ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យអង្គការ IFAD ជួយពិនិត្យ និងចែករំលែកនូវបទពិសោធន៍ ដើម្បីដោះស្រាយកង្វល់របស់កម្ពុជា ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវ ជាពិសេសដើម្បីធ្វើយ៉ាណាឱ្យមានពូជ ដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជំរុញការអភិវឌ្ឍវិស័កសិកម្មនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Gilbert F.Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development-IFAD) និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
ឯកឧត្ដម Gilbert F.Houngbo បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឱ្យគណៈប្រតិភូ របស់ឯកឧត្ដមបាន ចូលជួបសម្ដែងការគួរសម និងដើម្បីឈ្វេងយល់ពីស្ថានភាពកសិកម្មនៅក្នុងព្រះរាជា ណាចក្រ កម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា ឯកឧត្ដមបានមកកាន់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលមកដល់កម្ពុជាក្នុងពេលនេះ គឺកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មី និងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យឯកឧត្ដមមានចំណាប់អារម្មណ៍ និងគោរព នូវវីរភាពនៃការដឹកនាំយ៉ាងខ្លាំងរបស់សម្ដេចតេជោជាទីបំផុត។ ឯកឧត្ដមក៏បានគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ឈ្វេងយល់ពីវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ព្រោះស្អែកនេះគណៈប្រតិភូរបស់ឯកឧត្ដម នឹងធ្វើដំណើរទៅកាន់ខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អ ដែលជារៀងដរាបមក ធ្លាប់បានធ្វើការរួមគ្នាជាពិសេសលើវិស័យកសិកម្ម។ សម្ដេចតេជោបានបន្តថា ចំពោះកម្ពុជា វិស័យកសិកម្ម គឺមានការព្រួយបារម្ភទៅលើបញ្ហាជាច្រើន ដែលក្នុងនោះមាន ផលិតកម្ម និងការនាំចេញ គឺសំដៅទៅដល់ទីផ្សារតែម្ដង។ ពាក់ព័ន្ធនិងការនាំចេញ សម្ដេចបានថ្លែងថា កាលដើមឡើយកម្ពុជាបានដាក់ចេញនូវនយោបាយនាំអង្ករចេញចំនួន១លានតោន ប៉ុន្តែគោលនយោបាយនេះ ពុំបានទទួលជោគជ័យនោះទេ គឺជោគ ជ័យត្រឹមតែ ៥០ភាគរយ តែប៉ុណ្ណោះ នោះគឺការផលិតស្រូវ គឺមានការកើនឡើងតាមគោល ដៅមែន ប៉ុន្តែការនាំចេញគឺពុំទាន់ទទួលជោគជ័យនៅឡើយ។ សម្ដេចតេជោបានបញ្ជាក់ថា កត្តាមិនជោគជ័យនេះគឺមូលហេតុចំនួនពីរ ទី១៖ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានគឺផលិតស្រូវ និងអង្ករ ដើម្បីនាំចេញដូចគ្នាដែរ ទី២៖ ការផលិតរបស់កម្ពុជាគឺមានតម្លៃខ្ពស់នូវឡើយ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យអង្គការ IFAD ជួយពិនិត្យមើល និងចែលរំលែកនូវបទពិសោធន៍ និងស្រាវជ្រាវដែលមាន ដើម្បីចែករំលែកដល់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការបារម្ភដទៃទៀតនោះ រួមមានការកើនឡើងនូវចំនួនប្រជាជនម្ពុជា ដែលជំរុញដល់តម្រូវការទំហំដីសម្រាប់ធ្វើកសិកម្មកាន់តែច្រើនឡើង។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ប្រាប់គណៈប្រតិភូ IFADថា កម្ពុជាកំពុងជំរុញធ្វើយ៉ាងណាឱ្យប្រជាកសិករធ្វើការដាំដុះនៅលើទីតាំងផ្ទៃដីដែលសមស្រប និងដំណាំកសិកម្ម ដែលអាចទទួលបានផលច្រើន ព្រមទាំងជំរុញការអនុវត្តប្រពលវប្បកម្មឱ្យទទួលបានផលច្រើននៅលើផ្ទៃដីដែលមានស្រាប់ ដោយពុំចាំបាច់ពង្រីកផ្ទៃដីឡើយ។ សម្ដេចតេជោក៏បានជម្រាបជូនប្រតិភូ IFAD អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលក្នុងន័យនេះតម្រូវឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីធ្វើយ៉ាណាឱ្យមានពូជដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះបាន។ ពាកព័ន្ធនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានដាក់ចេញនូវអាទិភាពបួនតាំងពីឆ្នាំ១៩៨៥មកម្លេះ នោះគឺមានទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ប៉ុន្តែនៅពេលនេះ អាទិភាពនេះក៏បានប្រែប្រួលមកវិញទៅជា ធនធាន មនុស្ស ទឹក ផ្លូវ និងភ្លើងវិញ។ សម្ដេចតេជោបន្ដថា ការប្រែប្រួលនេះទៀតសោត គឺបន្ទាប់ពីមានការវិវត្តន៍ជាច្រើននាពលកន្លងមក ជាពិសេសការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ ក្នុងតំបន់ជនបទនៅកម្ពុជា ដែលក្នុងន័យនេះ ធ្វើឱ្យកម្ពុជាអាចទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគឺដោយសារការតភ្ជាប់ និងការបែងចែកផលសេដ្ឋកិច្ចដល់គ្រប់ទីកន្លែងទាំងអស់ក្នុងជនបទទាំអស់ប្រកបដោយសមធម៌៕