សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក-ជិកានៃអង្គសន្និបាត ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួង មហាផ្ទៃ និងសូមគាំទ្រចំពោះរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ ដែលទើបតែកន្លងផុតទៅ និងទិសដៅការងារឆ្នាំ ២០២០ ដែលបានពិភាក្សាឯកភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងសន្និបាតដ៏មានសារៈសំខាន់នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, កងកម្លាំងនគរបាលជាតិ, មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន រួមមាន៖
១· កងកម្លាំងនគរបាលជាតិ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងអនុវត្តច្បាប់នានា, ឤជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន បានរួមគ្នារក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសគឺការខិតខំរួមគ្នាគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន, រាំងស្កាត់ទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការបង្កចលាចលវឹកវរក្នុងសង្គមតាមបែបផែននៃបដិវត្តពណ៌, បានទប់ស្កាត់ទាន់ពេលវេលានូវសកម្មភាពភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ស្របពេលដែលនិន្នាការទាំងអស់នេះ កំពុងមានការកើនឡើង, ទាំងក្នុងតំបន់ និងពិភពលោក។
២· ចំពោះវិធានការបង្ការ, បង្ក្រាបគ្រឿងញៀនខុសច្បាប់ តាមរូបភាពផ្សេងៗ នៅក្នុងប្រទេសយើងទទួលបាន លទ្ធផលគួរជាទីមោទនៈ ខណៈដែលនិន្នាការនៃការផលិត, ការចរាចរ និងការចែកចាយគ្រឿងញៀន ក្នុងតំបន់ និងក្នុងពិភពលោក កំពុងរីកដុះដាលគួរឱ្យព្រួយបារម្ភ។
៣· កងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ, ឤជ្ញាធរ, កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ មានកិច្ចសហការល្អ, ខិតខំថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែន ការធ្វើពាណិជ្ជកម្ម ការផ្លាស់ប្តូរទំនិញ ការឆ្លងកាត់ព្រំដែន, ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវឤកាស រួមគ្នា ពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ជាមួយនឹងការត្រួតពិនិត្យគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព។
៤· មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារគ្រប់គ្រងអត្តសញ្ញាណកម្មបុគ្គល, ការកសាងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការគ្រប់គ្រងរដ្ឋបាលដែនដី ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ និងការធានានូវសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍ស្របច្បាប់របស់បុគ្គលក្នុងសង្គម។
៥· បាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានកិច្ចសហការល្អជាមួយកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងការចូលរួមគាំទ្រពីក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្ទេរធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់ សម្រាប់ដំណាក់កាលចាប់ពីឆ្នាំ ២០២០ នេះ រហូតដល់ឆ្នាំ ២០២៣ ដើម្បីបង្កើនលទ្ធភាព និងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ, ជាមួយនឹងការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅគ្រប់កម្រិត, ទាំងនៅបណ្ឌិតសភានគរបាលកម្ពុជា និងការបង្កើតឱ្យមានសាលាជាតិរដ្ឋបាលមូលដ្ឋាន សំដៅអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យបានសមស្របទៅនឹងការវិវត្តរីកចម្រើនរបស់សង្គម។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃបានខិតខំពុះពារសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើនទៀត ដូចជាការងារសម្របសម្រួលដល់ការបង្កើត និងការចុះបញ្ជីគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ការគ្រប់គ្រងពន្ធនាគារ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការចូលរួមដោះស្រាយបញ្ហាប្រឈមតាមវិស័យនានា ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។
បញ្ហាប្រឈមសកលនៅឆ្នាំ ២០២០ នេះ គឺពិតជាមានភាពស្មុគ្រស្មាញ ទាំងការប្រែប្រួលឤកាសធាតុ, អំពើភេរវកម្ម, បញ្ហាជនភៀសខ្លួន, ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងថ្មីៗនេះ គឺការផ្ទុះឡើងនៃមេរោគ ខូវីដ-១៩ បាន និងកំពុងជះឥទ្ធិពល, ទាំងការឆ្លងមេរោគ និងជំងឺភ័យខ្លាច ដល់តំបន់ជាច្រើន នៅក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ទន្ទឹមនេះ ក៏មានការឆ្លៀតឱកាសប៉ុនប៉ងធ្វើបដិវដ្តពណ៌ និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាព ដែលកំពុងមាន និងដែលរកបានមកដោយលំបាក។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ ៤ ដែលត្រូវពុះពារសម្រេចឱ្យបាន គឺ៖
ទី១· បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យជាតិ និង បូរណភាពទឹកដី, សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាននៅកម្ពុជា។
ទី២· បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព អត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិយើង។
ទី៣· បន្តអប់រំប្រជាជនឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយនៅកម្ពុជា ត្រូវពង្រឹង និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងស្មើភាពគ្នា។
ទី៤· លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ដើម្បីកម្ពុជាដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងឡាយ នៅឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវគោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចខាងក្រោម៖
ទី១· ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និងការប្រកបឤជីវកម្មនៅកម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទី២· គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យ កាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជាជនចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ៘
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]
គោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព»
ចំណុចនេះ ព្រឹកមិញខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ លើការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង នៅទីនេះ ដែលផ្សាយតាមហ្វេសប៊ុកផេករបស់ក្រសួងមហាផ្ទៃ និងដោយហ្វេសប៊ុកផេកមួយចំនួន។ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៅលើបញ្ហាការអនុវត្ដនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព»។ ខ្ញុំចង់ឱ្យចលនានេះក្លាយជាចលនារួមរបស់យើងទាំងអស់គ្នា ហើយកិច្ចការស្នូលរបស់យើង ក្នុងដំណើរទៅមុខនេះ គឺត្រូវប្រមូលផ្ដុំធ្វើយ៉ាងម៉េច អនុវត្ដឱ្យបានល្អបំផុតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ព្រឹកមិញមានការណែនាំដោយសម្ដេចក្រឡាហោម ស ខេង ថា វេទិកាថ្នាក់ក្រោមជាតិ និងវេទិកាសាធារណៈរបស់ថ្នាក់ក្រោមជាតិ គឺត្រូវផ្ដោតអារម្មណ៍ទៅលើបញ្ហាទាក់ទងជាមួយនឹងបញ្ហា«ភូមិឃុំមានសុវត្ថិភាព»នេះ។ វាមិនលើសពីកម្រិតសមត្ថិភាព ដែលអស់លោកអាចធ្វើបានទេ។ ចាប់យកអាហ្នឹងមកធ្វើជាចំណុចស្នូល មកធ្វើជារបៀបវារៈ នៃវេទិកាសាធារណៈតែម្ដងទៅ រួចហើយយើងអនុវត្ដអាហ្នឹង។ គ្មានឧក្រិដ្ឋកម្មណាមួយដែលវាមិនបានកើតឡើងនៅទឹកដីភូមិនោះទេ។ ទីតាំងមជ្ឈិមក៏ដោយ ទីតាំងខេត្ដក៏ដោយ ទីតាំងស្រុកក៏ដោយ ទីតាំងឃុំក៏ដោយ វានៅនឹងភូមិនោះឯង។ ដូចជាទីកន្លែងដែលយើងកំពុងនៅនេះ វាស្ថិតនៅភូមិណាមួយនោះរបស់សង្កាត់ហ្នឹងឯង។
នេះជាចំណុចស្នូលនៃការដោះស្រាយ ព្រោះវាកើតឡើង រឿងគ្រឿងញៀន ល្បែងស៊ីសង ជួញដូរមនុស្ស ហិង្សា ក៏វានៅនឹងមូលដ្ឋាន។ ដូច្នេះ បើយើងចាប់យកចំណុចនេះជាស្នូល គឺសកម្មភាពយើងមិនបែកខ្ញែកទេ មិនងាកទៅលិចបន្ដិច ទៅកើតបន្ដិច។ យើងយកអាហ្នឹងជាប្រធានបទស្នូលសំរាប់ដោះស្រាយបញ្ហាទៅមុខ។យើងបានដាក់ចេញនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ត្រឹមត្រូវហើយ ប៉ុន្ដែឥឡូវអ្វីដែលជាការនៅខ្វះ នៅត្រង់ថា យើងមិនបានក្ដាប់ជាប់កូនសោរនេះ … គេហៅថា ចាប់នេះ/នោះមិនឆ្ពោះត្រង់ណា។ អញ្ចឹងទេ ពេលយើងជជែកវែកញែកពិភាក្សាជាមួយប្រជាពលរដ្ឋ ដើម្បីរកវិធីដោះស្រាយបញ្ហានោះ វានឹងលេចឡើងនូវមតិរបស់ប្រជាពលរដ្ឋ តើគួរធ្វើបែបណា។ ពួកគាត់នឹងចូលរួមជាមួយយើង។ បើពួកគាត់មិនសហការជាមួយយើងទេ សុវត្ថិភាពពួកគាត់ក៏មិនត្រូវបានធានា ឯយើងក៏អនុវត្ដកិច្ចការរបស់យើងក៏ពិបាកដែរ។ ដូច្នេះទាល់តែមានទំនាក់ទំនងរវាង និងជាមួយនឹងពួកគាត់ ទើបយើងអាចដោះស្រាយបានបញ្ហា។
ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាយកបញ្ហានេះជាស្នូល ដើម្បីធ្វើឱ្យស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមរបស់យើងប្រសើរឡើង។ ឥឡូវ គ្រឿងញៀន វាទៅលក់នៅឯណា? វាមិនដែលលក់ក្នុងការិយាល័យរដ្ឋមន្ដ្រីមហាផ្ទៃទេ វាមិនដែលយកទៅលក់នៅក្នុងផ្ទះនាយករដ្ឋមន្ដ្រីទេ វាលក់តាមផ្ទះក្នុងភូមិហ្នឹងណា។ ប្រជាជនគាត់ដឹងរឿងរ៉ាវ។ នៅពេលដែលយើងធ្វើវេទិកាសាធារណៈជាមួយពួកគាត់ ដោយផ្ដោតលើ «ភូមិឃុំមានសុវត្ថិភាព» ក្នុងនោះ ទាញយកចំណុចមួយចំនួន ដែលទាក់ទងជាមួយនឹងអ្វីដែលជាគោលដៅប៉ុន្មាន ដែលយើងដាក់ចេញ គេហៅថាចំណុចសកម្មភាពនៃចលនា «ភូមិឃុំមានសុវត្ថិភាព» នេះ … អញ្ចឹងទេ ខ្ញុំយល់ថាវាស្ទើរតែអស់បញ្ហាទៅហើយ។ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះតទៅទៀត។ កុំឱ្យមានឧក្រិដ្ឋកម្មគ្របដណ្ដប់ទៅលើបញ្ហា ដែលប្រជាជនកំពុងទទួលបាននូវសេចក្ដីសុខ មានសុវត្ថិភាព។
ប្រជាជនមានការជឿទុកចិត្តលើគណបក្សកាន់អំណាច ដោយរក្សានូវសុវត្ថិភាព សន្តិភាពជូនពួកគាត់
សុវត្ថិភាពរបស់ពួកគាត់មានសារៈសំខាន់។ ជំនឿទុកចិត្ត។ បញ្ហានេះ ខ្ញុំយល់ស្របជាមួយនឹងការធ្វើការស្ទង់មតិកន្លងទៅ។ ការផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល មានភាគរយច្រើនណាស់ ច្រើនជាងការឆ្លើយពីបញ្ហាមិនជឿទុកចិត្ត ដូចជា ៨៦% នៃការជឿទុកចិត្តលើសមត្ថភាពគ្រប់គ្រងរដ្ឋរបស់យើង និយាយមួយបែបជំនឿទុកចិត្តលើគណបក្សប្រជាជនរបស់យើងក្នុងការរក្សាសន្ដិភាព សុវត្ថិភាពឱ្យពួកគេ។ អញ្ចឹងប្រជាជនក៏បានឃើញច្បាស់ដែរថា នៅពេលណាដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច សន្ដិភាពត្រូវបានធានា បើទោះបីពួកគាត់ក្រីក្រ សុវត្ថិភាពពួកគាត់ត្រូវបានធានា។ ត្រង់ហ្នឹងហើយដែលយើងត្រូវប្រឹងបន្ដទៀត។ បើយើងបោសសម្អាតអាហ្នឹងនៅខាងក្រោម ឧក្រិដ្ឋកម្មនានាដែលបានកើតឡើង ការភ័យខ្លាចរបស់ពួកគាត់ទៅលើចោរលួចប្លន់ ទៅលើពួកគ្រឿងញៀនស្អីៗ ហិង្សានានា ត្រូវបានកាត់បន្ថយ ជំនឿទុកចិត្តវាកើតឡើង។
ឥឡូវនេះ ប្រជាពលរដ្ឋអត់ត្រូវការពីយើងនូវសារ៉ុង ក្រមា អង្ករ អីទេ។ គាត់មាន។ ផ្នែកខ្លះគាត់ត្រូវការ។ ក៏ប៉ុន្ដែភាគច្រើនទូទៅ ប្រជាជនមិនដូចសម័យជំនាន់ជំនន់សហសវត្សរ៍ទេ ឬមុនជំនន់សហសវត្សរ៍ ដែលយើងអនុវត្តនូវគោលការណ៍អង្ករពលកម្ម(នោះទេ)។ ពេលនោះ ដោយសារតែយើងក្រ យើងអនុវត្ដគោលការណ៍អង្ករពលកម្ម។ នៅចាំបានទេ? ប៉ុន្ដែ ឥឡូវយកអង្ករពលកម្មទៅឱ្យគាត់មកជីកប្រឡាយមើល។ គាត់មកជីកទេ? គាត់អត់មកជីកទេ គាត់សុខចិត្តទៅច្រូតស្រូវឱ្យគេបានលុយច្រើនជាងអាជីកដីរែកដី។ ពីមុនមួយម៉ែត្រគូបឱ្យអង្ករគាត់តែ ៣ គីឡូទេ។ ក្រោយមកឡើង ៤ គីឡូ ហើយក្រោយមកទៅអង្គស្នួល គាត់សុំបន្ថែមត្រីខ និងអំបិល ដល់ឆ្នាំ ២០០២ ពេលដែលយើងធ្វើប្រធានអាស៊ាន ពេលនោះគ្រោះរាំងស្ងួត ប៉ុន្ដែយើងគិតមើលត្រឹមតែអង្ករត្រឹម ៣ គីឡូ ៤ គីឡូ ដូចពីមុនគាត់មិនធ្វើទេ។
ប៉ុន្ដែ អ្វីដែលគាត់ត្រូវការសំខាន់បំផុត គឺធានាសុវត្ថិភាពឱ្យពួកគាត់។ អាហ្នឹងកិច្ចការធំជាងគេតែម្ដង ត្រូវយកចិត្តទុកដាក់។ អញ្ចឹងរដ្ឋបាលថ្នាក់ ក្រោមជាតិនៅគ្រប់ទីកន្លែងទាំងអស់ ការពង្រាយកម្លាំងធ្វើរួចហើយ។ តាមរបៀបនោះ យើងទទួលបានកិច្ចសហការពីពួកគាត់ ហើយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ព្រោះជួនកាលពួកអ្នកលក់ដូរគ្រឿងញៀន ប្រជាជនអាចដឹង តែប្រជាជនមិនដឹងត្រូវទៅនិយាយជាមួយនរណា។ នេះជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ជាចំណុចស្នូលរបស់យើងជាបន្ដទៀត។ ខ្ញុំគិតថា យើងមានសមត្ថភាពធ្វើបាន។ ប្រជាជនជឿទុកចិត្តលើយើង។ យើងត្រូវបន្ដឱ្យប្រជាជនជឿទុកចិត្ត … ប្រជាពលរដ្ឋ ទោះបីនៅក្រុមប្រឆាំងក៏ដោយ ឬក៏មិនចូលគណបក្សប្រជាជនក៏ដោយ ក៏ប៉ុន្ដែ នៅពេលដែលគាត់បានទទួលសេចក្ដីសុខ ក៏គាត់ហ៊ានឆ្លើយថាគាត់ទទួលសេចក្ដីសុខ។ រាល់ថ្ងៃ ខ្ញុំមិនទាន់ងាប់ទៅណា ខ្ញុំមិនត្រូវបានគេមកយាយី ឬមករំខានដោយបញ្ហានេះ ឬបញ្ហានោះទេ។ ចំពោះអ្នកមួយចំនួនទៀត សូម្បីតែកីឡាករយើងឈ្នះមេដាយមាស ក៏គេមិនដែលអបអរសាទរមួយម៉ាត់ទេ។ កុំជឿថា ពួកហ្នឹងមកគាំទ្រយើង។ អញ្ចឹង កុំជឿគេនិយាយថា មួយរយភាគរយគេគាំទ្រយើង។ កុំជឿពួកហ្នឹង។ ព្រោះបើគេសរសើរយើង មិនស្មើនឹងគេប្រគល់សន្លឹកឆ្នោតឱ្យយើងបាត់ហើយ។ អ្វីដែលយើងធ្វើបានល្អចង់ងាប់ ដែលគេមិនសរសើរ ប៉ុន្ដែចំណុចមួយដែលជាចំណុចមិនល្អគេយកទៅពង្រីកដល់ទៅ ១០០០ … ប៉ុន្ដែដោយសារយកខ្សាច់ពូនជាដីឥដ្ឋហ្នឹងហើយដែលគេក្លាយទៅជាគ្រាប់ខ្សាច់ …។
ព្រឹកមិញ ខ្ញុំមើលការផ្សាយចេញពីហ្នឹង សម្ដេចក្រឡាហោម ឈរត្រង់ហ្នឹង។ សម័យឥឡូវវាស្រួលទេ មិនបាច់មកតាមដានការពិភាក្សានៅក្រសួងមហាផ្ទៃទេ ពេលខ្លះក្រសួងមហាផ្ទៃគេអនុញ្ញាតឱ្យផ្សាយ អញ្ចឹងយើងបើកហ្វេសប៊ុករបស់យើងមើលទៅ។ យើងតាមដានព្រឹត្តិការណ៍ហ្នឹងជាការមួយ ប៉ុន្ដែអ្នកដទៃធ្វើម៉េចមិនដឹងទេ ប៉ុន្ដែរបៀបយកព័ត៌មានរបស់ខ្ញុំ អ្វីដែលខ្ញុំមើលបាន ខ្ញុំមើល អ្វីដែលខ្ញុំធ្វើបាន ខ្ញុំធ្វើ។
[បញ្ចប់សេចក្ដីអធិប្បាយ ១]
ទី៣· អំពីបញ្ហាចរាចរណ៍ ដោយសារឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។ ដូច្នេះ, កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]
ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដាក់ចេញវិធានការនានា ឬបើអាចវិសោធនកម្មច្បាប់ ក៏ធ្វើទៅ
អម្បាញ់មិញ សម្តេចក្រឡាហោម បានលើកឡើងអំពីការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា និងការធ្លាក់ចុះគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈ។ តើមកពីអ្វី? សម្រាប់ខ្ញុំៗ គិតថា វាមានកត្តា ២។ កត្តាទី ១ ក្នុងខែមករា គឺស្រវឹងច្រើន ចូលឆ្នាំចិន ស្រវឹងខ្មែរ អាហ្នឹងជារឿងមួយ។ ប៉ុន្តែ រឿង(ទី ២)ពង្រឹងការអនុវត្តច្បាប់ ទើបជាបញ្ហាពិតប្រាកដ។ អញ្ចឹងទេ ខ្ញុំស្នើឱ្យយកចិត្តទុកដាក់នូវវិធានការទាំងឡាយ ដែលយើងត្រូវប្រកាន់យកនាពេលខាងមុខ ទៅលើការពង្រឹងការអនុវត្តច្បាប់ ដោយរាប់ទាំងវិធានការនានា ដែលដាក់ចេញសម្រាប់ដំណើរការទៅមុខ។ កែវិសោធនកម្មច្បាប់បាន ក៏ធ្វើទៅ វិសោធនកម្មអ្វីបាន គឺធ្វើ។
វិធានការផាកពិន័យជាលំដាប់ៗ រហូតដល់ដកសិទ្ធិបើកបរតែម្ដង
ខ្ញុំលើកឧទាហរណ៍ ថ្ងៃមុន នៅក្នុងប្រជុំគណបក្ស … ឥឡូវអ្នកបើកបរៗតែងមានប័ណ្ណបើកបរ។ អ្នកឯងខុសម្ដង ខ្ញុំកិបមួយ។ កិបអា(ប័ណ្ណបើកបរ)ហ្នឹង ផាកប៉ុន្មានអញ្ចឹងទៅ ផាកហើយកិបទៀត កិបឱ្យដឹង។ អញ្ចឹងគឺនគរបាលគ្រប់ទីកន្លែង គឺដឹងថា អាកិបហ្នឹង គឺអ្នកហ្នឹងបានបំពានម្ដងហើយ។ ដល់ខុសលើកទី ២ ត្រូវផាកប៉ុន្មាន? បើគេឃើញថា មានកិបមួយហើយ ផាកលើកទី ២ គឺផាកឌុប្លិ៍។ ឧទាហរណ៍ថា ផាកលើកទី ១ ផាក ៤០ ម៉ឺនរៀល កិបមួយ ផាកលើកទី ២ ពេលទៅបំពានមួយកន្លែងទៀត គេឃើញកិបទី ២ អញ្ចឹងគេតម្លើងការផាកដល់ទៅ ៨០ ម៉ឺន។ មួយជាពីរ។ កិបមួយ(ទៀត)។ ដល់ទៅបំពានលើកទី ៣ ផាកឌុប្លិ៍ បានសេចក្ដីថា ពី ៨០ ម៉ឺន ទៅ ១៦០ ម៉ឺនរៀល ឬ ១ លាន ៦ សែន និងកិបទី ៣។ អាកិបទី ៣ នេះ បានសេចក្ដីថាដល់ឱកាសដកសិទ្ធិ។ ដកសិទ្ធិមិនឱ្យបើកបរថា ១ ឆ្នាំ ឬ ២ ឆ្នាំ តែម្ដង មិនឱ្យអ្នកឯងបើកបរតទៅទៀតទេ។ ដល់ទៅគ្រប់ ២ ឆ្នាំ ឬ ១ ឆ្នាំ ចាំយើងឱ្យសិទ្ធិបើកបរឡើងវិញ។ ក្នុងរយៈពេលហ្នឹង គាត់ឱ្យកូនគាត់ ឬមិត្តភក្តិ ឬនរណាជួយបើកសិនទៅ ព្រោះបើគាត់បើក គាត់អាងតែលុយ ដើរទៅបុក …។
