ជំនួបលើកទី ៤ រវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន
ជាដំបូងនេះ អនុញ្ញាតឱ្យខ្ញុំសុំសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ជាពិសេស បងប្អូន កូនក្មួយ ដែលជាអ្នកសារព័ត៌មាន ដែលបានទទួលការអញ្ជើញចូលរួមនៅថ្ងៃនេះ។ សូមយកឱកាសនេះ ជូនពរចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដែលទើបកន្លងផុតទៅថ្មីៗនេះ សូមឱ្យទាំងអស់គ្នាជួបតែសេចក្ដីសុខ/ចម្រើន និងពុទ្ធពរ និងពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះ ជាជំនួប(លើក)ទី ៤ រវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានអ្នកសារព័ត៌មាន (និង/ឬ)ទីភ្នាក់ងារព័ត៌មានមកពីបរទេសផងដែរ។ ការជួបជុំរបស់យើង គឺសំដៅពង្រឹងដំណើរការនៃកិច្ចការដែលទាក់ទងនឹងសារព័ត៌មាន ដែលជាផ្នែកដ៏សំខាន់មួយនៃដំណើរការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងព័ត៌មាន ដែលបានសហការរៀបចំវេទិកានេះឡើង (តាំង)ពីឆ្នាំទី ១ រហូតដល់ឆ្នាំទី ៤ នៅថ្ងៃនេះ។
មិនមែនការជួបជុំអបអរខួប ៣៥ ឆ្នាំ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះការជូនពររបស់រដ្ឋមន្ត្រី ក៏ដូចជាការជូនពរពីសំណាក់មិត្តភក្តិនានាចំពោះខ្ញុំ ដោយសារថ្ងៃនេះជាខួប ៣៥ ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដែលអាចចាត់ទុកថា ជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនៅលើពិភពលោក ហើយក៏ជានាយករដ្ឋមន្ត្រី ដែលធ្វើបានយូរជាងគេផងដែរ។ មិនមែនជាការជ្រើសរើសរបស់ខ្ញុំនោះទេ ដែលត្រូវរើសយកថ្ងៃនេះ ប៉ុន្តែ នេះជាការគាប់ជួនមួយ ដែលឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារិទ្ធិ បានលើកសំណើនេះឡើង ហើយកំណត់បង្ហាញរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានស្នើសុំយកថ្ងៃទី ១៤ មករា។ ខ្ញុំក៏មិនចាំទេថា ថ្ងៃទី ១៤ មករា នេះ គឺជាថ្ងៃខួបនៃការកាន់ដំណែង ៣៥ ឆ្នាំ ជានាយករដ្ឋមន្ត្រី។ នេះគ្រាន់តែជាការគាប់ជួន។ សូមកុំមានការភាន់ច្រឡំណាមួយថា នាយករដ្ឋមន្ត្រីយកថ្ងៃនេះ ដើម្បីប្រារព្ធខួបឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់ខ្លួន។
៨ ព្រឹត្តិការណ៍ក្នុងខែមករា ទាក់ទងនឹងដំណើរជាតិកម្ពុជា ឬដំណើរជីវិត
អនុញ្ញាតឱ្យខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនបន្តិច អំពីព្រឹត្តិការណ៍ក្នុងខែមករា ហើយទាក់ទងជាមួយជីវិតរបស់ខ្ញុំ ទាក់ទងជាមួយកិច្ចការបស់ខ្ញុំ និងទាក់ទងដំណើរជាតិកម្ពុជារបស់យើង។ ខ្ញុំមានចំណុចមួយចំនួនដែលត្រូវបញ្ជាក់ មុននឹងខ្ញុំនិយាយទៅដល់សារព័ត៌មាន ព្រោះនេះមិនមែនជារឿងដាច់ដោយឡែកនោះទេ ក៏ប៉ុន្តែ វាជារឿងដែលអ្នកសារព័ត៌មានគប្បីត្រូវយល់/ដឹងថា តើឫសគល់របស់វានៅកន្លែងណា?
បើនិយាយពីខែមករានេះ សម្រាប់ខ្ញុំវាទាក់ទិនដល់ទៅបញ្ហា ៨ ចំណុច។ (ចំណុច)ទី ១ ខួបលើកទី ៤១ (ឆ្នាំ) នៃថ្ងៃរំដោះ ៧ មករា ១៩៧៩។ នេះជាព្រឹត្តិការណ៍ជាតិដ៏សំខាន់របស់យើង។ ៤១ ឆ្នាំ បានកន្លងផុត ប៉ុន្តែ ក៏បានស្ថិតនៅក្នុងខែមករានេះដែរ។
ចំណុចទី ២ គឺជាខួប ៤១ ឆ្នាំ នៃការក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនដល់ ២៧ ឆ្នាំផង គឺនៅថ្ងៃទី ៨ មករា ១៩៧៩ គឺប៉ុន្មានម៉ោងក្រោយពេលដែលភ្នំពេញត្រូវបានរំដោះ។ ពេលនោះ មានការចាត់តាំងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរាជរដ្ឋាភិបាលនៅពេលនោះ ខ្លួនខ្ញុំត្រូវបានទទួលការតែងតាំងជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី ៨ មករា ១៩៧៩។
(ចំណុច)ទី ៣ គឺខួបទី ៣៥ (ឆ្នាំ) នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងវ័យ ៣២ ឆ្នាំ នៅថ្ងៃទី ១៤ មករា ១៩៨៥។ ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ ដោយមានឯកឧត្តម ខៀវ កាញារឹទ្ធិ នៅទីនេះស្រាប់ ពេលនោះ ប្រហែលជា ឯកឧត្តម ខៀវ កាញារឹទ្ធិ (និងមន្ត្រី)មួយចំនួនទៀត ដូចជា លោកជំទាវ សោម គឹមសួគ៌ ជាដើម ឯកឧត្តម លោកជំទាវខ្លះនៅចាំបាន ការបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីលើកដំបូង មានម្នាក់បាត់ ៦ សម្លេង និងមានម្នាក់បាត់ ៧ សម្លេង។ ពិតមែនតែពេលនោះ ខ្ញុំមានវ័យត្រឹមតែ ៣២ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ សន្លឹកឆ្នោតដែលបោះជាសម្ងាត់ ត្រូវទទួលបានការគាំទ្រ ១០០% នៃសន្លឹកឆ្នោតដែលបានបោះ។ នេះជាករណីពិសេស កាលពី ៣៥ ឆ្នាំមុននោះ បន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីខ្លះថា ខ្លួនខ្ញុំនេះ គឺជារដ្ឋមន្ត្រីដែលមិនទាន់បាត់ធុំក្លិនទឹកដោះគោ … អ្នកទាំងនោះបានផ្ដល់ការគាំទ្រពេញទំហឹង ចំពោះតួនាទីរបស់ខ្ញុំ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីពេលនោះ ដែលហៅថា នាយករដ្ឋមន្ត្រី។
ចំណុចទី ៤ គឺខួប ៣២ ឆ្នាំ នៃការចចារ រវាងសម្ដេចព្រះ នរោត្តម សីហនុ និងខ្ញុំ ហៅថាជំនួប សីហនុ-ហ៊ុន សែន លើកទី ២ នៅ Saint-Germain-en-Laye ថ្ងៃទី ២០-២១ មករា ១៩៨៨។ ចំណុចនេះទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតក្នុងខែមករា គឺការចរចាលើកទី ១ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២ ធ្នូ ១៩៨៧ នៅ Fère-en-Tardenois។ ការចរចាលើកទី ២ ដែលគ្រោងធ្វើនៅ ឆាងសូអ៊ុន នៅកូរ៉ខាងជើង ក៏ប៉ុន្តែត្រូវលើកទៅធ្វើនៅ Saint-Germain-en-Laye នៅប្រទេសបារាំង នៅថ្ងៃទី ២០-២១ មករា ១៩៨៨។
ឯចំណុចទី ៥ គឺខួបលើកទី ២៤ នៃការចាប់ផ្ដើមអនុវត្តន៍នយោបាយឈ្នះឈ្នះ ដោយចាប់ផ្ដើមពីកងពលលេខ ១៨ នៅតំបន់ឱរ៉ាល់ប្រកាសផ្ដាច់ខ្លួន ដែលដឹកនាំដោយ ឯកឧត្តម កែវ ពង្ស នៅក្នុងខែមករា ឆ្នាំ១៩៩៦។ នេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាក់ទងជាមួយដំណើរជាតិរបស់កម្ពុជា ហើយក៏ទាក់ទងទៅនឹងសកម្មភាពផ្ទាល់របស់ខ្ញុំផងដែរ។ គេនៅចាំបានថា មិនមែនទើបនឹងថ្ងៃទី ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃ បញ្ចប់ នៃការអនុវត្តនយោបាយឈ្នះឈ្នះ គឺការបញ្ចប់សង្គ្រាមទាំងស្រុងនាំមកនូវការឯកភាពជាតិ ប៉ុន្តែ ការចាប់ផ្ដើមរបស់វា គឺយើងបានចាប់ផ្ដើមតាំងពីការដាក់ចេញនូវគោលនយោបាយនោះ គឺយើងបានរៀបចំតាំងពីឆ្នាំ ១៩៩៥។ លើការអនុវត្តន៍ជាក់ស្ដែង កែវ ពង្ស ដែលជាប្រធានកងពលលេខ ១៨ របស់ខ្មែរក្រហមនៅតំបន់ឱរ៉ាល់ពេលនោះ បានប្រកាសផ្ដាច់ខ្លួននៅក្នុងខែមករា ឆ្នាំ១៩៩៦ យើងមានរយៈពេលជាង ២ ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់យើង។
ឯចំណុចទី ៦ គឺជាបញ្ហាដែលទាក់ទងជាមួយបញ្ហាផ្ទាល់ខ្លួនទេ គឺខួបលើកទី ៤៤ នៃការ ប្រែក្លាយខ្លួនពីកំលោះ ទៅជាមានភរិយា គឺការរៀបការរបស់ខ្ញុំជាមួយភរិយារបស់ខ្ញុំ នៅថ្ងៃទី ៥ មករា ១៩៧៦។ កើតឡើងក្នុងខែមករានេះឯង។
(ចំណុច)ទី ៧ ខួបលើកទី ២០ ដែលបានក្លាយជាជីតារបស់ចៅស្រីលើកដំបូង កាលពីមុនប្រែក្លាយពីកំលោះ ទៅជាអ្នកមានភរិយា បន្ទាប់ទៅថ្ងៃទី ២៨ មករា ២០០០ គឺខ្លួនខ្ញុំបានក្លាយទៅជាជីតារបស់ចៅស្រីលើកដំបូង។
ចំណុចទី ៨ គឺកូនប្រុស/ស្រីរបស់ខ្ញុំ ចំនួន ៤ គូ បានរៀបការក្នុងខែមករា។ ដូច្នេះ ក្នុងពេលណាមួយ ខ្ញុំនឹងបបួលកូនរបស់ខ្ញុំ ធ្វើពិធីរំលឹកខួបអាពាហ៍ពិពាហ៍ រួមទាំងឪពុកម្ដាយ និងកូន ៤ គូ ថែមទៀត។ នេះខ្ញុំគ្រាន់តែលើកទាក់ទងនឹងព្រឹត្តិការណ៍ខែមករា។ ខ្ញុំក៏មានចៅ ដែលកើតខែមករាខ្លះផងដែរ។
កម្ពុជាមិនមែនជាប្រទេសផ្ទេរអំណាចពីឪទៅកូនដូចប្រទេសខ្លះ ត្រូវឆ្លងកាត់ការបោះឆ្នោត
ថ្ងៃនេះ ខ្ញុំគួរតែនិយាយបន្តិចឱ្យហើយ ដើម្បីបញ្ជាក់ជូន។ ថ្ងៃមិញនេះ លោក ខាន់ សុវណ្ណ ដែលជាប្រធានអង្គព្រោកប្រាជ្ញ ឥឡូវ មានអង្គព្រោកប្រាជ្ញមួយទៀត ដែលធ្វើវីដេអូឡាយតាមហ្វេសប៊ុកផេច ហើយដែលមានការផ្សាយផ្ទាល់ជាមួយវិទ្យុបាយ័នថែមទៀតបានបញ្ជូនឱ្យខ្ញុំ។ ភ្ញាក់ពីដេកខ្ញុំក៏បានស្ដាប់។ ហាក់ដូចជា Cambodia Daily ដែលបានផ្សព្វផ្សាយព័ត៌មាន លោក ហ៊ុន សែន កំពុងស្វះស្វែងផ្ទេរតំណែងនៅក្នុងពេលដ៏ខ្លីខាងមុខ អាចថាឆ្នាំ ២០២០-២១ ឱ្យ ហ៊ុន ម៉ាណែត ដែលជាកូនច្បង។ ខ្ញុំគួរតែយកឱកាសនេះ បញ្ជាក់ឱ្យបានច្បាស់បន្តិច។ ខ្ញុំត្រូវការពេលវេលា ១០ ឆ្នាំទៀត ដើម្បីកាន់តំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ហ៊ុន ម៉ាណែត បើសិនជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គេក៏ត្រូវរង់ចាំរហូតទៅដល់ក្រោយឆ្នាំ ២០២៨ ឬក្រោយឆ្នាំ ២០២៩ ឬរហូតទៅដល់ឆ្នាំ ២០៣០ ទើបអាចប្រឡូកនៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីបាន។ នេះជាការបញ្ជាក់ហើយបញ្ជាក់ទៀត។
បើឪពុកវាកំពុងធ្វើ តើកូនមានលទ្ធភាពឯណា ដើម្បីមកដណ្ដើមអំណាចពីឪពុក? ខ្ញុំ(សូម)បញ្ជាក់បន្ថែម ប្រទេសយើង គឺជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរអំណាចពីឪពុកទៅកូន តាមរបៀបមួយដូចជានៅប្រទេសខ្លះនោះទេ។ ត្រូវឆ្លងកាត់ការបោះឆ្នោត។ ដូច្នេះ អ្វីដែលអ្នកទាំងអស់ចង់និយាយ ខ្ញុំក៏អាចបញ្ជាក់ទៅវិញថា បើឪពុកកំពុងតែកាន់តំណែងជានាយករដ្ឋមន្ត្រី តើកូនមានលទ្ធភាពឯណា ដើម្បីចូលមកកាន់ដំណែងនាយករដ្ឋមន្ត្រី នៅក្នុងពេលដែលឪពុកកំពុងអង្គុយនៅទីនេះ? មួយវិញទៀត បើទោះបីជាឪពុកចាកចេញពីទីនេះ ក៏ប្រហែលជាមិនទាន់ដល់ពេលដែលកូនមកកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងពេលដែលមេដឹកនាំប្រទេស ដែលជាសហការីរបស់ខ្ញុំនៅពេលនេះ កំពុងតែស្ថិតនៅទីនោះដែរ។ ហ៊ុន ម៉ាណែត គឺជាក្មេងម្នាក់ ដែលអ្នកអង្គុយនៅនឹងតុទីនេះ នៅពេលជួបគេចាប់ពនៅឡើយទេ។ ដូច្នេះ ប្រាកដណាស់ថា យើងត្រូវគិតគូរអំពីរបៀបដោះស្រាយបញ្ហាផ្ទៃក្នុងរបស់យើង។
