សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយដល់ការគាំទ្រដល់វិស័យជលផលនៅកម្ពុជា ប្រមាណជាង១០០លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលត្រូវបញ្ចប់អាណត្តិ​នៅ​ព្រះ​រាជាណាចក្រកម្ពុជាថ្លែងថា សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយដល់ការគាំទ្រដល់វិស័យ​ជល​ផ​ល​នៅកម្ពុជា ប្រមាណជាង១០០លានដុល្លារសហរដ្ឋអាមេរិក ហើយដែលការប្រកាស​ផ្ដល់ជំនួ​យ​​នេះ នឹងធ្វើឡើងនៅថ្ងៃពុធ ទី២១ ខែសីហា ខាងមុខនេះ។

នេះបើយោងតាមឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹង ប​ន្ទា​​​ប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​​នអនុញ្ញាតឱ្យឯកឧត្ដម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចូ​ល​ជួបសម្ដែងការគួរសម និងជម្រាបលានា​ព្រឹ​​ក​ថ្ងៃ​ចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.​ស​២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០​១​៩​ នៅ​វិមា​ន​សន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម G​e​​​orge EDGAR  បានមានប្រសាន៍លើកឡើងអំពីការងារ និងសមិទ្ធផលសំខាន់ៗ​របស់​ឯក​ឧត្ត​ម​នៅ​​ក្នុងរយៈពេល៤ឆ្នាំកន្លងមក ដែល​បានបំពេញ ការងារជាឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម George Edgar បានលើកឡើងដែរថា កន្លងមកនេះ ឯកឧត្តម ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភព អង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដូច្នេះ​ឯក​ឧត្ត​មបានរស់នៅកម្ពុជារយៈពេល៧ឆ្នាំ ហើយឯកឧត្តមក៏បានបញ្ជាក់ពីការរីកចម្រើន​យ៉ាង​ខ្លាំ​ង​​របស់ប្រទេសកម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប(EU) បានលើកឡើង​អំពី​ការងារ​សំ​​​ខាន់ៗ ដែលសហភាពអឺរ៉ុបបានជួយដល់កម្ពុជា ពិសេសលើវិស័យកសិកម្ម​ដែលជាអត្ថ​ប្រ​យោ​​ជន៍ ដល់ប្រជាជន និងប្រទេសកម្ពុជា ហើយសហភាពអឺរ៉ុប  និងប្រកាសបន្ត​ជួយដល់​កម្ពុ​ជា​នៅថ្ងៃពុធខាងមុខនេះថែមទៀត ​​នូវទឹកប្រាក់ប្រមាណជាង​១០០លានដុល្លារ​សហរដ្ឋ​អាមេ​រិ​ក​ ​​​សម្រាប់គាំទ្រដល់វិស័យជលផល ដែលកន្លងមកវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាន​ធ្វើ​កា​រ​កែ​ទម្រង់ដោយលុបចោលនូវឡូនេសាទហើយផ្ដល់ឱ្យសហគមន៍ប្រជាពលរដ្ឋជាអ្នកគ្រប់គ្រង ដើម្បីជា​ផល​ប្រ​យោជន៍របស់ប្រជាជនតែម្ដងកាលពីឆ្នាំ២០១២កន្លងមកនោះ។

ឯកឧត្តម Geo​rg​e Edgar បានបន្តថា ក្រៅពីនេះសហភាពអឺរ៉ុប(EU) ក៏បានជួយទៅ ដល់វិស័យ​ប​ម្រែ​ប​ម្រួ​​ល​អា​​​កាសធាតុ ដែលប្រទេសកម្ពុជា​ជាប្រទេសមួយនៅតំបន់អាស៊ី អាគ្នេយ៍​ហើយងាយ​រង​គ្រោះ​​​ដោយបម្រែបម្រួលអាកាសធាតុ ដែលនេះក៏ជាបញ្ហាពិភពលោក ផងដែរ។ មិនតែប៉ុណ្ណោះ ​ស​ហ​​ភា​ពអឺរ៉ុប  នឹងបន្តជួយលើវិស័យព្រៃឈើរបស់កម្ពុជា ដែលបច្ចុប្បន្ន​ជាការងារអា​ទិភាព​រប​ស់​រា​ជ​រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការកាប់ បំផ្លាញព្រៃឈើខុសច្បាប់។​ ជាមួយគ្នានេះ​ដែ​រ​ ស​ហ​​ភា​ពអឺរ៉ុប​ក៏បានធ្វើវិភាគទានដ៏ថ្លៃថ្លា ទៅដល់តុលាការ​ខ្មែរក្រហមដែល​ជា​តុលាការ​កូ​ន​​កាត់មួយ ឱ្យមានភាពជោគជ័យនាពេល កន្លង​មកផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការរបស់តុលាការខ្មែរក្រហម ដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើ​យ​ស​ម្តេច​ក៏បានអរគុណចំពោះស​ហ​​ភា​ពអឺរ៉ុប​  ដែលបានជួយវិភាគទានក្នុងការស្វែង​រកយុត្តិធម៌​ចំ​ពោះ​​​ប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែល​បាត់បង់អាយុ​ជីវិតប៉ុណ្ណោះ​ទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ​ដែលបានឆ្លង​កាត់របបប្រល័យ​ពូជសាសន៍​នោះ​ថែ​ម​​ទៀតផង។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា នៅក្នុង​ជំនួ​ប​នោះ សហភាពអឺរ៉ុប(EU) នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជាមួយ​រាជរដ្ឋាភិ​បាល​ក​ម្ពុ​ជាជាបន្តទៀត ជាពិសេសការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង​ស​ហ​ភា​ពអឺរ៉ុប ជា​មួយកម្ពុជា ជាពិសេសការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ ហើយ​នៅពេលឆ្នាំ​ខា​​​ង​មុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបផងដែរ ដែល​នៅពេ​ល​នោះ​ នឹងមានថ្នា​ក់ដឹកនាំរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើន ក៏នឹងអញ្ជើញមក​ចូលរួម​កិ​ច្ច​ប្រជុំកំពូលនោះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា