សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ
សម្តេចព្រះរាជាគណៈ និងព្រះថេរា នុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
សមាជិក សមាជិកានៃអង្គមីទ្ទីង និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា!
ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹត បំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាង ក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះជាប្រវត្តិសាស្រ្តនេះ ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គ ឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និង ការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងក៏សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តា ប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រ ចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុតដោយសារសង្រ្គាម និងអំពើ ប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់ សុគតិភព ជារៀងដរាប។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខក្សេមក្សាន្តនៃប្រជាជាតិខ្មែរទាំងមូល។ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសេរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជារាស្រ្តរបស់ព្រះអង្គតរៀងទៅ។
អង្គមីទ្ទីង ជនរួមជាតិជាទីគោរពស្នេហា !
ក្នុងពេលបច្ចុប្បន្ននេះ ទោះបីប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តីក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។ រដ្ឋប្រហារ នៅថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បានធ្វើឲ្យមាតុភូមិយើងដែលជា ”កោះសន្តិភាព” ត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមពេញទំហឹង ដែលបានដុតបំផ្លាញមាតុភូមិដ៏ស្រស់ស្អាតរបស់យើង និងបង្កទុក្ខសោក និងការបាត់បង់ដែលពុំអាចគណនាបាន។ បន្ទាប់ពីសង្រ្គាម ៥ ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបង្កឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ថា បើគ្មានរដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។
ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលភៀសខ្លួនរួចផុតពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានបន្តធ្វើការតស៊ូរំដោះជាតិប្រកបដោយវីរភាព ហើយបានប្រមូលផ្តុំរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការប្រយុទ្ធសង្រ្គោះប្រទេសជាតិពីរបបដ៏យង់ឃ្នងនេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងបានទទួលការជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើសកលលោកបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្រ្គោះអាយុជីវិតប្រជាជនពីការកាប់សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ហើយ បានធ្វើឲ្យតម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួន បានរស់ឡើងវិញ។ លើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត។
ចាប់ពីពេលប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មកដល់ថ្ងៃនេះ មានរយៈពេល ៤១ឆ្នាំ ហើយ។ ៤១ ឆ្នាំមកនេះ យើងបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្រ្ត ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ ដែលបន្សល់ទុកពីសង្រ្គាមបំផ្លិចបំផ្លាញ និងរបប ប៉ុល ពត ខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។ ផ្អែកលើកម្លាំងមហាសាមគ្គីជាតិ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ យើងបានឆ្លងកាត់ឧបសគ្គទាំងអស់នោះដោយជោគជ័យ ដែលធ្វើឲ្យប្រទេសជាតិមានស្ថិរភាពជាជំហានៗ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលនេះ។
យើងទាំងអស់គ្នា ដែលជាអ្នករងគ្រោះពីសង្រ្គាម និងពីអំពើប្រល័យពូជសាសន៍ មានមោទនភាពជាទីបំផុត ដែលបានរួមសាមគ្គីគ្នាបង្កើតបាននូវរាល់សមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យទឹកដីកម្ពុជាមានការផ្លាស់ប្តូរទាំងស្រុងដែលយើងមិនអាចស្មានពុំដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមដ៏រុំារ៉ៃពីទឹកដីដែលគ្មានសេរីភាព ពីការបែកបាក់ជាតិ និងបែងចែកទឹកដី និងពីគំនរផេះផង់ ទៅជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងប្រកបដោយក្តីសង្ឃឹមចំពោះអនាគតរបស់ខ្លួននៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានធ្វើសមាហរណកម្មពេញលេញជាមួយសហគមន៍អន្តរជាតិ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការតំបន់ និងពិភពលោក។
នេះជាដំណើរផ្លាស់ប្តូរដ៏ធំធេងនៃកម្ពុជាក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ដោយផ្តើមចេញពីការដឹកនាំដ៏ត្រឹមត្រូវ ការចូលរួមដោយទឹកចិត្តស្នេហាជាតិរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿ សាសនា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ ពាណិជ្ជករ អាជីវករ សិស្ស និសិ្សត បញ្ញវន្ត ព្រះសង្ឃ និងមជ្ឈដ្ឋានផ្សេងៗទៀតទាំងអស់ក្នុងសង្គម ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា។
អង្គមីទ្ទីង បងប្អូនរួមជាតិជាទីគោរពស្នេហា!
