ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យអាល្លឺម៉ង់ បន្តជួយដល់កម្ពុជាទៀត ជាពិសេសលើវិស័យដោះមីន និងមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាន នៅកម្ពុជា។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្ដម Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Ingo Karsten បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តម នៅកម្ពុជាកន្លងមកគឺស្ថិតនៅក្នុងពេលវេលា ដែលគួរជាទីចាប់អារម្មណ៍ជាទីបំផុត។ ឯកឧត្តមបានបន្ដថា បេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា គឺចំពេលដែលគួរជាទីចាប់អារម្មណ៍បំផុត ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចនិងនយោបាយ គឺចំពេលដែលសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយរបស់កម្ពុជាមានកម្លាំង មានសន្ទុះ និងការអភិវឌ្ឍយ៉ាងខ្លាំង។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការរីករាយ ដែលបានឃើញធ្វើជាសាក្សី នៃការអភិវឌ្ឍនេះ និងបានចូលរួមចំណែកធ្វើការជាមួយកម្ពុជា ដែលជាដៃគូដ៏ល្អ ក្នុងដំណើរឆ្ពោះទៅ កាន់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជាមួយនឹងការរីករាយ អបអរសាទរ ពីអ្នកវិនិយោគ មកពីប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងទីផ្សាររបស់កម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណ ជូនដល់ឯកឧត្តម Ingo Karsten ចំពោះចំណាប់អារម្មណ៍របស់ឯកឧត្តម ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍នោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយក៏ជាសមិទ្ធផល ដែលកម្ពុជាទទួលបាន តាមរយៈយុទ្ធសាស្ត្ររបស់កម្ពុជាពីរ គឺការកែប្រែតំបន់សង្គ្រាម ឱ្យទៅជា តំបន់អភិវឌ្ឍន៍ទីផ្សារ កែប្រែព្រំដែនឱ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នានោះដែរ គឺកែប្រែព្រំដែន ឱ្យក្លាយទៅជាតំបន់ ទីផ្សារ ពាណិជ្ជកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្ដម Ingo Karsten និងរដ្ឋាភិបាល ក៏ដូចជាប្រជាជនអាល្លឺម៉ង់ដែរ ដែលជារៀងដរាបមក បានជួយ កម្ពុជា ទាំងវិស័យដោះមីន ទាំងការអភិវឌ្ឍជនបទ ទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលទាំងនោះគឺជាសន្តានចិត្ត គឺជាមិត្ត គឺជាដៃគូដ៏ល្អរបស់កម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោក៏បានស្នើសុំឱ្យភាគីអាល្លឺម៉ង់បន្តជួយដល់កម្ពុជាទៀត ជាពិសេសលើវិស័យ ដោះមីន និងមជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា៕