សេចក្តីថ្លែង និងការស្រង់សេចក្តីអធិប្បាយ សន្និសីទសារព័ត៌មាន ស្ដីពីវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

ជាបឋម ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកសារព័ត៌មានពីកម្ពុជា អាស៊ាន និងជុំវិញ ពិភពលោក ក៏ដូចជាអ្នកមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននៅទីនេះ។ ព្រមទាំង ខ្ញុំសូមថ្លែងអំណរ គុណចំពោះការអញ្ជើញមកចូលរួមនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ដើម្បីតាមដានទិន្នន័យភាព និងព័ត៌មានសម្រាប់ផ្សព្វផ្សាយ។

កម្ពុជាពិតជាមានកិត្តិយស ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្រោម​ប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាអោយនូវបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត​របស់​​អា​ស៊ាន» នៅពេលនេះ។

ជាការពិត ប្រតិបត្តិការនេះ បានកើតឡើងស្របពេលនឹងការប្រាព្ធខួប ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដែល​ផ្ដល់​ជាវេទិកាសម្រាប់ការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍អំពីនិន្នាការ ដែលកំពុងកើតឡើង​ជុំវិញប្រធាន​បទ​ធំៗថ្មីសំខាន់ ការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភ​យុវជន​នៃ​តំបន់អាស៊ាន វាសុទ្ធតែមានសារសំខាន់សម្រាប់ចក្ខុវិស័យ និងដំណើរការអភិវឌ្ឍរបស់អាស៊ាន។​

ខ្ញុំមានសេចក្ដីរីករាយ សង្កេតឃើញថា វេទិកានេះទទួលនូវបានចូលរួមពីសំណាក់អ្នករៀបចំគោល​នយោ​​បាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់​ ដែល​ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាននិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា។

ជាការពិត គឺរយៈពេល ៥០ ឆ្នាំកន្លងមក អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចនយោបាយ និងសង្គម វប្បធម៌មួយដ៏រឹងមាំ និងមានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសន្ដិភាព និង​ស្ថិរភាព ជាពិសេសមានភាពធន់ និងជំនះបាននូវវិបត្តិធំៗជាច្រើន។ ពិតណាស់ថា ភាពជោគជ័យរួម​គ្នា​របស់​អាស៊ាននេះ បាននិងកំពុងបង្កើតជាបរិការណ៍អំណោយផល សម្រាប់ធានាការសម្រេចបាននូវចក្ខុ​វិស័យ​សហគមន៍អាស៊ានឆ្នាំ ២០២៥។ ទន្ទឹមនេះ យើងក៏ទទួលស្គាល់ដែរថា នៅក្នុងសភាពកាណ៍វិវឌ្ឍន៍​ដ៏ឆាប់​រហ័ស​នៃពិភពលោកនាពេលបច្ចុប្បន្ន អាស៊ានក៏ត្រូវបន្តពុះពារជម្នះនូវបញ្ហាមួយចំនួនផងដែរ រួម​មាន៖ ការ​​កើន​ឡើងនូវចរន្តប្រឆាំងសកលភាវូបនីយកម្ម និងនិន្នាការគាំពារគោលនយោបាយជាតិនិយម ការកើន​ឡើង​កំដៅ នៃវិវាទនៅតាមតំបន់មួយចំនួន ព្រមទាំងការបន្តភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភព​លោក​។

មួយវិញទៀត ចរន្តដ៏ខ្លាំងក្លានៃបដិវត្តឧស្សាហកម្ម ផ្អែកលើមូលដ្ឋាននៃការរីកចម្រើនយ៉ាងឆាប់រហ័ស​នៃ​បច្ចេក​វិទ្យាព័ត៌មាន និងឌីជីថល កំពុងតែដើរតួនាទីការកតា្តកំណត់នៃការរីកចម្រើននៃវិស័យឧស្សាហកម្ម ការ​អប់រំ ទីផ្សារការងារ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលនឹងជះឥទ្ធិពលរយៈពេលវែង​លើគ្រប់ទិដ្ឋភាពនៃជីវ​ភាព​សង្គម។

