សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវ ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារ ក្នុងខេត្តព្រះសីហនុ

CNV:

ចាប់ផ្តើមនូវសករាជថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពបងប្អូនជនរួមជាតិជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលយើងចាប់ផ្តើមនូវសករាជថ្មី ទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ អម្បាញ់មិញ ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងការអភិវឌ្ឍគម្រោងនេះ ក៏ដូចជាលក្ខណៈបច្ចេកទេសមួយចំនួន … ហេតុអ្វីបានជាយើងត្រូវចាប់ផ្តើមនៅពេលនេះ? ប្រហែលប្រជាជននៅខេត្តព្រះសីហនុរបស់យើងនៅចាំបានសោកនាដកម្មរលំអគារ ៩ ជាន់។ ពេលនោះ ខ្ញុំបានចេញដំណើរ(ទៅក្រុងបាងកក) ក្រោយពេលរលំប្រមាណជា ៣ ម៉ោង។ ខ្ញុំមិនអាចបញ្ឈប់ការធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីការចូលរួមប្រជុំអាស៊ានបានទេ ប៉ុន្តែពីទីក្រុងបាងកក ខ្ញុំបានទទួលនូវរបាយការណ៍ជាប់ជានិច្ចពីក្រុងព្រះសីហនុ អំពីប្រតិបត្តិការសង្គ្រោះ ហើយក៏បានផ្តល់បទបញ្ជាដែលតាមរយៈពេលចន្លោះនៃការប្រជុំម្តងៗ ​និងក្នុងពេលយប់មកកាន់ទីនេះ រាប់ទាំងថវិកាសម្រាប់ជួយទៅដល់បងប្អូនដែលស្លាប់ និងរបួសផងដែរ។

អារម្មណ៍មិនអស់ចិត្ត ឬវិញ្ញាណពិសេស សង្គ្រោះបានជីវិតពីរចុងក្រោយ

ប៉ុន្តែ រឿងដែលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលខ្ញុំធ្វើដំណើរត្រឡប់មកវិញ ចុះតែពីលើយន្តហោះ ហៀបនឹងឡើងឡានធ្វើដំណើរទៅផ្ទះ ហាក់ដូចជាលឺសម្លេងស្រែកឱ្យជួយតែម្តង។ ខ្ញុំមិនដឹងថាវាជាវិញ្ញាណទីប៉ុន្មាន​សម្រាប់ខ្ញុំទេ? បន្ទាប់ពីទៅដល់ផ្ទះ និងចុះហត្ថលេខាលើឯកសារមួយចំនួន ខ្ញុំក៏បានងូតទឹក និងទទួលទានបាយ។ សម្លេងស្រែកនោះ នៅមិនផុតពីត្រចៀករបស់ខ្ញុំនៅឡើយទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តភ្លាមៗ ដោយមិនបានប្រាប់អ្នកណាទាំងអស់ ធ្វើដំណើរចេញពីទីក្រុងភ្នំពេញមកកាន់ទីក្រុងព្រះសីហនុតែម្តង។ ខ្ញុំបានបង្ហោះហ្វេសប៊ុកនៅលើរថយន្ត ហើយក៏បានមានមន្ត្រីយើងមួយចំនួនដូចជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានធ្វើដំណើរមកតាមពីក្រោយ។ អ្វីដែលចម្លែកគឺ នៅពេលដែលខ្ញុំបានមកដល់ ខ្ញុំបានចង្អុលទៅចំកន្លែងមនុស្ស ២ នាក់​ ទាំងអស់ ៤នាក់ ប៉ុន្តែយើងសង្គ្រោះចុងក្រោយបាន ២ នាក់។ សម្លេងស្រែកនោះ ហាក់ដូចជាវិញ្ញាណសម្រាប់រូបខ្ញុំ។

តាមពិតអ្នកបច្ចេកទេសមួយចំនួនគេថាស្លាប់អស់ហើយ ប៉ុន្តែសម្រាប់ខ្ញុំគិតថា មិនទាន់គ្រប់ ៧២ ម៉ោង គឺនៅមានលទ្ធភាពប្រសិនបើមានកន្លែងដែលបាក់ទៅហើយ អាចនឹងគេថាមិនបាក់ដល់ដីអាចនៅមានប្រ​ឡោះ​(ដែលអាចមានមនុស្សនៅ)រស់។ ហើយរឿងវាចៃដន្យទៀត … គ្រាន់តែឈានជើងចុះដល់ដីគឺ គេផ្សាយប្រាប់ថានៅរស់​ពីរនាក់។ បន្ទាប់ពីសង្គ្រោះបានមនុស្ស ២ នាក់នេះ សម្លេងនៅក្នុងត្រចៀករបស់ខ្ញុំគឺ ត្រូវបាត់តែម្តង។ (ដោយសារហេតុនេះ) មានឪពុកមកទទួលយកសព ប៉ុន្តែបែរជាទទួលកូនរស់ត្រឡប់ទៅវិញ ក្នុងពេលដែលម្តាយធ្វើរោងបុណ្យនៅឯស្រុក។

ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវការកសាងឡើងវិញ

នេះគ្រាន់តែជារឿងទាក់ទិនជាមួយនឹងអ្វីដែលបានកើតឡើងក្នុងគ្រានោះ។ អ្វីដែលសំខាន់ ខ្ញុំបានសង្កេតឃើញថា​ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុប្រើប្រាស់លែងកើតហើយ។ ចាំបាច់ត្រូវកសាងឡើងវិញ​។ យើងមើលទៅលើ ឃើញអគារស្អាតណាស់ ប៉ុន្តែងាកមកខាងក្រោយ គឺនៅក្នុងភក់។ ល្អ/ភ្លឺតែខាងលើ អគារទាំងឡាយតុបតែងភ្លើងនៅខាងលើល្អទាំងអស់ ក៏ប៉ុន្តែងាកខាងក្រោម គឺដើរក្នុងភក់ ជិះម៉ូតូក្នុងភក់ បើកឡានក្នុងភក់។ បើយើងបន្តជួសជុលតាមបែបនេះទៅទៀតគឺមិនរួចទេ។ ដូច្នេះហើយ បានជាចាប់ផ្តើមឱ្យមានការសិក្សាជាបណ្តើរៗ។

យុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្ករត្នោត អភិវឌ្ឍខេត្តព្រះសីហនុ

… ថ្ងៃមួយ ឯកឧត្តម ជា សុផារ៉ា បានទៅផ្ទះរបស់ខ្ញុំ។ ពេលនោះយើងក៏បានសិក្សាមួយដំណាក់ហើយ តើយើងត្រូវចំណាយប៉ុន្មាន? ខ្ញុំបានទូរស័ព្ទ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន តើអាចបញ្ចេញប្រាក់សន្សំរបស់យើង ​ក្នុង ១០០ លានដុល្លារទៅមុនដើម្បីកសាងផ្លូវជាអាទិភាពមួយចំនួន​។ បន្ថែមលើនោះយើងត្រូវអនុ​វត្តវិធីសាស្ត្រ​បែបទៅក្រុងភ្នំពេញ គឺយកស្លឹកត្នោតខ្ចប់ស្ករត្នោតតែម្តង ដោយប្រើប្រាស់ធនធានដែលមាននៅក្នុង ខេត្តព្រះសីហនុ ដូចជាដីធ្លីខ្លះយើងអាចលក់ ហើយយកប្រាក់នោះដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ខេត្តព្រះសីហនុ នេះតែម្តង។ អញ្ចឹងបានកើតឡើងនូវការប្រមូលផ្តុំនូវគំនិតប្រាជ្ញាទាំងអស់ ប្រគល់ការងារ ទាក់ទងនឹងការរកថវិកាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមន្នីរ័ត្ន ផ្នែកបច្ចេកទេសគឺប្រគល់ឱ្យ ឯកឧត្តម ជា សុផារ៉ា ដែលចូលរួមដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកឧត្តម ទេសរដ្ឋមន្ត្រី ទេសចរណ៍ ថោង ខុន, ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សាយ សំអាល់ ដែលចុះមកខេត្តនេះ។

ផ្លូវ ៣៤ ប្រវែង ៨៤ គីឡូម៉ែត្រ ត្រូវចំណាយទុន ២៩៤ លានដុល្លារសហរដ្ឋ

យើងក៏ចាប់ផ្តើមរៀបចំ។ ឥឡូវនេះមិនមែនជាដំណាក់កាលរៀបចំទេ គឺជាដំណាក់កាលនៃការអនុវត្តហើយ ដោយសារក្រុមហ៊ុនទាំង ៨ ដែលត្រូវសាងសង់ បានចុះមកដល់ការដ្ឋានហើយ។ ថ្ងៃនេះ ខ្ញុំគ្រាន់តែមកប្រថាប់ត្រា ដើម្បីឱ្យដំណើរការនេះបានលឿន។ សូមបញ្ជាក់ថា យើងធ្វើផ្លូវត្រឹមតែ ៨៤ គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែយើងត្រូវចំណាយទុនរហូតទៅដល់ ២៩៤ លានដុល្លារសហរដ្ឋអាមេរិក។ ចោទចេញជាសំ​ណួរថា ហេតុអ្វីបានជាផ្លូវនេះវាថ្លៃម៉្លេះ? បងប្អូនមួយចំនួនក៏បានឃើញថា ធ្វើផ្លូវធំៗ តើបានលុយមកពីណាធ្វើ? ខ្ញុំសូមបញ្ជាក់បន្តិច រាជរដ្ឋាភិបាលមិនវាយអស់សន្លឹកបៀរចេញពីដៃទេ។ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដែលបញ្ចេញឱ្យខេត្តព្រះសីហនុ ១០០ លានដុល្លារ នេះវាតិចតួចណាស់បើប្រៀបធៀបជាមួយនឹងប្រាក់សន្សំ ដែលរាជរដ្ឋាភិបាលមានជាសាច់ប្រាក់តែម្តង។ យើងដកមានកម្រិត។