មិនអាចអត់ឱន ចំពោះការប្រមាថភរិយា និងកូន
សូមអ្នកធ្វើអត្ថាធិប្បាយ (និង/ឬអ្នក)វិភាគទាំងឡាយ ផ្ដល់នូវសុភវិនិច្ឆ័យ។ សូមកុំទាញបញ្ហានេះ ដែលវាក្លាយជាបញ្ហាដែលវាមិនឡូហ្សិក។ ពិតហើយ (មាន)អ្នកដែលចង់បំផ្លាញ … រហូតទៅដល់ចោទ(ថា) ហ៊ុន ម៉ាណែត គឺមិនមែនជាកូនរបស់ខ្ញុំទៅទៅទៀត។ ចាត់ទុក ហ៊ុន ម៉ាណែត គឺជាកូនរបស់ជនបរទេស … ខ្ញុំសូមប្រកាសដាច់ខាតថា ខ្ញុំមិនអត់ឱនឱ្យអ្នកណាទាំងអស់ ដែលប្រមាថប្រពន្ធរបស់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ។ សុំឱ្យជនបរទេសទាំងឡាយ ដែលអ្នកធ្លាប់និយាយអំពីការគោរពសិទ្ធិ អ្នកត្រូវយល់។ បើសិនជាអ្នកត្រូវគេចោទប្រពន្ធរបស់អ្នកថា មានសហាយជាមួយអ្នកនេះ/នោះ តើអ្នកអាចទទួលបានឬទេ? ខ្ញុំមិនអាចទទួលនូវការវាយប្រហារបែបនេះបានទេ។ ដូច្នេះ រឿងនេះមិនបញ្ចប់ត្រឹមតែ(ការ)ធ្វើអត្ថាធិប្បាយទេ។ ខ្ញុំមិនចាំបាច់រកយុត្តិធម៌ឯណា ក្រៅតែពីការមិនអត់ឱនឱ្យអ្នក ដែលប្រមាថចំពោះភរិយាខ្ញុំ និងកូនប្រុសដ៏កំសត់របស់ខ្ញុំនោះទេ។ អ្នកត្រូវយល់អំពីបញ្ហានេះ។
នាយករដ្ឋមន្រ្តីក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន
ខ្ញុំអាចបញ្ជាក់ឡើងវិញថា បើទោះបី ហ៊ុន ម៉ាណែត មានលទ្ធភាព ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែរ។ ម្យ៉ាងទៀត ក្នុងពេលដែលឪពុកធ្វើការ សូម្បីតែក្នុង(រាជ)រដ្ឋាភិបាល ខ្ញុំក៏មិនឱ្យចូលក្នុង(រាជ)រដ្ឋាភិបាលផង។ សមត្ថភាពរបស់គេ អាចធ្វើរដ្ឋមន្រ្តីបាន ឬរដ្ឋលេខាធិការបាន ក៏ប៉ុន្តែ ខ្ញុំទុកគេនៅខាងក្រៅ។ ខ្ញុំគួរតែបញ្ជាក់ថា តើវាមានការខុសអ្វីទៅ នៅពេលដែលយើងបានបណ្ដុះបណ្ដាលកូនរបស់យើងឱ្យក្លាយទៅជាបណ្ឌិត អនុបណ្ឌិត ហើយត្រឹមតែចូលបម្រើការងារក្នុងកងទ័ព តែមិនអាចធ្វើបាន តើឱ្យពួកគេក្លាយទៅជាមេចោរប្លន់? នេះជាចំណុច ដែលអ្នកទាំងឡាយគួរតែត្រូវគិត។
ខ្ញុំដឹងច្បាស់ថា (មាន)សំណួរកាន់តែច្រើនឡើងៗ អំពីរបស់ដែលហៅថា តើក្រោយ ហ៊ុន សែន ជាអ្នកណា(ដែលត្រូវឡើងធ្វើជានាយករដ្ឋមន្រ្តីបន្ដ)? នេះមិនមែនជាសំណួរតូចតាច ហើយវាត្រូវរកចម្លើយជាក់លាក់នៅពេលក្រោយ មិនមែនពេលនេះទេ។ ពេលនេះ ក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន តែម្ដង។ អញ្ចឹង កុំចាំបាច់និយាយម្ដងហើយម្ដងទៀត អំពីការដែល ហ៊ុន សែន ប្រឹងប្រែង ដើម្បីផ្ទេរអំណាចឱ្យកូន គ្មានរឿងនេះកើតឡើងក្នុងរង្វង់មិនតិចជាង ១០ ឆ្នាំនោះទេ។ សូមបញ្ជាក់សាជាថ្មី។
ប្រព័ន្ធផ្សព្វផ្សាយ អាស្រ័យលើការផ្សព្វផ្សាយពាណិជ្ជកម្ម
ខ្ញុំសុំយកឱកាសនេះ កោតសរសើរ ចំពោះក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារឹទ្ធិ ដែលបានសហការណ៍រៀបចំការជួបជុំនេះឡើង និងសូមអរគុណ ចំពោះក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជា ក្រុមហ៊ុន វីតាល់ ដែលជួយឧបត្ថម្ភស្រាបៀរ និងទឹកបរិសុទ្ធ។ សូមអរគុណ ចំពោះក្រុមហ៊ុននានា ដែលបានធ្វើជាអ្នកឧបត្ថម្ភកម្មវិធីនៅតាមស្ថានីយ៍វិទ្យុ (និង)ទូរទស្សន៍ ក៏ដូចជា បណ្ដាញព័ត៌មានតាមអនឡាញ ដែលជាចំណែកមួយ នៃការជួយឱ្យយប្រព័ន្ធផ្សព្វផ្សាយរបស់យើងមានលទ្ធភាពដើរទៅមុខ។ យើងបានដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយអាចរស់ទៅបាន គឺពឹងអាស្រ័យទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម។ សូមអ្នកទាំងអស់ជ្រាបឱ្យច្បាស់ ប្រសិនបើប្រទេសកម្ពុជាគ្មានការរីកចម្រើនខាងសេដ្ឋកិច្ចនោះទេ សារព័ត៌មានដែលបានកើតឡើង និងស្លាប់ទៅវិញដោយឯកឯង។
ខ្ញុំនៅចាំបានថា ទូរទស្សន៍ជាតិនៅពេលដែលបង្កើតឡើង តើមានទំនិញប៉ុន្មានទៅដែលផ្សព្វផ្សាយ? ប្រហែលជាអ្នកដែលតាមដានរឿងនេះនៅចាំ។ មានក្រុមហ៊ុនមួយតែប៉ុណ្ណោះ គឺមីដាណាហ្វូដ ផ្សព្វផ្សាយ(ពាណិជ្ជកម្ម) ហើយនិងមានមួយទៀត គឺទឹកត្រី។ ផ្សព្វផ្សាយ(ពាណិជ្ជកម្ម)តែប៉ុណ្ណឹង។ ឥឡូវនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់យើង គឺពឹងពាក់ទៅលើការរីកចម្រើននៃសេដ្ឋកិច្ច។ (ទើប)បណ្ដាក្រុមហ៊ុននានា ដែលមានមុខទំនិញ គឺយកមកផ្សព្វផ្សាយនៅក្នុងបណ្ដាញវិទ្យុ (និង)ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ខ្ញុំគួរតែយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះបណ្ដាក្រុមហ៊ុនឯកជន ដែលបានចូលរួមចំណែកក្នុងការធ្វើឱ្យមានការរស់រានមានជីវិតនៃប្រព័ន្ធផ្សព្វផ្សាយ។ ប្រសិនបើសេដ្ឋកិច្ចសង្គមមិនមានការរីកចម្រើនទេ ប្រព័ន្ធផ្សព្វផ្សាយអាចនឹងឈានទៅដល់ការដួលរលំ ឬក៏ប្រកាសក្ស័យធនតែម្ដង។
សូមក្រុមហ៊ុនជួយដាក់ពាណិជ្ជកម្មក្នុងកម្មវិធីការផ្សាយព័ត៌មាន
ខ្ញុំក៏សូមអំពាវនាវ សុំឱ្យវិស័យឯកជន ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ដល់អាទិភាពមួយចំណែកទៅលើបណ្ដាញទូរទស្សន៍ ឬវិទ្យុ ដែលផ្សព្វផ្សាយទាក់ទងអំពីព័ត៌មាន ព្រោះយើងបានឃើញថា ច្រើនតែទាក់ទងនឹងការផ្សាយពាណិជ្ជកម្មទៅលើការកម្សាន្ត និងខ្សែភាពយន្ត។ ប៉ុន្តែ ទូរទស្សន៍ដែលធ្វើទាក់ទងជាមួយនឹងព័ត៌មាន មិនសូវមានការយកចិត្តទុកដាក់ផ្សាយពាណិជ្ជកម្មទេ ដែលធ្វើឱ្យក្រុមហ៊ុនដែលទាក់ទងនឹងការផ្សាយព័ត៌មាននេះមានការបង់ខាត។ ដូច្នេះ សង្ឃឹមថា យើងឱ្យមានតុល្យភាព រវាងការកម្សាន្តសប្បាយ ដែលយើងធ្វើជាអ្នកឧបត្ថម្ភកម្មវិធីនោះ ជាមួយនឹងការឧបត្ថម្ភកម្មវិធី ដែលទាក់ទងនឹងការផ្សាយព័ត៌មាន។ ការផ្សាយព័ត៌មាននេះ វាមានសារសំខាន់ពិសេសរបស់វា ដែលផ្ដល់នូវព័ត៌មានសម្រាប់សាធារណជន ក៏ដូចជា ការអប់រំចំពោះប្រជាជនរបស់យើង។
ទូរទស្សន៍ជាតិកម្ពុជា កំពុងក្លាយជាអ្នកឈានមុខក្នុងប្រព័ន្ធព័ត៌មាន
ខ្ញុំក៏សុំយកឱកាសនេះ កោតសរសើរ ចំពោះស្ថាប័នសារព័ត៌មានទាំងអស់ (និង)គ្រប់ប្រភេទ ដែលមានដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត គេហទំព័រអនឡាញ និងផ្នែកដទៃទៀត ដែលបានខិតខំក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ទាំងផ្នែករដ្ឋ/ឯកជន ហើយដែលបានចូលរួមនៅក្នុងការថែរក្សាសន្ដិភាព ថែរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អ។ មុននេះ ខ្ញុំធ្លាប់បង្អាប់ទូរទស្សន៍ជាតិ ក៏ប៉ុន្តែ ឥឡូវនេះ ទូរទស្សន៍ជាតិកំពុងក្លាយទៅជាអ្នកឈានមុខមួយនៅក្នុងប្រព័ន្ធព័ត៌មានរបស់កម្ពុជា។ លើការជាក់ស្ដែង យើងមានតែទូរទស្សន៍ ៣ ទេ ដែលបានផ្សព្វផ្សាយពីព្រឹត្តិការណ៍នៅក្នុងការរលំអគារនៅឯខេត្តកែប គឺទូរទស្សន៍ជាតិ BTV ហើយនិង CNC ដែលបានផ្សាយបន្តផ្ទាល់ចេញពីទីនោះ។
យើងឃើញថា ព័ត៌មានទូរទស្សន៍ជាតិ ដែលមុននេះធ្លាប់តែមានបញ្ហា ឥឡូវនេះ ក៏បានបង្កើននូវកម្រិតល្បឿនព័ត៌មាន ដែលវាមិនផ្អូមដូចពេលមុន … បន្ទាប់ពីបានទទួលជំនួយពីទូរទស្សន៍បាយ័ន ប្រមាណជាង ១,៥ លានដុល្លារ ទាំងម៉ាស៊ីនផ្សាយបច្ចុប្បន្ន ទាំងអគារ កាំមេរ៉ាថ្មីៗ និងឡានតម្លៃជាង ១ លានដុល្លារ ជាជំនួយរបស់ទូរទស្សន៍បាយ័ន សម្រាប់ទូរទស្សន៍ជាតិកម្ពុជា។ មិនដឹងថា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានដឹង ឬមិនដឹងទេ? ក៏ប៉ុន្តែ មើលទៅ(ទូរទស្សន៍ជាតិកាលពីមុន)វាលំបាកពេក បានជាខ្ញុំឱ្យធ្វើរឿងនេះ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ថា បើគ្រាន់តែ(មាន)ប្រព័ន្ធផ្សាយទំនើប បើមនុស្សមិនទំនើបទេ ល្បឿននៃព័ត៌មានក៏នៅតែយឺត។ ឥឡូវនេះ ខ្ញុំឃើញថា ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានកែលំអលើកម្រិតឡើងហើយ។ ខ្ញុំមិនតាមដានដល់វិទ្យុនោះទេ ក៏ប៉ុន្តែ យើងពិនិត្យអំពីស្ថានភាពនៃបណ្ដាព័ត៌មាន ដែលមុននេះ ទូរទស្សន៍ជាតិកម្ពុជានៅដើរក្រោយគេ។ ឥឡូវក្នុងដំណើរល្បឿន គឺហាក់ដូចជាប្រហាក់ប្រហែលគេឯងទៅហើយ។
សារព័ត៌មានទាំងរដ្ឋ/ឯកជន រួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ/ម៉ាក្រូសេដ្ឋកិច្ច
ខ្ញុំសូមកោតសរសើរ ទាំងផ្នែករដ្ឋ/ឯកជន ដែលបានចូលរួមនៅក្នុងមួយឆ្នាំកន្លងទៅនេះ ហើយដែលការចូលរួមទាំងអស់នោះ បានរួមចំណែកដល់ការរក្សាសន្ដិភាព ការរក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ហេតុអ្វីបានជាយើងនិយាយ អំពីការផ្សាយព័ត៌មាន ហើយបែរជាមានចំណែកទាក់ទងទៅដល់ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច? ខ្ញុំសូមបញ្ជាក់ជូនថា និយាយទាក់ទងនឹងសារព័ត៌មាន កម្រិតបំផ្លាញវាធំធេងណាស់ វាធំជាងគ្រាប់បែក/ផ្លោងទៅទៀត ប្រសិនបើព័ត៌មាននោះត្រូវបានបំពុល។ គ្រាប់បែក/ផ្លោងអាចកម្ទេចភូមិមួយ ឬក៏កម្ទេចនូវគេហដ្ឋានមួយ។ ក៏ប៉ុន្តែ ព័ត៌មានបំភ្លៃការពិត វាអាចបំផ្លាញទៅដល់ប្រទេសជាតិមួយ។ បើសិនជាសេដ្ឋកិច្ចវិញ គឺវាអាចធ្វើឱ្យក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចធ្លាយដែរ។ អំពីសង្រ្គាមចិត្តសាស្រ្ត នៅចាំបានទេថា ល្ងាចថ្ងៃទី ២៨ កក្កដា ២០១៣ នៅពេលដែលព័ត៌មានត្រូវបានបំផុសចេញ តើអ្នកភ្នំពេញដកលុយប៉ុន្មាន? ដកអស់ចេញពីទូរ ATM ធនាគារ។ នាំគ្នាទៅទិញអង្ករ នាំគ្នាចាក់សាំងអស់តាមស្ថានីយសាំង។ នេះជាសង្រ្គាមចិត្តសាស្រ្ត។ វាទាក់ទិនជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រសិនបើទប់ស្កាត់មិនទាន់ពេលវេលាទេ វានឹងធ្វើឱ្យចលាចលទីផ្សារតែម្ដង។
បទបញ្ជាគ្រប់គ្រងតម្លៃប្រេង បន្ទាប់ពីតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកម្រើក