ដូច្នេះ អាស៊ានដែលជាម្ចាស់មណ្ឌលកំណើនមួយនៃសេដ្ឋកិច្ចសកលលោក ហើយមានប្រជាជនវ័យក្មេង​​ច្រើន ដែលងាយទទួល និងស្រូបយកបច្ចេកវិទ្យាថ្មីនេះ ចាំបាច់ត្រូវគិតគូរពីក្របខណ្ឌគោលនយោបាយ​សម​ស្រប ដើម្បីគាំទ្រដំណើរការប្រែប្រួលរចនាសម្ព័ន្ធ ដែលជម្រុញដោយបដិវត្តនេះសម្រាប់រយៈពេលវែ​​ង​។

ក្នុងន័យនេះ អាស៊ានត្រូវមានរបៀបវារៈសមាហរណកម្មសម្របតាមនិន្នាការប្រែប្រួលទាំងអស់នេះ ដើម្បី​ចាប់​​យក​ឱកាស និងដោះស្រាយបញ្ហាប្រឈមនានា រួមទាំងផលពិបាកទាំងឡាយ ដែលកើតចេញពី​បដិវត្ត​ឧស្សាហកម្មទី ៤ ផង ពិសេសគឺការលើកកម្ពស់គុណភាពនៃការអប់រំ ការបណ្ដុះបណ្ដាលជំនាញ ការដោះស្រាយបញ្ហាការបាត់បង់ការងារ ការរៀបចំប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងការដោះ​ស្រាយវិ​សមភាពសង្គម។ល។ លើមូលដ្ឋាននេះ ខ្ញុំរំពឹងថា វេទិកានេះនឹងទទួលបាននូវការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កាជាវិជ្ជមាន ក្នុងការបង្ហាញពីសក្ដានុពលរបស់អាស៊ាន និងកម្ពុជា ក៏ដូចជាការផ្ដល់នូវទស្សន​ទាន និងយោបល់ល្អៗ សម្រាប់កំណត់ចក្ខុវិស័យអាស៊ាននៅក្នុងពេលអនាគត  បង្កើនការប្រាស្រ័យទាក់​ទង​សហប្រតិបត្តិការអាជីវកម្មក្នុងតំបន់ ពិសេសទាក់ទងនឹងការបង្កើតការងារថ្មីដែលមានលក្ខណៈច្នៃប្រ​ឌិត ព្រមទាំងការបង្កើតផលិតភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដោយចាប់យកកាលានុវត្តភាព​ពី​ផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភវិទ្យាសាស្រ្ត។

[ឆ្លើយសំណួរអ្នកសារព័ត៌មាន]

នៅក្នុងកម្មវិធីបិទនៅថ្ងៃស្អែក យើងនឹងធ្វើការបូកសរុបពីផលិតផលជាសរុបដែលទទួលបានពីការពិភាក្សា​​ក្នុង​​​វេទិកានេះ។ នៅក្នុងសេចក្ដីប្រកាស ច្បាស់ជាមានមួយផ្នែកទាក់ទងទៅនឹង​សំណួរដែលបានលើក​អម្បាញ់​មិញ ហើយឥឡូវនេះ ខ្ញុំគិតថា លោកអាចដាក់សំណួរមកខ្ញុំបន្ថែម ហើយក៏អាចបើកអោយអ្នក​សារ​ព័ត៌មាន​ទាំងឡាយ សាកសួរខ្ញុំ …។

អរគុណចំពោះសំណួរនេះ ហើយដែលមិនមែនគ្រាន់តែជាសំណួរសម្រាប់កម្ពុជា និងយុវជនកម្ពុជាប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែវាបានក្លាយទៅជាប្រធានបទនៃការគិតគូររបស់ពិភពលោកទាំងមូលផងដែរ។ បដិវត្តន៍ឧស្សាហ​កម្ម​ទី ៤ ពិតជានឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៅគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែ យើងក៏មិន​ត្រូវ​ភ្លេចថា​បច្ចេកវិទ្យា ដែលកាន់តែដើរលឿនទៅៗ វាក៏នឹងបង្កើតនូវហានិភ័យសម្រាប់ការងារធ្វើ ដែល​មុននេះ ការងារធ្លាប់ធ្វើមនុស្ស ១០ នាក់ ប៉ុន្តែ គេធ្វើមនុស្សយន្តដើម្បីធ្វើកិច្ចការងារនោះជំនួសមនុស្ស។ នោះ​ហើយគឺជាបញ្ហាដែលយើងត្រូវរកវិធីសាស្រ្តដោះស្រាយនៅពេលអនាគត។ ការងារមិនទាន់​ទាំង​គ្រប់​ផង បែរជាបច្ចេកវិទ្យា អាចនិយាយបានថាមនុស្សយន្តមកធ្វើជំនួសឲ្យមនុស្សធ្វើការ ដូច្នេះការបាត់បង់ការ​ងារ​​ធ្វើ​នោះ តើយើងដោះស្រាយរបៀបម៉េច? សម្រាប់ការត្រៀមខ្លួនរបស់យុវជនកម្ពុជា។

ខ្ញុំបានសង្កេតឃើញថា ចេញពីគំនរផេះផង់ដែលកម្ពុជាបានបាត់បង់បញ្ញាវន្តយ៉ាងច្រើន សម្រាប់ពេលនេះ យុវជនកម្ពុជាដែលកំពុងស្រេក​ឃ្លាននូវការចេះដឹង ហើយគោលនយោបាយជម្រុញការបណ្តុះបណ្តាល​ធន​ធានមនុស្ស ដែលជាអាទិភាពធំបំផុតរបស់យើង ជាមួយនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហ​កម្ម​នេះ ព្រមទាំងការជម្រុញនូវការបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់កម្រិត។ ខ្ញុំគិតថា យុវជនកម្ពុជាអាចនឹង​ដើរ​ព្រមគ្នាជាមួយនឹងយុវជនអាស៊ានដទៃទៀត។ ខ្ញុំអាចបញ្ជាក់នៅទីនេះ ជាមួយនឹងលោកអ្នកឲ្យបាន​ជ្រាប​អំពីយុទ្ធសាស្រ្ត និងគោលដៅ ដែលខ្ញុំបានដាក់ចេញ និងចាំបាន។

យើងមិនមានលទ្ធភាពដើម្បីនឹងកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ ប្រាក់ចំណូលរវាងប្រទេសអាស៊ានមួយ និង​ប្រ​ទេស​អាស៊ានមួយបានទេ។ នៅក្នុងក្របខណ្ឌនៃសមាហរណកម្ម ដំណាក់កាលទី ១ ចូលដល់ដំណាក់​កាល​ទី ២ និងឈានដល់ដំណាក់កាលទី ៣ ប្រាក់ចំណូលរបស់កម្ពុជាមិនអាចដើរ​ទាន់ប្រាក់ចំណូល​នៃ​ប្រ​ទេស​ដែលមានប្រាក់ចំណូលខ្ពស់បានទេ។ នៅកម្ពុជាខ្លួនឯង ក៏មិនអាចមានប្រាក់ចំណូលដូចៗគ្នានោះ​ដែរ។ សូម្បីតែនៅប្រទេសនានា ដូចជាសហរដ្ឋអាមេរិក ឬបារាំង ឬអឺរ៉ុបទាំងមូល ក៏មិនមាននរណាមាន​ទ្រព្យ​សម្បត្តិដូចៗគ្នានោះទេ។ ប៉ុន្តែ អ្វីដែលជាការសង្ឃឹមរបស់ខ្ញុំ គឺការកាត់បន្ថយគម្លាតខាង​ខួរ​ក្បាល​។

យុវជននៅក្នុងប្រទេសអាស៊ានចេះដល់ណា​ យើងក៏ត្រូវរៀនសូត្រឲ្យចេះដល់ហ្នឹងដែរ។ នេះជាវិធីដែលអាច​ធ្វើ​ទៅរួច តាមរយៈនៃការវិនិយោគកាន់តែច្រើនថែមទៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស​របស់​កម្ពុជា។ ដូច្នេះ គម្លាតខួរក្បាលនេះ វាបានធ្វើឲ្យការកាត់បន្ថយគម្លាតនៅក្នុងក្របខណ្ឌអាស៊ាន និងពិភព​លោក ហើយមានចរិតសមាហរណកម្ម និងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាពផង និង​​ដោយ​សាមគ្គី​ភាព​ផង។ នេះជាចំណុចពិសេស ដែលខ្ញុំគប្បីនិយាយទៅកាន់លោកអ្នកថា យុវជនកម្ពុជាស្រេកឃ្លាន​ខ្លាំង​ណាស់។ ម្សិលមិញនេះ ប្រហែលជាវេទិកា WEF នៅតាមប្រទេសនានាពុំសូវធ្លាប់មានទេ យុវជនជិត ៣ ពាន់នាក់បានចូលរួមនៅក្នុងវេទិកាឆ្លើយឆ្លង។ នេះជាឱកាសអាចសម្លឹងឃើញថា យុវជនកម្ពុជាមាន​សមត្ថ​ភាព និងលទ្ធភាពចូលរួម …។

សំណួរ៖ (អ្នកសារព័ត៌មានអាស៊ីសេរី និង Cambodia Daily)

ចម្លើយ៖ អរគុណណាស់សម្រាប់សំណួរពីក្មួយៗទាំងពីរ ក៏ដូចជាសំណួររបស់លោកខាងនេះ។ យើងបាន​ដឹង​ហើយ បើនិយាយពីក្មួយៗដែលជាជនជាតិកម្ពុជា ទោះបីជាក្មួយបានធ្វើការឲ្យវិទ្យុអាស៊ីសេរី ដែលជា​វិទ្យុ​មួយប្រឆាំងរាជរដ្ឋាភិបាល ហើយក្មួយសរសេរឲ្យ Cambodia Daily ជាកាសែតប្រឆាំងពូជានិច្ច តែសំ​ណួរ​បស់ក្មួយ ធ្វើឲ្យពូពេញចិត្តទៅលើអ្វីដែលជាផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង។

ពូពេញចិត្តជាមួយនឹងការឆ្លើយថា កម្ពុជាបានដើរមកដល់ដំណាក់កាលនេះ យើងត្រូវស្គាល់ពីអតីតកាល​របស់​យើងផង។ កម្ពុជាមុននេះ ដែលល្បីល្បាញខាងការកាប់សម្លាប់ ខាងការប្រយុទ្ធផ្តួលរំលំគ្នា ការបំ​ផ្លិច​បំ​ផ្លាញ ជីវិតមនុស្សរាប់លាននាក់ដែលត្រូវបានបំផ្លាញ យើងបានងើបឈរឡើង រាប់តាំងពីជីដូនជីតា ឪ​ពុក​ម្តាយរបស់ក្មួយៗ ក៏បានរស់រានមានជីវិត ហើយបណ្តុះបណ្តាលក្មួយៗ ឲ្យមកធ្វើការ …។ តើនេះវាជា​ឧទា​ហរណ៍ជាក់ស្តែងទេ នៃសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ក្មួយៗ។ នេះជាឧទាហរណ៍ជាក់​លាក់​ណាស់។

បើសិនជារបប ប៉ុល ពត មិនត្រូវបានដួលរំលំទេ តើឪពុកម្តាយ ជីដូនជីតារបស់​ក្មួយៗ​អាចនៅរស់ទេ។ ច្បាស់​ជាមិនរស់ទេ ហើយបើសិនជា (មិនមានតួនាទី)រាជរដ្ឋាភិបាលដែលគ្រប់គ្រងអំ​ណាច​ក្នុងរយៈ​ពេល​ជិត ៤០ ឆ្នាំ ដោយឡែកតួនាទីជានាយករដ្ឋមន្ត្រីរបស់ពូជាង ៣០ ឆ្នាំ(មកនេះទេ) សួរ​ថា តើក្មួយអាចទៅជា​អ្នក​ដែលបានជ្រើសរើសដោយវិទ្យុអាស៊ីសេរី និងដោយខេមបូឌាដេលី មកធ្វើការទេ។ តើនេះមិន​មែន​ជា​ឧទាហរណ៍ដែលពលរដ្ឋកម្ពុជាទទួលបាន ដោយសារអ្វី(គោលនយោបាយ)ដែលរាជរដ្ឋាភិបាលបានដាក់​ចេញ។ នេះ​ក៏ជាឧទាហរណ៍មួយ ដើម្បីបញ្ជាក់ថា វិស័យអប់រំបណ្តុះបណ្តាលនៅកម្ពុជាត្រូវបាន​ក្លាយទៅជា​អាទិ​ភាព តាំងពីពេលចាប់ផ្តើម …។

