ធនធានមនុស្សជាតិសុខាភិបាលបន្ថែម បម្រើសុខុមាលភាពប្រជាពលរដ្ឋ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ (ដែល)នៅដើមសប្ដាហ៍ឈានទៅរកចុងឆ្នាំ ២០១៩ បានមកជួបជុំសាជាថ្មីម្ដងទៀត ជាមួយនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បន្ទាប់ពីឆ្នាំ ២០១៧។ ឥឡូវ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត ជាមួយនឹងការប្រគល់សញ្ញាបត្រសម្រាប់ថ្ងៃនេះ (នូវ)គ្រប់កម្រិត និងគ្រប់ឯកទេស។ តាមរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អម្បាញ់មិញ បង្ហាញពីវឌ្ឍនភាព ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានចាប់តាំងពីបើក(នៅ)ឆ្នាំ ១៩៨០ រហូតមក។ ថ្ងៃនេះ យើងមានមោទនភាព ដោយសារតែយើងទទួលបានធនធានមនុស្សរបស់ជាតិសម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជម្រុញអនុវត្តនូវគោលនយោបាយគាំពារសង្គម។ ក្នុងនោះ គ្របដណ្ដប់ភាគច្រើន គឺការធ្វើសកម្មភាពរបស់មន្រ្តីសុខាភិបាល។ និយាយឱ្យចំ គឺគ្រូពេទ្យរបស់តែម្ដង។ ការបណ្ដុះបណ្ដាលដែលបានធ្វើក្នុងរយៈពេលកន្លងទៅនៅគ្រប់កម្រិត (និង)គ្រប់ឯកទេស គឺបានផ្ដល់ឱ្យយើងមានឱកាស ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើងក្នុងវិស័យសុខុមាលភាព។
កំណើនប្រជាជន ១៦ លាននាក់ ក្នុងរយៈពេល ៤០ ឆ្នាំ
យើងបានឃើញហើយថា ចំនួនប្រជាជនដែលចាប់ផ្ដើមនៅក្នុងគ្រាដំបូងនៅជុំវិញ ៥ លាននាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ រយៈពេល ៤០ ឆ្នាំក្រោយ បន្ទាប់ពីរំដោះចេញពីរបប ប៉ុល ពត ប្រជាជនយើងឡើងទៅដល់ ១៦ លាននាក់។ បើប្រៀបធៀបជាមួយនឹងប្រជាជនឡាវ ក្នុងចន្លោះឆ្នាំ ១៩៧៩ មានប្រជាជនប្រមាណជា ៥ លាននាក់ ដូចយើង។ ឡាវឥឡូវនេះ កើនបានមិនដល់ ៨ លាននាក់ផងទេ។ ប៉ុន្តែ កម្ពុជាកើនច្រើនពេក រហូតទៅដល់ ១៦ លាននាក់។ បញ្ហានេះ ខ្ញុំក៏ជាតួអង្គមួយ ដែលបានបង្កើតមនុស្សច្រើនដែរ។ តាំងពីចាប់ផ្ដើមតែមនុស្ស ៣ នាក់ មានខ្ញុំ ភរិយាខ្ញុំ និងកូនប្រុសម្នាក់។ ប៉ុន្តែ ឥឡូវនេះ គិតទាំងកូនប្រសារ កូនបង្កើត មាន ១០ នាក់ រួចហើយគិតទាំងចៅ បាន ២០ នាក់ ហើយចៅទី ២១ កំពុងមកតាមផ្លូវ ប្រហែលជាអាចមានអាទី ២២ ទៀត។ ចំណុចនេះ ក៏បង្ហាញឱ្យឃើញ អំពីការខិតខំប្រឹងប្រែងរបស់យើង អំពីការកាត់បន្ថយអត្រាស្លាប់មាតា និងទារក។
ស្រ្ដី និងកុមារជាង ១៦ ម៉ឺននាក់ ទទួលសេវាពិនិត្យសុខភាព និងប្រាក់ឧបត្ថម្ភ ក្នុងរយៈពេល ១៩៨ ថ្ងៃ
ឥឡូវនេះ យើងក៏ដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដោយផ្ដោតការយកចិត្តទុកដាក់បំផុត ទៅលើបញ្ហាការអភិវឌ្ឍធនធានមនុស្ស ដែលក្នុងការអភិវឌ្ឍធនធានមនុស្ស មិនមែនគ្រាន់តែនិយាយត្រឹមតែរឿងបណ្ដុះបណ្ដាល ដែលយើងមាននៅទីនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែ ត្រូវគិតតាំងពីការចាប់ផ្ដើម។ ឥឡូវនេះ យើងចាប់ផ្ដើមពី(អ្នក)មានផ្ទៃពោះ ដែលខ្ញុំសុំបង្ហាញតួលេខដំបូង អំពីអ្វីដែលជាការខិតខំរបស់យើង។ របាយការណ៍របស់ ឯកឧត្តម ម៉ម ប៊ុន ហេង ដែលវាយឱ្យខ្ញុំជារៀងរាល់ល្ងាច ក្នុងរយៈពេល ១៩៨ ថ្ងៃ ចាប់ពីពេលដែលយើងអនុវត្ត មកដល់ពេលនេះ មានស្រ្ដី និងកុមារ ចំនួន ១៦៥.១១៥ ករណី បានទទួលសេវា(ពិនិត្យសុខភាព) និងទទួលសាច់ប្រាក់ឧបត្ថម្ភ ដែលយើងត្រូវចំណាយជាង ១០ ពាន់លានរៀល បានសេចក្ដីថា ចាប់ផ្ដើមពីស្រ្ដីមានផ្ទៃពោះភ្លាម យើងចាប់ផ្ដើមផ្ដល់ការឧបត្ថម្ភ។ មុនពេលឆ្លងទន្លេ គឺត្រូវទៅពិនិត្យផ្ទៃពោះ ៤ (ដង) ក្នុងម្ដងយើងឧបត្ថម្ភ(ម្តង)។ ដល់ទៅពេលឆ្លងទន្លេ យើងឧបត្ថម្ភប្រាក់ច្រើនបន្ដិច។ បន្ទាប់ពីឆ្លងទន្លេហើយ រយៈពេល ២ ឆ្នាំ យើងត្រូវឧបត្ថម្ភ ៨ ដងទៀត។ យើងចំណាយថវិការដ្ឋសម្រាប់ទារក/កុមារម្នាក់ តាំងពីពេលចាប់មានក្នុងផ្ទៃ រហូតទៅដល់ពេលអាយុ ២ ឆ្នាំ ជិត ២០០ ដុល្លារសហរដ្ឋអាមេរិក។ នេះក៏ជាផ្នែកមួយនៃការរួមចំណែក ដើម្បីដោះស្រាយបញ្ហាក្រីក្ររបស់ប្រជាជនរបស់យើង។
ឆ្នាំ ២០១៩ ចំនួនកម្មការិនីឆ្លងទន្លេមានការកើនឡើង
ចំណុចមួយទៀត ក៏នៅក្នុងរបាយការណ៍នេះដែរ អំពីការឧបត្ថម្ភ ចំពោះកម្មការិនីដែលមានផ្ទៃពោះ។ គ្រាន់តែម្សិលមិញនេះ ថ្ងៃទី ១៥ គឺចំថ្ងៃសម្រាកទេ ប៉ុន្តែ កូន(ក្នុងផ្ទៃ)មិនគិតរឿងថ្ងៃសម្រាក (និង/ឬ)ម៉ោងប៉ុន្មានអីប៉ុន្មានទេ។ អញ្ចឹង បានជាខ្ញុំលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ ចំពោះគ្រូពេទ្យឆ្មប ព្រោះកូន(ក្នុងផ្ទៃ)វាអត់ចាំថ្ងៃស្អែក ឬថ្ងៃខានស្អែកទេ។ តែដល់ម៉ោងវាមកៗ ហើយ។ ម្សិលមិញនេះ កម្មការិនីឆ្លងទន្លេមាន ២៥០ នាក់ ចំនួនកូន ២៥០ នាក់ដែរ។ ប៉ុន្តែ បើយើងគិតចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១៥ ធ្នូ មានកម្មការិនីឆ្លងទន្លេចំនួន ៧៣.០៣៧ នាក់ ចំនួនកូន ៧៣.៥២១ នាក់។ ឆ្នាំនេះ អត្រាកើតក្នុងចំនួនកម្មការិនីខ្ពស់ជាងមុន គិតសម្រាប់ពីរឆ្នាំ គិតថ្ងៃទី ១ មករា ២០១៨ ដល់ថ្ងៃទី ១៥ ធ្នូ ២០១៩ មានកម្មការិនីឆ្លងទន្លេ ១៣. ៨៩១ នាក់ កូនមានចំនួន ១៣.៩៥៥ នាក់ ដែលផ្ដល់ប្រាក់ឧបត្ថម្ភអស់ជាង ៥៥ ពាន់លានរៀល។
គោលនយោបាយគាំពារសង្គម នាំឱ្យស្ត្រីទៅឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យ …
បើយើងពិនិត្យមើលចំនួនកម្មការិនីឆ្លងទន្លេឆ្នាំទៅ មានជាង ៦ ម៉ឺននាក់បន្ដិច។ ឯឆ្នាំនេះ លោតឡើងរហូតជាង ៧ ម៉ឺននាក់។ មូលហេតុអី? នេះក៏ស្ថិតនៅក្នុងគោលនយោបាយគាំពារសង្គម ដែលគ្រូពេទ្យរបស់យើងជាអ្នករួមចំណែក ដើម្បីធ្វើកិច្ចការងារហ្នឹង ព្រោះគេទៅឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យ ហើយទទួលបានប្រាក់ឧបត្ថម្ភនៅទីនោះតែម្ដង នៅត្រង់ថា យើងដាក់ចេញនូវគោលនយោបាយ សម្រាប់កម្មការិនីដែលឆ្លងទន្លេ ទទួលបានការឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១៣០% បូកនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ១០០ ដុល្លារ(អាមេរិក) ថែមទៀត។ កាលពីមុនកម្មការិនីមិនសូវចង់បានកូន។ ឥឡូវ សម្រុកយកកូន។ ឃើញឡើងជិត ១ ម៉ឺននាក់ ដែលជាចំនួនមួយគួរឱ្យចាប់អារម្មណ៍។ ខ្ញុំនិយាយនេះ បានសេចក្ដីថា អ្វីដែលបាន និងកំពុងកើត ទាក់ទងជាមួយនឹងបញ្ហាសុខុមាលភាពប្រជាជន ទាក់ទងជាមួយការរីកចម្រើនរបស់វិស័យសុខាភិបាលរបស់យើង។ ឥឡូវចំនួនអ្នកទៅពិនិត្យផ្ទៃពោះ អ្នកឆ្លងទន្លេ អ្នកដែលយើងត្រូវថែទាំកុមារមុនអាយុ ២ ឆ្នាំ គឺត្រូវធ្វើដោយគ្រូពេទ្យរបស់យើង។ កម្មការនីដើម្បីទទួលបានថវិកាឧបត្ថម្ភនោះ មិនមែនលួចទៅឆ្លងទន្លេនៅកន្លែងនេះ/នោះទេ។ ត្រូវឆ្លងទន្លេនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ហើយមន្ទីរពេទ្យរបស់រដ្ឋ តាមរយៈបេឡាជាតិសន្តិសុខសង្គម ផ្ដល់ថវិកាជួយឧបត្ថម្ភ។
មិនអាចទទួលយកបាន ការប្រមាថថា គ្រូពេទ្យ ៩ អាក្រក់ ល្អតែ ១
យើងមិនអាចទទួលបាន នូវអ្វីដែលជាការលើកឡើងរបស់មនុស្សខ្លះ គេថា គ្រូពេទ្យរបស់យើង ៩០% ដែលអាក្រក់ ១០% ទេដែលល្អ នេះជាការប្រមាថមួយដ៏ធំ សម្រាប់គ្រូពេទ្យរបស់យើង។ ពិតហើយ យើងទទួលស្គាល់ ទាក់ទិននឹងការត្អូញត្អែររបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវមើលស្រាលចំណុចណាមួយ នៃការត្អូញត្អែររបស់ប្រជាពលរដ្ឋ ទាក់ទិនជាមួយនឹងឥរិយាបទ ឬទាក់ទិនជាមួយបញ្ហាខ្លះ ដែលយើងត្រូវយកចិត្តទុកដាក់កែលម្អ។ មិនមែនការទិតៀនរបស់អ្នកណាមួយសុទ្ធតែខុសទេ។ (យើងត្រូវស្តាប់)អ្វីដែលត្រូវយើងត្រូវយកមកគិត/ពិចារណា ថាយើងគួរកែលម្អយ៉ាងម៉េច?