ប៉ុន្មានថ្ងៃមុននេះ ពេលដែលអ៊ីរ៉ង់ចាប់ផ្ដើមបាញ់មីស៊ីលចូលទៅមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ តើអ្វីដែលខ្ញុំត្រូវធ្វើមុនគេ? ពេលនោះ តម្លៃប្រេងនៅទីក្រុងញ៉ូវយ៉ក និងនៅលើទីផ្សារអន្តរជាតិចាប់កក្រើកឡើង។ បទបញ្ជាទី ១ របស់ខ្ញុំ គឺធ្វើឡើងចំពោះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ឱ្យគ្រប់គ្រងតម្លៃប្រេងជាបន្ទាន់។ ព្រោះអ្វី? ព្រោះតាមទម្លាប់កាលពីពេលមុន តម្លៃប្រេងឡើងនៅទីក្រុងញ៉ូវយ៉ក យើងឡើងនៅកម្ពុជាដែរ។ ក្នុងពេលដែលប្រេងឡើងថ្លៃនោះ យើងមិនទាន់នាំចូលប្រេងមួយដំណក់ណាចូលមកកម្ពុជាទេ បែរជាប្រេងនោះត្រូវឡើងថ្លៃ(ដូចគេ)ដែរ។ ដូច្នេះ បន្ទាប់ពីទទួលបានព័ត៌មានអ៊ីរ៉ង់បាញ់មីស៊ីលចូលមូលដ្ឋានទ័ពរបស់អាមេរិកនៅប្រទេសអ៊ីរ៉ាក់ បទបញ្ជាទី ១ គឺគ្រប់គ្រងតម្លៃប្រេងលើទីផ្សារ ព្រោះនេះវាទាក់ទិនទៅនឹងកត្តាចិត្តសាស្រ្ត ហើយវាក៏ទាក់ទិនជាមួយនឹងការឆ្លៀតដំឡើងថ្លៃរបស់អ្នករកស៊ីខាងប្រេង។ ប៉ុន្តែ ជាភ័ព្វសំណាងល្អ ខ្ញុំបានទទួលព័ត៌មានរៀងរាល់ថ្ងៃ គឺមានប្រេងលក់ទៅតាមការកំណត់ នៃយន្តការដែលការចរចារវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនរកស៊ីប្រេង និងមានស្ថានីយមួយចំនួនលក់ប្រេងក្រោមតម្លៃ ដែលបានកំណត់។ អរគុណ។ នេះហើយជារបៀបគ្រប់គ្រងខាងនយោបាយផង និងគ្រប់គ្រងទីផ្សារផង។
សារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈ
ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វាជាចុងខ្សែពីរនៃចំណងមួយ ដែលត្រូវគ្រប់គ្រងវាឱ្យបាន។ មិនមែនគ្រប់គ្រងត្រឹមតែស្ថិរភាពនយោបាយទេ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ត្រូវគ្រប់គ្រងឱ្យបានទាន់ពេលវេលា។ ក្នុងចំណែកទាក់ទិនជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់យើង ទាំងរដ្ឋ/ឯកជន បានចូលរួមចំណែកយ៉ាងច្រើន ដើម្បីរក្សានូវសន្ដិភាព/ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងរក្សានូវស្ថិរភាពរបស់កម្ពុជា ដែលទាំងអស់នេះចាត់ទុកថា មានសារៈសំខាន់ ហើយសារព័ត៌មានចាត់ទុកថា ជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈ ដែលយើងត្រូវបន្តធ្វើជាដៃគូរជាមួយគ្នាតទៅទៀត។
កោតសរសើរសមាគម នៃអ្នកសារព័ត៌មាន ដែលបានខិតខំលើកកម្ពស់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន
ខ្ញុំក៏សូមកោតសរសើរ ចំពោះសមាគម នៃអ្នកសារព័ត៌មានទាំងអស់ ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ។ ប្រទេសកម្ពុជារបស់យើង មិនមែនមានសមាគមតែមួយទេ។ យើងសមាគមច្រើន ហើយឈ្មោះ(វិញ ក៏)ខ្ញុំមិនចាំអស់ទេ ខ្លះហៅថា ក្លឹបអ្នកការសែតកម្ពុជា ខ្លះហៅថា សមាគមអ្នកសារព័ត៌មានកម្ពុជា។ ហៅនេះ/នោះ។ នៅក្នុងនេះ ដូចជាមានប្រមាណ ៤២ សមាគម។ នោះបង្ហាញពីសេរីភាព នៃការបង្កើតឡើងនូវសមាគមវិជ្ជាជីវៈ។ សមាគមខ្លះមានសមាជិកច្រើន/តិច តែនោះជាសិទ្ធិជ្រើសរើសរបស់មនុស្សម្នាក់ៗ ចង់ចូលសមាគមណា គឺជារឿងរបស់ពួកលោកអ្នក ក្នុងការគ្រប់គ្រងបណ្ដាញព័ត៌មានរបស់ខ្លួន។ ប៉ុន្តែ ទោះបីមានសមាគមច្រើន ខ្ញុំនៅតែឱ្យតម្លៃ ចំពោះការខិតខំរបស់សមាគមទាំងអស់ ដែលបានខិតខំ ដើម្បីលើកកម្ពស់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានរបស់យើង។
គ្រប់ក្រសួង/ស្ថាប័ន/រាជធានី/ខេត្ត ក្រុមហ៊ុន បង្កើតហ្វេសប៊ុក ឬគេហទំព័រ
ខ្ញុំក៏សូមកោតសរសើរ ចំពោះគ្រប់ក្រសួង/ស្ថាប័ន/រាជធានី/ខេត្ត ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ តាមរយៈគេហទំព័រហ្វេសប៊ុក និងអ្នកនាំពាក្យកន្លងទៅរបស់ខ្លួន ក៏ដូចជា មេដឹកនាំតែម្ដង។ ច្បាប់ស្ដីអំពីសិទ្ធិទទួលបានព័ត៌មានមិនទាន់ត្រូវបានអនុម័តទេ។ ខ្ញុំនឹងនិយាយនៅផ្នែកខាងក្រោយ។ ប៉ុន្តែ ខ្ញុំបានឃើញថា នៅតាមស្ថាប័ននីមួយៗ មានការចាត់តាំងអ្នកនាំពាក្យ និងមានហ្វេសប៊ុក (និង/ឬ)គេហទំព័រផ្ទាល់របស់អង្គភាពនោះ។ ពិតមែនហើយ វាមិនទាន់ជាការចង់បានតាមតម្រូវការរបស់អ្នកសារព័ត៌មានទេ ហើយវាក៏មានកត្តាសត្យានុម័តរបស់វាដែរ។ ខ្ញុំក៏សូមថ្លៃការកោតសរសើរ ចំពោះអភិបាលខេត្ត/ប្រធានស្ថាប័ននានា ដែលបានចេញមុខបកស្រាយ ដោយផ្ទាល់ ដោយមិនរង់ចាំអ្នកនាំពាក្យ។ ឧទាហរណ៍ជាក់ស្ដែង សូមកោតសរសើរដោយស្មោះ ចំពោះឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលទទួលទំនាក់ទំនងផ្ទាល់ជាមួយអ្នកសារព័ត៌មាន ដែលនេះក៏ជាគម្រូមួយ សម្រាប់បណ្ដារដ្ឋមន្ត្រីនានា។
ខ្ញុំកោតសរសើរដល់ខិតខំរបស់ស្ថាប័នរដ្ឋ ដែលបានធ្វើកិច្ចការងារនេះ ហើយក៏ថ្លែងនូវការកោតសរសើរ ចំពោះប្រធានក្រុមហ៊ុន សហគ្រាស និងក្រុមហ៊ុននានា ដែលមានបណ្ដាញគេហទំព័របស់ខ្លួន រាប់ទាំងវិស័យធនាគារ វិស័យនេះ/នោះ។ ឥឡូវ គេចុចតែទូរស័ព្ទ ឧទាហរណ៍៖ ត្រូវចុចទូរស័ព្ទ ដើម្បីរកឃើញថា តើក្រុមហ៊ុន ប៉េង ហួត មានផ្ទះប៉ុន្មាន? គេដាក់លក់នៅកន្លែងណា? ហើយកន្លែងណាលក់អស់ ?កន្លែងណានៅ? នៅសល់ផ្ទះប៉ុន្មាន? ក្រុមហ៊ុន ជីប ម៉ុង មានផ្ទះប៉ុន្មាន? គេលក់អស់នៅកន្លែងណា? បើកលក់នៅកន្លែងណា? បុរីពិភពថ្មីរបស់ ហុង ពីវ ឬក៏ក្រុមហ៊ុនច្រើនណាស់ គេមានបណ្ដាញអនឡាញរបស់គេ ឬបណ្ដាញទំនាក់ទំនងរបស់គេ។ ជាចំណុចងាយស្រួល ហើយមានការអី គេក៏មានការបកស្រាយត្រឡប់មកវិញយ៉ាងឆាប់រហ័ស ដែលនេះវាមានភាពប្រទាក់ក្រឡាគ្នា(រវាង)រដ្ឋ ឯកជន និងវិស័យព័ត៌មាន ដែលរដ្ឋ(ក៏មាន)ការងាររបស់ខ្លួន ក្រុមហ៊ុន(ក៏មាន)ការងាររបស់ខ្លួន និងសារព័ត៌មានទទួលមកផ្សព្វផ្សាយ។
មន្រ្តីរបស់រដ្ឋ ត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា
ចំណុចអស់ទាំងនេះ មានភាពប្រទាក់ក្រឡាគ្នា ដែលខ្ញុំមើលឃើញថា ប្រទេសកម្ពុជារបស់យើង មិនមែនជាប្រទេសមួយ ដែលវាស្ថិតនៅឆ្ងាយហួសពីគេ (និង/ឬ)ក្រោយគេពេកនោះទេ។ សូម្បីតែបណ្ដាញផ្លូវរបស់យើងសព្វថ្ងៃនេះ គ្រាន់តែទាញទូរស័ព្ទចេញឡើង យើងអាចដឹងបានថា ផ្លូវណាស្ទះ ផ្លូវណាកំពុងតែបើកចំហ មិនសូវមានចរាចរណ៍កកស្ទះ។ ដូច្នេះហើយបានជាខ្ញុំនិយាយទៅកាន់មន្រ្តីរបស់រដ្ឋ (ឱ្យ)ធ្វើអក្ខរកម្មព័ត៌មានវិទ្យា។ បើមិនចេះកុំព្យូទ័រទេ ក៏ចេះប្រើត្រឹមតែប្រព័ន្ធទូរស័ព្ទ វាអាចគ្រប់គ្រាន់ ដើម្បីជួយបម្រើដល់ការងារ។ នេះហើយដែលហៅថា ដំណាក់កាលឧស្សាហកម្ម ៤.០ ឬសេដ្ឋកិច្ចឌីជីថល។ ប្រសិនបើមិនចេះទេ គឺមិនចាំបាច់ធ្វើការងារទេ។ ល្បឿនការងារបច្ចុប្បន្ននេះ ល្បឿនវាលឿនខ្លាំងណាស់ បើយើងតាមមិនទាន់ (និង/ឬ)បច្ចេកទេសរបស់យើងតាមមិនទាន់ យើងក៏មិនអាចទៅណាបាន។ យើងច្បាស់ជានៅក្រោយគេ ហើយកុំចាត់ទុកថាគេធីបខ្លួនចោល ព្រោះសម័យនេះមិនមែនជាសម័យរត់ក្រដាសទៀតទេ។ សម័យនេះ គឺជាសម័យឯកសារនៅញូវយ៉កផ្ញើមកភ្នំពេញ ដែលមុននេះត្រូវកាន់តាមវ៉ាលី Diplomatic …។
អ្នកសារព័ត៌មាន “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”
ជាមួយនឹងវឌ្ឍនភាព យើងក៏គួរតែត្រូវនិយាយទៅដល់ការខកចិត្តខ្លះៗរបស់ខ្ញុំ ជាមួយនឹងក្រុមអ្នកយកព័ត៌មានមួយចំនួនតូចនៃបណ្ដាញសង្គម Facebook ដែលធ្វើជាថៅកែ/ចាងហ្វាង/អ្នកថត/អ្នកផ្សាយខ្លួនឯង ហើយចាប់ផ្ដើមជេរបញ្ចោរ ដែលជាការបំពានសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ ខ្ញុំសូមយកឱកាសនេះ ដាក់ចេញនូវពាក្យស្លោកដើម្បីការពារអ្នកទាំងអស់គ្នា។ (ឯកឧត្តម ខៀវ) កាញារឹទ្ធិ បានស្នើសុំឱ្យមេធាវីរបស់ខ្ញុំ មិនមែនមេធាវីរបស់រាជរដ្ឋាភិបាលទេ ជួយការពារក្ដីដល់អ្នកកាសែត។ ឥឡូវ ខ្ញុំលើកឧទាហរណ៍ ថ្ងៃមួយខ្ញុំបើក(មើល) មិនមែន live ផ្ទាល់ទេ វាចូលទៅក្នុង YouTube ទៅហើយ រឿងនាយចឺម ជាមួយអ្នកណាម្នាក់នោះ ជេរគ្នានៅក្នុងនោះ។ ថ្ងៃនេះ សាន ប៊ុនធឿន មកឬអត់? និយាយឱ្យចំឈ្មោះតែម្ដងទៅ។ ធ្លាប់បានសន្យាជាមួយខ្ញុំតាមទូរស័ព្ទថា ពុក! ខ្ញុំឈប់ហើយ តែឈប់វានៅតែអញ្ចឹងដដែល … មុននឹងចូលដល់ប្រធានបទ ជេរគេចង់កន្លះម៉ោងទៅហើយ។ រវល់តែស្រវឹងៗទៅជេរមេប៉េអឹមខេត្តព្រះសីហនុ។ ទាល់តែខ្ញុំទាក់ទងទៅភ្លាម ឱ្យសុំទោសគេភ្លាម … មិនមែនមានតែករណី សាន ប៊ុនធឿន មួយទេ នៅមានករណីដទៃទៀត ដែលរំលោភបំពានសិទ្ធិរបស់អ្នកដទៃ។
(អ្នក)ខ្លះគេទាស់គ្នាប្ដីប្រពន្ធ ទៅថត live គេមកបង្ហោះ ក្នុងពេលដែលគេមិនឱ្យសិទ្ធិ។ យើងហាមឃាត់ថា “បើស្រវឹង កុំបើកបរ បើបើកបរ កុំស្រវឹង” ខ្លះគ្នាស្រវឹងទៅចតឡានឈប់សិន (រួច)ដេកមួយសន្ធុះ(ឱ្យស្វាង) ទៅថតគ្នាយកទៅ live។ គ្នាបើកឡាន(ចេញ)ទៅ មិនដឹងថាគេលួចថតផង។ អញ្ចឹងទេ ដើម្បីរក្សានូវតម្លៃ (ឬ)សេចក្ដីថ្លៃថ្នូរ និងការជឿជាក់ ខ្ញុំសូមដាក់ចេញនូវពាក្យស្លោក “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” នេះជាពាក្យស្លោក។ ខ្ញុំមិនបារម្ភទេ អំពីស្ថាប័នព័ត៌មានធំៗ ជាវិទ្យុ/ទូរទស្សន៍/អនឡាញ ខ្ញុំស្គាល់មិនអស់ទេ តែយ៉ាងហោចណាស់ខ្ញុំរាប់បាន ៤ គឺ Fresh News, ដើមអម្ពិល, Swift News, និង Thmey Thmey គេមានវិជ្ជាជីវៈរបស់គេ … មួយចំនួនទៀត ដែលខ្ញុំរៀបរាប់ឈ្មោះមិនអស់ ក៏សុំមេត្តាអធ្យាស្រ័យ នៅមានអនឡាញដទៃទៀត ដែលគេគោរពក្រមសីលធម៌ (និង)វិជ្ជាជីវៈ។
បើសិនជាយើងចង់ឱ្យគេគោរពសិទ្ធិអ្នកសារព័ត៌មាន ក៏ប៉ុន្តែ បើអ្នកសារព័ត៌មានមិនគោរពសិទ្ធិអ្នកដទៃ តើយើងត្រូវទទួលអី? សិទ្ធិសេរីភាពស្មើគ្នា ច្បាប់ស្មើគ្នា។ អញ្ចឹងទេ វឹបឡើងធ្វើចៅក្រមក៏ខ្លួនឯង ទៅស្រាវជ្រាវអង្គហេតុ/ច្បាប់ ក៏វែកញែកខ្លួនឯង បកស្រាយច្បាប់ក៏ខ្លួនឯងទាំងអស់ សូម្បីតែក្នុងពេលដែលនាយករដ្ឋមន្រ្តីក៏គ្មានសិទ្ធិបកស្រាយច្បាប់ទេ អ្នកដែលមានសិទ្ធិបកស្រាយច្បាប់ គឺក្រុមប្រឹក្សាធម្មនុញ្ញនោះ។ គេមិនអនុញ្ញាតឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្រ្តី បកស្រាយច្បាប់ទេ។ អ្នកដែលមានសិទ្ធិបកស្រាយច្បាប់ គឺក្រុមប្រឹក្សាធម្មនុញ្ញឯណោះ។ ប៉ុន្តែ អ្នកសារព័ត៌មានរបស់យើង បានដើរហួសរហូតទៅដល់បកស្រាយច្បាប់ក៏ខ្លូនឯង កាត់ក្ដីក៏ខ្លួនឯង រួចហើយចេះតែ live ទៅហើយ អ្នកមើលចូលមកខម្មិនត្រឹមត្រូវណាស់ៗ គ្នាឯងហ្នឹង។
