ប្រសាសន៍​សំខាន់ៗ របស់សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិសា​អាហារស្រាយ​បួសជាមួយ​​បងប្អូន​ខ្មែរ-អ៉ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍​កោះពេជ្រ

115

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។

ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។

– សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៉ីស្លាម ដែលបានប្រឹងប្រែងចូលរួមថែរក្សានូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនខ្មែរ-អ៉ីស្លាមថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាបានប្រែក្លាយ ពីប្រទេសមានចំណូលតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនេះ កើតចេញពីការរួមសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៉ីស្លាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនខុសពីការបោះឆ្នោតជូនព្រះអាឡោះ និងបងប្អូនខ្មែរ-អ៉ីស្លាម ខ្លួនឯងតែប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពិធីជួបជុំរវាងនាយករដ្ឋមន្រ្តី និងបងប្អូនខ្មែរ-អ៉ីស្លាម គឺអាចកើតមានតែក្នុងពេលគណបក្ស ប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ សម្រាប់គណបក្សនយោបាយផ្សេង សម្តេចមិនដឹងថា គេមានគោលនយោបាយយ៉ាងណានោះទេ។

– បើទោះជាយ៉ាងណាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែមានជំនឿមុតមាំរបស់បងប្អូនខ្មែរ-អ៉ីស្លាម មកលើគណបក្ស ប្រជាជនកម្ពុជា ដូចដែលបានគាំទ្រតាំងពីក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង ៣៨ឆ្នាំមកនេះ សម្តេចយល់យ៉ាងច្បាស់ថា អ្វីទៅជាសុខដុមនីយកម្មនៃសាសនា។

– សម្តេចតេជោ ហ៊ុន សែន បើទោះបីអត់ពីសម្តេចទៅ ទោះនរណាក៏ដោយដែលជាសមាជិកគណបក្សប្រជាជន ត្រូវប្រកាន់នូវ គោលនយោបាយអមតៈ គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍។ សម្តេចបន្តថា ការប្រកាន់ជាតិ សាសន៍ និងការរើសអើងជាតិសាសន៍មិនមែនជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយវារឹតតែមិនមែន ជាគោលនយោបាយរបស់សម្តេចទៅទៀត។

– នាយករដ្ឋមន្រ្តី បន្តថា ការកាន់សាសនាខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះឡើយ ហើយក៏គ្មានសាសនា ណាអប់រំមនុស្សឲ្យធ្វើអំពើមិនល្អនោះឡើយ។

– សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងបញ្ជាក់ថា បងប្អូនខ្មែរ-អ៉ីស្លាម មានភ័ព្វសំណាងណាស់ ដែលបានកើតនៅលើទឹកដីកម្ពុជា ហើយភ័ព្វសំណាងនេះ គឺមានតែក្នុងដំណាក់កាលគណបក្សប្រជាជនកម្ពុជាដឹកនាំតែប៉ុណ្ណោះ។ សម្តេចបានរំលឹកថា ក្នុងរបប សាធារណរដ្ឋរបស់លោក លន់ នល់ និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត បងប្អូនខ្មែរ-អ៉ីស្លាម គ្មានភ័ព្វសំណាង បែបនេះឡើយ។

– សម្តេចបញ្ចប់សុន្ទរកថានៅម៉ោង ៦៖១៧នាទី ដោយសន្យាជួបគ្នានៅឆ្នាំក្រោយទៀត។