សម្ដេចតេជោ ហ៊ុន សែន រម្លឹកថ្ងៃយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤២ឆ្នាំមុន

ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកថ្ងៃ​ស​ម្រេច ចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពី​រប​ប​​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤២ឆ្នាំមុន (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សម្ដេ​ច​តេ​ជោ​ ហ៊ុន សែន បានសរសេរថា ថ្ងៃ២០ មិថុនា ២០១៩ នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃ​ដែល​សម្ដេច​សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពី​រប​បប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។ សម្ដេច តេជោបានបញ្ជាក់ថា “ទោះបី​ពេ​ល​នេះ​ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តី សុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែក​រា​ប់​​ម៉ឺនរាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញ ពីមាតុភូមិចោលប្រជាជនកម្ពុជា​ដែល​កំពុ​ងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ”។ សម្ដេចតេជោបានលើកឡើងថា សម្ដេចអត់​មាន​ជ​ម្រើ​សឱ្យល្អ​ជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ ហើយជម្រើ​ស​​ប្រកប​ដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីក​ចម្រើ​ន​​រហូតដល់សព្វថ្ងៃនេះ។ សម្ដេចតេជោបានបន្ថែមថា ដើម្បីរម្លឹកដល់ការឈឺចាប់នាពេលនោះ សម្ដេចបានរៀបចំចម្រៀង​មួយ​ប​ទ​​មានចំណងជើងថា (សំបុត្រដែលពិបាកសរសេរបំផុត) ទុកសម្រាប់ការស្តាប់ និងឈ្វេងយល់​រប​ស់បងប្អូនជនរួមជាតិ។

គួរបញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹ​ក​នាំ​​យុទ្ធមិត្ត​ ៤​រូប​ទៀត ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ចាក​ចេញពី​ទឹកដី​កម្ពុជា នៅ​ទីតាំង​កោះ​ថ្ម ឃុំ​​ទ​​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម (សព្វថ្ងៃ​ខេត្ត​ត្បូងឃ្មុំ) ឆ្ពោះទៅកាន់​ទឹកដី​វៀតណាម ដើម្បី​​ រៀ​បចំ​ចលនា​តស៊ូ វាយ​ផ្តួលរលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់​ទទួលបាន​ជ័យ​ជម្នះ​​ទាំងស្រុង នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