ប្រាក់ចំណូល ៥០០ លានដុល្លារសហរដ្ឋ/ខែ អាចសន្សំបាន ១០០ ទៅ ២០០ លានដុល្លារសហរដ្ឋ

ប្រសិនបើខេត្តព្រះសីហនុមិនអាចទាក់ទាញយកនូវប្រភពទុនបាន យើងក៏ហ៊ានដាក់ទាំង ៣០០ លានដុល្លារ(អាមេរិក) មកកាន់ខេត្តព្រះសីហនុតែម្តង។ មិនមែនបានសេចក្តីថា យើងមានការអួតអាងទេ ក៏ប៉ុន្តែ អ្នកខ្លះគេគិតថា ហ៊ុន សែន ជិតដាច់ខ្យល់ហើយ ដោយសារសម្ពាធបរទេស … ខ្ញុំសូមប្រាប់អ្នកថា គ្រាន់តែចំណូលពន្ធគយមួយ គឺចិញ្ចឹមប្រាក់ខែគ្រប់គ្រាន់ (និង)លើសពីសេចក្តីត្រូវការ ដែលក្នុងមួយខែៗគិតជាមធ្យម ២៥០ លានដុល្លារសហរដ្ឋអាមេរិក។ យើងមានប្រាក់ចំណូលក្នុងមួយខែប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ហើយយើងចាយត្រឡប់ទៅវិញ យើងចាត់ទុកថា ចំណាយអស់ ៣០០-៤០០ លានដុល្លារសហរដ្ឋអាមេរិក ទៅចុះ។ អញ្ចឹង ក្នុងមួយខែយើងអាចសន្សំប្រាក់ពី ១០០-២០០ លានដុល្លារសហរដ្ឋអាមេរិកដែរ … (ជា)ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច គ្រប់​គ្រងហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

វិថីបីប្រភេទត្រូវស្ថាបនាក្នុងខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ហើយ យើងមានមហាវិថី ៣ ខ្សែ។ ប្រភេទមហាវិថី គឺមានទទឹង រហូតទៅដល់ ៥០ ម៉ែត្រ … ថ្ងៃក្រោយក៏យើងត្រូវគិតដែរ នៅពេលអ្នក(ត្រូវ)ឆ្លងផ្លូវ។ វាឆ្ងាយ។ … ប្រភេទវិថី ១៤ ខ្សែ គឺមានទទឹង ២០-៤០ ម៉ែត្រ។ អាហ្នឹងវិថីធម្មតា មិនហៅថា មហាវិថី ទេ ព្រោះកន្លែងខ្លះត្រូវធ្វើដល់ ៤០ ម៉ែត្រ (និង)កន្លែងខ្លះត្រូវធ្វើ ២០ ម៉ែត្រ។ ប្រភេទទី ៣ គឺអនុវិថី ដែលហៅថា វិថីតូចៗ តែទទឹងពី ៨-៤០ ម៉ែត្រដែរ។ បើ(ធ្វើផ្លូវដោយ)ចាក់កៅស៊ូតាមរបៀប ម៉ាក់កាដាំ វាមិនអស់លុយច្រើនទេ។ ប៉ុន្តែ យើងត្រូវធ្វើយ៉ាងម៉េច ឱ្យផ្លូវយើងធានាប្រើប្រាស់ ២០ ឆ្នាំ (ឬ) ៣០ ឆ្នាំ (ឬ) ៤០ ឆ្នាំ វាមិនខូច។

ក្រុងព្រះសីហនុ អាចនឹងក្លាយជាតំបន់ហិរញ្ញវត្ថុពេលអនាគត

ទីក្រុង(ព្រះសីហនុ)មួយនេះ ជាទីក្រុងពហុបំណង ដែលមានស្ទើរតែគ្រប់វិស័យ។ ការដឹកជញ្ជូនក៏នៅទីនេះ កំពង់ផែទឹកជ្រៅរបស់យើងក៏នៅទីនេះ ឧស្សាហកម្មក៏នៅទីនេះ សេវាក៏នៅទីនេះ ថ្ងៃក្រោយអាចឈានទៅជាតំបន់មូលដ្ឋានហិរញ្ញវត្ថុនៅក្នុងតំបន់ទៀតក៏អាចថាបាន ប្រសិនបើយើងអភិវឌ្ឍឱ្យបានត្រឹមត្រូវ។ ពីដើមមានតំបន់ហុងកុង សាំងហ្គាពួរ និងនៅកន្លែងមួយចំនួនទៀត ដូចជា សៀងហៃ ក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ យើងក៏មានមហិច្ឆតាចង់ទៅដល់គោលដៅនោះដែរ ដែលទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលអាចជឿទុកចិត្ត មិនមែនគ្រាន់តែក្នុងប្រទេសកម្ពុជាទេ តែឈានទៅដល់កម្រិត នៃស្ថានភាពហិរញ្ញវត្ថុតំបន់ និងអន្តរជាតិផងដែរ។

ដើម្បីក្រុងព្រះសីហនុ មានសុវត្ថិភាព និងទាក់ទាញទេសចរ

បើយើងពិនិត្យមើលការធ្វើនេះ ទាក់ទិនជាមួយនឹងផ្លូវនីមួយៗ មានទ្រូងផ្លូវ ចិញ្ចើមផ្លូវ ខឿន និងផ្លូវដើរ ហើយលូទឹកសងខាង ម្ខាង គឺ ១ ម៉ែត្រ បង្គោលពន្លឺព្រះអាទិត្យ ស្លាកសញ្ញាចរាចរណ៍ ហើយការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ហើយកាមេរ៉ាសុវត្ថិភាព ហាក់ដូចជានៅមិនទាន់ដាក់បញ្ចូលក្នុងថ្លៃផ្លូវនៅឡើយទេ។ ធ្វើជាទីក្រុងដែលធានាសុវត្ថិភាព ហើយដែលមានបំពាក់នូវកាំមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវទាំងអស់ ដើម្បីធានាថា ទីក្រុងមួយនេះ គឺជាទីក្រុងដែលមានសុវត្ថិភាព និងជាទីក្រុងដែលទាក់ទាញបំផុត សម្រាប់ទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុរបស់យើង ទាំងប្រជាជនកម្ពុជា ក៏ដូចជា ពីសំណាក់បរទេស ដែលហោះហើរត្រង់ចូលមកកាន់ខេត្តព្រះសីហនុ។

ដើម្បីអាចទ្រទ្រង់ទម្ងន់ ការស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ ត្រូវកាយដីស្អុយចេញ

(ដើម្បីធានាដល់ភាពរឹងមាំក្នុងការ)ទ្រទម្ងន់ (យើង)ត្រូវកាយឱ្យអស់ដីស្អុយនៅពីក្រោម។ កាលពីមុន យើងធ្វើផ្លូវកន្លែងខ្លះ អត់បានកាយផ្នែក(ស្អុយនៅ)ខាងក្រោមហ្នឹងឱ្យអស់ទេ។ លើកនេះ ត្រូវកាយឱ្យអស់ រួចហើយបានចាក់ខ្សាច់ កំរាស់កន្លះម៉ែត្រ រួចហើយបានចាក់ដុំថ្ម ៤x៦ (កំរាស់) ១ តឹកកន្លះ។ បន្ទាប់ពីចាក់ ហើយ មានដុំថ្ម M៣០ (កំរាស់) ២ តឹកថែមទៀត។ បន្ទាប់ពីចាក់អាហ្នឹងរួចហើយ បានចាក់បេតុង ២ តឹកកន្លះទៀត។ អញ្ចឹងទេ យើងសរុបមើល គ្រាន់តែផ្នែកថ្ម(មាន)ពីរប្រភេទ និងបេតុងដែលមានដែក មានស៊ីម៉ង់ត៍ មានថ្មនៅក្នុងនោះ ២ តឹកកន្លះទៀត ដូច្នេះវា ៥ តឹក។ បន្ទាប់ពីហ្នឹងទៅបានចាក់កៅស៊ូ ៧ ផឹង ពីលើទៀត។ បានសេចក្តីថា កសាងរួចហើយ សូម្បីតែផ្លូវក៏ប្រជាពលរដ្ឋយើងចង់មកមើលផ្លូវថ្នល់(នៅ)ខេត្តព្រះសីហនុដែរវាយ៉ាងម៉េចដែរ។ គ្រាន់តែផ្លូវថ្នល់ក៏ក្លាយទៅជាចំណុចទាក់ទាញប្រជាជនខេត្តដទៃឱ្យមកលេងខេត្តព្រះសីហនុដែរ ដើម្បីមើលអាផ្លូវធំៗ មើលប្រភេទផ្លូវល្អ …។

ផ្លូវលម្អសាធារណៈ ជម្រុញកំណើនសេដ្ឋកិច្ច និងនគរូបនីយកម្ម ធន់ទ្រាំអំពីបរិស្ថាន

យើងពិនិត្យមើល អគារខ្ពស់ៗធំៗ ហើយរៀបចំភ្លើងយ៉ាងល្អ ប៉ុន្តែ យើងបែរជាដើរក្នុងភក់ តើវាសមទេ? វាអត់សមទេ។ កុំថា គួច ចំរើន មួយ ឱ្យ គួច ចំរើន ១០០ មកទៀតក៏នៅតែងាប់ដែរ។ ហ្នឹងបានជាយើងត្រូវដំណើរការការសាងសង់។ ផ្នែកចិញ្ចើមផ្លូវ មានផ្លូវដើរ មានផ្លូវជិះកង់/ម៉ូតូផង អញ្ចឹងផ្គុំមក ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍មកហើយថា (មាន) ៣ ប្រភេទ។ ទី ១. លម្អសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌។ បានសេចក្តីថា ដំបូងយើងយកសុវត្ថិភាព ក្នុងចំណោមសុវត្ថិភាពនេះ គឺវាបង្កើតបានសម្រាប់ទាំងអស់គ្នា គឺផ្លូវនេះសមធម៌ និងមេត្រីភាព។ ឯទី ២. ជាផ្លូវនៃការជម្រុញកំណើនសេដ្ឋកិច្ច។ និងទី ៣. ជាផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់ទាក់ទងនឹងបរិស្ថាន។

ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ប្រើរយៈពេលត្រឹមតែ ៨ ខែ

រយៈពេល នៃការសាងសង់ ប្រើត្រឹមតែរយៈពេល ៨ ខែទេ បើរបៀបធ្វើផ្លូវធម្មតា ដែលចាក់កៅស៊ូ និងប្រើរយៈ​ពេល ២ ឬ ៣ ឆ្នាំ ទើបហើយ។​ អញ្ចឹង ឆ្នាំក្រោយ មុខមាត់ខេត្តព្រះសីហនុនឹងប្រែប្រួលយ៉ាងខ្លាំង ប្រែប្រួលទាំងបណ្តាអគារដែលមកដល់ពេលនេះ តាមរបាយការណ៍ គឺអគារនៅក្នុងខេត្តព្រះសីហនុ ដែលមានកំពស់ ៥ ជាន់ឡើងលើ … មានចំនួន ២២៩ អគារ ដែល​សាងសង់ហើយ។ បើសរុបទាំងមិនទាន់សាងសង់ហើយ ឡើងដល់ជាង ៨០០។ កាលដែលខ្ញុំមកសម្រាកដូចជាខែណានោះ តាមឧទ្ធម្ភាគចក្រ បានមើលដឹងថា ខេត្តមួយនេះរីកចម្រើនលើវិស័យសំណង់ខ្លាំងណាស់ …។

ឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ដោយរាជរដ្ឋាភិបាលកម្ពុជា មានជាង ១ ពាន់លានដុល្លារសហរដ្ឋ

ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះប្រជាជននៅក្នុងខេត្តព្រះសីហនុ ដែលបានគាំទ្រ និងចូលរួមអនុវត្តគម្រោងគម្រោងកសាងផ្លូវលើកនេះ។ សុំបងប្អូននៅខេត្តព្រះសីហនុ យល់ឱ្យបានច្បាស់ថា អ្វីដែលកំពុងសាងសង់នៅលើខេត្តព្រះសីហនុ ជាផលប្រយោជន៍របស់បងប្អូននៅ ខេត្តព្រះសីហនុផង និងក៏ជាផលប្រយោជន៍រួមរបស់ប្រទេសជាតិផង។ យើងហ៊ានដាក់ទុនមកកន្លែងនេះ ដោយសារកន្លែងនេះ នឹងប្រមូលថវិកា​ជូនទៅជាតិ ហើយជាតិក៏ត្រូវបែងចែកថវិកានោះ ទៅកាន់ខេត្តដទៃផ្សេងទៀត ដើម្បីវិនិយោគ។ ឆ្នាំនេះយើងវិនិយោគមិនតិចជាង ១ ពាន់លានដុល្លារទេ បើសិនជាគិតទាំងគម្រោងនេះ និងគិតពីគម្រោងអគ្គិសនី ដែលយើងវិនិយោគផ្ទាល់ដោយខ្លួនឯង … ដោយយើងមិនរង់ចាំបរទេស ឬថាស្អីក៏ត្រូវសុំលុយពីបរទេសនោះទេ។

យើងបានវិនិយោគខ្លួនឯង ប្រមាណជា ៥០០ ទៅ ៦០០ លានដុល្លារ(ក្នុងមួយឆ្នាំ) ប៉ុន្តែឆ្នាំនេះ អាច(ឡើងដល់)ជាង ១ ពាន់លាន ដោយសារយើង(ប្រើប្រាស់ថវិកា)ប្រមាណជាង ៤០០ លានដុល្លារទៅលើការទិញម៉ាស៊ីនភ្លើង មកដាក់ត្រៀមរត់(ដំណើរការ)នៅក្បែរទីក្រុងភ្នំពេញ … ឆ្នាំ ២០១៩ នេះ ការវិនិយោគផ្ទាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺប្រមាណជាង ១ ពាន់លាន រាប់ទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ជាមួយនឹងគម្រោងបរទេស ដែលត្រូវចំណាយរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ …។

រាជរដ្ឋាភិបាល សន្សំប្រាក់បម្រើតម្រូវការចំណាយចរន្ត និងហេដ្ឋារចនាសម្ព័ន្ធ

គម្រោងបរទេសទាំងអស់ តម្រូវឱ្យរាជរដ្ឋាភិបាលមានថវិកាបដិភាគ ទើបអាចអនុវត្តគម្រោងនោះបាន។ រាជ​រដ្ឋាភិបាលត្រូវតែមានការសន្សំប្រាក់។ ហើយប្រាក់សន្សំនោះយកទៅណា? ប្រាក់នោះគឺយកទៅបម្រើឱ្យ​សេចក្តីត្រូវការចំណាយជាប្រចាំ ឬហៅថាចំណាយចរន្ត (ដែលមាន)រាប់ទាំងបៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលនៅសល់តែមួយខែទៀតនឹងឡើងបៀវត្សរ៍មួយដំណាក់ និងដល់ចូលទៅដល់ចូលឆ្នាំខ្មែរ ត្រូវឡើងបៀវត្សរ៍មួយដំណាក់ទៀត។ ក្រៅពីនោះ ក៏ត្រូវចំណាយទៅលើសុខុមាលភាព និងផ្គត់ផ្គង់ មន្ទីរពេទ្យ ថ្នាំពេទ្យ កសាងអគារសិក្សាក្នុងវិស័យអប់រំ និងវិស័យច្រើនណាស់។ មិនមែនគ្រាន់តែចំណាយលើប្រាក់ខែមួយមុខទេ។ ទុនដែលនៅសល់ពីការចំណាយនោះ គឺជាប្រាក់សន្សំសម្រាប់ការវិនិយោគ បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន មានជាផ្លូវថ្នល់ ជាប្រឡាយទឹក ជាទំនប់ទឹក … និងជាអ្វីៗ ដែលជាសេចក្តីត្រូវការរបស់ជាតិ។ ខ្ញុំមានការសប្បាយរីករាយដែលប្រជាជនខេត្តព្រះសីហនុ ទទួលយក និងចូលរួមនូវការអភិវឌ្ឍគម្រោងដែលនឹងធ្វើឱ្យខេត្តព្រះសីហនុប្រែមុខប្រែមាត់ …។

ប្រជាជនដើរកម្សាន្ដគ្រប់ទីកន្លែង, ទេសចរនៅក្រុងព្រះសីហនុ កើន ១០,៦២% ក្នុងឆ្នាំ ២០១៩

គ្រាន់តែក្នុងឆ្នាំនេះ ផ្លូវមិនទាន់ល្អផង យោងតាមរបាយការណ៍របស់ឯកឧត្តម ថោង ខុន ផ្ញើឱ្យខ្ញុំយប់មិញ​នេះ ទេសចរដែលមកក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០១៩ នេះ មាន ១ លាន ៩ សែន ៤ ម៉ឺននាក់ និយាយលេខគត់ គឺកើនឡើង ​១០,៦២%។ ក្នុងហ្នឹងភ្ញៀវជាតិមាន ១ លាន ២ សែននាក់ និយាយលេខគត់ ភ្ញៀវអន្តរជាតិមាន ៧៣ ម៉ឺននាក់ កើនឡើងដល់ទៅ ៥៨,៦៦% ភ្ញៀវជាតិមានការថយចុះ ៦,៥០%។ ភ្ញៀវជាតិដែលថយចុះ មិនមែនស្អប់ខេត្តព្រះសីហនុទេ ប៉ុន្តែតំបន់ដែលមានការប្រកួតប្រជែង(ខាងទេសចរណ៍) មិនមែន​មានតែខេត្តព្រះសីហនុមួយដូចពីមុនដែលគេមកងូតទឹកទេ។ គេទៅងូតទឹកនៅកែប គេទៅងូតទឹកនៅកំពត គេទៅងូតទឹកនៅកោះកុង គេទៅងូតទឹកសាបនៅរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង … កត្តាសន្តិភាព​អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរគ្រប់ទីកន្លែង។ គ្រាន់តែមួយពេលបុណ្យអុំទូក ថ្ងៃទី ១ ប្រជាពលរដ្ឋគាត់ទៅលេងគ្រប់ទីកន្លែងនៅខាងក្រៅ … បានថ្ងៃបញ្ចប់បានទៅកកកុញនៅទីក្រុងភ្នំពេញ ស្ទះរហូតដល់ម៉ោង ២ ភ្លឺ មិនមែនស្ទះនឹងឡានទេ ស្ទះនឹងមនុស្ស ប៉ុន្តែនៅពេលដែលគេធ្វើដំណើរមកលេង … ឧទាហរណ៍គេមកមួយជុំ គេមកខេត្តព្រះសីហនុមួយយប់ គេទៅកែបមួយយប់ ហើយបានគេចូលភ្នំពេញ ឬក៏គេទៅរកកន្លែងថ្មីៗទៀត។ នេះជាចរាចរណ៍ធម្មតានៃទេសចរ … មានធ្លាក់ចុះនៃភ្ញៀវអន្តរជាតិនៅឯសៀមរាប ប៉ុន្តែវាមកកើននៅឯខេត្តព្រះសីហនុ។ ពេលមានការលើកឡើងទាក់ទងនឹងការថយចុះនៃភ្ញៀវទេសចរនៅខេត្តសៀម​រាប ខ្ញុំក៏បានចោទជាសំណួរថា តើទេសចរណ៍រួមវាថយ ឬវាកើន? វាកើន ដល់អញ្ចឹងយើងពិនិត្យភ្ញៀវទេសចរដែលកើននៅខេត្តព្រះសីហនុ កើនដល់ជាង ៥៨% ហើយមកតាមជើងហោះហើរ មាន ៦.៥៧២ ជើង កើនឡើង ១០៥% នៃចំនួនហោះហើរចូលមកខេត្តព្រះសីហនុ។

ពង្រីកផ្លូវចុះចតនៅព្រលានយន្តហោះខេត្តព្រះសីហនុ ឱ្យគ្រប់ ៣២០០ ម៉ែត្រ

ឥឡូវ(មាន)តម្រូវការនៃការសាងសង់បន្ថែម ដើម្បីឱ្យគ្រប់ស្តង់ដារ ដោយក្រុមហ៊ុនបារាំង VINCI សាងសង់ ពង្រីកអាកាសយានដ្ឋានខេត្តព្រះសីហនុ ឱ្យផ្លូវចុះចតវាគ្រប់ ៣២០០ ម៉ែត្រ។ ឥឡូវកំពុងតែសាងសង់។ ឯក្រៅពីនោះ អគារស្អីៗត្រូវកសាងឱ្យរួចនៅឆ្នាំ ២០២២ ប៉ុន្តែកន្លែងសម្រាប់ចុះចត ត្រូវធ្វើឱ្យបានមុន អាចឆ្នាំ ២០២០ នេះ ដាក់ឱ្យដំណើរការបានហើយ។ យើងឃើញថា គ្រាន់តែមិនទាន់កែលំអ​ឱ្យត្រូវនឹងស្តង់ដារនៃការហោះហើរ ដោយយន្តហោះធំផង មួយថ្ងៃជាមធ្យម គឺមានយន្តហោះចំនួន ៣៦ ជើងដែលមកចុះចត ក្នុងនោះមាន ១៧ ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរមកកាន់ទីក្រុងព្រះសីហនុរបស់យើង​ ទាំងមកពីខាងក្រៅ និងក្នុងប្រទេស …។

