្លៀស មិនបិទជើងហោះហើរ ការើសអើងចំពោះទេសចរចិន ពលរដ្ឋចិនដែលធ្វើការនៅកម្ពុជា តែបែរជាខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ហាញពីសាមគ្គីភាពកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាប្រជាជនចិននូវការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19) ដែលពេលនោះហៅថា កូរ៉ូណាថ្មី។ យើងសម្រេចចិត្តនេះត្រឹមត្រូវ។ ខ្ញុំគិតថា នេះមិនមែនគ្រាន់តែជាការសម្រេចចិត្តត្រឹមត្រូវទេ គឺមហាត្រឹមត្រូវសម្រាប់ទំនាក់ទំនងមិត្តភាពកម្ពុជាចិន សូមអ្នកទាំងអស់គ្នារង់ចាំមើលលទ្ធផលចុងក្រោយ តើកម្ពុជានឹងសម្រេចបាននូវទំនាក់ទំនងនេះយ៉ាងម៉េច។

ចិននៅតែផ្ដល់ថវិកាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា

ថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ​ ៥៨ (១៧៤គីឡូម៉ែត្រ)។ នៅថ្ងៃទី ០៩ ខែមីនា ខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ ពីវាលវែងនៃខេត្តពោធិ៍សាត់មកដល់ថ្មដា ព្រំដែនកម្ពុជាថៃ ហើយនិងបើកសម្ពោធបើកការដ្ឋាន ដើម្បីស្ថាបនាផ្លូវជាតិ ១០ គឺផ្លូវថ្មីដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។ បើទោះបីជាចិនមានបញ្ហា ក៏ប៉ុន្តែចិនមិនបានលុបចោលនូវគំរោងផ្លូវមួយខ្សែប្រវែងជាង ១០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុងនោះទេ។ នៅមានគម្រោងដទៃទៀត ចិននៅតែបន្តនៅការផ្តល់នូវហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងសម្រាប់កម្ពុជា។ ចំណុចនេះគឺមានអត្ថន័យខ្លាំងណាស់​។

ពិចារណាការបញ្ជូនវត្ថុធាតុដើមពីចិន មកកម្ពុជា តាមផ្លូវទឹក ឬផ្លូវអាកាស

អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) បាននិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងការបញ្ជូនឱ្យបានឆាប់នូវវត្ថុធាតុដើមជាក្រណាត់ ដែល ៦០% នៃសាច់ក្រណាត់កាត់ដេរនៅកម្ពុជាត្រូវយកមកពីចិន។ ខ្ញុំសង្ឃឹមថា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) នឹងចូលរួមចំណែកដើម្បីជួយឱ្យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនបញ្ជូន(សាច់ក្រណាត់) តាមនាវាក្តី (ឬតាមយន្តហោះ)។ ខ្ញុំគិតថា មិត្តចិនអាចធ្វើទៅបាន ហើយកម្ពុជាក៏អាចនឹងខិតខំធ្វើទៅបាន ប្រសិនបើសាច់ក្រណាត់ខ្លះត្រូវដឹកតាមយន្តហោះ ក៏ត្រូវតែដឹក ដើម្បីសង្គ្រោះកុំឱ្យបិទរោងចក្រនៅកម្ពុជា។ ខ្ញុំគិតថា ធ្វើបាន។ យន្តហោះចិនច្រើនណាស់ ព្រោះមួយចំនួនក៏ធ្លាប់បានដឹកតាមយន្តហោះមកដែរ។ អញ្ចឹងទេ វាអាចសង្គ្រោះកុំឱ្យកម្មករ កម្មការិនីរបស់យើង ជួបប្រទះនូវបញ្ហាខ្លះវត្ថុធាតុដើម ហើយបិទរោងចក្រ។

អញ្ចឹងការដឹកតាមកប៉ាល់ក៏ចេះតែដឹកមក អាកន្លែងណាដឹកតាមយន្តហោះបាន យើងដឹក។ យើងអាចនឹងជួលយន្តហោះពីកម្ពុជា ទៅដឹកវត្ថុធាតុដើមហ្នឹង(ពីចិន)មក។ អត់មានដឹកភ្ញៀវទេ ដឹកតែសាច់ក្រណាត់មកតែម្តង។ រោងចក្រមួយចំនួនមាន(សល់សាច់ក្រណាត់) ឯរោងចក្រមួយចំនួនដែលខើចត្រូវពន្លឿនការដឹកជញ្ជូន។ ខ្ញុំផ្តល់មតិម្ខាង គឺអាចដឹកជញ្ជូនតាមផ្លូវទឹក តែម្ខាងទៀតអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមនៅកម្ពុជាសម្រាប់រោងចក្រមួយចំនួន ដើម្បីចៀសវាងនូវការបិទ។

ការបិទនេះ គឺនឹងធ្វើឱ្យកម្មករ/ការិនីរបស់កម្ពុជា បាត់បង់ការងារធ្វើ និយាយជារួមផ្អាកការងារធ្វើ។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសថ្ងៃមុនថា ប្រសិនបើមានការព្យួរការងារបណ្តោះអាសន្នបណ្ដាលមកខ្វះវត្ថុធាតុដើម កម្មករ/ការិនី នឹងទទួលបានបៀវត្សរ៍ ៦០% នៃចំនួនបៀវត្សរ៍អប្បបរមា ១៩០ ដុល្លារ។ អញ្ចឹងកម្មករ/ការិនីរបស់យើង នៅពេលដែលផ្អាកការងារ នឹងទទួលប្រាក់បៀវត្សប្រមាណ ១២០ ដុល្លារ។ ក៏ប៉ុន្តែខ្ញុំមិនចង់ឱ្យមានរឿងហ្នឹងកើតឡើងទេ យកល្អ គឺប្រញាប់ប្រញាល់ដោះស្រាយវត្ថុធាតុដើម។

អញ្ចឹងទេ ឥឡូវ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian ) លឺថា តាមឯកឧត្តម ចម ប្រសិទ្ធ ប្រាប់ខ្ញុំថា មានអគ្គនាយករង និងមន្ត្រីចិនមួយចំនួនបានមកធ្វើការពិភាក្សាលើរឿងនេះ។ ខ្ញុំគិតថា ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលយើងយកឱ្យបានឆាប់ យន្តហោះចិន និងយន្តហោះកម្ពុជា បញ្ជូនទៅដឹកវត្ថុធាតុដើមឱ្យរោងចក្រ។ អញ្ចឹងយើងអាចខាតបង់ទៅលើបញ្ហាមួយចំនួននៃការដឹកជញ្ជូន ប៉ុន្តែជំនួសមកវិញនូវការរក្សាបាននូវការងារធ្វើ និងប្រាក់ចំណូលរបស់កម្មករ និងសង្វាក់ផលិតកម្មរបស់រោងចក្រ ដែលអាចឱ្យរោងចក្រមានផលចំណេញតទៅទៀត នេះជាការឆ្លើយតបមួយសម្រាប់យើង។

