សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ស្តីពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

CNV:

ក្រៀមក្រំចំពោះឧបទ្ទវហេតុ នៃការបាក់អគារនៅខេត្តកែប

ខ្ញុំសូមសម្តែងនូវការក្រៀមក្រំចំពោះអ្នកដែលបានបាត់បង់ជីវិត ក៏ដូចជាសម្តែងនូវការសោកស្តាយចំពោះអ្នកដែលរងរបួសនៅក្នុងឧបទ្ទវហេតុ នៃការបាក់អគារនៅខេត្តកែបរបស់យើងនេះ។ នេះជាព្រឹត្តិការណ៍ដ៏ជូរចត់មួយទៀត បន្ទាប់ពីព្រឹត្តិការណ៍នៅឯខេត្តព្រះសីហនុ កាលពីឆ្នាំកន្លងទៅ។ ពិតមែនហើយ រឿងវាបានកើតរួចទៅហើយ បានយើងបង្កើតឱ្យមានយុទ្ធនាការនៃការសង្គ្រោះ ដែលគិតមកដល់ពេលនេះ យើងចាត់ទុកថា យើងបានបិទបញ្ចប់នូវយុទ្ធនាការសង្គ្រោះរបស់យើង ដែលប្រើរយៈពេល ៤៣ ម៉ោង ​និង ២០ នាទី ហើយដែលយើងបញ្ចប់នៅត្រឹមម៉ោង ១១:៣៥ នាទី។ ឥឡូវនេះ ម៉ោងជិត ១២ យើងគិតត្រឹមពេលវេលា ដែលយើងយកសាកសពចុងក្រោយ និងបានពិនិត្យឃើញថា ពុំមានសេសសល់សាកសពនោះទេ។

គោលការណ៍ធំពីរ នៃប្រតិបត្តិការជួយសង្គ្រោះ

ខ្ញុំសុំពន្យល់បន្តិច ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសបានជ្រាប អំពីរបៀបប្រតិបត្តិការ ព្រោះថា មានពេលខ្លះក៏អាចលើកឡើងថា ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ខ្ញុំសុំជម្រាបអំពីគោលការណ៍ ការដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ។​ នោះទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស គឺមិនអាចធ្វើដោយទទឹងទិស ឬដោយខ្វះការប្រុងប្រយ័ត្ននោះទេ។ ដូច្នេះហើយបានជានៅពេលដែលយើងរុករក ឃើញមានសញ្ញាណាមួយ ដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះជាអាទិភាពទី ១។ អាទិភាពទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ

ភាពស្រុះគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះ, តួលេខផ្លូវការអ្នកស្លាប់ និងរបួស

ដូច្នេះហើយ បានជា(យើង)ត្រូវប្រតិបត្តិការយឺត។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងអាចយល់​។ ប៉ុន្តែ អ្វីដែលខ្ញុំយកចិត្តទុកដាក់សង្កេតមើល នៅពេលដែលយើងបានទទួលដំណឹង ភាពស្រុះគ្នានៃកម្លាំងរបស់យើង បានចុះមកដល់ទីនេះ ដែលមិនមែនគ្រាន់តែខេត្តកែបម្នាក់ឯងទេ ក៏ប៉ុន្តែ នៅមានខេត្តជិតខាង ដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ នៅក្បែរខាងយើងនេះ ស្ថាប័នថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ព ទាំងនគរបាល ក៏ដូចជាស្ថាប័នស៊ីវិលដទៃទៀត ដែលខ្ញុំមិនអាចនិយាយអស់។ ក្នុងនោះសំដៅទៅលើស្ថាប័ន ដែលមានការទាក់ទងដូចជា ក្រុមគ្រូពេទ្យ ក្រុមយុវជន/នារី ក៏បានចូលរួមនៅទីនេះ។ អ្វីដែលជាការគួរឱ្យកត់សម្គាល់ កម្លាំងជំនាញរបស់យើងបានធ្វើការយ៉ាងសកម្ម ដើម្បីរុករកនូវឧបទ្ទវហេតុ ដែលបានកើតនៅក្នុងខេត្តកែបរបស់យើងនេះ។ ការដោះស្រាយសង្រ្គោះជីវិត ដែលមកដល់ពេលនេះ តួលេខជាផ្លូវការគឺមនុស្សទាំងអស់ មានអ្នករបួសចំនួន ២៣ នាក់ ស្ត្រីមាន ៨ នាក់ ចំនួនស្លាប់ ៣៦ នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤ នាក់។ សរុបទាំងអស់ទាំងស្លាប់ ទាំងរបួស ចំនួន ៥៩ នាក់ ស្ត្រី ២២ នាក់ ក្នុងនោះក៏មានកុមារា និងកុមារី​ផងដែរ។ នេះជាព្រឹត្តិការណ៍ដ៏សោកសង្រេងមួយសម្រាប់ប្រទេសជាតិរបស់យើង ដែលជួបប្រទះនូវរឿងអកុសលទាំងនេះ។

អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ,​​ សប្បុរសជន កម្លាំងប្រតិបត្តិការ, សារព័ត៌មាន, វិស័យឯកជន

ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការអរគុណ អរព្រះគុណចំពោះ ព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈ ក៏ដូចជា សម្តេចម៉ែ ជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ រាប់ទាំងការចូលរួមវិភាគទានជាថវិកា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន។ ខ្ញុំមិនបានធ្វើការអំពាវនាវទេ ក៏ប៉ុន្តែ អ្នកដែលស្ម័គ្រចិត្តចូលរួមវិភាគទានរហូតមកដល់ពេលនេះគឺ មានប្រមាណជា ១ លាន ៧ សែនដុល្លារសហរដ្ឋអាមេរិក​។ ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំង ចំពោះកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់។

ទាំងទូរទស្សន៍ ជាពិសេស គឺផ្នែកខាងទូរទស្សន៍ បានផ្តិតយករូបភាពអំពីសកម្មភាពទាំងឡាយនៃកម្លាំងរបស់យើង ដែលជាកម្លាំងជឿជាក់របស់យើង។ ប៉ុន្តែ យើងពិតជាត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម។ ខ្ញុំក៏អរគុណផងដែរ ចំពោះវិស័យឯកជន ទាំងឯកជនក្នុងស្រុករបស់យើងក៏បានចូលរួមផ្តល់នូវគ្រឿងចក្រ បណ្ដាក្រុមហ៊ុននានា ហើយក៏អរគុណចំពោះអ្នកជំនាញរបស់ចិន ដែលកំពុងធ្វើការនៅខេត្តព្រះសីហនុ ដែលមានបទពិសោធន៍ទាក់ទងជាមួយការសង្គ្រោះទៅលើបញ្ហានេះ​ គេក៏បានប្រមូលផ្តុំគ្នាជួយសង្គ្រោះយើងនៅទីកន្លែងនេះ រាប់ទាំងវិធីសាស្ត្រស្វែងរកទីកន្លែងដែលមនុស្សអាចនៅរស់ ឬក៏កន្លែងដែលមានការសង្ស័យនានា។ ខ្ញុំក៏បានស្នើឱ្យគាត់ជួយហ្វឹកហាត់កម្លាំងរបស់កម្ពុជាបន្ថែមទៀត។ យើងក៏ត្រូវបំពាក់អំពីបញ្ហានេះ។

អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្តមិនត្រូវបានដកចេញពីតំណែងទេ

ព្រឹត្តិការណ៍នេះ ជាឧបទ្ទវហេតុដែលកើតឡើង។ រឿងនេះ ខ្ញុំចង់សំដៅបញ្ជាក់ជូនអស់លោកបន្តិច​។ នៅពេលដែលកើតរឿងភ្លាម មានអ្នកបង្ហោះតាមហ្វេកប៊ុក ហើយក៏មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋ។ មិនមែនជាបញ្ហាត្រូវរករឿងអ្នកណាខុស អ្នកណាត្រូវនៅពេលនោះទេ នេះជារឿងនៅពេលក្រោយ។ ក៏ប៉ុន្តែខ្ញុំអាចបញ្ជាក់ ដើម្បីចៀសវាងនូវការសង្ស័យណាមួយ។ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ។ ខ្ញុំសុំបញ្ជាក់ ព្រោះនៅមានប្រធានគណបក្សនយោបាយមួយបង្ហោះសារចេញភ្លាមលើកដំបូងថា ខេត្តព្រះសីហនុ អភិបាលខេត្តលាលែង តើខេត្តកែបទៅជាអ្វី? បន្ទាប់ទៅ ចេញសារមួយបន្ថែមទៀត រហូតដល់ខ្ញុំចូលទៅខម្មិននៅក្នុងហ្វេកប៊ុកហ្នឹងថា សុំឯកឧត្តម កុំប្រើពេលវេលានេះរុញឱ្យខ្លោចរោចឱ្យឆៅ។