ការកាត់សិទ្ធិបើកបរនេះ មិនមែនជាទណ្ឌកម្ម តែជាការការពារជីវិតរបស់អ្នកបើកបរទៅវិញទេ
ដល់អញ្ចឹង ខ្ញុំគាំទ្រឱ្យធ្វើវិធីនេះ គ្រាន់តែពិភាក្សាគ្នាមើលទៅ ពេលដែលយើងកាត់សិទ្ធិ តើប៉ុន្មានដងទើបយើងកាត់សិទ្ធិ? ត្រឹម ៣ ដង ឬ ៤ ដង ឬ ៥ ដង? ពិភាក្សាគ្នាទៅ។ ការកាត់សិទ្ធិនេះទៀត កាត់សិទ្ធិ ១ ឆ្នាំ ឬ ២ ឆ្នាំ ឬ កាត់រយៈពេលប៉ុន្មាន? ប៉ុន្តែ ត្រូវតែមានតែម្ដង។ បើមិនអញ្ចឹង នៅតែបំពានរហូត។ អាងទឹកលុយ នៅបំពានរហូត អត់រាង(ចាល)ទេ។ អញ្ចឹង ទាល់តែយកអ្នកខុសច្បាប់ហ្នឹងចេញពីផ្លូវឱ្យអស់ ដោយទុកគាត់នៅក្នុងផ្ទះមិនឱ្យបើក(បរ)។ គាត់អាចធ្វើដំណើរបាន តែគាត់អត់មានសិទ្ធិបើកតែប៉ុណ្ណឹង។ អញ្ចឹងគាត់ទៅណាគាត់ធ្លាប់តែបើកឡានខ្លួនឯង ឱ្យគាត់ជិះតាក់ស៊ីទៅ ជិះកង់បីអីទៅ ឬគាត់ឱ្យកូនបើក ឬអ្នកណាបើកទៅ។ បើគាត់នៅតែអញ្ចឹង។ វិធីនេះមិនមែនទណ្ឌកម្មចំពោះគាត់ទេ វិធីនេះការពារជីវិតគាត់ទៅវិញទេ។ លើកទី ១ គាត់ប៉ះគេ លើកទី ២ គាត់ប៉ះគេ លើកទី ៣ គាត់ប៉ះគេ ដល់លើកទី ៤ គាត់ងាប់ …។
ការពារទាំងជីវិតអ្នកបើកបរ ការពារទាំងជីវិតអ្នកដំណើរដទៃទៀត
… គិតមួយភ្លែត អ្នកដែលកំពុងស្ដាប់ប្រហែលជាមិនតិចលានទេ ច្រើនលានណាស់ ព្រោះតែនាយករដ្ឋមន្រ្តីថ្លែង គឺច្រើនលានហើយ។ យើង(លឺ)ដំបូង គិតថា នាយករដ្ឋមន្រ្តីគិតដាក់ទណ្ឌកម្មចំពោះប្រជាពលរដ្ឋហើយ ប៉ុន្តែ បើអ្នកឯងគិតឱ្យបានច្បាស់ ខ្ញុំការពារជីវិតអ្នកឯងវិញទេ ព្រោះអ្នកឯងខុសទី ១ ហើយ ខុសទី ២ ហើយ ខុសទី ៣ ហើយ ខុសទី ៤ ងាប់បណ្ដោយ។ អញ្ចេះ គ្រាន់តែយកប្រពន្ធ អ្នកខ្លះយកប្រពន្ធទី ១ ប្រពន្ធងាប់ យកប្រពន្ធទី ២ ប្រពន្ធងាប់ទៀត ដល់យកប្រពន្ធទី ៣ ងាប់ខ្លួនឯងបណ្ដោយ។ អាហ្នឹងធ្លាប់មានអញ្ចឹងណា ស្រុកខ្ញុំ … នេះ ទី ១ ប៉ះគេ ទី ២ ប៉ះគេ ទី ៣ ប៉ះគេ ដល់ទី ៤ ងាប់ខ្លួនឯងបណ្ដោយ អាហ្នឹងចូលដល់កម្រិតយើងការពារជីវិតគាត់វិញទេ។ ការពារជីវិតគាត់ផង ការពារចំពោះអ្នកធ្វើដំណើរដទៃទៀត ដែលនឹងប៉ះទង្គិចជាមួយគាត់នោះ។ អញ្ចឹងទីចុងបំផុត វាសុវត្ថិភាពទាំងអស់គ្នា។
ពាក់មួកសុវត្ថិភាព ត្រូវធ្វើឱ្យច្បាស់ ហើយធ្វើបន្តទៅទៀតមិនថមថយ
អញ្ចឹង ខ្ញុំស្នើឱ្យបន្ទាន់ពន្លឿនការយកចិត្តទុកដាក់ ទៅលើបញ្ហាវិធានការទាំងឡាយ ដែលយើងត្រូវប្រកាន់យកនៅទីនេះ។ មួកសុវត្ថិភាពនេះ ត្រូវធ្វើឱ្យច្បាស់។ ឱកាសនេះយើងត្រូវធ្វើហើយ។ អត់ទេ! រៀបចំកន្លែងឱ្យស្រួលសម្រាប់ដាក់ម៉ូតូ។ បានសេចក្ដីថា បើអត់មានមួកទេ សូមយកម៉ូតូទុកសិន។ ពាក្យដែលថារៀបចំឱ្យស្រួលនោះ បានសេចក្ដីថា យកម៉ូតូគេមកទុក ត្រូវរក្សាម៉ូតូគេឱ្យបានល្អ កុំឱ្យដល់ពេលមក(យកវិញ) បាត់គ្រឿងនេះ/នោះ … អញ្ចឹងទេ ប៉ូលីសនិយាយជាមួយគាត់ឱ្យស្រួលថា ឥឡូវ ប្អូនឯង ឬក្មួយឯង ឬបងឯង ឬពូឯង ឬអ៊ំឯង ឬមីងឯង ឬចែ ឬអ៊ី សូមអញ្ជើញទៅយកមួក ពេលដែលបានមួកមក ខ្ញុំជូនម៉ូតូវិញ។ តែប៉ុណ្ណឹងទេ កុំចាំបាច់យូរ ត្រូវធ្វើឱ្យលឿនអាហ្នឹង។ ត្រូវឱ្យគាត់ពាក់មួក តែកុំឱ្យពាក់ចេញតែពីកន្លែងយើង ទៅដល់កន្លែងមួយទៀត គាត់ដោះចេញ។ អញ្ចឹងទេ កន្លែងមួយទៀត ក៏ត្រូវអនុវត្តដូចគ្នា។ កុំធូរកន្លែងនេះ ទៅតឹងកន្លែងនោះ […] អញ្ចឹងត្រូវតម្លើង។ ទោះតម្លើង ក៏វិធានការនេះក៏ត្រូវតែធ្វើដែរ។ ធ្វើតទៅទៀត។ ប៉ុន្តែ បន្ថែមលុយ … ផាកគាត់ថែម។ ពីមុន យើងឱ្យគាត់ទៅយកមួក អត់មានផាកគាត់ទេ។ ឥឡូវផាកហើយ ទៅឱ្យយកមួកមកទៀត។ អញ្ចឹងអរគុណ។
វិធីរបស់យើងនេះគ្មានវិធីអីក្រៅតែពីការពារជីវិតគាត់ទេ។ បងប្អូនប្រជាពលរដ្ឋ តើគួរឱ្យស្ដាយស្រណោះទេ នៅពេលដែលយើងខំចិញ្ចឹមកូន ហើយកំពុងតែស្រឡាញ់កូន បែរជាកូនយើងទៅគ្រោះថា្នក់ ដោយសារតែធ្វេសប្រហែសទៅលើបញ្ហាគ្រាន់តែមួកសុវត្ថិភាពមួយមិនហ៊ានពាក់។ ហើយចាប់ផ្ដើម ដល់ទៅកូនស្លាប់ទៅៗដុតធូប។ កូនអើយកូន! កូនអើយអញ្ចេះ/អញ្ចុះ តែពេលកូននៅរស់ បែរជាបណ្ដែតបណ្ដោយ។ ជាចំណុច ដែលយើងត្រូវយកចិត្តទុកដាក់បន្តទៀត។ អញ្ចឹងខ្ញុំគិតថា ច្បាប់ចរាចរណ៍របស់យើងត្រូវបានពង្រឹង ហើយគ្មានពេលណាល្អជាងពេលហ្នឹងទេ។ ប្រជាពលរដ្ឋរបស់យើងភាគច្រើនណាស់ហើយ ដែលពាក់មួក ដែលគោរព(ច្បាប់ចរាចរណ៍) ប៉ុន្តែនៅសល់ចំនួនតូចមួយ ដែលយើងត្រូវតែម៉ឺងម៉ាត់ ព្រោះបើមិនអញ្ចឹងទេ ជំងឺលាប់ថយក្រោយទាំងអស់ ព្រោះឃើញអ្នកពាក់ក៏អត់មានបញ្ហា អ្នកអត់ពាក់ក៏គ្មានបញ្ហា ដូច្នេះ អ្នកពាក់ក៏ដោះមួកចេញទាំងអស់ដែរ។
ទាល់តែជម្រុញទៅមុខ អត់មានថយក្រោយទេ។ ប្រទេសនានាអត់បានទេ គេពាក់បានមាំទាំណាស់។ ឯយើងនាំគ្នាខ្លាចខូចសក់ … តែអត់ខ្លាចបែកក្បាល។ ខ្ញុំឆ្ងល់នេះ ខ្លាចតែខូចសក់ តែមិនខ្លាចបែកក្បាល។ អាហ្នឹង គេថាល្អឡើងវិញ បាក់ធ្មេញអត់បែកទូរស័ព្ទ។ ដួលម៉ូតូ រួចហើយបាក់ធ្មេញ នាំគ្នាស្រែកថា ល្អឡើងវិញ បាក់តែធ្មេញ អត់ខូចទូរស័ព្ទ វាទៅជាស្រឡាញ់ទូរស័ព្ទជាងធ្មេញ។ ឥឡូវនេះ តើស្រឡាញ់សក់ ឬស្រឡាញ់ក្បាល? អា(មួកកាស)នោះការពារបានណា។ ខ្លួនខ្ញុំហ្នឹងក៏ដោយ ថ្ងៃមុន បើសិនជាខ្ញុំអត់ពាក់មួកសុវត្ថិភាពក្នុងការជិះកង់នោះ ពេលដែលខ្ញុំដួលទៅ មិនមែនត្រឹមតែភ្លាត់ស្មា ត្រូវធ្វើការវះតែស្មាទេ ទាំងក្បាលទៀត ព្រោះបោកក្បាលទៅលើស្មៅ បើសិនជាអត់មួក ប្រហែលជាបញ្ហាក្បាលទៀត …។
ខិតខំកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ហ្នឹងយើងរកវិធីយ៉ាងណា ដើម្បីការពារជីវិតប្រជាពលរដ្ឋរបស់យើង។ យើងបានប្រឹងនាំគ្នារំដោះប្រជាពលរដ្ឋឱ្យរួចផុតពីការស្លាប់ នៃរបប ប៉ុល ពត។ យើងខិតខំស្វែងរកសន្តិភាព ដើម្បីប្រជាពលរដ្ឋឱ្យចេញផុតពីការស្លាប់នៃសង្គ្រាម ហេតុអីបានជាមកដល់ពេលនេះ បើតាមការគន់គូរ ដូចជា ៥,៥ ក្នុងមួយថ្ងៃ ស្លាប់(ដោយសារគ្រោះថ្នាក់ចរាចរណ៍) ឆ្នាំ ២០១៩ […] បើយើងខិតខំ ខ្ញុំគិតថា យើងកាត់បន្ថយ ដើម្បីអត្រាហ្នឹងឱ្យអស់ទាំងអស់ វាអត់មានទេ សូម្បីតែប្រទេសនានាលើពិភពលោក ក៏មានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែរ ក៏ប៉ុន្តែស្លាប់នៅយើងនេះស្លាប់ច្រើនជ្រុលហួស ស្លាប់ច្រើនជាងប្រទេសយើងមានសង្គ្រាមទៅទៀត។ (កាលពេលមុន) ប្រទេសយើងមានសង្គ្រាមមែន តែថ្ងៃខ្លះអត់មនុស្សស្លាប់ និងរបួសទេ តែប្រទេសយើងគិតជាមធ្យម ៥,៥ បានសេចក្ដីថា ៥ កន្លះ ជាមធ្យមក្នុងមួយថ្ងៃស្លាប់ មិនទាន់គិតអ្នករបួសទេ។ ដូច្នេះវាធ្ងន់ធ្ងរណាស់ ដែលយើងត្រូវរកដំណោះស្រាយ ដើម្បីដោះស្រាយសម្រាប់ប្រជាពលរដ្ឋយើង។
[បញ្ចប់សេចក្ដីអធិប្បាយ ២]
ទី៤· ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានា ទាក់ទងនឹងកិច្ចការអន្តោប្រវេសន៍ ដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គម តាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្ត ស្របតាមច្បាប់។
ទី៥· ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។
ទី៦· ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និងសេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែលពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។
ទី៧· តាមការព្យាករ ឆ្នាំនេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវ វស្សា នឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ ដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែល ខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា, ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យមកលើផ្ទះសម្បែង, ចម្ការដំណាំនានា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានា នៅរដូវប្រាំងក្តៅហួតហែងនេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
សង្ឃឹមថា យើងពុំមានការកាត់អគ្គិសនី នៅតំបន់ណាមួយដោយសារកង្វះអគ្គិសនីទេ
