សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា”

CNV:

ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ!

ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចាប់ផ្ដើមមុនគេ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ ដើម្បីមកចែកជូនសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១ ១៨៣ នាក់។ អម្បាញ់មិញ យើងបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងនៅទីនេះ។

កោតសរសើរ ចំពោះសាកលវិទ្យាល័យ ខិតខំរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅគ្រប់កម្រិត

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានខិតខំរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ក្រៅពីថ្នាក់ឧត្តមសិក្សា សាលាប៊ែលធីអន្តរជាតិ ក៏បានចូលរួមបណ្ដុះបណ្ដាលតាំងពីថ្នាក់ចំណេះទូទៅ ដែលនេះគឺជាផ្នែកសំខាន់មួយ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។

កម្ពុជាក្លាយទៅជាប្រទេសសេរីភាវូបនីយកម្មលើវិស័យអប់រំ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ

សូមអបអរសាទរផងដែរ ជាមួយនឹងជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ដ៏ច្រើន។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែពិនិត្យឡើងវិញពីក្របខណ្ឌ នៃគោលនយោបាយ ដែលយើងបានដាក់ចេញ។ ក្នុងនោះ ការផ្ដល់​ឱកាសឱ្យវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលឥឡូវនេះចាត់ទុកថា ប្រទេសកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានសេរីភាវូបនីយកម្មលើវិស័យអប់រំ ហើយដែលនៅក្នុងឆ្នាំ ២០០២ និង ២០០៣ ពេលនោះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

មានប្រទេសមួយនោះ បានសួរសំណួរមកកាន់កម្ពុជា។ ដើម្បីឆ្លើយតប ព្រោះធម្មតានៅក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក សមាជិកចាស់មានសិទ្ធិនឹងដាក់សំណួ រមកកាន់ប្រទេស ដែលចង់ចូលជាសមាជិក ពាក់ព័ន្ធជាមួយនឹងបញ្ហាសំណួរ ដែលគេសួរមកយើងនោះ  អំពីសេរីភាវូបនីយកម្មលើវិស័យអប់រំ តើយើងផ្ដល់ឱ្យឯកជនចូលរួមក្នុងវិស័យអប់រំប៉ុនណា? សំណួរនេះ ត្រូវបានកត់សម្គាល់ដោយខ្លួនខ្ញុំភ្លាមៗទៅកាន់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលពេលនោះ គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយទទួលបន្ទុកជាប្រធាន នៃគណៈប្រតិភូចរចា ដើម្បីចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

ខ្ញុំបាននិយាយថា (ប្រទេស)ដែលសួរសំណួរមកកាន់យើងនេះ ប្រាកដណាស់ថា ពេលនេះ ប្រហែលជាគេមិនទាន់មានវិស័យឯកជនចូលរួមដូចកម្ពុជានោះទេ។ ការជាក់ស្ដែង​ ឥឡូវនេះ សាកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាល (ឬ)ផ្នែកទាក់ទិនជាមួយនឹងការបណ្ដុះបណ្ដាល មិនថាតែកម្រិតចំណេះដឹងខាងផ្នែកណាមួយនោះទេ ក៏ប៉ុន្តែ សាលាឯកជនបានផុសផុលច្រើនណាស់នៅក្នុងប្រទេសរបស់យើង។ ចំណុចនេះ គួរតែវាយតម្លៃឡើងវិញ អំពីភាពត្រឹមត្រូវ នៃការអនុវត្តគោលនយោបាយបើកទូលាយ សម្រាប់ការចូលរួម រវាងរបស់វិស័យឯកជន ទៅក្នុងបញ្ហាការបណ្ដុះបណ្ដាលធនធានមនុស្ស។

គេធ្លាប់បានលើក អំពីបញ្ហាទាក់ទងជាមួយនឹងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដែលគេហៅថា PPP, Public Private Partnership គេនិយាយអំពីបញ្ហាហ្នឹង ដើម្បីនិយាយទាក់ទិនជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ក៏ប៉ុន្តែ អ្វីដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ វិស័យនេះ ក៏ជាវិស័យដែលទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ដែលរួមមាន៖ ការបណ្ដុះបណ្ដាលទាក់ទងនឹងបញ្ហាធនធានបញ្ញា ធន​ធានមនុស្ស ធនធានអប់រំរបស់យើង ហើយក៏ដូចជាប្រព័ន្ធច្បាប់ និងបទបញ្ញត្តិផ្សេងៗ សុទ្ធតែហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់។ ទន្ទឹមនោះ យើងក៏មានភាពជាដៃគូជាមួយវិស័យឯកជន ទៅលើបញ្ហាទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង។

ឥឡូវ តបមកសួរជាសំណួរថា ប្រសិនបើពេលនោះ រាជរដ្ឋាភិបាល ឬក៏រដ្ឋាភិបាលតាំងពីជំនាន់(មុន) ព្រោះការកកើតឡើងនូវសាលាផ្នែកឯកជនចូលរួមនេះ មិនមែនទើបនឹងកើតក្រោយឆ្នាំ ១៩៩៣ នៅពេលដែលបង្កើតនូវរបបរាជរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះទេ ក៏ប៉ុន្តែ បានកើតឡើងតាំងពីដើមទសវត្សរ៍ ៩០។ យើងចាប់ផ្ដើមមានតាំងពីសាលា Banana ន័រតុន ដំបូងហូរហែមក និងបង្កើតជាបន្តបន្ទាប់។ ដូច្នេះ គោលនយោបាយនេះ ជាគោលនយោបាយដើមរបស់គណបក្សប្រជាជនកម្ពុជា និងរបស់ខ្លួនខ្ញុំផ្ទាល់ ដែលខ្ញុំគិតថា វាគឺជាមោទនភាពមួយ ដែលយើងបានឃើញការចូលរួមចំណែករបស់វិស័យឯកជ​ន​ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ ប៊ែលធី ក៏បានចូលរួមចំណែកដ៏ធំ ទៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់ចំណេះទូទៅ រហូតទៅដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយនៅថ្ងៃនេះ យើងមានការចែកសញ្ញាបត្រ សម្រាប់ថ្នាក់វិជ្ជាជីវៈគរុកោសល្យ ចំនួន ៣៧១ នាក់។ ថ្នាក់បរិញ្ញាបត្រចំនួន ៧០៣ នាក់ និងថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន ១០៩ នាក់។ នេះអាចចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ដែលយើងបានទទួលពីការរួមចំណែក នៃសាកលវិទ្យាល័យ ប៊ែលធី។

វត្តមាននិស្សិតបរទេសកាន់តែច្រើនមករៀននៅកម្ពុជា

ខ្ញុំសូមអរគុណ (និង)វាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លី ឆេង ក៏ដូចជា ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ ដែលទទួលបន្ទុកក្នុងការបណ្ដុះបណ្ដាលសិស្ស និងនិស្សិតនៅក្នុងសាលា ក៏ដូចជាសាកលវិទ្យាល័យនេះ។ អ្វីដែលជាការគួរឱ្យកត់សម្គាល់ ក៏មាននិស្សិតបរទេសមួយចំនួនបានចូលមករៀននៅទីនេះ។ ឥឡូវ និស្សិតបរទេសកាន់តែច្រើនហើយ ដែលបានមករៀននៅកម្ពុជា។ កន្លងទៅនេះ ក្នុងពេលដែលទីប្រឹក្សារដ្ឋ លោកជំទាវ អោង សានស៊ូឃ្យី របស់មីយ៉ាន់ម៉ា មកទស្សនកិច្ច ខ្ញុំក៏បានផ្ដល់អាហារូបករណ៍ចំនួន ១០ កន្លែង សម្រាប់និស្សិតរបស់សហភាពមីយ៉ាន់ម៉ា។ អ្វីដែលខ្ញុំសង្ឃឹម គឺផ្អែកទៅលើសាកលវិទ្យាល័យរបស់រដ្ឋផង សាកលវិទ្យាល័យរបស់ឯកជន ហើយខ្ញុំសង្ឃឹមថា ថ្ងៃក្រោយខ្ញុំនឹងមានលទ្ធភាព ដើម្បីមានឱកាសផ្ដល់អាហារូបករណ៍ សម្រាប់និស្សិតបរទេសផ្សេងទៀត។ សង្ឃឹមថា គ្រឹះស្ថានឧត្តមសិក្សាឯកជនជួយរួមគ្នា ដើម្បីនឹងទទួលយកនិស្សិតបរទេស ដើម្បីសិក្សា។ ប្រសិនបើគេពេញចិត្តសិក្សានៅសាលា ប៊ែលធី ក៏សូមជួយទទួលផង ប៉ុន្តែ រដ្ឋអាចផ្ដល់ថវិកាសម្រាប់ទៅសាលាក៏បានដែរ។ ប៉ុន្តែ សាលាគ្រាន់តែជួយរួមទទួល ឬក៏សាលាឱ្យរៀន ប៉ុន្តែ រដ្ឋចិញ្ចឹមកូនសិស្ស ព្រោះឥឡូវកន្លែងខ្លះមានបដិការ ប៉ុន្តែ កន្លែងខ្លះអត់មានបដិការទេ យើងឱ្យគេ ហើយយើងចិញ្ចឹមកូនសិស្សរបស់គេតែម្ដង។ យើងមានអាទិភាពកាន់តែច្រើន ដើម្បីនឹងធ្វើនូវកិច្ចការទាំងអស់នេះ។

ថ្នាក់វិជ្ជាជីវៈគរុកោសល្យ មានការងារធ្វើរហូតទៅដល់ ១០០%

ខ្ញុំអបអរជាមួយនឹងវឌ្ឍនភាព ដែលគួរឱ្យកោតសរសើរ ចំពោះសាកលវិទ្យាល័យ ប៊ែលធី។ ខ្ញុំក៏សុំយកឱកាសនេះ សំដែងជូននូវការអបអរសាទរ ចំពោះនិស្សិតជ័យលាភី ដែលនឹងទទួលសញ្ញាបត្របន្ដិចទៀតនេះ។ នេះគឺជាធនធានមនុស្សដ៏កម្រ។ ដូចដែល ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ អ្នកដែលមានការងារធ្វើបច្ចុប្បន្ននេះ គឺថ្នាក់វិជ្ជាជីវៈគរុកោសល្យ មានការងារធ្វើរហូតទៅដល់ ១០០%។ និស្សិតបរិញ្ញា​បត្រ មានការងារធ្វើ ៩៤,១៨%។ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ មានការងារធ្វើចំនួន ១០០%។ អញ្ចឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងមានគ្រប់ទីកន្លែងទាំងអស់ គ្រប់សាកលវិទ្យាល័យទាំងអស់ ដែលខ្ញុំមកចែកជូនសញ្ញាបត្រ សុទ្ធតែមានបញ្ជាក់មានការងារធ្វើ។ ដូច្នេះ ទោះបីបានប៉ុណ្ណឹងហើយ ប៉ុន្តែយើងមិនទាន់មានគ្រប់គ្រាន់ទេ យើងត្រូវបន្តការខិតខំពង្រឹងសមត្ថភាពធនធានមនុស្សយើងបន្តទៅទៀត។

ត្រូវបន្តការខិតខំពង្រឹងនូវសមត្ថភាពការចេះដឹង ដើម្បីដើរឱ្យទាន់នូវការប្រែប្រួល នៃសភាពការណ៍

ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ ចំពោះនិស្សិតជ័យលាភីទាំងអស់ខិតខំបន្ត ដើម្បីនឹងពង្រឹងនូវសមត្ថភាព លើកកម្ពស់សមត្ថភាពនូវការចេះដឹងរបស់យើង ដើម្បីដើរឱ្យទាន់នូវការប្រែប្រួល នៃសភាពការណ៍ ដែលកំពុងដើរលឿនយ៉ាងខ្លាំងនៅក្នុងក្របខណ្ឌពិភពលោករបស់យើង។ បដិវត្តន៍ឧស្សាហកម្មទី ៤ ឬសេដ្ឋកិច្ចទេសចរណ៍ គឺកំពុងជម្រុញយើងឱ្យឈានពីកន្លែងមួយ ដែលសមត្ថភាពត្រូវតែកើនជាប្រចាំ។

អរគុណសាកលវិទ្យាល័យ ដែលតែងតែផ្តល់អាហារូបករណ៍

ខ្ញុំសូមយក​ឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណ ចំពោះសាកលវិទ្យាល័យ ក៏ដូចជា ឯកឧត្តម លី ឆេង ដែលបានផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ ទៅលើបញ្ហាការបណ្ដុះបណ្ដាលនៅថ្នាក់ឧត្តមសិក្សាផង ហើយនិងអាហារូបករណ៍ពិសេស សម្រាប់ថ្នាក់ចំណេះទូទៅផង។ ដែលគិតមកដល់ពេលនេះ ថ្នាក់ចំណេះទូទៅដែលបានផ្ដល់ឱ្យខ្ញុំនោះ ថ្នាក់បរិញ្ញាជាន់ខ្ពស់ មានចំនួន ៤២៨ កន្លែង។ ដែលរយៈពេលកន្លងទៅ ឆ្នាំ ២០០៨-២០០៩ រហូតមកដល់បច្ចុប្បន្ន អំពីអាហារូបករណ៍ពិសេសថ្នាក់ចំណេះទូទៅរយៈពេល ១២ ឆ្នាំ និងភាសាអង់គ្លេសរយៈពេល ៩ ឆ្នាំ ផ្ដល់សម្លៀកបំពាក់ និងសៀវភៅ ចំនួន ៦៣ កន្លែង នេះគឺបានដោះស្រាយបញ្ហា។

អំពីកុមារា គឹម ហុង

ថ្ងៃនេះ មានចៅខ្ញុំម្នាក់ គឹម ហុង ឡើងមកនេះ ដើម្បីបង្ហាញថា​ តើយើងគួរឆ្លៀតបណ្ដុះបណ្ដាលក្មេងរបៀបម៉េច?​ ឈរខាងនេះ ដើម្បីឱ្យគេមើល។ តើយើងគួរបណ្ដុះបណ្ដាលគេរបៀបម៉េច? គឹម ហុង មានអាយុ ១០ ឆ្នាំទេ ក៏ប៉ុន្តែ គេរៀនថ្នាក់ទី ១០។ គឹម ហុង កើតនៅថ្ងៃទី​ ៣០ សីហា ២០០៩។ ដល់ការដែលប្រឡងថ្នាក់ទី ៩ ថ្ងៃទី ៥-៦ ឆ្នាំ ២០១៩ ពេលនោះ គឹម ហុង អាយុ ៩ ឆ្នាំ ប៉ុន្តែ ប្រលងថ្នាក់ទី ៩។ ឥឡូវ គឹម ហុង ទើបចូលអាយុ ១០ ឆ្នាំ បានប៉ុន្មានថ្ងៃទេ ប៉ុន្តែ គេក៏រៀនថ្នាក់ទី ១០ ដែរ។ អញ្ចឹង ចៅមួយនេះ គឺថា ត្រឹមតែ ១២ ឆ្នាំ គេអាចចប់នូវមធ្យមសិក្សាទុតិយភូមិ។ ហើយក្នុងអាយុ ១២ ឆ្នាំដដែល ឬក៏អាយុ ១៣ (ឆ្នាំ) គេចូលសាកលវិទ្យាល័យហើយ។ អញ្ចឹង ខ្ញុំសូមស្នើឱ្យបណ្ឌិត លី ឆេង បន្តជួយ។ ​ខ្ញុំសុំអាហារូបករណ៍ទុកឱ្យហើយ ដើម្បីបន្តចូលទៅថ្នាក់បរិញ្ញាបត្រ ហើយឈានទៅបរិញ្ញាបត្រជាន់ខ្ពស់ ព្រោះបើទោះបី គឹម ហុង ជាប់បរិញ្ញាបត្រហើយ គឹម ហុង អត់ទាន់មានអាយុគ្រប់ ដើម្បីចូលធ្វើការទេ ទាល់តែបរិញ្ញាបត្រជាន់ខ្ពស់។ បើគិតតាមអាយុនេះ បរិញ្ញាបត្រជាន់ខ្ពស់ គឹម ហុង ទើបអាយុ ១៨ ឆ្នាំទេ។

អញ្ចឹង យើងគួរតែខិតខំជម្រុញការបណ្ដុះបណ្ដាល។ យើងធ្លាប់ឮប្រទេសដទៃ ដែលគេនិយាយអំពីបញ្ហាកូនអាយុប៉ុន្មានឆ្នាំ ហើយជាប់បរិញ្ញាបត្រទៅលើបញ្ហាគណិតវិទ្យា ប៉ុន្តែ គឹម ហុង ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ប្រចាំខែឱ្យមកខ្ញុំ ឪពុកម្ដាយប្រហែលជាមិនបានដឹងទេ​។ គឹម ហុង ពូកែ/ខ្សោយអី? ឥឡូវ គេរៀនថ្នាក់ទី ១០។ ប៉ុន្តែ គឹម ហុង កុំភ្លេចថា ខែនេះ ចៅឯងចំណេះទូទៅ គឺជាប់លេខ ២០ ក្នុងចំណោម ២០ នាក់ ប៉ុន្តែ ចំណុចពិសេសមួយក្នុងចំណោមភាសាអង់គ្លេស កម្រិតទី ៥ ក្នុងចំណោម ៣០ នាក់ (គឹម ហុង) បានលេខ ១ បានសេចក្តីថា ​ផ្នែកភាសាអង់គ្លេសតាំងពីចូលរៀនមក គឹម ហុង លេខ ១ រហូត​ ក្នុងចំណោមសិស្សពូកែ ៣០ នាក់ ភាសាអង់គ្លេស។ ដូច្នេះ ជាតិមុនជាអង់គ្លេស ឬស្អីហ្នឹង? ប៉ុន្តែ សូមអភ័យទោសណា ខ្ញុំត្រូវផ្គត់ផ្គង់ គឹម ហុង ប៉ុន្តែ មិនដឹងយ៉ាងម៉េចវក់វីៗ គឺផ្គត់ផ្គង់បានតែឆ្នាំ ២០១៧ អា ២០១៨ និង ២០១៩ អត់ទាន់បានផ្គត់ផ្គង់។ ប៉ុន្តែ ឥឡូវបានផ្គត់ផ្គង់ជំនួសហើយ យប់មិញបានប្រគល់ហើយ ផ្គត់ផ្គង់ ២០១៨ និង ២០១៩ និង ២០២០ ហើយ ២០២១ នឹងបន្តផ្គត់ផ្គង់។ ខ្ញុំផ្គត់ផ្គង់ គឹម ហុង រហូតដល់រៀនចប់។ ហើយសំពះលាតាៗ។

ជួប ហុង ភារិន និងបានជួយសម្រេចបំណងគេ និងបងប្រុសគេ

យប់ៗជួនកាល គេលួចវាយ(សារ)មកជម្រាបសួរលោកតា តែទម្រាំតែតាវាយត្រឡប់ទៅវិញ គេដេកលក់បាត់ទៅហើយ។ មានក្មេងៗមួយចំនួន គេហៅថា ចំណុចពិសេសរបស់គេ យើងគួរចាប់ឱ្យជាប់។ កន្លងទៅ ខ្ញុំក៏ជួបជាមួយនឹងនិស្សិត ហុង ភារិន ដែលមកពីប្រទេសថៃ ដែលនិយាយទាក់ទងពីការចងចាំ ខ្ញុំក៏នឹងសម្រេចនូវគោលបំណងរបស់គេ ក្រោយពីការបញ្ចប់នូវការសិក្សានៅប្រទេសថៃ ដែលនឹងត្រូវចប់នៅឆ្នាំក្រោយនេះ (គឺថ្នាក់)បរិញ្ញា(បត្រ)។ គោលដៅរបស់គេចង់ទៅរៀនប្រទេសមួយផ្សេងទៀត ខ្ញុំក៏បានយល់ព្រមហើយ ហើយក៏បានទាក់ទងទៅ ឯកឧត្ដម ហង់ ជួនណារ៉ុន ដើម្បីត្រៀមនូវអាហារូបករណ៍មួយ សម្រាប់ជូនគេទៅទីនោះ។

យើងអាចនឹងមានធនធានមនុស្សខ្លាំងពូកែ ប៉ុន្តែ​ យើងក៏ត្រូវតែតាមដានតម្រង់ទិសឱ្យបានហ្មត់ចត់ផងដែរ​។ ខ្ញុំមិនហ៊ានទាញនិស្សិត ហុង ភារិន ដើម្បីឱ្យទៅអ្វីដែលខុសពីចំណង់ចំណូលចិត្តរបស់គេទេ ដែលគោលដៅរបស់គេចង់យកអំពីបញ្ហាទាក់ទងនឹង(អភិវឌ្ឍន៍)ជនបទជាសំខាន់។ ហើយនោះ គឺជាការចង់បានរបស់យើងផងដែរ។ ថ្ងៃនោះ ក៏មានបងរបស់ ភារិន គេក៏បានប្រឡងជាប់បរិញ្ញា(បត្រ) រួចហើយបានប្រឡងចូលនាយកដ្ឋានពន្ធដារ គេក៏បានធ្វើការ ប៉ុន្តែ ឥឡូវខ្ញុំក៏បានឱ្យគេរៀន ឃើញគេវាយមកឱ្យខ្ញុំថា គេបានចូលរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រោះដំបូងគេចង់រៀននៅសាកលវិទ្យាល័យណាមួយនោះ តម្លៃថោកជាង។ ខ្ញុំថារឿងតម្លៃថ្លៃថោកមិនសំខាន់ទេ ខ្ញុំអ្នកឱ្យលុយទេ អញ្ចឹងទេ ក៏បានចូលរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាសាកលវិទ្យាល័យមួយដ៏ខ្លាំងពូកែដែរ។

ការប្រឡងមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូន

សម្រាប់ប្រទេសរបស់យើង ហើយអ្វីដែលយើងមានមោទនភាព នៅត្រង់ថា ឆ្នាំនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ បានធ្វើទៅដោយរលូន ហើយកង្វល់ធំជាងគេរបស់ខ្ញុំ គឺខ្លាចពេលដែលមានការប្រឡង គឺទឹកជំនន់បានកើតឡើង ដែលរំខានទៅដល់ការប្រឡងរបស់សិស្ស។ ក៏ប៉ុន្តែ នៅពេលនោះ ខ្ញុំគិតថា ថ្នាក់ខេត្ត/ស្រុក​បានយកចិត្តទុកដាក់ខ្លាំងណាស់ ខ្ញុំពិតជាមានការអរគុណជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា  ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរដែនដីគេគ្រប់គ្រងសិស្សរបស់គេបានល្អណាស់ក្នុងការប្រឡង។ កន្លែងខ្លះជួយដឹកជញ្ជូន កន្លែងខ្លះផ្ដល់កន្លែងស្នាក់នៅ។

និទ្ទេស A មានការកើនឡើងជាង ១%

ឥឡូវនេះ​ ចូលដល់និទ្ទេស A ហើយនិទ្ទេស A ត្រូវជួបជាមួយខ្ញុំនៅថ្ងៃទី ៧ ហ្នឹង។ ខ្ញុំថ្ងៃទី ៤ ​នេះ ទៅទស្សនកិច្ចផ្លូវការនៅវៀតណាម ថ្ងៃទី ៥ ត្រឡប់មកវិញចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺទី ៦ និងថ្ងៃ ៧ ថ្ងៃ ច័ន្ទ ខ្ញុំនឹងជួបសិស្សនិទ្ទេស A (ចំនួន) ៤៤៣ នាក់។ ចំនួននេះ បើប្រៀបធៀបជាមួយឆ្នាំទៅ គឺមានតែ ៤០៤ នាក់ប៉ុណ្ណឹងទេ ប៉ុន្តែ ឥឡូវនេះ យើងមានចំនួនកើនឡើងជាង ១% នៃចំនួនសិស្សដែលបានប្រឡងជាប់​។ អញ្ចឹងទេ គុណភាព នៃការសិក្សារបស់យើងកាន់តែល្អហើយ។

អនុសាសន៍៖ តើសាលាប៊ែលធី អាចនឹងបង្កើតជាសាលាជំនាន់ថ្មីរួចឬទេ?

ខ្ញុំសូមផ្តល់នូវយោបល់ សម្រាប់ ឯកឧត្តម បណ្ឌិត លី ឆេង នៅក្រសួងអប់រំចាប់ផ្តើមរៀបចំសាលារៀនជំនាន់ថ្មី ដូចជានៅវិទ្យាល័យព្រះស៊ីសុវត្ថិ អញ្ចឹងទេ តើសាលាប៊ែលធីគួរចាប់ផ្តើមរៀបចំផ្នែកណាមួយសាកល្បងឱ្យទៅជាសាលារៀនបែបជំនាន់ថ្មីដូចក្រសួងអប់រំបានរៀបចំអញ្ចឹងបានទេ? នេះគ្រាន់តែអនុសាសន៍ទេ ព្រោះនេះជាវិទ្យាសាស្រ្តអប់រំ ដែលគេបានស្រាវជ្រាវជាបន្តបន្ទាប់ ហើយក៏បានបញ្ចូលមកកាន់ប្រទេសកម្ពុជាយើង មានវិទ្យាល័យមួយចំនួនហើយ ដែលនៅទីក្រុងភ្នំពេញ គឺមានវិទ្យាល័យតែមួយទេ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ។ តើយើងអាចទៅរួច ឬមិនរួច? ក៏ប៉ុន្តែ ខ្ញុំគិតថា បែបជាមិនមែនទៅមិនរួចទេ បើយើងចង់ធ្វើនោះ។

សន្ទស្សន៍ នៃការអភិវឌ្ឍធនធានមនុស្សកម្ពុជានៅលំដាប់ក្រោយ តែក៏មិនក្រោយជាងប្រទេសកំពុងអភិវឌ្ឍន៍ដទៃពេកដែរ

ទោះបីជាប្រទេស​របស់យើង ត្រូវបានគេប្រមាថ ហើយអ្នកដែលប្រមាថប្រទេសរបស់យើង គឺគ្មានអ្នកណាក្រៅពីជាតិសាសន៍ខ្លួនឯងដើរប្រមាថនោះទេ អំពីប្រព័ន្ធអប់រំកម្ពុជា។ យើងទទួលយកថា យើងស្ថិតនៅក្នុងកម្រិតអន់ខ្សោយ ដែលយើងកំពុងតែធ្វើការខិតខំ។ ខ្ញុំបាននិយាយជាមួយអនុប្រធានធនាគារពិភពលោក នៅពេលដែលគាត់ជួបខ្ញុំកាលពីប៉ុន្មានអាទិត្យមុននេះ បើនិយាយអំពីសន្ទស្សន៍ នៃការអភិវឌ្ឍមូលធនមនុស្ស ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស កម្ពុជាស្ថិតនៅលំដាប់ក្រោយ ប៉ុន្តែ មិនក្រោយជាងគេប៉ុន្មានទេ បើប្រៀបធៀបជាមួយប្រទេសកំពុងអភិវឌ្ឍន៍។ ខ្ញុំបានប្រាប់គាត់ អំពីបញ្ហាទាក់ទងជាមួយនឹងការខិតខំរបស់យើង ហើយបើប្រៀបធៀបជាមួយនឹងប្រទេសនៅលើពិភពលោក ដែលមានជិត ២០០ ប្រទេសកម្ពុជានៅក្នុងលំដាប់ដូចជាទី ១០០ ប៉ុន្មានឯណោះ។ យើងនៅលើមីយ៉ាន់ម៉ា តែយើងទាបជាងឡាវបន្តិច តាមការដាក់ពិន្ទុរបស់ធនាគារពិភពលោក។

បើប្រៀបធៀបនឹង ១៩៧៩ ឥឡូវ យើងមានបញ្ញវ័ន្តច្រើនណាស់

ខ្ញុំទទួលស្គាល់​នូវភាពទន់ខ្សោយរបស់យើង ទៅលើបញ្ហាការបណ្ដុះបណ្តាលធនធានមនុស្ស ក៏ប៉ុន្តែ ខ្ញុំយកការពន្យល់មួយឱ្យគាត់បានយល់ អំពីបញ្ហាទាក់ទិននឹងការប្រៀបធៀបកាលពី ៤០ ឆ្នាំមុន នៅឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ ២០១៩ តើខុសគ្នារបៀបណា? សម្តេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍ឱ្យខ្ញុំមួយ បន្ទាប់ពីខ្ញុំបានស្នើឱ្យគាត់ធ្វើរបាយការណ៍ឱ្យខ្ញុំ តើមន្ត្រីគ្រប់គ្រងរដ្ឋបាលចាប់ពីថ្នាក់ស្រុក រហូតមកដល់ថ្នាក់ខេត្ត និងរាជធានី តើឥឡូវនេះមានបញ្ញវ័ន្តប៉ុន្មានហើយដែលគ្រប់គ្រង? សព្វថ្ងៃនេះ បើយើងពិនិត្យ អំពីក្របខណ្ឌថ្នាក់ខេត្ត/រាជធានី កម្រិតដែលទទួលបាននូវការអប់រំ គឺឧត្តមសិក្សា និងក្រោយឧត្តមសិក្សា (គឺ)ទាំងអស់។ ថ្នាក់ស្រុកនៅសល់ប្រមាណជាង ៥% ប៉ុណ្ណោះ ដែលមិនមានកម្រិតឧត្តមសិក្សា។ អញ្ចឹង យើងអាចវាយតម្លៃបានហើយថា កាលពីក្នុងឆ្នាំ ១៩៧៩ យើងនៅសល់បញ្ញវ័ន្តប៉ុន្មានទៅ ដែលមានកម្រិតឧត្តមសិក្សានោះ? យើងថា ១០០ នាក់ទៅចុះ ប៉ុន្តែ គ្រាន់តែថ្ងៃនេះ យើងចែកសញ្ញាបត្រជាង ១ ០០០ នាក់ ទៅហើយ។ វាខុសគ្នា។ មន្រ្តីរាជការរបស់យើងកាលពីឆ្នាំ ១៩៧៩ ថ្នាក់ប្រធាននាយកដ្ឋាន ថ្នាក់អនុប្រធាននាយកដ្ឋាន ឬការិយាល័យស្អីៗហ្នឹង គឺអត់មាន(កម្រិតឧត្តមសិក្សា)។ មានដែរ តែតិចតួចណាស់ ហើយភាគច្រើនមិនទាន់រៀនចប់មហាវិទ្យាល័យផង។ និស្សិតដែលសល់ពីការស្លាប់។ ប៉ុន្តែ ពួកគេក៏បានទៅបន្តការសិក្សា ដូចជាសពឯកឧត្តម សូ ឃុន គាត់រៀនឆ្នាំទី ២ គាត់ទៅខិតខំបញ្ចប់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់យើងសព្វថ្ងៃ។ គាត់ទៅបញ្ចប់នៅហ្នឹង។ ឯកឧត្តម ថោង ខុន ពេលនោះជានិស្សិតពេទ្យឆ្នាំទី ៥ ឥឡូវ គាត់ក៏ទៅបញ្ចប់យកវេជ្ជបណ្ឌិតរបស់គាត់ដែរ។ នៅមាននិស្សិតមួយចំនួនទៀត ដែលបានទៅបញ្ចប់បន្ទាប់ពីយើងបានបើកមហាវិទ្យាល័យឡើងវិញ។

ត្រូវទទួលស្គាល់ថា បញ្ញវ័ន្តសេសសល់ពីការស្លាប់ ជាអ្នកដែលនាំមកនូវវឌ្ឍនភាពជាតិយើងសព្វថ្ងៃ

សូម្បីតែយើងប្រឡងជ្រើសរើសបុគ្គលិក ទាំងក្របខណ្ឌរដ្ឋ ទាំងវិស័យឯកជន ដាក់វិបឡើងសុទ្ធតែលក្ខ​ខណ្ឌត្រូវមានបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ហើយអាបរិញ្ញាបត្ររងហ្នឹង សម្រាប់ផ្នែកបុគ្គលិកខាងក្រោមទេណា។ ប៉ុន្តែ ជាទូទៅ បុគ្គលិករដ្ឋ គឺចាប់ពីបរិញ្ញាបត្រឡើងលើ ទើបមានសិទ្ធិចូលប្រឡង។ អញ្ចឹងចំណុចនេះ ក៏បង្ហាញឱ្យឃើញពីវឌ្ឍនភាព នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ប៉ុន្តែ អ្វីដែលខ្ញុំគួរឆ្ងល់នោះ គេមិនបានទទួលស្គាល់ អំពីសោកនាដកម្ម អំពើប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សរាប់លាននាក់ ដែលក្នុងនោះ មានមួយភាគជាបញ្ញវ័ន្តខ្មែររបស់យើង ដែលបានស្លាប់យ៉ាងវេទនា។ ហើយអ្នកដែលនៅសេសសល់ពីការស្លាប់នោះ បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំមកនូវវឌ្ឍនភាពជាតិរបស់យើងបច្ចុប្បន្ន។

