សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរីករាយដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការរីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) នៅក្នុងកម្មវិធីសង្គម និងវប្បធម៌ នារាត្រីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា “ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការអង្គការ ពាណិជ្ជ​កម្ម​ពិភពលោក (WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និ​ង​វប្បធម៌”។ សម្ដេចតេជោបានបញ្ជាក់ថា ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិ​យើង ដែលបង្ហាញ​ពី​សា​មគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែល​មាន​គ្រឿងផ្សំជា​ច្រើន​នាំ​មក​នូវក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាព ពិតៗ។ សម្ដេចតេជោបានបន្ថែមថា “យើងចូល​រួម​ឱ្យ​ត​ម្លៃ​លើកតម្កើងម្ហូបអាហារ និងនំចំណី​ខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូច ​ធំ ​ទាំងក្នុង និងក្រៅប្រទេស”។ សម្ដេច​តេជោក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង​សំណាងល្អគ្រប់​ទីកន្លែង។

គួរបញ្ជាក់ដែរថា ក្នុងខណៈដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​​ក​ល​លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ២០១៩» នារាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គ​ម​ហា​​សេនា​ប​តី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិប​តី​ដ៏​ខ្ពង់ខ្ពស់ ក្នុ​ង​ពិធីបើកកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែល ប្រារព្វធ្វើឡើងនៅទី​ស្នាក់​ការ​កណ្តាល អ​ង្គ​​ការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ ក្នុងពីធីនោះ  ក៏មានការអញ្ជើញ​ចូ​​លរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយ​កអង្គការពាណិជ្ជក​ម្មពិភ​ព​លោ​ក ព្រម​ទាំង​វត្ត​មា​ន​ ឯកឧត្តម លោកជំទាវ អនុប្រធា​នាធិបតី និងតំណាង​ប្រទេសនៃ​សមា​ជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោកជាច្រើនរូប។ ក្នុង​ព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត និង​ក្នុងនាម​ជា​ប្រ​ទេ​សម្ចាស់ផ្ទះ ដែលរៀបចំ ព្រឹត្តិ​ការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែ​​ន និងថ្នាក់ដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​ស​មា​ជិ​ក​ អង្គការពាណិជ្ជកម្ម​ពិភ​ព​​លោក អញ្ជើញពិសារនំបញ្ចុក និង​បង្អែមប្រពៃណីជាតិខ្មែរ ដែល​រៀ​ប​​ចំ​ដោយអ្នកចុង​ភៅ​មក​ពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​នៅសហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំនៃអង្គការពាណិជ្ជ​កម្មពិ​ភព​លោ​ក និងថ្នាក់ដឹកនាំនៃប្រ​ទេ​ស​ជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ដែលមានវត្ត​មា​ន​​ក្នុងកម្មវិធីព្រឹត្តិការណ៍​ស​ង្គ​​ម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះ​រស់​ជាតិ​ នៃម្ហូបប្រពៃណីជាតិខ្មែរ គឺ​នំបញ្ចុកដែលមានរស់ជាត់ឈ្ងុយឆ្ងាញ់​ពិសារនេះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