ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណទាំងពីគណៈ!
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
ហាគឹមទួន សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្ដងទៀត បន្ទាប់ពីប៉ុន្មានខែមុននោះ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវកន្លែងទឹកស្អាតនៅជិតទីរួមខេត្តកំពត។ សំរាប់ផ្នែកស៊ីម៉ង់ត៍ កាលពីខែ កុម្ភៈ ២០១៨ ក៏បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាជីវកម្ម ជីបម៉ុង នៅស្រុកបន្ទាយមាស។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលស្ថិតនៅចំ(ពី)មុខយើងនេះ ហើយដែលមានទីតាំងនៅស្រុកដងទង់ ខេត្តកំពតរបស់យើង។
សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន
នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលចាស់ ដែលយើងមានកន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់មិញ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន ហើយក៏វាបានចំណេញថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ។ នោះហើយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផលិតនូវអ្វីដែលយើងអាចផលិតបាន ជំនួសឱ្យការនាំចូលពីបរទេស និងរហូតទៅដល់យើងអាចមានសមត្ថភាពនាំចេញទៅក្រៅប្រទេសទៀតផង។
ខេត្ត ៣ ក្នុងចំណោម ២៥ ខេត្ត/ក្រុង មានលទ្ធភាពផលិតស៊ីម៉ង់ត៍
ខ្ញុំព្រះករុណាខ្ញុំ ពិនិត្យឃើញថា ក្នុងប្រទេសយើងពិតមែនតែមានភ្នំច្រើនណាស់ ក៏ប៉ុន្តែ ប្រទេសរបស់យើង គឺនៅតែខ្វះវត្ថុធាតុដើម ដែលអាចផលិតជាស៊ីម៉ង់ត៍បាន។ នៅក្នុង ២៥ ខេត្ត/ក្រុង គឺមានតែ ៣ ខេត្តតែប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតស៊ីម៉ង់ត៍ គឺនៅក្នុងខេត្តកំពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមានតិចតួចទេ។ ប៉ុន្តែ សម្រាប់ខេត្តកំពត ក្នុងបរិមាណ នៃចំនួនរោងចក្រ ៥ គឺមានរោងចក្រ ៤ ហើយ នៅក្នុងខេត្តកំពតរបស់យើងនេះ ដែលមានសមត្ថភាព(ផលិតស៊ីម៉ង់ត៍)ប្រមាណជិត ៦ លានតោន ដើម្បីផ្គត់ផ្គង់នូវតម្រូវការទូទាំងប្រទេស។
ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ចំនួនប្រាំ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលឃើញវឌ្ឍនភាព នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការកើនឡើង។ អ្វីដែលយើងកំពុងស្ថិតនៅទីនេះ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលវាបានកើនឡើងនៅក្នុងទឹកដីកំពត ហើយរហូតទៅដល់ ៤ រោងចក្រ បន្ថែមទៅដោយវារីអគ្គិសនីមួយទៀត ឡើងទៅដល់ ៥ រោងចក្រ។ ប្រសិនបើថ្ងៃក្រោយ គម្រោងចម្រាញ់ប្រេងកាតនៅក្នុងខេត្តកំពតអាចនឹងចេញជារូបរាង វានឹងកើតបានជាឧស្សាហកម្មធុនធ្ងន់មួយបន្ថែមទៀត។ សម្រាប់តែស៊ីម៉ង់ត៍ ឥឡូវនេះ យើងអត់មាននិយាយពីរាប់ម៉ឺនតោន ឬរាប់សែនតោនទេ និយាយពីរាប់លានតោនតែម្ដង … កាលពីឆ្នាំ ១៩៧៩ ក្រោយពេលដែលយើងរំដោះពីរបប ប៉ុល ពត ពេលនោះ យើងនិយាយត្រឹមតែរាប់ពាន់តោន ឬរាប់ម៉ឺនតោនតែប៉ុណ្ណោះ ហើយក្រោយមកយើងនិយាយរាប់សែនតោន …។
ប្រជាពលរដ្ឋមិនសូវសង់ផ្ទះប្រក់ស្បូវ ឬស្លឹកត្នោតដូចមុន
ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរពីទីក្រុងភ្នំពេញមកកាន់ទីនេះ តាមផ្លូវនៃការធ្វើដំណើរក្នុងរយៈពេលជាងកន្លះម៉ោង ខ្ញុំព្រះករុណាខ្ញុំ ក្រឡេកមើលចុះទៅក្រោម មិនបានឃើញដំបូលផ្ទះរបស់ប្រជាពលរដ្ឋប្រក់ជាស្បូវ និងស្លឹកត្នោតទៀតទេ។ បញ្ហាងាយយល់។ នៅត្រង់អញ្ចេះ ស្បូវ និងស្លឹកត្នោតពិបាករកណាស់ ហើយវាថ្លៃជាងស័ង្កសី ឬក្បឿងទៀតផងឥឡូវនេះ។ ដូច្នេះហើយបានជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបស់យើងអាចមានភាពប្រសើរជាងមុន។ ប្រជាពលរដ្ឋរបស់យើងសុទ្ធតែមានតម្រូវការ នៃការប្រើប្រាស់នូវសម្ភារៈសំណង់ ដែលយើងត្រូវផលិតនៅក្នុងស្រុក ដែលក្នុងនោះ អ្វីៗក៏ផ្ដើមចេញពីស៊ីម៉ង់ត៍។
ស៊ីម៉ង់ត៍មានតម្រូវការច្រើនទៅក្នុងវិស័យសំណង់
ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែលើកថា ស៊ីម៉ង់ត៍ដែលយើងផលិតបាននៅទីនេះ មានផលិតចេញទៅជាឥដ្ឋ/ក្បឿង/ជើងសសរផ្ទះ/សសរផ្ទះ រាប់ទាំងតម្រូវការនៃការបុកគ្រឹះធំៗ (និង)ត្រូវផលិតទៅតាមសម្ភារៈសំណង់ ដែលផ្ដើមចេញពីស៊ីម៉ង់ត៍ ដែលយើងផលិតនៅក្នុងស្រុកប្រមាណជាង ៨ លានតោននេះតែម្ដង។ បើយើងសង្កេតអំពីតម្រូវការនៅពេលខាងមុខនេះ ៨ លានតោននេះ អាចយើងនិយាយថានឹងគ្រប់ ឬក៏នៅកាលៈទេសៈដែល ឯកឧត្តម ស៊ុយ សែម ថានៅពេលដែលសំណង់កើនឡើង យើងក៏មានតម្រូវការនូវការនាំចូលបន្ថែមមួយចំនួនផ្សេងទៀត។
ស្ថាបនាផ្លូវដោយចាក់បេតុង ចំណាយច្រើន តែជាប់បានយូរ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា ថ្ងៃក្រោយផ្លូវលំ និងផ្លូវថ្នល់ទាំងឡាយ នឹងត្រូវប្រើប្រាស់ស៊ីម៉ង់ត៍យ៉ាងច្រើន ដើម្បីនឹងកសាង ព្រោះថា យើងធ្វើផ្លូវលំ ឬផ្លូវចាក់កៅស៊ូ គឺមិនបានប៉ុន្មានវានឹងត្រូវបំផ្លាញទៅដោយការដឹកលើសទម្ងន់ ឬក៏ដោយគ្រោះធម្មជាតិជាដើម។ អញ្ចឹងទេ បានជាមានចរន្ត នៃការធ្វើផ្លូវប្រើដោយស៊ីម៉ង់ត៍ (និង/ឬ)ដោយចាក់បេតុងតែម្ដង ទាំងនៅទីក្រុង និងនៅជនបទ។ ពិតមែនហើយ មានការចំណាយប្រាក់ច្រើនជាងបន្ដិច ក៏ប៉ុន្តែ គិតៗទៅ ធ្វើម្ដងយើងប្រើបាន ១០ ឆ្នាំ ឬជាង ១០ ឆ្នាំ បើសិនជាយើង(ធ្វើផ្លូវដោយ)បេតុង។ បើសិនជាយើងចាក់កៅស៊ូ ឬយើងធ្វើផ្លូវលំធម្មតា ធ្វើទៅធ្វើមកៗ នៅវិលតែត្រង់ហ្នឹង បូកសរុបទៅ អស់លុយច្រើនជាងធ្វើដោយចាក់បេតុង។
ផ្លូវបេតុងស្រោបកៅស៊ូ ទ្រាំទ្រការដឹកជញ្ជូនទៅ/មកកំពង់ផែទឹកជ្រៅ
អញ្ចឹងទេ បានជានៅខេត្តព្រះសីហនុ ថ្ងៃសៅរ៍នេះ ខ្ញុំព្រះករុណាខ្ញុំ ទៅបើកការដ្ឋាននៅទីនោះ គ្រាន់តែចាក់បេតុង ២ តឹកកន្លះសិន រួចហើយបានយើងចាក់កៅស៊ូពីខាងលើរហូតទៅដល់ ៨ ផឹងថែមទៀត។ ហ្នឹងបានធានាថា ទីក្រុងព្រះសីហនុ ទ្រាំទ្ររួចជាមួយនឹងទម្ងន់នៃការដឹកជញ្ជូន ដែលមានកុងតឺន័រយ៉ាងច្រើននៅក្នុងកន្លែងនោះ ដើម្បីចុះទៅកាន់កំពង់ផែទឹកជ្រៅសម្រាប់ការនាំចេញ/ចូល។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលតំណាងឱ្យលោក ខូវ សម្បត្តិ នៅក្នុងការខិតខំស្ថាបនានូវរោងចក្រនៅទីកន្លែងនេះ។ ទោះបីថា លោក ថៃ ប៊ុនរ៉ុង បានចែកឋានទៅហើយ ក៏ប៉ុន្តែ កូនរបស់គាត់ គឺលោកឧកញ៉ា ខូវ សម្បត្តិ ក៏នូវបន្តដើម្បីអភិវឌ្ឍនូវរោងចក្រស៊ីម៉ង់ត៍មួយនេះឱ្យកើតចេញជារូបរាង។ សង្ឃឹមថា នឹងអាចពង្រីកនូវសមត្ថភាពផលិតបន្ថែមទៀត។