មោទនភាពដោយបានភ្ជាប់ខ្លួនជាមួយនឹងវិស័យសុខាភិបាលតាំងពីចាប់ផ្ដើមដំបូង
ខ្ញុំពិតមានមោទនភាព ដោយសារតែបានចងភ្ជាប់ខ្លួនជាមួយនឹងសាកលវិទ្យាល័យ តាំងពីការចាប់ផ្ដើមដំបូង ពេលនោះមានរដ្ឋមន្ត្រីមានស្អីហើយ ក៏ប៉ុន្តែ ដោយសារពេលនោះ ខ្ញុំនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយទេ តែស្ថិតនៅក្នុងអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា គឺជារដ្ឋាភិបាលជំនាន់នោះ ក៏ត្រូវបាន ឯកឧត្តម នូ បេ ពេលនោះជារដ្ឋមន្ត្រី អញ្ជើញឱ្យទៅចូលរួមបិទសន្និបាត ហើយក៏បើកសាលាពេទ្យរបស់យើងកាលពេលជំនាន់នោះ។ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំទៅទេ ដែលខ្ញុំអាក់ខាន ក្រៅពីនោះ គឺចងភ្ជាប់ខ្លួនជាមួយនឹងវិស័យសុខាភិបាលនេះ។ សាកលវិទ្យាល័យក៏ដូចជា សន្និបាតសុខាភិបាល រៀងរាល់ឆ្នាំ គឺខ្ញុំចូលរួម។ ជាទូទៅយើងបានចូលរួមជាមួយកំណែទម្រង់ និងការជម្រុញផ្នែកវឌ្ឍនភាព ទាក់ទិនជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យវេជ្ជសាស្រ្តរបស់យើងនេះ។
ការបណ្តុះបណ្តាលនៅក្រៅប្រទេស ជួយចែករំលែកនៅក្នុងប្រទេស
ឥឡូវ យើងពិនិត្យមើលតួលេខ ដែលយើងបានបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល របស់យើងនេះ ចាប់តាំងពីឆ្នាំ ១៩៨០-៨១ រហូតមកដល់២០១៨-១៩ នេះ គឺមានអ្នកដែលយើងបានបណ្ដុះបណ្ដាលនៅទីនេះ (ចំនួន) ២៧.៥៥៩ នាក់ ក្នុងនោះ អាហាររូបករណ៍ (ចំនួន) ១៤.០២០នាក់ និងការរៀនបង់ថ្លៃ ចំនួន ១៣.៥៣៩ នាក់ ហើយនិស្សិតដែលកំពុងសិក្សាបន្តទៀតមាន (ចំនួន) ៥.៥១៣ នាក់។ ជាប់ការពិនិត្យឃើញរបស់ខ្ញុំ អ្វីដែលជាការមានមោទនភាព កម្រិតរបស់គេទៅដល់ណា យើងហាក់ដូចកំពុងដើរកៀកៗទីនោះដែរ។ ឥឡូវនេះ យោងតាមរបាយការណ៍របស់ ឯកឧត្តម ម៉ម ប៊ុនហេង មាននិស្សិតដែលយើងបានបញ្ជូនទៅធ្វើកម្មសិក្សា និងបន្តបរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅក្រៅប្រទេស មានចំនួន ៩៧៨ នាក់ (ក្នុងនោះ មានប្រទេស)៖ ប្រទេសបារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ ប៊ែលហ្សិក។ នេះជាចំនួនមួយ ដែលយើងទទួលត្រឡប់មកវិញ មិនមែនសម្រាប់សាម៉ីខ្លួនម្នាក់នោះទេ ក៏ប៉ុន្តែ សាម៉ីខ្លួនដែលបានទទួលការបណ្ដុះបណ្ដាលឯកទេស យកមកចែករំលែកនៅក្នុងសាលា/មន្ទីរពេទ្យរបស់យើងផងដែរ។
ការវះកាត់ប្ដូរក្រលៀន ឬសរីរាង្គមួយចំនួន អាចធ្វើបាននៅប្រទេសកម្ពុជាដោយសុវត្ថិភាព
ខ្ញុំសូមយកឱកាសនេះ ដើម្បីប្រកាសជូនប្រជាពលរដ្ឋកម្ពុជារបស់យើងឱ្យបានជ្រាបថា កន្លងទៅអ្នកដែលត្រូវដូរក្រលៀន (និង/ឬ)គ្រឿងក្នុង តែងតែទៅប្រទេសក្រៅ ដោយមិនបានដឹង អំពីកម្ពុជាមានវឌ្ឍនភាពដល់ណាហើយ។ ខ្ញុំសុំយកឱកាសនេះ ចែករំលែក និងជម្រាបជូនប្រជាជនកម្ពុជារបស់យើងឱ្យបានជ្រាបថា ការប្ដូរក្រលៀន ឬសរីរាង្គមួយចំនួន គឺធ្វើបាននៅក្នុងប្រទេសកម្ពុជាដោយសុវត្ថិភាព គឺនៅក្នុងមន្ទីរពេទ្យកងទ័ពរបស់យើងតែម្ដង។ យើងក៏ត្រូវឱ្យប្រជាពលរដ្ឋរបស់យើងបានដឹងថា ចំនួនអ្នកដែលត្រូវដូរក្រលៀន ឬដូរសរីរាង្គខ្លះ ដែលប្រទេសគេធ្វើបាន ប្រទេសយើងក៏ធ្វើបានដែរ គឺនៅមន្ទីរពេទ្យកងទ័ព … តម្រូវការនៃការដូរក្រលៀន គឺតម្រូវឱ្យសាច់ញាតិដែលមានក្រលៀន/ឈាមដូចគ្នា(នឹងអ្នកជំងឺ ផ្តល់ឱ្យ) គឺអាចដោះស្រាយបញ្ហាបានហើយ។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្ដីថា ឱ្យបងប្អូនលក់ក្រលៀន ឬក៏សរីរាង្គខ្លះ(នោះទេ)។ អ្វីដែលនៅក្រៅប្រទេសគេធ្វើបានយើងធ្វើបានដូចគ្នា។ ថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងបានដឹងអំពីព័ត៌មាននេះ។ កុំអស់សង្ឃឹម។ ទោះបីគ្មានប្រាក់ ឱ្យតែសាច់ញាតិ ឬកូន/ចៅមានក្រលៀន អាចមកដូរនៅកន្លែងនោះបាន ព្រោះជំងឺនេះមានច្រើនដែរ។
ដើរឱ្យទាន់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងសិក្សាពីជំងឺផ្សេងៗ
ពីមួយឆ្នាំទៅមួយឆ្នាំ គុណភាពនៃការបណ្ដុះបណ្ដាលរបស់យើងមានការកើនឡើង។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ជាមួយសាស្ត្រាចារ្យចំណានៗរបស់យើង ដែលបានបណ្ដុះបណ្ដាលនិស្សិតរបស់យើង។ តាមរយៈការផ្លាស់ប្ដូរបច្ចេកទេស/បទពិសោធន៍ពីអ្នកជំនាញក្នុងប្រទេសរបស់យើង និងអ្នកជំនាញមកពីក្រៅប្រទេស សង្ឃឹមថា គ្រូពេទ្យគ្រប់កម្រិតរបស់យើងទទួលបានចំណេះបន្ថែមទៀត ហើយដើរឱ្យទាន់សភាពការណ៍វិវត្ត (និង)គ្រប់គ្រងជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលនាំទៅដល់ការកើតជំងឺផ្សេងៗ ព្រោះបញ្ហានេះ មិនមែនគ្រាន់តែកម្ពុជាទេ គ្រាន់តែជំងឺប៉េស្ដជ្រូកមួយ ឧទាហរណ៍៖ កើតនៅក្រាំងយ៉ូវ ហើយក្រាំងយ៉ូវមាននាំជ្រូកចូលពីត្រង់ណាចូលមក (ក៏)ប៉ុន្តែ វាកើតនៅឃុំក្រាំងយ៉ូវ។
ការប្រែប្រួលនៃអាកាសធាតុ (អាចជាដើមចមនៃការ)កើតមានជំងឺនេះ។ ទន្ទឹមនឹងយើងដាក់ចេញគោលដៅឱ្យមានការដោះស្រាយបញ្ហាជំងឺមួយចំនួន ឧទាហរណ៍៖ លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥ និងជំងឺដទៃទៀត កំណត់គោលដៅ នៃការអភិវឌ្ឍផែនការសុខាភិបាលរបស់យើង។ ស្ថានភាពទាំងនោះ យើងត្រូវបន្តទៅលើជំងឺចាស់ ទន្ទឹមនឹងជំងឺថ្មីមួយចំនួនបានកើតឡើង។ ដូចជានៅអាហ្វ្រិក ជំងឺអ៊ីបូឡាបានកើតឡើង។ វិស័យសុខាភិបាលរបស់យើង មិនមែនធ្វើសកម្មភាពត្រឹមក្នុងមន្ទីរពេទ្យទេ (ពោលគឺ)ធ្វើសកម្មភាពតាំងពីច្រកចេញ/ចូល ដែលត្រូវមានប្រដាប់គ្របគ្រងយ៉ាងម៉េច អ្នកណាចូលមកមានជំងឺសារ/គ្រុនជ្រូក ត្រូវគ្រប់គ្រងអស់ទាំងហ្នឹង ដើម្បីកុំឱ្យមានជំងឺឆ្លង … រាប់ទាំងវិស័យកសិកម្មច្រើនជាងគេ ទាក់ទងជាមួយជំងឺឆ្លង(ដែល)ទប់ស្កាត់។ គ្រុនផ្ដាសាយបក្សីនៅកន្លែងហ្នឹង ត្រូវដាក់ជាតំបន់ការពារភ្លាម។ ប៉េស្តជ្រូកនៅកន្លែងហ្នឹង ដាក់ការការពារភ្លាម ដើម្បីការពារកុំឱ្យវាឆ្លងរាលដាលនៅទូទាំងប្រទេស …។
ការចូលរួមបណ្តុះបណ្តាលនៃសាកលវិទ្យាល័យការពារជាតិ និងវិទ្យាសាស្ត្រសុខាភិបាល
ខ្ញុំសប្បាយចិត្ត ដែលឃើញនូវវឌ្ឍនភាពទាំងឡាយ ដែលយើងទទួលបាន ទន្ទឹមនឹងកោតសរសើរ ចំពោះ សាកលវិទ្យាល័យគណៈគ្រប់គ្រង សាស្ត្រាចារ្យ ដែលបានបង្ហាត់បង្ហាញសម្រាប់សាកលវិទ្យាល័យការពារជាតិ ក៏ដូចជាផ្នែកវិទ្យាស្ថានសុខាភិបាលរបស់ក្រសួងការពារជាតិក៏បណ្ដុះបណ្ដាលនៅទីនោះដែរ។ ការបណ្ដុះបណ្ដាលឯកទេសមួយចំនួន ដែលខាងយើងមិនមានការចាំបាច់ ខាងនោះគេមានការចាំបាច់ តាំងពីក្បួនសង្គ្រោះនៅក្នុងសមរភូមិស្អីៗថែមទៀត។ ប៉ុន្តែ ខាងគ្រូពេទ្យស៊ីវិល បើកាលណាត្រង់ស៊្វែ (Transfer) ទៅខាងគ្រូពេទ្យយោធា ក៏ត្រូវតែចេះអាហ្នឹងដែរ ព្រោះចូលសមរភូមិខុសពីមន្ទីរពេទ្យធម្មតា។ បើទោះបីឥឡូវអត់មានសង្រ្គាមក៏ដោយ … ជួនកាលអ្នករបួសមិនអាចយកចេញពីសមរភូមិបាន ក៏ប៉ុន្តែពេទ្យលូនទៅដើម្បីចាក់ថ្នាំ។ ចាក់(ថ្នាំ)ជំនាន់ខ្ញុំ មិនមែនដោះអាវឱ្យគេចាក់ទេ ឧទាហរណ៍៖ ថ្នាំឃាត់ឈាម អាវីតាមីន K ចាក់វាពីលើ។ ម៉ោង ៤ ភ្លឺ អ្នកណាមើលឃើញ? ចាក់ឱ្យតែខាងចូលទៅ ដើម្បីទប់ស្កាត់ឈាម។ នៅពេលដែលខ្ញុំរបួសស្មា ឈាមវាហូរពេក។ គ្រូពេទ្យដែលនៅជាមួយខ្ញុំ គាត់បុក ១ ម្ជុល (លើ)អាវទាហាន ហើយថែមអាវក្នុង ១ ជាន់ទៀត។ បុកទាល់តែចូល។
អនុញ្ញាតឱ្យអប់រំ និងសុខាភិបាល រើសបុគ្គលិកបន្ថែមច្រើន
យើងបណ្តុះបណ្តាលផ្នែកសាលាពេទ្យ មានសាកលវិទ្យាល័យវេជ្ជសាស្ត្រនេះផង សាលាបណ្តុះបណ្តាលវេជ្ជសាស្ត្របឹងត្របែក។ ពីរហ្នឹងខាងស៊ីវិល (ដែលមានទីតាំង)នៅភ្នំពេញ។ នៅមានតាមបណ្តាខេត្ត/ភូមិភាគគឺមាន ៤ ទៀត ជាមួយគ្នានោះ ក៏មានសាលាពេទ្យខាងកងទ័ព ដែលត្រូវបណ្តុះបណ្តាលបន្តទៀត។ ខ្ញុំសុំបញ្ជាក់ថា មានតែក្របខណ្ឌពីរទេ ដែលឱ្យជ្រើសរើសបុគ្គលិកបន្ថែមច្រើនជាងគេនោះ៖ ទី (១) វិស័យអប់រំ ឆ្នាំ ២០២០ នឹងផ្តល់ក្របខណ្ឌជូន (ចំនួន) ៣.៦០០ នាក់ ព្រោះចំនួនសិស្សវាកើនឡើង បន្ថែមទៅដោយគ្រូចូលនិវត្តន៍មួយចំនួន ឯទី (២) ផ្នែកសុខាភិបាល ក៏ត្រូវផ្តល់ (ចំនួន) ១ ៣០០ នាក់ (ជា)ក្របខណ្ឌបន្ថែមជំនួសដោយអ្នកចូលនិវត្តន៍ និងបង្កើនសម្រាប់មន្ទីរពេទ្យថ្មី។