សួនច្បារមួយ ដែលមិនបានសម្រាំងពូជ នឹងចេញមកជាផ្កា ជាស្មៅ ជាដើមត្រែង ជាស្បូវមកជាមួយគ្នា
ប៉ុន្តែ ខ្ញុំយល់។ ការចាប់ផ្ដើម(រៀបចំ)សួនច្បារមួយ ដែលមិនបានសម្រិតសម្រាំងពូជ វាច្បាស់ណាស់ថា ចេញផ្កាមកដែលល្អ និងចេញផ្កាមកដែលវាមិនល្អ។ វាចេញជាផ្កា ជាស្មៅ ជាដើមត្រែង ចេញជាស្បូវមកជាមួយគ្នាតែម្ដង។ ប៉ុន្តែ នៅពេលណាមួយ ស្បូវ ស្មៅ ដើមត្រែង នឹងត្រូវបានដកចេញ នៅសល់តែផ្កាទេ។ រឿងនេះ ខ្ញុំធ្លាប់បាននិយាយនៅក្នុងឆ្នាំ ១៩៩០-៩១ ក្នុងទសវត្សរ៍ ៨០ មុននឹងឈានចូលដល់ឆ្នាំ ១៩៩០ ដែលជាឆ្នាំលើកដំបូងខ្ញុំចែកពានរង្វាន់ភាពយន្តខ្មែរ ពេលនោះ ផលិតកម្មភាពយន្តសម្បូរបែប។ ខ្ញុំបាននិយាយអំពីបញ្ហានេះថា នៅពេលដែលសួនច្បារដែលគ្មានការសម្រិតសម្រាំង គឺនឹងលេចឡើងនូវផលិតកម្មច្រើនណាស់។ ទីចុងបំផុត នៅសល់តែផលិតកម្មមួយចំនួនតូច ដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃ។
ក្នុងនោះ គួរកត់សម្គាល់ថា ផលិតកម្មដែលរស់ និងមានកម្លាំងខ្លាំង គឺផលិតកម្មរស្មីហង្សមាស ដែលនៅរស់រានមានជីវិត ហើយពង្រីករហូតមកដល់ជាទូរទស្សន៍ ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមរបស់កម្ពុជាសព្វថ្ងៃនេះតែម្ដង។ ឯក្រៅពីនោះ គឺដួលរលំទាំងអស់ …។ ឥឡូវ ក៏ដូចគ្នាដែរ ទូរទស្សន៍ Facebook, បណ្ដាញសង្គម Facebook, អ្នកសារព័ត៌មាន Facebook ច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែ អស់លោករង់ចាំមើល នៅពេលដែលឃើញថា អស់លោកជេរគេច្រើនពេក គេដក sponsor ចេញ អស់លោកនឹងដួលរលំគ្រឹបតែម្ដង ប្រសិនបើអស់លោកមិនការពារវិជ្ជាជីវៈ។ ដូច្នេះ ខ្ញុំឱ្យសិល្ប៍ (ឬ)នេះចាត់ទុកថាជាពាក្យស្លោក ឬក៏ខ្សែគាថាការពារខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន និងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺអ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត …។
អ្នកសារព័ត៌មាន ចូលរួមរក្សាសន្តិភាព “ទាំងអស់គ្នារក្សាសន្តិភាព សន្តិភាពសម្រាប់ទាំងអស់គ្នា”
ឥឡូវនេះ ខ្ញុំនិយាយទៅដល់កិច្ចការ ដែលយើងត្រូវធ្វើបន្ត តើមានអ្វីខ្លះដែលយើងត្រូវធ្វើបន្តនោះ? កិច្ចការទី ១ ដែលយើង ត្រូវប្រមូលផ្ដុំធ្វើការបន្តនោះ គឺចូលរួមរក្សាសន្តិភាព ដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ ឬមនុស្សប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាល ឬថ្នាក់រដ្ឋបាលនោះទេ។ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព។ ប្រសិនបើប្រទេសមានសង្រ្គាម តើអស់លោកទៅធ្វើអ្វីទៀត? ស្ថានីយវិទ្យុ (និង)ទូរទស្សន៍ អាចនឹងត្រូវបិទ។ បន្ថែមលើនោះ អស់លោកត្រូវពាក់មួកដែកចូលទៅថតរូប (ឬ)ទៅយកព័ត៌មាន (និង/ឬ)ត្រូវលូនក្រាប។
មានចម្រៀងមួយបទ “សម្លេងយុទ្ធជនគគីរធំ” ឥឡូវ មានចម្រៀងមួយបទ “ផ្កាគគីរធំ” ដែលច្រៀងដោយ ជិន វឌ្ឍនា។ វាយពាក្យហ្នឹងចេញមក គឺមានទាំង “សម្លេងយុទ្ធជនផ្សារគគីរធំ” ហើយដែលអ្នកធ្វើអត្ថាធិប្បាយ គឺអ្នកស្រី ហួយ មាស ទៀតផង។ តើវាសមហេតុសមផលទេ ដែលត្រឹមតែគគីរយើងនេះ វាក្លាយទៅជាតំបន់សមរភូមិទៅហើយនោះ? បើវានៅព្រំដែនយើងមិនថាទេ។ ក៏ប៉ុន្តែ ត្រឹមតែគគីរធំនេះ ក្លាយទៅជាទីសមរភូមិ នៃការប្រយុទ្ធគ្នា។ ដូច្នេះ តើអ្នកសារព័ត៌មានជំនាន់នោះ គេទៅយកព័ត៌មាននៅទីណា? មិនអាចដូចសព្វថ្ងៃនេះទេ។ ដូចសព្វថ្ងៃនេះ ខ្ញុំមើលឃើញក៏ម្យ៉ាងដែរ សប្បាយដោយឃើញថា អ្នកសារព័ត៌មានស្លៀកពាក់ស្អាតបាតណាស់ ឆើតឆាយណាស់ ទៅ live ផ្ទាល់/ទៅយកព័ត៌មាននៅតាមទល់ដែន …។
ខ្ញុំចង់និយាយត្រឡប់មកវិញ ទាំងអស់គ្នាត្រូវការសន្តិភាព។ សន្តិភាព គឺសម្រាប់ទាំងអស់គ្នា មិនមែនសម្រាប់តែខ្ញុំម្នាក់ទេ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសន្តិភាព ហើយសន្តិភាព សម្រាប់យើងទាំងអស់គ្នា។ គ្មានសន្តិភាព ពិតជាមិនអាចធ្វើអ្វីបានទេ។ អ្នកសារព័ត៌មានមានលទ្ធភាពជាច្រើន ដើម្បីចូលរួមចំណែក ដើម្បីនឹងធ្វើកិច្ចការងារនេះ។ ធ្វើកិច្ចការងារនេះ មិនមែនបម្រើផលប្រយោជន៍ឱ្យអ្នកណាម្នាក់ទេ គឺផលប្រយោជន៍ជាតិ និងប្រជាជន ហើយផលប្រយោជន៍សម្រាប់យើងម្នាក់ៗ ដែលយើងមិនខ្វល់ខ្វាយពីគ្រាប់បែក/ផ្លោង ការបាញ់ប្រហារ ឬការចាប់ជម្រិត យើងមិនព្រួយនឹងគ្រាប់មីន។
អ្នកសារព័ត៌មាន ចូលរួមអនុវត្តនយោបាយភូមិ/ឃុំមានសុវត្ថិភាព
ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏ត្រូវចូលរួមចំណែករក្សានូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការចូលរួមអនុវត្តនូវនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដែលនេះជាកិច្ចការយើងទាំងអស់គ្នា។ សព្វថ្ងៃអ្នកសារព័ត៌មានបានរួមចំណែកទៅហើយភូមិ/ឃុំមានសុវត្ថិភាព ទាក់ទិននឹងការកុំឱ្យមានល្បែងស៊ីសង កុំឱ្យមានគ្រឿងញៀន កុំឱ្យមានការប្លន់ប្រដាប់អាវុធនៅតាមភូមិ/ឃុំ ដែលយើងអនុវត្តនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ រហូតទៅដល់ជាងប្រមាណ ៩៥% នៃវត្តមាននៃសន្តិសុខភូមិ/ឃុំរបស់យើង។ អញ្ចឹង ការចូលរួមផ្សព្វផ្សាយ អំពីបញ្ហាទប់ស្កាត់គ្រឿងញៀន ឬបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាក្មេងទំនើង វាក៏បានចូលរួមចំណែកទៅដល់ការអនុវត្តភូមិ/ឃុំមានសុវត្ថិភាពដែរ។ អ្នកសារព័ត៌មានរួមចំណែកបានទាំងអស់ ឱ្យតែយើងខិតខំធ្វើ។ កុំលេងឡើងយើងជាអ្នកសារព័ត៌មានស្រវឹង តើទៅអប់រំអ្នកណាទៀត? …។
អ្នកសារព័ត៌មាន ចូលរួមរក្សាម៉ាក្រូសេដ្ឋកិច្ច តាមរយៈផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
ជាមួយគ្នានេះ ក៏សុំចូលរួមដើម្បីរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈនឹងការផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទៅលើបញ្ហាសេដ្ឋកិច្ច។ ខ្ញុំគ្រាន់តែនិយាយពីរឿងមួយ ពេលមួយនោះវាចៃដន្យអីខ្ញុំអនុញ្ញាតឱ្យ លោក ខាន់ សុវណ្ណ ខ្ញុំបញ្ចូលទៅក្នុងតេឡេក្រាមគ្រុបរបស់អង្គព្រោកប្រាជ្ញ។ បន្ទាប់ទៅខ្ញុំឱ្យផ្ដាច់ចេញ។ ខ្ញុំក៏ប្តូរលេខទូរស័ព្ទគ្រវាត់ចោលទៅ បើមិនអញ្ចឹងទាំងអស់គ្នាដឹងលេខ ព្រោះអាតេឡេក្រាមរបស់យើងចូលទៅគេស្គាល់លេខទាំងអស់។ មិនដឹងជាប៉ុន្មានអ្នក ដែលរុញព័ត៌មានពេញតែតេឡេក្រាម និយាយពីរឿងការធ្លាក់ចុះ នៃទេសចរនៅខេត្តសៀមរាប ចាប់ផ្តើមបង្កើតឱ្យមានបញ្ហាទាក់ទិនជាមួយនឹងការឃោសនាដាក់កំហុសទៅលើអាជ្ញាធរអប្សរា ដាក់កំហុសទៅលើព្រលានយន្តហោះ ដាក់កំហុសទៅលើអាជ្ញាធរខេត្តសៀមរាប។
ខ្ញុំក៏បានសួរត្រឡប់ទៅវិញថា តើនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទេសចរបានធ្លាក់ ឬទេសចរបានកើន? សុំកុំមើលដើមឈើមួយដើមៗ ត្រូវមើលព្រៃទាំងមូលទើបជាការត្រឹមត្រូវ។ ទីចុងបំផុត កំណើនទេសចររបស់យើងមានជាង ១០% ឯណោះ។ តើទេសចរបែងចែករបៀបម៉េច? វាថយចុះនៅសៀមរាប ប៉ុន្តែវាទៅកើននៅឯខេត្តព្រះស៊ីហនុ វាទៅកើននៅខេត្តកែប វាទៅកើននៅកំពត វាទៅកើននៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងនៅកន្លែងដទៃទៀត។ អ្នកទេសចរជាង ៦ លាននាក់ មិនអាចទៅសៀមរាបម្តងហើយម្តងទៀតដោយមិនប្តូរគោលដៅនោះទេ។ អញ្ចឹង ពេលមួយនោះ ទេសចរនៅខេត្តព្រះសីហនុធ្លាក់ចុះ នាំគ្នាបន្ទោសខេត្តព្រះសីហនុ។ ប៉ុន្តែ ត្រូវដឹង គ្រាន់តែជើងហោះហើរដែលប្តូរ កំណើនអ្នកធ្វើដំណើរនៅខេត្តសៀមរាបធ្លាក់ចុះប្រមាណ ៨ % ប៉ុន្តែ ទៅកើននៃអ្នកធ្វើដំណើរតាមផ្ទៃអាកាសនៅខេត្តព្រះសីហនុប្រមាណ ២០០% ឯណោះ។ នេះជាបញ្ហាដែលគេត្រូវយកមកគិតជាកញ្ចប់។ ប្រសិនបើអ្នកសារព័ត៌មានយល់ដឹងមិនគ្រប់គ្រាន់ ទៅលើបញ្ហាអស់ទាំងនេះទេ តើយើងវិភាគសេដ្ឋកិច្ចរបៀបម៉េច? យើងវាយតម្លៃសភាពការណ៍របៀបម៉េច? វានឹងបង្កើតបានជាកំហុស ហើយគេអាចនិយាយបានថា អ្នកសារព័ត៌មានខ្វះសមត្ថភាពដែលវាមិនឆ្លើយតបទាន់ទៅនឹងទីផ្សារ ដែលវាកំពុងតែដំណើរការ។ សរុបឡើងវិញ ខ្ញុំស្នើឱ្យអ្នកសារព័ត៌មាន (និង/ឬ)ស្ថាប័នព័ត៌មាន ចូលរួមនៅក្នុងដំណើរការរក្សាសន្តិភាព ចូលរួមដំណើរការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយដើម្បីរក្សានូវបញ្ហាហ្នឹងបាន ចំណុចដែលវាល្អបំផុត គឺព័ត៌មានក្លែងក្លាយដែលជាកង្វល់របស់ពិភពលោក ក៏ដូចជា កង្វល់របស់កម្ពុជា ត្រូវជំនួសដោយព័ត៌មានពិត(ត្រូវ)វិភាគឱ្យត្រូវនឹងការពិត …។
សារព័ត៌មានបី ដែលផ្សាយអំពីការរលំអគារ នៃប្រទេសមួយចំនួនក្នុងឆ្នាំ ២០១៩
ខ្ញុំសូមអរគុណ ចំពោះទូរទស្សន៍ BTV, ទូរទស្សន៍ជាតិ, Fresh News ដែលបានផ្សព្វផ្សាយភ្លាមៗនូវព័ត៌មានទាក់ទិនជាមួយនឹងការរលំអគារ នៅតាមបណ្តាប្រទេសនានានៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ព្រោះអ្វី? ពេលនោះ គ្រាន់តែបាក់អគារព្រឹប គឺកម្ពុជាត្រូវទទួលការទម្លាក់កំហុសដោយមិនទាន់បានពិចារណា។ (នាំគ្នា)និយាយពីដកដាក់ៗ។ ប៉ុន្តែ អ្នកទាំងអស់គ្នាបានគិតទេ យើងមិនចង់ឱ្យកើតព្រឹត្តិការណ៍ហ្នឹងទេ។ ឥឡូវនេះ សូម្បីតែនៅក្នុងការដ្ឋានដែលកំពុងសាងសង់ មិនអនុញ្ញាតឱ្យកម្មករស្នាក់នៅទេ។ ក្រសួងដែនដីក៏បានចេញការណែនាំបែបនេះ។ ប៉ុន្តែ នៅលើពិភពលោក រាប់ទាំងសហរដ្ឋអាមេរិក ដែលបានបាក់សណ្ឋាគារនៅសហរដ្ឋអាមេរិក (និងមាន)ប្រទេសច្រើនណាស់ ដែលបានបាក់អគារនៅឆ្នាំ ២០១៩ កន្លងផុតទៅ។