ថ្មសំរាប់ផលិតស៊ីម៉ង់ត៍បាន មានតិច
ដូចដែលខ្ញុំបានលើកឡើងពីខាងដើម ប្រទេសរបស់យើងមានភ្នំច្រើន ហើយក៏មានថ្មច្រើនដែរ ក៏ប៉ុន្តែ នៅប្រទេសរបស់យើង គឺមានថ្មសម្រាប់ធ្វើស៊ីម៉ង់ត៍តិចណាស់។ មិនត្រឹមតែថ្ម សម្រាប់ធ្វើស៊ីម៉ង់ត៍តិចទេ គ្រាន់តែសម្រាប់ធ្វើផ្លូវហ្នឹងក៏តិចដែរ។ ពិតមែនតែមានថ្មភ្នំច្រើន ប៉ុន្តែ ថ្មនោះវាខ្ចីពេក។ ឥឡូវ ធ្វើផ្លូវនៅខេត្តព្រះសីហនុ មកយកថ្មនៅខេត្តកំពង់ស្ពឺទេ។ ធ្វើនៅកំពង់ឆ្នាំង ត្រូវយកពីកំពង់ស្ពឺ។ បានសេចក្ដីថា យើងក៏ត្រូវចំណាយទាក់ទងដឹកជញ្ជូន ហើយផ្លូវថ្នល់របស់យើងក៏ត្រូវទទួលរងការខូចខាតដោយសារការដឹកជញ្ជូនថ្មនោះដែរ។ យើងថ្លឹងថ្លែងផលប្រយោជន៍ រវាងការធ្វើ និងការមិនធ្វើ។ ឧទាហរណ៍៖ ផ្លូវក្រុងព្រះសីហនុកាលពីដើម គឺមានផ្លូវដែរ ក៏ប៉ុន្តែ ផ្លូវរបស់យើងស្ថានភាពគ្រឹះមិនទាន់មាំ នៅពេលដែលសំណង់កើនឡើងនៅក្រុងព្រះសីហនុ បើយើងមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនសម្ភារៈសំណង់ទេ គឺយើងមិនអាចកសាងអគាររាប់រយ ដែលមានកម្ពស់ចាប់ពី ៥-៥០ ជាន់នៅទីក្រុងព្រះសីហនុនោះបានទេ។ អញ្ចឹង យើងត្រូវអនុញ្ញាតឱ្យដឹកជញ្ជូន។ ដល់ដឹកទៅវាខូចផ្លូវ។ ឥឡូវ ធ្វើផ្លូវឱ្យរឹងមាំជាងមុន។
ប្តូរទស្សនៈពីលុយតិចធ្វើផ្លូវឱ្យបានវែង ទៅជាលុយតិចធ្វើផ្លូវឱ្យបានរឹងមាំយូរ
ការវិនិយោគសាធារណៈរបស់យើង ដែលបានដាក់ឆ្លងគណៈរដ្ឋមន្ត្រីប៉ុន្មានអាទិត្យមុននេះ ក៏ដាក់ទៅក្នុងចក្ខុវិស័យ ស្ដីអំពីការអភិវឌ្ឍ អំពីហេដ្ឋារចនាសម្ព័នប្រកបដោយគុណភាព។ ពីមុន ១០០ លានដុល្លារ (យើង)ធ្វើផ្លូវបាន ២០០ គីឡូម៉ែត្រ ព្រោះធ្វើឱ្យបានវែង។ ប៉ុន្តែឥឡូវនេះ យើងប្ដូរទស្សនៈ ១០០ លានដុល្លារដូចគ្នា ឱ្យមកនូវត្រឹម ១០០ គីឡូម៉ែត្រ បានហើយ។ ប៉ុន្តែ វាបានយូរ។ ជាចំណុចដែលយើងបានដាក់ចេញ។ គោលដៅដែលប៉ុន្មានឆ្នាំនោះ យើងបានដាក់ចេញពីរគន្លាក់ហើយ។ កាលពីមុនធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា ឯកទេសសេដ្ឋកិច្ចផ្សេងទៀត លុយតិចតែធ្វើផ្លូវឱ្យបានវែង កៅស៊ូចាក់ស្ដើង បន្ទាប់ទៅយើងពង្រឹងគុណភាពឡើងបន្តិច(ដោយ)យើងត្រូវដាក់ជញ្ជីងថ្លឹង ហើយជញ្ជីងគិតតែពីថ្លឹង ចង់ប៉ុន្មានអីធ្វើមិនដឹង ជួនកាលសូកតែលុយបន្តិចទៅបាត់។
អញ្ជឹង ដើម្បីកុំឱ្យលំបាក យើងដាក់ទស្សនៈចក្ខុវិស័យរបស់យើងមួយ គឺយើងត្រូវធ្វើផ្លូវឱ្យវាទ្រាំទ្របានជាមួយទម្ងន់ នៃរថយន្តដែលគេផលិតនៅក្នុងប្រទេសដទៃ (នោះ)សេចក្ដីត្រូវការស៊ីម៉ង់ត៍របស់យើងមិនមែនត្រឹមតែ ៨ លានតោនទេ បើសិនជាយើងដាក់ចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍដោយរាប់ទាំងផ្លូវថ្នល់ក៏ប្រើប្រាស់ស៊ីម៉ង់ត៍ដែរនោះ។ ចំនួនស៊ីម៉ង់ត៍ត្រូវការច្រើន។ យើងត្រូវការស៊ីម៉ង់ត៍ក្នុងការកសាងអគារ/ផ្ទះ/ សាលារៀន/វត្តអារាម គឺត្រូវការស៊ីម៉ង់ត៍ទាំងអស់។
កន្លែងពាក់ព័ន្ធបេតិកភណ្ឌប្រវត្តិសាស្ត្រ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មទេ
អញ្ជឹងទេ កន្លែងនេះមានផ្នែកមួយចំនួនដែលក្រសួងបរិស្ថានត្រូវគ្រប់គ្រង (និង)ការពារ ព្រោះប្រទេសរបស់យើងមានកន្លែងខ្លះ តំបន់ថ្មដែលអាចផលិតស៊ីម៉ង់ត៍បាន (និង/ឬ)តំបន់ថ្មដែលអាចយកធ្វើជាសម្ភារៈសំណង់បាន ក៏ប៉ុន្តែ ទីកន្លែងនោះពាក់ព័ន្ធនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ ឧទាហរណ៍៖ មានការលាក់ខ្លួនរបស់ អតីតព្រះរាជា ឬព្រះអង្គម្ចាស់នេះ/នោះកាលពីសម័យដើម។ អញ្ចឹង ទីតាំងនោះជាទីតាំងដែលត្រូវរក្សាទុក ដើម្បីធ្វើជាការអភិរក្សប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ។ មានកន្លែងមួយគេហៅភ្នំប្រចៀវ ជាកន្លែងដែលយើងត្រូវរក្សា។ យើងមានភ្នំច្រើនមែន ប៉ុន្តែ ភ្នំខ្លះវាខ្ចី វាមិនអាចទៅកសាងជាផ្លូវថ្នល់ ឬសម្ភារៈសំណង់បានទេ ព្រោះថ្មវាខ្ចី។ តំបន់ខ្លះមានភ្នំដែលអាចកសាងបានជាសម្ភារៈសំណង់ ឬជាវត្ថុធាតុដើមជាស៊ីម៉ង់ត៍ ក៏ប៉ុន្តែ មានផ្នែកខ្លះត្រូវការពារ ហើយកន្លែងខ្លះត្រូវការពារទាំងស្រុងតែម្ដង មិនឱ្យយកថ្មទៅធ្វើអី ព្រោះយើងត្រូវរក្សាទុក(ជា)បេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើង។
ចំនួនប្រជាពលរដ្ឋកើន សេចក្ដីត្រូវការកើន ជាបញ្ហាប្រឈម
ខ្ញុំព្រះករុណា ខ្ញុំពិតជាមានការរីករាយ ជាមួយការរីកចម្រើននៅក្នុងប្រទេសរបស់យើង ដែលមុននេះយើងប្រើពាក្យរាប់ពាន់តោន រាប់ម៉ឺនតោន រាប់សែនតោន ឥឡូនេះ យើងនិយាយពាក្យរាប់លានតោន ព្រោះតម្រូវការរបស់យើងមានការកើនឡើង។ ប្រជាពលរដ្ឋរបស់យើង ដែលក្រោយពេលរំដោះមានប្រមាណ ៥ លាននាក់ តែប៉ុណ្ណោះ ឥឡូវ ១៥ លាន ៨ សែននាក់ រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ហើយ។ អញ្ចឹង ឆ្នាំក្រោយគ្រប់ ១៦ លាននាក់ហើយ ព្រោះមួយឆ្នាំកើត ៤០ ម៉ឺននាក់។ ស្មើនឹងប្រទេសប្រ៊ុយណេ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏អត់បន្ទោសអ្នកណាបានទេ ព្រោះខ្ញុំព្រះករុណាខ្ញុំចាប់ផ្ដើមពីប្ដីប្រពន្ធជួបគ្នាឆ្នាំ ១៩៧៩ មានតែប្ដីម្នាក់ ប្រពន្ធម្នាក់ និងកូនប្រុសមួយទេ។ ឥឡូវនេះកូន ៥ (នាក់) ដល់កូនមានប្ដីប្រពន្ធឡើង ១០(នាក់)។ ចៅឡើង ២០ (នាក់) ឥឡូវហ្នឹងចៅទី ២១ កំពុងតែមកហើយ ប្រហែលជា ៦ ខែទៀត បានបីចៅមួយទៀតហើយ ចៅទី២១ តែមិនទាន់ដឹងថាចៅប្រុសឬស្រីនោះទេ។ សង្ឃឹមថា អាចមានចៅដល់ទី ២២ ទៀត។
ប្រហែលជាក្នុងចំណោមមេដឹកនាំនៅលើពិភពលោកនេះ អ្នកដែលមានប្រពន្ធ/ប្ដីមួយដូចខ្ញុំព្រះករុណាខ្ញុំ មានចៅច្រើន(នោះទេ) ខ្ញុំព្រះករុណាខ្ញុំមានចៅច្រើន។ ប៉ុន្តែ មិនហ៊ានលេងជាមួយអ្នកដែលមានប្រពន្ធច្រើនទេ គេមានប្រពន្ធច្រើន (ប្រាកដជាមាន)ចៅច្រើន។ ខ្ញុំព្រះករុណាខ្ញុំអត់ហ៊ានប្រឡងប្រណាំងជាមួយគេទេ។ ប៉ុន្តែ សម្រាប់អ្នកដែលមានប្រពន្ធមួយដូចគ្នា ខ្ញុំព្រះករុណាខ្ញុំ មានចៅច្រើន។ នៅពេលសួរគ្នាជាមួយមេដឹកនាំដទៃ គ្រាន់តែលឺចៅ ២០ (នាក់) គេបើកភ្នែកធំៗ។ ខ្ញុំប្រាប់ថានៅមានទៀត នៅចៅទី ២១ កំពុងមក។ ចំនួនប្រជាពលរដ្ឋកើនឡើង សេចក្ដីត្រូវការកើនឡើង ម្យ៉ាងទៀត ប្រទេសដែលកំពុងមានការអភិវឌ្ឍបែបនេះ សេចក្ដីត្រូវការរបស់ប្រជាជននៅតែមានតម្រូវការកាន់តែកើន នោះហើយជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ។
