ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមរំលែកនូវទុក្ខកង្វល់ និងការលំបាកជាមួយរដ្ឋាភិបាល និងប្រជាជនចិនដែលបាននិងកំពុងប្រឈមនឹងការវាយប្រហារពីវីរុសកូរ៉ូណាថ្មី ដែលបាន សម្លាប់ប្រជាជន និងធ្វើឱ្យមានអ្នកស្លាប់មានការកើនឡើងជាលំដាប់គិតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា នេះគឺជាការចូលរួមការលំបាកមួយជាមួយមហាយក្សចិន ដែលកម្ពុជាចាត់ទុកជាមិត្តភាពដែកថែប ហើយដែលកម្ពុជាមិនមែនត្រឹមតែមិត្តភាពដែកថែបក្នុងកាលៈទេសៈនេះនោះទេ គឺកម្ពុជា-ចិន មានមិត្តភាពជាប្រវត្តិសាស្រ្ត។ ឯកឧត្តមបានបញ្ជាក់ថា “រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់សូមចូលរួមរំលែកកង្វល់ បារម្ភ និងទុក្ខសោកជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ”។ ឯកឧត្តមបានបន្ដថា អ្វីដែលជាផលលំបាក ឬឧបសគ្គរបស់ចិន ក៏ជាឧបសគ្គ និងជាការលំបាករបស់កម្ពុជា ហើយអ្វីដែលជាលំបាក ឬឧបសគ្គរបស់កម្ពុជា ក៏ជាឧបសគ្គ និងជាការលំបាករបស់ចិន ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ។
សូមជម្រាបថា ក្រោយការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវជំហររួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយកម្ពុជាមិនបានបញ្ជូនប្រជាពលរដ្ឋ ឬមន្រ្តីការទូតរបស់កម្ពុជានៅប្រទេសចិនត្រឡប់មកកម្ពុជាវិញនោះទេ។ ដោយឡែកជើងហោះហើរពីប្រទេសចិនមកកម្ពុជានៅតែបន្តបើកឱ្យដំណើរការដដែល ដោយមិនមានការផ្អាកនោះទេ បើទោះបីជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងអឺរ៉ុបបានផ្អាកយ៉ាងណាក៏ដោយចុះ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ និងអ្នកឆ្លងវីរុសកូរ៉ូណានេះ ហាក់បីដូចជាមិនមានការថមថយអ្វីនោះទេ គិតមកដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ចំពោះតួលេខនៃអ្នកស្លាប់ និងឆ្លងដោយសារវីរុសមួយនេះមានការកើនឡើងជាលំដាប់ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នពីវីរុសមួយនេះ៕