ប្រធានាធិបតីហុងគ្រី ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម យ៉ាណូស អាឌ័រ (Janos Ader) ​ប្រធានាធិបតីនៃប្រទេសហុងគ្រី ​និងលោ​ក​ជំ​ទា​វ បាន​អ​ញ្ជើ​ញ​​មកដល់កម្ពុជាហើយ កាលពីរាត្រីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៩ ដើ​ម្បីបំពេ​ញ​ទ​ស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៧ ដល់​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ​២០១៩    ដែ​លតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ​ស​ម្ដេ​ច​ព្រះបរមនាថ ន​រោ​ត្ដម សី​ហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញទទួលគណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្ត​មា​ន  សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯក​ឧត្ត​ម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីរាជការជាច្រើនផងដែរ។​

បើ​តា​ម​កម្ម​វិធីដែលបានគ្រោងទុក ក្នុងអំឡុងពេលទស្សនកិច្ចនេះ ប្រធានាធិបតីនៃ​ប្រ​ទេ​​​សហុងគ្រី នឹ​ង​​ចូលគាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ បន្ទា​ប់​ម​ក ឯកឧត្ដម Janos Ader  នឹងទទួលការចូលជួបសម្តែងការគួរ​សមដាច់ដោយឡែកពីគ្នា​ជា ​មួ​យ​​សម្តេច​វិបុ​ល​​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេ​ង សំរិន ប្រ​ធា​ន​រដ្ឋ​សភាកម្ពុជា។ ឯកឧត្ដមប្រធានាធិបតីហុងគ្រី ក៏នឹងមានជំនួបពិភាក្សា​ការ​ងារ​ជា​មួយសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា​ ដែល​នៅ​ក្នុង​ជំ​នួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និ​ង​អន្តរជាតិ​ដែ​ល​ជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។

ក្នុងឱកា​ស​ស្នា​ក់​អាស្រ័យ និង​បំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅកម្ពុជានេះដែរ ឯកឧត្ដម យ៉ាណូ​ស​ អាឌ័រ (Janos Ader) ​ប្រធានាធិបតីនៃប្រទេសហុងគ្រី ​និងលោ​ក​ជំ​ទា​វ ក៏ នឹងអញ្ជើ​ញ​ទៅ​ទស្ស​នាប្រា​សា​ទ​នា​នា​ នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុង​ខេត្តសៀ​ម​រា​ប​ផងដែរ។ ជាមួយគ្នានេះ ទស្សន​កិ​ច្ច​​ផ្លូវរដ្ឋលើកដំបូងមកកាន់​កម្ពុជា​របស់ឯកឧត្ដម យ៉ាណូស អាឌ័រ នឹង​ក្លា​យ​ជាព្រឹត្តិការណ៍​ដ៏​សំ​ខាន់​មួយក្នុងទំនាក់ទំនងទ្វេ​ភាគី​កម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែក​យ៉ា​ង​​សំខាន់​ដ​ល់​ការ​ព​ង្រឹ​ង​បន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិ​សាល​ភា​ព ​និងជម្រៅ​នៃ​កិ​ច្ច​​សហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ សម្ដេចអគ្គ​មហា​សេ​នា​ប​​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​​ទៅកាន់ ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3r​d BWS) ដែល​រៀ​ប​ចំ​ឡើ​ង​ក្រោម​ប្រ​ធា​នបទ«​ការទប់ស្កាត់​វិបត្តិ​ទឹក​» ដែល​ជា​ការឆ្លើយ   ​ត​ប​តាមការ​​អ​ញ្ជើញ​របស់ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី​ហុង​​គ្រី ហើយក្នុ​ងអំឡុង​ពេ​ល​ស្នា​​ក់នៅ​​ទីក្រុង​ប៊ុ​យ​ដា​ប៉េសនេះ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​មន្ត្រី ក៏បាន​អញ្ជើញ​ចូ​ល​ជួបសម្តែង​កា​រគួ​រស​ម​ និងពិភាក្សាការងារ ជាមួយ​ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ ប្រធា​នា​​ធិបតី​ហុង​គ្រីផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