ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី នៅប្រទេសតាជីគីស្ថាន

ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ​ឆ្នាំ២០១៩ — ក្នុងខណៈពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធាន​កា​រ​កសាងទំនុក​ចិត្ត​នៅអាស៊ីនៅទីក្រុង​ឌូសាន់​បេ នៃសាធា​រណ​រដ្ឋតាជីគីស្ថាន ស​ម្ដេ​​​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀ​ល​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០១៩ បានទទួលជួនពិភាក្សាការងារ ជាមួយឯកឧត្ដម តាយ​យីប អ៊ែរ​ដូ​ហ្កា​ន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃប្រទេសតួកគី។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តមប្រធានាធិបតីតួកគី បានអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបំពេញ​ទស្ស​ន​កិច្ចនៅតួកគីកាលពីឆ្នាំ២០១៨កន្លងទៅ  និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើ​​ម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី​បានមានប្រសាស​ន៍​ថា​ បច្ចុប្បន្នប្រទេសកម្ពុជា និងតួកគី កំពុងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនង​ប្រ​ទេ​សទាំងពីរ។ ឯកឧត្តមបាន​បន្ដ​​ថា ឯកឧត្តមពិតជារីករាយដែល​កម្ពុជាបាន​បើក​ស្ថា​នទូត នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក៏ដូចជាការបើកស្ថានទូតរបស់តួកគី​នៅក្នុងរាជ​ធា​នី​ភ្នំពេញ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នទំហំពាណិជ្ជកម្ម​ប្រ​ទេ​ស​ទាំងពីរមានត្រឹម៩១លានដុល្លារអាម៉េរិកប៉ុណ្ណោះ ស្ថិត​ក្នុងកម្រិតទាបនៅឡើយ។ ឯក​ឧត្តម​​ប្រធានាធិបតី បានស្នើឱ្យជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរឡើងទៅដល់៥០​០​​លាន ឬ ១.០០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ឯកឧត្តមប្រធានា​ធិ​បតីតួកគី បានថ្លែង​បញ្ជា​ក់​ទៀតថា គួរតែជំរុញឱ្យអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជារកស៊ីជាមួយគ្នា​ឱ្យកាន់​តែ​ច្រើនឡើង។ ឯកឧត្តមប្រធានាធិបតីបានថ្លែងទៀតថា បច្ចុប្បន្នតួកគីកំពុងឱ្យតម្លៃខ្ពស់ចំពោះ​កិច្ច​ស​ហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគីជាប្រទេសដៃគូសន្ទនាតាមវិស័យ​ជាមួ​យ​អាស៊ានផងដែរ។ ឯកឧត្តមបន្ថែមថា កន្លងមកប្រ​ទេសតួកគី បានចូលរួមក្នុងការបោស​ស​ម្អា​​ត​មីននៅក្នុងប្រទេសសមាជិកអាស៊ាន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់​​មីន​អាស៊ាន ហើយតួកគីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអ​​​ស់។ ជាមួយគ្នានេះ ​តួកគីចង់ប្រែក្លាយពីប្រទេសដៃគូតាមវិស័យទៅជាប្រទេសដៃគូសន្ទនា ​ជាមួយអាស៊ាន​ផង​ដែរ។ ក្រៅពីនេះ តួកគីក៏ចង់ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ថែម​ទៀតក្នុងការ​ប្រ​យុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មផងដែរ។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះទស្សនៈ​ទាំង​ឡា​យ​​ដែលឯកឧត្តមប្រធានាធិបតីតួកគីបានលើកឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​គូ​ស​​បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា។ ពាក់ព័ន្ធការប្រារព្ធពិធី​អ​បអរ​សាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនោះ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជា​ក់​ថា កម្ពុជាចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ​ពី​​វឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោ ក៏បាន​បង្ហា​ញ​ក្តីរំពឹងផងដែរថា ឯកឧត្តមប្រធានាធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុង​ប្រទេ​ស​​កម្ពុជានាពេលខាងមុខ។ សម្តេចតេជោ ក៏បាន​ស្វាគមន៍ចំពោះការតែងតាំង​ស​ហ​ប្រធាន​នៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ដែលនៅពេលខាងមុខនេះនឹងមានការ​ប្រ​ជុំ​​សម្រា​ប់ ឆមាសទី៤ផងដែរ។ ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏ចង់ឃើញការជំរុញទំហំពាណិជ្ជកម្មនេះឱ្យដល់១ពាន់លានដុល្លារអាម៉េ​រិ​ក​​ផងដែរ។ ដើម្បីជំរុញការងារនេះសម្តេចតេជោ បានលើកជាគំនិតថា គួរធ្វើបញ្ជីមុខទំនិញ​ដែ​ល​អាច​នាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន។ ចំពោះការស្នើសុំពីប្រទេសតួកគីដែលចង់ប្រែ​ក្លា​យ​ពីប្រទេសដៃគូសន្ទនាតាមវិស័យ ទៅជាប្រទេសដៃគូសន្ទនារបស់អាស៊ាននោះ សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយប្រទេសដទៃទៀត ដើម្បី​គាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាន៕ ពាក់ព័ន្ធលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្មវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា នឹងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង។ ដោយឡែកលើការដោះមីនវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់តួកគី ដែលបានឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