… យើងអបអរសាទរចំពោះប្រជាពលរដ្ឋយើង ដែលឧស្សាហ៍ព្យាយាមជាមួយនឹងការដាំដុះ ប៉ុន្តែ ទំហំនៃការដាំដុះ បានទៅផុតពីសមត្ថភាពនៃទឹក ដែលយើងមានរួចស្រេចទៅហើយ។ តែខ្ញុំគិតថា យើងនឹងខិតខំដោះស្រាយបញ្ហានេះបន្តទៀត តាមរយៈអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដែលប្រុងធ្វើស្រូវនោះ គឺកុំធ្វើស្រូវអី ធ្វើដំណាំដាំដុះផ្សេងៗជំនួសវិញ ដើម្បីប្រើប្រាស់ទឹកតិចជាង។ ដោយឡែក ទឹកសម្រាប់វិស័យអគ្គិសនីឆ្នាំនេះ ដោយសារតែមានបទពិសោធន៍កាលពីឆ្នាំទៅ នៅខែវិច្ឆិកា យើងប្រើអស់ទឹកចំនួន ៧០% នៅក្នុងអាងទឹកនៃវារីអគ្គិសនី។ ឆ្នាំនេះ មកដល់ឥឡូវហ្នឹង យើងនៅសល់ទឹកជាង ៨០% នៅក្នុងអាង។ ដូច្នេះសមត្ថភាពនៃការផលិតអគ្គិសនីមិនលំបាកដូចឆ្នាំ ២០១៩ កន្លងផុតទៅទេ។ ម៉្យាងទៀត ប្រភពថាមពលដែលចេញពីការប្រើប្រាស់អគ្គិសនីដោយធ្យូងថ្ម ការប្រើប្រាស់អគ្គិសនីប្រើដោយពន្លឺព្រះអាទិត្យ និងការទាញយកអគ្គិសនីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រមាណ ២០០ មេហ្គាវ៉ាត់ បានចូលមកដល់រួចហើយ។
អគ្គិសនីដែលយើងត្រៀមបម្រុងកំពុងតែសាងសង់ចំនួន ៤០០ មេហ្គាវ៉ាត់ ដោយទិញម៉ាស៊ីនពីហ្វាំងឡង់ ២០០ មេហ្គាវ៉ាត់ និងទិញពីអាល្លឺម៉ង់ ២០០ មេហ្គាវ៉ាត់ កំពុងតែតម្លើង ហើយនឹងរួចរាល់នៅក្នុងរយៈពេលអាចមុនចូលឆ្នាំបានខ្លះ បន្ទាប់ពីចូលឆ្នាំទៅ យើងមានខ្លះ។ សង្ឃឹមថា យើងពុំមានការកាត់អគ្គិសនីនៅតំបន់ណាមួយ ដោយសារកង្វះអគ្គិសនីទេ ប្រសិនបើមានការកាត់ ក៏កាត់ដោយសារតម្រូវការនៃបញ្ហាបច្ចេកទេសទាក់ទងនឹងការតបណ្តាញតែប៉ុណ្ណោះ។ ដូច្នេះ សុំប្រជាពលរដ្ឋកុំមានការបារម្ភពីការខ្វះខាតអគ្គិសនី។
កំពុងតែបន្តការខិតខំ ដើម្បីតបណ្តាញឱ្យគ្រប់ភូមិទាំងអស់/ជាមួយនឹងការបញ្ចុះថ្លៃអគ្គិសនី
យើងកំពុងតែបន្តការខិតខំ ដើម្បីតបណ្តាញឱ្យដល់គ្រប់ភូមិ ព្រោះឥឡូវសល់តែប្រមាណជា ៨% ទៀតតែប៉ុណ្ណោះ ភូមិ ៩២% ដែលបានមានបណ្តាញអគ្គិសនីទៅដល់ នៅសល់តែ ៨% ទៀតតែប៉ុណ្ណោះ ដែលពុំមានអគ្គិសនីទៅដល់។ យើងនឹងខិតខំធ្វើកិច្ចការងារនេះ ជាមួយនឹងការបញ្ចុះថ្លៃអគ្គិសនីក្នុងខែកុម្ភៈនេះ។ យើងបានបញ្ចុះតម្លៃអគ្គិសនីសំរាប់វិស័យឧស្សាហកម្ម … ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។ អញ្ចឹងទេ យើងនឹងបន្តខិតខំទៅលើរឿងនេះ។ ផ្នែកទឹកគឺទាក់ទងមួយផ្នែក គឺទឹកសម្រាប់ការដាំដុះ ទឹកសម្រាប់ប្រើប្រាស់ និងទឹកមួយផ្នែកទៀត គឺទឹកសម្រាប់ផលិតវារីអគ្គិសនី។
ក្រសួងសុខាភិបាល៖ អ្នកនៅលើនាវា ទាំងទេសចរ ទាំងអ្នកបម្រើការ គ្មានការឆ្លងជំងឺ Covid-19
រឿងមួយទៀតគឺជារឿងដែលយើងត្រូវបន្តការខិតខំ បញ្ហា Covid-19 មិនទាន់ត្រូវបានបញ្ចប់ទេ។ ឥឡូវនេះតាមការឱ្យដឹងពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា កំពុងតែចាប់ផ្តើមហោះហើរចេញចំនួន ២០០ ប៉ុន្មាននាក់នោះ នឹងមានការចេញជាបន្តបន្ទាប់។ យើងបានធ្វើកិច្ចការមនុស្សធម៌មួយដ៏ធំ ដែលមកដល់ពេលនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ហើយ ទាំងអ្នកដែលនៅលើនាវា ទាំងទេសចរទាំងអស់ និងទាំងអ្នកបម្រើការលើនាវា គឺគ្មានការឆ្លងនូវវីរុស Covid-19 ឬណូវែលកូរ៉ូណា នោះទេ។ យើងអរគុណចំពោះព្រះរាជាណាចក្រថៃ ដែលបានធ្វើការអះអាងថា គ្មានអ្នកណាមួយរកឃើញមានវីរុសកូរ៉ូណា នៅពេលដែលអ្នកទាំងនេះបានចាកចេញពីទីក្រុងភ្នំពេញទៅដល់ទីក្រុងបាំងកក ដើម្បីតជើងការហោះហើរទៅកាន់ប្រទេសផ្សេង។ យើងអរគុណចំពោះរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលចេញមកធ្វើការអះអាងថា នាវិក និងអ្នកបម្រើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ីចំនួន ៣៦២ នាក់ ពុំមាននរណាមួយដែលមានវីរុសនេះទេ។ យើងសូមអរគុណចំពោះជប៉ុន ដែលបានផ្សព្វផ្សាយពត៌មានថា ជនជាតិជប៉ុនដែលនៅលើនាវាហើយធ្វើដំណើរត្រឡប់ទៅជប៉ុន ក៏ពុំមានឆ្លងវីរុសនេះដែរ។ យើងសូមអរគុណចំពោះមិត្តភក្តិទាំងអស់ ដែលបានចូលរួមសហការជាមួយយើង។ អរគុណចំពោះអង្គការសុខភាពពិភពលោក។
កម្ពុជាគ្រាន់តែសុំការពន្យល់ពីម៉ាឡេស៊ីតែប៉ុណ្ណោះ
សម្រាប់ករណីម្នាក់ដែលនៅម៉ាឡេស៊ី នោះគឺជារឿងមួយផ្សេងទៀត។ ខ្ញុំគិតថា ប្រហែលមានតែអ្នកជំងឺនោះតែប៉ុណ្ណោះ។ បន្ទាប់ពីគេព្យាបាលគាត់ជាហើយ គាត់ទៅប្រទេសរបស់គាត់។ គាត់នឹងនិយាយនូវអ្វីដែលគាត់ចង់និយាយ។ តើគាត់ឆ្លងពិត ឬមិនពិត ប្រហែលជាចំណុះលើគាត់និយាយហើយ។ ឥឡូវគឺថា សម្រាប់ខាងយើង គឺយើងរកអត់ឃើញ។ អញ្ចឹងជំងឺនេះ តើវាកើតពីយើងទៅ ឬទៅដល់ម៉ាឡេស៊ីបានទើបនឹងកើត? ឬកើតរបៀបម៉េច? មានការធ្វើអត្ថាធិប្បាយមួយចំនួន … ថា ជម្លោះការទូតតូចមួយរវាងកម្ពុជា និងម៉ាឡេស៊ី លើបញ្ហាទាក់ទងជាមួយស្ត្រីជនជាតិអាមេរិកាំងម្នាក់អាយុ ៨៣ ឆ្នាំនេះ។ នេះមិនមែនជាជម្លោះទេ សុំបញ្ជាក់។ គ្រាន់តែកម្ពុជាសុំការពន្យល់តែប៉ុណ្ណោះ។ កម្ពុជាខ្លួនឯងរកអត់ឃើញ ទៅដល់នោះបានរកឃើញ អញ្ចឹងជំងឺនេះវាកើតនៅកន្លែងណា? វាកើតនៅកម្ពុជាដែលយើងរកមិនឃើញ ហើយបានឆ្លងទៅដល់ម៉ាឡេស៊ី ឬទៅដល់ម៉ាឡេស៊ីបានចាប់ផ្តើមកើតនៅពេលហ្នឹង។ នេះវាត្រូវមានរយៈពេលរបស់វា។ ប៉ុន្តែរឿងដែលគួរឱ្យឆ្ងល់ប្រពន្ធកើត អាប្តីអត់កើត។ រឿងវាឆ្ងល់អាកន្លែងនេះ ក្នុងពេលដែលរាប់ពាន់នាក់វាអត់កើត …។ យើងសុំបញ្ជាក់ត្រឡប់មកវិញ គ្មានជម្លោះការទូតណាមួយរវាងកម្ពុជា និងម៉ាឡេស៊ីទេ គ្រាន់តែបញ្ហានេះវាបានក្លាយទៅជាបញ្ហាវិបត្តិមនុស្សធម៌មួយ។
កម្ពុជា បានធ្វើកិច្ចការដោយមនុស្សធម៌សុទ្ធសាធ
បន្ទាប់ពីវិបត្តិមនុស្សធម៌ដែលនាវា Westerdam មិនត្រូវឱ្យទទួលការចូលចតនៅកន្លែងណាទាំងអស់ កម្ពុជាបានធ្វើកិច្ចការមួយនេះដោយមនុស្សធម៌សុទ្ធសាធ។ ប្រសិនបើកម្ពុជាមិនធ្វើ វានឹងត្រូវក្លាយជាវិបត្តិមនុស្សធម៌មួយ ព្រោះទៅកន្លែងណាក៏អត់មានមនុស្សធម៌ អញ្ចឹងបើកម្ពុជាមិនទទួលទេ តើវានឹងក្លាយទៅជាវិបត្តិមនុស្សធម៌មែនទេ? ពេលនេះដាក់ចេញជាសំណួរមួយថា ប្រសិនបើកម្ពុជាមិនឱ្យចូល តើពេលនេះនាវានេះកំពុងនៅទីណា? ក្នុងពេលដែលនាវានេះអស់ទាំងស្បៀង អស់ទាំងប្រេងអីទៅហើយនោះ យ៉ាងហោចណាស់អស់ទឹកសាបប្រើប្រាស់ដែរ ឬក៏គេអាចមានរបៀបចម្រាញ់ទឹកសមុទ្រធ្វើទឹកសាបអីលើហ្នឹង យើងក៏មិនដឹងដែរទេ។ ដំបូង ខ្ញុំស្មានថា គួច ចំរើន អ្នកចេញមកសំពះដី ថ្វាយបង្គំដី (បើ)មិនមើល មុខដូច គួច ចំរើន។ ខ្ញុំថា ចុះអាមួយហ្នឹង វាទៅចំតិតគូទអីដាក់កប៉ាល់ ហើយវាលើកដៃសំពះ។ ម៉ែ! ទេសចរសោះ។ ដោយសារតែនៅលើនាវា នៅលើសមុទ្រនោះវាយូរណាស់ទៅហើយ …។
យើងចោទចេញជាសំណួរ ប្រសិនបើយើងមិនឱ្យចូល តើវាក្លាយទៅជាវិបត្តិមនុស្សធម៌មួយទេ? អាហ្នឹងមួយទៅ មួយទៀតនៅពេលដែលទីក្រុងកូឡាឡាំពួរបានប្រកាសថា ម្នាក់មានវិជ្ជមានទៅលើវីរុសកូរ៉ូណា យន្តហោះរបស់ម៉ាឡេស៊ី ដែលត្រូវដឹកអ្នកទាំងនេះទៅកាន់កូឡាឡាំពួរ ផ្អាកការដឹកទាំងអស់ ធ្វើឱ្យខកខាននៃជើងហោះហើរតែប៉ុណ្ណឹងទេ។ ប៉ុន្តែ កម្ពុជាសុខចិត្តទទួលរង ដើម្បីឱ្យអ្នកទាំងនេះបានស្នាក់នៅ។ ម្សិលមិញមានការសម្តែងសិល្បៈ ហើយព្រឹកមិញដូច ថោង ខុន ថាសម្តែងសិល្បៈឱ្យមើលទៀត … ម្សិលមិញបើសិនជាខ្ញុំដឹង ខ្ញុំនឹងឱ្យឧទ្ធម្ភាគចក្ររបស់ខ្ញុំ ដឹកនាយកក្រុមហ៊ុនហ្នឹងទៅតែម្តង។ ប៉ុន្តែទៅបានយន្តហោះខាងយោធាដឹកទៅ។ ស្វាគមន៍អ្នកទាំងនេះចុះ ហើយគ្នាចុះមកហ្នឹងបានឡើងអាឡាន Bus តជើងមកភ្នំពេញ ដោយសារគ្នាហត់អត់បានមើលសិល្បៈទេ។ យប់មិញហ្នឹង ត្រូវលេងសិល្បៈឱ្យមើល អញ្ចឹងព្រឹកមិញគេលេងឱ្យមើល ព្រោះគ្នាត្រូវចេញល្ងាចនេះ។
គ្មានការប្រើជំងឺវីរុសកូរ៉ូណា ជាល្បែងនយោបាយទេ
អញ្ចឹងទេ យើងបានធ្វើកាយវិការមនុស្សធម៌ ក៏ប៉ុន្តែមានអាណាអត្ថាធិប្បាយនៅឯណានោះ គេថា លោក ហ៊ុន សែន ប្រើប្រាស់នូវជំងឺវីរុសកូរ៉ូណាលេងល្បែងនយោបាយក្នុងស្រុក និងការបរទេស។ វាទៅឆ្កួតឡប់អីអញ្ចេះ។ បើថាលោកឯងឆ្កួត ឆ្កួតតែឯងទៅ កុំមកឆ្កួតជាមួយប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាលើការជាក់ស្តែង យើងមកដល់ម៉ោងនេះ អត់ទាន់មានជំងឺណាមួយ។ មានមនុស្សមួយចំនួនបំផុសការភ័យខ្លាចនៅក្នុងហ្នឹង អ្នកឯងប្រយ័ត្នគុក។ ខ្ញុំមានសម្លេងនៅក្នុង Telegram របស់ខ្ញុំ ដែលគេវាយមក។ គេនិយាយថា យើងហ្នឹងបិទបាំង។ ស្លាប់ច្រើនណាស់ប៉ុន្តែយើងបិទបាំង។ ឥឡូវសុំបញ្ជាក់ជូន ប្រជាពលរដ្ឋណាដែលគេសុខចិត្តជាមួយយើងក្នុងពេលដែលគេស្លាប់កូន ស្លាប់ប្តី ឬស្លាប់ប្រពន្ធ ឬស្លាប់ម្តាយ ដោយសារជំងឺនេះ បែរជាយើងលាក់បាំង។ មើលឆ្លើយមកមួយទូទាំងប្រទេសឱ្យហ៊ានឆ្លើយមក។ តើរដ្ឋាភិបាលមានសិទ្ធិទៅបិទបាំងអារឿងហ្នឹងទេ ហើយរដ្ឋាភិបាលមានការចាំបាច់ត្រូវបិទបាំងទេ?
រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ត្រៀមគ្រប់មន្ទីរពេទ្យដើម្បីដាក់។ ភ្នំពេញប្រមូលផ្តុំនៅមន្ទីរពេទ្យខ្មែរ–សូវៀត និងមន្ទីរពេទ្យតាមខេត្តនានា សុទ្ធតែត្រៀមរួចរាល់ហើយ បើមានករណីហ្នឹង យើងបញ្ចូលទៅកាន់ការព្យាបាល។ យើងអត់បានយករឿងនេះ ធ្វើជាដើមទុននយោបាយអីទេ។ ខ្ញុំគ្មានការចាំបាច់ធ្វើបែបនោះទេ។ សុំចង្អុលបង្ហាញទៅអ្នកដែលសរសេរថា លោក ហ៊ុន សែន ចេះប្រើដ៏ឆ្លាតវៃ នូវកូរ៉ូណាវីរុសនេះក្នុងនយោបាយ ក្នុងស្រុក និងនយោបាយការបរទេស ដែលសំដៅទៅរកចិនផង និងសំដៅធ្វើកិច្ចការមនុស្សធម៌ ៤១ សញ្ជាតិ។ ខ្ញុំអត់ធ្វើអាហ្នឹងទេ។ ចេញពីមនុស្សធម៌សុទ្ធសាធ ប៉ុន្តែ បើវាបានផលប្រយោជន៍ជានយោបាយ អាហ្នឹងវាជារឿងសត្យានុម័ត។ តែមិនមែនជាគោលដៅនយោបាយរបស់ខ្ញុំទេ គោលដៅនយោបាយរបស់ខ្ញុំ គឺគោលដៅមនុស្សធម៌។
ម្យ៉ាងទៀត ខ្ញុំក៏មានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្ញុំដែរ។ ប្រជាពលរដ្ឋរបស់ខ្ញុំភ័យខ្លាច។ ខ្ញុំត្រូវចេញមុខទូរទស្សន៍។ តាំងពីម៉ាសឡើងថ្លៃ ឥឡូវម៉ាសលក់លែងចង់ដាច់ ព្រោះពលរដ្ឋខ្មែររបស់យើងមានអ្នកណាម្នាក់ឆ្លង? អត់សោះ។ រួចនាំគ្នាភ័យខ្លាច ម៉ាសនាំគ្នាឡើងថ្លៃកប់ពពក។ យើងចែក ១ លានម៉ាសនៅប៉ោយប៉ែត … ឥឡូវនៅក្នុងអង្គប្រជុំរបស់យើងមានអ្នកណាពាក់ម៉ាសទេ? ប៉ុន្តែ បើពាក់ម៉ាសក៏ពាក់ទៅ ព្រោះជួនកាលមិនមែនខ្លាចឆ្លងពីគេទេ មកពីខ្លួនឯងផ្តាសាយមកអង្គុយជិតគេម៉េច? ប្រសិនបើឈឺ ក៏មិនចាំបាច់មកធ្វើការទេ ក្រែងលោចម្លងមកអ្នកដទៃ។ បើមានកម្តៅក្តៅខ្លួន មិនចាំបាច់មកធ្វើការ និងមិនចាំបាច់ទៅសាលារៀនទេ ចំពោះយើងក៏យើងនឹងអាចយកវិធានការបែបហ្នឹងដែរ ប៉ុន្តែកុំផ្តេកផ្សំដួលរមួលផ្សំគ្រេច … ថាឡើងកំដៅ ៣៧ លើស នឹងអាលបានដេក។ តែដេក មិនឃើញដល់កន្លែងធ្វើការ (នៅ)កន្លែងវាយកូនគោល ឬក៏ទៅខារ៉ាអូខេ ប្រយ័ត្នអារឿងហ្នឹង …។
មិនស្គាល់ផ្ទៃក្នុងរបស់គណបក្សប្រជាជន ទើបមិនអាចយកឈ្នះគណបក្សប្រជាជន
ព្រឹកមិញហ្នឹង មានមនុស្សចង្រៃណាមួយបង្ហោះ ថាតាមគ្រូពេទ្យវៀតណាមបានបញ្ជាក់ថា លោក ហ៊ុន សែន កំពុងឆ្លងវីរុស Covid-19 … ស្វាយ ស៊ីថា ផ្ញើមកឱ្យខ្ញុំនៅក្នុងទូរស័ព្ទរបស់ខ្ញុំ វាទៅជាអញ្ចឹង។ ម្សិលម្ងៃ ខ្ញុំថ្លែងការនៅឯណោះអស់មិនចេះតិច។ ថ្ងៃនេះ មកថ្លៃងការនៅហ្នឹង មនុស្សឆ្លងរោគអញ្ចឹងគេឱ្យមកអី? ខ្លួនខ្ញុំក៏ត្រូវនៅដាច់ដោយឡែកដើម្បីព្យាបាល ១៤ ថ្ងៃ និយាយរួមដាក់ដោយឡែក ហើយព្យាបាលទាល់តែជា មិនមែន ១៤ ថ្ងៃទេ។ ១៤ ថ្ងៃ អ្នកតំបន់វ៉ូហានដែលចេញមក គេត្រូវឱ្យនៅដាច់ពីគេ ១៤ ថ្ងៃសិន។ រួចហើយវាយកសម្លេងរបស់ ខេង … ទៅចាក់។ សម្លេង ខេង ឯង ណែនាំនៅក្នុងផ្ទៃក្នុងក្រសួងនេះ។ វាយកសម្លេង ខេង ឯងទៅចាក់ថា ស ខេង ទះកំភ្លៀង ហ៊ុន សែន ។ ហ៊ុន សែន ថាកុំឱ្យភ័យខ្លាច ស ខេង ភ័យខ្លាច។ សុំផ្តាំទៅវិញទៅថា បើពួកអស់លោកឯងមិនទាន់ស្គាល់ទឹកចិត្តរបស់គណបក្សប្រជាជន និងសាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជននេះ (គួរតែ)រៀនទៅ។ ដោយសារលោកឯងមិនស្គាល់ផ្ទៃក្នុងរបស់គណបក្សប្រជាជនបែបណា ទើបអ្នកឯងមិនអាចយកឈ្នះគណបក្សប្រជាជន។ អ្នកឯងមិនអាចយកឈ្នះមួយជីវិតតែម្តង។ ខ្ញុំអាចនិយាយអញ្ចឹង ព្រោះអ្នកឯងអត់ស្គាល់ថាគេសាមគ្គីយ៉ាងណា? គេធ្វើការជាមួយគ្នាយ៉ាងណា?