បើចិនជួបការលំបាក គឺប្រទេសដទៃក៏នឹងជួបការលំបាកដូចគ្នា

… ប្រទេសដទៃគេមានសិទ្ធិសម្រេច ទៅលើអ្វីដែលជារឿងរបស់ប្រទេសគេ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំ បានដឹង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គឺមិនបានបិទជើងហោះហើរទេ នៅតែមានការហោះ​ហើរទៅមករកគ្នា។ អញ្ចឹងចំណុចទាំងនេះ ហើយខ្ញុំគ្រាន់តែផ្តាំផ្ញើទៅអ្នកដទៃទៀតថា ឥឡូវនេះគ្រាន់តែចិនដែលឈប់ចូលឆ្នាំ បន្ទាប់ពីឈប់ចូលឆ្នាំឥឡូវចាប់ផ្តើមចូលធ្វើការឡើងវិញ។ ប៉ុន្តែកន្លែងខ្លះក៏ចូលធ្វើការវិញមិនពេញលេញដែរ។ ដូចជាតំបន់ Wuhan ជាដើម មិនទាន់អាចនឹងធ្វើការងារវិញបានទេ។ គ្រាន់តែប៉ុណ្ណឹង រង្គើពិភពលោកទៅហើយ។ ព្រោះអ្វី? កុំចង់ឱ្យចិនជួបការលំបាក បើចិនជួបការលំបាក គឺប្រទេសដទៃក៏នឹងជួបការលំបាកដូចគ្នា។ ដូចជាគ្រឿងបង្គុំនៅក្នុងប្រទេសចិន យកចេញមិនបានធ្វើឱ្យរោងចក្រផលិតរថយន្តនៅប្រទេសមួយចំនួន ចាប់ផ្តើមផ្អាកសង្វាក់ផលិតកម្ម ព្រោះផលិតម៉េចបាន បើអាគ្រឿងបន្លាស់ផ្គត់ផ្គង់នេះ ដែលផលិតនៅក្នុងប្រទេសចិនវាបញ្ជូនទៅអត់ដល់។ អញ្ចឹងទេ មានតែបិទរោងចក្រនៅក្នុងប្រទេសគេនោះ។ តាមខ្ញុំដឹង ស្មាតហ៊្វូនផលិតនៅប្រទេសមួយចំនួន វាក៏ត្រូវបិទរោងចក្រដែរ ព្រោះគ្រឿងបង្គុំនៅក្នុងប្រទេសចិន។ ដល់ឥឡូវ ស្មាតហ៊្វូនហ្នឹង ក៏វាមិនដឹងរកវត្ថុជំនួស​ឯណា បើរោងចក្រនៅក្នុងប្រទេសចិនមិនទាន់ដំណើរការ។

ទេសចរចិនធ្លាក់ដល់ ៩០%

មួយទៀតរង្គើទេសចរណ៍លើពិភពលោកតែម្តង ព្រោះទេសចរចិនមួយឆ្នាំជាង ១០០ លាននាក់ ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសក្រៅ។ អញ្ចឹងយើងគិតមើលសណ្ឋាគារ ភោជនីយដ្ឋាន ដែលធ្លាប់ទទួលទេសចរចិន នឹងត្រូវជួបប្រឈមនឹងបញ្ហាខ្វះភ្ញៀវ។ សូម្បីតែយើង យើងអត់មានបិទទេសចរចិនទេ ក៏ប៉ុន្តែចិនគាត់មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។ គ្រាន់តែវិស័យទេសចរណ៍របស់យើង សម្រាប់ទេសចរចិនធ្លាក់ដល់ ៩០% ឯណោះ។ សង្ឃឹមថា មិត្តចិននឹងហក់ឡើងវិញនូវទេសចរចិននៅពេលក្រោយ។ ចិនត្រូវបានគេរើសអើងនៅប្រទេសដទៃ ប៉ុន្តែមិនត្រូវបានរើសអើងនៅកម្ពុជាទេ។ ដូច្នេះបន្ទាប់ពីសេដ្ឋកិច្ចចិន និងស្ថិរភាពនៃបញ្ហាជំងឺកូវីដ១៩ (Covid-19) នេះហើយ ទេសចរចិននឹងតម្រង់មកកម្ពុជា។

ការសម្រេចចិត្តមិនបិទជើងហោះហើរ មិនជម្លៀសនិស្សិតនិងពលរដ្ឋកម្ពុជា ជារឿងមហាត្រឹមត្រូវ

នេះជាចំណុចដែលយើងត្រូវឃើញ អំពីចំណងទាក់ទងនេះ ហើយការសម្រេចចិត្តមិនបិទជើងហោះហើរ មិនជម្លៀសនិស្សិតកម្ពុជា និងពលរដ្ឋកម្ពុជាដែលនៅក្នុងប្រទេសចិន ត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំគិតថា មិនមែនគ្រាន់តែការត្រូវធម្មតាទេ គឺមហាត្រឹមត្រូវតែម្តង។ ឥឡូវលើការជាក់ស្តែងកម្ពុជាអត់ទាន់មានជំងឺកូរ៉ូណា ណាមួយលើពលរដ្ឋកម្ពុជាទេ ក្រៅតែពីជនជាតិចិនម្នាក់ដែលចេញមកពីក្រុង Wuhan ហើយដែលមានឆ្លងជំងឺកូរ៉ូណា នេះ ហើយយើងបានព្យាបាលគាត់ជា គាត់ត្រឡប់ទៅដល់ប្រទេសគាត់វិញហើយ​។ អញ្ចឹងនៅក្នុងប្រទេសរបស់យើងវាអត់មានទេ។

ប៉ុន្តែយើងចោទចេញជាសំណួរអញ្ចេះវិញ ហេតុអីបានជាប្រទេសអ៊ីតាលី សព្វថ្ងៃនេះ ដែលនៅឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីប្រទេសចិន ក្លាយទៅជាប្រទេសដែលមានកូរ៉ូណា ធំជាងគេនៅក្នុងអឺរ៉ុប? អាហ្នឹងមកពីអីដែរ? ចោទចេញជាសំណួរអញ្ចេះវិញ។ បើសិនជាប្រទេសយើងគិតថា ប្រជាជនចិនមកប្រទេសយើង ប៉ុន្តែមុនប្រជាជនចិនមកប្រទេសយើង ចិនខ្លួនឯង មនុស្សម្នាក់ដែលជាជនជាតិចិនខ្លួនឯងក៏ត្រូវគិតថាអញមានជំងឺអី មុននឹងចេញពីប្រទេសចិនគេបានពិនិត្យរួចហើយ មុនពេលដែលឡើងយន្តហោះ យន្តហោះនោះគេក៏បានពិនិត្យរួចហើយដែរ គេមិនយកជំងឺមកដាក់នៅក្នុងប្រទេសរបស់យើង ដូចមនុស្សមួយចំនួនបានលើកឡើងនោះទេ។ ប៉ុន្តែប្រទេសមួយចំនួនដែលមានការរើសអើងចំពោះប្រជាពលរដ្ឋចិន បែរជាជំងឺរាតត្បាត។ ឥឡូវនៅមជ្ឈឹមបូព៌ា វាលាតសន្ធឹងទៅដល់អ៊ីរ៉ង់ វាលាតសន្ធឹងទៅដល់អ៊ីរ៉ាក់ ហើយខ្ញុំគិតថា វានឹងឆ្លងទៅកន្លែងដទៃទៀត។ សម្រាប់កម្ពុជា យើងមានការទទួលខុសត្រូវ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋរបស់យើង។

ជំងឺពិតប្រាកដរបស់តំបន់ និងពិភពលោក គឺជំងឺភ័យខ្លាច និងជំងឺរើសអើងតែម្តង

ពេលមុននេះប្រជាពលរដ្ឋរបស់យើងតក់ស្លុតខ្លាំងណាស់។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំទ្រាំមិនបានក៏ចេញមកនិយាយថា ជំងឺពិតប្រាកដនៅកម្ពុជាពេលនេះគឺជំងឺភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តនិយាយថា ជំងឺពិតប្រាកដរបស់តំបន់ និងពិភពលោកបច្ចុប្បន្ន រឿងជំងឺកូរ៉ូណា នេះ ឬកូវីដ១៩ (Covid-19) នេះវាម៉្យាងហើយ តែអ្វីដែលជាគ្រោះថ្នាក់ធំជាងទៀត គឺជំងឺភ័យខ្លាច និងជំងឺរើសអើងតែម្តង។ ក្នុងស្ថានភាពនេះដែលធ្វើឱ្យបញ្ហាធ្លាក់ចុះនៃទេសចរណ៍នៅលើពិភពលោក ក៏ដូចជាតំបន់នេះ ជួនកាលមិនមែនបណ្តាលមកពីកូរ៉ូណាទេ មកពីឥរិយាបថដែលប្រកាន់យកមិនត្រឹមត្រូវ ក្នុងបញ្ហាទាក់ទងនឹងការរើសអើងចំពោះទេសចរចិន។ អញ្ចឹងវាជារឿងអកុសលណាស់។

