សម្រង់សេចក្តី​ថ្លែងសារ ​សម្តេចតេជោ ហ៊ុន សែន, ជូនជនរួមជាតិ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)

CNV:

[ផ្ដើមការអធិប្បាយ ១]

ថ្ងៃនេះ យើងប្រជុំឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់។ មុននឹងចូលទៅដល់ការពិភាក្សានៅក្នុងក្របខណ្ឌ នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខ្ញុំនឹងមានថ្លែងជូនចំពោះជនរួមជាតិ ទាក់ទងជាមួយនឹងបញ្ហាថ្មីៗរបស់​យើង។ ឯប្រធានបទ នៃការពិភាក្សាសម្រាប់បណ្ដាបក្សនយោបាយ ដែលស្ថិតនៅក្នុងឧត្ដមក្រុមប្រឹក្សាពិ​គ្រោះ និងផ្ដល់យោបល់ សង្ឃឹមថា ថ្ងៃនេះ គឺឯកឧត្ដម លោកជំទាវ នឹងប្រើប្រាស់នូវអ្វី ដែលជាធាតុចូលសំខាន់ នៃ​បញ្ហាសេដ្ឋកិច្ច ជាក្របខណ្ឌម៉ាក្រូ ជាជាងអ្វីដែលបានផ្ដល់រួចមកហើយៗ តែងតែមានទម្លាប់ធ្វើទាក់ទងនឹងបញ្ហាការដោះស្រាយដីធ្លី។ ខ្ញុំតែងតែបានជម្រាបជូនឯកឧត្តម​ លោកជំទាវហើយថា អ្វីដែល​ជាការចាំបាច់ គឺធាតុចូលក្នុងក្របខណ្ឌ នៃការដឹកនាំរដ្ឋទាក់ទងនឹងវិស័យនយោបាយសេដ្ឋកិច្ចសង្គម។

ពិតមែនហើយ គឺថ្ងៃនេះ ខ្ញុំសុំការអនុញ្ញាតប្រជុំត្រឹមតែម៉ោង ១២ ទេ។ ប្រសិនបើទៅតាមតែចិត្តអស់លោកចង់ធ្វើបទអន្តរាគមន៍ តាមអ្វីដែលអស់លោកចង់និយាយនោះ ថ្ងៃមុន គឺយើងប្រជុំ បាយរួចហើយ រហូតដល់ម៉ោង ៤ កន្លះ។ ពេលដល់ផ្ទះវិញខ្ញុំនិយាយមិនរួច។ អញ្ចឹង ឱ្យ ទៀ បាញ់ ទៅតំណាងការប្រជុំរដ្ឋមន្រ្តីសុខាភិបាល​អាស៊ានបូកបីឯណោះទៅវិញ។ សង្ឃឹមថា មានការយោគយល់។ ហើយថ្ងៃនេះ ក៏អាចបង្ហាញពីសមាសភាព បណ្ដាបក្សនយោបាយ ទាក់ទងនឹងការឆ្លើយតបជាក្របខណ្ឌម៉ាក្រូ ទាក់ទិននឹងរឿងសេដ្ឋកិច្ចសំខាន់ជាង។

[ចប់ការអធិប្បាយ ១]

នៅក្នុងពេលថ្មីៗនេះ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគខូវីដ-១៩ (COVID-19) បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយទៀត ក្នុងចំណោមបញ្ហាប្រឈមមានស្រាប់នានា សម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ផលប៉ះពាល់ពីជំងឺខូវីដ-១៩ បានមកដល់លឿន មិនអាចព្យាករទុកជាមុនបានអំពីទំហំរបស់វា ហើយកំពុងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅក្នុងប្រទេសនានានៅតំបន់អាស៊ី និងអាចរុញច្រានសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ឱ្យធ្លាក់ទៅក្នុងវិបត្តិ។ ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួល ដល់វិនិយោគិន និយោជិត និងសាធារណជនផងដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងតំបន់ បានប្រញាប់ប្រញាល់ដាក់ចេញនូវ   វិធានការ ដើម្បីជួយស្រោចស្រង់ កាត់បន្ថយនូវផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។ ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ជំងឺខូវីដ-១៩​​ នេះ ក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា­ដែរ ដែលក្នុងនោះ តាមការវាយតម្លៃបឋម មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេ គឺ៖ (ទី១)-វិស័យ ទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាច លែងហ៊ានធ្វើដំណើរកំសាន្ដ និងការបិទជើងយន្តហោះ និង(ទី២)-វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់បើកដំណើរការឡើងវិញជាប្រក្រតី។

នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក៏មិនឱបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុន ទទួលរងនូវផលប៉ះពាល់ ក្មួយៗជាកម្មករ-និយោជិតមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកិច្ចថមថយធ្លាក់ចុះ ដែលអាចបង្កជាហានិភ័យដល់សង្គមជាតិទាំងមូលនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងស្មារតីបុរេសកម្ម ថ្ងៃនេះ ​រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ នៅក្នុងវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម។ ក្នុងការដាក់ចេញវិធានការទាំងអស់នេះ រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យ ដែលមានសល់សក្តានុពលផង រួមមាន៖ (ទី១)-ជួយដល់ក្រុមហ៊ុន​ដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ (ទី២)-ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត; និង​(ទី៣)-ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វិធានការ​ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ  ខូវីដ-១៩ បានឆ្លងផុតទៅផងដែរ។

មុននឹងជម្រាបអំពីវិធានការនានា ខ្ញុំសូមយកឱកាសនេះបញ្ជាក់សាជាថ្មីថា ជំងឺខូវីដ-១៩ និងបញ្ហា-ប្រឈមផ្សេងៗទៀត មិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ និងហួសហេតុដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ អ្វីដែលអាចបង្កហានិភ័យធំមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា គឺ៖ «ជំងឺភ័យខ្លាច» ដោយខ្វះហេតុផល ឬការស្លន់ស្លោ ដោយសារការបន្លាច ឬការឃោសនាអកុសលរបស់ក្រុមជនអគតិមួយចំនួន ដែលមានបំណងបង្កភាពចលាចលនៅក្នុងសង្គមជាតិ ដើម្បីផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ ជាការពិត មូលដ្ឋានសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងមាំ។ ដូច្នេះ ខ្ញុំស្នើសុំឱ្យវិនិយោគិន ទាំងជនជាតិកម្ពុជា និងបរទេស មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមអនុវត្តនូវវិធានការទាំងអស់យ៉ាងសកម្ម។ ចំពោះក្មួយៗជាកម្មករ-និយោជិតទាំងអស់ រាជរដ្ឋាភិបាលនឹងធានារកការងារជូន ប្រសិនបើជួបប្រទះនឹងបញ្ហាបាត់បង់ការងារ។ ក្នុងករណីដែលក្មួយ​ៗមិនទាន់ចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាសក្នុងការបង្កើនសមត្ថភាពជំនាញរបស់ខ្លួន ក្មួយៗអាចចូលរួម និងទទួលការបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាមួយនឹងប្រាក់បំណាច់ក្នុងកម្រិតមួយសមរម្យ។

