ប្រមុខដឹកនាំនៃបណ្ដាប្រទេសអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលព្រះ​រាជាណាចក្រ​ថៃ​ ធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២២ និងបន្តដល់​ព្រឹ​ក​​ថ្ងៃ​ទី២៣មិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នេះបើយោងតាម​ការ​ឱ្យ​​ដឹងរបស់​អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។

នៅក្នុងកិច្ចប្រជុំកំពូល​ប្រចាំឆ្នាំរបស់ខ្លួន ប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស​អាស៊ាន​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអា​ស៊ានជាមួយនឹង​តំណាង​អន្ត​រសភាអាស៊ាន តំណាងយុវជនអាស៊ាន និងជា​មួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ច​អាស៊ាន ដើម្បី​ធ្វើការពិនិត្យឡើងវិញពីវឌ្ឍនភាពនានា ដែល អាស៊ានសម្រេចបានក្នុងចន្លោះ​ពេល​ពី​មួ​យ​​ឆ្នាំ​ទៅមួយឆ្នាំ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ឆ្នាំ២០១៩ ដែលព្រះរាជាណា​ចក្រថៃ ធ្វើ​ជា​ម្ចាស់ផ្ទះ បានប្រព្រឹត្តទៅក្រោមប្រធានបទ ជំរុញ​ភាព​ជា​ដៃ​គូសម្រាប់ចីរភាព។ ក្នុងរបៀប​វា​រៈ​​ដែលបានគ្រោងទុកនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​អាស៊ាន បានសង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការជំរុញភាពជាដៃគូសម្រាប់ចីរភាព ដើម្បីសម្រេច​បាន​ នូវសហគមន៍​អាស៊ានមួយ ដែល​យ​ក​ចិត្តទុកដាក់និងផ្តោតលើប្រជាជន ដោយមិនទុកចោល​នណាម្នាក់ ក្នុង​បរិយាកាស​តំបន់ ​និង​សកលលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ក្នុងកិច្ច​ប្រ​ជុំ​ដ៏មានសារៈសំខាន់នោះ ថ្នា​​ក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុកដាក់ទៅលើបញ្ហា​ស្នូល​​របស់អាស៊ាន ការពង្រឹ​ង​​កសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់​បន្ថយគម្លាត នៃការអភិវឌ្ឍអា​ស៊ា​​ន ក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យអាស៊ាន ឆ្លើ​​យតបទៅនឹងការប្រឈម នៃគ្រោះមហន្តរាយដោយ​ការប្រែ​ប្រួលអាកាសធាតុ ជាពិសេស​ពាក់​ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាម ដែលបច្ចុប្បន្ននេះ កំពុង​តែរាតត្បាតនៅតាម​ឆ្នេរ​ កោះ នៃ​ប្រទេ​សសមាជិកអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន​បាន​ផ្លាស់ប្ដូរមតិយោបល់ ពិភាក្សា​លើ​បញ្ហា​ប្រឈមលើការគ្រប់គ្រង បញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាល​អាស៊ាន ក៏​បាន​​ជំរុញធ្វើយ៉ាងឱ្យអាស៊ាន ដើរតួនាទីសំខាន់ក្នុង​យន្តការ​សាមគ្គីភាព  ការតភ្ជាប់​អា​ស៊ា​ន​ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក្នុង​គោលបំណងធ្វើយ៉ាងណាឱ្យអាស៊ាននេះ ឆ្លើយតប​នឹងអ្វីដែលអាស៊ាន កំពុងតែកសាង​ស​ហ​​គមន៍​នេះ។ លើសពីនេះទៀត ក្នុងកិច្ចប្រជុំនេះ​មេដឹកនាំអាស៊ាន ក៏បានជំរុញធ្វើយ៉ាងណា ឱ្យ​​អាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយ​ក៏បានឯកភាពទៅលើប្រធានបទ ដែលដាក់ចេញ​ដោ​យប្រធានអាស៊ាននេះ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ សម្តេច​តេជោ​ ហ៊ុន សែន នាយ​ករ​ដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើដល់អង្គប្រជុំអាស៊ាន ជា​ពិ​សេ​ស​ប្រមុខរដ្ឋាភិបា​ល​​អាស៊ាន ឱ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដើម្បីការអភិវឌ្ឍ និង​ភាព​រីកចម្រើនរបស់អាស៊ានទាំងមូល។ សម្ដេចតេជោក៏បានបន្តថា ដោ​យ​​សារឆ្នាំនេះ​គឺជាខួប​២០​ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយកន្លងមកនេះ កម្ពុជា​ក៏​បាន​​គោរពទៅ​តាម​គោ​​លការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាសមាជិក​អាស៊ាន​នេះ​ ពិសេស​ការចូល​រួម​​ថែ​រក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេស​ពាក់​ព័ន្ធ​​ទៅនឹងមជ្ឈ​មណ្ឌ​ល​​កម្ចាត់មីនតំបន់អាស៊ាន ដែលអណត្តិនេះ នឹងមានទីតាំងនៅក្នុង​ប្រទេ​ស​​កម្ពុជា ដែលមាន​ការ​ជួយ​ពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទីយ៉ាងសំ​ខាន់​នៅ​ក្នុង​ការឆ្លើយតប​ទៅ​​នឹង​ចក្ខុវិស័យរបស់អាស៊ាន។ នៅក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ មេ​ដឹក​នាំ​អា​ស៊ាន​បានអនុម័ត នូវសេចក្តីប្រកាសទស្សនវិស័យ របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ភា​ព​ជាដៃ​គូ​សម្រាប់ចីរភាព ដែលមានគោលបំណងបង្កើតចីរភាព គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំង​ចីរ​ភាព​សន្តិ​សុខ តាម​រយៈការធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តជាយុទ្ធសាស្រ្ត កំណើនសេដ្ឋ​កិច្ច​ចីរ​ភា​ព និងការ​អភិ​វឌ្ឍ​ចីរភាព ក៏ដូចជាសន្តិសុខមនុស្សជាតិដោយចីរ​ភាព។ សេចក្តីប្រកាសនោះ ក៏បាន​សង្កត់​ធ្ងន់​លើ​ការបន្ត និងចីរភាព ក្នុងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងនានា ក្នុង​ការកសាង​សហគមន៍​របស់អាស៊ាន ការបន្តចីរភាពក្នុងភាពជាដៃគូ​ជាមួយភាគីពាក់ព័ន្ធ​ក្នុង​អា​ស៊ាន និង​ជាមួយ​សហ​គមន៍​អន្តរជាតិ ដើម្បីទទួលបានសន្តិភាពដ៏រឹងមាំ ស្ថិរភាព និងវិបុល​ភា​ពក្នុងតំបន់ ដើម្បីផល​ប្រយោជន៍នៃប្រជាជនអាស៊ាន។ លើសហគមន៍​នយោបាយ សន្តិ​សុ​ខ​​អាស៊ាន មេដឹក​នាំអាស៊ាន​បានស្វាគមន៍ចំពោះការដាក់បញ្ចូលមជ្ឈមណ្ឌល វេជ្ជសាស្រ្តយោ​ធា​​អាស៊ាន ជាអង្គភាព​ឧប​សម្ព័ន្ធ​ ស្ថិតនៅក្រោមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន នៅក្នុង​ឧប​​សម្ព័ន្ធទី១ នៃធម្មនុញ្ញ​អា​ស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាក្នុងការ​លើក​​កម្ពស់​កិច្ចសហ​ប្រតិ​បត្តិ​ការ​សន្តិសុខ តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីធានា និង​ការ​កសាង​ប្រព័ន្ធ​អ៊ីនធើណែតមួយ​ប្រកប​ដោយ​សុវត្តិភាព សន្តិសុខ និងរឹងមាំ ដែលគាំទ្រដល់​សេដ្ឋ​កិច្ច​ឌីជី​ថល ក្នុងតំបន់អាស៊ាន តាមរយៈ​យន្តការសម្របសម្រួលមួយដែលអាចធ្វើទៅបាន ដើម្បី​កា​​​រ​ពិភាក្សា​ពាក់ព័ន្ធនឹងប្រព័ន្ធ​អ៊ីនធើណែតអាស៊ាន ការអនុវត្តវិធានការកសាងទំនុកចិត្ត​​ជាក់​ស្តែ​ង និងការអនុម័តនូវបទដ្ឋានមួយ ជា​រួម ​ដោយស្ម័គ្រចិត្ត និងបទដ្ឋានមួយចងភ្ជាប់កាតព្វកិច្ច​របស់រដ្ឋ ក្នុងការទទួលខុសត្រូវនៅក្នុងលំហ​អ៊ីនធើណែត ដោយយោងតាមសេចក្តីប្រកាស   ​រប​ស់​ថ្នាក់ដឹកនាំអាស៊ាន ស្តីពីកិច្ចសហប្រតិ​បត្តិ​ការ​សន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ក្នុងនោះ រួម​មា​ន គោលការណ៍ណែនាំរបស់រដ្ឋមន្រ្តី ក្នុងការ​បង្កើតផែនការណ៍គោលស្តីពីឌីជីថល​អាស៊ាន​ឆ្នាំ​​២​០២៥។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ​អាស៊ានមានសេចក្តីរីការាយ ដោយ​កត់​ស​ម្គា​ល់​​ឃើញថា ការពិនិត្យពិចារណាអំពីការ​ស្នើសុំ​របស់​ទីម័រឡេស្តេ​ចូលជាសមាជិក​អាស៊ាន កំពុ​ង​មាន​ការរីកចម្រើន។ ជាមួយនឹងការត្រៀម នៃសសរ​ស្តម្ភសហគមន៍ទាំងបី សម្រាប់បំពេញ​បេ​ស​កកម្ម ស្វែងរកការពិតរបស់ខ្លួន នៅប្រទេស​ទីម័រ​ឡេស្តេ ហើយទន្ទឹង​រងចាំមើលលទ្ធផល​នៃ​ដំណើរការបេសកកម្មនោះ មេដឹកនាំអាស៊ាន បាន​បញ្ជាក់សារជាថ្មីនូវ​ការត្រៀមខ្លួន​ដើម្បី​ផ្តល់​ជំនួយក្នុងការ កសាងសមត្ថភាពដល់ប្រទេស​ទីម័រ​ឡេស្តេ។ លើស​ពីនេះ សហគមន៍សេដ្ឋកិច្ច​អា​ស៊ា​​ន មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការ​បញ្ចប់កិច្ចចរចាភាពជា​ដៃគូសេដ្ឋ​កិច្ច​​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៩នេះ និង​ជំរុញឱ្យរដ្ឋមន្រ្តី និងមន្រ្តីបង្កើត​កិច្ច​ខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីសម្រេចបាននូវគោលដៅនេះ ដែលអនុលោមទៅតាមផែន​កា​រ​​ ​ការងារ RCEP ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តី ដែលជាហត្ថលេខីនៃកិច្ច​ព្រម​ព្រៀង​ RCEP ក្នុងអំឡុងពេល នៃកិច្ចប្រជុំនៅខេត្តសៀមរាប ព្រះ​រាជាណាចក្រកម្ពុជា កាលពី​ខែ​មី​នា ឆ្នាំ២០១៩។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ​​អាស៊ាន​ក៏បានស្វាគមន៍​ការចុះ​ហត្ថ​លេខា លើពិធីសារវិសោធនកម្មកិច្ច