ព្រះមហាក្សត្រ ស្ដេចយាងក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យ​ជាតិ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទខួប​លើកទី៦៦

ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០១៩ — ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោ​​ត្ដ​​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​​ណាចក្រកម្ពុជា ព្រះអង្គបានសព្វ​ព្រះរាជហឬទ័យ ស្ដេចយាងជា​ព្រះរាជាធិបតីភាពដ៏​ខ្ពង់​ខ្ព​ស់ ក្នុងព្រះរាជពិធីប្រទាន​ភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ ​វិច្ឆិកា និងទិវាកំ​ណើ​ត​​កង​យោធពល​ខេមរភូមិន្ទ ខួប​លើកទី​៦៦ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩) ដែលត្រូវ​បា​ន​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធ​ធ្វើ​​ឡើងយ៉ា​ងមហោឡារិក នៅ​បរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតកង​យោ​ធ​ព​​ល​​​ខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង​វត្ត​មា​ន​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហា​ពញាចក្រី ហេង​សំ​រិន​ ប្រធានរដ្ឋសភា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​​​ចក្រកម្ពុជា  សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួង​​មហាផ្ទៃ ស​ម្ដេ​ចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ព្រម​ទាំងឯកឧ​ត្ដម​ លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណា​ង​ស្ថា​ន​​​ទូត​នានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នក​មុខ​អ្នកការ  កង​​កម្លាំ​ង​​ប្រ​ដា​ប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិ​ស្ស​យ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរព ទង់ជាតិ នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុ​ជា ព្រះករុណាព្រះបាទសម្ដេច​ព្រះ​ប​រមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្ស​​ត្រ នៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វ​ព្រះ​រាជ​ហ​ឫ​ទ័​យ​ស្ដេច​យា​ង​​ប្រ​ទា​​នកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំង​យាងប្រទាន ភ្លើងជ័យ ដែល​ដ​ង្ហែ​អមព្រះ​រា​ជ​ដំ​ណើរ​​ដោយសម្ដេចវិបុលសេនាភក្ដី សា​យ ឈុំ សម្ដេចអគ្គមហាពញាចក្រី ហេង ​សំរិន ស​ម្ដេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែល​មានព្រះរាជ​វត្ត​​មាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះសង្ឃនិងព្រះ​រាជា​គ​ណៈ​ ៩​អ​ង្គ​ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់ពីពិធីបង្ហោះប៉េងប៉ោង និងលែង​ព្រាប​ជានិ​មិត្ត​រូប​​​នៃ​សន្តិ ​ភា​ព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វ ព្រះរាជហឫទ័យ ស្ដេច​យា​​ងសំ​ណេះ​សំណាល​សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ អ្នកមុខអ្នកការ អង្គទូត និង​កង​ក​ម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធ​យុវ​ជន​កម្ពុ​ជា ព្រមទាំងសិស្ស ​​និស្សិត លោក​​គ្រូ អ្នកគ្រូ ដែលបាន ចូលរួមក្នុង​ទិវាបុណ្យឯករាជ្យ​ជា​តិ​ ៩ វិច្ឆិកា  និង​ទិវា​កំ​ណើ​ត​​កង​យោ​​ធពលខេមរភូមិន្ទ នៅជុំវិញវិមានឯករាជ្យ។

គួរ​រំម្លឹក​ថា ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើ​ម្បី​​ឧទ្ទិស​ដល់​ព្រះ​រាជ​បូជនីយកិច្ច របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ​ នរោត្តម សី​ហ​នុ ​ព្រះ​បរ​មរ​ត​ន​កោដ្ឋ ដែលព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀ​វ​ក្លា​បំផុត ដើ​ម្បី​​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យពី​អាណានិគម​បា​រាំង។​ តាម​ប្រ​វត្តិ​សាស្ត្រ បារាំង​បាន​ដាក់​អាណានិគម គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​​ឆ្នាំ​១៨៦៣ រហូ​ត​​ដល់​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ប្រកាស​ប្រគល់​ឯករាជ្យ​ពេ​ញលេញ​ដល់​កម្ពុជាវិញ។ គួរបញ្ជាក់ដែរថា តាមកម្មវិធីដែល​បាន​គ្រោ​ង​​ទុ​ក នៅ​រាត្រី​ថ្ងៃ​ដ​ដែ​ល​នេះដែរ ក៏មានរៀប​ចំ​​ពិធីអុច​កាំជ្រួច​នៅខាងមុខ​ព្រះបរមរាជវាំង និង​ការ​​ប្រ​គំ​តន្ត្រី ការ​ស​ម្ដែ​ង​​សិ​ល្បៈ​ជូន​ប្រជា​រា​ស្ត្រ​​ទស្សនា កម្សាន្តសប្បាយនៅតាមទី​ធ្លា​សា​ធារ​ណៈ​ របស់​ក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ  ដូចជានៅរមណីយដ្ឋានវត្តភ្នំ និងតំបន់អភិវឌ្ឍន៍​ជ្រោយ ចង្វារ ។ល។ ជា​មួ​យ​គ្នានេះដែរ ព្រះរាជពិធី​ពន្ល​ត់ ភ្លើ​ង​​ជ័យនឹងប្រារព្ធធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ១១ ខែ​វិច្ឆិ​​កា ឆ្នាំ​២​០​​​១៨ ក្រោមព្រះរាជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់បំផុត របស់ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...