នៅពេលសភាពការណ៍ធម្មតាត្រូវការចិនជួយនេះ ត្រូវការចិនជួយនោះ ដល់ទៅពេលមានរឿងរត់ចោលចិនអស់។ ប៉ុន្តែ ហ៊ុន សែន ដែលតំណាងឱ្យកម្ពុជា និងព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ ព្រះអង្គបានប្រទានព្រះរាជសារទៅកាន់ប្រធានាធិបតីចិន ក៏ដូចជា ថវិកាតិចតួចទេ ប៉ុន្តែនេះបង្ហាញពីទឹកចិត្ត ពីបេះដូងរបស់កម្ពុជា។ ឯខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកិច្ចការ បើភាសាខ្មែរយើងប្រើពាក្យអញ្ចេះ គេថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក»។ ប៉ុន្តែបែរជាមានអ្នកខ្លះឌឺឱ្យខ្ញុំព្រះករុណាខ្ញុំថា អញ្ចឹងបើគេឆ្លងកូរ៉ូណា យើងឆ្លងដែរឬអី? …។

ពិភាក្សាធ្វើឲ្យមានទំនាក់ទំនងពាណិជ្ជកម្មល្អតាមព្រំដែន

និយាយបកមកខាងនេះវិញ ផ្លូវមួយខ្សែនេះធ្វើឱ្យយើងមានទំនាក់ទំនង ទាក់ទងជាមួយនឹងផ្លូវផ្ទៃក្នុងផង និងតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃផង។ បើនៅផ្លូវនេះតភ្ជាប់តាមនេះ ត្រូវតភ្ជាប់អូបីជាន់ បឹងត្រកួន ជប់គគីរ និងថ្មដូន។ ប៉ុន្តែឥឡូវនេះ ច្រកទាំង ៤ នេះ បានបើក ៣ ច្រកហើយ។ ច្រកណាដែលមិនទាន់បានបើក? (អូរបីជាន់)។ ខ្ញុំគិតថាយើងខិតខំ ការពិភាក្សាគ្នាតទៅទៀតដើម្បីធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរក្នុងទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែន ដែលសព្វថ្ងៃទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងព្រះរាជាណាចក្រថៃមានប្រមាណដូចជា ៧០០០ លាន ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ទំនិញរបស់យើងត្រូវលក់ឲ្យថៃ ទំនិញថៃលក់ឲ្យកម្ពុជា ពិតមែនហើយ យើងត្រូវការទំនិញពីថៃច្រើនជាងពីថៃទិញពីកម្ពុជា។ យើងត្រូវការដូចជាសម្ភារសំណង់សម្រាប់ការសាងសង់ក្នុងប្រទេសរបស់យើង។ យើងត្រូវការនូវវត្ថុធាតុដើម យើងត្រូវការនូវប្រេងឥន្ធនៈដែលនាំចេញពីព្រះរាជាណាចក្រថៃ មកកាន់កម្ពុជារបស់យើង។

យើងនឹងតភ្ជាប់ផ្លូវនេះ។ អ្នកខេត្តបន្ទាយមានជ័យ ដូចជាអ្នកដែលមានសំណាងមួយដ៏ខ្ពស់។ បើយើងពិនិត្យមើលឥឡូវនិយាយពីទៅទិសខាងត្បូង ការតភ្ជាប់ និយាយពីផ្លូវបោយប៉ែត មានផ្លូវកណ្តាលមួយ ឥឡូវហ្នឹងយើងទៅធ្វើផ្លូវនៅស្ទឹងបត់ ដើម្បីឆ្លងឡានកុងតៃន័រសម្រាប់ការដឹកជញ្ជូន ទុកអាច្រកប៉ោយបែតរបស់យើងនេះ គឺសម្រាប់ដើម្បីធ្វើជាផ្លូវទេសចរណ៍។ ខ្ញុំពិភាក្សាជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា ថា មានគម្រោងបើកនូវច្រក អូរនាង ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស ជាមួយនឹងការដឹកជញ្ជូនទៅក្នុងប្រទេសថៃ ព្រោះដូចជាតំបន់សេដ្ឋកិច្ចរបស់ជប៉ុន បានមកបង្កើតនៅហ្នឹងដែរ វាអាចនាំយើងទៅរកការដឹកជញ្ជូនចូលទៅក្នុងព្រះរាជាណាចក្រថៃ។

អ្នកបាត់ដំបង អ្នកបន្ទាយមានជ័យ អ្នកឧត្តរមានជ័យ និងអ្នកព្រះវិហារ បានផ្លូវកៅស៊ូ

អញ្ចឹងទេ ក្រៅពីនោះ ផ្លូវតភ្ជាប់យ៉ាងរលូនជាមួយនឹងខេត្តបាត់ដំបង តាមផ្លូវជាតិលេខ ៥ និងតភ្ជាប់យ៉ាង រលូនជាមួយនឹងខេត្តសៀមរាប ជាមួយនឹងផ្លូវជាតិលេខ ៦។ ដល់ងាកមកខាងជើងផ្លូវនេះ ក៏តភ្ជាប់ ជាមួយខេត្តបាត់ដំបង និងប៉ៃលិន តាមរយៈផ្លូវជាតិលេខ ៥៩។ ហើយបន្តិចទៀតនៅពេលដែល ស្ថាបនាផ្លូវលេខ ១០ រួចហើយ ចង់ទៅលេងនៅខេត្តកោះកុង មិនចាំបាច់ទៅដល់ភ្នំពេញ ហើយចេញមកកោះកុងទេ។ ទៅតាមផ្លូវជាតិលេខ ១០  ដែលតភ្ជាប់ពីសំឡូត ទៅកាន់ខេត្តកោះកុងតែម្តង អញ្ចឹងវាស្រួលណាស់​។ ដល់ងាកមកទិសខាងជើង ហ្នឹងត្រូវប៉ាន់បណ្តោយ ផ្លូវ ៥៨ នេះគឺតភ្ជាប់រវាងប៉ោយប៉ែត លេងមួយស៊េរីរហូតទៅដល់ឧត្តរមានជ័យនោះ។ ប៉ុន្តែក្រៅពីផ្លូវហ្នឹង ផ្លូវ ៥៦ ដែលហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី និងថវិការាជរដ្ឋាភិបាល តភ្ជាប់ជាមួយ ៦៨។ អញ្ចឹងទេ បើអញ្ចឹងអ្នកបាត់ដំបង អ្នកបន្ទាយមានជ័យ អ្នកឧត្តរមានជ័យ និងអ្នកព្រះវិហារជួបភ័ព្វសំណាងសុទ្ធតែផ្លូវកៅស៊ូ។

បើគណបក្សប្រជាជនកាន់អំណាច ១០០ ឆ្នាំទៀត ក៏នៅតែមិនយកពន្ធលើដីធ្លីកសិកម្ម

ក៏ប៉ុន្តែ យើងមើលត្រឡប់ទៅក្រោយវិញ។ កន្លែងហ្នឹង កន្លែងវាយគ្នា ក៏ប៉ុន្តែឥឡូវនេះយើងអត់មានវាយគ្នាទេ។ អញ្ចឹងទេបានខ្ញុំព្រះករុណាខ្ញុំ ជឿទៅលើការសម្រេច ដែលយើងសម្រេចបានក្នុងរយៈពេលកន្លងទៅ។ សន្តិភាពវាមានតម្លៃខ្លាំងណាស់ការពារឲ្យបាន បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអ្វីបានទេ។ ឥឡូវយើងពិនិត្យមើល សម្រាប់ខេត្តបន្ទាយមានជ័យ គ្រាន់តែគ្រឿងយន្តកសិកម្ម ត្រាក់ទ័រមាន ៣០៨៧ គ្រឿង, គោយន្ត ៣៨៧៥៥ គ្រឿង, ម៉ាស៊ីនបូមទឹកមាន ៩៥១៤ គ្រឿង, ម៉ាស៊ីនច្រូតស្រូវ ៤៣២ គ្រឿង, ម៉ាស៊ីនកិនស្រូវមាន ៦៥៨ គ្រឿង, ឡសម្ងួតមាន ៥០ គ្រឿង។ អញ្ចឹងឥឡូវកសិកររបស់យើងលែងចង់ស្គាល់កណ្ដៀវហើយ ព្រោះអាងម៉ាស៊ីនច្រូតស្រូវ ចាំតែច្រកបាវយកមកផ្ទះ ហើយជួនកាលមិនយកមកផ្ទះទៀត គេទៅទិញដល់កន្លែងហ្នឹងទៅទៀត។