ទឹកភ្លៀងជំនន់លិច ដោយសារកាកសំណល់ក្នុងប្រព័ន្ធលូ

ខ្ញុំបាននិយាយទាក់ទងនឹងផ្លូវហើយ ក៏ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិនជាមួយនឹងប​ញ្ហារឿងទឹកស្អុយ។ នេះជារឿងធំមួយទៀត​។ នៅខេត្តព្រះសីហនុ (លោកអភិបាល) គួច ចំរើន បានមកសាកល្បងមុនគេ គឺជំនន់លិចទីក្រុងព្រះសីហនុ … ដែលតម្រូវឱ្យអភិបាលខេត្តថ្មី រ៉ាប់រងដោះស្រាយ។ យើងចោទចេញជាសំណួរថា ហេតុអ្វីបានជាមានជំនន់​? មិនមែនតែស្រុកខ្មែរទេ។ ប្រទេសដែលមានជាជឿនលឿន ជួនកាលជំនន់លិចទីក្រុងរាប់ទាំងប្រទេសជប៉ុន។ នៅក្នុងប្រទេសជប៉ុន មានមនុស្សស្លាប់ក្នុងប៉ុន្មានឆ្នាំនេះដោយ​សារជំនន់ ដោយសារខ្យល់ព្យុះច្រើនដែរ។ កុំថាឡើយត្រឹមលូ សូម្បីតែទន្លេ ហេតុអ្វីបានជាជំនន់? មូលហេតុដោយសារទន្លេមិនអាចទ្រទ្រង់ទឹកបាន។ វាត្រូវតែឡើងផុតហើយ កុំថាត្រឹមតែលូ។ ហ្នឹងគឺជាកត្តាធម្មជាតិ។ ទីក្រុងភ្នំពេញក៏ធ្លាប់លិច ទីក្រុងព្រះសីហនុធ្លាប់បានលិច ដែលអ្នកទាំងអស់គ្នាដែលនៅទីក្រុងព្រះសីហនុ បានដឹងរួចហើយ ដែលធ្វើដំណើរចេញមិនរួច។ (ដោយសារតែកត្តាធម្មជាតិ) ជួនកាល យូរៗ ១០ ឆ្នាំ ឬ ២០ ឆ្នាំ មានម្ដងទេ។

ចំណាយ ២,៥ លានដុល្លារសហរដ្ឋ ស្ដារដៃព្រែកដែលហូរចូលសមុទ្រ

ប៉ុន្តែ អ្វីដែលយើងត្រូវមើលឃើញនោះ ជួនកាលភ្លៀងតិចណាស់ ក៏ប៉ុន្តែលូស្ទះទាំងអស់។ ឥឡូវនេះ ត្រូវតែចាប់ផ្ដើមស្ដារដៃព្រែកដែលហូរចូលសមុទ្រឡើងវិញទាំងអស់ ដែលត្រូវចំណាយនៅក្នុងថវិកានេះ ចំនួន ២ លាន ៥ សែនដុល្លារសហរដ្ឋអាមេរិក ដែលត្រូវស្ដារ(ដៃព្រែក) ដើម្បីទាញទឹកភ្លៀងកុំឱ្យលិច បើមិនអញ្ចឹង​ទេ ភ្លៀងខ្លាំងក៏វាលិច … ទីក្រុងប៉ារីសក៏ធ្លាប់លិច ទីក្រុងរ៉ូមក៏ធ្លាប់លិច ប្រទេសធំៗ រដ្ឋធំៗ របស់សហរដ្ឋអាមេរិកក៏ធ្លាប់លិច មិនថាតែទីក្រុងព្រះសីហនុនោះទេ។ កុំយកហេតុផលនោះ មកធ្វើជាសម្អាងថា លិចដោយសារភ្លៀងតិចតួច ប៉ុន្តែវាស្ទះលូ ស្ទះព្រែកដែលធ្លាប់តែមាន។ ដូច្នេះត្រូវធ្វើការស្ដារឡើងវិញទាំងអស់ ឯលូក៏ដូចគ្នា … ការកសាងផ្លូវលើកនេះ ត្រូវមានលូទាំងសងខាងផ្លូវ ម្ខាង ២ៗ …។

សូមកុំយកសំរាមទៅដាក់នៅមាត់លូ ឬបោះចូលទៅក្នុងលូ

សូមប្រជាពលរដ្ឋរបស់យើង កុំយក(សំរាម)ទៅដាក់នៅមាត់លូ អាហ្នឹងវាធ្វើឱ្យស្ទះហើយ ព្រោះទឹកវាចូលលូមិនរួច … មិនថាប្រជាជននៅខេត្តព្រះសីហនុ ឬប្រជាជននៅកន្លែងណាផ្សេងទេ ត្រូវរួមគ្នាធ្វើអនាម័យ។ ពេលដែលប្រជុំអាស៊ាន អាស៊ានបូកបី អាស៊ីបូព៌ា (មាន)លើកឡើងតែពីរឿងកាកសំណល់នៅក្នុងសមុទ្រ ជា​ពិសេសប្លាស្ទិកនៅក្នុងសមុទ្រ។ យើងត្រូវរួមចំណែក ដើម្បីទប់ស្កាត់ប្លាស្ទិក។ ឯកឧត្តម ថោង ខុន ដាក់យុទ្ធនាការ និងឯកឧត្តម សាយ សំអាល់ ដាក់យុទ្ធនាការប៉ុន្មានឆ្នាំរួចមកហើយ កុំឱ្យមានប្លាស្ទិកប៉ើងតាមខ្យល់ ប៉ុន្តែយើងនិយាយខាងលើ ភ្លេចខាងក្រោម … (សំណល់ប្លាស្ទិក ក្នុង) ១០០០ ឆ្នាំ ឬ ៥០០ ឆ្នាំក្រោយ វាមិនទាន់(រលាយ)ផង វានៅហ្នឹង …។

ដកជំនួយឥតសំណងចិន ១៧០ លាន រៀបចំគម្រោងចម្រោះទឹកមុនបង្ហូរចូលសមុទ្រ

យើងបានខិតខំធ្វើមួយផ្នែកហើយ តាមរយៈកាលពីមុនខ្ញុំមកសម្ពោធដូចជាឆ្នាំ ២០០៦ សម្ពោធឱ្យប្រើប្រាស់នូវអាងចម្រោះទឹករបស់ ADB កាលនោះ យើងសម្ពោធទាំងភ្លៀងផង។ ឥឡូវ យើងបានពង្រីកសមត្ថភាពបន្ថែម ក៏ប៉ុន្តែអត់ទាន់គ្រប់គ្រាន់ទេ។ ត្រូវធ្វើយ៉ាងម៉េច មុនទឹកទាំងឡាយចូលទៅក្នុងសមុទ្រ ត្រូវមានអាងចម្រោះទឹកសិន។ ចំណុចនេះ យើងបានលើកសំណើសុំមិត្តចិនឱ្យជួយជាកញ្ចប់តែម្ដង ហើយមិត្តចិនក៏បានយល់ស្របជាមួយនឹងការផ្ដល់នូវហិរញ្ញប្បទាន ផ្តល់នូវជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ គម្រោងនេះ។ យើងកំពុងចរចាជាមួយមិត្តចិន ដើម្បីប្រើប្រាស់នូវប្រាក់ដែលរដ្ឋាភិបាលចិនបានផ្ដល់ជាជំនួយឥតសំណងប្រមាណជាង ៦០០ លានដុល្លារសហរដ្ឋអាមេរិក។ យើងអាចដកប្រមាណជា ១៧០ លាន មកប្រើប្រាស់នៅខេត្តព្រះសីហនុ ដើម្បីធានាថា ទឹកសមុទ្ររបស់យើងអត់មានទឹកសំអុយទៅបំពុល  ហើយប្រជាជននៅតែប្រើប្រាស់ទឹកសមុទ្រដើម្បីមុជ។ ល្ងាចនេះ ខ្ញុំក៏សុំមុជទឹកសមុទ្រដែរ។

ផែនការរដ្ឋប្រហារ ចាប់ និងនិរទេស ហ៊ុន សែន បរាជ័យ

ខ្ញុំមិនដឹងថា តើខ្ញុំត្រូវបង្ហោះហ្វេសប៊ុក ឬអត់? ព្រោះតាមទម្លាប់ តែកាលណាខ្ញុំមុជទឹកសមុទ្រ ខ្ញុំបង្ហោះហ្វេស​ប៊ុក ព្រោះអញ្ចេះ ថ្ងៃនេះថ្ងៃ ១៦ ខ្ញុំកំពុងនៅខេត្តព្រះសីហនុមែនទេ? មិនមែននៅក្នុងគុកទេ? ហើយក៏មិនមែននិរទេសខ្លួនដែរ។ បើយោងទៅលើផែនការរដ្ឋប្រហារ ថ្ងៃនេះ ខ្ញុំត្រូវនិរទេសខ្លួនទៅបរទេស។ មានម្នាក់នោះ ដែលសូមផ្ដាំថា ឯងត្រូវចាំ ឯងមានប្រពន្ធ និងកូន កំពុងដូរលុយនៅភ្នំពេញទេ។ ឯងព្រហើនពេកមិនបានទេ ប្រពន្ធ កូនឯង កំពុងទទួលសេចក្ដីសុខក្នុងពេលដែល​ឯងឡើង Cambodia Daily ថានឹងនិរទេសលោក ហ៊ុន សែន ទៅប្រទេសវៀតណាម។ អញ្ចឹងបានសេចក្ដីថា ឯងដាក់នយោបាយ មួយចាញ់ មួយឈ្នះ មានអញអត់ឯង មានឯងអត់អញ។ អញ្ចឹង ជម្រើសរបស់ ហ៊ុ​ន សែន ក៏ត្រូវតបតត្រឡប់ទៅវិញ មានឯងអត់អញ មានអញអត់ឯងដែរ។ បើឯងមិនថយទេ រឿងអត់ទាន់ចប់ទេ។

ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន មិនមែនថារឿងក្ដីត្រូវបានបញ្ចប់នោះទេ

ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ទៅលើចំណុចនេះបន្តិច។ គេដាក់ផែនការផ្ដួលរំលំរាជរដ្ឋាភិបាល មិនមែនគ្រាន់តែចាប់ខ្ញុំទេណា ឱ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀត។ នេះជាទង្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងប្ដូររបប ពីរបបរាជានិយមទៅរបបផ្សេង ព្រោះគេប្រើពាក្យចំពោះព្រះមហាក្សត្រ សុទ្ធតែ «វា» វាគិតតែពីរឿងការពាររាជបល្ល័ង្គវា។ សម្តីនេះគឺជាសម្តីដែលមិនអាចអត់ឱនឱ្យបានទេ។ ប៉ុន្តែ ដោយសារផែនការបរាជ័យ ខ្ញុំបានផ្ដល់នូវការយោគយល់ អធ្យាស្រ័យ ចំពោះអ្នកដែលយើងបានចាប់ខ្លួន ៧២ នាក់ ដែលយើងបានដោះលែងឱ្យនៅក្រៅឃុំ។ ត្រូវចាំបងប្អូនទាំងឡាយ ដែលបានដោះលែងឱ្យនៅក្រៅឃុំ ត្រូវចាំថា ពាក្យដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន មិនមែនថារឿងក្ដីត្រូវបានបញ្ចប់ទេ រឿងក្ដីអត់ទាន់បញ្ចប់ទេ។ បងប្អូន​ត្រូវតែអនុវត្តកាតព្វកិច្ចតាមរយៈនៃការត្រួតពិនិត្យរបស់តុលាការតទៅទៀត។

បើហ៊ានថា ដោះលែងដោយសារសម្ពាធអន្តរជាតិ នឹងចាប់ប្រមូលមកដាក់ឃុំវិញ

រឿងក្ដីវាមាន ២ ប្រភេទ។ ទី ១ គឺរឿងក្ដីកាលពីពេលមុន​ដែលមានការចាប់ខ្លួន គឺការញុះញង់បង្កឱ្យមានចលាចល ឬការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធមិនស្ដាប់បញ្ជា។ អញ្ចឹងអាហ្នឹងទោសមួយដំណាក់។ ប៉ុន្តែ មួយដំណាក់ទៀត ក្រោយពីផែនការផ្ដួលរំលំបានចេញមក ចាប់ពីខែសីហាមក អាហ្នឹងទោសក្នុងកម្រិតឧបឃាត​ គឺរដ្ឋប្រហារ។ ទោសនេះត្រូវជាប់គុក។ ទោសទីមួយ អ្នកញុះញង់បង្កចលាចលមុនពេលផែនការរដ្ឋប្រហារចាប់ផ្ដើម អាហ្នឹងទោសជាប់គុកត្រឹម ១ ឆ្នាំទៅ ៣ ឆ្នាំ។ ប៉ុន្តែ ទោសលើកក្រោយនេះ អ្នកដែលពាក់ព័ន្ធ (ត្រូវទទួល)ទោសជាប់គុកពី ១០ ទៅ ៣០ ឆ្នាំ​។ ត្រូវយល់អំពីចំណុចនេះ។ រខេករខាកប៉ុណ្ណឹងហើយ ហ៊ានបង្ហោះថា ហ៊ុន សែន ត្រូវគេសង្កត់ ទើប(មានការ)ដោះលែង។ ឥឡូវ អ្នកឯងចង់សាក? ខ្ញុំប្រមូលយកមកវិញ ហើយចាប់ថែមទាំងអ្នកថា(ទៀត)។

មេក្លោង ១៨ នាក់ មិនត្រូវបានលើកលែងទោសទេ

សូមបញ្ជាក់ណា ខ្ញុំអំពាវនាវឱ្យវិលត្រឡប់មកវិញដោយមិនធ្វើការចាប់ខ្លួន … ប៉ុន្តែមានមនុស្ស ១៨ នាក់ មិនត្រូវបានលើកលែងទេ។ ការចាប់ខ្លួននៅតែបន្ត។ មេក្លោង ១៨ នាក់ មិនរួចខ្លួនទេ។ បើអ្នកឯងបន្ត អ្នកណាចូលរួម គឺត្រូវចាប់ខ្លួនទៀត។ ប្រសិនបើអ្នកឯងធ្វើសកម្មភាពបែបដូចកន្លងទៅ ហើយអ្នកដែលមិនទាន់បានកាត់ទោសនេះ ក៏ត្រូវតែប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពឱ្យសោះ។ បើធ្វើសកម្មភាព គឺនឹងត្រូវប្រមូលត្រឡប់មកវិញ កុំនិយាយរឿងសម្ពាធអន្តរជាតិ។ យើងបានប្រាប់ហើយថា យើងមិនអាចយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយការអនុគ្រោះ ឬជំនួយណាទាំងអស់។ លោក ស៊ុន ធុន និងលោក សែន រ៉ាឌី ដែលនិយាយនៅឯខេត្តកំពង់ធំពីម្សិលមិញ លោកហាក់ដូចជាបាននិយាយធ្ងន់ធ្ងរពេក។ ឯលោក សម រតនា ប្រហែលជាប្រពន្ធហៅ អត់ទាន់ហ៊ានទៅទេ។ ឥឡូវហៅឱ្យត្រឡប់ទៅទៀត។ អាហ្នឹងនៅខេត្តស្វាយរៀង។ ជួនកាល គេមិនទៅដោយសារគេមានស្រី …។

រឿងក្ដីបានចោទប្រកាន់ ត្រូវឆ្លងកាត់នីតិវិធីតុលាការ

អាមួយនោះ វាទៅដល់អ្នកលឿង វាថា “បើអាប្រកាច់នេះ វាប្រកាសតាំងពីមុន” វាបានទៅដុតធូបហើយ … ចុះរត់ទៅណា? ឥឡូវ គេហៅត្រឡប់មកវិញ … បែរជាថា ហ៊ុន សែន ត្រូវគេគាបសង្កត់។ ឥឡូវអ្នកឯងចង់ដឹងទេ? ខ្ញុំចាប់យកមកវិញទាំងអស់។ ខ្ញុំនៅមានអំណាចក្នុងការធ្វើរឿងហ្នឹង។ រឿងឱ្យនៅក្រៅឃុំ បានសេចក្តីថា ជួនកាលគេកាត់ភ្លាមញាត់គុកបណ្តោយ។ សូមបញ្ជាក់ដែរ បងប្អូនខ្លះបានលើកថា ម៉េចក៏ចាំដោះលែងបណ្ដោះអាសន្ន? ដោះលែងតែម្ដងមិនបាន? អត់ទេ។ រឿងក្ដីនេះមិនអាចលើកលែងទេ ព្រោះគេបានចោទប្រកាន់រួចហើយ។ អញ្ចឹងទេត្រូវឆ្លងកាត់នូវដំណាក់កាលនៃនីតិវិធីរបស់តុលាការ គឺកាត់ក្ដី ហើយកាត់ឱ្យជាប់ប៉ុណ្ណា អីប៉ុណ្ណា រឿងរបស់ចៅក្រមទេ ខ្ញុំគ្មានសិទ្ធិលូកលាន់ទេ។

អ្នកសុំលើកលែងទោស ត្រូវឆ្លងកាត់នាយករដ្ឋមន្រ្តី

មួយទៀត រឿងក្ដីដែលមានសំណុំរឿងហើយ អរគុណមេធាវី ដែលបានប្រាប់ទៅប្រពន្ធលោក ចៅ វាសនា ថារឿងនេះទាក់ទងទៅនឹងសាលក្រមស្ថាពរ ត្រូវរកវិធីដើម្បីសុំព្រះរាជទានទោសពីព្រះមហាក្សត្រ។ អញ្ចឹងត្រូវមក(តាម)នាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីក៏ត្រូវមើលដែរ បានឬមិនបាន? បើឯងឈ្លើយអញមិនលើក ធ្វើអីអញ? បង្រួបបង្រួមៗតែជាមួយអ្នកណាដែលគេចង់បង្រួបបង្រួម ប៉ុន្តែបើនៅឈ្លើយ យើងកុំលើកឱ្យ​ទៅ … អ្នកខ្លះគេថា ចាប់ក៏វា ដោះលែងក៏វា។ អើ! បើអញជានាយករដ្ឋមន្រ្តីឱ្យអញធ្វើម៉េច? … ចាប់វាទាល់តែផ្លូវច្បាប់មានឱ្យចាប់។ ក្នុងអំណាចនាយករដ្ឋមន្រ្តី ត្រូវមានកម្លាំងសមត្ថកិច្ចអនុវត្ត … ត្រូវមានច្បាប់ទម្លាប់យ៉ាងម៉េចអីយ៉ាងម៉េចជាបន្ត។ ប៉ុន្តែ នៅពេលដែលនាយករដ្ឋមន្ត្រីមើលឃើញថា មានការចាំបាច់ដើម្បីសណ្តោសប្រណីដល់បងប្អូន គឺនាយករដ្ឋមន្រ្តីក៏ប្រកាសឱ្យបងប្អូនទៅ។ ដូចជាតួយ៉ាង អ្នកដែលត្រូវសុំលើកលែងទោស ត្រូវឆ្លងកាត់នាយករដ្ឋមន្រ្តី ហើយបើយោងទោសធម្មតា ត្រូវជាប់គុក ២/៣ សិន ទើបពិនិត្យទៅដល់ការបន្ធូរបន្ថយ ឬលើកលែងទោស។ ក៏ប៉ុន្តែ ករណីមួយចំនួន ដូចជា មាជ សុវណ្ណរ៉ា, អ៊ុំ សំអាន និងមនុស្សមួយចំនួនទៀត គឺយើងបានប្រើប្រាស់គេហៅថា ក្នុងច្បាប់ពន្ធនាគារ (ដែល)អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីសុំការលើកលែងទោស ព្រះរាជទានទោស ពេលណាក៏បាន។ អ្នកឯងត្រូវចាំណា ប៊ិចនៅក្នុងដៃ ហ៊ុន សែន បើ ហ៊ុន សែន មិនស៊ីញ៉េទេ អ្ហែងនៅជាប់គុកហ្នឹង និយាយគ្នាឱ្យច្បាស់។