បានកែសម្រួលអនុក្រឹត្យទាក់ទងនឹងអាយុចូលប្រឡង
លក្ខខណ្ឌប្រឡងដូចបានជ្រាបហើយ ខ្ញុំក៏បានកែទម្រង់មួយចំនួន ទាក់ទងនឹងអាយុចូលប្រឡងផងដែរ។ ប្រហែលជាយើងគិតខុសទៅលើបញ្ហាខ្លះ ប៉ុន្តែយើងក៏បានកែសម្រួលអនុក្រឹត្យទាក់ទងនឹងអាយុប្រឡង។ បងប្អូនបង្ហោះតាមហ្វេសប៊ុក បើសិនជាខ្ញុំមិនលេងហ្វេសប៊ុក ខ្ញុំក៏នៅតែក្តាប់មិនបាន។ បងប្អូន(ជា)គ្រូពេទ្យបង្ហោះតាមហ្វេសប៊ុកថា “សម្តេច ពួកខ្ញុំអត់មានសិទ្ធិចូលប្រឡងទេ សុទ្ធតែហួសអាយុ”។ អញ្ចឹងទេ ខ្ញុំក៏ជជែកជាមួយនឹង ឯកឧត្តម ម៉ម ប៊ុនហេង (ហើយក៏បាន)ពិភាក្សាជាមួយនឹង ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឱ្យកែទាំងអស់។ មិនមែនក្នុងតែក្របខណ្ឌពេទ្យទេ ក្របខណ្ឌមន្ត្រីរាជការស៊ីវិលរបស់យើង (ក៏)ឱ្យមានការកែសម្រួលអាយុទាំងអស់។ យើងពិនិត្យមើលអញ្ចេះ គ្រូពេទ្យរបស់យើង គេហៅថាសាស្ត្រាចារ្យ អត់មានសិទ្ធិចូលប្រឡងទាំងអស់។ ដោយសារអី? ដោយសារហួសអាយុ។ ខ្ញុំនៅចាំបាន (មាន)ប៉ុន្មានដង ដែលខ្ញុំចេះតែបញ្ចូលក្របខណ្ឌ។ ព្រោះអី? គេហៅថាគ្រូពេទ្យឯកទេស មិនរៀនច្រើនជាង? វេជ្ជបណ្ឌិតដូច(ជារៀន) ៨ ឆ្នាំ។ (គ្រូពេទ្យ)ឯកទេស(រៀន) ១០ ឆ្នាំ។ ដល់រៀនច្រើនជាងគេ វាហួសអាយុប្រឡង។ ដូច្នេះ (នៅពេល)មកចូលធ្វើការ កូនសិស្សរបស់ខ្លួនដែលជាវេជ្ជបណ្ឌិត (មក)ត្រួតសាស្រ្តាចារ្យដែលធ្លាប់បង្រៀនខ្លួន។ នេះអារឿងវាឆ្គងៗ …
ឥឡូវ លក្ខខណ្ឌនៃការចូលប្រឡង គឺមិនតម្រូវទៅលើបញ្ហាអាយុទៀតទេ។ សូម្បីតែមន្ត្រីរាជការ នៅពេលដែលក្រសួងហ្នឹងមួយត្រូវការប្រឡងជ្រើសរើសបុគ្គលិកៗ ឬមន្ត្រីនៅក្នុងក្រសួងនេះ ក៏មានសិទ្ធិដាក់ចូលប្រឡងដែរ។ ប្រឡងហ្នឹងប្រឡងដូរក្របខណ្ឌ។ ឧទាហរណ៍៖ គេក្របខណ្ឌ “ខ” គេចង់ចូលក្របខណ្ឌ “ក” គេដាក់ពាក្យចូលប្រឡង អញ្ចឹង វាចំណេញនៅសល់មួយកន្លែងនៃក្របខណ្ឌ “ខ” ដើម្បីអនុញ្ញាតឱ្យក្រសួងហ្នឹងរើសចូល ព្រោះអ្នកដែលនៅក្នុងក្របខណ្ឌ “ខ” ដែលមានក្របខណ្ឌស្រាប់ ផ្ទេរពីក្របខណ្ឌ “ខ” ទៅក្របខណ្ឌ “ក”។ អញ្ចឹង នៅសល់មួយកន្លែងទៀត ជ្រើសរើសអ្នកខាងក្រៅចូលមកប្រឡងយកអាកន្លែងហ្នឹង។
ផ្តល់ការចូលក្របខណ្ឌពេញសិទ្ធិចំពោះមន្ត្រីជាប់កិច្ចសន្យា អយុត្តិធម៌សំរាប់អ្នកត្រូវធ្វើការប្រឡង
ខ្ញុំក៏សុំការយោគយល់ពីកន្លែងមួយចំនួន ដែលចេះតែធ្វើសំណើរស្នើសុំមកសម្តេច សូមជួយឱ្យខ្ញុំចូលក្របខណ្ឌពេញសិទ្ធិ។ ជាពិសេស មន្ត្រីជាប់កិច្ចសន្យា ទាំងក្នុងវិស័យគ្រូបង្រៀន/វេជ្ជសាស្ត្រ ឬក្នុងវិស័យស្អីៗ ផ្សេងៗ ចេះតែស្នើសុំមក។ សុំឱ្យមានការយោគយល់ ដែលហៅថា វិធានអ្វីមួយ ត្រូវតែបំពេញ។ សុំឱ្យអនុញ្ញាត ក៏ប៉ុន្តែលើលក្ខខណ្ឌនៃការប្រឡងជាប់ ឬមិនជាប់។ យោងទៅលើអាហ្នឹងវិញ។ ចុះបើយើងចេះតែប្រមូល បន្តិចៗនាំគ្នាទៅហៅមកចុះកិច្ចសន្យា ដល់កិច្ចសន្យាជាស្វ័យប្រវត្តិ ចូលមកជាក្របខណ្ឌតែម្តង។ដូច្នេះ (ការធ្វើបែប)ហ្នឹងវាអយុត្តិធម៌ សម្រាប់អ្នកដែលត្រូវធ្វើការប្រឡងផ្សេងទៀត ព្រោះនៅពេលដែលយកមកធ្វើកិច្ចសន្យា គឺយើងអត់បានពិនិត្យអីគ្រប់គ្រាន់ទេ។ ចំណុចនេះ ដែលទាមទារឱ្យមានការប្រឡង។
មួយជាឧបសគ្គចំពោះអ្នកប្រឡងចូលក្របខណ្ឌ មួយទៀតបង្កើតសំបុកពុករលួយ
ខ្ញុំក៏សុំបញ្ជាក់សាជាថ្មី នៅពេលដែលក្រសួងសុខាភិបាលស្នើសុំ ឱ្យមានការត្រួតពិនិត្យស្នើសុំ ខ្ញុំអត់យល់ព្រមទេ បានបដិសេធចោល។ មូលហេតុដែលមិនយល់ព្រម ខ្ញុំសុំបញ្ជាក់បន្តិច បើសិនជាខ្ញុំយល់ព្រម បង្កើតជាឧបសគ្គសម្រាប់និសិត្សដែលប្រឡងចូលក្របខណ្ឌរដ្ឋ (ហ្នឹង) ទី (១)។ ទី (២) បង្កើតជាសំបុកពុករលួយតែម្តង។ ចង់បានលិខិតពិនិត្យសុខភាព មិនបាច់ពិនិត្យទេ ឱ្យអ្ហែងតែម្តង … ឱ្យលុយប៉ុណ្ណេះ(ប៉ុណ្ណោះមក)។ ហ្នឹងជាសំបុកដែលនាំឱ្យខូចឈ្មោះតែម្តង។ អ្នកដែលចូលធ្វើការ/ស្អីៗ គេត្រូវមានលិខិតថ្កោលទោស។ គ្រាន់តែធ្វើយឺត អត់មានយកលុយ/កាក់អីគេទេ គ្រាន់តែយើងធ្វើយឺតក៏មានបញ្ហាដែរ។ (រឿង)ហ្នឹង ក៏ត្រូវបង្កើនល្បឿននៃការចុះហត្ថលេខា។ ឯកឧត្តម អង្គវង្ស វឌ្ឍនា ខ្ញុំក្តាប់បាននូវការរអ៊ូរទាំពីអ្នកដែលត្រូវស្នើសុំលិខិតថ្កោលទោស។
ងាកមកខាងផ្នែកវិស័យសុខាភិបាល ចង់ឱ្យពិនិត្យសុខភាពអ្នកដែលប្រឡងចូលជាក្របខណ្ឌមន្ត្រី។ ខ្ញុំចង់លើកយករឿងមួយ។ នេះដោយសារវារយៈពេលជិត ៤០ ឆ្នាំហើយ យើងគួរតែនិយាយបានហើយ។ នៅពេលដែលយើងទៅប្រទេសអាហ្វ្រិក កាលពីដើមគេតម្រូវឱ្យយើងចាក់ថ្នាំគ្រុនចាញ់លឿង។ ខ្ញុំអត់បានចាក់ទេ តែខ្ញុំមានទិដ្ឋាការថា បានចាក់ថ្នាំហើយដែរ។ ទិដ្ឋាការអ្នកណាចេញឱ្យ? គឺពេទ្យរបស់សូវៀតជាអ្នកចេញឱ្យ ព្រោះនៅពេលដែលយើងទៅ តម្រូវឱ្យមានការចាក់ថ្នាំគ្រុនចាញ់លឿង ហើយពេលហ្នឹងខ្ញុំសុខភាពវាអត់សូវស្រួល។ ពេទ្យគេថា មិនចាំបាច់ចាក់ទេ យកសំបុត្រទៅតែម្តង។ ពេលហ្នឹងខ្ញុំជារដ្ឋមន្ត្រីការបរទេស ត្រូវខាងផ្នែកសុខាភិបាលរបស់សូវៀតផ្តល់នូវទិដ្ឋាការមួយ ទាំងមិនបានចាក់ថ្នាំផង។ អញ្ចឹង ករណីហ្នឹងខ្ញុំនឹកឃើញរឿងហ្នឹងច្បាស់។ បានជាខ្ញុំថាអត់ទេ មិនចាំបាច់ទេ។
ការតភ្ជាប់គមនាគមន៍ អគ្គិសនីជនបទ និងសន្តិសុខ ជួយដល់ការពង្រាយគ្រូពេទ្យល្អជាងមុន
ការបែងចែកគ្រូពេទ្យ កាលពីមុននោះដែលខ្ញុំធ្លាប់និយាយ ដូចជានៅឆ្នាំ ១៩៩៧ ដែលខ្ញុំបានទៅសន្និបាតសុខាភិបាល។ កាលហ្នឹង ឯកឧត្តម ហុង ស៊ុនហួត ធ្វើជារដ្ឋមន្ត្រីសុខាភិបាល។ ខ្ញុំនិយាយថា គ្រូពេទ្យកាលពីពេលនោះ ៧០% ប្រមូលផ្តុំនៅទីក្រុង និងទីប្រជុំជន បម្រើឱ្យប្រជាជន ៣០% ឯគ្រូពេទ្យ ៣០% ទៀត ពង្រាយទៅជនបទ ធ្វើសេវាសម្រាប់ប្រជាជន ៧០%។ ហ្នឹងកាលពីឆ្នាំ ១៩៩៧។ ឥឡូវនេះ ជាង ២០ ឆ្នាំក្រោយ អាចថាស្ថានភាពការតភ្ជាប់ផ្លូវគមនាគមន៍ អគ្គិសនីជនបទ សន្តិសុខអត់មានបញ្ហា ដូច្នេះ ការពង្រាយគ្រូពេទ្យរបស់យើងអាចនឹងមានភាពល្អប្រសើរជាងពេលមុន។ ពីមុននេះ គ្រូពេទ្យរបស់យើងនៅភ្នំពេញ ពង្រាយត្រឹមខេត្តកណ្តាល អត់ចង់ទៅទេ។
ទសវត្សរ៍ ៨០ ដើម្បីចូលមហាវិទ្យាល័យបាន ត្រូវធ្វើកុងត្រាជាមួយរដ្ឋ
កាលពីទសវត្សរ៍ ៨០ ដើម្បីចូលមហាវិទ្យាល័យបាន ត្រូវធ្វើកុងត្រាជាមួយរដ្ឋថា ចេញជាប់មហាវិទ្យាល័យហើយចូលបម្រើការងាររដ្ឋ។ ពេលនោះអញ្ចឹង។ ខេត្តនីមួយៗ ត្រូវបញ្ជូននិស្សិតមករៀន ប៉ុន្តែ ដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ វាមានកូនអ្នកហ្នឹងបញ្ជូនមកឯណា? មនុស្សនៅភ្នំពេញឯណេះ តែទៅឱ្យចៅហ្វាយខេត្តស៊ីញ៉េមករៀន រួចហើយចុះកុងត្រាហ្នឹងគេដែរ (នៅពេល)រៀនចប់ហើយគេមិនទៅធ្វើអីគេ? ឥឡូវនេះ អត់មានកុងត្រា។ ហើយកុងត្រានេះមកដល់ឆ្នាំ ១៩៩៦ ទើបដោះស្រាយចប់។ ឥឡូវនេះអ្នកដែលរៀនហើយ ក៏មិនទាន់មានការងារធ្វើមួយចំនួន (និង)មានការងារធ្វើមួយចំនួន។
មន្ទីរពេទ្យទាំងរដ្ឋ/ជន សុំកុំដណ្តើមអ្នកជំងឺគ្នា និងទទួលខុសត្រូវពីដើមដល់ចប់
ខ្ញុំសុំឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងគ្លីនិកឯកជន ក៏ដូចជា ការលក់ឱសថ ត្រូវធ្វើឱ្យបានច្បាស់លើបញ្ហានេះ។ ខ្ញុំសុំសំណូមពរអញ្ចេះ។ យើងមានទាំងរដ្ឋ/ឯកជន ក៏ប៉ុន្តែសុំកុំដណ្តើមអ្នកជំងឺគ្នា។ បើដណ្តើមអ្នកជំងឺគ្នា សុំឱ្យមានការទទួលខុសត្រូវពីដើមដល់ចប់ កុំឱ្យដល់ថ្នាក់សង្គ្រោះលែងបានហើយ បានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ ដល់តែងាប់ៗ ឯមន្ទីរពេទ្យរដ្ឋ។ ដែលធ្ងន់ធ្ងរជាងគេគឺកាល់ម៉ែតតែម្តង។ មន្ទីរពេទ្យឯកជនដទៃដោះស្រាយមិនចេញថា ទៅកាល់ម៉ែត គេអាចសង្គ្រោះបាន។ ទៅដល់កាល់ម៉ែត (ងាប់)។ អាហ្នឹងក៏ត្រួវពិនិត្យ។ (ត្រូវ)ធ្វើការជាមួយវិស័យឯកជន (និង/ឬ)គ្រូពេទ្យឯកជន។ បើអ្នកឯង(មិនអាចទទួលខុសត្រូវ)ពីដើមរហូតដល់ចប់(ទេ) គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ឱ្យមន្ទីរពេទ្យរដ្ឋ(ព្យាបាល) …។ ជួនកាលបញ្ជូនពីមន្ទីរពេទ្យនេះ ដែលនៅព្យាបាលពីរ(ឬ)បីថ្ងៃនៅកន្លែងនេះ យកលុយគេអស់មិនតិចហើយ ចាប់ផ្តើមបញ្ជូនទៅមន្ទីរពេទ្យរដ្ឋណាមួយ រួចហើយស្លាប់តាមផ្លូវក៏មានដែរ។ រឿងហ្នឹងត្រូវតែយកចិត្តទុកដាក់ (ដោយគេ)គិតថា អ្នកជំងឺហ្នឹងស្រួលយកទៅព្យាបាល ដល់ព្យាបាលមិនជាបញ្ជូនទៅងាប់នៅកន្លែងរដ្ឋ … ដែលគ្រាន់តែជាកន្លែងរុំសពចុងក្រោយ។ ជារឿងមួយដែលមិនគប្បីទេ។ ការគ្រប់គ្រងឱសថក្លែងក្លាយ ឬហួសគុណភាពហ្នឹង យើងក៏បាននិយាយគ្នាអំពីបញ្ហាច្រើនហើយ។ យើងត្រូវបន្ត។