កោតសរសើរស្ថាប័ន្ធពាក់ព័ន្ធ ជួយសម្រួលដំណើរការរោងចក្រ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរខេត្តកំពត ក្រសួងរ៉ែ និងថាមពល ក៏ដូចជា ក្រសួង/ស្ថាប័នដទៃទៀត ដែលជួយសម្រួលឱ្យរោងចក្រនៅទីនេះ សម្រេចដំណើរការបាន និយាយដោយឡែក និងនិយាយរួម បណ្តារោងចក្រដែលស្ថិតនៅខេត្តកំពតរបស់យើងនេះដំណើរការទៅបានដោយរលូន ហើយផ្គត់ផ្គង់ទីផ្សារបានយ៉ាងល្អ និងទាន់ពេលវេលា សម្រាប់អ្នកដែលមានតម្រូវការទៅលើការសាងសង់។ ខែក្រោយខ្ញុំព្រះករុណាខ្ញុំត្រូវមកដេកនៅខេត្តកំពតមួយយប់។ អម្បាញ់មិញមកតាមនេះ មានបងប្អូនជាច្រើនចង់ថតរូបជាមួយ។ គិតថាខែក្រោយនេះមកដេកមួយយប់។ មកអត់ធ្វើអីតែម្តង ក្រៅតែពីកម្មវិធីហ្នឹងទៅ ឈរថតរូបជាមួយបងប្អូនតែម្តង។ បងប្អូនណាចង់ថតរូបជាមួយ ដាក់កម្មវិធីដាក់ទៅឈរចំណុចណាមួយនាំគ្នាថតរូប ព្រោះម្នាក់ៗមានទូរស័ព្ទរង់ចាំថតរូបជាមួយ។ ប៉ុន្តែ ខ្លះទៅក៏ថតបាន ខ្លះទៅក៏ថតមិនបាន។ នេះគ្រាន់តែនិយាយលេងទេ ការពិតវាអត់មានពេលទេ។ មកដល់ត្រូវធ្វើការជាមួយចៅហ្វាយខេត្ត ជាមួយអី រួចហើយត្រូវបើកទិវាបុណ្យសមុទ្រ ត្រូវធ្វើសេចក្តីថ្លែងការណ៍។ ប្រហែលជាពេលវេលាថតរូបតិចតួច។ តាមផ្លូវដើរហ្នឹងគេអាចថតរូបជាមួយតែប៉ុណ្ណឹង។
រដូវវស្សាជិតដល់ទីបញ្ចប់ សូមប្រជាពលរដ្ឋរក្សាទឹកទុក កុំឱ្យមានការលំបាកនៅចុងរដូវ
តាមផ្លូវដែលខ្ញុំព្រះករុណាខ្ញុំធ្វើដំណើរមកនេះ គឺថា ស្រូវល្អណាស់។ ចាប់ពីខេត្តកណ្តាល ចូលខេត្តតាកែវ និងចូលខេត្តកំពត ហើយកំពតឃើញច្រូតកាត់បានច្រើនជាងគេ ប្រៀបធៀបជាមួយនឹងខេត្តតាកែវ និងខេត្តកណ្តាល។ អ្នកដែលធ្វើស្រូវស្រាល ឬស្រូវកណ្តាលកំពុងតែចាប់ផ្តើមធ្វើការប្រមូលផលជាបណ្តើរៗ បើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សាឈានជិតដល់ទីបញ្ចប់ហើយ។ អញ្ចឹងទេ អំពាវនាវបងប្អូនមេត្តាថែទាំទឹកនៅក្នុងស្រែ និងនៅក្នុងប្រឡាយ (ឬ)អាងទឹកស្តុកទឹក ត្រូវខិតខំថែរក្សាទឹក។ មិនគ្រាន់តែខេត្តកំពតទេ គ្រប់ខេត្តទាំងអស់ ដែលខ្ញុំព្រះករុណាខ្ញុំអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន។ យប់មិញថានៅខេត្តកំពតនេះមានភ្លៀងខ្លាំង។ អញ្ចឹង ត្រូវតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការរក្សាទឹកទុក ព្រោះកុំឱ្យមានការលំបាកនៅចុងរដូវ។
ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត
ទ្រឹស្តីខ្ញុំព្រះករុណាខ្ញុំ ដែលបានដាក់ចេញប្រកាសនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ឆ្នាំ ១៩៩៤ វានៅតែមានប្រសិទ្ធភាពដដែល “ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត” ចាំភាសាហ្នឹង។ ច្រូតស្រូវក្នុងទឹកវាពិបាកហើយ ក៏ប៉ុន្តែ អាអត់ស្រូវច្រូតទើបវាវេទនា។ អញ្ចឹងទេ បងប្អូនខ្លះនៅខាងស្រុកវាលវែងនៅចាំទេ?ពេលហ្នឹងរាំងស្ងួតនៅស្រុកវាលវែង។ កាលហ្នឹងទំនប់ដំណាក់អំពិលរបស់យើងអត់ទាន់ធ្វើទេ។ សួរបងប្អូនថា ហេតុអីបានមិនព្រមធ្វើស្រូវស្រាល? ថាធ្វើស្រូវស្រាលហ្នឹងវាពិបាក វាត្រូវច្រូតក្នុងទឹក។ គាត់នាំគ្នាធ្វើស្រូវធ្ងន់។ អញ្ចឹង ខ្ញុំប្រើពាក្យថា “អាហ្នឹងមិនមែនស្រូវនាងសង្ហាទេ គឺនាងពួន ព្រោះវាពួន។ វាអត់ចេញ។ វាអត់ទឹក។” អញ្ចឹង ត្រូវនាំគ្នាធ្វើស្រូវនាងសង្ហា។ សង្ហាបានសេចក្តីថាស្រូវហ្នឹងចេញទាំងអស់។
ផ្ទេរពីធ្វើស្រូវធ្ងន់ មកស្រូវកណ្តាល និងស្រូវស្រាល
បានមានចលនាផ្ទេរពីការធ្វើស្រូវធ្ងន់ មកកាន់ស្រូវកណ្តាល។ ផ្ទេរពីស្រូវកណ្តាល មកកាន់ស្រូវស្រាល ដែលយើងអាចទទួលបានផលច្រើនជាង។ ឆ្នាំកន្លងទៅនេះ យើងសល់ស្រូវប្រមាណជិត ៦ លានតោនឯណោះ។ ឆ្នាំនេះខេត្តកំពតធ្វើសម្រេចរហូតទៅដល់ជាង ១០០% ហើយទិន្នផលប្រមាណជា ៣ តោន/ហិកតា ដែលអាចចាត់ទុកថាជាចំនួនដ៏ធំមួយ។ អញ្ចឹងទេ ត្រូវបន្តការខិតខំ។ អំពាវនាវពីទីនេះទៅកាន់ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅក្នុងប្រទេស ក៏ដូចជាអាជ្ញាធរដែនដី ត្រូវប្រុងប្រយ័ត្នជាមួយនឹងការរក្សាទុកទឹកនៅក្នុងអាង នៅក្នុងទំនប់ នៅក្នុងស្រែរបស់ខ្លួន ដើម្បីធានាថា មិនមានអ្វីកើតឡើងនៅចុងរដូវនោះទេ។
កំពតមានស៊ីម៉ង់ត៍ វារីអគ្គិសនី និងអំបិល
ទាក់ទិនជាមួយនឹងបញ្ហាអគ្គិសនី ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ ត្រូវចំណាយពេល ៤ ម៉ោង ដើម្បីដោះស្រាយបំណុល។ អ្វីទៅដែលជាបំណុលរបស់ខ្ញុំព្រះករុណា? គឺជំពាក់ឯកសារ ដែលខាងក្រោមដាក់មកហើយវាចំពេលបុណ្យទាន។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ ត្រូវចំណាយពេល ៤ ម៉ោង ដើម្បីនឹងពិនិត្យឯកសារទាំងអស់។ ទាំងចុះហត្ថលេខា ទាំងអនុញ្ញាតយល់ព្រម និងទាំងមើលរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ មានការសប្បាយរីករាយ។ ថ្ងៃនេះ ឯកឧត្តម ស៊ុយ សែម ក៏បានលើកអំពីចំនួនអគ្គិសនីផងដែរ។ ក្នុងខេត្តកំពតមានវារីអគ្គិសនីកំចាយ ដែលមានកម្លាំងរហូតទៅដល់ ១៩៣ មេហ្គាវ៉ាត់។ អញ្ចឹង ខេត្តកំពតដោះស្រាយបានច្រើនណាស់។ ស៊ីម៉ង់ត៍ក៏ចេញពីកំពត។ ភ្លើងក៏ចេញពីកំពត។ អំបិលក៏ចេញពីកំពត ហើយអំបិលមានតែឯងទៀត។ អគ្គិសនីអាចខេត្តផ្សេងមាន។ ស៊ីម៉ង់ត៍អាចខេត្តផ្សេងមាន ក៏ប៉ុន្តែ ដល់ទៅអំបិលមានតែកំពត។ អញ្ចឹង កំពតជាទីកន្លែងមួយ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនៅទីនេះ ហើយក៏ត្រូវថែទាំនូវកន្លែងផលិតអំបិល ដែលយើងត្រូវផ្តល់ការលើកទឹកចិត្ត និងសម្រួលយ៉ាងណាឱ្យការផលិតអំបិល។
ទឹកក្នុងអាងវារីអគ្គិសនីកំចាយមានបរិមាណ ១០០% ក្នុងខែវិច្ឆិកា