ការចាប់ខ្លួនដោយទំនើង គ្មានដីកា ជាទង្វើខុសច្បាប់

អ្នកខ្លះថា ចាប់គេតាមទំនើងចិត្ត។ ក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន បញ្ជាក់ហើយ។ “ចាប់ដោយទំនើងចិត្ត” បានន័យថាខុសច្បាប់ ហើយមិនមែនគ្រាន់តែខុសច្បាប់ទេ អ្នកដែលទៅចាប់គេ ក៏ត្រូវមានទោសទៀត។ ចាប់តាមទំនើងចិត្ត អត់មានដីកា គេអត់មានកំហុស អត់មានភស្តុតាងគ្រប់គ្រាន់ ជាពិសេសអត់ដីកាតុលាការ ហើយទៅចាប់គេ ចាប់បានតែបទល្មើសជាក់ស្ដែងទេ តែក្រៅពីនោះ ត្រូវមានដីកាតុលាការ។ អញ្ចឹងអ្នកឯងត្រូវចាំ កុំប្រើពាក្យចាប់ដោយទំនើង។ ភាសាចាប់ដោយទំនើងនេះ សូមបញ្ជាក់នៅកម្ពុជាអត់មានទេ។ ចាប់ដោយទំនើងគឺខុសច្បាប់។ មិនត្រឹមតែខុសច្បាប់ទេ អ្នកចាប់គេត្រូវមានទោស … មិនអាចនរណាក៏តាំងខ្លូនជាមន្រ្តីយុត្តិធម៌ ទៅចាប់គេដោយគ្មានដីកាតុលា​ការ លើកលែងតែបទល្មើសជាក់ស្ដែងចាប់នៅនឹងកន្លែងណាក៏បានដែរ … សម័យនេះ វាគ្មានអីជាអាថ៌កំបាំងទេ។ ខ្ញុំនិយាយក៏គេស្ដាប់ខ្ញុំ ហើយអ្នកឯងនិយាយក៏ខ្ញុំស្ដាប់អ្នកឯងដែរ។ ខ្ញុំមិនចង់និយាយទេ តែរូបភាពយប់មិញ Fresh News ផ្សាយ … ទៅតែ ២ នាក់ ម៉ង់ៗ។ ឥឡូវអត់ទាន់ចុះទេ។ មាតុភូមិនិវត្តន៍។ ម៉េចបានយើងប្រើពាក្យអញ្ចឹង? ស្រុករបស់គេមិនមែនស្រុកខ្មែរឯណា។ ស្រុករបស់គេស្រុកបារាំងទេតើ។ ឥឡូវគេធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យ …។

អ្នកពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារ មិនទាន់រួចខ្លូននោះទេ

ខ្ញុំបញ្ជាក់ឡើងវិញ បើសិនជានយោបាយផ្តួលរំលំ និងបន្តចាប់ខ្លួននាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ(ឱ្យ)មហាក្សត្រលាលែង រឿងទាក់ទិននឹងផែនការរដ្ឋប្រហារ មិនទាន់បានបញ្ចប់ទេ។ អ្នកណាចូលរួម អ្នកនោះនឹងត្រូវមានបញ្ហា។ សូមផ្ដាំ អាមួយដែលថាឱ្យខ្ញុំទៅនៅវៀតណាម “កុំឈ្លើយទៀត”។ ប្រពន្ធកូន កំពុងតែដូរលុយនៅផ្សារនៅភ្នំពេញទេ។ កុំព្រហើនពេក។ យើងមិនដែលបានយកកម្មពារជាមួយនរណាទេ។ ប្រ​ពន្ធ​កូនគេនៅរកស៊ីធម្មតា​ ហើយប្រពន្ធកូនវារកស៊ីចំណេញរាល់ថ្ងៃ រួចហើយវាទៅជា(មកចង់)ផ្តួលរំលំយើងទៅវិញ។ បើចិត្តសឿង នាំប្រពន្ធកូនចេញក្រៅទៅ ដូច ម៉ម ផល្លា ឥឡូវចង់យកប្រពន្ធទៅ។ ប្រុងលក់ផ្ទះ។ ទៅឱ្យផុតទៅ ហើយអាជេរខ្លាំងៗនៅបាងកក ជេរដើម្បីបានទៅប្រទេសទី ៣។ ម៉ម ផល្លា ក៏នៅក្នុងដីកាចាប់ខ្លួនដែរ … អញជួយនិយាយដើម្បីឱ្យគេទទួលទៅប្រទេសទី ៣។ យកសម្លេងហ្នឹងទៅប្រាប់ទូតប្រទេសណាមួយថា លោក ហ៊ុន សែន កំពុងប្រកាសចាប់ខ្លួនខ្ញុំ អញ្ចឹងឱ្យខ្ញុំទៅ។ ជួយឱ្យទៅតើ … រួចតាំងនិយាយ លោក ហ៊ុន សែន និយាយសុទ្ធតែ អញ អា ម៉ឹង។ អសុរសណាស់។ ដល់វាវិញ ជេរឯងសុទ្ធតែអាខ្វាក់ សុទ្ធតែស្អីៗឯណា …។

ហ៊ុន សែន បន្តនយោបាយសណ្តោសប្រណី ចំពោះអ្នកចាញ់បោកគេ

សម័យឥឡូវន ហេតុអីបានគេមាន Internet ហើយ Internet គេមើលឃើញឬអត់? មើលវាមិនឃើញទេ បើអញ្ចឹង យើងបង្ហោះអីមួយទៅពីលើអញ្ចឹង វានៅកន្លែងហ្នឹង។ ឥឡូវហ្នឹង កំពុងបង្ហោះនៅពីលើ … អាចស្រូបយកបាននូវសម្លេង(ជាគោលដៅ)នោះ តម្លើងដល់ ៥០០០ ទៅ ១០០០០ ដង … តែកាលណាបច្ចេកវិទ្យាកាន់តែលឿន វិធីគ្រប់គ្រងក៏វាកាន់តែទំនើបដែរ។ អញ្ចឹងខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ​។ សុំកុំព្រហើន ថាអាមេក្លោងវា(ទៅ)ចុះ ប៉ុន្តែអ្នកនៅខាងក្នុងហ្នឹងស្អីគេដែរ? លោក ហ៊ុន សែន ត្រូវគេគាបសង្កត់ហើយ បានដោះលែង។ ឥឡូវសាកមើល … ខ្ញុំថាត្រឹម ៣ ថ្ងៃ គឺប្រមូលយកមកវិញអស់ បើ ហ៊ុន សែន ចេញបញ្ជា ក្រោយហេតុផលសន្តិសុខជាតិ ប្រមូលមកដាក់ចូលឃុំវិញ … រួចហើយកាត់ទោសបណ្តោយទៅ … រួចហើយបែងចែកអាណាទៅគុកព្រះវិហារ​ អាណាទៅពោធិសាត់ អាណាទៅត្រពាំងផ្លុង នៅព្រៃស … ប៉ុន្តែ នយោបាយសណ្តោសប្រណី ដែល ហ៊ុន សែន ធ្លាប់ប្រើពីមុន បន្តប្រើប្រាស់ជាមួយបងប្អូន​ដោយសារបងប្អូនចាញ់បោកគេ (… មានទូរស័ព្ទចូលច្រឡំលេខ …)។

ធ្វើម្ចាស់ផ្ទះប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ នៅភ្នំពេញ

កម្មករ កម្មការិនីដែលធ្វើការនៅទីនេះ មេជាងនៅកន្លែងនេះ ត្រូវប្រឡងប្រណាំងអំពីគុណភាព និងសោ​ភ័ណភាពនៃផ្លូវ។​ អត់មានធ្វើឱ្យបានៗទេ។ ឆ្នាំក្រោយ គឺស្ថានភាព(ក្រុងព្រះសីហនុ) ខ្ញុំគិតថា បន្ទាប់ពីផ្លូវនេះធ្វើរួច ប្រជាពលរដ្ឋនឹងចង់មកមើលផ្លូវនេះ ចង់មើលផ្លូវមហាវិថីយ៉ាងម៉េច គាត់មកលេង(ខេត្តព្រះសីហនុ) ហើយទេសចរបរទេសក៏កាន់តែមានចំនួនច្រើនដែរ។ មុននេះ ខ្ញុំយកឆ្នាំ ២០២២ យកខេត្តព្រះសីហនុ ធ្វើជាកន្លែងប្រជុំកំពូលអាស៊ាន និងការប្រជុំពាក់ព័ន្ធ។ ប្រជុំលើកទី ១ នៅក្នុងខែមេសា ប្រជុំនៅខេត្តសៀមរាប។ ប្រជុំលើកទី​ ២ ប្រជុំនៅខេត្តព្រះសីហនុ។ ប៉ុន្តែដល់គិតៗទៅ ត្រូវរើក្បាលម៉ាស៊ីនពីទីក្រុងភ្នំពេញមកខេត្តសៀមរាប រើក្បាលម៉ាស៊ីនពីទីក្រុងភ្នំពេញមកខេត្តព្រះសីហនុ មិនមែនជារឿងងាយទេ។ អញ្ចឹងប្រជុំនៅភ្នំពេញតែម្ដងទៅ។ ប៉ុន្តែ នៅខេត្តសៀមរាប នឹងមានការប្រជុំអន្តរជាតិផ្សេងៗទៀត ព្រោះឥឡូវអាកាសចរណ៍ គឺធ្វើដំណើរចុះចតនៅទីនេះបាន ដែលមកពីប្រទេសនេះ ប្រទេសនោះ។

ខេត្តព្រះសីហនុ នឹងជួយស្រូបទាញ និងផ្ដល់ទៅថវិកាជាតិ ចែករំលែកទៅវិស័យដទៃ

… យើងបន្តការងារជាមួយគ្នា ធ្វើឱ្យខេត្តមួយនេះ ដែលភ្ជាប់ជាមួយនឹងព្រះបរមនាម សម្ដេចឪ សម្ដេចតា សម្ដេចតាទួតរបស់យើង ដែលហៅថា ខេត្តព្រះសីហនុ និងក្រុងព្រះសីហនុ នឹងក្លាយទៅជាទីក្រុង ដែលជាច្រកនៃកំណើនសេដ្ឋកិច្ចរបស់យើង។ ក៏ជាចក្ខុវិស័យរបស់ខ្ញុំ តាំងពីទសវត្សរ៍ ៩០ មកម្លេះ រវាងប៉ូលទី ១ គឺទីក្រុងភ្នំពេញ, ប៉ូលទី ២ គឺខេត្តព្រះសីហនុ និងប៉ូលទី ៣ គឺខេត្តសៀមរាប ប៉ុន្តែយើងត្រូវធ្វើឱ្យប៉ូលទី ១ ទីក្រុងភ្នំពេញ និងប៉ូលទី ២ ខេត្តព្រះសីហនុ ក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច។ ហើយយើងបាន និងកំពុងសម្រេចគោលដៅរបស់យើង តាមរយៈធ្វើឱ្យតាមបណ្ដោយផ្លូវជាតិលេខ ៤ ពោរពេញទៅដោយរោងចក្រ​។​​​ ខេត្តព្រះសីហនុ មានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង។ ៥ ទីតាំងកំពុងដំណើរការ និង ៤ ទីតាំងកំពុងដាក់ឱ្យដំណើរការ។ ខេត្តព្រះសីហនុនឹងក្លាយទៅជាខេត្តមួយ ជួយជំរុញកំណើនសេដ្ឋកិច្ច ហើយជួយទាញយកថវិកា ដើម្បីផ្ដល់ទៅឱ្យថវិកាជាតិ។ តាមរយៈនោះ ថវិកាជាតិក៏ត្រូវចែករំលែកទៅឱ្យវិស័យដទៃ និងទីកន្លែងដទៃ ទៅតាមសេចក្ដីត្រូវការនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង។

អរគុណថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ

ខ្ញុំនិយាយត្រឹមប៉ុណ្ណេះទៅចុះ។ ខ្ញុំមិនភ្លេចថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តម ថោង ខុន, ឯកឧត្តម សាយ សំអាល់, ឯកឧត្តម គួច ចំរើន ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ស្ថាប័នដទៃទៀត ដែលបានចូលរួមធ្វើឱ្យផែនការប្រកបដោយមហិច្ឆតា តែអាចធ្វើបានរបស់យើង សម្រេចទៅក្នុងរយៈពេល ៨ ខែខាងមុខ ដែលផ្លូវនេះ ត្រូវតែហើយ។​ បើទោះបីជាមិនអាចរកស្លឹកត្នោតខ្ចប់ស្ករត្នោតបាន ក៏គង់រាជរដ្ឋាភិបាលទំលាក់ទុនទាល់តែគ្រប់ ប៉ុន្តែយើងមានថវិការួចទៅហើយ​ ហើយបើតាមគណៈកម្មាការសាងសង់ ដែលឯកឧត្តម ជា សុផារ៉ា ចង់បង្វែរ ១០០ លានដុល្លារហ្នឹង ទៅឱ្យរាជរដ្ឋាភិបាលវិញផង។ បង្វិលមកវិញ ក៏បាន។ អត់អីទេ … ឮថា លុយគ្រប់ហើយ គេចង់បង្វិលមកវិញ បើចង់បង្វិល ក៏យកដែរ ព្រោះយើងក៏យកអាហ្នឹងបង្វិលធ្វើផ្លូវនៅខេត្តដទៃទៀត។ អញ្ចឹងយើងមើល ផ្លូវតែ ៨៨ គីឡូ យើងប្រើ(ថវិកា)ជិត ៣០០ លានដុល្លារឯណោះ។

ធ្វើការឱ្យច្បាស់លាស់ជាមួយក្រុមហ៊ុនបារាំង VINCI អំពីផ្លូវ ២៣៨១ ម៉ែត្រ

សូមយកចិត្តទុកដាក់(ចំពោះ)អនុសាសន៍របស់ខ្ញុំមួយ ធ្វើការឱ្យបានច្បាស់ជាមួយនឹងក្រុមហ៊ុនបារាំង វាំងស៊ី។ ក្រុមហ៊ុន VINCI បានរួមចំណែកធ្វើប្រមាណជា ១០ លានដុល្លារ។ គាត់ធ្វើ ២៣៨១ ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណជិត ១០ លានដុល្លារ។ ដោយសារអី? តំបន់ហ្នឹង ដីមមោក ត្រូវកាយជម្រៅ ១ ម៉ែត្រ ទៅ ១ ម៉ែត្រកន្លះចុះក្រោម យកដីហ្នឹងចេញហើយ បានចាក់ប្រដាប់រឹងចូល … ប៉ុន្តែត្រូវធ្វើការឱ្យច្បាស់លាស់ជាមួយនឹងក្រុមហ៊ុន VINCI។ ជួនកាល យើងធ្វើរួចហើយ VINCI មិនទាន់ធ្វើផង។ អញ្ចឹងវាមិនកដប វាមិនស្ទះដដែល? ក្នុងករណី VINCI មិនធ្វើ យើងត្រូវតែធ្វើខ្លួនឯង។ ខ្ញុំចេញបញ្ជាដាច់ណាត់ ហើយសុំបញ្ជាក់ជាមួយនឹង ដាច់ណាត់ ឱ្យច្បាស់ ធ្វើ ឬមិនធ្វើ? បើធ្វើ គាត់ធ្វើខ្លួនឯង ឬឱ្យយើងធ្វើ ហើយគាត់ចេញលុយ? … ប៉ុន្តែបើគាត់ចេញលុយមិនទាន់ យើងត្រូវតែចេញដែរ … ភាពម្ចាស់ការរបស់យើង។ អត់រង់ចាំទេ។ អរគុណ VINCI ដែលបានចូលរួម។ អរគុណក្រុមហ៊ុនមួយចំនួន ដែលមកវិនិយោគនៅទីនេះ(ក្រុងព្រះសីហនុ) ជាក្រុមហ៊ុនខ្មែរ ជាក្រុមហ៊ុនចិន ជាក្រុមហ៊ុនមកពីសាំងហ្គាពួរ បានចូលរួមចំណែកក្នុងការកសាងផ្លូវ និងការកសាងនៅទីនេះ។

៤ ធ្នូ ២០១៩ ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា/ចិន

គេថា ខេត្តព្រះសីហនុ ក្លាយទៅជាខេត្តរបស់ចិនហើយ។ ខ្ញុំសូមបញ្ជាក់ នៅប្រទេសដទៃ China Town មានគ្រប់កន្លែង។ កម្ពុជាអត់ទាន់មាន China Town ទេ។ ទៅសួរនៅអាមេរិក​ឯណោះ China Town នៅក្នុងប្រទេសអាមេរិកមានប៉ុន្មានទៅ? គ្រប់រដ្ឋទាំងអស់មាន China Town គេហៅថា ទីក្រុងរបស់ចិន។ នៅបារាំង នៅប្រទេសនានាមាន China Town ចុះចង្រៃអីគ្រាន់តែចិនមកវិនិយោគនៅស្រុកខ្មែរ វាបង្កើតទៅជារឿង។ រហូតទៅដល់វាប្រកាសថា ហ៊ុន សែន កំពុងលេងជាមួយភ្លើង ព្រោះមានទំនាក់ទំនងជាមួយចិន​។​ សុំផ្ដាំទៅអ្នកឯង ហ៊ុន សែន មិនធ្វើត្រឹមតែទាញអ្នកវិនិយោគមកប៉ុណ្ណឹងទេ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចាប់ដំណើរការ ហើយក៏នឹងសម្រេចជោគ​ជ័យក្នុងរយៈពេលខ្លី។ ពេលណាដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ទីផ្សារចិនបើកចំហរសម្រាប់ទំនិញរបស់កម្ពុជា។ នេះជាផលប្រយោជន៍សេដ្ឋកិច្ច(របស់កម្ពុជា)។

សូម្បីតែអាមេរិកក៏រកស៊ីជាមួយចិន អឺរ៉ុបក៏រកស៊ីជាមួយចិន រឿងអីមកបន្ទោសខ្មែររកស៊ីជាមួយចិនមិនបាន? … ល្អដែរ ដោយវាមាននយោបាយជាមួយចិនអញ្ចឹង ក្នុងពេលដែលប្រទេសក្នុងតំបន់ និងប្រទេសនានាលើពិភពលោករកស៊ីជាមួយចិន ហើយអ្នកឯងថា កម្ពុជារកស៊ីជាចិន ទំនាក់ទំនងជាមួយចិន​ គឺជាការប្រលែងជាមួយនឹងភ្លើង​។ … ម្ដងគាំទ្រចិន ប្រឆាំងនឹងអាមេរិក, ម្ដងគាំទ្រអាមេរិក ប្រឆាំងនឹងចិន។ យើងមានទាំងភស្ដុតាង(ពីការ)និយាយ។ ចាក់ឡើងវិញឱ្យវាឃើញ។ វានិយាយជាភាសាអង់គ្លេស បញ្ជូនឱ្យពួកទូតនានាឱ្យគ្រប់ទៅ ម្ដងគាំទ្រចិន ប្រឆាំងនឹងអាមេរិក, ម្ដងគាំទ្រអាមេរិក ប្រឆាំងនឹងចិន ចុះបើនយោបាយការបរទេសរបៀបហ្នឹង តើឱ្យដឹកនាំប្រទេសបានអត់? …។

វាយតម្លៃគណបក្សប្រជាជនកម្ពុជា និង ហ៊ុន សែន មិនត្រូវ មិនអាចឈ្នះបានទេ

រួចរឿងដែលអាក្រក់ជាងគេ ឱ្យមន្រ្តីគណបក្សប្រជាជនកម្ពុជាផ្ដួល ហ៊ុន សែន ហៅគេ(សម រង្ស៊ី)មកធ្វើនាយករដ្ឋមន្រ្តីជំនួស។ សូម្បីតែម្សិលមិញ គេចេញលិខិតប៉ុន្មានឯណោះ (លិខិត)បន្លំចេញមក ដក ហ៊ុន សែន។ អ្នកទាំងអស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ខិតខំធ្វើយ៉ាងម៉េចឱ្យ ហ៊ុន សែន មានសុខភាពល្អ ដើម្បីរួមដំណើរជាមួយគ្នា។ ដូចខ្ញុំបាននិយាយនៅខេត្តកំពតអញ្ចឹង អ្នកឯងវាយតម្លៃមិនដែលត្រូវទេ។ ការដែលវាយតម្លៃគណបក្សប្រជាជនកម្ពុជាមិនត្រូវហ្នឹងហើយ ដែលអ្នកឯងចាញ់គណបក្សប្រជាជនកម្ពុជារហូត។ ជាងនេះទៅទៀត អ្នកឯងវាយតម្លៃដំណើរផ្លូវរបស់ ហ៊ុន សែន អត់ត្រូវទេ។ កុំអ្នកឯងមកចង់ដើរតួជា គួនអ៊ី, ជា ជូ កឺលាង, ជា ស៊ឺ ម៉ាអ៊ី, ជា ចូវ អ៊ី ឬក៏ ជូ កឺជីង​ ដែលជាបងរបស់ ជូ កឺលាង ហើយដែលធ្វើជាទីប្រឹក្សាឱ្យ តុង អ៊ូ … ហ៊ុន សែន មិនមែនជា ជូ កឺលាង ហើយក៏មិនមែនជា ចូវ អ៊ី ឬក៏ ជូ កឺជីង នោះទេ។ គ្រាន់តែថា ស្ទើរភ្លើងណាស់ ទៅរៀនថែម ក្រុមយុទ្ធសាស្រ្តរបស់អ្នកឯង ដោយសារអ្នកឯងវាយតម្លៃអត់ត្រូវហ្នឹងហើយ។ សុទ្ធតែមនុស្សរាប់លាននាក់រង់ចាំតែពេលវេលាមកដល់ ដើម្បីចាប់ ហ៊ុន សែន ថ្ងៃទី ៩ វិច្ឆិកា​។ ឥឡូវ ហ៊ុន សែន កំពុងតែនិយាយលើវេទិកា ហើយនិយាយឮទៀត។ អ្នកខ្លះថា ហ៊ុន សែន ជិតងាប់ហើយ ពេទ្យគេឱ្យដំណឹងមក យ៉ាងយូរ ៣ ខែ។ ៣ ខែតាំងពីឆ្នាំមុន ឥឡូវជិតដាច់ឆ្នាំទៀតហើយ … រស់មិនបានយូរទេ យ៉ាងយូរ ៣០ ឆ្នាំទៀតតែប៉ុណ្ណឹង។