ស្តាយមិនបានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ដោយនិយាយអត់ចេញ
ថ្ងៃមុន ខ្ញុំមានការសោកស្តាយ ដោយសារតែនិយាយអត់ចេញ។ ថ្ងៃនោះដូចជាប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ(និងផ្តល់)យោបល់។ ប្រជុំធ្លាក់ដល់ម៉ោង ២ កន្លះ រួចហើយទៅហូបបាយជាមួយបណ្តាប្រធាន/អនុប្រធានគណបក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ (និងផ្តល់)យោបល់។ ម៉ោង ៤ កន្លះ បានចាប់ផ្តើមចេញពីផ្ទះ។ ទៅដល់និយាយអត់ចេញតែម្តង។ អញ្ចឹង ហៅទូរស័ព្ទខ្សាវៗទៅ ទៀ បាញ់ ឱ្យទៅជំនួសប្រជុំនៅសៀមរាប។ (កិច្ចប្រជុំ)រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន, អាស៊ានបូកបីផង។ ខ្ញុំស្តាយកម្មវិធីហ្នឹង ដែលមិនបានទៅចូលរួម (ព្រោះ)និយាយអត់ចេញ។ ថ្ងៃហ្នឹងផ្តាសាយផង ប៉ុន្តែ ជាលើកដំបូងហើយ ដែលនិយាយអត់ចេញ។ គេពិនិត្យទៅដូចជាឃើញមានសរសៃសម្លេងមានស្ថានភាពរបួសយ៉ាងម៉េច មានបញ្ហាស្អីទេ។ ជាលើកដំបូងខ្ញុំនិយាយអត់ចេញ។ និយាយបានខ្សាវៗ ប្រឹងស្រែកឱ្យ ទៀ បាញ់ ទៅជំនួស។
គ្រូពេទ្យទាំងអស់ត្រូវមានក្រមសីលធម៌ កុំឱ្យត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់
អ្វីដែលខ្ញុំស្នើសុំបន្ត សម្រាប់គ្រូពេទ្យរបស់យើង បញ្ហាដែលយើងត្រូវមើលឃើញ ទន្ទឹមនឹងមានវឌ្ឍនភាពយើងក៏ត្រូវទទួលស្គាល់នូវការខ្វះខាត ដែលជាការត្អូញត្អែររបស់ប្រជាពលរដ្ឋរបស់យើងនោះ គឺក្រមសីលធម៌ (និង/ឬ)វិជ្ជាជីវៈ។ ចំណុចនេះ គ្រូពេទ្យទាំងអស់ត្រូវតែផ្លាស់ប្តូរឥរិយាបថ។ ការពិតណាស់ (គ្រូពេទ្យ)ភាគច្រើនណាស់(ទៅ)ហើយ ដែលបានធ្វើ(ការប្រែឥរិយាបថ) ប៉ុន្តែ នៅ(មាន)ចំនួនតិចតួចទេ ដែលតិចតួចនេះហើយបង្កើតទៅជាពាក្យសំដី ដែលគេថា “ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់”។ ចំណុចនេះ ខ្ញុំអំពាវនាវឱ្យមន្ត្រីសុខាភិបាល/គ្រូពេទ្យរបស់យើង យកចិត្តទុកដាក់ទៅលើពាក្យសំដី (និង)ឥរិយាបថដែលប្រព្រឹត្តទៅលើអ្នកជំងឺ ដោយគ្មានការរើសអើងបែងចែក មិនថាមាន/ក្រ គឺជាជីវិតមួយដូចគ្នា ហើយអ្នកក្រយើងត្រូវតែយកចិត្តទុកដាក់ថែមទៀត ដោយសារតែគាត់ក្រហ្នឹងហើយបានគាត់មករកយើង។ គេនៅមានប្រាក់កាស គេទៅរកមន្ទីរពេទ្យក្រៅប្រទេស ឬទៅមន្ទីរពេទ្យណា ដូចជាសេវាឯកជន ប៉ុន្តែអ្នកដែលក្រីក្រនោះហើយ ដែលយើងត្រូវផ្តល់ការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំ (និង)ព្យាបាលចំពោះពួកគាត់ឱ្យអស់ពីលទ្ធភាព។ បើបញ្ហាហ្នឹងមិនត្រូវបានកែទេ បើទោះបីជាបំពាក់(ឧបករណ៍តម្លៃ)រាប់រយ (ឬ)រាប់ពាន់លានដុល្លារថែមទៀត វាក៏នៅតែមានពាក្យសំដីត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋ។
មន្ទីរពេទ្យទាំងរដ្ឋទាំងឯកជន ធ្វើសកម្មភាពឱ្យស្របនឹងសីលធម៌សង្គ្រោះជីវិតមនុស្ស
ទោះបីជាគ្រូពេទ្យក្នុងផ្នែករដ្ឋ/វិស័យឯកជន កុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនធ្វើជាធំ។ រឿងលុយ/កាក់ទុកក្រោយ។ ធ្វើម៉េចដោះស្រាយបញ្ហាការព្យាបាលឱ្យគាត់សិន កុំឃើញថាគាត់អត់មានប្រាក់ ត្រូវបញ្ជូនទៅឱ្យកន្លែងផ្សេង។ រឿងដណ្តើមគ្នានៅ(នឹង)កន្លែង អ្នកដែលអត់មានប្រាក់ ឱ្យទៅរកគេផ្សេង អ្នកដែលមានប្រាក់ដណ្តើមយកទុក។ ដល់ទៅសង្គ្រោះមិនបាន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ អញ្ចឹង សុំឱ្យគ្រប់មន្ទីរពេទ្យ ទាំងមន្ទីរពេទ្យរដ្ឋ ទាំងមន្ទីរពេទ្យឯកជន ត្រូវធ្វើសកម្មភាពឱ្យស្របនឹងសីលធម៌ ដើម្បីសង្គ្រោះជីវិតមនុស្សជាធំ មិនមែនបញ្ហាលុយកាក់ទេ។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើបាន ដោយយើងរៀនសូត្រជាគ្រូពេទ្យ យើងចង់សង្គ្រោះជីវិតមនុស្ស។ ធ្វើសម្ភាសន៍លើគ្រូពេទ្យ ១០០ នាក់ ចម្លើយចេញមកដូចគ្នា។ ខ្ញុំចង់សង្គ្រោះជីវិតមនុស្ស ទើបខ្ញុំចង់រៀនពេទ្យ។ សាកសួរលមើល? សួរក្រុមនិស្សិតដែលចង់បានចូលរៀនពេទ្យ ថាម៉េចចៅ/ក្មួយឯងចង់រៀនពេទ្យ? ថាខ្ញុំចង់ជួយជីវិតមនុស្ស។ ចុះពេលដែលយើងបានទៅជាគ្រូពេទ្យហើយ ម៉េចបានយើងមិនយកចិត្តទុកដាក់ទៅលើគោលដៅដើមរបស់យើង ដែលយើងចង់ជួយសង្គ្រោះជីវិតមនុស្ស? បែរជាយើងមើលប្រាក់ថ្លៃជាង ឬយើងប្រើឥរិយាបថមិនសមរម្យ។ ខ្ញុំនៅតែបន្តនិយាយ គ្រូពេទ្យកោសខ្យល់ មិនមែនការប្រមាថ ចំពោះគ្រូពេទ្យទេ ក៏ប៉ុន្តែ សម័យមុនយើងមានមណ្ឌលសុខភាពច្រើន ប៉ុន្តែអត់មានថ្នាំពេទ្យទេសម្រាប់ផ្តល់ឱ្យ។ អញ្ចឹង ជាគុណធម៌របស់គ្រូពេទ្យ។ ដល់គ្មានស្អីអញ្ចឹង គ្រូពេទ្យក្លាយទៅជាអ្នកកោសខ្យល់ឱ្យអ្នកជំងឺ។ ខ្ញុំនិយាយពាក្យ “គ្រូពេទ្យកោសខ្យល់” សំដៅទៅលើការយកចិត្តទុកដាក់ទៅលើអ្នកជំងឺ ដោយសារតែខ្លួនគ្មានមធ្យោបាយ។ អញ្ចឹង វិធីដែលនៅសេសសល់ គ្រូពេទ្យជនបទរបស់យើងកោសខ្យល់ឱ្យអ្នកជំងឺបណ្តោយ។
កំដរម្តាយក្មេកសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត ដោះស្រាយបានពីររឿង
រង្វង់ពីរអាទិត្យនេះ ខ្ញុំបានធ្វើកិច្ចការពីរដែរ ទី (១) យកបងប្អូនឥស្លាមម្នាក់នៅខេត្តព្រះសីហនុ ពេលហ្នឹងហ្នឹងបង្ហោះហ្វេសប៊ុកចេញទៅ ស្រាប់មានខម្មិនចូលមក ថា “សម្តេច ឪពុកខ្ញុំ គឺមានជំងឺរីកបេះដូង”។ ខ្ញុំឃើញខម្មិនហ្នឹងភ្លាម ខ្ញុំកំពុងនៅមន្ទីរពេទ្យកាល់ម៉ែតស្រាប់ ខ្ញុំប្រាប់ប្រធានមន្ទីរពេទ្យកាល់ម៉ែត ឈាង រ៉ា ថាឱ្យខម្មិនចូលទៅ ដើម្បីទៅយក។ ខ្ញុំក៏ឆ្លើយតបត្រឡប់ទៅវិញថា គ្រូពេទ្យនឹងទាក់ទងទៅយក។ អញ្ចឹង ពេទ្យនៅខេត្តព្រះសីហនុក៏ដឹកចេញមក។ ឡាននៅកាល់ម៉ែតក៏ចេញទៅ ដើម្បីជួបគ្នានៅម្តុំណាយកមក។ ពេលល្ងាចខ្ញុំទៅសួរសុខទុក្ខតែម្តង។
ទី (២) ស្រ្តីម្នាក់កំពុង(សម្រាកព្យាបាល)នៅមន្ទីរពេទ្យកាល់ម៉ែត ពោះឡើងធំប៉ុនណាប៉ុនណីទៅហើយៗជំងឺនោះអាចទៅដល់ការវះកាត់ ឬក៏ស្អីមិនដឹង។ ហើយ(តាម)ខ្ញុំដឹង នៅក្នុងសាលាវេជ្ជសាស្រ្តរបស់យើងនេះ បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ច្រើនណាស់ហើយ តាមរយៈក្រុមគ្រូពេទ្យរបស់សម្តេចតេជោ (គឺ)ក្រុម TYDA បានធ្វើសកម្មភាពច្រើនណាស់ហើយ ក្នុងសកម្មភាពមនុស្សធម៌។ តែមួយផ្នែកទៀត យើងបានហ្វឹកហាត់ជាក់ស្តែងជាមួយនឹងអ្នកជំងឺ ដែលកន្លងទៅនេះ យើងខិតខំឱ្យអ្នកជំងឺនានា ដើម្បីឱ្យគ្រូពេទ្យរបស់យើងទៅធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យមុននឹងចេញព្យាបាល។ ក្រៅពីនោះ មានក្រុមគ្រូពេទ្យរបស់យើងខ្លះក៏បានទៅធ្វើកម្មសិក្សាជាមួយប្រជាពលរដ្ឋ ជាមួយនឹងគ្រូពេទ្យជំនាញៗរបស់យើងផងដែរ។ អ្វីទាំងអស់យើងជួបប្រទះ យើងត្រូវឃើញស្ថានភាព និងទាំងអស់គ្នាត្រូវតែចងចាំ។
១០% នៃអ្នកឃ្លាតពីបន្ទាត់ក្រីក្រមិនខ្ពស់ពេក ជាគោលដៅយកចិត្តទុកដាក់ជួយសង្គ្រោះ
ឪពុកម្តាយរបស់ក្មួយៗ/ចៅៗ គ្មានអ្នកណាមួយកើតចេញពីអ្នកមានទេ អត់ទេ ជំនាន់ អាពត ចេញមក គឺក្រទាំងអស់គ្នាហ្នឹង។ ឥឡូវ យើងចាប់ផ្តើមមានលទ្ធភាពហើយ ប៉ុន្តែ យើងក៏នៅសេសសល់អ្នកក្រីក្ររបស់យើងប៉ុន្មានជា ១០%។ នោះហើយជាគោលដៅដែលយើងត្រូវយកចិត្តទុកដាក់។ ក្រៅពីអ្នកក្រីក្រ ឬអ្នកដែលនៅក្រោមបន្ទាត់ភាពក្រីក្រ ១០% គេហៅថា (អ្នកនៅក្នុង)គម្លាតពីខ្សែបន្ទាត់ភាពក្រីក្រមិនខ្ពស់ពេក អ្នកនោះហើយជាគោលដៅដែលយើងយកចិត្តទុកដាក់ ដែលខ្ញុំចង្អុលបង្ហាញអម្បាញ់មិញនេះ។ ស្ត្រីដែល(មាន)ភាពក្រីក្រត្រូវបានទទួលការពិនិត្យ និងផ្តល់ថវិកា ៤ ដង មុនពេលសម្រាល។ ពេលសម្រាល ត្រូវមកសម្រាលនៅមន្ទីរពេទ្យ ដោយគ្មានបង់ប្រាក់ ថែមទាំងយើងឱ្យលុយថែមទៀត។ បន្ទាប់ទៅ ៨ ដង មុនពេលកូនអាយុ ២ ឆ្នាំ។ នេះជាគោលនយោបាយថ្មីលើវិស័យសង្គម ដែលយើងអនុវត្ត។
គ្រូបង្រៀន/ពេទ្យ ពីរក្របខណ្ឌនេះមានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេ
សុំបញ្ជាក់ជូន មានតែក្របខណ្ឌពីរទេ ដែលមានប្រាក់ខែខ្ពស់ជាងគេ គឺក្របខណ្ឌពេទ្យ/គ្រូបង្រៀន។ ប្រាក់ខែដូចគ្នា (តែមានចំនួន)ច្រើនជាងទាហាន/ប៉ូលីស (និង)ច្រើនជាងក្របខណ្ឌអីផ្សេងទៀត ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា ទាហ៊ានក៏ដោយ ប៉ូលីសក៏ដោយ និងមន្ត្រីរាជការដទៃទៀត គឺមិនច្រណែនជាមួយគ្រូពេទ្យ/គ្រូបង្រៀនទេ ដោយសារតែអ្នកទាំងអស់(គ្នា)ត្រូវការគ្រូពេទ្យព្យាបាល ដូច្នេះ អត់ទៅច្រណែនជាមួយគ្រូពេទ្យទេ។ កូនចៅរបស់យើងត្រូវទៅរៀនសូត្រ ដូច្នេះ មិនច្រណែនជាមួយគ្រូបង្រៀនទេ។
គ្រូពេទ្យមានក្រមសីលធម៌ ទទួលបាននូវការស្រឡាញ់ពេញចិត្ត និងការរាប់អានពីប្រជាពលរដ្ឋ
ខ្ញុំនៅតែទទូចស្នើសុំឱ្យមានការយកចិត្តទុកដាក់។ អ្វីក៏ដោយ បើគ្មានសីលធម៌គ្រប់គ្រងទេ ច្បាស់ជាមិនអាចជោគជ័យបានទេ។ យើងនៅតែទទួលនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ហើយត្រូវដឹង អ្នកឈឺចិត្តងាយខឹងណាស់។ ខ្ញុំលើកពីរឿងខ្ញុំបន្តិចទៅចុះ។ បើខ្ញុំមិនប្រាប់គេ គេមិនដឹងថាខ្ញុំខូចភ្នែកម្ខាងទេ។ នៅពេលដែលខ្ញុំទៅពិនិត្យជំងឺនៅកន្លែងមួយចំនួន ដែលគេមិនបានដឹង ក្រៅពីគេយកអាប្រដាប់ឆ្លុះភ្នែកដើម្បីមើលភ្នែកយើង។ គេមកឆ្លុះអាភ្នែកកែវរបស់យើងដែរ។ មូលហេតុអី? បញ្ហាចេញពីឥរិយាបថរបស់យើង។ ពេលនោះ ខ្ញុំត្រូវទៅវះភ្នែកខ្ញុំដំបូង។ គ្រាប់ហ្នឹងវាត្រូវខាងក្នុង … មិនទៅត្រង់ទេ បើទៅត្រង់ គឺស្លាប់ហើយ។ នៅពេលដែលយើងថត ឃើញស្នាមកាត់មកចូលខាងក្រោមភ្នែក។ ឥឡូវ នៅគ្រាប់ ១ គ្រាប់ នៅខាងក្នុងទៀត ដែលយកមិនអស់។ ថតនៅសូវៀតឃើញ។ ក្រោយមកបាត់ ប៉ុន្តែ ក្រោយមកទៅថតនៅវៀតណាមឃើញទៀត។ អញ្ចឹង វាខូចទៅហើយភ្នែកហ្នឹង ក៏ប៉ុន្តែ យើងអត់បានវះភ្លាមៗទេ។ ដល់យើងមកកាន់មន្ទីរពេទ្យ វះមានពីរសណ្ឋាន។ សណ្ឋានទី (១) ថាវះហើយឆាប់ជា ប៉ុន្តែ នៅពេលដែលដាក់គ្រាប់ភ្នែកទៅ គ្រាប់ភ្នែកហ្នឹងអត់ក្រឡេកក្រឡាប់បានទេ។ បានសេចក្តីថា គេយកសាច់ដុំចេញអស់រលីងហើយ …។
សណ្ឋានទី (២) គេវះយកតែកែវភ្នែកចេញ គេទុកសាច់ដុំ។ អញ្ចឹង ពេលដែលយើងដាក់ភ្នែកទៅ អាភ្នែកយើងក្រឡេកក្រឡាប់បាន។ ហេតុអីបានខ្លះត្រូវទទួលការវះដោយយកទាំងសាច់ដុំចេញខ្លះទៀត ត្រូវទទួលការវះកាត់ដោយយកតែកែវភ្នែកចេញ ហើយទុកសាច់ដុំ? ពេទ្យក៏ពិនិត្យមើលចរិតមនុស្សដែរ។ ខ្លះធាក់គ្រូពេទ្យតាំងពីមិនទាន់វះតែម្តង។ គ្រូពេទ្យអត់មានជម្រើសទេ។ អ្នកទាំងអស់គ្នាអត់មានបញ្ហាភ្នែកអត់ដឹងថា ថាការវះភ្នែកវាយ៉ាងម៉េចទេ។ អ្នកជំងឹខ្លះ គាត់ធាក់គ្រូពេទ្យតាំងពីមុនគាត់វះ ឯអ្នកជំងឺខ្លះ គេហៅថាឥរិយាបថសមរម្យ។ និយាយអញ្ចឹងមិនមែនបានសេចក្តីថា អ្នកដែលវះភ្នែកឱ្យខ្ញុំមានមនោសញ្ចេតនាចង់យកខ្ញុំធ្វើជាប្តីនោះទេ។
ជំនាន់នោះ គេហៅថា នាយទាហានវ័យក្មេង។ ប្រុសស្អាតហ្នឹងគេដែរ។ មិនមែនប្រុសស្អាតអីទេ គ្រាន់ថាមើលអារូបខ្ញុំ ដែលខ្ញុំបង្ហោះហ្វេសប៊ុក ពីដើមភ្នែករបស់ខ្ញុំវាយ៉ាងម៉េច។ រឿងឥរិយាបថបង្ហាញចេញពីអ្នកជំងឺដែរ។ អញ្ចឹង អ្នកជំងឺខ្លះចិត្តច្រើនណាស់ ហើយអាវះដែលយកតែអាហ្នឹងចេញ ឈឺណាស់។ កាលពីសម័យនោះ ក្នុងមួយមន្ទីរពេទ្យមានគ្រាប់ភ្នែកតែ ៣ គ្រាប់ទេ។ ក្នុង ៣ គ្រាប់ហ្នឹង គ្រាប់ភ្នែកស្តាំមាន ២ គ្រាប់។ គ្រាប់ភ្នែកឆ្វេងមានតែមួយគ្រាប់។ អញ្ចឹង អាគ្រាប់ភ្នែកនោះ វាធំជាងភ្នែករបស់យើង។ តម្រូវឱ្យវះមួយសាទៀត ចៀរសាច់ភ្នែកមួយសាទៀត ដើម្បីដាក់គ្រាប់ភ្នែក។ លើកហ្នឹងហើយដែលខ្ញុំខ្លាចឈាមដល់ឥឡូវ។ ចាប់ផ្តើមចាក់ថ្នាំស្ពឹកលែងស្ពឹកហើយ។ ឈាមហូរចូលពេញត្រចៀក។ ពេលហ្នឹងមានភ្នែកឯណា? កាលនោះ ប្រើគ្រាប់ភ្នែកនៅវៀតណាម បន្ទាប់ទៅប្រើគ្រាប់ភ្នែកនៅសូវៀត ហើយចាប់តាំងពីឆ្នាំ ១៩៩០ មក ប្រើគ្រាប់ភ្នែកជប៉ុន។ អញ្ចឹង បានជាអ្នកខ្លះគេថា លោក ហ៊ុន សែន មានទស្សនៈវែងឆ្ងាយ ដោយសារប្រើគ្រាប់ភ្នែកជប៉ុន ព្រោះគ្រាប់ភ្នែកជប៉ុនមើលបានវែងឆ្ងាយ។ គ្រាប់ភ្នែកហ្នឹងពិតជាមានធានាគុណភាពរបស់គេមែន។ គ្រាប់ភ្នែកតែមួយគ្រាប់ ឱ្យប្រើ ២ ឆ្នាំ។ ជប៉ុនឱ្យប្រើតែ ២ ឆ្នាំទេ។ ឯខ្ញុំប្រើ ១២ ឆ្នាំ អត់ទាន់អី។ ទើបតែឆ្នាំ ២០១៧ ខ្ញុំធ្វើគ្រាប់ភ្នែកសាជាថ្មីម្តងទៀត ប៉ុន្តែធ្វើម្តងៗ ៤-៥ គ្រាប់។ ប៉ុន្តែ តាំងពីឆ្នាំ ២០១៧ មក វាត្រូវដល់អាយុវាហើយ ប៉ុន្តែ វាអត់មានបញ្ហាអី យើងអត់ត្រូវការដូរ។
ខ្ញុំចង់និយាយសំដៅថា អ្នកជំងឺ គឺត្រូវការថ្នាក់ថ្នមណាស់ ទោះបីជាយើងមិនទាន់បានព្យាបាលអ្វីឱ្យគាត់ ប៉ុន្តែ នៅការដែលយើងរាក់ទាក់ទទួលគាត់ អាចចាត់ទុកថា ជាការលើកទឹកចិត្តមួយ មិនត្រឹមតែសម្រាប់អ្នកជំងឺទេ គឺសម្រាប់បងប្អូន (និង/ឬ)ក្រុមគ្រួសារដទៃទៀត។ អ្វីដែលខ្ញុំចង់បាន គឺសីលធម៌របស់គ្រូពេទ្យ ហើយក្លាយទៅជាសីលធម៌ ដែលប្រជាជនយើងទទួលនូវការស្រលាញ់/ពេញចិត្ត (និង)ការរាប់អាន បើទោះបីជាជំងឺនេះព្យាបាលមិនជា ក៏បង្ហាញឱ្យគាត់(ឃើញ)ថា គាត់អស់ចិត្តហើយ ដោយសារគ្រូពេទ្យយកចិត្តទុកដាក់។
សមយុទ្ធកងទ័ព ដើម្បីសង្រ្គោះមហន្តរាយ រវាងកម្ពុជា និងវៀតណាម
ដោយសារកន្លងទៅខ្ញុំក៏និយាយច្រើនហើយ ទាក់ទិនរឿងនេះ/នោះ ប៉ុន្តែ មានបញ្ហាខ្លះជាបញ្ហាថ្មី ហើយនឹងកើតឡើងនៅពេលខាងមុខ ឥឡូវនេះ ក៏មានក្រុមដែលមិនយល់ការចាប់ផ្តើម (ហើយ)នឹងធ្វើការឃោសនានៅពេលខាងមុខ គឺសមយុទ្ធកងទ័ព ដើម្បីសង្រ្គោះមហន្តរាយរវាងកម្ពុជា និងវៀតណាម (ដែល)នឹងត្រូវធ្វើនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នៅសល់តែ ២ ថ្ងៃ ទៀតទេ។ ខ្ញុំសុំនិយាយត្រង់ចំណុចនេះបន្តិច ដើម្បីជូនជនរួមជាតិរបស់យើងបានជ្រាប។ ហេតុអីបានជាត្រូវកើតមានសមយុទ្ធកងទ័ព ដើម្បីសង្រោះមហន្តរាយឆ្លងកាត់ព្រំដែន? នេះជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំបានស្នើធ្វើរឿងនេះជាមួយវៀតណាម/ថៃ និងឡាវ។ ហេតុអីបានជាខ្ញុំត្រូវស្នើ? ខ្ញុំបានជួបប្រទះលើបញ្ហានេះច្រើនដងណាស់ហើយ។ ករណីឆ្នាំ ២០១១ នៅឯរតនៈគិរី។ ពេលនោះ ទឹកជំនន់វាយលុកនៅតំបន់ព្រំដែន (គឺនៅ)ទន្លេសេសាន។ ខ្ញុំត្រូវទូរស័ព្ទទៅដល់ហាណូយ ដើម្បីសុំអន្តរាគមន៍របស់កងទ័ពវៀតណាម (គឺ)យោធភូមិភាគទី ៥ … ហើយសហការណ៍ជាមួយយោធភូមិភាគទី ១ របស់កម្ពុជា ជម្លៀសប្រជាជនចេញពីទឹកជំនន់ឆ្លងកាត់ទៅវៀតណាមវិញ ព្រោះមិនអាចឆ្លងកាត់មកកម្ពុជាបានទេ ព្រោះទឹកជំនន់ហ្នឹង គឺវាគួចយកតែម្តង។ យើងត្រូវពឹងពាក់ទៅលើកងទ័ពវៀតណាមនៅខាងនោះ ដើម្បីយកប្រជាជនដូចជា ២០០ គ្រួសារ ចេញទៅនៅតំបន់(ទី)ទួលសុវត្ថិភាព និងខាងទឹកដីវៀតណាម។
បើនិយាយពីនៅតាមព្រំដែនកម្ពុជា-ថៃ ឧស្សាហ៍ណាស់ (រឿង)ភ្លើងឆេះព្រៃឆ្លងកាត់គ្នាទៅវិញទៅមក។ ហើយម្តុំបន្ទាយមានជ័យនេះ ឧស្សាហ៍ទឹកហូរធ្លាក់ពីថៃចូលមកខាងកម្ពុជា។ ប្រទេសជិតខាងយើងត្រូវមានសហប្រតិបត្តិការ ដើម្បីនឹងសង្រ្គោះមហន្តរាយ (និង/ឬ)គ្រប់គ្រងគ្រោះមហន្តរាយឆ្លងកាត់ព្រំដែន។ ឧទាហរណ៍៖ ភ្លើងឆេះព្រៃពីកម្ពុជាទៅ (ព្រោះ)ភ្លើងវាអត់ស្គាល់ព្រំដែនវៀតណាម/ព្រំដែនថៃទេ។ អញ្ចឹង យើងត្រូវតាមពន្លត់វា មិនដឹងថាព្រំដែននៅកន្លែងណាទេ។ ខាងណោះឆេះមក ក៏ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យវាឆេះរាលដាល ព្រោះយើងជាប្រទេសជិតខាងគ្នា។ ឥឡូវនេះ ចាប់ផ្តើមឃើញសញ្ញាហើយ ដែលប៉ុន្មានអាទិត្យមុននេះ មានរញ្ជួយផែនដីចន្លោះរវាងឡាវជាមួយនឹងថៃ។ អញ្ចឹង ឡាវនឹងថៃ ក៏ត្រូវធ្វើសកម្មភាពរួមគ្នាដែរ។ យើងប៉ាន់ស្មានមិនបានទេផ្នែកភូមិសាស្រ្ត។ យើងស្គាល់មិនអស់ទេ។ ស្រាប់តែរញ្ជួយផែនដីនៅតាមព្រំដែន អញ្ចឹងការសង្រ្គោះឆ្លងកាត់ព្រំដែននេះចៀសវាមិនរួចទេ។ នៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរីអី គេធ្វើកិច្ចការហ្នឹងរួមគ្នា។ នេះជាគំនិតផ្តួចផ្តើមរបស់ ហ៊ុន សែន តែម្តង។ ខ្ញុំចង់ការពារប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់។ កន្លែងណាដែលយើងអាចចូលទៅបាន (ដោយ)ខាងវៀតណាមគេនៅឆ្ងាយ ឯយើងនៅជិត យើងជួយ។ ឧទាហរណ៍៖ ភ្លើងឆេះព្រៃយើងតាមជួយ ដោយវៀតណាមគេមិនចោទថា យើងឈ្លានពានគេទេ។ ថៃគេមិនចោទថា យើងឈ្លានពានគេទេ។ ឡាវមិនចោទថា យើងឈ្លានពានគេទេ។ ប៉ុន្តែ កន្លែងណាភ្លើងឆេះព្រៃពីខាងណោះមក រាលដាលចូលមកយើង គេមកតាមជួយយើង ក៏មិនចោទថាគេឈ្លានពានដែរ។ នេះគឺបង្កើតការជឿទុកចិត្តគ្នា។
អនុវត្តគោលនយោបាយឈ្នះឈ្នះ (១) ប្រែក្លាយអតីតសមរភូមិជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ
ខ្ញុំសូមបញ្ជាក់ បន្ទាប់ពីការអនុវត្តន៍នយោបាយឈ្នះឈ្នះចប់ហើយ។ ខ្ញុំមានយុទ្ធសាស្រ្ត ឬហៅថា គោលដៅធំពីរសំខាន់ គោលដៅធំទី (១) គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ ដែលមកដល់ពេលនេះ យើងបានអនុវត្តន៍បានលើស ៩០% ហើយ។ ឯនៅសល់ប្រមាណជិត ១០%ទៀត គឺតំបន់ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងត្រូវបន្តការដោះស្រាយពីនេះដល់ឆ្នាំ ២០២៥។ ត្រូវធ្វើឱ្យប្រទេសរបស់យើងគ្មានគ្រាប់មីន។ តំបន់ទាំងនោះក្លាយទៅជាតំបន់ដែលអាចដាំដុះបាន។ អញ្ចឹង ពីតំបន់ដែលធ្លាប់វាយគ្នា ឥឡូវ ក្លាយទៅជាតំបន់ដែលមានការដាំដុះ ដែលមានទីផ្សារ។ ថ្ងៃទី ២៤ (ធ្នូ)ខាងមុខ ខ្ញុំទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម នៅដារ។ កន្លែងហ្នឹងជាកន្លែងដែលខ្ញុំវាយប្រហែលជា ២០ លើក។ វាយគ្នាជាមួយកងទ័ពវៀតណាមខាងត្បូង និងកងទ័ពអាមេរិក ដែលចូលឈ្លានពានទឹកដីរបស់យើង។ ខ្ញុំវាយប្រហែលជា ២០ ដងនៅកន្លែងនោះ នៅឆ្នាំ ១៩៧១ និងដើម ១៩៧២ នៅតាមដងផ្លូវជាតិលេខ ៧។ ឥឡូវ មិនមែនជាកន្លែងវាយគ្នាទេ តែជាទីផ្សារ។ តំបន់ដែលនៅក្បែរព្រំដែន ទាំងព្រំដែនវៀតណាម/ថៃ ឥឡូវសុទ្ធតែសម្បូរទៅដោយអគារខ្ពស់ៗ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស។
ពីដើមជាកន្លែងវាយគ្នា ឥឡូវ ក្លាយជាតំបន់ដាំដុះ
ឆ្នាំ ២០១៦ (ខ្ញុំ)ធ្វើដំណើរជាង ៥.០០០ គីឡូម៉ែត្រ ឆ្លងកាត់តំបន់អតីតសមរភូមិ ប៉ុន្តែក្លាយទៅជាតំបន់ដែលមានសុវត្ថិភាពបំផុត។ ខ្ញុំធ្វើដំណើរទៅប៉ៃលិន។ ខ្ញុំទៅដេកនៅបន្ទាយមានជ័យ។ ម៉ោងប្រមាណជា ៤ កន្លះ ខ្ញុំចេញដំណើរទៅភ្លឺនៅម៉ាឡៃឯណោះ។ ពីដើមកន្លែងនោះ (ជា)កន្លែងវាយគ្នាធំណាស់។ កន្លែងខ្លាងាប់អីគេនោះ តែឥឡូវផ្លូវកាត់តាមនោះ។ ហ្នឹងតំបន់វាយគ្នា។ ប៉ុន្តែ តំបន់ម៉ាឡៃ តំបន់កំរៀង ភ្នំព្រឹក្ស សំពៅលូន ប៉ៃលិន ឥឡូវ ក្លាយទៅជាតំបន់ដាំដុះ ហើយតំបន់នោះប្រើអគ្គិសនីដែលមានតម្លៃថោកទៀត។ ខ្ញុំទៅស៊ីគុយទាវនៅកន្លែងមួយនោះ សួរថាព្រំដែននៅឆ្ងាយទេ (គេ)ថានៅ ១៥០ ម៉ែត្រពីហាងគុយទាវហ្នឹង។ កាលពីដើមអត់បានទេ វាយគ្នានៅកន្លែងហ្នឹង។ (ឥឡូវ) ខ្ញុំដើរដាក់សាលាច្រើនណាស់។ គោលដៅទី (១) ជាគោលដៅដែលខ្ញុំសម្រេចបានជាង ៩០% ហើយ ដីធ្លីដែលធ្លាប់ជាកន្លែងវាយគ្នា ឥឡូវ ទៅជាតំបន់ដាំដុះរបស់ប្រជាពលរដ្ឋរបស់យើង។
ពីមុនរត់ចោលដី ឥឡូវ ដណ្ដើមដីគ្នា
ពីដើមរត់ចោលដីអស់រលីង បានឥឡូវខ្ញុំអត់យល់ទេ ប្ដឹងមកខ្ញុំ “សម្តេច! សូមជួយផង! ដីហ្នឹងខ្ញុំគ្រប់គ្រងតាំងពីឆ្នាំ ១៩៧៩”។ ដល់សួរដីនៅកន្លែងណា? នៅប៉ោយប៉ែត ក្នុងពេលដែលប៉ោយប៉ែតឆ្នាំ ១៩៧៩ ខ្ញុំឆ្លងកាត់ជាមួយសម្តេច ទៀ បាញ់ ឆ្លងកាត់តាមផ្លូវរទេះភ្លើងរាល់ថ្ងៃហ្នឹង ដើរកាត់តាម Rail ឆ្លងកាត់ទៅ ហើយ Prawit Wongsuvon ឧបនាយករដ្ឋមន្រ្តីថៃរាល់ថ្ងៃនេះ គាត់ពាក់សក្តិ ៥ នៅពេលនោះ គាត់ចាំទទួលយកទៅអារញ្ញប្រាថេត ហើយឡើងឧទ្ធាម្ភាគចក្រពីអារញ្ញប្រាថេតទៅបាងកក ដើម្បីពិភាក្សាជាមួយ Chatichai Choonhavan និងអគ្គបញ្ជាការកងទ័ពជើងគោក Chavalit Yongchaiyudh។ ដល់ទៅមកនិយាយថា អាហ្នឹងឆ្នាំ ១៩៨៩ ពីស៊ីសុផុនទៅសុទ្ធតែព្រៃត្រែងជុំវិញ ហើយខ្មែរក្រហមកៀបពីខាងម៉ាឡៃ, KPNLF និង FUNCINPEC កៀបពីខាងស្ដាំ … ក្រុម អៀង ម៉ូលី ពីខាងនេះ រួចហើយមកប្ដឹងខ្ញុំថា សម្តេចជួយផង។ ខ្ញុំគ្រប់គ្រងដីហ្នឹងតាំងពី ១៩៧៩។ ១៩៧៩ មានតែរត់ចោលដី។ ខ្ញុំសូមជម្រាប ពី ១៩៧៩-១៩៩០ បើយើងចង់ឱ្យប្រជាជនទៅស្ដារដី ១ ហិកតា ត្រូវឱ្យលុយគាត់ប៉ុន្មាន? ឥឡូវ មិនចាំបាច់ទេ ទៅកាប់យកបណ្ដោយ។ ទៅលួចកាប់យក។ ទាល់តែប្រើឧទ្ធាម្ភាគចក្រពីលើ ទើបដឹងថា គាត់កាប់ឈើ/ព្រៃ។
ឆ្នាំ ១៩៩៨ កម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងសំរេចបានការឯកភាពទឹកដី
ពេលវាយគ្នាចែកចេញជាតំបន់ត្រួតត្រាដល់ទៅ ៤ នោះ។ មួយភាគត្រួតត្រាដោយខ្មែរក្រហម។ មួយភាគដោយ KPNLF។ មួយភាគត្រួតត្រាដោយ FUNCINPEC។ ឯមួយភាគធំត្រួតត្រាដោយរដ្ឋាភិបាលភ្នំពេញ។ ប្រទេសមួយតំបន់ត្រួតត្រា ៤ ខ្ញុំបានសម្រេចនូវបំណងធំបំផុត បើគិតតាំងពីជំនាន់ពញាយ៉ាត(ឆ្នាំ) ១៤៧០ ប្លាយ តើកម្ពុជាដែលបានឯកភាពទឹកដីទេ? អត់ទេ។ គិតតាំងពីបារាំងចូលស្រុកខ្មែរជាង ១០០ ឆ្នាំ តើកម្ពុជាដែលឯកភាពទឹកដីទេ? តែងតែមានកម្ពុជាមួយ តំបន់ត្រួតត្រាច្រើន។ ទើបនឹងឆ្នាំ ១៩៩៨ ដែលកម្ពុជាមួយ (មាន)តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ សភាមួយ (រាជ)រដ្ឋាភិបាលមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។ យើងមើលកន្លែងហ្នឹង។ នយោបាយឈ្នះឈ្នះជាឱសថទិព្វ … ឥឡូវនៅសល់តែប៉ុន្មានថ្ងៃដល់ខួបលើកទី ២១ នៃការបញ្ចប់សង្គ្រាមទាំងស្រុង និងការឯកភាពទឹកដី។ ខ្ញុំយកពេលវេលាដែលប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តី ខៀវ សំផន, ប្រធានសភា នួន ជា និងគណៈរដ្ឋមន្រ្តីទាំងមូលរបស់ខ្មែរក្រហមមកចុះចូលដល់ផ្ទះរបស់ខ្ញុំ (ជាថ្ងៃសំរេចបានគោលនយោបាយនេះ)។ នៅលើពិភពលោក អត់ទាន់មានសង្គ្រាមណាមួយ ដែលបញ្ចប់តាមបែបកម្ពុជាទេ។ ដែលឃើញប្រទេសណាមួយ (ឬ)មេដឹកនាំឧទ្ទាមមកចុះចូលដល់ផ្ទះមេដឹកនាំរាជរដ្ឋាភិបាល? អត់ទេ។ មានតែសម្លាប់គ្នា មានតែចាប់ មានតែរត់គេចខ្លួនតែប៉ុណ្ណឹង។ ប៉ុន្តែ នៅកម្ពុជា(មាន)។
ខៀវ សំផន បើគាត់មិនបានជេរខ្ញុំ ៥ ដង ក្នុងមួយប្រជុំហ្នឹង គឺគាត់អត់សប្បាយចិត្តទេ។ អ្នកដែលជេរខ្ញុំសាហាវជាងគេ គឺ ខៀវ សំផន។ ចាប់ពីប្រជុំ ក្រដាសគាត់ គឺថា ដដែល … ខៀវ សំផន គាត់មានអត្ថបទតែមួយហ្នឹង។ គាត់អានអញ្ចឹង ជេរ ហ៊ុន សែន តែរហូតនៅហ្នឹង។ ទល់មុខគ្នានៅហ្នឹង។ ដល់ព្រះករុណាព្រះអង្គសួរថា ឯកឧត្តម ខៀវ សំផន មានយោបល់អីទៀត? គាត់ទាញអាហ្នឹងយកមកអានសាជាថ្មីទៀត។ បើមិនអានទាំងអស់ ក៏គាត់អានកន្លែងណាជេរខ្ញុំដែរ។ ទីចុងបំផុត ខៀវ សំផន បានមកទាំងខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូនទាំងចៅរបស់គាត់ មកទទួលទានអាហារនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅ ហើយខ្ញុំជំពាក់ត្រូវផ្ដល់ឱ្យគាត់ ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារដើម្បីកវែកកឆ្នាំង។ អ្វីដែលយើងបានត្រឡប់មកវិញគឺផែនដីទាំងមូល។
មុន ១៩៧០ ប្រទេសមួយ កម្លាំងប្រដាប់អាវុធ ៤ និងមនុស្ស ៥ ប្រភេទ ផ្សេងគ្នា
មិនចាំបាច់រាប់មុនឆ្នាំ ១៩៧០ ទេ មុនឆ្នាំ ១៩៧០ កម្លាំងប្រដាប់អាវុធ … ខ្មែរក្រហមក៏មានកម្លាំងប្រដាប់អាវុធ។ ខ្មែរខៀវក៏ប្រដាប់អាវុធ។ ខ្មែរសក៏ប្រដាប់អាវុធ។ ខ្មែររដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជារដ្ឋាភិបាលដែលមានប្រដាប់អាវុធ។ អញ្ចឹង មានប្រដាប់អាវុធ ៤ ក្រុមប្រឆាំងគ្នា ហើយមានមនុស្ស ៥ ប្រភេទ៖ ខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ខ្មែររដ្ឋាភិបាល និងខ្មែរស៊ីជម្ពូទៅទៀត។ ខ្មែរស៊ីជម្ពូច្រើនតែនៅក្របខណ្ឌពេទ្យ និងគ្រូបង្រៀន។ អារឿងហ្នឹងវាអញ្ចឹង។ ដល់ឆ្នាំ ១៩៧៥ ខ្មែរបែងចែកជាពីរ។ មួយតំបន់ដែល លន់ នល់ កាន់កាប់ និងមួយតំបន់ដែលរណសិរ្សរួបរួមជាតិកាន់កាប់ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ ១៩៧៥-៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ប៉ុន្តែ ទោះបីជា ប៉ុល ពត សាហាវឃោឃៅព្រៃផ្សៃយ៉ាងម៉េចក៏ដោយ ប៉ុល ពត មិនអាចគ្រប់គ្រងបានទឹកដីទាំងអស់ទេ។ ក្រុម ទៀ បាញ់ ធ្វើសកម្មភាពនៅកោះកុង និងនៅលើទឹកដីកម្ពុជាមួយចំនួនផង (និងនៅ)ទឹកដីថៃ។ ពួកខ្ញុំក៏ធ្វើសកម្មភាព។ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ក៏ធ្វើសកម្មភាព។ ឯកឧត្តម ប៊ុន មី និងឯកឧត្តម ប៊ូ ថង ក៏ធ្វើសកម្មភាព។ ដូច្នេះ នៅតែមានប្រដាប់អាវុធច្រើន។