ប៉ុន្តែអាហ្នឹង វាចេញមកពីអី? ដំបូងចេញមកពីសន្តិភាព ហើយបន្តទៅវាចេញពីការខិតខំរួមរបស់យើងរវាងរដ្ឋ និងប្រជាជនតាមគ្រួសារមួយៗ។ រដ្ឋបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងរាប់ទាំងការមិនយកពន្ធលើដីស្រែដីចំការរបស់ប្រជាពលរដ្ឋរបស់យើង។ នោះក៏ជាចំណែកមួយនៃការអនុវត្តគោលនយោបាយដីធ្លីចំពោះកសិករ ដែលខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តប្រកាសថារយៈពេល ៤១ ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធលើដីកសិកម្មរបស់កសិករទេ ហើយបើសិនជាគណបក្សប្រជាជនកាន់អំណាច ១០០ ឆ្នាំទៀត ក៏យើងនៅតែមិនយកពន្ធលើដីធ្លីកសិកម្មបន្តទៅទៀត ព្រោះអត់មានត្រូវការអាពន្ធហ្នឹងទេ។

ប្រទេសនៅលើពិភពលោកនេះ មានប្រទេសតិចណាស់ដែលមិនយកពន្ធដី ឯកម្ពុជាយកពន្ធដីតាំងពី សម័យបារាំង ចូលមកត្រួតត្រា រហូតដល់មានភូមិមួយនៅខេត្តកំពង់ឆ្នាំង គេហៅភូមិតិរច្ឆាន។ បារាំងដាក់ឈ្មោះឲ្យ ភូមិតិរច្ឆាន។ ម៉េចបានជាបារាំងដាក់ឈ្មោះឲ្យ ភូមិតិរច្ឆាន? ដោយសារបារាំងទៅទារពន្ធដី  ដល់ប្រជាពលរដ្ឋក្តៅពេក កាប់អាបារាំងងាប់ទៅ ឈ្មោះ បាដែស។ អញ្ចឹងបារាំងក៏ដាក់ឈ្មោះ ភូមិខ្មែរយើងថា ជា ភូមិតិរច្ឆាន។ អញ្ចឹងប្រវត្តិនៃការយកពន្ធដី គឺសម្រាប់យើងក្រោយរំដោះ ៧ មករា ឆ្នាំ ១៩៧៩ យើងអត់​ដែលយកពន្ធដីទេ​។ យើងមិនពឹងផ្អែកលើពន្ធដី​ ដើម្បីចិញ្ចឹមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងយកមកវិនិយោគ។ គ្រាន់តែនៅទីនេះយើងចំណាយសាច់ប្រាក់ប្រមាណ ៤០ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយនឹងថវិការបស់សាធារណរដ្ឋប្រជាមានិតចិនជាង ១០០ លានដុល្លារ អាមេរិកដើម្បីសាងសង់ផ្លូវមួយខ្សែនេះ។ យើងបន្តរួមគ្នាតទៅមុខទៀត ហើយកុំខ្លាចរអារឿងអីទាំងអស់។

ប៉ុន្តែ ម្សិលមិញខ្ញុំព្រះករុណាខ្ញុំ ក៏បានហៅព្រោះអម្បាញ់មិញហ្នឹងអញ្ចេះសូមទូលប្រគេន  ដោយត្រង់ចុះ ខ្ញុំព្រះករុណាខ្ញុំថាក្រោកម៉ោង ៥ ឲ្យគេហៅម៉ោង ៥ ប៉ុន្តែ ខ្លួនឯងភ្ញាក់តាំងពីម៉ោង ៤ កន្លះ មិនបាច់ចាំគេហៅអញ្ចឹងទេ ក៏មើលព័ត៌មាននេះ ព័ត៌មាននោះ។ អញ្ចឹងទៅដល់ទៅឡើងឧទ្ធម្កាគចក្រនេះចាប់ផ្តើមទាញទូរស័ព្ទក្នុងហោប៉ៅខោដាក់កាសស្តាប់ចម្រៀងហោះកាត់ភ្នំពេញផុតភ្នំពេញមកអត់ដឹងខ្លួនសោះស្រាប់តែភ្ញាក់ឡើងយន្តហោះនៅលើមើលតាមផែនទី កំពុងនៅលើព្រលានយន្តហោះខេត្តបាត់ដំបងបាត់ទៅហើយ​។ អញ្ចឹងអត់បានមើលដីខេត្តកណ្តាល អត់បានមើលដីខេត្តកំពង់ឆ្នាំង អត់បាន មើលដីខេត្តពោធិ៍សាត់ និងមួយផ្នែកដូចជាគាស់ក្រឡ រុក្ខគិរី និងមោងឬស្សីទេ ចាប់ផ្តើមមក ភ្ញាក់នៅនេះដោយសារដេកបាន។ ហើយទៅវិញមុខតែទៅដេកទៀតហើយ ព្រោះគង់តែឧទ្ធម្កាគចក្រវាលាន់លឺសម្លេងដែរ ដាក់ចម្រៀងចូលត្រចៀកតែម្តងទៅ ដើម្បីស្តាប់ចម្រៀងចាបយំល្វើយៗ។

ខានស្អែកត្រូវទៅស្រោចសុគន្ធវារី

ព្រះតេជព្រះគុណ ចាំដល់ថ្ងៃ ខ្ញុំព្រះករុណាខ្ញុំចាំដល់ពេលថ្ងៃខ្ញុំព្រះករុណាខ្ញុំ ថ្ងៃខានស្អែកត្រូវទៅស្រោចសុគន្ធវារី និយាយមួយបែបទៅថា ទៅស្រោចទឹកឲ្យលោក មិនមែនលោកស្រោចទឹកឲ្យខ្ញុំព្រះករុណាខ្ញុំទេ។ ខ្ញុំទៅស្រោចទឹកលោក ព្រោះឡើងព្រះសង្ឃនាយករងទី ១  ព្រះសង្ឃនាយករងទី ២ ព្រះសង្ឃនាយករងទី ៣ ត្រូវតែទៅស្រោចស្រពសុគន្ធវារី ប្រគេនចំពោះព្រះសង្ឃទាំង ៣ ព្រះអង្គហ្នឹង។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ឆ្ងល់ណាស់។ ថ្ងៃមុនបើក Facebook ឡើងស្រាប់តែឃើញលោកចេះច្រៀង ទេសនាច្រៀងចាបយំល្វើយ​ៗ រួចទៅមានចម្រៀងអីណាបន្តទៀត។ មិនដឹងថាយ៉ាងម៉េចឥឡូវចាប់ផ្តើមតែពីឡើងគ្រែទេសនាគិតតែនិយាយពីរឿងកំប្លែងតែម្តង។ យើងអត់វាមិនបាន សើចនឹងគេដែរ។ ប៉ុន្តែ ត្រូវឬអត់អាហ្នឹងនោះ? ខ្ញុំព្រះករុណាខ្ញុំ​មិនទាន់និយាយដល់ទេ។ ហ្នឹងគឺថាគ្រាន់តែរំលឹកថាបានស្តាប់លោកច្រៀងដែរចាបយំល្វើយ​ៗ គឺអ្នកនៅសុរិន្ទនេះ ចេញពីសុរិន្ទ។ ល្បីបទចាបយំល្វើយៗ នៅពេលដែលកំពុងតែស្រែក ច្រៀងចាបយំល្វើយៗវាបាក់រោង អញ្ចឹងវាល្បីបណ្តោយ។

អរគុណរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទាន

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះតាមឯកឧត្តមអគ្គរដ្ឋទូត វ៉ាង វិនធាន (Wang Wentian) ផ្ញើជូននូវការគាំទ្រ និងការអរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវជំនួយឥតសំ​ណង និងហិរញ្ញប្បទានសម្រាប់កម្ពុជាអភិវឌ្ឍ ក្នុងហ្នឹងផ្លូវមកដល់ពេលនេះ ទាំងផ្លូវធ្វើរួច ទាំងផ្លូវកំពុងធ្វើជាង ៣០០០ គីឡូម៉ែត្រ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ និងទន្លេសាប ទន្លេបាសាក់ដែលបានដាក់ឲ្យប្រើប្រាស់ រួចហើយមាននៅស្ទឹងត្រែង ២, នៅខេត្តកណ្តាល ឥឡូវតាមទន្លេមេគង្គ និងទន្លេសេកុង មាន ៣៖​ សេកុង មេគង្គ នៅស្ទឹងត្រែង។ ទន្លេមេគង្គនៅព្រែកតាមាក់។ ដល់ទន្លេសាប ស្ពានជ្រោយចង្វារទី ១ ស្ពាន​ព្រែកក្ដាម, ៥ ស្ពាន។ ដល់នៅទន្លេបាសាក់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ។ ឥឡូវកំពុងតែសាងសង់ស្ពានមួយរវាងខេត្តកំពង់ចាម និងត្បូងឃ្មុំនៅស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ។

យើងដាក់ស្នើសុំនៅក្នុងគម្រោងស្ពានមួយទៀតនៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ រវាងខេត្តក្រចេះ និងផ្លូវមួយខ្សែទៅដល់ខេត្តកំពង់ធំតែម្តង។ គម្រោងមួយទៀត ដែលជាគម្រោងប្រកបដោយមហិច្ឆតា គឺការកសាងស្ពាន និងផ្លូវ តភ្ជាប់ទីរួមខេត្តកំពង់ឆ្នាំងទៅកំពង់ធំតែម្តង។ អាហ្នឹងស្ពានជិត ៤ គីឡូម៉ែត្រ។

បើចិនមិនជួយតភ្ជាប់ផ្ទៃក្នុងកម្ពុជា តើអ្នកណាជួយ?

ឥឡូវនេះ ដាក់ជាសំណួរ បើចិនមិនចូលមកជួយ អ្នកណាជួយ? សួរអញ្ចេះ។ សួរអ្នកវិភាគឡប់ៗ បើចិនមិនជួយទេ សួរថាអ្នកណាជួយ? ផ្លូវ/ស្ពាន ដែលបានកើតរួចហើយនេះ។ បើអ្នកឯងមិនបានឃើញអាពេលខាងមុខទេ អ្នកឯងដែលធ្វើដំណើរលើផ្លូវ ដែលចិនបានចូលរួមចំណែកជួយនេះ បើចិនមិនជួយទេ សួរថាអ្នកណា(ជួយ)? ខ្ញុំព្រះករុណាខ្ញុំ ស្វាគមន៍ជាមួយជំនួយទាំងអស់ ដែលចូលរួមអភិវឌ្ឍកម្ពុជា។ យើងស្វាគមន៍ពីជប៉ុនៗជួយ(កសាង)ស្ពានយើងនៅកំពង់ចាម ដែលហៅថា ស្ពានគីហ្សូណា។ ជប៉ុន ជួយយើង(កសាង)ស្ពានត្សឹបាសានៅអ្នកលឿង។ ជប៉ុនជួយយើង(កសាង)ផ្លូវជាតិលេខ ១ ឥឡូវ កំពុងជួយយើង(កសាង)ផ្លូវជាតិលេខ ៥ ដើម្បីពង្រីកពីព្រែកក្តាមមកទល់ពោធិ៍សាត់ (និង)ពីពោធិ៍សាត់មក បាត់ដំបង។ យើងស្វាគមន៍ធនាគារពិភពលោក។ យើងស្វាគមន៍ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចូលរួម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ ក្រៅពីនោះ សួរថា អ្នកណាជួយយើង?

យើងស្វាគមន៍កូរ៉េៗបានជួយយើង។ មុននោះ ផ្លូវជាតិលេខ ៣ ឥឡូវនេះ ផ្លូវជាតិលេខ ៣ ហ្នឹងត្រូវបានពង្រីកបន្ថែមដោយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ព្រោះវាតូចពេក។ ពីមុន ៧ ម៉ែត្រ យើងថាធំណាស់កាល។ កូរ៉េមកពង្រីក ១១ ម៉ែត្រ ឥឡូវ វាតូចពេក ចិនមកពង្រីក ២០-៣០ ម៉ែត្រ បានទៅរួច​។ កូរ៉េជួយយើង ដែលសម្ពោធបើកការដ្ឋានថ្ងៃមុន ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ តភ្ជាប់ភ្នំពេញ-ខេត្តកណ្តាល-តាកែវ និងឈានទៅកំពត។ កូរ៉េជួយយើងក្នុងការកសាងផ្លូវជាតិលេខ ៤៨ ដែលមុននេះ មិត្តថៃ បានជួយ ឥឡូវនេះ យើងត្រូវពង្រីកផ្លូវនេះ។ យើងស្វាគមន៍ ក៏ប៉ុន្តែ មិត្តភក្តិយើងទាំងឡាយ ទាំងជប៉ុន/កូរ៉េ/ ធនាគារពិភពលោក/អភិវឌ្ឍន៍អាស៊ី និងមូលនិធិអូប៉ិច តែអាជាង ៣ ០០០ គីឡូ(ម៉ែត្រ) និងស្ពានប្រហែលចូល ១០ គីឡូ(ម៉ែត្រ) ទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពាននានាធំៗ សួរថា បើចិនមិនជួយទេ អ្នកណាជួយ?

ភាពជ្រុលនិយមរបស់បុគ្គលខ្លះ បង្កើតឱ្យមានបញ្ហា

បើអ្នកមិនឃើញគម្រោងនៅពេលខាងមុខទេ អ្នកគួរតែដឹងថា អ្នកកំពុងធ្វើដំណើរលើផ្លូវ ដែលចិនបានជួយ(កសាង) នោះហើយជាអ្វី ដែលវាបានឡើងពិតប្រាកដ។ ប៉ុន្តែ ភាពជ្រុលនិយមរបស់អស់លោកអ្នក គឺ បានបង្កើតឱ្យមានបញ្ហា។ យើងស្វាគមន៍ពីគ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែ អ្នកដទៃណាបានជួយ? ខ្ញុំគិតថា បើប្រទេសដទៃចូលជួយកាន់តែច្រើន ចិនក៏កាន់តែអរដែរ ព្រោះចិនក៏មានបន្ទុក មិនមែនគ្រាន់តែជា មួយកម្ពុជាទេ ចិនមានបន្ទុកជាមួយប្រទេសច្រើនណាស់។ អាស៊ានរបស់យើងក៏ត្រូវការទុនពីចិន។ ប្រទេសនៅអាមេរិកឡាទីន/អាហ្វ្រិកត្រូវការទុនពីចិន។ ចិនមានបន្ទុកច្រើនណាស់។ ប្រសិនបើមានប្រទេសនានាចូលមកជួយកម្ពុជា ចិនក៏អរដែរ ព្រោះចិនមិនពិបាកបញ្ចេញថវិកាមកឱ្យកម្ពុជា ចិនអាច រក្សាថវិកានោះ ដាក់ចេញទៅគោលដៅផ្សេងទៅកាន់ប្រទេសផ្សេង រាប់ទាំងវិនិយោគខ្លួនឯងនៅក្នុងប្រទេសចិនផងដែរ។

មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាំងទន់/រឹងនៅកម្ពុជា

នេះខ្ញុំគ្រាន់រំលឹកឱ្យឃើញពីសារសំខាន់ នៃការកសាងប្រទេសដោយមានវត្តមាន នៃជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន លើហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍ។ ខ្ញុំព្រះ ករុណាខ្ញុំនិយាយតែពីរឿងផ្លូវទេ មិនទាន់និយាយពីរឿងប្រឡាយទឹក បើនិយាយពីប្រឡាយទឹកវិញ អ្នកណាខ្លះបានជួយ? ប្រឡាយធំៗដូចជានៅកំពីងពួយ/ពោធិ៍សាត់/ឧត្តរមានជ័យ បើនិយាយពីប្រឡាយវ៉ៃគោវិញ អាហ្នឹងដូចជីកទន្លេអញ្ចឹង ដើម្បីកាត់ខេត្តកំពង់ចាមផង ព្រៃវែងផង ទម្លាក់ទៅស្វាយរៀងផង។ ប្រព័ន្ធស្រោចស្រព ដើម្បីបម្រើឱ្យការស្រោចស្រពរបស់កសិករ (ក្នុងការ)ធ្វើស្រូវរបស់កសិករ។ នៅមានជំនួយផ្សេងទៀត ជាការជួយខាងវិស័យសុខាភិបាល ជាការជួយខាងវិស័យអប់រំ ជាការជួយទៅលើការបណ្ដុះបណ្តាលធនធានមនុស្ស។ និស្សិតកម្ពុជារាប់ពាន់នាក់កំពុងរៀននៅក្នុងប្រទេសចិន។

កម្ពុជាមិនបោះបង់ចោលអ្នកណាមួយទេ កម្ពុជាត្រូវការមិត្តទាំងអស់

ម៉េចបានអ្នកទាំងឡាយមិនយល់? គិតតែពីរឿងវិភាគឡើងថា យើងបោះបង់ចោលអាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់យកតែចិន។ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំអត់បោះបង់ចោលអ្នកណាមួយទេ ខ្ញុំត្រូវការមិត្តទាំងអស់។ អ្នកខ្លះវាទៅហួសជ្រុល។ សូម្បីតែអាមេរិកកាំងក៏រកស៊ីជាមួយចិន។ ហេតុអ្វីបានជាអ្នកឯងស្អប់ចិន ខ្លាំងម្លេះ? នេះជាភាពមិនប្រាកដនិយមកក្នុងបញ្ហាការធ្វើនយោបាយ។ ហើយបើការធ្វើនយោ​បាយបែបនេះ មិនអាចធ្វើមេដឹកនាំកម្ពុជាបានទេ។ កម្ពុជាប្រកាន់យកនូវទំនាក់ទំនងអន្តរជាតិ ដោយមិនប្រកាន់របបនយោបាយ។ មកដល់ពេលនេះ យើងមានជាង ១៧០ ប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា។ ដូច្នេះ យើងក៏ត្រូវយល់ពីសារសំខាន់នៃសាមគ្គីភាពរបស់យើង។

កម្ពុជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និងជាដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន

កម្ពុជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងចិន ហើយក៏ជាដៃគូយុទ្ធសាស្ត្រជាមួយជប៉ុនដែរ ម៉េចក៏អ្នកឯងមើលមិនឃើញអាកន្លែងហ្នឹង? ជប៉ុន និងកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ប៉ុន្តែ មិនគ្រប់ជ្រុងជ្រោយទេ។ ឯចិនដៃគូយុទ្ធសាស្ត្រជ្រប់ជ្រុងជ្រោយ ហើយដែលមានកិច្ចព្រមព្រៀងសហគមន៍ជោគ​វាសនារួមកម្ពុជា-ចិន។ ចំណុចអស់ទាំងនេះ ជាចំណុច ដែលពួកគេគប្បីយល់។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីផ្លូវ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ក៏ដូចជាផ្លូវទាំងឡាយដែលតភ្ជាប់យើងនៅប្រទេសខ្លួនឯង និងជួយតភ្ជាប់យើងជាមួយនឹងព្រះរាជាណាចក្រថៃ ជាមួយវៀតណាម និងជាមួយឡាវ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន។ មិត្តពិតជាយល់ពីផលប្រយោជន៍ ដែលយើងធ្វើទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនិងចិន ហើយក៏នឹងយល់ថា យើងធ្វើទំនាក់ទំនងជាមួយនឹងប្រទេសនានាផងដែរ។

បង្រៀនមនុស្សមួយចំនួន ដែលមានការគិតគូមិនបានវែងឆ្ងាយ

ខ្ញុំព្រះករុណាខ្ញុំ មិនស្តីបន្ទោសឱ្យអ្នកណាទេ ក៏ប៉ុន្តែ ចង់បង្រៀនមនុស្សមួយចំនួន ដែលមានការគិតគូរមិនត្រឹមត្រូវ គិតមួយជ្រុងតូច ដោយមិនគិតឃើញអំពីចំណុចធំ។ លើកឧទាហរណ៍ជាក់ស្តែង ផ្លូវនេះ បើអត់មានលុយចិន ១២០ លានដុល្លារ(អាមេរិក)ទេ តើយើងមានលទ្ធភាពធ្វើខ្លួនឯងទេ? បានធ្វើខ្លួនឯង ប៉ុន្តែ វាបានក្នុងស្ថានភាពម្តងមួយកំណាត់។ បន្តិចទៅៗ ប្រហែលជាឆ្នាំ ២០២៥ ឬក៏ ២០៣០ ទើបរួច។ ប៉ុន្តែ ឥឡូវ (ឆ្នាំ) ២០២០ យើងបានដើរលើផ្លូវនេះហើយ។ ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំថា យើងដូចជាមកបើកការដ្ឋានតាំងពីខែ មិថុនា ២០១៥។ ប៉ុន្តែ ផ្លូវនេះហើយតាំងពីឆ្នាំ ២០១៨ ឯណោះ គ្រាន់តែពន្យារ ពេលសម្ពោធទេ។ ប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើររួចហើយ។ កាលពីមុនលោកយាយ/តាធ្លាប់ធ្វើ ដំណើរលើផ្លូវនេះ ចំណាយលុយថាអស់ ១ ម៉ឺនរៀល (និងចំណាយ)បេលវេលា ២ ម៉ោង ប៉ុន្តែ ក្រោយ ផ្លូវនេះធ្វើរួច លោកយាយ/តាធ្វើដំណើរអស់តែ ៥ ពាន់រៀល ចំណាយពេល ១ ម៉ោង ដូច្នេះ ចំណេញពេល។

បញ្ចប់ស្ថានភាព “កង់ជិះមនុស្សៗជិះកង់”

មុននេះស្ថានភាព “កង់ជិះមនុស្សៗជិះកង់” កើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសរបស់យើង ម៉េចបានថា “មនុស្សជិះកង់ៗជិះមនុស្ស”? ដោយសារផ្លូវរបស់យើងវាជាប់ភក់។ អញ្ចឹង កន្លែងខ្លះបណ្តើរកង់វាពិបាកពេក លីកង់បណ្តោយ ហើយដើរកាត់ភក់ទៅ។ ដល់ផុតពីអាភក់ហ្នឹងទៅ ចាប់ផ្តើមដាក់កង់ជិះម្តង ទៅដល់កន្លែង ភក់ទៀត លីកង់ទៀត។ ឥឡូវ ស្ថានភាពនេះវាទៅហួសហើយ។ ឥឡូវ កង់ឃើញប្រុយៗ ម៉ូតូ/ឡានច្រើនជាង។ កង់នៅសល់តិចតួចទេ សម្រាប់ការជិះក្បែរៗផ្ទះ (និង/ឬ)កូនក្មេងជិះរៀនអីប៉ុណ្ណឹង ដែលមិនទាន់គ្រប់អាយុជិះម៉ូតូ ដល់គ្រប់អាយុជិះម៉ូតូ នាំគ្នាជិះម៉ូតូទៅរៀនទៅហើយ។

៣០ លានដុល្លារ សម្រាប់វិស័យអប់រំនៅខេត្តបន្ទាយមានជ័យ និង ២០ លានដុល្លារ សម្រាប់ខេត្តសៀម​រាប

