ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេលពីរថ្ងៃ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញរបស់ឯកឧត្ដម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាមនោះ។ នេះបើ តាមការបញ្ជាក់ឱ្យដឹងរបស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។
ការធ្វើដំណើរតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៨ និង ៤០នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ដឹក នាំជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។
បើតាមការបញ្ជាក់របស់ ឯកឧត្ដម ស៊្រី ថារង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា មានកិច្ចព្រមព្រៀង និង អនុស្សរណៈចំនួន ៧ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងសន្ធិសញ្ញាបំពេញបន្ថែមមួយទៅលើសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ និង២០០៥ នឹងចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនេះ៕