ខ្ញុំចង់បញ្ជាក់ថា រឿងរ៉ាវទាក់ទងរលំបាក់អគារនេះ វាមិនមែនមានតែកើតនៅក្នុងប្រទេសកម្ពុជាទេ។ សុំអស់​លោកមើលការផ្សាយនានា ដែលគេផ្សព្វផ្សាយឡើងវិញពីម្សិល។ តើមានព្រឹត្តិ​ការណ៍ប៉ុន្មាននៅលើពិភពលោកនេះ ដែលបានបាក់អគារនៅក្នុងឆ្នាំ ២០១៩ រាប់ទាំងសហរដ្ឋអាមេរិក។ ឥឡូវ បើសិនជារឿងទាំងនេះទាមទារឱ្យដកមន្ត្រីនេះ/មន្ត្រីនោះ ឬរហូតខ្ញុំនឹងអាចពិនិត្យទៅលើមន្ត្រីរបស់ខ្ញុំមួយចំនួន ដែលកំពុងនៅក្នុងជួររដ្ឋាភិបាលបង្ហោះហ្វេកប៊ុកចេញ បូកទាំងរឿងនេសាទ រឿងស្អីប្រមូលផ្តុំមកទៅលើអគារ សំដៅរុញច្រានឱ្យខ្ញុំដកតំណែងអភិបាលខេត្តកែបតែម្តង។ (តើ)គេកំពុងធ្វើអីពិតប្រាកដ? (ពេលនេះ គេកំពុង)ត្រូវការការសង្គ្រោះ។ នេះជាកិច្ចការបន្ទាន់ ឯរឿងដទៃទៀតចាំនិយាយពេលក្រោយ។ ក៏ប៉ុន្តែ ដោយ​សារអស់លោកផ្ដោតការយកចិត្តទុកដាក់ថា តើរាជរដ្ឋាភិបាល និងខ្លួនខ្ញុំ ឬក៏សម្តេចក្រហោម ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវដោះស្រាយយ៉ាងម៉េច? ខ្ញុំអាចនិយាយថា ខ្ញុំមិនដកតំណែងអភិបាលខេត្តនេះទេ ព្រោះវាមិនជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហា។

គណៈកម្មាធិការធ្វើកោសលវិច័យអគារ នឹងដំណើរការពិនិត្យពេលខាងមុខ

ពិតមែនតែកើតនៅក្នុងដែនដីរបស់ខ្លួន ក៏ប៉ុន្តែ ខ្ញុំចង់សួរ (តើ)អស់លោកអាចយល់ទេ នៅប្រទេសនានាដែលបានកើតដូចជា សហរដ្ឋអាមេរិក នៅរដ្ឋមួយដួលសណ្ឋាគារតែម្តង អញ្ចឹងតើអភិបាលរដ្ឋហ្នឹងគេលាលែងតំណែងទេ? ត្រូវបានដកចេញពីតំណែងទេ? ហើយបែរជារុញច្រានតែកម្ពុជា។ រឿងអភិបាលខេត្តព្រះសីហនុ គឺជារឿងមួយ ដែលខ្ញុំយល់ថា គប្បីគាត់ត្រូវអាចប្តូរតួនាទីទៅកាន់កន្លែងផ្សេង ដើម្បីដាក់អ្នកមកជំនួស។ ឥឡូវ ឆេះសារមន្ទីរដ៏ធំមួយនៅទីក្រុងប៉ារីស តើទាំងអស់គ្នាគេបានឱ្យអភិបាលក្រុងប៉ារីសលាលែងពីតំណែងទេ? តើត្រូវឱ្យរដ្ឋមន្ត្រីប៉ុន្មានលាលែងពីតំណែងទេ? ហេតុអ្វីបានជាអ្នកទាំងឡាយចូលចិត្តណាស់ អារឿងក្តិចត្រួយ ផ្ដួលគ្នា។ ខ្ញុំនឹងពិនិត្យមើលមន្ត្រីរបស់ខ្ញុំ ដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការឯណោះវិញថ្ងៃក្រោយដើម្បីព្រមាន។ ខ្ញុំទទួល​យកនូវការផ្តល់មតិ ក៏ប៉ុន្តែ ពេលវេលាមិនមែនជាពេលវេលាដែលអ្នកឯងត្រូវនិយាយរឿងហ្នឹងទេ។ គណៈកម្មាធិការធ្វើកោសលវិច័យទៅលើអគារ នឹងត្រូវធ្វើនៅពេលខាងមុខ ប៉ុន្តែមិនមែនជាពេលវេលានេះទេ។ ខ្ញុំចង់បញ្ជាក់ រឿងរបស់កម្ពុជាវាបានកើតព្រឹត្តិការណ៍នេះ ប្រហែលនេះជាកំហុសរបស់ខ្ញុំ។ ហេតុអីបានជាខ្ញុំនិ​យាយ​ជាកំហុសរបស់ខ្ញុំ? បើខ្ញុំមិនពន្លត់ភ្លើងសង្គ្រាមនេះទេ តើអ្នកទាំងអស់គ្នាបានមកធ្វើផ្ទះហ្នឹងទេ? បើសិនជាខ្ញុំមិនដឹកនាំប្រទេសនេះឱ្យមានការអភិវឌ្ឍ តើមានអគាររាប់ជាន់ដើម្បីនឹងរលំទេ? យើងមានត្រឹមតែកូនខ្ទមតែប៉ុណ្ណោះ។