សម្រាប់វារីអគ្គិសនី ឯកឧត្តម ស៊ុយ សែម រាយការណ៍ឱ្យរាល់ថ្ងៃ តើវារីអគ្គិសនីក្នុងមួយថ្ងៃចេញបានប៉ុន្មាន? ខ្ញុំព្រះករុណាខ្ញុំ ឃើញចំនួនវារីអគ្គិសនីចេញចំនួនមួយតិច បែរជាភ័យ។ ពីម្សិលវារីអគ្គិសនីយើងចេញតែ ៩៣-៧៣០ មេហ្គាវ៉ាត់ ក្នុងកម្លាំង ១ ៣២៨ មេហ្គាវ៉ាត់។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ បែរជាភ័យ ប៉ុន្តែ ឯកឧត្តម ស៊ុយ សែម បានពន្យល់ពីម្សិលនៅក្នុងរបាយការណ៍ថា ការដែលបញ្ចេញវារីអគ្គិសនីតិច គឺមូលហេតុយើងខិតខំសន្សំទឹក។ ប្រៀបធៀបឆ្នាំទៅក្នុងខែវិច្ឆិកាដូចគ្នា យើងបានប្រើប្រាស់ទឹកក្នុងអាងវារីអគ្គិសនីអស់ ៣០% ទៅហើយ ប៉ុន្តែ ឆ្នាំនេះ គឺរយៈពេលដូចគ្នា យើងរក្សាទឹកក្នុងអាងវារីអគ្គិសនីចំនួន ១០០% ដើម្បីធានាថា យើងនឹងមានទឹករុញតួប៊ីនជាបន្តបន្ទាប់ ដោយមិនមានការខ្វះខាត។
សូមអរគុណការពន្យល់របស់ ឯកឧត្តម ស៊ុយ សែម ដែលមុននេះខ្ញុំមានការបារម្ភ ព្រោះខ្ញុំបានសន្យាជាមួយនឹងអ្នកទីក្រុងភ្នំពេញថា ខិតខំធ្វើយ៉ាងម៉េចកុំឱ្យកាត់ភ្លើងអ្នកទីក្រុងភ្នំពេញ។ ឥឡូវនេះ យើងមានប្រភពពីវារីអគ្គិសនីក៏នៅសល់ទឹកច្រើន យើងមានប្រភពផ្សេងៗទៀត ដែលផលិតដោយធ្យូងថ្ម ដោយពន្លឺព្រះអាទិត្យ នឹងដោយការនាំចូលពីវៀតណាម ពីថៃ និងពីឡាវ ហើយយើងក៏មានបម្រុងអគ្គិសនីនៅជិតទីក្រុងភ្នំពេញចំនួន ៤០០ មេហ្គាវ៉ាត់។ ក៏ប៉ុន្តែ រយៈពេលសាងសង់អាចនឹងត្រូវពន្យារពេលរហូតទៅដល់ខែមិថុនា ទើបអាចសាងសង់រួច។ តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធានាថាមានភ្លើងប្រើគ្រប់គ្រាន់ ដែលយើងយកពីប្រភពនេះ/នោះ រាប់តាំងពេលដែលមានតម្រូវការចាំបាច់ យើងអំពាវនាវឱ្យក្រុមហ៊ុន ដែលមានអគ្គិសនី/ម៉ាស៊ីនភ្លើង បញ្ឆេះម៉ាស៊ីនភ្លើងផងដែរ។ នេះក្នុងករណីដែលចាំបាច់ទេ។
អគារកំពុងសាងសង់ ត្រូវធ្វើផែនការផ្គត់ផ្គង់ជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា
យើងត្រូវធ្វើផែនការមួយទៀត តាមរយៈអគារជាច្រើន ដែលកំពុងសាងសង់នេះ ដែលមិនទាន់មកចុះកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅឡើយទេ។ ដូច្នេះ ត្រូវឱ្យអ្នកដែលកសាងនូវអគារទាំងនោះ មកធ្វើផែនការផ្គត់ផ្គង់អគ្គិសនីជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា ទើបយើងអាចដឹងពីតម្រូវការ។ ពេលដែលក្តៅ ខ្លាំងមែនទែន អគ្គិសនីប្រើខ្លាំងណាស់ រហូតទៅដល់ ១ ៨០០ មេហ្គាវ៉ាត់។ ប៉ុន្តែ នៅពេលខែរងា បែរមកធ្លាក់ត្រឹមតែ ១ ៦០០ មេហ្គាវ៉ាត់ទេ។ ក៏ប៉ុន្តែ ដោយសារតែអគារនានាមិនទាន់បានភ្ជាប់ គម្រោងប៉ាន់ស្មាននឹងឡើងដល់ ២ ២០០ មេហ្គាវ៉ាត់។ ឥឡូវនេះ ភូមិចំនួន ៩៣% ហើយដែលមានអគ្គិសនីទៅដល់។ ខ្ញុំព្រះករុណាខ្ញុំ បានអនុញ្ញាតឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជាប្រើប្រាស់នៅផលរបស់ខ្លួន ចំនួន ៥ ឆ្នាំទៀត ដើម្បីតបណ្តាញអគ្គិសនីឱ្យទៅដល់គ្រប់ភូមិនៅទូទាំងប្រទេស។ ចំនួនផ្ទះប្រជាជន ៧៤% ហើយដែលមានអគ្គិសនីប្រើប្រាស់ ឯអ្នកដែលមិនមាន គេប្រើធុងអាគុយ។ មិនមែនប្រើចន្លុះដូចពីសម័យដើមនោះទេ។ នោះហើយជាដំណាក់កាលរីកចម្រើនរបស់យើង។
តម្រូវការចេញពីស៊ីម៉ង់ត៍ ដោះស្រាយបានការងារធ្វើរាប់លាននាក់
ខ្ញុំព្រះករុណាខ្ញុំ សុំពន្យល់បន្តិច ថ្ងៃនេះ រោងចក្រ ៥ ដែលឯកឧត្តម ស៊ុយ សែមបានធ្វើរបាយការណ៍ មានកម្មករ ចំនួន ២ ៧០០ នាក់ តែប៉ុណ្ណោះ នេះបើគិតពីចំនួនអ្នកធ្វើការ។ ដោយឡែកកម្មករ (និង)បុគ្គលិកបម្រើការនៅក្នុងរោងចក្រ ថៃប៊ុនរ៉ុង ចំនួនតែ ៦៧០ នាក់ទេ ។ អញ្ចឹងទេ យើងឃើញថា រោងចក្រ ៥ មានចំនួនកម្មករត្រឹមតែ ២ ៧០០ នាក់ គឺចាត់ទុកថា ការដោះស្រាយការងារធ្វើតិចណាស់។ ក៏ប៉ុន្តែ យើងត្រូវ ឃើញឱ្យច្បាស់ ចេញពីស៊ីម៉ង់ត៍មួយមុខនេះ ធ្វើឱ្យចំនួនកម្មករនៅតាមបណ្តាការដ្ឋានសំណង់នានា ចូលទៅដល់រាប់សែន ចូលទៅដល់រាប់លាននាក់ឯណោះ ព្រោះតែការដ្ឋាននានាសុទ្ធតែមានតម្រូវការចេញពីស៊ីម៉ង់ត៍ហ្នឹង។ កន្លែផលិតស៊ីម៉ង់ត៍ គឺដោះស្រាយមនុស្សមិនដល់ ៣ ០០០ នាក់ទេ ក៏ប៉ុន្តែ ដល់ស៊ីម៉ង់ត៍យកទៅធ្វើផ្ទះ/ការដ្ឋាន/ស្ពាន/ផ្លូវ/រោងចក្រ/សាលារៀន/វត្តអារាម អញ្ចឹង មនុស្សរាប់លាននាក់ ដែលចេញពីស៊ីម៉ង់ត៍នេះ។ ខ្ញុំព្រះករុណាខ្ញុំ និយាយត្រឹមប៉ុណ្ណឹងចុះ ទៅលើអ្វីដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែ មិនមែនបានសេចក្តីថា ដល់ទីបញ្ចប់ទេ។
គ្រប់ទីកន្លែង/កម្មវិធី រៀបចំអាសនៈក្រមស្មើគ្នា សំរាប់សង្ឃទាំងពីរគណៈ
ខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការកែតម្រូវបន្តិចទៅលើបញ្ហាការរៀបចំអាសនៈក្រម សម្រាប់មន្រ្តីសង្ឃ ដែលចូលរួមនៅក្នុងពិធីនានា។ កាលពីមុននេះ យើងបានកែសម្រួលម្តងហើយ អំពីបញ្ហាការដាក់ព្រះសង្ឃឱ្យបានខ្ពស់ជាងបាសក ហើយខាងក្រោយ យើងមានប្រើទង់ជាតិ/សាសនា/ព្រះមហាក្សត្រ ដែលជានិមិត្តរូប នៃបាវចនាទាំងបីរបស់យើង។ ប៉ុន្តែ ចំណុចដែលសេសសល់ ដែលខ្ញុំព្រះករុណាខ្ញុំសុំធ្វើការកែតម្រូវ និងសុំគ្រប់ទីកន្លែងធ្វើការដោះស្រាយ។ ថ្ងៃនេះ ព្រះមេគុណទាំងពីរគណៈ ទាំងធម្មយុត្តិកនិកាយ និងមហានិកាយ និមន្តមកទាំងពីរអង្គ។ ប៉ុន្តែ មហានិកាយត្រូវបានគង់មុខ និងធម្មយុត្តិកនិកាយគង់នៅខាងក្រោយ។ ការរៀបចំនេះមិនត្រូវទេ។ បើបានជ្រុលនិមន្តព្រះមេគុណទាំងពីរគណៈ ឬព្រះអនុគណទាំងពីរគណៈ ត្រូវរៀបចំអាសនៈក្រមទាំងពីរមុខស្មើគ្នា។
ហេតុអីបានត្រូវនិយាយយ៉ាងដូច្នេះ? រដ្ឋធម្មនុញ្ញយើងបានចែងច្បាស់នៅត្រង់វគ្គ ស្តីអំពីក្រុមប្រឹក្សារាជសម្បត្តិ ក្រុមប្រឹក្សារាជសម្បត្តិមានប្រធានព្រឹទ្ធសភា អនុប្រធានទាំងពីររបស់ព្រឹទ្ធសភា គឺ ៣ នាក់។ ប្រធានរដ្ឋសភា និងអនុប្រធានទាំងពីររបស់រដ្ឋសភា គឺ ៣ នាក់ទៀត (វា)ឡើង ៦ នាក់។ នាយករដ្ឋមន្រ្តី ១ នាក់ (វា)ឡើង ៧ នាក់។ ព្រះសង្ឃរាជទាំងពីរគណៈ គឺទាំងធម្មយុត្តិកនិកាយ និងមហានិកាយ។ ន័យត្រង់នេះគ្រប់គ្រាន់ បានឱ្យដឹងថាអាសនៈក្រម គឺនៅស្មើគ្នា។ ដូច្នេះ គ្រប់ទីកន្លែងទាំងអស់ បើនិមន្តតែមហានិកាយ អាហ្នឹង គឺដាក់មហានិកាយនៅមុខចុះ។ ប៉ុន្តែ បើនិមន្តទាំងពីរអង្គមកហើយ ត្រូវរៀបចំ(អាសនៈ)ឱ្យស្មើគ្នា។ ក្នុងព្រះបរមរាជវាំង ពេលណាដែល សម្តេច ប៊ូ គ្រី (និមន្ត)ទៅ, សម្តេច ទេព វង្ស (និមន្ត)ទៅ ក្នុងបរមរាជវាំងរៀបចំទាំង(អាសនៈ)ពីរស្មើគ្នា។ អញ្ចឹង នៅកន្លែងនេះឃើញថាមានពីរគណៈ មកដល់សួរ ប៉ែន ស៊ីម៉ន ថាតើព្រះអង្គៗណាដែលធម្មយុត្តិកនិកាយ? (ថា)ព្រះអង្គទៅនៅខាងក្រោយ។ ថ្ងៃក្រោយត្រូវឡើងមកខាងមុខ ហើយកៅអីឱ្យដូចគ្នា ព្រោះនេះយើងធ្វើតាមការរៀបចំឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញបានចែង។