មើលងាយប្រព័ន្ធអប់រំរបស់កម្ពុជា ជាការប្រមាថជាតិសាសន៍ខ្លួនឯង

គួរឱ្យសោកស្តាយ ពួកគេមើលងាយប្រព័ន្ធអប់រំកម្ពុជា ក៏ប៉ុន្តែ គេមិននឹកគិតថា អ្នកដែលគាំទ្រគេនោះក៏គេបានរៀននៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាដែរ។ ខ្ញុំគិតថា ដូចជាហួសហេតុពេកហើយ អួតខ្លួនឯងរៀនសាលានេះ/នោះ ក៏រៀនទៅចុះ ក៏ប៉ុន្តែ គួរតែត្រូវនិយាយ/ធ្វើយ៉ាងម៉េចបានវាល្អ ប្រឹងទៅ បើខ្លួនមានលទ្ធភាព ខ្លួនជួយជម្រុញ ខ្លូនផ្ដល់អាហារូបករណ៍ឱ្យនិស្សិតចេញទៅរៀននៅក្រៅប្រទេសទៅ បើខ្លួនយល់ថានៅក្នុងប្រទេសវាមិនគ្រាន់បើ។ ក៏ប៉ុន្តែ នេះជាការប្រមាថដ៏ធំមួយ ចំពោះជាតិសាសន៍ឯង​​ ដែលកំពុងគ្របដណ្ដប់សិស្ស/និស្សិតសព្វថ្ងៃជាង ៣ លាននាក់ ហើយបញ្ញវ័ន្តភាគច្រើន ដែលកំពុងធ្វើការសព្វថ្ងៃ ស្មានតែរៀន(ចប់)ពីក្រៅប្រទេសឬ? ភាគច្រើនរៀននៅក្នុងប្រទេសរបស់យើងហ្នឹង។

មានតែទូតអាមេរិក និងសាលា West Point ទេ ដែលអាចបកស្រាយរឿងសញ្ញាបត្រ ហ៊ុន ម៉ាណែត

ខ្ញុំសូមអំពាវនាវទៅស្ថានទូតអាមេរិក មានតែអាមេរិកទេ ដែលអាចបញ្ជាក់បានសញ្ញាបត្រ West Point នោះ។ ឥឡូវ អស់ពីអី ទៅលេងសញ្ញាបត្រ West Point ហើយមានម្នាក់ចេញមកអះអាងទៀតថា គេប្រឡងអត់ជាប់ ឆ្នាំគេប្រឡងហ្នឹង បែរជា ហ៊ុន ម៉ាណែត ជាប់។ អញ្ចឹង ទៅសួរ West Point ទៅ ឬទៅសួររដ្ឋាភិបាលអាមេរិកទៅ បើរដ្ឋាភិបាលអាមេរិកទទួលយក ហ៊ុន ម៉ាណែត ដោយមិនចាំបាច់ប្រឡង គឺរដ្ឋាភិបាលអាមេរិក ជារដ្ឋាភិបាលពុករលួយមួយ ​មិនអញ្ចឹង? មានអ្នកខ្លះចេញមកសរសេរពីម្សិល ខ្ញុំអានទៅ ខ្ញុំថា អូ! ដល់ថ្នាក់ប៉ុណ្ណឹង? គេថា ឆ្នាំនោះ ក៏ជាឆ្នាំដែលគេប្រឡងចូល West Point ដែរ ប៉ុន្តែ គេបែរជាអត់ជាប់ បែរជា ហ៊ុន ម៉ាណែត ជាប់ អើ! បើឯងអត់ជាប់​ វាអត់ជាប់វាមិនដឹងធ្វើម៉េច? អញ្ចឹង ទី ១ តើសញ្ញាបត្រ West Point មានសញ្ញាបត្រ ២ ប្រភេទ ដូចដែលគេលើក និងមានការប្រឡងដែល ហ៊ុន ម៉ាណែត ជាប់ បែរជាគេអត់ជាប់ ព្រោះគេជាប់បាក់ឌុបមួយស្រករគ្នានោះ? អញ្ចឹង អ្នកដែលបកស្រាយបញ្ហានេះ មិនមែន ហ៊ុន ម៉ាណែត ហើយក៏មិនមែនកម្ពុជាដែរ មានតែស្ថានទូតអាមេរិក ឬសាលា West Point របស់អាមេរិកប៉ុណ្ណោះ ដែលអាចបកស្រាយបាន ទៅលើកម្រិត នៃការសិក្សា នៃការប្រឡង។

ប៉ុន្តែ ខ្ញុំគួរតែបញ្ជាក់ជម្រាបបន្តិច ខ្ញុំក៏បានទៅសាលា West Point ពីរដង។ ទៅលើកទី ១ កូនខ្ញុំទើបនឹងចូលឆ្នាំទី ១ ទៅលើកទី ២ នៅពេលដែលកូនខ្ញុំចប់នៅ West Point នោះ។ សាលានេះ យោងទៅលើការស្រាវជ្រាវ ដែលគេឱ្យដឹង ដើម្បីបញ្ចប់ការសិក្សា កូនសិស្សម្នាក់ត្រូវចំណាយ ២២ ម៉ឺនដុល្លារ(អាមេរិក)។ ខ្ញុំភ្ញាក់ផ្អើល ហេតុអ្វីបានជាថ្លៃម្ល៉េះនៅក្នុងការសិក្សានេះ? ព្រោះគេមានរបៀបគិតរបស់គេ មិនមែនគេឱ្យយើងស៊ី អារឿងស៊ីមិនអស់ក្នុងរយៈពេល ៤ ឆ្នាំនោះទេ។ ឧទាហរណ៍៖ ឧទ្ធម្ភាគចក្រ ដែលត្រូវយកមកហ្វឹកហាត់ គេត្រូវរំលោះអាហ្នឹង។ West Point ជាកងទ័ពជើងគោកមែន ក៏ប៉ុន្តែ ជើងគោករបស់អាមេរិក គឺមានគ្រប់ ឧទ្ធាម្ភាគចក្រ លោតឆ័ត្រយោង ស្ថិតក្នុងជើងគោក មិនមែនជើងអាកាសទេ។ ហ្វឹកហាត់ឧទ្ធម្ភាគចក្រស្អីៗហ្នឹង គឺស្ថិតក្នុងជើងគោកទៅវិញទេ។

ឧត្តមសេនីយ៍ឯក នាយកសាលា West Point បានអញ្ជើញខ្ញុំ (និង)ប្រពន្ធខ្ញុំ  និងអ្នកទៅជាមួយខ្ញុំ ហើយនិង ម៉ាណែត ពិសាបាយ ខ្ញុំក៏បានសួរក្នុងមួយឆ្នាំ តើផ្ដល់ឱ្យសិស្សប៉ុន្មាន? មានកៅអីតែ ១០ ប៉ុណ្ណោះ សម្រាប់និស្សិតបរទេស។ ឆ្នាំដែល ម៉ាណែត ចូល និស្សិតបរទេសចូល គឺមានតែ ៨ នាក់ទេ។ ខ្ញុំសួរថា ម៉េចបានមានត្រឹមតែ ៨ នាក់? បានសេចក្ដីថា គេសុខចិត្តទុកកៅអីនៅទំនេរ គេមិនស្ទូចពិន្ទុដើម្បីបង្គ្រប់កៅអីទេ។ នេះជាលក្ខខណ្ឌរបស់ West Point។ យើងធ្លាប់ស្ទូចពិន្ទុចូល ដើម្បីឱ្យវាគ្រប់លក្ខខណ្ឌ បើថាដាក់លក្ខខណ្ឌប្រឡងហើយ ប៉ុន្តែ បើសិនជានៅខ្វះ យើងស្ទូចពិន្ទុ ដើម្បីឱ្យគ្រប់កៅអី។ ប៉ុន្តែ West Point របស់អាមេរិកអត់ទេ ត្រូវតែគ្រប់ពិន្ទុ បើមិនគ្រប់ពិន្ទុទេ សុខចិត្តទុកកៅអីនៅទំនេរ។

អញ្ចឹង ឆ្នាំដែល ម៉ាណែត ចូល និស្សិតបរទេសមានត្រឹមតែ ៨ នាក់ប៉ុណ្ណោះ គឺជាការប្រឡងតឹងតែង។ ហើយអតីតប្រធានាធិបតីហ្វីលីពីនគាត់នៅរស់ទេរាល់ថ្ងៃ ទោះបីគាត់ចាស់មានជំងឺ ហ្វ៊ីឌែល រ៉ាម៉ូស។ អតីតប្រធានធិបតី ហ្គូយ៉ាន ទាំងពីរនាក់នេះ។ ហើយមានអតីតប្រធានាធិបតីនីការ៉ាហ្គ័រមួយទៀត ប៉ុន្តែ អតីតប្រធានាធិបតីហ្វីលីពីន ហ្វ៊ីឌែល រ៉ាម៉ូស និងអតីតប្រធានាធិបតី ហ្គូយ៉ាន អ្នកទាំងពីរនេះដឹងថាខ្ញុំមានកូនរៀននៅ West Point ដោយសារគាត់មានកូនរៀននៅ West Point ចេញតាំងពីឆ្នាំ ១៩៥៣-៥៤ គាត់ចេញរៀនចប់នៅ West Point ទៅហើយ។ គ្រាន់តែដឹងថាខ្ញុំមានកូនរៀននៅ West Point កំពុងតែជិះកាណូតជាមួយគ្នាទៅប្រជុំចលនាមិនចូលបក្សសម្ព័ននៅម៉ុងឌីយ៉ា​ កាតាហ្សេណា ប្រទេសកូឡំប៊ី ព្រោះគេស្វែងរក។ សូម្បីតែ ប៉ុមពីអូ រដ្ឋមន្ត្រីការបរទេសរបស់អាមេរិក បញ្ចប់ការសិក្សានៅសាលា West Point សហរដ្ឋអាមេរិក។ អញ្ចឹង បានពួកដែលបញ្ចប់ការសិក្សាទាហាននៅ West Point គឺពួកបណ្ដាក្រុមហ៊ុននានា គេតែងទៅយកដើម្បីជួយការងារក្រុមហ៊ុនរបស់គេ។ អញ្ចឹងទេ ខ្ញុំមិនដឹងទេរឿងនេះ ប៉ុន្តែ កូនប្រុសរបស់ខ្ញុំគេបាននិយាយថា គេគ្មានពេល ដើម្បីកំដរជាមួយអ្នកណាទេ។ គេមានការងារច្រើនដើម្បីធ្វើ។

ប្រព័ន្ធអប់រំនៅគ្រប់កន្លែង សុទ្ធតែមានការតម្រូវរបស់គេ

ខ្ញុំគ្រាន់តែប្រាប់ថា ប្រព័ន្ធអប់រំនៅកន្លែងនេះ/នោះ សុទ្ធតែមានការតម្រូវរបស់គេ ពិតហើយ កូនរបស់ខ្ញុំ  មានកូនពីរទៀតក៏រៀនសាលាទាហានដែរ គឺរៀនសាលាទាហានបារាំង ប៉ុន្តែ មិនទាន់ដល់មហាវិទ្យាល័យទេ (The École spéciale militaire de)Saint-Cyr។ រៀនសាលាយោធាបារាំងទាំងពីរនាក់។ ហ៊ុន ម៉ានី ហ្នឹងទើបសហរដ្ឋអាមេរិកផ្ដល់អាហារូបករណ៍ឱ្យទៅរៀននៅសាកលវិទ្យាល័យការពារជាតិរបស់អាមេរិកតែម្ដង មិនមែន ហ៊ុន ម៉ាណែត ទេ។ ហ៊ុន ម៉ានី ទៅរៀនសាកលវិទ្យាល័យការពារជាតិរបស់អាមេរិក ដែលនៅប្រទេសនានាគេបញ្ជូនថ្នាក់ឧត្តមសេនីយ៍ទៅ។ ប្រទេសខ្លះបញ្ជូនព្រះរាជទាយាទ។ នៅក្នុងប្រទេសខ្លះព្រះអង្គម្ចាស់ទៅរៀន។ សហរដ្ឋអាមេរិកក៏បានផ្ដល់អាហារូបករណ៍ សម្រាប់កូនប្រុសរបស់ខ្ញុំចូលរៀនផងដែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំអត់នឹកដល់ទេ បើលេងគ្នាអីលេងគ្នាជាមួយចាស់ៗទៅ ហេតុអ្វីបានជាចាំបាច់វាយកូន/ចៅ? យើងវាមិនយល់កន្លែងនេះ? ប៉ុន្តែ ឆ្កែដែលវាឆ្កួត វាខាំតែពាស។ ប៉ះអីខាំហ្នឹង។

ប៉ុល ពត បន្សល់អ្វីខ្លះទុកឱ្យយើង?

ខ្ញុំវិលត្រឡប់វិស័យអប់រំរបស់កម្ពុជា ដោយសារយើងចេញដំណើរមក យើងអត់បានទទួលមរតកដូចកាលពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលមរតកពីបារាំង ហើយព្រះអង្គប្រឹងកសាងរយៈពេល ១៧ ឆ្នាំ ធ្វើឱ្យប្រទេសកម្ពុជារីកចម្រើន។ លន់ នល់ បានទទួលមរតកពី សម្ដេចព្រះ នរោត្តម សីហនុ ដោយសម្ដេចព្រះ នរោត្តម សីហនុ រក្សាទុកទាំងអស់ឱ្យ លន់ នល់ ប៉ុន្តែ ត្រូវបានបំផ្លាញដោយសង្គ្រាមរយៈពេល ៥ ឆ្នាំ ទោះបីត្រូវបំផ្លាញ តែវាក៏នៅសេសសល់ ដែលបន្សល់ទុកឱ្យ ប៉ុល ពត តាមក្រោយ។ សូម្បីតែរថយន្ត (និង/ឬ)រោងចក្រមួយចំនួន លន់ នល់ បន្សល់ឱ្យ ប៉ុល ពត។ ឯយើងវិញទទួលមរតកពី ប៉ុល ពត តើអ្វីខ្លះដែលយើងបានទទួលមរតកពី ប៉ុល ពត? មិនមែនគ្រាន់តែទទួលសមិទ្ធផលដែលបន្សល់ទុកពី ប៉ុល ពត ទេតែផលវិបាករាប់មិនអស់ ដែលយើងទទួលពី ប៉ុល ពត។ ស្ត្រីមេម៉ាយ។ កុមារកំព្រា។ មនុស្សត្រូវដើររកភូមិឋាន ដើម្បីវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ខ្លួនវិញ។ រូបភាពនៅសេសសល់ ទីក្រុងភ្នំពេញអត់មានមនុស្សទេ មិនថាតែទីក្រុងភ្នំពេញទេ ទីក្រុងទាំងអស់។

ក្រសួងការបរទេសបង្កើតដំបូងមានមនុស្សតែ ៣ នាក់

ខ្ញុំបង្កើតក្រសួងការបរទេស មានមនុស្សតែ ៣ នាក់ទេ មិនមែនធ្វើរដ្ឋមន្ត្រីចូលមកអង្គុយនោះទ។ ៣ នាក់បង្កើតក្រសួងការបរទេស។ ឥឡូវ ក្រសួងការបរទេសមានបញ្ញវ័ន្តច្រើនណាស់។ ហើយកាលដែលពេលខ្ញុំចូលមក តើមានប៉ុន្មាន? ជាភ័ព្វសំណាងហើយ ដែលក្រោយមកប៉ុន្មានខែ ឯកឧត្តម ហោ ណាំហុង បានចូលមកបម្រើការនៅក្រសួងការបរទេស។ អតីតអ្នកការទូតម្នាក់បានមកធ្វើការនៅក្រសួងការបរទេសកាលពីពេលនោះ ឯក្រៅពីនោះអត់ទេ។ លំបាកណាស់។ គ្រប់ស្ថាប័នទាំងអស់ត្រូវកសាងឡើងវិញ។

ចាប់ផ្ដើមពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ

សូម្បីតែក្នុងវិស័យអប់រំ យើងចាប់ផ្ដើមពីអី? យើងចាប់ផ្ដើមពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ នេះហើយជាទ្រឹស្ដីដើមរបស់យើង។ តែអតីតកាលនេះបានកន្លងផុតទៅហើយ។ គ្រូបង្រៀនកាលពីពេលមុននោះ ខ្លះរៀនលើសកូនសិស្សត្រឹមតែពីរថ្នាក់ទេយកមកឱ្យធ្វើគ្រូបង្រៀន។ ធ្វើវិក្រឹត្យការបន្តិចបន្តួច។ ឥឡូវ តាំងពីលើរហូតដល់ក្រោម បើគ្រូបង្រៀនកម្រិតសាកលវិទ្យាល័យ គឺសុទ្ធតែថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ បង្រៀននៅវិទ្យាល័យក៏មានកម្រិតឧត្តមសិក្សា ឬ ១២ បូក ២។ ឥឡូវ កំពុងតែឈានទៅ ១២ បូក ៤។ បង្រៀននៅបឋមសិក្សាក៏ ១២ បូក ២ ដែរ។

អ្វីទៅជាពេលវេលាថវិកាភ្ជាប់គោលនយោបាយ?

កំណែទម្រង់របស់យើងធ្វើឡើងក្នុងគោលដៅ ដើម្បីប្រសិទ្ធភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលអាណត្តិទី ៥ និងអាណត្តិ ៦ នេះ រាជរដ្ឋាភិបាលចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សធ្វើជាអាទិភាព ហើយពេលវេលានេះ ជាពេលវេលា នៃការអនុវត្តគោលនយោបាយថវិកាភ្ជាប់នឹងគោលនយោបាយ។ អ្វីទៅដែលហៅថា ពេលវេលាថវិកាភ្ជាប់គោលនយោបាយ? បើគោលនយោបាយផ្ដល់អាទិភាពឱ្យវិស័យអប់រំ គឺថវិកាក៏ត្រូវវិភាជន៍ឱ្យវិស័យអប់រំ និងសុខាភិបាល។ ទាក់ទងនឹងធនធានមនុស្ស វិភាជន៍ថវិកាខ្ពស់ជាងគេ។ នេះហើយជាការខិតខំរបស់យើង។

គោលដៅនៃការចំណាយថវិកា បានមកពីធនធានធម្មជាតិ ប្រើ​ប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន ទាំងទន់/រឹង

កាលពីអាទិត្យមុននេះ ពេលដែលខ្ញុំជួបប្រធានធនាគារពិភពលោក ខ្ញុំបាននិយាយប្រាប់គាត់ថា ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង យើងមិនយកមកប្រើប្រាស់ក្នុងចំ​ណាយចរន្តទេ។ គោលដៅនៃការចំណាយថវិកា ដែលបានមកពីធនធានធម្មជាតិ គឺប្រើ​ប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ  ដោយសារអី? ឥឡូវ យើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេងផង ប៉ុន្តែ យើងអាចរស់បានទៅហើយ។ អញ្ចឹង នៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពិសេស វិស័យប្រេងបានមកដល់ ត្រូវប្រមូលផ្ដុំខិតខំវិនិយោគ ដែលក្នុងនោះ មានទាំងផ្នែកទន់ និងផ្នែករឹង។ ដូចដែលខ្ញុំបាននិយាយពីខាងដើម មិនមែនគ្រាន់តែបញ្ហាផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយាដ្ឋានទេ ក៏ប៉ុន្តែ សាលារៀន មន្ទីរពេទ្យ ដែលទាក់ទងជាមួយនឹងធនធានមនុស្ស ដែលជាហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ក៏ត្រូវតែវិនិយោគឱ្យចំទិសដៅ។

ចំណូលពីពន្ធគយ និងពន្ធដារក្នុងឆ្នាំនេះ អាចលើសផែនការ

ខ្ញុំនិយាយបន្តិចទៅចុះ ត្រឹមតែ ៩ ខែទេ ចំណូលដែលបានមកពីគយបានដល់ទៅជាង ១០៥% រួចស្រេចទៅហើយ។ ចំណូលបានមកពីពន្ធដារផ្ទៃក្នុង បានជាង ៩៥% ហើយ។ ខ្ញុំមិនទាន់និយាយ អំពីចំណូលមិនមែនសារពើពន្ធនោះទេ ដែលទាក់ទងនឹងទិដ្ឋាការទេសចរណ៍ចូល ៣ លាននាក់ យើងក៏បាន ១០០ លានដុល្លារ(អាមេរិក)។ អ្នកខ្លះសំណូមពរកុំយកទិដ្ឋាការ ប៉ុន្តែ ទេសចរណ៍គេមិនរើសអើងបញ្ហា ៣០ ដុល្លារ(អាមេរិក) នោះទេ។ យើងទៅប្រទេសគេរាប់រយឯណោះ។ យើងអត់ទាន់មានអីជំនួសទេ ក្រែងលោត្រីរ៉ស់ក៏រួច ទន្សាយក៏រួច។

ខ្ញុំគ្រាន់តែនិយាយឱ្យលេចធ្លាយបន្តិចទៅចុះ ចំនូលពន្ធគយឆ្នាំនេះអាចលើសផែនការ ៨ រយលាន ដុល្លារ(អាមេរិក) ព្រោះឥឡូវនេះ ចំណូលគយរបស់យើង ១០៥% នេះបានស្មើនឹង ២,៣៨៤ លាន ដុល្លារ(អាមេរិក​) យើងគិតជាមធ្យមថា ២៥០ លាន ដុល្លារ(អាមេរិក) ចុះនៅសល់ ៣ ខែទៀត ប៉ុន្តែ មានខែខ្លះឡើងដល់ជាង ៣ រយលាន ដុល្លារ(អាមេរិក)/ខែ។ អញ្ចឹងទេ ឆ្នាំនេះ គ្រាន់តែផ្នែកគយមួយ ចំណូលលើសការគ្រោងទុកប្រមាណជា ៨ រយលាន ដុល្លារ(អាមេរិក)។ អញ្ចឹង តើមានការចាំបាច់ ដើម្បីទៅយកប្រាក់ដែលបានពីប្រេង ពីស្អីៗយកមកចំណាយចរន្តធ្វើអី? ក្នុងមួយខែយើងអាចមានប្រាក់ចំណូលប្រមាណជាង ៥ រយលាន ដុល្លារ(អាមេរិក)  ឯចាយត្រឡប់ទៅវិញ យើងចាយប្រមាណជា ៣ រយលាន ដុល្លារ(អាមេរិក)។ អញ្ចឹង យើងសន្សំក្នុងមួយខែប្រមាណត្រឹមប្រហែលជា ២០០ លាន (ដុល្លារអាមេរិក)។ ហ្នឹងហើយដែលយើងមានប្រាក់វិនិយោគខ្លួនឯង ដោយមិនរង់ចាំ​ស្អីក៏បរទេសនោះទេ។ យើងមានលទ្ធភាព ហើយសល់សាច់ប្រាក់។ អាចំណូលបានមកពីពន្ធដារ ចំណូលបានមកពីផ្នែកគយ ចំណូលមិនមែនសារពើពន្ធ សុទ្ធតែមិនមែនចំណូលជាក្រដាសទេ។ ចំណូលជាសាច់ប្រាក់តែម្តង។

អរិរេកសាច់ប្រាក់ ដោយមិនគិតអំពីប្រាក់បម្រុងអន្តរជាតិ មាន ១៥ ពាន់លានដុល្លារ និងមាស ៣០ តោន

អតិរេកសាច់ប្រាក់របស់យើងមកដល់ពេលនេះ ដោយខ្ញុំមិនគិតអំពីប្រាក់បម្រុងអន្តរជាតិ ដែលមកដល់ក្នុងខែ ៨ កន្លងទៅ ជាង ១៥ ពាន់លាន (ដុល្លារអាមេរិក) ជាមួយនឹងមាស ៣០ តោននោះទេ។ មាសមរតកដើម ដែលតម្កល់នៅស្វ៊ីស ដែលគេប្រគល់ឱ្យមកវិញ ចំនួន ១២ តោន។ មាសដែលធនាគារជាតិទិញ ហើយទុកនៅប្រទេសអង់គ្លេស (ទី)ក្រុងឡុងដ៏ ១៥ តោន និងមាសដែលធនាគារជាតិតម្កល់ទុកនៅទីក្រុងភ្នំពេញ ៣ តោន។ អញ្ចឹង យើងមាន ៣០ តោន តែអាហ្នឹងវាតិចតួចទេ បើគិតជាប្រាក់ដែលយើងមានតាំងពីប្រាក់បម្រុង ០ ដុល្លារ(អាមេរិក) រហូតទៅដល់ ១៥ ពាន់លាន(ដុល្លារអាមេរិក) យើងអត់ប៉ះពាល់ទេ។ សាច់ប្រាក់ដែលយើងមានសព្វថ្ងៃជិត ៤ ពាន់លាន(ដុល្លារអាមេរិក) សម្រាប់ចាយរាល់ថ្ងៃ។ គ្រាន់តែវិបត្តិអគ្គិសនី ដែលមិនត្រូវឱ្យកើតមានសាជាថ្មី ត្រូវរុញជិត ៤០០ លាន ដុល្លារ(អាមេរិក)​ ដើម្បីដាក់ ៤០០ មេហ្គាវ៉ាត់ ក្បែរភ្នំពេញ។ រុញភ្លាមជិត ៤០០ លាន(ដុល្លារអាមេរិក) ទៅឱ្យអគ្គិសនីកម្ពុជា។ ប៉ុន្តែ អគ្គិសនីកម្ពុជាជាអ្នកខ្ចី ប៉ុន្មានឆ្នាំក្រោយត្រូវសងមករដ្ឋវិញ។ ថ្ងៃមុន ចង្អុលទម្លាក់ឱ្យទៅក្រុងព្រះសីហនុ ១០០ លាន(ដុល្លារអាមេរិក) ភ្លាម បើយើងគ្មានប្រាក់បម្រុងទុកក្នុងដៃទេ គឺយើងមិនអាចដោះស្រាយបញ្ហាបានទេ។ នេះខ្ញុំគ្រាន់តែបញ្ជាក់ អំពីស្ថានភាពទាក់ទិននឹងគោលដៅ ដែលយើងបានធ្វើមកហើយ និងយើងបម្រុងធ្វើទៅមុខទៀត។

គ្រប់គ្រឹះស្ថានអប់រំ បន្តពង្រឹងនូវគុណភាព នៃការបណ្តុះបណ្តាល

ខ្ញុំអំពាវនាវឱ្យគ្រប់គ្រឹះស្ថានអប់រំ​ ក្នុងហ្នឹងសាកលវិទ្យាល័យប៊ែលធី និងសាលាប៊ែលធី ពង្រឹងនូវគុណភាព នៃការបណ្តុះបណ្តាលរបស់យើង។ អំពាវនាវចំពោះនិស្សិត ដែលបញ្ចប់ការសិក្សា ក៏ដូចជា មនុស្សទាំងអស់ ត្រូវពង្រឹងសមត្ថភាពឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលវាបាននឹងកំពុងកើតសម្រាប់ប្រទេសរបស់យើង។

ព័ត៌មានល្អ ពេទ្យអនុញ្ញាតឱ្យលេងកូនហ្គោលបានវិញ

ដោយសារខ្ញុំខានចេញនិយាយយូរក្រែលដែរហើយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស សុំនិយាយឱ្យច្រើនបន្តិច​ ប៉ុន្តែ មានព័ត៌មានល្អមួយ នៅត្រង់ថា ម្សិលមិញនេះ បានទៅពេទ្យពិនិត្យនៅកាល់ម៉ែតរបស់យើងថតឡើងវិញ ដល់ពេលល្ងាចអនឡាញជាមួយនឹងពេទ្យសាំងហ្គាពួរ​ គេអនុញ្ញាតឱ្យខ្ញុំចាប់វាយកូនហ្គោលបានហើយ។ ម្សិលមិញ នៅពេលដែលអនឡាញជាមួយគ្រូពេទ្យនៅសាំងហ្គាពួរនោះ អមដោយវេជ្ជបណ្ឌិតយើង ២ នាក់  ខ្ញុំព្រួយជាងគេខ្លាចគាត់មិនឱ្យខ្ញុំវាយកូនហ្គោល។ គាត់ថាវាយបាន ក៏ប៉ុន្តែ គាត់ប្រើពាក្យថា បើពីមុនវាយ ១០ ឥឡូវ វាយតែ ៥ បានហើយ។ បានខ្ញុំសួរត្រឡប់ទៅវិញ ខ្ញុំថា តើប្រើក្លិបទាំងអស់ឬយ៉ាងម៉េច?  គាត់ថា ប្រើក្លិបទាំងអស់។ អញ្ចឹង ខ្ញុំក៏ពន្យល់ប្រាប់គាត់វិញថា ឥឡូវ ខ្ញុំវាយខ្លីៗ។ យប់មិញលេងពេញបន្ទប់ហ្នឹង។ ទាល់តែប្រពន្ធចូលទៅ។ ខ្ញុំហាត់កូនហ្គោលតែក្នុងបន្ទប់ដេកហ្នឹង។ អតីតនាយករដ្ឋមន្រ្តីសាំងហ្គាពួរ Goh Chok Tong គាត់សួរខ្ញុំថា ឯកឧត្តម ហ៊ុន សែន នៅផ្ទះឯកឧត្តមមាន កន្លែងហាត់? ខ្ញុំថា អត់ទេ ហាត់តែក្នុងបន្ទប់ដេក ព្រោះអាវាយកូនហ្គោលហ្នឹង ប៉ុល សារឿន គេពូកែខាង វាយ។ វាយឆ្ងាយណាស់។ ប៉ុន្តែ អាជិតៗហ្នឹង គឺគាត់យ៉ាប់។ ឯខ្ញុំ មិនឆ្ងាយទេ ក៏ប៉ុន្តែ គឺវាយត្រង់ ហើយអាជិតៗហ្នឹង គឺពូកែ។ អញ្ចឹង លេងជាមួយ Goh Chok Tong។ លេងជាមួយមេដឹកនាំរបស់សាំងហ្គាពួរគាត់សួរថា ទៅហាត់នៅណា? ថាទៅហាត់ក្នុងបន្ទប់ដេក។ ជួនកាលអា short game ហ្នឹងលើកបោះប្លោងផុតគ្រែដេក រួចយកកៅអីប្រពន្ធអង្គុយសម្រាប់ make up ហាត់តែក្នុងបន្ទប់ដេកហ្នឹង មានពេលឯណា។

យប់មិញបានតែគេឱ្យប៉ុណ្ណឹង អត់ទេ ៦ ដង។ ទម្រាំដល់ប្រពន្ធចូលទៅ ឈប់ហ៊ាន។ តិចៗងើបឡើងមកហើយ។ វ៉ូតលេខ ៣ ផង។ វ៉ូតលេខ ៥ ផង។ វ៉ូតលេខ ៧ ផង។ driver ផង។ គ្រវីចុះ/ឡើង ដល់ពេលគេចូលទៅ ល្មមៗបានហើយ។ អាហ្នឹងមកពីខ្ញុំរពឹសទេ។ មកពីស្វ៊ីស មកដល់ថ្ងៃសៅរ៍ទៅហើយ គិតថាដល់ថ្ងៃអាទិត្យហ្នឹងទៅវាយកូនហ្គោល មកដល់ព្រឹកថ្ងៃ(ទី) ៦ ស្អែកឡើងថ្ងៃ(ទី) ៧ ត្រូវថ្ងៃអាទិត្យ ត្រូវទៅវាយកូនហ្គោល។ ដល់ភ្ញាក់ពីដេកមក ដល់ខិតខំដោះស្រាយការងារទាំងអស់នៅលើតុ ប៉ុន្មានស៊ីញ៉េខ្ទេច ហើយបានឡើងទៅបាយ។ បាយហើយក៏សម្រាក ភ្ញាក់ឡើងទើបម៉ោង ២:៣០ នាទី ព្រោះថ្ងៃសៅរ៍គ្មានអ្នកណាគេធ្វើការជាមួយ។ អញ្ចឹង នឹកឃើញមានកង់ជិះ គេថាកង់ថ្មីផង។ ជិះមានអី អានេះកង់ប្រណាំងជិះលឿនអត់អី ដល់ពេលយើងឈប់វាទៅបណ្តោយ។ នឹកឃើញកូនស្រីរបស់ខ្ញុំៗទៅពេទ្យកាល់ម៉ែត្រ ថតរួចហើយ វាឡើងជិះឡានជាមួយ វាអង្គុយមើលមុខ។ ស្មានតែពុកឯងនៅក្មេង ហើយវាតាមផ្ចាញ់ផ្ចាលដល់ផ្ទះ។ វាតាមមើលឪវា ប៉ុន្តែ ថ្ងៃហ្នឹងប្រសិនជាសម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ គាត់ចូលទៅក្នុងបន្ទប់ផ្ទះរបស់ខ្ញុំ ប្រហែលមីនាងហ្នឹងនៅតែពុកៗឯងគិតថា ពុកឯងនៅក្មេង បានពុកទៅប្រណាំងកង់? ហើយកង់នោះអាសូរតែថោក ១៥ ០០០ ពាន់ ដុល្លារ(អាមេរិក)/គ្រឿង។ អានោះថ្លៃជាងឡានស្រុកយើង។

កោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារសណ្តាប់ធ្នាប់បានយ៉ាងល្អក្នុងពិធីកាន់បិណ្ឌ/ភ្ជុំបិណ្ឌកន្លងទៅ

ខ្ញុំសុំចូលដល់បញ្ហាមួយចំនួន ដែលខ្ញុំព្រះករុណាខ្ញុំ គួរគប្បីត្រូវនិយាយ។ ទី ១៖ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានី/ខេត្តទាំងអស់ និងកម្លាំងប្រដាប់អាវុធ ដែលបានការពារសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ សម្រាប់ការចូលរួមរបស់ប្រជាជន ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារយើងបានធ្វើកិច្ចការដ៏ល្អ។

សុំសរសើរអភិបាលរាជធានីភ្នំពេញ បញ្ចេញឡាន ១២០ គ្រឿង ដឹកប្រជាពលរដ្ឋទាំងទៅ/មកក្នុងពេលភ្ជុំបិណ្ឌ