ការសិក្សាជាបឋម៖ ចំណុចខ្វះខាតខាងបច្ចេកទេសពីរយ៉ាង

ឥឡូវនេះ យើងមានអគារច្រើន។ យើងទទួលស្គាល់អំពីចំណុចខ្វះខាតនៅទីនេះ។ គ្រាន់តែយើងសិក្សាជាបឋម មានចំណុចខ្វះខាតពីររួចស្រេចទៅហើយ តែខ្ញុំមិនសន្និដ្ឋានជំនួសអ្នកបច្ចេកទេសទេ។ កំហុសទី ១ គឺផ្នែកខាងគូរប្លង់។ ដែកទំហំប៉ុណ្ណេះៗ គឺដាក់ដែកខុស។ បានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ ហ្នឹងគឺជាកំហុសទី ១ ទៅហើយ។ កំហុសទី ២ គឺកំហុសទាក់ទិនជាមួយនឹងបញ្ហាប្លង់សេ(ដែល)ត្រូវការ ២៧ ទៅ ២៨ ថ្ងៃ ទើបអាចដកក្តារពុម្ពបាន។ ក៏ប៉ុន្តែ បើតាមយើងទទួលព័ត៌មាន ត្រឹមមិនដល់ ១០ ថ្ងៃទេ គាត់ដកក្តារពុម្ព ដើម្បីឈានឡើងទៅចាក់អាលើទៀត។ មេការរូបនេះគាត់បានទទួលមរណ​ភាព ហើយទាំងកូនទៅទៀត។ អញ្ចឹងបានសេចក្តីថា ឥឡូវមិនអាចទៅចាប់គាត់ឱ្យមកសងអ្នកណាទេ ក្រៅតែពីយើងផ្តល់ថវិកាបន្ថែមទៅឱ្យក្រុមគ្រួសារ ព្រោះនេះជាសោកនាដកម្មដែលបានកើតឡើង។ ជាកំ​​ហុសរបស់មេការ។ ខ្ញុំក៏អាចបញ្ជាក់បានដែរថា ម្ចាស់សំណង់ក៏ស្ថិតនៅក្នុងទីនេះ ឥឡូវនេះ។ តាមដឹង គឺស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណីគឺត្រូវតែប្តឹងការទាមទារ អាហ្នឹងវាត្រូវធ្វើទៅតាមច្បាប់។