នៅក្នុងឆ្នាំ២០១៩ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវត្តយ៉ាងល្អ ដែលផ្តល់ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍អន្តរជាតិនៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភាបានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញកាលពី ខែ កញ្ញា ឆ្នាំ ២០១៨ សម្រេចបានសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាពជាក់ស្តែង៖
– សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាង រឹងមាំធ្វើឲ្យប្រជាជនបាននឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។ រាល់ការប៉ុនប៉ងរបស់សមាសភាពអាក្រក់ទាំងឡាយដែលមានបំណងផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា តាមរយៈវិធានការដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យត្រូវបរាជ័យទាំងស្រុង ក្រោមចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកម្លាំងសាមគ្គីរបស់ប្រជាជនដែលបានប្តេជ្ញាយ៉ាងមោះមុត ក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្តរបស់ខ្លួន និងការអភិវឌ្ឍ។ ព្រមជាមួយនេះ ស្មារតីជាតិនិយមការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកាន់តែបានលើកកម្ពស់ ទោះបីជាមានការកៀបសង្កត់មួយចំនួនពីខាងក្រៅក្តី ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាកាន់តែបានពង្រឹង និងពង្រីកសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន។
– ដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ត្រូវបានជំរុញអនុវត្តបន្តដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាពតាមរយៈការដាក់ចេញនូវផែនការសកម្មភាពថ្មីៗដ៏ម៉ត់ចត់ និងប្រទាក់ក្រឡាគ្នាក្នុងចំណោមការដ្ឋានកំណែទម្រង់នានា ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នរដ្ឋគ្រប់ថ្នាក់ ការផ្ដល់សេវាសាធារណៈជូនប្រជាជន ការពង្រឹងយុត្តិធម៌ និងសមភាពក្នុងសង្គម ការបង្កើនចំណូលថវិកាជាតិ និងការគ្រប់គ្រងចំណាយ ប្រកបដោយវិចារណភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
– សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរ នៃវិស័យសេវាកម្ម និងកំណើនខ្ពស់ នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្តី។ ស្ថិរភាពនយោបាយបានផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។
– លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។
រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គមព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ តាមរយៈនេះ រាជរដ្ឋាភិបាល បានផ្តល់ប្រព័ន្ធគាំពារចំនួន ២ រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រ្តី និងកុមារ។ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសា ឆ្នាំ ២០២០ នេះ។ ចំពោះកម្មករនិយោជិតដែលកំពុងតែបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើង បានទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារអាមរិក និងត្រូវបានដំឡើងដល់ ១៩០ ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ ២០២០ នេះ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបានទទួលពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គម។
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល។ នៅក្នុងដំណើរការអភិវឌ្ឍឃុំ/សង្កាត់ រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់នូវមូលនិធិឃុំ/សង្កាត់ ហើយក្នុងឆ្នាំ ២០២០ នេះ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១២២.០០០ ដុល្លារ ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានមាន ប្រមាណ ៧០.០០០ ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ។ រហូតដល់ ឆ្នាំ ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមជាង ១៣២.០០០ ដុល្លារ ។ ជាមួយគ្នានេះ ការបញ្ចុះថ្លៃ និងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ការបន្ធូរបន្ថយពន្ធ និងការអនុគ្រោះពន្ធលើ ប្រភេទពន្ធមួយចំនួន បាន និងកំពុងផ្តល់គុណប្រយោជន៍ជូនប្រជាជនទូទៅដែលនៅមានប្រាក់ចំណូលទាប។
អង្គមីទ្ទីង និងជនរួមជាតិជាទីគោរពស្នេហា !
ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្ត ប្រជាជាតិខ្មែរបានក្រោកឈរឡើងវិញ និងបានធ្វើដំណើរ ទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ៤១ ឆ្នាំកន្លងទៅនេះ គឺ ៤១ ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ការពុះពារប្តូរផ្តាច់របស់យើងក្នុងរយៈពេល ៤១ ឆ្នាំនេះ បានកែប្រែមាតុភូមិ យើងពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាពបំផុត។ នៅលើកំណាត់ផ្លូវដ៏វែងនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅរួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជន ធ្វើជាបង្អែករបស់ប្រជាជននៅគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ច្បាស់ណាស់ថា ផ្លូវទៅមុខនឹងនៅតែមានឧបសគ្គច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងដំណើររបស់ជាតិយើងបានឡើយ ឲ្យតែយើងរក្សាបាននូវឯកភាពជាតិ រួមគ្នាបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនេះទៅមុខទៀត។ យើងជឿជាក់លើកម្លាំងនៃការប្រឹងប្រែងរបស់យើង ហើយចងចាំថា គឺកត្តាផ្ទៃក្នុងនោះហើយដែលជាកត្តាកំណត់នៃជ័យជម្នះ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
នៅក្នុងឱកាសនេះ ខ្ញុំក៏សូមបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុងប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ។ ការពិតជាក់ស្តែងបានបង្ហាញហើយថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរព ថែរក្សា និងលើកកម្ពស់ឥតឈប់នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗ អំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ ខ្ញុំសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះ នឹងពិចារណាឲ្យបានត្រឹមត្រូវចំពោះការវិវត្តប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួន ដែលស្របទៅនឹងប្រវត្តិសាស្រ្ត ស្ថានភាពសង្គម វប្បធម៌ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ខ្ញុំក៏សង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឲ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្រ្តឡើយ។
បងប្អូនជនរួមជាតិជាទីស្នេហា ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខ្ញុំព្រះករុណាខ្ញុំនឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភានេះឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យសង្គមជាតិកាន់តែរីកចម្រើនខ្លាំងក្លា ប្រជាជនកាន់តែមានជីវភាពធូរធារ យុត្តិធម៌ និងសមភាពសង្គមកាន់តែបានពង្រឹង ហើយកិត្តិយស កិត្យានុភាពជាតិកាន់តែបានលើកកម្ពស់ឡើង ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងនៅ ក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងរយៈពេល ៤១ ឆ្នាំកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងមូល សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង។
ខ្ញុំក៏សូមសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះបណ្តាគណបក្សនយោបាយ និងអង្គការនានានៃសង្គមស៊ីវិល ដែលបានធ្វើសកម្មភាពយ៉ាងច្រើនចូលរួមដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការលើកស្ទួយ អធិបតេយ្យជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍ ហើយបានផ្តល់នូវទស្សនៈ និងមតិជាច្រើនក្នុងស្មារតីស្ថាបនា ជាគុណប្រយោជន៍ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល។
ព្រមជាមួយនេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានាដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍រៀងរហូតមក ហើយដែលកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ «អរគុណសន្តិភាព» ដែលខ្ញុំយល់ថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ «អរគុណសន្តិភាព» បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង បងប្អូនជនរួមជាតិ នៅគ្រប់ទិសទី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរព្រះគុណ សូមអរគុណ!