ឯកសារចំនួន៧ ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នឹងត្រូវចុះ ហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសវៀតណាម

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -កិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ៧ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិ​ការ​ទ្វេ​ភា​គី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  ព្រមទាំងសន្ធិ​ស​ញ្ញា​បំពេញបន្ថែមមួយទៅលើសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ និង២០០៥ នឹងចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះ​រា​ជាណា​ចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀត​ណាម។ នេះបើយោងតាម​កា​​​របញ្ជាក់ឱ្យដឹងរបស់ ឯកឧត្ដម ស៊្រី ថា​រង្គ​ រដ្ឋមន្ត្រី​ប្រ​តិ​​ភូអមនាយករដ្ឋមន្ត្រី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ដឹកនាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ តា​ម​ជើង​យន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម​វៀ​ត​​​ណាម ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញ​របស់ឯកឧ​ត្ដ​ម​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើ​ញ​​ជូ​ន​ដំណើរគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅឯព្រលាន​យន្ត​ហោះ​​​អន្តរ​ជាតិភ្នំពេ​ញ​ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី  ​ក្រ​សួ​​ងមហាផ្ទៃ និ​ង​​ឥ​ស្សរ​ជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែក​មន្ត្រី​ស្ថា​​ន​ទូតវៀត​ណា​​ម​ប្រ​ចាំ​នៅកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

ឯកឧត្ដម ស៊្រី ថា​រង្គ​ រដ្ឋមន្ត្រី​ប្រ​តិ​​ភូអ​ម​នា​យករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំ​ពេញថា គណៈ​ប្រ​តិ​​ភូអញ្ជើញអមដំណើរសម្ដេចតេជោនាយក​រដ្ឋមន្ត្រី រួមមាន សម្ដេចពិជ័យ​សេ​នា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧ​ប​នា​យ​ករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម វ៉ា គឹមហុង ទេ​ស​រដ្ឋ​ម​ន្ត្រី​ និង​ជា​ប្រ​ធា​ន​​អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រ​សួ​ង​​ពាណិជ្ជកម្ម ឯក​ឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម ថោង ខុន រដ្ឋ​មន្ត្រី​ក្រ​សួ​ង​ទេ​សចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច​នៃ​​សភា​ពា​ណិ​ជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្ដមបានឱ្យ​​ដឹងទៀតថា ក្នុងអំឡុងពេលទស្សន​កិច្ច​នេះ​ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី នឹងចូលជួប​សម្ដែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ ឯក​ឧត្ដម ង្វៀ​ន ហ្វូ ជុង អគ្គលេខាធិការ​បក្សនិងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ ង្វៀន ធី​ គីម ងិ​ន​ ប្រធានរដ្ឋសភា​វៀតណាម។ ជាមួយនេះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិ​ភា​ក្សា​​ទ្វេ​ភា​គី​​ជាមួយសម​ភាគីវៀតណាម ឯកឧត្ដម ង្វៀន សួនហ្វុក ដែលក្នុងឱកាសនោះ នា​យ​ក​រដ្ឋមន្រ្តី​ទាំង​ពីរ នឹង​​ពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វភាគី តំបន់ និ​ង​អន្តរ​ជាតិ ដែល​​មានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ច​ប្រជុំ​នា​យ​ក​​រដ្ឋមន្ត្រី​ទាំ​ង​ពីរ នឹងអញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្ដីពីការជំរុ​ញ​​កិច្ច​ស​ហ​ប្រតិ បត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមថ្លែងសន្ទរកថាបើក​សន្និ​សី​​ទ​​ស្ដីពី​ការ​ជំរុញ​វិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។ នៅ​ថ្ងៃទី​ពីរ​នៃទស្សនកិច្ចនេះផងដែរ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទ​បូកសរុប​ការ​ងារ​ខ័​ណ្ឌ​​សីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថានឹងបញ្ចប់ដោយការចុះ​ហត្ថលេខា​លើ​ឯ​ក​​សារ​ច្បា​ប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមាព្រំដែន ៨៤ភាគរយ ដែល​ស​ម្រេ​ច​​បា​ន​។ ក្នុងអំឡុងស្នាក់នៅទីក្រុងហាណូយ សម្ដេចតេជោនាយក​រដ្ឋមន្ត្រី នឹងអញ្ជើញដាក់​ក​ម្រ​​ងផ្កា គោ​រ​ពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍​បុព្វបុរស​និង​យុទ្ធពលី និងនៅវិមានតម្កល់​ស​ព​លោក​ហូ​ជីមិញ។

គណៈប្រតិភជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់​កម្ពុ​ជា​​វិ​ញ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