មិនហាមឃាត់ពីការប្រុងប្រយ័ត្នអំពីសុខភាព ត្រូវប្រើម៉ាសនៅពេលចាំបាច់
ខ្ញុំមិនបានហាមឃាត់ប្រជាពលរដ្ឋ មន្រ្តីរាជការរបស់យើង មិនឱ្យប្រុងប្រយ័ត្នទៅលើបញ្ហាសុខភាពទេ ខ្ញុំប្រើពាក្យ ប្រើម៉ាសនៅពេលចាំបាច់។ ពាក្យថាចាំបាច់ កុំថាឡើយដល់ទៅចាំដល់ពេលមានជំងឺកូរ៉ូណា សូម្បីតែជិះម៉ូតូតាមផ្លូវជួនកាលដីហុយចូលច្រមុះ អញ្ចឹងទេគ្នាត្រូវពាក់ម៉ាសក៏ពាក់ទៅ អាហ្នឹងវាចាំបាច់ហើយ។ ខ្ញុំជាមួយ ខេង ហ្នឹង ថ្ងៃនោះ ចេះតែយើងហូបចូលដែរ។ ហេតុតែឃ្លានឆ្ងាញ់ស្រលាញ់ល្អ។ ទៅសង្រ្គោះនៅកែប ហើយធុំក្លិនសាកសពចេញពីគំនរ។ រួចហើយដីវាហុយ។ យើងវាឃ្លាន។ ទាញបាយកញ្ចប់យកមកមួយកញ្ចប់ ខ្ញុំបានអស់ប្រហែលជា ១ ភាគ ៤ ឯខេងចង់បង្ហើយបណ្តោយ។ ហ្នឹងឃ្លានឆ្ងាញ់ស្រលាញ់ល្អ … ពេលហ្នឹងក៏ត្រូវពាក់ម៉ាសដែរ។ ប៉ុន្តែពេលស៊ីហ្នឹងពាក់ម៉ាសណា ត្រូវដោះម៉ាសចេញបានស៊ីវាចូល។ ប៉ុន្តែនៅពេលដែលយើងដើរទៅមើល វាត្រូវពាក់ម៉ាស អាហ្នឹងពេលចាំបាច់ដល់ពេលយើងផុតចេញពីហ្នឹងមក យើងមកមន្ទីរពេទ្យយើងមកស្អីមកយើងមានចាំបាច់ពាក់ឯណា។ ខ្ញុំមិនហាមឃាត់ឱ្យប្រជាពលរដ្ឋ ខ្ញុំបានណែនាំឱ្យប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ចាប់ផ្តើមពីមនុស្សម្នាក់ និងគ្រួសារនីមួយៗ តើនេះមិនមែនជាវិធីការពារប្រជាជនទេឬ? អ្នកឯងត្រូវយល់ …។
អ្នកការសែត ឬជនបរទេសដែលសួរមិនច្បាស់ ត្រូវសួរបកត្រឡប់ទៅវិញ
ខ្ញុំបានបញ្ជាក់តាំងពីពេលដែលខ្ញុំប្រជុំកាសែត ឥឡូវទៅជាល្បីនាងថ្មីៗ … ឥឡូវ profile នាងស្រីល័ក្ខណ៍ហ្នឹង គាត់ដាក់ ស្រីល័ក្ខណ៍ នាងថ្មីៗ ដោយសារខ្ញុំហៅគាត់នាងថ្មីៗ។ អាហ្នឹងភាសាតំបន់។ ខ្ញុំគឺនិយាយអញ្ចឹង នាងឯង ពូឯង អ៊ំឯង យាយឯង ពុកឯង ម៉ែឯង កូនឯង វាអញ្ចឹង និយាយអញ្ចឹង ដល់នាងថ្មីៗ នាងឯងយល់ទេ? អញ្ចឹងមានមួយចំនួនថា ខ្ញុំប្រើពាក្យអសុរស។ ខ្ញុំមិនដឹងថាអ្នកដទៃប្រើយ៉ាងម៉េចទេ។ ស្រុកខ្ញុំប្រើអញ្ចឹង ពូឯង។ អ៊ំឯង យាយឯង តាឯង ប្អូនឯង បងឯង នាងឯង វាតែប៉ុណ្ណឹង។ ប៉ុន្តែ ខ្ញុំសុំសរសើរដោយស្មោះនាងថ្មីៗពូកែសួរ រួចហើយគឺថាអត់ទេ អត់តក់ស្លុតទេ។ បើយើងមានអ្នកកាសែតបែបនេះ អាហ្នឹងបានក្លាយទៅជាអ្នកកាសែតវិជ្ជាជីវៈ មានការទទួលខុសត្រូវ ខ្ញុំសុំសរសើរ … ពេលហ្នឹងខ្ញុំសួរទៅនាងថ្មីៗ សួរថាឥឡូវហ្នឹងប្រជាជនកម្ពុជាមានឈឺជំងឺកូរ៉ូណាហ្នឹងហើយឬនៅ? បានថាមិនទុកចិត្ត។ ឆ្លើយថាអត់ទាន់មានផង។ ចុះបើអត់ទាន់មាន ម៉េចក៏ថាមិនទុកចិត្ត បើមិនទាន់មានឈឺផង។ ខ្ញុំសួរបកត្រឡប់ទៅវិញ ព្រោះធម្មតាទម្លាប់របស់ខ្ញុំគឺអញ្ចឹង។ តែកាសែតណាដែលសួរមកមិនច្បាស់ក៏ខ្ញុំសួរទៅវិញ។ សូម្បីតែអគ្គរដ្ឋទូតដែលមកជួបខ្ញុំ ឬជនបរទេសដែលមកជួបខ្ញុំ បើខ្ញុំមិនច្បាស់ខ្ញុំឱ្យបកស្រាយ សួរត្រឡប់ទៅវិញ ពន្យល់ខ្ញុំឱ្យច្បាស់ រួចហើយចាំខ្ញុំឆ្លើយ …។
បន្តធ្វើកិច្ចការក្នុងស្រុក និងកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធ អំពីជំងឺ Covid-19
អញ្ចឹងបញ្ហាជំងឺ Covid-19 នេះ យើងត្រូវបន្ត ហើយបន្តទាំងការធ្វើកិច្ចការ នៅក្នុងស្រុក និងបន្តកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធដែលដូចជាថ្ងៃនេះ ឬថ្ងៃស្អែកប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន–ចិន ដើម្បីឆ្លើយតបទៅនឹង covid-19 នេះ។ ខ្ញុំសូមប្រកាសប្រសិនបើរដ្ឋមន្រ្តីការបរទេស អាស៊ាន និងចិន ឯកភាពថានឹងមានការប្រជុំថ្នាក់កំពូល អាស៊ាន–ចិន ខ្ញុំក៏សុំផ្តល់នូវការគាំទ្រ ដើម្បីឱ្យជំនួបថ្នាក់កំពូល ព្រោះនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទេ ជាបញ្ហាតំបន់ និងជាបញ្ហាសកលហើយ។ នៅអ៊ីរ៉ង់បានស្លាប់ ២ នាក់ ដែលជាការស្លាប់លើកដំបូងនៅក្នុងមជ្ឈិមបូព៌ា។ ជំងឺនេះវារីករាលដាល។ តាមព័ត៌មាន អ្នកដែលជាសះស្បើយពីជំងឺនេះមានចំនួនកាន់តែច្រើន ហើយអ្នកជំងឺឆ្លងកន្លែងខ្លះនៅទ្រឹងក្នុងរយៈពេល ១៥ ថ្ងៃ ជាប់គ្នា។ នៅតំបន់វ៉ូហានមានការឆ្លងបន្ត ប៉ុន្តែចិនបានរកឃើញថាអាថ្នាំគ្រុនចាញ់អាចព្យាបាលបានអាវីរុសនេះ។
ត្រូវបង្ការជំងឺគ្រុនផ្តាសាយបក្សី
យើងត្រូវបន្តការខិតខំទៅលើការទប់ស្កាត់ជំងឺនេះ បូកជាមួយនឹងជំងឺថ្មី ដែលកំពុងកើតយាយីនៅក្នុងប្រទេសវៀតណាម ដែលក្រសួងកសិកម្មបានណែនាំរួចហើយ ទាក់ទងជាមួយនឹងបញ្ហាគ្រុនផ្តាសាយបក្សី។ អញ្ចឹងត្រូវបង្ការ ព្រោះគ្រុនផ្តាសាយបក្សី វាអត់ចាំបាច់ឆ្លងដែនទេ។ រឿងអីខ្ញុំលើកឧទាហរណ៍ អង្កាល់ប៉េសជ្រូកអាហ្រ្វិកវាមកកើតនៅក្រាំងយ៉ូវ តើវាឆ្លងពីវៀតណាមមកទេអាហ្នឹង? វាអត់ឆ្លងពីវៀតណាមកឯណា ស្រាប់តែវាកើតនៅក្រាំងយ៉ូវតែម្តង អញ្ចឹងទេ នោះហើយជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ នេះជាបញ្ហាដែលខ្ញុំសុំធ្វើការអំពាវនាវឱ្យយកចិត្តទុកដាក់ជាបន្ត។
[ចប់សេចក្តីអត្ថាធិប្បាយ ៣]
ទី៨· ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរទាំងឡាយរបស់ប្រជាជន ឱ្យបានសមស្រប និងទាន់ពេលវេលា។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៤]
ចំណុចនេះនៅតែត្រូវបន្ត ហើយដែលយើងបានរៀបចំក្រុមការងារបែងចែក ដែលយើងបានប្រជុំសន្និបាតគណៈកម្មាការកន្លងទៅ មានក្រុមការងារផ្នែកនេះ ក្រុមការងារផ្នែកនោះ។
[ចប់សេចក្តីអធិប្បាយ ៤]
ទី៩· ដោះស្រាយទំនាក់ទំនងរវាងគណៈអភិបាលជាមួយក្រុមប្រឹក្សាភិបាល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៥]
សូមអភិបាលរាជធានីខេត្ត កុំអវត្តមានក្នុងសម័យប្រជុំក្រុមប្រឹក្សាភិបាលរាជធានីខេត្ត
ចំណុចនេះជាចំណុចដែលខ្ញុំយកឱកាសនេះ ដើម្បីនឹងបញ្ជាក់គ្រប់ខេត្ត រាជធានីទាំងអស់ កិច្ចការពេលនេះកំពុងតែផ្ទេរពីថ្នាក់ជាតិ ទៅឱ្យថ្នាក់ក្រោមជាតិ ទំហំកាន់តែធំហើយ ការទទួលខុសត្រូវរបស់មូលដ្ឋានកាន់តែធំជាងមុន។ គ្រាន់តែឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ខ្ញុំ ចំនួនមន្ត្រីរហូតទៅដល់ ១២០០ នាក់ … ជាមួយនឹងមុខងារ ៨ មុខងារនោះ ដែលប្រគល់ឱ្យមូលដ្ឋានទទួលខុសត្រូវ ដូចជាថ្នាក់ស្រុកសាងសង់ប៉ុន្មានម៉ែត្រការ៉េ ថ្នាក់ស្រុកឱ្យលិខិតសម្រាប់សាងសង់ ខេត្តប៉ុន្មានម៉ែត្រការ៉េ និងមុខងារដទៃទៀត។ អញ្ចឹង បញ្ហានៅទីនេះ សុំឱ្យយកចិត្តទុកដាក់រវាងគណៈអភិបាល និងក្រុមប្រឹក្សា។ … ខ្ញុំសុំប្រាប់អភិបាលខេត្តរាជធានីទាំងអស់ សម័យប្រជុំក្រុមប្រឹក្សា និងគណៈអភិបាល អភិបាលខេត្តរាជធានីមិនត្រូវអវត្តមាន។ បើអវត្តមានតែ ៣ ដង ខ្ញុំដកចេញពីតំណែង។ ដាច់ខាតខ្ញុំដកហើយ ព្រោះរឿងអីលោកឯងត្រូវអវត្តមាន។ សម្តេចក្រឡាហោមត្រូវតាមដានឱ្យខ្ញុំអាហ្នឹង។ ប្រធានក្រុមប្រឹក្សាភិបាល ប្រសិនបើអភិបាលខេត្ត ឬអភិបាលរាជធានី មិនព្រមចូលរួមប្រជុំក្រុមប្រឹក្សា ៣ ដងជាប់គ្នា ដោយគ្មានមូលហេតុ គឺរាយការណ៍មកខ្ញុំ។ ខ្ញុំនឹងដកចេញពីតំណែងអត់ទុកទេ ព្រោះនេះចូលទៅក្នុងជំងឺបែងចែក ដែលខុសនឹងបទដ្ឋានផ្លូវច្បាប់តែម្តង។ និយាយអញ្ចឹង មិនមែនបានសេចក្តីថា ផ្តល់សិទ្ធិអំណាចឱ្យប្រធានក្រុមប្រឹក្សាភិបាលកំណត់ពេលវេលាប្រជុំ ក្នុងពេលដែលអភិបាលខេត្ត ឬរាជធានី ជាប់ភារកិច្ចទៅក្រៅប្រទេស ហើយយកលេសថា មិនបានចូលប្រជុំនោះទេ។