នៅបន្ទាយមានជ័យ មានសាកលវិទ្យាល័យមានជ័យ ដែលឯកឧត្តម កែ កឹមយ៉ាន បានផ្តួចផ្តើមកសាងឡើង។ សួរថា បើគ្មានសន្តិភាពទេ តើអាចមានសាកលវិទ្យាល័យមានជ័យទេ? ហើយ(នៅ)ឆ្នាំ ២០១៦ ខ្ញុំព្រះករុណាខ្ញុំ មកខេត្តបន្ទាយមានជ័យ ចាយលុយធំជាងគេទាំងអស់។ ឯណា (ខេង) សាមេធ? ចំ​ណាយ(នៅ)ខេត្តបន្ទាយមានជ័យលើសាលារៀនអស់ប៉ុន្មានលាន? ជិត ៣០ លានដុល្លារ(អាមេរិក)។ គ្រាន់តែមកសួរសុខទុក្ខប្រជាពលរដ្ឋយើងនៅខេត្តបន្ទាយមានជ័យ។ ត្រឡប់ទៅវិញប៊ិះទៅមិនរួច  មូលហេតុអី? ក្រៅពីអ្នកចេញពីខេត្តបន្ទាយមានជ័យ អ្នកខេត្តសៀមរាបដាក់ប៉ារ៉ាស់តែម្ដង។ ខេត្តសៀមរាបអស់ ២០ លានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏តិចជាងបន្ទាយមានជ័យ ដែលត្រូវចំណាយអស់ជាង ៣០ លានដុល្លារ។ បន្ទាយមានជ័យគួរតែត្រូវបានបានច្រើនជាងគេ។ អបអរសាទរ។

ប៉ុណ្ណឹងហើយមិនទាន់គ្រប់ទេ។ តែឥឡូវសុំថា ថ្ងៃនេះ មិនដោះស្រាយរឿងសាលាអ្វីទេ មកសម្ពោធផ្លូវតែប៉ុណ្ណឹងសិន។ ថ្ងៃក្រោយដោះស្រាយជូនទៀត។ គ្រាន់តែវិទ្យាល័យខ្លះ កន្លែងខ្លះ នៅសិរីសោភ័ណមានអគារសិក្សា ៣ ជាន់, ៤ ជាន់ ហើយឥឡូវអត់មានសុំអគារសិក្សាមួយជាន់ទេ ចាប់សុំឡើងពីអគារ ៣ ជាន់ ទៅ ៤ ជាន់ឯណោះ។ សម័យនេះ ក៏វាល្មមដល់សម័យអគារសិក្សា ៣ ទៅ ៤ ជាន់ហើយ។ កាលពីមុន យើងធ្វើតែអគារសិក្សាមួយជាន់ វាពិបាកណាស់ទៅហើយ ប៉ុន្តែឥឡូវយើងធ្វើអគារសិក្សា ២ ជាន់, ៣ ជាន់, ៤ ជាន់ នេះជារឿងធម្មតា។

ផ្ទះ និងខុនដូក្រោមតម្លៃ ៧ ម៉ឺនដុល្លារ មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រា

និយាយរឿងមួយ ដេកលក់ ហើយមកភ្ញាក់ ឃើញគេធ្វើផ្ទះសម្រាប់ដាក់លក់។ ខ្ញុំព្រះករុណាខ្ញុំ បានប្រ​កាសហើយ​ ពីវិធានការដោះស្រាយសេដ្ឋកិច្ចកាលពីថ្ងៃច័ន្ទនេះ អ្នកដែលទិញលំនៅដ្ឋានក្រោមតម្លៃ ៧ ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ។ អញ្ចឹងទេ ធ្វើឱ្យអ្នកកសាងលំនៅដ្ឋាន​ដែលមានតម្លៃថោកល្មម​ នឹងខិតខំកសាងលំនៅដ្ឋាន ហើយអ្នកដែលមានប្រាក់សមល្មម អាចទិញលំនៅដ្ឋានក្រោម ៧ ម៉ឺនដុល្លារអត់ជាប់ពន្ធទេ​។ ប៉ុន្តែសុំបញ្ជាក់ លំនៅដ្ឋាននៅនេះ ក៏និយាយដល់ ខុនដូដែរ ព្រោះខុនដូមួយកន្លែង​ៗ គេទិញមួយយូនីត។ មួយយូនីតហ្នឹង ជួនកាលតម្លៃតែ ៥ ម៉ឺនដុល្លារ ឬ ៦ ម៉ឺនដុល្លារទេ អញ្ចឹងក៏មិនជាប់ពន្ធដែរសម្រាប់ខុនដូ។ អញ្ចឹងសូមប្រាប់ទៅអ្នកនៅទីក្រុងភ្នំពេញ ប្រញាប់ប្រញាល់ទៅរកទិញផ្ទះនៅក្នុងខុនដូ ព្រោះយើងនិយាយតែពីរឿងផ្ទះ។ បងប្អូនយើងអត់យល់ថា ខុនដូ វាក៏ផ្ទះដែរ។ អញ្ចឹងទេ នៅក្នុងខុនដូ ដែលមួយយូនីត ឬមួយឯកតារបស់គេនោះ តម្លៃក្រោម ៧ ម៉ឺនដុល្លារ ក៏មិនជាប់ពន្ធដែរ។ ទៅទិញផ្ទះល្វែង ឬទិញផ្ទះដោយឡែកៗ តម្លៃក្រោម ៧ ម៉ឺនដុល្លារ អត់ជាប់ពន្ធទេ។ ទៅទិញបន្ទប់នៅក្នុងខុនដូ តម្លៃក្រោម ៧ ម៉ឺនដុល្លារ ក៏មិនជាប់ពន្ធដែរ។

ដើម្បីបញ្ជាក់ឡើងវិញ អំពីគោលនយោបាយនៅក្នុងកាលៈទេសៈដែលផលប៉ះពាល់ នៃសេដ្ឋកិច្ចពិភពលោក ឬសេដ្ឋកិច្ចតំបន់ ដែលផ្ដើមចេញពីមេរោគកូវីដ១៩។ នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ ហើយផ្ដាំផ្ញើទៅអ្នកភ្នំពេញ ហើយទូរទស្សន៍មួយៗដាក់រត់អក្សរភ្លាមថា សម្ដេចតេជោ បានបញ្ជាក់ថា ផ្ទះក៏មាននៅក្នុងខុនដូ ដើម្បីឱ្យប្រជាពលរដ្ឋយើង អ្នកដែលមិនបានស្ដាប់ អាចមើលអក្សររត់តាមទូរទស្សន៍ តាមព័ត៌មានថា ក្នុងតម្លៃផ្ទះក្រោម ៧ ម៉ឺនដុល្លារ មិនបង់ពន្ធប្រថាប់ត្រានេះក៏មានខុនដូក្នុងហ្នឹងដែរ។ ទិញមួយឯកតាអញ្ចឹង ក្រោម ៦ ឬ ៧ ម៉ឺនដុល្លារ អត់មានជាប់ពន្ធប្រថាប់ត្រាទេ អនុញ្ញាតឱ្យរួចពន្ធ ដើម្បីឱ្យអ្នកធ្វើសំណង់ហ្នឹង ក៏លក់ដាច់ ឬអ្នកមានលុយសមល្មមហ្នឹង ក៏ទៅទិញបានផ្ទះនៅសមរម្យ អានេះជាគោលនយោបាយ។ កាលពីដើម អត់មានឱកាសដើម្បីធ្វើអញ្ចឹងទេ មានឱកាសខាងរត់ពីកន្លែងមួយទៅកន្លែងមួយ។ អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំ ចេះតែមិនយល់ អ្នកខ្លះធ្វើបណ្ដឹងទៅខ្ញុំព្រះករុណាខ្ញុំថា បានកាន់កាប់ដីនៅម្ដុំប៉ោយប៉ែតហ្នឹង តាំងពីឆ្នាំ ១៩៧៩-១៩៨០។ និយាយយ៉ាងដូច្នេះ វាខុស​។

