ភ្នំពេញ ថ្ងៃទី១២៨ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម យាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បាន សម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នៅក្នុងឱកាសជួបសម្តែង ការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ខណ:ដែលឯកឧត្តម និងលោកជំទាវបានដឹកនាំ គណ:ប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ឯកឧត្តម យាណូស អាឌ័រ បានលើកឡើងថា ការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយវិបុលភាព ដោយមានអគារខ្ពស់ៗ នាពេលបច្ចុប្បន្ននេះ ជាសញ្ញាបង្ហាញពី អនាគតដ៏ល្អរបស់កម្ពុជា។ ប្រទេសហុងគ្រី សូមចូលរួមអបអរសាទរជាមួយវឌ្ឍនភាពកម្ពុជា។ ជាមួយគ្នា ឯកឧត្តមប្រធានាធិបតីបានជម្រាប សម្តេចប្រធានរដ្ឋសភាថា កម្ពុជាជាប្រទេស មួយដែលមានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងយូរលុងណាស់មកហើយ ប្រាសាទអង្គរ ជាអច្ឆរិយដ៏ល្អឯកមួយ ដែលពលរដ្ឋហុងគ្រីចង់មកទស្សនា រួមទំាងខ្លួនឯកឧត្តមផង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម យាណូស អាឌ័រ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៅពេលនេះ មានអត្ថន័យជាប្រវត្តិសាស្រ្ត និងបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ប្រជាជាតិកម្ពុជា។ រដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ រួមទំាងសមិទ្ធផលនានា ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរខិតខំរួមគ្នាសម្រេចបានមកនេះ។
សម្តេចប្រធានរដ្ឋសភាបានរម្លឹកថា ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់មាន គុណបំណាច់ដ៏ធំចំពោះកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបបានរំដោះ ពីរបប ប៉ុល ពត មិនត្រឹមតែប៉ុណ្ណោះ ហុងគ្រីក៏បានចូលរួមចំណែកយ៉ាង សកម្មក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជា ជាតិនៅកម្ពុជាទៀតផង៕