ព្រមព្រៀងភាពជា​ដៃគូសេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ រវា​ង​​អាស៊ាន ជប៉ុន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៩ នៅ​ខេត្ត​សៀមរាប ប្រទេសកម្ពុជា និង​ទន្ទឹ​ង​​រង់​ចាំការអនុវត្តកិច្ចព្រមព្រៀងនោះ នា​ពេលឆាប់ៗ ខាងមុខ។ ជាមួយគ្នា​នេះ មេដឹកនាំអា​ស៊ា​ន​​ក៏​បាន​ស្វាគមន៍ ចំពោះការចូលជាធរមាន​នូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាងអាស៊ាន ហុ​ង​​កុង និងចិន និងកិច្ចព្រមព្រៀងវិនិយោគ រវាង​អាស៊ាន ហុងកុង និងចិន។ ទន្ទឹមនេះ មេ​ដឹក​​នាំ​អាស៊ានក៏បានសម្ដែងនូវការព្រួយបារម្ភ ជុំវិញ​និន្នាការកើនឡើង នៃគំនិត​គាំពារនិយម និង​ការប្រឆាំងសកលភាវូបនីយកម្ម ដែលបន្តប៉ះ ពាល់ដល់សេដ្ឋកិច្ចសាកលលោក និងបង្ក​ការ​គម្រាមកំហែងដល់ពហុភាគីនិយម។ អាស្រ័យ​ហេតុនេះ មេដឹកនាំអាស៊ានបានអះ​អាង​​ជា​ថ្មី​ នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការលើក​កម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី​ប្រកប​ដោ​យ​បរិយាប័ន្ន តម្លាភាព និងប្រព័ន្ធពហុភាគី​ដែល​មានច្បាប់ជាមូលដ្ឋាន។ សហគមន៍សង្គម វប្ប​ធម៌អាស៊ាន មេដឹកនាំទាំងអស់បាន​កត់សម្គាល់​ដោយពេញចិត្ត ចំពោះការអនុម័តឯកសារ​ទស្សន​ទាន និងលក្ខន្តិកៈ សម្រាប់បណ្តាញ​សមាគមអាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន ដោ​យកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល​អាស៊ានលើកទី២៣ ក្នុងគោលបំណងលើកកម្ពស់​ការ​​​យល់ដឹងជាសាធារណៈអំពីអាស៊ាន និងអត្តសញ្ញាណអាស៊ាន ក៏ដូចជាការពង្រឹង និងពង្រី​ក​​ការគាំទ្រដល់មូលដ្ឋាន​ទៅលើ​សហ​គមន៍អាស៊ាន នៅក្នុងប្រទេសជាសមាជិកអាស៊ាន។ ជាមួយ​គ្នានេះ មេដឹកនាំទាំងអស់ ក៏ទន្ទឹងរង់ចាំកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូង នៃបណ្តាញសមា​គម​​នេះ ក្នុង​ប្រទេសថៃ​ក្នុង​ឆ្នាំ២០១៩​នេះ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់ បាន​សម្ដែ​ងនូវ​ការ​ព្រួយបារម្ភពីការកើនឡើងយ៉ាងខ្លាំង និងឆាប់រហ័ស នៃកាក​សំណល់សំរាម​ក្នុង​សមុទ្រ និង​ទទួល​ស្គាល់នូវសេចក្តីត្រូវការបន្ទាន់ សម្រាប់កិច្ចសហប្រតិបត្តិ​ការក្នុងតំបន់​ដ៏​រឹង​​មាំ ក្នុង​ចំណោម​សមាជិកអាស៊ានជាមួយដៃគូ ដើម្បីដោះស្រាយបញ្ហានោះ ឱ្យមានប្រសិទ្ធ​ភា​ព។ តាមរយៈនោះ​មេដឹកនាំអាស៊ាន បានស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពិសេស​អាស៊ាន ស្តី​ពី​កាកសំណល់​សំរាម​ក្នុងសមុទ្រ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែ​លបានអនុម័ត​សេច​ក្តី​ថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រឆាំងនឹងកាកសំណល់សំរាម