គួរកំណត់យកថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី ៤ នៃខែនីមួយៗ ជាថ្ងៃប្រជុំគណៈអភិបាលជាមួយនឹងក្រុមប្រឹក្សា
យើងឱ្យកំណត់ ឧទាហរណ៍កំណត់ជាប់តែម្តងទៅ ដូចជាគណៈរដ្ឋមន្ត្រីកំណត់យកថ្ងៃសុក្ររៀងរាល់សប្តាហ៍ ប៉ុន្តែសប្តាហ៍ខ្លះក៏មានការប្រជុំ សប្តាហ៍ខ្លះក៏អត់មានការប្រជុំដែរ … ប៉ុន្តែសុំអ្នកមួយចំនួនយល់ថា យើងអត់មានការប្រជុំគណៈរដ្ឋមន្ត្រីរាល់ថ្ងៃសុក្រទេ។ អវត្តមានដោយសារលោកហ៊ុន សែន ជាប់ឈឺ អញ្ចេះអញ្ចុះ។ គណៈរដ្ឋមន្ត្រី គឺមានគណៈរដ្ឋមន្ត្រីធំ និងគណៈរដ្ឋមន្ត្រីតូច។ គណៈរដ្ឋមន្ត្រីតូច គេធ្វើសឹងតែរាល់ក្រសួងនានាគេប្រគល់ឱ្យសមាជិករដ្ឋាភិបាលដឹកនាំប្រជុំអន្តរក្រសួង។ អាហ្នឹងជាប្រភេទនៃការប្រជុំស្រាវជ្រាវ មុនពេលដែលយកមកឆ្លងគណៈរដ្ឋមន្ត្រី។ អញ្ចឹងទេ ក្រុមប្រឹក្សាដូចជាមួយខែប្រជុំម្តង។ អញ្ចឹងទេកំណត់ថ្ងៃណាមួយទៅ។ លោកឯងកំណត់ថា ឥឡូវបើថ្ងៃសុក្រត្រូវប្រជុំគណៈរដ្ឋមន្ត្រី អញ្ចឹងទេយកថ្ងៃព្រហស្បតិ៍ ប្រជុំរវាងគណៈអភិបាលជាមួយនឹងក្រុមប្រឹក្សា អញ្ចឹងតែម្តងទៅ។ ឧទាហរណ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ នៃសប្តាហ៍ទី ៤ នៃខែនីមួយៗ ត្រូវប្រជុំគណៈអភិបាលជាមួយនឹងក្រុមប្រឹក្សា … តាមខេត្តនីមួយៗ ខ្លះយកអាទិត្យទី ៣ ខ្លះយកអាទិត្យទី ១ ខ្លះយកអាទិត្យទី ២ ហ្នឹងរឿងរបស់លោកឯងទេ។
ប៉ុន្តែ ខ្ញុំហាមដាច់ខាត អត់ឱ្យអវត្តមានអភិបាលខេត្ត ព្រោះអភិបាលខេត្តរាជធានីត្រូវធ្វើគណនេយ្យភាពជាមួយក្រុមប្រឹក្សា។ កាលពេលដែលយើងធ្វើសេចក្តីព្រៀងច្បាប់ គេស្នើឱ្យក្រុមប្រឹក្សាធ្វើគណនេយ្យភាពជាមួយសភាជាតិ តែយើងឱ្យក្រុមប្រឹក្សាធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល។ អញ្ចឹងខ្ញុំសុំដាស់តឿន ស្រុកក៏ដូចគ្នាដែរ ស្រុកក៏មានក្រុមប្រឹក្សា ក្រុមប្រឹក្សានេះយើងប្រៀបដូចជាសភាខេត្ត សភាស្រុក សភាខណ្ឌអញ្ចឹង ហើយជាពិសេសប្រធានក្រុមប្រឹក្សា និងប្រធានខេត្ត ដូចជាសហប្រធានក្នុងការពិគ្រោះកិច្ចការចាំបាច់ ជួនកាលដឹកដៃគ្នាចូលប្រជុំតែ ២ នាក់ មុននឹងដាក់ការប្រជុំទៅក្នុង។ របៀបធ្វើការបែបនេះ ទើបមានសាមគ្គីភាព ហើយដោះស្រាយបានបញ្ហា បើមិនអញ្ចឹងទេ អស់លោកនឹងមានការកើតជំងឺបែកបាក់។
ប្រធានក្រុមប្រឹក្សា និងអភិបាល នៅជាមួយគ្នា លើការតែងតាំងមន្ត្រី
អញ្ចឹងនេះជាបទបញ្ជា មិនមែនជា តែបទបញ្ជានេះមិនមែនខុសនឹងច្បាប់ទេ តែកន្លងទៅអស់លោកអត់ទាន់បានអនុវត្តកន្លែងខ្លះ។ កន្លែងដែលបានអនុវត្តហើយក៏អនុវត្តទៅ បន្តអនុវត្តឱ្យបានល្អ ពង្រឹងប្រសិទ្ធិភាពនៃការធ្វើការងារ ជាពិសេសការតែងតាំងមន្ត្រី។ ការតែងតាំងមន្ត្រីចាំបាច់ត្រូវតែពិភាក្សាគ្នា។ ឥឡូវករណីខេត្ត កណ្តាល ម៉ៅ ភារុណ ចូលនិវត្ត។ ឯណាអភិបាលខេត្តថ្មី។ ឯងមិនទាន់ស្គាល់មុខស្រួលបួលផងទេ។ ស្គាល់ហើយ ប៉ុន្តែខានជួបគ្នាយូរហើយ។ អត់មានអ្នកណាថា លោកឯងឡើងចៅហ្វាយខេត្តទេ ព្រោះវាច្រើនពេកមុខសញ្ញា។ ខ្ញុំអត់មានការចាំបាច់ដើម្បីពិគ្រោះអីច្រើនពេកទេ។ ហៅទូរស័ព្ទជាមួយ ខេង (ហើយ)លឿនត្រុយតែម្តង។ ប៉ុន្តែនិយាយពីអ្នកនេះប៉ាន់ស្មានអ្នកនោះៗ ខ្ញុំវាយមួយព្រឹប អត់ឱ្យអ្នកណាដឹងផង។ ប្រធានក្រុមប្រឹក្សាលាលែង ហើយមកធ្វើនាយករងខុទ្ទកាល័យខ្ញុំ។ ផា ឯងធ្វើនាយករងខុទ្ទកាល័យខ្ញុំ នៅតាខ្មៅស្រាប់ហើយនៅហ្នុង។ ផ្ទះយ៉ាងធំ អង្គុយចុះ។ ប៉ុន្តែ ឥឡូវខ្ញុំត្រូវឱ្យ ម៉ៅ ភារុណ បន្តធ្វើប្រធានក្រុមប្រឹក្សាភិបាលនៅហ្នុង។ ត្រូវរៀបចំនីតិវិធី ព្រោះ នួន ផា លាលែងហើយ។ អញ្ចឹង ត្រូវលាលែងទាំងអស់។ ឈូសបញ្ជីចេញ ដាក់ ម៉ៅ ភារុណ ចូលឱ្យចំ។ ធ្វើប្រធានក្រុមប្រឹក្សាទៅ ដើម្បីនៅហ្នឹងធ្វើការតទៅទៀត។
នៅភ្នំពេញ ខ្ញុំយក ប៉ា សុជាតិវង្ស ដែលជាប្រធានគណៈកម្មាការមួយរបស់រដ្ឋសភា ឱ្យចេញពីសភា មកធ្វើប្រធានក្រុមប្រឹក្សា ដើម្បីពង្រឹងនូវការគ្រប់គ្រងដែនដី។ ស្បោង សារ៉ាត់ អភិបាលខេត្តជាប់សមាជិកសភាហើយ ត្រូវត្រឡប់ទៅវិញ ទៅធ្វើប្រធានក្រុមប្រឹក្សានៅព្រៃវែង។ តិចអស់លោកចៅហ្វាយខេត្តបានធ្វើចៅហ្វាយខេត្ត បានធ្វើចៅហ្វាយក្រុង នាំគ្នាមើលស្រាលក្រុមប្រឹក្សា។ អត់ទេណា។ ខ្ញុំសុំដាស់តឿននៅកន្លែងនេះ។ ខ្ញុំពិបាកដកប្រធានក្រុមប្រឹក្សាវិញទេ តែអភិបាលខេត្តគឺស្រួលដក។ បើថាត្រូវការរហ័ស ត្រឹមតែ ៣ ម៉ោង គ្រប់គ្រាន់ហើយ បើចៅហ្វាយស្រុក ១៥ នាទីសុទ្ធ។ ចៅហ្វាយស្រុក និងអភិបាលរងខេត្ត គឺ ១៥ នាទី ព្រោះអី? Software computer មានស្រេច គ្រាន់តែដាក់ឈ្មោះចូល ស៊ីញ៉េ ចេញបោះត្រា អស់រលីង។
សុំនិយាយគ្នាកន្លែងហ្នឹង។ ខ្ញុំសុំកន្លែងហ្នឹង។ មានប្រធានក្រុមប្រឹក្សាស្រាប់ ទោះបីជាប្រធានក្រុមប្រឹក្សា នួន ផា លាលែង ប៉ុន្តែអនាគតប្រធានក្រុមប្រឹក្សាដែលនឹងចូលកាន់តំណែង ម៉ៅ ភារុណ ក៏នឹងមកដល់ដែរ។ មន្ត្រីឡេមឡឺមតែងតែរត់ទៅកៀកកន្លែងណាដែលមានសិទ្ធិតែងតាំង … បើអញ្ចឹងកុំឱ្យមានមន្ត្រីឡេមឡឺមរត់ទៅកៀកអ្នកនេះ រត់ទៅកៀកអ្នកនោះ។ វិធីតែមួយគត់ប្រធានក្រុមប្រឹក្សា និងអភិបាលនៅជាមួយគ្នា លើការតែងតាំងមន្ត្រី អាហ្នឹងបានអត់មានការបែងចែក។ កម្លាំងទៅប្រមូលផ្តុំ អត់មានមន្ត្រីឡេមឡឺម។ បើមិនអញ្ចឹង ចៅហ្វាយខេត្តចេះតែមានសិទ្ធិ ព្រោះប្រធានក្រុមប្រឹក្សាអត់មានសិទ្ធិស៊ីញ៉េតែងតាំងទេ មានតែអភិបាល។ ដល់អញ្ចឹង មន្រ្តីឡេមឡឺមវាទៅតែជាមួយអភិបាល។ អភិបាលចេះតែស៊ីញ៉េដាក់ពេញទឹកពេញដី កើតទៅជាជំងឺបែកបាក់។ ខេត្តកណ្តាលមួយនេះ មិនដឹងប៉ុន្មានទេ តែខ្ញុំសុំសម្រេចដោយឆន្ទានុសិទ្ធិរបស់ខ្ញុំ …។
ពេលតែងតាំងមន្ត្រី ដោយមើលពីប្រសិទ្ធិភាពការងារ មិនមែនអន្តរាគមន៍ទេ
ពិគ្រោះគ្នារឿងបញ្ហាក្រុមប្រឹក្សាភិបាល ដល់អភិបាលរងទៀត … មិនទាន់ទាំងតែងតាំងអភិបាលខេត្តផង ស្រាប់តែលេចធ្លាយទៅដល់អភិបាលរងទៀតហើយ។ ឥឡូវដល់អភិបាលស្រុកទៀត។ ថាយើងប្រុងយកអភិបាលស្រុកមួយឡើងអភិបាលរងខេត្ត។ ឥឡូវរាលដាលទៅដល់ហ្នឹងទៀតហើយ។ ឥឡូវ ខ្ញុំបានសម្រេចហើយ មិនដឹងថា ម៉ៅ ភារុណ បានធ្វើការជាមួយក្រសួងមហាផ្ទៃហើយឬនៅ? ខ្ញុំសុខចិត្តយកនាយក្រមការមួយឱ្យឡើង ព្រោះពេលនេះមិនមែនជាពេលវេលាដែលត្រូវធ្វើអន្តរាគមន៍លើការតែងតាំងមន្ត្រីទេ ត្រូវមើលឃើញប្រសិទ្ធិភាពការងារ។ ខ្ញុំសុំរំលឹក កុំឱ្យមានមន្ត្រីឡេមឡឺម។ បើចង់កាត់បន្ថយមន្ត្រីឡេមឡឺម វិធីតែមួយគត់ គឺរវាងអភិបាលជាមួយនឹងប្រធានក្រុមប្រឹក្សាត្រូវនៅជាមួយគ្នា ព្រោះអានេះជួនកាលវាទៅអញ្ចេះទៅ អើយមាត់ខ្យងមាត់ក្តាម ល្មមបានហើយ ប៉ុណ្ណឹងទៅ។
មន្ត្រីថ្នាក់ជាតិ កុំដណ្តើមកន្លែងមន្ត្រីថ្នាក់មូលដ្ឋាន