កុំជ្រុលនិយម ដាក់ការស្ដីបន្ទោសខ្វះការស្រាវជ្រាវ ជាសត្យានុម័ត

ទាំងអស់នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ជូន ហើយខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលជួយឈឺឆ្អាលលើរឿងនេះ។ ខ្ញុំគិតថា រឿងនេះ​ជាចលនាស្មារតីជាតិនិយមមួយ ស្រឡាញ់គ្នា លើកលែងតែមនុស្សមួយចំនួន ដែលអគតិ រាប់ទាំងមន្រ្តីក្នុងជួររដ្ឋាភិបាល ដែលខ្ញុំត្រូវតែពិនិត្យ ដែលប្រើពាក្យវាយចូលក្នុង WhatsApp … ពេលដែលវាយចូលក្នុង WhatsApp របស់ខ្ញុំៗ រុញនូវព័ត៌មានដែលទាក់ទងនឹងការរលំអគារនៅអាមេរិក​ រលំអគារនៅប៉ាគីស្ថាន រលំអគារនៅប្រេស៊ីល នៅរុស្ស៊ី នៅកេនយ៉ា ឱ្យ​ត្រឡប់ទៅវិញ។ ខ្ញុំអត់ឆ្លើយអីទេ ខ្ញុំរុញព័ត៌មាន(អស់ហ្នឹង)ឱ្យទៅមើលទៅ។ មើលខ្លួនឯងទៅ។ ប្រទេសគេជឿនលឿន គេ(នៅ)កើតមានរឿង ឯចំពោះយើង? ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនចង់សម្រាលការទទួលខុសត្រូវ និងបិទបាំងភាពខ្សោយរបស់យើងទេ ក៏ប៉ុន្តែ ខ្ញុំសូមឱ្យអ្នកទាំងឡាយកុំជ្រុលនិយម ទៅលើបញ្ហាអ្វីដែលកើតឡើង គឺដាក់ការស្ដីបន្ទោសជាមុន ដោយខ្វះការស្រាវជ្រាវជាសត្យានុម័ត។

នេះជាចំណុចដែលខ្ញុំចង់ដាស់តឿនមនុស្សទាំងឡាយ។ ពិតមែនហើយ ខ្ញុំគ្មានសិទ្ធិនឹងបិទមាត់ចំពោះសេរីភាពរបស់អ្នកណាទេ ក៏ប៉ុន្តែ យើងមានសិទ្ធិនឹងពន្យល់ប្រាប់ទៅវិញថា យើងគួរធ្វើអ្វី? នៅពេលណា? ដូចជាករណីកន្លែងនេះ មិនមែនជាពេលវេលា ដែលទាមទារឱ្យដកអ្នកនេះ ដកអ្នកនោះ ហើយនិយាយពីរឿងអំពើពុករលួយអីអញ្ចេះអញ្ចុះទេ។ ឥឡូវម្ចាស់ផ្ទះ គាត់មកនៅកន្លែងហ្នឹងតែម្ដង។ ដីនៅហ្នឹង។ គាត់ចេញផុតពីអគារៗ ហ្នឹងដួលរលំ។ ប៉ុន្តែ ឥឡូវគាត់ត្រូវជាប់ឃុំ។ កុំអីស្លាប់ទាំងម្ចាស់ផ្ទះ ស្លាប់ទាំងមេការហ្នឹងតែម្ដង។ ដូច្នេះ គ្មាននរណាគេទទួលខុសត្រូវទេ។ ប៉ុន្តែ ផ្នែកកោសលវិច័យនឹងបន្ត ប៉ុន្តែ ខ្ញុំអាចបញ្ជាក់បានថា អត់មានការដកចៅហ្វាយខេត្ត ឬអនុខេត្តទេ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ទៅលើកន្លែងហ្នឹង កុំឱ្យសង្ស័យថា តើនឹងត្រូវដក(នរណា)?

ជួនកាល ឌឺដាក់យើងទៀត។ ដូចជា ខ្ញុំយក យន់ មីន ពីអភិបាលខេត្ត ទៅធ្វើរដ្ឋលេខាធិការក្រសួងការពារជាតិ ឌឺ​ឱ្យខ្ញុំថា ដកពីកន្លែងមួយ ទៅដាក់កន្លែងមួយទៀត។ តម្លើងស័ក្តិពីផ្កាយ ៣ ទៅផ្កាយ ៤។ គ្នាមិនមានកំហុសទេនៅក្នុងកន្លែងនោះ។ ពិតមែនវាកើតនៅដែនដី។ ខ្ញុំសុំសួរ គ្រាន់តែនាយករដ្ឋមន្រ្តីអូស្រ្តាលី កំពុងតែ(មាន)ភ្លើងឆេះព្រៃ នាំកូនទៅលេងនៅអាមេរិក គេជេរពេញប្រទេស។ តើនាយករដ្ឋមន្រ្តីអូស្រ្តាលីលាលែងពីតំណែងទេ? ហើយអ្វីដែលខ្ញុំបានលើកមិញ កន្លែងច្រើនណាស់ដែលបានកើត(ព្រឹត្តិការណ៍រលំអគារ) ប៉ុន្តែ ហេតុអីបានជាយើងបែរជាមានភាពជ្រុលនិយម …។

