សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់

នៅក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន។

នៅក្នុងសារលិខិតដដែលនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

ទន្ទឺមនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាងការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្របធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