សុំសរសើរ ចំពោះសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដែលបានបញ្ចេញឡាន ១២០ គ្រឿង សម្រាប់ការដឹកប្រជាជន ដែលក្នុងហ្នឹងប្រជាជន ដែលធ្វើដំណើរលើរថយន្តទៅភូមិកំណើត និងត្រឡប់ពីភូមិកំណើតត្រឡប់មកវិញជាង ២៣ ០០០ នាក់ ដែលមិនចាំបាច់បង់ថ្លៃ។ ២ ឆ្នាំ ចុងក្រោយនេះ ធ្វើឱ្យការរអ៊ូរទាំការឡើងថ្លៃ នៃរថយន្តឈ្នួល ត្រូវបានកាត់បន្ថយ ដោយសារតែនិយាយស្តាប់គ្នាមិនបាន។ តែម្យ៉ាងទៀត យើងក៏ចង់ដោះស្រាយបញ្ហា សម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការធ្វើដំណើរ។ កម្មករ/ការិនីរបស់យើងដែលធ្វើដំណើរទៅលេងស្រុក មិនត្រូវបានចំណាយច្រើនដោយសារការធ្វើដំណើរនោះទេ។ យើងបានបញ្ចេញឡាន ១២០ គ្រឿង សម្រាប់ការដឹកជញ្ជូន។ អញ្ចឹង ក្នុងមួយឆ្នាំយើងធ្វើ ២ ដង គឺក្នុងពេលចូលឆ្នាំ​ខ្មែរ និងពេលភ្ជុំបិណ្ឌ។ រថភ្លើងទាំងពីរទិសត្រូវបានជិះដោយមិនគិតថ្លៃ។ មិនទាន់ទទួលបាននូវស្ថិតិ នៃចំនួន នៃអ្នកធ្វើដំណើរតាមរថភ្លើងទាំងពីរទិស ភ្នំពេញ-ក្រុងព្រះសីហនុ, ក្រុងព្រះសីហនុ-ភ្នំពេញ, ភ្នំពេញ-ពោធិ៍សាត់, ពោធិ៍សាត់-បាត់ដំបង, បាត់ដំបង-ប៉ោយបែត ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋរបស់យើង។

កត្តាធំ ៤ យ៉ាង ធ្វើឱ្យប្រជាជនធ្វើបុណ្យ/ទានបាន និងដើរកម្សាន្តនៅគ្រប់ទីកន្លែង៖ កត្តាទី ១ សុខសន្តិភាព

ថ្ងៃដែលខ្ញុំទៅវត្តវាំងចាស់ ទីក្រុងភ្នំពេញនេះ ខ្ញុំជិះពីតាខ្មៅឆ្លងកាត់រហូតទៅដល់វត្តភ្នំ ត្រឹមវត្តភ្នំ ខ្ញុំជួបឡានមិនដល់ ១០០ គ្រឿងទេ ដែលជាទូទៅកកស្ទះ សូម្បីតែខ្ញុំត្រូវគេបិទផ្លូវ ជួនកាលបង្កការលំបាកដល់បងប្អូនសុំអធ្យាស្រ័យ។ ប៉ុន្តែ ថ្ងៃដែលខ្ញុំចេញទៅវត្តវាំងចាស់ ចេញពីតាខ្មៅរហូតមកដល់វត្តភ្នំ ជួបឡានអត់ដល់ ១០០ គឺស្ងាត់ទីក្រុងភ្នំពេញ ដោយសារប្រជាពលរដ្ឋរបស់យើងចេញទៅលេងក្រៅ។ អញ្ចឹង ខ្ញុំនៅតែកត់សម្គាល់ឃើញថា មានចំណុច ៤ ដែលធ្វើឱ្យប្រជាជនរបស់យើងអាចធ្វើបុណ្យ/ទាន អាចទៅលេងស្រុកកំណើត និងទៅលេងកន្លែងដទៃៗ នៅក្នុងឱកាសចូលឆ្នាំ ឬភ្ជុំបិណ្ឌកន្លងទៅ មានកត្តា ៤៖  កត្តាទី ១ គឺសុខសន្តិភាព។ គ្មានទីកន្លែងណាមួយអសន្តិសុខ សម្រាប់ប្រទេសរបស់យើងទេ។ ដូច្នេះ គ្រប់វត្តអារាម គ្រប់ទីកន្លែង នៃតំបន់ទេសចរណ៍  រមណីយដ្ឋានទេសចរណ៍ សុទ្ធតែអាចទៅលេងបានទាំងអស់។ នេះហើយជាតម្លៃពិត នៃសុខសន្តិភាព។ កាលពីមុន ប្រទេសរបស់យើងជួបប្រទះជាមួយនឹងសង្រ្គាម បែងចែកខណ្ឌគ្នា ពីតំបន់មួយទៅតំបន់មួយ ដោយកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា ឬដោយចំការមីន ក៏ប៉ុន្តែពេលនេះ សន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេសទាំងអស់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើបុណ្យ/ទានបាន។ ប្រវត្តិសាស្រ្តត្រូវចងចាំថា ប្រទេសរបស់យើងបែកបាក់ទៅជាចម្រៀកៗ​ សមាហរណកម្មចុងក្រោយរបស់យើងតាមរយៈនយោបាយឈ្នះឈ្នះ (នៅ)ថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដែលយើងកំណត់ថា ជាថ្ងៃបញ្ចប់សង្រ្គាម។ ប៉ុន្តែ ក្នុងសៀវភៅនេះ ក៏បាននិយាយទៅដល់​បញ្ហាដើមឆ្នាំ ១៩៩៩ ត្រឹមត្រូវ ព្រោះពេលចាប់ តាម៉ុក កាលបរិច្ឆេទចាប់ តាម៉ុក គឺនៅឆ្នាំ ១៩៩៩ ក្នុងសៀវភៅនេះ ខ្ញុំបានអានទាំងអស់ហ្នឹង ឃើញមើលបានប៉ុន្មានទំព័រដែរ។ អញ្ចឹង កត្តាសុខសន្តិភាពនេះ ត្រូវរួមគ្នាថែ បើថែអាហ្នឹងមិនបានទេ កុំនិយាយអំពីសិទ្ធិមនុស្ស កុំនិយាយពីប្រជាធិបតេយ្យ កុំនិយាយពីការអភិវឌ្ឍ។ គ្មានផ្លូវទេ។ គ្រាប់កាំភ្លើងវាមិនដែលស្គាល់ប្រជាធិបតេយ្យ វាមិនដែលស្គាល់សិទ្ធិមនុស្សទេ។

ឥឡូវ មើលទៅ ស៊ីរី លីប៊ី យេមែន ហើយមើលទៅទុយនេស៊ីខ្លួនឯង ដែលជាប្រទេសបដិវត្តពណ៌មុនគេ។ ឥឡូវ បោះ(ឆ្នោត)ជុំទី ២ នេះ ដូចជាបោះថ្ងៃទី ៥ បោះប្រធានាធិបតីជុំទី ២ ប៉ុន្តែ គូប្រជែងមួយនោះនៅក្នុងគុកនៅឡើយ ខ្ញុំមិនទាន់ទទួលព័ត៌មានបន្ថែម គេអនុញ្ញាតឱ្យចេញពីគុក ឬក៏ត្រូវបានកាត់ឱ្យមានទោស បើឱ្យមានទោស មានន័យថា ការប្រកួតជែងរបស់គាត់ សម្រាប់ថ្ងៃទី ៥ ប៉ុន្មានថ្ងៃខាងមុខនេះនឹងត្រូវចប់ហើយ​។ នោះហើយជាលទ្ធផល នៃបដិវត្តពណ៌។ ជាលទ្ធផល នៃការផ្តួលរំលំ។ សួរមើល អ៊ីរ៉ាក់ ស៊ីរី លីប៊ី យេមែន រឿងបញ្ហាទាក់ទិនទៅនឹងប្រទេសផ្សេងៗ ដែលជាបដិវត្តន៍លើកដំបូង ចាត់ទុកថា រឿងមួយចម្លែកទៅចុះ ក៏ប៉ុន្តែ សួរថា គាត់ដើរដល់ណាហើយ? អញ្ចឹង កត្តាធំជាងគេទាំងអស់  ត្រូវរក្សាសន្តិភាព។ កត្តាសន្តិភាពនេះហើយ ដែលផ្តល់ឱកាសឱ្យយើងបានដើរលេង។ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលបានរួមគ្នាការពារសន្តិភាពក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ ដែលយើងរកមកដោយពិបាក។ កិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនបានសម្រេចបាន​នៅត្រង់ណា ត្រង់ថា អ៊ុនតាក់ត្រឡប់ទៅវិញ ទុកឱ្យប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ចាយ ២ ពាន់លានដុល្លារ(អាមេរិក) តែប្រទេសអត់ឯកភាពទេ។ នៅវាយគ្នា។ តែប្រជាពលរដ្ឋរបស់យើងអនុវត្តលើនយោបាយឈ្នះឈ្នះ ដោយខ្លួនឯង ដែលយើងបញ្ចប់បានសង្គ្រាមនេះ។ អញ្ចឹង កត្តាទី ១ ដែលធ្វើឱ្យប្រជាជនធ្វើបុណ្យ/ទានបាន មិនថាត្រឹមតែបុណ្យភ្ជុំ ឬក៏អីទេ ពេលណាក៏អាចធ្វើបាន គឺកត្តាសន្តិភាព ទី១។

… កត្តាទី ២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជារូបវ័ន្ត

កត្តាទី ២ (គឺ)កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជារូបវ័ន្ត។ មុននោះ ទោះបីមានសន្តិភាពហើយក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងទៅលេងស្រុកពិបាក ដោយសារពុំមានស្ពាន ពុំមានផ្លូវគ្រប់គ្រាន់។ អញ្ចឹង គិតត្រឹមឆ្នាំ ២០០០ ឬ ២០០១ (ឬ)២០០២ ប្រជាជនយើងអត់ទាន់បានធ្វើដំណើរទៅស្រុកទាំងគ្រួសារៗអញ្ចឹងទេ ដោយសារអី? ត្រូវឆ្លងទូកដ ត្រូវឆ្លងសាឡាង ផ្លូវអត់មាន ប៉ុន្តែឥឡូវនេះ ជីវិតអ្នករត់ទូកដត្រូវបានបញ្ចប់ មិនមែនតែអ្នករត់ទូកដទេ អ្នករត់សាឡាងក៏ចប់ដែរ ។ ឥឡូវ ស្ពានរវាងក្រូចឆ្មារ និងស្ទឹងត្រង់ ជិតត្រូវបានតភ្ជាប់ហើយ ជីវិតអ្នករត់សាឡាងនៅទីនោះក៏នឹងត្រូវបញ្ចប់នៅពេលខាងមុខដែរ។ ឥឡូវ យើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ។ ឥឡូវ យើងធ្វើផ្លូវមួយខ្សែ (គឺ)ផ្លូវលេខ ៥៥ ពីពោធិ៍សាត់ តម្រង់ទៅព្រំដែនវៀតណាម ថ្មដា។ ប៉ុន្តែ នៅពេលខាងមុខនឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូត មកពោធិ៍សាត់ កាត់ចេញទៅកោះកុង ដើម្បីតភ្ជាប់របៀងនៅសេសសល់នៅកន្លែងហ្នឹងបន្តិច។ ប៉ុន្តែ ដូចជារបៀងរវាងស្ទឹងត្រែង ព្រះវិហារ ផ្លូវជាតិលេខ ៩ អី គឺវាមានអស់ហើយ។ ការធ្វើដំណើរទៅបា​នទាំងគ្រួសារ ទៅបានគ្រប់ទីកន្លែង យើងនឹងបន្តផ្លូវបន្តទៅទៀត នេះគឺជាកត្តាទី ២ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

… កត្តាទី ៣ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ ហើយមធ្យោបាយធ្វើដំណើរច្រើនជាងមុន

ឯកត្តាទី ៣ (គឺ)ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ ហើយមធ្យោបាយធ្វើដំណើរច្រើនជាងមុន។ ឥឡូវប្រជាជនធ្វើដំណើរដោយមធ្យោបាយខ្លួនឯង និងប្រជាជនធ្វើដំណើរដោយមធ្យោបាយរបស់ឯកជន គឺមានច្រើនជាងមុន។ អ្នកជិតក៏ទៅតាមម៉ូតូ អ្នកឆ្ងាយក៏ទៅតាមឡាន។ អញ្ចឹងទេ ប្រជាជនទៅលេងសប្បាយ។ នេះជាកត្តាទី ៣ មធ្យោបាយកាន់តែច្រើន។ ខ្ញុំសួរប្រធានគយ គុណ ញឹម ចំណូលបានមកពីការបង់ពន្ធនាំចូលលើបញ្ហាគ្រឿងយន្ត រថយន្ត និងម៉ូតូ ស្មើនឹង ៥២% នៃប្រាក់ចំណូលគយ ដែលមុននោះត្រឹមតែ ៣៤% ទេ តែឥឡូវនេះ អាប្រាក់ចំណូលដែលបានមកពីនាំចូលឡាន/ម៉ូតូនេះ ឡើងដល់ ៥២%។ អញ្ចឹងមានន័យថា ប្រជាជនមានលុយទិញឡាន/ម៉ូតូ។ ឥឡូវ មិនទាន់ដាច់ឆ្នាំ ២០១៩ ផង មានអាស៊េរី ២០២០ បានមកដល់ហើយ។ អ្នកខ្លះគេថា ខ្ញុំចូលចិត្តជិះឡានល្អ ប៉ុន្តែ សុំជម្រាប មួយជីវិតរបស់ខ្ញុំនេះ ថ្ងៃហ្នឹងចុះមកគេឱ្យជិះឡាន ១២ កៅអី ជិះមក។ ខ្ញុំមិនដែលកុម្មង់ថា ត្រូវជិះឡាននេះៗទេ។ រឿងធំជាងគេ ត្រូវយកខ្ញុំឱ្យដល់កន្លែងធ្វើការ។ រួចយកខ្ញុំពីកន្លែងធ្វើការឱ្យទៅដល់(ផ្ទះ)តែប៉ុណ្ណឹងទេ។ ត្រង់ឡានណាៗ គឺអត់ដឹងទេ។

… កត្តាទី ៤ ប្រាក់ចំណូលដែលប្រជាជនទទួលបាន

កត្តាទី ៤ គឺប្រាក់ចំណូលដែលប្រជាជនទទួលបាន។ បើប្រជាជនគ្មានប្រាក់ចំណូលទេ ក៏មិនអាចនឹងធ្វើដំណើរបានដែរ។ រាជរដ្ឋាភិបាលបានខិតខំបើកប្រាក់បៀវត្សពេញមួយខែ។ ពីមុន បើកពីរអាទិត្យម្តង តែឥឡូវបើកមួយខែពេញ ហើយថែម ៥ ម៉ឺនរៀល/ម្នាក់។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង មានលុយសម្រាប់ធ្វើបុណ្យ។ ប្រជាពលរដ្ឋ កម្មករ/ការិនីរបស់យើងមានប្រាក់ចំណូល។ ប្រជាកសិកររបស់យើងមានប្រាក់ចំណូល ដើម្បីធ្វើបុណ្យ/ទាន។ ដូច្នេះ បានជានៅតាមទីអារាមនានា គឺបានធ្វើបុណ្យ/ទានគ្រប់ទីអារាម។ ពិតហើយ មានកន្លែងខ្លះសំបូរទៅ កន្លែងខ្លះមិនសូវសំបូរ នេះជាទំនាក់ទំនង រវាងពុទ្ធចក្រ និងអាណាចក្រ។ បើប្រជាជនក្រីក្រលំបាក ខាងពុទ្ធចក្រក៏អត់មានអីដែរ។ ប៉ុន្តែ ប្រជាជនដែលមានប្រាក់ចំណូល គឺធ្វើឱ្យខាងពុទ្ធចក្រ ក៏ទទួលបានចង្ហាន់ក៏ល្អ ថែមទាំងចូលរួមកសាងសេនាសនៈ​នៅតាមទីអារាមនានាផង។

កោតសសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅបណ្តាខេត្តមានការលិចលង់ទាំងជំនន់មេគង្គ និងជំនន់ទឹកភ្លៀង