ការត្រៀមរៀបចំខ្លួនរបស់យើង មិនមែនគ្រាន់តែសំដៅទៅលើការត្រៀមរៀបចំខ្លួននៅកម្រិតជាន់ខ្ពស់ទេ។ អ្វី​ដែល​យើងបានខិតខំ គឺធ្វើយ៉ាងណាឲ្យកុមារទាំងអស់ទទួលបាននូវការសិក្សា​​​តាមសាលារដ្ឋ និងដល់​កម្រិតមហាវិទ្យាល័យ។ ក​ម្ពុជាបានផ្តល់ការអនុញ្ញាតឲ្យមានសាកលវិទ្យាល័យឯកជន រហូតមកដល់ពេល​នេះ មានសាកលវិទ្យាល័យឯកជនជាង ១០០។ យុវជនកម្ពុជាមានជម្រើសជាច្រើននៅក្នុងការជ្រើសរើស​មុខវិជ្ជា ដែលខ្លួនត្រូវការ សម្រាប់បម្រើ​​​ឲ្យទីផ្សារការងារ។ រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនា​ធិ​ការ ក៏បានរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏តម្រង់ទិសវិជ្ជាជីវៈឲ្យស្របទៅនឹងនិន្នាការ​ទី​ផ្សារ​។

កម្ពុជាមាននយោបាយទីផ្សារការងារ និងនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលបញ្ហានេះវា ក្លាយទៅជាប្រធានបទធំ ដើម្បីឆ្លើយតបជាមួយបច្ចេកវិទ្យាដែលត្រូវហូរចូលមក។ បើយើងគ្មានធនធាន​មនុស្ស គេក៏មិនមានលទ្ធភាពដើម្បីដាក់រោងចក្រ ឬវិនិយោគដែលមានបច្ចេកវិទ្យាជាន់ខ្ពស់បាននោះទេ ក៏​ប៉ុន្តែ​ខ្ញុំអាច និយាយបានថា ​កម្ពុជាបានទទួលមួយចំនួនហើយនូវបច្ចេកវិទ្យា ការវិនិយោគបច្ចេកវិទ្យា​ជាន់​ខ្ពស់។ បញ្ហានេះក៏ត្រូវគិតអំពីភូមិសាស្ត្រ។ អ្នកវិនិយោគមិនអាចរើរោងចក្រចេញពីប្រទេសម៉ាឡេស៊ី មក​កាន់​កម្ពុជាទាំងស្រុងនោះទេ ហើយមានពេលខ្លះអ្នកវិនិយោគដែលធ្លាប់បានវិនិយោគនៅវៀតណាម ក៏មិន​អាច​​រើរោងចក្រមកកម្ពុជាបានទាំងស្រុងដែរ។ ប៉ុន្តែ អ្នកវិនិយោគទាំងនេះ គេក៏អាចបង្កើតនូវរោងចក្របន្ថែម​ទៀត … នៅក្នុងទឹកដីកម្ពុជា។

… មិនមែនជាធុងសម្រាមសម្រាប់ការបោះចោលនូវបច្ចេក​វិទ្យា​ហួសសម័យទេ តែនេះជាបែបផែន និងចល​នា​​ការផលិត។ ឧទាហរណ៍ ក្រុមហ៊ុនជប៉ុនមួយបានវិនិយោគនៅម៉ាឡេស៊ី បានវិនិយោគនៅប្រទេសថៃ គេ​ត្រូវ​ការវិនិយោគបន្ថែម គេក៏បានមកវិនិយោគរោងចក្រនៅទឹកដីកម្ពុជា អញ្ចឹងបង្កើតឲ្យមានការសហការ​ដោយ​អ្នកវិនិយោគចេញពីជប៉ុន និងមានកិច្ចសហការរវាងកម្ពុជាផង ថៃផង និងម៉ាឡេស៊ីផង។ ការ​ធ្វើ​​បែប​នេះ ខ្ញុំគិតថា វាក៏ជាឱកាសដែលជម្រុញកាន់តែប្រសើរនូវទំនាក់ទំនងនៃការផលិត ក្នុងតំបន់អាស៊ី ដែល​នឹង​ក្លាយទៅជាសហគមន៍ ឆ្នាំ ២០២៥ ខាងមុខ។