គ្រប់កងកម្លាំងចូលរួមប្រតិបត្តិការ ដោយមិនមានភាពភ័យខ្លាច

មនុស្សដែលកំពុងធ្វើការនៅទីនេះ ដែលបងប្អូនកំពុង​ប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ហើយខ្ញុំពិតជាមានមោទនភាព។ បើទោះបីជាសោកនាដកម្មបានកើតឡើងរួចស្រេចទៅហើយ តែខ្ញុំមានមោទនភាពចំពោះកម្លាំងរបស់យើង។ អស់លោកអាចពិនិត្យមើល … ទាំងគេទាំងខ្ញុំ ហើយទាំងអស់លោក តើឃើញមន្រ្តី គេហៅថាកម្លាំងរបស់យើងចូលទៅក្រោម(បំណែកអគារ) ដោយគ្មានការភ័យខ្លាចថា អគារនឹងបាក់សង្កត់មកលើខ្លួនទេ? មានទាំងបុរសមានទាំងស្រ្តីនៅក្នុងកម្លាំង​ប្រតិបត្តិការ ដែលចេញពីកងកម្លាំងប្រដាប់អាវុធ … និងកម្លាំងវិស្វកម្មរបស់អគ្គបញ្ជាការ និងកម្លាំងដទៃទៀត …។

អ្នករបួសម្នាក់ ១ ម៉ឺនដុល្លារ, សាកសពម្នាក់ ៥ ម៉ឺនដុល្លារ និង ១០ លានរៀលសម្រាប់បុណ្យសព

ខ្ញុំក៏សូមបញ្ជាក់ថា ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួល​ម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាក​សព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល។ យើងនឹងពិនិត្យតទៅទៀតប្រសិនបើថវិកានេះនៅសល់ យើងនឹងពង្រីកបន្ថែមទៅឱ្យអ្នកដែលស្លាប់ ដើម្បីឱ្យកូនចៅរបស់គេ ឬក៏ឪពុកម្ដាយរបស់គេ មានលទ្ធភាពបន្ត ព្រោះបាត់បង់បង្គោលគ្រួសារ បាត់បង់កម្លាំងដែលរកប្រាក់ទៅហើយ។ នេះជាការគិតគូររបស់យើង។

ប្រតិកម្មរហ័សរបស់អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

ជាថ្មីម្ដងទៀត ខ្ញុំក៏សូមអរគុណដល់អ្នកយកព័ត៌មានទាំងឡាយ ដែលចូលមកយកព័ត៌មានផ្ទាល់ ដែលក្នុងនោះមានការផ្សាយផ្ទាល់ មានទូរទស្សន៍ជាតិ BTV, CNC, មាន Fresh News ដែលធ្វើការផ្សាយផ្ទាល់ចេញពីទីនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋរបស់យើងអាចទទួលបាននូវព័ត៌មានពីទីកន្លែងកើតហេតុតែម្ដង។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹង​ប្រតិកម្មរហ័សនៃកម្លាំងរបស់យើង ហើយសូមសរសើរដោយស្មោះចំ​ពោះនាយឧត្តមសេនីយ៍ គន់ គីម ដែលទើបនឹងត្រូវបានតែងតាំងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពេលដែលទទួលបានព័ត៌មានភ្លាម គឺធ្វើដំណើរមកកាន់ទីនេះបន្ទាន់ ហើយដឹកនាំកម្លាំង​ប្រតិបត្តិការមុនពេលដែលខ្ញុំបានមកដល់។ យើងជឿជាក់ទៅលើស្ថាប័នរបស់យើង។ អរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានតាមដាននូវព្រឹត្តិការណ៍ទាំងអស់នេះ ហើយសង្ឃឹមថានឹងមានការយោគយល់។