អញ្ចឹងទេ បុណ្យភ្ជុំបានកន្លងផុតហើយ សុំថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ បម្រើឱ្យការសប្បាយរីករាយរបស់ប្រជាជន ធ្វើបុណ្យ/ទានរបស់ប្រជាជន។ មួយទៀត ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះបណ្តាខេត្តដែលទទួលនូវការលិចលង់ក្នុងរយៈពេលកន្លងទៅ ទាំងជំនន់មេគង្គ និងទាំងជំនន់ទឹកភ្លៀង គឺដោះស្រាយបានសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការព្រួយបារម្ភណាស់ នៅពេលដែលស្ទឹងត្រែងទឹកលើសកម្រិត នៃការប្រកាសអាសន្នរហូតទៅដល់ជិត ២ ម៉ែត្រ ហើយស្រកយឺតទៅទៀត។ ក្រចេះក៏លើសប្រកាសអាសន្ន។ កំពង់ចាមក៏លើសប្រកាសអាសន្ន។ ដោយឡែកតែនៅទីក្រុងភ្នំពេញ និងខេត្តភាគខាងក្រោមវានៅទាប មិនទាន់ដល់កម្រិតដែលយើងចង់បាន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ភ្នំពេញបានជាង ៩,៥០ ម៉ែត្រជាង មូលហេតុនៅត្រង់ថា ទឹកដែលឡើងហ្នឹង វាទៅបំពេញនូវបឹងបួរទាំងឡាយនៅខាងលើ ដូច្នេះ វាមិនបុកគំហុកនៅខាងក្រោមទេ។ ការដោះស្រាយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស គឺខេត្តដែលធ្ងន់ធ្ងរតាមទន្លេមេគង្គ រួមមាន៖ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ដោះស្រាយបាន ហើយព្រៃវែង ក្នុងមួយផ្នែកក៏ដោះស្រាយបាន។ ចំនួនមនុស្សស្លាប់តិចណាស់ បើប្រៀបធៀបឆ្នាំ ២០១១។ អ្នកដែលទាក់ទងទៅនឹងជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ នៅកំពត នៅខេត្តមួយចំនួនផ្សេងទៀត សុទ្ធតែដោះស្រាយបាន។ អន្តរាគមន៍តិចតួចទេ ពីសំណាក់ជាតិដោយគណៈកម្មាធិការគ្រប់គ្រងមហន្តរាយ ប៉ុន្តែ អន្តរាគមន៍ច្រើននៅថ្នាក់ក្រោមជាតិ និងកាកបាទក្រហមកម្ពុជា។ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហានេះ។

ជាការចំណាំ កាលណាត្រីឈ្វាតចេញ ទឹកចាប់ផ្តើមទ្រឹង

ឆ្នាំនេះ ខ្ញុំបញ្ចេញប្រើមិនទាន់អស់ផង ឱ្យអង្ករតែ ១ ពាន់តោន និងប្រាក់ ១ ពាន់លានរៀលទេ តែប៉ុណ្ណឹង។ ឯកឧត្តម លឹម គានហោ គាត់ចាញ់ខ្ញុំហើយ ថ្ងៃមួយស្រាប់តែខ្ញុំទៅបាយថ្ងៃត្រង់ ឃើញត្រីឈ្វាត ដល់អញ្ចឹងខ្ញុំក៏វាយទៅ ឯកឧត្តម លឹម គានហោ ថាត្រីឈ្វាតចេញហើយ ទឹកនឹងមិនឡើងវិញទេ។ គាត់បានវាយត្រឡប់មកវិញថា អត់ទេ សម្ពាធនៅខាងលើច្រើនណាស់។ ព្យុះនៅច្រើនណាស់ នឹងមានការកើនឡើង។ ពិតហើយ ស្មុគស្មាញ ឆ្នាំនេះពិបាកស្មុគស្មាញ ភាពប្រទាញប្រទង់ យើងនៅទីនេះគួរសម។ ឥឡូវ ភ្លៀងក្នុងយប់មិញ ប៉ុន្មានថ្ងៃខាងមុននៅកម្ពុជាទទួលបានភ្លៀង នៅថៃ និងវៀតណាម (និង)ឡាវ ទទួលបានភ្លៀងខ្លះ ក៏ប៉ុន្តែ នៅវៀតណាម នៅថៃ នៅឡាវ គឺរាំងស្ងួតទៅវិញទេ ឯយើងទទួលបានភ្លៀង។ ប៉ុន្តែ ជាការចំណាំរបស់ខ្ញុំ កាលណាត្រីឈ្វាតចេញ គឺបានសេចក្តីថា ទឹកចាប់ផ្តើមទ្រឹងហើយ។ នៅពេលដែលត្រីក្លាំងហាយចេញ បានសេចក្តីថា ទឹកអស់។ នេះជាការចំណាំ។

ទោះទឹកនៅ ១ ម៉ែត្រក៏នៅតែអុំទូក

កំពុងបារម្ភនៅភ្នំពេញ ដល់ពេលបុណ្យអុំទូក ទឹកនៅភ្នំពេញថ្ងៃនេះ ៧,២៧ ម៉ែត្រ យប់មិញស្រក ១ តឹក ៨ ផឹង។ កាលពីមុន ទឹកធំពេក ក៏យើងមិនអុំ ទឹកតូចពេក ក៏យើងមិនអុំ។ ប៉ុន្តែ ឆ្នាំនេះ បើទឹកនៅតែ ១ ម៉ែត្រ ក៏ត្រូវតែអុំដែរ ព្រោះខ្ញុំក៏ចង់ស្គាល់រសជាតិរបស់គេហៅថា ​មកផ្តួលរំលំ ហ៊ុន សែន នៅថ្ងៃទី ៩ នេះ ព្រោះយើង (ថ្ងៃទី) ៩ (ត្រូវជា)ថ្ងៃបុណ្យ(ឯករាជ្យ)ជាតិ។ ថ្ងៃ ១០-១១-១២ អុំទូក។ បើយើងមិនអុំទូក វាថាយើងនឹងចាញ់។ មានតែ ១ ម៉ែត្រ ក៏អុំដែរ ដើម្បីសំពងក្បាលអ្ហែង។ ខ្ញុំបន់ឱ្យតែដល់ថ្ងៃនោះទេ។ បន្តិចទៀត ចាំខ្ញុំនិយាយកន្លែងហ្នឹងបន្តិច។ កាលពីមុនទឹកនៅត្រឹម ៣ ម៉ែត្រ អីយើងអត់អុំទេ។ ទឹកឆ្នាំទៅយើងអុំនៅសល់លើស ៥ ម៉ែត្រ។ ឆ្នាំនេះ បើធ្លាក់នៅត្រឹម ១ ម៉ែត្រ ក៏អុំដែរ។ យកទូកតូចមកអុំ។ អាធំក៏អុំ អាតូចក៏អុំ។ មកពេញហ្នឹង។ មកសំពងក្បាលហ្អែង។ ហ្អែងមក។

មូលដ្ឋានមានការទទួលខុសត្រូវកាន់តែខ្ពស់ នៅក្នុងគោលដៅធ្វើវិមជ្ឈការ និងវិសហមជ្ឈការ

ឥឡូវ ដោយសារតែយើងផ្ទេរសិទ្ធិអំណាចទៅឱ្យមូលដ្ឋាន។ មូលដ្ឋានមានការទទួលខុសត្រូវកាន់តែខ្ពស់ នៅក្នុងគោលដៅធ្វើវិមជ្ឈការ និងវិសហមជ្ឈការ។ ឱ្យអំណាចទៅមូលដ្ឋាន គឺមូលដ្ឋានទទួលខុសត្រូវកាន់តែច្រើន ទៅលើការដោះស្រាយបញ្ហានានា ដោយមិនរង់ចាំថ្នាក់ជាតិនោះទេ។ សូមកោតសរសើរបណ្តាខេត្តទាំងអស់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងនៅទីកន្លែងទាំងនោះ ដែលជួយដោះស្រាយបញ្ហា។ សប្បុរសជននានា ដែលបានចូលរួមជួយដល់ប្រជាពលរដ្ឋរបស់យើង។ កោតសរសើរផងដែរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា លោក/អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដែលចាត់តាំងការប្រឡងបានយ៉ាងសុខសាន្ត អាចចាត់ទុកថា ជាមោទនភាពមួយ នៃកំណែទម្រង់ក្នុងវិស័យអប់រំរបស់យើង។

បៀវត្សរ៍អប្បបរមាកម្មករ/ការិនីក្នុងឆ្នាំ ២០២០ កើនពី ១៨២ ទៅ ១៩០ ដុល្លារអាមេរិក

កោតសរសើរផងដែរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស យន្តការត្រីភាគី ដែលបានចរចាអំពីប្រាក់បៀវត្សអប្បបរមា សម្រាប់ឆ្នាំ ២០២០ ដែលយើងឡើងពី ១៨២ ទៅ ១៩០ ដុល្លារ(អាមេរិក) សម្រាប់ឆ្នាំ ២០២០។ ចំណុចនេះ មានចំណុច ២ ដែលខ្ញុំសូមអំពាវនាវ ចំពោះកម្មករ/ការិនី សុំការយោគយល់។ ឆ្នាំ ២០១៧ (គឺ)១៧០ ដុល្លារ(អាមេរិក) ឆ្នាំ ២០១៨ (គឺ)១៨២ ដុល្លារ(អាមេរិក) បានសេចក្តីថា អាមុននោះឡើង ១៥ ដុល្លារ(អាមេរិក)។ ឆ្នាំ ២០១៨ ឡើង ១៥ ដុល្លារ(អាមេរិក) ដល់ឆ្នាំ ២០១៩ ១៧០ ទៅ ១៨២ ដុល្លារ(អាមេរិក) ឡើង ១២ ដុល្លារ(អាមេរិក)។ តែឆ្នាំនេះឡើងបានតែ ៨ ដុល្លារ(អាមេរិក) ទេ មូលហេតុអី? ប្រទេសដែលមានការប្រកួតប្រជែងជាមួយយើងលើបញ្ហាវិស័យកាត់ដេរ បើនិយាយពីនៅបង់ក្លាដេស​ គឺទើបនឹង ៩០ ដុល្លារ(អាមេរិក)ហ្នឹង។ ឥឡូវ យើងឡើងទៅដល់ ១៩០ ដុល្លារ(អាមេរិក) ទៅហើយ។ អញ្ចឹង ក្រែងរោងចក្រនោះរត់ទៅអស់។ នៅឡាវដូចជា ១៣៥ ដុល្លារ(អាមេរិក)។ នៅមីយ៉ាន់ម៉ា ១២០ ដុល្លារ(អាមេរិក)។ អញ្ចឹងទេ ប្រៀបធៀបអា ១២០ ដុល្លារ(អាមេរិក) ប្រៀបធៀបជាមួយនឹង ១៣៥ ដុល្លារ(អាមេរិក) ប្រៀបធៀបអា ៩០ ដុល្លារ(អាមេរិក) និងប្រទេសខ្លះនៅសល់ ៧០ ដុល្លារ(អាមេរិក)ទេ ក្រែងលោទៅនោះអស់។ វាអត់។ អញ្ចឹង សូមការយោគយល់ ហើយពេលនោះ ផ្នែកខាងនិយោជក គាត់ហ៊ានដំឡើងត្រឹមតែ ៥ ដុល្លារ(អាមេរិក)ទេ ខ្ញុំទទួលបាននូវរបាយការណ៍ ខ្ញុំថា អត់ទេ ឥឡូវ ស្នើសុំ ៣ (ដុល្លារអាមេរិក)បន្ថែម កុំអីបានតែ ១៨៧ ដុល្លារ(អាមេរិក)ទេ។

សូមម្ចាស់ផ្ទះជួលទាំងឡាយ មេត្តាកុំដំឡើងថ្លៃ បើឡើងសូមកុំឱ្យលើស ២ ដុល្លារអាមេរិក

អ្វីដែលខ្ញុំចង់អំពាវនាវនៅទីនេះ សូមម្ចាស់ផ្ទះឈ្នួលទាំងឡាយ មេត្តាកុំដំឡើងថ្លៃឈ្នួលហួស។ កាលពីឆ្នាំ ២០១៧ ខ្ញុំបានស្នើសុំម្តងហើយ កុំដំឡើងថ្លៃផ្ទះនៅឆ្នាំ ២០១៨។ ឥឡូវ ជាថ្មីម្តងទៀត បើសិនជាឡើងសូមកុំឱ្យលើស ២ ដុល្លារ(អាមេរិក) ព្រោះប្រាក់ខែគ្នាឡើងបានត្រឹមតែ ៨ ដុល្លារ(អាមេរិក)។ ខ្លះទៅឡើងផ្ទះជួលឡើងទៅដល់ ១០ ដុល្លារ(អាមេរិក) ឬក៏ ២០ ដុល្លារ(អាមេរិក) វាមិនងាប់គ្នាហើយ។ អាហ្នឹងជាការសុំការយោគយល់ពីសំណាក់កម្មករ/ការិនីផង ហើយសូមការយោគយល់ពីម្ចាស់ផ្ទះឈ្នួល ព្រោះអត់មានអតិផរណាអីទេ សម្រាប់ម្ចាស់ផ្ទះឈ្នួលនោះ។ ត្រូវពិនិត្យមើលឱ្យបានជាប់លាប់តម្លៃភ្លើង/ទឹក សម្រាប់កម្មករ/ការិនីរបស់យើង។ រឿងនេះ ថ្ងៃមុនខ្ញុំនិយាយហើយ និយាយនៅនឹងមុខគណៈប្រតិភូមីយ៉ាន់ម៉ា អញ្ចឹង លោកជំទាវ អោង សានស៊ូឃ្យី គាត់និយាយថា «ទៅ! យើងទៅផ្ទះ» ប៉ុន្តែ ទីចុងបំផុត ឥឡូវនេះ ពលករដែលមកពីមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ មិនមែនគ្រាន់តែមិនត្រឡប់ទៅផ្ទះទេ (តែ)មក(ថៃ)លើសដើម។ …ប៉ុន្តែ ពេលនោះ កម្មករនៅមីយ៉ាន់ម៉ា គឺមានត្រឹមតែ ៩០ ដុល្លារ(អាមេរិក)ទេ តើគេទៅស៊ីអា ៩០ ដុល្លារ(អាមេរិក) ឬគេស៊ីអា ៣០០ ដុល្លារ(អាមេរិក)? ឥឡូវនេះ ឡើងបានប៉ុន្មាន ១២០ ដុល្លារ(អាមេរិក) គេទៅទេ? ឥឡូវ យើងឡើងមកដល់ ១៩០ ដុល្លារ(អាមេរិក)។ នៅវៀតណាម មានតំបន់ខ្លះ ១៣០ ដុល្លារ(អាមេរិក), ១៤០ដុល្លារ(អាមេរិក), ១៥០ ដុល្លារ(អាមេរិក) មានតំបន់ខ្លះខ្ពស់/ទាប ឯយើងទូទាំងប្រទេស។ ឥឡូវ យើងចូលដល់ខ្វះកម្មករ ក្នុងវិស័យកសិកម្មហើយ។

ទន្ទឹមនឹងការឡើងបៀវត្សរ៍ យើងក៏ត្រូវខិតខំកម្រិតតម្លៃទំនិញកុំឱ្យវាឡើង

ទន្ទឹមនឹងការឡើងបៀវត្សរ៍ ខិតខំកម្រិតតម្លៃទំនិញកុំឱ្យវាឡើង។ ឥឡូវនេះ ជិតដល់ទឹកស្រក បន្លែបង្ការ តំបន់ដែលធ្លាប់តែលិចលង់ ត្រូវបានដាំដុះឡើងវិញ។ ការផ្គត់ផ្គង់លើទីផ្សារក៏នឹងមានភាពប្រសើរ ជាមួយនិងជំងីប៉េស្តជ្រូកអាហ្វ្រិកត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក៏ទទួលទាននូវសាច់ជ្រូកឡើងវិញ។ បន្តិចទៀតរដូវបិទនេសាទក៏នឹងបញ្ចប់។ ដូច្នេះ ធ្វើឱ្យចំនួនម្ហូបអាហារនៅលើទីផ្សារមានសិ្ថរភាព នោះហើយជាចំណុចដែលយើងចង់បាន។ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អបំផុត ដើម្បីឱ្យការដំឡើងបៀវត្សរ៍​សម្រាប់វិស័យ​ឯកជន ក៏ដូចជា ផ្នែករដ្ឋរក្សានូវកម្លាំងទិញពិតប្រាកដ។ ខ្ញុំគិតថា ឯកឧត្តម អ៊ិត សំហេង ត្រូវចាត់វិធានការជាមួយនឹងបណ្តាខេត្ត/រាជធានី ឯកឧត្តម ឃួង ស្រេង ត្រូវធ្វើជាមួយនឹងម្ចាស់ផ្ទះឈ្នួលនៅក្នុងរាជធានីភ្នំពេញ ខាងខេត្តកណ្តាល (និង)ខេត្តនានា ត្រូវធ្វើជាមួយនឹងម្ចាស់ឈ្នួល។ បើឡើងក៏ឡើងចុះ តែកុំឱ្យ​លើស​ ២ ដុល្លារ(អាមេរិក)អី ព្រោះកម្មករគ្នាឡើងបានតែ ៨ ដុល្លារ(អាមេរិក) ឯងទៅឡើង ៨ ដុល្លារ(អាមេរិក)ដែរ កម្មករធ្វើម៉េចឡើងបាន? ខ្ញុំគិតថា ម្ចាស់ផ្ទះឈ្នួលគាត់ទទួលបានផលពីការបង្កើតការងាររបស់យើងច្រើនណាស់ទៅហើយ។ ហើយយើងនឹងខិតខំបន្តទៅទៀត។