នៅសល់សំនួរពាក់ព័ន្ធជាមួយនឹងនយោបាយខ្សែក្រវ៉ាត់មួយ។ ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំង ជាមួយ​នឹង​គំ​និតផ្តួចផ្តើមរបស់ចិន ហើយក៏កោតសរសើរនូវសកម្មភាពពិតប្រាកដរបស់ចិន។ សូមអ្នកទាំងឡាយ កុំ​ចោទ​ប្រកាន់ខ្ញុំថា ខ្ញុំមាននិន្នាការទៅរកចិនអី តែត្រូវសង្កេតឲ្យឃើញនូវការជាក់ស្តែងមួយ។ ខ្ញុំលើកបញ្ហា​​ពិត​​ប្រា​កដមួយ ដែលខ្ញុំបាននិយាយនៅពេលវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុបានកើតពីឆ្នាំ ២០០៨ …​ពេលនោះ​សេដ្ឋ​កិច្ចរបស់ចិន និងឥណ្ឌានៅតែរឹងមាំ ប្រសិនបើសេដ្ឋកិច្ចចិនដួលរលំក្នុងពេលតែមួយជាមួយនឹងអាមេ​រិក និងអឺរ៉ុប ប្រហែលជាពិភពលោកនេះជួបការលំបាក។ ចិនមិនត្រឹមតែដោះស្រាយសេដ្ឋកិច្ចខ្លួនឯងទេ ក៏ប៉ុន្តែចិនបានជួយដល់តំបន់អាស៊ាន ជួយដល់តំបន់ផ្សេងទៀត រាប់ទាំងជួយដល់អឺរ៉ុប ដើម្បីសង្រ្គោះសេដ្ឋ​កិច្ច​អឺរ៉ុប ជាផ្នែកមួយនៃក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចសកល មិនមែនតែគ្រាន់តែក្នុងតំបន់ទេ។ អាស៊ាន​បានទទួលផលប្រយោជន៍ពីទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន-ចិន។ អាស៊ានជាអ្នក​ទទួល​ផលប្រយោជន៍ ដោយសារតែអាស៊ាននាំចេញទៅកាន់ប្រទេសចិន មានទំហំច្រើនជាងនាំចេញពីចិន​មក​​កាន់អាស៊ាន។ អាស៊ានមានប្រជាជនត្រឹមជាង ៦០០ លាននាក់ ក្នុងពេលដែលចិនមានប្រជាជនជាង ១៣០០ លាននាក់។

ដូច្នេះ វាច្បាស់ណាស់ថា គឺផលប្រយោជន៍ទាំងសងខាង។ តែអ្នកដែលបានទទួលផលប្រយោជន៍ធំជាងគេ គឺ​បណ្ដាប្រទេសអាស៊ានទៅវិញទេ ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងចិន។ សម្រាប់ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បន្ទាប់ពីផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវ​ត្សរ៍ទី ២១ ខ្ញុំពិតជាមានការស្ញប់ស្ញែង និងកោត​សរ​សើរ ជាមួយនឹងភាពឈ្លាសវៃរបស់ប្រធានាធិបតី ស៊ី ជីងពីង ដែលក្នុងរយៈមិនយូរ​ប៉ុន្មាន​បាន​ដាក់​ចេញ​នូវនយោបាយ ដែលផ្ដល់លទ្ធភាពអោយប្រទេសនៅលើពិភពលោកនេះ មានជម្រើសច្រើន ដូចជានៅ​អា​ស៊ី។ យើងបានសម្រេចរួចមកហើយនូវការបង្កើតឡើងនូវធនាគារវិនិយោគអាស៊ី AIIB។ បន្ថែមលើនោះ រួមជាមួយឥណ្ឌា ប្រេស៊ីល រុស្ស៊ី អាហ្វ្រិកខាងត្បូង និងចិន បង្កើតឡើងនូវធនាគារ BRICS។ វាមិនមែន​ជា​ការ​ប្រឆាំងគ្នារវាងធនាគារពិភពលោក ជាមួយនឹងធនាគារ BRICS ថ្មីនោះទេ ហើយនៅអាស៊ី វាមិនមែនជា​ការ​ប្រឆាំងគ្នារវាងធនាគារអភិវឌ្ឍន៍អាស៊ី​ជាមួយនឹង AIIB នោះទេ ក៏ប៉ុន្តែវាជាការបំពេញអោយគ្នា បង្កើន​ទុន​កាន់តែធំសម្រាប់ផ្ដល់ទៅដល់តម្រូវការនៃការអភិវឌ្ឍសម្រាប់ប្រទេសនានា ក៏ដូចជាសម្រាប់តំបន់។