ទន្ទឹមនេះ ខ្ញុំក៏សូមជម្រាបថែមទៀតថា អ្វីដែលបានដាក់ចេញនាពេលនេះ គឺជាកញ្ចប់វិធានការជុំទីមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និងលំនឹងជីវភាពជូនក្មួយៗកម្មករ-និយោជិតទាំងអស់​។ រាជរដ្ឋាភិបាលនឹងបន្តតាមដានស្ថានភាពសេដ្ឋកិច្ចជាប្រចាំ។ ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ច​រងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ រាជរដ្ឋាភិបាលអាចបន្តអនុវត្តនូវវិធានការទាំងនេះ និងដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត តាមការចាំបាច់។

ជាការពិត វិធានការដែលរាជរដ្ឋាភិបាលបានរៀបចំដាក់ចេញមកនេះ មានច្រើន និងមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាអន្តរវិស័យ និងអន្តរក្រសួង-ស្ថាប័ន។ នៅពេលនេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនតែវិធានការណា​​ ដែលទាក់ទងផ្ទាល់ជាមួយវិស័យឯកជន និងក្មួយៗកម្មករ-និយោជិតប៉ុណ្ណោះ។ ចំណែកវិធានការផ្សេងទៀត ដែលទាក់ទងទៅនឹងស្ថាប័នរដ្ឋ និងបានទទួលការឯកភាពពីខ្ញុំរួចហើយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងយកទៅចាត់ចែងបន្តជាមួយស្ថាប័ន និងតួអង្គពាក់ព័ន្ធតែម្តង ដើម្បីជំរុញអនុវត្តឱ្យទាន់ពេល និងមានប្រសិទ្ធភាព ក្នុងស្មារតីសាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវខ្ពស់។

តទៅនេះ ខ្ញុំសូមជម្រាបជូនអំពីវិធានការទាំងឡាយ ដូចខាងក្រោម៖

១. វិធានការជួយគាំទ្រដល់វិស័យទេសចរណ៍

ជាមួយនឹងការភ័យខ្លាចជំងឺខូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា ទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់។ នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០%។ បើធៀបជាមួយនឹងគោលដៅទេសចរណ៍សំខាន់នៅក្នុងប្រទេស អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង។ សកម្មភាពទេសចរណ៍នៅតំបន់ដទៃទៀត ស្ថិតនៅក្នុងកម្រិតសមរម្យ។ ជាមួយនឹងហេតុផលនេះ វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងដំណាក់កាលនេះ គឺផ្តោតទៅលើការជួយដល់អាជីវកម្មទេសចរណ៍ ក៏ដូចជាជំរុញសកម្មភាពទេសចរណ៍នៅខេត្តសៀមរាប។ គោលគំនិតធំៗនៃការដាក់វិធានការ គឺសំដៅជួយឱ្យសណ្ឋាគារ​ និងផ្ទះសំណាក់ អាចបន្តអាជីវកម្មរបស់ខ្លួនបាន រក្សាបាននូវការងារជូនក្មួយៗកម្មករ-និយោជិត និងមានភាពប្រកួតប្រជែងខ្លាំងជាងមុន នៅពេលជំងឺខូវីដ-១៩ នេះ កន្លងផុតទៅ។ ទន្ទឹមនេះដែរ វិធានការមួយចំនួនទៀត ក៏នឹងជួយដល់ក្មួយៗដែលបាត់បង់ការងារពីវិស័យទេសចរណ៍ តាមរយៈការរៀបចំនូវការបណ្តុះបណ្តាល ដើម្បីមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាពទទួលបានការងារល្អប្រសើរជាងមុន។

ជាមួយគោលដៅខាងលើ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការសមា្រប់ជួយគាំទ្រវិស័យទេសចរណ៍ ដូចខាងក្រោម៖

ទី១.    លើកលែង(រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ​ ក្នុងរយៈពេលលើកលែងពន្ធនេះ

[ផ្ដើមការអធិប្បាយ ២]

ប្រើពាក្យលើកលែងការបង់ពន្ធ ធាតុពិតគឺរដ្ឋបង់ពន្ធជំនួស, លើកលែងតែនៅសៀមរាបប៉ុណ្ណោះ

ការលើកលែងពន្ធនៅទីនេះ​ គឺមានន័យថារដ្ឋទទួលបង់ពន្ធជំនួស។ យើងធ្លាប់បង់ពន្ធហើយ។ យើងមិនអាចប្រើពាក្យថាលើកលែង។ នៅទីនេះដើម្បីងាយស្តាប់តែប៉ុណ្ណោះ គឺប្រើពាក្យលើកលែងនូវការបង់ពន្ធ ប៉ុន្តែធាតុពិតរបស់វា គឺរដ្ឋបង់ពន្ធជំនួស។ អ្វីដែលយើងធ្វើនៅពេលនេះ មិនគ្របដណ្តប់ទូទៅនោះទេ … យើងធ្វើនៅខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរបរទេសធ្លាប់មកកាន់ទីនោះ។ ឥឡូវនេះ ភ្ញៀវទេសចរមកកាន់ទីនោះ គឺធ្លាក់ដល់កម្រិតមួយខ្លាំង។

[ចប់ការអធិប្បាយ ២]

ទី២. មិនធ្វើសវនកម្មពេញលេញ សម្រាប់កាលបរិច្ឆេទឆ្នាំ ២០២០ ចំពោះសហគ្រាសក្នុងវិស័យ សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្ម ភាពអាជីវកម្មក្នុងខេត្តសៀមរាប

ទី៣.  ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍​ក្នុងស្រុក ឱ្យទៅជាចលនាជាតិធំទូលាយ តាមរយៈ ការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ឱ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប

[ផ្ដើមការអធិប្បាយ ៣]

មន្រ្តីកម្ពុជាកាត់បន្ថយការប្រជុំក្រៅប្រទេស, សូមជម្រុញការប្រជុំក្នុងស្រុកទៅតាមខេត្ត ពិសេសសៀមរាប

ចំណុចនេះ ខ្ញុំសុំបញ្ជាក់។ មន្រ្តីកម្ពុជានៅតាមក្រសួងស្ថាប័ននានា ត្រូវកាត់បន្ថយការចូលរួមនូវការប្រជុំនៅក្រៅប្រទេស។ កន្លែងណាដែលអាចចាត់តាំងអគ្គរដ្ឋទូតទៅចូលរួមបាន ក៏ចាត់តាំងអគ្គរដ្ឋទូតនៅទីនោះ ដើម្បីចូលរួម។ កន្លែងណាដែលត្រូវទៅ ឧទាហរណ៍ថាត្រូវទៅ ១០ នាក់ កាត់បន្ថយនៅត្រឹម ៣ ទៅ ៤ នាក់ បានហើយ គឺមិនចាំបាច់ទៅច្រើនពេកទេ។ ឯការប្រជុំទៀតសោត គប្បីត្រូវឱ្យមានវេទិកាប្រជុំនៅតាមខេត្តជាជាងនៅតាមភ្នំពេញតែមួយ។ ពិសេស សំដៅរកគោលដៅនៅខេត្តសៀមរាប។ ខ្ញុំគិតថា ខ្ញុំនឹងមានការបើកប្រជុំគណៈរដ្ឋមន្រ្តីនៅខេត្តសៀមរាប ដើម្បីឱ្យខេត្តសៀមរាបអាចទទួលបានភ្ញៀវទេសចរក្នុងស្រុករបស់យើងផងដែរ​។ ជួនកាល ថ្ងៃក្រោយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោ​បល់របស់យើង ទៅបើកប្រជុំនៅខេត្តសៀមរាបតែម្តង ដើម្បីឱ្យសណ្ឋាគារខេត្តសៀមរាប និងភោជនីយ​ដ្ឋា​ននៅខេត្តសៀមរាបអាចទទួលបាននូវភ្ញៀវទេសចរ​។