រដ្ឋធម្មនុញ្ញមិនបានចែងថា ព្រះសង្ឃទាំងពីរគណៈនេះមានសិទ្ធិស្មើគ្នាទេ ប៉ុន្តែ គេអាចមើលអំពីត្រង់វាក្យខណ្ឌដែលទាក់ទងនឹងក្រុមប្រឹក្សារាជសម្បត្តិ … អំពីសម្តេចព្រះសង្ឃរាជមហានិកាយ និងធម្មយុត្តិកនិកាយ។ អញ្ចឹងទេ បានសេចក្តីថា ព្រះសង្ឃរាជទាំងពីគណៈយាងចូលរួម គឺត្រូវ(គង់)នៅកៅអីស្មើគ្នា។ ដល់ព្រះមេគណ និងអនុគណចូលរួមត្រូវរៀបចំស្មើគ្នា។ ព្រះចៅអធិការចូលរួមត្រួវរៀបចំស្មើគ្នា។ ខ្ញុំព្រះករុណាខ្ញុំ សុំអភ័យទោស ដោយសារតែកន្លងទៅមិនមែនកំហុសខាងក្រោមទេ ដោយសារកំហុសមកពីការណែនាំ។
រីករាយដោយឃើញសាសនានៅកម្ពុជាមានសុខដុមនីយកម្ម
ខ្ញុំព្រះករុណាខ្ញុំ ពិតជាសប្បាយរីករាយ ដោយសារតែយើងអត់មានការបែងចែធម្មយុត្តិកនិកាយ (និង)មហានិកាយ ឬក៏ព្រះពុទ្ធសាសនា និងឥស្លាមសាសនា។ ថ្ងៃនេះ ឥស្លាមច្រើនណាស់មកចូលរួម ហើយប្រហែលជាមានខាងគ្រឹស្តមកដែរ។ មិនអត់ទេ។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ ទទួលពរទាំងបី។ ព្រះពុទ្ធក៏ទទួល ព្រះអាឡោះក៏ទទួល គ្រឹស្តក៏ទទួល។ ឆ្នាំនេះ លោកជំទាវ ម៉ែន សំអន បើសិនជាពេលវេលាខ្ញុំវាអត់ប៉ះពាល់ទេ ចាំមើលខ្ញុំនឹងទៅជួបអាចារ្យ និងយាយជី។ ប៉ុន្តែ ត្រៀមឱ្យហើយ បើនៅក្នុងករណីដែលខ្ញុំត្រូវជួបភ្ញៀវ ព្រោះមានថ្នាក់ធំៗមកច្រើណាស់។ ប៉ុន្តែ ប្រសិនខ្ញុំអត់មានបញ្ហាទេ ខ្ញុំនឹងទៅចូលរួមជួបអាចារ្យ និងយាយជី។
លោកយាយ/តាអើយ ឥឡូវ ដល់ដំណាក់កាលវិបត្តិអាចារ្យ។ អាចារ្យខែនេះរត់ដល់កហើយ បន្តិចរោងការនេះ/នោះ ឯណេះកំពុងតែការ ឯណោះងាប់បាត់។ ត្រូវយកអាចារ្យខ្មោចទៅកាន់ពេលាការ។ ខ្លះគេអត់ឱ្យទេ អ្នកកាន់ពេលាការ គឺកាន់តែពេលាការទេ ប៉ុន្តែ អាហ្នឹងធ្វើម៉េច? ឥឡូវ ចាប់ផ្តើមការហើយ។ ខែនេះ គឺជាខែកាក់កបអាចារ្យការ កាក់កបខាងអ្នកតុបតែងការ ច្រៀងកាត់សក់ការអីក្រុមហ្នឹងត្រូវប៉ាន់ហើយ ព្រោះចេញវស្សារួចហើយ … (សម្តេចមានប្រសាសន៍ អំពីព្រះសង្ឃ ១ អង្គ នៅភ្នំពេញ ដែលប្រព្រឹត្តខុសវិន័យសង្ឃ ដោយលួចទាក់ទងស្រីរហូតមានផ្ទៃពោះ)។
សារទី ១៖ អរគុណប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់រដ្ឋប្រហារ ប៉ុនប៉ងដណើ្តមអំណាច នៅថ្ងៃទី ៩ វិច្ឆិកា
ខ្ញុំព្រះករុណាខ្ញុំ មានរឿង ២ (ឬ) ៣ ដែលសុំយកឱកាសនេះដើម្បីនិយាយ។ ទី ១ ខ្ញុំព្រះករុណាខ្ញុំ សុំកោតសរសើរ អរព្រះគុណ និងអរគុណ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់នូវរដ្ឋប្រហារមួយ ដែលប៉ុនប៉ងដណើ្តមអំណាច នៅថ្ងៃទី ៩ វិច្ឆិកា កន្លងទៅ តាមរយៈការចូលរួមទទួលទានហូបអំបុក ក្រោមបាវចនា “អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” វាជារឿងចម្លែកណាស់ ដែលសារនយោបាយបានផ្តល់ចេញមក ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃចាប់ ហ៊ុន សែន ដើម្បីយកទៅផ្តន្ទាទោស ឬត្រូវនិរទេស ហ៊ុន សែន ឱ្យទៅនៅក្រៅប្រទេស ហើយគេចូលគ្រប់គ្រងអំណាចម្តង។
រាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីទប់ស្កាត់ឱ្យខាងតែបាន ដោយ(ប្រើ)គ្រប់វិធី ដើម្បីធានានូវសន្តិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ សន្តិសុខមានតម្លៃខ្លាំងណាស់ ដោយសារតែសន្តិសុខ(នេះ)ហើយ ទើបប្រជាពលរដ្ឋរបស់យើងសប្បាយរីករាយនៅក្នុងបុណ្យជាតិ ៩ វិច្ឆិកា និងបុណ្យអុំទូក ថ្ងៃទី ១០, ១១, ១២ កន្លងទៅ។ អុំទូក អកអំបុក សំពះព្រះខែ លយប្រទីបរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ មិននឹកស្មានថា សារនយោបាយដែលចេញមកអំពាវនាវឱ្យប្រជាពលរដ្ឋបះបោរឡើង (និង)កម្លាំងប្រដាប់អាវុធបាញ់ទៅលើ ហ៊ុន សែន គេអាចធ្វើទៅរួច។ បើដូច្នោះ ជម្រើសរបស់រាជរដ្ឋាភិបាល ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែទប់ស្កាត់មិនអាចឱ្យអ្នកឯងធ្វើផ្តេសផ្តាសបានទេ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានជំនឿជឿជាក់ទៅលើប្រជាពលរដ្ឋរបស់យើង ដែលចង់រក្សាឱ្យខាងតែបាននូវសន្តិភាព ដែលរកបានដោយលំបាក។
ដល់ឆ្នាំ ១៩៩៦ ទើបខេត្តកំពតអស់ខ្មែរក្រហម
យើងលំបាកណាស់ ទម្រាំមានសន្តិភាពរហូតសព្វថ្ងៃនេះ។ ជំនាន់លោកយាយ/តា ជំនាន់ខ្ញុំនេះ គឺជំនាន់បាត់បង់ឱកាសទាំងអស់ ពេលដែលយើងធំដឹងក្តី កំពុងពេញសប្បាយ ត្រូវការរៀនសូត្រ ត្រូវការធ្វើការងារ ក៏ប៉ុន្តែ បែរជាសង្គ្រាមមកដល់។ យើងត្រូវតែធ្វើសង្គ្រាម ឬក៏គ្រោះថ្នាក់ដោយសារសង្គ្រាម។ បន្ទាប់ទៅរបបប៉ុល ពត។ បន្ទាប់ពីរបប ប៉ុល ពត សង្គ្រាមនៅបន្ត។ ខេត្តកំពតរបស់យើងនេះ ឆ្នាំ ១៩៩៦ ទើបអស់ខ្មែរក្រហម។ ឆ្នាំ ១៩៩៤ ផ្លូវរថភ្លើងរបស់យើងនេះ ត្រូវបានបាញ់ប្រហារ ហើយស្លាប់ជនបរទេស ៣ នាក់ (ក្នុងនោះ) បារាំង ១ នាក់។ អាមេរិក ១ នាក់។ អូស្ត្រាលី ១ នាក់ នៅចាំទេ? គ្រាន់តែតាកែនកោះស្លា គឺជាតំបន់ដែលខ្ញុំមកធ្វើសមាហរណកម្ម បានសេចក្តីថា ខ្មែរក្រហមមិនមែននៅតាមព្រំដែនកម្ពុជា-ថៃទេ (ខ្មែរក្រហម)នៅដល់ផ្ទៃក្នុងប្រទេសរបស់យើង ក្នុងអំឡុងប្រហែលខែ កញ្ញា (ឬ)ខែ តុលា ខ្ញុំមកធ្វើសមាហរណកម្មនៅតាកែនកោះស្លានៅឡើយទេ។ ដូច្នេះ ទម្រាំរកបាននូវសន្តិភាព គឺលំបាកណាស់។
ផែនការឧទ្ទាមបរាជ័យ ព្រោះប្រជាជន និងកម្លាំងប្រដាប់អាវុធមិនគាំទ្រ
ពួកគេនិយាយថា ដំណើរការប្រជាធិបតេយ្យ ក៏ប៉ុន្តែ បែរជាផ្តួលរំលំតាមរយៈហិង្សា។ តើនេះជាអ្វីទៅ? ក៏ប៉ុន្តែផែនការប្រកបដោយមហិច្ឆិតាត្រូវទទួលបរាជ័យ ប្រជាជននៅតែត្រូវការសន្តិភាព នៅត្រូវការតួនាទីរបស់គណៈបក្សប្រជាជន/ហ៊ុន សែន ដឹកនាំ។ កម្លាំងប្រដាប់អាវុធទាំងអស់ រដ្ឋបាលទាំងអស់ នៅក្រោមការត្រួតពិនិត្យ និងគាំទ្ររដ្ឋាភិបាលស្របច្បាប់ មិនមែនទៅគាំទ្រឧទ្ទាមទេ គេអំពាវនាវរកថវិកាដើម្បីចិញ្ចឹមកងទ័ព អំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួន ហើយបែរចុងកាណុងមកប្រឆាំងនឹងរដ្ឋាភិបាល។ មនុស្សខាងក្នុងមួយចំនួន ថាទ្រាំតិច ថ្ងៃ ៩ យើងនឹងចាប់វាម្តង។
មិនចុះហត្ថលេខា សុំការលើកលែងទោស ឱ្យមនុស្សដដែលទេ
