ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុ កាលពីព្រឹកមិញនេះ។
សម្តេចបានមានប្រសាសន៍តាមបណ្តាញសង្គមហ្វេសប៊ុក៖ « ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ »
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ត៖ « នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ថ្ងៃទី២២ មិថុនា នេះ ក៏មានឧបទ្ទេវហតុបាក់រលំអគារសំណង់កំពុងសាងសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់។ » សម្តេចបានបញ្ជាក់ថា ទោះបីសម្តេចជាប់ប្រជុំក៏ដោយ ក៍សម្តេចនៅតែតាមដានដំណើរការរុករក និងសង្រ្គោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើសុំការយោគយល់ពីបងប្អូនជនរួមជាតិ សូមកុំទាន់និយាយដល់រឿងដកឬតែងតាំង តែត្រូវផ្តោតការយកចិត្តទុកដាក់លើការរុករក និងសង្រ្គាះជាមុនសិន។ នេះជាការឆ្លើយតបរបស់សម្តេច ទៅកាន់អ្នកលេងហ្វេសប៊ុក ដែលចូលទៅសរសេរនៅក្នុង Comment របស់សម្តេចតេជោ សុំឱ្យសម្តេច ដកលោក យន្ត មីន ចេញពីអភិបាលខេត្តព្រះសីហនុ ហើយតែងតាំងអ្នកថ្មី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បាន និងកំពុងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត រហូតដល់ថ្ងៃទី២៣ ខែមិថុនា។
សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធដទៃទៀតរាប់រយនាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីសង្គ្រោះជនរងគ្រោះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ រហូតមកដល់ម៉ោង ៨យប់នេះ មនុស្ស៧នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ និង២៣ នាក់ផ្សេងទៀតរងរបួស ខណៈដែលការរុករក និងសង្គ្រោះអាយុជីវិតជនរងគ្រោះនៅតែបន្ត។
មនុស្សចំនួន៤ នាក់ត្រូវបានចាប់ខ្លួន ដើម្បីសាកសួរ ហើយការស៊ើបអង្កេតទៅលើមូលហេតុពិតប្រាកដនៃការដួលរលំនេះត្រូវបានធ្វើឡើង។