ក្នុងសមុទ្រនៅក្នុងតំបន់​អា​ស៊ាន ពិសេសទៅទៀតនោះមេដឹកនាំអាស៊ាន បានស្វាគមន៍​ក្រម​ខ័ណ្ឌ​សកម្មភាពអាស៊ាន ស្តីពី​កាក​សំណល់សំរាមក្នុងសមុទ្រ ដើម្បីពង្រឹងសកម្មភាពរួមគ្នា ក្នុ​ង​ ចំណោមសមាជិកអាស៊ាន និង​ជាមួយដៃគូ ដើម្បីទប់ស្កាត់ និងកាត់បន្ថយយ៉ាងខ្លាំងនូវសំ​ណ​ល់​ក្នុងសមុទ្រ ជាពិសេស​ពីសកម្ម​ភាពនៅលើដី។ លើទំនាក់ទំនងដៃគូខាងក្រៅអាស៊ាន មេ​ដឹកនាំ​អាស៊ាន បានកត់សម្គា​ល់ដោយ​ពេញចិត្ត នូវការពង្រឹងទំនាក់ទំ​នងជាមួយដៃ​គូស​ន្ទ​នា​ តាមផ្នែក និងដៃគូអភិវឌ្ឍន៍ តាម​រយៈយន្តការដែលមានស្រាប់ ផែនការ​សកម្មភាព និងកម្មវិធី​កិច្ច​​សហប្រតិបត្តិការអភិវឌ្ឍនានា។ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ដោយ​ការ​​​​ពេញចិត្ត ចំពោះការរួមចំណែករបស់​ដៃគូអាស៊ានទាំងអស់ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​កសាង​សហគមន៍អាស៊ាន។ មេដឹកនាំ​អា​ស៊ាន​ក៏បានរំពឹងទុកថា ការប្រារព្ធខួបអនុស្សាវរីយ៍ ៣០​ឆ្នាំ នៃទំនាក់តំនងជាដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺ ដើម្បី​ពង្រឹងនូវភាពជាដៃគូថែមទៀត។ ទន្ទឹម​នឹង​នេះ មេដឹកនាំអាស៊ានក៏បានធ្វើការ​កត់   សម្គា​ល់​នូវកំណើននៃការចាប់អារម្មណ៍ពីបណ្តាប្រទេស និងអង្គការតំបន់នានា ដែលស្ថិត​នៅក្រៅ​តំប​ន់​ ដើម្បីភ្ជាប់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ​ ឱ្យ​កាន់​តែរឹងមាំថែមទៀត ជាមួយ​អាស៊ាន រួម​ទាំ​ង​​​តាមរយៈ​ការចាត់តាំងឯកអគ្គរដ្ឋទូត រាជទូត ចំនួន​៩១ នៃបណ្តាប្រទេស​ដែលមិនមែន​ជាស​មា​ជិ​ក​អាស៊ាន ប្រចាំអាស៊ាន។ លើបញ្ហា និង​ការអភិ​វឌ្ឍតំបន់ និងអន្តរជាតិ មេដឹកនាំអាស៊ាន បា​នបញ្ជាក់សារជាថ្មីនូវសារសំខាន់នៃការរក្សា និង​លើក​ស្ទួយសន្តិភាព សន្តិសុខ ស្ថិរភាព សុ​វ​ត្ថិ​ភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះ​ហើរ​លើសមុទ្រ​ចិន​ខាងត្បូង និងបានទទួ​ល​ស្គាល់ផល​ប្រយោជន៍ជាច្រើន នៃសមុទ្រចិនខាងត្បូង ជា​សមុទ្រ សន្តិភាព ស្ថិរភាព និងវិ​បុ​ល​ភាព។ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់នូវសារសំខាន់ នៃការអនុវត្តពេញលេញ និ​ង​ប្រ​សិទ្ធ​ភាពនៃសេចក្តី ថ្លែងការណ៍ឆ្នាំ២០០២ ស្តីពីការប្រតិបត្តិ​នៃ​ភាគីនៅ​សមុ​ទ្រចិនខាង​ត្បូង​ (D​O​​C)។ មេដឹកនាំ​អាស៊ាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​ការ​បន្ត​ធ្វើឱ្យប្រសើរឡើង នូវកិច្ច​ស​​ហប្រតិបត្តិការ រវាងអាស៊ាន និងចិន ដែលត្រូវបានលើក​ទឹក​ចិត្តដោយវឌ្ឍនភាពនៃការចរចា​សំ​ខាន់​ៗ ឆ្ពោះទៅបញ្ចប់កិច្ចចរចាក្រមប្រតិបត្តិសមុទ្រ​ចិនខាង​ត្បូង ដោយប្រសិទ្ធភាព និង​ល​ម្អិត​ ក្នុងពេលវេលា​ជាក់លាក់ដែលបានឯកភាពគ្នា។ មេដឹកនាំ​អាស៊ាន​ក៏បានស្វាគមន៍​កិច្ចប្រឹ​ង​ប្រែ​ង ដើម្បីបញ្ចប់ការពិនិត្យពិភាក្សាជុំទី១ នៃសេច​ក្តីព្រាង​ក្រម​ប្រតិបត្តិសមុទ្រចិនខាងត្បូង (C​O​​C) ក្នុងឆ្នាំ២០១៩នេះ​។ ជាមួយគ្នានេះមេដឹកនាំ​ទាំងអស់ បាន​សង្កត់ធ្ងន់នូវសារៈសំខាន់ នៃ​កិ​ច្ច​​សន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធ​ទាំង​​អស់ ដើម្បីទទួល​បាន​នូវសន្តិភាព និងស្ថិរភាព​យូរ​អង្វែង ក្នុងឧបទ្វីបកូរ៉េ ដោយគ្មាន​អាវុធ​នុយក្លេអ៊ែរ និងបាន​ស្វាគមន៍​គំនិតផ្តួចផ្តើម និងកិច្ច​ខិត​ខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ដើម្បីជំរុញឱ្យ​មានការសន្ទនា​ជា​មួ​យសាធារណរដ្ឋប្រជាមានិត ប្រជា​ធិបតេយ្យកូរ៉េ។ ជាមួយគ្នា​នេះ ​មេដឹកនាំអាស៊ាន ក៏បាន​ជំ​រុញឱ្យភាគីពាក់ព័ន្ធបន្តធ្វើការងារ ឆ្ពោះទៅកាន់ការទទួល​បាន​នូវ​សន្តិភាព និងស្ថិរភាព​យូរ​អ​ង្វែ​​ងក្នុងឧបទ្វីបកូរ៉េ ដែលគ្មានអាវុធ​នុយក្លេអ៊ែរ រួមទាំងតាម​រយៈ​ការអនុវត្តពេញលេញ និង​ឆាប់​រហ័សនៃសេចក្តីថ្លែងការណ៍​ផានមុនយុម (Panmunjom Declaration) សេចក្តីថ្លែងការណ៍​រួ​ម​ទី​ក្រុងព្យុងយ៉ាង (Pyongyang Joint Declaration) និងតាមរយៈសេចក្តីប្រកាសរួម ដោយ​ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នានេះ មេ​ដឹកនាំអាស៊ានក៏បានរម្លឹ​ក​ឡើងវិញនូវការប្តេជ្ញា​ចិត្ត​ដើម្បី​ការអនុវត្តពេញលេញ នូវសេ​ចក្តី​ស​ម្រេច​របស់ក្រុមប្រឹក្សា​សន្តិ​សុខ អង្គការសហប្រជាជាតិពាក់​ព័ន្ធ​នានាទាំងអស់ និងកត់សម្គា​ល់អំពីកិច្ចខិតខំប្រឹងប្រែង​ជាអន្តរជាតិ ដើម្បីនាំមកនូវការលុប​បំបាត់​អាវុធនុយក្លេអ៊ែរទាំងស្រុង ដោ​យមានការពិនិត្យ​ផ្ទៀងផ្ទាត់។ នៅក្នុងកិច្ចប្រជុំកំពូល​នោះ​ដែរ មេដឹកនាំអាស៊ានក៏បានស្វា​គម​ន៍ទស្សនវិស័យ​អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹង​ណែនាំ​ផ្លូវអាស៊ានទៅ​ក្នុងតំបន់ឥ​ណ្ឌូ​ប៉ាស៊ីហ្វីក ឱ្យកាន់​តែទូលំទូលាយ។ ​កិច្ចប្រជុំកំពូលអាស៊ានលើក​ទី​៣៤ ក៏បានឈានទៅចេញ​សេច​ក្តី​ប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៤ ក្រោម​ប្រធានបទ ជំរុញភាព​ជា​​ដៃគូ​សម្រាប់ចីរភាព។ សម្រាប់បណ្តាមេដឹកនាំអាស៊ានក៏បាន អនុម័តសេចក្តីថ្លែងការ​ណ៍​​ទីក្រុង​បាងកក ស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណល់នៅក្នុងទឹក ក្នុងតំបន់អាស៊ាន។ អ​នុម័​ត​សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩។ អនុម័តទស្ស​ន​​វិស័យ​អាស៊ាន ស្តីពីឥណ្ឌូ ប៉ាស៊ីហ្វិក រួមទាំងបានធ្វើការកត់សម្គាល់លើឯកសារ ជាច្រើន​ទៀ​ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