ហេតុអីបានជាកម្ពុជាយើង ភ្លាមឡើងគឺសមត្ថភាព ភ្លាមឡើង គឺអំពើពុករលួយ ដែលរឿងពិតប្រាកដថ្ងៃនេះ ខ្ញុំទើបទទួលបានតាម WhatsApp មេការសំណង់ដែលទទួលខុសត្រូវស្លាប់ទាំងប្តី/ប្រពន្ធ/កូន ដែលជារឿងខ្លោចផ្សាខ្លាំងណាស់។ ឥឡូវត្រូវចែកលុយជាពីរចំណែក ដោយមួយចំណែកប្រគល់ទៅឱ្យឪពុក/ម្តាយខាងប្រុស។ មួយចំណែក(ទៀត)ត្រូវផ្តល់ទៅឱ្យឪពុកម្តាយខាងស្រី ព្រោះស្លាប់ទាំងម្តាយ/ឪពុក និងកូនទាំង ២។ ឥឡូវ យើងមិនត្រឹមតែមិនកាត់ទោសគាត់ទេ យើងថែមទាំងផ្តល់ប្រាក់សម្រាប់ពួកគាត់ថែមទៀត។ កំពង់សោមជាករណីពិសេស ដែលអភិបាលខេត្តគាត់សុំលាលែងចេញពីតំណែង។
សារៈមន្ទីរដែលមានវ័យចំណាស់មួយនៅទីក្រុងប៉ារីសត្រូវឆេះ អភិបាលក្រុងប៉ារីសបានលាលែងពីតំណែងហើយឬនៅ? ប្រតិកម្មដើម្បីនឹងស្រោចស្រង់កុំឱ្យអគ្គីភ័យហ្នឹងឆេះ ហើយទប់ស្កាត់ តើនៅទីនោះរដ្ឋមន្រ្តីមហាផ្ទៃរបស់បារាំងបានលាលែងពីតំណែងហើយឬនៅ? ភ្លើងឆេះព្រៃនៅអូស្រ្តាលី បណ្តាររដ្ឋដែលឆេះ នៅក្នុងអូស្រ្តាលី តើមានប៉ុន្មានហើយដែលបានលាលែង? អញ្ចឹង បានជាយើងទាំងអស់គ្នាត្រូវមានការគិតគូរពិចារណាឱ្យបានដិតដល់។ ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនបានន័យថា សម្រាលការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរ ឬស្ថាប័នណាមួយទេ ក៏ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នកទាំងអស់ប្រើប្រាស់នូវការវិនិច្ឆ័យ ហើយពេលវេលានោះទៀត គឺជាពេលវេលាដែលមិនត្រូវនិយាយថាអ្នកណាខុស/ត្រូវទេ និយាយពីរឿងបញ្ហារុករកមនុស្ស។ សង្រ្គោះជីវិតមនុស្សសិន។ ការដែលអស់លោកលើកមកនិយាយពីរឿងដក/ដាក់ វាមិនខុសពីការចល័តទ័ពទៅទិសខាងលិច ប៉ុន្តែត្រូវទាញទ័ពមកទិសខាងកើត …។
ខ្ញុំមិនបន្ទោសទេ ប៉ុន្តែសុំទទួលស្គាល់ថា អ្នកទាំងឡាយខ្វះការពិចារណាឱ្យបានហ្មត់ចត់។ យើងមិនចង់ឱ្យហេតុការណ៍នេះកើតឡើងទេ ក៏ប៉ុន្តែ រឿងយើងបានបិទក្រោលសេះ នៅពេលដែលសេះចេញផុតពីក្រោលដូច្នេះ អ្វីដែលជាកិច្ចការបន្ទាន់របស់យើង គឺត្រូវចាប់សេះទាំងឡាយត្រឡប់មកវិញ។ បើនិយាយពីសង្រ្គោះ មិនមែនជារឿងត្រូវរកអ្នកណាខុស/ត្រូវនៅពេលនោះទេ គឺជារឿងដែលត្រូវសង្រ្គោះជីវិតមនុស្សជាអាទិភាពទី ១ តែម្តង។ នៅក្នុងពេលនោះ ខ្ញុំក៏ចូលមើលទៅក្នុងផេកហ្វេសប៊ុក ដែលកំពុងឡាយផងដែរ ក៏មានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រតិបត្តិការយឺតៗ ក៏មានអ្នកខ្លះថា អាដៃដែកកាយមិនឈប់សោះ។ មនុស្ស ២ នាក់ មានគំនិតខុសគ្នា។ មួយថាធ្វើយឺត មួយថាអេស្កាវាទ័រកាយខ្លាំងពេក ក្រែងលោវាទៅសង្កត់មនុស្ស។ ពេលនោះ យើងបញ្ជាក្រោមលក្ខខណ្ឌ(ពីរ) ទី ១ គោរពជីវិតមនុស្ស។ ទី ២ គោរពសាកសព។ នេះជាលក្ខខណ្ឌ នៃប្រតិបត្តិការនៅពេលនោះ។
ដូច្នេះ បានជាយើងត្រូវធ្វើបន្តិចម្តងៗ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតមកពីគ្រឿងចក្រ។ ស្រ្តីម្នាក់ដែលយើងបានយកទាំងប្តី/ប្រពន្ធចេញក្នុងពេលជាមួយគ្នា ហើយខ្ញុំបានយកទាំងក្រម៉ារបស់ខ្ញុំទៅគ្របឱ្យប្រពន្ធមួយ និងគេឱ្យក្រម៉ាមួយទៀតក៏ឱ្យប្តីទៅ (ហើយក៏បាន)តាមដល់មន្ទីរពេទ្យ។ គាត់និយាយថា គាត់ភ័យណាស់ នៅពេលដែលអេស្កាវាទ័កាយ។ គាត់ថា បើមិនស្លាប់នឹងដីកិនហ្នឹងទេ ក៏ស្លាប់នឹងអេស្កាវាទ័រកាយដែរ។ ប៉ុន្តែ ដោយភាពប្រុងប្រយ័ត្នរបស់យើងៗ បានសង្រ្គោះជីវិតមនុស្ស។ នេះសុទ្ធតែជាការទទួលខុសត្រូវ … ហ្វេសប៊ុកផេករបស់ឥស្សរជនម្នាក់ ខ្ញុំបានចូលទៅខម្មិននៅក្នុងហ្វេសប៊ុកផេកនោះថា សង្ឃឹមថា ឯកឧត្តមមិនប្រើពេលវេលានេះ រុញឱ្យខ្លោចរោចឱ្យឆៅនោះទេ។ នេះជាពាក្យសំដីដែល(ខ្ញុំ)កម្រ ចូលទៅខម្មិនណាស់។ ក៏ប៉ុន្តែ ខ្ញុំទើសភ្នែកពេក។ នេះជាចំណុចទី ១ ដែលទាក់ទិនជាមួយនឹងបញ្ហាសន្តិភាព។
រដ្ឋមន្ត្រី ឬអភិបាលរាជធានី/ខេត្ត ជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេលើការបញ្ចេញព័ត៌មាន
ឯចំណុចទី ២ ខ្ញុំសុំស្នើគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានយន្តការសម្រាប់ការងារព័ត៌មានមួយច្បាស់លាស់ ដូចជាអ្នកនាំពាក្យ (ឬ)គេហទំព័រហ្វេសប៊ុកជាដើម។ យើងតែងរំលឹកបញ្ហានេះ ប៉ុន្តែបញ្ហាថ្មីមួយ ដែលខ្ញុំត្រូវដាក់ចេញជាបទបញ្ជា គឺរដ្ឋមន្រ្តី ដែលជាប្រធានស្ថាប័ន ឬអភិបាលរាធានី/ខេត្ត ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ លើការបញ្ចេញព័ត៌មានដោយខ្លួនឯង។ ចំណុចនេះ គឺជាចំណុចដែលថ្នាក់ដឹកនាំរបស់យើងមួយចំនួនបានធ្វើរួចមួយចំនួនហើយ ជាក់ស្តែង ឯកឧត្តម ស៊ុន ចាន់ថុល, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្រ្តីមួយចំនួនទៀត ពេលដែលចេញពីប្រជុំមកមានសំណួររបស់អ្នកកាសែត គឺឆ្លើយឆ្លងអ្នកកាសែតផ្ទាល់។ អភិបាលខេត្តមួយចំនួនចេញពីប្រជុំមក ធ្វើការសម្ភាសផ្ទាល់ជាមួយនឹងក្រុមអ្នកយកព័ត៌មាន ឬក៏ស្នើសុំការសម្ភាសផ្តាច់មុខជាមួយនឹងអ្នកសារព័ត៌មាន។ ប៉ុន្តែសុំឱ្យអ្នកសារព័ត៌មានមានការយោគយល់ រដ្ឋមន្រ្តី ឬក៏អភិបាលខេត្ត ពុំមានពេលវេលា ២៤/២៤ ម៉ោង សម្រាប់អ្នកសារព័ត៌មានទេ។ ដូច្នេះ ត្រូវចែករំលែកបញ្ហានោះទៅឱ្យអភិបាលរងខេត្ត អ្នកនាំពាក្យ ឬប្រព័ន្ធបណ្តាញ(ទំនាក់ទំនង) ដែលយើងអាចបើកមើលព័ត៌មានចេញពីនោះ។ ពេលដែលមានតម្រូវការព័ត៌មានបន្ថែម គប្បីត្រូវធ្វើការឆ្លើយតប។ ចំណុចនេះ ជាចំណុចដែលអស់លោកគប្បីត្រូវធ្វើ។
ចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ
បទពិសោធន៍ ៤១ ឆ្នាំ របស់ខ្ញុំនៅក្នុងមុខតំណែងជារដ្ឋមន្រ្តីរយៈពេល ២ ឆ្នាំ, ឧបនាយករដ្ឋមន្រ្តីរយៈពេល ៤ ឆ្នាំ, នាយករដ្ឋមន្រ្តីរយៈពេល ៣៥ ឆ្នាំ ខ្ញុំរស់ជាមួយអ្នកសារព័ត៌មាន។ អស់លោកជួបអ្នកសារព័ត៌មាននៅក្នុងប្រទេស ឬអ្នកសារព័ត៌មានមិនដូចខ្ញុំទេ (ខ្ញុំជួបអ្នកសារ)ព័ត៌មានធំៗណាស់នៅលើពិភពលោក។នៅពេលដែលខ្ញុំចេញពីប្រជុំជួប គេហៅថា ជំនួបសីហនុ-ហ៊ុន សែន ឬ JIM I, JIM II ឬ IMC ឬសន្និសីទប៉ារីស អ្នកកាសែតមិនមែនរាប់ដៃបានទេ អ្នកកាសែតចង់ជាន់យើងទៀតផង។ ឆ្នាំ ១៩៨៩ នៅព្រលានយន្តហោះពោធិ៍ចិនតុង រាប់រយនាក់អ្នកកាសែត ដែលពេលនោះ កងទ័ពវៀតណាមត្រូវដោះចេញពីកម្ពុជា។
ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅប្រទេសថៃលើកដំបូង គេហៅទស្សនកិច្ចរញ្ជួយផែនដី។ កងទ័ពថៃត្រូវប្រើមួយវរសេនាតូច គ្រាន់តែយើងចេញពីសណ្ឋាគារ គឺត្រូវតែមកពីរជាន់ ដើម្បីទប់ស្កាត់អ្នកសារព័ត៌មាន។ ថ្ងៃមុននៅកន្លែងនេះ អ្នកសារព័ត៌មានជើងចាស់មួយ ហើយក៏ជាអ្នកសរសេរសៀវភៅ “Brother Enemy (ឬ)បងប្អូន ដែលជាសត្រូវនឹងគ្នា” Nayan Chanda ខ្ញុំហៅរួមតុជាមួយខ្ញុំនៅទីនេះ ក្នុងពេលដែលខ្ញុំជួបខាងសាសនាគ្រឹស្ត។ អស់លោកអត់ទាន់ជួបអ្នកដែលខ្លាំងៗ ដូចជា Nayan Chanda, អេលីហ្សាបែត បេគ្គើ, ខ្លូត ប៉ូម៉ុងទី ស្អីៗ អស់លោកមិនទាន់ជួបទេ មិនទាន់ជួបសំណួររសើបៗនោះទេ។ អញ្ចឹង សុំអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ សុំចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូ ដែលមិនអាចខ្វះបាន សម្រាប់ការងារអស់លោក។
ខ្ញុំត្រូវគេបានប្រសិទ្ធិនាមថា ជាតារាកំពុងរះតាំងពីឆ្នាំ ១៩៨២ ឯណោះ។ ពិតមែនតែខ្ញុំមិនកាន់តំណែងជានាយករដ្ឋមន្ត្រី ពេលនោះ ខ្ញុំកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ក៏ប៉ុន្តែ សុំបើកមើលនូវកាសែត Bangkok post ដែលផ្សាយពីជំនាន់នោះ គេនិយាយពីលោកហ៊ុន សែន គឺ ជាតារាកំពុងរះ។ តាមរយៈអី អ្នកដែលធ្វើឱ្យគេស្គាល់ខ្ញុំ គឺជាអ្នកណា? គឺអ្នកកាសែតតើ។ អញ្ចឹង បើអស់ លោកគេចមុខជាមួយអ្នកកាសែត អ្នកណាគេស្គាល់? ប្រជាជនកម្ពុជាក៏មិនស្គាល់អស់លោកអ្នកទេ។ ចាំទៅដល់ពេលឃោសនាបោះឆ្នោត មុខនៅលើកញ្ចក់ទូរទស្សន៍ផ្សេង មុខខ្លះស៊ីកាមេរ៉ា មុខខ្លះអត់ស៊ីកាមេរ៉ាទេ។ គេថា មុខខ្ញុំស៊ីកាមេរ៉ា តែអ្នកខ្លះថា នៅក្នុងទូរទស្សន៍ចាស់ តែនៅក្រៅក្មេង។ អរគុណដែលអ្នក សរសើរថាក្មេង។ ប្រពន្ធខ្ញុំបែបកំពុងមើល live បន្តផ្ទាល់ដែរ។ ខ្ញុំបានធូរស្រាលក្នុងចិត្តបន្តិច ម្សិលមិញនេះបានយកម្តាយក្មេកចេញពីមន្ទីរពេទ្យមកនៅផ្ទះ។ ឥឡូវហ្នឹងខ្ញុំត្រូវស្លៀកខោអាវពេទ្យនៅពេលដែលខ្ញុំនៅផ្ទះ។ ប៉ុន្តែ ភរិយាខ្ញុំមិនអាចមកចូលរួមក្នុងជំនួបនេះបានទេ ត្រូវតែនៅថែទាំនៅទីនោះ …។
រដ្ឋមន្ត្រី អភិបាលខេត្ត ក្នុងពេលវេលាចាំបាច់ ត្រូវមុខបកស្រាយផ្ទាល់
អញ្ចឹងទេ ខ្ញុំសុំស្នើឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ត្រី/អភិបាលខេត្ត ក្នុងពេលវេលាចាំបាច់ ត្រូវចេញមុខបកស្រាយផ្ទាល់ ដូចជា ឯកឧត្តម ស៊ុន ចាន់ថុល គាត់ត្រូវ(ចេញមុខមក)បកស្រាយ។ សូម្បីតែស្លាកលេខ បើបក(ស្រាយ)មិនស្រួលទេ វាកើតរឿង។ ឯកឧត្តម ស៊ុន ចាន់ថុល បានមកប្រាប់ខ្ញុំថា គេដាក់សុទ្ធតែពាក្យចំអេសចំអាសក្នុងហ្នឹង ហើយទិញលេខហ្នឹង។ អញ្ចឹងទេ បើសិនជាយើងគ្មានការបកស្រាយក្នុងហ្នឹង (គឺ)មិនបានទេ។ មានពេលមួយខ្ញុំនៅចាំ ពេលនោះ នៅកោះពេជ្រហ្នឹងតែម្តង ប៉ុន្តែ យើងនៅ city hall ប្រជុំគណបក្ស។ ពេលនោះ មានការទាមទារខ្លាំងណាស់ អំពីបញ្ហាធ្វើប័ណ្ណបើកបរម៉ូតូ។ នៅពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកភ្លាម តើអ្នកណាដែលចូលមកខម្មិនមុនគេ? សំណូមពរភ្លាម គឺក្រុមអ្នកជិះម៉ូតូ ព្រោះពេលនោះយើងតម្រូវឱ្យអ្នកជិះម៉ូតូមានប័ណ្ណបើកបរ។ ដូច្នេះ ខ្ញុំត្រូវចេញបកស្រាយខ្លួនឯង ពិតមែនតែវាជាកិច្ចការរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ។ ពេលនោះ ឯកឧត្តម ត្រាំ អ៊ីវតឹក ប៉ុន្តែ វាត្រូវតែមានការសម្រេចជាក់លាក់មួយរបស់នាយករដ្ឋមន្ត្រីផងដែរ មុនពេលឈានទៅធ្វើវិសោធនកម្មច្បាប់ …។
បើចង់សម្ភាសន៍ ត្រូវធ្វើការផ្សាយបន្តផ្ទាល់ មូលហេតុអី?