សង្ឃឹមថា ច្បាប់សំណង់នឹងត្រូវបានអនុវត្តប្រសើរជាងពេលនេះ

សង្ឃឹមនៅពេលខាងមុខ បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថា ឧបទ្ទវហេតុទាំងនេះនឹងត្រូវបានកាត់បន្ថយ ឬឈានទៅលុបបំបាត់​ ដោយសារតែមុននេះ យើងមិនទាន់មានច្បាប់សំណង់ទេ។ ច្បាប់សំណង់ទើបតែនឹងអនុម័តប៉ុន្មានជាមួយខែ ឬពីរខែប៉ុណ្ណឹង។ ច្បាប់សំណង់របស់យើងមិនទាន់បានអនុវត្តពេញលេញទេ ដែលតម្រូវ ឧទាហរណ៍សំណង់មួយអញ្ចឹង តម្រូវឱ្យជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់។ អ្នកឯងធ្វើទៅវាស្របទៅតាមប្លង់ដែលគូរ ឬអត់? នេះចំណុចខ្វះខាតវានៅកន្លែងហ្នឹង។ រាប់ទាំងម្ចាស់ផ្ទះ ដែលគាត់ជាម្ចាស់សំណង់ គាត់បែរជាចាញ់បោកមេការសំណង់ គាត់មកស្នាក់នៅក្នុងសំណង់ហ្នឹងតែម្ដង។ ប៉ុន្តែ គាត់មិនអាចដឹងបានថា សំណង់នេះត្រូវបានគេផ្លាស់ប្ដូរដែក ពីប្រភេទដែកនេះ ទៅដាក់ដែកនោះ ពីទំហំប៉ុណ្ណេះ ទៅកាន់ទំហំនោះ។ នេះជារឿងដែលគួរឱ្យសោកស្ដាយ ហើយខ្ញុំមិនចង់ឱ្យអស់លោកផ្ដល់នូវសំណួរណាមួយសម្រាប់ខ្ញុំទេ គឺខ្ញុំនិយាយបែបនេះតែម្ដង​។

(សំណួរ) សាររបស់ កឹម សុខា ចូលរួមរំលែកទុក្ខ និងផ្ដល់ជំនួយ

អ្នកណាក៏ដោយ ដែលមានចិត្តចង់ជួយ យើងស្វាគមន៍ទាំងអស់។ ខ្ញុំអរគុណចំពោះគាត់ ប៉ុន្តែ ខ្ញុំមិនទាន់បានទទួលព័ត៌មានអំពីថវិកាដែលគាត់ត្រូវផ្ដល់ទេ។ ប៉ុន្តែ បើទោះបីស្ថិតនៅក្នុងនិន្នាការណាក៏ដោយ ពេលវេលានេះមិនមែនជាពេលវេលាត្រូវទាស់គ្នាទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ គ្រប់និន្នាការទាំងអស់ត្រូវប្រមូលផ្ដុំជួយខ្មែរ។ ដូច្នេះ ខ្ញុំស្វាគមន៍ចំពោះឥរិយាបថរបស់លោក កឹម សុខា បើទោះបីជាថា គាត់នៅមានបញ្ហានេះបញ្ហានោះ ប៉ុន្តែគាត់នៅជួយប្រជាពលរដ្ឋ គឺជារឿងដែលយើងត្រូវស្វាគមន៍គ្រប់ៗគ្នា។ ខ្ញុំគិតថា គ្រប់និន្នាការទាំងអស់ប្រមូលផ្ដុំការខិតខំដើម្បីជួយប្រជាពលរដ្ឋ ជាជាងវាយប្រហារមកលើរាជរដ្ឋាភិបាល ឬវាយប្រហារទៅលើនេះ/នោះ ដែលជារឿងមិនចាំបាច់។ ខ្ញុំគិតថា សូម្បីលោក កឹម សុខា ក៏គាត់គិតត្រូវជាង​មនុស្សមួយចំនួននៅក្នុងជួររដ្ឋាភិបាលដែរ​។ គាត់មិនបានយកការថ្កោលទោសរដ្ឋាភិបាលទេ បើតាមអ្វីដែលលោកបាននិយាយអម្បាញ់មិញ គឺគាត់សម្ដែងការសោកស្ដាយ ហើយចូលរួមមរណទុក្ខ។ បើអញ្ចឹង​លោក កឹម សុខា ប្រសើរជាងមន្រ្តីក្នុងរដ្ឋាភិបាលមួយចំនួនថែមទៀតផង …៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...