១៩៧៩-៩៣ តំបន់ត្រួតត្រា និងកម្លាំងប្រដាប់អាវុធបួន
(ឆ្នាំ) ១៩៧៩-៩៣ តំបន់ត្រួតត្រាបួន និងកម្លាំងប្រដាប់អាវុធបួន។ ពី(ឆ្នាំ) ១៩៩៣-៩៨ ប្រទេសកម្ពុជាមួយ (មាន)តំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ។ ពីរក្រុមមកនៅរដ្ឋាភិបាលជាមួយគ្នា រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង FUNCINPEC មកនៅរដ្ឋាភិបាល។ ប៉ុន្តែ ខ្មែរក្រហមនៅគ្រប់គ្រងប៉ៃលិន និងតំបន់នៅតាមព្រំដែន ហើយយកអន្លង់វែងធ្វើជាទីក្រុង បោះលុយចាយទៀត មានវិទ្យុ មានរដ្ឋាភិបាល រួចហើយមិនមែនត្រឹមប៉ុណ្ណឹង មកត្រួតត្រាដល់ឱរ៉ាល់នេះ ហើយទៅដល់តាកែនកោះស្លា ទៅដល់ភ្នំវល្លិ៍ មិនមែនរឿងលេងសើចឯណា។
គោលនយោបាយបីចំណុច ធ្វើឱ្យខ្មែរឯកភាព
គោលនយោបាយបីចំណុច (ដែល)បោះចេញទៅធ្វើឱ្យខ្មែរ(រកបានការ)ឯកភាព(គ្នា)។ ទី (១) ធានាអាយុជីវិត និងរាងកាយ។ អត់មានប៉ះពាល់ ចាប់ចង ឬសម្លាប់។ ទី (២) ធានាអាជីព និងមុខរបរ។ ធ្វើទាហាន ឱ្យធ្វើទាហានវិញ ធ្វើអីឱ្យធ្វើនោះវិញ ហើយទុកទាំងកងពលឱ្យនៅនោះ។ ទី (៣) ធានាកម្មសិទ្ធិដែលគេមាន ទាំងចលនទ្រព្យ/អចលនទ្រព្យ។ ខ្ញុំសូមឆ្លៀតនិយាយកន្លែងហ្នឹងបន្តិច ពេលនោះ បងប្អូនមួយចំនួនបានមកសុំយោបល់ខ្ញុំថា … បង! … បើទុកកងទ័ពខ្មែរក្រហមនៅកន្លែងហ្នឹង គឺយើងត្រួតត្រាអត់បានទេ។ ទោះបីយើងដាក់កម្លាំងទៅប៉ុន្មាន ក៏យើងត្រួតត្រាមិនបានដែរ។ អញ្ចឹង យើងអាចយកបងប្អូនហ្នឹងខ្លះមកដាក់នៅខេត្តកណ្ដាល ខ្លះនៅតាកែវ ខ្លះនៅកំពត ខ្លះនៅស្វាយរៀង ខ្លះនៅព្រៃវែង។ បានខ្ញុំបញ្ជាក់ថា នេះជាការគិតខុស។ ទី (១) ខុសអំពីអ្វីដែលយើងបានសន្យា(ឱ្យ)គេ អំពីការទទួលស្គាល់កម្មសិទ្ធិរបស់ពួកគេលើដីធ្លី ផ្ទះសម្បែងនៅកន្លែងនោះ។ នេះជាការខុសទី (១)។ ក្នុងខុសទី (១) ហ្នឹង មានបញ្ហាការលំបាក សម្រាប់ផ្នែកខាងក្រោយ។ យើងដោះស្រាយដីធ្លីនៅកន្លែងណា? នៅខេត្តកណ្ដាល ឬព្រៃវែង កំពត តាកែវ ឬស្វាយរៀង ព្រៃវែង កំពង់ចាម តើដោះស្រាយដីឱ្យគេនៅកន្លែងណា ដើម្បីឱ្យគេនៅ? ហ្នឹងជាការខុសឆ្គងផ្នែកនយោបាយ ប៉ុន្តែ ផ្នែកយោធោ គឺគ្រោះថ្នាក់លើសនេះ។ ស្អី? បើសិនជាកើតសង្គ្រាមឡើងវិញ វាកើតឡើងតែនៅកន្លែងដដែល អត់លើសអត់ខ្វះ។ បើសិនជាពង្រាយកម្លាំងបែបនេះ បើកើតសង្គ្រាមមកវិញ គឺកើតពេញមួយប្រទេស។ ហ្នឹងដែលគ្រោះថ្នាក់។ ប៉ុល សារឿន កាលនោះស្ដាប់បានច្បាស់។ លោកអគ្គសេនាធិការ ទាំងអគ្គសេនាធិការ ទាំងសេនាធិការរង មាស សុភា អីហ្នឹង ទៅជាមួយគ្នាហ្នឹង។ ក្រុមហ្នឹង ៣ នាក់ កែ កឹមយ៉ាន, ប៉ុល សារឿន និង មាស សុភា។
អនុវត្តល្អនូវគោលនយោបាយបីចំណុច បូករួមនឹងវិនិយោគគំហុកចូលទៅតំបន់ទាំងនោះ
ឥឡូវ ជួយគិតគ្នាជាមួយខ្ញុំៗគិតត្រូវអត់រឿងហ្នឹង? ប៉ុន្តែ អ្វីដែលសំខាន់ គឺយើងអនុវត្តល្អ នូវចំណុចបីយ៉ាង បន្ថែមដោយវិនិយោគគំហុកចូលទៅក្នុងតំបន់នោះ។ សាលារៀនរាប់រយខ្នងបញ្ចូលទៅ មិនឱ្យចាញ់បង់នៅខាងនេះទេ។ តភ្ជាប់ភ្លាម។ វិស្វកម្មរបស់យើងលូនធ្វើផ្លូវ ដើម្បីតភ្ជាប់អន្លង់វែង។ ផ្លូវរបស់យើងមួយចំនួន ទោះបីមិនទាន់បានល្អ ក៏ប៉ុន្តែ (បាន)តភ្ជាប់។ ខ្ញុំនិយាយយ៉ាងច្បាស់ថា បើសិនគ្រាន់តែការធ្វើសមាហរណកម្ម ការតភ្ជាប់ខាងនយោបាយ និងរដ្ឋបាលទេ មិនគ្រប់គ្រាន់ទេ ត្រូវតភ្ជាប់រូបវ័ន្ត ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនទៅមករកគ្នា ហើយកុំឱ្យមានការខុសគ្នា។
បើទុក កែវ ពង្ស ខ្មែរក្រហមបាត់តែ កែវ ពង្ស ម្នាក់ តែបើ កែវ ពង្ស អនុវត្តន៍ យើងបានតំបន់ឱរ៉ាល់
ដំបូងខ្ញុំព្រួយបារម្ភពីការសងសឹក អាចថា ប្រជាពលរដ្ឋមួយចំនួនមើលឃើញបងប្អូននេះធ្លាប់កាប់សម្លាប់ អញ្ចឹង សុំមានការសងសឹកអីអញ្ចេះអញ្ចុះ។ ប៉ុន្តែ ទីចុងបំផុតយើងស្ងប់ចិត្តបាន។ ករណី កែវ ពង្ស ក៏ដូចគ្នា កាន់តែច្បាស់ករណី កែវ ពង្ស។ កែវ ពង្ស ចូលមកភ្នំពេញហើយ។ យើងឱ្យ កែវ ពង្ស ត្រឡប់ទៅវិញ។បងប្អូនមួយចំនួនថា ចុះបើ កែវ ពង្ស អត់មកវិញ ក្បត់ហ្នឹងយើង តើយ៉ាងម៉េច? ខ្ញុំបានឆ្លើយតបថា អត់លើស/ខ្វះ បើ កែវ ពង្ស អត់អនុវត្ត គឺខ្មែរក្រហមក៏អត់មានកន្លែងអីលើស/ខ្វះអីដែរ។ យើងក៏មិនចំណេញ គេក៏អត់ចំណេញ។ ប៉ុន្តែ បើយើងទុក កែវ ពង្ស ខ្មែរក្រហមបាត់តែ កែវ ពង្ស មួយទេ ហើយក៏គ្មានអ្នកណាមកផ្តាច់ខ្លួនចុះចូលជាមួយយើងទៀតទេ។ អ្នកណាជឿទៀត? ប៉ុន្តែ បើ កែវ ពង្ស អនុវត្ត យើងយកបានតំបន់ឱរ៉ាល់ទាំងមូល (គឺ)បានមែន(នៅ)ដើមឆ្នាំ(ក្នុងអំឡុង)ខែ មករា (ឬ)កុម្ភៈ កាលនោះខែរងាផង ខ្ញុំទៅធ្វើសមាហរណកម្ម(នៅទីនោះ)។ ខ្ញុំនិយាយអាហ្នឹងបន្តិច ប៉ុន្តែ ខ្ញុំទើបនឹងនិយាយអំពីគោលដៅ ទី ១ អំពីប្រែក្លាយតំបន់អតីតសមរភូមិ (ឱ្យ)ក្លាយទៅជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ។
អនុវត្តគោលនយោបាយឈ្នះឈ្នះ (២) បង្កើតព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
ប៉ុន្តែ គោលដៅទី ២ គឺស្អី? ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជាអ្វីដែលខ្ញុំចង់បាន។ ប្រទេសដែលមានការរីកលូតលាស់ ទី (១) ស្ថិរភាពផ្ទៃក្នុងល្អ ទី (២) ទំនាក់ទំនងជិតខាងល្អ។ បើមិនអញ្ចឹងទេ ទាហានរបស់យើងនៅតែត្រៀមនៅតាមទល់ដែន។ អញ្ចឹងទេ ការផ្គត់ផ្គង់ហិរញ្ញវត្ថុ ឬក៏ស្អីៗ (វាមានការ)ពិបាក។ ឥឡូវនេះ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងថៃ ជិត ៧ ពាន់លាន(ដុល្លារ)។ ទំហំពាណិជ្ជកម្មរវាងយើងជាមួយនឹងវៀតណាម ប្រមាណជា ៥ ពាន់លាន(ដុល្លារ) អាហ្នឹងបានមកពីអី? បានមកពីព្រំដែនសន្តិភាព (និង)ទំនាក់ទំនងជិតខាងល្អនោះហើយ។ អញ្ចឹង ខ្ញុំសម្រេចគោលដៅពីរនោះ។ អញ្ចឹងទេ បានជាយើងឈានទៅដល់ការធ្វើ សមយុទ្ធឆ្លងដែន។
តែងបានស្នើសុំប្រទេសជិតខាង អនុញ្ញាតឱ្យពលរដ្ឋកម្ពុជាឆ្លងកាត់ទៅរកសេវាសុខាភិបាល
ផ្នែកវិស័យសុខាភិបាល ខ្ញុំមិនដែលអាក់ខានជាមួយនឹងការស្នើសុំជាមួយប្រទេសជិតខាង ដើម្បីឱ្យប្រជាពលរដ្ឋយើងអាចឆ្លងកាត់ទៅរកសេវាសុខាភិបាលនៅម្ខាងទៀត។ យើងពិនិត្យមើលអញ្ចេះទៅ យើងពិនិត្យ ទៅព្រំដែនវៀតណាម (នៅឯ)តំបន់មួយទៅចុះ (គឺ)នៅ(ស្រុក)កំពង់់រោទិ៍ ខេត្តស្វាយរៀង បើអ្នកជំងឺនេះ ត្រូវយកមក(ព្យាបាល)នៅ(ទីរួម)ខេត្ត យើងត្រូវធ្វើដំណើរប្រមាណ ២០ គីឡូ(ម៉ែត្រ)ជាង។ ប៉ុន្តែ បើយើងឆ្លងទៅខាងវៀតណាម (ធ្វើដំណើរ)ត្រឹមតែប៉ុន្មានរយម៉ែត្រ មានសេវាសុខាភិបាលនៅកន្លែងនោះហើយស្រេច។ ហេតុអីបានយើងមិនសហប្រតិបត្តិការ(ជាមួយ)គ្នា? ឧទាហរណ៍៖ ស្ត្រីម្នាក់ឆ្លងទន្លេមិនរួច ត្រូវធ្វើការវះកាត់ បើយើងដឹកមកមន្ទីរពេទ្យយើងនៅស្វាយរៀងមានចម្ងាយឆ្ងាយជាង។ បើយើងដឹកឆ្លងកាត់ទៅខាងវៀតណាម (យើងត្រូវធ្វើដំណើរ)ត្រឹមតែប៉ុន្មានរយម៉ែត្រ (គឺ)វាជិតជាង។ ងាកទៅខាងព្រំដែនជាមួយថៃ យើងថាតំបន់អូរស្មាច់ទៅចុះ បើយើងដឹកមកមន្ទីរពេទ្យនៅសៀមរាបគឺឆ្ងាយណាស់ ប៉ុន្តែបើយើងឆ្លងទៅត្រើយម្ខាងទៀត គឺវាជិតជាង។ ហ្នឹងយើងត្រូវផ្តល់នូវកិច្ចសហប្រតិបត្តិការ។ សេវា(ចាក់)វាក់សាំង ឬការព្យាបាលមួយចំនួន គឺយើងត្រូវពឹងផ្អែកអាស្រ័យគ្នា។ ឡាវពឹងសេវាខាងសុខាភិបាល(កម្ពុជា) បើនៅកៀកខាងកម្ពុជា។ កម្ពុជាពឹងឡាវទៅខាងសេវាសុខាភិបាលនៅខាងនោះ។ រឿងនេះជារឿងសម្រួលឱ្យប្រជាជនទល់ដែន។