មានពេលខ្លះ នាយករដ្ឋមន្ត្រីត្រូវចេញបកស្រាយដោយផ្ទាល់តែម្តង ក៏ប៉ុន្តែ រយៈពេលកន្លងទៅនេះ ខ្លះអាចចោទសួរខ្ញុំថា ម៉េចបានមិនព្រមបកស្រាយ? មានអ្នកខ្លះស្គាល់លេខទូរស័ព្ទខ្ញុំពីក្រៅប្រទេស វិទ្យុនិយាយភាសាខ្មែរ ដែលផ្សាយពីបរទេសមក ចូលមកក្នុង WhatsApp របស់ខ្ញុំ។ គេដឹងលេខ តែខ្ញុំអត់ឆ្លើយ ព្រោះខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍ម្តងៗមួយម៉ោង (ឬ)ពីរម៉ោង ម៉េចក៏មិនស្តាប់? គេបកអស់រលីងហើយម៉េចក៏មិនយកចាក់ទៅ? ប៉ុន្តែ រឿងវាអញ្ចេះ ដែលខ្ញុំមិនបកស្រាយដោយសារអី? យើងបកស្រាយ ៥០ ម៉ាត់ គេយកទៅបកស្រាយតែ ៣ ម៉ាត់ តើយើងធ្វើអី? អញ្ចឹង បានជាការសម្ភាសណាមួយ ខ្ញុំទាមទារផ្សាយបន្តផ្ទាល់ទើបសុខចិត្ត។ ប្រហែលជាកន្លែងនេះ មានវិទ្យុសម្លេងសហរដ្ឋអាមេរិកនៅទីនេះដែរ ដោយសារសម្ភាសន៍ម្តងហើយ កាត់កងរបស់ខ្ញុំ អត់ព្រមផ្សាយទាំងអស់។
អញ្ចឹង ខ្ញុំចងចាំចំណាំទុក ដល់ក្រោយបោះឆ្នោតឆ្នាំ ១៩៩៨ ពេលនោះ គណបក្សប្រជាជនឈ្នះ VOA ស្នើសុំសម្ភាសន៍ខ្ញុំផ្ទាល់ ខ្ញុំដាក់លក្ខខណ្ឌថា ត្រូវផ្សាយផ្ទាល់ ទើបខ្ញុំធ្វើសម្ភាសន៍។ មូលហេតុអី? មូលហេតុដោយអ្នកធ្វើសម្ភាសហ្នឹង មិនយកអ្វីដែលជាការធ្វើសម្ភាសន៍របស់យើងទៅចាក់ទាំងស្រុងទេ ចាប់យកតែកន្លែងដែលធ្វើជារបៀបបំភ្លៃការពិត។ នេះជាមូលហេតុ។ វាមិនមែនមកពីយើងតែម្នាក់ទេ គេហៅថា ទំនាក់ទំនងទ្វេទិស ដែលបំពេញឱ្យគ្នា រវាងអ្នកទទួលខុសត្រូវ ជាមួយនឹងស្ថាប័នព័ត៌មាន។ តាំងពីពេលនោះមក ខ្ញុំមិនដែលធ្វើសម្ភាសន៍ជាមួយ VOA។ ចុងក្រោយ ខ្ញុំក៏បានប្រាប់គាត់ត្រង់ ខ្ញុំថា ខ្ញុំឈ្នះឆ្នោតដោយសារបានអស់លោកជួយជេរខ្ញុំដែរ បានខ្ញុំឈ្នះឆ្នោត។ បើយកអាហ្នឹងមកស្តាប់វិញ កាត់អត់ទាន់ទេ ពេលហ្នឹងចុងក្រោយសល់តែប៉ុន្មាន ២ នាទី ចុងក្រោយ ខ្ញុំដាក់យកតែម្តង ខ្ញុំថាវិទ្យុដ៏មានកិត្តិយសរបស់អស់លោក មិនសក្តិសមនោះទេ ដោយប្រើសំដីបាតផ្សារ ហើយការបញ្ជាក់ចុងក្រោយ ដោយសារការជេររបស់អស់លោក ទើបខ្ញុំឈ្នះឆ្នោត។ កាត់ក៏កាត់អត់ទាន់ដែរ។
ផ្តល់ការសម្ភាសផ្តាច់មុខដល់ Fresh News
… ខ្ញុំមានមធ្យោបាយគ្រប់គ្រាន់របស់ខ្ញុំហើយ។ ខ្ញុំមាន Fresh News មួយ ដែលជាព័ត៌មានរហ័សរបស់ខ្ញុំ ដែលខ្ញុំឱ្យសម្ភាសផ្តាច់មុខទៅលើ Fresh News ដែលជាបណ្តាញរបស់វិស័យឯកជនទេ។ រឿងនេះ ក៏សុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏សុំទីភ្នាក់ងារសារព័ត៌មាន AKP កុំអន់ចិត្តជាមួយខ្ញុំ ដោយសារអស់លោកធ្វើការមានម៉ោង ខ្ញុំមិនអាចពឹងពាក់បាន។ ខ្ញុំគួរតែប្រើបណ្តាញរបស់រដ្ឋល្អជាង ប៉ុន្តែ អស់លោកធ្វើការយឺតពេក។ អញ្ចឹង ខ្ញុំត្រូវពឹងពាក់ទៅលើបណ្តាញឆាប់រហ័សមួយ ដែលខ្ញុំជឿទុកចិត្តបាន ដែលផ្សាយនូវការសម្ភាសផ្តាច់មុខជាមួយខ្ញុំ ហើយខ្ញុំឱ្យតែអគ្គនាយក លឹម ជាវុត្ថា មួយទេ ដែលមានសិទ្ធិនឹងហៅទូរស័ព្ទសម្ភាសផ្តាច់មុខជាមួយនឹងខ្ញុំ។
ទាក់ទងនឹងយោធា សន្តិសុខ និងកិច្ចការបរទេស ជាកិច្ចការដែលត្រូវរក្សាការសម្ងាត់
បកត្រឡប់មកវិញ ត្រូវមានបណ្តាញព័ត៌មានជាក់លាក់មួយ ព្រោះបញ្ហានេះវាពាក់ព័ន្ធជាមួយនឹងតម្លាភាពនៃសកម្មភាពរបស់រដ្ឋ។ ខ្ញុំសុំការយោគយល់ពីសំណាក់អ្នកទាំងអស់គ្នាផងដែរ កិច្ចការខ្លះមិនមែនសុទ្ធតែអាចផ្តល់ឱ្យអស់លោកបាននោះទេ ដោយសារអ្វី? ពេលខ្លះប្រតិបត្តិការកំពុងតាមដានរុករកជនដៃដល់ (ដែល)បង្កឃាតកម្ម(លើ)រឿងនេះ/នោះ បើសិនជាផ្តល់ព័ត៌មានឱ្យអស់លោក ឃាតករ ឬក៏អ្នកបង្កហេតុគេចមុខបាត់ទៅហើយ។ អញ្ចឹង មិនអាចជូនព័ត៌មានឱ្យអស់លោកភ្លាមៗទេ។ អញ្ចឹង បានមានពេលខ្លះភេរវករចាប់ម៉េចបាន បើ CNN, BBC វាផ្សាយផ្ទាល់ទាំងអស់ ចុះពួកហ្នឹងវាមិនមើលដែរ? … កិច្ចការខ្លះទាក់ទងនឹងវិស័យការពារជាតិ ការចល័តកងទ័ព ការចល័តអាវុធ ការចល័តស្អីៗ មិនមែនសុទ្ធតែត្រូវឱ្យអស់លោកទៅថត/យកព័ត៌មាននោះទេ។ វិស័យការពារជាតិ និងសន្តិសុខ ជាវិស័យដែលត្រូវរក្សាការសម្ងាត់។ មិនមែនផ្អែកលើហេតុផលនៃការរក្សាការសម្ងាត់ទាំងអស់ ដោយខ្វះភាពសមហេតុ/ផល ហើយបែរជារក្សាអាថ៌កំបាំងព័ត៌មាននោះទេ …។
ដូចជាព័ត៌មានមួយកើតឡើង រវាងព្រំដែនកម្ពុជា-ថៃ។ និយាយពីព័ត៌មាន រហូតដល់ពេលមួយ … ចូលមកនិយាយក្នុង Group Telegram។ ចេះសំណាងថ្ងៃហ្នឹង លោក ខាន់ សុវណ្ណ ដាក់ចូលទៅក្នុងអង្គព្រោកប្រាជ្ញ គេថាកំសត់ណាស់អត់មានអីស៊ីទេ មានតែមី ហើយឥឡូវគេបញ្ជូនទ័ពមកថែមទៀត។ បានខ្ញុំបញ្ជាក់ទៅក្នុង group ហើយជេរអាមួយហ្នឹង។ ឱ្យស្រាវជ្រាវទៀត។ អានោះសុំទោស។ បញ្ជាឱ្យមេទាហាន/ប៉ូលីស ដកចេញពី Group Telegram បើមិនអញ្ចឹង គឺវាបង្កើតបញ្ហា។ យើងត្រូវមានតម្លាភាពហើយ ក៏ប៉ុន្តែ ទាក់ទងនឹងយោធា សន្តិសុខ ហើយទាក់ទងនឹងកិច្ចការបរទេស ជាកិច្ចការដែលត្រូវសម្ងាត់ណាស់។ គោលជំហររបស់យើងមិនត្រូវបានឱ្យគេដឹង នៅពេលវេលាមួយដែលយើងមិនទាន់បានមកដល់ទេ មិនមែនរឿងអីក៏ត្រូវតែឱ្យដឹងទេ។ ប៉ុន្តែ ក៏សុំថា អ្នកទាំងឡាយកុំផ្អែកលើហេតុផល នៃការរក្សាការសម្ងាត់ ហើយបែរជាមិនព្រមផ្តល់ព័ត៌មាន ដែលគួរតែត្រូវផ្តល់។
អ្នកសារព័ត៌មាន បំពេញតួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ
ចំណុចទី ៣ ស្ថាប័នព័ត៌មាន ក៏ដូចជា អ្នកយកព័ត៌មានត្រូវបំពេញតួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជន ពី ប្រជាជនមករដ្ឋវិញ ទាំងផ្នែកគោលនយោបាយ ទាំងការអនុវត្ត។ ឆ្នាំទៅខ្ញុំក៏បានលើកនូវអនុសាសន៍នេះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារឹទ្ធិ ក៏បានលើកអំពីចំណុចនេះ។ មិនមែនគោលនយោបាយទាំងអស់សុទ្ធតែដាក់ចេញទៅត្រូវទេ គឺពេលខ្លះវាស្រប/វាមិនស្របទេ វាហួសសម័យហើយ។ សូម្បីតែម្សិលមិញនេះ គណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា មានការបើកការប្រជុំមួយ ដើម្បីត្រៀមរបាយការណ៍ និងទិសដៅខាងមុខ សម្រាប់ឆ្លងសន្និបាតគណៈកម្មាការកណ្តាលនៅក្នុងខែ កុម្ភៈ។ យើងក៏បានសម្រេចឱ្យមានការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មលក្ខន្តិកៈ ដែលវាហួសសម័យ (និង)មិនទាន់សភាពការណ៍។ សូម្បីតែគណបក្សកាន់អំណាចក៏ត្រូវតែតម្រូវលក្ខន្តិកៈរបស់ខ្លួនផងដែរ ហើយក៏ត្រូវតែធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវកម្មវិធី និងគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដូចជាបញ្ហាទាក់ទិនជាមួយនឹងរឿងខ្លះ ដែលខ្ញុំនិយាយអម្បាញ់មិញ ទាក់ទិននឹងរឿងច្បាប់មានហើយ នឹងឱ្យមនុស្សទាំងអស់ ដែលមានម៉ូតូជិះ ត្រូវតែមានប័ណ្ណបើកបរ …។
យើងជាអ្នកសារព័ត៌មាន យើងក៏ផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល របស់ស្ថាប័ននានាដែលបានដាក់ចេញទៅ។ ខ្ញុំលើកឧទាហរណ៍ លោកជំទាវ អគ្គនាយកសុខាភិបាល ដែលជារដ្ឋលេខាធិការផងដែរ គាត់ឧស្សាហ៍ឡើងជាមួយនឹង BTV ដែលផ្សព្វផ្សាយទាក់ទងជាមួយនឹងជំងឺ។ នោះហើយជារបៀបដែលបញ្ជូនសារអប់រំទៅកាន់ប្រជាពលរដ្ឋ ទាក់ទងនឹងការថែទាំសុខភាព។ គាត់ឡើងតាមទូរទស្សន៍ដទៃៗថែមទៀត។ នោះហើយជារបៀបការបញ្ជូនសារចេញពីរដ្ឋ។ រឿងនេះ អ្នកសារព័ត៌មានក៏បញ្ជូនចេញ ហើយអ្នកសារព័ត៌មានក៏គួររួមចំណែក នៃការអនុវត្តបានរបៀបណាពីសំណាក់ប្រជាជនខ្លួនឯង និងពីសំណាក់ក្របខណ្ឌរដ្ឋបាលសាធារណៈរបស់យើង ក្នុងនោះ មានទាំងវិស័យសុខាភិបាល ក្នុងករណីដែលយើងមើលឃើញថា វាមិនសមស្របទេ ថ្នាក់ជាតិធ្វើការកែតម្រូវ រាប់ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬអនុក្រឹត្យ ឬរហូតដល់ព្រះរាជក្រឹត្យ ឬរហូតដល់ច្បាប់ ឬក៏អាចសុំរដ្ឋសភាកែតម្រូវបាន។ យើងក៏អាចស្នើសុំព្រះមហាក្សត្រ ដើម្បីកែតម្រូវបាន។ យើងក៏អាចចេញអនុក្រឹត្យ ដែលនាយករដ្ឋមន្ត្រីចុះហត្ថលេខាដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ជាក់ស្តែង។ ឯចំណុចណា ដែលយើងយល់ថាត្រូវហើយ យើងជម្រុញអនុវត្តវា។ ត្រង់នេះហើយ ដែលជាការធ្វើដំណើរផង រៀនផងរបស់កម្ពុជា ក្នុងរយៈពេល ៤១ ឆ្នាំ។
កម្ពុជាមិនអាចយកគំរូតាមអ្នកណាទាំងអស់។ ខ្ញុំនៅចាំបានឆ្នាំ ១៩៨៨ នៅពេលដែលខ្ញុំទៅចូលរួមបុណ្យ ៧ មករា នៅខេត្តកំពត ពេលនោះ ខ្ញុំទៅងូតទឹកនៅទឹកឈូ ប៉ុន្តែ មុនពេលទៅងូតទឹក ខ្ញុំត្រូវធ្វើបទសម្ភាសន៍ជាមួយនឹងជើងខ្លាំង ដែលសរសេរឱ្យបាងកក និងសរសេរឱ្យកាសែត Le Monde ដែលធ្វើដំណើរទៅខេត្តកំពត ដែលពេលនោះ ម្នាក់ឈ្មោះ ហ្ស៉ាក់ បេគែរ បានសួរខ្ញុំថា តើអ្នកឯងយកគំរូតាម ហ្គោបាឆូវ ទេ ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងកម្ពុជា? ខ្ញុំបាននិយាយថា ខ្ញុំមិនកាត់ក្បាលខ្ញុំតម្រូវមួកទេ ខ្ញុំកាត់មួកតម្រូវក្បាល។ ខ្ញុំមិនកាត់ជើងខ្ញុំតម្រូវស្បែកជើងទេ តែខ្ញុំកាត់ស្បែកជើងតម្រូវជើងរបស់ខ្ញុំ។ សភាពការណ៍របស់សូវៀតផ្សេង ដែលតម្រូវឱ្យ ហ្គោបាឆូវ ធ្វើ Perestroika និង Glasnost។ ឯសភាពការណ៍កម្ពុជាផ្សេង តម្រូវឱ្យធ្វើតាមរបៀបកម្ពុជា។ ដូច្នេះ គ្មានពុម្ពគំរូណាមួយជាក់លាក់ដាក់មកកម្ពុជាទេ។ យើងដកហូតពិសោធន៍ ដូចជាត្បាល់កិនអញ្ចឹង កិនពីស្រូវចេញជាអង្ករ/ជាអង្កាម/ជាកន្ទក់ ហើយចេញមកជាអង្ករ ដើម្បីដាំបាយស៊ី។ យើងមិនអាចយកស្រូវទៅដាំក្នុងឆ្នាំងតែម្តងបានទេ។
ស្ថាប័នសារព័ត៌មាន និងអ្នកយកព័ត៌មានរបស់យើង ក៏ចេះចូលរួមចំណែក ដើម្បីស្វែងរកចំណុចល្អ ឬមិនល្អ។ សូម្បីតែ ឯកឧត្តម លោកជំទាវ ដែលជាប្រធានគណបក្សនយោបាយ ដែលជាសមាជិក/ជិកាពិគ្រោះ និងផ្តល់យោបល់ កិច្ចការដែលធំជាងគេ ដែលខ្ញុំបានផ្តល់ គឺសំណូមពររបស់ខ្ញុំរៀងរាល់អង្គប្រជុំ មិនមែនគ្រាន់តែបញ្ហាស្វែងរកបញ្ហាអសកម្មតូចតាចទេ។ ខ្ញុំស្នើឱ្យអស់លោកពិចារណាទៅលើចំណុចណា ដែលជាក្របខណ្ឌគោលនយោបាយរបស់យើង ដែលវាគួរតែត្រូវបានកែតម្រូវ។ ខ្ញុំបានស្នើដល់ប៉ុណ្ណឹង ដែលជាការផ្តល់នូវគំនិត សម្រាប់ការពិចារណារបស់រដ្ឋាភិបាល ព្រោះមានពេលខ្លះ មិនមែនយើងដាក់ទៅសុទ្ធតែត្រូវទាំងអស់ទេ មានចំណុចដែលខុសរបស់វាដែរ។ គោលនយោបាយ ចំពោះវិស័យកសិកម្ម, គោលនយោបាយ ចំពោះឧស្សាហកម្ម, គោលនយោបាយ ចំពោះអនុវិស័យនានា មានតែវិស័យឧស្សាហម្មមួយ ខ្ញុំឃើញការបញ្ចេញមតិមួយចំនួន ដែលបណ្តាគណបក្សក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងទាក់ទងនឹងបញ្ហាទីផ្សារ ទាក់ទងនឹងការចិញ្ចឹមសត្វនៅក្នុងស្រុក សុទ្ធតែជារឿងដែលរាជរដ្ឋាភិបាលយកមកគិត ហើយធ្វើការកែតម្រូវ។ ប៉ុន្តែ សារព័ត៌មានអាចមានបណ្តាញច្រើនជាងគណបក្សនយោបាយទៅទៀត ដែលខ្ញុំយល់ថា គប្បីត្រូវបានចូលរួម។
ប្រយុទ្ធជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម
ចំណុចទី៤៖ ចូលរួមប្រយុទ្ធជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម។ ចំណុចនេះគឺជាចំណុច ដែលអ្នកសារព័ត៌មានរបស់យើងគប្បីចូលរួមចំណែកកាន់តែច្រើន កាន់តែធំ កាន់តែស៊ីជម្រៅ ទៅលើការប្រយុទ្ធប្រឆាំងនឹងភាពអសកម្ម ព្រោះយើងត្រូវការនូវសង្គមមួយដែលស្អាតស្អំមានតម្លាភាព ហើយយើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម វាជាផ្នែកមួយ នៃអស្ថិរភាពសង្គម ហើយវាក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាទៀតផង។ ខ្ញុំស្នើឱ្យអ្នកសារព័ត៌មានរបស់យើង ហ៊ានបញ្ចេញដោយមិនមានការក្លែងបន្លំ (និង/ឬ)បំភ្លៃការពិតនោះទេ។ ប៉ុន្តែ ត្រូវហ៊ានយកមកដាក់លើតុ ទាក់ទងជាមួយនឹងអំពើអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងអយុត្តិធម៌នានា។ យើងអត់ខ្លាចបញ្ហានេះទេ។ ឥឡូវ ករណីលេចឡើង(ថ្មីៗ) ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំងគណៈកម្មាការស្រាវជ្រាវមួយជាបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ បើសិនយ៉ាងដូច្នេះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដោយមិនមានការអត់ឱនទេ។
ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លី យើងមិនត្រូវទទួលនូវការឃុំខ្លួនទេ។ ខ្ញុំនិយាយត្រឹមជម្លោះដីធ្លីទេ តែមិនមែននិយាយពីបញ្ហាព្រហ្មទណ្ឌទេ។ អ្នកខ្លះបង្កើតបញ្ហាព្រហ្មទណ្ឌវាជារឿងមួយ ក៏ប៉ុន្តែ បើសិនជាករណីនោះពិត … ខ្ញុំបានបញ្ជូនសារសម្លេងរបស់ កែវ រ៉េមី ហើយខ្ញុំក៏បញ្ជាក់សារសម្លេងនោះ Forward បញ្ជាក់ប្រាប់ទៅ កែវ រ៉េមី វិញ ហើយ Forward ទាំងពីរឱ្យទៅ សៅ សុខា … សៅ សុខា ក៏បញ្ជាក់មកវិញ ត្រូវតែចាប់អ្នកដែលធ្វើទារុណកម្មគេនេះឱ្យបាន ហើយយកមកផ្តន្ទាទោស។ យើងទទួលយកអត់បានទេចំណុចអស់ទាំងនេះ។ ហើយត្រូវមើលរឿងនេះ វាជារឿងអ្វីពិតប្រាកដ?