គំនិតផ្ដួចផ្ដើមច្រើន ប៉ុន្តែវាអត់មានលុយទេ។ ការពិត បើយើងយកផែនទីនៃគំនិតផ្ដួចផ្ដើមរបស់អាស៊ី និងគំ​និត​ផ្ដួចផ្ដើមរបស់អាស៊ាន(មកពិនិត្យ) ប្រហែលជាយើងដាក់នូវពេញបន្ទប់មួយតែម្ដង ក៏ប៉ុន្តែគំនិតផ្ដួចផ្ដើម​ទាំង​ឡាយ សុទ្ធអត់មានលុយ(ដើម្បីអនុវត្ត)។ ប៉ុន្តែសម្រាប់ចិន តែដាក់ចេញគំនិតផ្ដួចផ្ដើម គឺតែងតែមាន​លុយ​មកជាមួយ។ នោះហើយ គឺជាក្ដីសង្ឃឹមរបស់បណ្ដាប្រទេសនៅជុំវិញ។ ឧទាហរណ៍ មូលនិធិផ្លូវសូត្រ ដាក់​ចេញ ៤០ ពាន់លានដុល្លារអាមេរិកតែម្ដង អោយបណ្ដាប្រទេសនានា​ទទួលបានផល​ប្រ​យោជន៍។ ខ្ញុំ​នឹងទៅចូលរួមនូវសន្និសីទនៅថ្ងៃទី ១៤​ និង ១៥ ខាងមុខនេះ ហើយបន្ទាប់ទៅ ខ្ញុំក៏នឹងធ្វើទស្សន​កិច្ច​នៅ​ឯ​ប្រ​ទេសចិន។ ពេលនោះ កិច្ចព្រមព្រៀងជាង ១០ ដល់ជិត ២០ នឹងត្រូវបានចុះ​ហត្ថលេខា​បន្ទាប់​ពី​​កិច្ច​ព្រម​ព្រៀង​មួយចំនួនធំត្រូវបានចុះហត្ថលេខានៅភ្នំពេញ។

សុំក្មួយទាំងពីរនាក់ ដែលអ្នក(សារព័ត៌មាន) វិទ្យុអាស៊ីសេរី និងខាមបូឌាដេលី សរសេរអោយបាន​ត្រឹម​ត្រូវ​ ព្រោះនេះកំពុងផ្សាយបន្តផ្ទាល់ច្រើនទូរទស្សន៍ណាស់។ បើក្មួយយកទៅសរសេរខុស អត្ថាធិប្បាយខុស នោះ​គេ​នឹងឃើញថា ពួកក្មួយដែលធ្វើការអោយបរទេស គឺពិតជាខ្ញុំបម្រើបរទេសពិតប្រាកដហើយ។ ពូមិន​ចង់​ឮពាក្យនេះទេ។ អ្នកសរសេរអោយខាមបូឌាដេលីម្នាក់ ដូចជាឈ្មោះលោក រិទ្ធ ដែលសរសេរ​អោយ​ ខាម​បូ​ឌាដេលី ជេរពូស្ទើរតែ ២០ ឆ្នាំ ហើយពេលដែលឈឺ ខាមបូឌាដេលីបោះបង់ចោល។ ម្សិលមិញ ពូបាន​បញ្ជូន​ថវិកាសម្រាប់សង្រ្គោះខ្លួន។ ក្មួយត្រូវយល់ ទឹកចិត្តខ្មែរយើងដូចគ្នា ក្មួយកុំជ្រុល​និយមតាម​ជន​បរ​ទេស។ វាជាការដាស់តឿន តែមិនមែនអោយក្មួយឈប់ប្រឆាំងនឹងពូនោះទេ ប្រសិនបើក្មួយជាអ្នកប្រឆាំង … ខំរៀនសូត្របន្ថែម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...