ប្រជាជនទល់ដែនកាលពីដើម ជាប្រជាជនដែលមានការភ័យខ្លាច
ប្រជាជនទល់ដែនកាលពីដើម គឺជាប្រជាជនដែលមានការភ័យខ្លាច។ ក្រីក្រហើយថែមទាំងភ័យខ្លាចទៅទៀត។ យើងមើលកុនចិន ក្នុងហ្នឹងមានកុន ប៉ាវចិន “តុលាការមុខដែក” បើមិនកាត់ទោសប្រហារជីវិតទេ កាត់ទោសនិរទេសឱ្យទៅនៅទល់ដែន។ ឱ្យតែអ្នកទោស គេបញ្ជូនឱ្យទៅនៅទល់ដែន។ សម្រាប់យើង អ្នកដែលនៅជិតទល់ដែន យើងគ្រាន់តែឃើញព្រឹត្តិការណ៍ឆ្នាំ ២០០៨-២០១១ នៅតាមព្រំដែន តើយើងត្រូវជម្លៀសប្រជាជនបែបណា នៅពេលដែលមានការផ្ទុះអាវុធ នៅតាមព្រំដែនកាលពីពេលនោះ? កុំឱ្យរឿងនោះវាកើត (ឡើងវិញ។ អញ្ចឹងហើយបានជា)ខិតខំអត់ធ្មត់ដោះស្រាយជាមួយគ្នា បង្កើតនូវព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ហើយជួយគ្រប់គ្រងគ្នា ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការកាប់ឈើខុសច្បាប់់ និងឈានរហូតទៅដល់សហប្រតិបត្តិការសង្គ្រោះមហន្តរាយតាមព្រំដែន ដែលយើងជាមួយវៀតណាមចាប់ផ្តើមធ្វើនៅពេលខាងមុខ។
២១ ឆ្នាំ នៃការឯកភាពជាតិ/ទឹកដី សេដ្ឋកិច្ចមានកំណើនជាមធ្យម ៧.៧% និងឆ្លងផុតបង្គោលចរ
ខ្ញុំហាក់ដូចជានិយាយច្រើនបន្តិចហើយ ក៏ប៉ុន្តែ យូរៗរំលឹកម្តងក៏វាអត់ខាតពេលដែរ ហើយអ្នកដែលហត់ មិនមែនអ្នកអង្គុយស្តាប់ទេ អ្នកដែលហត់ខ្ញុំជាអ្នកនិយាយទេតើ ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀត វាដល់ខួប ២១ ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ហើយយើងទើបនឹងឯកភាពជាតិ/ទឹកដីរយៈពេល ២១ ឆ្នាំនេះ ហើយ ២១ ឆ្នាំ ហ្នឹងហើយ ដែលផ្តល់ឱកាសឱ្យយើងមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧% ហើយជាឱកាសដែលយើងឆ្លងផុតនូវបង្គោលចរ ពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ បើអត់មានសន្តិភាពទេ តើកោះពេជ្រហ្នឹងវាមានអគារខ្ពស់ៗអញ្ចឹងទេ? កាលពីមុនអគារកម្ពស់ ៧ ជាន់ មានតែមួយគត់។ សណ្ឋាគារហ្នឹងជារបស់សម្តេច ចៅសែន កុសល។ ឥឡូវនេះ គ្រាន់តែនៅភ្នំពេញមិនដឹងប៉ុន្មាន? គ្រាន់តែចាប់អា ៧ ជាន់ ឡើងលើប៉ុន្មានទៅ? ៧០០ (អគារ)ជាង។ ប្រយ័ត្នតិចជាងក្រុងកំពង់សោមៗ ប្រហែលជាជាង ៩០០ (អគារ)។ កំពង់សោមអគារសម្បើមណាស់។ សួរថា វាកើតបានទេ បើវាអត់សន្តិភាព?
គ្មានសន្តិភាព ធ្វើអីអត់កើតទេ
ខ្ញុំនៅតែសង្កត់ធ្ងន់អារឿងសន្តិភាព អ្នកឯងចង់និយាយពីអីនិយាយទៅចុះ តែអត់សន្តិភាពធ្វើអីអត់កើតទេ មានតែបំផ្លាញអគារ ដែលកសាងហើយ។ ឥឡូវ មើលចុះ “ក្រុង ១.០០១ យប់” គឺក្រុងបាដាដ ដែលជាទីក្រុងដែលមានវ័យចំណាស់ទៅជាស្អីហើយ? ទីក្រុងទាំងអស់ខ្ទេចខ្ទាំ។ នៅស៊ីរី ខ្ទេចយកតែមែនទែន។ ប្រទេសយើងក៏ធ្លាប់ខ្ទេចម្តងហើយតើ ដែលពុទ្ធទំនាយថា ហើយយើងអត់ជឿ។ ទីចុងបំផុតវាកើត “មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ” ចាស់ៗនិយាយយូរហើយ តែយើងអត់ជឿ។ ស្រាប់តែវាកើតឡើងក្នុងជំនាន់ ប៉ុល ពត។ កោតតែគាត់អាចព្យាករទៅរួច? ជារឿងមួយដែលយើងគួរតែចងចាំសម្បើមណាស់។ មួយចម្អិនកំពិសអីវាកើតរួចហើយ។ ឈាមដាបពោះដំរីក៏វាកើតរួចដែរ។ មួយចម្អិនកំពិស ផ្ទុះអាវុធ ថ្ងៃទី ៥-៦ កក្កដា។ ដល់ឈាមដាបពោះដំរី រត់ជាន់គ្នានៅកោះពេជ្រយើងនេះ។ (ជារឿង)មិនគួរកើត ស្រាប់(តែ)វាកើត។ ឥឡូវ វាអស់រឿងមួយចម្អិនកំពិស ឈាមដាបពោះដំរីអីហើយ។ ប៉ុន្តែ កុំឱ្យបញ្ជូនសារមកចាប់ ហ៊ុន សែន (គឺ)អត់ទេ កុំលេងសារបែបហ្នឹង។
ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋរបស់ គំនិតផ្តួចផ្តើមរបស់ខ្ញុំ គឺចង់ឱ្យមានសមយុទ្ធឆ្លងកាត់ទល់ដែននេះ យើងអាចឆ្លងទៅគេបាន គេអាចឆ្លងមកយើងបាន ដោយចាត់ទុកថា នេះជាកិច្ចសហប្រតិបត្តិការសង្គ្រោះ។ ប្រតិបត្តិការបែបអស់ទាំងនេះ ជួនកាលមិនមែនប្រតិបត្តិការជាមួយប្រទេសជិតខាងទេ (តែជា)ប្រតិបត្តិការដោយមានពហុជាតិសាសន៍ចូលមកជួយផង។ យើងមើលនៅប្រទេសហៃទី មានទាំងកងទ័ព ប្រទេសអាមេរិក កងទ័ពប្រទេសនេះ/នោះ ដើម្បីទៅជួយ។ ប្រតិបត្តិការនៅប្រទេសមីយ៉ាន់មា គឺទាំងកងទ័ពអាមេរិក កងទ័ពជប៉ុនស្អីៗ គេដឹកឥវ៉ាន់មកចូលទាំងក្នុងដែនទឹក/គោក ដើម្បីជួយ។ ហ្នឹងជាការសង្គ្រោះជួយគ្នាពហុជាតិសាសន៍។ (សមយុទ្ធ)ជាមួយអាមេរិកក៏ធ្លាប់ធ្វើ អាមេរិកនាំទាំងឧទ្ធម្ភាគចក្រនាំទាំងស្អីៗមក។ (សមយុទ្ធ)ជាមួយចិនក៏ធ្លាប់ធ្វើ។ ជាមួយប្រទេសមួយចំនួន(ទៀត)ក៏ធ្លាប់ធ្វើ។ ហេតុអីបានជាយើងមិនអាចធ្វើជាមួយប្រទេសជិតខាងបាន ដែលមានតម្រូវការងាយស្រួលទៅវិញ/មក? ឧទាហរណ៍៖ ភ្លើងចេះព្រៃ ដើម្បីទប់ស្កាត់ការរីករាលដាល គឺត្រូវមានអន្តរាគមន៍ពីខាងយើងផង (និង)ពី ខាងដៃគូភាគីផង ដែលនៅជិតខាងយើង ដើម្បីស្រោចស្រង់សភាពការណ៍សិន។ ព្រំដែនយើងនៅតែជាព្រំដែន តែនេះគ្រាន់តែជាប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហា កុំឱ្យមានការភាន់ច្រឡំថា វៀតណាមឈ្លានពាន ឬក៏ថៃឈ្លានពាន ឬក៏ឡាវឈ្លានពាន។ កុំឱ្យមានបញ្ហាហ្នឹង។
នាយករដ្ឋមន្ត្រីក្មេង/ចាស់ជាងគេ មានជាងគេ កាន់តំណែងតិចជាងគេ/យូរជាងគេ អ្នកចាំយូរជាងគេ
ថ្ងៃមុនឃើញគេយកមនុស្ស ៦ រូប មកធ្វើការប្រៀបធៀប ដើម្បីធ្វើការកត់សម្គាល់ ទី ១ នាយករដ្ឋមន្ត្រីហ្វាំងឡង់ស្រី នៅក្នុងដំណែងដែលក្មេងជាងគេ គឺអាយុ ៣៤ ឆ្នាំ។ ប៉ុន្តែ បើនិយាយពីចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើពីភពលោក គឺខ្ញុំៗចូលធ្វើនាយករដ្ឋមន្ត្រីអាយុ ៣២ ឆ្នាំ។ ថ្ងៃទី ១៤ មករា ឆ្នាំ(២០២០)ក្រោយនេះ ជាខួបលើកទី ៣៥ ឆ្នាំ នៃការកាន់ដំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែ ពេលចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៣២ ឆ្នាំទេ (អាយុ) ២៧ ឆ្នាំ ធ្វើជារដ្ឋមន្ត្រី(ក្រសួង)ការបរទេស (អាយុ) ២៩ ឆ្នាំ ធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី(ក្រសួង)ការបរទេស (និងអាយុ) ៣២ ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រី។ ប៉ុន្តែ បើគិតនៅពេលនេះ (នាយករដ្ឋមន្ត្រីហ្វាំងឡង់)គាត់អាយុតិចជាងគេ (អាយុ) ៣៤ ឆ្នាំ។ នាយករដ្ឋមន្ត្រី ដែលចាស់ជាងគេ គឺ Mahathir (Bin Mohamad) នៅម៉ាឡេស៊ី (អាយុ) ៩៤ ឆ្នាំ។ នាយករដ្ឋមន្ត្រី ដែលមានជាងគេ គឺអតីតនាករដ្ឋមន្ត្រីអ៊ីតាលី មានលុយជាង ១១ ពាន់លាន(ដុល្លារ)។ នាយករដ្ឋមន្ត្រី ដែលធ្វើបានតិចជាងគេ គឺអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលកាន់ដំណែងបានតែ ៧ ថ្ងៃ។ ដល់លោក ហ៊ុន សែន កំពុងកាន់ដំណែង ដែលយូរជាងគេ។ ដល់មនុស្សទី ៦ គឺ Anwar Ibrahim នៅម៉ាឡេស៊ី ដែលរង់ចាំធ្វើនាយករដ្ឋមន្រ្តីយូរជាងគេ។ ឥឡូវ គាត់អាចនឹងទទួលតំណពីនាយករដ្ឋមន្ត្រី Mahathir (Bin Mohamad) ប៉ុន្តែ មិនដឹងពេលណានាយករដ្ឋមន្ត្រី Mahathir (Bin Mohamad) គាត់ផ្ទេរដំណែងហ្នឹងឱ្យទៅ Anwar Ibrahim។ ប្រពន្ធរបស់គាត់កំពុងធ្វើជាឧបនាយករដ្ឋមន្ត្រី។ នេះរូបថត ៦ នាក់ គេដាក់ចេញមក។ អ្នកក្មេង/ចាស់ជាងគេ អ្នកមានលុយជាងគេ អ្នកធ្វើបានតិចជាងគេ អ្នកធ្វើបានយូរជាងគេ អ្នកចាំយូរជាងគេ។
អំណោយកំដរដៃ
ថ្ងៃនេះ ខ្ញុំបានពាំនាំមក សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ២ ៥៨៨ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ២ ១៩៧ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ថវិកា ៥ លានរៀល។ ជាមួយនឹងការកោតសរសើរចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏ដូចជាកោតសរសើរ ចំពោះសាស្ត្រាចារ្យ បុគ្គលិក ថ្នាក់ដឹកនាំ ជាមួយនឹងការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ (នូវ)គម្រប់កម្រិត/ផ្នែក និងក្រុមគ្រួសារដែលមកចូលរួមអបអរសាទរចំពោះក្រុមគ្រួសារមកទទួលសញ្ញាបត្រ ខ្ញុំសូមប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុៈ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