អ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល រួមគ្នាធ្វើឱ្យកាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋ
សុំឱ្យអ្នកសារព័ត៌មានរបស់យើង រួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលបានកំពុងជម្រុញកំណែទម្រង់រដ្ឋ ផ្នែកស្ថាប័នសារព័ត៌មាន ក៏ត្រូវចូលរួមជាមួយគ្នា ដើម្បីធ្វើឱ្យកាន់តែមានតម្លាភាព នៅក្នុងការគ្រប់គ្រងរដ្ឋរបស់យើងទៅទៀត។ សង្គមមួយគ្មានអំពើអយុត្តិធម៌ គឺជាសង្គមដែលមានសុខដុមនីយកម្ម មានសុខដុមរមនាជាមួយគ្នា។ ដូច្នេះ សុំចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ អ្នកប្រព្រឹត្តអាចនឹងមានការរាថយ នៅពេលដែលអ្នកសារព័ត៌មានហ៊ានបញ្ចេញការពិត។ អ្នកប្រព្រឹត្តនឹងឡើងចាង ប្រសិនបើអ្នកសារព័ត៌មានមិនហ៊ានបញ្ចេញការពិត ព្រោះដឹងថា អាហ្នឹងអត់ហ៊ានអីផង។ ប៉ុន្តែ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺសុំនិយាយការពិតបាន ហើយកុំនិយាយបំភ្លៃ។
ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈបញ្ជូនចេញនូវព័ត៌មានពិត
ចំណុចទី៥៖ ចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ តាមរយៈបញ្ជូនចេញនូវព័ត៌មានពិត។ ឥឡូវនេះ ពិភពលោកកំពុងខ្វាយខ្វល់អំពីព័ត៌មានក្លែងក្លាយ។ នៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់មានទេ។ យើងកំពុងពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ? ប៉ុន្តែ ប្រហែលជាលទ្ធភាពធ្វើច្រើនជាង តែយ៉ាងណាក៏វាស្ថិតក្នុងដំណាក់កាល នៃការរៀបចំ និងការពិចារណា។ តែអ្វីដែលអ្នកសារព័ត៌មានធ្វើបាន គឺនៅពេលដែលព័ត៌មានក្លែងក្លាយចេញមក ព័ត៌មានពិតបញ្ចេញទៅវិញភ្លាម។ អញ្ចឹង ខ្ញុំសុំផ្តល់ជាអនុសាសន៍ឱ្យគ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាពិសេសអនឡាញល្បឿនលឿនជាងគេ ត្រូវទៅមុន។ ប៉ុន្តែ វិទ្យុ និងទូរទស្សន៍ សុទ្ធតែមានហ្វេសប៊ុកផេចរបស់ខ្លួនទាំងអស់ ជាងនេះទៅទៀត។ ទូរទស្សន៍ទាំងអស់សុទ្ធតែមានអក្សររត់។ ត្រូវរត់អក្សរហ្នឹង។ កុំរង់ចាំដល់ម៉ោងផ្សាយ ព្រោះទូរទស្សន៍មួយៗសុទ្ធតែមានពេលវេលា ម៉ោងនេះត្រូវផ្សាយព័ត៌មាននេះ/នោះ។ បើមានព័ត៌មាននោះលេចឡើងភ្លាម ត្រូវបញ្ជូនអាព័ត៌មានហ្នឹងចេញតាមអក្សរទៅភ្លាមតែម្តង។
ធ្វើយ៉ាងនេះ យើងនឹងអាចគ្រប់គ្រងបាននូវស្ថានការ។ មានពេលខ្លះវាបង្ហោះហ្វេសប៊ុកមួយលេង ថ្ងៃមួយខ្ញុំបើកឃើញ ឱ!ប្រតិកម្មរហ័សរបស់អញអើយ! តើវាងាប់ទៅណា? ខ្ញុំចេះតែគិតទេ។ វាធ្វើជារូបភាពធ្លាក់យន្តហោះ រូបវាថា សុំចូលរួមមរណទុក្ខផង លោក ហ៊ុន សែន ទើបនឹងងាប់ធ្លាក់យន្តហោះកាលពី ១ ម៉ោងមុននេះ។ ការពិតព័ត៌មានហ្នឹងវាប៉ុន្មានម៉ោងទៅហើយ។ ប៉ុន្តែ ប្រតិកម្មរហ័សវាទៅណាវា? ហ្វេកប៊ុករបស់វាទៅណា? វាគ្រាន់តែបញ្ជាក់ថា លោក ហ៊ុន សែន កំពុងតែវាយកូនហ្គោលទៅបានហើយ។ ព័ត៌មានក្លែងក្លាយច្រើន ប៉ុន្តែ យើងអត់បញ្ចេញព័ត៌មានពិត ក្នុងពេលដែលមធ្យោបាយរបស់យើងខ្ពស់ជាងគេឆ្ងាយណាស់។ អាព័ត៌មានមិនពិតចេញមក ព័ត៌មានពិតដាក់ចេញ។
ខ្ញុំលើកឧទាហរណ៍មួយ៖ “អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ដាក់ចេញតែអាហ្នឹងមួយបង្ក្រាបជាប់អស់ លៀនអណ្តាត។ អ្ហែងស៊ីនំបញ្ចុក អញក៏ស៊ីនំបញ្ចុកដែរ។ អញ្ចឹង អានំបញ្ចុកស្នេហាជាតិ នំបញ្ចុកក្បត់ជាតិ រលំរលាយទាំងអស់។ អាហ្នឹងហើយវិធីបន្សាបនូវអាព័ត៌មានក្លែងក្លាយនោះ។ ចំណុចនេះ គឺជាចំណុចដែលខ្ញុំសុំថា នេះជាឆ្នាំថ្មី ជាឆ្នាំដែលយើងត្រូវតែមានជោគជ័យ ទៅលើភាពអសកម្មទាំងអស់ ទាំងផ្នែករដ្ឋ ក៏ដូចជា បញ្ហាទាក់ទងនឹងព័ត៌មានក្លែងក្លាយ ដោយយើងមិនចាំបាច់រង់ចាំច្បាប់ ឬក៏មានច្បាប់ អត់ច្បាប់ ប៉ុន្តែ យើងប្រើព័ត៌មានពិត តាមមធ្យោបាយដែលយើងមានស្រាប់។ កម្លាំងយើងខ្លាំងណាស់មិនតូចទេ គ្រាន់តែទូរទស្សន៍ (និង)វិទ្យុរាប់រយ អនឡាញមិនដឹងប៉ុន្មាន?
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវតែចេញឱ្យបាននៅឆ្នាំ ២០២០ ជាកំហិត
ចំណុចទី ៦៖ ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីបញ្ចប់ការផ្សាយតាមប្រព័ន្ធ Analog ទៅជាប្រព័ន្ធ Digital នៅឆ្នាំ ២០២៣ នឹងត្រូវខិតខំរៀបចំច្បាប់ និងលិខិតបទដ្ឋានទាក់ទងវិស័យព័ត៌មានឱ្យរួចរាល់នៅក្នុងនីតិកាលទី ៦ នេះ។ ឯកឧត្តម ខៀវ កាញារឹទ្ធិ ច្បាប់សិទ្ធិទទួលបានព័ត៌មានចាប់ផ្តើមព្រៀងនៅអាណត្តិទី ៥ ឥឡូវ ជិតពាក់កណ្តាលអាណត្តិទី ៦ ហើយ តើឆ្នាំ ២០២០ អាចឆ្លងបានឬអត់? អញ្ចឹង ខ្ញុំសុំប្រកាស ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវតែចេញឱ្យបាននៅឆ្នាំ ២០២០ ជាកំហិត … ដល់ពេលជួបគ្នាឆ្នាំក្រោយ យ៉ាងហោចណាស់រដ្ឋមន្ត្រីក្រសួងព័ត៌មានមកអួតបានថា សិទ្ធិទទួលបានព័ត៌មានចេញរួចហើយ ព្រោះ ៧ ឆ្នាំ រួចទៅហើយ ដែលយើងបានព្រៀង … ច្បាប់ពាក់ព័ន្ធដទៃទៀតត្រូវបន្ត។ ក្រៅពីនោះ ខ្ញុំបានប្រគល់ឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីនឹងធ្វើការសម្របសម្រួលពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទេរការផ្សាយពី Analog ទៅកាន់ Digital តើរដ្ឋត្រូវចេញថវិកាប៉ុន្មាន ដើម្បីធ្វើកិច្ចការនោះ? ឥឡូវ ដូចជាបានរៀបចំអាឌីជីថលហ្នឹងរួចទៅហើយ។ យើងនឹងមានផលចំណេញច្រើនណាស់។ ប្រទេសនានា ២០២០ គេធ្វើហើយ ឯយើងដល់ ២០២៣។ បន្តិចទៀតអាហ្វ្រេកង់របស់យើងទៅបុកជាមួយនឹងវិទ្យុប្រទេសនានានៅតាមទល់ដែនក៏ត្រូវសម្រួលអាហ្នឹង។ យើងនឹងរំដោះហ្វ្រេកង់ពីទូរទស្សន៍ទាំងឡាយ យកមកប្រើក្នុងប្រព័ន្ធទូរស័ព្ទ។
ឥឡូវ ហ្នឹង(វាមានដល់)ស្អីអា 5G ហើយទៅ(ពី)អា 5(G) វាទៅដល់អា 6(G), 7(G), 8(G) វាមានផលចំណេញរបស់វា។ សូម្បីតែឡាវក៏មានសមត្ថភាពអនុវត្តន៍នៅឆ្នាំ ២០២០ ដែរ។ តែយើងត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៣។ បើយើងធ្វើបានមុនក៏វាជាការល្អដែរ។ ស្ថានីយ៍ទូរទស្សន៍ និងគ្រប់ក្រុមហ៊ុនទាំងអស់ ត្រូវតែត្រៀមខ្លួនឱ្យបានឆាប់។ យើងពិនិត្យមើល ការផ្សាយតាមឌីជីថល (Digital) ដូចជាទូរទស្សន៍ Fresh News និង Swift News និងដើមអម្ពិល។ អញ្ចឹងទេ ត្រូវតែខិតខំធ្វើ(រឿងនេះ)។ ប៉ុន្តែ អ្វីដែលជាការយកចិត្តទុកដាក់ គឺបណ្តាច្បាប់ (និង/ឬ)បទដ្ឋាននានា ត្រូវជម្រុញល្បឿន។ អ្វីដែលជាក់លាក់ គឺច្បាប់សិទ្ធិទទួលបានព័ត៌មាន។ ត្រូវចេញឱ្យបានក្នុងឆ្នាំ ២០២០ នេះ។ ឥឡូវ វានៅតែក្រសួងយុត្តិធម៌ទេ។ ក្រសួងយុត្តិធម៌មិនត្រូវការពេលប៉ុន្មានទេ គ្រាន់តែយកទៅផ្ទៀងផ្ទាត់ជាមួយនឹងក្រមរដ្ឋប្បវេណី/ព្រហ្មទណ្ឌ ដើម្បីឱ្យវាមានសង្គតិភាព រវាងច្បាប់ទាំងឡាយជាមួយគ្នាតែប៉ុណ្ណោះ ទៅលើបទបញ្ញត្តិ ស្តីពីទោសបញ្ញត្តិ។
បណ្តុះបណ្តាលធនធានមនុស្សសារព័ត៌មាន ទាំងចំណេះដឹង ទាំងក្រមសីលធម៌វិជ្ជាជីវៈ
ចំណុចទី ៧ ជាចំណុចចុងក្រោយ តែវាក៏ជាចំណុចសំខាន់។ ខិតខំលើកកម្ពស់បណ្តុះបណ្តាលធនធានមនុស្ស ទាំងចំណេះដឹង ទាំងក្រមសីលធម៌វិជ្ជាជីវៈ។ ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ស្ថាប័ន ព័ត៌មាន ត្រូវតែឈានមុខមួយជំហាន។ ដំណាក់កាលនេះ គឺការប្រកួតប្រជែងវាខ្លាំងណាស់។ ពីមុនខ្ញុំឧស្សាហ៍បង្អាប់ ថ្ងៃនេះ ខ្ញុំសរសើរទូរទស្សន៍ជាតិ។ ទូរទស្សន៍ជាតិពីមុននេះ ព័ត៌មានផ្អូមរហូត គ្មានអ្នកណាគេមើលទេ។ ព័ត៌មានគេចេញ(ផ្សាយ)ថ្ងៃហ្នឹង គាត់ពីរថ្ងៃក្រោយបានចេញ(ផ្សាយ) តែឥឡូវចេញ(ផ្សាយ)ដំណាលគេឯង ហើយដោយសារតែវាជាស្ថាប័នរបស់ជាតិ ក៏ត្រូវបានមានល្បឿនលឿន។ ប៉ុន្តែ ធ្វើបានឬមិនបាន វាចំណុះទៅលើកត្តាធនធានមនុស្ស សមត្ថភាព នៃបុគ្គលិក ដែលធ្វើការ នៅក្នុងស្ថាប័ននោះដើរដល់ណា?