វាអស់ឆ្ងល់ត្រឹមអញ្ចេះ យើងប្រជុំបក្ស ប្រជុំបិទទ្វារ។ ហ៊ុន សែន អង្គុយឧទ្ទេសនាមសភាពការណ៍ វាទៅលើកឡើងថា ផែនការ ហ៊ុន សែន ចង់ដាក់កូនជំ​នួសមិនជោគជ័យ។ ឥឡូវចង់សួរ​ បើឪវាកំពុងតែនៅអញ្ចឹង ឱ្យកូនមកធ្វើរដ្ឋប្រហារយកតំណែងឪវា ឬយ៉ាងម៉េច? … ដល់ថ្ងៃខ្ញុំទៅបិទវគ្គនគរបាលជាតិ ខ្ញុំបានផ្ដាំផ្ញើថា​ នាយករដ្ឋមន្រ្តីក្រោយ សុំមេត្តាកុំបំបែកក្រសួងមហាផ្ទៃទៅជា ២ ដែលខ្ញុំបានខិតខំរក្សាតាំងពីមុនមក។ មុនឆ្នាំ ២០០៦ កាលជំនាន់រដ្ឋាភិបាលចម្រុះ វាពិបាកពេក បងប្អូនមានច្រើនណាស់ទាមទារឱ្យបង្កើតក្រសួងសន្ដិសុខ ផ្ដាច់ចេញពីក្រសួងមហាផ្ទៃ។ ខ្ញុំមិនព្រម។ ខ្ញុំបានថែទាំឱ្យនគរបាលស្ថិតនៅជាផ្នែកមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារដ្ឋបាលខេត្តមានកម្លាំងនគរបាលនៅក្នុងដៃ ក្រសួងមហាផ្ទៃមានកម្លាំងនគរបាលនៅក្នុងដៃ។ បែរជាវាទៅជាបំផុសបានទៅទៀត … ថា ហ៊ុន សែន បរាជ័យហើយ ដោយមិនអាចកាត់បន្ថយអំណាច ស ខេង បាន ព្រោះមិនអាចកាត់នគរបាលចេញបាន ក្នុងពេលដែល ហ៊ុន សែន ជាអ្នកធានា និងអំពាវនាវថា អ្នកដែលធ្វើនាយករដ្ឋមន្រ្តីនៅពេលក្រោយទៀត សូមធ្វើម៉េចទុកក្រសួងមហាផ្ទៃរាល់ថ្ងៃ កុំកាត់ទៅ​បង្កើតក្រសួងសន្ដិសុខមួយផ្សេង ក្រសួងមហាផ្ទៃមួយផ្សឹង។ នៅប្រទេសថៃ នគរបាលចំណុះផ្ទាល់របស់ចំពោះនាយករដ្ឋមន្រ្តី។ មានក្រសួងមហាផ្ទៃមួយ ដែលគ្រាន់តែត្រួតពិនិត្យទៅលើអាជ្ញាធរដែនដីតែប៉ុណ្ណោះ តែនគរបាលអត់ស្ថិតនៅក្រោមការបញ្ជារបស់ក្រសួងមហាផ្ទៃទេ។ នៅឡាវ នៅប្រទេសវៀតណាម អត់មានក្រសួងមហាផ្ទៃ មានក្រសួងនគរបាលជាតិ។ នៅប្រទេសចិន មានក្រសួងសន្ដិសុខជាតិ។ អញ្ចឹងវាបំពានតែម្ដង។ (តើ)អ្នកឯងហ៊ានស្បថឱ្យងាប់ដោយរន្ទះបាញ់ ឬឱ្យងាប់ដោយវិធីណាក៏ដោយ …។

មិនយកកូនចូលរដ្ឋាភិបាល និងមិនពាក់ព័ន្ធស្ថាប័នលុយកាក់

ម្យ៉ាងទៀត វាថា ហ៊ុន ម៉ាណែត នឹងឡើងធ្វើនាយករដ្ឋមន្រ្តី។ ឥឡូវឪវាកំពុងធ្វើ(ជានាយករដ្ឋមន្រ្តី) អញ្ចឹង ហ៊ុន ម៉ាណែត មកធ្វើនាយករដ្ឋមន្រ្តីម៉េច? … ហើយប្រកាស(បន្តធ្វើជានាយករដ្ឋមន្រ្តី)ដល់ឆ្នាំ ២០២៨? វាថា ហ៊ុន ម៉ាណែត ធ្វើមេទ័ព។ ឥឡូវយើងសួរ បណ្ដុះបណ្ដាលកូន តើបណ្ដុះបណ្ដាលរួចហើយ ឱ្យវាទៅធ្វើមេចោរ? និយាយឱ្យច្បាស់មក។ ខ្លួនឯងមិនទាន់នឹងបានកាន់អំណាចផង ប្ដីក៏សមាជិកសភា ប្រ​ពន្ធ​ក៏សមាជិកសភា ហើយមានអ្នកខ្លះមានប្រពន្ធដល់ទីពីរជាសមាជិកសភា ម៉េចក៏អ្នកឯងមិនថា? ឯខ្ញុំ គ្រាន់តែកូនធ្វើជាកងទ័ព ធ្វើជាសមាជិកសភា មិនអាចធ្វើបាន? ប៉ុន្តែខ្ញុំគ្រាន់តែហាមមិនឱ្យកូនចូលជាសមាជិករាជរដ្ឋាភិបាលទេ ខ្ញុំមិនយកកូនខ្ញុំឱ្យចូលជាសមាជិករាជរដ្ឋាភិបាលអាហ្នឹងម្ខាង។ ម្ខាងទៀត មិនឱ្យកូនខ្ញុំចូលលូកឡំជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ ខ្ញុំមានសិទ្ធិពេញលេញក្នុងការដាក់អ្នកណាទៅធ្វើរដ្ឋលេខាធិការមួយទៅ ទៅធ្វើជាមេគយ ទៅធ្វើជាអនុគយ ធ្វើខាងពន្ធដារ។ ប៉ុន្តែ(សូម)មើលទៅ អត់មានកូនរបស់ ហ៊ុន សែន ទេ។ សូមកូនយោគយល់។ ប៉ុន្តែកូនមិនចេះធ្វើផង។ ធ្វើជាកងទ័ព គេធ្វើបាន ឱ្យគេធ្វើទៅ។ គេផ្សេង យើងផ្សឹង។ គ្រាន់តែយើងតែងតាំង ប៉ុន្តែសួរថា កងទ័ពទទួលបានដែរអត់? គេទទួលបាន។ អញ្ចឹងអ្នកឯងចង់បណ្ដុះបណ្ដាលកូនបានហើយ ឱ្យកូនទៅដល់មេចោរ ក្នុងពេលដែលឪពុកធ្វើជានាយករដ្ឋមន្រ្តី? …។

ពាំនាំឱ្យ

ថ្ងៃនេះ បាននាំមកសម្រាប់យុវជនកាយាឫទ្ធ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្សចំនួន ១០៩៩ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនគរុសិស្សចំនួន ៥២ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូចំនួន ៤៤៥ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ ក្រុងព្រះសីហនុ សង្កាត់លេខ ៣ ថវិកា ២ លានរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ថវិកា ៣ លានរៀល។ ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថវិកា ៥ លានរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ និងសមាគមសិស្សនិស្សិត អាហារូបករណ៍សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងក្រុមយុវជន ៥៥៧ ក្នុងមួយក្រុមៗ ថវិកាចំនួន ៣ លានរៀល។ ជូនសាលាក្រុងព្រះសីហនុថវិកាចំនួន ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ៥ លានរៀល។

ជាង ២០ លានដុល្លារ បានវិនិយោគលើវិស័យអប់រំនៅខេត្តព្រះសីហនុ

ឯណា ខេង សាមេត សាលាដែលយើងធ្វើនៅក្នុងខេត្តព្រះសីហនុ ហើយអស់ ឬនៅ? រួចរាល់អស់ហើយ។ អម្បាញ់មិញ យើងកាត់វិទ្យាល័យ ឃ្លាំងលើ។ សរុបដែលយើងវិនិយោគនៅក្នុងខេត្តព្រះសីហនុលើវិស័យ​អប់រំ និងបណ្ដុះបណ្ដាល អស់ប៉ុន្មានលានដុល្លារ? ជាង ២០ លានដុល្លារ យើងទំលាក់មក(វិនិយោគ)ក្នុងវិទ្យាល័យ បឋមសិក្សា ហើយនិងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីនេះ។ អញ្ចឹងបានឃើញសាលាថ្មីៗនៅខេត្តព្រះសីហនុ ដែលយើងត្រូវធ្វើឱ្យ ព្រោះអញ្ចេះ អគារ សណ្ឋាគារធំៗ បែរមកសាលាយើង វាយ៉ាប់ពេក ក៏មិនកើត។ អញ្ចឹង ពេលនោះ ខ្ញុំវិនិយោគជាង ២០ លានដុល្លារ។ ប៉ុណ្ណឹងគឺអាចទៅរួចហើយ។ ជា​មួយ​នឹងការប្រកាសសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ ដែលនឹងចំណាយថវិកាជិត ៣០០ លានដុល្លារសហរដ្ឋអាមេរិក ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