ធានា ៣ យ៉ាង ក្រោមគោលនយោបាយឈ្នះឈ្នះ នាំប្រទេសមានការបង្រួបបង្រួមជាតិ និងសន្ដិភាព

បើនិយាយនៅលើនេះ គ្រប់គណបក្សទាំងអស់ មកនៅជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ នៅជាមួយនឹងគណបក្សប្រជាជនកម្ពុជាទាំងអស់។ ទេសរដ្ឋមន្រ្តី សេរី កុសល ចេញពីហ្វ៊ុនស៊ិនប៉ិច ឥឡូវជាសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា។ ទេសរដ្ឋមន្រ្តី អៀង ម៉ាលី ចេញពីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ សុខ ភាព ជាមេខ្មែរក្រហម ប៉ុន្តែពេលត្រឡប់ទៅវិញ នឹងត្រូវដំឡើងទៅជារដ្ឋលេខាធិការ ព្រោះធ្វើអនុរដ្ឋលេខា​ធិការ ៣ អាណត្តិទៅហើយ។ សុខ ភាព និង អ៊ី ឈាន ដើរតួនាទីសំខាន់ណាស់ បះបោរនៅម៉ាឡៃ គឺ សុខ ភាព គ្រប់គ្រងកម្លាំង ៤៥០។ អ៊ី ឈាន គ្រប់គ្រងកម្លាំង ៣១៥ នៅប៉ៃលិន។ តែពីរកងពលទេ បះបោរ ពេលនោះយើងត្រូវរកវិធីដោះស្រាយយ៉ាងម៉េចស្រោចស្រង់សភាពការណ៍ ដើម្បីធ្វើឱ្យកម្លាំងផ្ដាច់ខ្លួននេះ កុំឱ្យគេបង្ក្រាប ព្រោះនៅតំបន់កណ្ដាល រណសិរ្ស ២៥០ វាមានប៉ុន្មានកងពល វាអាចវ៉ៃពួកនេះ។

កាលហ្នឹង យើងមានកងពលលេខ ៦ ឱ្យឡើងពីបវិលមក រួចហើយកងពលលេខ ៤ ឱ្យឡើង ដើម្បីត្រៀមលក្ខណៈចូលអន្តរាគមន៍ជួយប៉ៃលិន។ ក៏ប៉ុន្តែ នយោបាយឈ្នះឈ្នះរបស់យើង មិនចាំបាច់ទៅដល់ហ្នឹងទេ ព្រោះការធានា​ ៣ យ៉ាង៖ ធានាអាយុជីវិត និងរូបកាយ, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ។ ៣ ការធានានេះ ធ្វើឱ្យបងប្អូនផ្ដាច់ខ្លួន មកចូលរួមជាមួយនឹងរដ្ឋាភិបាលទាំងអស់។

ឥឡូវនេះ អ្នកដែលជាអតីតកម្លាំងផ្សេងៗគ្នា មានការប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយគ្នា មកអង្គុយកន្លែងការជាមួយគ្នា បាយជាមួយគ្នា រួមរស់នៅជាមួយគ្នា ដើម្បីអភិវឌ្ឍប្រទេស។ ប៉ុណ្ណឹងហើយ អ្នកឯងទៅរកអីទៀត អ្នកឯងចង់បំបែកបំបាក់ជាតិអីទៀត។ យើងមិនអត់អោនឱ្យទង្វើណាដែលនាំទៅរកការបែកបាក់នោះទេ។ យើងក៏មិនផ្ដល់ឱកាសឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសយើង នាំទៅដល់ចលាចល និងបាត់បង់សន្ដិភាពដែរ។

អរគុណប្រជាពលរដ្ឋ យោគយល់ពីផលប៉ះពាល់ ការចូលរួមទទួលសមិទ្ធផល

មុននឹងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងនូវការកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរដែនដីនៃខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រទេស និងកម្លាំងវិស្វកម្មដោះមីន ដែលជាកងប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស ដែលរុញមកឱ្យដោះមីននៅទីនេះ ដើម្បីហ្វឹកហ្វឺនផង និងការដោះមីនផង សម្រាប់បញ្ជូនកម្លាំងនេះចេញទៅក្រៅប្រទេស។

អរគុណចំពោះប្រជាពលរដ្ឋ ដែលយោគយល់នៅក្នុងពេលដែលមានការប៉ះពាល់ដីធ្លី តាមរយៈនៃការចូលរួមចំណែកផ្ដល់លទ្ធភាពឱ្យយើងបានសាងសង់ផ្លូវ។ អរគុណចំពោះការស៊ូទ្រាំការលំបាកនៅក្នុងពេលដែលមានការសាងសង់ផ្លូវ ហើយដែលមានការរំខានដោយអន្លើទៅលើការទទួលទានដំណេក ដោយសារគ្រឿងចក្រត្រូវរោទិ៍ ព្រោះយើងប្រើសុទ្ធតែគ្រឿងចក្រ។ អរគុណចំពោះប្រជាពលរដ្ឋរបស់យើងទាំងអស់ ដែលចូលរួមសម្ពោធ ទទួលយកសមិទ្ធផលនៅថ្ងៃនេះ ដែលប្រជាជននៅក្នុងតំបន់នេះ ក៏ដូចជាតំបន់ដទៃទៀត ដែលទទួលផលប្រយោជន៍ពីផ្លូវនេះ ប្រើប្រាស់តរៀងទៅ។

ខ្ញុំព្រះករុណាខ្ញុំ អរគុណចំពោះការអញ្ជើញមកចូលរួមរបស់ឯកឧត្តម វ៉ាង វិនធាន (Wang Wentain)។ ថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន សៀងហៃ (Shanghai Construction Group Co., Ltd.) និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

អរគុណចំពោះតំណាងខេត្តស្រះកែវរបស់ព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ។ ជានិច្ចកាល កាលណាខ្ញុំមានវត្តមាននៅទីនេះ ស្រះកែវ និងខេត្តដទៃទៀតជិតខាង តែងតែមកចូលរួម។ នេះបង្ហាញអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងព្រះរាជាណាចក្រថៃ។ យើងចង់ឱ្យស្ថានភាពព្រំដែនទាំងអស់របស់យើង ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ៥៨ ប្រវែង ១៧៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមប្រសិទ្ធិពរ សូមឱ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ និងសូមប្រគេនពរចំពោះព្រះតេជព្រះគុណព្រះសង្ឃ គ្រប់ព្រះអង្គ ជូនពរចំពោះសម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពាំនាំអំណោយ

… ថ្ងៃនេះ បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល។ ជូនកាយាឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ១៣៣៨ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនគរុសិស្ស និងនិស្សិតសរុប ៤២៥ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺនរៀល បន្តិចទៀតទៅជាលោកគ្រូអ្នកគ្រូហើយ។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៧៥៣ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល … ជូនវិទ្យាល័យអូរជ្រៅ សង្កាត់ប៉ោយប៉ែត ២ លានរៀល វិទ្យាល័យនិមិត្ត សង្កាត់និមិត្ត ថវិកា ២ លានរៀល សាលាវិក្រឹត្យការ និងគរុកោសល្យ ខេត្តបន្ទាយមានជ័យ ៣ លានរៀល សាកលវិទ្យាល័យមានជ័យ ៥ លានរៀល កងវរសេនាតូចនគរបាលការពារព្រំដែន ៨៩១ និង ៩១១ មួយអង្គភាពៗ ៣ លានរៀល ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល មណ្ឌលសុខភាពអូរឬស្សី សង្កាត់ផ្សារកណ្ដាល ២ លានរៀល សាលាក្រុងប៉ោយប៉ែត ២ លានរៀល ក្រុមតន្ដ្រីសម័យ ៥ លានរៀល។ ជិតចូលឆ្នាំហើយ ល្មមលេងរាំវង់ហើយ កុំទៅខ្វល់អ្នកណាគេនិយាយពីអី និយាយតែពីការសប្បាយ និងរបររកស៊ីរបស់យើងទៅ។ អរគុណ​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