អញ្ចឹងទេ សូមកុំភ្លេច ថ្នាលបណ្តុះបណ្តាលរបស់យើងមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏មាន ក៏ប៉ុន្តែ ខ្ញុំស្នើឱ្យស្ថាប័នសារព័ត៌មាននីមួយៗ បើកវគ្គបណ្តុះបណ្តាលខ្លីៗ (ដើម្បី)បំប៉នបន្ថែមឱ្យបុគ្គលិករបស់ខ្លួន ហើយក៏អាចនឹងផ្តល់ឱកាសឱ្យពួកគេបានទៅរៀន។ ដូចជាអ្នកដែលមានបរិញ្ញាបត្រហើយ (គួរតែ)ផ្ដល់ឱកាស (ឬ)ពេលវេលា ដើម្បីឱ្យគេទៅរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ លើវិស័យសារព័ត៌មាន។ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារបស់ឯកជន និងរដ្ឋ ក៏គប្បីបើកឱ្យមានថ្នាក់បង្រៀនខាងវិស័យព័ត៌មានផងដែរ។ ឥឡូវ យើងមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែ សាស្ត្រាចារ្យទាំងនោះអាចមកជួយបង្រៀននៅតាម សាកលវិទ្យាល័យនានា ដែលអាចបង្កើតឱកាសឱ្យស្ថាប័នព័ត៌មាន យកទៅបំពេញបន្ថែមសមត្ថភាពឡើង ជាធនធានមនុស្សដ៏កម្រ មិនមែនអ្នកណាក៏ចេះតែធ្វើទេ។ អ្នកខ្លះអានអក្សរមិនទាំងដាច់ផង វាងាប់បាត់ហើយ សរសេរវាមិនត្រូវ(ជ្រុង)ផង។
ខ្ញុំនៅតែនិយាយដដែលហ្នឹង រឿងម៉ុងតាស្ស។ បើនិយាយពីទូរទស្សន៍ ម៉ុងតាស្សមិនដែលចេះត្រូវទេ រូបភាពដដែលៗ អត់មានអីថ្មី។ ជួនកាលអ្នកទៅពីព្រឹក គាត់ថតៗចំ(អ្នកខ្លះនៅពេល)គណៈអធិបតីទៅអត់ទាន់ដល់ គាត់ស្ងាប ដល់ពេលគាត់យកមកម៉ុងតាស្សបញ្ចូលសម្លេង គាត់យកអាគេស្ងាប។ អញ្ចឹង មានន័យថា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ឬអភិបាលខេត្តនិយាយទៅគេមានស្តាប់ឯណា គេអង្គុយស្ងាបទេតើ។ ខាងផ្នែកសោតទស្សន៍ត្រូវប្រយ័ត្នប្រយែង … ហ្នឹងក៏ជាវិធីមួយ ក្នុងចំណោមវិធី(សាស្ត្រ)នៃបញ្ហាព័ត៌មាន។ ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេ ក៏ប៉ុន្តែ ខ្ញុំសូមប្រកាស នៅពេលដែលខ្ញុំបញ្ចប់អាជីពនយោបាយ ខ្ញុំនឹងសរសេរសៀវភៅ និងក្លាយខ្លួនទៅជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន។
ដោះស្រាយសំណូមពរ (ទី ១) ផ្តល់ការលើកលែងការយកថ្លៃសេវាប្រើប្រាស់ហ្វ្រេកង់
ឥឡូវ ខ្ញុំនិយាយដល់សំណូមពររបស់ ឯកឧត្តម ខៀវ កាញារឹទ្ធិ … បានស្នើ “ជាមួយគ្នានេះ ខ្ញុំក៏សូមអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី លើកសំណូមពររបស់អគ្គនាយករដ្ឋានវិទ្យុ ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លើកលែងការយកថ្លៃសេវាប្រើប្រាស់ប្រេកង់ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ងាយស្រួលក្នុងការពង្រីកវិសាលភាពការផ្សាយ ឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងងាយស្រួលបំពេញកាតព្វកិច្ចចុះបញ្ជីប្រើប្រាស់ហ្វេ្រកង់ស្របច្បាប់ នៅសហភាពទូរគមនាគមន៍អន្តរជាតិ ITU”។
សំណូមពរទី ១ នេះ ខ្ញុំគាំទ្រ និងផ្តល់ការលើកលែងតាមសំណើ ដែលបាន(លើកមក)នេះ តែអស់លោកត្រូវដឹង រួចពីកាតព្វកិច្ចនេះ វាសម្រាលបន្ទុកនៃការចំណាយរបស់អស់់លោកហើយ។ ដូច្នេះ អស់លោកក៏មិនត្រូវធ្វើការស្នើសុំ ច្រើនពេកពីថវិកាជាតិទៅបំពេញនោះដែរ។ អស់លោកត្រូវយល់ថា ការផ្សាយពាណិជ្ជកម្មរបស់អស់លោក ដែលបានលុយក៏អស់លោកមិនដែលបានបង់ឱ្យថវិកាជាតិទេ។ ឥឡូវ អស់លោកសុំរួចពន្ធទៀត … បើនិយាយពីកម្រិតប្រណាំងប្រជែង អស់លោកអាចមានប្រៀបជាង … វិស័យឯកជនគេបង់ពន្ធ យើងអត់បង់ពន្ធ។ អញ្ចឹង ភាពប្រកួតប្រជែងលម្អៀងហើយ។
ខ្ញុំសុំឱ្យវិស័យឯកជនអធ្យាស្រ័យ ព្រោះយើងចង់ឱ្យផ្នែករដ្ឋនេះវាដើរទៅមុខមួយជំហានដែរ។ វិស័យឯកជនមានប្រាក់ចំណេញ ផ្នែករដ្ឋអត់មានប្រាក់ចំណេញ ព្រោះអាហ្នឹងផ្សាយភាគច្រើនតែព័ត៌មាន។ វិទ្យុជាតិនេះមួយ, អា CNC នេះពីរ, អា BTV នេះបី អាបីហ្នឹងអត់ដែលចំណេញទេ ព្រោះវាផ្សាយតែព័ត៌មាន។ អញ្ចឹង បានជាខ្ញុំសំណូមពរឱ្យក្រុមហ៊ុនឯកជននានា ដែលធ្វើស្ពន់ស័រ (Sponsor) ជួយផ្សាយពាណិជ្ជកម្មទៅលើអ្នកធ្វើព័ត៌មាន។ CNC មានប្រដាល់ផង មានការប្រគុំតន្ត្រីផង មានបញ្ជាំងកុនទៀត (រឿងភាគ) អាហ្នឹងអាចរកចំណូលបានខ្លះ។ ប៉ុន្តែ ទូរទស្សន៍ជាតិ និង BTV អត់មានទេ។ និយាយអញ្ចឹង ចេះតែថាខ្ញុំនិយាយ BTV អាហ្នឹងរបស់កូន លោក ហ៊ុន សែន? ត្រូវហើយ វាជា(របស់)កូនខ្ញុំ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែចង់បញ្ជាក់ អំពីបញ្ហាទាក់ទិនជាមួយនឹងរឿងទូរទស្សន៍ណា ដែលធ្វើសកម្មភាពច្រើនរឿងព័ត៌មាន ទូរទស្សន៍នោះមិនដែលចេះចំណេញទេ។
ទៅសួរ CNN, BBC ទៅសួរប៉ុស្តិ៍បារាំង TV5 ទៅសួរវាទៅមើលវាចំណេញទេ? វាអត់ចំណេញទេ។ ប៉ុន្តែ បើយើងអត់អាហ្នឹង សម្រាប់ប្រទេសជាតិមួយ វាក៏អត់បាន(ដែរ)។ បើទូរទស្សន៍គេមានការកម្សាន្តច្រើន អាហ្នឹងគេដាក់ស្ពន់ស័រ (Sponsor) ចូលវាច្រើន អញ្ចឹង វាចំណេញ។ ដូចជាទូរទស្សន៍បីរបស់បាយ័នគ្រុប អាបាយ័នវាចំណេញ អា BTV វាខាត អា ETV វាខាត អាវិទ្យុវាខាត។ អញ្ចឹង យកបាយ័នទៅរែកៗម៉េចរួច? រែកវាមិនរួចទេ។ អញ្ចឹង ខាងមុខនេះនឹងបិទ ETV មួយ។ ការពិត ETV នេះ ខ្ញុំអត់ឱ្យបង្កើតទេ។ ETV ជាទូរទស្សន៍បម្រុងរបស់ខ្ញុំក្នុងករណីចាំបាច់ហ្វ្រេកង់វាឡើងភ្លាម … ប៉ុន្តែ កូនស្រីរបស់ខ្ញុំគាត់គិតថា បង្កើតអាហ្នឹងទៅវាល្អ … ចាំយកពីបាយ័នទៅបំពេញខាត។ តែពីរនោះវាគ្រប់គ្រាន់ទៅហើយ។
(២) យល់ព្រមតាមសំណូមពរផ្តល់មេធាវីការពារអ្នកសារព័ត៌មានទៅតាមអង្គហេតុ/ច្បាប់ ដែលវាសមស្រប
សំណូមពរទី ២ និងសំណូមពររបស់អ្នកសារព័ត៌មាន ស្នើសុំសម្តេចតេជោ ផ្តល់មេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារអ្នកសារព័ត៌មានតាមផ្លូវច្បាប់ពេលមានបណ្តឹងនៅតុលាការ។ តើខ្ញុំគួរឆ្លើយថាម៉េច? សុំសួរយោបល់? ឥឡូវ ខ្ញុំសុំឆ្លើយអញ្ចេះ យល់ព្រមផ្តល់មេធាវីរបស់សម្តេចតេជោ ការពារអ្នកសារព័ត៌មានទៅតាមអង្គហេតុ/ច្បាប់ ដែលវាសមស្រប។ អញ្ចឹងទេ ខ្ញុំប្រគល់សិទ្ធិឱ្យ លោក គី តិច ដែលជា ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ទទួលខុសត្រូវសិក្សាបញ្ហាទាក់ទងជាមួយនឹងការការពារក្តីឱ្យអ្នកសារព័ត៌មាន។ អត់ចាំបាច់ចេញប្រាក់ទេ។ មេធាវីខ្ញុំមាននៅគ្រប់ខេត្ត ជួយការពារឱ្យ។ ប៉ុន្តែ អង្គហេតុ/ច្បាប់សមស្រប មានន័យថាម៉េច? អ្នកសារព័ត៌មានគេបំពេញវិជ្ជាជីវៈរបស់គេ ត្រូវទទួលបានការប្តឹងពីអ្នកនេះ/នោះ យើងត្រូវចេញមុខការពារឱ្យ។ ប៉ុន្តែ មេធាវី មានសិទ្ធិបដិសេធ ចំពោះការស្នើសុំរបស់អ្នកសារព័ត៌មានណា ដែលជេរគេ ដែលបំភ្លៃការពិត។ បើខ្ញុំប៉ាវទាំងអស់ ស្មើនឹងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន … (ដែល)ពាក្យស្លោកថា “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” មិនខុសបាត់ទៅហើយ? អញ្ចឹង (វាមិនដូចជា)ខ្ញុំ លើកទឹកចិត្តឱ្យអ្នកហ្នឹងទៅបំភ្លៃការពិតរហូត។
សង្ឃឹមថា ឯកឧត្តម គី តិច ប្រហែលជាមើលផ្ទាល់។ យើងនឹងបន្ថែមមេធាវីរបស់យើងទៀត បើមានការចាំ បាច់ ដើម្បីជួយការពារក្តីឱ្យអ្នកសារព័ត៌មាន។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលជាស្ថាប័នធំៗ ខ្ញុំអត់កង្វល់ ទេ ព្រោះពួកគេផ្សាយ គេមានវិជ្ជាជីវៈ កន្លែងណាត្រូវសុំទោស សូម្បីតែ សយ សុភាព ធ្វើអត្ថាធិប្បាយខុស វាយប្រហារទៅលើ អូស្មាន់ ហាសាន់ ខ្ញុំបានប្រាប់ទៅ សយ សុភាព ខ្ញុំថា គប្បីសុំទោស អូស្មាន់ ហាសាន់ ទៅ។ សយ សុភាព ចេញសុំទោសភ្លាម អូស្មាន់ ហាសាន់ អត់ប្តឹង …។ អញ្ចឹងទេ បានជាយើងត្រូវធ្វើវិសោធនកម្មស្អីៗ ប្រឹងធ្វើទៅ។ បើសិនយើងផ្សាយខុសនៅទំព័រទី ១ គេសុំឱ្យកែតម្រូវ យើងចុះកែតម្រូវឱ្យគេទៅវាចប់ហើយ គេមិនប្តឹងយើងទេ។ អាហ្នឹងខ្ញុំមិនបារម្ភទេ តែការបារម្ភរបស់ ខ្ញុំ គឺពន្លកថ្មី នៃវិស័យហ្វេសប៊ុក ដែលដើរទៅត្រង់ណាសឹងតែថា ស្តេចត្រាញ់នៅកន្លែងហ្នឹង។ អញ្ចឹងទេ បានជានៅពេលនេះ សុំយកពាក់កណ្តាលចុះ។ ខ្ញុំកាងដៃជូនប្រើមេធាវីរបស់នាយករដ្ឋមន្ត្រី មិនមែនមេធាវី របស់(រាជ)រដ្ឋាភិបាលទេ ខ្ញុំមានមេធាវីរបស់រាជរដ្ឋាភិបាល ប៉ុន្តែ នេះជាមេធាវីរបស់ខ្ញុំការពារឱ្យជនក្រីក្រ/ការពារឱ្យស្ត្រី ឥឡូវ ត្រូវធ្វើដើមបណ្តឹងរដ្ឋប្បវេណីការពារឱ្យអ្នកដែលទទួលរងគ្រោះ ទាំងនៅកំពង់សោម/កែប។ ឥឡូវ យើងត្រូវទទួលថែទាំមើលអ្នកសារព័ត៌មានរបស់យើង (ដោយ)ការពារខាងផ្លូវច្បាប់ទៀត … (សម្តេចមានប្រសាសន៍អំពី សាន ប៊ុនធឿន Live ជេរគេ/ឯង) ប៉ុន្តែ បញ្ជាក់ហើយ ការពារបាន(ដោយ)មានជម្រើស ពេលហ្នឹងប្រគល់សិទ្ធិឱ្យមេធាវី ជួយការពារ(ក្តី)ដោយមានលក្ខខណ្ឌ ហើយលក្ខខណ្ឌនោះ ខ្ញុំប្រើពាក្យត្រឹមថា ក្នុងអង្គហេតុ/ច្បាប់សមស្រប។
យក ថ្ងៃទី ១៤ មករា រៀងរាល់ឆ្នាំ ជាជំនួប រវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានកម្ពុជា
ថ្ងៃនេះ ជាថ្ងៃសប្បាយរីករាយ ហើយក៏អរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់ និន្នាការ រាប់ទាំងអ្នកមកពីក្រៅប្រទេសផងដែរ និងអតីតអ្នកសារព័ត៌មានមួយចំនួន ដែលបានមកជួបជុំគ្នា នៅទីនេះ ហើយយើងនឹងធ្វើពិធីប្រចាំឆ្នាំ តើយើងគួរកំណត់តែម្តងថា ១៤ មករា រៀងរាល់ឆ្នាំឬក៏យ៉ាងម៉េច? ដូចអ្នកកីឡាអញ្ចឹង (អ្នក)កីឡាខ្ញុំកំណត់ ថ្ងៃទី ៤ មេសា រៀងរាល់ឆ្នាំ ឥឡូវ តើយើងកំណត់(យកថ្ងៃទី) ១៤ មករា រៀងរាល់ឆ្នាំទេ? ឥឡូវ ខ្ញុំសូមប្រកាស (ថ្ងៃទី) ១៤ មករា រៀងរាល់ឆ្នាំ គឺជាជំនួប រវាង នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានកម្ពុជា។ យើងនឹងពិនិត្យមើលវឌ្ឍនភាព នៃការរីកចម្រើន របស់យើងទាំងអស់គ្នា។
សូមសមាគមនីមួយៗ ធ្វើសន្និបាតឱ្យបានមុនជំនួបមកដល់/ត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា
សូមឱ្យសមាគមរបស់យើងនីមួយៗធ្វើសន្និបាតឱ្យបានមុនជំនួបមកដល់ ដូចជាកន្លងទៅ ក្លឹបអ្នកកាសែតរបស់ ប៉ែន ប៊ុនណា បានធ្វើសន្និបាតមុន។ សមាគមសារព័ត៌មានរបស់ ហ៊ុយ វណ្ណៈ ក៏ធ្វើសន្និបាតមុន។ ខ្ញុំសុំស្នើឱ្យក្លឹបអ្នកកាសែត ឱ្យសមាគមទាំងអស់ ធ្វើសន្និបាតឱ្យបានមុនពេលដែលយើងជួបគ្នា។ ហើយមានសំណូមពរអីលើកឡើងមកមុន។ ខ្ញុំមិនទាន់អាចឆ្លើយអស់នូវអ្វី ដែលជាបញ្ហាដែល អស់លោកបានលើក តាមរយៈនេះ/នោះទេ ក៏ប៉ុន្តែ ថ្ងៃនេះ ខ្ញុំមានពាក្យស្លោករបស់ខ្ញុំ ដើម្បីធ្វើជាកន្សែងយ័ន្តការពារ មិនមែនគ្រាន់តែការពារខ្លួនទេ ប៉ុន្តែពង្រឹងជំនឿពីសាធារណជន ចំពោះការផ្សព្វផ្សាយរបស់យើងទៅកាន់សាធារណជន ហើយការពារយើងចេញផុតពីការទទួលខុសត្រូវ ចំពោះមុខច្បាប់ ទៅលើកំហុស ដែលបង្កើតឡើងដោយចេតនា/អចេតនាក្តី។ យើងត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា បើថាព័ត៌មាន ហ្នឹងខុស គេសុំឱ្យកែតម្រូវ យើងកែតម្រូវឱ្យគេទៅ គ្មានអីលំបាកទេ យើងអាចធ្វើបាន។ ច្បាប់យើងកែតម្រូវបាន រឿងអីសារព័ត៌មានយើងកែតម្រូវមិនបាន?
អរគុណ សម្រាប់ការចូលរួមរបស់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាមួយនឹងអ្នកសារព័ត៌មាន ហើយការជួបជុំរបស់យើង គឺជាការជួបជុំក្នុងនាមជាគ្រួសារ រវាងមន្ត្រីសាធារណៈ និងអ្នកសារព័ត៌ មាន និងរវាងជនជាតិខ្មែរគ្នាឯង ដែលធ្វើកិច្ចការ ដើម្បីជាតិ/មាតុភូមិរបស់យើង។ ជាមួយនឹងការអរគុណ ជាថ្មីម្តងទៀត សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពរ និងពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