ប្រជាពលរដ្ឋកម្ពុជាធ្វើទេសចរណ៍ទៅក្រៅប្រទេស បង្វែរមកធ្វើដំណើរកម្សាន្តក្នុងប្រទេសវិញ

សម្រាប់អ្នកដែលធ្លាប់ធ្វើទេសចរនៅក្រៅប្រទេស ជា Tour ទេសចរណ៍ ទៅក្រៅប្រទេស ឥឡូវនេះគឺជើងហោះហើរមួយចំនួនក៏ត្រូវបានផ្អាកការហោះហើរ ហើយភាពមិនច្បាស់លាស់នៃជំងឺទៅតាមប្រទេសក៏ស្ថិតក្នុងស្ថានភាពដែលត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ សុំបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលធ្លាប់ធ្វើដំណើរចេញទៅក្រៅប្រទេសក្នុងមួយឆ្នាំជាងមួយលាននាក់ ងាកមករិះរកការធ្វើដំណើរក្នុងស្រុករបស់យើង ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះឱ្យអាទិភាពខ្ពស់ទៅលើខេត្តសៀមរាប។ ធ្វើយ៉ាងនេះ យើងសន្សំរូបិយប័ណ្ណផង យើងឱ្យប្រជាពលរដ្ឋស្គាល់ប្រទេសរបស់ខ្លួនបានច្បាស់លាស់ផង។ នេះជាការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយស្រោចស្រង់នូវវិស័យទេសចរណ៍របស់យើង ចំពោះមុខការធ្លាក់ចុះនៃទេសចរបរទេស។ ក៏ប៉ុន្តែទេសចរក្នុងស្រុករបស់យើង (នឹង)នៅតែមានកំណើននៅតាមសណ្ឋាគារ តាមភោជនីយដ្ឋាន ទីកន្លែងនានាតាមដែលអាចធ្វើទៅបាន។

សូមសណ្ឋាគារនានាបញ្ចុះថ្លៃ ជាជាងទុកបន្ទប់ចោល

នៅក្នុងស្រុករបស់យើង (ខ្ញុំ)ក៏សុំអំពាវនាវឱ្យម្ចាស់សណ្ឋាគារបន្ធូរបន្ថយថ្លៃតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងទុកបន្ទប់ចោល។ អញ្ចឹងទេ ឧទាហរណ៍ថាធ្លាប់ ៥០ ដុល្លារ ក្នុងមួយបន្ទប់ ចុះមកនៅ ៣០ ដុល្លារ ឬ ២៥ ដុល្លារ គឺវាសមហេតុសមផលណាស់ទៅហើយ ជាជាង​ទុកបន្ទប់ចោល។ អញ្ចឹងជាការបំពេញឱ្យគ្នា។ ប្រសិនបើយើងឡើងថ្លៃ គេមិនទៅ អាហ្នឹងជារឿងសិទ្ធិ។ យើងមិនអាចចាប់បង្ខំអ្នកណាបានទេ។ លើកលែងតែរដ្ឋាភិបាលមួយប៉ុណ្ណោះ ដែលមានលទ្ធភាពទៅបើកការប្រជុំនៅទីនោះ សមាជិកសមាជិការាជរដ្ឋាភិបាលនឹងទៅកាន់ទីនោះ។

[ចប់ការអធិប្បាយ ៣]

ទី៤.  បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេស ជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និងហូជីមិញ-សៀមរាប) ពិសេស តាមរយៈរថយន្តក្រុង ឬ រថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមនានាដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត

ទី៥.  ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី-សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសំលៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

[ផ្ដើមការអធិប្បាយ ៤]

រៀបចំសង្ក្រាន្ត ពិសេសសង្ក្រាន្តសៀមរាប, ជម្រុញការប្រគុំតន្រ្តី/កម្មវិធីសាសនា/ប្រកួតកីឡានៅសៀមរាប

ខ្ញុំសូមបញ្ជាក់បន្តិច អង្គរសង្រ្កាន្តឆ្នាំ ២០២០ នេះ ជាថ្នាក់ជាតិ​យើងមិនអាចធ្វើបានទេ ប៉ុន្តែសង្ឃឹមថា ខេត្ត សៀមរាបខ្លួនឯងនឹងធ្វើអង្គរសង្រ្កាន្ត។ សង្រ្កាន្តយើងធ្លាប់ធ្វើថ្នាក់ជាតិ ប៉ុន្តែចាប់ពីឆ្នាំទៅមកដល់ឆ្នាំនេះ យើងមិនបានត្រៀមរៀបចំដើម្បីធ្វើអង្គរសង្រ្កាន្តទេ។ ក៏ប៉ុន្តែ សង្រ្កាន្តអាចធ្វើបានគ្រប់ខេត្ត ដូចជាសង្រ្កាន្តព្រៃវែង សង្រ្កាន្តស្វាយរៀង សង្រ្កាន្តតាមកន្លែងនេះ ឬកន្លែងនោះ រហូតដល់សង្រ្កាន្តដង្កោ សង្រ្កាន្តពោធិ៍សែនជ័យ ជាដើម​។ ដូច្នេះ សៀមរាបអាចធ្វើសង្រ្កាន្តនៅសៀមរាប ហើយក៏សុំឱ្យក្រុមហ៊ុនប្រគុំតន្រ្តីឧស្សាហ៍ទៅប្រគុំ តន្ត្រីនៅខេត្តសៀមរាប ដែលជាការទាក់ទាញសម្រាប់ការទទួលបានភ្ញៀវទេសចរនៅឯខេត្តសៀមរាប។ កម្មវិធីមួយចំ​នួន ដែលអាចធ្វើទៅបានដូចជាកម្មវិធីសាសនា ឬការប្រកួតកីឡាគឺធ្វើនៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរនៅទីកន្លែងនោះ។

[ចប់ការអធិប្បាយ ៤]

ទី៦.  រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់​ ១ ថ្ងៃអាចចូលមើលបាន ២ ថ្ងៃ សំបុត្រសម្រាប់ ៣ ថ្ងៃ អាចចូលមើលបាន ៥ ថ្ងៃ និងសំបុត្រសម្រាប់ ៧ ថ្ងៃ អាចចូលមើលបាន ១០ ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យ   ស្នាក់នៅបន្ថែម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

[ផ្ដើមការអធិប្បាយ ៥]

រក្សាថ្លៃទិញសំបុត្រចូលទស្សនាអង្គរ តែបន្ថែមរយៈពេលទស្សនាវិញ

សូមបញ្ជាក់ជូនថា ហេតុអ្វីបានជាយើងមិនលុបតម្លៃការលក់តែម្តងទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរ? បើយើងមើលទៅក្នុងចំណុចនេះ វាហាក់ដូចជាការលុបពាក់កណ្តាលទៅហើយ ព្រោះសំបុត្រមួយថ្ងៃអាចចូលមើលបាន ២ ថ្ងៃ។ អញ្ចឹងបានសេចក្តីថា វាលុបបាត់ពាក់កណ្តាលទៅហើយ។ ដើម្បីទាញឱ្យភ្ញៀវបានធ្វើដំណើរ​នៅទីនោះបានយូរ គឺយើងនៅតែខិតខំបន្តទាក់ទាញភ្ញៀវ តាមរយៈសំបុត្រថ្លៃដដែល ប៉ុន្តែមើលបានយូរជាងមុន។