ផែនការនេះអាក្រក់ណាស់។ ប្រជាជនមិនចូលរួមទេ។ សុំអ្នកគិត … ហើយផ្តល់សារនយោបាយជាថ្មីឡើងវិញ។ អ្នកត្រូវចាំថា ទោសរបស់អ្នកមិនត្រូវបានទទួលការអត់ឱននោះទេ។ អ្នកត្រូវតែឆ្លងតាមគន្លងច្បាប់មួយ។ អ្នកដែលមានសិទ្ធិតែមួយគត់ក្នុងការលើកសំណើថ្វាយព្រះមហាក្សត្រ គឺដៃស្តាំ របស់ ហ៊ុន សែន។ តែ ហ៊ុន សែន មិនចុះហត្ថលេខា សុំការលើកលែងទោសឱ្យមនុស្សដដែលនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ មិននិយាយចំឈ្មោះទេ។ ប៉ុន្តែ នេះជាសារនយោបាយជាក់លាក់ ព្រោះនេះវាជារឿងដ៏អាក្រក់ជួជាតិបំផុត។
គណបក្សប្រជាជនរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារការសាមគ្គីភាព ឯកភាពផ្ទៃក្នុង
ចង់ប្រើសម្តេចក្រឡាហោម ស ខេង ធ្វើបក្សប្រហារ បានសេចក្តីថា សម្តេចក្រឡាហោម ជាអនុប្រធានបក្ស ហើយឱ្យធ្វើបក្សប្រហារ ដើម្បីផ្តួល ហ៊ុន សែន អាហ្នឹងម្ខាង។ ប៉ុន្តែ ធ្ងន់ជាងនេះ គឺប្រើសម្តេចក្រឡាហោមឱ្យធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឆ្លាតអីក៏ឆ្លាតម្ល៉េះ? គិតស្មានថា សម្តេចក្រឡាហោម ធ្វើតាមនូវអ្វីដែលអ្នកអំពាវនាវ? ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំចេញទៅក្រៅប្រទេស សម្តេចក្រឡាហោម គឺត្រូវទទួលបន្ទុកជារដ្ឋមន្ត្រីស្តីទី។ អញ្ចឹងទេ កោតតែនិយាយទៅរួច? ឱ្យមនុស្សនៅក្នុងផ្ទៃក្នុងបក្ស រហូតទៅដល់អំពាវនាវលោកជំទាវ ម៉ែន សំអន ឱ្យទម្លាក់ហ៊ុន សែន ចោលទៅ។ វាទៅជាអញ្ចេះ។ សុំបញ្ជាក់ជូនអ្នកឯងត្រឡប់ទៅវិញទៅ អ្នកឯងស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនតិចពេកហើយ គណបក្សប្រជាជនរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារការសាមគ្គីភាព ឯកភាពផ្ទៃក្នុង។
ការវាយតម្លៃផ្ទៃក្នុងគណបក្សប្រជាជនខុស ធ្វើឱ្យចាញ់
គណបក្សប្រជាជនគ្មានការដណ្តើមអំណាចណាមួយជាមួយគ្នានោះទេ។ ចំណុចនេះហើយ ដែលអ្នកឯង ឯងតែងតែចាញ់ ព្រោះអ្នកឯងមិនអាចវាយតម្លៃផ្ទៃក្នុងគណបក្សប្រជាជនបានទេ។ អ្នកត្រូវយល់ អ្នកបានដើរខុសក្រឡាខ្លាំងពេកហើយ ខ្ញុំគ្រាន់តែទូន្មានអ្នក ឱ្យអ្នកចេះគិតពីយុទ្ធសាស្រ្តបន្តិច។ មិនចាំបាច់ទៅស្មើ ជូកឺលៀង ឬ សឺម៉ាអ៊ី ឬ ចុងអ៊ី នៅក្នុងរឿងសាមកុកនោះទេ។ ឱ្យអ្នកវាយតម្លៃឱ្យបានត្រឹមត្រូវនូវសភាពការណ៍របស់កម្ពុជា វាយតម្លៃចិត្តសាស្រ្តរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ។ អ្នកត្រូវយល់ ប្រជាពលរដ្ឋត្រូវការនូវសន្តិភាព។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចូលរួមរក្សានូវសន្តិភាព ប្រឆាំងនឹងឧបាយកលរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយហិង្សា។ នេះជាចំណុចទី ១ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីផ្ញើជូនដោយការគោរពស្រឡាញ់។
ប្រជាពលរដ្ឋជិត ៦ លាននាក់ ដើរលេងតាមរមណីយដ្ឋាននានា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក
ឆ្នាំនេះ តាមតួលេខដែលឯកឧត្តម ថោង ខុន បញ្ជូនមក ប្រជាពលរដ្ឋដើរលេងរហូតទៅដល់ ៥ លាននាក់ ជិត ៦ លាននាក់។ មានអាណានោះបង្ហោះហ្វេសប៊ុកថា ប្រជាពលរដ្ឋពហិកាមិនចូលរួមពិធីបុណ្យអុំទូក ដែលចាត់តាំងដោយពួកក្បត់ជាតិ។ វាហៅយើងពួកក្បត់ជាតិ។ ប៉ុន្តែ អ្ហែងភ្លើពេកហើយ។ ថ្ងៃទី ១ (និង)ទី ២ គេអាចដើរលេងតាមរមណីយដ្ឋាន ពង្រាយនៅទូទាំងប្រទេស ព្រោះនៅតាមខេត្តនានាគេអុំទូកនៅកន្លែងនោះដែរ។ គេមានរមណីយដ្ឋានដែរ។ ប្រជាពលរដ្ឋពង្រាយនៅទូទាំងប្រទេស។ ដល់ល្ងាចថ្ងៃទី ២ (និង)ថ្ងៃទី ៣ (ប្រជាពលរដ្ឋ)សម្រុកពេញនៅភ្នំពេញ។ ខ្ញុំស៊ើបសួរអ្នកនៅទីក្រុងភ្នំពេញ ម៉ោង ១០ យប់ហើយ គឺនៅស្ទះផ្លូវ។
Free WIFI មិនដើរ ព្រោះពពកក្រាស់បាំងប្រព័ន្ធផ្កាយរណប
មានអ្នកដែលបញ្ជូនសារមកឱ្យខ្ញុំថា គេចង់ live ផ្ទាល់ តែមិនមាន Internet ស្នើសម្តេចនាយកឱ្យតម្លើង Internet ឱ្យខ្លាំងនៅមុខព្រះបរមរាជវាំង។ ខ្ញុំឆ្លើយទៅវិញថា ខ្លាំងហើយ តែវាដើរមិនរួចទេ ហើយបើសិនចង់ live ផ្ទាល់ ទាល់តែមានដុំ WIFI ដោយឡែក។ ថ្ងៃទី ១ ប្រើដុំ WIFI ពីរ បញ្ឆេះទាំងពីរ។ ប៉ុន្តែ ដោយសារតែពពកក្រាស់ពេក។ (ឧបករណ៍)នេះវាត្រូវភ្ជាប់នឹងប្រព័ន្ធផ្កាយរណប។ អត់ទាក់ទងនឹងទូរស័ព្ទយើងខាងក្នុងទេ។ ពេលខ្លះវាដើរ ពេលខ្លះមិនដើរ។ ដល់ថ្ងៃទី ៣ សាកទាំងអា Metfone ផង (និង)អា Smart ផង។ ដាក់ទៅអត់ដើរដដែល។ គេតម្លើងឱ្យដល់ប៉ុន្មាន Megabytes ឯណោះ។ ប៉ុន្តែ ស្រាប់តែវាមិនដើរ ព្រោះទៅកន្លែងនោះ គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ គឺ(មិនដើរ) ព្រោះម្នាក់ៗទូរស័ព្ទមួយ (ឬ)ពីរ ឬខ្លះបី។ រឿងអីវាមិនទាញ? អញ្ចឹងទេ អាពាក្យដែលថា Free WIFI ហ្នឹងកុំជឿ។ ខ្លះចង់ Free WIFI នៅមុខវាំង។ ខ្លះចង់ធ្វើ Free WIFI នៅអង្គរវត្ត។ ពាក្យ Free WIFI គ្រាន់តែភូតទេ។ វាឃើញសញ្ញា WIFI តែវាមិនដើរធ្វើអីវា? …
ព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅល្អ
អញ្ចឹងទេ ត្រូវមើលឃើញចរន្តប្រជាជន។ ប៉ែន ស៊ីម៉ន បានស៊ើបដឹងរឿងមួយទៀត ម្សិលមិញបានប្រាប់ថា មូលហេតុដែលកក(ស្ទះពេល)យប់នោះ មានមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន។ អ្នកដែលដាក់ស្ដង់តាំងលក់(ទំនិញ លក់)មិនអស់ គេលក់ចុះថ្លៃ។ ដល់អញ្ចឹងមនុស្សដែលចេញមកហើយបកចូលទៅវិញ ដើម្បីទិញទំនិញ។ រឿងវាអញ្ចេះទៅទៀត។ ប៉ុន្តែ សុវត្ថិភាពទាំងបីថ្ងៃ/យប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីបរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អ។ នេះជាចំណុចទី ១ ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋ។
សារទី ២៖ អ្នកចាញ់បោកមេឧទ្ទាមគេចខ្លួនទៅក្រៅប្រទេស សូមត្រឡប់មកផ្ទះវិញ អត់មានទោសពៃរ៍ទេ
ចំណុចទី ២ ម្សិលមិញនេះ បានណែនាំ សម្តេចក្រឡាហោម ស ខេង ឱ្យគាត់ទទួលបន្ទុកព្រៀងជាមួយនឹងក្រុមការងារ ហើយក៏បានឆ្លងមកខ្ញុំព្រះករុណាខ្ញុំ។ រាជរដ្ឋាភិបាល អំពាវនាវឱ្យបងប្អូន ដែលចាញ់បោកគេ ហើយរត់ទៅក្នុងប្រទេសថៃ ត្រឡប់ចូលមកក្នុងប្រទេសវិញ ព្រោះមានមួយចំនួនចាញ់បោកមេក្លោងចូលទៅក្នុងប្រទេសថៃ ដើម្បីអមដំណើរមេគេមកដណ្តើមអំណាចនៅទីក្រុងភ្នំពេញ។ ឥឡូវ កំពុងតែស្នាក់នៅប្រទេសថៃ ខ្លះក៏ទៅមុន ខ្លះក៏ទៅក្រោយ។ មួយចំនួនទៀតភ័យខ្លាចគេចាប់នៅក្នុងប្រទេស ក៏រត់ទៅប្រទេសថៃ។ ឥឡូវ សូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងនៅកម្ពុជាវិញ។ អត់មានទោសពៃរ៍អីទេ។ អត់មានគេចាប់ទេ។
ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួននៅប្រទេសថៃនោះទេ។ អ្នកដែលមានដីកាចាប់ខ្លួនហើយ សូមអំពាវនាវឱ្យក្រសួងយុត្តិធម៌បញ្ជាប្រាប់។ទៅ ខ្ញុំប្រើពាក្យអញ្ចឹង ហេតុអីបានខ្ញុំព្រះករុណាខ្ញុំត្រូវនិយាយអញ្ចឹង? ព្រោះប្រទេសរបស់យើងអនុវត្តនូវប្រព័ន្ធតុលាការតាមបែបបារាំង ដោយរដ្ឋាភិបាលក្ដាប់នូវនយោបាយព្រហ្មទណ្ឌ។ ដូច្នេះ រដ្ឋមន្រ្តីយុត្តិធម៌មានសិទ្ធិធ្វើការជាមួយនឹងព្រះរាជអាជ្ញា។ អញ្ចឹង ព្រះរាជអាជ្ញាដែលបានចេញដីកាចាប់ខ្លួនមនុស្សមួយចំនួន គប្បីត្រូវដក (ឬ)លុបដីកានោះចេញ ដើម្បីអនុញ្ញាតឱ្យគេអាចមកស្រុក ដោយសុំយកដីកានោះពីនគរបាល ឬពីអាវុធហត្ថ និយាយរួម គឺនគរបាលយុត្តិធម៌ត្រឡប់មកវិញ ដើម្បីឱ្យបងប្អូនដែលរត់ទៅក្នុងប្រទេសថៃនោះ បានត្រឡប់មកវិញ។
មិនមែនគ្រាន់តែអ្នកនៅក្នុងប្រទេសថៃទេ អ្នកនៅក្នុងប្រទេស(កម្ពុជា) រាប់ទាំងអ្នកនៅខេត្តកំពតនេះ ហេង សាល មិនទាន់ចូលផ្ទះទេ លាក់ខ្លួននៅកំពង់សោម។ ហៅ ហេង សាល ឱ្យមកចូលផ្ទះមក។ ជិន ពុនរ័ត្ន អត់នៅផ្ទះទេ តាមដឹងនៅភ្នំពេញ។ ហៅត្រឡប់មកវិញ។ ខ្ញុំនិយាយតែពីរនាក់ទេនៅខេត្តកំពត ត្រឡប់មកវិញ។ បើគេចង់ចាប់ៗយូរហើយ។ ហេង សាល និង ជិន ពុនរ័ត្ន អើយ! ឥឡូវ ត្រឡប់មកផ្ទះវិញមក រដូវច្រូតកាត់បានមកដល់។ មកច្រូតស្រូវវិញមក។ សាំង សំអន នៅជ្រោយចង្វារ ឥឡូវ ទៅលាក់ខ្លួននៅកំពង់ស្ពឺ។ ត្រឡប់មកជ្រោយចង្វារវិញទៅ។ អ្នកដែលកំពុងលាក់ខ្លួន រត់ពីកន្លែងមួយទៅកន្លែងមួយ សូមត្រឡប់ទៅភូមិកំណើតវិញ។ នេះដោយសារអ្នកចាញ់បោកគេ បានជាមានរឿងអញ្ចឹង។ រាជរដ្ឋាភិបាលយល់ណាស់ ក៏ប៉ុន្តែ នៅមុនថ្ងៃទី ៩ រាជរដ្ឋាភិបាលមិនអាចប្រើសម្ដីនេះបានទេ ព្រោះរាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីត្រួតត្រាសភាពការណ៍ប្រឆាំងនឹងរដ្ឋប្រហារ និងអំពើហិង្សាដែលគេប៉ុនប៉ងផ្ដួលរំលំ។
ក្នុងខ្ញុំនាមជាប្រធាននីតិប្រតិបត្តិ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឱ្យមនុស្សទាំងអស់ ដែលកំពុងរត់គេចខ្លួន (សូម)ត្រឡប់មកភូមិកំណើតវិញ កុំលាក់ខ្លួននៅកន្លែងនេះ/នោះតទៅទៀត។ ហើយអាជ្ញាធរមូលដ្ឋាន និយាយរួមកម្លាំងមានសមត្ថកិច្ច ដែលអនុវត្តច្បាប់ ជាពិសេស នគរបាល និងអាវុធហត្ថ ក៏ដូចជា មន្ត្រីនៅមូលដ្ឋានទាំងអស់ កុំធ្វើអីឱ្យសោះ ឱ្យគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគ្នាទៅ ធ្វើការជាមួយគ្នាទៅ។ នេះជាចំណុចទី ២ ដែលខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវមិនត្រឹមតែបងប្អូនទៅប្រទេសថៃទេ បងប្អូនទៅដល់ហ្វីលីពីន ឬក៏ទៅកន្លែងណាផ្សេង ហើយដែលមិនអាចទៅប្រទេសទីបីបាន ត្រឡប់មកស្រុកវិញមក។ ហើយបើនៅភ្នំពេញ អ្នកស្រី យក់ នាង ដែលរត់ទៅនៅបាងកក មកវិញមក កូន/ចៅនៅចាំ អ្នកណាគេធ្វើអី? ក៏ប៉ុន្តែ ខ្លួនវាភ័យតែប៉ុណ្ណឹងទេ។ ប៉ុន្តែ សាំង សំអន គឺថា អត់ទៅណាទេ មិនមែនទៅថៃ មិនមែនទៅចាំទទួលមេឯណាទេ ទៅនៅត្រឹមភ្នំស្រួច។ បើគេចង់ចាប់ៗយូរហើយ កុំឆ្ងល់ពេក។ សម័យនេះហើយអ្នកចង់ទៅលាក់នៅឯណាក៏លាក់វាមិនជិតដែរ។
សារទី ៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការជាមួយតុលាការ ដោះលែងឱ្យនៅក្រៅឃុំ
ឯចំណុចទី ៣ ជាចំណុចមួយដ៏សំខាន់ដែរ អ្នកដែលយើងបានចាប់ខ្លួន ខ្ញុំសុំឱ្យរដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការជា មួយនឹងព្រះរាជអាជ្ញា ធ្វើការជាមួយតុលាការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំ តាមរយៈនៃការស្នើសុំរបស់សាម៉ីខ្លួន/មេធាវី ឬរបស់ក្រុមគ្រួសារ ព្រោះបើគ្មានការស្នើសុំទេ យើងមិនអាចដោះលែងឱ្យនៅក្រៅឃុំទេ។ នេះជាកិច្ចការដែលចាំបាច់ត្រូវធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ។ អ្នកទាំងនោះចាញ់បោកគេទេ។ អាមេក្លោងវារុញយើងឱ្យស្លាប់ ដំបូងរុញអ្នកនៅក្នុងប្រទេសឱ្យងាប់ បន្ទាប់ទៅចង់រុញពលករពីប្រទេសថៃឱ្យឆ្លងកាត់ទល់ដែន ដើម្បីនាំវាចូលស្រុក ឯវានៅខាងក្រោយ បានសេចក្តីថា អានេះប្រុងប្រើញើសឈាមប្រជាពលរដ្ឋ ដើម្បីនឹងបម្រើមហិច្ឆតាអំណាចរបស់វា។ វាខូចមែន។ អាខូចនៅតែខូច។ បោកនៅតែបោក។ ភូតនៅតែភូត។
អញ្ចឹងទេ សុំឱ្យតុលាការ ព្រះរាជអាជ្ញា ជាពិសេស ក្រសួងយុត្តិធម៌(ធ្វើការ)ណែនាំទៅ ឧទាហរណ៍៖ កំពតមានប៉ុន្មាននាក់ ធ្វើការទៅ មិនចាំបាច់ក្រសួងយុត្តិធម៌ក៏បានដែរ ព្រោះខ្ញុំបានបញ្ជានៅទីនេះហើយ។ ទៅវិញមានប៉ុន្មាននាក់ ដែលបានចាប់ខ្លួនក្នុងរឿងក្តីរដ្ឋប្រហារនេះ តែរឿងគ្រឿងញៀន រឿងចាប់រំលោភគេ អត់ទេ។ មានចាប់ប៉ុន្មាននាក់នៅទីនេះ ឱ្យគេនៅក្រៅឃុំទៅ។ ប៉ុន្តែ មេធាវីរបស់គេ ឬសាម៉ីខ្លួន ឬក្រុមគ្រួសាររបស់គេៗនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ គេមិនទាន់បញ្ចប់រឿងក្តីទេ បានសេចក្តីថា ក្តីនៅបន្ត តែគេបាននៅក្រៅឃុំ ចង់ចេញទៅក្រៅប្រទេស(ត្រូវ)សុំច្បាប់។ នៅក្នុងប្រទេស គេទៅមក(ឬ)រកស៊ីអីក៏បាន លើកលែងតែចេញទៅក្រៅប្រទេសទេ។ អញ្ចឹង ត្រូវដោះស្រាយទៅ។
កំពតមាន ២ នាក់ បើធ្វើទាន់ឱ្យចេញក្រៅឃុំមុនគេ
កំពតអាចខិតខំដោះស្រាយមុនគេ តាមខ្ញុំចាំដូចជាមានតែ ២ នាក់ទេ។ ២ នាក់ហ្នឹង បើធ្វើទាន់ឱ្យចេញក្រៅឃុំថ្ងៃនេះទៅ ដើម្បីឱ្យឃើញប្រសិទ្ធភាព នៃសំដីរបស់ ហ៊ុន សែន។ ខ្ញុំព្រះករុណាខ្ញុំ ហ៊ាននិយាយ ព្រោះប្រព័ន្ធតុលាការកម្ពុជាអនុញ្ញាតឱ្យនីតិប្រតិបត្តិក្តាប់នយោបាយព្រហ្មទណ្ឌ តាមរយៈដាក់ ព្រះរាជអាជ្ញាឱ្យនៅក្រោមការពិនិត្យមើលរបស់ក្រសួងយុត្តិធម៌។ អញ្ចឹង ក្រសួងយុត្តិធម៌វាជានរណា? ក្រសួងយុត្តិធម៌វាជាក្រសួងមួយចំណុះឱ្យរាជរដ្ឋាភិបាល។ ដូច្នេះ នាយករដ្ឋមន្ត្រីមានសិទ្ធិនឹងនិយាយ។ នេះជាការបន្ធូរបន្ថយឱ្យបងប្អូនទាំងឡាយដែលចាញ់បោកមេក្លោង។ អញ្ចឹងទេ អាអណ្តាតអត់ឆ្អឹងថ្ងៃក្រោយអ្ហែងនិយាយត្រូវប្រយ័ត្ន។ និយាយមិនប្រយ័ត្នអាខាងក្នុងជឿស៊ុប អាខាងក្នុងហ្នឹងជាប់គុកមុនគេ។ ជាក់ស្តែងអាណាមកជួយដោះ? ហ៊ុន សែន ដោះដដែល។ អ្ហែងចង់ផ្តួល ហ៊ុន សែន (ដូចនេះ)ហ៊ុន សែន ត្រូវមានវិធានការណ៍គ្រប់យ៉ាងទាំងអស់។ អានេះដាក់ផែនការប្រមូលមនុស្ស។ អញ្ចឹងទេ គេចាប់អាហ្នឹង។ ប៉ុន្តែ ឥឡូវនេះ ដូចជាចិតសិបប៉ុន្មាននាក់ទេនៅទូទាំងប្រទេស។ សុំឱ្យធ្វើការប្រញាប់ប្រញាល់ ដើម្បីឱ្យបងប្អូននៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការ (កាលណាតុលាការ)ត្រូវការ ត្រូវមកបង្ហាញមុខ។ ដល់ ពេលកាត់ក្តី ត្រូវកាត់ក្តីយ៉ាងណាជារឿងរបស់ចៅក្រមទេ។ ខ្ញុំមានសិទ្ធិត្រឹមតែអំពាវនាវឱ្យដោះលែងឱ្យនៅ ក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការតែប៉ុណ្ណោះ។