ខ្ញុំសូមជម្រាប អង្គការសហប្រជាជាតិ ក្នុង ១ អាណត្តិ ខ្ញុំទៅតែម្តងទេ

ក្នុងខែ តុលា នេះ ខ្ញុំនឹងទស្សនកិច្ចនៅប្រទេស ៤ បើសិនជាគ្មានការកែប្រែអីទៀត។ នឹងនៅចុងខែ តុលា  ដើមខែ វិច្ឆិកា ខ្ញុំទៅទស្សនកិច្ចនៅវៀតណាម។ បន្ទាប់ទៅ ឆេកូ។ ទៅហុងគ្រី ចូលរួមសន្និសីទកំពូលផ្នែកទឹក​។ ហើយទស្សនកិច្ចនៅប៊ុលការី មិនបានទៅចូលរួមចលនាមិនចូលបក្សសម្ព័ន្ធទេ គឺជូនឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី ហោ​ ណាំហុង ទៅចូលរួមចលនាមិនចូលបក្សសម្ព័ន្ធ។ ខ្ញុំត្រូវត្រឡប់មកផ្ទះ ដើម្បីរៀបចំខ្លួនចូលប្រជុំអាស៊ាននៅទីក្រុងបាងកក។ ប៉ុន្តែ មានអ្នកខ្លះមកវិភាគ ឆ្នាំនេះ លោក ហ៊ុន សែន អត់ហ៊ានទៅអង្គការសហប្រជាជាតិ ខ្ញុំសូមជម្រាប អង្គការសហប្រជាជាតិ ក្នុងមួយអាណត្តិ ខ្ញុំទៅតែម្តងទេ។ ប្រទេសខ្លះ ភាគច្រើនរដ្ឋមន្ត្រីការបរទេស​​ ឬរហូតគេឱ្យថ្នាក់អគ្គរដ្ឋទូត​ អនុរដ្ឋមន្រ្តីការបរទេសអានសុន្ទរកថានៅអង្គការសហប្រជាជាតិ មិនមែនចេះតែទៅគ្រប់តែរឿងទេ។ ប្រធានាធិបតី Macron របស់បារាំង អញ្ជើញខ្ញុំទៅចូលរួមសន្និសីទ ស្តីពីមូលនិធិសកល ខ្ញុំត្រូវបញ្ជូន ឯកឧត្តម អៀង ម៉ូលី​ ទៅតំណាង។

អាក្រុមថោកទាបមួយចំនួនវាថា​ លោក ហ៊ុន សែន អត់ហ៊ានទៅអង្គការសហប្រជាជាតិ ដល់ពេលឆ្នាំទៅ វាថាគេអត់ឱ្យចូល ដល់ឯងចូលដល់អង្គការសហប្រជាជាតិ វាទៅជារឿងមួយផ្សេង។ ឥឡូវ ឆ្នាំនេះ អត់ទៅ យើងអត់ទៅ ឱ្យ ប្រាក់​ សុខុន ទៅ។ សូម្បីតែ ប្រាក់ សុខុន ក៏ត្រូវជាប់រវល់ជាមួយខ្ញុំ​។ អញ្ចឹង ត្រូវឱ្យ ឯកឧត្តម ហោ ណាំហុង មួយទៅប៉ារីស តំណាងឱ្យខ្ញុំចូលរួមវេទិកាសន្តិភាពទីក្រុងប៉ារីស។ តំណាងឱ្យខ្ញុំនៅទីនោះ។ បារាំងអញ្ជើញ ២ កន្លែង ខ្ញុំអត់បានទៅទេ មួយឱ្យ ឯកឧត្តម ហោ ណាំហុង មួយទៀតឱ្យ ឯកឧត្តម អៀង ម៉ូលី … ដំបូងខ្ញុំគ្រោងថា ខ្ញុំនឹងទៅអានសុន្ទរកថាមួយនៅចលនាមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែ ពិនិត្យមើលពេលវេលា គឺវាច្រើនពេក។ អញ្ចឹង ត្រូវត្រឡប់មកប្រទេស ដើម្បីត្រៀមរៀបចំខ្លួនធ្វើការងារច្រើនទៀត ព្រោះនៅច្បាប់ថវិកាស្អីៗហ្នឹងច្រើនណាស់។ នៅរឿងច្រើនណាស់។

៩ វិច្ឆិកា គេប្រកាសធ្វើរដ្ឋប្រហារ យើងប្រកាសយកជាថ្ងៃរួមគ្នាទទួលទាន​អំបុកទូទាំងប្រទេស

រួចហើយឈានដល់ ៩ វិច្ឆិកា នឹងបុណ្យអុំទូក។ ឥឡូវ ៩ វិច្ឆិកា គេចាប់ផ្តើមប្រកាសផ្តួលរំលំហើយ នេះជាប្រភេទរដ្ឋប្រហារ ដែលក្រសួងយុត្តិធម៌បានប្រកាស អំពីបទចោទថ្មី​ទាក់ទងនឹងរដ្ឋប្រហារ ការរៀបចំកងទ័ពដើម្បីផ្តួលរំលំ។ អញ្ចឹងទេ ខ្ញុំសូមប្រកាសយកថ្ងៃ ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង តភ្ជាប់ជាមួយនឹងបុណ្យអុំទូក អកអំបុក សំពះព្រះខែ ធ្វើជាថ្ងៃរួមគ្នាទទួលទាន​អំបុកខ្មែរទូទាំងប្រទេស។ អ្ហែងធ្វើយុទ្ធនាការផ្តួលរំលំ អញធ្វើយុទ្ធនាការ​ស៊ីអំបុក។ ព្រះតេជព្រះគុណអើយ!​ ស្រួលទេ កាលនំបញ្ចុក ខ្ញុំព្រះករុណាខ្ញុំ ភ័យប្រហោងពោះ ហេតុអីបានត្រូវភ័យ ម៉ែអើយ! នំបញ្ចុក ចុះបើសិនវាពុលទៅ ព្រោះធ្លាប់តែលឺពុលនំបញ្ចុក កន្លែងនោះ/នេះ ពេលនោះនិយាយពីភ័យ។ តាមដានសភាពការណ៍ ​បើកហ្វេសប៊ុកមើលតែម្តង តាមហ្វេសប៊ុក ខ្លះគេស៊ីនំបញ្ចុកឡាយផ្ទាល់ ចូលទៅខម្មិន ២-៣ ពាក្យទៅ។ ក្រែងលោវាមានពុលនំបញ្ចុក។ តែអត់អីដែរ។ ស៊ីនំបញ្ចុកមួយប្រទេស។

អំបុករបស់យើង ជាអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ

អំបុករបស់យើង ជាអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ឥឡូវ ត្រូវធ្វើស្អី? អន្សមចេក អន្សមជ្រូក ឬស្អី? អត់ទេ អំបុក ព្រោះអាហ្នឹងចំពេលអកអំបុក រួចហើយវាចំរដូវស្រូវរបស់យើងវាមកដល់។ អំបុកស្រូវថ្មី ដាក់ទៅ នាំគ្នាទទួលទានតាមភូមិ តាមស្អីហ្នឹងទៅ។ មើលលេងអញ្ចេះទៅវិញ ហើយអំបុកស្រួលរកទេ ​មិនពិបាកទេ កន្លែងណាអត់អំបុក ទិញពីកន្លែងណាផ្សេងមក ហើយអត់ពិបាកដូចនំបញ្ចុកទេ អានេះស្រួលជាងស្អីទៀត ហើយសមស្របនឹងប្រពៃណីខ្មែរទៅទៀត​។ ប៉ុន្តែ​ អំបុក របស់យើងនេះ អំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ព្រោះគេមិនមែនត្រឹមតែ​មកចាប់ ហ៊ុន សែន ទេ ឬក៏ឱ្យ ហ៊ុន សែន លាលែងពីតំណែង ចុះចេញពីតំណែង គេអំពាវនាវហៅព្រះមហាក្សត្រ ឱ្យដាក់រាជ្យ​ គេចាត់ទុកព្រះមហាក្សត្រជាអាយ៉ងរបស់ ហ៊ុន សែន គេប្រមាថព្រះមហាក្សត្រ។ ដូច្នេះ លើកនេះ គោលដៅរបស់គេមិនមែនទម្លាក់ ហ៊ុន សែន ទេ ដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែម្តង នេះជាទោសក្បត់ជាតិ។

អ្នកចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេស/សន្តិភាព នៅថ្ងៃទី ៩ វិច្ឆិកា នឹងត្រូវមានទោស

ខ្ញុំសូមផ្តែផ្តាំ​ អ្នកណាក៏ដោយ ដែលធ្វើយុទ្ធនាការ នឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌតាមបទថ្មី។ ស្អី ឧបឃាតនោះ។ អញ្ចឹង កុំឱ្យសោះអាយុទ្ធនាការ ម្រាម ៩។ បើចង់ធ្វើយុទ្ធនាការ ម្រាម ៩ កាត់ម្រាម ១ គ្រវាត់ចោលទៅ អាហ្នឹងបានវាក្លាហាន។ មនុស្សកើតឡើងម្រាម ១០ ឯងធ្វើយុទ្ធនាការម្រាម ៩? មើលដាក់អា ម្រាម ៩ ហ្នឹងទៅមើល? អ្នកណាចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេស/សន្តិភាព នៅថ្ងៃទី ៩ វិច្ឆិកា អ្នកនោះនឹងត្រូវមានទោស។ រឿងនេះ ក្រសួងយុត្តិធម៌គេបានប្រកាសរួចហើយ។ ស្ថាប័ននានាបានត្រៀមបម្រុងហើយ។ កងទ័ពរបស់អ្នកឯងនៅឯណា? ស្អីឯណា? អ្នកឯងកុំបង្វែរទិស ដល់តែលឺសូរគេប្រតិ​កម្មរឿងលុយចិញ្ចឹមកងទ័ព (ឬ)កម្លាំងប្រដាប់អាវុធ ឥឡូវ បង្វែរទិសទៅអំណាចប្រជាជនឯណាឯណោះទៅវិញ។ គេប្រតិកម្មរឿងឯងប្រមាថស្តេច ទាមទារឱ្យស្តេចដាក់រាជ្យ ទៅជាមករំដោះស្តេច អាហ្នឹងអត់ទេ។ បទចោទរបស់អ្នកឯងនៅជាប់អាលើឯណោះ។ និយាយគ្នាឱ្យច្បាស់។ នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ ជាការផ្តួលរំលំរដ្ឋ ជាការដូររបប។ អីក៏ងាយម្ល៉េះ មនុស្សរាប់លាននាក់ កម្លាំងប្រដាប់អាវុធចាំតែងើបឡើង (នៅ)ថ្ងៃទី ៩ វិច្ឆិកា? អញ្ជើញមក បើសិនក្បាលមិនប៉ាន់ដែកទេ ឱ្យមក។

បានផ្ញើទៅបណ្តាប្រទេសអាស៊ាននូវសាលដីកាសំណុំរឿងរបស់ សម រង្ស៊ី

នៅទីក្រុងញ៉ូវយ៉ក ឯកឧត្តម មហាធៀ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាត់បានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតថា គាត់មិនទាន់បានទទួលនូវសាលដីកាតុលាការពីកម្ពុជាទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែបញ្ជាក់ថា ប្រហែលជាបែបបទនីតិវិធីតែប៉ុណ្ណោះ ប៉ុន្តែ យើងបានផ្ញើទៅបណ្តាប្រទេសអាស៊ានទាំងអស់។ គិតអីក៏ស្រួលម្ល៉េះ? គិតថា កម្មករនៅប្រទេសថៃគាំទ្រឯងទាំងអស់ឬអី? កម្មករនៅកូរ៉េ/ម៉ាឡេ(ស៊ី)គាំទ្រឯងទាំងអស់ឬយ៉ាងម៉េច? គេមានទ័ពគគ្រឹកគគ្រេង សូម្បីតែប្រជុំជួរ ដើម្បីបញ្ជូនកម្លាំងទៅគោលដៅណាមួយ ទៅវាមិនគ្រប់ផង អ្នកខ្លះឈឺ អ្នកខ្លះរវល់ជាប់ទៅនេះ/នោះ ដូចថា កងទ័ព ១ ០០០ (នាក់) ចេញបាន ៨០០ (នាក់) វាច្រើនណាស់ទៅហើយ។

បើទោះបីនៅទីក្រុងភ្នំពេញមានទឹកត្រឹមតែ ១ ម៉ែត្រ ក៏នៅតែអុំទូក

ធ្វើដូចស្រួលពេក មនុស្សរាប់លាននាក់មកប្រមូលផ្តុំ បាន! រាប់លាននាក់មកចូលរួមបុណ្យអុំទូក ព្រោះថ្ងៃ(ទី) ១០ អុំ។ មិនថ្ងៃទី ៩ មកដល់ មិនអញ្ចឹង? អញ្ចឹង បានខ្ញុំថា បើទោះបីទឹកនៅតែ ១ ម៉ែត្រ នៅទីក្រុងភ្នំពេញ នៅតែអុំទូក ដើម្បីវាយក្បាលអាហ្នឹងម្តង (វា)ខូចពេក។ អ្នកនៅក្នុងស្រុកកុំព្រហើន។ ដើរដល់ដំណាក់កាលរដ្ឋប្រហារ ដែលមានការគ្រោងទុកហើយ។ បើអ្នកចូលរួម អ្នកនឹងត្រូវមានទោស។ ហើយបើសិនជាអ្នកបានជាជ្រុលចូលរួម អ្នកសារភាពឱ្យត្រង់នឹងរួចទោស …។

យុទ្ធសាស្ត្រច្រេះស៊ីដែក ប្រទះជាមួយនឹងនយោបាយឈ្នះឈ្នះ ទីចុងបំផុតប្រទេសបានឯកភាព

ព្រះករុណា (ព្រះបរមរតនកោដ្ឋ) លោកមានបន្ទូលត្រង់ៗ ឆ្នាំ ១៩៨៩ ខ្មែរក្រហមថា ឱ្យតែកងទ័ពវៀតណាមដក រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស ដល់ថ្ងៃទី ១ មិថុនា ១៩៩១ នៅហ្សាកាតា ព្រះករុណា (ព្រះបរមរតនកោដ្ឋ) បានប្រាប់ថា ឯកឧត្តម! ខ្ញុំទៅនៅជាមួយឯកឧត្តមហើយ ខ្មែរក្រហមបោកខ្ញុំ គេថា ឱ្យតែកងទ័ពវៀតណាមដក គឺរដ្ឋាភិបាលឯកឧត្តមប៉ើងដូចក្រដាស។ ប៉ុន្តែឥឡូវឯកឧត្តមមិនត្រឹមតែមិនប៉ើងទេ ឯកឧត្តមវាយយកដីជិតអស់វិញទៅហើយ។ អ្នកណាសាហាវជាងខ្មែរក្រហម (ឬ)មានកម្លាំងលើសខ្មែរក្រហមទៅទៀត? តែនៅចាញ់ក្រោមដៃ ហ៊ុន សែន នៅឡើយទេ។ ខៀវ សំផន ជេរខ្ញុំពេញអង្គប្រជុំ សួរអ្នកដែលចរចា មាន៖ ឯកឧត្តម ហោ ណាំហុង ឯកឧត្តម អៀង ម៉ូលី អី តើ ខៀវ សំផន ជេរខ្ញុំប៉ុនណាទៅ? បើចរចា ខៀវ សំផន មិនបានជេរខ្ញុំទេ គាត់នៅមិនសុខទេ។ តែទីចុងបំផុត ខៀវ សំផន នាំទាំងប្រពន្ធ/កូន/ចៅមកស៊ីបាយនៅផ្ទះខ្ញុំ។ យុទ្ធសាស្ត្រច្រេះស៊ីដែករបស់ខ្មែរក្រហម ប្រទះជាមួយនឹងនយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន ទីចុងបំផុតប្រទេសបានឯកភាព។

រចនាសម្ព័ន្ធគណបក្សប្រជាជនទាំងអស់ រៀបចំពីឥឡូវធ្វើម៉េចឱ្យមានអំបុកស៊ីគ្រប់គ្នា

ខ្ញុំសូមប្រកាស អ្នកគាំទ្ររាជរដ្ឋាភិបាល/គណបក្សប្រជាជន ហើយនឹងរចនាសម្ព័ន្ធគណបក្សប្រជាជនទាំងអស់ចាត់ចែងធ្វើអំបុក។ រៀបចំពីឥឡូវធ្វើម៉េចឱ្យមានអំបុកស៊ីគ្រប់គ្នា។ លេងអញ្ចឹងម្តងទៅមើល។ ប៉ុន្តែ អត្ថន័យរបស់វា “អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ”។ …(សម្តេចមានប្រសាសន៍អំពីការឡើងគីឡូ)។ ខ្ញុំសូមបញ្ជាក់សាជាថ្មី អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ត្រៀមខ្លួន ដើម្បីចូលរួមអបអរសាទរបុណ្យ(ឯករាជ្យ)ជាតិ ៩ វិច្ឆិកា ជាមួយនឹងបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅថ្ងៃ(ទី) ១០-១១-១២ វិច្ឆិកា ហើយចូលរួមទទួលទានអំបុក ដើម្បី “ការពារជាតិ សាសនា និងព្រះមហាក្សត្រ”។ ទង្វើណាក៏ដោយ ដែលគាំទ្រដល់រដ្ឋប្រហារ គឺជាទង្វើខុសច្បាប់ ដែលត្រូវផ្តន្ទាទោសដោយខានមិនបាន។