[ចប់ការអធិប្បាយ ៥]

ទី៧.  ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យ​ទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាល នៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។

[ផ្ដើមការធិប្បាយ ៦]

ភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា នៅតែមានជំនឿទុកចិត្ត

នេះជាវិធានការទាក់ទិននឹងវិស័យទេសចរណ៍ ហើយខ្ញុំគួរតែត្រូវបាននិយាយថែមបន្តិចមុននឹងចូលទៅដល់វិស័យកាត់ដេរ។ វិស័យទេសចរណ៍របស់យើង បញ្ហាធំគឺបញ្ហាការភ័យខ្លាចជ្រុលហួស និងយកវិធានការរើសអើង។ ក្នុងចំណុចនេះ មកដល់ពេលនេះ ប្រទេសរបស់យើងមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ឆ្លងវីរុស ខូវីដ-១៩ នោះទេ។ អញ្ចឹង ភ្ញៀវទេសចរមកកាន់កម្ពុជា គឺនៅតែមានជំនឿទុកចិត្ត។ ករណីដែលម៉ាឡេស៊ីបានប្រកាសថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ គ្មានរោគសញ្ញាទាក់ទិននឹង ខូវីដ-១៩ ហើយការបញ្ជាក់ពីសហរដ្ឋអាមេរិកថា ស្រ្តីរូបនេះអត់មានទេ គឺបានផ្តល់នូវជំនឿទុកចិត្តបន្ថែម សម្រាប់ការមកដល់នៃទេស​ចរបរទេស ទន្ទឹមគ្នានឹងប្រទេសជាច្រើនក្នុងតំបន់នេះ មានមេរោគនេះរួចស្រេចទៅហើយ។

នៅតាមព្រលានយន្តហោះ និងច្រកចេញចូលសំខាន់ៗ សុទ្ធតែមានដាក់ម៉ាស៊ីន scan កំដៅ

ម្យ៉ាងទៀត ខ្ញុំក៏សូមយកឱកាសនេះដើម្បីបញ្ជាក់ជូនបន្តិច ដោយសារតែរឿងម្តងហើយម្តងទៀត។ សូម្បីតែម្សិលមិញ មានការបង្ហោះតាមហ្វេសប៊ុក។ ប្អូនម្នាក់ដែលបានទៅទទួលកូនស្រី មកពីប្រទេសចិន។ គាត់បានបង្ហោះក្នុងហ្វេសប៊ុកថា ខ្លួនគាត់ និងកូនស្រីរបស់គាត់ មិនបានទទួលនូវការពិនិត្យនោះទេ។ រួចហើយគាត់ប្រើពាក្យថា «ឱ! កម្ពុជាខ្ញុំអើយ»។ ខ្ញុំសូមជម្រាបជូនថា សូមប្អូនប្រុស និងក្មួយស្រី ធ្វើដំណើរត្រឡប់ទៅពោធិចិនតុងឡើងវិញ ដើម្បីពិនិត្យឱ្យឃើញអំពីរបៀបត្រួតពិនិត្យ។ នៅពេលដែលភ្ញៀវទាំងឡាយបានធ្វើដំណើរឆ្លងកាត់ គឺកាមេរ៉ាដែលគេបានដាក់បញ្ចាំងនៅទីនោះស្រាប់ ហើយគេពិនិត្យនៅខាងក្នុងនោះ។ អ្នកដែលគេពិនិត្យយកប្រដាប់មកពិនិត្យក្បាល ឬក៏ពិនិត្យកំដៅនោះ គឺតំបន់ដែលមិនមានដាក់ scanner ។ អញ្ចឹងទេ សង្ឃឹមថា ពលរដ្ឋរបស់យើងមានការចេះដឹងឱ្យបានគ្រប់គ្រាន់។ នៅគ្រប់ព្រលានយន្តហោះ និងតាមច្រកចេញចូលសំខាន់ៗ យើងសុទ្ធតែមានម៉ាស៊ីន scan ដោយគ្មានការចាំបាច់ណាទៅរាប់ក្បាលមនុស្ស … ព្រោះពេលដើរមក គេពិនិត្យ(តាម)ម៉ាស៊ីនកាមេរ៉ា ទៅគ្រប់មនុស្សទាំងអស់ មិនមានអ្នកណាមួយរួចខ្លួនទេ។ បើមានការសង្ស័យគឺគេឃាត់មនុស្សនោះ ចូលទៅក្នុងបន្ទប់ធ្វើការត្រួតពិនិត្យភ្លាម។

អញ្ចឹងទេ សុំប្អូនប្រុស និងក្មួយស្រី ដែលធ្វើដំណើរមកពីប្រទេសចិន ហើយបង្ហោះតាមហ្វេសប៊ុកនោះ សុំត្រឡប់ទៅពិនិត្យមើលឱ្យបានច្បាស់ ក្រែងលោថាខ្ញុំភូត ឬក្រសួងសុខាភិបាលភូត។ យើងមានការទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ពលរដ្ឋយើង។ ឯកឧត្តម ម៉ម ប៊ុនហេង ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានម្ចាស់ការដាក់(ម៉ាស៊ីន scan) តាំងពីមុនអង្គការសុខភាពពិភពលោកបានប្រកាសចេញនូវជំងឺនេះម្ល៉េះ។ យើងបានធ្វើកិច្ចការនេះតាំងពីឆ្នាំ ២០០៣ មក។ នេះជាចំណុចពិសេស ដែលយើងធានាបានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់យើង។ សង្ឃឹមថាពលរដ្ឋរបស់យើងមានជំនឿទុកចិត្តទៅលើការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ទៅលើការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលរបស់យើង។

សុំអរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុក​ដាក់ប្រយុទ្ធនឹងជំងឺនេះ តាមរយៈការត្រួតពិនិត្យហ្មត់ចត់ដោយមន្ត្រីចត្តាឡីស័ករបស់យើង នៅតាមច្រកចេញចូល មិនគ្រាន់តែច្រកព្រលានយន្តហោះទេ ច្រកទ្វារផ្លូវគោកទាំងអស់ និងផ្លូវទឹក សុទ្ធតែមានការដាក់នូវម៉ាស៊ីន scan កំដៅ … យើងមានម៉ាស៊ីន scan (ដែលពេល)ដើរឆ្លងកាត់ អ្នកកុងត្រូលនៅខាងក្នុង(បន្ទប់) ហើយមានថតរូបនៅទុកចោលនៅកន្លែងហ្នឹងទៀត ដើម្បីចៀសវាងថា ឃើញហើយស្រាប់តែមនុស្សហ្នឹងគេចទៅខាងណាបាត់។ អញ្ចឹងគេអាចឃើញរូបភាពមនុស្សថតនៅទីនោះស្រាប់។ នេះជាការបញ្ជាក់បន្ថែម។

[ចប់ការអធិប្បាយ ៦]

២. វិធានការជួយវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និង​កាបូប

វិស័យកាត់ដេរក៏ទទួលនូវផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺខូវីដ-១៩ នេះផងដែរ ដោយសារ​រោងចក្រនៅប្រទេសចិនភាគច្រើនមិនទាន់បើកដំណើរការពេញលេញនៅឡើយ ដែលធ្វើឱ្យការផ្គត់ផ្គង់ទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផង មានភាពយឹតយ៉ាវ ហើយប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ការផលិត។ មកដល់ពេលនេះ មានរោងចក្រមួយចំនួនតូចបានចាប់ផ្តើមគិតគូរពីការព្យួរសកម្មភាពផលិត កម្ម សម្រាប់រយៈពេលខ្លី។ ទន្ទឹមនេះ ការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA ក៏នឹងបង្កផលប៉ះពាល់ខ្លះទៅលើការផលិតរបស់រោងចក្រមួយចំនួនតូចដែរ។ ហេតុនេះ ដូចវិស័យទេសចរណ៍ដែរ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការមួយចំនួនសមា្រប់ជួយគាំទ្រដល់វិស័យនេះ ដែលជាគោលការណ៍ វិធានការទាំងនោះ ត្រូវបានរៀបចំសំដៅជួយទាំងរោងចក្រ-សហគ្រាស និងកម្មករ-និយោជិត ដែលទទួលផលប៉ះពាល់ ទាំងពីជំងឺខូវីដ-១៩ និងទាំងពីការព្យួរ EBA។

ជាមួយគោលដៅខាងលើ ខ្ញុំសូមជម្រាបជូននូវបណ្តាវិធានការសមា្រប់ជួយដល់រោងចក្រ-សហគ្រាស ដែលទទួលរងផលប៉ះពាល់ពីការខ្វះវត្ថុធាតុដើម និងពីការព្យួរ EBA ដូចខាងក្រោម៖

ទី១.  ពិនិត្យផ្តល់ជូនការលើកលែងពន្ធ (Tax holiday) អាចពី ៦ ខែ ទៅ ១ ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែង​លើរោងចក្រនីមួយៗ ដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និងការព្យួរ EBA (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្ត និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ)

ទី២.  អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខ- ភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម

ទី៣.  សម្រាប់រោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០% នៃប្រាក់ខែអប្បបរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា)។

[ផ្ដើមការអធិប្បាយ ៧]

បានសេចក្តីថា ព្យួរក្នុងមួយរយៈ។ កម្មករត្រូវទទួលពីរោងចក្រ នូវប្រាក់ខែអប្បបរមានៃប្រាក់ខែ ១៩០ ដុល្លារ គឺទទួលបាន ៤០%។ រាជរដ្ឋាភិបាលនឹងជួយបន្ថែមទៅឱ្យកម្មករ/ការិនី ២០% ទៀត។ ដូច្នេះកម្មករ/ការិនី នឹងទទួលបាននូវបៀវត្សរ៍ប្រមាណជា ៦០% ប្រហែលជាខ្ទង់ ១២០ ដុល្លារអាមេរិកផងដែរ។

[ចប់ការអធិប្បាយ ៧]

ដើម្បីបានទទួលនូវការឧបត្ថមនេះ ក្មួយៗជាកម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី ១ ទៅ ២​ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស

ទី៤.  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយសមាគមរោងចក្រកាត់ដេរ   កម្ពុជា (GMAC) និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីលទ្ធផលការងាររបស់ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC)» ដើម្បីឱ្យអ្នកបញ្ជាទិញបានដឹងថា ទំនិញពីកម្ពុជាមានការគោរពនូវសិទ្ធិមនុស្ស សិទ្ធិការងារ មានលក្ខខណ្ឌការងារល្អប្រសើរ និងមិនមានការប្រើប្រាស់ពលកម្មកុមារ។

សម្រាប់វិធានការជួយដល់ក្មួយៗជាកម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារថ្មីបាន ឬចង់ផ្លាស់ប្តូរការងារនាពេលអនាគត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជូនដល់ក្មួយៗ ដែលរួមមានដូចខាងក្រោម៖

ទី១.  ផ្តល់សេវាជួយរកការងារឱ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ដែលអាចជួយជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស

ទី២.  បណ្តុះបណ្តាលជំនាញទន់ (Soft skills) រយៈពេលខ្លីពី ១ ដល់ ២ សប្តាហ៍ ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន

ទី៣.  បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្តល់ភាពងាយស្រួល ក្នុងការរកការងារធ្វើ ក្នុងវិស័យមិនមែនកាត់ដេរ

ទី៤.  ផ្តល់ជូនដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ (៤ ខែសម្រាប់ការបណ្ដុះបណ្តាល និង ២ ខែ សម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន)។

[ផ្ដើមការអធិប្បាយ ៨]

ពេលបាត់បង់ការងារ សូមកម្មករ/ការិនីចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានបៀវត្សរ៍រយៈពេល ៦ ខែ

ចំណុចនេះ ក៏សូមបញ្ជាក់ជូនផងដែរថា នៅពេលដែលក្មួយៗបាត់បង់ការងារធ្វើ ក្មួយៗត្រូវទៅចូលរួមនូវការបណ្ដុះបណ្តាល។ នៅពេលក្មួយៗទទួលនូវការបណ្ដុះបណ្ដាលនោះ ក្មួយៗនឹងទទួលបាននូវប្រាក់បៀវត្ស ១២០ ដុល្លារក្នុងមួយខែ រយៈពេល ៦ ខែ។ ក្នុងរយៈពេល ៦ ខែនេះ ក្មួយៗត្រូវទទួលបានការបណ្ដុះបណ្ដាលរយៈពេល ៤ ខែ ដោយទទួលបានបៀវត្សរ៍ ១២០ ដុល្លារ។ ឯ ២ ខែផ្សេងទៀត ស្មើនឹង ២៤០ ដុល្លារ គឺសម្រាប់ក្មួយៗ ចាយវាយនៅមុនពេលដែលក្មួយៗ រកការងារធ្វើបាន។

កម្ពុជាបានប្រុងប្រៀបថា មិនមានការវិលត្រឡប់នៃ EBA ហើយក៏កុំរង់ចាំខ្មោចរស់ឡើងវិញ

ចំណុចនេះ គេអាចឃើញហើយថា កម្ពុជាបានបម្រុងទុកថា នឹងមិនមានការវិលត្រឡប់នៃ EBA ដែល EU បានព្យួរនោះទេ។ សូមបញ្ជាក់ជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជា ​ឱ្យបានជ្រាបថា កម្ពុជានឹងមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០% នោះទេ។ នេះជាការឆ្លើយតបបញ្ជាក់យ៉ាងច្បាស់ ហើយសូមកុំមកធ្វើចលនាអ្វីទាល់តែសោះ។ អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏សូមកុំសង្ឃឹមថា ខ្មោចដែលវាងាប់ទៅហើយនោះ អាចរស់ឡើងវិញបាន។ កម្ពុជាបានត្រៀមស្មារតី អំពីការបាត់បង់ EBA (ដែលពេលនេះ បាត់)ប្រមាណជា ២០% (ឯ)៨០% ទៀត យើងនាំចូលធម្មតា។ ២០% ត្រូវបង់ពន្ធ​ឱ្យគេ។

