ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីដំណើរការរយៈពេលបីថ្ងៃគឺថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩មក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរបរទេសផងនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានបិទបញ្ចប់ ក្រោមព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
យាង និងអញ្ជើញចូលរួមក្នុងការបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះដែរក៏មានវត្តមាន សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជា មិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្ត និងរាជធានីយ៉ាងច្រើនកុះករ។
បន្ទាប់ការប្រណាំងទូកថ្ងៃទីបីបានធ្វើការប្រកួតដោយធ្វើការផ្លាស់ប្ដូរខ្សែទឹក ដូចថ្ងៃទីមួយ និងថ្ងៃទីពីរត្រូវបានបញ្ចប់ ក្រុមបារគូក៏បាននាំដាវជ័យមកក្រាបថ្វាយបង្គំ សុំព្រះបរមរាជានុញ្ញាតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីនាំទៅកាត់ព្រ័ត្រ ហើយក្រុមបារគូដង្ហែរដាវជ័យទៅកាន់ព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើងទឹកទៅកាន់កងព័ន្ធទីពីរ នៅខាងមុខ វត្តឧណ្ណាលោមរួចមក គណៈកម្មការបច្ចេកទេស គណៈមេប្រយោគក៏បានប្រកាសលទ្ធផលនៃការប្រណាំងទូក ង ទាំង៣ថ្ងៃ ដោយបានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ ស្ថាប័ន រាជធានី ខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងបញ្ជូនទូកមួង ទូកង ទូកខ្នាតអន្តរជាតិបុរស នារី ចំនួន២៨៩ទូក មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះ មានចំណុះទូកកីឡាករ កីឡាការិនី សរុបប្រមាណជិត ២០.០០០នាក់។ នៅក្នុងថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះផងដែរ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងព្រះរាជប្រទាន រង្វាន់ជ័យលាភីជានិមិត្តរូប ដល់ទូកដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់ទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ បុរស នារី ក្នុងឱកាសនោះផងដែរ។ បន្ទាប់មកពិធីកាត់ព្រ័ត្របានចាប់ផ្ដើម ដោយព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើង ទឹកទាំងអស់ ទម្លាក់ខ្លួនសន្សឹមៗ ពីខាងមុខវត្តឧណ្ណាលោមទៅកាន់ទីកាត់ព្រ័ត្រនៅខាង មុខព្រះពន្លាជ័យ នៃវេទិកាបុណ្យអុំទូក ដែលអមទៅដោយបទចាប់កូនខ្លែង សម្រែកជ័យ ឃោស និងបង្ហោះប៉េងប៉ោង។ ទន្ទឹមនេះ ក៏មានពិធីបណ្ដែតប្រទីបអមទៅដោយការអុចកាំជ្រួច ហើយក្រុមបាគូរបានថ្វាយព្រះពរជ័យ ស្លឹកព្រះព្នៅ ទឹកក្លោះស័ង្ខថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងផងដែរ។
គួរបញ្ជាក់ដែរថា នារាត្រីថ្ងៃទី៣នេះ ដែលជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏មានការសម្ដែងសិល្បៈ ប្រគំតន្ត្រី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដាស្ថានីយទូរទស្សន៍នានា នៅតាមទីធ្លាសាធារណៈ តាមសួនច្បារមួយចំនួន ដូចថ្ងៃទីមួយ និងថ្ងៃទីពីរដែរ៕