ចេញសារពីខេត្តកំពត ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលបាននឹងកំពុងវិវត្ត
នេះជាសារនយោបាយ ដែលខ្ញុំព្រះករុណាខ្ញុំ(និយាយ)ចេញពីទីនេះ។ បើទោះបីជាក្តៅបន្តិច ហើយនិយាយវែងបន្តិច ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ យល់ថា វាជារឿងចាំបាច់ដែលខ្ញុំព្រះករុណាខ្ញុំត្រូវនិយាយ ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ ដែលបាននឹង(កំពុង)វិវត្ត ទាំងបញ្ហាសេដ្ឋកិច្ច-សង្គម ទាំងបញ្ហាកសិកម្ម ទាំងបញ្ហាឧស្សាហកម្ម និងរឿងដទៃទៀត រហូតទៅដល់រឿងទាក់ទងនឹងនយោបាយ … សុំឱ្យក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា ដកដីកាចាប់ខ្លួននោះត្រឡប់មកវិញ ដើម្បីឱ្យបងប្អូនហ៊ានចូលមក អ្នកដែលមិនទាន់មានដីកា ហើយគ្រាន់តែភ័យខ្លាច សុំបងប្អូនត្រឡប់មកវិញ។ គ្មានអ្នកណាធ្វើអីទេ។ បើសិនជាមានធ្វើ សុំចូលទៅតាមហ្វេសប៊ុកផេចរបស់នាយករដ្ឋមន្ត្រី ប្រាប់ថា ខ្ញុំមកហើយ ប៉ុន្តែគេចាប់ …។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់លោកយាយ/តា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ សិស្សានុសិស្ស ចំនួន ២ ១៦៨ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោក/អ្នកគ្រូ ៦១៦ ទូទាំងស្រុកដងទង់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនកម្មករ (និង)បុគ្គលិកបម្រើការក្នុងរោងចក្រ ចំនួន ៦៧០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ដងទង់ ឃុំដងទង់ ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ អង្គរមាស ឃុំអង្គរមាស ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពដងទង់ ថវិកា ២ លានរៀល។ ជូនសាលាស្រុកដងទង់ ថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល។
មេដឹកនាំមិនត្រូវធ្វើឱ្យកូនចៅជួបប្រទះនូវគ្រោះអាសន្ន
សុំអភ័យទោស ដែលខ្ញុំព្រះករុណាខ្ញុំនិយាយយូរ។ អ្នកមើលផ្សាយបន្តផ្ទាល់ គឺផ្សាយរួចទៅហើយ ហោចណាស់ Fresh News, Facebook page, ទទក (បានផ្សាយបន្តផ្ទាល់) ដូច្នេះ ប្រជាពលរដ្ឋនៅច្រើន ទីកន្លែងស្តាប់លឺ ជាពិសេស សារបីចំណុច ហើយពីរចំណុចសំខាន់ គឺនឹងបានដល់គ្រប់តួអង្គ ដែលមានការពាក់ព័ន្ធ។ នេះជានយោបាយសណ្តោសប្រណីរបស់រាជរដ្ឋាភិបាល ហើយក៏ជានយោបាយ ដែលខ្ញុំព្រះ ករុណាខ្ញុំ បានដឹកនាំបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពក្នុងទសវត្សរ៍ ៩០ កន្លងមកហើយដែរ។ សុំបញ្ជាក់ មេដឹកនាំមិនត្រូវធ្វើឱ្យកូនចៅជួបប្រទះនូវគ្រោះអាសន្ននោះទេ ហើយកូនចៅនៅខាងក្រោម មិនត្រូវជឿមេដឹកនាំ(រហូតមានករណី)ដូចអញ្ចឹង។ ជាក់ស្តែង(យុទ្ធនាការថ្ងៃទី) ៩ រលំហើយ។ (អ្នក)ជឿផ្កាប់មុខមួយចំនួនស្តាប់ ទៅដូចវាអស្ចារ្យ។ បើនិយាយពី សំអ៊ុន នៅស្រុកកំពង់សៀម សំអ៊ុន ឯងល្មមមកស្រុកហើយ។ រត់យូរហើយ សំអ៊ុន។ រត់មកជ្រកនៅចាក់អង្រែ ផុតពីចាក់អង្រែទៅនៅដល់កំពង់ឆ្នាំង ឥឡូវ មិនដឹងទៅនៅឯណា? សំអ៊ុន ឯងទៅកំពង់សៀមវិញទៅ។ សំអ៊ុន ឯងថ្លើមធំណាស់ និយាយសុទ្ធតែថ្ងៃទី ៩ វាត្រូវដល់ពេលដែល ពួកយើងត្រូវចាប់ពួកវាម្តង។ កងទ័ពនៅលើដៃគេ អ្វីៗនៅលើដៃគេ រួចឯងមកពឹងផ្អែកលើប្រជាពលរដ្ឋឱ្យចាប់ ហ៊ុន សែន? ប្រជាពលរដ្ឋចាប់ហើយ ហ៊ុន សែន តែចាប់ថតរូប …។
គណបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គ មិនអាចខ្វះបានសម្រាប់កម្ពុជា
ជាង ៨៣% ដែលចូលរួមបោះឆ្នោត ក្នុងនោះ ៧៧% នៃប្រជាជន ដែលចូលរួមបោះឆ្នោត បានបោះឱ្យគណបក្សប្រជាជន (នេះ)បង្ហាញឱ្យឃើញថា គណបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គ ដែលមិនអាចខ្វះបាន សម្រាប់កម្ពុជា។ អ្នកឯងត្រូវយល់។ អ្នកឯងត្រូវចាំ ហ៊ុន សែន នឹងកាន់អំណាចរហូតដល់ឆ្នាំ ២០២៨។ ១០ ឆ្នាំ ទៀត។ កុំធ្វើនយោបាយរង់ចាំ ហ៊ុន សែន ស្លាប់ បន្តិចទៀតជំងឺ ហ៊ុន សែន គឺថា ធ្លាយក្រពះ វាជិតងាប់ហើយ មិនយូរប៉ុន្មានទេ។ អាខ្លះវាថា តាមដំណឹងពីគ្រូពេទ្យ ៦ ខែយ៉ាងយូរ។ អ្ហែងចាំមើល ជីដូនបាន ៩២ (ឆ្នាំ)។ ឪពុកបាន ៩០ (ឆ្នាំ)ដែរ តែគាត់ហត់នឿយពេក។ ម្តាយខ្ញុំបានតែ ៧៨ (ឆ្នាំ)ទេ ដោយសារគាត់មានបញ្ហាកាលពីគាត់មានរបួស។ ហ៊ុន សែន មិនទាបជាង ៩០ (ឆ្នាំ)ទេ ចាំមើលទៅ។
ទម្លាយអាថ៌កំបាំងទៅចុះ។ ម្សិលមិញហេតុអីបានយក ៤ ម៉ោងល្ងាចធ្វើការ? ដោយសារពីព្រឹកនេះទៅវាយកូនហ្គោលជាមួយ ប៉ែន ស៊ីម៉ន។ អញ្ចឹង ត្រូវសងវិញ។ សងពីម្សិល ព្រោះដោយសារប៉ុន្មានថ្ងៃ(នេះ) គឺអត់ហ៊ានទៅណាទេ។ ព្រឹកថ្ងៃទី ៩ ត្រូវដង្ហែព្រះករុណា ដើម្បីដុតទៀនជ័យ។ ដល់ថ្ងៃទី ១០ ល្ងាច ត្រូវដង្ហែព្រះករុណា ដើម្បីព្រះរាជពិធីបុណ្យអុំទូក។ ល្ងាចថ្ងៃទី ១១ ត្រូវដង្ហែព្រះករុណា ដើម្បីពន្លត់ទៀនជ័យ។ ល្ងាចថ្ងៃទី ១២ ត្រូវដង្ហែព្រះករុណា ដើម្បីកាត់ព្រ័ត្របញ្ចប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប។ អញ្ចឹងទេ អត់ហ៊ានទៅណា។ ត្រៀមខ្លួន ដើម្បីដង្ហែព្រះមហាក្សត្រ មិនអាចអវត្តមានបានទេ … ថ្ងៃសៅរ៍(ខាងមុខ)នេះ … ត្រូវទៅខេត្តព្រះសីហនុ ដើម្បីបើកការដ្ឋានកសាងផ្លូវ ដែលត្រូវចំណាយដើមទុនជិត ៣០០ លានដុល្លារ(អាមេរិក)។ បន្តិចទៀតផ្លូវជាតិលេខ ៣ (ត្រូវ)ពង្រីកធំ ប្រជាជនខេត្តកំពតនឹងទៅទីក្រុងភ្នំពេញបានងាយស្រួលជាង(មុន) …។
ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពត ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស បងប្អូនជនរួមជាតិ សូមប្រកបតែពុទ្ធពរ និងពរ ទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