ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ អញ្ជើញទៅទស្សនាប្រាសាទអង្គរ និងប្រាសាទបាយ័ន ក្នុងខេត្ដសៀមរាប

សៀមរាប ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ — នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃ​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កា និងលោកជំទាវ នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩នេះ បានទៅទស្សនាប្រាសាទអង្គរ និង​ប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយមានការអមដំណើរពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួង​ព្រះបរមរាជវាំង និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បើតាមការបញ្ជាក់ពីលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិ​អប្សរា បានឱ្យដឹងថា ប្រធានាធិបតីស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) បានមកទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរនៅពេលនេះ នឹងធ្វើឱ្យមានកិច្ច​សហប្រតិបត្តិការយ៉ាងសំខាន់មួយ ផ្នែកវប្បធម៌ អភិរក្សប្រាសាទជាពិសេសផ្នែកសាសនា ព្រោះស្រីលង្កាក៏បានគោរពជំជឿសាសនាដូចកម្ពុជាដែរ។ លោកសង្ឃឹមថា បន្ទាប់ពីប្រធានា​ធិប​តីស្រីលង្កា បានមកទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរនេះ នឹងជួយផ្សព្វផ្សាយ​ពី​សម្បត្តិវប្បធម៌ និងទំបន់ទេសចរណ៍កម្ពុជាឱ្យកាន់ប្រជាជននៅប្រទេសរបស់ឯកឧត្តម និង​ពិភពលោកឱ្យបានកាន់តែទូលំទូលាយ និងមានភ្ញៀវជនជាតិស្រីលង្កា មកទស្សនាកម្ពុជា​កាន់​តែច្រើន ជាពិសេសទេសចរណ៍សាសនា។

ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena)ប្រធានាធិបតីនៃ​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កាបានកោតស្ងប់ស្ញែង​ពីភាព​អស្ចារ្យ នៃស្នាដៃរបស់​បុព្វបុរស​ខ្មែរដែលបានកសាងប្រាង្គប្រាសាទជាច្រើន បង្កប់នូវរចនាបថ ស្ថាបត្យកម្ម និងគំនូរ​សិល្បៈដ៏ល្អឯក។

សូមបញ្ជាក់ថា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី នៃ​​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កា និងលោកជំទាវបានអញ្ជើញមក​បំពេញ​ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីក៏បាននឹងចូលគាល់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង បានជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើន ដែលត្រូវលើកយកមក​ពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចង​ភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរ​ទស្សនៈ​គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម ផងដែរ៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