កម្ពុជាមិនយកច្បាប់ និងអធិបតេយ្យ ទៅដោះដូរជាមួយភាពអនុគ្រោះ ២០% មកវិញទេ

ខ្ញុំបញ្ជាក់លើចំណុចនេះ កម្ពុជាមិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះ ២០% ត្រឡប់មកវិញទេ។ អ្នកសម្រេចក៏សម្រេចទៅចុះ ហើយ ហ៊ុន សែន មិនស្នើសុំឱ្យមានការយោគយល់ថា បោះឆ្នោតជំទាស់ ឬបោះឆ្នោតប្រឆាំងស្អីទេ សូមអនុវត្តចុះៗ។ ប៉ុន្តែ អ្នកត្រូវតែយល់ថា កម្ពុជាកំពុងដើរទៅលើផ្លូវ ដែលខ្លួនបានជ្រើសរើសរួចមកហើយ។ អ្នកវិភាគ មាស នី ក៏ដូចអ្នកដទៃទៀត សូមអ្នកឯងចាំឱ្យបានច្បាស់ ចិត្តរបស់អ្នកឯងចង់យកអធិបតេយ្យខ្មែរទៅដោះដូរ។ យើងមិនអាចតាមអ្នកឯងបានទេ សូមចាំទុក។ នេះជាប្រទេសមួយឯករាជ្យ និងអធិបតេយ្យ។ បើច្បាប់របស់ខ្លួនមិនអាចអនុវត្តបាន តើធ្វើជាប្រទេសធ្វើអី?

ដំណើរការ​ផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្ត អត់មានថយក្រោយ

… ក្មួយៗទាំងឡាយ ជាកម្មករ/ការិនី សូមកុំបារម្ភ។ រាជរដ្ឋាភិបាលមានសមត្ថភាពដើម្បីនឹងទទួលខុសត្រូវ។ ៨០% បន្តការងារនាំចូលធម្មតា អា ២០% បង់ពន្ធឱ្យគេទៅ។ បើយោងទៅលើការគិតគូរ ក្នុងចំណោមទំនិញដែលយើងបាននាំចេញទៅសម្រាប់អឺរ៉ុប ដកអង់គ្លេសចេញ ចំនួនដែលយើងត្រូវបង់ពន្ធប្រហាក់ប្រហែលជាក្រោម ១០០ លានដុល្លារ ឬជុំវិញ ១០០ លានដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ គ្មានរឿងត្រូវយកអធិបតេយ្យទៅដោះដូរជាមួយ ១០០ លានដុល្លារនោះទេ។ សូមចាំឱ្យច្បាស់អំពីចំណុចនេះ។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា យើងមានការទទួលខុសត្រូវចំពោះជាតិរបស់យើង។ មិនអាចទុកឱ្យអ្នកដែលបំផ្លាញជាតិ បានរួចខ្លួនទាល់តែសោះហើយ​។ ដំណើរការ​ផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្ត អត់មានថយក្រោយទេ។

អ្នកទាមទារឱ្យធ្វើតាមអឺរ៉ុប បើចង់ចាកចេញពីស្រុកខ្មែរក៏ចាកចេញទៅចុះ

រឿងនេះគឺជារឿងច្បាប់របស់អ្នក។ អ្នកអនុវត្តចុះ។ ឯច្បាប់របស់យើងខ្ញុំ យើងខ្ញុំត្រូវតែអនុវត្ត។ ដូច្នេះ មិនអាចលាយឡំគ្នាបានទេ។ នៅប្រទេសថៃ​ ក៏ទើបនឹងមានរំលាយគណបក្សនយោបាយមួយ ដែលមានអាសនៈនៅក្នុងសភា ហើយហាមឃាត់អ្នកធ្វើនយោបាយរហូតទៅដល់ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីអកុសលសម្រាប់កម្ពុជា?។ ល្អ។ បានជាជ្រុលធ្វើហើយ យើងត្រូវហ៊ានលេងល្បែងមួយនេះ ដើម្បីការពារនូវឯករាជ្យ និងអធិប​តេយ្យ​ជាតិរបស់យើង។ អញ្ចឹង ត្រូវស្ដាប់ឱ្យបានច្បាស់។ អ្នកឯងយល់ថា​ ឱ្យយើងធ្វើតាមការទាមទាររបស់គណៈ​​កម្មការអឺរ៉ុប ខ្ញុំមិនអាចធ្វើតាមអ្នកឯងបាន … អ្នកឯងចង់ចាកចេញពីស្រុកខ្មែរក៏ចាកចេញទៅចុះ បើអ្នកឯងមិនពេញចិត្តនៅ។ យើងគ្មានសិទ្ធិដេញអ្នកឯងទេ ក៏ប៉ុន្តែ បើអ្នកឯងយល់ថា ប្រទេសនេះមិនសមស្របដើម្បីនឹងអ្នកឯងរស់នៅ អ្នកឯងអាចចេញទៅរស់នៅក្រៅប្រទេស ព្រោះខ្មែរយើងរស់នៅក្រៅប្រទេស ចង់មករស់នៅក្នុងស្រុក ក៏យើងមិនដែលហាមឃាត់ ចង់ទៅនៅក្រៅប្រទេសក៏យើងមិនដែលហាមឃាត់ …។

កម្ពុជានាំចេញសរុប ១៤ ពាន់លាន, នាំចេញទៅអឺរ៉ុបតែ ៤ ពាន់លាន, ត្រូវបង់ពន្ធតែជាង ១ ពាន់លាន

ទំហំនាំចេញរបស់យើង គឺប្រមាណជា ១៤ ពាន់លាន ក្នុងនោះ យើងនាំចេញទៅសហភាពអឺរ៉ុបប្រមាណជិត ៤ ពាន់លាន (ឯ)ជាង ១០ ពាន់លានផ្សេងទៀត យើងនាំចេញទៅប្រទេសផ្សេង។ ក្នុងទំហំប្រមាណ ៤ ពាន់លាន នាំចេញទៅអឺរ៉ុប គឺតម្រូវឱ្យមានការបង់ពន្ធជាង ១ ពាន់លានតែប៉ុណ្ណោះ បើសិនជាយើងដកអង់​គ្លេស ដែលបានចាកចេញពីអឺរ៉ុបរួចហើយ។ ក្នុងចំណោមទំហំនាំចេញទៅអឺរ៉ុប ទំហំនាំចេញទៅអង់គ្លេសច្រើនជាងគេ មានទំហំប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក។

កម្ពុជាមិនថយក្រោយលើការកាត់ក្ដីចំពោះជនក្បត់ជាតិ ឬអ្នកដែលទទួលនូវទណ្ឌកម្មទេ

… ថ្ងៃនេះជូនសារជាក់លាក់ច្បាស់លាស់ថា កម្ពុជាមិនថយក្រោយលើការកាត់ក្ដីចំពោះជនក្បត់ជាតិ ឬអ្នកដែលទទួលនូវទណ្ឌកម្មទេ។ អ្នកឯងត្រូវតែច្បាស់។ អ្វីដែលអ្នកឯងបានធ្វើ អ្នកឯងត្រូវចាំ។ អ្នកឯងយកថ្ងៃទី ២៩ ខែ ធ្នូ ២០១៣ គឺជាថ្ងៃផ្តាច់ព្រ័ត្រក្នុងការផ្តួលរំលំ។ បន្ទាប់ពីអ្នកឯងប្តេជ្ញាទៅលើរឿងនេះហើយ ហិង្សាបានកើតឡើងនៅផ្លូវវេងស្រេង​ ចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ ម​នុស្សប៉ុន្មាននាក់បានស្លាប់? ទ្រព្យសម្បត្តិសាធារណៈ និងឯកជន តើអ្នកណាត្រូវសង? អ្នកឯងត្រូវតែទទួលនូវទណ្ឌកម្មបែបនេះ។ មិនអាចលើកលែងបានទេ។ ដូច្នេះ ប្រទេសនីតិរដ្ឋមួយ នៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ យើងត្រូវមានការទទួលខុសត្រូវចំពោះមុខប្រជាជាតិរបស់យើង។

សង្ឃឹមថា បណ្ដាបក្សនយោបាយ(ក្នុងឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់) មានគំនិតដូចខ្ញុំដែរ

… សង្ឃឹមថា បណ្ដាបក្សនយោបាយដែលនៅទីនេះ ក៏មានចិត្តគំនិតដូចខ្ញុំនេះដែរ។ ខ្ញុំជឿយ៉ាងដូច្នេះ​។ នៅទីនេះ មិនមែនមានតែគណបក្សនយោបាយមួយ ដែលត្រូវរំលាយទេ។ យើងមានគណបក្សនយោបាយចុះបញ្ជីនៅក្រសួងមហាផ្ទៃរហូតទៅដល់ជាង ៤០ … ឯចូលរួមបោះឆ្នោតឆ្នាំ ២០១៨ មាន ២០ គណបក្សនយោ​បាយ​។ ឥឡូវនៅទីនេះ ១៦ គណបក្សនយោបាយអង្គុយជាមួយគ្នា ធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្រ្តី ជាមួយរាជរដ្ឋាភិបាលផ្ទាល់តែម្តង។ សិទ្ធិអំណាចនេះ វាធំជាងសមាជិកសភានៃបក្សប្រឆាំងនៅក្នុងសភាឯណោះ ដែលមិនមែនមកអង្គុយ ហើយនិយាយជាមួយនឹងនាយករដ្ឋមន្រ្តីដោយត្រង់ ហើយរដ្ឋមន្រ្តីនានាត្រូវឡើង​មកធ្វើរបាយការណ៍ និងបទបង្ហាញ ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះទេ។

អធិបតេយ្យរបស់កម្ពុជាមិនត្រូវបានយកទៅធ្វើការចរចាទេ

… នេះជាសារ ហើយជាការប្តេជ្ញាច្បាស់លាស់ថា យើងហ៊ានស៊ីហ៊ានសងនៅទីកន្លែងនេះ។ មិនត្រឹមតែ ២០% ទេ បើគេចង់យក ១០០% គឺជារឿងរបស់គេ ព្រោះយើងមិនអាចយកច្បាប់របស់យើង យកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយភាពអនុគ្រោះណាទាំងអស់។ ចាប់តាំងពីពេលដែលខ្ញុំប្រកាសរហូតមកដល់ពេលនេះ យើងនៅតែប្រកាន់ជំហរបែបនេះ។ យើងអត់ទៅមានចលនាស្នើសុំដើម្បីឱ្យផ្ដល់ត្រឡប់មកវិញ នៅថ្ងៃទី ១២ ខែ សីហា ដែលជាថ្ងៃចាប់ផ្ដើមអនុវត្តការព្យួរនោះទេ។ យើងមិនសុំទេ។ ខ្ញុំក៏សូមជម្រាបថា អធិបតេយ្យរបស់កម្ពុជាមិនត្រូវបានយកទៅធ្វើការចរចាទេ។ តិចថាមកចរចាជាមួយកម្ពុជា សុំឱ្យតុលាការលើកលែងការចោទប្រកាន់ សុំឱ្យតុលាការធ្វើបែបនេះបែបនោះ ឬសុំឱ្យនាយករដ្ឋមន្រ្តីធ្វើការលើកលែងទោស ដើម្បីដោះដូរជាមួយជំនួយ។ អត់ទេ។ នោះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ចង់ធ្វើក៏ធ្វើ មិនចង់ធ្វើ អាហ្នឹងរឿងរបស់ខ្ញុំ។ បើអ្នកឯងបានជាជ្រុលដល់ដំណើរប៉ុណ្ណឹងហើយ ខ្ញុំក៏ត្រូវតែហ៊ានប្ដូរផ្តាច់ ដើម្បីធ្វើនូវការងារទាក់​ទងនឹងការការពារឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជាផងដែរ។ មិនមែនជារឿង ហ៊ុន សែន តែម្នាក់ឯងនោះទេ។ នេះជាការនិយាយបន្ថែមដើម្បីបញ្ជាក់ឱ្យឃើញ នៅទីនេះ ជាការប្រុងប្រៀប ម្ខាង(ដើម្បីផលប៉ះពាល់ពី) ខូវីដ-១៩ តែម្ខាងទៀត(ពី) EBA។ បានត្រៀមខ្លួន។

[ចប់ការអធិប្បាយ ៨]

៣. វិធានការទ្រទ្រង់កំណើន

បន្ថែមពីវិធានការរយៈពេលខ្លី ដែលបានដាក់ចេញសម្រាប់ជួយដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិធានការជួយដល់កម្មករ-និយោជិត រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យសំណង់ និងអចលនទ្រព្យ។ រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយសហគ្រាសធុនតូច និងមធ្យម ឱ្យទៅជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

ទី១.     រៀបចំបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយ ដើម្បីជំរុញ និងអភិវឌ្ឍសហគ្រាស​ធុនតូច និងមធ្យម ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៅក្រោមការដឹកនាំផ្ទាល់របស់ប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ នឹងដាក់ចេញនូវវិធានការជាក់ស្តែងពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមដានការអនុវត្ត និងស្នើដាក់ចេញនូវវិធានការកែសម្រួល តាមការចាំបាច់

ទី២.    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជំរុញការដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ឱ្យបានឆាប់

ទី៣.    រៀបចំជាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកតាមរយៈធនាគារអភិវឌ្ឍជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានដូចជា ការដាំបន្លែ ការចញ្ចឹមសត្វ និងការចិញ្ចឹមត្រី ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះ មានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង

ទី៤.     រៀបចំយន្តការចូលរួមធ្វើសហហិរញ្ញប្បទាន (Co-financing) និងចែករំលែកហានិភ័យ (Risk sharing) ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលមានដើមទុនរួចហើយ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជនានា​ សំដៅជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកម្មន្តសាល​ និងសិប្បកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬផ្ដល់ជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ។ យន្តការនេះ នឹងមានរយៈពេលមួយឆ្នាំ ហើយនឹងផ្តល់នូវឥណទានក្នុងអត្រាការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម

ទី៥.     លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាងប្រាំពីរម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ១ ឆ្នាំ  ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយ​រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

[ផ្ដើមការអធិប្បាយ ៩]

សហគ្រាសធុនតូច និងមធ្យម ដើរតួរនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច

ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្តិច ទី១ ទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម។ នៅប្រទេសរបស់យើង បើនិយាយពីសហគ្រាស​ធុន​តូច និងមធ្យម គឺនៅមានសក្ដានុពលច្រើនណាស់។ បើយើងទៅមើលការតាំងពិព័រណ៌ផលិត​ផល​ក្នុង​ស្រុក ផលិតផលរបស់យើងពិតជាមានច្រើន ហើយផលិតផលទាំងអស់នោះពិតជាមានលទ្ធ​ភាព ដើម្បីពង្រីកកាន់តែធំ។ ផលិតផលទាំងនោះ មួយផ្នែកជំនួសឱ្យការនាំចូល​ តែ​មួយផ្នែកទៀតក៏សំរាប់ការនាំចេញដែរ​ ដោយយើងមិនពឹងពាក់តែលើវិស័យកាត់ដេរ ដែលនាំទៅដល់​ការ​ដែលគេរឹតបន្ដឹងទៅលើបញ្ហានេះ/នោះ។ សេដ្ឋកិច្ចកម្ពុជាត្រូវតែសម្បូរបែប​។ អញ្ចឹង អ្វីដែលយើង​ត្រូវធ្វើ (គឺ)លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម ដើរតួរនាទីជាឆ្អឹងខ្នង នៃ​សេដ្ឋកិច្ចរបស់​ប្រទេសរបស់យើង​។ វត្ថុធាតុដើមក្នុងប្រទេសរបស់យើងមានច្រើនណាស់ ដែលយើងអាចកែច្នៃ​វា​ សម្រាប់ផ្គត់ផ្គង់ក្នុងឱ្យស្រុក ជំនួសការនាំចូល​ និងសម្រាប់ការនាំចេញ ដែលយើងត្រូវយកការ​គាំទ្រ​លើ​បញ្ហានេះ។

លើកលែងពន្ធប្រថាប់ត្រា សម្រាប់ការទិញផ្ទះតម្លៃ ៧ ម៉ឺនដុល្លារចុះ

ឯមួយទៀត​ សុំឱ្យអ្នកដែលមានប្រាក់កាស ខិតខំទៅទិញ​(ផ្ទះ) បានសេចក្ដីថា ពន្ធប្រថាប់ត្រាត្រូវលើកលែង​សម្រាប់លំនៅដ្ឋាន ដែលមានតម្លៃចាប់ពី ៧ ម៉ឺនដុល្លារ ចុះក្រោម។ ឥឡូវនេះ មានផ្ទះដែលគេ​ហៅថាតម្លៃសមរម្យ លក់ឱ្យមន្ដ្រីរាជការវាមិនអស់។ ឥឡូវត្រូវបើកលក់ឱ្យប្រជាជន​ថែមទៀត​។ ឥឡូវ មានផ្ទះដែលមានតម្លៃ ១០,  ២០, ៣០ ម៉ឺនដុល្លារឡើង តែក៏មានអាផ្ទះ ៥ ឬ ៦ ម៉ឺនដុល្លារ។ ដូច្នេះទៅទិញ​ វាអត់មានជាប់ពន្ធទេ​។ យើងធ្វើយ៉ាងនេះ សំដៅឱ្យអ្នកធ្វើអចលនទ្រព្យដែលមានតម្លៃសមរម្យ តម្លៃថោកនោះ រួមជា​មួយនឹងអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះ​បានថោក ដោយមិនចាំបាច់មានការបង់ពន្ធ​ …។

[ចប់ការអធិប្បាយ ៩]

អ្វីដែលខ្ញុំបានរៀបរាប់ពីខាងលើនេះ គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យ          សំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ-និយោជិត ដែលរងផលប៉ះពាល់ នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ។​ ដូចបានជម្រាបជូនខាងលើនេះ គឺជាកញ្ចប់នៃវិធានការជុំទីមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀត ស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្តែង។ ទន្ទឹមនេះ ខ្ញុំក៏បានណែនាំឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្នើឡើងនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ថ្មីបន្ថែមទៀត សម្រាប់ខ្ញុំពិចារណា និងពិនិត្យសម្រេចដាក់ឱ្យអនុវត្ត ដែលខ្ញុំគ្រោងនឹងប្រកាសនៅក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ នាថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ ដោយរាប់បញ្ជូលនូវវិធានការបន្ថែមសម្រាប់ដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺខូវីដ-១៩ ក្នុងករណីចាំបាច់ វិធានការកែលម្អភាពប្រកួតប្រជែងរបស់កម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង ពិសេស តាមរយៈការលើកកម្ពស់ផលិតភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងវិធានការសំដៅដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងតាមវិស័យ និងអនុវិស័យសំខាន់ៗ សម្រាប់រយៈពេលមធ្យមខាងមុខ ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម ជាដើម។

[ផ្ដើមការអធិប្បាយ ១០]

អញ្ជើញសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ចូលរួមវេទិការាជរដ្ឋាភិបាល និងវិស័យ​ឯកជន

នៅក្នុងបញ្ហានេះ ខ្ញុំក៏សូមស្នើឱ្យវេទិការបស់យើង ​អញ្ជើញប្រធានគណបក្សនយោបាយ​ ដែល​ជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ចូលរួមក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យ​ឯកជន ដើម្បីយើងអាច​នឹងយល់ដឹងអំពីវេទិកានេះ​ ដែលយើងបានធ្វើច្រើនលើករួចមកហើយ​ … លើក​នេះគឺលើកទី ១៩ ហើយពេលនោះ យើងនឹងប្រកាសចេញនូវកញ្ចប់វិធានការថែមទៀត ដើម្បី​ដោះ​ស្រាយបញ្ហាផលប៉ះពាល់ជាមួយសភាពការណ៍។ ជាពិសេស ផលប៉ះពាល់ពី​ជំងឺ ខូវីដ-១៩ ​ហើយក៏ត្រៀមដោះស្រាយផលប៉ះពាល់ដែលចេញមកពី ២០% នៃ EBA។ មិនមែន ២០% នៃ​សេដ្ឋ​កិច្ចរបស់ប្រទេសទាំងមូល​ ការនាំចេញទាំងមូលទេ។ ២០% ដែលគេត្រូវឱ្យយើងបង់ពន្ធ និយាយគ្នាឱ្យ​ច្បាស់។ កុំច្រឡំ មួយបាត់ផ្សារ ២០% មួយទៀតគ្រាន់តែយើងត្រូវបង់ពន្ធឱ្យគេ ទំនិញ ២០% ហ្នឹង​ ហើយក្រៅពីនោះគឺនៅធម្មតា។

[ចប់ការអធិប្បាយ ១០]

ជាទៅបញ្ចប់​ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ វិនិយោគិន ធុរជន អាជីវករ និងក្មួយៗកម្មករ-និយោជិតទាំងអស់គ្នា សូមមានស្មារតីនឹងនរ មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តកិច្ចការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃជាធម្មតា ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការធ្វើធុរកិច្ច ក៏ដូចជាក្នុងការបំពេញការងារ និងចូលរួមអនុវត្តនូវវិធានការទាំងអស់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញមកនេះ ប្រកបដោយស្មារតីទទួល​ខុសត្រូវខ្ពស់ ស្មារតីប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្មារតីស្រឡាញ់ និងជួយយកអាសារគ្នាក្នុងគ្រាលំបាក ស្មារតីស្រឡាញ់ជាតិមាតុភូមិ ស្មារតីយកឈ្នះឱ្យបានលើរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខ ស្មារតីជឿជាក់ថា កម្ពុជានឹងខ្លាំងជាងពេលមុនៗ នៅពេលឆ្លងផុតពីបញ្ហាប្រឈមទាំងនេះ និងស្មារតីជឿជាក់លើអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ជំនាន់ទៅមុខទៀត ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលយើងខិតខំសម្រេចបានមកដោយលំបាកលំបិន ជាមួយនឹងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...