ខ្ញុំយកជំហរម៉ឺងម៉ាត់អំពីកន្លែងហ្នឹង ហើយខ្ញុំនៅតែទទូច មិនឱ្យបោះមន្ត្រីថ្នាក់ជាតិ ទៅដណ្តើមកន្លែងមន្ត្រីថ្នាក់មូលដ្ឋាន។ កុំឱ្យបោះពីលើ។ ទុកឱកាសឱ្យខាងមូលដ្ឋានគេរៀបចំមន្ត្រីគេ។ បើមិនអញ្ចឹង យើងណាមកយកផ្កាយពាក់ពេញស្មា រួចបន្ទាប់ទៅចង់ទៅធ្វើអភិបាលស្រុក ចង់ទៅធ្វើអភិបាលខេត្ត ចង់ទៅធ្វើអភិបាលរងខេត្ត ចង់ទៅធ្វើនេះ ចង់ទៅធ្វើនោះ។ អញ្ចឹងទេ មកថ្នាក់ជាតិមកយកផ្កាយ មកយកឋានៈឧត្តមមន្ត្រី មកយកឋានៈវីរៈមន្ត្រី រួចហើយទៅដណ្តើមកន្លែងនៅឯមូលដ្ឋាន។ ខេត្តស្វាយរៀង ខ្ញុំនៅតែរំលឹក ដាក់ពឹ្របយកមន្ត្រីយោធាពីខាងលើមកធ្វើអភិបាលរង។ ខ្ញុំអត់ព្រមស៊ីញ៉េ។ អញ្ចឹងទីចុងបំផុតធ្វើអភិបាលក្រុងបាវិតមកធ្វើ។ ខ្ញុំព្រមស៊ីញ៉េ។ ឥឡូវគ្រប់ខេត្តទាំងអស់បានជុំគ្នាហើយ។ ខ្ញុំគិតថា អស់លោកខេត្តទាំងឡាយគឺអរវិញទេ តែខ្ញុំសុំអង្វរកមន្ត្រីនៅថ្នាក់ជាតិ សុំកុំទៅដណ្តើមតំណែងនៅឯមូលដ្ឋាន។ ឧទាហរណ៍ បើសិនជាយើងបោះមួយ អភិបាលខេត្តចូលនិវត្ត អភិបាលរងមួយឡើង អញ្ចឹងវាខ្វះអភិបាលរងមួយ អញ្ចឹងអភិបាលរងមួយនេះ យើងត្រូវរកអភិបាលស្រុកណាមួយ ឬក៏នាយករដ្ឋបាលនៅសាលាខេត្ត ដើម្បីឡើង ឧទាហរណ៍អញ្ចឹង។ ឥឡូវយើងឧទាហរណ៍ថា យកចៅហ្វាយស្រុកណាមួយឡើងជាអនុខេត្ត ដល់អញ្ចឹងវាត្រូវបានរើសតគ្នា។ អភិបាលស្រុកនេះបានឡើងមកធ្វើអភិបាលខេត្ត អភិបាលខេត្តវាត្រូវអភិបាលរងត្រូវឡើង។ ដល់ខ្វះអភិបាលរងត្រូវរុញអ្នកក្រោមឡើង។ អញ្ចឹងគ្នាបានទទួលការឡើងសក្តិ ហើយបើយើងបោះពីលើដដែល ឱ្យគ្នាប្រឹងធ្វើការចង់ងាប់ទៅទៀត រហូតដល់ថ្ងៃចូលនិវត្ត រកឡើងសក្តិមួយគ្មាន។ ព្រោះអី? ដោយសារមន្ត្រីថ្នាក់ជាតិទៅដណ្ដើមយកអំណាចពីគេ កន្លែងគេ ឱ្យគ្នាធ្វើការម៉េច។ ខ្ញុំនៅតែទាមទារអាហ្នឹង ខ្ញុំមិនព្រមចុះហត្ថលេខាទេ។
អញ្ចឹងបានអ្នកដែលធ្វើឯកសារឱ្យសម្តេចក្រឡាហោមចុះហត្ថលេខា ថ្ងៃមុនមុនខ្ញុំចុះហត្ថលេខា ខ្ញុំឱ្យសួរថាម្នាក់ហ្នឹងនៅណា ព្រោះគ្រាន់តែដាក់ពាក្យថា មន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ។ ឥឡូវខ្ញុំសុំស្នើឱ្យដាក់ឱ្យចំថា បច្ចុប្បន្នជាអភិបាលរងស្រុកនេះ សុំតម្លើងជាអភិបាលស្រុក។ ដាក់ឱ្យច្បាស់ចឹង។ បើមិនអញ្ចឹងខ្ញុំអត់ស៊ីញ៉េ ខ្ញុំសួរ។ អាហ្នឹងយឺត។ អញ្ចឹងអ្នកដែលធ្វើឯកសារឱ្យសម្តេចក្រឡាហោម បញ្ជាក់ឱ្យខ្ញុំឱ្យច្បាស់។ បើមិនអញ្ចឹង ខ្ញុំម៉េចដឹង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់មហាផ្ទៃ មន្ត្រីនោះអាចនៅខេត្ត មន្ត្រីនោះអាចនៅស្រុក មន្ត្រីនោះអាចទៅពីក្រសួងមហាផ្ទៃ បើទៅពីក្រសួងមហាផ្ទៃ ខ្ញុំអត់ស៊ីញ៉េទេ ព្រោះបោះពីលើទៅដូចគ្នា។ រកឱ្យអស់នៅមូលដ្ឋានទៅ មូលដ្ឋានគេមានធនធានមនុស្សរបស់គេ តែយើងបោះពីលើទៅយកកន្លែងគ្នាហើយ ធ្វើម៉េចគេឡើងរួច គ្នាឡើងអត់រួចទេ។ ខ្ញុំយកឱកាសនេះដើម្បីនិយាយជាថ្មីម្តងទៀត ព្រោះត្រឹមតែប៉ុន្មានខែកើតប៉ុន្មានរឿងទៅហើយ។ ខ្ញុំសុំចិត្ត ខ្ញុំបាននិយាយក្នុងអង្គប្រជុំហើយ ខ្ញុំបានឱ្យអ្វីដែលជាសិទ្ធិអំណាចរបស់ខ្ញុំ ខ្ញុំគោរពការសម្រេចរបស់អស់លោកស្នើសុំមកខ្ញុំ។ អស់លោកស្នើសុំតម្លើងអ្នកនេះធ្វើរដ្ឋលេខាធិការ ធ្វើអនុរដ្ឋលេខាធិការ ខ្ញុំតែងតែស៊ីញ៉េឱ្យ។ ការពិតអាហ្នឹងស្ថិតនៅក្នុងអំណាចរបស់ខ្ញុំសុទ្ធសាធ ប៉ុន្តែខ្ញុំអត់ស្គាល់មនុស្សច្រើនជាងអស់លោកឯកឧត្តម លោកជំទាវទេ។ អញ្ចឹងទេ បានជាខ្ញុំតែងតែផ្តល់ឱកាសឱ្យឯកឧត្តម លោកជំទាវដែលជាប្រធានស្ថាប័នធ្វើសំណើមក តែងតាំងអ្នកណាធ្វើរដ្ឋលេខាធិការ អ្នកណាធ្វើអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងស្អីៗ។
ទោះបីថា ខ្ញុំចុះហត្ថលេខាក៏ខ្ញុំមិនដែលសួរនាំអី ប៉ុន្តែអ្វីដែលខ្ញុំសុំគឺសុំឱ្យគោរពគោលការណ៍តែប៉ុណ្ណឹងទេ។ ប្រជុំតាម video conference អត់ទាន់ដឹងលឺដល់ប្រជាពលរដ្ឋទេ។ អត់ទាន់ដឹងលឺដល់សាធារណៈ មន្ត្រីរាជការនៅឯមូលដ្ឋានទេ។ លើកនេះខ្ញុំនិយាយឱ្យបានច្បាស់ចំហ អំពីការមិនយកមន្ត្រីថ្នាក់ជាតិទៅដណ្តើមកន្លែងរបស់មន្ត្រីនៅមូលដ្ឋាន ហើយយើងលក្ខន្តិកៈដោយឡែកនៃមន្ត្រីថ្នាក់ក្រោមជាតិអត់ទាន់ធ្វើផង ប្រកាស អនុវត្តរួចហើយ។ ដូច្នេះយើងមានដំណើរការហើយ។ រដ្ឋមន្ត្រីនៅខាងលើ សិទ្ធិតែងតាំងមានត្រឹមតែប្រធានមន្ទីរទេ ប៉ុន្តែប្រធានមន្ទីរនេះ អស់លោកអភិបាលខេត្តរួមជាមួយក្រុមប្រឹក្សាត្រូវមានការឯកភាពគ្នា ដើម្បីស្នើមកធ្វើការឯកភាពគ្នាជាមួយនឹងក្រសួង ដើម្បីក្រសួងតែងតាំង។ ប្រធានមន្ទីរត្រូវក្រសួងជាអ្នកតែងតាំង ប៉ុន្តែត្រូវយោងទៅលើសំណូមពរចាំបាច់ដែលមូលដ្ឋានគេពេញចិត្ត ហើយឱ្យមានការឯកភាពគ្នា។ ឯកភាពនៅទីនេះខ្ញុំចង់សំដៅ ឯកភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល យ៉ាងហោច អាហ្នឹងទី១។
ទី ២ ឯកភាពរវាងខេត្ត និងស្ថាប័ន បើធ្វើយ៉ាងដូច្នេះរដ្ឋបាលរបស់យើងវានឹងស្រួលដំណើរ។ ខ្ញុំទុកចិត្តទៅលើអស់លោកឯកឧត្តម លោកជំទាវ ថានឹងធ្វើកិច្ចការងារនេះហើយ។ អភិបាលខេត្តរាជធានី អភិបាលខណ្ឌស្រុក រួមជាមួយនឹងប្រធានក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង ធ្វើកិច្ចការងារនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព បើមិនដូច្នេះនឹងធ្វើឱ្យមានភាពរញ៉េរញ៉ៃផ្ទៃក្នុង ខ្ញុំសុំបញ្ជាក់ អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ អភិបាលខេត្ត អភិបាលរាជធានីណាមិនចូលប្រជុំជាមួយក្រុមប្រឹក្សា ៣ ដងជាប់គ្នា ដោយការគេចវេស គឺនឹងត្រូវដកចេញពីតំណែង។ ហ្នឹងនិយាយគ្នាដាច់ណាត់តែម្តង ព្រោះអត់អីទេ អភិបាលស្រុក ១៥ នាទី អភិបាលខេត្ត ៣ ម៉ោង បើត្រូវការរហ័ស ព្រោះបើអស់លោកឯងមិនគោរពកាតព្វកិច្ចនៅមូលដ្ឋាន ទៅគោរពអីទៀត និយាយគ្នា មិនដឹងថាខេត្តប៉ុន្មាន ស្រុកប៉ុន្មានទេ តែខ្ញុំសុំរំលឹកអំពីទំនាក់ទំនងការងារនៅទីនេះ។ សុំបំបាត់ឱ្យអស់នូវក្រុមមនុស្សឡេមឡឺម អានេះទៅកៀកជាមួយប្រធាន។ ប្រធានក្រុមប្រឹក្សាច្រើនធ្វើប្រធានបក្ស។ អាហ្នឹងមានសិទ្ធិ ប៉ុន្តែអ្នកមានសិទ្ធិមួយទៀតគឺអភិបាលមានសិទ្ធិចុះហត្ថលេខា អញ្ចឹងវាទៅកៀកៗ។ អញ្ចឹងពីរនាក់អង្គុយក្បែរគ្នា អត់អ្នកណាមកធ្វើអីកើតទេ។ ដូចខ្ញុំធ្វើការចឹង មានការអីខ្ញុំពិគ្រោះជាមួយ ខេង ទៅ រឿងតែងតាំងស្រុក រឿងតែងតាំងខេត្ត។ ខ្ញុំពិគ្រោះគ្នាទៅ រួចហើយធ្វើសំណើទៅ កន្លែងខ្លះ អត់មានការចាំបាច់ពិគ្រោះទេ គ្រាន់តែតែងតាំងឡើងវិញ ក្នុងដែនសមត្ថកិច្ចដដែល មិនចាំបាច់ពិគ្រោះធ្វើអី។ ប៉ុន្តែ ករណីអភិបាលខេត្តមួយចូលនិវត្ត ត្រូវមានការពិគ្រោះថាយកអ្នកណា …។
[ចប់សេចក្តីអធិប្បាយ ៥]
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, កងកម្លាំង នគរបាលជាតិ, មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាអនុវត្តសម្រេចបានសមិទ្ធផលនានាជាច្រើន គួរជាទីមោទនៈ កាលពីឆ្នាំ ២០១៩ កន្លងមក។ ខ្ញុំជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តពុះពារសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ ២០២០ នេះ និងបណ្តាឆ្នាំខាងមុខទៀត ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃនាពេលនេះ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី, អង្គសន្និបាត សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