អរគុណនូវការរៀបចំសរសេរសៀវភៅ “ហ៊ុន សែន កម្ពុជា”

ឥឡូវ ខ្ញុំចូលដល់បញ្ហាសៀវភៅ។ ការពិតខ្ញុំមើលបានបន្តិចទេ។ សៀវភៅនេះសរសេរពីប្រពន្ធខ្ញុំ។ សៀវភៅនេះសរសេរពីខ្ញុំ។ ខ្ញុំសុមអរគុណនូវការរៀបចំសរសេរនេះ ពិតមែនតែខ្ញុំមិនបានមើលអស់ ប៉ុន្តែ ផ្នែកខ្លះៗខ្ញុំ យកមកពិនិត្យមើលដែរ ព្រោះទម្លាប់របស់ខ្ញុំ គឺត្រូវបានមើលខ្លះ តែអានេះវាទើបនឹងបានមកដល់នៅកន្លែងនេះ ឃើញតែ ឯកឧត្តម លី ឆេង វាយទៅល្ងាចមិញ។ អរគុណ ចំពោះការរៀបចំ ដើម្បីតាក់តែងសៀវភៅនេះ សម្រាប់អ្នកចូលរួមទាំងអស់ ដែលបានសរសេរពីខ្ញុំ ហើយការសរសេរពីខ្ញុំនេះ មានច្រើនណាស់ទៅ ហើយ បរទេសក៏មានសរសេរ ខ្មែរយើងក៏មានសរសេរ ក៏ប៉ុន្តែ សៀវភៅនេះមានផលប្រយោជន៍របស់វា គឺការកត់ត្រាទុក នូវចំណុចដែលពាក់ព័ន្ធទាក់ទងជាមួយនឹងសង្កថា ឬចំណុចពេលវេលា ក៏ដូចជា ខ្លឹមសារ ទាក់ទងជាមួយនឹងដំណើរប្រព្រឹត្តទៅ នៃតួអង្គរបស់រដ្ឋ មិនមែនគ្រាន់តែប្រវត្តិរបស់ខ្ញុំទេ ក៏ប៉ុន្តែ វាទាក់ទងនឹងតួអង្គរបស់ដំណើរជាតិរបស់យើង។ ពិតហើយ នៅមានការខ្វះខាតខ្លះ ដែលខ្ញុំមើលឃើញ អំពីបញ្ហាទាក់ទងនឹងកាលបរិច្ឆេទខ្លះ ហើយកន្លែងខ្លះប្រហែលជាបញ្ហាការលោតអក្សរទេ ដូចជាការបែកពីភរិយារយៈពេល ៩ ឆ្នាំ។ ការពិតអ្នកសរសេរចង់និយាយពីការបែកពីភរិយាប្រមាណ ២ ឆ្នាំ ប៉ុណ្ណឹងទេ ក៏ប៉ុន្តែ នៅក្នុងកន្លែងសរសេរមានបែកពីភរិយាដល់ទៅ ៩ ឆ្នាំ ឯណោះ ដល់ខាងក្រោមបានមានបែកពីភរិយា ២ ឆ្នាំ។ មានកាលបរិច្ឆេទខ្លះអាចនឹងកែតម្រូវនៅពេលក្រោយ ក្នុងពេលដែលមានការបោះពុម្ភ។

យុទ្ធសាស្ត្រត្រីកោណ ជាផ្នែកដ៏សំខាន់មុនចូលដល់ យុទ្ធសាស្ត្រចតុកោណ

ខ្ញុំគួរតែនិយាយបន្តិច ទន្ទឹមនឹងការលើកឡើង អំពីយុទ្ធសាស្ត្រចតុកោណ ដែលមានការសរសេរនៅក្នុងនេះ មានការលើកឡើង អំពីបញ្ហាជួបគ្នា (មាន)រូបថត អាចផ្តល់ជាជំនួយស្មារតី សម្រាប់ឱ្យអ្នកអាន។ ខ្ញុំអរគុណណាស់ ចំពោះការសរសេរសៀវភៅ ដែលភ្ជាប់ខ្លួនខ្ញុំជាមួយនឹងដំណើររបស់ជាតិរបស់យើង។ ប៉ុន្តែ ខ្ញុំសង្កេតឃើញថា មិនទាន់ឃើញការលើកឡើងណាមួយក្នុងសៀវភៅអ្នកសរសេរ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រត្រីកោណនៅឡើយទេ ដែលខ្ញុំគួរតែរំលឹក ព្រោះមានមនុស្សមួយចំនួនកំពុងតែសរសេរ ប៉ុន្តែ គេសរសេរអំពី យុទ្ធសាស្ត្រចតុកោណ ឬនយោបាយឈ្នះឈ្នះ ក៏ប៉ុន្តែ យុទ្ធសាស្ត្រត្រីកោណ គឺហាក់បីដូចជាមើលរំលង កន្លែងនេះ ដែលខ្ញុំចាត់ទុកថា វាជាផ្នែកដ៏សំខាន់មុនចូលដល់យុទ្ធសាស្ត្រចតុកោណ។

មុំទី ១ នៃយុទ្ធសាស្ត្រត្រីកោណ៖ ការបន្តធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស

ថ្ងៃទី ២ ធ្នូ ១៩៩៨ ប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៃនីតិកាលទី ២ បន្ទាប់ពីការបង្កើតឡើង ខ្ញុំបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដែលមានមុំបី ហើយនឹងគោលដៅពីរ។ មុំទី ១ នៃយុទ្ធសាស្ត្រត្រីកោណ៖ ការបន្តធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស ដោយរយៈពេលនោះ ពិតមែនតែយើងយកអស់អន្លង់វែងអីហើយ ក៏ប៉ុន្តែ កងទ័ពឧទ្ទាមនៅសេសសល់ មេខ្មែរក្រហមមិនទាន់ចុះចូលនៅឡើយទេ ចុះចូលមកថ្ងៃទី ២៩ ធ្នូ។ ឯខ្ញុំប្រជុំនៅថ្ងៃទី ២ ធ្នូ អញ្ចឹង ការធ្វើសន្តិភាវូបនីយកម្ម គឺពង្រឹងសន្តិភាពនៅក្នុងផ្ទៃប្រទេស គឺជាមុំទី ១។

មុំទី ២ នៃយុទ្ធសាស្ត្រត្រីកោណ៖ ធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងវេទិកាអន្តរជាតិទាំងអស់

មុំទី ២ (នៃយុទ្ធសាស្ត្រត្រីកោណ)៖ ធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងវេទិកាអន្តរជាតិទាំងអស់។ នេះជាមុំទី ២ ដែលយើងទទួលជោគជ័យយ៉ាងច្រើននៅក្នុងអាណត្តិនោះ។ ១ អាទិត្យក្រោយ កៅអីនៅអង្គការ សហប្រជាជាតិ ដែលគេព្យួរឱ្យនៅទំនេរ ត្រូវបានយកមកវិញដោយរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ ប្រទេសរបស់យើងក៏ចាប់ផ្តើមចូលទៅក្នុងអាស៊ាន។ យើងក៏បញ្ចូលប្រទេសយើងទៅក្នុងបណ្តាអង្គការអន្តរជាតិសំខាន់ៗ។ (ចូល)អាស៊ានហើយ (ចូល)អាស៊ីអឺរ៉ុប (បន្ទាប់ទៅចូល)អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការនានាទាំងអស់។ យើងចូលគ្រប់ច្រក។ ឥឡូវនេះ ខ្ញុំនៅតែឱ្យបន្តចូល ព្រោះយកសិទ្ធិបោះឆ្នោត​។ បើយើងពិនិត្យអំពីពេលវេលា ដែលយើងចូលអង្គការពាណិជ្ជកម្មពិភពលោក គេអនុម័តយើងចូលនៅក្នុងអាណត្តិទី ២ (ឆ្នាំ) ១៩៩៨-២០០៣ គឺចូលតាំងពីមុនបោះឆ្នោត(ឆ្នាំ) ២០០៣ ក៏ប៉ុន្តែ ដោយសារតែជាប់គាំងបង្កើត(រាជ)រដ្ឋាភិបាលមិនបាន បានជាយើងមកឱ្យសច្ចាប័នចូលអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤។ អញ្ចឹង មុំទី ២ គឺការធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងអង្គការអន្តរជាតិទាំងអស់។ យើងធ្វើបានល្អណាស់។

មុំទី ២ នៃយុទ្ធសាស្ត្រត្រីកោណ៖ ផ្តើមចេញពីភាពអនុគ្រោះ នៃកត្តាផ្ទៃក្នុង និងអន្តរជាតិ ប្រមូលផ្តុំការ ខិតខំទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ

មុំទី ២ (នៃយុទ្ធសាស្ត្រត្រីកោណ)៖ ផ្តើមចេញពីភាពអនុគ្រោះ នៃកត្តាផ្ទៃក្នុង និងអន្តរជាតិ ប្រមូលផ្តុំការ ខិតខំទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ នេះគឺជាមុំទាំងបី នៃយុទ្ធសាស្ត្រត្រីកោណ​។

គោលដៅទី (១) ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ (២) ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ឯគោលដៅពីរ គឺអ្វី? គោលដៅទី ១៖ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ។ ហ្នឹងជាគោលដៅទី ១។ គោលដៅទី ២៖ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទាំងអស់នេះ មិនមែនជា បញ្ហាលេងៗនោះទេ ក៏ប៉ុន្តែ យើងបានសម្រេចរួចហើយ។ សមរភូមិទាំងឡាយ ដែលពីមុននេះ ប្រយុទ្ធស៊ីសាច់ហុតឈាម ឥឡូវ ក្លាយទៅជាតំបន់ទេសចរណ៍ ក្លាយទៅជាតំបន់ដាំដុះ ខ្ញុំថានៅសល់ក្រោម ១០% ទៅចុះ ដែលយើងមិនទាន់ធ្វើទៅរួច ដោយសារវានៅសល់គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដែលយើងត្រូវបន្ត ដោះស្រាយនូវបញ្ហានោះ។ ប៉ុន្តែ ក្រៅពីនោះ អភិវឌ្ឍអស់ហើយ កន្លែងធ្លាប់ដាក់កាំភ្លើង កន្លែងធ្លាប់វាយ ប្រហារគ្នាកាលពីដើម។ ឯព្រំដែនជាមួយប្រទេសជិតខាង ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ឡើងដល់ ៧ ពាន់លាន ដុល្លារ(អាមេរិក)។ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម (ឡើងដល់)ប្រមាណ ៤ ពាន់លាន ដុល្លារ(អាមេរិក)។

កម្ពុជា-វៀតណាម សម្រេចបោះបង្គោលខណ្ឌសីមាបាន ៨៤%

យើងជាមួយវៀតណាម សម្រេចបោះបង្គោលខណ្ឌសីមាបាន ៨៤% រួចហើយ ដែលខ្ញុំទៅប្រទេសវៀតណាម(លើក)នេះ នឹងចុះហត្ថលេខាទទួលយកសមិទ្ធផល ៨៤%។ ផែនទីបានបោះនៅប្រទេសដាណឺម៉ាក បានដឹកមកដល់អស់ហើយ។ បន្ទាប់ពីការចរចាធ្វើការដ៏ស្វិតស្វាញ ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៩ រយៈពេល ១៤ ឆ្នាំ នៅសេសសល់ ១៦% ទៀតនឹងត្រូវបន្តដោះស្រាយតទៅទៀត។

កម្ពុជា-ឡាវ សម្រេចបោះបង្គោលខណ្ឌសីមាបាន ៨៦%

យើងជាមួយឡាវ បានដោះស្រាយជាមួយគ្នា ៨៦% ដែលថ្ងៃមុននាយករដ្ឋមន្ត្រីឡាវមក យើងឯកភាពគ្នា ធ្វើសន្ធិសញ្ញាទទួលយកនូវអា ៨៦% ដែលបានដោះស្រាយ ឯ ១៤% ទៀតត្រូវបន្តដោះស្រាយ ដោយមាន ការស្នើសុំទៅប្រធានាធិបតីបារាំង ទាំងកម្ពុជាជាមួយវៀតណាម ក៏ស្នើសុំទៅបារាំង ដើម្បីមកជួយផ្ទេរផែនទី។ ជាមួយឡាវ ក៏ស្នើសុំទៅបារាំង ដើម្បីមកផ្ទេរផែនទី ក៏ដូចជា ផ្តល់ឯកសារផ្សេងៗទាក់ទងនឹងព្រំដែន​។

ទំហំពាណិជ្ជកម្ម រវាងកម្ពុជាជាមួយបណ្តាប្រទេសជិតខាង

ព្រំដែនដែលធ្លាប់តែមានការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ឥឡូវ ព្រំដែនក្លាយទៅជាតំបន់ ដែលប្រជាជនរក ស៊ីជាមួយគ្នា។ ទំហំពាណិជ្ជកម្ម ៧ ពាន់លាន (ដុល្លារអាមេរិក ជាមួយថៃ) មិនមែនតូចតាចទេ។ ៤ ពាន់លាន (ដុល្លារអាមេរិក) ជាមួយវៀតណាម ក៏មិនមែនតូចតាចដែរ។ យើងជាមួយឡាវមិនច្រើនពេកទេ ព្រោះយើងក៏វាឆ្ងាយទៅខាងនោះ ហើយឡាវក៏វាឆ្ងាយពីខាងនោះមកដែរ។ ប៉ុន្តែ ក៏នៅតែមាន។

យុទ្ធសាស្ត្រត្រីកោណ វាបានបន្តពីជំហាន នៃនយោបាយឈ្នះឈ្នះ ឯយុទ្ធសាស្ត្រចតុកោណ វាបានបន្តលើមូលដ្ឋានពីយុទ្ធសាស្ត្រត្រីកោណ

យុទ្ធសាស្ត្រត្រីកោណនេះ អត់ទាន់មាននរណាសរសេរដល់ទេ គេសរសេរពីយុទ្ធសាស្ត្រចតុកោណ (ឬ)ពីនយោបាយឈ្នះឈ្នះ ប៉ុន្តែ អាយុទ្ធសាស្ត្រត្រីកោណនេះអត់ទាន់ទេ។ ខ្ញុំក្រឡែកឃើញតិចណាស់អ្នកដែលមានសរសេរ។ នៅក្នុងនេះ គឺមាននិយាយដល់យុទ្ធសាស្ត្រចតុកោណ ប៉ុន្តែ អត់បានលើកអំពីយុទ្ធសាស្ត្រ ត្រីកោណទេ។ នេះខ្ញុំគ្រាន់តែបំពេញបន្ថែម ដើម្បីចែករំលែកដល់អ្នកដែលសរសេរទាំងឡាយ។ យុទ្ធសាស្រ្ត ត្រីកោណ វាបានបន្តពីជំហាន នៃនយោបាយឈ្នះឈ្នះ។ ឯយុទ្ធសាស្ត្រចតុកោណ វាបានបន្តលើមូលដ្ឋាន ពីយុទ្ធសាស្ត្រត្រីកោណ។ ឥឡូវ ចតុកោណទី ១ ចតុកោណទី ២ ចតុកោណទី ៣ ចតុកោណទី ៤។ នេះជាការរំលឹកទាក់ទងជាមួយនឹងបញ្ហាយុទ្ធសាស្ត្រ ក៏ដូចជា ដំណើរឆ្ពោះទៅមុខរបស់យើង។

អំណោយជូនជ័យលាភី សាស្ត្រាចារ្យ និងបុគ្គលិក

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ១ ១៨៣ អង្គ/នាក់ ក្នុងមួយអង្គ និងម្នាក់ៗ (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ១ ១០៩ នាក់/ម្នាក់ៗ (ថវិកា) ចំនួន ១០ ម៉ឺនរៀល។ ជូនសាសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ថវិកាចំនួន ៥ លានរៀល។ ជាមួយនឹងការអបអរសសាទរ ចំពោះវឌ្ឍនភាពសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក៏ដូចជា អបអរសាទរជាមួយនឹងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា ក្រុមគ្រួសាររបស់ជ័យលាភី ខ្ញុំព្រះករុណាខ្ញុំ ក៏សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